Feeds:
ប្រកាស
មតិ

Archive for the ‘មិត្ត​គឺ​ខ្ញុំ’ Category


ដំបូងឡើយ ខ្ញុំគ្រាន់តែគិតថា នាងគឺជាក្មេងស្រីឆ្លាត គួរឲ្យស្រឡាញ់ តែនរណាទៅដឹងថា ភាពឆ្លាតរបស់នាងពោរពេញទៅដោយល្បិច ឯភាពគួរឲ្យស្រឡាញ់របស់នាងពោរពេញទៅដោយពិសពុល…។

ពីមុន ខ្ញុំធ្លាប់ប្រើពាក្យពិសពុល សម្រាប់ហៅជំពូកមនុស្សដែលចូលចិត្តធ្វើខ្លួនឲ្យគេស្រឡាញ់ ធ្វើចរិតឃ្យូតៗ សុភាពរម្យទម ចូលចិត្តឈឺឆ្អាល ជួយយកអាសារអ្នកដទៃ ឬក៏ធ្វើខ្លួនកម្សត់គួរឲ្យអាណិត តែការពិតពិសពុលខ្លាំងជាងពិសពស់ទៅទៀត។

ឥឡូវ ពាក្យពិសពុលរបស់ខ្ញុំ ស្រាប់តែមាននិយមន័យថ្មីមួយបន្ថែមទៀត។ នោះគឺសម្រាប់ហៅក្មេងស្រីសម្តីផ្អែម រៀនបានខ្ពង់ខ្ពស់ រសនិយមទាន់សម័យ តែសម្តីសម្តៅលាបដោយទឹកឃ្មុំពិស។ ពិសពុលរបៀបនាង គឺជាពិសពុលភេទញី!

Advertisements

Read Full Post »


មិត្ត​ភាព​មួយ​

វិប្បដិសារី​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​…

រឿងហេតុដែលបានកើតឡើងទៅហើយនេះ  ពុំមែនជាការស្រមើស្រមៃរបស់អ្នកនិពន្ធ​ទេតែជាស្រមោលអតីតកាលពិតមួយ ដែលបានកើតឡើងចំពោះមិត្តសម្លាញ់​ពីរនាក់រស់នៅក្នុងខេត្តកំពង់ចាម។ពួកគេគឺជាមិត្តចិត្តមួយថ្លើមមួយដែលបានចងសម្ព័ន្ធភាពជាមួយគ្នាតាំង​​ពីនៅកុមារភាពម៉្លេះ។នារសៀលមួយម៉ោងប្រហែលជាពីរកន្លះណារ៉ាបានស្រែកឆោឡោ ដោយ​​​​ក្តី​សប្បាយ​រត់មកកាន់ផ្ទះឈើដ៏តូចមួយ។ក្រោយមកណារ៉ាបានផ្តួលកង់ចោលនៅក្បែរមាត់​របងហើយ​រត់សំដៅចូលទៅក្នុងផ្ទះបំណងទៅជួបខេមរិន្ទដែលកំពុងអង្គុយអានសៀវភៅនៅ​លើរាន​ក្រោមផ្ទះនោះ។ ណារ៉ារត់បណ្តើរស្រែកបណ្តើរថាជាប់​ហើយ! ជាប់​ហើយ! ។ លុះមកដល់ទល់​នឹងមុខខេមរិន្ទទើបគេ​និយាយ​បន្ត៖

«នែ៎!ខេមរិន្ទគ្នាប្រលងជាប់ហើយណានៅពេលនេះគ្នាបានទៅរៀនបន្តនៅភ្នំពេញហើយ តើឯងសប្បាយចិត្តដូចគ្នាដែរទេ សម្លាញ់?»

«ឆ្កួត!មិត្តភក្តិប្រលងជាប់ទាំងមូល  មិនសប្បាយចិត្តម៉េចនឹងកើត។ឯងនេះគ្រាន់តែរៀនក៏ចាំ​បាច់ទៅមើលឈ្មោះ​ដែរ។ គេគ្រាន់តែប្រលងហើយគេដឹងថាជាប់ឬក៏ធ្លាក់បាត់ទៅហើយមិនមែន​ត្រូវមកអត់បាយក្រហាយទឹកព្រោះតែរង់ចាំមើលឈ្មោះយ៉ាងនេះទេ។ ហ្នឹងហើយមកពីមិនខំរៀន!»

«ខ្ជិលនិយាយជាមួយឯងណាស់ឲ្យ​តែនិយាយរឿងរៀនម្តងណាគ្នាត្រូវមាត់រហូតអ៊ីចឹង! គ្នា​​គិត​រកទៅផ្ទះសិនហើយព្រោះពុកម៉ែកំពុងរង់ចាំដំណឹង​ផង។»

«អើទៅចុះ! លំបាកដល់ឪពុកម្តាយឯងទៀតចំមែន!»

ណារ៉ាត្រឡប់​មកផ្ទះដោយនាំសេចក្តីសប្បាយមកជាមួយ ប៉ុន្តែ​សេចក្តី​សប្បាយ​សម្រាប់​ថ្ងៃ​នេះ​ មិន​​មែន​បាន​ន័យ​ថា នឹង​បាន​សប្បាយ​តទៅ​​រហូត​នោះ​ទេព្រោះបន្តិចទៀតណារ៉ាត្រូវចាកចេញ​​ពីស្រុកកំណើត​ជាមួយនឹងខេមរិន្ទដើម្បីបន្តការសិក្សានៅភ្នំពេញជាបន្តទៀត។ ដំណើរ​រឿងត​ទៅយ៉ាងណាគ្មាននរណាម្នាក់ដឹងទេ… មានតែទុកឲ្យ​ព្រហ្មលិខិតជាអ្នកកំណត់ជោគជតារបស់ពួកគេទៅចុះ។

មួយខែក្រោយមកណារ៉ានិងខេមរិន្ទបានមកដល់ផ្ទះចាស់មួយនៅឯជាយក្រុងដែលផ្ទះនោះ​ស្ថិតក្នុងដីឡូត៍មួយកន្លែងតូចល្មម។ ខណៈដែលមកដល់ណារ៉ាក៏និយាយ៖

«មកដល់ផ្ទះថ្មីហើយខេមរិន្ទឯងឃើញទេ?នេះជាកន្លែងដែលយើងត្រូវតស៊ូជាមួយគ្នាដើម្បី​​ស្វែងរកអនាគតរបស់ពួកយើង។ តែគ្នាគិតចង់ដើរមើលស្រុកទេសគេបន្តិចសិនឯងទៅទេ?»

«មកដល់ភ្លាមចង់ដើរលេងភ្លាមឯងនេះ!  គ្នាមិនទៅទេ  គ្នានៅមើលសៀវភៅវិញព្រោះត្រូវ​ត្រៀមខ្លួនចូលរៀនមហាវិទ្យាល័យផង  បើរៀនមិនចេះគ្នាខ្មាសគេស្លាប់ហើយ។»

«ស្រេចចិត្តឯងចុះ!គ្នាមិនរំខានទេព្រោះឯងនេះដូចជាខ្មោចសៀវភៅទៅហើយមួយ​​​ថ្ងៃៗបើ​មិនបានអានសៀវភៅទេ ឯងវាងាប់។»

ខេមរិន្ទគ្រវីក្បាលហើយពោលតិចៗថាផ្តាស​មែន!​ ។ តាមពិតទៅពួកគេចូលចិត្តលេងសើច​​ជាមួយគ្នាណាស់ អាចនិយាយបានថាស្ទើរគ្រប់ពេលទៀតផង។អ្វីដែលខុសប្លែកគ្នាស្រឡះ​​រវាងពួកគេទាំងពីរនោះគឺខេមរិន្ទចូលចិត្តអានសៀវភៅនិងជាមនុស្សស្ងប់ស្ងាត់ពោរពេញដោយមនោសញ្ចោតនា។ ទាំងនោះខុសពីណារ៉ាស្រឡះ​ ព្រោះណារ៉ាចូលចិត្តលេងសើចច្រើននិងមិនចូល​ចិត្តអានសៀវភៅទេព្រោះគេយល់ថាក្តីសប្បាយជាវត្ថុសំខាន់ទីមួយនៃជីវិតរបស់គេ។

លុះពេលណារ៉ាត្រឡប់​មកវិញ ខេមរិន្ទក៏សួរ៖

«មកវិញហើយឬ?  បានអីផ្ញើគ្នាខ្លះ?  ហើយសប្បាយទេ?»

«គ្មានទេ! ព្រោះមិនមែនជាកាតព្វកិច្ច។ រឿងអីដែលគ្នាត្រូវចំណាយពេលយួរឥវ៉ាន់មកផ្ញើឯងនោះ?»

«ត្រូវហើយ! ឯងធ្វើម៉េចនឹងមានចិត្តល្អបែបនោះទៅ។…ហើយឯងយួរស្អីមកហ្នឹង?»

ណារ៉ាទាញថង់ដាក់ត្របែកលាក់ក្រោយខ្នងហើយពោលថាគ្មានទេតែតាមការពិតណារ៉ា​​មានបំណងយកមកផ្ញើខេមរិន្ទព្រោះដឹងថាខេមរិន្ទចូលចិត្តខ្លាំងណាស់។   បើនិយាយទៅទោះ​បី​ណារ៉ាលេងសើចច្រើននិងមិនសូវជាម្ចាស់ការក៏ពិតមែនប៉ុន្តែគេមិនដែលភ្លេចតួនាទីជាមិត្តដ៏ល្អ​​នោះ​ទេ។

«ត្របែក! គ្នាឃើញថាត្របែកណា៎   យកមកភ្លាមហេតុអីក៏ចាំបាច់លាក់?»

«គ្នាចង់ដឹងថាមនុស្សអាក្រក់ដូចឯងនឹងស្តីឲ្យ​គ្នាបែបម៉េចបើគ្នាមិនបានទិញអីផ្ញើនោះ។»

«តាមពិតគ្នាដឹងហើយថាឯងមិនមែនជាមិត្តចិត្តយ៉ាងនោះទេ  គ្នាធ្វើលេងទេតើសម្លាញ់! យក​​កាំបិតមកចិតញ៉ាំទាំងអស់គ្នា គ្នាកំពុងតែឃ្លានស្រាប់ផង។»

ពួកគេអង្គុយញ៉ាំបណ្តើរជជែកគ្នាបណ្តើរ។   ក្រោយមកខេមរិន្ទក៏សួរទៅណារ៉ា​៖

«ឯងមានចាំកាលពួកយើងអង្គុយញ៉ាំត្របែកនៅក្រោមដើមត្នោតមួយដែលដុះនៅក្បែរភ្លឺស្រែនោះទេ?…  តើពួកយើងបានសន្យាអ្វីខ្លះជាមួយគ្នា?»

«អឺ! ពួកយើងបានសន្យាថាពួកយើងនឹងសាងក្តីស្រមៃមួយនោះឲ្យ​បានសម្រចដែលថាពួក​យើងត្រូវតែមានជីវភាពធូរធារ   ពួកយើងត្រូវមានផ្ទះធំ  មានរថយន្ត មានគ្រប់សព្វដែលអ្នក​ដទៃកំពុងមានតែពួកយើងនៅមិនទាន់មានពិសេសឯងមានបំណងមួយចង់ក្លាយជាអ្នកនិពន្ធ​ដ៏​​ល្បី​ល្បាញម្នាក់​។ សម្លាញ់! គ្នាពិតជាចង់បានថ្ងៃនោះខ្លាំងណាស់។»

«អ៊ីចឹងម៉េចក៏ឯងមិនខំរៀន?»

«មិនដឹងយ៉ាងម៉េច ឃើញសៀវភៅចេះតែខ្ជិល! ប៉ុន្តែមិនអីទេ  គ្នានឹងខំ។»

«នឹង! នឹង! នឹង!   គ្នាស្តាប់ឡើងទ្រលាន់ទៅហើយប៉ុន្តែមិនដែលឃើញអនុវត្តទាល់តែសោះ។ឯងត្រូវសន្យានឹងគ្នាមួយទៀតថា បើ​ថ្ងៃ​ក្រោយ​គ្មាន​គ្នា​នៅ​ក្បែរ​ ក៏​ឯង​ត្រូវ​តែ​តស៊ូ​សាង​ក្តី ស្រមៃ​​​មួយ​នេះ​ឲ្យ​ទាល់​តែ​បាន​ណា​សម្លាញ់​។»

«អឺ! គ្នាដឹងហើយ។»

ខេមរិន្ទទម្លាក់​ទឹកមុខចុះ ព្រោះក្នុងខ្លួនរបស់គេកំពុងតែអស់សង្ឃឹម។ គេដឹងថាគេមិនអាចបាននៅមើលថែមិត្តជាទីស្រឡាញ់​របស់គេបានជារៀងរហូតទេ ប៉ុន្តែគេពិតជាត្រូវការឲ្យ​មិត្តរបស់គេមានសេចក្តីសុខលើគ្រប់អ្វីៗ​ ដែលពួកគេបានគិតទុកជាមួយគ្នា។ខេមរិន្ទមានជំងឺដែល​មិនអាចព្យាបាលបាន ព្រោះសុខភាពរបស់គេមិនអំណោយផលតាំងពីនៅកុមារភាពមក​ម៉្លេះ។ ខេមរិន្ទ​លួច​​សម្លឹង​មើលណារ៉ាដែលគិតតែពីលេងសើចដូចកូនក្មេងដោយ​មិនបានដឹងរឿងអ្វីសោះ   ហើយ​​ខេមរិន្ទគិតជាបណ្តើរៗនៅក្នុងចិត្តថា «គ្នា​ចង់​ឲ្យ​ឯង​ជា​មនុស្ស​ដែល​មាន​តែ​ស្នាម​ញញឹម ​និង​ក្តីសប្បាយ​ជា​រហូត​តទៅ​ ព្រោះ​ទាំង​អស់​នេះ​ជា​វត្ថុ​សំខាន់​ទីមួយ​នៅ​ក្នុង​ជីវិត​របស់​ឯង​។»

គ្រប់អនុស្សាវរីយ៍នៃពួកគេទាំងពីរ គឺតែងតែត្រូវស្តែងចេញនូវភាពស្មោះត្រង់និងការលះ​បង់ ដើម្បីបំពេញតម្លៃ​ឲ្យ​មិត្តភាពដ៏វិសេសវិសាលរបស់ពួកគេ។ នាព្រឹកមួយ ខេមរិន្ទក្រោកពីគេងទាំង​មមិងមមាំងព្រោះឮសូរសំឡេងណារ៉ាដាស់៖

«ខេមរិន្ទ! ខេមរិន្ទ! ក្រោកឡើងមកញ៉ាំថ្នាំ  គ្នាទើបតែទិញមកផ្ញើឯង។ មិនដឹងជាហេតុអីទេ?…យប់មិញនេះឯងក្អករកតែគ្នាដេកពួនមិនបានទាល់តែសោះ។»

«សុំទោស!»

«ឯងច្រឡំ​ទេដឹង?… មនុស្សឯងនេះចេះសុំទោសដែរ! ប្លែកមែន។ អឺ! គ្នាត្រូវទៅរៀនគួរហើយយប់នេះជួយបង្រៀនគ្នាបន្ថែមផង។»

«មិនអីទេឲ្យ​តែឯងចង់រៀន   ណាស់តែហៅមកឲ្យ​រៀនហើយមិនចង់រៀនទេតើ!»

និយាយគ្នាចប់ណារ៉ាក៏ដើរចេញទៅឯខេមរិន្ទយកថ្នាំដាក់ក្នុងមាត់បណ្តើរសម្លឹងមើលណារ៉ា​​ដែលកំពុងតែដើរទៅបណ្តើរ។ ព្រឹកនេះ  ខេមរិន្ទបានសម្រេច​ចិត្តទៅមន្ទីរពេទ្យដើម្បី   ពិនិត្យថាតើទាំងអស់នេះជាជំងឺ​អ្វី?ខណៈនោះលោកគ្រូពេទ្យមានប្រសាសន៍បញ្ជាក់៖

«វាជាជំងឺគ្រាំក្នុងដែលពាក់ព័ន្ធជាមួយសួតជំងឺនេះអាចព្យាបាលបានតែក្នុងករណីដែលប្អូន​​មិនទាន់ធ្ងន់ធ្ងរតែប៉ុណ្ណោះ។  តែនេះប្អូនទុកវារហូតដល់ក្អកមានឈាមទៅហើយ   ដូច្នេះ​បញ្ហានេះ​សម្រាប់គ្រូពេទ្យនៅប្រទេសរបស់យើងមិនអាចមានលទ្ធភាពគ្រប់គ្រាន់ទេ។មធ្យោបាយដែល​ល្អគឺប្អូនត្រូវចេះមើលថែសុខភាពរបស់ខ្លួនឲ្យ​បានល្អតែប៉ុណ្ណោះ ទើបធ្វើឲ្យ​ប្អូនមានឱកាសរស់នៅ​បានយូរតទៅទៀត។»

«បាទ! អរគុណលោកគ្រូពេទ្យខ្លាំងណាស់ ខ្ញុំប្រាកដជាអនុវត្តតាមប្រសាសន៍របស់លោកគ្រូ។ អ៊ីចឹងខ្ញុំគិតជម្រាបលាលោកគ្រូសិនហើយ។»

«បាទ! សូមអញ្ជើញ។»

ខេមរិន្ទដើរចេញពីមន្ទីរពេទ្យដោយក្តីអស់សង្ឃឹម។ មួយជំហានៗខេមរិន្ទគ្មានបារម្ភអ្វីក្រៅ​​តែអំពីណារ៉ាទេព្រោះខេមរិន្ទជាកូនកំព្រាដែលរស់នៅជាមួយម្តាយមីង ហើយខេមរិន្ទមានតែ​ណារ៉ា​ម្នាក់គត់ដែលជាមិត្តដ៏សែនល្អរបស់គេ។….

ឲ្យ​តែរាត្រីចូលមកដល់ខេមរិន្ទតែងបង្រៀនណារ៉ារាល់យប់ ដោយមិនខ្វល់អំពីសុខភាព​របស់​ខ្លួនឯងឡើយ។   ពីរខែក្រោយមក   ណារ៉ាបានក្លាយទៅជានិស្សិតដ៏ពូកែនៅក្នុងថ្នាក់ ប៉ុន្តែ​ទន្ទឹម​នឹងនោះសុខភាពរបស់ខេមរិន្ទក៏ចុះខ្សោយណាស់ទៅហើយដែរទើបនៅក្នុងយប់មួយពេល​ដែលកំពុងបង្រៀនណារ៉ា   ខេមរិន្ទ​ស្រាប់​​​តែក្អក​ជាខ្លាំងរហូតធ្វើឲ្យ​ណារ៉ាបានដឹង។

«ឯងយ៉ាងម៉េចហ្នឹងខេមរិន្ទ?… អូ៎! ឈាមហេតុអីបានក្លាយទៅជាអ៊ីចឹង? ដូរខោអាវទៅ  គ្នា​នាំឯងទៅពេទ្យ។»

«អត់ប្រយោជន៍ទេ… គ្នាដឹងថាគ្នាមានបញ្ហាអ្វីឯងមិនចាំបាច់បារម្ភអំពីគ្នាទេ។ តោះ!​ យើង​រៀន​តទៅទៀត​។»

«ឯងឆ្កួតទេឬ?  ឲ្យ​គ្នារៀនយ៉ាងម៉េចបើឯងក្អករហូតដល់មានឈាមបែបនេះ? បើ​គ្នា​គិត​តែ​អំពី​​អនាគត​របស់​គ្នា​ មិន​គិត​ពី​ឯង​គ្នា​មិន​ព្រម​ទេ ព្រោះ​វា​ជា​ក្តីស្រមៃ​របស់​ពួក​យើង​ទាំង​ពីរមិន​មែន​​របស់​គ្នា​តែ​ម្នាក់​ឯណា ដូច្នេះ​បើ​ចង់​ឲ្យ​វា​សម្រេច​ទៅបាន​ ក៏​ទាល់​តែ​មាន​ឯង​នៅក្បែរ     ​ដែរ។»

«បាន! គ្នាប្រាប់ឯងចុះ។»

ខេមរិន្ទរៀបរាប់អំពីស្ថានភាពនៃជំងឺឲ្យ​ណារ៉ាបានដឹងទាំងអស់ ព្រមទាំងពេលវេលាដែល​នឹង​មកដល់ក្នុងពេលខាងមុខនេះទៀតផង។ ណារ៉ាស្ទុះឱបខេមរិន្ទហើយយកដៃទះខ្នងខេម​រិន្ទតិចៗរួចនិយាយ៖

«ពុទ្ធោសម្លាញ់! ឯងជាមិត្តតែម្នាក់របស់គ្នាបើ​គ្នា​គ្មាន​ឯង​ឲ្យ​គ្នា​រស់​យ៉ាង​ម៉េចទៅ?»

          រាត្រីនោះបានកន្លងផុតទៅ… ឯពេលវេលាក៏មិននៅស្ងៀម  ធ្មេចបើកៗមួយខែបានកន្លងផុត​ទៀតហើយ។ ជំងឺខេមរិន្ទបានបង្ខំឲ្យ​គេសម្រាកនៅតែលើគ្រែឯណារ៉ាវិញមួយថ្ងៃៗគិតតែពីការងារ​លែងខ្វល់ពីការសិក្សាព្រោះចង់ស្វែងរកប្រាក់ទិញថ្នាំនិងអាហារដែលសម្បូរ​ដោយវីតាមីន​​សម្រាប់ថែរក្សាសុខភាពរបស់ខេមរិន្ទ។ ប៉ុន្តែគេមិនឲ្យ​ខេមរិន្ទដឹងទេថាការសិក្សារបស់គេមានការថយចុះ។ ណារ៉ាពេលនេះលែងខ្វល់អ្វីទាំងអស់   ហើយក៏ចេះស្គាល់ការតស៊ូជា    បណ្តើរៗនៅពេលដែលជីវិតជួបបញ្ហា។

នាយប់មួយពេលដែលណារ៉ាមកដល់ផ្ទះខេមរិន្ទ​បាន​ហៅណារ៉ាឲ្យ​​មកក្បែរដោយបំណង​និយាយពាក្យជា​ច្រើនប្រាប់ទៅគេ​៖

«ឈប់ប្រឹងតទៅទៀតទៅសម្លាញ់!  គ្នាដឹងថាឯងហត់ហើយ។  គ្នាចង់ឲ្យ​ឯងគេងលក់ស្កប់ស្កល់ក្នុងយប់នេះ។»

ណារ៉ាទម្លាក់​ទឹកមុខដើរទៅជិតខេមរិន្ទដោយក្តីអស់សង្ឃឹម   ហើយគេបានអង្គុយបែរខ្នងលើក​ដៃក្តោបមុខដោយមិនមាននិយាយអ្វីក្រៅពីការដកដង្ហើមធំនោះឡើយ។ ខេមរិន្ទលើកដៃដាក់​លើខ្នងណារ៉ាហាក់ដូចជាបញ្ជាក់នូវភាពជូរចត់នៅក្នុងខ្លួនហើយខំប្រឹងហាមាត់និយាយ​ជា​មួយ​ណារ៉ា៖

«ទោះ​បី​ថ្ងៃ​ស្អែក​ ឯង​ត្រូវ​គ្មាន​គ្នា​នៅ​ក្បែរ​ក៏​ដោយ​ ក៏​ឯង​ត្រូវ​ចាំ​សន្យា​ថា​ នឹង​សាង​ក្តីស្រមៃ​របស់​​ពួក​យើង​ឲ្យ​លេច​ចេញជារូប​រាង​ឡើង​។នៅពេលដែលឯងធ្វើបានសម្រេចនោះ ឯងនឹងមានភាព​សប្បាយរីករាយព្រមជាមួយមុខមាត់ក្នុងសង្គមមួយនេះ។ឯងត្រូវធ្វើជាមនុស្សមានប្រយោជន៍​​​នៅក្នុងសង្គមមិនមែនបញ្ញើសង្គមទេ។  គ្នាដឹងថាឯងមានសារជាតិជាមនុស្សស្លូតបូត  ដូច្នេះសូមឯងកុំប្រែសារជាតិព្រោះតែរបស់កង្វក់ឲ្យ​សោះ។»

«គ្នាយល់ហើយ!ប៉ុន្តែ​គ្នា​ត្រូវ​ការ​ឯង​ជា​ង​អ្វីៗ​ទាំង​អស់​។ គ្នា​មិន​យល់​ទេ ហេតុ​អី​បាន​ជា​ព្រហ្ម​លិខិត​លេង​សើច​នឹងពួក​យើង​ខ្លាំង​​ម្ល៉េះ? តើ​វា​មាន​បេះ​ដូង​ទេ?… ទោះ​បី​គ្រប់​យ៉ាង​គ្រាន់​តែ​ជា​​មិត្ត​ភាព​មួយ​ ប៉ុន្តែ​​តម្លៃ​នៃ​ពាក្យ​ថា​មិត្ត​នេះ​ គឺ​វា​មាន​តម្លៃ​ធំធេង​ណាស់​សម្រាប់​គ្នា​ ហើយ​គ្នា​ក៏​រីក​រាយ​​បើ​គ្នា​អាច​ដូរ​ជីវិត​​គ្នា​​យក​ជីវិត​ឯង​មក​វិញ​បាន​។»

«បំភ្លេចចោលចុះ ទោះបីតទៅគ្នាជាព្រលឹងដែលគ្មានសម្បក​ ក៏គ្នានៅរង់ចាំមើលការប្រព្រឹត្ត​​របស់ឯងជានិច្ច។»

«សម្លាញ់!…»

ណារ៉ានិយាយបណ្តើរ  ងាកស្ទុះឱបខេមរិន្ទបណ្តើរ។ ពួកគេយំឱបគ្នាទាំងពីរនាក់ ប៉ុន្តែ​ពួក​គេ​​មិន​គិត​ថា​វា​ជា​ភាព​ទន់​ជ្រាយ​ទេ  ហើយ​ពួក​គេ​បែរ​ជា​យល់​ថា មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​​នៃ​ពួក​​គេ​ទាំង​ពីរ​ គឺ​ជា​ជម្រៅ​ចិត្ត​ដ៏​សែន​ជ្រៅ​ ហើយ​កប់​កំបាំង​ដោយ​អារម្មណ៍​ និង​អនុស្សា​ដ៏​ក្រាស់​ក្រែល​។

នាព្រឹកឡើង  ណារ៉ាក្រោករៀបចំថ្នាំនិងបបរសម្រាប់ខេមរិន្ទតាំងពីម៉ោងប្រាំ។ ពេលរៀប​ចំ​រួច​ ណា​រ៉ា​ក៏​ដើរ​ទៅ​រក​ខេមរិន្ទ ​រួច​ដាស់​តិច​ៗ​ដោយ​ក្តីបារម្ភ​ ក៏​ប៉ុន្តែ​សំឡេង​ស្រែក​ហៅ​មិន​អាច​ធ្វើ​ឲ្យ​​ខេមរិន្ទ​ទទួល​បាន​ទៀត​ឡើយ​ ព្រោះ​ខេមរិន្ទ​នៅពេល​នេះ ​មាន​តែ​សម្បក​ខ្លួន              ​ប៉ុណ្ណោះ​។

«ខេមរិន្ទក្រោកឡើង! ក្រោកឡើង! ឯងកុំធ្វើឲ្យ​គ្នាភ័យណា៎…។ ខេមរិន្ទ! ឯងមិនត្រូវទុកគ្នាចោលទេក្រោកឡើង។ អត់ទេ!… ឯងមិនត្រូវស្លាប់ទេ…ឯងចង់បានអី?ឯងប្រាប់គ្នាមកគ្នាបំពេញឲ្យ​ តែឯងមិនត្រូវទៅចោលគ្នាទេណាសម្លាញ់…»

ណារ៉ាអង្រួនសាកសពខេមរិន្ទជាមួយនឹងសំឡេងស្រែកហៅទាំងគ្មានន័យ។ ណារ៉ាយំផង  ឱប​សពមិត្តផងហើយជេរ​បន្ទោស​ខ្លួន​ឯង​ផង​។

«គ្នា​នេះ​អាក្រក់​ណាស់! គ្នា​មិន​ដែល​បាន​បំពេញ​តួនាទី​ជា​មិត្ត​ដ៏​ល្អ​​ទេ… គ្នា​សុំ​​ទោស!      ត្រឡប់​មក​វិញ​មក​ គ្នា​ភ័យ​ណាស់ ឯង​ត្រឡប់​មក​! គ្នា​ត្រូវ​ការ​ឯង​ គ្នា​នឹក​ឯង​ណាស់​សម្លាញ់​…»

ស្លឹក​ឈើ​ជ្រុះ​ហើយ មិន​អាច​ត្រឡប់​ទៅដុះ​ជាប់​ដើម​វិញ​បាន​ទេ… រីឯកូន​បក្សី​ក៏​ហោះចោល​​សម្បុក​ អ្វី​ៗ​មិន​អាច​ស្ថិត​ស្ថេរ​ជា​និរន្តរ៍​បាន​ឡើយ​។ គ្រប់​យ៉ាង​ត្រូវ​តែ​បណ្តោយ​ទៅតាម​ព្រហ្មលិខិត ​ទោះ​បី​ពេលខ្លះ​ វា​ត្រូវ​ការ​ទាម​ទារ​យក​ជីវិត​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង​ក៏ ដោយ​។

ចាប់​តាំង​ពីថ្ងៃ​នោះ​មក​ ណារ៉ា​ហាក់​ដូច​ជា​មនុស្ស​ឯកោ​ម្នាក់​ដែល​គ្មាន​គោល​ដៅ​។ គេ​គិត​តែ​​ពី​អង្គុយ​ផ្អែក​ជញ្ជាំង​ឱប​ធាតុ​របស់​ខេមរិន្ទ​ ដែល​មើល​ទៅគេ​ហាក់​ដូច​ជា​គ្មាន​វិញ្ញាណ​នៅ​ក្នុង​ខ្លួន​​ទាល់​តែ​សោះ​។ ទឹក​ដែល​រលាយ​ចេញ​ពី​កែវ​ភ្នែករបស់​ណារ៉ា គឺ​បញ្ជាក់​មក​ជាមួយ​នូវ​ភាព​ក្រៀម​​ក្រំ និង​ការ​ឈឺ​ចាប់​ហួស​បរិយាយ ហើយ​ពេល​នោះ​គេ​បាន​គិត​នៅ​ក្នុង​ចិត្ត​តែ​ម្នាក់​ឯង​៖

«ចាប់​តាំង​ពី​ពេល​ដែល​គ្នា​គ្មាន​ឯង​ គ្នា​ពិត​ជា​វេទនាណាស់​… គ្នា​តែង​នឹក​ឃើញ​រាល់​អនុស្សា ដែល​កន្លង​មក​ គ្នា​ចង់​បាន​វា​ម្តង​ទៀត​។ គ្នា​មិន​ចង់​យំ​ តែ​គ្នា​ធ្វើ​មិន​បាន​ព្រោះមិត្ត​ភាពយើង​វា​កប់​ជ្រៅ​ពេក​ គ្នា​មិន​ដឹង​ថា​ត្រូវ​បំភ្លេច​ឯង​ដោយ​វិធីណា​ទេ។ នៅពេល​នេះ​ អ្វីដែល​គ្នា​ចង់​ដឹង​ខ្លាំង​បំផុត​នោះ ​គឺ​សុខ​ទុក្ខ​របស់​ឯង​ តើ​ឯង​នៅទីណា? ឯង​កំពុង​តែធ្វើ​អ្វី? ចុះ​គ្នា​នឹក​ឯង​នោះ​ ឯង​មាន​ដឹង​​ទេ? គ្នា​សូម​សន្យា​ថា ​ត្រូវ​តែ​សាង​ក្តីស្រមៃ​របស់​ពួក​យើង​ឲ្យ​បា​នសម្រេច​ តែ​ឯង​ត្រូវ​សន្យា​ថាឯង​​ត្រូវ​ត្រឡប់​មក​រក​គ្នា​វិញ ទោះ​បី​ត្រឹម​ក្តីស្រមៃ​ក៏​ដោយ​ណា​សម្លាញ់។»

ក្រោយ​ពី​បាន​សន្យា​នឹង​ខេមរិន្ទ​រួច​មក ណារ៉ា​ចាប់​ផ្តើម​ខិត​ខំ​ម្តង​ទៀត​ដើម្បីសម្រេច​អ្វីដែល​ពួក​គេ​ចង់​បាន​ ហើយ​នៅរាល់​ពេល​ដែល​ណារ៉ា​សម្រេច​បាន​មួយ​កម្រិតៗ​ ណារ៉ា​តែង​ឈរ​មុខរូបថត​​វិញ្ញាណក្ខ័ន្ធ​ខេមរិន្ទ​ ដើម្បី​ប្រាប់​អំពីជោគជ័យ​របស់​គេ។ នៅទីបំផុត​ ណារ៉ា​ក៏​ធ្វើ​បាន​សម្រេច​មែន។ ណារ៉ា​ជា​មនុស្ស​ល្អ​ខ្លាំង​ណាស់ ញាតិ​មិត្ត​ណា​ក៏​ស្រឡាញ់ ​និង​រាប់​អាន​គេ ព្រោះគេ​តែង​ធ្វើ​ល្អ​​ចំពោះ​មនុស្ស​គ្រប់​គ្នា​។ នាល្ងាច​មួយ​ ក្រោយ​ពិធីជប់​លៀង​សម្ពោធ​ផ្ទះ​ថ្មីរបស់​ណារ៉ា​ចប់​ ណារ៉ា​បាន​​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​មួយ ​ដែល​រៀប​ចំ​យ៉ាង​ស្អាត​សម្រាប់​ខេមរិន្ទ។ ណារ៉ាបាន​ឈរ​សម្លឹង​រូប​ថត​ខេមរិន្ទ​ ហើយ​និយាយ​គ្នា​លេង​៖

«គ្នា​ធ្វើ​បាន​សម្រេច​ហើយ គ្នា​អរគុណ​ដែល​រាល់​លើក​គ្នា​​សម្លឹង​មើល​ទៅឯង​ គ្នា​ឃើញ​ឯង​ញញឹម​មក​កាន់​គ្នា​ជា​និច្ច​ ប៉ុន្តែ​គ្នាបែរ​ជា​យំ​ទៅកាន់​ឯង​វិញ​។ ដូច្នេះ​​ចាប់​ពីថ្ងៃ​នេះ​តទៅ គ្នា​គួរ​តែមាន​ស្នាម​​ញញឹម​សម្រាប់​ឯង​ដែរ​។ ឯង​ញ៉ាំ​ត្របែក​ទេ គ្នា​ចិត​ឲ្យ​ ព្រោះ​រាល់​លើក​ឯង​ជា​អ្ន​កចិត​ឲ្យ​គ្នា​។ ទោះវា​ជា​របស់​ដែល​ឯង​ចូលចិត្ត​ ប៉ុន្តែ​ឯង​មិ​នដែល​ភ្លេច​គ្នា​ទេ មាន​ពេល​ខ្លះ​គ្នា​ញ៉ាំ​ច្រើន​ជាង​ឯង​ទៀត​។ បើ​គិត​ទៅ ពេល​នោះ​គ្នា​ចង់​តែ​សើច​ទេ ហើយ​គ្នា​ចង់​ត្រឡប់​ទៅ​កាល​ពី​ក្មេង​វិញ​ ព្រោះពេល​​នោះ ​គ្នា​មាន​អារម្មណ៍ថាសប្បា​យខ្លាំង​ណាស់​។ ពួក​យើង​ធ្លាប់​ងូត​ទឹកប្រឡាយ​ជា​មួយ​​គ្នា​ ពួក​យើង​ធ្លាប់​លួច​បេះ​ស្វាយ​គេ​ ពួក​យើង​ដាំ​ត្របែក​ដើម្បី​ញ៉ាំ​ទាំង​អស់​គ្នា​។ មាន​ពេល​មួយ​ ឯង​ធ្វើ​ឲ្យ​​គ្នា​ខឹង​ណាស់​ ព្រោះ​ឯង​យក​សៀវភៅ​របស់​គ្នា​ហែក​ចោល តែ​គ្នា​ក៏​មាន​អារម្មណ៍​ល្អ​​វិញ​នៅពេល​ដែល​​ឯង​ជួយ​សរសេរ​អក្សរ​​ទាំង​អស់​ឡើង​វិញសង​ឲ្យ​គ្នា​។ ថ្ងៃ​ស្អែក​គ្នា​រៀប​ការ​ហើយ តើ​ឯង​មក​ចូល​​​រួម​ដែរ​ទេ? តែ​កុំ​បារម្ភ​ ទោះជា​យ៉ាង​ណា​ក៏​ឯង​ត្រូវ​តែចូល​រួម​ដែរ​ ព្រោះចាប់​​ពី​ថ្ងៃ​នេះ​តទៅ ពួក​យើង​នឹង​រស់​នៅក្នុង​ផ្ទះ​នេះ​ជុំ​ជាមួយ​គ្នា​រហូត​ ហើយ​បន្តិច​ទៀត​ ឯង​នឹង​ឃើញ​​ក្មេងៗ​ដែល​ត្រូវ​ជា​ក្មួយ​​របស់​ឯង​ ពួក​គេ​នឹង​រត់​លេង​នៅទីនេះ​ទៀត​ផង​។ ក្រែង​ឯង​ចូលចិត្តក្មេង​នោះអី? ម៉េច​ក៏​មិ​ន​ឆ្លើយ​នឹង​គ្នា​មក​? ត្រូវ​ហើយ ​ព្រោះ​ឯង​ពេល​នេះលែង​ចង់​និយាយ​ហើយ ឯង​គិត​តែ​ពីសើច​ប៉ុណ្ណោះ​។ សម្លាញ់​ជឿ​ទេ? បើ​សិន​ជា​ពេល​នេះ​ គ្នា​អាច​ដូរ​គ្រប់​យ៉ាង​ទោះ​បីជីវិត​អាពាហ៍​ពិពាហ៍​ ឬ​ក៏​​ជីវិត​របស់​គ្នា​ផ្ទាល់ ​ក៏​គ្នា​ព្រម​ដូរ​ដែរ​ ឲ្យ​តែ​ឯង​មាន​ជីវិត​រស់​ឡើង​វិញ​ ហើយ​​យើង​នឹង​ត្រឡប់​ទៅស្រុក​​កំណើត​វិញ​ជាមួយ​គ្នា​ យើង​នឹងរស់​នៅតាម​ជីវភាព​ធម្មតា​ជា​មួយ​​នឹង​ការ​លេង​សើច​ដូច​ពេល​មុន​។ គ្នា​អាច​ចាំ​បាន​ នៅរាល់​យប់​ដែល​គ្នា​រងា​គេង​ឱប​ដៃ​ គឺ​ឯង​ជា​អ្នក​យក​ភួយ​មក​ដណ្តប់​ឲ្យ​គ្នា​។ ពេល​គ្នា​មាន​របួស គ្នា​មើល​ទៅឯង​ដូច​ជា​ឈឺ​ជាង​គ្នា​ទៅ         ​ទៀត​​។ ពេល​គ្នា​សើច​ គឺ​ជា​​សេចក្តីសុខ​របស់​ឯង​ តើ​មែនទេ? មែន​ហើយ ឯង​ធ្លាប់​ប្រាប់​គ្នា​ថា​ ឯង​សប្បាយ​​ចិត្ត​ណាស់​ នៅពេល​ឃើញ​គ្នា​សើច​​យ៉ាង​នេះ​។ ចុះពេល​ដែល​គ្នា​យំ តើ​ឯង​លំបាក​ចិត្ត​ខ្លាំង​​យ៉ាង​ណា? ឲ្យ​គ្នាសុំ​​ទោសដែល​កន្លង​មក​ ​គ្នា​ធ្វើ​ឲ្យ​ឯង​មិ​នសប្បាយ​ចិត្ត ប៉ុន្តែ​តទៅគ្នា​លែង​ឲ្យ​ឯង​ឃើញ​ទឹក​ភ្នែក​របស់គ្នា​ទៀត​ហើយ​។ គ្នា​​សូម​អរគុណ​ដែល​ឯង​មា​នទឹក​ចិត្ត​សម្រាប់​គ្នា​រហូត​មក ហើយ​គ្នា​ប្រាកដ​ជា​ចង​ចាំ​នូវ​គ្រប់​ទង្វើ​ល្អ​របស់​​ឯង​។ ឯង​ជា​វត្ថុ​ដែល​មា​នតម្លៃ​បំផុត​ក្នុង​ជីវិត​របស់​គ្នា​ ឯង​ជា​មនុស្ស​ទីមួយ ​ដែល​បង្ហាញ​ឲ្យ​គ្នា​ស្គាល់​​សេចក្តីសុខ​ពិត ​តាម​រយៈ​ស្នាម       ញញឹម​ និង​តម្លៃ​ពិត​របស់​មិត្ត​ល្អ​។ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ណាស់​ ដែល​​ក្នុង​ពេល​នេះ​សូម្បី​តែ​សាច់​របស់​​ឯង​ត្រជាក់​ឬ​ក្តៅ ក៏​គ្នា​មិន​អាច​ស្ទាបដឹង​ផង​។ យប់​ណាស់​ហើយ… រាត្រី​សួស្តី​ណាសម្លាញ់​!»

ណារ៉ា​ទាញទ្វារ​បន្ទប់​បិទ​ រួច​ដើរ​ទៅកាន់​បន្ទប់​របស់​គេ​ទាំង​ទឹក​មុខ​ស្រងូត​ស្រងាត់​ ហើយ​ណារ៉ា​​ក៏​យំ​ម្តង​ទៀត​ដោយ​ស្ងាត់ៗ​ ព្រោះ​គេ​មិន​ចង់​យំ​នៅចំពោះ​មុខ​រូប​ថត​ខេមរិន្ទ​ទេ។

ពេលវេលា​មិន​អាច​ត្រឡប់​ក្រោយ​បាន​ទេ ហេតុ​ដូចនេះ​ចូរ​មិត្ត​ទាំងអស់​គ្នា ​ធ្វើ​ល្អ​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ មុន​ពេល​អ្វីៗ​ទាំង​អស់​សល់​ត្រឹម​ពាក្យ​ថា «យឺតពេល» ៕

Read Full Post »


ខាភូស៊ីណូ នៅ​ កាហ្វេ​ខូន័រ​។ រស​ជាតិ​ នឹង​និយាយ​បន្ថែម​ក្នុង​អត្ថបទ «​តាម​ក្លិន​កាហ្វេ» 😉

ផ្កាយ​NoVeLs*– ថ្ងៃ​នោះ ​ជាថ្ងៃ​ទី ១៤​ កញ្ញា​ ២០១២​ ជា​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​ចេញ​ដើរ​ ក្រោយ​ពី​មក​ដល់​ភ្នំពេញ​បាន​មួយ​អាទិត្យ​។ មួយ​អាទិត្យ​មុន​នេះ​ ខ្ញុំ​​បដិសេធ​គ្រប់​ការ​ណាត់​ជួប​ទាំង​អស់ ព្រោះ​​មាន​ធុរៈ​ផ្ទាល់​ខ្លួន​ដែល​ត្រូវ​បំពេញ​ និង​រវល់​រៀប​ចំ​ផ្ទះ​ថ្មី​ដែល​ទើប​តែ​ប្តូរ​។ ​ល្ងាច​ថ្ងៃ​នោះ​ ខ្ញុំ​អង្គុយ​រង់​ចាំ​មិត្ត​ភក្តិ​ជន ជាតិ​កាណាដា​ម្នាក់​នៅ​ហាង​កាហ្វេ​ខូន័រ(Coffee Corner)ក្បែរ​ផ្សារ​ទួល​ទំពូង​។ ដំបូង​ខ្ញុំ​ចង់​ហៅ​ កាហ្វេ​ម៉ូកា​ (Mocha Coffee) មក​ផឹក​ដើម្បី​ផ្លាស់​ប្តូរ​រសជាតិ​ តែ​ដោយ​សារ​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ និង​ អាកាសធាតុ​ក៏​ត្រជាក់​ទៀត​ ដូច្នេះ​មាន​តែ​ ខាភូស៊ីណូ​ក្តៅ​(Cappuccino)​ប៉ុណ្ណោះ​ ដែល​សក្តិ​សម​បំផុត​ សម្រាប់​បរិយាកាស​បែប​នេះ​។ ក្រោយ​ពី​ហៅ​កាហ្វេ ខាភូស៊ីណូ មក​ផឹក​បាន​បន្តិច មិត្ត​ភក្តិ​បរទេស​ម្នាក់​នោះ​ក៏​មក​ដល់​ ​ដោយ​មាន​ពាក់​អាវ​ភ្លៀង​សំពីង​សំពោង​សើម​ប៉ផ្អៀច​ពី​ក្រៅ​។

គេ​​ហៅ​ឈ្មោះ​ខ្ញុំ​យ៉ាង​ផ្អែម​ល្ហែម​ ហើយ​លូក​ដៃ​បម្រុង​រាក់​ទាក់ តែ​នៅ​ពេល​នឹក​ឃើញ​ថា​ដៃ​ខ្លួន​សើម​ ក៏​ដក​​ទុក​វិញ ហើយ​ប្រញាប់​ដោះ​អាវ​ភ្លៀង​ចេញ  ហើយ​​ទៅ​សុំ​កន្សែង​បុគ្គលិក​ក្នុង​ហាង​ជូត​សម្អាត​ខ្លួន​។ បន្តិច​ក្រោយ​មក ​គេ​ក៏​ដើរ​ត្រឡប់​មកវិញ​ និង​​លូក​ដៃ​មក​ចាប់​រលាក់​ជា​ថ្មី ព្រម​ទាំង​និយាយ​យ៉ាង​ផ្អែម​ថា មុខ​ខ្ញុំ​ក្មេង​ជាង​នៅ​ក្នុង​ហ្វេស​ប៊ុក​ខ្លាំង​ណាស់​។ មែន​ហើយ! នេះជា​លើក​ដំបូង​ដែល​យើង​ជួប​គ្នា ក្រោយ​ពី​​ស្គាល់​គ្នា​តាម​រយៈ​បទ​សម្ភាសន៍​ក្នុង​កាសែត​​ភ្នំពេញ​ប៉ុស្តិ៍​កន្លង​មក​។ ល្ងាច​នេះ​ គេ​​ណាត់​ជួប​ខ្ញុំ​ ព្រោះ​គេ​នឹង​ចាក​ចេញ​ទៅ​ប្រទេស​ភូមា​​ក្នុង​អាទិត្យ​ក្រោយ​ និង​ ដើម្បី​ណែ​នាំ​ការងារ​ក្រៅ​ម៉ោង​មួយ​ចំនួន​ដល់​ខ្ញុំ​ដែរ​។

ម៉ោង​៦​ក្នុង​ពេល​ល្ងាច គេ​ប្រហែលមិនទាន់​បាន​ស្រស់​ស្រូប​អាហារ​​ទេ ទើប​គេ​ហៅ​ប៊ឺហ្គើ​ធំ​មួយ​មក​ញ៉ាំ​ ព្រម​ជាមួយ​បៀរលាវ​មួយ​ដប​។ ហេតុ​អ្វី​មិន​យក​ស្រាបៀរ​អង្គរ​វិញ? ខ្ញុំ​គិត​នៅ​ក្នុង​ចិត្ត​។ បើ​យើង​ស្និទ្ធ​ស្នាល​នឹង​គ្នា​ជាង​នេះ​ ខ្ញុំ​ច្បាស់​ជា​បន្ទោស​គេ​មិន​ខាន​។ តែ​ថា​អី​គាត់​ជា​បរទេស សូម្បី​តែ​ខ្ញុំ​ខ្មែរ និង​ជា​និស្សិត​ដែល​ទើប​តែ​ចប់​មក​ពី​ប្រទេស​នោះ​​ផង​ ក៏​មិន​ទាន់​​ភ្លេច​ ឬ​ក៏​​ឆ្អែ​ត​ឆ្អន់​នឹង​ស្រាបៀរ​អី​ឆ្ងាញ់​ខុស​ប្លែក​ពីគេ​យ៉ាង​នេះ!(Sic) ញ៉ាំ​បណ្តើរ​ យើង​និយាយ​គ្នា​បណ្តើរ ពី​ស្នាដៃ​​សៀវភៅ​របស់​ខ្ញុំ​ ពី​ការ​ដាក់​សម្ភោធន៍​សៀវភៅ​ Phnom Penh Noir ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​ និង​ពី​ការ​អស់​អាល័យ​របស់​គេ​ក្នុង​ការ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​L ។

និយាយ​គ្នា​ជិត​មួយ​ម៉ោង​ គេ​ក៏​ទទួល​ទូរស័ព្ទ​ពី​មិត្ត​ភក្តិ​ស្រី​ជន​ជាតិ​កូឡុំប៊ី​(Columbia)​ម្នាក់​ ដែល​មាន​ការងារ​ក្រៅ​ម៉ោង​ឲ្យ​ខ្ញុំ​ធ្វើ​ ហើយ​នាង​ណាត់​ជួប​ពួក​យើង​នៅ​ភោជនីយដ្ឋាន​​ River Street តាម​ផ្លូវ​មាត់​ទន្លេ​។ យើង​ជិះ​តុកៗ​ទៅ​កាន់​ទី​នោះ​ក្នុង​តម្លៃ​ពីរ​ដុល្លារ​។ មិន​បាច់​​ប្រាប់​ក៏​ដឹង​ដែរ​មែនទេ ថា​ថ្លៃ​កាហ្វេ និង​ ថ្លៃ​តុកៗ​នេះ នរណា​ជា​អ្នក​ចេញ​? ខ្ញុំ​ឆ្ងល់​នឹង​ជន​ជាតិ​អឺរ៉ុប​ដែរ ពួក​គេ​មិន​ចូលចិត្ត​ឲ្យ​យើង​ចេញ​លុយ​ ឬ​ share ទេ ហើយ​នៅ​ពេល​​ខ្ញុំ​សួរ​ គេ​ថា នោះ​ជា​វប្បធម៌​របស់​គេ(?)។

យើង​មក​ដល់​ភោជនីយដ្ឋាន​ River Street នៅវេលា​ម៉ោង​ជាង​ប្រាំ​ពីរ​។ ជា​ទស្សនីយ​ភាព​មួយ​ប្លែក​សម្រាប់​ខ្ញុំ​ ពេល​ចូល​មក​ដល់​ក្នុង​ភោជនីយដ្ឋាន​នេះ ព្រោះ​ភ្ញៀវ​ទាំង​អស់​សុទ្ធ​សឹង​ជា​បរទេស ហើយ​ម្នាក់ៗ​ប្រហែល​ជា​ប្លែក​ភ្នែក​បន្តិច​ដែល​ឃើញ​ខ្ញុំ​ចូល​មក​ដល់​ទីនេះ​ ឬ​អាច​ប្លែក​ភ្នែក​នឹង​មិត្ត​ភក្តិ​ជនជាតិ​កាណាដា​របស់​ខ្ញុំ​ ដែល​ពាក់​អាវ​ភ្លៀង​ចូល​មក​ក្នុង​ភោជនីយដ្ឋាន​ក៏​មិនដឹង​។ យើង​តាម​រក​មិត្ត​ភក្តិ​ជនជាតិ​កូឡុំ​ប៊ី​នោះ​មួយ​សន្ទុះ ​ក៏​ឃើញ​​នាង​អង្គុយ​នៅ​លើ​កៅ​អីបារ​ខ្ពស់​មួយ​​នៅ​ជាន់​ទីពីរ ​​ដែល​អាច​មើល​ឃើញ​មនុស្ស​ម្នា​ធ្វើ​ចរាចរ​ខ្វាត់​ខ្វែង​នៅ​លើ​ដង​វិថី​មាត់​ទន្លេ​។ នៅពេល​នេះ ​យើង​មាន​គ្នា​ប្រាំ​នាក់​ ដោយ​ក្នុង​នោះ​មាន​ខ្ញុំ​ មិត្ត​ភក្តិ​ជនជាតិ​កាណាដា, ​មិត្ត​ភក្តិ​ជន​ជាតិ​កូឡុំប៊ី និង​ មិត្ត​ភក្តិ​ពីរ​នាក់​ទៀត​ដែល​ជា​កូនកាត់​កូរ៉េ-បារាំង​ និង​ ជនជាតិ​ចិន​។

យើង​និយាយ​គ្នា​ច្រើន​អំពី​ការងារ​ នយោបាយ ជំនឿសាសនា និង​ បញ្ហា​ផ្លូវ​​ភេទ(អត់​ចោល​អាចុង​ក្រោយ​នេះ​សោះ 😀 )​។ ក្នុង​ចំណោម​មិត្ត​ភក្តិ​​ស្រី​បី​នាក់​ថ្មី​នេះ ម្នាក់​កូនកាត់​កូរ៉េ-បារាំង​ សួរ​ខ្ញុំ​ច្រើន​ជាង​គេ ព្រោះ​នាង​​ធ្វើ​ការ​ផ្នែក​អបិយជំនឿ​នៅ​ក្នុង​ប្រទេស​​ខ្មែរ​ ហើយ​មាន​ការ​ចាប់​អារម្មណ៍​​លើ​​រឿងខ្មោច​របស់​ខ្ញុំ​។ យើង​និយាយ​គ្នា​បណ្តើរ​ ផឹក​បណ្តើរ​។ ដំបូង​ខ្ញុំ​ផឹក​តែ​កូកាកូឡា​ទេ តែ​ក្រោយ​មក​មិត្ត​ភក្តិ​បរទេស​ទាំង​នោះ​កម្មង់​ Cocktail មក​ឲ្យ​ខ្ញុំ​ផឹក​ជាប់​គ្នា​រដឹក​។ យើង​ផឹក​ដល់​ម៉ោង​ជាង​ដប់​ ក៏​ឮ​សំឡេង​ខ្មែរ​ញ៉េច​ញ៉ាច​នៅ​ពី​ក្រោយ​ខ្នង​ ដល់​ងាក​ទៅព្រះ​អើយ​ សុទ្ធ​តែ​តារា​។ ខ្ញុំ​ដឹង​ភ្លាម​ ថា​ហេតុ​អ្វី​បាន​ជា​ក្រុម​តារា​នេះ​ជ្រើស​រើស​យក​កន្លែង​នេះ ព្រោះ​ទី​នេះ​គ្មាន​ខ្មែរ​ចោម​រោម​នោះ​ឯង​។ ខ្ញុំ​ឃើញ ​សុគន្ធ​ នីសា​ ញញឹម​ជាប់​រហូត តែ​មិន​បាន​ប្រសព្វ​ភ្នែក​​នឹង​ខ្ញុំ​ទេ។ លុះ​​ងាក​ទៅ​ម្ខាង​ទៀត​ក៏​ប្រទាក់​ភ្នែក​នឹង​ សូលីកា តារាចម្រៀង​សម្តែង​​ល្អឥត​ខ្ចោះ​​ក្នុង​ផលិត​កម្ម​M តែ​ខ្សែ​ភ្នែក​វាយ​ឫក​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រងាក​ចិត្ត​យ៉ាង​ខ្លាំង​។ លុះ​ងាក​ចុះ​ងាក​ឡើង​ នៅ​ខាង​ក្រោយ​ខ្នង​ជាប់​នឹង​ស្មា​ខ្ញុំ​គឺ ខាន់​ ជែមស៍ តារាចម្រៀង​ក្នុង​ផលិត​កម្ម​រ៉ក់។ ព្រះ​អើយ!​ ខ្សែ​ភ្នែក​ម្នាក់​នេះ​ ក៏​ឫក​មួយ​បេន ប្រហែល​ជា​គិត​ថា ខ្លួន​ឯង​ល្បី​កប់​ពពក​ហើយ​មើល​ទៅ ទើប​បញ្ចេញ​អាកប្បកិរិយាក្រអឺត​ក្រទម​បែប​នេះ​។ Yuk!!

ម៉ោង​ប្រហែល​ជិត​១២ មិត្ត​ភក្តិ​ជន​ជាតិ​ចិន​សុំខ្លួន​ទៅមុន​ ឯ​យើង​ទាំង​បួន​បន្តផឹក​​ម្នាក់​មួយ​កែវ​ទៀត​ ក៏​នាំ​គ្នា​ចេញ​ទៅ​ក្លិប​រាត្រី​របស់​ជនជាតិ​កូឡុំ​ប៊ី​ម្តង​។ យើង​បី​នាក់​ដើរ ​​ព្រោះ​ក្លិប​នោះ​នៅ​​មិន​ឆ្ងាយ​ពី​ភោជនីយដ្ឋាន​​នេះ​ទេ​​ ឯ​​​​កូនកាត់​កូរ៉េ​-បារាំ​ងម្នាក់​ទៀត​ ជិះ​ម៉ូតូ​ផ្ទាល់​ខ្លួន​។ តាម​ផ្លូវ​ទៅកាន់​ក្លិប​នោះ​​ អ៊ូអរ​ជាង​ពេល​ថ្ងៃ​ទៅ​​ទៀត​ មាន​មនុស្ស​ដើរ​ខ្វាត់​ខ្វែង​ ម៉ូតូឌុប ​តុកៗ បើក​ប្រសេច​ប្រសាច​ បង្កូក​ហៅ​ភ្ញៀវ​ឲ្យ​ជិះ​យាន​របស់ខ្លួន​។ អាច​និយាយ​បាន​ថា ​នេះ​ជា​លើក​ទី​មួយ​ដែល​ខ្ញុំ​ឃើញ​​ទិដ្ឋ​ភាព​បែប​នេះ ​​ក្នុង​ពេល​ពាក់​កណ្តាល​អធ្រាត្រ​ក្នុង​ទីក្រុង​ភ្នំពេញ​។​

ពេល​មកដល់​ក្លិប​កូឡុំ​ប៊ី ​យើង​ត្រូវ​ដើរ​ប្រជ្រៀត​គ្នា​ដូច​ពេល​បុណ្យ​អុំ​ទូក​អ៊ីចឹង ​ដើម្បី​បាន​ឡើង​ទៅ​​កន្លែង​ដែល​មាន​តុ​អង្គុយ​សំណេះ​

សំណាល​គ្នា​។ នៅ​ទីនេះ ​យើង​ផឹក​ស្រាបៀរ​អាន់​ឆ័រ​ម្នាក់​មួយ​កែវ តែ​ភាគ​ច្រើន​យើង​និយាយ​គ្នា​តែ​បី​នាក់​ប៉ុណ្ណោះ ​(ខ្ញុំ​, មិត្ត​ជនជាតិ​កាណាដា, មិត្ត​កូន​កាត់​កូរ៉េ-បារាំង​) ឯម្នាក់​ជនជាតិ​កូឡុំ​ប៊ី​ទៅរាំ​លោត​កញ្ឆេង​ជាមួយ​ប្រុសៗ​ដទៃ​ទៀត​បាត់​ហើយ​។ ភាគ​ច្រើន​នៅ​ទី​នេះ​ខ្ញុំ​បាន​ត្រឹម​តែ​អង្គុយ​ស្តាប់​ពី​រ​នាក់​នោះ​​ និយាយ​រិះ​គន់​ពី​មិត្ត​ភក្តិ​កូឡុំ​ប៊ី​របស់​ខ្លួន ​ដែលទុក​ពួក​គេ​ចោល​។ ពួក​គេ​ទាំង​ពីរ​នាក់​ហាម​ខ្ញុំ​កុំ​ឲ្យ​ស្តាប់​ ព្រោះ​ជា​រឿង​មិន​ល្អ​ និង​មិន​គួរ​យក​តម្រាប់​តាម​ ដែល​ពួក​គេ​និយាយ​ដើម​មិត្ត​ភក្តិ​។ ខ្ញុំ​បាន​ត្រឹម​តែ​សើច​នឹង​ពួក​គេ ហើយ​ក៏​គិត​នៅ​ក្នុង​ចិត្ត​ថា ការ​ពិត​ជន​ជាតិ​អឺរ៉ុប​ក៏​ចេះ​អន់​ចិត្ត​នឹង​មិត្ត​ភក្តិ​ចំពោះ​រឿង​បន្តិច​បន្តួច​ដូច​ខ្មែរ​(ខ្ញុំ​)ដែរ​។ ក្រោយ​ពី​ផឹក​អស់​ម្នាក់​មួយ​កែវ​ហើយ​ ពួក​យើង​ក៏​ស្រុះ​ស្រួល​គ្នា​ទៅ​ចោល​មិត្ត​ភក្តិ​កូឡុំ​ប៊ី ដែល​ធ្លាប់​​និយាយ​គ្នា​ទុក​​ថា នឹង​ទៅ​ញ៉ាំ​ភីស្សា​បែប​ក្លាស៊ិក ដែល​ដុត​លក់​នៅ​តាម​ចិញ្ចើម​ថ្នល់បន្ត​ បន្ទាប់​ពី​ចេញ​ពី​ក្លិប​នេះ​​។

យើង​ទៅ​ដល់​កន្លែង​លក់​ភីស្សា​នោះ​ នៅ​ម៉ោង​ប្រហែល​១​រំលង​អធ្រាត្រ​។ នៅ​ទីនោះ​យើង​បី​នាក់​និយាយ​គ្នា​ច្រើន​ពី​ភីស្សា​បែប​ក្លាស៊ិក​នេះ និង​នាំ​គ្នា​អស់​សំណើច​ថា ចាំ​មើល​ពេល​មិត្ត​ភក្តិ​ជនជាតិ​កូឡុំ​ប៊ី​អត់​ឃើញ​យើង​គេ​នឹង​ធ្វើ​ម៉េច​? ជំនុំ​គ្នា​មិន​ទាន់​ផុត​ពីមាត់​ផង​ ទូរស័ព្ទ​មួយ​ក៏​លាន់​ឡើង​។ គឺ​មិត្ត​ភក្តិ​ជនជាតិកូឡុំ​ប៊ី​ខល​មក​រក​រឿង​។ ក្រោយ​ពី​ប្រាប់​ទីកន្លែង​រួច​ មួយ​សន្ទុះ​ក្រោយ​ក៏​ឃើញ​នាង​​ជិះ​ម៉ូតូឌុប​មក​ដល់​ តែ​មិន​ហ៊ាន​បន្ទោស​ពួក​យើង​ទេ ព្រោះ​ដឹង​ពី​កំហុស​ខ្លួន​ឯង​ដែលទុក​ពួក​យើង​ឲ្យ​អង្គុយ​ផឹក​ស្រា​បៀរ​តែ​បី​នាក់​ម៉ង់​ៗ​។

ជើង​ខ្ញុំ​នៅ​តែ​បន្ត​ហើម​ ក្នុង​រយៈពេល​មួយ​អាទិត្យ​បន្ទាប់​ 😦

ក្រោយ​ពី​ញ៉ាំ​ភីស្សា​ឆ្អែត​ឆ្អន់ ​​និង ​ផឹក ​Cocktail ម្នាក់​មួយ​កែវ​រួច​ ម៉ោង​ក៏​រំកិល​ចូល​​ជាងពីរ​ទៀប​ភ្លឺ​​។ យើង​សម្រេចចិត្ត​បំបែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗខ្លួន ដោយ​មិត្ត​ភក្តិ​ជនជាតិ​កាណាដា​ ជិះ​ទៅ​ជាមូយ​អ្នក​ធ្វើ​ភីស្សា ដែល​ជា​ម៉ូយដុំ​, ម្នាក់​ជន​ជាតិ​កូឡុំ​ប៊ី​ជិះ​ម៉ូតូឌុប​ ចំណែក​ខ្ញុំ​ ជិះ​ម៉ូតូ​ជាមួយ​មិត្ត​ភក្តិ​កូន​កាត់​កូរ៉េ-បារាំង​ ព្រោះ​ផ្ទះ​នាងនៅ​ក្បែរ​ផ្សារ​ទួល​ទំពូង​ ផ្ទះ​ខ្ញុំ​នៅម្តុំ​​វត្ត​សន្សំ​កុសល​។ បន្ទាប់​ពី​នោះ ​ខ្ញុំ​ក៏​លែង​ដឹង​អ្វី​ទាំង​អស់​… ភ្ញាក់​ដឹង​ខ្លួន​ឡើង​ នៅ​ក្នុង​បន្ទប់​មួយ​ដែល​មិន​មែន​ជា​ផ្ទះ​របស់ខ្លួន​។ ជើង​ខាង​ស្តាំ​ឈឺ​ ស្មា​ខាង​ស្តាំ​ចុក… ខ្ញុំ​អត់​ចាំ​ទេ ហេតុ​អ្វី​ខ្ញុំ​មក​ដល់​ទី​នេះ? ហេតុ​អ្វី​ខ្លួន​ប្រាណ​ខ្ញុំ​ឈឺ​ចុក​ចាប់​យ៉ាង​នេះ? តើ​ខ្ញុំ​មាន​គ្រោះ​ថ្នាក់​អ្វីឬ? ខ្ញុំ​ព្យាយាម​រម្លឹក​ហេតុ​ការ​ណ៍​ចុង​ក្រោយ​បំផុតដែលខ្ញុំ​​នៅ​ចាំ​​បាន​…

ហេតុ​ការ​ណ៍​ដំបូងដែល​ខ្ញុំ​នឹក​ឃើញ​គឺ​ ខ្ញុំ​បាន​ណាត់ជួប​ជាមួយ​មិត្ត​ភក្តិ​ជនជាតិ​កាណាដា​ម្នាក់​នៅ​ហាង​កាហ្វេ។ បន្ទាប់​ពី​នោះ​ តើ​ខ្ញុំ​ទៅណា​ទៀត​? ខ្ញុំ​ព្យាយាម​រក​នឹក​ មួយ​សន្ទុះ​ទើប​នឹក​ឃើញ​ ថា​មិត្ត​ភក្តិ​ម្នាក់​នោះ​ នាំ​ខ្ញុំ​ទៅ​ជួប​មិត្ត​ភក្តិ​កូឡុំ​ប៊ី​នៅ​ហាង​ក្បែរ​មាត់​ទន្លេ​ រួច​ក៏​… បន្ត​ទៅ​ក្លិប​ និង​ញ៉ាំ​ភីស្សា​នៅ​តាម​ចិញ្ចើម​ថ្នល់ ហើយ​ក៏​… ខ្ញុំ​មិន​អាច​ចាំ​បាន​ទេ តើ​មាន​រឿង​អ្វី​កើត​ឡើង​? ខ្ញុំ​ចាំ​ថា​ ខ្ញុំ​បាន​សួរ​​មិត្ត​ភក្តិ​កូនកាត់​ក្នុង​ពេល​កើត​ហេតុ​ តែ​ភ្នែក​​ខ្ញុំ​ដូច​ជា​មើល​អ្វី​មិន​ឃើញ​ទេ។ នាង​តប​ថា យើង​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ មាន​រថយន្ត​មួយ​បុក​យើង​ពី​ក្រោយ​ ហើយ​ក៏​បើក​រត់​ទៅ។ ឥឡូវ​មិត្ត​ភក្តិ​ខ្ញុំ​(ជំនួយ​ការ​ប្រុស​ម្នាក់​ជា​ជន​ជាតិ​ខ្មែរ​ដែល​​នាង​ទើប​តែ​ខល​ឲ្យ​មក​ជួប​នៅ​កន្លែង​កើត​ហេតុ​) បាន​នាំ​យើង​មក​មន្ទីរ​ពេទ្យ​ ដើម្បីពិនិត្យ​ក្បាល​។ តើ​ផ្ទះ​ Sona(ជា​ឈ្មោះ​ដែល​នាង​ហៅ​ដោយ​ច្រឡំ​នឹង​ពាក្យ​ Suong Mak)​​នៅ​ឯណា មិត្ត​ភក្តិ​ខ្ញុំ​នឹង​ជូន​ទៅ? ខ្ញុំ​គ្រវី​ក្បាល​ញាប់​ស្អេក​តប​ទៅវិញ​ថា I can’t remember where my house is…???

Read Full Post »


[ពិស​ពុល]​… គ្រាន់​តែ​ឮ​ពាក្យ​នេះ​ គួរ​ឲ្យ​ខ្លាច​… គួរ​ឲ្យ​ខ្លាច​គ្រាន់​តែ​ឮ​ឈ្មោះ​មនុស្ស​​ប្រភេទ​ដូច​គេ​។ ពីរ​នាក់​ហើយ​ដែល​ខ្ញុំ​បាន​ស្គាល់ ហើយ​ទើប​តែ​ស្គាល់​​នៅ​ពេល​ចូល​ដល់​វ័យ​​ក្បាល​ម្ភៃ​នេះ​ទេ​។ មនុស្ស​ដូច​គេ​គួរ​ឲ្យ​ស្រឡាញ់​(ដែល​ក្មេងៗ​ចូលចិត្ត​ហៅ​ថា ឃ្យូត​ នោះ​ឯង​) សម្តី​ផ្អែម​ ពូកែ​យក​ចិត្ត​ ចេះ​ជួយ​យក​អាសារ​ទុក្ខ​ធុរៈ​មនុស្ស​ផង​គ្នា…​ តែ​នរណា​ទៅដឹង​ថា​នៅ​ពីក្រោយ​ពាក្យ [​ឃ្យូត​] ​នោះ គឺ​ពោរ​ពេញ​ទៅ​ដោយ​… [ពិស​ពុល]។

តួ​ឆ្នាស់​ តួ​ខូច​… នៅ​ក្នុង​រឿង​ភាគ​ថៃ​(ឬ​តួ​ខ្មែរ​​ ស្វែង​ សុជាតា​) នៅ​មិន​ទាន់​ពិស​ពុល​ស្មើ​នឹង​ពួក​គេ​ទេ​(ពីរ​នាក់​ដែល​ខ្ញុំ​ស្គាល់​នោះ​)​ ព្រោះ​នៅ​ពី​ក្រោយ​ឆាក​ ពួកគេ​ក៏​ចេះ​ញញឹម​ដោយ​បរិសុទ្ធ​ ដាក់​ទស្សនិក​ជន​ដែរ​។ តែ​ពីរ​នាក់​នោះ​គ្មាន​ក្រៅ​ឆាក គ្មាន​ក្នុង​ឆាក​អ្វី​ទេ គឺ​មាន​តែប្រើ​​ [ឆាក​ជីវិត​] ពិត​ៗ​ ស្រស់ៗ​ បំភាន់​ភ្នែក​អ្នក​ដទៃ​។ ពិស​ពុល​បែប​ពួក​គេ​ គឺ​ពិស​ពុល​បែប [​ឈាម​ត្រជាក់]​ គឺ​ត្រជាក់​រហូត​រក​ពាក្យ​អ្វី​មក​ពណ៌នា​ឲ្យ​ត្រូវ​ពុំ​បាន​ ព្រោះ​គ្រាន់​តែ​នឹក​ដល់​​​មនុស្ស​​ប្រភេទ​​គេ​ក៏​​ [គួរ​ឲ្យ​ខ្លាច​] ​បាត់​ទៅ​ហើយ​។

មើល​ពី​សម្បក​ក្រៅ​ នរណាៗ​ក៏​សរសើរ​គេ​ថា មនុស្ស​(ល្អ​)​ដូច​គេ​កម្រ​រក​បាន​ណាស់​​ ចរិត​ក៏ ​[ឃ្យូត​] គួរ​ឲ្យ​ស្រឡាញ់​។ តែ​នរណា​ទៅ​ដឹង​ថា មនុស្ស​ដូច​គេ​ ចូល​ចិត្ត​​យក​ [ចរិត​ឃ្យូត​] នោះ​ មក​​ធ្វើ​បាប​​ចិត្ត​មនុស្ស​​គ្នា​ឯង​ ធ្វើ​ឲ្យ​គេ​ស្រឡាញ់​ ធ្វើ​ឲ្យ​គេ​ឈ្លក់​ រួច​ក៏​បំពុល​ថ្នាំ​ឲ្យ​ឈឺ​ចាប់ និង​ វេទនា​ដោយ​ [ពិស​ពុល​] ដែល​​ខ្លួន​មាន​ [តាំង​ពី​កំណើត​] ​។​ គួរ​ឲ្យ​អាណោច​អាធ័ម​ចំពោះ​ធម្មជាតិ​ណាស់​ ដែល​បង្កើត​ពួក​គេ​ឲ្យ​​មាន ​[ជំងឺ​ផ្លូវ​ចិត្ត] ​​​បែប​នេះ​តាំង​ពី​ឃើញ​ពន្លឺ​ព្រះអាទិត្យ​។ នឹក​ឡើង​ក៏​គួរ​ឲ្យ​អាណិត​អាសូរ​​ចំពោះ​ពួក​គេ​ដូច​គ្នា​ ដែល​កើត​មក​មាន​សភាព​ផ្លូវ​ចិត្ត​មិន​ប្រក្រតី​ ចូល​ចិត្ត ​[បោក​ប្រាស់​សេចក្តី​ស្រឡាញ់​] របស់​អ្នក​ដទៃ​ ជា​ការ​កម្សាន្ត​។ នេះ​មក​ពី​គេ​ចង់​សង​សឹក​នឹង​ធម្មជាតិ​ឬ? ខ្លួន​ឯង​កើត​មក​ខ្វះ​ភាព​កក់​ក្តៅ​ ខ្វះ​សេចក្តី​ស្រឡាញ់​ ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់ តែ​បែរ​ជា​​សង​សឹក​ដោយ​ការ​​ផ្តល់​ភាព​កក់​ក្តៅ​ ក្តី​ស្រឡាញ់​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​​​អ្នក​ដទៃវិញ​​ រួច​ក៏​​ចាក់​ថ្នាំ​ស្ពឹក​ បំពុល​ថ្នាំ​​ពិស​តាម​ក្រោយ​ យ៉ាង [​ឈាម​ត្រជាក់] ​។​

មនុស្ស​ប្រភេទ​នេះ​ ចូល​ចិត្ត​ប្រើ​ស្នៀត​ [ឆ្អិន​ក្បាល​ស៊ី​ក្បាល​ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ] ​ហើយ​បើ​នរណា​ភ្លើ ​លង់​ជឿ ​[សម្តី​ទឹក​ឃ្មុំ​] របស់​មនុស្ស​ប្រភេទ​នេះ​​ គេ​ច្បាស់​ជា​រស់​នៅ​មិន​ខុស​ពី​ដើម​ឈើ​ ដែល​ត្រូវ ​[បញ្ញើ​ក្អែក​]​ស្រូប​​យក​​ជីវិត​ ផ្តាច់​ដង្ហើម​ និង​ ជញ្ជក់​យក​ឈាមជ័រ​ ​រហូត​ខ្សោះ​អស់​​ពី​ខ្លួន​​​នោះ​ទេ​។ ស្គាល់​មនុស្ស​ប្រភេទ​នេះ​តែ​ពីរ​នាក់​ ធ្វើ​ឲ្យ​ខ្ញុំ​ខ្លាច​រហូត​បាក់​ស្បាត ​លែង​​ចង់​​រាប់​អាន​មនុស្ស​ លែង​​ចង់​ជឿ​សម្តី​ ​​​​[មនុស្ស​មាត់​ផ្អែម] តទៅ​ទៀត​។​

តែសូម​ចូល​រួម​សោក​ស្តាយ​​ចំពោះពួក​​គេ​ផង​ ព្រោះ​​មនុស្ស​សម័យ​នេះ​ មិន​ល្ងង់​ឲ្យ​គេ ​[បោក​ប្រាស់​] រហូត​​នោះ​ទេ ព្រោះ​មិន​មែន​តែ​ខ្ញុំ​ទេ​ដែល​ដឹង​ មិត្ត​ភក្តិ​ខ្ញុំ​​ច្រើន​នាក់​ណាស់​ដែល​ដឹង​ថា ​មនុស្ស​ដូច​គេ​ពោរ​ពេញ​ទៅ​​ដោយ​ [ពិស​ពុល​]៕

Read Full Post »


អាចហៅ Destination Saigon ថា Destination Cambodia បាននៅពេលមាន ប៉ាស្ព័រខ្មែរនៅពីលើដូច្នេះ! 😉

ផ្កាយNoVeLs*– Destination Saigon បានចេញផ្សាយរួចមកហើយនៅឆ្នាំ ២០១០ ដោយអ្នកនិពន្ធ Walter Mason ដែលជា Travel Writer សញ្ជាតិអូស្ត្រាលី។ Destination Saigon បានជាប់ចំណាត់ថ្នាក់ The Ten Best Travel Books កាលពីឆ្នាំ ២០១០ ដែលរៀបចំឡើងដោយ The Sydney Morning Herald។ អាស្រ័យដោយទទួលបានភាពជោគជ័យតាមរយៈស្នាដៃដំបូងនេះ Walter Mason បានត្រៀមខ្លួនចេញស្នាដៃទី២របស់ខ្លួនបន្ទាប់ទៀត ដែលនិយាយអំពីប្រទេសកម្ពុជាក្រោមចំណងជើងថា Destination Cambodia ។

អ្នកនិពន្ធសញ្ជាតិអូស្ត្រាលី Walter Mason

Walter Mason ស្គាល់ខ្ញុំលើកដំបូងតាមរយៈកាសែតអូស្ត្រាលីមួយច្បាប់ដែលចុះផ្សាយពីសៀវភៅ Boyfriend របស់ខ្ញុំ នៅក្នុងឆ្នាំ ២០១០។ បន្ទាប់មកគាត់ក៏ស្វែងរកឈ្មោះខ្ញុំនៅលើទំព័រ Facebook ហើយ Add Friend និងសាកសួរព័ត៌មានខ្ញុំអំពីប្រទេសកម្ពុជាចាប់តាំងពីពេលនោះមក។ Walter Mason ប្រាប់ថា ខ្ញុំគឺជាមិត្តភក្តិខ្មែរដំបូងគេបំផុត បើគិតនៅក្នុងសតវត្សរ៍ទី២១នេះ តែខ្ញុំក៏ជាមិត្តភក្តិចុងក្រោយគេដែរ ដែលបានជួបមុខគ្នាផ្ទាល់ បន្ទាប់ពីមិត្តភក្តិខ្មែរផ្សេងៗទៀតដែលខ្ញុំបានណែនាំឲ្យស្គាល់កាលពីចុងឆ្នាំ ២០១០ ។

ដំបូងស្មានថាគាត់កុហក លុះសួរទៅប្រាប់ថា First Cambodian Friend ប្រចាំសតវត្សរ៍ទី២១ 😛

 

Destination Saigon គឺជាសៀវភៅដំណើរផ្សងព្រេងមួយ ដែលងាយស្រួលអានបំផុត ព្រោះយើងអាចជ្រើសរើសយក Chapter ឬជំពូកណាមួយ មកអានមុនក៏បានដែរ។ នៅក្នុងចំណោម ៤៧ Chapter ដែលខ្ញុំបានអាន ខ្ញុំចូលចិត្ត Chapter ដែលមានចំណងជើងថា Mr Buddha ជាងគេ។ គ្រាន់តែឃើញចំណងជើង ក៏ចាប់អារម្មណ៍ចង់អាន តែបន្ទាប់ពីអានរួច ខ្ញុំគិតថា បើដូរដាក់ជា Mr & Mrs Buddha ប្រហែលជាកាន់តែគួរឲ្យចាប់អារម្មណ៍ថែមទៀត។ ថ្វីបើ Mr Buddha ជាជំពូកដែលខ្ញុំចូលចិត្តជាងគេ តែជំពូកដែលខ្ញុំចាប់ផ្តើមអានមុនគេគឺ Ice Cream in Quy Nhon ហើយហេតុផលអ្វី ដែលខ្ញុំជ្រើសរើសអានជំពូកនេះ សាមីខ្លួនអ្នកនិពន្ធផ្ទាល់ដឹងច្បាស់ណាស់! 😉

 

Ice Cream in Quy Nhon ជំពូកដំបូងដែលខ្ញុំជ្រើសរើសអាន

Walter Mason ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាលើកដំបូងនៅឆ្នាំ ១៩៩៦។ សរុបមកដល់ឆ្នាំ២០១២នេះ Walter Mason ធ្លាប់មកកាន់ប្រទេសកម្ពុជាចំនួន៤ដងហើយ។ ចំពោះសៀវភៅ Destination Cambodia អ្នកនិពន្ធសញ្ជាតិអូស្ត្រាលីរូបនេះ បានចំណាយពេលយូរដល់ទៅជិតពីរឆ្នាំដើម្បីបញ្ចប់វា។ Walter Mason រំពឹងទុកថា Destination Cambodia នឹងចេញផ្សាយជាផ្លូវការនៅក្នុងខែ មេសា ឆ្នាំ ២០១៣ ខាងមុខនេះ។ ដូច្នេះសូមរង់ចាំជាវមកអាន និងតាមដាន ទាំងអស់គ្នាថា Destination Cambodia មានអ្វីប្លែក និង អស្ចារ្យពី Saigon Destination?

Mr Buddha ជំពូកដែលខ្ញុំស្រឡាញ់ជាងគេ និងចង់ដូរជា Mr&Mrs Buddha 😉

បញ្ជាក់៖ លោកអ្នកអាចរកទិញ Saigon Destination បាននៅ Monument Bookshop ក្បែរវិមានឯករាជ្យ លើដងវិថី ព្រះនរោត្តម រាជធានីភ្នំពេញ។ ពិសេសអាចទទួលព័ត៌មានបន្ថែមពីអ្នកនិពន្ធបាន តាមរយៈប្លក់របស់អ្នកនិពន្ធផ្ទាល់http://www.waltermason.com/ ឬ ហ្វេសប៊ុក https://www.facebook.com/waltermason

Read Full Post »


ដូចអាចារ្យអ៊ីចឹង! 😉

ផ្កាយNoVeLs*– ព្រឹកមិញថ្ងៃកំណើតមិត្តភក្តិ គេបបួលទៅដាក់បាត្រ ក៏ទៅដាក់នឹងគេ។ គ្រប់យ៉ាងមិត្តភក្តិលាវរៀបចំឲ្យទាំងអស់ គ្រាន់តែចាំដាក់បាត្រប៉ុណ្ណោះ។ គ្រឿងប្រដាប់សម្រាប់ដាក់បាត្រដែលគេរៀបចំឲ្យមានដូចជា ជើងពានមួយដែលចំណុះទៅដោយ បាយដំណើបមួយស្នុក ទឹកមួយកូនដប នំជាងដប់កញ្ចប់ និងកន្សែងពានាមួយ។

គ្រឿងប្រដាប់ដែលមិត្តភក្តិលាវរៀបចំឲ្យដាក់បាត្រ

ការដាក់បាត្រនៅលាវ គេទម្លាប់ក្រាលកន្ទេលចាំព្រះសង្ឃនៅលើដងផ្លូវ។ នៅពេលឃើញព្រះសង្ឃនិមន្តមកពីចម្ងាយ គេនឹងលើកជើងពានដែលជាធម្មតាមាន បាយដំណើបមួយស្នុក នំកញ្ចប់ និងក្រដាសប្រាក់ប្រាំរយគីបមួយចំនួន លើកផ្សងឧទ្ទិសមគ្គផលជូនដល់បុព្វការីជន។ ពេលព្រះសង្ឃនិមន្តមកដល់ក៏ចាប់ផ្តើមពូតបាយដំណើបដាក់នៅក្នុងបាត្រលោក ព្រមជាមួយនំចំណីនិងម្ហូបអាហារ(កម្រឃើញមានដាក់ម្ហូបព្រមជាមួយគ្នាណាស់)។

ក្រាលកន្ទេលចាំព្រះសង្ឃ

ក្រោយពេលដាក់បាត្ររួច ព្រះសង្ឃអង្គនីមួយៗ នឹងគង់ចាំអង្គផ្សេងៗទៀត លុះត្រាតែទទួលចង្ហាន់បានគ្រប់អង្គ ទើបចាប់ផ្តើមសូត្រធម៌ព្រមគ្នា ដែលមានរយៈចម្ងាយប្រហែលមួយម៉ែត្រពីអ្នកដាក់បាត្រ រួចទើបនិមន្តចាកចេញទៅ។ ចំណែកអ្នកដាក់បាត្រ ពេលព្រះសង្ឃកំពុងសូត្រធម៌ ដៃឆ្វេងលើកសំពះ ឯដៃស្តាំលើកកូនដបច្រូចទឹកទៅលើដី។ ក្រោយពេលព្រះសង្ឃចាកចេញទៅ គេនឹងយកបាយដំណើបដែលនៅសល់ ពូតជាដុំតូចៗ ហើយយកទៅបិទនឹងដើមឈរធំនៅក្បែរបរិវេណនោះ រួចយកទឹកច្រូចគល់ឈើជាកិច្ចបង្ហើយការដាក់បាត្រ។ ឯវំ៚ 😀

តាដាំ(នេត្រាខ្មៅ) មិត្តភក្តិដែលមានថ្ងៃខួបកំណើតថ្ងៃនេះ

ពំនូតបាយដំណើបដែលបិតនឹងដើមឈើ

ពំនូតបាយដំណើបជាប់នឹងដើមឈើ ជាទស្សនីយភាពដ៏គួរឲ្យចាប់ចិត្តមួយនៅលាវ

ច្រូចទឹកនៅគល់ឈើ ក្រោយពីដាក់បាត្រ និងបិទបាយដំណើបតាមដើមឈើរួច

»»» អត្ថបទទាក់ទង៖ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ

Read Full Post »


អាចជារឿងដដែលៗ ដែលខ្ញុំចូលចិត្តនិយាយ គឺមិត្តភាពមានតម្លៃខ្លាំងណាស់ ចំពោះជីវិតខ្ញុំ។ មិត្តមួយថ្ងៃគឺមិត្តមួយជីវិត។ មិត្តភាពធំជាងស្នេហា…

ការត្រឡប់មកស្រុកខ្មែរលើកនេះរបស់ខ្ញុំ គឺខ្ញុំបានធ្វើនូវរឿងមួយ ដែលធ្វើឲ្យខ្ញុំសប្បាយចិត្តបំផុត នោះគឺការជម្រះរឿងជម្លោះមិត្តភក្តិឲ្យជ្រះស្រឡះ។

ខ្ញុំធ្លាប់គិតថា ខ្ញុំនឹងធ្វើវាក្នុងថ្ងៃណាមួយ តែខ្ញុំគ្មានគម្រោងថានឹងធ្វើ ក្នុងពេលវិលមកស្រុកខ្មែរលើកនេះទេ។ តែមនុស្សនៅជុំវិញខ្លួនខ្ញុំ បានជម្រុញឲ្យខ្ញុំធ្វើវា ជាពិសេស… ម៉ែ!

ពេលយើងស្គាល់គ្នា ខ្ញុំក៏ប្រាប់ម៉ែ ពេលយើងឈ្លោះគ្នា ខ្ញុំក៏ប្រាប់ម៉ែ។ ដូច្នេះ ម៉ែស្គាល់គេដូចខ្ញុំស្គាល់គេដែរ។ តែបើនិយាយឲ្យត្រូវម៉ែ ទើបតែជួបគេបានម្តងប៉ុណ្ណោះ។ ប៉ុន្តែម៉ែស្គាល់គេច្បាស់ ព្រោះខ្ញុំតែងតែរម្លឹកឈ្មោះគេប្រាប់ម៉ែរឿយៗ។

ពេលខ្ញុំប្រាប់ម៉ែថា យើងទាំងពីរឈ្លោះគ្នា ម៉ែបន្ទោសខ្ញុំជាខ្លាំង។ ឆ្នាំនេះពេលខ្ញុំមកដល់ម៉ែរម្លឹកពីមិត្តភក្តិចាស់ៗរបស់ខ្ញុំ ដែលគាត់បានជួប ថែមទាំងមិនភ្លេចរម្លឹកពីគេ។ ក្នុងសម្តីនោះ បង្កប់នូវការលើកទឹកចិត្តឲ្យខ្ញុំចងមិត្តនឹងគេវិញ។ ហើយខ្ញុំក៏សម្រេចចិត្តធ្វើវា…

គ្មានពិបាកអីផង ព្រោះយើងមិនមែនជាកូនក្មេង ហើយយើងក៏ធ្លាប់ស្គាល់គ្នាដែរ។ សំខាន់ជម្រុះភាពអាស្មិមានះចេញ ហើយញញឹមនិយាយគ្នាតាមសម្រួល សួរហេតុសួរផល ជម្លោះនឹងបញ្ចប់ដោយងាយស្រួល។

គ្រប់យ៉ាងត្រឡប់មកដូចដើម។ ពេលមានការណាត់ជួបគ្នា ក៏លែងមានបាត់មុខនរណា ដូចលើកមុនទៀត។ ពីមុនពេលមានសំណួរថា ម្នាក់នេះ ឬម្នាក់នោះ បាត់ទៅណា? ខ្ញុំពិតជាពិបាកឆ្លើយតបណាស់។ លុះពេលខ្ញុំប្រាប់ពីមូលហេតុ ពួកគេក៏លើកទឹកចិត្តខ្ញុំ ព្រោះម្នាក់ៗសុទ្ធតែយល់ដូចគ្នាថា ជម្លោះមិនមែនជាទីបញ្ចប់នៃមិត្តភាពពិតទេ។

បច្ចុប្បន្ននេះ ខ្ញុំមានមិត្តប្រុសបីនាក់ និងមិត្តស្រីម្នាក់ ដែលទោះជាទៅដល់ទីណា ក៏យើងមិនដែលភ្លេចគ្នាដែរ។ ពិសេសពេលមានការណាត់ជួបសំខាន់ៗ ពួកគេតែងតែឆ្លៀតពេលដ៏មមាញឹករបស់ខ្លួនដើម្បីមកជួបគ្នាជានិច្ច។ អរគុណចំពោះកម្លាំងចិត្ត! អរគុណចំពោះពេលវេលា… និងអរគុណសម្រាប់អ្វីៗគ្រប់បែបយ៉ាង…

ទោះយំឬសើច ពេលបាននៅជាមួយមិត្ត ជីវិតក៏ស្រស់បំព្រង! 😉

Read Full Post »

Older Posts »