Feeds:
ប្រកាស
មតិ

Archive for the ‘សបប. លាវ’ Category


សួង ម៉ាក់៖ កុំ​គិត​ថា​ ទៅ​សិក្សា​នៅ​ឡាវ​ខ្លាច​អត់​ការងារ​ធ្វើ

និស្សិត​ខ្មែរ​ភាគ​ច្រើន​មិន​ចង់​បាន អាហារូបករណ៍ ទៅ​សិក្សា​នៅ​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ស្មើ​ ឬ​ទាប​ជាង​​​កម្ពុជានោះ​​ទេ​ ដោយ​គេ​គិត​ថា​សញ្ញាប័ត្រ​ចេញ​ពី​ប្រទេស​នោះ​នឹង​មិន​សូវ​មាន​តម្លៃ​ នាំ​ឲ្យ​ពិបាក​រក​ការងារ​ធ្វើ។ ប៉ុន្តែ​យុវជន​ សួង​ ម៉ាក់ ​អាយុ​២៧​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម​ ទើប​ត្រឡប់​មក​ដល់​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​ បន្ទាប់​​ពី​ចំណាយ​ពេល​សិក្សា​អក្សរ​សាស្ត្រ​ឡាវ​ នៅ​សាកល​វិទ្យាល័យ​ជាតិ​ឡាវ​ (National University of Laos) អស់​រយៈពេល​៥​ឆ្នាំ​បាន​ច្រានចោល​ទស្សនៈ​នោះ។

រហូត​មក​ដល់​ពេល​នេះ​ តើ​សញ្ញាប័ត្រ​មក​ពី​ប្រទេស​ឡាវ​​អាច​ឲ្យ ​សួង​ ម៉ាក់ ​រក​បាន​ការងារ​អ្វី​ធ្វើ​ហើយ ឬ​នៅ? ថ្ងៃ​នេះ​ គេហទំព័រ​ Sabay​ បាន​សាក​សួរ​យុវជន​រូប​នេះ​ ដែល​មាន​ក្នុង​បទ​សម្ភាសន៍​ដូច​តទៅ៖

Sabay៖ តើ​ ម៉ាក់​ ដឹង​ដំណឹង​​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ដោយរបៀប​​ណា? ហើយ​ធ្វើ​ម៉េច​ទើប​ទទួល​បាន​អាហារូបករណ៍​នេះ?
សួង ម៉ាក់៖ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ មាន​កន្លែង​ផ្ដល់​ដំណឹង​ទាក់​ទង​នឹង​អាហារូបករណ៍។ ខ្ញុំ​ដឹង​ដំណឹង​អាហារូបករណ៍​នេះ​ពី​មិត្ត​ខ្ញុំ​មក។

ដើម្បី​ទទួល​បាន​អាហារូបករណ៍​នេះ ​និស្សិត​ត្រូវ​​ប្រឡង​លើ​មុខ​វិជ្ជា​ពីរ​វិញ្ញាសា​ គឺ​​អក្សរ​សាស្ត្រ​ខ្មែរ​ និង​​ចំណេះ​ដឹង​វប្បធម៌​ទូ​ទៅ។ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​របស់​យើង​ជា​អ្នក​រៀប​ចំ​ ដោយ​​ជ្រើស​រើស​តែ​៦​នាក់​ទេ​ ហើយ​អ្នក​ជាប់​ត្រូវ​រៀន​អក្សរ​សាស្ត្រ​ឡាវ​​ កាល​នោះ។ បច្ចុប្បន្ន​ក្រសួង​រើស​ដល់​ទៅ​​១០​នាក់​ ហើយ​បេក្ខជន​​អាច​ជ្រើស​រើស​រៀន​ សេដ្ឋកិច្ច​ គណនេយ្យ​ វិស្វករ​ ឬ​កុំព្យូទ័រ​បាន​ តែ​​ក្រសួង​ក៏​បាន​បន្ថែម​មុខ​វិជ្ជា​ប្រឡង​ដែរ​ ដូច​ជា​ គណិតវិទ្យា និង​ភាសា​អង់គ្លេស​ជា​ដើម។

Sabay៖ មុន​ពេល​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ តើ​ ម៉ាក់​ កំពុង​ធ្វើ​អ្វី?
សួង ម៉ាក់៖ ពេល​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ ខ្ញុំ​កំពុង​សិក្សា​ថ្នាក់​ឆ្នាំ​ទី​មួយ​ផ្នែក​អក្សរ​សាស្ត្រ​ខ្មែរ​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រួច​ទៅ​ហើយ​ ដូច្នេះ​អាហារូបករណ៍​នោះ ​គឺ​ត្រូវ​នឹង​ជំនាញ​ខ្ញុំ​ស្រាប់។

Sabay៖ ហេតុ​អ្វី​បាន​ជា​ចង់​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ ខណៈ​និស្សិត​ជា​ច្រើន​ប្រាថ្នា​ចង់​​ទៅ​សិក្សា​នៅ​ប្រទេស​អភិវឌ្ឍ​ច្រើន​ជាង?
សួង​ ម៉ាក់៖ តាម​ពិត​ទៅ​ ខ្ញុំ​ស្រឡាញ់​មុខ​វិជ្ជា​អក្សរ​សាស្ត្រ​ខ្មែរ​ ដែល​ខ្ញុំ​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ណាស់​ ប៉ុន្តែ​ដោយសារ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​រ៉ាប់​រង​​ការ​ចាយ​វាយ​ផ្សេង​ៗ​ ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​នោះ​តែ​ម្ដង​ ដើម្បី​បន្ធូរ​បន្ទុក​ក្នុង​គ្រួសារ​ខ្ញុំ ​ឯ​ខេត្ត​កំពង់​ចាម។

Sabay៖ តើ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​ឡាវ​​យ៉ាង​ម៉េច​ដែរ? 
សួង ម៉ាក៖ នៅ​ប្រទេស​លាវ ​និស្សិត​បរទេស​ត្រូវ​រៀន​៦​ឆ្នាំ​ ដោយ​រាប់​ទាំង​រៀន​​ត្រៀម​​ភាសា​លាវ​មួយ​ឆ្នាំ​ផង​ ព្រោះ​បរិញ្ញាបត្រ​នៅ​ស្រុក​ឡាវ​​ និស្សិត​ត្រូវ​រៀន​៥​ឆ្នាំ។ បច្ចុប្បន្ន​ ឡាវ​បាន​ប្ដូរ​មក​រៀន​៤​ឆ្នាំ​ដូច​ខ្មែរ​ដែរ​ ដូច្នេះ​និស្សិត​ដែល​ទៅ​​រៀន​នៅ​ទី​នោះ​ ត្រូវ​រៀន​តែ​៥​ឆ្នាំ​ រាប់​ទាំង​រៀន​ត្រៀម​ភាសា​ឡាវ​ផង។

Sabay៖ ចុះ​សម្រាប់​ការ​រស់​នៅ​ប្រទេស​ឡាវ​​វិញ​ មាន​បញ្ហា​ប្រឈម​អ្វី​ខ្លះ?
សួង​ ម៉ាក់៖ នៅ​ប្រទេស​ឡាវ​ ប្រជាជន​រួសរាយ​រាក់​ទាក់​ និង​មាន​ប្រពៃណី​ របៀប​របប​រស់​នៅ​ដូច​ខ្មែរ​យើង​ដែរ​ ហើយ​សន្តិសុខ​ទៀត​សោត​ក៏​ល្អ​ ដូច្នេះ​ខ្ញុំ​អាច​សម្រប​ខ្លួន​រស់​នៅ​បាន​យ៉ាង​ងាយ​ស្រួល​នៅ​ទី​នោះ។

Sabay៖ ក្រោយ​ពី​ត្រឡប់​មក​ពី​ឡាវ​​វិញ​ តើ​ជំនាញ​ដែល​រៀន​នៅ​ទី​នោះ​ជួយ​ធ្វើ​ឲ្យ​ ម៉ាក់​ ស្រួល​ក្នុង​ការ​រក​ការងារ​ធ្វើ​ទេ?
សួង ម៉ាក់៖ ជំនាញ​ដែល​ខ្ញុំ​សិក្សា​នៅ​ប្រទេស​ឡាវ​​ គឺ​ពិត​ជា​មាន​អត្ថប្រយោជន៍​ណាស់។ ពេល​មក​ដល់​ស្រុក​ខ្មែរ​ភ្លាម​ ខ្ញុំ​ត្រូវ​បាន​គេ​ទាក់​ទង​ផ្ដល់​ការងារ​ក្រៅ​ម៉ោង​ឲ្យ​ភ្លែត។ បច្ចុប្បន្ន​ ខ្ញុំ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ឲ្យ​ក្រុម​ហ៊ុន​ O | Orange ដែល​ផ្ដល់​សេវា​រៀប​ចំ​កម្ម​វិធី​ ទទួល​ថត​ស្ពត​ ថត​កុន​ខ្នាត​ខ្លី ឬ​ចម្រៀង​ជា​ដើម​ ក្នុង​តួនាទី​ជា​ Copywriter។ ខ្ញុំ​បាន​ប្រើ​ប្រាស់​ភាសា​ឡាវ​​ សម្រាប់​បក​ប្រែក​ឯកសារ​​ផ្សេង​ៗ​ជា​ភាសា​ថៃ​ ក្នុង​កិច្ច​ការងារ​បច្ចុប្បន្ន​របស់​ខ្ញុំ។

Sabay៖ ចុះ​បើ​និស្សិត​ខ្មែរ​ណា​ចង់​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ដូច​អ្នក​ដែរ​ តើ​អ្នក​មាន​អ្វី​ជា​ការ​ណែ​នាំ​ទេ?

សួង ម៉ាក់៖ ខ្ញុំ​​មិន​​មាន​បទ​ពិសោធន៍​ ចំពោះ​​ការ​ដាក់​ពាក្យ​សុំ អាហារូបករណ៍ ​ទៅ​សិក្សា​សហរដ្ឋ​អាមេរិក នោះ​ទេ​ ប៉ុន្តែ​ជា​យោបល់​រួម​របស់​ខ្ញុំ​ អាហារូបករណ៍​ទៅ​ប្រទេស​ណា​ក៏​ដោយ​ សាមី​ខ្លួន​ត្រូវ​ស្គាល់​ខ្លួន​ឯង​ឲ្យ​ច្បាស់​ថា ​​ខ្លួន​ឯង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ហើយ ​ឬ​នៅ​ ដើម្បី​ដាក់​អាហារូបករណ៍​នោះ។ បើ​មិន​ទាន់​មាន​ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ខ្លួន។ នៅ​ពេល​​ពង្រឹង​សមត្ថភាព​បាន​គ្រប់​គ្រាន់​ហើយ​(3.00/4.00 GPA, 6-6.5 IELTS, 550-570​TOEFL) និង​ជឿ​ជាក់​ថា​ខ្លួន​ឯង​អាច​ធ្វើ​បាន​ ទោះ​ជា​អាហារូបករណ៍​ប្រទេស​ណា​ក៏​ដោយ​ នឹង​មិន​ជា​ការ​ពិបាក​ទេ។

ចំពោះ​អាហារូបករណ៍​ទៅ​ប្រទេស​ឡាវ​ក៏​ដូច​គ្នា។ ដំបូង​ត្រូវ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​លើ​អ្វី​ដែល​ក្រសួង​ត្រូវ​ការ។ មុខ​វិជ្ជា​ណា​ដែល​​ក្រសួង​តម្រូវ​ឲ្យ​ប្រឡង​ ត្រូវ​​ខិត​ខំ​រៀន​ ​រម្លឹក​ និង​ស្វែង​យល់​​ពី​មុខ​វិជ្ជា​នោះ​ឲ្យ​ច្បាស់​ ឬ​ស្វះ​ស្វែង​រក​វិញ្ញា​សា​ដែល​ធ្លាប់​ប្រឡង​ចេញ​ឆ្នាំ​មុន​ៗ ដើម្បី​ត្រៀម​ខ្លួន​​បាន​កាន់​តែ​ងាយ​ស្រួល​។ នៅ​ពេល​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​បាន​គ្រប់​គ្រាន់​ហើយ​ និង​ជឿ​ជាក់​ថា​ ខ្លួន​ឯង​ពិត​ជា​អាច​​ធ្វើ​បាន​ អ្វី​ៗ​នឹង​ដំណើរ​​ការ​យ៉ាង​ស្រួល៕

អត្ថបទ៖ មាស រ័ត្ន

ប្រភព៖ http://news.sabay.com.kh/articles/436623

 

Read Full Post »


ផ្កាយ​NoVeLs*– បុក​ល្ហុង​លាវ​​ មាន​រស​ជាតិ និង​ លក្ខណៈ​ប្លែកៗ​គ្នា ​ទៅតាម​តំបន់​ ក្នុង​​បណ្តាខេត្ត​នានា​របស់​ប្រទេស​។

បុក​ល្ហុង​នៅ​​ខេត្ត​ហ្លួង​ព្រះ​បាង ​ឬ​ភាគ​ខាង​ជើង​នៃ​ប្រទេស ​​ចូលចិត្ត​ប្រើ​ប្រហុក​ឆៅ​ ឬ​ប្រហុក​សាច់​ទាំង​មូល​ៗ ចំណែក​ចំនួន​ម្ទេស​ដែល​ដាក់​គឺ​រាប់​តាម​ចំនួន​អាយុ​អ្នក​បរិភោគ​។ ចំពោះ​​ល្ហុង​ដែលគេ​​ប្រើ​បុក​ មិន​និយម​​សាប់​ ឬ​ឈូស​ល្អិត​ៗ​ទេ គឺ​គេ​ចិត​ជា​បន្ទះ​ស្តើង​ៗ​ស្រដៀង​នឹង​ការ​ចិត​ដាក់​ម៉ាំ​ ឬ​ផ្អក​ត្រី​ល្អិត​នៅ​ស្រុកខ្មែរ​យើង​។

បុក​ល្ហុង​នៅ​ហ្លួង​ព្រះ​បាង​

បុក​ល្ហុង​នៅ​ភាគ​កណ្តាល​ ឬ​នៅ​​​ក្រុង​វៀង​ចន្ទ​ន៍​ ចូលចិត្ត​ប្រើ​ទឹក​ត្រី​ ឬ​ប្រហុក​ស្ងោ​ឆ្អិន​ដែល​​ផ្សំ​គ្រឿង​ទេស​ជា​ស្រេច​ មាន​លក្ខណៈរាវ​ខាប់​ស្រដៀង​ទឹកកាប៉ិ​នៅ​ស្រុក​ខ្មែរ​។ ល្ហុង​ដែល​ប្រើ​បុក​​ត្រូវ​សាប់​ថ្មី​ៗ​ដោយ​ប្រើ​កាំ​បិត​ មិន​និយម​ឈូស​សរសៃ​ស្តើង​វែងៗ​ដូច​ខ្មែរ​។ បើ​ចង់​ទទួល​ទាន​បុក​ល្ហុង​ឆ្ងាញ់​នៅ​វៀងចន្ទន៍​ ត្រូវ​ប្រាប់​គេ​មុន​ថា បុក​បែប​លាវ បើ​មិន​ដូច្នោះ ​នៅពេល​គេឃើញ​យើងជា​ជន​បរទេស​ គេ​នឹង​បុក​(បែប​ជន​បរទេស​) ដោយ​ដាក់​តែ​ទឹក​ត្រីសុទ្ធ​​ ហើយ​រស​ជាតិ​ដូចញាំ​អ៊ីចឹង​ មិនឆ្ងាញ់​ទេ​។

បុក​ល្ហុង​នៅ​ករុង​វៀង​ចន្ទន៍​

បុកល្ហុង​នៅ​ភាគ​ខាង​ត្បូង​ ឬ​​ក្នុង​ក្រុង​ប៉ាក​សេ ខេត្ត​​ចម្ប៉ាសាក់ ដែល​នៅ​ជាប់​​ព្រំដែន​ខ្មែរ​ និយម​ដាក់​ក្តាម​ប្រៃ​ និង​សណ្តែក​ដី​ដូច​ខ្មែរ​ដែរ។ ល្ហុង​ដែលបុក អាច​​សាប់ ឬ​ឈូស​តាម​ការ​និយម​ចូលចិត្ត​របស់ម្នាក់ៗ​។

បុក​ល្ហុង​សម្រាប់​ជន​បរទេស(ដាក់​ទឹក​ត្រី)

ប្រជាជន​លាវ​ មិន​និយម​​ឈូស​ល្ហុង​ក្លាស្សេ​ទុក​ដូច​ខ្មែរ​ទេ ព្រោះ​គេ​ជឿ​ថា ធ្វើ​ដូច្នោះ​នឹងធ្វើ​ឲ្យ​រស​ជាតិ​ល្ហុង​ដែល​បុក​​ថយ​ចុះ​ មិន​ឆ្ងាញ់ ​និង​ស្រស់​ ដូច​សាប់​ឬ​ឈូស​ថ្មីៗទេ​​។ ដូច្នេះ​នៅពេល​មាន​មនុស្ស​ទៅទិញ​​បុក​ល្ហុង​ ទើប​គេ​ចាប់​ផ្តើម​សាប់ និង​ឈូសក្នុង​ពេល​នោះ​តែ​ម្តង​។​ បុក​ល្ហុង​លាវ​ ចូលចិត្ត​ដាក់​ផ្លែ​ពោន​​(ស្រដៀង​ផ្លែ​ម្កាក់, លាវ​ហៅ​ថា ម្កាក់​គោក​ ឯ​ម្កាក់​ដែល​យើង​បរិភោគ​​ជា​ម្ជូរ​សព្វ​ថ្ងៃ​ ​ហៅ​ថា​ ម្កាក់​ទឹក​) និង ​ត្រប់​ក្អែក​(?, ត្រប់​លឿង​តូចៗ​ ​មាន​រស​ជាតិ​ជូរ និង​គ្រាប់​ច្រើន​) ដែល​មិន​ឃើញ​មាន​ដាក់​នៅ​ក្នុង​បុកល្ហុង​ខ្មែរ​។ រស​ជាតិ​ជូរ​ចត់ របស់​ផ្លែ​ពោន​ និង ត្រប់​ក្អែក(?) ធ្វើ​ឲ្យ​បុក​ល្ហុង​លាវ​មាន​រស​ជាតិ​ឆ្ងាញ់​ប្លែក​ខុស​ពី​បុក​ល្ហុង​ខ្មែរ​។

ខ្ញុំ​ជឿ​ និង​ហ៊ាន​អះអាង​ថា បុក​ល្ហុង​លាវ​ គឺ​ជា​ដើម​កណើត​នៃ​បុក​ល្ហុង​ទាំងអស់​នៅ​អាស៊ីអាគ្នេយ៍​​នេះ​ ពិសេស​​ ខ្មែរ​ និង​ ​ថៃ​។

Read Full Post »


Read Full Post »


ផ្កាយNoVeLs*– ចេកអាំងខ្មែរចូលចិត្តដំជាបន្ទះសំប៉ែតស្តើងៗ ឬទុកទាំងមូលក៏បាន តែយ៉ាងណាក៏ត្រូវលាបទឹកអំបិលឲ្យមានរសជាតិប្រៃលមៗដែរ ដើម្បីបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់។

ខុសប្លែកពីខ្មែរចេកអាំងលាវ មិននិយមដំឲ្យសំប៉ែតនោះទេ គឺអាំងទាំងមូល ទទួលទានទាំងមូល។ ម្យ៉ាងទៀតចេកអាំងលាវក៏មិននិយមលាបទឹកអំបិលដែរ ហើយនៅពេលខ្ញុំប្រាប់មិត្តភក្តិលាវថា ហេតុអ្វីមិនលាបទឹកអំបិលផងទៅ ដើម្បីឲ្យប្រៃលមៗកាន់តែឆ្ងាញ់? ពួកគេតែងតបមកវិញយ៉ាងខ្លីថា ពែក! (ចម្លែកម្ល៉េះ!)

ពិសេសជាងនេះទៅទៀត ចេកអាំងលាវខ្លះ និយមវះពោះកណ្តាល ហើយញាត់ដូងដែលច្របាច់ជាមួយស្ករជាស្នូល ពេលទទួលទានឆ្ងាញ់ប្លែកម្យ៉ាងដែរ។

P.S: ចេកអាំងនៅអឺរ៉ុប ចូលចិត្តញាត់សូកូឡា, សណ្តែកដី, និងគ្រាប់ផ្លែឈើម្យ៉ាងទៀត ដែលខ្ញុំភ្លេចឈ្មោះ។

Read Full Post »


ដូចអាចារ្យអ៊ីចឹង! 😉

ផ្កាយNoVeLs*– ព្រឹកមិញថ្ងៃកំណើតមិត្តភក្តិ គេបបួលទៅដាក់បាត្រ ក៏ទៅដាក់នឹងគេ។ គ្រប់យ៉ាងមិត្តភក្តិលាវរៀបចំឲ្យទាំងអស់ គ្រាន់តែចាំដាក់បាត្រប៉ុណ្ណោះ។ គ្រឿងប្រដាប់សម្រាប់ដាក់បាត្រដែលគេរៀបចំឲ្យមានដូចជា ជើងពានមួយដែលចំណុះទៅដោយ បាយដំណើបមួយស្នុក ទឹកមួយកូនដប នំជាងដប់កញ្ចប់ និងកន្សែងពានាមួយ។

គ្រឿងប្រដាប់ដែលមិត្តភក្តិលាវរៀបចំឲ្យដាក់បាត្រ

ការដាក់បាត្រនៅលាវ គេទម្លាប់ក្រាលកន្ទេលចាំព្រះសង្ឃនៅលើដងផ្លូវ។ នៅពេលឃើញព្រះសង្ឃនិមន្តមកពីចម្ងាយ គេនឹងលើកជើងពានដែលជាធម្មតាមាន បាយដំណើបមួយស្នុក នំកញ្ចប់ និងក្រដាសប្រាក់ប្រាំរយគីបមួយចំនួន លើកផ្សងឧទ្ទិសមគ្គផលជូនដល់បុព្វការីជន។ ពេលព្រះសង្ឃនិមន្តមកដល់ក៏ចាប់ផ្តើមពូតបាយដំណើបដាក់នៅក្នុងបាត្រលោក ព្រមជាមួយនំចំណីនិងម្ហូបអាហារ(កម្រឃើញមានដាក់ម្ហូបព្រមជាមួយគ្នាណាស់)។

ក្រាលកន្ទេលចាំព្រះសង្ឃ

ក្រោយពេលដាក់បាត្ររួច ព្រះសង្ឃអង្គនីមួយៗ នឹងគង់ចាំអង្គផ្សេងៗទៀត លុះត្រាតែទទួលចង្ហាន់បានគ្រប់អង្គ ទើបចាប់ផ្តើមសូត្រធម៌ព្រមគ្នា ដែលមានរយៈចម្ងាយប្រហែលមួយម៉ែត្រពីអ្នកដាក់បាត្រ រួចទើបនិមន្តចាកចេញទៅ។ ចំណែកអ្នកដាក់បាត្រ ពេលព្រះសង្ឃកំពុងសូត្រធម៌ ដៃឆ្វេងលើកសំពះ ឯដៃស្តាំលើកកូនដបច្រូចទឹកទៅលើដី។ ក្រោយពេលព្រះសង្ឃចាកចេញទៅ គេនឹងយកបាយដំណើបដែលនៅសល់ ពូតជាដុំតូចៗ ហើយយកទៅបិទនឹងដើមឈរធំនៅក្បែរបរិវេណនោះ រួចយកទឹកច្រូចគល់ឈើជាកិច្ចបង្ហើយការដាក់បាត្រ។ ឯវំ៚ 😀

តាដាំ(នេត្រាខ្មៅ) មិត្តភក្តិដែលមានថ្ងៃខួបកំណើតថ្ងៃនេះ

ពំនូតបាយដំណើបដែលបិតនឹងដើមឈើ

ពំនូតបាយដំណើបជាប់នឹងដើមឈើ ជាទស្សនីយភាពដ៏គួរឲ្យចាប់ចិត្តមួយនៅលាវ

ច្រូចទឹកនៅគល់ឈើ ក្រោយពីដាក់បាត្រ និងបិទបាយដំណើបតាមដើមឈើរួច

»»» អត្ថបទទាក់ទង៖ ព្រះសង្ឃនិមន្តបិណ្ឌបាត្រ

Read Full Post »


ខ្ញុំជានិស្សិតខ្មែរម្នាក់ ដែលមកបន្តការសិក្សានៅប្រទេសលាវដ៏ស្ងប់សុខមួយនេះ។ បាយដំណើបនិងបុកល្ហុងនៅទីនេះឆ្ងាញ់ជាប់ចិត្ត និងស្អិតជាប់ទាំងបេះដូង។ រៀងរាល់ចុងសប្តាហ៍ខ្ញុំចូលចិត្តជិះឡានក្រុងពីរដ្ឋធានីវៀងចន្ទន៍ ទៅចាំងហ្វាត់ណងខាយប្រទេសថៃ ដើម្បីទៅរកទិញសៀវភៅមួយចំនួនដែលគ្មានលក់នៅប្រទេសលាវ។ ថ្ងៃនេះក្រោយពេលធ្វើដំណើរត្រឡប់ពីប្រទេសថៃវិញ ខ្ញុំក៏ឆ្លៀតឈប់នៅពាក់កណ្តាល ផ្លូវដើម្បីចុះមើលរូបសំណាក និងពុទ្ធបដិមានានានៅវត្តសៀងឃួន ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយរបស់អ្នកក្រុងវៀងចន្ទន៍ និងប្រជាជននានាមកពីប្រទេសថៃ។

រសៀលជ្រេបន្តិច ក្រោយពីដើរទស្សនារូបសំណាកបុរាណអស់ចិត្តអស់ចង់ហើយ ខ្ញុំក៏មកឈរនៅមាត់ផ្លូវ ដើម្បីរង់ចាំរថយន្តក្រុង សំដៅទៅរដ្ឋធានីវៀងចន្ទន៍វិញ។ នៅប្រទេសលាវ ឲ្យតែល្ងាចបន្តិច គឺអត់ឡានជិះហើយ ដូច្នេះខ្ញុំមិនបណ្តែតបណ្តោយឲ្យល្ងាចជ្រុលទេ។ ខណៈពេលដែលខ្ញុំកំពុងរង់ចាំក៏មានរថយន្តក្រុងក្នុងស្រុកមួយ ធ្វើដំណើរពីវៀងចន្ទន៍ សំដៅទៅស្ពានមិត្តភាពលាវ-ថៃ ដែលជាទិសដៅផ្ទុយពីខ្ញុំ។ រំពេចនោះ រថយន្តក្រុងដែលមានមនុស្សប្រជ្រៀតគ្នាឈរផងអង្គុយផង ក៏ឈប់នៅឆ្ងាយពីខ្ញុំប្រមាណជា១០ម៉ែត្រ។ ដូនចាស់ម្នាក់ ខំប្រឹងទប់ខ្លួនញញីញញ័រចុះពីឡានក្រុង ហើយដើរសំដៅមកកន្លែងដែលខ្ញុំឈរយ៉ាងយឺតៗ។

«ចៅអើយ… តើឡានក្រុងជើងថ្មី ពេលណាទើបមកដល់?» ស្ត្រីជរាម្នាក់នោះសួរខ្ញុំ ទើបខ្ញុំសួរបញ្ជាក់ទៅគាត់វិញ។

«ចុះលោកយាយអញ្ជើញទៅណា?»

«ស្ពានមិត្តភាពលាវ-ថៃ…»

ឮចម្លើយគាត់ ខ្ញុំបើកភ្នែកធំៗ ឧទានឡើងស្ទើរភ្លាត់សំឡេង។

«អ្ហ៎ា!!! គឺឡានដែលលោកយាយទើបតែចុះអម្បាញ់មិញនោះអី!»

«អឺ…» ដូនចាស់ឆ្លើយមកវិញយ៉ាងស្ទាក់ស្ទើរទំនងជាខ្មាសអៀន «គឺ… នៅលើឡានអម្បាញ់មិញមានក្មេងកំលោះពិការជើងម្នាក់ឡើងមកជិះ តែគ្មាននរណាក្រោកឲ្យគ្នាអង្គុយសោះ។ យាយដឹងថា បើមនុស្សចាស់ជរាដូចយាយក្រោកឲ្យគ្នាអង្គុយ គ្នាច្បាស់ជាអៀនមិនខាន ទើបយាយធ្វើជាចុះនៅត្រង់នេះ តែម្តងទៅ។ លុះយាយចុចកណ្តឹងឲ្យឡានឈប់ គ្នាក៏អាចដើរមកអង្គុយនៅកន្លែងរបស់យាយបាន ដោយមិនបាច់ទើសទាល់ ឬខ្លាចចិត្តអ្វី។ ចំណែកយាយ… អឺ… ក្រែងឡានក្រុងមានរាល់តែម៉ោងតើ មែនទេ ចៅប្រុស?…»

Read Full Post »


ផ្កាយ​NoVeLs*– វា​ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​មាន​មោទនភាព ​​ដែល​បទ​ចម្រៀង​ «​ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន?» របស់​ផលិត​កម្ម​ថោន​ ដឹក​នាំ​ដោយ​ លោក​ ប៊ុន​ រតនា​ ទទួល​បាន​​​ភាព​ល្បី​ខ្ចរ​ខ្ចាយ​​ពេញ​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូចិន ​ដោយ​ក្នុង​នោះ​​រួម​មាន​ទាំង​ប្រទេស​ថៃ​​ផង​ដែរ​​។

  • បទ​ «Mùa băng giá»ឬ​ «​ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន​?» Version វៀត​ណាម​

បទ​ចម្រៀង​ «​ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន?» ដែល​គេ​ដឹង​ថា បទ​ភ្លេង​ចម្លង​មក​ពី​ប្រទេស​វៀត​ណាម(Mùa băng giá)​ តែ​MV​ប្រឌិត​ថត​ថ្មី​ បាន​ទទួល​ការ​​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​បណ្ដា​យុវវ័យ​នៅ​ក្នុង​ប្រទេស​ខ្មែរ​ ថៃ​ លាវ​ និង​វៀត​ណាម​។ ក្នុង​នោះ​ក្រៅ​ពីការ ​tag ​តាម​រយៈ ​Facebook​ គេ​សង្កេត​ឃើញ​ថា បណ្តា​ប្លក់​យុវវ័យ​នានា​ក៏​មាន​ការ​ចុះ​ផ្សាយ​ពីបទ​នេះ​យ៉ាង​គគ្រឹក​គគ្រេង​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ​ បទ​នេះ​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា ​Subtitle អង់​គ្លេស​ វៀតណាម និង​ ​អធិប្បាយ​ជា​ភាសាថៃ​​​ទៀត​ផង។ ហេតុ​ដូច្នេះ​ហើយ​ ទើប​បណ្តាល​ប្លក់​ និង ​វ៉ិបសាយ​នានា ​របស់​ប្រទេស​​ ថៃ លាវ និងវៀត​ណាម ក៏​បាន​យក​បទ​នេះ​ទៅ​ចុះ​ផ្សាយ​យ៉ាង​ច្រើន​កុះ​ករ​ផងដែរ។

  • ​បទ​ «​ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន?» ពន្យល់​ជា​ភាសា​ថៃ​

ក្នុង​នោះ​នៅ​ក្នុង​ទំព័រ​ Youtube របស់​ខ្ញុំ​​ ដែល​មាន​ចុះ​ផ្សាយ​បទ​នេះ​​ (MV เขมร เรียกน้ำตาผู้ชมนับล้าน!) ដោយ​អធិប្បាយ​ពន្យល់​ជា​ភាសា​ថៃ បាន​ទទួល​ការ​ពេញ​និយម​ជាង​បទ​នានា​ទាំង​អស់ ​ដែលខ្ញុំ​ធ្លាប់​ផ្សាយ​កន្លង​មក​។ មាន​ប្រិយ​មិត្ត​ចូល​ទស្សនា​ដល់​ទៅជិត​៤​ម៉ឺន​នាក់​ និងComment ​ចំនួន៨៦​ ខំមិន ដែល​ជា​ស្ថិតិ​មួយ​ខ្ពស់​​បំផុត​ក្នុង​រយៈ​ពេល​៣​ខែ​ដំបូង ព្រោះ​វា​​ជា​ស្ថិតិ​មិន​ធ្លាប់​មាន​នៅ​ក្នុង​ Chanel របស់​ខ្ញុំ​។

តាម​រយៈ​​Comment​ទាំង​នោះ​ បង្ហាញ​ឲ្យ​ដឹង​ថា ចម្រៀង​មួយ​បទ​នេះ ពិត​ជា​ធ្វើ​ឲ្យ​មិន​តិច​នាក់​ទេ ដែល​ស្រក់​ទឹក​ភ្នែក​ដោយ​សារ​អាណិត​តួ។ ជន​ជាតិ​ថៃដែល​ធ្លាប់​តែ​មាក់​ងាយ​ពី ​តា​រា​ខ្មែរ​ ចម្រៀង​ខ្មែរ​ ក៏​ប្រាប់​ថា កម្សត់​ ស្រឡាញ់​ ចូលចិត្ត​ តួ​​ស្រី​ស្អាត​ ញញឹម​ស្រស់​ គឺ​ម្នាក់​ៗ​សរសើរ​មិន​ដាច់​ពី​មាត់ និង​ថែម​ទាំង​ស្នើ​សុំ​ឲ្យ​សរសេរ​ ​Subtitle ជា​ភាសា​ថៃ​ទៀត​ផង។

  • បទ​ «​ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន?» Subtitle ភាសា​អង់​គ្លេស​

ក្នុង​នោះ​​​ ជនជាតិ​ថៃ​ជាតិ​និយម​ជ្រុល​ខ្លះ​ បាន​បញ្ចេញ​មតិយោបល់​បែប​អគតិ ​មក​លើ​ចម្រៀង​មួយ​បទ​នេះ​ថា MVចម្រៀង​នេះ​ ច្បាស់​ជា​មាន​ជន​ជាតិ​ថៃ​​សហការ​ជាមួយ​ ឬ​ជួយ​ដឹក​នាំ​ហើយ​ ទើប​ធ្វើ​បាន​ល្អ​ដល់​ថ្នាក់​នេះ។ តែ​នេះ​ជា​រឿង​ធម្មតា​ទេ​សម្រាប់​ជន​ជាតិ​ថៃ ព្រោះ​សូម្បី​តែ​ចម្រៀង​លាវ​ដែល​ផលិត​ល្អៗ​ក៏​ថៃ​ថា មាន​គ្នា​វា​ជួយ​ដឹក​នាំ​ដែរ(Sic)​។

ចំណែក​​​ប្រិយមិត្ត​ដែល​ជា​ជន​ជាតិ​លាវ​វិញ​ ក៏​ឃើញ​មាន​​ចូល​មក​មើលនិង​សរសេរComment​​ប្រាប់​ថា បទ​នេះ​ពិត​ជា​​កម្សត់​​មែន​ ហើយ​បាន​ធ្វើ​ឲ្យ​គេ និង​មិត្ត​ភក្តិ​នៅ​កន្លែង​ធ្វើ​ការ​​ ស្រក់​ទឹក​ភ្នែក​មិន​តិច​នាក់​ ទេ​។ គួរ​រម្លឹក​ដែរ​ថា នេះ​មិន​មែន​ជា​បទ​ខ្មែរ​​ទី​១​ទេ ​ដែលល្បី​នៅ​ប្រទេសលាវ ព្រោះ​បទ​ I’m Sorry ដែល​​ច្រៀង​ដោយ ​មាស សុខសោភា កាល​ពី​លើក​មុន​ ក៏​ធ្លាប់​ល្បី​រហូតដល់​មាន​និស្សិត​​លាវ​រៀន​ច្រៀង​បទ​នេះ យក​ទៅសម្តែង​នៅ​​ក្នុង​​មហោស្រព​​សិល្បៈ​ប្រចាំ​ឆ្នាំ​ របស់​មហាវិទ្យាល័យ​​ផង​ដែរ​។

  • បទ​ «​ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន?» Subtitle ភាសា​វៀត​ណាម
លោក​ ខាញ់​ ជុង​(Khánh Trung) តារា​ចម្រៀង​វៀត​ណាម ម្ចាស់​បទ​ Mùa băng giá

លោក ខាញ់ ជុង (Khánh Trung) តារា ចម្រៀង វៀត ណាម

ក្នុង​នោះ​ដែរ ចម្រៀង ​«​ហេតុ​អ្វី​ឲ្យ​បង​ស្គាល់​អូន​?» ដែល​មាន ​Subtitle ជា​ភាសា​វៀត​ណាម​ ក៏​​ទាក់​ទាញ​​ការ​និយម​ចូលចិត្ត​​ពី​ប្រិយ​មិត្ត​វៀត​ណាម​មិន​តិច​នាក់​ដែរ​។ ហេតុ​ផល​មួយ​ដែល​ធ្វើ​ឲ្យ​បទ​នេះ​ល្បី​នៅ​វៀត​ណាម​ គឺ​មក​ពី​បទ​នេះ​ចម្លង​យក​បទ​ភ្លេង​ពី​ចម្រៀង​​វៀត​ណាម​ ដែល​មាន​ចំណង​ជើង​ថា​ Mùa băng giá ​ដែល​អាច​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា (រដូវ​រងា?)។ ឯហេតុ​ផល​សំខាន់​មួយ​ទៀត​ គឺ​មក​ពី​បទ​ខ្មែរ​ផលិត​MVបាន​ល្អ​ឥត​ខ្ចោះ​ ជាងMV​វៀត​ណាម ​ដែល​មាន​លក្ខណៈ​ធម្មតាៗ​ រហូត​ហ្វែន​ៗ​របស់​តារា​ចម្រៀង​វៀត​ណាម​គិត​ថា បទ​នេះ​វៀតណាម​ចម្លង​មក​ពី​ខ្មែរ​ឬ​យ៉ាងណា? ប៉ុន្តែ​លោក ខាញ់​ ជុង​(Khánh Trung) ​ដែល​ជា​ម្ចាស់​បទ​នេះ​ផ្ទាល់​ បាន​ចេញ​មក​បក​ស្រាយ​​ប្រាប់​ហ្វែនៗ​របស់​ខ្លួន​ថា បទ​នេះ​លោក​ពិត​ជា​បាន​    និពន្ធ​មុន​បទ​ខ្មែរ​យ៉ាងប្រាកដ​។

សរុប​មក​ ភាព​ល្បី​ល្បាញ​របស់​ចម្រៀង​ខ្មែរ​មួយ​បទ​នេះ​ កើត​ឡើងដោយ​ហេតុ​ផល​ពីរយ៉ាង​។ មួយ​ព្រោះ​បទ​នេះ​ផលិត​MV​បាន​ល្អ​ ប្លង់​ឡូយ សាច់​រឿង​កម្សត់ និង​មាន​ Storyline​ដែល​​ចាប់​បាន​ចំណុច​រំភើប​របស់​អ្នក​​ទស្សនា​។ ឯ​ហេតុ​ផល​មួយ​ទៀត​ គឺ​ព្រោះ​បទ​នេះ​ពាក់​ព័ន្ធ​នឹង​បទ​បរទេស​។ ទោះ​យ៉ាង​ណា​ក្តី​បទ​នេះ​គឺ​ជា​បទ​ដែល​ខ្ញុំ​ចូលចិត្ត​ជាង​បទ​នានា​ទាំង​អស់ បន្ទាប់​ពី I’m Sorry របស់ ​មាស សុខ​សោភា​៕

»»» អាន​ផង​ដែរ៖​​​

Read Full Post »


ផ្កាយ​NoVeLs*– ថ្ងៃ​ទី​១២, ១៣ និង ១៤​ គឺ​ជា​ពិធី​បុណ្យ​ចេញ​វស្សា បណ្តែត​ប្រទីប និង​ អុំ​ទូក​នៅប្រទេស​លាវ។​ ចេញ​វស្សា​នៅ​ទីនេះ ធំ​និងអធិក​អធម​ជាង​នៅ​ប្រទេស​ខ្មែរ​។ នៅ​ពេល​ព្រឹក​ប្រជាជន​ក្មេង​ចាស់​ ប្រុស​ស្រី​​ នាំ​គ្នា​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ​យ៉ាង​ច្រើន​កុះ​ករ​។ ពេល​យប់​មាន​ការ​បណ្តែត​ប្រទីប​​​កន្ទោង​​ស្លឹក​ចេក​​យ៉ាង​ព្រោង​ព្រាត​ និង​​មាន​ដុត​ទៀន​ជា​ខ្សែៗតំណាង​ឲ្យ​​​នាគ​ភ្លើង ​​នៅ​តាម​មុខ​ផ្ទះ​ និង​វត្ត​នានា​គួរ​ឲ្យ​ពេចពិល​រមិល​មើល​។ ចំណែក​ការ​ប្រណាំង​ទូក​ង​ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ចុង​ក្រោយ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ និង​ពុំ​មាន​មនុស្ស​មក​ពី​តាម​ខេត្ត​មក​ទស្សនា​ដូច​នៅ​ស្រុក​ខ្មែរ​ទេ​។ ​ម្យ៉ាង​ទៀត​ក្នុង​ពិធី​បុណ្យ​នេះ​ក៏​គ្មាន​ពិធី​អក​អំបុក និង​ សំពះ​ព្រះខែ​ដូច​នៅ​ស្រុក​ខ្មែរ​ដែរ​។

ខាង​ក្រោម​នេះ​ គឺ​ជា​ទិដ្ឋភាព​មួយ​ជ្រុង​តូច​ប៉ុណ្ណោះ ព្រោះ​មេឃ​ភ្លៀង ​និង​កាមេរ៉ា​មាន​បញ្ហា ​ទើប​មិន​​អាច​ផ្តិត​យក​​រូប​ភាព​ផ្សេង​ៗ​​ ដែល​មាន​លក្ខណៈ​​ខុស​ប្លែក​​ពី​ស្រុក​ខ្មែរ​មក​បង្ហាញ​។

ទិដ្ឋភាពក្នុងពេលថ្ងៃ

មាន់អាំង, ក្រឡានមានលក់យ៉ាងព្រោងព្រាត

 

ទីណាក៏មានល្បែងគប់ប៉ោងៗដែរ 😉

 

Beeline រាតត្បាតដល់ស្រុកលាវ

 

តារាខ្មែរលើផ្ទាំងឃោសនាលាវ

 

ពេលយប់មនុស្សកុះករមិនចាញ់អុំទូកខ្មែរ

ប្រទីបកន្ទោងស្លឹកចេកមានដាក់ព្រោងព្រាតតាមដងផ្លូវនានា

អុជទៀនធូប មុនបណ្តែត

មុនបណ្តែតកុំភ្លេចផ្សង

 

 

Read Full Post »


ផ្កាយ​NoVeLs*– ថ្ងៃ​ទី​០៧តុលា​ គឺ​ជា​ទិវា​គ្រូ​បង្រៀន​នៅ​សបប.លាវ​។ មុន​ថ្ងៃ​នេះ​មួយ​ថ្ងៃ​ គេ​តែង​តែ​ឃើញ​មាន​សិស្ស​និស្សិត​កាន់​កាដូ​ម្នាក់មួយ​ៗ ឬ​ជា​ក្រុម​ៗ​ ដើម្បី​ជា​អំណោយ​នៃ​ការ​តប​ស្នង​សង​គុណ​ចំពោះ​​គ្រូ​បង្រៀន​របស់​​ខ្លួន​។​ ក្រុម​ខ្លះ​បាន​ចាត់​ពិធី​ជប់​លៀង​ផ្សេង​ៗ​​នៅ​តាម​ផ្ទះ​គ្រូ​បង្រៀន​។ ខាង​ក្រោម​នេះ​ គឺ​ជា​ទិដ្ឋ​ភាព​​មួយ​ចំនួន​ដែល​និយាយ​ពី​បុណ្យ​គ្រូ ឬ​ទិវា​គ្រូ​បង្រៀន​នៅ​ប្រទេស​លាវ​។

និស្សិតលាវ កាន់កាដូម្នាក់មួយទុកជូនគ្រូរបស់ខ្លួន

ប្រជុំគ្នាក្រោមអគារសាលានិយាយពីបុណ្យគ្រូ

សុំស្ញេញមួយដាក់កាមេរ៉ា 😀

ឈររង់ចាំជូនអំណោយចំពោះគ្រូ

ស្រស់ស្រូបអាហារពេលព្រឹកមុនចាប់ផ្តើមពិធីជប់លៀង

ត្រាំអង្ករ លាងសាច់ ត្រៀមធ្វើម្ហូប

សុជាតិ, និស្សិតខ្មែរចិតល្ហុង

ហឿង, និស្សិតវៀតណាមសាប់ហ្ហុង

យួនអាំងសាច់រសជាតិខ្មែរ

លាងអង្ករដំណើបដែលត្រាំទុកដើម្បីដាក់ចំហុយ

បងស្រី ដាឡាវ៉ន ដាក់ចំហុយបាយ

ក្រុមបុកល្ហុង 😀

បាយចំហុយជិតឆ្អិន

ក្រុមធ្វើឡាបត្រី(ភ្លាត្រី)

បាយឆ្អិនដួសសំដិលឲ្យត្រសុស

លុញបាយដាក់ក្នុងស្នុកបាយ

បាយត្រូវបានរៀបចំជាស្រេច

ក្រុមឆាបន្លែ

ឡាប(ភ្លា)កំពុងផ្សំគ្រឿង

ត្រៀមបើកឆាក...

គ្រូថ្លែងអំណរគុណចំពោះសិស្ស

ជល់កែវ!!

របស់ខ្ញុំ.. ហិហិ

ទៅយកបៀរថែម ហុហុ..

ចប់ហើយនាំគ្នាលាងចាន 😛

Read Full Post »


01/10/11

04:30PM

ពី​រ​ថ្ងៃ​ហើយ​ដែល​ខ្ញុំ​មក​ដល់​ទឹក​ដី​លាវ​។ ​២៩​កញ្ញា​ គឺ​ជា​ថ្ងៃ​ដែល​ខ្ញុំ​ចាក​ចេញ​មក​។ វា​ជា​ថ្ងៃ​ដែល​ហេង​ហាងនៅ​ក្នុង​ខ្លួន​បំផុត​ រហូត​​

ថតរូបនៅមុខ ព្រះថាតហ្លួង

ខ្ញុំ​អាច​និយាយ​បាន​យ៉ាងពេញ​មាត់​ថា​ ខ្ញុំ​មិន​ចង់​ឃ្លាត​ទៅ​ទេ។ ថ្ងៃ​ដែល​ចាក​ចេញ​ ខ្ញុំ​ទទួល​​អារម្មណ៍​ថា ខ្លួន​ឯង​កំពុង​បាត់​បង់​អ្វី​ម្យ៉ាង​ តែ​ខ្ញុំ​ពិត​ជា​មិនចង់​ទាម​ទារ​វា​ឲ្យ​មក​នៅ​ក្បែរ​ខ្លួន​ទេ ព្រោះ​ខ្ញុំ​ខ្លាច​ខ្លួន​ឯង​កាន់​តែ​ឈឺ​ចាប់​។

ព្រឹក​ថ្ងៃ​ចាក​ចេញ​ ខ្ញុំ​បាន​សរសេរ​Status​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា Goodbye my Cambodia! វា​ស្ទើរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រក់​ទឹក​ភ្នែក​ចេញ​មក​ ​នៅពេល​បញ្ចប់​ឃ្លា​មួយ​នេះ​​។ ម៉ោងប្រមាណ​ជា​​១១​ថ្ងៃ​នោះ​ ខ្ញុំ​ក៏​​បាន​ឡើង​​រថយន្ត​ក្រុង​សូរិយា​សាខា​ថ្នល់​ទទឹង​ ​ជាមួយ​មិត្ត​ភក្តិ​ម្នាក់​ដែល​បាន​មក​ដេក​ផ្ទះ​ខ្ញុំ​មួយ​ថ្ងៃ​ មុន​ចេញ​ដំណើរ​​​។ សំបុត្រ​ឆ្នាំ​នេះ​​បាន​បញ្ចុះ​តម្លៃ​សល់​ត្រឹម​តែ​៤១​ដុល្លារ​ប៉ុណ្ណោះ​ បើ​ជិះ​ពី​ស្រុក​ខ្ញុំ​​ទៅ​ ខុស​ប្លែក​ពីរាល់​ឆ្នាំ​ដែល​ទោះ​ជា​ជិះ​នៅទីណា​ក៏​គិត​៤៥​ដុល្លារ​ដែរ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​បន្តិច ​នៅពេល​គិតដល់​គម្រោង​ចង់​ឲ្យ​ម៉ែ​មក​លេង​នៅ​លាវ​ក្នុង​ឱកាស​ចូលឆ្នាំ​ខាង​មុខ​។

ពេល​កំពុង​ជិះ​លើ​រថយន្ត​ ខ្ញុំ​បាន​ផ្ញើសារ​លា​​ទៅ​មនុស្ស​មួយ​ចំនួន​ដែល​ខ្ញុំ​គិត​ថា​ ពួកគេ​កំពុង​រង់​ចាំ​​​ទទួល​ដំណឹង​ពី​​ខ្ញុំ​។ មួយ​សន្ទុះ​ក្រោយ​មក​ ខ្ញុំ​ក៏​បាន​ទទួល​សារ​ឆ្លើយ​តប​មក​វិញ​យ៉ាង​ច្រើន ហើយ​មិត្ត​ភក្តិ​ខ្លះ​ក៏​ទូរស័ព្ទ​មក​ជូន​ពរ​​ជា​លើក​ចុង​ក្រោយ​។ មាន​សារ​មួយ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ក្តុក​ក្តួល​យ៉ាងខ្លាំង​នៅពេល​គេប្រាប់​ថា រយៈ​ពេល​បី​ខែ​នេះ​ គេ​បាន​រង់​ចាំ​​ជួប​​ខ្ញុំ​នៅ​កន្លែង​ដដែល​នោះ តែ​ថ្ងៃនេះ​ខ្ញុំ​ក៏​ចាក​ចេញ​ទៅ​ដោយ​គ្មាន​ស្រណោះ​។

​ម៉ោង​ប្រហែល​៤​ ឡាន​ក៏​បើក​មក​ដល់​ព្រំ​ដែន​។ ត្រួត​ពិនិត្យ​លិខិត​ឆ្លង​ដែន​រួច​រាល់​ ការ​ធ្វើ​ដំណើរ​​ក៏​បន្ត​រហូត​ដល់​ម៉ោង​៧​ ទើប​មក​ដល់​ក្រុង​ប៉ាក​សេ​។ ក្រោយ​ពី​រៀប​ចំ​វ៉ាលី​ដាក់​ឡាន​គ្រែ​ដេក​ ដើម្បី​ត្រៀម​​ទៅ​វៀង​ចន្ទន៍​បន្ត​រួច​ហើយ​​ ខ្ញុំ​​និង​មិត្ត​រួម​ដំណើរ​​ ក៏​នាំ​គ្នា​ដើរ​ទៅ​កាន់​​តូប​លក់​​បាយ។ ក្រោម​ពន្លឺ​អំពូល​ពង​មាន់​ភ្លឺ​ផ្លុង​ៗ ​មាន​តូប​លក់​បាយ​ជា​ច្រើន ដាក់​លក់​ម្ហូប​អាហារ​យ៉ាង​មាន​របៀប​។ តូប​នីមួយៗ​​​មាន​ផ្សែង​ហុយៗ​ឈ្ងុយ​​​​សាច់​អាំង ​ដែល​កំពុង​​ស្រក់​ខ្លាញ់​ឆៀវៗ​​គួរ​ឲ្យ​ចង់​ស្រក់​ទឹក​មាត់​។ ក្រៅ​ពីសាច់​អាំង​អ្នក​លក់​កំពុង​លើក​អង្រែ​ក្រឡុក​ក្លូក​ៗ​ច្របល់​នឹង​​ល្ហុង​ឲ្យ​ចូល​ជាតិ​ ដោយ​មិន​ភ្លេច​ច្របាច់​ក្រូច​ឆ្មារ​​បន្ថែម​រស​ជាតិ​ឲ្យ​ជូរ​ស្រស់​​ឃើញ​ហើយ​ចង់​ទទួល​ទាន។ បី​ខែ​ហើយ​ដែល​ខ្ញុំ​នឹក​​​បុក​ល្ហុង​បាយ​ដំណើប​។ ឥឡូវ​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​ទូរ​ទាត់​ចេញ​ម្តង​ហើយ!!

បុកល្ហុងរសជាតិលាវ

​          ចង់​ប្រាប់​ថា​ហល់ ព្រោះ​មិន​ធ្លាប់​បាយ​ឆ្ងាញ់​បែប​នេះ​យូរ​មក​ហើយ។ ខ្ញុំ​មាន​វិធី​សាស្ត្រ​មួយ​ដើម្បី​ញ៉ាំ​បុក​ល្ហុង​ឲ្យ​ឆ្ងាញ់ គឺ​ហាម​ផឹក​ទឹក​ឲ្យ​សោះ​ពេល​កំពុង​ញ៉ាំ​ ឬ​កំពុង​តែ​ហឹរ​ខ្លាំង​។ ក្រោយ​ពេល​ញ៉ាំ​ចប់​ សឹម​ផឹក​​ទឹក​ជា​ក្រោយ​ នោះ​យើង​ពិត​ជា​បាន​ឆ្ងាញ់​ម្តង​ទៀត​នឹង​រស​ត្រជាក់​របស់​ទឹក​។ ពេល​កំពុង​ហឹរ​បើ​ញ៉ាំ​ទឹក នឹង​ធ្វើ​ឲ្យ​ហឹរ​កាន់​តែ​ខ្លាំង​ ហើយ​ដល់​ពេល​ញ៉ាំ​ទៀត​នឹង​បាត់​រស​ជាតិ​ជា​មិន​ខាន​។

ម៉ោង​៨​កន្លះ​ រថយន្ត​​​មាឌ​យក្ស​ក៏​ចេញ​ដំណើរ​ពី​ក្រុង​ប៉ាក​សេ​​សំដៅ​វៀងចន្ទន៍​រដ្ឋធានី​។ ម៉ោង​ប្រហែល​៩ ខ្ញុំ​កំពុង​លក់​រលីវៗ​ ស្រាប់​តែ​ក្ឌាំង​! ដូច​ផ្ទុះ​គ្រាប់​បែក អ្នក​ដំណើរ​ក្នុង​ឡាន​នាំ​គ្នា​ភ្ញាក់​ក្រញាង​គ្រប់​គ្នា​។ កង់​មួយ​របស់​ឡាន​ធំ​បាន​បែក តែ​​គួរ​ឲ្យ​ចម្លែក​ដែល​ឡាន​មិន​ឃ្លេង​ មិន​ក្រឡាប់​ ឬ​មួយ​មុន​នឹង​បែក​ ឡាន​មាន​សញ្ញា​ប្រាប់​មុន? ខ្ញុំ​ក៏​មិន​ដឹង​ ដឹង​ត្រឹម​ថា ពួក​យើង​សុវត្ថិភាព​គ្រប់​គ្នា​ ព្រោះ​ក្រៅ​ពី​សំឡេង​ផ្ទុះ​គ្មាន​រឿង​អ្វី​កើត​ឡើង​ទេ។ ដោយ​សារ​រថយន្ត​បែក​កង់​​ទើប​ការ​ធ្វើ​ដំណើរ​លើក​នេះ​មាន​ការ​យឺត​យ៉ាវ​រហូត​ដល់​​ទៅ​ពីរ​ម៉ោង​។ យើង​បាន​ទៅ​ដល់​ ថា​ខេក​ ដែល​ជាស្ថានីយ៍​ពាក់​កណ្តាល​ផ្លូវ ​មាន​ផ្សារ​រាត្រី​លក់​ដូរ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ពេល​យប់​។ ជា​ធម្មតា​យើង​នឹង​មក​ដល់​ទី​នេះ​នៅ​ម៉ោង​១​រលង​អធ្រាត្រ​​ តែ​លើក​នេះ​យើង​មក​ដល់​ម៉ោង​៣​។ នៅ​ទី​នេះ​ អ្នក​លក់​ស្ទើរ​តែ​១០០​%​គឺ​ជា​ជន​ជាតិ​វៀត​ណាម​។ យប់​នេះ​ហាង​ភាគ​ច្រើន​ត្រូវ​បាន​បិទ​ ព្រោះ​​នៅ​សល់​តែ​រថយន្ត​យើង​មួយ​ប៉ុណ្ណោះ​ដែល​​មក​ដល់​ក្រោយ​គេ​។

ថាខេក ស្ថានីយ៍ពាក់កណ្តាលផ្លូវ

ម៉ោង​៨​ព្រឹក​ រថយន្ត​ក៏​បើក​មក​ដល់​ក្រុង​វៀង​ចន្ទន៍​។ ខ្ញុំ​ពីរ​នាក់​មិត្ត​ភក្តិ​ឆ្លេឆ្លា​រក​កាតាប​ រួច​ហៅ​តុកៗ​ជិះ​ទៅ​កាន់​កន្លែង​ស្នាក់​នៅ។ ពី​ស្ថានីយ៍​រថយន្ត​ក្រុង​ទៅ​អន្តេវាសិក​ មិន​ជា​ឆ្ងាយ​ទេ ដើរ​ក៏​ដល់​ដែរ​ តែ​តម្លៃ​តុកៗ​នៅកន្លែង​បែប​នេះ​ថ្លៃ​កប់​ក្តោង​ គឺ​ម្នាក់​២០០០០គីប ខណៈ​ដែល​ឡាន​ក្រុង​ជិះ​ម្នាក់​តែ​២០០០គីប​ប៉ុណ្ណោះ បាន​ន័យ​ថា តម្លៃ​មួយ​ទ្វេ​ជា​១០។ មក​ដល់​អន្តេវាសិក​ និស្សិត​ដែល​រៀន​ជំនាន់​ខ្ញុំ​បាន​ទៅ​រៀន​អស់​ហើយ នៅ​សល់​តែ​ជំនាន់​ប្អូន​ៗ ដែល​រត់​មក​ជួយ​លើក​ឥវ៉ាន់​ពួក​យើង​។ វ៉ាលី​ដ៏​ធំ​ហើយ​ធ្ងន់​របស់​ខ្ញុំ​ ត្រូវ​បាន​សិស្ស​ប្អូន​ម្នាក់​ជួយ​លី​ទៅ​ដល់​បន្ទប់​ឯជាន់​លើ។ ដំបូង​ខ្ញុំ​មិន​នឹក​ស្មាន​សោះ​ ហេតុ​អ្វី​ក៏​គេ​ជាមនុស្ស​មាន​ទឹក​ចិត្ត​យ៉ាង​នេះ? តែ​ក្រោយ​ពី​ដាក់​វ៉ាលី​ចប់ ខ្ញុំ​មិន​ទាន់​បាន​និយាយ​អរគុណគេ​ផង ស្រាប់​តែ​គេ​បែរជា​អរគុណ​ខ្ញុំ​វិញ​។ ពេល​នោះ​ទើប​ខ្ញុំ​ដឹង​ថា អំពើ​ល្អ​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​ចំពោះ​គេ​កាល​ពី​លើក​មុន​ ពិត​ជា​មិន​ឥត​ប្រយោជន៍​មែន។ មនុស្ស​ល្អ​ទៅទីណា​​ ក៏​មាន​ព្រះតាម​ជួយ​ដែរ។ មាន​មនុស្ស​ធ្លាប់​ប្រាប់​ខ្ញុំ​ដូច្នេះ!!

ពេល​ចាក់​សោ​ទ្វារ​បន្ទប់​រួច​ ខ្ញុំ​ក៏​ចាត់​ការ​បោស​សម្អាត​បន្ទប់​ និង​បោក​សម្លៀក​បំពាក់​​អស់​មួយ​ព្រឹក​ធំ​។ ខ្ញុំ​ចង់​ធ្វើ​អ្វីៗ​ឲ្យបាន​​ច្រើន​ ដើម្បី​បំភ្លេចចិត្ត​នឹក​មនុស្ស​​នៅ​ស្រុក​ខ្មែរ​។ ខ្ញុំ​ត្រូវ​ការ​ឲ្យ​ការ​ងារ​ជួយ​បន្លប់​ទុក្ខ​សោក​របស់​ខ្ញុំ​។ ទម្រាំ​តែ​រួចរាល់​ ម៉ោង​ជិត​១​រសៀល​ទៅ​ហើយ​។ ថ្ងៃ​នេះ​ខ្ញុំ​អត់​ញ៉ាំ​បាយ​ទៀត​។ ខ្ញុំ​យក​អន្សម​ជ្រូក​ដែល​ម៉ែ​ខ្ចប់​ឲ្យ​ មក​ញ៉ាំ​ជា​មួយ​ណែម​ត្រី​ដែល​ទិញ​ពី​ខេត្ត​ក្រចេះ​មក​។ ណា​មួយ​មិន​សូវ​ឃ្លាន​ផង ព្រោះ​ហត់​ និង​សប្បាយ​ចិត្ត​ ដែលគេ​យក​លុយ​មក​បើក​ឲ្យ​ដល់​កន្លែង​។ សរុ​ប​ៗ​ទៅ​ លុយ​នេះ​​អាច​ល្មម​នឹង​ដំណើរ​ទស្សនកិច្ច​​ទៅ​ខេត្ត​សុរិន្ទ​ក្នុង​ខែ​១១​នេះ​ បើ​គ្មាន​ឧបសគ្គ​អ្វី​ផ្សេង​មករារាំង​។​ ឆ្ងល់​ដល់​ហើយ ហេតុ​អ្វី​លុយ​ធ្វើ​ឲ្យ​មនុស្ស​ឆ្អែត​បាយ​ហ្ន៎?

មាន​លុយ​ ខ្ញុំ​ដូចជា​ចាយ​អ្វី​ធូរ​ដែរ​។ គ្រាន់​តែ​ពីរ​ថ្ងៃ​ដំបូង​សោះ​ ខ្ញុំ​ចាយ​លុយ​អស់​ជាង​៥០​ដុល្លារ​ ទៅ​លើ​សម្ភារៈ​ប្រើ​ប្រាស់​កំប៉ិក​កំប៉ុក​មួយ​ចំនួន​។ ពីរ​ថ្ងៃ​នេះ​ ខ្ញុំ​អត់​ដែល​ញ៉ាំ​បាយ​ទេ ខ្ញុំ​ទិញ​តែ​នំប៉័ង​ប៉ាតេ​ និង​​ចំណី​ចំណុក​ផ្សេង​ៗ​​ញ៉ាំ​ប៉ុណ្ណោះ​។ ខ្ញុំ​ដើរ​ប្រមូល​ទិញ​ឌីវីឌី​ភាព​យន្ត​តាម​ហាង​ផ្សេង​ៗ​បាន​ប្រមាណ​​១០​រឿង​ ព្រោះ​បែក​យូរ​ ចង់​ប្រាប់​ថា​នឹក! ហិហិ… ក្រៅ​ពីនេះ​ខ្ញុំ​ចូល​ទិញ​សៀវភៅ​នៅ​ក្នុង​​ប៊ុក​សប​។ ខ្ញុំ​ទិញ​សៀវភៅ​បាន​ពីរ​ក្បាល​អស់​ជាង​១០​ដុល្លារ​ ហើយ​ក្នុង​ចំណោម​ពីរ​ក្បាល​នោះ មាន​មួយ​ក្បាល​ធ្វើ​ឲ្យ​ខ្ញុំ​ប្រែ​ប្រួល​។     «ដល់​ពេល​ដែល​ត្រូវ​កែ​ប្រែ​ខ្លួន​ឯង​ហើយ!» គឺ​ជា​ចំណង​ជើងរបស់​សៀវភៅ​មួយ​នោះ ហើយ​ព្រោះ​តែ​វា​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម​ ហើយ​​សម្រេចចិត្ត​សរសេរ​អ៊ីមែល​​មក​កាន់​បង​ស្រី និង​ប្អូន​ប្រុស​ជា​ទី​ស្រលាញ់​៕

ដោយ​ក្តី​នឹក​រឭក!

Yours!!

Read Full Post »

Older Posts »