Feeds:
ប្រកាស
មតិ

Posts Tagged ‘កាពូជីណូ អាមេរិកាណូ ម៉ូកា អេស្ព្រេសសូ’


tlj_archphkai

ផ្កាយNoVeLs*– អ្នកខ្លះ អាចនឹងចម្លែកចិត្តពេលឃើញខ្ញុំតែងកាន់កែវកាហ្វេ TOUS les JOURS ដែលល្បីឈ្មោះផ្នែករសជាតិនំប៉័ងទៅធ្វើការរៀងរាល់ព្រឹក ជាជាងកាន់ប្រ៊េនកាហ្វេផ្សេងៗដូចជា ប្រោន ឬ Starbucks ជាដើម។

TOUS les JOURS ថ្វីបើជាហាង Bakery ផ្តោតសំខាន់លើនំប៉័ង ឬនំដុតផ្សេងៗ តែហាងនេះក៏មានលក់ភេសជ្ជៈ និងកាហ្វេ ដែលមានរសជាតិពិសេសផ្ទាល់ខ្លួនផងដែរ។ ក្នុងនោះ Hot Cappuccino គឺជាភេសជ្ជៈមួយដែលមិនគួររំលងសម្រាប់អ្នកដែលចូលចិត្តក្រេបរសជាតិកាហ្វេខ្លាំងចាស់ មួយដឹងមួយ ហើយល្មួតផ្អែមស្រាលដោយទឹកដោះគោស្ទីម និងពពុះទឹកដោះគោស្រស់។

tlj_archphkai2

Hot Cappuccino នៅ TOUS les JOURS ឆុងដោយពូជកាហ្វេសុទ្ធល្អ ថ្មីស្រស់ គុណភាពខ្ពស់ ព្រោះគ្រាន់តែតំណក់កាហ្វេ ដែលស្រក់ចេញពីម៉ាស៊ីនឆុងក៏ខាប់ណែន ភាយក្លិនឈ្ងុយឈ្ងប់អប់ចំហាយមកដល់ច្រមុះតាំងពីមិនទាន់បានក្រេប។ ពេលលើកកែវកាហ្វេដែលឆុងរួចមកដាក់ក្បែរច្រមុះ ក្លិនឈ្ងុយរបស់ទឹកដោះគោស្ទីម និងពពុះទឹកដោះគោស្រស់ អប់ចូលគ្នាដោយក្លិនកាហ្វេអេសស្ព្រែសសូ ធ្វើឲ្យ Hot Cappuccino មួយកែវរបស់ TOUS les JOURS ពោរពេញដោយថាមពល មានក្លិន មានរស និងអត្តសញ្ញាណច្បាស់លាស់ រហូតពិបាកនឹងថ្លាថ្លែងពីប្រណីតភាពរបស់កាហ្វេមួយកែវនេះ។

tlj_achphkai3

នេះមិនមែនជាការផ្សាយពាណិជ្ជកម្មទេ អ្នកស្គាល់ខ្ញុំច្បាស់ជាដឹង! ទន្ទឹមនឹងនេះ ខ្ញុំក៏មិនបានឲ្យអ្នកទាំងអស់គ្នាជឿខ្ញុំទាំងអស់ដែរ តែចង់ឲ្យសាកដោយខ្លួនឯង។ បើមានចំណង់ចំណូលចិត្តប្រហាក់ប្រហែលខ្ញុំ ជឿថា នឹងមានអ្នកយល់ស្របតាមអ្វីដែលខ្ញុំពោលមកខាងលើ។ តែជឿចុះថា… លើលោកនេះ ការគិតរបស់មនុស្សតែងតែខុសគ្នា! 😉

អត្ថបទទាក់ទង៖ ខាភូស៊ីណូ កាហ្វេអ៊ីតាលី [Cappuccino] ♥♥

Advertisements

Read Full Post »


ផ្កាយ​NoVeLs*– កាហ្វេ​ប្រៀប​បាន​នឹង​និម្មិតសញ្ញា​នៃ​ភាព​ចាស់​ទុំ​។ អ្នក​ដែល​ឈាន​ចូល​ដល់​វ័យ​ធ្វើ​ការ​ តែង​តែ​សាក​ល្បង​ក្រេប​រសជាតិ​កាហ្វេដើម្បី​បំបាត់​នូវ​ភាព​តប់​ប្រមល់​ផ្សេងៗ​​ តែ​សម្រាប់​​អ្នក​ធ្វើ​ការថ្មោង​​ថ្មី​ដែល​ទើប​តែ​ចាប់​ផ្តើម​ផឹក​កាហ្វេ​ដំបូងៗ​ ពេល​ឈាន​ជើង​ចូល​ក្នុង​ហាង​កាហ្វេ​ហើយ អាច​នឹង​វិល​មុខ​ជាមួយ​បញ្ជី​ឈ្មោះ​​កាហ្វេ​​ដែល​មាន​ច្រើន​មុខ​ស្ទើរ​រាប់​មិ​នអស់​បាន​​។ ដូច្នេះ ​អ្នក​និពន្ធ​វ័យ​ក្មេង​ដែល​មាន​បទ​ពិសោធ​ក្រាស់​ក្រែល​គួរ​សមពាក់​ព័ន្ធ​រសជាតិ​កាហ្វេ ​ បាន​ស្វែង​រក​វិធី​ក្រេប​រស​ជាតិ​កាហ្វេ​ប្រភេទ​ផ្សេងៗ​មក​ផ្ញើ​ប្រិយ​មិត្ត​អ្នក​អាន​ឲ្យ​បាន​ភ្លក្ស​នូវ​រស​ជាតិ​ផ្អែម​ល្វីង​ឲ្យ​បាន​​ត្រូវ​មាត់​ត្រូវ​ចិត្ត​ម្តង​។ 😉

វិធី​ផឹក​ អេស្ព្រេសសូ (ESPRESSO)

    ពពុះ​ពណ៌​មាស​ដែល​អណ្តែត​ត្រានេះ​​​បញ្ជាក់​ពី​គុណភាព​របស់​កាហ្វេ​

ពពុះ​ពណ៌​មាស​ដែល​អណ្តែត​ត្រានេះ​​​បញ្ជាក់​ពី​គុណភាព​របស់​អេស្ព្រេសសូ

ដោយ​ការប្រើ​កម្លាំង​បិត​ចំហាយ​ទឹក​ ឬ​ទឹក​ក្តៅ​​ឲ្យ​ឆ្លង​កាត់​គ្រាប់​កាហ្វេ​​លីង ហើយ​យក​មក​​​កិន​ឲ្យ​ម៉ដ្ឋ​ ទើប​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ដែល​អេស្ព្រេសសូ​ក្លាយ​ជា​កាហ្វេ​មួយ​ប្រភេទ​ ដែល​មាន​​​រស​ជាតិ​ល្វីង​ និងចាស់​ខ្លាំង​បំផុត​។ ការ​ឆុង​កាហ្វេ​ប្រភេទ​នេះ​ គឺ​ឆុង​ជាshot ដែល​មាន​​បរិមាណ​ប្រហែល​ ៣០-៥០ក្រាម​។

អេស្ព្រេសសូដែល​ល្អ​ នឹង​មាន​ពពុះ​ពណ៌​មាស​គ្រប​ដណ្តប់​ពេញ​កែវ​ ហើយ​ដែល​សំខាន់​គឺ​អេស្ព្រេសសូ​​គ្មាន​ប្រភេទ​ត្រជាក់​ទេ។ ចំពោះ​វិធី​ផឹក​ គឺ​​គួរ​ផឹក​មួយ​ក្អឹក​​ឲ្យ​អស់​ ឬ​មិន​គួរ​ទុក​ចោល​​​​លើស​ពី​៥​នាទី​ឡើយ​​​ បើ​មិន​ដូច្នោះ​នឹង​បាត់​រស​ជាតិ​។ ក្បួនខ្លះ​ប្រាប់ថាការ​​បៀម​អេស្ព្រេស​សូ​​ទុក​មួយ​សន្ទុះ​ ហើយ​លេប​ចូល​បន្តិច​ម្តងៗដូច​ស្រាក្រហម​​ នឹង​ធ្វើ​ឲ្យ​យើង​ជ្រួត​ជ្រាប​នូវ​រសជាតិ​ពិសេស​របស់​អេស្ព្រេស​សូ​បាន​កាន់​តែជ្រាល​ជ្រៅ​​។

វិធី​ផឹក​កាពូជីណូ(CAPPUCCINO)

សំណល់​បាត​កែវ​បែប​នេះ​ ក៏​បញ្ជាក់​ពី​គុណភាព​របស់​កាពូជីណូដែរ​

សំណល់​បាត​កែវ​បែប​នេះ​ ក៏​បញ្ជាក់​ពី​គុណភាព​របស់​កាពូជីណូដែរ​

កាពូជីណូ​មាន​អត្រាគ្រឿង​ផ្សំ​របស់​អេស្ព្រេសសូ ១/៣ ​ទឹក​ដោះគោ​ស្ទីម(ទឹក​ដោះគោស្រស់​​ក្តៅ​ឆ្លង​កាត់​ចំហាយ​ទឹក​)​ ១/៣ និង​ទឹក​ដោះ​វាយ​ឲ្យ​ឡើង​ពពុះ​អណ្តែត​ពី​លើ​ ១/៣​ទៀត​។ ក្រៅ​​ពី​នេះ​មាន​រោយ​ម្សៅ​ស៊ីនណាម៉ន ឬ​ម្សៅ​កាកាវ​ពី​លើ​តិច​ៗ​ផង​។

ដោយ​កាពូជីណូ មាន​លក្ខណៈ​លេច​ធ្លោ​ត្រង់​ពពុះ​ទឹក​ដោះ​គោ ដូចនេះ​ពេល​ដួស​ពពុះ​ទឹក​​ដោះ​គោ​ឡើង​​ ហើយ​ផ្កាប់​ស្លាប​ព្រាចុះ​ ពពុះ​ទឹក​ដោះ​គោ​ដែល​ល្អ​នឹង​មិន​ស្រក់​ចេញ​ពី​ស្លាប​ព្រា​ទេ ហើយ​ត្រូវ​ក្រាស់​ ម៉ដ្ឋ​ល្អិត​ និង​ទន់​ល្មើយ​​ជា​ទីបំផុត​។ ចំពោះ​ការ​ទទួល​ទាន​ដែល​ត្រឹម​ត្រូវ​ គឺ​ត្រូវ​លើក​​ពែង​កាហ្វេ​ផឹក ដោយ​​ឲ្យ​ទឹក​កាហ្វេ​ហូរ​កាត់​ពពុះ​ទឹក​ដោះ​គោ ​ចូល​ក្នុង​មាត់​​សន្សឹមៗ​។ សង្កេត​​បាន​ថា ពេល​ផឹក​កាហ្វេ​អស់​​ នឹង​មាន​ពពុះ​ទឹក​ដោះ​គោ និង​ម្សៅ​ដែល​រោយ​ពី​លើ​នោះ​នៅ​​សល់​ជាប់​នឹង​បាត​កែវ​។

វិធី​ផឹក​ម៉ូកា(Mocha)

ហាម​កូរ​ពពុះ​ក្រេមខាង​លើ​នេះ​​ចូល​ជាមួយ​កាហ្វេដាច់ខាត​

ហាម​កូរ​ពពុះ​ក្រេមខាង​លើ​នេះ​​ចូល​ជាមួយ​កាហ្វេដាច់ខាត​

កាហ្វេ​ម៉ូកាមាន​ពណ៌​ និង​ក្លិន​ដូច​សូកូឡា ថ្វី​បើ​ពេល​ខ្លះ​​គ្មាន​សូកូឡា​ក្នុង​គ្រឿង​ផ្សំ​របស់​ម៉ូកា​ក៏​ដោយ។ នៅ​តាម​ហាង​នានា ​ចូលចិត្ត​ធ្វើ​ម៉ូកា​ដោយ​ដាក់​អេស្ព្រេសសូ ផ្សំ​ជាមួយ​កាកាវ​ មាន​​ទាំង​ប្រភេទ​ក្តៅ​ និង​ត្រជាក់​ ព្រោះ​គ្មាន​ពពុះ​ទឹក​ដោះ​គោ ដែលល្ងាន់​​​ខ្លាំង​ណាស់ពេល​ទទួល​ទាន​លាយ​ទឹក​កក។ ដូចនេះ​អ្នក​ដែល​ចង់​ផឹក​កាពូជីណូ​ទឹក​កក អាច​​ងាក​មក​សាកល្បង​​ម៉ូកា​ទឹក​កក​​វិញ​ចុះ នឹង​ទទួល​បាន​រសជាតិ​ឆ្ងាញ់​ប្លែក​ជាប់​ចិត្ត​មិន​ខាន​។

ម៉ូកាជាកាហ្វេ​ដែលគេដាក់​ពពុះ​ក្រេម(Whip Cream)ពីលើ​ ដូច្នេះ​ពេល​ផឹក​ សូម​កុំ​វឹក​ ក្រេម​ចូល​ជាមួយ​កាហ្វេ តែ​ឲ្យ​ដួស​ម្តង​មួយម៉ាត់ៗ​ញ៉ាំ​ជាមួយ​កាហ្វេ​វិញ​ បើ​មិន​ដូច្នោះ​នឹង​ធ្វើ​ឲ្យ​បាត់​​រសជាតិ​មិន​ខាន។ ម្យ៉ាង​ទៀត​… ម៉ូកា​មិន​ចាំបាច់​ថែម​ស្ករ​ទេ ព្រោះ​សូកូឡា​មាន​រសជាតិ​ផ្អែម​​ស្រាប់​ហើយ​។ បើ​ផឹក​កាហ្វេ​ម៉ូកា​ កុំ​ភ្លេច​កម្មង់​ ​Brownie ឬខេកសូកូឡា ញ៉ាំ​ជាមួយ​គ្នា គឺ​ឆ្ងាញ់​រក​លេខ​ដាក់​គ្មានទេ​! 😀

វិធី​ផឹកអាមេរិកាណូ(Americano)

អាមេរិកាណូ​ដែល​គ្រប់​គ្នា​ស្គាល់​ក្នុង​ឈ្មោះ​កាហ្វេ​ខ្មៅ

អាមេរិកាណូ​ដែល​គ្រប់​គ្នា​ស្គាល់​ក្នុង​ឈ្មោះ​កាហ្វេ​ខ្មៅ

មនុស្ស​ភាគ​ច្រើន​ ប្រហែលជា​ស្គាល់​អាមេរិកាណូ​តាម​រយៈ​ឈ្មោះ​ «កាហ្វេ​ខ្មៅ» ដែល​កើត​​ឡើង​ពី​ការ​បន្ថែម​ទឹក​ក្តៅ​ ផ្សំ​ជាមួយ​អេស្ព្រេសសូ ដែល​ធ្វើ​ឲ្យ​អាមេរិកាណូ​មាន​រសជាតិ​ល្វីង​​ចត់​ដូច​កាហ្វេ​ធម្មតា​ តែ​មាន​រសជាតិ​ចាស់​ និង​ក្លិន​ក្រអូប​ឈ្ងុយ​ឈ្ងប់​ពី​អេស្ព្រេសសូ។ អាមេរិកាណូ​ ស័ក្តិ​សម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​កាហ្វេ​ខ្មៅ តែ​មិន​ចាស់ និង​ល្វីង​ដូច​អេស្ព្រេសសូ​ពេក​។ ដើម្បី​បាន​ជ្រួត​ជ្រាប​នូវ​រស​ជាតិ​កាហ្វេ​​​​ពិត​ ដែល​មិន​​ដូច​កាហ្វេ​ដទៃ​ទៀត​នោះ ​គេ​​និយម​ផឹក​អាមេរិកាណូ​ដោយ​មិន​លាយ​ជាមួយ​ទឹក​ដោះ​គោ ឬ​ស្ករនោះ​​ទេ៕

ថ្ងៃ​នេះ​ជូន​ប៉ុណ្ណឹង​សិន ថ្ងៃ​ក្រោយ​មាន​បន្ថែម​ទៀត! 😉

 

Read Full Post »