Feeds:
ប្រកាស
មតិ

Archive for the ‘អាហារខ្មែរ-បរទេស’ Category


tlj_archphkai

ផ្កាយNoVeLs*– អ្នកខ្លះ អាចនឹងចម្លែកចិត្តពេលឃើញខ្ញុំតែងកាន់កែវកាហ្វេ TOUS les JOURS ដែលល្បីឈ្មោះផ្នែករសជាតិនំប៉័ងទៅធ្វើការរៀងរាល់ព្រឹក ជាជាងកាន់ប្រ៊េនកាហ្វេផ្សេងៗដូចជា ប្រោន ឬ Starbucks ជាដើម។

TOUS les JOURS ថ្វីបើជាហាង Bakery ផ្តោតសំខាន់លើនំប៉័ង ឬនំដុតផ្សេងៗ តែហាងនេះក៏មានលក់ភេសជ្ជៈ និងកាហ្វេ ដែលមានរសជាតិពិសេសផ្ទាល់ខ្លួនផងដែរ។ ក្នុងនោះ Hot Cappuccino គឺជាភេសជ្ជៈមួយដែលមិនគួររំលងសម្រាប់អ្នកដែលចូលចិត្តក្រេបរសជាតិកាហ្វេខ្លាំងចាស់ មួយដឹងមួយ ហើយល្មួតផ្អែមស្រាលដោយទឹកដោះគោស្ទីម និងពពុះទឹកដោះគោស្រស់។

tlj_archphkai2

Hot Cappuccino នៅ TOUS les JOURS ឆុងដោយពូជកាហ្វេសុទ្ធល្អ ថ្មីស្រស់ គុណភាពខ្ពស់ ព្រោះគ្រាន់តែតំណក់កាហ្វេ ដែលស្រក់ចេញពីម៉ាស៊ីនឆុងក៏ខាប់ណែន ភាយក្លិនឈ្ងុយឈ្ងប់អប់ចំហាយមកដល់ច្រមុះតាំងពីមិនទាន់បានក្រេប។ ពេលលើកកែវកាហ្វេដែលឆុងរួចមកដាក់ក្បែរច្រមុះ ក្លិនឈ្ងុយរបស់ទឹកដោះគោស្ទីម និងពពុះទឹកដោះគោស្រស់ អប់ចូលគ្នាដោយក្លិនកាហ្វេអេសស្ព្រែសសូ ធ្វើឲ្យ Hot Cappuccino មួយកែវរបស់ TOUS les JOURS ពោរពេញដោយថាមពល មានក្លិន មានរស និងអត្តសញ្ញាណច្បាស់លាស់ រហូតពិបាកនឹងថ្លាថ្លែងពីប្រណីតភាពរបស់កាហ្វេមួយកែវនេះ។

tlj_achphkai3

នេះមិនមែនជាការផ្សាយពាណិជ្ជកម្មទេ អ្នកស្គាល់ខ្ញុំច្បាស់ជាដឹង! ទន្ទឹមនឹងនេះ ខ្ញុំក៏មិនបានឲ្យអ្នកទាំងអស់គ្នាជឿខ្ញុំទាំងអស់ដែរ តែចង់ឲ្យសាកដោយខ្លួនឯង។ បើមានចំណង់ចំណូលចិត្តប្រហាក់ប្រហែលខ្ញុំ ជឿថា នឹងមានអ្នកយល់ស្របតាមអ្វីដែលខ្ញុំពោលមកខាងលើ។ តែជឿចុះថា… លើលោកនេះ ការគិតរបស់មនុស្សតែងតែខុសគ្នា! 😉

អត្ថបទទាក់ទង៖ ខាភូស៊ីណូ កាហ្វេអ៊ីតាលី [Cappuccino] ♥♥

Read Full Post »


starbucks-archphkai

ផ្កាយNoVeLs*–កាលពីថ្ងៃមុន អ្នកនិពន្ធវ័យក្មេងបានណែនាំរួចមកហើយ នូវភេសជ្ជៈថ្មីពី Starbucks គឺ Matcha & Espresso Fusion ដែលមានរសជាតិដើមចម្រុះ៣យ៉ាងផ្សំគ្នា គឺល្វីងជាតិកាហ្វេ Espresso រសជាតិចត់ និងក្លិនឈ្ងុយប្រហើរនៃតែបៃតង Matcha រួមទាំងរសជាតិផ្អែមស្រាលខាប់ល្មួតនៃទឹកដោះគោស្រស់ Fresh Milk។

‘Matcha & Espresso Fusion’ គឺជាការផ្សំលាយបញ្ចូលគ្នារវាងរសជាតិភេសជ្ជៈមេពីរ របស់ Starbucks គឺ តែបៃតង Matcha និងកាហ្វេ Espresso ។ ភេសជ្ជៈនេះបង្កើតឡើងដើម្បីបំពេញចិត្តអតិថិជនដែលមានចិត្តច្រើនរាយមាយ ចង់ញ៉ាំតែបៃតងផង កាហ្វេផង ទើប Starbucks យកភេសជ្ជៈទាំងពីរមកល្បាយចូលគ្នា បង្កើតបានជាភេសជ្ជៈថ្មីមួយដែលមានរសជាតិស្រោបដោយអត្តសញ្ញាណច្បាស់លាស់។

បើនិយាយពីរូបសម្បត្តិខាងក្រៅរបស់ភេសជ្ជៈនេះ គឺខ្ញុំសូមជូនពិន្ទុ ១០/១០ តែម្តង ព្រោះពណ៌សម្បុររបស់វាលេចធ្លោប្រៀបដូចជាស្តេចភេសជ្ជៈមួយកែវ ដែលមានមន្តស្នេហ៍ទាក់ទាញជុំទិស។ ភេសជ្ជៈ ‘Matcha & Espresso Fusion’
ទាក់ភ្នែកខ្លាំង ដោយការចែកល្បាយជា៣ស្រទាប់ គឺស្រទាប់ខាងក្រោមជាតែបៃតង Matcha ស្រទាប់កណ្តាលជាទឹកដោះគោស្រស់ និងស្រទាប់លើបំផុតជាកាហ្វេ Espresso។ នេះគឺជាសិល្បៈនៃការឆុងភេសជ្ជៈដែលល្អវិចិត្រ ផ្ចិតផ្ចង់ មានមន្តស្នេហ៍ទាក់ភ្នែក បន្ថែមរសអារម្មណ៍ឲ្យត្រេកត្រអាលឈ្លក់វង្វេង ទាំងរសជាតិ និងរូបសម្រស់មកលើភេសជ្ជៈក្នុងកែវតែមួយ។

 

starbucks-3

ចំពោះខ្ញុំ រសជាតិរបស់ភេសជ្ជៈមួយកែវនេះ គឺជារសជាតិដែលសម្រិតសម្រាំងឡើងយ៉ាងផ្ចិតផ្ចង់ ទាំងគុណភាពនៃគ្រឿងផ្សំ និងការយកចិត្តទុកដាក់នៃការឆុង។ ហេតុនេះ ខ្ញុំគិតថា ការញ៉ាំ ក៏គួរតែមានវិធីក្រេបជញ្ជក់យករសជាតិដែលលម្អិតផ្ចត់ផ្ចង់ផងដែរ។ ដូច្នេះខ្ញុំសូមណែនាំនូវវិធី២យ៉ាងដែលអាចឲ្យលោកអ្នកលេចលង់ និងឈ្លក់វង្វេងក្នុងរសជាតិតែមួយគ្មានពីររបស់ភេសជ្ជៈនេះ។ វិធីទី១ ពេលអ្នកទទួលបានភេសជ្ជៈនេះមកកាន់ក្នុងដៃហើយ សូមកុំប្រញាប់កូរ ឬវឹកឲ្យវាចូលគ្នា តែត្រូវបឺតសន្សឹមៗពីស្រទាប់ក្រោម រួចទាញបំពង់បឺតយឺតៗតាមស្រទាប់នីមួយៗ ម្តងមួយស្រទាប់ៗ ដែលអាចធ្វើឲ្យយើងបឺតបានរសជាតិដើមពិតៗរបស់គ្រឿងផ្សំទាំង៣។ វិធីទី២ ពេលលោកអ្នកក្រេបបានរសជាតិដាច់ដោយឡែករបស់គ្រឿងផ្សំទាំង៣តាមស្រទាប់នីមួយៗរួចហើយ លោកអ្នកអាចកូរវាឲ្យចូលគ្នាជាល្បាយតែមួយបាន។ ម្តងនេះ យើងនឹងទទួលបានរសជាតិថ្មីដាច់ដោយឡែកមួយទៀតពីភេសជ្ជៈតែមួយ។ ភាពខ្លាំង ចាស់ និងខាប់ដោយជាតិកាហ្វេរបស់ Espresso ផ្សំនឹងរសជាតិចត់ៗ និងក្លិនប្រហើរឈ្ងុយពិសេសរបស់តែបៃតង Matcha បូករួមនិងរសជាតិផ្អែមល្មួតស្រាលរបស់ទឹកដោះគោស្រស់ នឹង ធ្វើឲ្យលោកអ្នកទទួលបានរសជាតិភេសជ្ជៈថ្មីប្លែកមួយបែបទៀត ដែលទាំងឈ្ងុយ ទាំងឆ្ងាញ់ ជាប់ចិត្ត មានអត្តសញ្ញាណច្បាស់លាស់ មិនដូចភេសជ្ជៈផ្សេងៗទៀត។

ប្រសិនបើលោកអ្នក ជាមនុស្សដែលងប់ងល់ និងត្រេកត្រអាលនឹងរសជាតិរបស់កាហ្វេ និងតែបៃតងនោះ អ្នកមិនត្រូវរំលងភេសជ្ជៈមួយនេះដាច់ខាត។ តែ… អ្នកខ្លះអាចនឹងប្លែកអណ្តាតនឹងភេសជ្ជៈថ្មីនេះ ព្រោះតែភាពចម្រុះបែបនៃរសជាតិក្នុងភេសជ្ជៈតែមួយ។ ពិសេសហេតុផលដែលបដិសេធមិនបានមួយទៀតនោះគឺ… មនុស្សមួយផែនដីនេះ គ្មាននរណាចូលចិត្តដូចគ្នានោះទេ! 😀 😛

Read Full Post »


Coffee Review
Iced Matcha & Espresso Fusion
ពិន្ទុ ៩,៥/១០

starbucks-1

ផ្កាយNoVeLs*– ថ្មីៗនេះ Starbucks Cambodia ទើបតែចេញលក់ភេសជ្ជៈថ្មីរបស់ខ្លួន ដែលជាការសំយោគ រវាងប្រ៊េនស្តេចតែដ៏ល្បីគឺ Teavana និងប្រ៊េនស្តេចកាហ្វេ Starbucks ហៅរួមគ្នាថា Starbucks® Teavana™ ។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ Starbucks Cambodia បានបញ្ជាក់ប្រាប់ថា Starbucks® Teavana™ មានជាទឹកតែពណ៌ស ទឹកតែពណ៌បៃតង ទឹកតែរសជាតិរុក្ខជាតិ និងទឹកតែពណ៌ខ្មៅ ដែលមានដល់ទៅ៨រសជាតិ។ តើអ្នកទាំងអស់គ្នាបានភ្លក្សហើយឬនៅ?

starbucks-3

ចំពោះខ្ញុំចូលចិត្ត Iced Matcha & Espresso Fusion ដែលជាប្រភេទតែបៃតង លាយគ្នាជាមួយនឹងកាហ្វេEspresso ។ ពេលយើងយកមកដាក់ក្បែរមាត់ យើងនឹងទទួលបានក្លិនឈ្ងុយប្រហើរនៃតែបៃតង និងកាហ្វេរួមគ្នា ធ្វើឲ្យក្រពេញទឹកមាត់ហូរច្រោកៗ ស្ទើរទ្រាំមិនបាន។ ពិសេសពេលយើងក្រេបចូលដល់ក្នុងមាត់ យើងនឹងទទួលបានរសជាតិពិសេសប្លែកនៃល្បាយភេសជ្ជៈ៣ផ្សំគ្នាគឺ តែបៃតង កាហ្វេ និងទឹកដោះគោស្រស់ ព្រមទាំងក្លិនឈ្ងុយប្រហើរកាន់តែរាលដាលពេញច្រមុះ។

starbucks-2

ចង់ដឹងឆ្ងាញ់ប៉ុណ្ណា កុំភ្លេចទៅសាកល្បងភ្លក្សមើលណ៎ា! ពេលនេះកំពុងមានប្រូម៉ូស្សិនពិសេសផង គឺទិញកែវតូច បានកែវកណ្តាល ទិញកែវកណ្តាលបានកែវធំ! 😀 😀

Read Full Post »


សម្ល​ម្ជូរ​គ្រឿង​មួយ​ចាន​នេះ​ ចម្អិន​ដោយ​ម្តាយ​ខ្ញុំ​ពិតៗ ^_^

សម្ល​ម្ជូរ​គ្រឿង​មួយ​ចាន​នេះ​ ចម្អិន​ដោយ​ម្តាយ​ខ្ញុំ​ពិតៗ ^_^

ផ្កាយNoVeLs*–អ្នក​និពន្ធ​វ័យ​ក្មេង​ថ្ងៃ​​នេះ សូម​លើក​យក​របៀប​​ធ្វើ​​ម្ហូប​ខ្មែរ​មួយ​មុខ គឺ​សម្ល​ម្ជូរ​គ្រឿងដោយ​ប្រើ​រូប​មន្ត​ថ្មី​ប្លែក​របស់​ម្តាយ​ខ្ញុំ​ ហើយ​ធានា​ថា ​ក្រោយ​ពី​អនុវត្ត​តាម​រូបមន្ត​នេះ​ ប្រិយមិត្ត​នឹង​ទទួល​​បាន​​នូវ​សម្ល​ម្ជូរ​គ្រឿង​​មួយ​ចាន ​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ប្លែក​មាត់​ ​ជាប់ចិត្ត​​ ទទួល​ទាន​​ហើយ​ចង់​​ទទួល​ទាន​ទៀត​​មិ​នខាន។

សម្លម្ជូរ​គ្រឿង គឺជា​ម្ហូបខ្មែរ​មួយ​ប្រភេទ​​​ដែល​ផ្តល់​រសជាតិ​ជូរ ផែ្អ​ម ឈ្ងុយឆ្ងាញ់​ពិសាដោយ​មាន​គ្រឿងផ្សំ​ជាច្រើន​ ដូចជា សណ្តែកដី​លីង ស្លឹកគ្រៃ រ​មៀត ម្ទេសស្លឹក​ក្រូចសើច យក​​មក​បុក​ច្របល់​ឲ្យ​ម៉ដ្ឋ​។​ ចំណែក​សាច់​វិញគេ​អាច​ស្ល​សម្លម្ជូរគ្រឿង​ជាមួយ​សាច់​ត្រី សាច់​គោ សាច់មាន់ និង​សាច់ជ្រូកឆ្អឹងជំនី​រ​ជ្រូកតាម​តែ​ពេញចិត្ត ព្រមទាំង​មាន​ប្រហុក​ថែមទៀតហើយ​បន្លែ​គេ​អាច​ស្ល​ជាមួយ​ត្រ​កួន ឬ​ត្រប់​។

អាច​និយាយ​បាន​ថា សម្លម្ជូរ​គ្រឿង​មាន​ច្រើន​ប្រភេទ​​ទៅតាម​ការ​ផ្សំ​គ្រឿង​ និងតាម​​តំបន់​រស់​នៅ​ផ្សេងៗ​។ និយាយ​តាម​ត្រង់​ ខ្ញុំ​មិន​ធ្លាប់​ញ៉ាំ​សម្ល​ម្ជូរ​គ្រឿង​ណា​ឆ្ងាញ់​ដូច​ម្តាយ​ខ្ញុំ ឬ​ម្តាយ​មីង​(ប្អូនស្រី​ម៉ែ)របស់​ខ្ញុំស្ល​​នោះទេ។ តាម​ហាង​ផ្សេងៗ​ មិន​ថា​តូច​មិន​ថា​ធំ ភាគ​ច្រើន​ ទឹក​សម្ល​ថ្លាៗ​ ពណ៌​លឿងៗ​ ហាក់​គ្មាន​គ្រឿង​អ្វី​សោះ​ ហើយ​រសជាតិ​ក៏​ព្លែតៗ ដូច​សម្ល​ម្ជូរ​ធម្មតា​គ្រាន់​តែ​មាន​ទឹក​រមៀត​ និង​គល់​ស្លឹក​គ្រៃ​បន្តិច​ប៉ុណ្ណោះ។

ណ្ហើយ! ឥឡូវ​កុំ​បង្អង់​យូរ មក​សាក​ប្តូររសជាតិ គ្រឿង​ផ្សំ និង​វិធី​ធ្វើ​តាម​រូប​មន្ត​របស់​ម្តាយ​ខ្ញុំ​វិញ​មើល៍ តើ​ឆ្ងាញ់​ប្លែក ជាប់​មាត់​ជាប់​ចិត្ត​ដូច​ខ្ញុំ​ថាឬ​ទេ!! 😉

 

គ្រឿងផ្សំ

  • សាច់​(ត្រី/គោ/មាន់/ជ្រូក/ឆ្អឹង​ជំនីរ)លាងទឹក​ឲ្យ​ស្អាត រួចហាន់​ជាកង់ៗ
  • ខ្ទិះ​ដូង​(ខ្ទិះ​ដើម និង​ខ្ទិះ​ចុង​)
  • ម្ជូរ(សណ្ដាន់ក្រៀម/អំពិល​ទុំ/ត្រួយ​អំពិល/ស្លឹក​ម្កាក់/ស្លឹក​ថ្នឹង)​
  • គល់ស្លឹកគ្រៃ រំដេង រមៀត សម្បក ឬ​ស្លឹកក្រូច​សើច ខ្ទឹម​ក្រហម ខ្ទឹមស បុកឬ​កិន​ចូល​គ្នាឲ្យ​ម៉ដ្ឋ​
  • ប្រហុកចិញ្ច្រាំ​, សណ្តែក​ដីបុក​, ម្ទេសឆ្អើរចិញ្ច្រាំ​
  • ស្ករត្នោត, ប៊ីចេង, អំបិល, ទឹកត្រី
  • ត្រកួន ឬ​ត្រប់, ស្លឹកក្រូចសើច, ម្ទេសដៃ​នាង

 

វិធីធ្វើ

១- ដាក់ឆ្នាំងលើចង្ក្រានឲ្យ​​ក្ដៅបន្ដិច រួច​ចាក់ខ្ទិះដើម​ពាក់កណ្ដាល​ទៅក្នុងឆ្នាំង កូរឲ្យ​​ឈ្ងុយ។

២- ដាក់ម្ទេសឆ្អើរដែលបាន​ចិញ្ច្រាំរួច​ចូល រួចកូរឲ្យ​ឡើង​ពណ៌ល្អ។ បន្ទាប់​មក​យក​ប្រហុក​ដែល​ចិញ្ច្រាំ​រួច​ចូល កូរ​ឲ្យ​ឈ្ងុយ​ ទើប​ចាក់គ្រឿងដែល​បាន​បុក​រួច​ចូលព្រម​គ្នា​ ជាមួយ​សណ្តែក​ដី​បុក ហើយកូរឲ្យ​ចូលជាតិ។

៣- ដាក់គ្រឿងផ្សំ​រសជាតិ(ស្ករ​ត្នោត, ប៊ីចេង, អំបិល, ទឹកត្រី) រួច​ដាក់សាច់​ចូលទុករយៈ​ពេល ប្រហែល​១០នាទី។

៤- បន្ទាប់​មក​ចាក់ខ្ទិះចុងចូលល្មម​លិចសាច់​ រួចដាក់ម្ជូរ​សណ្ដាន់ ឬ​អំពិលទុំ​ចូល​(បើ​ប្រើ​ម្ជូរ​​ស្លឹក​ថ្នឹង​ ស្លឹក​ម្កាក់ ឬ​ត្រួយ​អំពិល​ ចាំ​​ហាន់​ដាក់​ជាមួយ​បន្លែក្រោយគេ​​)

៥- ភ្លក្ស​មើលឲ្យ​បាន​រសជាតិ​ប្រៃផ្អែមល្មម រួច​ចាក់ខ្ទិះ​ដើមដែល​នៅសល់ចូល​ ទុកមួយ​អំពុះ ទើបដាក់​ចុះជាការ​ស្រេច។ នៅពេលដួស​ទទួល​ទាន​ កុំ​ភ្លេច​យកម្ទេសដៃ​នាង​ និងស្លឹក​ក្រូ​ច​សើច​មក​ហាន់​​រោយ​​ពីលើដើម្បី​លម្អ​ និង​មាន​ក្លិន​កាន់តែ​ឈ្ងុយ​ឆ្ងាញ់​៕

 

Read Full Post »


ផ្កាយ​NoVeLs*– កាហ្វេ​ប្រៀប​បាន​នឹង​និម្មិតសញ្ញា​នៃ​ភាព​ចាស់​ទុំ​។ អ្នក​ដែល​ឈាន​ចូល​ដល់​វ័យ​ធ្វើ​ការ​ តែង​តែ​សាក​ល្បង​ក្រេប​រសជាតិ​កាហ្វេដើម្បី​បំបាត់​នូវ​ភាព​តប់​ប្រមល់​ផ្សេងៗ​​ តែ​សម្រាប់​​អ្នក​ធ្វើ​ការថ្មោង​​ថ្មី​ដែល​ទើប​តែ​ចាប់​ផ្តើម​ផឹក​កាហ្វេ​ដំបូងៗ​ ពេល​ឈាន​ជើង​ចូល​ក្នុង​ហាង​កាហ្វេ​ហើយ អាច​នឹង​វិល​មុខ​ជាមួយ​បញ្ជី​ឈ្មោះ​​កាហ្វេ​​ដែល​មាន​ច្រើន​មុខ​ស្ទើរ​រាប់​មិ​នអស់​បាន​​។ ដូច្នេះ ​អ្នក​និពន្ធ​វ័យ​ក្មេង​ដែល​មាន​បទ​ពិសោធ​ក្រាស់​ក្រែល​គួរ​សមពាក់​ព័ន្ធ​រសជាតិ​កាហ្វេ ​ បាន​ស្វែង​រក​វិធី​ក្រេប​រស​ជាតិ​កាហ្វេ​ប្រភេទ​ផ្សេងៗ​មក​ផ្ញើ​ប្រិយ​មិត្ត​អ្នក​អាន​ឲ្យ​បាន​ភ្លក្ស​នូវ​រស​ជាតិ​ផ្អែម​ល្វីង​ឲ្យ​បាន​​ត្រូវ​មាត់​ត្រូវ​ចិត្ត​ម្តង​។ 😉

វិធី​ផឹក​ អេស្ព្រេសសូ (ESPRESSO)

    ពពុះ​ពណ៌​មាស​ដែល​អណ្តែត​ត្រានេះ​​​បញ្ជាក់​ពី​គុណភាព​របស់​កាហ្វេ​

ពពុះ​ពណ៌​មាស​ដែល​អណ្តែត​ត្រានេះ​​​បញ្ជាក់​ពី​គុណភាព​របស់​អេស្ព្រេសសូ

ដោយ​ការប្រើ​កម្លាំង​បិត​ចំហាយ​ទឹក​ ឬ​ទឹក​ក្តៅ​​ឲ្យ​ឆ្លង​កាត់​គ្រាប់​កាហ្វេ​​លីង ហើយ​យក​មក​​​កិន​ឲ្យ​ម៉ដ្ឋ​ ទើប​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ដែល​អេស្ព្រេសសូ​ក្លាយ​ជា​កាហ្វេ​មួយ​ប្រភេទ​ ដែល​មាន​​​រស​ជាតិ​ល្វីង​ និងចាស់​ខ្លាំង​បំផុត​។ ការ​ឆុង​កាហ្វេ​ប្រភេទ​នេះ​ គឺ​ឆុង​ជាshot ដែល​មាន​​បរិមាណ​ប្រហែល​ ៣០-៥០ក្រាម​។

អេស្ព្រេសសូដែល​ល្អ​ នឹង​មាន​ពពុះ​ពណ៌​មាស​គ្រប​ដណ្តប់​ពេញ​កែវ​ ហើយ​ដែល​សំខាន់​គឺ​អេស្ព្រេសសូ​​គ្មាន​ប្រភេទ​ត្រជាក់​ទេ។ ចំពោះ​វិធី​ផឹក​ គឺ​​គួរ​ផឹក​មួយ​ក្អឹក​​ឲ្យ​អស់​ ឬ​មិន​គួរ​ទុក​ចោល​​​​លើស​ពី​៥​នាទី​ឡើយ​​​ បើ​មិន​ដូច្នោះ​នឹង​បាត់​រស​ជាតិ​។ ក្បួនខ្លះ​ប្រាប់ថាការ​​បៀម​អេស្ព្រេស​សូ​​ទុក​មួយ​សន្ទុះ​ ហើយ​លេប​ចូល​បន្តិច​ម្តងៗដូច​ស្រាក្រហម​​ នឹង​ធ្វើ​ឲ្យ​យើង​ជ្រួត​ជ្រាប​នូវ​រសជាតិ​ពិសេស​របស់​អេស្ព្រេស​សូ​បាន​កាន់​តែជ្រាល​ជ្រៅ​​។

វិធី​ផឹក​កាពូជីណូ(CAPPUCCINO)

សំណល់​បាត​កែវ​បែប​នេះ​ ក៏​បញ្ជាក់​ពី​គុណភាព​របស់​កាពូជីណូដែរ​

សំណល់​បាត​កែវ​បែប​នេះ​ ក៏​បញ្ជាក់​ពី​គុណភាព​របស់​កាពូជីណូដែរ​

កាពូជីណូ​មាន​អត្រាគ្រឿង​ផ្សំ​របស់​អេស្ព្រេសសូ ១/៣ ​ទឹក​ដោះគោ​ស្ទីម(ទឹក​ដោះគោស្រស់​​ក្តៅ​ឆ្លង​កាត់​ចំហាយ​ទឹក​)​ ១/៣ និង​ទឹក​ដោះ​វាយ​ឲ្យ​ឡើង​ពពុះ​អណ្តែត​ពី​លើ​ ១/៣​ទៀត​។ ក្រៅ​​ពី​នេះ​មាន​រោយ​ម្សៅ​ស៊ីនណាម៉ន ឬ​ម្សៅ​កាកាវ​ពី​លើ​តិច​ៗ​ផង​។

ដោយ​កាពូជីណូ មាន​លក្ខណៈ​លេច​ធ្លោ​ត្រង់​ពពុះ​ទឹក​ដោះ​គោ ដូចនេះ​ពេល​ដួស​ពពុះ​ទឹក​​ដោះ​គោ​ឡើង​​ ហើយ​ផ្កាប់​ស្លាប​ព្រាចុះ​ ពពុះ​ទឹក​ដោះ​គោ​ដែល​ល្អ​នឹង​មិន​ស្រក់​ចេញ​ពី​ស្លាប​ព្រា​ទេ ហើយ​ត្រូវ​ក្រាស់​ ម៉ដ្ឋ​ល្អិត​ និង​ទន់​ល្មើយ​​ជា​ទីបំផុត​។ ចំពោះ​ការ​ទទួល​ទាន​ដែល​ត្រឹម​ត្រូវ​ គឺ​ត្រូវ​លើក​​ពែង​កាហ្វេ​ផឹក ដោយ​​ឲ្យ​ទឹក​កាហ្វេ​ហូរ​កាត់​ពពុះ​ទឹក​ដោះ​គោ ​ចូល​ក្នុង​មាត់​​សន្សឹមៗ​។ សង្កេត​​បាន​ថា ពេល​ផឹក​កាហ្វេ​អស់​​ នឹង​មាន​ពពុះ​ទឹក​ដោះ​គោ និង​ម្សៅ​ដែល​រោយ​ពី​លើ​នោះ​នៅ​​សល់​ជាប់​នឹង​បាត​កែវ​។

វិធី​ផឹក​ម៉ូកា(Mocha)

ហាម​កូរ​ពពុះ​ក្រេមខាង​លើ​នេះ​​ចូល​ជាមួយ​កាហ្វេដាច់ខាត​

ហាម​កូរ​ពពុះ​ក្រេមខាង​លើ​នេះ​​ចូល​ជាមួយ​កាហ្វេដាច់ខាត​

កាហ្វេ​ម៉ូកាមាន​ពណ៌​ និង​ក្លិន​ដូច​សូកូឡា ថ្វី​បើ​ពេល​ខ្លះ​​គ្មាន​សូកូឡា​ក្នុង​គ្រឿង​ផ្សំ​របស់​ម៉ូកា​ក៏​ដោយ។ នៅ​តាម​ហាង​នានា ​ចូលចិត្ត​ធ្វើ​ម៉ូកា​ដោយ​ដាក់​អេស្ព្រេសសូ ផ្សំ​ជាមួយ​កាកាវ​ មាន​​ទាំង​ប្រភេទ​ក្តៅ​ និង​ត្រជាក់​ ព្រោះ​គ្មាន​ពពុះ​ទឹក​ដោះ​គោ ដែលល្ងាន់​​​ខ្លាំង​ណាស់ពេល​ទទួល​ទាន​លាយ​ទឹក​កក។ ដូចនេះ​អ្នក​ដែល​ចង់​ផឹក​កាពូជីណូ​ទឹក​កក អាច​​ងាក​មក​សាកល្បង​​ម៉ូកា​ទឹក​កក​​វិញ​ចុះ នឹង​ទទួល​បាន​រសជាតិ​ឆ្ងាញ់​ប្លែក​ជាប់​ចិត្ត​មិន​ខាន​។

ម៉ូកាជាកាហ្វេ​ដែលគេដាក់​ពពុះ​ក្រេម(Whip Cream)ពីលើ​ ដូច្នេះ​ពេល​ផឹក​ សូម​កុំ​វឹក​ ក្រេម​ចូល​ជាមួយ​កាហ្វេ តែ​ឲ្យ​ដួស​ម្តង​មួយម៉ាត់ៗ​ញ៉ាំ​ជាមួយ​កាហ្វេ​វិញ​ បើ​មិន​ដូច្នោះ​នឹង​ធ្វើ​ឲ្យ​បាត់​​រសជាតិ​មិន​ខាន។ ម្យ៉ាង​ទៀត​… ម៉ូកា​មិន​ចាំបាច់​ថែម​ស្ករ​ទេ ព្រោះ​សូកូឡា​មាន​រសជាតិ​ផ្អែម​​ស្រាប់​ហើយ​។ បើ​ផឹក​កាហ្វេ​ម៉ូកា​ កុំ​ភ្លេច​កម្មង់​ ​Brownie ឬខេកសូកូឡា ញ៉ាំ​ជាមួយ​គ្នា គឺ​ឆ្ងាញ់​រក​លេខ​ដាក់​គ្មានទេ​! 😀

វិធី​ផឹកអាមេរិកាណូ(Americano)

អាមេរិកាណូ​ដែល​គ្រប់​គ្នា​ស្គាល់​ក្នុង​ឈ្មោះ​កាហ្វេ​ខ្មៅ

អាមេរិកាណូ​ដែល​គ្រប់​គ្នា​ស្គាល់​ក្នុង​ឈ្មោះ​កាហ្វេ​ខ្មៅ

មនុស្ស​ភាគ​ច្រើន​ ប្រហែលជា​ស្គាល់​អាមេរិកាណូ​តាម​រយៈ​ឈ្មោះ​ «កាហ្វេ​ខ្មៅ» ដែល​កើត​​ឡើង​ពី​ការ​បន្ថែម​ទឹក​ក្តៅ​ ផ្សំ​ជាមួយ​អេស្ព្រេសសូ ដែល​ធ្វើ​ឲ្យ​អាមេរិកាណូ​មាន​រសជាតិ​ល្វីង​​ចត់​ដូច​កាហ្វេ​ធម្មតា​ តែ​មាន​រសជាតិ​ចាស់​ និង​ក្លិន​ក្រអូប​ឈ្ងុយ​ឈ្ងប់​ពី​អេស្ព្រេសសូ។ អាមេរិកាណូ​ ស័ក្តិ​សម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​កាហ្វេ​ខ្មៅ តែ​មិន​ចាស់ និង​ល្វីង​ដូច​អេស្ព្រេសសូ​ពេក​។ ដើម្បី​បាន​ជ្រួត​ជ្រាប​នូវ​រស​ជាតិ​កាហ្វេ​​​​ពិត​ ដែល​មិន​​ដូច​កាហ្វេ​ដទៃ​ទៀត​នោះ ​គេ​​និយម​ផឹក​អាមេរិកាណូ​ដោយ​មិន​លាយ​ជាមួយ​ទឹក​ដោះ​គោ ឬ​ស្ករនោះ​​ទេ៕

ថ្ងៃ​នេះ​ជូន​ប៉ុណ្ណឹង​សិន ថ្ងៃ​ក្រោយ​មាន​បន្ថែម​ទៀត! 😉

 

Read Full Post »


 

Amazon Cafe_Archphkai_1    

ផ្កាយNoVeLs*– ហាង​កាហ្វេ​ទំនើប​ ហាង​កាហ្វេ​ស្រស់ ឬ​ខ្លះ​ហៅថា​ ហាង​កាហ្វេ​បារាំង​ កំពុង​តែ​រីកព្រោង​ព្រាត​ក្នុង​ទីក្រុង​ភ្នំពេញ​។ ជាង​ដប់​ឆ្នាំ​មុន ហាង​កាហ្វេ​បែប​នេះ​ គេ​រក​បាន​ដោយ​កម្រ​នៅ​ក្នុង​ទីក្រុង ​ដែល​ធ្លាប់​ជាប់​ឈ្មោះ​ជា​ប៉ារីស​នៅអាស៊ី​មួយ​នេះ​។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​នេះ ពិសេស​​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ Brand ហាង​កាហ្វេ​ទំនើប​ៗ​បាន​ និង​កំពុង​តែសម្រុក​ចូល​យ៉ាង​​គំហុក​ និង​ច្រើន​រហូត​ស្ទើរ​តែ​មិន​ដឹង​ថា គួរ​ជ្រើស​រើសចូល​ហាង​មួយ​ណា?

កាហ្វេ​ និង​ខ្ញុំ​ ប្រៀប​ដូច​ទឹក​ និង​ត្រី ផ្ទុយ​ពីមេឃ​ និង​ដី តែ​ជា​កវី​ និង​ទឹក​ខ្មៅ 😀 ។ ខ្ញុំ​តែង​តែ​ដើរ​ស្រង់​ក្លិន​កាហ្វេ​តាម​ហាង​នានា​ មិន​ថា​ទីក្រុង​ភ្នំពេញ​ ឬ​តំបន់​ផ្សេង​ដែល​ខ្ញុំ​បាន​ទៅដល់។ Starbucks និង Coffee World សុទ្ធ​តែ​ខ្ញុំ​បាន​ភ្លក្ស​រួច​មក​ហើយ ថ្វី​បើ​ហាង​កាហ្វេ​លំដាប់​ពិភព​លោក​ទាំង​ពីរ​នេះ មិ​នទាន់​មក​ដល់​ស្រុក​ខ្មែរ​ក៏ដោយ។

ថ្ងៃ​នេះ​ ខ្ញុំ​បាន​ធ្វើ​ដំណើរ​វែង​ឆ្ងាយ ជា​ដំណើរ​ផ្សេង​ព្រេង​មួយ​តាម​ចំហាយ​ក្លិន​នៃ​កាហ្វេ​ រហូត​មក​ដល់​ អាម៉ាហ្សូន(Amazon)។ Café Amazon គឺ​ជា​Brandមក​ពីCafe Amazon_Archphkai_2​ប្រទេស​ថៃ​របស់​ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​PTT។ ហាង​កាហ្វេ​នេះ​តែង​តែ​បើក​នៅទីណា​ដែល​មាន​ស្ថានីយ​ប្រេង​ឥន្ធនៈ​នេះ​ស្ថិត​នៅ​ ឬ​បាន​ទិញ​Franchise​ ពីហាង​កាហ្វេ​នេះ​។ នៅ​ភ្នំពេញ​ បច្ចុប្បន្ន PTT បាន​បើក​ឲ្យ​ដំណើរ​ការ​ Café Amazon បាន​ពីរ​សាខា​ហើយ គឺ​មួយ​នៅ​ត្រង់​ស្តុប​វត្តនាគវ័ន្ត និង​មួយ​ទៀត​នៅ​ច្បារ​អំពៅ​ក្បែរ​បុរី​ប៉េង​ហួត។ ឆាប់ៗ​នេះ​ PTT នឹង​បើក​សាខា​ថ្មី​មួយ​ទៀត​នៅ​ផ្សារ​តូច​ ស្ពាន​ជ្រោយ​ចង្វា។

មុន​នឹង​និយាយ​ពី​ក្លិន រស​ជាតិ និង​សេវាកម្ម សូម​និយាយ​ពីតម្លៃ​ជាមុន​សិន​។ តាម​ធម្មតា​ ហាង​កាហ្វេ​នៅតាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​តែង​តែ​ថោក​ជាង​តាម​ហាង​កាហ្វេ​ធំៗ​ ដូច​ជា​ Brown Gloria Jean ឬ​ True Coffee ជាដើម។ បើ​តាម​ខ្ញុំ​ដឹង​ ហាង​កាហ្វេ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ ​ដែល​មាន​Brandត្រឹម​ត្រូវ​នៅ​ភ្នំពេញ ​មាន​មិន​ច្រើន​ទេ ដូចជា​ Coffee Plus នៅ​កាល់តិច Bonjour នៅតូតាល់។ បើ​ប្រៀប​ធៀប​ជាមួយ​ហាង​កាហ្វេ​តាម​ស្ថានីយប្រេង​ឥន្ធនៈ​ដូច​គ្នា Café Amazon គឺ​មាន​តម្លៃ​ថ្លៃ​ជាង​បន្តិច​បន្តួច​ តែ​ថ្មីៗ​​នេះ​ Coffee Plus បាន​តម្លើង​តម្លៃ​ ២០​សេន​បន្ថែមទៀត​​ ធ្វើ​ឲ្យ​តម្លៃ​ខាពូជីណូរបស់​ហាង​ទាំងពីរ​មាន​តម្លៃ​ស្មើ​គ្នា​។

ចំពោះ​ក្លិនឈ្ងុយ​ កាហ្វេ​នៅ​Amazonគឺ​ស្ទើរ​តែ​គ្មាន។ បើ​ប្រៀប​ធៀប​ជាមួយ ​Coffee Plus ដែល​ជា​កាហ្វេ​តាមស្ថានីយប្រេង​ឥន្ធនៈ​​ដូច​គ្នា​នោះ​ គឺ​​ចាញ់​បាត់​ទៅហើយ​ មិន​បាច់​ប្រៀប​ធៀប​ជាមួយ​ហាង​កាហ្វេ​ធំៗ​ទេ។ ចំពោះ​រសជាតិ​វិញ​ អាច​និយាយ​បាន​ថាឆ្ងាញ់​តាម​សាខា តាម​អ្នក​ឆុង​ ដូច​ Coffee Plus ដែរ​ ថ្វី​បើ​ហាង​កាហ្វេ​ទាំង​ពីរ​​សុទ្ធ​តែ​មាន​ Brand ត្រឹម​ត្រូវ​ក៏​ដោយ​។ រស​ជាតិ​នៅ ​Amazon គេ​ផ្តោត​សំខាន់​លើ​ទឹក​ដោះ​គោស្រស់​ច្រើន​ជាង​ ចំណែក​ក្លិន​ឈ្ងុយ​ ក៏​ឈ្ងុយ​មក​ពី​ទឹក​ដោះ​គោ​ស្រស់​ដែរ​។ ដូច្នេះ​បើ​នរណា​ចូលចិត្ត​កាហ្វេ​រសជាតិ​ស្រាល ឬ​ចូលចិត្ត​រសជាតិ​ទឹក​ដោះ​គោស្រស់​នោះ សូម​អញ្ជើញ​ទៅ​ Café Amazon ចុះ​ពិត​ជា​មិន​ខក​បំណង​ទេ។ តែ​បើ​អ្នក​ចូលចិត្ត​ក្លិន​ក្រអូប​ឈ្ងុយ​របស់​កាហ្វេ និង​រស​ជាតិ​ចាស់ ចត់​ល្វីង​​ ហើយ​ឈ្ងុយ​​ក្លិន​កាហ្វេ​ស្រស់​ពីធម្មជាតិ ខ្ញុំ​សូម​ណែ​នាំ​កុំ​ទៅអី!

AMAZON

បើ​និយាយ​ពីសេវាកម្ម​នៅ​ Amazon ខ្ញុំ​ថា​មិ​នជា​អន់​ទេ តែ​ពែង​កាហ្វេ​គ្រប់​កែវ​ ចាននំ​គ្រប់​ថាស ត្រូវ​តែ​បម្រើ​ដោយខ្លួន​ឯង​ ឬ​ពេលខ្លះ​បុគ្គលិក​អាច​បម្រើ​ជូន​ដែរ​ ប្រសិន​បើ​ទំនេរ ឬ​មាន​អារម្មណ៍​ល្អ​! 😛 ដូច​ហាង​ទូទៅដែរ Amazon មិន​អនុញ្ញាត​ឲ្យ​យក​អាហារ​ពីក្រៅចូលញ៉ាំ​ទេ តែ ​Amazon មិន​ថ្នម​សម្តីជាមួយ​អតិថិជន​សោះ ព្រោះ​ដាក់​បម្រាម​ដោយ​បើក​ចំហ​នៅ​លើ​តុ​តែ​ម្តង! ចំណែក​នៅ​លើ​មាត់​ទ្វារ​ ក៏​មាន​បម្រាម​ផ្សេងៗ​ទៀត​ដែរ ដូច​ជា ហាម​ជក់​បារី ហាម​ថត​រូប តែ​អារឿង​ចុង​ក្រោយ​​នេះ(ថតរូប)​ ហាម​ឯណា​បាន​ ព្រោះ​បើ​​ពិត​ជាហាម​មែន ប្រាកដ​ជា​គ្មាន​អ្នក​ចូល​ទេ ព្រោះ​សម័យ​នេះ​ ជា​សម័យ​ Selfie ទៅហើយ! 😀

ចំណែក​បរិយាកាស​ និង​ការ​តុប​តែង​ហាង​វិញ Amazon មិន​អន់​ជាង​ហាង​កាហ្វេ​ធំៗ​ដទៃ​ទៀត​នោះ​ទេ សឹង​អាច​និយាយ​បាន​ថា​ ល្អ​ជាង​ហាង​ខ្លះ​ផង​ ហើយ​បើ​ប្រៀប​ជាមួយ​ហាង​នៅ​តាមស្ថានីយ​ប្រេង​ឥន្ធនៈ​​ដូច​គ្នា គឺ ​Amazon ស៊ីដាច់​​យ៉ាង​ផុយ។ ណ្ហើយ! ឈប់​និយាយ​ច្រើន​​ហើយ ព្រោះ​ដូច​ជា​វែង​គួរ​សម​ គ្រាន់​តែ​និយាយ​ពីហាង​កាហ្វេ​សោះ។ ថ្ងៃ​នេះ​មក​ដល់​អាម៉ាហ្សូន ថ្ងៃ​ក្រោយ​ប្រហែល​ទៅដល់​ហេមពាន្ត​ក៏​មិនដឹង ដូច្នេះ​រង់​ចាំ​អាន​ដំណើរ​ផ្សង​ព្រេង​តាម​ហិត​ក្លិន​កាហ្វេ​របស់ខ្ញុំ​បន្ត​ទៀត​ណ៎ា! មែន​ហើយ ប៊ិះភ្លេច​ រូប​ថត​ទាំងនេះ​ថត​ដោយ​ទូរស័ព្ទ​អន់ៗ​ទេ បើ​មិន​ច្បាស់​អី កុំ​ប្រកាន់អី! ;)​

ទិដ្ឋភាព​ពេលថ្ងៃ​

ទិដ្ឋភាព​ពេលថ្ងៃ​

ទិដ្ឋភាព​ពេល​យប់​

ទិដ្ឋភាព​ពេល​យប់​

សេវាកម្ម​ទឹក​ត្រជាក់

សេវាកម្ម​ទឹក​ត្រជាក់

 

Read Full Post »


ទឹក​ប្រទាល​កន្ទុយ​ក្រពើ និង​ជីអង្កាម​ ផលិត​ផល​គ្រួសារ ^^

ទឹក​ប្រទាល​កន្ទុយ​ក្រពើ និង​ជីអង្កាម​ ផលិត​ផល​គ្រួសារ ^^

ផ្កាយ​NoVeLs*– មួយ​រយៈ​នេះ​ ប្រទាល​កន្ទុយ​ក្រពើ​នៅ​លើ​ដំបូល​ផ្ទះ​ ដុះ​បែក​គុម្ព​ច្រូង​ច្រាង​ ក៏​មិន​ដឹង​យក​ទៅ​ធ្វើ​អី ក្រៅ​ពីដាំ​លម្អ​ និង​ប្រើ​ការ​បន្តិច​បន្តួច​ដួច​ជា​លាប​របួស​រលាក​ជា​ដើម។ ដោយ​ឃើញ​វា​ដុះ​គរ​ច្រើន​ពេក ក៏​បែក​គំនិត​​យក​វា​មក​ធ្វើ​ភេសជ្ជៈ​ញ៉ាំ​ គឺ​ទឹក​ប្រទាល​កន្ទុយ​ក្រពើ​ ដែល​យុវវ័យ​ និង​មនុស្ស​ចាស់​មួយ​ចំនួន​និយម​ទិញ​​ផលិត​ផល​មកពី​ប្រទេសកូរ៉េដើម្បី​ទុក​​​ទទួល​ទាន​ ព្រោះ​ជា​ភេសជ្ជៈ​មួយ​ដែល​ផ្តល់​គុណ​ប្រយោជន៍​ផ្នែក​សុខ​ភាព​បាន​យ៉ាង​​ច្រើន​។ បើ​និយាយ​ពី​តម្លៃ​វិញ​ ​មិន​បាច់​និយាយ​ ថ្លៃ​លើស​ភេសជ្ជៈ​ផ្សេងៗ​ទៀត​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។ ដូច្នេះ​នៅ​អែអង់​អីទៀត​ វត្ថុ​ធាតុ​ដើម​មាន​ ពិបាក​អី​នឹង​ធ្វើ​នោះ! 😉

គ្រឿង​ផ្សំ

ប្រទាល​កន្ទុយ​ក្រពើ

ស្លឹក​តយ​

ស្ករស

អំបិល

វិធី​ធ្វើ​

១. ​យក​ប្រទាល​កន្ទុយ​ក្រពើ​មក​ចិត​បន្លា​ទាំង​សង​ខាង​ចេញ​ បន្ទាប់​មក​បក​ឬ​ចិត​យក​​សម្បកចេញ​ឲ្យ​អស់ទុក​តែ​សាច់​សៗ​។

ស្នាដៃ​ខ្ញុំ​ ^^

ស្នាដៃ​ខ្ញុំ​ ^^

២. យក​សាច់​ប្រទាល​កន្ទុយ​ក្រពើ​មក​​ហាន់​ជា​ចំណិត​តូចៗ​ រួច​​យក​ទៅលាង​យក​ជ័រ​ចេញ​ឲ្យ​អស់​​ឲ្យ​បាន​ច្រើន​ទឹក​បន្ទាប់​មក​​ស្រង់​ដាក់​ក្នុង​កញ្ច្រែង​​ទុក​មួយ​អន្លើ​​។

៣. យក​ស្លឹក​តយ​មក​លាង​ទឹក​ហើយ​ហាន់​ឲ្យ​ល្អិត​ដើម្បី​​ត្រៀម​យក​ទៅ​កិន​។ ដាក់​ស្លឹក​តយ​ដែល​ហាន់​រួច ចូល​ទៅ​ក្នុង​ម៉ាស៊ីនក្រឡុក​ជាមួយ​ទឹកឲ្យ​សម​ល្មម។ ពេល​កិន​រួច​យក​ទៅ ត្រង​នឹង​ក្រណាត់​ស​ស្អាត​យក​តែ​ទឹក​ ហើយ​ទុក​មួយ​អន្លើទៀត​។

៤. ដាក់​ទឹក​ដាំ​ក្នុង​ឆ្នាំង​ឲ្យ​សម​ល្មម​តាមចំនួន​ប្រទាល ដោយ​ចាក់​ស្លឹក​តយ​ដែល​ត្រង​បាន​ខាង​លើ​ចូល​ទៅផង​ និង​កុំ​ភ្លេច​ចង​ស្លឹក​តយ​ពីរ​បី​សន្លឹក​ទៅ​ក្នុង​ឆ្នាំង​ ដើម្បី​ឲ្យ​មាន​ក្លិន​ល្អ និង​រក្សា​ក្លិន​បាន​យូរ​។

៥. ពេល​ទឹក​ពុះ​ចាក់​ស្ករ​ចូល​ឲ្យ​​ផ្អែម​សម​ល្មម​តាម​ចូលចិត្ត​ និង​ដាក់​អំបិល​មួយ​ចិប​ចូល​ផង​។ ជា​ចុង​ក្រោយ​​ចាក់​សាច់​ប្រទាល​កន្ទុយ​ក្រពើ​ចូល ​រង់​ចាំ​ឲ្យ​ពុះ​ម្តង​ទៀត​ ហើយ​លើក​ចុះ​ទុក​ឲ្យ​ត្រជាក់​ សឹម​ដួសដាក់​ដប​ក្លាស្សេ​​ទុក​បរិភោគ​បាន​យូរ​ថ្ងៃ​៕

Read Full Post »

Older Posts »