Feeds:
ប្រកាស
មតិ

Posts Tagged ‘เพื่อนที่ระลึก’


ផ្កាយNoVeLs*– ភាពភ័យព្រឺព្រួចក្នុងរឿង «សិស្សឆ្នើមកំពូលល្បិច» ឬ Bad Genius មិនទាន់​រលុប​បាត់​​ពីក្នុងសតិអារម្មណ៍​របស់ខ្ញុំនៅឡើយផង ផលិតកម្ម GDH ដែលជា​ផលិតកម្មថៃ​តែមួយគត់នៅក្នុងដួងចិត្តខ្ញុំ បានបញ្ចេញខ្សែភាពយន្តរឿងខ្មោច​ថ្មីមួយ​​ទៀត មកតាម​លងបន្លាចខ្ញុំ និងទស្សនិកជន ផ្សេងទៀតតាមរយៈរឿង The Promise ឬ «មិត្ត…ជាទី​នឹករលឹក» ។ ខ្ញុំទៅ​មើលរឿងនេះ ដោយការរំពឹងទុកខ្ពស់លើផលិតកម្ម GDH និងអ្នក​ដឹកនាំរឿង លោក សូផុន (Sophon Sakdaphisit) ដែលធ្លាប់​បង្ហាញថ្វីដៃបំភ័យ​ទស្សនិកជន​ឲ្យ​ស្លន់វិញ្ញាណរួចមកហើយ តាមរយៈរឿង Laddaland ។

  • រឿងសង្ខេប

The Promise ត្រូវបានផលិតឡើង ដោយយោងតាមព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដដ៏អាក្រក់ដែលបានកើតឡើងពិតនៅប្រទេសថៃ ក្នុងឆ្នាំ ១៩៩៧ ដែលប្រាក់បាតធ្លាក់ថ្លៃ ប្រជាជនគ្មានការងារធ្វើ និងបានជាប់ឈ្មោះជាប្រទេស ដែលមានមនុស្សសម្លាប់ខ្លួន​ច្រើនជាងគេលំដាប់ទី ៣ ក្នុងអាស៊ី។ ក្នុងនោះ អ៊ិប និងប៊ុម ក្មេងស្រីក្នុងវ័យវិទ្យាល័យ ដែលជាមិត្តភក្តិស្រឡាញ់គ្នាយ៉ាងប្តូរ​ផ្តាច់​ ក៏ជាជនរងគ្រោះទទួលរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចក្នុងគ្រានោះដែរ។ អគារខុនដូមួយនៅកណ្តាលទីក្រុងដែលប៉ារបស់​ពួក​គេចំណាយលុយកសាងរួមគ្នា ត្រូវផ្អាកដំណើរការ ហើយធ្លាក់ខ្លួនពីសេដ្ឋីក្លាយជាកូនបំណុលរាប់លាន។ អ៊ិប និងប៊ុម មិន​អាចប្រឈមមុខនឹងស្ថានភាពនេះបាន និងដោយរងសម្ពាធពីគ្រួសារផងនោះ ក៏បបួលគ្នាទៅសម្លាប់ខ្លួននៅលើ អគារនោះ ដោយ​សន្យាថានឹងស្លាប់ជាមួយគ្នា។ ប៉ុន្តែ… អ៊ិបបែរជាស្លាប់តែម្នាក់ឯងទៅវិញ ព្រោះប៊ុមខ្វះភាពក្លាហាននឹងកាន់កាំភ្លើង​បាញ់​ខ្លួន​ឯង។ ២០ ឆ្នាំកន្លងផុតទៅ… ប៊ុម ធំឡើងក្លាយជាអ្នកជំនួញខាងអចលនទ្រព្យ ហើយបានត្រឡប់ទៅកាន់អគារនោះ​ម្តង​ទៀត ជាមួយកូនស្រីសំណព្វចិត្តតែម្នាក់គត់របស់ខ្លួនឈ្មោះ បេល។ ក្រោយពីត្រឡប់មកពីអគារនោះវិញ ក៏មានរឿង​ចម្លែកៗ​ជាច្រើនកើតឡើងលើបេល។ នាងតែងតែដេកមមើ និងព្យាយាមសម្លាប់ខ្លួនម្តងហើយម្តងទៀត រហូតធ្វើឲ្យប៊ុមគិតថា អ៊ិបតាមមកទារពាក្យសន្យាដែលនាងមិនព្រមសម្លាប់ខ្លួនជាមួយ។

  • វិភាគរឿង

ចំណុចដំបូង ដែលគួរឲ្យស្ងើចសរសើរនៅក្នុងរឿងនេះគឺ ការផ្តើមរឿង។ The Promise ផ្តើមរឿងដោយបង្ហាញពីទំនាក់ទំនង និងសម្ព័ន្ធភាពរបស់ប៊ុម និងអ៊ិប ក្នុងអំឡុងឆ្នាំ១៩៩៧ ដែលប្រទេសថៃបានជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ នេះគឺជាផ្នែកដ៏​ល្អបំផុតនៅក្នុងខ្សែភាពយន្តនេះ រហូតធ្វើឲ្យខ្ញុំគិតថា រឿងនេះនឹងមានអ្វីល្អៗពិសេសបន្ថែមទៀត សម្រាប់បង្ហាញនៅក្នុង​ឈុត​បន្តបន្ទាប់មិនខាន។ ការបញ្ជ្រាបហេតុការណ៍វិបត្តិសេដ្ឋកិច្ច ជាមួយនឹងបរិយាកាសឆ្នាំ១៩៩៧ គឺធ្វើបានល្អ មិនថាអគារ រោងកុន ផ្លូវថ្នល់ មនុស្សម្នា ការស្លៀកពាក់ និងសម្ភារៈប្រើប្រាស់ គឺស័ក្តិសមល្មមអាចជឿបាន។ រីឯតួក្មេងស្រីទាំងពីរនោះ ក៏​សម្តែងសម ចូលតួ មិនរឹង មិនឆ្គង។

តែពេលលេងដល់វគ្គមនុស្សចាស់ រឿងនេះបែរជាប្រើសិល្ប៍វិធីបង្ហាញដំណើររឿងបែបត្រង់ស្លូ ពី «ក» ដល់ «អ» ពី «A» ដល់ «Z» គ្មានអ្វីទាក់ទាញទៅវិញ។ អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំ គឺខ្ញុំរំពឹងថានឹងបានឃើញអ្វីដែលថ្មី ប្លែក និងភាពភ័យខ្លាចតាមរយៈ​បច្ចេកទេស និងសិល្ប៍វិធីដែលអ្នកដឹកនាំរឿងបញ្ជ្រាបចូលទៅក្នុងផ្ទៃរឿងរបស់ខ្លួន។ តែអ្វីដែលខ្ញុំទទួលបានពីរឿង The Promise ឬ មិត្តជាទីនឹករលឹក បែរជាបានត្រឹមអារម្មណ៍ និងរសជាតិធម្មតាៗដូចខ្សែភាពយន្តរឿងខ្មោចផ្សេងៗទៀតរបស់ថៃ​ដែរ។ ដំណើររឿងត្រង់ស្លូ ដោយមិនអាចបំបែករឿង និងមូលបញ្ហាឲ្យបានស៊ី ជម្រៅ ឬទៅឲ្យដល់គោលដៅណាមួយច្បាស់​លាស់ មិនថារឿង «ពាក្យសន្យា» តាមចំណងជើងរបស់រឿង និងរឿង «វិបត្តិសេដ្ឋកិច្ច» ដែលជាមូលបញ្ហារបស់រឿង និងជា​ចំណុចសំខាន់ដែលរឿងអាចប្រើជាប្រយោជន៍បានច្រើន តែបែរជាប្រើមិនអស់ដោយបង្ហាញបានត្រឹមជាហេតុផលតូចមួយ​ធ្វើ​ឲ្យ​តួ​សម្រេចចិត្តសម្លាប់ខ្លួន?

ទន្ទឹមនឹងនេះ រឿងក៏មិនសូវផ្តោតលើអារម្មណ៍បែប Horror តែផ្តោតលើអារម្មណ៍បែប Drama ដែលមានម្តាយស្រឡាញ់ ហួង​ហែង និងចាំការពារកូនស្រីទៅវិញ។ The Promise ជារឿងបែប Horror តែតួអង្គ «ខ្មោច» បែរជាមានសកម្មភាពតិច​បំផុតនៅ​ក្នុងរឿង។ តួអង្គ «ខ្មោច» ហាក់ត្រូវបានគេប្រើដើម្បីគ្រាន់តែ «បញ្ជ្រាប» ឬ «បង្គ្រប់» ឲ្យរឿងមានពណ៌សម្បុរ និងរសជាតិ​កាន់​តែ​ច្រើនប៉ុណ្ណោះ។ អ្នកដឹកនាំរឿងព្យាយាមប្រើមនុស្សឲ្យលងមនុស្ស ឲ្យមនុស្សលង និងខ្លាចអារម្មណ៍ខ្លួនឯង ដោយមិន​បង្ហាញឲ្យឃើញខ្មោចត្រង់ៗ។ តែនេះមិនមែនជាបញ្ហានោះទេ បញ្ហាស្ថិតត្រង់ថា វិធីបង្ហាញរឿងរបស់ខ្សែភាពយន្តនេះ ពុំបាន​បង្ហាញភាពប្រាកដនិយមរបស់ខ្លួនឲ្យច្បាស់លាស់។ តើការពិត រឿងនេះ មានខ្មោច ឬគ្មានខ្មោច?

ទីបំផុត ខ្សែភាពយន្តនេះ ក៏ក្លាយជារឿងខ្មោចដែលខ្វះអារម្មណ៍ភ័យខ្លាច ខ្វះភាពរន្ធត់ និងឈុតដែលធ្វើឲ្យទស្សនិកជនភ័យ​ភ្ញាក់។ សូមនិយាយត្រង់ៗថា រឿងនេះមិនបានធ្វើឲ្យខ្ញុំខ្លាចដល់ថ្នាក់រន្ធត់អីនោះទេ ឬក៏រឿងលេងចប់ហើយ នៅសេសសល់​អារម្មណ៍ដិតដាមអីក៏ទេដែរ ពោលគឺបានត្រឹមផ្តល់អារម្មណ៍កម្សត់ ខ្លាច(តិចៗ) និងនឹករលឹក(ដូចប្រភេទរឿង Drama) ប៉ុណ្ណោះ។

ថាទៅ រឿងនេះក៏នៅមានចំណុចមួយទៀត ដែលអត់សរសើរមិនបានដែរ នោះគឺតួអង្គ «អគារ» ដែលគេប្រើបច្ចេកទេស CG បានយ៉ាងល្អ អាចធ្វើឲ្យ «អគារ» តែមួយ មានបុគ្គលិកលក្ខណៈ និងសភាពពីរដាច់ដោយឡែកពីគ្នាបាន ដោយមួយជាអគារ​ទើបតែសាងសង់ថ្មី (ឆ្នាំ១៩៩៧) ជាអគារខ្ពស់តែឯង គ្មានអគារខ្ពស់ផ្សេងៗទៀតនៅជុំវិញ និងមួយទៀតជាអគារចាស់(ឆ្នាំ​២០១៧) ដែលទើបតែចាប់ផ្តើមជួសជុលឡើងវិញ និងសាងសង់បន្ត ដោយមានអគារខ្ពស់កប់ពពកផ្សេងៗទៀតនៅជុំវិញនា​ពេល​បច្ចុប្បន្ន​នេះ។

សរុបមក បើសួរថា រឿង The Promise ឬ មិត្តជាទីនឹករលឹក ល្អមើលទេ? ខ្ញុំអាចនិយាយបានថា រឿងនេះល្អមើលជាងរឿងថៃ​ផ្សេងៗទៀតដែលមិនមែនជារបស់ GDH ។ ប៉ុន្តែ… បើប្រៀបធៀបនឹងមាត្រដ្ឋានរបស់ GDH ដែលទើបតែផលិតរឿង «សិស្ស​ឆ្នើមកំពូលល្បិច» ឬ Bad Genius និង មាត្រដ្ឋានរបស់អ្នកដឹកនាំរឿង Laddaland ខ្ញុំថា រឿងនេះល្អនៅក្នុងកម្រិតបង្គួរនៅ​ឡើយ។ ​ម្យ៉ាង​ នេះ​ជារឿងខ្មោចដែលខ្មោចចេញលងតិចបំផុត ព្រោះរឿងហាក់ផ្តោតខ្លាំងលើមនោសញ្ចេតនាបែប Drama ទៅវិញ។ ទោះយ៉ាងណា ខ្ញុំណែនាំឲ្យគ្រប់គ្នាទៅមើលរឿងនេះ តែកុំរំពឹងទុកខ្ពស់ពេក! 😀

*ពិន្ទុ៖ ៧​/១០

Read Full Post »