Feeds:
ប្រកាស
មតិ

Archive for the ‘Love-ស្នេហា’ Category


ផ្កាយNoVeLs*– ខ្ញុំ​ជឿថា យុវវ័យ​មិនតិចទេ ដែលចូលចិត្តណាត់​គ្នា​ទៅ​មើល​កុន​ក្នុង​ថ្ងៃ date ដំបូង​របស់ខ្លួន​​។ បញ្ហា​ចោទ​គឺ​ស្ថិត​ត្រង់ថា តើ​ការ​​នាំ​គ្នា​ទៅ​មើល​កុន​ក្នុង​​ថ្ងៃdate​ដំបូង ពិតជារឿងល្អ​មែនឬ? ដ្បិត​​មនុស្ស​ដែល​ទើប​តែ​ស្គាល់​គ្នា ក៏​គួរ​តែអង្គុយ​ជជែក​​គ្នា​ ឬ​ធ្វើអ្វីរួម​គ្នាឲ្យ​បាន​ច្រើន​ ជាជាង​ទៅ​អង្គុយស្ងៀម​ស្ងាត់​នៅ​ក្នុង​រោង​កុន​។ តែ​ខ្ញុំ​មាន​ហេតុ​ផល៦​យ៉ាង​​ដែលបញ្ជាក់​ថា ការ​នាំគ្នាទៅ​មើល​កុនក្នុង​ថ្ងៃdate​ដំបូង គឺ​ជា​រឿង​ល្អ​មួយ​។ ចង់​ដឹង​ថា ​ហេតុ​អ្វី​នោះ តោះ​ទៅ​អាន​ទាំង​អស់គ្នា! 😉

១. បង្កើន​ភាពស្និទ្ធស្នាល​

នេះ​​ជា​រឿង​ដែល​បដិសេធ​មិន​បាន ព្រោះ​​បើ​អ្នក​ទាំង​ពីរ​ជា​មនុស្សដែល​ខ្មាស​​អៀនច្រើន​​ ពេល​ស្ថិត​នៅ​​កណ្តាល​ចំណោម​ខ្សែ​ភ្នែក​អ្នក​ដទៃ អ្នក​អាច​ជ្រើស​រើស​ទៅ​អង្គុយ​នៅក្នុង​​រោង​កុន ​បើ​ទោះ​ជា​មាន​មនុស្ស​ច្រើន​អង្គុយ​ក្បែរ តែ​​អ្នក​អាច​មាន​ភាព​កក់​ក្តៅ​ក្នុង​ចិត្ត​ខ្លះ​។ អ្នក​អាច​អង្គុយ​ទស្សនា​រឿង​បណ្តើរ ញ៉ាំពោត​លីង​បណ្តើរ អង្គុយ​ក្តោប​ដៃ​គ្នា ឬ​ផ្អែក​ស្មា​គ្នា​ទៅ​វិញ​ទៅ​មក។ ពិសេស​ប្រសិន​​បើ​រឿង​នោះ​ជា​រឿង​ភ័យ​រន្ធត់ ឬ​កំប្លែង អ្នក​នឹង​កាន់​តែ​បង្កើន​ភាពស្និទ្ធស្នាល​ជាង​មុ​ន​ទៀត តាម​រយៈការ​សើច​សប្បាយ​ព្រមៗ​គ្នា ឬ​ផ្តល់​ភាព​កក់​ក្តៅ​បន្ថែម​តាម​រយៈ​ការក្រសោប​ស្មា ឬ​ការ​ផ្តេក​ក្បាល​លើ​ដើម​ទ្រូង​ដ៏​សែន​កក់​ក្តៅ​របស់គេ។

២. អាច​ស្វែង​រក​​ប្រធាន​បទ​ថ្មីៗ​យក​មក​ជជែក​​បន្ត​

មុន​នឹង​បបួល​គ្នា​ទៅ​មើល​កុន ជឿ​ថា​យើងក៏​​បាន​ជជែក​​គ្នា​ខ្លះៗពីមុនដែរហើយ​ រហូត​ពេល​ខ្លះ​អស់​រឿង​និយាយ​ ហើយ​ជួន​កាល​​ប្រធាន​បទ​ដែល​លើក​មក​និយាយហាក់​​ដដែលៗ​​ ដូចជា រឿង​មិត្ត​ភក្តិ​នៅ​កន្លែង​ធ្វើ​ការ ម្ហូបដែលចូលចិត្ត កន្លែង​ដើរ​លេង​​ មិត្ត​ភក្តិ​ដែលធ្លាប់​រៀន​ជាមួយ​គ្នា ជាដើម។ ដូច្នេះ​ការ​​នាំគ្នា​ទៅ​អង្គុយ​សម្រាក​យ៉ាង​ស្ងៀម​ស្ងាត់​១ម៉ោង​២ម៉ោង​ក្នុង​រោង​កុន​ ក៏​​ចាត់​ទុក​ជា​ជម្រើសមួយ​​ដ៏​ល្អ​ដែរ​ ព្រោះ​យើងអាច​​នឹង​បាន​ប្រធាន​បទ​ថ្មីៗ​យក​មក​និយាយ​គ្នា​បន្ត ​ក្រោយ​​ពី​មើល​រឿង​ចប់ ដូចជា ការយល់​ឃើញ​ចំពោះ​រឿងដែល​ទើប​តែ​មើលរួច ចំណាប់​អារម្មណ៍​លើ​តួសម្តែង ខ្លឹមសាររឿង​ និង​ចំណុច​ផ្សេងៗ​​ជាច្រើន​ទៀត​​។

៣. សង្កេត​មើលនិស្ស័យ និង​ឥរិយាបថពេលកំពុង​មើល​កុន​

ក្រៅ​ពី​​អង្គុយ​មើល​កុន​យ៉ាង​ស្ងៀម​ស្ងាត់​ យើង​ក៏​អាច​ឆ្លៀត​ឱកាស​​សង្កេត​មើល​អាកប្បកិរិយា​របស់​​គេ​ពេល​កំពុង​មើល​រឿង​ដែរ​។​ តើ​គេ​មាន​សុជីវធម៌ និង​​ចេះ​គោរពសិទ្ធិ​អ្នក​ដទៃ​ពេល​កំពុង​មើល​កុន​ដែរឬទេ? ឬគេមាត់ឮ? គិតតែបបួលជជែក? តើ​គេ​អង្គុយ​ដូចម្តេច? កំពុង​ជក់ចិត្តមើល​រឿង ឬ​គេង​លក់​បាត់​ទៅហើយ?

៤. បង្ហាញ​ភាព​ជាសុភាពបុរស សុភាពនារី

លុយសំខាន់ តែទំនាក់ទំនងសំខាន់ជាងនេះ! ដូច្នេះ​តើ​នរណា​ជា​អ្នក​ចេញ​លុយ​ក្នុង​ថ្ងៃ Date ដំបូង? ត្រង់​ចំណុចនេះ គ្មានច្បាប់​ណា​​កំណត់ថាត្រូវ​ឬខុសនោះទេ ព្រោះអ្នក​ខ្លះ​​អាច​មាន​ផ្នត់​គំនិត​ថា មនុស្ស​ប្រុស​​ត្រូវ​តែ​ជា​អ្នកប៉ាវ ឬ​​ចេញ​លុយ ពេល​ណាត់ស្រីៗ​ជួប​គ្នា​​។ តែ​ទន្ទឹម​នឹង​​នេះ ​មនុស្ស​ស្រីខ្លះ​​អាច​នឹង​បាន​សប្បាយចិត្ត​ជាង ​ប្រសិន​បើ​នាង​អាច​ជួយចេញ​ប្រាក់​ពាក់​កណ្តាល។ និយាយ​ទៅ​រឿង​លុយ​ជា​រឿង​សំខាន់​ បើ​យើង​ពិត​ជា​ចង់​ទាក់​ទង​គ្នា​យូរ​អង្វែង​គួរ​តែ​និយាយ​គ្នា​ឲ្យ​ច្បាស់។ ជាក់ស្តែង​ការណាត់​គ្នា​ទៅ​មើល​កុន បើ​ខាង​ប្រុសជា​អ្នក​ទិញ​សំបុត្រ​ ខាង​ស្រី​អាច​ជាអ្នក​ចេញ​លុយ​ទិញ​ពោត​លីង ឬ​ភេសជ្ជៈ​ញ៉ាំ ប្រហែលអាច​ជា​ការល្អ ដើម្បី​កុំ​ឲ្យ​មាន​អារម្មណ៍រអៀសខ្លួន ឬ​ក្រែង​ចិត្ត​ចំពោះ​គ្នា​និង​គ្នា។

៥.  សង្កេត​រសនិយមដែល​ធ្វើ​ឲ្យ​ដៃគូញញឹម ឬសើចពេលកំពុងមើលកុន

បើ​អ្នក​ជ្រើស​រើស​មើល​រឿង​ដែល​មិន​មែន​ជា​រឿងកំប្លែង​ រឿងភាគច្រើន​ក៏​នៅ​តែ​មានឈុត​ខ្លះៗ​ដែល​​ធ្វើ​ឲ្យ​អ្នក​មើលផ្ទុះសំណើចចេញ​មក​ខ្លះៗ​ដែរ។ នេះ​អាច​មិនមែន​ជារឿង​សំខាន់​ណាស់ណា​ទេ តែ​បើ​យើង​បាន​សង្កេតថា ​មាន​ចំណុច​ណា​ខ្លះ​ដែល​ធ្វើ​ឲ្យ​ដៃគូ​របស់​យើង​​សើច ឬ​ញញឹម​ចេញ​មក​នោះ ក៏​អាច​ធ្វើ​ឲ្យ​យើង​ដឹង​ពី​ចំណង់ចំណូលចិត្ត​របស់ដៃគូ ហើយ​បើ​មាន​ចំណុច​ដូច​គ្នា​នឹង​យើង​ ក៏​អាច​ជួយ​ឲ្យ​ទំនាក់​ទំនងមួយ​នេះ​​កាន់​តែ​រលូន​ទៅ​មុខ​មួយ​កម្រិត​ទៀត​ដែរ​។

៦. បង្កើត​អនុស្សាវរីយ៍ផ្អែមល្ហែមរួម​គ្នា

ការពិតខ្ញុំ​ក៏​យល់​ឃើញ​ថា ការមើល​កុន​មិនមែន​ជាជម្រើសដែល​ល្អ​បំផុត ​សម្រាប់ date ​ដំបូង​នោះ​ទេ តែ​វា​ក៏​មិន​មែន​ជា​ជម្រើសដែលគួរ​មើល​រំលង​ដែរ ព្រោះ​ការ​បាន​ទៅ​មើល​កុន​ជាមួយ​គ្នា​ ក៏​អាច​បង្កើត​បាន​នូវ​អនុស្សាវរីយ៍​ល្អៗ​ជាមួយ​គ្នា ហើយ​ប្រសិន​បើ​រឿងនោះ​ជា​រឿង​​ដែល​ដៃ​គូ​ទាំង​សង​ខាង​ស្រឡាញ់​ពេញ​ចិត្ត​ដូចៗ​គ្នា ថ្ងៃ​ក្រោយ​ពេល​នឹកឃើញ​​ដល់​រឿង​នេះ​ វា​នឹងធ្វើ​ឲ្យ​យើង​​​នឹក​ដល់​អនុស្សាវរីយ៍​ចាស់ៗ​ដែលធ្លាប់​សាង​​មក​ជាមួយ​គ្នាក្នុង​ថ្ងៃ​នោះ​ដែរ​។

Read Full Post »


154482_527582503926185_1748725007_n

បើ​នរណា​​ម្នាក់​ចង់​ប្រើ​ចង្កឹះដើម្បី​ចាប់​ចំណី​អាហារ​​ មុន​ដំបូង​គេ​ច្បាស់​ជា​​យកចង្កឹះ​មួយ​គូ​​មក​ប្រៀប​ផ្ទឹម​គ្នា​មើល​ ដោយ​យក​មក​បញ្ឈរ​ទន្ទឹម​គ្នា​ដើម្បី​ពិនិត្យ​មើល​ថា ចង្កឹះ​មួយ​គូ​នេះ​វែង​ខ្លី​​ស្មើ​គ្នា​​ឬទេ បើ​មិន​ស្មើ​គ្នា​ គេ​ច្បាស់​ជា​​រក​ចង្កឹះ​ថ្មី​​មួយ​ទៀត​មក​ផ្ទឹម​គ្នា​​​នឹង​ចង្កឹះ​ដែល​នៅ​នឹង​ដៃ​​ រើស​ទៅរើស​មក​ទាល់​តែ​បាន​ចង្កឹះ​ដែល​មាន​ប្រវែង​​ស្មើ​គ្នា​។ បើ​រើស​​ឱ្យ​ល្អ​ជាង​នេះ​ទៀត​គឺ​ទាល់​តែពេល​​​ដាក់​​​​ចង្កឹះ​មួយ​គូ​នោះ​​ទន្ទឹម​គ្នា​ ចង្កឹះ​ទាំង​ពីរ​​ផ្អឹប​ជាប់​​គ្នា​​ល្អ ​មិន​មាន​ចន្លោះ​ប្រហោង​​ មិន​កោង​ចេញ​ពី​គ្នា ដែល​អាច​ចាប់​សរសៃ​មី​ គុយ​ទាវ ​បាន​ល្អ​ មិន​របូតធ្លាក់​ ​ឬ​ជ្រុះ​។ ហេតុ​នេះ​​ទើប​ចង្កឹះ​តែង​តែ​មាន​រូប​រាង​ «ដូច​គ្នា» តែ​នេះ​មិន​មែន​ជា​លក្ខណៈ​របស់​សម​ និង​ស្លាប​ព្រា​ទេ ព្រោះ​មាន​ឈ្មោះ​ថា «សម​ ស្លាប​ព្រា» គឺ​មិន​មែន​ជា​វត្ថុ​តែ​មួយ​ទេ គឺ​សម​នៅ​តែ​ជា​សម ស្លាប​ព្រា​ នៅ​តែ​ជា​ស្លាប​ព្រា​។

ស្លាប​ព្រា​ មិន​បាន​ព្យាយាម​ធ្វើ​​ខ្លួន​ឱ្យ​មាន​ចុង​ស្រួចៗ​ដូច​សម។​ ដូច​គ្នា​នេះ​ សម​ក៏​មិន​ដែល​ធ្វើ​ឱ្យ​ចុង​ស្រួចៗ​​របស់​ខ្លួន​ក្លាយ​ជា​​សំប៉ែត​ជាប់​គ្នា ​ដើម្បី​ឱ្យ​មាន​រូប​រាង​ដូច​ស្លាប​ព្រា​នោះ​ដែរ​។​ ពេល​នៅ​ឆ្ងាយ​ពី​គ្នា ​ស្លាប​ព្រា​នៅ​ដោយ​ស្លាប​ព្រា​ សម​នៅ​ដោយ​សម​។ ​តែ​អាច​មាន​ពេល​ខ្លះ​ ស្លាប​ព្រា​អាច​នឹក​ដល់​សម «បើ​មាន​សម​ ប្រហែល​ជា​ដួស​អាហារ​ញ៉ាំបាន​ស្រួល​ជាង​នេះ​…» ហើយ​សម​ក៏​អាច​នឹក​ឃើញ​ស្លាប​ព្រា «​បើ​មាន​ស្លាប​ព្រា​ ប្រហែល​ជា​អាច​ដួស​ទឹក​សម្ល​ហុត​បាន​…»

ស្លាប​ព្រាមាន​តម្លៃ​ក្នុង​លក្ខណៈ​ជា​ស្លាប​ព្រា។ សម​ក៏​មាន​តម្លៃ​ក្នុង​លក្ខណៈ​ជា​សម​របស់​ខ្លួន​ដែរ​​។ នៅពេល​របស់​ទាំង​ពីរ​នេះ​មក​នៅ​​ជាមួយ​​គ្នា ក៏​ធ្វើ​ឱ្យ​មាន​តម្លៃ​ពិសេស​​ថ្មី​មួយ​កើត​ឡើង​​។ ជា​តម្លៃ​នៃ​ការ​រួប​​រួម និង​​រស់​នៅ​​​ជាមួយ​គ្នា​ ព្រម​ទាំង​​ប្រើ​ប្រាស់​រួម​គ្នា​គួរ​ឱ្យ​ទាក់​ទាញ​​។ ស្លាប​ព្រា បាន​​កាត់​បន្ថយ​មុខ​ងារខ្លះ​ៗ​​របស់ខ្លួន​ ដោយ​ផ្អៀង​​ទៅ​រក​សម​ដើម្បី​ឱ្យ​សមប្រមូល​អាហារ​ដាក់​​មាត់​ស្លាប​ព្រា​បាន​ស្រួល​។ ចំណែក​សម​ ក៏​កាត់​បន្ថយ​តួនាទី​​ខ្លះ​ៗ​របស់ខ្លួន ដោយ​​ប្តូរ​មក​​​ឆ្កឹះ ឬ​ទប់​ម្ហូប​អាហារ​នៅ​ក្នុង​ចាន​ឱ្យ​នៅ​នឹងថ្កល់ ​ដើម្បី​ឱ្យ​ស្លាប​ព្រា​​ដួសចំណី​អាហារ​​បានកាន់​តែ​​ស្រួល។

ម្នាក់​ៗ ​ពឹង​អាស្រ័យ​គ្នា​ទៅវិញ​ទៅ​មក ដោយ​​មិ​ន​ទាម​ទារ​ឱ្យនរណា​ ​កែ​ប្រែ​ខ្លួន​ឱ្យ​​មាន​លក្ខណៈ​សម្បត្តិ​ដូច​​ខ្លួន​ឯង​។ ម្នាក់ៗ​គោរព​ភាព​ខុស​គ្នា​​​នោះ​ទៅវិញ​ទៅ​មក ​ព្រោះ​​​ភាព​ខុស​គ្នា​រវាង​សម និង​​ស្លាប​ព្រា​នេះ​ឯង ​ដែល​ធ្វើ​ឱ្យ​ពេល​វេលា​​នៅ​ជាមួយ​គ្នា ​​កាន់​តែ​មាន​​ន័យ​​ទ្វេ​ឡើង​។ ​វត្ថុ​ទាំង​ពីរ​ជួយ​បំពេញ​បន្ថែម​នូវ​អ្វី​ដែល​ដៃ​គូ​​ម្ខាង​ទៀត​គ្មាន​។ ស្លាប​ព្រា​គ្មាន​ចុង​ស្រួច​ដើម្បី​ចាក់​ចំណី​អាហារតែ​អាច​ពឹង​ពាក់​សម​បាន​​ ចំណែក​សម​ក៏​មិន​អាច​ដួស​ទឹក​សម្ល​បាន តែ​ក៏​នៅ​មាន​ស្លាប​ព្រា​ដើម្បី​ជួយ​​។ ដៃ​គូ​ដែល​ខុស​គ្នា​ដូច​សម​ និង​ស្លាបព្រា​ គឺ​ល្អ​ជាង​ដៃ​គូ​ចង្កឹះ​ដែល​ដូច​គ្នា ហើយ​ក៏​​​​ល្អ​ជាង​ស្លាប​ព្រា​ គូនឹង​ស្លាប​ព្រា សម​គូ​នឹង​សម ព្រោះ​ភាព​ដូច​គ្នា​នេះ​ ​មិន​អាច​ជួយ​អ្វី​គ្នា​បានឡើយ​​។​

ភាព​ខុស​គ្នា តែ​​ស្ថិត​នៅ​ជាគូ​រួ​ម​គ្នា​​ដ៏​គួរ​ឱ្យ​ស្រឡាញ់​រវាង​សម​ និង​ស្លាប​ព្រា ​បាន​ខ្សឹប​ប្រាប់​យើង​​​ថា គូស្នេហ៍​ដែល​គួរ​ឱ្យ​ស្រឡាញ់​ ក៏​គួរ​តែ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​​សមជាមួយ​​ស្លាប​ព្រា​ ជា​ជាង​ចង្កឹះដែរ​​។ …គឺ​មិន​មែនជា​​គូ​ដែល​ដូច​គ្នា​ស្ទើរ​តែ​គ្រប់​ចំណុច​ និស្ស័យ​ដូច​គ្នា គំនិត​ដូច​គ្នា រស​និយម​ដូច​គ្នា​ ចូល​ចិត្ត​អ្វីៗ​ដូច​ៗ​គ្នា​។ គូស្នេហ៍​… មិន​ចាំ​បាច់​ទាល់​តែ​ដូច​គ្នា​បែប​នេះរហូត​​នោះ​ទេ។ ហើយ​អ្វី​ដែល​សំខាន់​ គូស្នេហ៍​ដែល​មាន​និស្ស័យ​ស្ទើរ​តែ​ដូច​គ្នា​១០០%បែប​នេះ​ ប្រហែល​ជា​គ្មាន​ទេ​នៅ​​លើ​លោក​នេះ​។

មនុស្ស​យើង​កើត​នៅ​កន្លែង​ផ្សេង​គ្នា​ មាន​ឪពុកម្តាយ​ផ្សេង​គ្នា មាន​បទ​ពិសោធន៍ជីវិត​ខុស​គ្នា​ ពិបាក​នឹង​មានលក្ខណៈឱ្យ​​ដូច​គ្នា​ស្ទើរ​តែ​គ្រប់​ចំណុច​ណាស់​។ គូស្នេហ៍​ជា​ច្រើន​គូ​បែក​គ្នា​ ព្រោះតែ​​ភាគី​ម្ខាង​​ៗ​ទាម​ទារ​​ឱ្យ​ភាគី​ម្ខាង​ទៀត​ដូចខ្លួន​ឯង​។ គូស្នេហ៍​​ខ្លះ ​បែក​គ្នា​ដោយ​លើក​យក​​ហេតុ​ផល​ថា និស្ស័យ​យើង​ខុស​គ្នា​ឆ្ងាយ​​ពេក​​។ ​ខុស​គ្នា​ឆ្ងាយពេក ​តែង​តែ​ក្លាយ​ជា​ហេតុ​​ផល​ដែល​ធ្វើ​ឱ្យ​មនុស្ស​នៅ​ជាមួយ​គ្នា​​គ្មាន​សុភមង្គល។ ផ្ទុយ​មក​វិញ​ ដូច​គ្នា​ពេក​ក៏​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ធុញ​ទ្រាន់​ ព្រោះ​ប្រៀប​ដូច​ឆ្លុះ​កញ្ចក់​មើល​ឃើញ​ខ្លួន​ឯង​គ្រប់​ពេលវេលា។ ​​នរណា​ទៅ​ដឹង​ ជួន​កាល​ភាព​ខុស​គ្នា​ដែលមិន​ច្រើន​ពេក​ មិន​តិច​ពេក​ អាច​​ជា​​ហេតុ​ផល​ធ្វើ​ឱ្យ​​មនុស្ស​ពីរ​នាក់​​ត្រូវ​ការ​គ្នា​ទៅវិញ​ទៅ​មក​រហូត​ខ្វះ​​គ្នា​​មិន​បាន​​។ ហើយ​… ​ចន្លោះ​ប្រហោង​នៃ​ភាព​​ខុស​គ្នា​នោះ​ ​គឺ​ត្រូវ​ការ​ពេលវេលាដើម្បី​​សម្រប​ខ្លួន​។

 

នៅ​ក្នុង​ចំណុច​ដែល​ខុស​គ្នា មាន​ចំណុចដែល​​ដូច​គ្នា​

នៅ​ក្នុង​ចំណុច​ដែល​ដូច​គ្នា​ មាន​ចំណុច​ដែល​ខុស​គ្នា​

ហើយ​នៅ​ចន្លោះ​កណ្តាល​នោះ​ គឺ​សេចក្តី​ស្រឡាញ់​។

 

សេចក្តីស្នេហា ​គឺ​​ជា​ការព្រម​ទទួល​យក​ចំណុច​ខុស​គ្នា​របស់​មនុស្ស​ ដែល​យើង​ស្រឡាញ់​ ហើយ​​​ព្យាយាម​សម្រប​ខ្លួន​​​ឯង​​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក ដោយ​មិន​ប្រកាន់​ថា នរណា​ជា​​ធំ។ នៅ​ពេល​​ស្រឡាញ់​នរណា​ម្នាក់​ យើង​តែ​ង​​តែ​ព្រម​​លះ​បង់​បុគ្គលិក​លក្ខណៈ​​​របស់ខ្លួន​ ​​ដើម្បី​​ផ្តល់​ឱកាស​​ឱ្យ​ភាគី​ម្ខាង​ទៀត ​បាន​បង្ហាញ​បុគ្គលិក​លក្ខណៈ​ផ្ទាល់​ខ្លួន​របស់​គេ​ ដូច​ដែល​គេ​​ព្រម​លះ​បង់​បុគ្គលិកលក្ខណៈរបស់​ខ្លួន​​ម្តង​ម្កាល​ ដើម្បី​ឱ្យ​យើង​បាន​បញ្ចេញ​បុគ្គលិកលក្ខណៈ​ ឬ​និស្ស័យ​​របស់​ខ្លួន​ដែរ។

ស្នេហា​ គឺ​ជា​ការ​លះបង់ តែ​ជា​ការ​លះ​បង់​ដែល​ស្ថិត​នៅ​​ក្នុង​លក្ខណៈ​​មួយ ​ដែល​សម​ស្រប​។ បើ​លះ​បង់​ខ្លាំង​ពេក​ ក៏​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​​តាន​តឹង​ ចង្អៀត​ចង្អល់​។​ បើ​លះ​បង់​តិច​ពេក​ ភាគី​ម្ខាង​ទៀត​ក៏​មិន​ស្រួល​ចិត្តដែរ​​។ សេចក្តី​ស្រឡាញ់​ គឺ​នៅ​ចន្លោះ​កណ្តាល​នៃ​ភាព​ខុស​គ្នា​នោះ​ ហើយ​សេចក្តីស្រឡាញ់​ធ្វើ​ឱ្យ​ចន្លោះ​ប្រហោង​នៃ​ភាព​ខុស​គ្នា​នោះ​ បាន​ទទួល​ការ​បំពេញ​​​​បន្ថែម​ទៅវិញ​ទៅ​មក​​៕

 

Read Full Post »


spoon-fork

ស្លាបព្រា៖ សម!! បង​ថាយើង​​មិន​ស័ក្តិ​សម​នឹង​​គ្នា​​ទេ!

សម៖ ហេតុ​អី​ទៅ?

ស្លាបព្រា៖ ព្រោះ​អូន​មាន​​​ក្បាល​ស្រួចៗ​ ចំណែក​​បង​មាន​​​ក្បាល​មូល ហើយ​សំប៉ែត​! យើង​ទាំង​ពីរ​ខុស​គ្នា​ឆ្ងាយ​ណាស់!​

សម៖ ចុះ​យ៉ាង​ម៉េច? យើង​​ខុស​គ្នា ​មិន​អាចស្រឡាញ់​គ្នា​បាន​​ទេឬ?

ស្លាបព្រា៖ ​មិន​បាន​ទេ! អូន​មើលចង្កឹះ​មួយ​គូ​នោះ​ចុះ​ ពួក​គេ​វែង​ស្មើ​គ្នា កម្ពស់​កម្ពរ​ដូច​គ្នា​ ​ក្បាល​ក៏​​​ដូច​គ្នា រាង​ក៏​ដូច​គ្នា​ ពេល​ប្រើ​ ឬ​ទៅ​ណា​មក​ណា​ក៏​​ប្រដំ​ប្រសង​​គ្នា គឺ​សម​គ្នា​ណាស់​។

សម​៖ បង​​ភ្លេច​អ្វី​ម្យ៉ាង​ទេដឹង?

ស្លាបព្រា៖ ស្អីទៅ?

សម៖ បង​ប្រហែល​ជា​ភ្លេច​ហើយ​ថា យើង​តែង​តែ​ធ្វើ​អ្វីៗ​រួម​គ្នា ប្រើ​រួម​​គ្នា ហើយតែង​តែ​​នៅ​លើ​ចាន​តែ​​មួយ​។ យើង​ទាំង​ពីរ​​ស័ក្តិ​សម​នឹង​គ្នា​ជាងចង្កឹះ​មួយ​គូ​នោះ​ទៅ​ទៀត​​!

ស្លាបព្រា៖ ស័ក្តិ​សម​ត្រង់​ណា?

សម៖ គឺ​បងជា​​ស្លាប​ព្រាមាន​​តួនាទី​ដួស​ចំណី​អាហារ​​ ចំណែក​​អូន​ជា​សម​​មាន​តួនាទី​ចាំ​ប្រមូល​ អាហារ​ឱ្យ​​បង​ គឺដូច​យើង​ទាំង​ពីរ​កំពុង​បញ្ចុក​អាហារ​គ្នា​ទៅវិញ​ទៅ​មក​អ៊ីចឹង! និយាយ​រួម​ គឺ​​អូន​មិន​អាច​ខ្វះ​បង ហើយ​បង​ក៏​មិន​អាច​ខ្វះ​អូន​។ ចំណែក​ចង្កឹះមួយ​គូ​នោះវិញ​​ ​បើ​ពួក​គេ​​មិនចុះ​សម្រុង​នឹង​​គ្នា អាហារ​ដែលកៀប ឬ​​ចាប់​មក​នោះ​ នឹង​របូត​ជ្រុះ​មិន​ខាន​ គឺ​ពិបាក​ជាង​យើង​ទាំង​ពីរ​ឆ្ងាយ​ណាស់ ពិត​ទេ? ^_^

អូន​ចង់​ប្រាប់​បង​ថា បើ​យើង​​​ស្រឡាញ់​គ្នា​ ​គឺ​មិន​ចាំ​បាច់​ត្រូវ​តែ​ដូច​គ្នា​គ្រប់​យ៉ាង​នោះទេ។ បើ​​យើង​​មាន​ចិត្ត​ចំពោះ​​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​ ទោះ​ជា​យើង​ខុស​គ្នា មាន​និស្ស័យ​មិន​ដូច​គ្នាយ៉ាង​ណា​ក៏​ដោយ​ ក៏​យើង​​​នៅ​តែ​អាច​ស្រឡាញ់​​គ្នា និង​ចុះ​សម្រុង​នឹង​គ្នា​បាន​​។ គូស្នេហ៍​ដែល​មាន​អ្វី​ៗ​ដូច​គ្នា​ មិន​មាន​​​ន័យ​ថា គូ​ស្នេហ៍​​មួយ​គូ​នោះស័ក្តិ​សម​នឹង​គ្នាជានិច្ច​នោះទេ។​ ថា​មិន​ត្រូវ​ ពួក​គេ​អាចពិបាក​​ជាង​យើងដែល​មាន​និស្ស័យ​ខុស​គ្នា​​ទៅ​ទៀត​។ អ្វី​ដែល​សំខាន់​ យើង​ទាំង​ពីរ​​ត្រូវ​ធ្វើ​​តួនាទី​របស់​ខ្លួន​ឱ្យ​ល្អ​បំផុត​ទៅ​គឺ​គ្រប់​គ្រាន់​ហើយ​។ ត្រឹម​​តែ​ប៉ុណ្ណេះ យើង​នឹង​លែង​មាន​អ្វី​ដែល​ថា​មិន​ចុះ​សម្រុង​នឹង​គ្នា​ទៀត​ហើយ​! ^_^

ស្លាបព្រា៖ អរគុណ​អូន​សមណាស់ ដែល​បានពន្យល់​​បង​! បង​សន្យា​ថា នឹង​រួម​រស់​ជាគូ​នឹង​​អូន​​រៀងរហូត… ​​ ^oT

Read Full Post »


ផ្កាយ​NoVeLs*– តាម​មើល​ ទេវតា​ប្រហែល​ជា​លេង​សើច​នឹង​ខ្ញុំ​អស់​ចិត្ត​ហើយ​! ហាស​ហាហា​… ឮ​សំឡេង​សើច​ ក៏​ដឹង​ថា​ខ្ញុំ​សប្បាយ​ចិត្ត​ប៉ុណ្ណា​ដែរ​ មែនទេ? 😀 ខ្ញុំ​ទើប​តែ​ឈប់​ពី​ការ​ងារ​នៅ​​ក្បែរ​ស៊ីធីម៉ល​ កន្លែង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ក្រៀម​ក្រំ​​ចិត្ត​គ្រប់​ពេល​ដែល​ឆ្លង​កាត់​ទីនោះ​។​ គិត​ទៅ​ មួយ​ខែ​ពេញ​ដែល​ខ្ញុំ​​ធ្វើ​ការ​នៅ​អគារ​ខ្ពស់​ស្កឹម​ស្កៃ​មួយ​ក្បែរ​ Golden Tower​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ភ្លេច​គេ​នោះមិន​បាន​ ព្រោះ​ថ្ងៃ​ត្រង់​ក៏​ទៅស៊ីធី​ម៉ល​ ល្ងាច​ក៏​ទៅស៊ីធីម៉ល​ រឿង​អីស្រមោល​អតីត​កាល​មិន​តាម​យាយីខ្ញុំ! តែ​ពេល​នេះ​ ទេវតា​ប្រហែល​ជា​ឆ្អែត​ឆ្អន់​តាម​ចំអក​​ឲ្យ​ខ្ញុំ​ទៀត​ហើយ!

ខ្ញុំ​ទើប​តែ​ទទួល​ការ​ងារ​ថ្មី ដែល​ធំ… ធំ​… ធំមហិមា​ រហូត​ខ្ញុំ​អត់​ហៅ​មិន​បាន​ថា ជា​ការ​ងារ​យក្ស! វា​ជា​ការ​ងារ​ដែល​ខ្ញុំ​ធ្លាប់​ស្រមៃ​ចង់​ធ្វើ​យូរ​ហើយ​ តែ​ខ្ញុំ​ចេះ​តែ​សោះ​អង្គើយ​​នឹង​ការ​ដាក់​ពាក្យ​ធ្វើ​ការ​។ ចំពោះ​ការ​ងារ​នេះ​ ខ្ញុំ​ក៏​មិន​បាន​ធ្វើ​ដោយ​ការ​ដាក់​ពាក្យ​ដែរ​ គឺ​ត្រូវ​អរគុណ​ Phnom Penh Post ដែល​ចុះ​ផ្សាយ​ពី​ខ្ញុំ​ ហើយ​មាន​គេ​ចាប់​អារម្មណ៍​ទាក់​ទង​ខ្ញុំ​ដោយ​ផ្ទាល់​។ ដំបូង​ខ្ញុំ​មិន​ដឹង​ថា ក្រុម​ហ៊ុន​នេះ​ជា​ក្រុម​ហ៊ុន​អ្វី​ទេ គឺ​ទើប​តែ​ដឹង​​ពេល​ឡើង​ទៅ​ដល់​ជាន់​ទី​៦​នៃ​អគារ​ដ៏​ខ្ពស់​ស្កឹម​ស្កៃ​មួយ​​ក្បែរ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ​។

ចប់​ស្នេហ៍​ ចប់​ទុក្ខ! ខ្ញុំ​សង្ឃឹម​ថា​ ខ្ញុំ​នឹង​អាច​ធ្វើ​តាម​ពាក្យ​នេះ​បាន​ នៅពេល​ខ្ញុំ​​ប្តូរ​ការ​ងារ​ថ្មី ​ផ្លាស់​កន្លែង​ធ្វើ​ការ​ងារ​ថ្មី ដែល​មាន​សក្តានុពល​ជាង​មុន​។ ការ​ងារ​នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ភ្លេច​គេ​បាន​យ៉ាង​ឆាប់​រហ័ស​។ ខ្ញុំ​ពិត​ជា​ប្តេជ្ញា​ចិត្ត​ដូច្នេះ​មែន តើ​ទេវតា​នៅចង់​លេង​សើច​នឹង​ខ្ញុំ​បន្ត​ទៀត​ទេ??? 😛

Read Full Post »


នឹក​មនុស្ស​ម្នាក់​ ឈឺ​ចាប់​យ៉ាង​ណា​ ខ្ញុំ​ដឹង​ច្បាស់ណាស់ ជា​ពិសេស​នៅ​ពេល​យើង​នឹក​ដល់​មនុស្ស​ដែល​មិន​អាច​ខល​ ឬ​មីសេច​ទៅគេ​បាន​។ បើ​ខ្ញុំ​អាចហាម​ឃាត់​បេះ​ដូង​មិន​ឲ្យ​នឹក​គេ​បាន​ ខ្ញុំ​នឹង​ហាម​ តែ​រឿង​បែប​នោះ​ពិត​ជាមិន​អាច​កើត​ឡើង​បាន​ទេ នៅ​ក្នុង​ជីវិត​ស្នេហា​ខ្ញុំ​។ ខ្ញុំ​ទើប​តែ​ប្រាប់​គេ​ថា ពេល​នេះ​ខ្ញុំ​មាន​អ្នក​ថ្មី​ហើយ​ ឲ្យ​គេ​ទៅ​ប្រាប់​អ្ន​កចាស់​របស់​គេ​ចុះ​ថា មិន​បាច់​ខ្វាយ​ខ្វល់​ទេ ព្រោះ​ឥឡូវ​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​ថ្មី​ហើយ​។ ខ្ញុំ​ប្រាប់​គេ​ទៀត​ថា ខ្ញុំ​ឈប់​ស្រឡាញ់​គេ​ហើយ​ ព្រោះ​ខ្ញុំ​រវល់​ធ្វើ​ការ​ ខ្ញុំ​គ្មាន​ពេល​គិត​ពី​រឿង​ស្នេហា​ទេ តែ​នោះ​គ្រាន់​តែ​ជា​ភាសា​បោក​ប្រាស់​ដើម្បី​ឲ្យ​គេ​​សប្បាយ​ចិត្ត​ក្នុង​ការ​ចាប់​ផ្តើម​ជាមួយ​មនុស្ស​ក្នុង​អតីតកាល​រ​បស់​គេ​ប៉ុណ្ណោះ​។

ខ្ញុំ​ប្តេជ្ញា​ចិត្ត​ថា ខ្ញុំ​ឈប់​ខល​ទៅគេ​ទៀត​ហើយ ខ្ញុំ​ឈប់​មីសេច​ទៅគេ​ទៀត​ហើយ​ ទោះ​បី​ជា​នឹក​យ៉ាងណា​ក៏​ដោយ​។ ពិត​ជា​ឈឺ​ចាប់​ខ្លាំងណាស់​ នៅពេល​នឹក​មនុស្ស​ម្នាក់ ​ដែល​យើង​មិន​អាច​ខល ​ដើម្បី​ស្តាប់​សំឡេង​​របស់​គេ​បាន​។ ឈឺ​ចាប់​ខ្លាំងណាស់​​នៅពេល​នឹក​គេ តែ​មិន​អាចមីសេច​ប្រាប់​បាន​។ មិន​ខល​ មិន​មីសេច​ ព្រោះ​ចង់​ឲ្យ​គេ​មាន​ពេល​ដើម្បី​នឹក​យើង​វិញ​ខ្លះ​។ ទង្វើ​នេះ​ពិត​ជា​ឆ្កួត​ណាស់​មែនទេ ព្រោះ​មនុស្ស​ដូច​គេ​​ប្រហែល​​គ្មាន​បេះដូង​ដើម្បី​នឹក​នរណា​ទេ។ គេ​មាន​បេះដូង​ដើម្បី​តែ​សាប​ព្រោះ​ពិស​​បញ្ជ្រាប​ជាតិ​ពុល​ឲ្យ​​អ្នក​ដទៃ​​ឈឺ​ចាប់​ប៉ុណ្ណោះ​។

ថា​ទៅ​ ទេវតា​ដូចជា​លេង​សើច​នឹង​ខ្ញុំ​ណាស់។ ថ្មីៗ​នេះ​ ខ្ញុំ​បាន​ទទួល​ការងារ​​ធ្វើ​នៅ​​ជិត​ផ្សារ​ស៊ីធី​ម៉ល​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​គេ​​កាន់​តែ​ខ្លាំង​គ្រប់​ពេលដែល​ឆ្លង​កាត់​ទីនោះ​។ ​ពេល​សម្រាក​ថ្ងៃ​ត្រង់​ ខ្ញុំ​ត្រូវទៅ​ញ៉ាំ​អាហារ​នៅ​ទីនោះ​ ពេល​ចេញ​ពី​ធ្វើ​ការ​ពេល​ល្ងាច​ ខ្ញុំត្រូវ​ទៅ​ចាំ​ប្អូន​នៅ​ទីនោះ​… គឺ​គ្មាន​ពេល​ណា​ដែល​ខ្ញុំ​ចៀស​ផុត​ពី​ផ្សារ​ស៊ីធី​ម៉ល​ទេ ហើយ​គ្រប់​ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ទីនោះ​ មាន​ដែរ​ឬ​ ដែល​ខ្ញុំ​មិ​ននឹក​ដល់​គេ? នឹក​ពេល​ដែល​យើង​ដើរ​ស្តាប់​ចម្រៀង​ជា​មួយ​គ្នា​ នឹក​​ពេល​ដែល​យើង​​អង្គុយ​ញ៉ាំ​បាយ​ទល់​មុខ​គ្នា​ ពាក់​អាវដូចគ្នា​… នឹក​ដល់​ពេល​ដែល​ខ្ញុំ​ថើប​មាត់​គេ​ក្រោម​តំណក់​ទឹក​ភ្លៀង​។

យ៉ាង​ច្រើន​ ខ្ញុំ​បាន​ត្រឹម​តែ​យក​ទូរស័ព្ទ​ចេញមក​ សរសេរ​សារ​តែ​ចុច​ផ្ញើ​មិន​បាន​ ឬ​គ្រាន់​តែ​ចុច​លេខ​គេ​ដើម្បី​ខល​ តែ​ក៏​ចុច​បិទ​វិញ​។ តើ​ខ្ញុំ​ត្រូវខល​ទៅ​គេ​ដើម្បី​អ្វី​ទៀត​ ក្រែង​ខ្ញុំ​បណ្តោយ​ឲ្យ​គេទៅ​ហើយ ​មែនទេ? ក្រែង​យើង​លែងជា​អ្វី​នឹង​គ្នា​ហើយ​មែនទេ? ទេ ខ្ញុំ​នៅ​តែ​ស្រឡាញ់​គេ ខ្ញុំ​នៅ​តែ​ចាំ​គេ​ មាត់​ខ្ញុំ​និយាយ​មិន​ដូច​ចិត្ត​ទេ មាត់​ខ្ញុំ​ឲ្យ​គេ​ទៅ តែ​បេះ​ដូង​ខ្ញុំ​ទាម​ទារ​ឲ្យ​គេ​មក​រកខ្ញុំ​វិញ​ នៅ​ថ្ងៃ​ណា​ដែល​គេ​បំភ្លេច​មនុស្ស​ក្នុង​អតីតកាល​បាន​ ឬ​ថ្ងៃ​ណា​ដែល​គេខ្វះ​អ្នក​ត្រូវ​ការ​…

 

Read Full Post »


ខ្ញុំ​ចាំ​​បាន​ច្បាស់​​​ថា ថ្ងៃ​នោះ ​ជា​ថ្ងៃ​​​ពុធ​ ទី​០៣​ តុលា​​ ​មុន​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ចាប់​ផ្តើម​ប៉ុន្មាន​ថ្ងៃ​​… ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​ពីគេ​ដោយ​ឥត​ព្រាង​ទុក​។ សំឡេង​គេ​ស្តាប់​ទៅ​ដូចជា​ខ្សឹក​ខ្សួល​ ចង់​យំ​ ឬ​ស្រវឹង​ក៏​មិន​ដឹង​… គេ​សួរ​ខ្ញុំ​ត្រង់​ៗ​ថា តើ​ខ្ញុំ​អាច​ស្រឡាញ់​គេបាន​ឬ​អត់? ស្រឡាញ់​ត្រឹម​តែ​​​មួយ​គ្រា​ក៏​បាន​ដែរ​ ​ស្រឡាញ់​ហើយ​ បោះ​បង់​ចោល​ក៏​បាន​ ​ ឬ​​​គ្រាន់​តែ​បោក​ប្រាស់​​គេ​​​ ​ដើម្បី​សរសេរ​ប្រលោម​លោក​​​ក៏​បាន​។ តើបងស្រឡាញ់ខ្ញុំមែនក៏អត់?

ពេល​នោះ​ខ្ញុំ​ក្តុក​ក្តួល​ក្នុង​ចិត្ត​ជា​ខ្លាំង​ ​មិ​នដឹងថា​​តប​ដូច​ម្តេច​ល្អ​​ ចិត្ត​មួយ​រារែក​ខ្លាច​គេ​ចង់​លេង​សើច​ជាមួយ​ ព្រោះ​​គេ​ធ្លាប់​​បោក​ប្រាស់​ការ​ណាត់​ខ្ញុំ​ម្តង​ជា​ពីរ​ដង​រួច​ហើយ និង ​តែង​តែ​​ឮ​គេឯង​គ្រប់​គ្នា​​និយាយ​​​ថា គេ​ជា​មនុស្ស​ពិស​ពុល​ខ្លាំង​ណាស់​​ ​ដូច្នេះ​ខ្ញុំ​ខ្លាច​គេ​យក​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​​ធ្វើ​ជាការ​លេង​សើច​ ខ្លាច​គេ​បោក​ប្រាស់​សេចក្តី​ស្រឡាញ់​​ និង​ ភាព​ស្មោះ​ត្រង់​របស់​ខ្ញុំ​។ តែ​ចិត្ត​មួយ​ក៏​នឹក​អាណិត​គេ ប្រហែល​គេកំពុង​មាន​រឿង​អី​មិន​សប្បាយ​​ចិត្ត​ហើយ​ ឬ​គេ​កំពុង​ឈ្លោះ​គ្នា​ជាមួយ​សង្សារ​ចាស់​?

ដោយ​ហេតុ​ផល​នេះ ទើប​ខ្ញុំ​មិន​ទាន់​ឆ្លើយ​តប​ទៅគេភ្លាម​ៗ​ទេ ​ខ្ញុំ​​គ្រាន់​តែ​​សាកសួរ​គេ​ដើម្បី​ស្ទាប​ស្ទង់​ចិត្ត​ និង​ សួរ​នាំ​ពី​សុខ​ទុក្ខ​របស់​គេ ថា​តើ​មាន​រឿង​អ្វី​កើត​ឡើង​? ​ស្រ​វឹង​ឬ​ក៏​មិន​មែន​? ប៉ុន្តែ​គេ​នៅ​តែ​ទទូច​សួរ ថា​ខ្ញុំ​ពិត​ជា​ស្រឡាញ់​គេ​មែន​ក៏​អត់​? ទោះ​ស្រឡាញ់​ដើម្បី​លេង​សើច ឬ​ស្រឡាញ់​​តែ​មួយ​គ្រា ​ហើយ​ក៏​បោះ​បង់​វិញ​ ក៏​គេ​សុខ​ចិត្ត​ដែរ​។ ខណៈ​នោះ​ខ្ញុំ​ក៏​ដាច់​ចិត្ត​តប​ទៅ គេ​វិញ​ថា បើបងស្រឡាញ់នរណាម្នាក់បងនឹងស្រឡាញ់ដោយស្មោះហើយបងមិនដែលយកសេចក្តីស្នេហាមកធ្វើជាបទពិសោធន៍ជីវិតនោះទេបង​​មិនស្រឡាញ់​​នរណា​​ម្នាក់ដើម្បីយកគេមកធ្វើជាតួអង្គក្នុងប្រលោមលោករបស់បង​​ ហើយបងក៏មិនត្រូវការធ្វើជាសង្សារបណ្តោះអាសន្នរបស់នរណាដែរ

ក្រោយ​ពី​គេ​ដាច់​ទូរស័ព្ទ​ទៅ ខ្ញុំ​បាន​ខល​ទៅ​គេវិញ​ ប្រាប់​គេ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ និង​ កុំ​គិត​ច្រើន​ពេក​ ហើយ​ចាំ​និយាយ​គ្នា​បន្ត​នៅ​ក្នុង​ហ្វេស​ប៊ុក​។ នៅ​ក្នុង​ហ្វេស​ប៊ុក​ ខ្ញុំ​សួរ​ទៅ​គេ​មុន​ថា យ៉ាងម៉េចហើយបានធូរស្រាលខ្លះហើយឬនៅ?ឯកោពេកយ៉ាងណាទើបបានជាខលមកបង? គេ​ក៏​តប​ខ្ញុំ​វិញ​ថា បាន​ធូរ​ខ្លះ​ហើយ​ ​តែ​ពេល​នេះ​គេ​ចង់​បំភ្លេច​មនុស្ស​ក្នុង​អតីតកាល​​របស់​គេ។ គេ​​ហត់​នឹងតាម​ម្នាក់​នោះ​ខ្លាំង​ណាស់ ម្នាក់​នោះ​មិន​ដែល​ស្រឡាញ់​គេ​ទេ។ ខ្ញុំ​ប្រាប់​គេ​កុំ​ឲ្យ​គិត​ច្រើន​ ពេលវេលា និង​ មនុស្ស​នៅ​ជុំ​វិញ​ខ្លួន ​នឹងអាច​ជួយ​យើង​​ឲ្យ​បំភ្លេច​រឿង​ក្នុង​អតីតកាល​បាន​។ ខ្ញុំ​បន្ត​សួរ​គេ​ទៀត​ថា តើបងអាចជំនួសគេ​​បានទេ? គេ​តប​យ៉ាង​រហ័ស​​ថា បាន​ ឬ​ចង់​បោក​ប្រាស់​គេ​​តែ​មួយ​រយៈ​សិន​ក៏​បាន​ ព្រោះ​គេ​ចង់​បំភ្លេច​មនុស្ស​ក្នុង​អតីតកាល​។

តាំង​ពី​ថ្ងៃ​នោះ​មក​ យើង​ក៏​ទាក់​ទង​គ្នា​តាម​រយៈ​ហ្វេស​ប៊ុក​ក្នុង​ន័យ​ស្វែង​យល់​ចិត្ត​គ្នា​។ ទី​បំផុត​ ថ្ងៃ​មួយ​គេ​ក៏​ប្រាប់​ថា​ នឹក​ខ្ញុំ​តិចៗ ហើយ​សន្យា​ថា ​នឹង​មក​លេង​ខ្ញុំ​នៅ​ថ្ងៃ​​បន្ទាប់​​ដែល​ត្រូវជា​ថ្ងៃ​ពុធ​​។ ​តែ​ដោយ​ថ្ងៃ​នោះ​​ប៉ះ​ចំ​ថ្ងៃ​ដែល​មាន​ការ​តាំង​ពិព័រណ៌រូបភាព​ ដែល​យើង​បាន​ណាត់​ជួប​ជុំ​គ្នា​ជា​ក្រុម​នៅ​ទីនោះ​ ទើប​យើង​លើក​ការ​ណាត់​​ដែល​ជា​ First Date របស់​យើង​នៅ​ថ្ងៃ​​សុក្រ​​​ដែល​ខ្ញុំ​នៅ​ផ្ទះ​ម្នាក់​ឯង​វិញ​។ គ្រប់​យ៉ាង​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​ តែ​​នៅ​​ជាមួយ​គេ​បាន​ត្រឹម​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ​ ខ្ញុំ​ក៏​ដឹង​ខ្លួន​​ថា ខ្ញុំ​គ្រាន់​តែជា​សង្សារ​បណ្តោះ​អាសន្ន​របស់​គេ​ប៉ុណ្ណោះ​។

គេ​មិន​ដែល​ស្រឡាញ់​ខ្ញុំ​ទេ។ អ្វី​ៗដែល​គេ​មាន​ជាមួយ​ខ្ញុំ​ គ្រាន់​តែ​ជា​តណ្ហា​ ឬ​សេចក្តី​ត្រូវ​ការ​មួយ​គ្រា​របស់​គេ​ប៉ុណ្ណោះ​ វា​មិន​មែន​កើត​ឡើង​ដោយ​សេចក្តី​ស្នេហា​ទេ។ មិត្ត​​ភក្តិ​ខ្ញុំ​ប្រាប់​ថា គេ​ឆ្លង​កាត់​មនុស្ស​ច្រើន​ណាស់ ហើយ​គ្រប់​មនុស្ស​ទាំង​អស់​ដែល​បាន​​ឆ្លង​​កាត់​គេ សុទ្ធ​តែ​ពុល​ដោយ​សារជាតិ​ពិស​​ដែល​មាន​ក្នុង​សន្តាន​ក្បត់​របស់​គេ​ទាំង​អស់​​។ ខ្ញុំ​ព្យាយាម​បិទ​ភ្នែក បិទ​ត្រចៀក​មិន​ជឿ​សម្តី​​មិត្ត​ភក្តិ​ មិ​នស្តាប់​សម្តី​អ្នក​ដទៃ​ ព្រោះ​ខ្ញុំ​ចង់​ស្មោះ​ជាមួយ​គេ តែ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ធ្វើ​ បាន​ត្រឹម​តែ​ខ្ជះ​ខ្ជាយ​ពេល​វេលា​របស់​ខ្លួន​ ជាមួយ​​នឹង​មនុស្ស​​ពិស​ពុល​ម្នាក់​ប៉ុណ្ណោះ​៕

Read Full Post »


សុំ​ទោស​ នេះ​មិន​មែន​ជា​ចំណង​ជើង​ខ្សែ​ភាព​យន្ត​ដែល​មាន​តារា​​ល្បីៗ​​ដូច​ជា ​ព្រាប​សុវត្ថិ​ កែវ​ស្រី​នាង និង​ សារ៉ាយ​សក្ខិណា​ សម្តែង​នោះ​ទេ តែ​វា​​ជា​សំណួរ​ពិតដែល​ខ្ញុំ​ចង់​សួរ​ទៅ​កាន់​គេ​ម្នាក់​នោះ​។

តាំង​ពី​ First Date ថ្ងៃ​នោះ​មក​ ខ្ញុំ​មិន​ដឹងថា អ្វី​ដែល​យើង​មាន​ជាមួយ​គ្នា វា​គ្រាន់​តែ​ជា​អារម្មណ៍​ត្រូវ​ការ​មួយ​ឆាវ ឬ​គេ​ក៏​ធ្លាប់​ស្រឡាញ់​ខ្ញុំ​ដែរ?

ខ្ញុំ​ដឹង​ ថា​ក្នុង​ចិត្ត​គេ​មិនទាន់​ភ្លេច​អ្នក​ចាស់ តែ​ខ្ញុំ​ក៏​​មិន​​ជំទាស់​មិន​ឲ្យ​គេ​ចាំ​ដែរ​។ ​ខ្ញុំ​មាន​តែ​ជំរុញ​ឲ្យ​គេ​ទៅ​រក​អ្នក​ចាស់ ហើយ​លើក​ទឹក​ចិត្ត​អ្នក​ចាស់​ឲ្យ​ត្រឡប់​មក​រក​គេ​វិញ​ ដោយ​ខ្លួន​ឯង​សុខ​ចិត្ត​​ទ្រាំ​ដើរ​ចេញ​​ទាំង​​ការ​ឈឺ​ចាប់​។

តែ​ទន្ទឹម​នឹង​នេះ​ ខ្ញុំ​ក៏​នឹង​​រង់​ចាំ​គេ​ដែរ​… ​​រង់​ចាំ​រហូត​ដល់​​ថ្ងៃ​ ដែល​គេ​បំភ្លេច​រឿង​រ៉ាវ​នៅ​ក្នុង​អតីតកាល​បាន​ ហើយ​យើង​នឹង​ចាប់​ផ្តើម​ជា​ថ្មី​ជាមួយ​គ្នា​​នៅ​ក្នុង​បច្ចុប្បន្ន​ភាព​ ដែល​មាន​តែ​ស្នាម​ញញឹម​ និង​ ភាព​ស្មោះ​ត្រង់​។

ខ្ញុំ​ចង់​ឲ្យ​គេ​ឱប​ខ្ញុំ​យ៉ាង​ណែន​ដូច​ថ្ងៃ​នោះ​ ខ្ញុំ​ចង់​ឲ្យ​គេ​ថើប​ខ្ញុំ​​​យ៉ាង​​ឈ្លក់​វង្វេង​ដូច​ថ្ងៃ​នោះ ខ្ញុំ​ចង់​​ឲ្យ​​គេ​បន្សល់​ទុក​ Kiss Marks នៅ​លើ​ខ្លួន​ខ្ញុំ​… តើ​​អ្វី​ដែល​គេ​ធ្លាប់​ធ្វើ​ទាំង​អស់​នេះ ​ជា​ស្នេហា​ ឬ​តណ្ហា? តើ​អ្នក​ធ្លាប់​ស្រឡាញ់​ខ្ញុំ​ទេ???

Read Full Post »

Older Posts »