Feeds:
ប្រកាស
មតិ

Archive for the ‘​ភីលីពីន’ Category


Blood in Dispute

ផ្កាយ​NoVeLs*– ល្ងាចម្សិលមិញ(០៩​ សីហា ២០១៥) ខ្ញុំមានឱកាសបានទៅមើលរឿង «សង្គ្រាម​បង​​ប្អូន» ឬ Blood in Dispute។ តាំង​ពី​​លេច​​ឮ​​ដំណឹង​ថា រឿង​នេះ​ចូល​រួម​សហការ​ថត​ជា​មួយ​ហ្វីលីពីន និងជាខ្សែភាពយន្តខ្មែរដែលមានលក្ខណៈអន្តរជាតិ ខ្ញុំ​​ក៏​​គុំ​​ចាំ​​មើល​រឿង​​​​នេះ​តាំង​ពី​ពេល​នោះ​មក ដូច្នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ការ​រំពឹង​ទុក​ខ្ពស់ខ្លាំងណាស់ទៅលើរឿងមួយនេះ។ នៅ​ពេល​មាន​ការ​រំពឹង​ទុក​ខ្ពស់ ការ​ខក​​ចិត្ត​ក៏​ខ្ពស់​ទៅ​តាម​នោះ កាល​បើ​អ្វី​ដែល​ចេញ​មក​មិន​ដូច​ទៅ​នឹង​ការ​រំពឹង​ទុក​ទាល់​តែ​សោះ។

មុនពេលទៅមើល ខ្ញុំបានបបួល Movie Mate របស់ខ្ញុំទៅមើលដែរ តែ​គេ​បដិសេធ​ព្រោះ​គេ​ថា​គ្រប់​រឿង​របស់​ស៊ីធីអិន​គឺ​មើល​មិន​​កើត សូម្បី​​តែ​រឿង​ដែល​ចូល​រួម​សហការ​ថត​ដោយ​​សិង្ហ​បុរី​​ (រឿង​​ដំរី​​មរកត​)​ពី​​មុន​ក៏​មើល​មិន​យល់។ ចុងក្រោយ ខ្ញុំ​ក៏​ទៅ​មើល​រឿង​នេះ​ជា​មួយ​មិត្ត​​ភក្តិ​ចាស់​កាល​រៀន​នៅ​វិទ្យា​ល័យ​ជា​មួយ​គ្នា។ នៅ​ក្នុងរោងមានមនុស្សមើលច្រើន គឺ​ទំនេរ​តែ​ជួរ​កៅអី​មុខ​ប៉ុណ្ណោះ តែ​នៅ​ក្នុង​រោង​ទាំង​​មូល​​ស្ងាត់ច្រៀប អាចមកពីពួកគេគេងលក់អស់ក៏មិនដឹង ព្រោះ​ជា​រួម​រឿង​ទាំង​​មូល​​គ្មាន​​ឈុត​​ណា​​មួយ​​ដែល​​ធ្វើ​​ឱ្យ​​ទស្សនិក​ជន​​បាន​រំភើប ភ្ញាក់ផ្អើល ឬចង់តាមដានអ្វីសូម្បីតែបន្តិច។

និយាយទៅ ក្នុងនាមខ្ញុំជាទស្សនិកជនម្នាក់ គឺមិនដល់ថ្នាក់ស្តាយលុយទេ ព្រោះ​តម្លៃ​ត្រឹម​តែ​៣​ដុល្លារ​ដូច​គេ​ដូច​ឯង​ដែរ ចាត់​​ទុក​​ថា ជា​ការ​​ចំណាយ​ដើម្បីជួយគាំទ្រវិស័យភាពយន្តខ្មែរទៅចុះ! (ព្រោះ​ផលិត​កម្ម​ខ្លះ ហ៊ាន​យក​ដល់​ទៅ​៤​ដុល្លារ​ឯណោះ អត់​​ចេះ​​មើល​​គុណ​ភាព​កុនខ្លួនឯងទេ មុន​នឹង​ចង់​ស៊ី​ថ្លៃ​ខុស​គេ!)។ ជា​ទស្សនៈ​ខ្ញុំ ក្នុង​នាម​ទស្សនិក​ជន​ម្នាក់​ដដែល​(បញ្ជាក់ គឺ​ក្នុង​នាម​ទស្សនិក​ជន​ម្នាក់) ខ្ញុំ​ថា រឿង​នេះ មិន​គួរ​យក​មក​ដាក់​បញ្ចាំង​នៅ​តាម​រោង​កុន​ទេ ព្រោះ​ទំនាស់​បញ្ហា​(Conflict) នៅ​​ក្នុង​​រឿង វា​តូច​ពេក តូច​​រហូត​​រក​​មិន​​ឃើញ​ថា ចំណុច​កំពូល​(Climax)​នៅ​ក្នុង​សាច់​រឿង​ស្ថិត​នៅ​ត្រង់​ណា?

ទំនាស់ (Conflict) និងចំណុចកំពូល (Climax)របស់រឿងមួយ គឺ​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ការ​ទាក់​ទាញ​ចិត្ត​ទស្សនិកជន​ឱ្យ​ចង់​មើល និង​តាម​ដាន​រឿងរបស់ខ្លួន។ ចុះបើរឿងនោះមានទំនាស់នៅស្រាល គ្មានចំណុចដែលធ្វើឱ្យទស្សនិកជន រំភើប កម្សត់ ចង់​សើច ឬចង់យំជាមួយ តើ​ឱ្យគេទៅមើលស្អី? ម្យ៉ាងទៀតនៅពេលមានទំនាស់នេះហើយ តួអង្គ​ត្រូវ​រិះ​រក​ដំណោះ​ស្រាយ​ប្រកប​ដោយហេតុ និងផល ដែល​អាច​បញ្ចប់​រឿងបានដោយធ្វើឱ្យទស្សនិកជន រំភើប តក់ស្លុត ទុក្ខសោក ក្រៀមក្រំ សើច ឬ​ដល់​ថ្នាក់យំ និង​ខឹង​ទៅ​តាម​ដំណើរ​រឿង​របស់​ខ្លួន​ផង​ដែរ។ តែនៅក្នុង «សង្គ្រាមបងប្អូន» ឬ Blood in Dispute ទំនាស់​បញ្ហា​នៅ​តូចណាស់ សឹង​តែ​មិន​គួរ​បង្កើត​បាន​ជា​ដំណើរ​រឿង​មួយ​បាន។​ ហេតុ​អ្វី​ពីរ​នាក់​បង​ប្អូន​ហ្នឹង ដល់​​ថ្នាក់​​វាយ​​ប្រយុទ្ធ​​គ្នា​​ស្លាប់​​រស់​​ដោយ​សារ​តែ​សម្តី​ញុះ​ញង់​មិន​ទំនង របស់​មនុស្ស​ខិល​ខូច​ម្នាក់? ដោយ​​សារ​ភាព​អាម៉ាស? ដោយ​សារ​ប្រចណ្ឌ? តើ​​រឿង​​កុន​​មួយ​រឿង មាន​ត្រឹម​ប៉ុណ្ណឹង​ឬ? អ្នក​មើល​គេ​បាន​អី? សប្បាយ កម្សត់ ឬ​ការ​អប់រំ?

មិត្តអ្នកអាន ធ្លាប់ឮគេនិយាយថា សិល្បៈភាពយន្តជាចំណីចក្ខុរបស់ទស្សនិកជនទេ? ខ្ញុំ​ជឿ​ថា គ្រប់​គ្នា​ពិត​ជា​ធ្លាប់​ឮ តែ​​ខ្ញុំ​​សុំ​​ប្រាប់​​ថា រឿង​​មួយ​នេះ​មិន​ទាន់​អាច​ក្លាយ​ជា​ចំណី​​ចក្ខុ របស់​អ្នក​ណា​បាន​នៅ​ឡើយ​ទេ ព្រោះ​វា​គ្រាន់​តែ​ជា​សម្ល​កកូរ​មួយ​ឆ្នាំង ដែល​​មាន​​បន្លែ​​ត្រី​សាច់​​គ្រប់​មុខ តែ​នៅ​ខ្វះ​អង្ករ​លីង​ប្រហុក និង​ចុង​ភៅ​ចំណា​ន​មក​ចម្អិន​ម្ហូប​មួយ​មុខ​នេះ ឱ្យ​​មាន​​ឱជា​រស​​ឆ្ងាញ់​​ត្រូវ​​មាត់​​ត្រូវ​​ចិត្ត​​មនុស្ស​​​ភាគ​​ច្រើន​។​

មុន​​ពេលទៅមើល ខ្ញុំធ្លាប់ដឹងសាច់រឿងសង្ខេបខ្លះៗ តាម​ការ​ផ្តល់​បទ​សម្ភាសន៍​របស់​ក្រុម​ផលិតករ​ដល់​អ្នក​សារព័ត៌មាន​រួច​ហើយ។ លុះ​បាន​ទៅមើលផ្ទាល់ គឺគ្មានអ្វីលើសលស់គ្នាសោះ គ្មាន​ឈុត​ពិសេស គ្មាន​ឈុត​អស្ចារ្យ គ្មាន​ឈុត​រំជួល​អារម្មណ៍ គឺ​​សាច់​​រឿង​​ស្មើ​​តាំង​​ពី​ដើម​​ដល់​ចប់។ ខ្ញុំ​មិន​បាន​ទទួលអ្វីដែលថ្មី ក្រៅពីសាច់រឿងដែលខ្ញុំធ្លាប់ដឹងតាមសារព័ត៌មាន និង​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​រោង​កុន​នានា​ទាល់​តែសោះ។ បើដំណើររឿងទាំងមូល មិនខុសគ្នាពីរឿងសង្ខេបដដែល តើ​គេ​ចាំ​បាច់​ទៅ​អង្គុយ​មើលឱ្យខាតពេលខាតលុយធ្វើអី?

រូបភាពដោយសប្បាយ

រូបភាពដោយសប្បាយ

តាម​ដំណើររឿងដែលខ្ញុំធ្លាប់ដឹង* គឺ លោក​ទេព រិន្ទ​ដារ៉ូ ជា​ជន​ជាតិ​ខ្មែរ​ដែល​បាន​ភៀស​ខ្លួន​ពី​ប្រទេស​កម្ពុជា ក្នុង​​សម័យ​​សង្គ្រាម​​​ទៅ​​បន្ត​ការ​​សិក្សា​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ហើយ​លោក​បាន​រៀប​ការ​ជា​មួយ​នារី​ជន​ជាតិ​ហ្វីលីពីន​ម្នាក់ បង្កើត​​បាន​​កូន​​​ប្រុស​​គឺ​​លោក​​មីកាអែល​។ ប៉ុន្តែមុនចាកចេញពីកម្ពុជា លោកក៏មានទំនាក់ទំនងជាមួយនារីខ្មែរម្នាក់ ដែល​​ជា​​សង្សារ​​កាល​​នៅ​​​រៀន បង្កើត​បាន​កូន​ប្រុស​ម្នាក់​ដែរ ដែល​​​សម្ដែង​​ដោយ​​លោក ខាត់ វ៉ៃ​ហាំង។ ក្មេង​​ប្រុស​​ទាំ​ង​​ពីរ បន្ទាប់​​​ពី​​​ពេញ​​​វ័យ​​​ទៅ​​​សុទ្ធ​​​តែ​​​​មាន​​ចំណូល​​ចិត្ត​​ហាត់​​ល្បុក្កតោ​​របស់​​ខ្មែរ​​ដូច​​គ្នា ដោយ​លោកមីកាអែល បាន​ទាំង​ជិះ​យន្ត​មក​ហាត់​រៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ទៀតផង។ បន្តបន្ទាប់មកបងប្អូនទាំងពីរ ក៏​បាន​ប្រកួត​គ្នា​ហើយ​​ដោយ​មាន​​ការ​​បញ្ឆេះ​​កំហឹង ​ពី​​សំណាក់​​អ្នក​​រក​​ស៊ី​​ចាក់​​ភ្នាល់​​​កីឡា​ម្នាក់ ពួក​គេ​ក៏​ក្លាយ​ជា​គូ​សត្រូវ នៅ​ក្រៅ​សង្វៀន​ជា​មួយ​គ្នា។ លោក​​ទេព រិន្ទដារ៉ូ និង​តារា​ហ្វីលីពីន នាង Andrea Torres ក៏​​ត្រូវ​​សាច់​​រឿង​​តម្រូវ​​ឱ្យ​​មក​​ប្រទេស​​កម្ពុជា​​ផង​​ដែរ នៅ​​ក្នុង​​បុព្វ​ហេតុ​​ផ្សេង​​គ្នា ហើយ​​​​ក៏​​​បាន​​​បង្កើត​​សាច់​​រឿង​​ជា​​មួយ​​តួ​​អង្គ​​ខ្មែរ និង​ធ្វើ​ជា​អ្នក​ឃាត់​ឃាំង​មិន​ឱ្យ​លោក ខាត៉ វ៉ៃ​ហាំង និង​លោក​មីកាអែល បន្ត​​ធ្វើ​​ជា​​គូ​សត្រូវ​​គ្នា​ព្រោះ​តែ​ចង់​ចាញ់​ឈ្នះ។

គឺ​​​រឿងមានតែប៉ុណ្ណឹងឯង ទោះទៅមើល Full Movie នៅក្នុងរោងកុន ក៏ដឹងត្រឹមប៉ុណ្ណឹងដែរ គ្មាន​អ្វី​លើស​ពី​នេះ​ទេ។ ក្រៅពីនេះ នៅ​មាន​ចំណុច​​មិន​សម​ហេតុ​ផល​មួយ​ចំនួន​ដូច​ជា៖

១. លោក ទេព រិន្ទដារ៉ូ នៅ​ហ្វីលីពីន ២៥​ឆ្នាំ អត់​ចេះ​ភាសា​ហ្វីលីពីន​ឬ បាន​ជា​ឪពុក និង​កូន​(មីកា​អែល)​​ពីរ​​នាក់​ហ្នឹង និយាយ​​គ្នា​​តែ​​ភាសា​អង់គ្លេស?

២. មីកាអែល និង Andrea ហេតុ​អី​មិន​ឱ្យ​និយាយ​ភាសា​ហ្វីលីពីន ហើយ​ដាក់​អក្សរ​ខ្មែរ​រត់​ពី​ក្រោម​ដូច​តួ​ផ្សេងៗ​ទៀត? ដឹង​​អត់​​ថា ធ្វើ​បែប​នេះ នាំ​ឱ្យ​រឿង​នេះ​បាត់​សម្ផស្ស​សិល្បៈ? មួយ​ទៀត​ផលិតករ និង​អ្នក​ដឹក​នាំ​រឿង ដូច​​មិន​​ទាន់​​ស្រុះ​​ស្រួល​​គ្នា​​ពី​​រឿង​​តួ​អង្គ​​ពីរ​​នាក់​​នេះ​​ទាល់​តែ​​សោះ​​ថា គួរ​ឱ្យ​និយាយ​ភាសា​អី? ព្រោះ​ពេល​ខ្លះ ឮ​ពីរ​នាក់​នេះ​និយាយ​ភាសា​ហ្វីលីពីន​ដែរ តែ​​អត់​​មាន​​អក្សរ​​ខ្មែរ​​រត់​​ពី​​ក្រោម​​(សង្ស័យ​ភ្លេច​​បក​ប្រែ?)។

៣. កីឡាករល្បុក្កតោ៖ តួ​ហ្វីលីពីន​មាន​រូប​រាង​ស័ក្តិ​សម​ហើយ ព្រោះ​គេ​មាន​សាច់​ដុំ និង​រាង​កាយ​មាំ​មួន​ស្រាប់ ចម្លែក​​អី​​តែ​​តួ​​ខ្មែរ​​(ខាត់ វ៉ៃ​ហាំង) តួ​ល្បុក្ក​តោ​ប៉ុណ្ណា​ណី ស្រាប់​តែ​រាង​ឱ្យ​ស្វែល​ដូច​ស្រី រាប​​ស្មើ​​តាំង​​ពី​​លើ​​ដល់​​ក្រោម គ្មាន​​សាច់​​ដុំ​​អី​​សោះ គឺ​​​មិន​​​ស័ក្តិ​​​សម​​​ជា​​​អ្នក​​​ចេះ​ល្បុក្ក​តោ ឬ​ជា​កីឡាករ​អី​បន្តិច។ បើ​រឿង​នេះ​ផ្តោត​សំខាន់​លើ​ការ​វាយ​តប់ ពិសេស​​ប្រើ​​ក្បាច់​​គុន​​ល្បុក្កតោ​​ទៀត​ ហេតុ​​អី​​មិន​​ឱ្យ​​តួ​ហ្នឹង​​ទៅ​ហាត់​កីឡា ឬលេង gym ឱ្យ​មាន​សាច់ ដុំ​សិន​ទៅ​ចាំ​មក​ថត?

៤. ការប្រកួតល្បុក្កតោ៖ ការប្រកួតជាលក្ខណៈអន្តរជាតិរវាងកីឡាករល្បុក្កតោ ខ្មែរ និងហ្វីលីពីន មាន​តែ​ប៉ុន្មាន​នាក់​ហ្នឹង​មក​មើល? ហើយ​​អ្នក​​មើល​អង្គុយ​ចំហ​មាត់​ស្ងាត់​ច្រៀប​អ៊ីចឹង? ចំណែក​ឈុត​វាយ​គ្នា​ក៏​វាយ​មិន​សម ឬ​មួយ​ល្បុក្ក​តោ​វាយគ្នា​ស៊ើកៗ ស្ទក់ៗ ដូច​កូន​ក្មេង​​ប្រលែង​គ្នា​បែប​នេះ​ឬ? ការ​ប្រកួត រួម​ទាំង​ក្បាច់​គុន​ផង ដូច​ជា​គ្មាន​ក្បួន​ខ្នាត​អី​សោះ វ៉ៃ​ឡេះ​ឡោះ​ៗ ចុង​​ដៃ​​ចុង​​ជើង ព្រោះ​ខ្ញុំ​គិត​ថា ឈុត​​ល្បុក្ក​តោ គឺ​ជា​ឈុត​ធំ​របស់​រឿង ហេតុ​អី​ធ្វើ​មិន​បាន​ល្អ​សោះ​អ៊ីចឹង ឬ​ធ្វើ​ល្អ​បាន​ត្រឹម​ប៉ុណ្ណេះ?

៥. ឈុតម្តាយមីកាអែលស្លាប់៖ ម្តាយស្លាប់ទាំងមូល ហេតុអ្វីអ្នកដែលយំសោកចូលតួសម មានតែ ទេព រិន្ទដារ៉ូ ដែល​ជា​ប្តី​ម្នាក់​ទៅ​វិញ? កូន​ប្រុសទាំងមូលអត់មានទឹកភ្នែកសូម្បីមួយតំណក់ឬ? ឬ​ហ្វីលីពីន កូន​ប្រុស​គេ​មិន​ឱ្យ​យំ ខ្លាចគេថាទន់ជ្រាយ? (តែ​តាម​ធ្លាប់​មើល​រឿង​ហ្វីលី​ពីនកន្លងមក គ្រាន់តែសង្សារបែកចិត្តក៏យំបោកខ្លួនដែរ) សូម្បី​តែ​ទឹក​មុខ​ក៏​សម្តែង​មិន​សម​បរិយាកាស ដូចជា​បារម្ភ​រឿង​ការ​ហាត់​ល្បុក្កតោ​ខ្លាំងជាងបុណ្យសពម្តាយយ៉ាងម៉េចក៏មិនដឹង តួ​សង្សារ​ទៀត​សោត ក៏​​មក​​ញញឹម​​ញញែម អត់កាន់ទុក្ខអីសោះ។ ឬ​មួយ​ប្រពៃណី​​បុ​ណ្យសពហ្វីលីពីនបែបនេះ?

សរុបមក ចំណុចល្អរបស់រឿងនេះ មានត្រឹមតែប៉ុន្មានប្លង់ប៉ុណ្ណោះ ដែលប្រើប្រាស់អង្គកាមេរ៉ាបានល្អ កាត់តបានគ្រាន់បើ (បញ្ជាក់ គឺ​មាន​តែប៉ុន្មានប្លង់ប៉ុណ្ណោះ) ហើយតួដែលលេចធ្លោក្នុងរឿងនេះ សូម​ជូន​ទៅ លោក ទេព រិន្ទដារ៉ូ ក្រៅ​ពី​នោះ តួ​​ហ្វីលីពីន​​(មីកាអែល) ក៏​គ្រាន់​​បើ ពេល​គាត់​ខឹង​សម្តែង​បាន​សម ចំណែកតួខ្មែរ វ៉ៃហាំង​នៅ​ស្ទើរ​នៅ​ឡើយ​គឺ​សម្តែង​មិន​ទាន់​អស់ បើតួស្រីវិញស្អាត មិន​ចាញ់​តួ​បរទេស​ប៉ុន្មានទេ។ រឿងនេះ ខ្ញុំជូនពិន្ទុ ៥/១០ បើនិយាយពីក្នុងចិត្តពិតប្រាកដ គឺខ្ញុំចង់ឱ្យតែ ៤/១០ ប៉ុណ្ណោះ ប៉ុន្តែ​មិន​ចង់​ឱ្យ​ផលិតករ​បាក់​ទឹកចិត្តខ្លាំង ឬខ្លាចគេថាខ្ញុំមិនឱ្យតម្លៃភាពយន្តខ្មែរ 😀 ៕

*សង្ខេបរឿងដោយ VOD

Read Full Post »


ថា​ប្រទេស​ខ្មែរ​ចុះ​ជា​​ប្រទេស​ក្រី​ក្រ​តូច​តាច​ តែ​សម្រាប់​ភីលីពីន​ដែល​ជា​ប្រទេស​អភិវឌ្ឍន៍​មួយ​ និង​កំពុង​មាន​​វិស័យ​ភាព​យន្ត​​ រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​នោះ ក៏​​ពូកែ​លួច​ចម្លង​គេ​មិន​ធម្មតា​ដែរ ពិសេស​ភាព​យន្ត​ភាគ​កូរ៉េ​ដែល​ល្បីៗ​ទាំង​អស់ ​ត្រូវ​បាន​ភីលី​ពីន​យក​ទៅ​ថត​សា​ជា​ថ្មី​ជា​វ៉ឺស្ហឹ​ន​​របស់​គេ​។​

          ខ្ញុំ​មិន​ដឹង​ថា ​ភីលី​ពីន​បានទិញ​កម្មសិទ្ធិ​បញ្ញា​​ ពី​ប្រទេស​កូរ៉េ​ឬ​ក៏​អត់​នោះ​ទេ គ្រាន់​តែ​ដឹង​ថា​ប្រទេស​នេះ​បាន​យក​រឿង​កូរ៉េ​មក​ថត​​ឡើង​វិញ​ទាំង​ដុល។ តែ​​ទោះ​​​ជា​ទិញ​ឬ​មិន​ទិញ​ក៏​វា​ក្លាយ​ជា​រឿង​មួយ​មិន​ច្បាស់​ការ​ដដែល ដរាប​ណា​ម្ចាស់​ដើម​គេ​មិន​រក​រឿង​ ព្រោះ​មាន​​ប្រទេស​ជិត​ខាង​យើង​ខ្លះ​ក៏​លួច​​យក​ចម្រៀង​គេ​មក​ច្រៀង​​ដោយ​កុហក​ទស្សនិក​ជន​ថា​ បាន​​ទិញ​កម្មសិទ្ធិ​បញ្ញា​ពី​ម្ចាស់​ដើម​ តែ​​វា​​គ្រាន់​តែ​ជា​រឿង​បោក​ប្រាស់​ដើម្បី​​កុំ​ឲ្យ​គេ​ចោទ​​ថា​ជា​ចោរ​ប៉ុណ្ណោះ​!

          សម្រាប់​ខ្ញុំ​​ការ​ថត​ចម្លង​ឥឡូវ​នេះ​​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ នរណា​ចម្លង​នរណា​ក៏​លែង​ខ្វល់​ដែរ​ តែ​គួរ​​ធ្វើ​យ៉ាង​ណា​ផលិត​ឲ្យ​បាន​ល្អ​ជាង​ម្ចាស់​ដើម​ ឬ​យ៉ាង​ហោច​ណាស់​សុំ​ឲ្យ​តែ​មាន​គុណភាព​ប្រហាក់​ប្រហែល​គេ​ក៏​​​បាន​ដែរ​​ ដើម្បី​កុំ​ឲ្យ​មាន​មតិ​រិះ​គន់​ថា ​ចម្លង​គេ​ហើយ​នៅ​ផលិត​អន់​ជាង​គេ​ទៀត​។

          ខ្មែរ​យើង​កំពុង​ក្រ​ និង​ ដើរ​​ក្រោយ​គេ​ជា​និច្ច​​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​។ ខ្ញុំ​​ចង់​ឲ្យ​ខ្មែរ​មាន​អគារ​ខ្ពស់​ៗ​កប់​ពពក​ មាន​ផ្លូវ​និង​ស្ពាន​​អាកាស​ មាន​រថភ្លើង​ស្វ័យ​ប្រវត្តិ​ទាំង​លើ​ដី​​ក្រោម​ដី ​​ដូច​ប្រទេស​អន់​ៗ​យ៉ាង​យួន​ជាដើម​សិន​​ រឿង​ផ្សេងៗ​ទៀត​ចាំ​គិត​ជា​ក្រោយ!!

ខ្មាស​យួន… ខ្មាស​ប្រទេស​ដែល​ខ្មែរ​គ្រប់​គ្នា​​តែង​មើល​ងាយ​មើល​ថោក…​ តែ​គេ​កំពុង​ដើរ​​ទៅ​មុខ​យ៉ាង​​លឿ​ន​ជាង​យើង​ឆ្ងាយ​ណាស់!​​

ខាង​ក្រោម​នេះ​ ជា​ប៉ុស្ត័រ​ភាព​យន្ត​​​ច្បាប់​ដើម​របស់​កូរ៉េ​ និង​ច្បាប់​ថត​ចម្លង​របស់​ភីលីពីន៖

My Girl ច្បាប់ដើមរបស់កូរ៉េ

My Girl ច្បាប់ថតចម្លងរបស់ភីលីពីន

Full House ច្បាប់ដើមរបស់កូរ៉េ

Full House ច្បាប់ថតចម្លងរបស់ភីលីពីន

My name is Kim Sam Soon ច្បាប់ដើមរបស់កូរ៉េ

My name is Kim Sam Soon ច្បាប់ថតចម្លងរបស់ភីលីពីន

Lovers in Paris ច្បាប់ដើមរបស់កូរ៉េ

Lovers in Paris ច្បាប់ថតចម្លងរបស់ភីលីពីន

Only You ច្បាប់ដើមរបស់កូរ៉េ

Only You ច្បាប់ថតចម្លងរបស់ភីលីពីន

Stairway to Heaven ច្បាប់ដើមរបស់កូរ៉េ

Stairway to Heaven ច្បាប់ថតចម្លងរបស់ភីលីពីន

All about Eve ច្បាប់ដើមរបស់កូរ៉េ

All about Eve ច្បាប់ថតចម្លងរបស់ភីលីពីន

Wedding ច្បាប់ដើមរបស់កូរ៉េ

Wedding ច្បាប់ថតចម្លងរបស់ភីលីពីន

Read Full Post »