Feeds:
ប្រកាស
មតិ

Archive for the ‘រៀននិពន្ធរឿង’ Category


វិថី​ឆ្ពោះ​ទៅ​កាន់​ការ​តែង​និពន្ធ​_archphkai

នេះគឺជា សិក្ខាសាលាអំពីការតែងនិពន្ធដំបូងបង្អស់ក្នុងក្រុងកំពង់ចាម ដែលត្រូវបានបង្កើត និង រៀបចំដោយ យុវសិស្សស្ម័គ្រចិត្ត នៃ​វិទ្យាល័យ​ព្រះសីហនុ។ ប្រសិនបើអ្នកចាប់អារម្មណ៍ ហើយស្រលាញ់វិស័យអក្សរសាស្ត្រ​ខ្មែរ ឬក៏មានបំណងចង់ក្លាយជាអ្នកនិពន្ធ​ កុំ​ភ្លេច​ជួយ​ទិញ​សំបុត្រ​ចូល​រួម​កម្មវិធីរបស់ពួកយើង! ត្រឹមតែ ១$ សម្រាប់សិក្ខាសាលាពេញមួយថ្ងៃ​ ជាមួយនឹងអាហារពេលថ្ងៃត្រង់ដ៏កក់ក្តៅនិង​វា​គ្មិន​ដ៏​ជោគ​ជ័យ​របស់​ពួក​យើង!!​ អ្នកនឹងមានអារម្មណ៍ប្លែក ហើយភ្ញាក់ផ្អើល!!!

សំបុត្រអាចរកទិញបាន នៅខ្ចុះ មុខបណ្ណាល័យ វិទ្យាល័យព្រះសីហនុ ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃសិក្ខាសាលាចាប់ផ្តើម! មកមុនបានមុន! (សំបុត្រ​មាន​កំណត់! រួសរាន់ឡើង!!!)

ព័ត៌មានបន្ថែម សូមទាក់ទង៖
096 44 70 438
069 84 80 03
070 70 78 61

បញ្ជាក់៖ អ្នកដែលនៅក្នុងក្រុងកំពង់ចាម ត្រូវបានលើកទឹកចិត្តអោយចូលរួម!

ជួបគ្នាថ្ងៃទី១៤ ឧសភា​នេះ​!!!

(អត្ថបទ​ និង​រូប​ភាព​៖ ទំព័រ វិថី​ឆ្ពោះ​ទៅកាន់​ការ​តែង​និពន្ធ​)

Read Full Post »


រយៈពេលយូរប៉ុណ្ណាហើយក៏មិនដឹង ដែលខ្ញុំព្យាយាមបំភ្លេចគេ រហូតគិតថា នៅលើលោកនេះ គ្មានគេរស់នៅតទៅទៀតទេ។ តែ… ហេតុអ្វីរយៈពេលដែលខ្ញុំជិតត្រឡប់ទៅផ្ទះ ខ្ញុំបែរជានឹកឃើញគេផ្ទួនៗបែបនេះ? មុនចូលគេង ខ្ញុំតែងតែនឹកដល់រឿងនិទាន ដែលគេនិយាយឲ្យខ្ញុំស្តាប់ បើទោះជាភាសាដែលគេនិយាយ ខ្ញុំមិនយល់បន្តិចសោះក៏ដោយក្តី តែខ្ញុំជឿថា មនុស្សដែលមានស្នេហាយល់ពីអារម្មណ៍នេះច្បាស់ណាស់។ ភាសាដែលនិយាយចេញតាមមាត់ស្តាប់មិនយល់ តែភាសាដែលនិយាយដោយបេះដូងមានន័យធំធេងជាង។

ខ្ញុំចាំថា យប់ណាដែលគេចូលគេងមុនខ្ញុំ គឺខ្ញុំជាអ្នកនិទានរឿងឲ្យគេស្តាប់មុន។ ពេលខ្លះ ខ្ញុំក៏និទានរឿងជាភាសាខ្មែរឲ្យគេស្តាប់ តែពេលខ្លះ ខ្ញុំនិយាយជាភាសាថៃ។ គេមិនចេះភាសាថៃទេ តែមិនដឹងដូចគ្នា ថាគេស្តាប់ខ្ញុំនិយាយយល់ឬអត់។ ទោះយ៉ាងណាក៏គេមិនដែលស្នើសុំខ្ញុំឲ្យប្រែឲ្យដែរ ហើយខ្ញុំក៏មិនបានយកចិត្តទុកដាក់នឹងរឿងនេះដូចគ្នា ព្រោះខ្ញុំជឿថា បើគេស្តាប់រឿងនេះដោយបេះដូង គេពិតជាយល់អត្ថន័យគ្រប់បែបយ៉ាង។ គឺមិនខុសពីពេលដែលគេនិទានរឿងជាភាសាបារាំងឲ្យខ្ញុំស្តាប់នោះដែរ…

យប់មួយ ខ្ញុំបាននិទានរឿងមួយក្នុងចំណោមរឿងប្រហែលដប់ ដែលគេកំពុងជួយកែ តែរឿងមួយនេះគេកែពុំទាន់ដល់ទេ។ ខ្ញុំប្រាប់គេថា រឿងនេះ អ្នកនិពន្ធប្រើវិធីសាស្ត្រនិពន្ធបែបថ្មី ផ្នែកដំបូងតួអង្គកូនជាអ្នកនិយាយរឿង ផ្នែកបន្ទាប់មកតួអង្គម្តាយ ហើយផ្នែកចុងក្រោយ គឺអ្នកនិពន្ធផ្ទាល់ជាអ្នកនិយាយ។ ពេលនោះ គេគេងផ្កាប់មុខលើពូក ហើយខ្ញុំគេងលើខ្នងគេ និទានរឿងបណ្តើរ ងាកមើលគេបណ្តើរ ដើម្បីចង់ដឹងថា គេគេងលក់ហើយឬនៅ?

យូរៗម្តងខ្ញុំសួរគេថា គេងលក់ហើយឬនៅ? គេតបមកវិញថា និយាយបន្តទៀតទៅ កំពុងតែជក់ចិត្ត។ ហ៊ឹះៗ… ពេលខ្លះខ្ញុំក៏ទប់សំណើចខ្លួនឯងមិនបាន ព្រោះគេឆ្លើយដោយសំឡេងក្ងួរៗ មាត់ប្រាប់ថាមិនទាន់គេងទេ តែភ្នែកបិទជិត។ ពេលខ្លះទៀតដើម្បីតបស្នងនឹងការតូចចិត្តដែលគេមិនផ្តល់តម្លៃដល់រឿងនិទានរបស់ខ្ញុំ ខ្ញុំក៏បង្ខំឲ្យឆ្លើយសំណួរខ្ញុំថា «អ៊ីចឹង បងនិយាយដល់ណាហើយ?» ពេលខ្លះគេក៏តបត្រូវ តែពេលខ្លះ…

ភូស! មួយក្រញរប៉ូក!! ស្អីៗ… ត្រង់នេះ និយាយតាំងពីកន្លះម៉ោងមុនម្ល៉េះ!! ហើយខ្ញុំក៏ប្រាប់ថា ការពិតដល់ត្រង់នេះ… ត្រង់តួកូនឈោងដៃយកសៀវភៅ ដែលនៅលើធ្នើរខ្ពស់ជាងគេ។ ពេលនោះទើបគេឆ្លើយទាំងសំឡេងក្ងួរទៀតថា «អូៗ… មែនហើយ!» ដើម្បីច្បាស់ក្នុងចិត្តថា គេពិតជាចាំសាច់រឿងដោយមិនចេះតែឆ្លើយឲ្យរួចពីមាត់ ខ្ញុំក៏ប្រាប់គេថា អ៊ីចឹងនិយាយសាច់រឿងមុននេះបន្តិចមើល៍! ហើយគេក៏ឆ្លើយត្រូវមែន ដូច្នេះរួចខ្លួនពីមួយក្រញរថ្មី។ 😉

ខ្ញុំនិទាន រហូតដល់វគ្គម្តាយជាអ្នកនិយាយរឿងម្តង។ គេប្រាប់ថា រឿងនេះប្លែកគួរឲ្យចាប់អារម្មណ៍ តែកូនក្មេងនោះអីក៏ពូកែម្ល៉េះ តូចមួយសោះ អានសុទ្ធតែរឿងរបស់ ចេ.ខេ រ៉ូលីង និង រឿង Twilight ។ ខ្ញុំថែមមួយក្រញរប៉ូកទៀត! ចុះប្រាប់ហើយតើ ថាគ្រួសារនេះ ស្រឡាញ់ការអានតាំងពីដូនតា ហើយម្យ៉ាងសៀវភៅដែលគេអាននេះ អាចជារឿងប្រែក៏ថាបាន។ បន្ទាប់មកខ្ញុំក៏និយាយបន្តរហូតដល់វគ្គ ពួកចោរទាំងបួននាក់ ស្រាតខោគរទុកលើកម្រាល។ ដល់ត្រង់នេះស្រាប់តែគេក្រោកព្រូសអង្គុយច្រងក់… ខ្ញុំងាកមើលមុខគេដោយក្តីងឿងឆ្ងល់។ គេប្រាប់ថា និយាយតទៀតទៅ វគ្គនេះគួរឲ្យចាប់អារម្មណ៍។

ហាសហាស… ខ្ញុំសើចគេដោយហួសចិត្ត ហើយប្រាប់ថា វគ្គនេះអ្នកនិពន្ធប្រើវិធី To Show Not To Tell ដូច្នេះគ្មានវគ្គពិសេសដូចយើងគិតទេ អ្នកអាននឹងដឹងដោយខ្លួនឯងថា មានហេតុការណ៍អ្វីកើតឡើងបន្ទាប់ពីចោរទាំង៤ស្រាតខោគរលើកម្រាល។ ពិសេសបើរឿងនេះមានវគ្គ Love Scene ក៏អ្នកនិពន្ធកាត់ចោលដែរ ព្រោះខ្លាចស្នាដៃរបស់ខ្លួនប្រែពី Love Scene ទៅជា Sex Scene ។ បានហើយ! និយាយប្រាប់ដល់ត្រង់ចំណុចនេះ ដឹងឬនៅថារឿងនេះ មានចំណងជើងដូចម្តេច? គេអេះក្បាលញាប់ស្អេក ហើយប្រាប់ថា «រឿងព្រះអង្គម្ចាស់តូចទេដឹង?» ហាសហាស… ខ្ញុំសើចដាក់គេ ហើយប្រាប់ថា ចាំស្អែកនិទានឲ្យស្តាប់បន្ត និងខំរកនឹកចំណងជើងឲ្យឃើញផង យប់នេះអ្នកនិទានរឿងងងុយដែរហើយ សុំដេក… ដេកឱបម្តង! 😉

Read Full Post »


ផ្កាយNoVeLs*– គេនិយាយថា ការសិក្សាពីវិធីធ្វើការងារ ដែលល្អបំផុត គឺការអនុវត្តតាមការណែនាំរបស់អ្នកជំនាញអាជីព។ អាស្រ័យហេតុនេះ ទើប អ្នកនិពន្ធវ័យក្មេង នាំយកគន្លឹះសំខាន់ៗមួយចំនួនរបស់អ្នកនិពន្ធបរទេស ដែលមានវិន័យល្អក្នុងការសរសេរប្រលោមលោក មកសរុបខ្លីៗជូនប្អូនៗអ្នកនិពន្ធទាំងឡាយ ដើម្បីអាចយកមកអនុវត្តក្នុងការសរសេររឿងរបស់ខ្លួន។

. អង្គុយចុះ ហើយសរសេរ

កុំបានត្រឹមស្រមៃថា ចង់ក្លាយជាអ្នកនិពន្ធ ឬថ្ងៃណាមួយនឹងសរសេររឿងឲ្យចប់ តែត្រូវកាន់ប៊ិកសរសេរភ្លាមៗក្នុងពេលដែលកំពុងនឹកចង់នេះតែម្តង។

. «ចាប់ផ្តើម» ដោយមិនចាំបាច់មានពេល

បើរវល់តែគិតថា «ចាំមានពេល» និង «ចាំមានឱកាស» តែម្យ៉ាង យើងច្បាស់ជាមិនបាន «ចាប់ផ្តើម» សរសេរជាដាច់ខាត។ រឿងបែបនេះ រង់ចាំមិនបានទេ!!! (បើរវល់ប្រឡង ជារឿងផ្សេងទៀត)។

. សរសេរជាប្រចាំឲ្យទៀងទាត់

រកពេលដែលសមស្របបំផុតក្នុងថ្ងៃនីមួយៗ សរសេរហើយសរសេរទៀត កុំឲ្យមានអ្វីមកធ្វើជាឧបសគ្គរបស់យើងឲ្យសោះ ទោះបីជានៅក្នុងបន្ទប់ដេក ក្នុងផ្ទះបាយ ឬកន្លែងណាក៏ដោយ ក៏យើងអាចសរសេរបានដែរ(តែបើសរសេរពេលកំពុងរៀន ប្រយ័ត្នត្រូវគ្រូពិន័យណ៎ា! ហុហុ… ព្រោះខ្ញុំធ្លាប់ជួបហើយ! 😛 )

. ផ្តាច់អ៊ីនធឺណិត

បើធ្វើការដោយប្រើកុំព្យូទ័រ សូមផ្តាច់បណ្តាញទាក់ទងអនឡាញន៍ចេញទាំងអស់ មិនលេងហ្វេសប៊ុក មិនឆាត មិនលេង skype អ្វីទាំងអស់។ ពិសេសកុំដោតខ្សែអ៊ីនធឺណិត ឬភ្ជាប់ Wifi ជាប្រចាំ ព្រោះនាំ ឲ្យរមាស់ដៃ ឯអារម្មណ៍ចេះតែវិលវល់ គិតជាប់ជានិច្ច ថា អេ៎! តិចមាននរណាចង់ឆាតជាមួយទៅ? 😛

. រកប្រធានបទសំខាន់ឲ្យឃើញ

ប្រធានបទសំខាន់នោះ ត្រូវតែជាអ្វីដែលយើងផ្តល់ភាពសំខាន់បំផុត ហើយអ្នកដទៃក៏មានចំណាប់ អារម្មណ៍លើវា សូម្បីតែជារឿងតូចតាច ល្អិតល្អោចក៏ដោយ។ ជួនកាលអ្វីដែលយើងមិនធ្លាប់គិត ឬមើលមិនឃើញ អាចជាប្រធានបទសំខាន់ដែលមនុស្សគ្រប់គ្នាកំពុងចាប់អារម្មណ៍ក៏ថាបាន។ 😉

. រៀបចំគំនិតឲ្យស្លាប់ចិត្ត

រកសៀវភៅមកសរសេរគំនិត ឬអារម្មណ៍ដែលធ្វើឲ្យខ្លួនឯងស្លុងចិត្តនឹងសាច់រឿង(ចូលតួ) រួចស្វែងរក ចំណុចខ្វះខាតដែលត្រូវកែតម្រូវបន្ថែម មុននឹងចាប់ផ្តើមសរសេរ។

. រៀបចំប្លង់ឆ្អឹងរឿងឲ្យមានភាពសម្បូរបែប

កុំគ្រាន់តែគិតថា យើងត្រូវធ្វើឆ្អឹងរឿងមួយឲ្យល្អជាងមុន តែត្រូវឲ្យល្អទាំងព្រមផង។ ល្អទាំង ព្រមនៅទីនេះគឺ មិនត្រឹមតែជាឆ្អឹងរឿងមួយដែលល្អទេ តែត្រូវឲ្យមនុស្សគ្រប់គ្នាយល់ និងចូលចិត្តផង។

. សរសេរឆ្អឹងរឿងមុនសរសេរសាច់រឿងលម្អិត

សរសេរគ្រោងឆ្អឹងរឿងទុក និងឲ្យបានច្រើនបំផុត តាមដែលអាចធ្វើបាន។ វាពិតជាពិបាកក្នុងការដឹងថា គួរចាប់ផ្តើមសរសេររឿងពីត្រង់ណា គឺទាល់តែយើងរៀបចំគម្រោងរឿង ឬឆ្អឹងរឿងឲ្យបានរួចរាល់សិន ទើបដឹងដោយងាយថា គួរចាប់ផ្តើមពីត្រង់ចំណុចណាមុន។

. មានវិន័យក្នុងការសរសេរ

កំណត់គោលដៅនៅក្នុងចិត្តថា ក្នុងមួយថ្ងៃៗ យើងត្រូវសរសេរឲ្យបានចំនួនប៉ុន្មាន ដូចជា សរសេរឲ្យបាន ៥០០ពាក្យ ក្នុងមួយថ្ងៃ, សរសេរឲ្យបាន ១០០០ពាក្យ មុនសម្រាកថ្ងៃត្រង់, សរសេរឲ្យបាន ២ទំព័រ មុនចូលដេក ឬដាក់ផ្សាយរឿងក្នុងប្លក់មួយអាទិត្យ ២វគ្គ ជាដើម។ ការមានវិន័យ ធ្វើឲ្យយើងបំពេញការងារបានដោយគ្មានឧបសគ្គ។

១០. សរសេរខុសខ្លះមិនអីទេ

និយាយតពីចំណុចទី៨ គឺបន្ទាប់ពីយើងសរសេរឆ្អឹងរឿងរួចហើយ គឺមិនបាច់ទៅខ្វល់ថាសរសេរខុស ឬសរសេរមិនល្អ ឬសរសេរត្រូវតាមប្លង់ឬអត់ នោះទេ បណ្តោយឲ្យវាទៅតាមអ្វីដែលកំពុងហូរចេញពីខួរក្បាលរបស់យើងសិនចុះ លុះដល់សរសេរចប់ហើយ សឹមយើងត្រឡប់មកកែសម្រួលជាថ្មី។

១១. កុំប្រញាប់អានឡើងវិញ ចាំសរសេរចប់សិន

ដើម្បីកុំឲ្យសរសេរសុខៗ ស្រាប់តែទ័លគំនិតសរសេរលែងចេញ យើងគួរតែសរសេរបន្តពីរឿងដែលសរសេរសល់ពីថ្ងៃមុនសិន ដោយកុំប្រញាប់អានសាឡើងវិញ គឺសរសេរបន្តរឿយៗរហូតចប់ សឹមត្រឡប់ទៅកែកំហុសឆ្គងដែលមានពីមុនឡើងវិញ។

១២. តាំងសមាធិឲ្យល្អ

អ្នកនិពន្ធអាជីពត្រូវតែមានអារម្មណ៍មូលនឹងធឹង មិនវិលវល់ មិនមែននឹកចង់ក៏ធ្វើ នឹកមិនចង់ក៏ប្តូរមុខរបរ(ទៅចិញ្ចឹមជ្រូក 😀 )។ បើពិតជាមិនអាចធ្វើចិត្ត ឲ្យនឹងថ្កល់នឹងការនិពន្ធរឿងបានពិតមែន ណែនាំឲ្យសាកល្បងហ្វឹកហាត់អង្គុយធ្វើសមាធិសាកមើល បើពិតជាមិនបានការមែន សឹមគិតគ្នាជាថ្មី។

១៣. មានរឿងឲ្យសរសេរច្រើនណាស់

ការសរសេរប្រលោមលោកច្រើនរឿង ក្នុងពេលតែមួយរបស់អ្នកនិពន្ធអាជីព គឺអាចទៅរួចស្រាប់ហើយ! គ្មានអ្វីពិបាកទេ ព្រោះការសរសេរច្រើន តែងតែរកចំណូលបានកាក់កប ជាងការសរសេរមិនបានប៉ុន្មានរឿងផងនោះទេ។ សាកល្បងគិតរក Plot រឿងឲ្យបានច្រើន ដើម្បីសរសេររឿងមួយចប់ហើយ បន្តរឿងមួយថ្មីទៀតភ្លាមៗតែម្តង ឬបើឲ្យល្អបំផុត គួរតែសរសេរច្រើនរឿងក្នុងពេលតែមួយ(ដូចខ្ញុំ 😀 )តែម្តងកាន់តែល្អ! តែត្រូវប្រាកដថា អាចទ្រាំទ្ររួច(ទាល់តែរូងភ្នែក ស្បែកស្វិតដូចខ្ញុំ) បានឬអត់? 😛

១៤. រកមិត្តភក្តិល្អនិយាយគ្នា

សរសេរម្នាក់ឯង អានម្នាក់ឯងច្បាស់ជាមិនល្អទេ។ អ្នកទាំងអស់គ្នា ត្រូវមានមិត្តភក្តិដែលជាអ្នកនិពន្ធដូចគ្នា ឬអ្នកអានដែលល្អ និយាយ ប្រឹក្សា ផ្លាស់ប្តូរយោបល់គ្នា ព្រោះអាចជួយឲ្យយើងមានទស្សនវិស័យ កាន់តែទូលំទូលាយជាងមុន។ បើមិនទាន់ស្គាល់នរណាទេ អាចឆ្លៀតចូលមកអើតទីនេះម្តងម្កាលក៏បាន អ្នកនិពន្ធវ័យក្មេង អាចធ្វើជាមិត្តភក្តិរបស់អ្នកទាំងអស់គ្នាបាន! 😉

១៥. កុំយកចិត្តទុកដាក់នឹង Feedback របស់អ្នកអានខ្លាំងពេក

ជាការពិត អ្នកអានប្រលោមលោករបស់យើង អាចមានទាំងអ្នកចូលចិត្ត និងអ្នកស្អប់។ នៅពេលមាននរណាម្នាក់ប្រាប់យើងថា សរសេរខុសត្រង់ណា ក៏គួរទទួលស្តាប់សិន ហើយយកមកកែសម្រួលតាមភាពស័ក្តិសមដែលយើងមើលឃើញ។ កុំមើលរំលង ឬទទួលគ្រប់ការរិះគន់មកកែថ្មីទាំងអស់ រហូតក្លាយជារឿងមួយដែលមិនមែនយើងជាអ្នកសរសេរ។ ចូរចាំថា គ្រប់ពាក្យរិះគន់របស់អ្នកអាន មិនមែនសុទ្ធតែត្រឹមត្រូវនោះទេ។

១៦. មានអ្នកជួយអាន

យើងមិនអាចអានប្រលោមលោក ដែលយើងទើបតែសរសេរចប់ នៅក្នុងស្ថានភាពបែបអ្នកអានបានទេ ព្រោះយើងក្នុងឋានៈជាអ្នកនិពន្ធ នៅមានអារម្មណ៍ដិតជាប់នូវការពេញចិត្ត ឬមានមោទនភាពចំពោះស្នាដៃដែលខ្លួនសរសេរ ដូច្នេះយើងគួររកមិត្តភក្តិ ឬមនុស្សដែលអាចទុកចិត្តបានឲ្យអាន ឬវិភាគស្នាដៃរបស់យើង ដែលអាចជួយឲ្យយើងមើលឃើញចំណុចខ្វះខាត ឬភាពឆ្គាំឆ្គងដែលយើងអ្នកសរសេរមើលមិនឃើញ។

១៧. ប្រើភាពជោគជ័យរបស់អ្នកដទៃជាកម្លាំងជំរុញទឹកចិត្ត

កុំរវល់តែគិតថា គេកើតមកសំណាងល្អ ទើបចេះតែទទួលបានជោគជ័យ តែត្រូវគិតថា បើអ្នកដទៃធ្វើបាន ចុះហេតុអ្វីយើងធ្វើមិនបាននោះ?

១៨. ដឹងពេលណាដែលគួរសរសេរ ពេលណាដែលគួរឈប់

គួរបែងចែកពេលវេលាឲ្យបានត្រឹមត្រូវ។ ដល់ម៉ោងត្រូវសរសេរក៏សរសេរ តែបើដល់ពេលសម្រាកហើយក៏គួរឈប់ ដើម្បីសម្រាកឲ្យបានគ្រប់គ្រាន់ រក្សាកម្លាំងទុកសរសេរក្នុងថ្ងៃបន្ទាប់ ថ្វីបើការងារមិនទាន់បញ្ចប់ក៏ដោយ។

១៩. ពេលទ័លប្រាជ្ញាមិនដឹងសរសេរអ្វី

ពេលខ្លះ យើងអាចកើតអារម្មណ៍តានតឹង គិតអ្វីមិនចេញ មិនដឹងសរសេរពីអ្វី ឬចាប់ផ្តើមពីត្រង់ណា ដូច្នេះគួរចេញទៅធ្វើអ្វីផ្សេងសិន ដើម្បីបន្ធូរអារម្មណ៍តានតឹងខ្លះ ដូចជា៖ ដើរលេង ងូតទឹក ធ្វើនំ ចម្អិនម្ហូប គូរគំនូរ ស្តាប់ចម្រៀង ហាត់ប្រាណ ឬធ្វើអ្វីក៏បាន ដែលអាចជួយឲ្យយើងធូរស្បើយអារម្មណ៍តប់ប្រមល់បានឆាប់បំផុត និងនៅក្បែរខ្លួនឯងបំផុត។

២០. បើមានអារម្មណ៍ថាសរសេរពិបាក សូមអត់ធន់សរសេរបន្តប្រមាណ១០,២០នាទី

កុំពន្យារពេលគេចវេសទៅណាឡើយ បើគិតថា ការសរសេរប្រលោមលោកមិនរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ក៏គួររកពេលវេលាប្រមាណ ១០ នាទី សរសេរសិន។ សរសេរបានម្តងបន្តិចៗ គឺប្រសើរជាងមិនបានសរសេរសោះ ពិតមែនទេ? 😀

អានហើយដូចស្រួល តែធ្វើពិបាកមែនទេ? ជាការពិតណាស់ ព្រោះចំណុចនីមួយៗអាចធ្វើឲ្យយើងផ្លាស់ប្តូរពិបាកមែន។ ប៉ុន្តែទាំងអស់នេះ សុទ្ធតែជាអ្វីដែលអ្នកនិពន្ធអាជីពភាគច្រើន នាំគ្នាអនុវត្តមកយូរហើយ តែបើនរណាគិតថា ពិបាកពេក អាចសាកល្បងអនុវត្តម្តងមួយចំណុចៗសិនក៏បាន ដើម្បីកុំឲ្យមានអារម្មណ៍រាថយ។ ខ្ញុំជឿជាក់ថា ប្អូនៗអ្នកនិពន្ធវ័យក្មេង ឬអ្នកអានដែលមានបំណងចង់ក្លាយជាអ្នកនិពន្ធ ទាំងអស់ ពិតជាធ្វើបានគ្រប់គ្នាណ៎ា! 😉

Read Full Post »


ផ្កាយNoVeLs*– ខ្ញុំធ្លាប់ឮអ្នកនិពន្ធដូចគ្នាសួរថា ចូលចិត្តស្តាប់ចម្រៀងអ្វីពេលកំពុងសរសេររឿង? សំណួរនេះធ្វើឲ្យខ្ញុំដឹងថា អ្នកនិពន្ធខ្លះ ចូលចិត្តស្តាប់ចម្រៀងពេលកំពុងសរសេររឿង ព្រោះធ្វើឲ្យអារម្មណ៍ដែលកំពុងតានតឹងប្រែជាធូរស្បើយ និងមានគំនិតភ្លឺថ្លាក្នុងការសរសេររឿងបន្ត។ តែអ្នកនិពន្ធខ្លះប្រាប់ថា មិនចូលចិត្តស្តាប់ចម្រៀងទេពេលកំពុងសរសេររឿង ព្រោះធ្វើឲ្យខូចសមាធិ និងពេលខ្លះនាំឲ្យឆាប់ងងុយដេកទៀតផង។

ម្នាក់ៗ សុទ្ធតែមានហេតុផលដែលត្រឹមត្រូវដូចគ្នា។ ជាការពិតណាស់ ភាពស្ងប់ស្ងាត់បង្កឲ្យមានសមាធិក្នុងការសរសេររឿងកាន់តែខ្លាំងឡើង។ តែខ្ញុំក៏ជឿថា ការស្តាប់ចម្រៀងក៏ជាការលំហែខួរក្បាលម្យ៉ាងដែលជួយបន្ធូរអារម្មណ៍តានតឹងបានយ៉ាងប្រសើរដែរ ប្រសិនបើស្តាប់យ៉ាងត្រឹមត្រូវ តាមវិធីដែលខ្ញុំណែនាំនេះ។

. ជ្រើសរើសស្តាប់ចម្រៀងដែលមានចង្វាក់ស្រាលស្រទន់ស្តាប់សប្បាយៗស្រួលត្រចៀក

បទចម្រៀងដែលគួរជ្រើសរើសយកមកស្តាប់ក្នុងពេលសរសេររឿងគួរតែជាបទដែលមានចង្វាក់ស្រាលៗ ស្តាប់សប្បាយៗ មិនថ្លង់ត្រចៀក ដូចជា៖ ចង្វាក់ Pop, Jazz, Classic, ឬចម្រៀងប្រភេទ Easy Listening ព្រោះចង្វាក់ភ្លេងប្រភេទនេះជួយកន្ត្រាក់ខួរក្បាលឲ្យធ្វើការកាន់តែល្អប្រសើរឡើង ធ្វើឲ្យកើតគំនិតច្នៃប្រឌិតថ្មី ក្នុងខណៈដែលចម្រៀង Rock មានចង្វាក់ធ្ងន់ៗ អាចធ្វើឲ្យខួរក្បាលកាន់តែកើតភាពតានតឹងឡើងៗដោយមិនដឹងខ្លួនបាន។

. បើកស្តាប់តិចៗ

ការបើកចម្រៀងស្តាប់ខ្លាំងពេក ក្រៅពីធ្វើឲ្យខូចសមាធិហើយ នៅបង្កការរំខានដល់អ្នកដទៃទៀត។ ដូច្នេះយើងគួរបើកចម្រៀងស្តាប់តិចៗ ក្នុងកម្រិតដែលល្មមអាចស្តាប់បាន ពីរោះត្រចៀក ឬបើកក្នុងកម្រិត ពីរភាគបីនៃកម្រិតសំឡេង ដែលយើងស្តាប់ក្នុងពេលធម្មតា។

. ស្តាប់ចម្រៀងអន្តរជាតិ ឬបទភ្លេងសុទ្ធ

ត្រង់ចំណុចនេះ មិនមែនបានន័យថា ចម្រៀងខ្មែរមិនពីរោះជាងចម្រៀងបរទេសនោះទេ តែខ្ញុំចង់បានសេចក្តីថា ឲ្យស្តាប់ចម្រៀងបរទេស ឆ្លាស់គ្នាជាមួយចម្រៀងខ្មែរផង។ ធ្លាប់សង្កេតឬទេថា ការស្តាប់ចម្រៀងខ្មែរដែលមានទំនុកច្រៀងជាភាសាខ្មែរ សមាធិរបស់យើង ច្រើនតែផ្តោតទៅលើអត្ថន័យរបស់បទចម្រៀងនោះដោយមិនដឹងខ្លួន ធ្វើឲ្យខូចសមាធិក្នុងការសរសេររឿង ក្នុងខណៈដែលចម្រៀងអន្តរជាតិ ដែលមានទំនុកជាភាសាបរទេស រួមនឹងបទចម្រៀងដែលមានតែបទភ្លេងសុទ្ធ គ្មានទំនុក ត្រចៀកយើងនឹងជ្រួតជ្រាបតែចង្វាក់ភ្លេងធម្មតា សមាធិយើង ក៏មិនផ្តោតសំខាន់ទៅលើបទចម្រៀងទាំងនោះជាធំដែរ។

. ស្តាប់ចម្រៀងដែលត្រូវនឹងអារម្មណ៍ក្នុងរឿងដែលកំពុងសរសេរ

ការជ្រើសរើសបទចម្រៀង ដែលសមស្របនឹងបរិយាកាសនៅក្នុងសាច់រឿងយកមកស្តាប់ ក៏ជាការប្រសើរដែរ ព្រោះវានឹងធ្វើឲ្យយើងដាក់អារម្មណ៍បានល្អ និងស៊ីជម្រៅទៅនឹងសាច់រឿងដែលកំពុងសរសេរនោះ ដូចជា៖ បើកំពុងសរសេររឿងត្រង់វគ្គ រំភើបរំជើបរំជួលចិត្ត គឺគួរស្តាប់បទចម្រៀងណាដែលទាក់ទងនឹងរឿងរ៉ាវស្នេហាផ្អែមល្ហែម រ៉ូមែនទិក ចៀសវាងស្តាប់ចម្រៀងសោកសៅ និរាសព្រាត់ប្រាសគ្នា ឬបើសរសេរដល់វគ្គ ដែលត្រូវពណ៌នាពីបន្ទប់ធំទូលាយមួយ ដែលប្រដាប់ដោយគ្រឿងសង្ហារឹមប្រណីតៗ ក៏គួរតែស្តាប់បទ Jazz, Orchestra, ជំនួសការស្តាប់ចម្រៀងប្រភេទ Heavy Metal ជាដើម។ ចំពោះចម្រៀងប្រភេទ Heavy Metal គួរស្តាប់ក្នុងពេលសរសេរដល់ឆាក វាយតប់ប្រយុទ្ធគ្នា ឬធ្វើសង្គ្រាមទើបជាការប្រសើរ។

យ៉ាងម៉េចដែរ ក្រោយពីការអានសេចក្តីណែនាំខាងលើនេះ? អ្នកនិពន្ធមានវិធីស្តាប់ចម្រៀងបែបនេះ ចុះប្រិយមិត្តអ្នកអានវិញ ចូលចិត្តស្តាប់ចម្រៀងប្រភេទណាខ្លះ??? 😀

Read Full Post »


ក្នុងរូបនេះមានPOVប៉ុន្មាន?

ប្រិយ​មិត្ត​អ្នក​អាន​ ឬ​អ្នក​និពន្ធ​មួយ​ចំនួន​ អាច​នឹងឆ្ងល់​ថា អ្វី​ជា​POV​​? ​ POV គឺ​ជា​​អក្សរ​កាត់​មក​​អំពី​ពាក្យ​ Point Of View ដែល​ពាក្យ​នេះ​មាន​ន័យ​ស្រប​នឹង​ពាក្យ​ខ្មែរ​ថា វិធី​និទាន​រឿង​បែប​បុរស​ទី​១ ឬ​ទី​៣។ អ្នក​និពន្ធ​ខ្មែរ​ភាគ​ច្រើន​ ស្គាល់​វិធី​និទាន​តែ​ពីរ​បែប​​ប៉ុណ្ណោះ គឺ​បែប​បុរស​ទី​១ និង​ទី​៣ តែ​ការ​ពិត ​POV​មាន​ច្រើន​ប្រភេទ​ណាស់ អាច​​ជា​បុរស​ទី​១, ទី២, ទី​៣ ឬ​បែប​ចម្រុះ​លាយ​ឡំ​គ្នា ដែល​ភាសា​អក្សរ​សិល្ប៍​​ហៅ​ថា Narrator។

POV ចាត់​ទុក​ថា​ជា​រឿង​សំខាន់​មួយ​​ សម្រាប់​ការ​សរសេរ​ប្រលោម​លោក​។ ការ​ជ្រើស​រើស​ POV​ដែល​​ស័ក្តិ​សម​​ទៅ​នឹង​ប្រភេទ​រឿង​ នឹង​ធ្វើ​ឲ្យ​ប្រលោម​លោក​ដែល​យើង​​សរសេរ​ កាន់​តែ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ឡើង​ថែម​ទៀត​​​។ តែ​តើ​គួរប្រើ​ POV​​ បែប​ណា​ទើប​ស័ក្តិ​សម​​នឹង​ប្រភេទ​​រឿង​របស់​​យើង? ថ្ងៃ​នេះ​ ផ្កាយ​NoVeLs* នឹង​ណែ​នាំ​ POV បី​​យ៉ាង​មក​ពន្យល់​។

. បុរសទី(First-Person Narrator)

ជា​ការ​និទាន​រឿងដោយ​​ការ​ប្រើសព្វនាម​បុរិសៈ​បុរស​ទី​១​ ខ្ញុំ,​ ខ្ញុំ​បាទ,​ នាង​ខ្ញុំ។ អ្នក​និពន្ធ​គឺ​ជា​តួ​អង្គ​ម្នាក់​នៅ​ក្នុង​ដំណើរ​រឿង​។​ សិល្ប៍​វិធី​មួយ​​នេះ​ស័ក្តិ​សម​ទៅ​នឹង​រឿង ដែល​​ត្រូវ​ការរៀប​រាប់​ដំណើរ​​រឿង​​ដោយ​ប្រើប្លង់​(view)​របស់​តួ​អង្គ​ឯក​ដែល​ជា​អ្នក​និយាយ​រឿង​ប្រាប់​​​។ ចំណុច​ល្អ គឺ​ធ្វើ​ឲ្យ​អ្នក​អាន​យល់​​ពី​អារម្មណ៍​របស់​តួ​អង្គ​បាន​កាន់​តែ​ស៊ី​ជម្រៅ ​ព្រោះ​​មាន​ការ​បង្ហាញពី​​ទស្សនៈ ​ការ​យល់​ឃើញ​ និង​ឧបនិស្ស័យ​របស់​តួអង្គ​បាន​គ្រប់​ជ្រុងជ្រោយ​។ តែ​​ដោយ​ការ​និទាន​រឿង​បែប​​បុរស​ទី​១ ​មាន​ដែន​កំណត់​(limited)​ធ្វើ​ឲ្យយើង​​មិន​អាច​ដឹង​​ឮ​ពី​គំនិត​ និង​​មើល​ឃើញ​ប្លង់​​​របស់​តួ​អង្គ​ដទៃ​ទៀត​បាន​ទេ​ ​ក្រៅ​ពី​ទឹក​មុខ ​និងកាយ​វិការ​(លើក​​លែង​អ្នក​និពន្ធ​សរសេរឲ្យ​​ តួ​អង្គ​មាន​​វិញ្ញាណ​​ពិសេស​អាចមើល​ចិត្ត​ធ្លុះ​) រួម​ទាំង​មាន​ដែន​កំណត់​​លើ​ផ្នែក​ ប្រាជ្ញា​​​ស្មារតី​​​របស់​អ្នក​និទាន​រឿង​ផង​(ដូចជា​អ្នក​និទាន​រឿង​​ជា​អ្នក​ក្រ​ មិន​សូវ​ឆ្លាត​ ដូច្នេះ​មិន​អាច​​ប្រើ​ពាក្យ​វប្បធម៌​​ពេក​ ឬ​ប្រើ​ពាក្យ​ពេចន៍​ពណ៌នា​ដែល​ខ្ពង់​ខ្ពស់​ហួស​វិស័យ ​ដូច​ប្រើ​POVបុរស​ទី​៣​នោះទេ)។​ ម្យ៉ាង​ទៀត​យើងក៏​​ពិបាក​នឹង​ធ្វើ​ការ​ពង្រីក​ផ្ទៃ​រឿង​ឲ្យ​បាន​ធំ​ដែរ​។

ប្រភេទរឿងដែលប្រើ៖ រឿង​ដែល​សង្កត់​ធ្ងន់​លើ​អារម្មណ៍​ គំនិត​ ទស្សនៈ និង​ សញ្ចេតនា​របស់​តួ​អង្គ​, រឿង​​ដែល​និយាយ​ពី​ជីវ​ប្រវត្តិ​ពិត​ផ្ទាល់​ខ្លួន​។

. បុរសទី(Second-Person Narrator)

ជា​ការ​និទាន​រឿង ​ដែល​អ្នក​និពន្ធ​និយាយ​​ផ្ទាល់​ជាមួយ​អ្នក​អាន​តែ​ម្តង​ ​ដោយ​ប្រើ​សព្វនាម​បុរិសៈ​បុរស​ទី​២​​ លោក អ្នក​ ឯង…​។ ​ ជា​វិធី​​និទាន​រឿងដែល​កម្រ​ឃើញ​មាន​ណាស់​ នៅ​ក្នុង​វិស័យ​ប្រលោម​លោក​របស់​ខ្មែរ​​ តែ​ក៏​ធ្លាប់​​ឃើញ​មាន​​ខ្លះៗ​ដែរ​នៅ​ក្នុង​ស្នាដៃ​របស់​រៀម​ច្បង​មុន​ៗ​ ក្នុង​កំឡុង​​ទស្សវត្យរ៍​ទី​៦០(​មិន​ចាំ​ឈ្មោះ​​រឿង​ និង​អ្នក​និពន្ធ​)។ ​គេ​សង្កេត​ឃើញ​​ពពួក​សៀវភៅ ​​ហ្គេម​ផ្សង​ព្រេង​តាម​ចិត្ត​នឹក​ឃើញ​ ឬ​ប្រភេទ​ CYOA(Choose Your Own Adventure) រ​បស់​បរទេស​ចូលចិត្ត​ប្រើ​វិធី​នេះ​ណាស់ ព្រោះ​ត្រូវ​ការ​ឲ្យ​អ្នក​អាន​សន្មត​​ថា​ខ្លួន​ឯង​ជា​តួ​អង្គ​ឯក​នៅ​ក្នុង​រឿង។​ តែ​វិធី​នេះ​ ផ្កាយ​NoVeLs* មិន​ចង់​ណែ​នាំ​ឲ្យ​សរសេរ​​ទេ ព្រោះ​​ការដែល​បង្គាប់​ឲ្យ​អ្នក​អាន​ជឿ​ថា​ ខ្លួន​ឯង​ជា​តួ​អង្គ​នៅ​ក្នុង​រឿង​ គឺ​ចាំបាច់​​ត្រូវ​តែ​ប្រើ​សិល្បៈ​ក្នុង​ការ​និទាន​រឿង​ឲ្យ​បាន​ល្អ​បំផុត​ បើ​សមត្ថភាព​មិន​ដល់​​ អ្នក​អាន​មិន​អាច​ស្លុង​នឹង​សាច់​រឿង​​នាំ​ឲ្យ​រឿង​ទទួល​​បរាជ័យ​។

ប្រភេទរឿងដែលប្រើ រឿង​ដែលឯក​រាជ្យម្ចាស់​ការ​​​ ​មិន​សង្កត់​ធ្ងន់​លើ​ការ​លក់​ដូរ​, សៀវភៅ​​បែប      ​​អប់​រំ​​​ទូន្មាន ផ្តល់​អនុសាសន៍​ ឬ​​​ណែ​នាំ​ពី​ការ​​ធ្វើ​អ្វី​មួយ។

. បុរសទី(Third-Person Narrators)

ជា​ការ​និទាន​រឿង​ដោយ​ប្រើ​សព្វនាម​បុរិសៈ​បុរស​ទី​៣​​ គេ​ គាត់​ វា នាង​ អ្នក​ស្រី​ លោក​ លោក​ស្រី​ ឯក​ឧត្តម​ លោក​ជំទាវ​… ឈ្មោះ​តួ​អង្គ​ ឬ​ពាក្យ​​ជំនួស​ឲ្យ​តួ​អង្គ​(មាណប​ មាណវី  អ្នក​កំលោះ​ ស្រស់​ស្រី​ រាង​ស្គម​ខ្ពស់​ ម្ចាស់​សក់​ពណ៌​ត្នោត…) ជា​វិធី​ដែល​ឃើញ​មាន​នៅ​ក្នុង​ប្រលោម​លោក​ជា​ច្រើន​រឿង ​​ដោយ​សារ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​និយាយ​ប្រាប់​​ និង​ងាយ​ស្រួល​ក្នុង​​ការ​​បត់​បែន​ ព្រោះ​អ្នក​និពន្ធ​ជា​អ្នក​ប្រាប់​រឿង​​ដោយ​ផ្ទាល់​ ដែល​អាច​ដឹង​អ្វីៗ​គ្រប់​យ៉ាងទាំង​អស់​​នៅ​ក្នុង​ដំណើរ​រឿង​(Omniscient)។ ចំណុច​ខ្សោយ​គឺ​ បើ​​អ្នក​និទាន​បង្ហាញ​គ្រប់​រឿង​រ៉ាវ​ដែល​ដឹង​ នឹង​ធ្វើ​ឲ្យ​សាច់​រឿង ​មិន​សូវ​ទាក់​ទាញ​គួរ​ឲ្យ​តាម​ដាន​ប៉ុន្មាន​ទេ ជាង​​នេះ​ទៅ​ទៀត​ បើ​ប្រើ​សំណួន​ពណ៌នា​បែប​ដដែល​ៗ​​ដូច​និយាយ​រឿង​និទាន ​អាច​នឹង​ធ្វើ​ឲ្យអ្នក​អាន​​ឆាប់​ធុញ​ទ្រាន់​បាន​។

ប្រភេទរឿងដែលប្រើ រឿង​វាយ​តប់​ ប្រយុទ្ធ​តស៊ូ, រឿង​អាថ៌កំបាំង​ ចារកម្ម ស៊ើប​អង្កេត​…។

​យ៉ាង​ម៉េច​ដែរ​ចំពោះ​ POV ទាំង​បី​ដែល​ ផ្កាយ​NoVeLs* លើក​មក​បង្ហាញ​? សង្ឃឹម​ថា ប្រិយ​មិត្ត​របស់ ​អ្នក​និពន្ធ​វ័យ​ក្មេង​ និង​ ​ប្អូន​ៗ​អ្នក​និពន្ធ​​ជំនាន់​ក្រោយ​ នឹង​ក្រេប​ជញ្ជក់​យក​ចំណេះ​ដឹង​នេះ​ ​ទុក​ប្រើ​សម្រាប់​​​សរសេរ​​​ប្រលោម​លោក​រឿង​ថ្មី​របស់​ខ្លួ​ន ឬ​មិន​អ៊ីចឹង​​ក៏​កែ​សម្រួល​រឿង​ចាស់​​ដែល​កំពុង​សរសេរ​បាន​ជាក់​ជាមិន​ខាន​៕ 😀

Read Full Post »


កាល​ពី​អត្ថបទ​មុន​ ខ្ញុំ​បាន​ណែ​នាំ​រួច​ហើយ​ពី​​និស្ស័យ​៣ចំណុច​របស់​អ្នក​និពន្ធ​។​ តែ​នៅ​មិន​ទាន់​អស់​ត្រឹមនោះ​ទេ គឺ​នៅ​មាន​បី​ចំណុច​សំខាន់​ទៀត​ ដែលចង់​បង្ហាញ​ជូន​នៅទីនេះ។ ប្រសិន​បើ​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​​ល្អ​ និងពូកែ ​សូម​ព្យាយាម​ធ្វើ​ឲ្យ​បាន​គ្រប់ចំណុច​ ធានា​ថា​បង​ប្អូន​នឹង​គ្មាន​ពាក្យ​ថា «​ទ័ល​បញ្ញា», «​អស់​គំនិត​» ឬ​ សរសេរ​​មិ​នចេញ​នោះទេ។

ឥឡូវ​មក​នាំ​គ្នាមក​​ត​ចំណុច​ទី​៤ តែ​ម្តង​ណ៎ា!​ 😉

៤. ចូល​ចិត្ត​ស្រមើ​ស្រមៃ

អ្នក​និពន្ធ​ ច្រើន​ជា​មនុស្ស​ដែល​ចូលចិត្ត​រវើ​រវាយ​​​ ស្រមើ​ស្រមៃ​ច្រើន​ ហួស​ពី​​អ្វី​ដែល​ហៅ​ថា​ជា​និស្ស័យ​ទៅ​ទៀត​​។ មិន​ថា​ឃើញ​អ្វី​ក៏​ប្រែ​ក្លាយ​​ជា​កា​រ​ស្រមើ​ស្រមៃ​ទាំង​អស់ ​ដូច​ជា៖ ​ឃើញ​​សត្វ​ចាប​មួយ​គូ​ហើរ​ជា​​គូ​​គ្នា​ ក៏​ស្រមៃ​ថា​កាល​ពី​ជាតិមុន​ ពួក​វា​ជា​មនុស្ស​និង​ជា​គូ​ស្នេហ៍​​​ស្រលាញ់​គ្នា​​ស្មោះ​ស្ម័គ្រ​ហើយ​សន្យា​​គ្នា​ថា កើត​ជាតិ​​ក្រោយ​ សូម​ឲ្យ​បាន​ជាគូ​​នឹង​គ្នា​​ទៀត​… និង​អ្វី​ផ្សេង​ៗ​ទៀត​​ចេះ​តែ​ស្រមើ​ស្រមៃ​ទៅ។

ឬ​ឃើញ​មនុស្ស​ដើរ​ឆ្លង​ថ្នល់​ ក្នុង​ដៃ​មាន​​កាន់​សៀវភៅ​វិទ្យាសាស្ត្រ​ និង​កាតាប​កុំ​ព្យូទ័រ,​ អ្នក​និពន្ធ​ក៏​ស្រមើ​ស្រមៃ​ទៀត​ថា គេ​ប្រហែល​ជា​​ធ្វើ​ការ​​នៅ​ស្ថាប័ន​​សម្ងាត់​​របស់​រដ្ឋាភិបាល ​​អំពី​គម្រោង​ការ​ផ្សំ​ពូជ​ចម្លង​​​របស់​សត្វ​ស្វា(ហិហិ… គិត​ដល់​ប៉ុណ្ណឹង​ផង!^^)។

ឃើញ​ទេ អ្នក​និពន្ធ​​​ចូល​ចិត្ត​​​ស្រមើ​ស្រមៃ​​ស្ទើរ​តែ​គ្រប់​រឿង​ ទាំង​រឿង​ដែល​មិ​ន​គួរ​ស្រមើ​ស្រមៃ​​និង​គ្មាន​នរណា​ចេះ​គិត​ស្រមើ​ស្រមៃ​ដូច​។ សូម្បី​តែ​ស្លឹក​ឈើ​មួយ​​ទង​ជ្រុះ ​​ក៏​​អ្នក​និពន្ធ​​អាច​យក​ទៅ​គិត​ជា​ដំណើរ​រឿង​បាន​ដែរ​​។ គុណ​សម្បត្តិ​នេះ​​ហើយ​ ដែល​ធ្វើ​ឲ្យ​អ្នក​និពន្ធ​មិ​ន​​ដែល​ទ័ល​បញ្ញា​ ឬ​អស់​រឿង​សរសេរ​​នោះ​ទេ​។ ​អ្នក​និពន្ធ​អាច​ប្រឌិត​​រឿង ​សរសេរ​​បាន​ច្រើន​យ៉ាង ​​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ ជួន​កាល​សរសេរ​​២,៣​រឿង ​ព្រម​​គ្នា​​ក៏​មាន​។

៥. ​​លោក​ផ្ទាល់​ខ្លួន​ខ្ពស់

អ្នក​និពន្ធ​ អាច​ឃុំឃាំងខ្លួន​ឯង​នៅ​ក្នុង​បន្ទប់​​ ដោយ​មិន​ចេញ​ទៅ​​ណា​បាន​ពេញ​មួយ​ថ្ងៃ​ៗ ​​ហើយ​អាច​សរសេរ​​រឿង​​បាន​រាប់​សិប​ទំព័រ​​ក្នុង​ពេល​មិន​ប៉ុន្មាន​ម៉ោង​… បើ​មាន​អារម្មណ៍។ តែ​បើ​គ្មា​ន​អារម្មណ៍​ មួយ​ខែ​ក៏​កុំ​សង្ឃឹម​ឲ្យ​សោះ​ថា ​បាន​ឃើញ​សូម្បី​តែ​មួយ​បន្ទាត់​(លើក​លែងករណី​មួយ​ គឺ​ទ័ល​ច្រក​ ក្រពះ​ស្ងួត​ មាន​ជំងឺ​បៀត​បៀន… ដែល​ជាហេតុ​បណ្តាល​ឲ្យ​ខំ​សរសេរ​​ឲ្យ​ឆាប់​​ចប់ ​ដើម្បី​ទទួល​បាន​ប្រាក់​កម្រៃ​​ទោះ​បី​ជា​គ្មាន​អារម្មណ៍​ក៏​ដោយ​)។

ចំពោះ​ខ្ញុំ​មាន​ពាក្យ​ស្លោក​​ប្រចាំ​ខ្លួនមួយ​​ ដែល​គ្រប់​ពេល​ខ្ញុំ​​នឹក​ដល់​ពាក្យ​ស្លោក​នោះ ខ្ញុំ​តែង​តែ​មានអារម្មណ៍​សរសេរ​ ឬ​ជំនះអារម្មណ៍​មិន​ចង់​សរសេរ(ខ្ជិល)របស់​ខ្លួន​បានជានិច្ច​។ ពាក្យ​ស្លោក​នោះ​​គឺ «Never a day without aline.»។

តាម​រយៈ​ចំណុច​ទី​៤​នេះ(លោក​ផ្ទាល់​ខ្លួន​ខ្ពស់)​ អ្នក​និពន្ធ​អាច​ស្រមើ​ស្រមៃ​​រឿង​ទាំងមូល​ចេញ​មក​​បាន គឺ​ទាល់​តែ​​មាន​ពេលវេលា​ទំនេរ​សម្រាប់​ខ្លួន​ឯង​ច្រើន​​គួរ​សម​​។ ​អ្នក​និពន្ធ​ត្រូវ​ផ្តាច់​ខ្លួន​ចេញ​ពី​សង្គមខាង​ក្រៅ​​ ព្រោះ​មិ​នត្រូវ​ការ​ឲ្យ​នរណា​មក​រំខាន​សមាធិ។​ ដូច្នេះ​លោក​ផ្ទាល់​ខ្លួន​នៅទីនេះគឺ ការ​មាន​សមាធិ​នោះឯង។

បើ​ប្រតិកម្ម​នេះ ​កើត​មាន​ចំពោះ​អ្នក​កំពុងនៅ​សិក្សា​ដែល​ជាអ្នក​និពន្ធ​ គឺពិត​​ជា​ធ្វើ​ឲ្យ​កើត​មាន​សេចក្តី​កង្វល់​​ដល់​​អាណាព្យាបាល​​មិន​ខាន ព្រោះ​ខ្លាច​កូន​ក្លាយ​ជា​ក្មេង មាន​បញ្ហា​ផ្លូវ​ចិត្ត​​មិ​នប្រក្រតី​(ទៅ​​​​ជា​ឆ្កួត​ 😛 )។ ដូច្នេះ​ ចំពោះ​បងប្អូន​ដែល​នៅ​រៀន​ ប្រសិន​បើ​ខ្លួន​ឯង​មាន​ប្រតិកម្ម​បែប​នេះ​ ​ហើយ​ត្រូវ​ឪពុក​ម្តាយ​ហាម​ប្រាម​​មិន​ឲ្យ​សរសេរ​រឿង​ ក៏​មិន​បាច់តូច​ចិត្ត​តូច​ថ្លើម​អី​ដែរ។ នេះ​មក​ពីពួក​គាត់​ព្រួយ​​បារម្ភ​ពី​យើង​​​​​ ​ព្រោះ​យើង​​មិន​ដឹង​ខ្លួន​ឯង​ទេថា កំពុង​​ធ្វើ​ខ្លួន​គួរ​ឲ្យ​បារម្ភ​​កម្រិត​ណា​ ដ្បិត​​អី​យើង​​កំពុងស្ថិត​នៅ​ក្នុង​ពិភព​រវើរវាយ​​របស់​ខ្លួន​ឯង​។

៦. អ្នក​ត្រាប់​តាម(យក​គំរូ)

ការ​ត្រាប់​តាម​នៅទីនេះ​ គឺ​ត្រាប់​តាម​​ពិត​ជាក់​ស្តែង​​ មិន​​​​មែន​សម្តែង​យក​តាម​​ប្រលោម​លោក​ទេ តែ​វា​ម្យ៉ាង​ម្នាក់​នឹង​ពាក្យ​ថា «​ចម្លងតាម​» ​សូម​កុំយល់​​ច្រឡំ​ឲ្យ​សោះ។

ជា​ការ​ពិត​ អ្នក​និពន្ធ​គ្រប់​រូប​សុទ្ធ​តែ​ផ្តើម​ចេញ​ពី​ការ​ «​ត្រាប់​តាម​» ដើម្បី​ «​រៀន​ជា​គំរូ»។ បើ​ឲ្យ​គ្រប់​គ្នា​ដែល​មាន​ស្នាដៃ​​រួច​ហើយ ត្រលប់​ទៅ​យក​ស្នាដៃ​និពន្ធដំបូង​មក​អាន​មើលជាថ្មី ធានា​ថា​ពិត​ជា​មាន​ ពាក្យ​ពេចន៍ ​ ​ដំណើរ​រឿង​ និង​ សំនួនវោហារដែល​ជា​អត្ត​សញ្ញាណ​របស់​ខ្លួន​​ (ពាក្យ​ពេចន៍​ដែល​ប្រៀប​ដូច​នឹង​ហត្ថលេខា​របស់​អ្នក​និពន្ធ​ម្នាក់ៗ) មាន​លក្ខណៈ​ដូច​​ទៅនឹង​អ្នក​និពន្ធ​ណា​ម្នាក់​ ឬ​ពីរ​បី​នាក់​(ដែល​ខ្លួន​ចូលចិត្ត​អាន​)នៅ​លាយ​ឡំ​​គ្នា​​មិន​ខាន​។ ឯ​លក្ខណៈ​ដូច ឬ​ស្រដៀង​នោះ ​គឺ​​មាន​ស្ទើរ​តែ​ ៩០%​ ឯនោះ។

ហេតុ​ផល​នេះ​ក៏​ព្រោះ… គ្មាន​នរណា​ចេះ​សរសេរ​តាំង​ពី​កើត​ នោះទេ!

តែ​ចំណុច​នេះ​ ខ្ញុំ​មិន​បាន​គាំ​ទ្រ​ឲ្យ​បង​ប្អូន​ យក​គំរូ​​ ឬ​ត្រាប់​តាម​គេ​រហូត​នោះទេ។ តែ​មុន​នឹង​​ប្រកប​​របរ​អ្វី​មួយ​នោះ យើង​ពិត​ជា​ពូកែ​មិន​បាន​ទេ​ ប្រសិន​បើ​​យើង​គ្មា​នគ្រូ។

និស្សិត​ពេទ្យ​ ព្យាបាល​អ្នក​​ជំងឺ​តាម​​វិធី​​ដែល​គ្រូ​ប្រាប់​។ ចុងភៅ​ ចាំ​ក្បួន​ធ្វើ​ម្ហូប​ វិធី​ចម្អិ​ន​ គ្រឿង​ផ្សំ​​ពីគ្រូ​ដែល​ខ្លួន​រៀន​​។ ចុះ​អាជីព​ជា​អ្នក​និពន្ធ​វិញ​? តើ​ឲ្យ​មក​ខ្លួន​ទទេៗ​ គិត​ខ្លួន​ឯង​សរសេរ​ខ្លួន​ឯង តើ​វា​អាច​ទៅរួច​ទេ? គឺ​ចាំ​បាច់​ត្រូវ​តែ​មាន​គ្រូ​បង្រៀន​ខ្លះ អី​ខ្លះ​អ៊ីចឹង​ហើយ! គ្រាន់​តែ​ជួន​កាល​​អាច​ដោយ​ប្រយោល​​ ឬ​ដោយ​ផ្ទាល់។

ដូច្នេះ​វិធី​ការ​រៀន​របស់​អ្នក​និពន្ធ ​គឺ​ការ​ត្រាប់​តាម​ ឬ​យក​គំរូ​តាម​គ្រូ​នោះ​ឯង។ សាក… ខ្ញុំ​ចង់​ណែ​នាំ​​ឲ្យ​បង​ប្អូន​  សាក​​ចាប់​យក​សៀវភៅ​​​ដែល​បង​ប្អូន​ចូល​ចិត្ត​ ​មួយ​ក្បាល​ពីរ​​ក្បាល​មក​អាន​  មើល​វិធី​ពណ៌នា មើល​ការ​រៀប​រៀង​ពាក្យ​ពេចន៍​ មើល​ការ​ចុះ​បន្ទាត់ មើល​ការ​លេង​ពាក្យ​ មើល​ឲ្យ​ល្អិត​​ល្អន់​ថា កថាខណ្ឌ​នីមួយ​ៗ​មាន​ធាតុ​ផ្សំ​អ្វី​ខ្លះ ដូចជា៖ ​គ្រប់​​រឿង​​ត្រូវចាប់​ផ្តើម​ដោយ​កាល​អាកាស​សិន​ បន្ទាប់​មក​​រៀប​រាប់​ពី​ទេស​ភាព​ ពណ៌​នា​ក្លិន សំឡេង​ ​រួច​សឹម​និយាយ​ពី​តួអង្គ​ ឬ​ចាប់​ផ្តើម​ពណ៌នា​ពី​តួ​អង្គ​តែ​ម្តង​ ហើយ​សឹម​និយាយ​ពី​អ្វី​ដែល​តួអង្គ​បាន​ឃើញ​ជា​ក្រោយ។​ គ្រប់​សេចក្តី​លម្អិត​ត្រូវ​អាន ​និង​ចង​ចាំ​ឲ្យ​បាន​គ្រប់​ពាក្យ​ពេចន៍​ ហើយសាក​ល្បង​សរសេរ​​មួយ​​កថាខណ្ឌ​សាក​មើល៍​។ ​​យក​គំរូ​តាម​ម្នាក់​ៗ​ ដោយ​ប្រើ​ដំណើរ​​រឿង​ងាយ​ៗ​ដែល​​ខ្លួន​ឯង​​បង្កើត​ថ្មី។ ​ពេល​នោះ​​បង​ប្អូន​នឹង​ឃើញ​ថា ខ្លួន​ឯង​អាច​មាន​​សំនួន​ក្នុង​ការ​សរសេរ​ខុស​គ្នាពីរ​បែប​ និង​ដូច​ច្បាប់​ដើម​ទៀត​ផង។

នេះ​ជា​ដំណាក់កាល​រៀនដំបូង​។ ដំណាក់​កាល​ទី​២ សូម​បង​ប្អូន​សម្លឹង​មើល​ខ្លួ​នឯង​ថា ចូល​ចិត្ត​ការ​សរសេរ​បែប​ណា? សរសេរ​តាម​គំរូ​បែប​​​នរណា ដែល​​ធ្វើ​ឲ្យ​បង​ប្អូន​សរសេរ​បាន​​ល្អ​ លឿន រហ័ស​ និង​ងាយ​។ បន្ទាប់​ពី​នោះ  សាក​ល្បង​រក​វិធីសរសេរ​​របស់​អ្នក​និពន្ធ ​ដែល​យើង​ចូលចិត្ត​​មក​​ផ្សែ​ផ្សំ​បញ្ចូល​គ្នា​។

ក្រោយ​ពី​បង​ប្អូ​នសាក​ល្បង​តែង​បាន​មួយ​រយៈ​មក​​ សរសេរ​បាន​ប្រលោម​លោក​ពីរ​បី​រឿង បង​ប្អូន​នឹង​បាន​ជួប​ភាសា សំនួន​ពាក្យ​ពេចន៍ ​ដែល​ជា​អត្តសញ្ញាណ​របស់​ខ្លួន​ឯង​មិន​ខាន​។ តែ​ការ​ហ្វឹក​ហាត់​​រៀន​សរសេរ​​​ដំបូង​ គឺ​ការ​រៀន​ត្រាប់​តាម​គ្រូ ​និង​យក​គំរូ​តាម​​រៀម​ច្បង​​។

លុះ​បង​ប្អូន​ធ្វើ​បែប​នេះ​រហូត​ក្លាយ​ជា​និស្ស័យ​​ហើយ មិន​ថាអាន​ស្នាដៃ​របស់​នរណា​ បង​ប្អូន​នឹង​ចាប់​បាន​ភ្លាមៗ​ថា ការ​សរសេរ​របស់​អ្នក​និពន្ធ​ម្នាក់​នេះ​យ៉ាង​ម៉េ​ច​ដែរ​ សំនួន​វោហារ​ល្អ គួរ​ឲ្យទាក់​ទាញ​ មាន​ពាក្យ​ពេច​ន៍​ប្រដំ​ប្រសង​គ្នា​ ឬ​សង្កត់​ធ្ងន់​បែប​ពាក្យ​សាមញ្ញ​ធម្មតា​ងាយ​យល់​ ហើយ​​បង​ប្អូន​ក៏​ដឹង​ថា អឺ… សរសេរ​បែប​នេះ​ក៏​បាន​ឬអី? ខំ​តែ​ងប់​ក្បាល​សរសេរ​បែប​នោះ​ឡើង​យូរ អឺ… ត្រង់​នេះ​សរសេរ​ពណ៌នា​បែប​នេះ​ល្អ​ជាង​ ប្រើពាក្យ​ដដែល​ដែល​ធ្លាប់​ប្រើ។

យ៉ាងណា​ក៏​ដោយ​ ខ្ញុំ​សូម​សង្កត់​ធ្ងន់​ម្តង​ទៀត​​ថា ក្រោយ​ពី​​រៀន​យក​គំរូ​តាម​គេ​ហើយ ត្រូវ​​ស្វែង​រក​អត្តសញ្ញាណ​របស់​ខ្លួន​ឯង​ឲ្យ​បាន​។​ វា​ខុស​ពី​ការ​លួច​ចម្លង​ ព្រោះ​ការ​លួច​ចម្លង​​គឺ​ជា​ការ​បង្កើត​ស្នាដៃ​ថ្មី​​មួយ​ ដោយ​មាន​ស្នាដៃ​អ្នក​ដទៃ​ជា​ច្បាប់​ដើម​។ បើ​ធ្វើ​ដូច្នោះ​ បង​ប្អូន​នឹងគ្មាន​ថ្ងៃ​ឈាន​​ជើង​ទៅ​មុខ​រួច​​ទេ​ គឺ​នឹង​​នៅ​ជាប់​គាំង​​តែ​មួយ​កន្លែង​ ហើយ​នឹងរកឃើញ​​​នៅ​ពេល​ចុង​ក្រោយ​ថា បង​ប្អូន​គ្មាន​សេចក្តី​សុខ​នឹង​ការ​សរសេរ​ ព្រោះ​វា​មិន​មែន​ជា​របស់​បង​ប្អូន​ តែ​ជា​របស់​អ្នក​ផ្សេង​ដែល​បង​ប្អូន​ទៅលួចចម្លង​គេ​មក។

ទាំង​អស់​​នេះ​ គ្រាន់​តែ​ជា​និស្ស័យ​សំខាន់​ៗ​ ​របស់​អ្នក​និពន្ធ​ប៉ុណ្ណោះ។ ការ​ពិត​នៅ​មាន​ច្រើន​ទៀត​​​ណាស់។​ ឃើញ​ស្ងាត់​ៗ​ស្ងៀម​ៗ​មិន​មាត់​មិន​ក​ មួយ​ថ្ងៃ​ៗ​អង្គុយតែ​​សរសេរ​ប្រលោម​លោក​ តែ​នរណា​​ទៅ​​ដឹង​ថា​​ អ្នក​និពន្ធ​គឺ​ជា​សិល្ប​ករ​​លាក់​មុខ!

និស្ស័យ​នីមួយ​ៗ​ ដែល​បង្ហាញ​​ជូន​ខាង​លើ​នេះ គឺ​ដើម្បី​ឲ្យ​បង​ប្អូន​យក​គំរូ​ ឬ​បែប​យ៉ាង​តាម​។ ប្រសិន​​បើ​ពិត​ជា​ចង់ក្លាយ​ជា​អ្នក​និពន្ធ​មែន សូម​​ព្យាយាម​ហ្វឹក​ហាត់ចំណុច​ទាំង​នេះ ​​ឲ្យ​ក្លាយ​ជា​ទម្លាប់​ រហូត​ក្លាយ​ជា​និស្ស័យ​ នោះ​នឹង​ឃើញ​ថា​ ស្នាដៃរបស់​បង​ប្អូន​កំពុង​អភិវឌ្ឍ​ពី​មួយ​​ថ្ងៃ​ទៅមួយ​ថ្ងៃ​យ៉ាង​ប្រាកដ​។

ក្រៅ​ពីនេះ ខ្ញុំ​ចង់​​ផ្ញើ​​បណ្តាំ​ចុង​ក្រោយ​មួយ​ ដែលវិសេស​​លើស​ពី​​និស្ស័យ ​ឬ​ទម្លាប់​ទៅទៀត​ ព្រោះ​​វា​ជា​​… មនសិការ​​របស់​អ្នក​និពន្ធ​ម្នាក់ៗ នោះ​គឺ…

***ទំនួល​ខុស​ត្រូវ​ចំពោះ​សង្គម

មិន​ថា​ប្រកប​របរ​អ្វី ​ត្រូ​វ​តែ​មាន​​​មនសិការ​ប្រកប​ដោយ​សីល​ធម៌ ​​តាំង​ពី​គ្រូពេទ្យ​រហូត​ដល់​អ្នក​លក់​ផ្កា។ ចុះ​ក្នុងឋានៈ​ជា​អ្នក​និពន្ធ​ បង​ប្អូន​គិត​ថា ​មិន​​គួរ​​មាន​​មនសិការ​យ៉ាងម៉េចកើត?

មនសិការ​នៅ​ទីនេះ គឺ​ការ​សរសេរ​ស្នាដៃ​ដែល​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​សង្គម​ គឺ​ការ​សរសេរ​ដែល​ធ្វើ​ឲ្យ​អ្នក​អាន​​អភិវឌ្ឍ​ទាំង​ផ្នែក​ចិត្ត​គំនិត​ និង​សតិ​បញ្ញា​ ទោះ​បី​ជា​ប្រលោម​លោក​ដែល​យើង​សរសេរ​​​គឺ​​ជា​កា​រ​​​កម្សាន្ត​​កែ​អផ្សុក​ក៏​ដោយ។ បង​ប្អូន​ខ្លះ​ប្រហែល​ជា​គិត​ថា ​វាមិន​សំខាន់​អី​ទេ​ ​ដែល​ត្រូវ​មាន​ចំណុច​ទាំង​នេះ​នៅ​ក្នុង​ស្នាដៃ​របស់​ខ្លួន។ តែ​ពួកគេ​ភ្លេច​ថា នេះ​ហើយ​ គឺ​ជា​ចំណុច​ខុស​គ្នា​រវាង​ស្នាដៃទូទៅ​ និង​ស្នាដៃ​ដែល​ល្អ​​។

ដឹង​ឬ​ទេ​ថា ចំណុច​នេះ​​អ្នក​និពន្ធ​រៀមច្បង​ជំនាន់​មុនសុទ្ធ​តែ​បាន​ធ្វើ​រួច​មក​ហើយ តែ​… បង​ប្អូន​មិ​នដឹង​ ព្រោះ​ពួក​គាត់​​មិន​បាន​ប្រាប់​ដោយ​ចំហ។​ តែ​ក្រោយ​ពី​អាន​បញ្ចប់​រឿង​ណាមួយ​ហើយ​ បង​ប្អូន​នឹង​បាន​ជ្រួត​ជ្រាប​ដល់​អារម្មណ៍​ស្រលាញ់​ឪពុក​ម្តា​យ​​ ភាព​កតញ្ញូ ធ្វើ​ល្អ​បាន​ល្អ​ មនុស្ស​អាក្រក់​តែង​តែ​ជួប​សេចក្តី​វិនាស​ មនុស្ស​​មាន​សន្តាន​ចិត្ត​ល្អ​ តែងតែ​បាន​​ទទួល​ផល​តប​ស្នង​ដែល​ល្អ​ជា​ដើម​។ នោះ​គឺ​ជា​​មនសិការ​ប្រកប​ដោយ​សីល​ធម៌ ​ដែល​អ្នក​និពន្ធ​ទាំង​នោះ​ព្យាយាម​បញ្ចូល​​ទៅ​ក្នុង​ស្នាដៃរបស់​ខ្លួន។

៦​ចំណុច​ខាង​លើ​នេះ គឺ​ជា​និស្ស័យ​រួម​​របស់​អ្នកនិពន្ធទូទៅ តែ​ចំណុចចុង​ក្រោយ​នេះ​ហើយ​ ដែល​ជា​ខ្សែ​បន្ទាត់​ឆ្មារ​ៗ​ខណ្ឌ​ចែក​គ្នា​រវាង​អ្នក​និពន្ធ​ទូទៅ… និង​អ្នក​និពន្ធ​ដែលល្អ​។

ខ្ញុំ​សូម​ផ្ញើ​មេរៀន​នេះ​ ដល់​បង​ប្អូន​អ្នក​ហាត់​សរសេរ​ថ្មីៗ​ទាំង​ឡាយ ​​ដែល​កំពុង​ឈាន​ជើង​ឆ្ពោះ​ទៅ​រក​អនាគត​ជាអ្នក​និពន្ធ​​ល្អ​គ្រប់​ៗ​គ្នា។ តែ​កុំ​ភ្លេច​… ក្រៅ​ពី​​ ឧស្សាហ៍​ព្យាយាមខំ​ហ្វឹក​ហាត់​សមត្ថភាព​របស់​ខ្លួន​ហើយ​​ ​ ត្រូវ​មាន​​មនសិការ​ចំពោះ​សង្គម​ជាតិ​​ផង។ ស៊ូៗ!! ផ្កាយNoVeLs* ​នៅ​​ជា​កម្លាំង​ចិត្ត​ជានិច្ច​!!! 😉

Read Full Post »


ពី​មុន​ខ្ញុំ​​គ្រាន់​តែ​ជា​​អ្នក​ចង់​​​​ចេះ​និពន្ធ​​រឿង​ម្នាក់​ប៉ុណ្ណោះ​​​​​ ​ក្រោយ​​​មក​ក៏​ព្យាយាម​​ហ្វឹក​​ហាត់​​សរសេរ​​​ រហូត​ក្លាយ​ជា​អ្នក​និពន្ធ​ពិត​ប្រាកដ​​។ អា​​ស្រ័យ​ហេតុ​នេះ​ ទើប​ថ្ងៃ​នេះ​​ខ្ញុំ​មាន​បំណង​ចង់​​ចែក​រម្លែក​បទ​ពិសោធ​ន៍​ ដល់​បង​ប្អូន​​ដែល​ចង់​រៀន​សរសេរ​​ ដើម្បី​​អ​ភិវឌ្ឍ​ខ្លួន​ក្លាយ​ឲ្យ​ជា​អ្នក​និពន្ធ​​ពិត​ប្រាកដ​​​ម្នាក់​នៅ​ថ្ងៃ​អនាគត​។

ជឿ​ថា​អ្នក​ដែល​ចូល​មក​ក្នុង​ប្លក់​​ «​អ្នក​និពន្ធ​វ័យ​ក្មេង​» ក្រៅ​ពី​អ្នក​ដែល​ចូលចិត្ត​អាន​ប្រលោម​លោក​ហើយ នៅ​មាន​អ្នក​ដែល​ប្រាថ្នា​​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​ទៀត​ ពិសេស​អ្នកដែល​ចូល​មក​​ហើយ​​ ចុច​យកចំណាត់​ក្រុម​ «​រៀន​និពន្ធ​រឿង​» តែ​ម្តង​។ ដូច្នេះ​ថ្ងៃ​នេះ​ជា​សំណាង​របស់​បង​ប្អូន​ហើយ ព្រោះ​​បន្ទាប់​ពី​មេរៀន​ត​ទៅនេះ​ ​បង​ប្អូន​នឹង​អាច​ប្រែ​ខ្លួន​ពី​អ្នក​​រៀន​សរសេរ ​​មក​​ជា​អ្នក​និពន្ធ​អាជីព​បាន​មិន​បាន ប្រសិន​បើ​បាន​ប្រតិបត្តិ​តាម​វិធី​ដែល​ណែនាំ​ និងម្ចាស់​ខ្លួន​មាន​ឆន្ទៈ ខ្ពស់​។​ ជឿ​ ឬ​​មិន​ជឿ​ សូម​មក​សាក​ល្បង​មើល​ចុះ ហើយក្រោយ​ពី​អានចប់​​​ កុំ​ភ្លេច​​យក​ទៅអនុវត្ត​ផង​!! 😉

ចាប់​ផ្តើម​ដោយ​មេរៀន​ដំបូង ​​មិន​មែន​ជាការ​ហាត់​សរសេរ​ទេ តែ​សូម​ណែ​នាំ​ឲ្យ​ផ្លោះ​ថ្នាក់​រៀន​​សិន ​គឺ​​យើង​គួរ​​ហាត់​ពត់​ចិត្ត​គំនិត​ខ្លួន​ឯង​ពី​ខាង​ក្នុង​ជាមុន​ ដោយ​​ត្រូវ​ផ្លាស់​ប្តូរ​ខ្លួន​ឯង​ឲ្យ​មាន​            «​និស្ស័យ» និង​ «គិត» ឲ្យ​ដូច​អ្នក​និពន្ធ​​។ ចុះ តើ​​អ្នក​និពន្ធ​មាន​និស្ស័យ​ដូចម្តេច​ខ្លះ​ទៅ? នាំ​គ្នា​មក​មើល​ទាំង​​អស់​គ្នា​តែ​ម្តង​!

១. ចូលចិត្ត​អាន

អាន​នេះ​ គឺ​អាន​ពិត​មែន​ អាន​គ្រប់​បែប​យ៉ាង​​ដែល​ប្រទះ​នឹង​មុខ​។ ជាង​៩៩​%​​នៃ​អ្នក​​និពន្ធ​​ដែល​ខ្ញុំ​ស្គាល់ សុទ្ធ​តែ​​មាន​អ្នក​និពន្ធ​​ប្រចាំ​ដួង​ចិត្ត​គេ​​ជានិច្ច​។ នោះ​ក៏​ព្រោះ​ពួកគេ​​សុទ្ធ​តែ​ជា​អ្នក​ចូលចិត្ត​អាន​សៀវភៅ​នោះ​អី​​។ ចំណែក​នៅ​សល់​១%​ទៀត​​ ប្រហែ​ល​កំពុង​រារែក​ថា តើ​គួរ​ចូលចិត្ត​នរណា​ល្អ​? ហើយ​អ្នក​និពន្ធ​​ម្នាក់​ៗ​​នោះ អាច​ប្រាប់​​បន្ត​គ្នា​បាន​ទៀត​​ថា ​ខ្លួន​ឯង​ចូ​លចិត្ត​អ្នក​និពន្ធ​ណា​​​​ទៀត​ ចូលចិត្ត​អាន​អ្វី ​និងមាន​ហេតុ​ផល​យ៉ាងច្បាស់ទៀ​ត​ថា ព្រោះ​ហេតុ​អ្វី? គឺ​ប្រាប់​បាន​ជា​រឿង​ជា​រ៉ាវ​​ រហូត​​និយាយ​​បី​យប់​បី​ថ្ងៃ​ក៏​មិន​ចប់​ដែរ!

ចុះ​អាន​សៀវភៅ​ប្រភេទ​ណា​ល្អ​​? គឺ​សុំ​​ឆ្លើយ​បែប​ដើម​ថា «អាន​គ្រប់​បែប​យ៉ាងដែល​ប្រទះ​​នឹង​មុខ​»។ កាល​នៅ​ពី​តូច​ សូម្បី​តែ​ក្រដាស​ខ្ចប់​នំ​ប៉័ង​ ឬ​ឃើញ​កូន​ក្រដាស​អ្វី​ដែល​ជ្រុះ​តាម​ថ្នល់ ក៏​ខ្ញុំ​យក​មក​អាន​ដែរ។ ក្រោយ​ពី​អាន​ហើយ​ បើ​ជក់​ចិត្ត​ ខ្ញុំ​តែង​តែ​ស្វះ​ស្វែង​រក​រឿង​ទាំង​មូល​មក​អាន​ទាល់​តែ       ​ចប់​។ សូម​បញ្ជាក់​ថា មិន​មែន​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​​ប្រលោម​លោក​​ អាន​តែ​ប្រលោម​លោក​​មួយ​​មុខ​នោះ​ទេ បើ​អ៊ីចឹង​នឹង​ធ្វើ​ឲ្យ​​គំនិត​យើង​នៅ​តែ​មួយ​កន្លែង។​ ការ​អាន​សៀវភៅ​ច្រើន​ប្រភេ​ទ​ធ្វើ​ឲ្យ​កើត​គំនិត​ច្រើន​ បាន​ជ្រួត​ជ្រាប​គ្រប់​វិធី​សាស្ត្រសរសេរ​ និង​ការ​​​ពណ៌នា​។ ដូច្នេះ​បង​ប្អូន​ត្រូវចូលចិត្ត​អាន​ជាមុន​សិន​។

ចំពោះ​ខ្ញុំ​​ចូល​ចិត្ត​អាន ​ប្រលោម​លោក(អាន​យក​វិធី​សរសេរ) សៀវភៅ​ធម៌​(អាន​យក​គំនិត​) សៀវភៅ​ប្រែ​ (​បានទាំង​​គំនិត​ និង​វិធី​ពណ៌នា) សៀវភៅ​ទេសចរណ៍(កាល​អាកាស, ទេសភាព) ប្រវត្តិសាស្ត្រ​ ទស្សនវិទ្យា ទស្សនាវដ្តី​ផ្សេង​ៗ​… សូម្បីសៀវភៅ​តុក្កតា​​ជប៉ុន​ក៏​អាន​ ដូចជា​ណារ៉ូតុ​ជា​ដើម គឺ​អាន​ទាំង​អស់ ហើយ​បើ​ចេញ​ទៅ​​ណា​មក​ណា​ តែងតែ​ដាក់​សៀវភៅ​​​ជាប់​ខ្លួន​ជានិច្ច​។

២​. ចូលចិត្ត​គិត​

គិត​​​នៅ​ទី​នេះ​​គឺ​សំដៅ​លើ​ «​​ចេះ​​​សង្ស័យ​ ចេះងឿង​ឆ្ងល់​»។ អ្នក​អានទូទៅ​ដែល​គ្មាន​ឈាម​ជា​​អ្នក​និពន្ធ​នៅ​ក្នុង​ខ្លួន​ អា​ន​អ្វី​ក៏​ដោយ​ អាន​ចប់​គឺ​ចប់​ រំ​ភើប​ សោក​សៅ​ យំ​សើច​ ហើយ​ក៏​ទុក​សៀវភៅ​ចោល​។ តែ​សម្រាប់​អ្នក​អាន​ដែល​មាន​​និស្ស័យ​​ជាអ្នក​និពន្ធ​នៅ​ក្នុង​ខ្លួន​ ក្រោយ​ពេល​អាន​ចប់​ហើយ នឹង​«គិត​បន្ត​» ដូចជា​៖ ហេតុ​អ្វី​រឿងចប់​បែប​នេះ? បើ​ចប់​របៀប​ផ្សេង​ តើ​យ៉ាង​ម៉េច​ដែរ​? គឺ​ចូលចិត្ត​ប្រើ​ខួរ​ក្បាល​គិត​បន្តជានិច្ច​​ ដូច​ជា ​បើ​ពី​ដំបូងតួឯក​ស្រី​មិន​ជ្រើស​រើស​ដើរ​ផ្លូវ​នេះ​ តើ​រឿង​នឹងទៅ​ជា​យ៉ាង​ណា? ហើយ​ក៏​​​ស្រមើ​ស្រមៃ​តែង​រឿង​នៅ​ក្នុង​ខួរ​ក្បាល​ខ្លួន​ឯង​បន្ត​ ជា​រឿង​ថ្មី​មួយ​ទៀត​តែ​ម្តង​!

សូម្បី​តែ​អាន​សៀវភៅ​ឯកសារ​ ឬ​ មើល​ Discovery ឧទាហរណ៍​មើល​រឿង​អំពី ការ​រើស​សំរាម​ ក៏​អាចគិត​បន្ត​ទៅ​ទៀត​បាន​ថា អឺ… បើ​តួ​ឯកស្រី​​របស់​យើង​​ប្រកប​របរ​ជាអ្នក​រើស​សំរាម​វិញ​ តើ​រឿងនឹង​ទៅជាយ៉ាងណា?

៣. ចូលចិត្តចង់​​ដឹង

ដឹង​សម្រាប់​អ្នក​និពន្ធ​ គឺ​ដឹង​ច្រើន​ជាង​មនុស្ស​ធម្មតា​ដឹង​ អាច​មិន​​ដឹង​ជ្រៅ​ជ្រះ​​ស្មើ​អ្នក​ជំនាញ​ផ្នែក​នោះ តែ​អ្នក​និពន្ធ​ក៏​ល្មម​ដឹង​សើ​ៗ​​ស្ទើរ​តែ​គ្រប់​រឿង​ដែរ។ ហេតុ​អ្វី? ព្រោះ​អ្នក​និពន្ធ​ត្រូវ​ការ​ទិន្នន័យ​​និងព័ត៌​មាន ដើម្បី​អាច​សរសេរ​រឿង​ណា​មួយ​បាន​។ តួ​ឯក​ស្រី​១០​រឿង ត្រូវ​តែ​មាន​មុខ​របរ​១០​ប្រភេទ​ខុស​គ្នា​​។ តើ​មក​​ឲ្យ​មាន​មុខ​របរ​ដដែល​ៗ​​ ឲ្យ​អ្នក​អាន​ទាយ​​ដំណើរ​រឿងត្រូវ​យ៉ាង​ម៉េច​? ច្បាស់ជា​លក់​​ស្នា​ដៃ​មិន​ចេញ​ទេ!(​ក្រពះ​កាន់តែ​​ស្ងួត​លើស​ដើម)

លុះ​ពេល​មក​សរសេរ​ថា តួឯក​ស្រី​ជា គិលានុបដ្ឋាយិកា​ តែ​ពេញ​មួយ​សាច់​រឿងបែរ​ជា​មិន​ឲ្យ​ទៅ​ជាន់​មន្ទីរ​ពេទ្យ​​ ឬ​មិន​និយាយ​​ពី​ប្រាក់​កម្រៃ​របស់​តួឯក​បន្តិច​សោះ។ មិន​និយាយ​ពី​ការ​ចូលវេន​យាម      ​​គ្មាន​ការត្រួត​ពិនិត្យ​អ្នក​ជំងឺ តើ​មិនទទួល​អារម្មណ៍​ប្លែក​ៗ​ទេ​ឬ?  នោះ​ជា​ការ​និពន្ធ​​ដែល​គ្មាន​លក្ខណៈ​គ្រប់​គ្រាន់​ ហើយ​អ្នក​អាន​ក៏​អាច​មើល​ដឹងថា ​អ្នក​និពន្ធ​គ្មាន​ចំណេះ​ដឹង​ផ្នែក​នេះ ឬ​មិន​បាន​ធ្វើការ​ស្រាវជ្រាវ​ផ្នែក​នេះ។

ដូច្នេះអ្នក​និពន្ធ​​​គ្រប់​រូប​ ត្រូវ​តែ​ជា​អ្នកពូកែ​​រក​ទិន្នន័យ​ ចូលចិត្ត​ចង់​ដឹង​ចង់​ឮ​ ដោយ​មិន​ចាំបាច់​ទៅ​ដឹង​ជ្រៅ​ជ្រះ​​ដូច​អ្នក​ជំនាញ​​ពេក​ក៏​បាន ដូចជា ​បើ​តួ​ឯក​ស្រី​ជា​​គិលានុបដ្ឋាយិកា ​ក៏​មិន​ចាំបាច់​​ឲ្យ​​នាង​ដឹង​​ដល់ថ្នាក់​ថា អ្នក​ជំងឺ​នេះ​​កើត​រោគ​អី ហើយ​ត្រូវ​ប្រើ​ថ្នាំ​អ្វី​ព្យាបាល តែ​អ្នក​និពន្ធ​ត្រូវ​ដឹងចំណុច​​សំខាន់​​ខ្លះ​ៗ​​ ពី​ការងារ​​​​របស់​នាង​​ថា គិលានុបដ្ឋាយិកា​មាន​តួនាទី​អ្វីខ្លះ? ពេល​មានអ្នក​ជំងឺ​ចាក់​ថ្នាំ​ឲ្យ​តែ​ម្តងទេ? ឬ​ត្រូវ​រង់​ចាំ​​ឲ្យ​គ្រូ​ពេទ្យ​ចេញ​វេជ្ជបញ្ជា​សិន​?

និស្ស័យ​ចូលចិត្ត​ចង់​ដឹង តែង​តែ​បង្កប់​ដោយ​ «និស្ស័យពូកែ​ឆ្ងល់» ព្រោះ​កាន់​តែដឹង​កាន់​តែ​ងឿង​ឆ្ងល់​ កាន់​តែ​ស្វះ​ស្វែង​រក​ព័ត៌​មាន​។ សម្រាប់​ខ្ញុំ ​ធ្លាប់​សរសេរ​រឿង​មួយ​​ទាក់​ទង​នឹង​ម៉ាស៊ីន​ថត​រូប​ ដល់​ថ្នាក់​ចំណាយ​លុយ ​ទិញ​ម៉ាស៊ីន​ថត​មក​ប្រើ​ខ្លួន​ឯង ហើយ​ស្រាវ​ជ្រាវ​ពី​របៀប​ថត​ ពី​ការ​ចាប់focus​ ពី​ការ​តlens តិច​និច​នៃ​ការ​ថត​ រហូត​ដល់​​របៀបនៃ​ការ​​ផ្តិត​រូប​ថែម​ទៀត។ ទី​បំផុត​ខ្ញុំ​មិន​ត្រឹម​តែ​យល់​ដឹង​ពីម៉ាស៊ីន​ថត​ទេ ថែម​ទាំង​​ចេះ​ថត​រូប​បាន​​ស្អាត​ៗ​ទៀត​ផង។

ឬ​បើ​​បង​ប្អូន​ចង់​សរសេរ​រឿង​ថា ​​តួ​ឯក​ស្រី​ជា​សិស្ស​ជន​ជាតិ​កូរ៉េ​ ឬ​ជប៉ុន​ ក៏​គួរ​តែ​ទៅ​រក​ព័ត៌​មាន​ឲ្យ​បាន​ត្រឹម​ត្រូវ​ថា សិស្ស​ជប៉ុន​រៀន​មុខ​វិជ្ជាអ្វី​ខ្លះ រៀន​ពី​ម៉ោង​ប៉ុន្មាន​ដល់​ម៉ោង​ប៉ុន្មាន មាន​ឯក​សណ្ឋាន​ប៉ុន្មាន​រដូវ មាន​ប្រពៃ​ណី​អ្វី​ខ្លះ​ មាន​កម្មវិធី​​ប្រចាំ​ឆ្នាំ​អ្វី​ខ្លះ​ដែល​ត្រូវ​ចូលរួម។ ពិសេស​ឈ្មោះ​តួ​ឯក​ស្រី​ដែល​យើង​ដាក់​ ត្រូវ​ស្គាល់​អត្ថន័យ​ឲ្យ​ច្បាស់ថា ប្រែ​មក​ដូចម្តេច​ ដើម្បី​កុំ​ឲ្យ​ច្រឡំ​រើស​ឈ្មោះ​ដែល​មាន​ន័យ​​អាក្រក់​មក​ដាក់​ជា​ដើម​ដូចជា «​ស្រី​បិសាច» «​នាង​មុខ​សេះ» ឬ​ «​បង្គន់​អាចម៍​»…។

ខ្ញុំ​សូម​បញ្ជាក់ថា ចំណុច​ខុស​ឆ្គង​ទាំង​នេះ មិន​ចាំបាច់​មាន​ជនជាតិ​កូរ៉េ​ ឬ​ជប៉ុន​មក​​​អាន​ទើប​ដឹង​ថា​ខុស​នោះទេ គ្រាន់​តែ​អ្នក​ធ្លាប់​​រៀន​កូរ៉េ​​ ​រៀន​ជប៉ុន​ល្ម​ម​ៗ​ ក៏​ដឹង​ថា​ខុស​ដែរ។ ខ្ញុំ​ហ៊ាន​និយាយ​ដូច្នេះ ​ព្រោះខ្ញុំ​ធ្លាប់​អាន​រឿង​ច្រើន​មក​ហើយ ភាគតិច​ណាស់​ដែល​​គិត​ពី​អត្ថន័យ​របស់​ឈ្មោះ​តួឯក​ ឬ​​ប្រាប់​ព័ត៌​មាន​​បាន​ត្រឹម​ត្រូវ​ពី​សិស្ស​ជប៉ុន ​សិស្ស​កូរ៉េ ឬ​បរិយាកាស​ក្នុងសាលា​របស់​ប្រទេស​ទាំង​នោះ។

ខ្ញុំ​មិន​បាន​ណែ​នាំ​ថា អ្នក​និពន្ធត្រូវតែ​ដឹង​ឲ្យ​​ជ្រៅ​ជ្រះ​គ្រប់​ផ្នែក​នោះទេ។ តែ​ត្រូវ​ដឹង ​​និង ​ដឹង​​ឲ្យ​លើស​ពី​មនុស្ស​ធម្មតា នៅ​ក្នុង​រឿង​ដែល​ខ្លួន​ឯង​ចង់​តែង។​ ដូច្នេះ ​ត្រូវ​ពូកែ​ឆ្ងល់ ពូកែ​ចង់​ដឹង​ និង​ព្យាយាម​រក​ទិន្នន័យ​ឲ្យ​បាន​ត្រឹម​ត្រូវ​​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង។

សូម​រង់​ចាំ​អាន​វគ្គ​បន្ត​!

 

Read Full Post »

Older Posts »