Feeds:
ប្រកាស
មតិ

Archive for the ‘រសជាតិកាហ្វេ’ Category


tlj_archphkai

ផ្កាយNoVeLs*– អ្នកខ្លះ អាចនឹងចម្លែកចិត្តពេលឃើញខ្ញុំតែងកាន់កែវកាហ្វេ TOUS les JOURS ដែលល្បីឈ្មោះផ្នែករសជាតិនំប៉័ងទៅធ្វើការរៀងរាល់ព្រឹក ជាជាងកាន់ប្រ៊េនកាហ្វេផ្សេងៗដូចជា ប្រោន ឬ Starbucks ជាដើម។

TOUS les JOURS ថ្វីបើជាហាង Bakery ផ្តោតសំខាន់លើនំប៉័ង ឬនំដុតផ្សេងៗ តែហាងនេះក៏មានលក់ភេសជ្ជៈ និងកាហ្វេ ដែលមានរសជាតិពិសេសផ្ទាល់ខ្លួនផងដែរ។ ក្នុងនោះ Hot Cappuccino គឺជាភេសជ្ជៈមួយដែលមិនគួររំលងសម្រាប់អ្នកដែលចូលចិត្តក្រេបរសជាតិកាហ្វេខ្លាំងចាស់ មួយដឹងមួយ ហើយល្មួតផ្អែមស្រាលដោយទឹកដោះគោស្ទីម និងពពុះទឹកដោះគោស្រស់។

tlj_archphkai2

Hot Cappuccino នៅ TOUS les JOURS ឆុងដោយពូជកាហ្វេសុទ្ធល្អ ថ្មីស្រស់ គុណភាពខ្ពស់ ព្រោះគ្រាន់តែតំណក់កាហ្វេ ដែលស្រក់ចេញពីម៉ាស៊ីនឆុងក៏ខាប់ណែន ភាយក្លិនឈ្ងុយឈ្ងប់អប់ចំហាយមកដល់ច្រមុះតាំងពីមិនទាន់បានក្រេប។ ពេលលើកកែវកាហ្វេដែលឆុងរួចមកដាក់ក្បែរច្រមុះ ក្លិនឈ្ងុយរបស់ទឹកដោះគោស្ទីម និងពពុះទឹកដោះគោស្រស់ អប់ចូលគ្នាដោយក្លិនកាហ្វេអេសស្ព្រែសសូ ធ្វើឲ្យ Hot Cappuccino មួយកែវរបស់ TOUS les JOURS ពោរពេញដោយថាមពល មានក្លិន មានរស និងអត្តសញ្ញាណច្បាស់លាស់ រហូតពិបាកនឹងថ្លាថ្លែងពីប្រណីតភាពរបស់កាហ្វេមួយកែវនេះ។

tlj_achphkai3

នេះមិនមែនជាការផ្សាយពាណិជ្ជកម្មទេ អ្នកស្គាល់ខ្ញុំច្បាស់ជាដឹង! ទន្ទឹមនឹងនេះ ខ្ញុំក៏មិនបានឲ្យអ្នកទាំងអស់គ្នាជឿខ្ញុំទាំងអស់ដែរ តែចង់ឲ្យសាកដោយខ្លួនឯង។ បើមានចំណង់ចំណូលចិត្តប្រហាក់ប្រហែលខ្ញុំ ជឿថា នឹងមានអ្នកយល់ស្របតាមអ្វីដែលខ្ញុំពោលមកខាងលើ។ តែជឿចុះថា… លើលោកនេះ ការគិតរបស់មនុស្សតែងតែខុសគ្នា! 😉

អត្ថបទទាក់ទង៖ ខាភូស៊ីណូ កាហ្វេអ៊ីតាលី [Cappuccino] ♥♥

Read Full Post »


starbucks-archphkai

ផ្កាយNoVeLs*–កាលពីថ្ងៃមុន អ្នកនិពន្ធវ័យក្មេងបានណែនាំរួចមកហើយ នូវភេសជ្ជៈថ្មីពី Starbucks គឺ Matcha & Espresso Fusion ដែលមានរសជាតិដើមចម្រុះ៣យ៉ាងផ្សំគ្នា គឺល្វីងជាតិកាហ្វេ Espresso រសជាតិចត់ និងក្លិនឈ្ងុយប្រហើរនៃតែបៃតង Matcha រួមទាំងរសជាតិផ្អែមស្រាលខាប់ល្មួតនៃទឹកដោះគោស្រស់ Fresh Milk។

‘Matcha & Espresso Fusion’ គឺជាការផ្សំលាយបញ្ចូលគ្នារវាងរសជាតិភេសជ្ជៈមេពីរ របស់ Starbucks គឺ តែបៃតង Matcha និងកាហ្វេ Espresso ។ ភេសជ្ជៈនេះបង្កើតឡើងដើម្បីបំពេញចិត្តអតិថិជនដែលមានចិត្តច្រើនរាយមាយ ចង់ញ៉ាំតែបៃតងផង កាហ្វេផង ទើប Starbucks យកភេសជ្ជៈទាំងពីរមកល្បាយចូលគ្នា បង្កើតបានជាភេសជ្ជៈថ្មីមួយដែលមានរសជាតិស្រោបដោយអត្តសញ្ញាណច្បាស់លាស់។

បើនិយាយពីរូបសម្បត្តិខាងក្រៅរបស់ភេសជ្ជៈនេះ គឺខ្ញុំសូមជូនពិន្ទុ ១០/១០ តែម្តង ព្រោះពណ៌សម្បុររបស់វាលេចធ្លោប្រៀបដូចជាស្តេចភេសជ្ជៈមួយកែវ ដែលមានមន្តស្នេហ៍ទាក់ទាញជុំទិស។ ភេសជ្ជៈ ‘Matcha & Espresso Fusion’
ទាក់ភ្នែកខ្លាំង ដោយការចែកល្បាយជា៣ស្រទាប់ គឺស្រទាប់ខាងក្រោមជាតែបៃតង Matcha ស្រទាប់កណ្តាលជាទឹកដោះគោស្រស់ និងស្រទាប់លើបំផុតជាកាហ្វេ Espresso។ នេះគឺជាសិល្បៈនៃការឆុងភេសជ្ជៈដែលល្អវិចិត្រ ផ្ចិតផ្ចង់ មានមន្តស្នេហ៍ទាក់ភ្នែក បន្ថែមរសអារម្មណ៍ឲ្យត្រេកត្រអាលឈ្លក់វង្វេង ទាំងរសជាតិ និងរូបសម្រស់មកលើភេសជ្ជៈក្នុងកែវតែមួយ។

 

starbucks-3

ចំពោះខ្ញុំ រសជាតិរបស់ភេសជ្ជៈមួយកែវនេះ គឺជារសជាតិដែលសម្រិតសម្រាំងឡើងយ៉ាងផ្ចិតផ្ចង់ ទាំងគុណភាពនៃគ្រឿងផ្សំ និងការយកចិត្តទុកដាក់នៃការឆុង។ ហេតុនេះ ខ្ញុំគិតថា ការញ៉ាំ ក៏គួរតែមានវិធីក្រេបជញ្ជក់យករសជាតិដែលលម្អិតផ្ចត់ផ្ចង់ផងដែរ។ ដូច្នេះខ្ញុំសូមណែនាំនូវវិធី២យ៉ាងដែលអាចឲ្យលោកអ្នកលេចលង់ និងឈ្លក់វង្វេងក្នុងរសជាតិតែមួយគ្មានពីររបស់ភេសជ្ជៈនេះ។ វិធីទី១ ពេលអ្នកទទួលបានភេសជ្ជៈនេះមកកាន់ក្នុងដៃហើយ សូមកុំប្រញាប់កូរ ឬវឹកឲ្យវាចូលគ្នា តែត្រូវបឺតសន្សឹមៗពីស្រទាប់ក្រោម រួចទាញបំពង់បឺតយឺតៗតាមស្រទាប់នីមួយៗ ម្តងមួយស្រទាប់ៗ ដែលអាចធ្វើឲ្យយើងបឺតបានរសជាតិដើមពិតៗរបស់គ្រឿងផ្សំទាំង៣។ វិធីទី២ ពេលលោកអ្នកក្រេបបានរសជាតិដាច់ដោយឡែករបស់គ្រឿងផ្សំទាំង៣តាមស្រទាប់នីមួយៗរួចហើយ លោកអ្នកអាចកូរវាឲ្យចូលគ្នាជាល្បាយតែមួយបាន។ ម្តងនេះ យើងនឹងទទួលបានរសជាតិថ្មីដាច់ដោយឡែកមួយទៀតពីភេសជ្ជៈតែមួយ។ ភាពខ្លាំង ចាស់ និងខាប់ដោយជាតិកាហ្វេរបស់ Espresso ផ្សំនឹងរសជាតិចត់ៗ និងក្លិនប្រហើរឈ្ងុយពិសេសរបស់តែបៃតង Matcha បូករួមនិងរសជាតិផ្អែមល្មួតស្រាលរបស់ទឹកដោះគោស្រស់ នឹង ធ្វើឲ្យលោកអ្នកទទួលបានរសជាតិភេសជ្ជៈថ្មីប្លែកមួយបែបទៀត ដែលទាំងឈ្ងុយ ទាំងឆ្ងាញ់ ជាប់ចិត្ត មានអត្តសញ្ញាណច្បាស់លាស់ មិនដូចភេសជ្ជៈផ្សេងៗទៀត។

ប្រសិនបើលោកអ្នក ជាមនុស្សដែលងប់ងល់ និងត្រេកត្រអាលនឹងរសជាតិរបស់កាហ្វេ និងតែបៃតងនោះ អ្នកមិនត្រូវរំលងភេសជ្ជៈមួយនេះដាច់ខាត។ តែ… អ្នកខ្លះអាចនឹងប្លែកអណ្តាតនឹងភេសជ្ជៈថ្មីនេះ ព្រោះតែភាពចម្រុះបែបនៃរសជាតិក្នុងភេសជ្ជៈតែមួយ។ ពិសេសហេតុផលដែលបដិសេធមិនបានមួយទៀតនោះគឺ… មនុស្សមួយផែនដីនេះ គ្មាននរណាចូលចិត្តដូចគ្នានោះទេ! 😀 😛

Read Full Post »