Feeds:
ប្រកាស
មតិ

Archive for the ‘សំបុត្រ​’ Category


មែនហើយ ភ្លេចៗខ្លួន តាមពិតខ្ញុំបានចូលអានក្នុងប្លក់របស់បង ប្រហែលមួយឆ្នាំហើយ! «ប្លក់​អាចម៍​​ផ្កាយ» ជា​ប្លក់​មួយ​ដំបូង​គេដែលខ្ញុំបានស្គាល់ ក្នុងបណ្តាញទំនាក់ទំនងសង្គម វ៉ឺត​ប្រែស។ ខ្ញុំ​បាន​ស្គាល់​ប្លក់របស់បងដំបូង គឺតាម​រយៈ​កាសែត​ក្នុង​ស្រុកមួយដែលគេបានចុះផ្សាយថា «និស្សិតខ្មែរ​វ័យ​ក្មេង​នៅ​ឡាវកំពុង​ប្រើប្រលោមលោករិះគន់សង្គម»។ អាន​អត្ថបទ​កាសែត​​នោះដំបូង គឺខ្ញុំចង់សរសើរបងដែល​បាន​ខិតខំសិក្សារហូតទទួលបានអាហារូបករណ៍ទៅសិក្សាដល់ឡាវ។ ទី​ពីរ​គឺ​ពេញ​ចិត្តនឹងអត្ថបទដកស្រង់ ពីរឿង «ទេពច្យុតិ» ។ «ទេពច្យុតិ» ជាចំណងជើងរឿងមួយដែលពិតជាពីរោះខ្លាំងណាស់! អត្ថបទរឿងខ្លី ដែល​ដកស្រង់នោះ​ទៀតសោត​ គឺអ្វីឲ្យខ្ញុំចម្លែក​មែនទែន តួអង្គមិនមែនជាមនុស្ស។ ខ្ញុំអានផងឆ្ងល់ផង ដល់​អាន​យូរៗទៅទើបដឹងថាបងចង់សំដៅលើអ្វី! ក្នុងអត្ថបទកាសែតនោះ គេមានបង្ហាញពីគេហទំព័រ របស់​បងផងដែរ (https://archphkai.wordpress.com)​​​ ដូច្នេះហើយទើបខ្ញុំបានស្គាល់។ ពេលខ្ញុំអាន អត្ថបទកាសែតនោះចប់ភ្លាម ខ្ញុំ​ក៏​បាន​សាកល្បងចូលក្នុងប្លក់របស់បងសាកមើល។

មិនខុសចិត្តឡើយ គ្រាន់តែចូលភ្លាមឃើញមានប្រកាសរឿងជាច្រើន ដែលចំណងជើងសុទ្ធតែ​ចាប់អារម្មណ៍ គួរ​ឲ្យ​ចង់​អាន​។​ ក្នុង​ពេលនោះខ្ញុំបានគិតក្នុងចិត្តថា ហេសហេ តែប៉ុណ្ណេះផ្អែមមាត់ហើយ ហាហាហា កំពុង​តែ​ចូល​ចិត្ត​អាន​រឿង​ផង ដល់​ចូល​មកប៉ះប្លក់ប្រលោមលោកទៀត ហេសហេ ចាំមើល អានឲ្យ​អស់!! កាលណុងអរណាស់ គឺ​អរ​ដល់​ថ្នាក់​ដូច​ពាក្យ​កំប្លែង​ដែល​គេនិយាយតគ្នាថា នេះពិតជារក អុស ប្រទះចង្រ្កានហ្គាស​​ពិតមែន​។  ក្នុង​​យប់ដែលខ្ញុំបានចូលមើលដំបូងនោះ គឹ​ជា​ថ្ងៃ​ដែលបងប្រកាស​រឿង​ខ្មោច។ ហ៊ឹស! ចូល​មក​មើល​ដំបូង​បាន​រឿងខ្មោចស្វាគមន៍ ហេសហេ ចង់បះសក់ដែលហ្នឹងណា គឺ​បះ​សក់នឹងរូបភាពខ្មោចតែម្តង ដ្បិត​មិន​ទាន់​បានអានសាច់រឿងពេញក៏ដោយ។ តាម​ពិត​រូប​ភាព​មួយ​នោះ​អាក្រក់​ខ្លាំង​ណាស់​ ខ្ញុំ​ចង​ចាំ​មក​ដល់​ឥឡូវ តែមិនចាំថាជារឿងអ្វីទេ។ កាលនោះពិតជាភ្ញាក់ខ្លាំងមែនទែន ខ្ញុំ​អានកណ្តាលអធ្រាត យប់​ស្ងាត់​ បិទ​​ភ្លើងងងឹតឈឹង អូសចុះ ហើយអូសចុះទៀតៗៗ ដើម្បីអាន មិន​នឹក​ស្មាន​ថាមានរូបថតខ្មោច អី​អាក្រក់​បែប​នេះទេ ភ្ញាក់​ព្រោះមិនដែលបានត្រៀមចិត្ត ម្យ៉ាង​មិន​ដែល​គិត​ថា​ប្លក់​នេះ ប្រកាស​រឿង​ខ្មោច​អម​ដោយ​រូប​ភាពសោះ ខ្ញុំ​ភ្ញាក់​ព្រើត​ឡើង​ចង់គ្រវែងទូរស័ព្ទចោល (និយាយ​មែន​ទែន​គ្មានបំភ្លើស​ទេ)។ ហាហាហា ដឹង​ទេខ្ញុំខ្លាច រូបភាពក្នុងរឿងនោះណាស់ តែ​ក៏​ចង់មើលដែរ ដូច្នេះ​ខ្ញុំ​បានយកដៃម្ខាងបិទ​ភ្នែក ហើយ​អូស​ចុះ​តិចៗ លបមើលយឺតៗម្តងទៀត ហាហាហា តែ​ការ​ព្យាយាម​​លប​មើល លើកទីពីរនេះ​ ក៏​នៅ​តែ​ភ្ញាក់​ដដែល ទ្រាំមិនបានក៏ចូលដេកហ្មង​ទៅ តែ​ពោះ​នៅ​បុក​ភឹបៗ​នៅ​ឡើយ​ទេ!! ចាប់​​តាំង​ពី​ថ្ងៃ​នោះ​មក​ខ្ញុំ​ក៏​ចាប់​ផ្តើម ចូលអានរឿងក្នុងប្លក់ របស់បងជាប្រចាំរហូត មកដល់សព្វថ្ងៃ!   ជាក់​ស្តែង​មក​ដល់​ឥឡូវ​អាន​​បាន​ច្រើនគួរសមហើយ តែបើទំនេរនឹងស្វែងរកមកអានបន្តថែមទៀត!

ក្នុងពេលមួយរយៈ ដែលខ្ញុំបានចូលអាន ក្នុងប្លក់របស់បង គឺខ្ញុំពេញចិត្តនឹង ស្នាដៃ​និពន្ធ​រឿង​របស់​បង​ណាស់ ពេញ​ចិត្ត​ស្ទើរ​គ្រប់រឿងតែម្តង ពិសេសគឺប្រភេទរឿងខ្លី តែថាទៅវែងក៏ចូលចិត្តដែរ ដូចជារឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» និង​រឿង «ប្រស្នាឃាតកម្ម» អីជាដើម!  មាន​អត្ថបទ​រឿង​ខ្លះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​កម្សត់​ ចូលតួ ស្រក់ទឹកភ្នែក  និង​អត្ថ​បទ​ខ្លះ​រំភើប​ផង​ដែរ គឺមានគ្រប់រសជាតិនៃជីវិត។ ប្លក់​របស់​បង​មាន​បាវចនារបស់​ខ្លួន​ថា «បង្រៀន​អ្នក​អាន​ឲ្យ​ក្លាយ​ជា​អ្នក​និពន្ធ​» ឬ «បង្រៀន​លោកអ្នកឲ្យចេះ សរសេររឿងខ្លី និងប្រលោមលោក ដើម្បីឲ្យលោកអ្នកត្រៀមខ្លួនក្លាយជាអ្នកនិពន្ធ»​  ដូច្នេះ​ពិសេស​​​ណាស់​សម្រាប់ អ្នក​ណា​ដែលមានបំណងចង់ក្លាយខ្លួនជាអ្នកនិពន្ធ គឺប្លក់របស់បង នឹង​ក្លាយ​ជា​ចំណែក​មួយ​ដើម្បី​ជួយ​​ពួកគេ។ សូម្បីតែខ្ញុំដែលមិនចេះ និងមិនសូវចូលចិត្តសរសេរអ្វីសោះនោះឡើយ ដល់ឥឡូវបានផ្លាស់ប្តូរ បើចង់ត្រឹម សរសេរ​អត្ថបទលេងៗមួយទំព័រ ឬ​ពីរទំព័រអី ស្លាប់ហើយ គឺស្រួលល្ហុយ ហូរដូចទឹក ហាហាហា (តែ​មិន​ធានា​ថា​សរសេរ​ហើយ​ បងអានយល់ឬអត់នោះទេ ហាហាហា) 😉 ។

និយាយដោយស្មោះត្រង់ តាំង​តែ​ពីខ្ញុំចូលអានប្លក់បងមក គឺពិតជាចេះដឹងច្រើនគួរសមមែន មាន​ទាំង​វិធីសាស្ត្រ​តែងនិពន្ធ វិធី​ធ្វើម្ហូប ចំណេះដឹងទូទៅផ្សេងៗ និងជីវៈប្រវត្តិ បំនិនជីវិតផ្ទាល់ខ្លួនរបស់បង  (ហេស​ហេពិសេសគឺរឿងស្នេហា ហា​ហា​ហា) 😛 ។ អត្ថបទរឿងភាគច្រើនដែលខ្ញុំបានអាន គឺ​ខ្ញុំ​តែង​តែ​បញ្ចេញ​មតិ ព្រោះ​ខ្ញុំ​យល់​ថា​មតិ​នេះ​ហើយ គឺ​ជា​ការ​ផ្តល់​កម្លាំង​ចិត្ត លើក​ទឹក​ចិត្ត​ដល់​បង​ដែល​បាន​ខិត​ខំ​ចំណាយ​ពេល ដ៏មានតម្លែ របស់​បង​មក​សរសេរ និងយកមកប្រកាស ចែក​ជូន​អ្នក​គ្រប់គ្នាអានដោយសេរី (តែ​អត្ថបទមួយចំនួន ​ខ្ញុំ​ប​អាន​ហើយ តែក៏មិនបានបញ្ចេញជាមតិក៏មានដែល ព្រោះ​ពេល​ខ្លះ​ គឺ​ខ្ញុំ​ក្តៀន​យោបល់​ដែរ)។ ខ្ញុំ​យល់​ពី​ចិត្ត​របស់​ម្ចាស់​ប្លក់​គ្រប់គ្នាថា បើមានគេចូលអានច្រើន ឬបញ្ចេញមតិច្រើន នោះ​គឺ​បង​នឹងមានទឹកចិត្តក្នុងការសរសេរ​ឬ​ប្រកាសរឿងថ្មីជាបន្តបន្ទាប់ ដោយគ្មានគិតការនឿយហត់អ្វីឡើយ ទោះ​ជា​តម្រូវ​ឲ្យ​បង​ សរសេរ​រឿង​ដល់​យប់​ជ្រៅ ដល់ថ្នាក់ភ្នែករូង និងខ្មៅភ្នែកដូចខ្លាឃ្មុំ Panda (លែង​សង្ហា) ក៏ដោយ ហាហាហា។ យូនីកូត ក៏​​ជា​ចំណេះដឹងដែលខ្ញុំចេះដោយសារតែប្លក់នេះដែរ កាល​មុន​ចេះ​តែ​ហ្វុន​លីម៉ូនទេ។ ឆ្លៀត​ក្នុង​ពេល​នេះ​ផង​ដែរ ខ្ញុំ​ក៏​ចង់​សុំ​ទោស​បងផងដែរ ព្រោះរយៈពេលដែលកន្លងមក មតិរបស់ខ្ញុំដែលបានបញ្ចេញ គឺពិតជា មាន​កំហុស​ខាង​អក្ខរា​វិរុទ្ធ​ខ្លាំង​ណាស់ តែបងតែងតែជួយកែតម្រូវ និងនៅតែអនុញ្ញាត ទទូល​យក​នូវ​រាល់​មតិ​របស់ខ្ញុំ! សូមទោសផងដែរ រាល់​មតិ​ទាំង​ឡាយ​ណា ដែល​បាន​ធ្វើ​ឲ្យប៉ះពាល់អារម្មណ៍របស់បង ព្រោះ​ជួន​កាលជាការលេងសើចជ្រុល និង​ជួន​កាល​ជា​ការ​ប្រើ​ពាក្យ​ឆ្គាំ​ឆ្គង  តែ​សូមជម្រាបដោយស្មោះត្រង់ថា ខ្ញុំ​ពិត​ជាគ្មានចេតនាទេ។

ជា​ចុងក្រោយ សូមជូនពរឲ្យបងផ្កាយ មានសុខភាពល្អ បញ្ញាវាង​វៃ រូបរាងកាន់តែសង្ហារ ជីវិត​ស្រស់​​ថ្លា មានសំណាងល្អ (ពិសេស​គឺរឿងស្នេហា)  😀 ។ សូមឲ្យប្លក់របស់បងក្លាយជាប្លក់មួយដែល ទទួល​បាន​នូវការគាំទ្រកាន់តែខ្លាំង ពី​សំណាក់​អ្នក​អានជារៀងដរាប។

***សំណូមពរពិសេសពីខ្ញុំ និងមិត្តអ្នកអាន គឺចង់ឃើញបងសប្បាយចិត្ត និងញញឹម។ សូម​ញញឹម​ដូច​ថ្ងៃ​ដែល​ពួក​យើង​បាន​ជួបគ្នា គឺពិតជាពិសេសក្រៃលែងណាស់ ចង់បានតែប៉ុណ្ណឹងទេ លែង​ចង់​បាន​អីទៀតហើយ! ពេលឃើញបងពិបាកចិត្ត ពួក​ខ្ញុំក៏មិនសប្បាយចិត្តដែរ!

ភ្នំពេញ, ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១២

ពីមិត្តអ្នកអានសំណប់

P.S: បងផ្កាយអ្ហើយ តាមពិតខ្ញុំធ្លាប់សរសេអត្ថបទបែបនេះផ្ញើទៅបងម្តងតាំងពីរយូរហើយ តែ​កាល​ហ្នុង​មិន ដឹងម៉េចទេ ប្រហែល​ខ្ញុំ​សែវ​មិន​បានត្រឹមត្រូវ បិទ​កំព្យូទ័រ ដល់បើកមកអត់ឃើញមានអ្វីសោះ គឺ​អត់​ជាប់ (ភ្លាមៗនោះខ្ជិលសរសេរឡើងវិញណាស់) នេះ​ទើប​តែ​នឹក​ឃើញ​សរសេរឡើង វិញសាថ្មីទេ បើ​មាន​ទាស់​ខុសអ្វី សុំអភ័យទោសផង ព្រោះមិនបានត្រួតពិនិត្យអីច្រើនទេ ឥឡូវងងុយហើយ!! អរគុណ​បង    :-D​

1:25 am

Read Full Post »


ជម្រាបសួរ!

ថ្ងៃនេះខ្ញុំមានចិត្តរីករាយណាស់នៅពេលដែលខ្ញុំបានចូលទៅក្នុងគេហទំព័រ អ្នកនិពន្ធវ័យក្មេង បានអានការណែនាំផ្សេងៗ និងបានមើលរូបថតដែលក្រុមអ្នកនិពន្ធវ័យក្មេងបានទៅចូលរួម ពិធីជួបជុំជាមួយអ្នកគ្រូដែលជាអ្នកនិពន្ធរៀមច្បង ។

ខ្ញុំមិនមែនជាអ្នកនិស្សិតអក្សរសាស្រ្ត មិនមែនជាអ្នកដែលធ្លាប់សិក្សាផ្នែករៀននិពន្ធ ហើយក៏មិនធ្លាប់មានបទពិសោធន៍ ឬក៏ណែនាំខាងផ្នែកនិពន្ធអ្វីឡើយ ។ ខ្ញុំគ្រាន់តែជាអតីតនិស្សិតច្បាប់ម្នាក់ តែតាំងពីក្មេងមកខ្ញុំចូលចិត្តការអានណាស់ ជាពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះខ្ញុំចូលចិត្ត អានប្រលោមលោក រហូត ដល់យប់ជ្រៅរំលងអធ្រាតក៏មាន ។  ប្រហែលជាជាង៣ឆ្នាំមុន ខ្ញុំមានទុក្ខសោកដែលមិនអាចឲ្យនិយាយឲ្យនរណាស្ដាប់បាន គឺមានតែអានសៀវភៅប៉ុណ្ណោះ ដែលអាចធ្វើឲ្យខ្ញុំស្ងប់ចិត្ត។  តាំងពីពេលនោះមក ខ្ញុំក៏ចាប់ផ្ដើមសរសេរប្រលោមលោកដើម្បីកែខៃបញ្ហានៅក្នុងចិត្តរបស់ខ្ញុំដែរ ។

ខ្ញុំបានសរសេរប្រលោមលោកខ្នាតវែងប្រមាណជិត១០រឿង តែជាគ្រោះអាក្រក់ប្រហែល១ឆ្នាំមុន Laptop របស់ខ្ញុំខូច Hardisc ដូច្នេះអ្វីៗដែលខ្ញុំខំសន្សំវាក៏បាត់បង់ទៅតាមនោះដែរ ។ តាំងពីពេលនោះមកល្បឿននៃការសរសេររបស់ខ្ញុំក៏ចាប់ផ្ដើមធ្លាក់ចុះ ។ រយៈពេលប្រមាណមួយឆ្នាំមកនេះ ខ្ញុំសរសេរមិនបានបីរឿងផង ព្រោះរាល់ពេលដែលខ្ញុំសរសេរធ្វើឲ្យខ្ញុំនឹកឃើញ ដល់រឿងដែលខ្ញុំធ្លាប់សរសេរវាបាត់បង់ទៅធ្វើឲ្យខ្ញុំបាក់ទឹកចិត្ត ។

ខ្ញុំមានបំណងចង់ចូលជាសមាជិកអ្នកនិពន្ធ ដើម្បីពង្រឹងសមត្ថភាពបន្ថែម តែខ្ញុំគ្មានមូលដ្ឋានជាអ្នកនិពន្ធ នេះជាមូលហេតុ ដែលធ្វើឲ្យខ្ញុំមានការួញរាគ្មានក្ដីក្លាហានដើរចូលទៅក្នុងពិភពនោះឡើយ ។

តែសង្ឃឹមថា ក្រោយពេលដែលខ្ញុំបានផ្ញើអត្ថបទមួយនេះរួចហើយ ខ្ញុំនឹងទទួលបានមិត្តដែលជាអ្នកនិពន្ធយ៉ាងហោចណាស់ម្នាក់ដើម្បីអាចពិភាក្សាបាន។

សូមអរគុណ

សូមជួបតែសំណាងល្អ!

យ៉ានីន

Read Full Post »


ព្រិលជាដុំ ឬ ខ្សាច់ ឬ ភ្លៀងទឹកកកតូចៗ ធ្លាក់នៅពេលដែលមានអាកាសធាតុត្រជាក់។  អានរឿង  «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» យើងឃើញអ្នកនិពន្ធបានដាក់ឈ្មោះតួអង្គបីនាក់ ដែលចង់ចងភ្ជាប់នឹងចំណងជើងសាច់រឿង គឺ  នារីព្រិល, នាយ សមុទ្រ, និង អារុណនទី… ជារឿងមួយដែលនិយាយអធិប្បាយអំពីស្នេហាដ៏ចម្លែករបស់យុវវ័យក្នុងវ័យសិក្សា។

ដំបូង នារីព្រិល គឺជាគូស្នេហាមួយ ជាមួយ នឹង យុវជនឈ្មោះ សមុទ្រខ្សាច់ ជាគូស្នេហាមួយធ្វើឲ្យអ្នកអាននឹកចោទសួរថា តើនារីព្រិល ពិតជាធ្លាក់ក្នុងកណ្តាលស្នេហា នៃសមុទ្រខ្សាច់ ដូចចំណងជើងរឿងមែនឬទេ?… វាជាអាថ៌កំបាំង …អាថ៌កំបាំង ព្រោះ នាយសមុទ្របែរជាទៅចែចង់ស្នេហាថ្មីមួយទៀតជាមួយ អារុណ នទី ធ្វើឲ្យយើងនឹកឆ្ងល់ថា តើ អារុណ នទី ជានរណា?.. ជានារីភេទ ជាបុរសភេទ ឬជាខ្ទើយវិញ?..

ក្នុងរឿងស្នេហានេះ នាយសមុទ្រ បានបង្ហាញពីស្នេហារបស់ខ្លួន ដូចជាមានការប្រចណ្ឌ ច្រណែន ង៉ក់ងរ ដូចយុវនារីក្រមុំ និង យុវកំលោះដែលតាមចែចង់ស្រឡាញ់គ្នា យ៉ាងដូច្នោះផងដែរ។ រហូតដល់វគ្គទី៧ ស្នេហារបស់យុវជនសមុទ្រខ្សាច់ បានឈានដល់ចំណុចគោលដៅនៃឋានសួគ៌ស្នេហ៍លោកិយ ដោយ អារុណ នទី សុខចិត្ដបូជាបូរាណវត្ថុរបស់ខ្លួន ជូនដល់នាយសមុទ្របានក្រេបជញ្ជក់ គេងលក់យ៉ាងសុខសាន្ដរហូតដល់ព្រឹក។

ផ្ទៃមេឃស្រកានាគនាព្រឹកព្រលឹម នៅឯនាយជើងមេឃ ព្រះអាទិត្យក្រហមព្រាងៗ ត្រៀមរះឡើងមកបំភ្លឺលោក ពពកខ្មៅដុំៗ ស្ថិតនៅត្រង់នេះបន្ដិច ត្រង់នោះបន្ដិច អាកាសធាតុហាក់ត្រជាក់    បន្ដិច ផ្សំជាមួយវាយោបក់មករំភើយៗ  មេឃរកកល់នឹងធ្លាក់ភ្លៀងហើយ។ ព្រិល (នារីព្រិល) កំពុងត្រៀមខ្លួននឹងធ្លាក់។ នៅឯនាយ សមុទ្រខ្សាច់ កំពុងគេងលង់លក់ ក្រោមពន្លឺរស្មីអារុណ នាទីលានដ៏កក់ក្តៅ ហាក់ដូចជាកំពុងក្រេបរសជាតិស្នេហានៃព្រឹកព្រហាម ហើយដែលកំពុងឈរគំរាមគំហែងដោយព្យុះភ្លៀងព្រិល ដែលនឹងត្រូវបក់បោកមកដល់ ក្នុងពេលឥឡូវហើយ។ នាទីលានសមុទ្រខ្សាច់ នឹងក្លាយជាសមុទ្រទឹកកក(ព្រិល)ម្ដងវិញ ពេលស្ងប់ស្ងាត់អស់ព្រិល អារុណចាប់បញ្ចេញចំហាយក្ដៅ មកលើសមុទ្រខ្សាច់ ព្រិលក៏រលាយអស់។

អ៊ីចឹងហើយ ទោះជារឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» នេះ ជារឿងមួយដែលនិយាយមកហើយ អំពីយុវវ័យក្នុងការសិក្សាយ៉ាងណាក៏ដោយ ក៏នារីព្រិល, នាយសមុទ្រខ្សាច់, អារុណនទី ស្ថិតនៅក្នុងស្នេហាអាថ៌កំបាំងបែបប្លែកៗ។ ប្លែកត្រង់សូម្បីតែតួអង្គនីមួយៗ ក៏ភ្លេចអស់អំពីតួនាទីស្នេហា របស់ខ្លួន(ជាប្រុស ឬ ជាស្រី)៕

Read Full Post »


ផ្កាយ​NoVeLs*– កាត​​ជូន​ពរ​​ គឺ​ជា​ការ​​​បង្ហាញ​​​នូ​វ​​មនោសញ្ចេតនា​​ដែល​ខ្លួន​​មាន​​ ចំពោះ​មនុស្ស​ដែលខ្លួន​ស្រឡាញ់​ ​និង​និយម​​ជូន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​​​ ក្នុង​ឱកាស​ផ្សេង​ៗ​ដូច​ជា ថ្ងៃ​​បុណ្យ​ណូអែល ​ឬ​ថ្ងៃ​​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​ជា​ដើម​​។

ថ្ងៃ​នេះ​ អ្នក​និពន្ធ​វ័យ​ក្មេង​ នឹង​នាំ​យក​​វិធី​ធ្វើ​កាត​ជូន​ពរ​ឆ្នាំ​ថ្មី​ មក​ណែ​នាំ​ឲ្យ​ប្រិយ​មិត្ត​បាន​សាក​ល្បង​​​ធ្វើ​ដោយ​ខ្លួន​ឯង ​​ហើយ​យក​ទៅ​ជូន​​អ្នក​ដែល​ខ្លួន​​ស្រឡាញ់​​ក្នុង​​ថ្ងៃ​បុណ្យ​គ្រិស្តម៉ាស​ ឬ​ថ្ងៃ​ឆ្លង​​ឆ្នាំថ្មី​ ​ខាង​មុខ​។ ក្រៅ​ពី​ទទួល​​បាន​មោទនភាព​ត្រឡប់​មក​វិញ​ ​វា​ថែម​ទាំង​ជា​ការ​សន្សំ​សំ​ចៃ​ប្រាក់​​ក្នុង​ហោប៉ៅ​​បាន​​​​​មួយ​កម្រិត​​ដែរ​​។

អ៊ីចឹង​ តោះ!​ ​មក​សាក​​ល្បង​ធ្វើ​ទាំង​អស់​គ្នា!! 😉

  • ឧបករណ៍និងសម្ភារៈដែលប្រើ​​តុបតែងកាតជូនពរ

១. ក្រដាស​រឹង​

២. ក្រដាស​​​ពណ៌​ស្តើង​ៗ​

៣. ស្រោម​

៤. កាវ​​ស្ងួត​​

៥. ប្រដាប់​ចោះ​ក្រដាស​​(ឧបករណ៍​នេះ​មិន​ចាំ​បាច់​​ទេ,​ ​​មាន​តែ​​ម្ជុល​ធំៗ​ ឬ​ម្ជុលចោះ​រង្វង់ ​​​ប្រើ​ជំនួស​​ក៏​បាន)

៦. កាំ​បិត​​កាត់​

៧. កន្ត្រៃ​

៨. ​ខ្សែ​​​ក្រចៅ​ ឬ​ខ្សែ​សរសៃ​ធំៗ​​​ដែល​ធ្វើ​ពី​ក្រដាស​

៩. ​បូ

១០. ​អំបោះសូត្រ​​ពណ៌​​ផ្លេក​ៗ​

១១. ឡេវ​​ថោកៗ ឡេវ​សល់ ​​កុំ​បោះ​ចោល​​ មាន​ប្រយោជន៍​គឺ​ពេល​នេះ​ឯង​​។

១២. ចំរៀក​​កំណាត់​, គឺ​កាត់​សាច់​កំណាត់​ជា​រាង​បួន​ជ្រុង​ ឬ​បី​ជ្រុង​តូច​ៗ​ ទំហំ​ប្រមាណ​២ ឬ​៣សង់​ទី​ម៉ែត្រ។​ កាត់​ចុះ​ ប៉ុន​គ្នា​ខ្លះ មិន​ប៉ុន​គ្នា​ខ្លះក៏​បាន ​ព្រោះ​​សិល្បៈ​គ្មាន​​ព្រំ​ដែន​ទេ​ 😉 ។

  • វិធីធ្វើកាតជូនពរឆ្នាំថ្មី

១. ចាប់​ផ្តើម​កាត់​ក្រដាសរឹង​​តាម​ខ្នាត​ដែល​ត្រូវ​ការ​ សរសេរ​​អ្វី​បន្តិច​បន្តួច​នៅ​លើ​ក្រដាស​នោះ​ក៏​បាន​​ អាច​ជា​​​ឈ្មោះ​ខ្លួន​ឯង​​​​ ឬ​ក៏​ព្រីន​​យក​តែ​ម្តង​ក៏បាន​​​(តែ​បើ​ធ្វើ​មិន​ប៉ុន្មាន​​សន្លឹក​ទេ​ សរសេរ​ដៃ​ខ្លួន​ឯង​​ទើប​គួរ​ឲ្យ​ស្រឡាញ់​ជាង​ គេ​នឹង​​ដឹង​ថា កាត​មួយ​សន្លឹក​នេះ យើង​ខំ​​ធ្វើ​​ដោយ​ទឹក​ចិត្ត​! 🙂 )

២. បន្ទាប់​មក​ចាប់​ផ្តើម​សរសេរពាក្យ​ជូន​ពរ​​ ​ដោយ​ប្រើ​ក្រដាស​ពណ៌​ស្តើង​ៗ​។ ចង់​ជូន​ពរ​បែប​ម៉េច​​ក៏​សរសេរ​បែប​នោះ​ទៅ អាច​សរសេរ​ដៃ​ ឬព្រី​ន​ក៏​បាន​។ តាម​រូប​នេះ​ គឺ​គេ​​ព្រីន​យក​ ដោយ​​អាច​ប្រើ​កម្មវិធី​ហ្វូតូសប​បន្ថែម​សោភ័ណ​ ​រើស​ពណ៌​តួ​អក្សរ​ និង​​​រៀប​ចំ​ខ្លឹម​សារ​​ពាក្យ​ជូន​ពរ​តាម​ទម្រង់​ផ្សេង​ៗ​។ ក្រដាស​A4 អាច​ធ្វើ​បាន​ច្រើន​គួរ​សម​ដែរ​ តែ​បើ​ពាក្យ​ជូន​ពរ​វែង​ បន្ថែម​​ឈ្មោះ​និង​នាម​ត្រកូល រួម​ទាំង​អាសយដ្ឋាន​​ទៀត ក៏​បាន​ប្រមាណ​៣​សន្លឹក​ដែរ​​។ នៅ​ពេល​​ព្រីន​ចេញ​មក​ហើយ ក៏​យក​កន្ត្រៃ ឬ​កាំ​បិត​កាត់​ក៏​បាន​ តាម​តែ​ភាព​ងាយ​ស្រួល​។

៣. ពេល​នេះ ​ដល់​ពេល​ដែល​ត្រូវ​តុប​តែង​ក្រដាស​របស់​យើង​ហើយ​​ ឯ​ជំនួយ​ការ​ដែល​សំខាន់​សម្រាប់​រឿង​នេះ​ គឺ​​ចម្រៀក​កំណាត់​ កាត់​ជា​៣​ជ្រុង ឬ​៤​ជ្រុង​ក៏​បាន​តាម​ចិត្ត​​ បន្ទាប់​មក​យក​​កាវ​មក​លាបជាយ​​ៗ​​ឲ្យ​សព្វ​ ​រួច​បិទ​នៅ​កន្លែង​ដែល​ត្រូវ​ការ​។

៤. មើល​ផ្នែក​ខាង​មុខ​ ហើយ​រក​កន្លែង ​ដែល​ស័ក្តិ​សម​សម្រាប់​ដោត​បូ​។​ ប្រើ​កាំ​បិត​កាត់​(cutter)​ ចោះ​​ស្នាមយក​​តូច​ៗ​ឲ្យ​ល្ម​ម​ដោត​បូ​ចូល​បាន​។

៥. ដោត​បូ​ចូល​តាម​ស្នាម​ដែល​យើង​បាន​ចោះ។

៦. យក​ចុង​ទាំង​សង​ខាង​​​មក​ចង​ធ្វើ​បូ​​ផ្នែក​ខាង​មុខ​។ បើ​អ្នក​ណា​មិន​ពូកែ​ចង​បូ​ទេ ឲ្យ​​ចង​គួច​ទុក​សិន​​ ដែល​ចាស់​ៗ​ចូល​ចិត្ត​ហៅ​ថា ចង​សម្លាប់​មុខ​នោះ​​អី! បន្ទាប់​ពី​ចង​បែប​នោះ​ហើយ​ ​​សឹម​មក​​ចង​​ចាប់​​​បូតាម​ក្រោយ ដែល​អាច​នឹង​ងាយ​ជាង​ ​ដោយ​យក​ចុង​​​ទាំង​​​សង​ខាង​​មក​ចង​ធ្វើ​បូ​នៅ​​​ផ្នែក​ខាង​មុខ​។

៧. បើ​នៅ​មិន​ទាន់​អស់​ចិត្ត​ទេ អាច​បន្ថែម​បូ​មួយ​ជាន់​​ទៀត​កាន់​តែ​ល្អ​ ដោយ​យក​អំបោះ​សូត្រ​ពណ៌​ផ្លេក​​មក​ចង​​ពី​លើ​ដូច​​ចង​ខ្ចប់​កាដូ។

៨. ពេល​ចង​រួច​នឹង​ចេញ​មក​បែប​នេះ។ អំបោះ​សូត្រ​ពណ៌​ផ្លេក​​មិន​បាច់​ចោះ​ក្រដាស​ទេ ព្រោះ​ក្រដាស​​​​មាន​ក្រប​បត់​​​ជា​​ពីរ​ ដូច្នេះ​គ្រាន់​តែ​​ចង​វាបណ្តោយ​តាម​​ក្រប​ខាង​លើ​ គឺ​បាន​ហើយ​។

៩. បន្ទាប់​​មក​​ក៏​​ប្រើ​​ឡេវ​​តុប​​តែង​​បន្ថែម​​ដោយ​​ប្រើ​​កាវ​ស្ងួត​​​ដដែល​​។

១០. ​ផ្នែក​ខាង​ក្នុង​របស់​កាត​​ ត្រូវ​យក​ក្រដាស​ពណ៌​​​​ដែល​​បាន​​សរសេរ​ពាក្យ​ជូន​ពរ​រួច ​មក​ដាក់​ពី​លើ​​ផ្នែក​ម្ខាង​ទៀត​​នៃកាត​​ រួច​ចោះប្រហោង​​​តូច​ៗ​ចំនួន​​ពី​រ​។

១១. ប្រហោង​​ដែល​ចោះ​​​នោះ​ ជា​រន្ធ​សម្រាប់​ចង​អំបោះ​សូត្រ​ ដើម្បី​​ភ្ជាប់​ក្រដាស​ជូន​ពរ​នឹង​កាត​រឹង​​​​ជំនួស​​ការ​​បិទ​កាវ​​។

១២. កម្ទេច​កំណាត់​តូច​ៗ​ស្អាត​ៗ បើ​បោះ​​ចោល​គួរ​ឲ្យ​ស្តាយ​​ណាស់​ ដូច្នេះបើ​​យក​វា​មក​បិទ​ឆ្លាស់​គ្នា​បន្ថែម​ ក៏​អាច​បង្កើន​សម្រស់​ឲ្យ​កាត​ជូន​ពរ​កាន់​តែ​​ស្អាត​ប្លែក​ដែរ​។

១៣. បើ​ចង់​ប្តូរ​មក​ចង​បូ​បែប​នេះ ឬ​ចង​បែប​នេះ ឬ​ក៏​ចង់​ចោះ​រន្ធ​​ចង​បូ​​តូច​ៗ​​បែប​នេះ ត្រូវ​ចោះ​​ក្រដាស​​ជា​ពីរ​ជួរ មួយ​ជួរ​មាន​បី​រន្ធ​​ បន្ទាប់​មក​ក៏ក្រង​អំបោះសូត្រ​ឲ្យ​​​ដូច​ចង​ខ្សែ​ស្បែក​ជើង​​ជា​ការ​ស្រេច​។

១៤. កាត់​កំណាត់​ដែល​នៅ​សល់ ឬ​ឡេវ​ដែល​ប្រើ​មិន​អស់​ មក​បិទ​បន្ថែម​​ត្រង់​កន្លែង​ណា​ដែល​យល់​ថា​ស័ក្តិ​សម​ ហើយ​ធ្វើ​ឲ្យ​កាត​ជូន​ពរ​របស់​យើង​កាន់​តែ​ស្រស់​ស្អាត​។

ទំនេរ​ៗ ​សូម​​សាក​ល្បង​ធ្វើ​ណ៎ា!

បំណង​ល្អ​ពី អ្នក​និពន្ធ​វ័យ​ក្មេង​!! (^_^)

Read Full Post »


ផ្កាយ​NoVeLs*– ពី​មុន​ខ្ញុំ​មិន​ធ្លាប់​គិត​ថា ខ្ញុំ​នឹង​មាន​ប្អូន​ប្រុស​ថែម​ម្នាក់ទៀត​នោះទេ តែ​ព្រហ្ម​លិខិត​ពិត​ជា​​តម្រូវ​​​ឲ្យ​យើង​មក​ជួប​គ្នា ស្គាល់​គ្នា ហើយ​រាប់​អាន​គ្នា​ជា​បង​ប្អូន​។ ខ្ញុំ​ជឿ​ថា និស្ស័យ​គឺ​ជា​បច្ច័យ​សំខាន់​នៅ​ក្នុង​រឿង​នេះ។ បើ​គ្មាន​និស្ស័យ​ទោះ​ដើរ​បុក​គ្នា​ក៏​មិន​ស្គាល់​គ្នា​ដែរ។

ខាង​ក្រោម​ គឺ​ជា​លិខិត​របស់​ប្អូន​ប្រុស​ពៅ​របស់​ខ្ញុំ​ ឈ្មោះ​ ហេង​ ឧត្តម​ ដែល​​បាន​សរសេរ​អ៊ីមែល​ផ្ញើ​មក​កាន់​ខ្ញុំ​ បន្ទាប់​ពី​គេ​បាន​ទៅលេង​ក្រុម​គ្រួសារ​ខ្ញុំ​នៅ​ឯស្រុក​។ កាល​នោះ​យើង​ពុំ​ទាន់​ក្លាយ​ជា​ក្រុម​គ្រួសារ​តែ​មួយ​នៅ​ឡើយ​ទេ តែ​បន្ទាប់​ពី​លិខិត​នេះ ទំនាក់​ទំនង​យើង​គឺ​មិន​មែន​ត្រឹម​តែជា​​មនុស្ស​ស្គាល់​គ្នា​​។

គ្រួសារ​មិន​ចាំ​បាច់​​តែ​ជា​មនុស្ស​ដែល​ជាប់​សាច់​ឈាម​គ្នា​នោះទេ ត្រឹម​តែ​យើង​ស្រលាញ់​គេ​ ហើយ​គេ​ស្រលាញ់​យើង​វិញ គឺ​គ្រប់​គ្រាន់​ហើយ​…

​ថ្ងៃ​ទី​ ០៥​ មករា​ ២០១០

សួស្តីបងប្រុស បង​ម៉ាក់ បងមករា!

ប្អូន​មិនដឹង​ជា​ចាប់​ផ្តើម​និយាយ​រៀប​រាប់​ប្រាប់​បង ​ពី​ត្រឹម​ណា​មក​នោះទេ ព្រោះមិន​បាន​ព្រាង​ទុកផង ណាមួយមិន​នឹក​ស្មាន​ថា ​អាច​បាន​ខ្ចី​computerមិត្ត​ភក្តិ​បាន​ផង​នៅ​យប់​នេះ។ ហេតុ​នេះ​ប្អូន​សូម​ប្រាប់​បង​ត្រួសៗ​សិន​ចុះ​ ជាគោល​ៗ​ច្បោលៗណា… តែ​ប្អូន​នឹង​រៀប​រាប់​ពី​ទឹក​ចិត្ត​ដោយ​ស្មោះ​របស់​ប្អូន​ខាង​ក្រោម​…

ប្អូន​បាន​ទៅ​លេងស្រុក​របស់​បង​ហើយ ចូល​រួម​ពិធី​រៀប​ការ​របស់​បង​ជា។ ប្អូន​ពិ​ត​ជា​សប្បាយ​រីក​រាយ​​មែន​ទែន​ ចំពោះ​ទឹក​ចិត្ត​ស្វាគមន៍​ដ៏​កក់ក្តៅ​របស់​ក្រុម​គ្រួសារ​របស់​បង។ ពួក​គាត់​ពិត​ជា​យកចិត្ត​ទុកដាក់​ទទួល​រាក់​ទាក់​ពួក​ប្អូន​(មាន​មិត្ត​របស់បង​តុលាទៅ​ម្នាក់ដែរ គឺ​សុភាព)។ ប្អូ​ន​ខ្លាច​ចិត្ត​ពួក​គាត់​ណាស់​ ​ពី​ដំបូងប្អូន​ឡើង​រឹង​ខ្លួន​មែនទែន តែ​ដល់​ស្នាក់​នៅ​បាន​មួយ​ថ្ងៃ​ប្អូន​អាច​ចូល​យ៉ាង​ចុះ​សម្រុង​ជាមួយ​ពួកគាត់… ជាពិសេស​ម្តាយរបស់​បង​ គាត់​បាន​និយាយ​ពីការ​តស៊ូ​រៀន​សូធ្យ​របស់​បង​ ឱ្យ​ប្អូន​ស្តាប់ ប្អូន​រំភើប​ខ្លាំងណាស់ អ៊ំ​និយាយ​ថា​គាត់​មាន​មោទនភាព​ណាស់​ ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់កូន​… គាត់​រំលឹក​ពី​ការ​ទៅ​ប្រលង​នៅ​សៀមរាប… ពេល​ខ្លះ​គាត់​យក​ក្រមា​ឆ្នូត​ក្រហម​មក​ជូត​ភ្នែក​គាត់​ម្តងៗ… ខ្ញុំ​ដឹង​ថា​គាត់​កំពុង​យំ… សំឡេង​គាត់​ស្អកៗ… ។ បង​ដឹង​ទេ​ខ្ញុំ​ឧស្សាហ៍​ដណ្តឹង​សួ​រ​រឿង​បង​ពី​គាត់​ណាស់ រាល់​ពេល​គាត់​រំលឹក ព្រមទាំង​ប្រាប់​ពី​ជី​វភាព​គ្រួសារ…​ ក្នុង​កំឡុង​ពេល​ប្រាំ​ថ្ងៃ​មក​នេះ ប្អូន​មិន​ដឹង​យ៉ាង​ម៉េច​ទេ ចេះ​តែ​រក​កល​ចង់​យំ​ម្តងៗ ប្អូន​រលីង​រលោង​ទឹក​ភ្នែក​​ច្រើន​សាណាស់…

ល្ងាច និង ព្រឹកព្រហាម​ថ្ងៃទី​មួយ​នៃ​ថ្ងៃ​ទៅ​ដល់​ដំបូង​ ប្អូន​បាន​អង្គុយ​មើល​អ៊ំ​ស្ល​ សម្រាប់​លក់ ប្អូន​បាន​ជួយ​បុក​គ្រឿង​គាត់​ខ្លះ​ដែរ តែ​គាត់​ថា​មិនអី​ទេ ទុក​ឱ្យ​អ៊ំ​បាន​ហើយ​ ទៅ​រៀន​ចុះ ពូ​កែ​អាន​សៀវភៅ​អ៊ីចឹង… ប្អូន​មាន​ទៅពូកែ​អាន​ឯណា​ធំដុំ​នោះ ​គឺ​គ្រាន់​តែ​អាន​ប្រលោម​លោក​តែ​ប៉ុណ្ណោះ… ទោះបី​ជា​គាត់មិន​ចង់​ឱ្យ​ជួយ​ក៏​ដោយ ​ក៏​ប្អូន​នៅ​តែ​ទទូច​សុំ​ជួយ​គាត់​ដែរ តាម​តែ​អាច​ជួយបាន…​ ព្រឹក​ឡើង​ប្អូន​ជួយ​យួរ​ទឹក​សម្ល​ទៅ​លក់​… ប្អូន​បានបរិភោគ​ស្នាដៃ​នំ​បញ្ចុក​របស់​គាត់​ជា​លើក​ដំបូង​ មិន​បញ្ជោរទេ ពិតជា​ឆ្ងាញ់មែន… ប្អូន​ចង់​ញ៉ាំឱ្យច្រើន​ដែរ​តែ​ខ្លាច​ខាត… ដឹង​ទេ! សូម្បី​តែមួយ​ចាន​នេះ​ផង​ប្អូន​មិន​ទាំង​ហ៊ាន​ផង ខ្លាច​ចិត្ត​គាត់​ ខ្លាច​ខាត… តែ​ដោយ​ចង់​ភ្លក្សផង​ និង ត្រូវ​បង​តុលា​បង្គាប់ ព្រម​ទាំង​គាត់​ដួស​ដាក់​នៅ​នឹង​មុខ​ទៅ​ហើយ ប្អូន​ក៏​ចាប់​ផ្តើម​ស្រស់​ស្រូប​ ប្អូន​​ញ៉ាំ​ទាល់​តែ​អស់ពី​ចាន​ សូម្បីតែ​ទឹក​សម្ល​ក៏​ប្អូន​ត្រូវ​ហុត​អស់​ទៀត… ពិតជា​ឆ្ងាញ់​មែន។ សូម​សរសើរ​ថ្វីដៃ​របស់​អ៊ំពិតមែន…

និយាយ​មែន​ទែនទៅបើពេលនោះ ប្អូន​អាច​មិន​ហូប​បាន​ ប្អូន​មិន​ហូប​នោះ​ទេ ប្អូន​អាណិត​គាត់​ណាស់ គ្រាន់​តែ​ប្អូន​អង្គុយ​មួយ​សន្ទុះ ​មាន​គេ​មក​ទារ​លុយ​ជា​ច្រើន… បង​តុលា​បាន​ប្រាប់​ថា​ គាត់​មិន​ដែល​ហ៊ាន​ហូប​អី​ឆ្ងាញ់​ៗ​ ទិញ​ចំណីគេទេ គាត់​ហូប​តែ​នំបញ្ចុក​ខ្លួន​ឯង​ទេ គាត់​ខំ​សន្សំ​លុយ​កាក់​តាំង​តែ​ពី​ប្រាំ​រយ​ ម៉ាពាន់ទៅ… មែន​បង​អើយ! គាត់​ហូប​តិចណាស់ សូម្បី​តែ​ថ្ងៃ​ខ្ញុំ​ទៅដំបូង​ គាត់​អត់​ចូល​ហូប​ជុំ​គ្នា​ទេ មាន​ម្ហូប​ឆ្ងាញ់ ដល់​ថ្ងៃ​បន្តិច​ គាត់​សុខ​ចិត្ត​ហូប​ ត្រសក់​ត្រាំ និង ពង​ទាចៀន​សល់… ពេល​ខ្ញុំ​ទៅផឹក​ទឹក​ បន្ទាប់​ពី​អាន​សៀវ​ភៅ ខ្ញុំ​ឃើញ​បែប​នេះ​ ខ្ញុំ​អួល​ដើមក… នឹក​ឈ្វេង​យល់​… ហើយ​ចាប់​ផ្តើម​សង្កេត​តាំងតែ​ពី​ពេល​នោះ​មក​ម្ល៉េះ…

អ៊ំ​ស្រី​គាត់​គិត​គូរ​កូន​ណាស់ ប្អូន​ឃើញ​គាត់យក​ចិត្ត​ទុកដាក់​នឹង​បង​តុលា​ខ្លាំងណាស់…គ្រប់​សព្វ​… បើនឹង​យក​មក​និយាយ​ពេល​នេះ​មិន​អស់​ឡើយ​ ក្នុង​ពេល​ប្រាំ​ថ្ងៃ​នោះ​ពិត​ជា​ច្រើន… គិត​គូរ​តាំង​ពី​ កន្លែង​ដេក ខោអាវ ទឹកផឹកក្តៅ​ត្រជាក់… ដណ្តប់​ភួយឱ្យ… កោស​ខ្យល់… ព្រួយ​បារម្ភ​ពី​កូន​សព្វ​គ្រប់​បែ​ប​យ៉ាង… ស្តី​ប្រដៅ​ទូន្មាន… គិត​ទៅ​ចង់​ច្រណែន​នឹង​បង​ទាំង​ពីរ​ដល់​ហើយ! ដែល​មាន​ម្តាយ​ដ៏​ល្អ​យក​ចិត្ត​យក​ទុក​ដាក់​ចំពោះ​កូនៗ ស្រឡាញ់​ថ្នាក់​ថ្នម អប់​រំទូន្មាន​ ចិញ្ចឹម​បី​បាច់​ថែរក្សា​ មើលការខុសត្រូវ ផ្តល់​ភាពកក់ក្តៅ…

ខ្ញុំ​គោរព​ស្រឡាញ់​គាត់​ដូច​ជា​ម្តាយ​បង្កើត​របស់​ខ្ញុំ​ដែរ ពេល​ដែល​ខ្ញុំ​បាន​ជួយគាត់​ទោះបីតិច​តួច​ក៏​ដោយ ខ្ញុំ​មាន​អារម្មណ៍​ថា​ សប្បាយចិត្ត​មែន​ទែន… តួយ៉ាង​គ្រាន់​តែ​ជួយ​បុក​គ្រឿង ជួយ​លើក​នេះលើក​នោះ ចាក់​ទឹក​ក្រូច​ជូន​គាត់​ពីសា ច្របាច់​ជើង​ជូន​គាត់… ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ទៅហើយ…

ស្តាយ​ណាស់​ ដោយ​មិន​បាន​អាចមាន​ឱកាស​សរសេរ​រៀប​រាប់​ឱ្យបាន​ច្រើន ពី​សកម្ម​ភាព​ និង​ ទឹក​ចិត្ត​ដែល​ពុះ​កញ្ជ្រោល​ជា​ច្រើន​ទៀត​ ព្រោះ​មិត្ត​ គេត្រូវ​ការ​ប្រើcomputer វិញហើយ។ ប្អូន​បញ្ចប់​បន្តិចទៀត យ៉ាងណា ចាំ​ពេល​ក្រោយចុះ តែ​មិន​សង្ឃឹម​ឆាប់​នោះទេ… មេដាយ​របស់​បងដែល​បង​ដំណាល​សួរ​អ៊ំស្រី​ គាត់​រកឃើញហើយ គាត់​ថត​រូប​ឱ្យ​បង​មើលដែរ តែ​ប្អូន​នឹង​រៀប​ចំ​ផ្ញើរូប​ទៅ បង​នៅ​ពេល​ឆាប់​ៗខាង​មុននេះ ជាមួយ​រូប​ថត​ដែល​បង​រក​ (គឺ​រូប​អ៊ំ​ស្រីអ៊ំ​ប្រុស​ថត​ជុំ​គ្នា រូប​បង​កាលពី​ក្មេង…) ប្អូន​នឹង​យ​ក​ទៅស្កែន​ហើយ​ផ្ញើ​ជូន​បង​ ព្រម​ទាំង​រូប​មួយ​ចំនួន​ដែល​មិត្ត​សុភាព​បាន​ថត​ក្នុង​ទូរ​ស័ព្ទ​…

ឆ្លៀត​ឱកាសនេះ​ ប្អូន​សូម​អភ័សទោស​ពីបង​ដោយ​បានសុំអ៊ំស្រី​ និងបង​តុលា​រើ​យក​ឯកសារ​មួយ​ចំនួន ដើម្បី​សិក្សា ទាំង​នោះ​មា​នប្រធានតែ​ង​សេចក្តី… កំណាព្យ​ប៉ុន្មាន​អត្ថបទ សៀវ​ភៅ​សិក្សា​ប៉ុន្មានទៀត និង រឿង​ខ្លីខ្លះ… ដោយ​ពុំបាន​សូម​ការ​អនុញ្ញាត​ពី​បង​ដោយ​ផ្ទាល់។ សង្ឃឹម​ថា​បង​មិន​ខឹង​ទេណា តែ​ទោះ​បី​ជា​យ៉ាង​ណា ប្អូនសូម​សន្យា​នឹង​រក្សា​ឯកសារទាំង​នោះ​ឱ្យ​បាន​ល្អ ហើយ​នឹង​ប្រគល់​ជូន​បង​វិញ​ពេល​បង​ត្រូវការ​។

…. លា​សិន​ហើយ លា​ទាំង​អាល័យ​ណា​បង​ប្រុស…

ខ្ញុំ​ស្រឡាញ់​អ៊ំ​ស្រី ខ្ញុំ​ចាត់​ទុក​ដូច​ជា​ម្តាយ​បង្កើត​របស់​ខ្ញុំ​ដែរ…

Read Full Post »


          ឈន់​ សុភា!

រយៈ​ពេល​យូ​រ​ឆ្នាំ​ហើយ​ដែល​យើង​បែក​គ្នា សុភា! បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ នេះ​ជា​ឆ្នាំ​ទី​១០​ហើយ​ដែល​យើង​បែក​គ្នា។ ថ្វី​បើ​យើង​ជួប​គ្នា​ស្គាល់​គ្នា​តែ​មួយ​ឆ្នាំ តែ​ខ្ញុំ​នៅ​តែ​ចង​​ចាំ​អនុស្សាវរីយ៍​ល្អៗ​​រវាង​យើង​ទាំង​ពីរ​មិន​ដែលភ្លេច​។ សុភា​គឺ​ជា​មិត្ត​ស្រី​ម្នាក់​ដែល​ចង​ចិត្ត​ខ្ញុំ​មិន​ឲ្យ​បំ​ភ្លេច​បាន។ ការ​តស៊ូ​ព្យា​យាម​របស់​សុភា​​ដែល​ត្រលប់​ជា​គ្មាន​ប្រយោជន៍​​ ធ្វើ​ឲ្យ​ខ្ញុំ​ខូចចិត្ត​ជំនួស​សុភា​មិន​តិច​ទេ ហើយ​​នេះ​ជាហេតុ​ផល​​សំខាន់​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​សុភា​បាន។

ចាំ​បាន​ថា​ ថ្ងៃ​ដំបូង​ដែល​យើង​ជួប​គ្នា សុភា​និង​ខ្ញុំ​ដូច​ឆ្កែ​និង​ឆ្មា​អ៊ីចឹង! យើង​ជា​គូ​ប្រជែង​នៅ​ក្នុង​ថ្នាក់! ជា​គូ​ប្រជែង​ដណ្តើម​ប្រជាប្រិយ​ភាព​និង​តំណែង​លេខ​១​នៅ​ក្នុង​ថ្នាក់​ទី​៧​F ក៏​ដូច​ជា​ជួរ​ខ្សែ​ថ្នាក់​ទី​៧​ទាំង​អស់។ ឃើញ​សុភា​ដំបូង​ធ្វើ​ឲ្យ​ខ្ញុំ​អត់​ទ្រាំ​មិន​បាន ដើម្បី​​ស៊ើប​ពី​ប្រវត្តិ​ការ​សិក្សា​របស់​សុភា​នោះ​ទេ ព្រោះ​​បើ​ស្គាល់​ប្រវត្តិ​ច្បាស់​ខ្ញុំ​នឹងងាយ​ស្រួល​ក្នុង​ការ​ត្រៀម​ខ្លួន​​ និង​យុទ្ធសាស្ត្រ​ដើម្បី​ទប់​ទល់​នឹង​សុភា។ ទី​បំផុត​ខ្ញុំ​ក៏​ដឹង​ថាសុភា​ គឺ​ជា​សិស្សពូកែ​​ប្រចាំសាលា​របស់​ខ្លួន ហើយ​​​ទើប​តែ​ផ្លាស់​មក​រៀន​នៅ​វិទ្យាល័យ​សម្តេច​ម៉ែ​ព្រោះ​តែ​សាលា​នោះ​គ្មា​នថ្នាក់​រៀន។ និយាយ​តាម​ត្រង់​ទៅចុះ! ពេល​នោះ​ខ្ញុំ​គ្មាន​អារម្មណ៍​ព្រឺ​រោម​បន្តិច​ទេ ​ទោះ​បី​ជា​ដឹង​ថា​សុភា​គឺ​ជា​សិស្ស​ពូកែ​ប្រចាំ​សាលា​របស់​ខ្លួន​ក៏​ដោយ​ ព្រោះ​ខ្ញុំ​គិត​ថា​សាលា រ​បស់​សុភា​គ្រាន់​តែ​​ជា​សាលាដ៏​​តូច​តាច​​មួយ​ប៉ុណ្ណោះ ដូច្នេះ​កម្រិត​អប់​រំ​ពិត​ជា​ចាញ់​ខ្ញុំ​ជាមិន​ខាន ម្យ៉ាង​ទៀត​ខ្ញុំ​ជា​មនុស្ស​ដែល​មាន​អំនួត ​និង​មោទនភាព​​លើ​ខ្លួន​ឯងស្រាប់​ទៅហើយ មាន​នរណា​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់​ខ្លាច? កុំ​ថា​ឡើយ​គ្រូ​បង្រៀន​ប្រចាំ​ថ្នាក់!

ប៉ុន្តែ​លុះ​ពី​បាន​រៀន​ជាមួយ​គ្នាមួយ​ខែមក​ ​ខ្ញុំ​ក៏​ដឹង​ថាសុភា​គឺ​​ជា​គូ​ប្រកួត​ប្រជែង​ដ៏​មិន​ធម្មតា​មួយ​ ដែល​​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ប្រឹង​រៀន​បន្ថែម​ទៀត ព្រោះ​ខ្ញុំ​ពិត​ជា​មិន​ព្រម​ចាញ់​សុភា​ដោយ​ងាយ​ៗ​នោះទេ។ ដោយ​សារ​តែ​ចង់​ឈ្នះ​ចង់​ចាញ់​សុភា ខ្ញុំ​ក៏​បាន​ក្លាយ​ជាសិស្ស​ពូកែ​ម្នាក់​ដែល​មិន​ត្រឹម​តែ​ពូកែ​នៅ​ក្នុង​ថ្នាក់ តែ​ជាម្នាក់​ដែល​មាន​ពិន្ទុ​ឆមាស​ល្អ​ឥត​ខ្ចោះ​លើស​សិស្សនានា​នៅក្នុង​សាលា។ មួយ​ដំណាច់​ឆ្នាំ​សិក្សា​ខ្ញុំ​ទទួល​បាន​លេខ​១​រហូត​ដែល​លទ្ធផល​នេះ​​​ធ្វើ​ឲ្យ​សុភា​ពាក់​មុខយក្ស​ដាក់​ខ្ញុំ​មិន​លែង។

តែ​ដឹង​ទេ? ខ្ញុំ​ចូលចិត្ត​ឃើញ​សុភា​ខឹង​បែបនេះ ព្រោះ​កាន់​តែ​ខឹង​កាន់​តែ​ស្រស់ កាន់​តែ​ខឹង​កាន់​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ក្នាញ់ ហេតុ​ដូច្នេះ​ហើ​យ​ ទើប​ខ្ញុំ​តែង​តែ​រក​រឿ​ង​អាក្រក់ៗ​មក​និយាយ​នឹងសុភា​ ដើម្បី​ឲ្យ​សុភា​ខឹង​ហើយ​ខ្ញុំ​បាន​សប្បាយ​ចិត្ត។ ចាំ​បាន​ថា​ ពេល​នោះ​បើ​ខ្ញុំ​មិន​បាន​ឈ្លោះ​គ្នា​ជាមួយ​សុភា​ទេ ខ្ញុំ​ពិត​ជា​​ញ៉ាំ​បាយ​មិន​ឆ្ងាញ់​ពិត​មែន។ សុភា​ធ្វើ​ឲ្យខ្ញុំ​ចង់​មក​សាលា​ដើម្បី​​មាន​គ្នា​ឈ្លោះ​ជាមួយ​ សុភា​ធ្វើ​ឲ្យ​ខ្ញុំ​ដើរ​ញញឹម​ ដេក​ញញឹម​នៅ​ពេល​នឹក​ឃើញ​មុខ​យក្ស​ ដែល​ចាញ់​គេ​ហើយ​នៅ​តែ​ប្រកែក​យក​ឈ្នះ។

តែ​គួរ​ឲ្យ​សោកស្តាយ ព្រហ្ម​លិខិ​ត​ហាក់​ដូច​ជា​ធ្វើ​បាប​មនុស្ស​លោក​ណាស់។ មនុស្ស​ដែល​ចង់​រៀន​ ព្យាយាម​ហើយ​ពុះ​ពារ​ដើម្បី​ការ​សិក្សា​ត្រលប់​ជា​គ្មាន​វាសនា​រៀន​ទៅវិញ។ ដើម​ឆ្នាំ​សិក្សា​​ថ្នាក់​ទី​៨​យើង​បាន​រៀន​ជាមួយ​គ្នា​ទៀត គឺ​ពេល​នោះ​យើង​រៀន​នៅ​ថ្នាក់ទី​៨​គ ដែល​ជា​ថ្នាក់គំរូ។ មិន​បាន​មួយ​ខែ​ពេញ​លេញ​ផង​ក្រោយ​ពី​បាត់​សុភា​ទៅ​មួយ​អាទិត្យ​ ស្រាប់​តែ​សុភា​ត្រលប់​មក​វិញ​ជា​មួយ​នឹង​សៀវភៅ​ខ្ចី​របស់​សាលា ដោយ​យក​សៀវភៅ​ទាំង​នោះ​មក​សង​សាលា​វិញ ព្រោះ​សុភា​លែង​មាន​វាសនា​បាន​រៀន​ទៀត​​ហើយ​។ ពេល​នោះ​ខ្ញុំ​នឹក​ស្ងើច​សុភា​មែនទែន ព្រោះ​ខ្ញុំ​ឃើញ​ច្រើន​គ្នា​មក​ហើយ​ដែល​ឈប់​រៀន​ទៅ​មិន​ដែល​​នឹក​ចង់​យក​សៀវភៅ​មក​សង​សាលា​វិញ​ទេ គឺ​មាន​តែ​ស៊ីដាច់ហើយ​ខ្លះ​ទៅ​ទារ​ដល់​ផ្ទះ​ហើយ​ក៏​មិន​​ឲ្យ​ទៀត។ តែ​សុភា​ជា​មនុស្ស​មាន​មនសិការ​ខ្ពស់ ឈប់​រៀន​តែ​មិន​ចង់​ឲ្យ​អ្នក​ដទៃ​គ្មាន​សៀវភៅ​រៀន​ទើប​យក​សៀវភៅ​មក​សង​សាលា​វិញ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​ខ្ញុំ​គ្រាំ​គ្រា​ចិត្ត​ខ្លាំងណាស់ ជា​ថ្ងៃ​ដែល​ខ្ញុំ​បាត់​គូ​​​ប្រជែង​ម្នាក់​ទៅ ជា​ថ្ងៃ​ដែល​សត្រូវការ​សិក្សារបស់​ខ្ញុំលែង​មាន​ឈ្មោះ​នៅ​លើ​សមរភូមិ​ទៀត។ បើ​សុភា​ទៅ​តើ​នៅ​មាន​នរណា​ឈ្លោះ​ជាមួយ​ខ្ញុំ​ទៀត? សុភា​ទៅ មាន​នរណា​ដណ្តើម​ឆ្លើយ​សំណួរ​គ្រូ​ជាមួយ​ខ្ញុំ? ខ្ញុំ​រលីង​រលោង​ទឹក​ភ្នែក​នៅ​ពេល​ដែល​ឃើញ​សុភា​យំ​លា​មិត្ត​ភក្តិ… លើក​ទី​១​ដែល​ខ្ញុំ​ឃើញ​សុភា​​បង្ហាញ​ភាព​ទន់​ជ្រាយ​នៅ​ចំពោះ​មុខខ្ញុំ! ខ្ញុំ​ធ្លាប់​តែ​ឃើញ​សុភា​រឹង​មាំ​ ធ្លាប់​តែ​ឃើញ​សុភា​រឹង​ប៉ឹង​ប្រកែក​តតាំង​   ដណ្តើម​​យក​​ឈ្នះ​ខ្ញុំ តែ​ពេល​នេះ​ភាព​ទន់​ជ្រាយ​របស់​សុភា​​ធ្វើ​ឲ្យ​បេះ​ដូង​ខ្ញុំ​ស្ទើរ​តែ​គាំង​ឈប់​ដើរ​នៅ​មួយ​កន្លែង។ ហេតុ​អ្វី​សុភា​ឃ្លាត​ទៅ​ឆាប់​យ៉ាង​នេះ? ខ្ញុំ​​ពិត​ជា​ស្តាយ​ក្រោយ​ណាស់​ ដែល​មិន​បាន​និយាយ​ល្អ​ៗ​​ជាមួយ​សុភា​ក្រៅ​ពី​សម្តី​ទ្រគោះ​បោះ​បោក ចាក់​ដោត​បង្អាប់​យក​ឈ្នះ​យក​ចាញ់… តែ​ដឹង​ទេ? ខ្ញុំ​មិន​ដែល​ស្អប់​ខ្ពើម​សុភា​ម្តង​ណាទេ! យើង​ជាសត្រូវក្នុងការ​សិក្សា តែ​ជា​មនុស្ស​ដែល​ជិត​ស្និទ្ធ​នឹង​គ្នា​បំផុត​នៅ​ក្នុង​ន័យ​មិត្ត​ភាព! ក្នុង​ជម្រៅ​ចិត្ត​ជ្រៅៗ… យើង​គឺ​ជា​កល្យាណ​មិត្ត!!

ហេតុ​ផល​ដែល​សុភា​ឃ្លាត​ទៅ ​គឺ​ព្រោះ​តែ​ជីវភាព​នៅ​ក្នុង​គ្រួសារ។ ឪពុក​ម្តាយ​សុភា​ត្រូវទៅ​ធ្វើ​ស្រែ​បាត់​ៗ​គ្មាន​នរណា​នៅ​មើល​ផ្ទះ​ថែ​ទាំ​ប្អូន​និង​ជីដូន​ចាស់​ជរា។ ដូច្នេះ​សុភា​ត្រូវ​ទទួល​ភារៈ​នេះ​ដោយ​ខាន​មិន​បាន។ ក្នុង​នាម​ខ្ញុំ​ជា​មិត្ត​ តើ​ខ្ញុំ​​អាច​ជួយ​អ្វី​បាន? ខ្ញុំ​ពិត​ជា​ចង់​ជួយ​ណាស់ តែ​ក្មេង​វិទ្យាល័យ​ថ្នាក់​ទី​៨​ម្នាក់ តើ​មាន​លទ្ធភាព​ទៅ​ជួយ​អ្វីកើត? ក្រៅ​ពី​សន្តាន​ចិត្ត​ គំនិត​យោបល់ គឺ​ខ្ញុំ​ពិត​ជា​គ្មាន​អ្វី​ពិត​មែន… សុំ​ទោស! សុំ​ទោស​ណា​មិត្ត​សម្លាញ់!!

ខ្ញុំ​សន្យា​ថា​​​ថ្ងៃ​​ណា​មួយ​ដែល​​ខ្ញុំ​មាន​លទ្ធភាព​គ្រប់​គ្រាន់​ ខ្ញុំ​​នឹង​​តាម​រក​សុភា​​​រួម​ទាំង​មិត្ត​ចាស់​ៗ​​​ដទៃ​ទៀត​ឲ្យ​ទាល់​តែជួប!

ពី​ខ្ញុំ

សួង​ម៉ាក់

Read Full Post »