Feeds:
ប្រកាស
មតិ

Posts Tagged ‘ខ្មោច​ចង​ក’


ល្ងាច​ថ្ងៃ​នោះ ​ប៉ូលីស​ដដែល​បាន​ទូរស័ព្ទ​​មក​ប្រាប់​ខ្ញុំ​ថា គ្មាន​ស្នាម​ដាច់​​​សរសៃ​ឈាម​ត្រង់​ក​​​ទេ តែ​គេ​បាន​រក​​​​ឃើញ​​ឆ្អឹង​ខ្ចី​ត្រង់​បំពង់​ក​​បាក់​​ដែល​បណ្តាល​មក​ពី​ការ​សង្កត់​​ក​​​ខ្លាំងពេក​​ បញ្ជាក់​​ថា​នាង​ត្រូវ​គេ​​ច្របាច់​ក​សម្លាប់​​ ហើយ​បង្វែង​ដាន​ដោយ​ការ​យក​សាក​សព​ទៅចង​ព្យួរ។ ប៉ូលីស​សុំ​ណាត់​ជួប​ខ្ញុំ​ពេល​យប់​ ដើម្បីពិភាក្សា​រឿង​ក្តី​នេះ។

«​សំណាង​ល្អ​ហើយ ​ដែល​ឪពុក​ម្តាយ​របស់​សាក​សព ​ផ្តល់​ការសហការ​ជាមួយ​ប៉ូលីស ​​យ៉ាង​ពេញ​​ ទំហឹង។​ គាត់​​ប្រាប់​ខ្ញុំ​ថា គាត់​​ក៏​សង្ស័យ​ដែរ កូន​ស្រី​របស់​គាត់​​មិន​គួរ​សម្លាប់ខ្លួន​ទេ ហើយ​ការ​ពិត​ពីរ​នាក់​នេះ​​មិន​ទាន់​រៀប​ការ​ទេ គឺ​រត់​​មក​នៅ​ជាមួយ​គ្នា​ដោយ​ចិត្ត​ឯង​​។ ខាង​ស្រី​រៀន​ចប់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ​ តែ​ដោយ​​បាន​សម្រស់​យោង​ទើប​បាន​គ្នា​ជាមួយ​វិស្វករ​ម្នាក់​នេះ។ ឯ​ឪពុក​ម្តាយ​ខាង​ប្រុស​មិន​ពេញ​ចិត្ត​កូន​ប្រសា​​នេះ​​សោះ​!» ប៉ូលីស​រៀប​រាប់​​ឲ្យ​ខ្ញុំ​ស្តាប់​​អស់​អាចម៍​អស់​នោម​។

«ចុះ​អាច​កំណត់​ពេល​វេលា​ដែល​ស្លាប់​បាន​ហើយ​ឬនៅ?»

«​រឿង​នេះ​មាន​បញ្ហា​បន្តិច​ ព្រោះ​សាក​សព​នៅ​ក្នុង​បន្ទប់​ដេក ដែលបើក​ម៉ាស៊ីន​ត្រជាក់​លើស​​កម្រិត​ ដូច្នេះ​ការ​ប៉ាន់​ស្មាន​ពេល​វេលា​តាម​រយៈ​កម្តៅ​ខ្លួន​​របស់​សាក​សព​ គឺ​មិន​អាចធ្វើ​បាន​ទេ តែ​គ្រូពេទ្យ​សន្និដ្ឋាន​ថា យ៉ាង​ហោច​ណាស់​ក៏​ស្លាប់​៨​ម៉ោង​ មុនពេល​​​ប្តី​នាង​ប្រទះ​ឃើញ​សាក​សព​ដែរ!»

«ដូច្នេះ​បាន​ន័យ​ថា នាង​ស្លាប់​នៅពេល​ព្រឹក​! ខ្ញុំ​សុំ​អនុញ្ញាត​សរុប​ហេតុ​ការណ៍​រឿង​ក្តី​នេះដោយ​ត្រួសៗចុះ​ ​​តាម​រយៈ​បទ​ពិសោធន៍​ដែល​បាន​មក​ពី​ការ​​ប្រែ​សៀវភៅ​​រឿង​ឃាតកម្ម ​​​​អស់​រយៈ​ពេល​៥​ឆ្នាំ​មក​នេះ​​។ ឧទាហរណ៍​ថា… ប្តី​ឈ្លោះ​ជាមួយ​ប្រពន្ធ​ព្រោះ​រឿង​ប្រចែ​ប្រចណ្ឌ​​ មុន​ពេល​ទៅធ្វើ​ការ​ដូច​រាល់​ថ្ងៃ​ តែ​លើក​នេះ​ធ្ងន់​ធ្ង​រ​ជាង​មុន​បន្តិច​ ដោយ​ជ្រុល​ដៃ​ច្របាច់​ក​នាងរហូត​សន្លប់​។ ក្រោយ​ពី​ព្យាយាម​ដាស់​នាង​ឲ្យ​ដឹងខ្លួន​វិញ​ ទើប​ដឹង​ថា នាង​ដាច់​ខ្យល់​ស្លាប់​ទៅហើយ។ ដោយ​ភាព​ភិត​ភ័យ​ពេក​ គេ​ក៏​បើក​រថយន្ត​គេច​ចេញ​ទៅ។ លុះ​នឹក​ឃើញ​ដល់​​​ល្បិច​​បង្វែង​ដាន​ក៏​ត្រឡប់​មក​វិញ​ យក​ខ្សែ​រឹត​ក​​ប្រពន្ធ​​ថ្ពក់​នឹង​ធ្នឹម​ផ្ទះ ដោយ​មិន​ភ្លេច​យក​កាំ​បិត​​មក​អារ​ក​ដៃ​​បន្ថែម​ ដើម្បី​បង្វែង​ដាន​មួយ​ជាន់​ទៀត។ ​ដល់​ពេល​រៀប​ចំ​អន្ទាក់​ចប់​សព្វ​គ្រប់​ហើយ​ គេ​ក៏​ចេញ​ពី​ផ្ទះ​​ទៅធ្វើ​ការ​ ធ្វើ​ខ្លួន​ដូចធម្មតា​ លុះ​ពេល​ល្ងាច​ទើប​ត្រឡប់​មក​វិញ​ បើក​ទ្វារ​ផ្ទះ​ចូល​ទៅ​ឃើញ​ប្រពន្ធ​ចង​ក​ស្លាប់​ ធ្វើ​ជា​ភ័យ​តក់​ស្លុត​ រត់​ចេញ​មក​ប្រាប់​អ្នក​ជិត​ខាង​។ នេះ​ជា​ករណី​ទី​មួយ​។»

«​ចំណែក​ករណី​ទី​ពីរ គឺ​មាន​ជន​ពាល​គាស់​ចូល​​ទៅ​ក្នុង​​ផ្ទះ​ ឬ​ឡើង​តាម​ពិតាន ​ដូច​ដែល​លោក​     ប៉ូលីស​​សាក​ល្បង​ពិសោធ​មើល​ ហើយ​ឃើញ​នាង​ដេក​នៅ​ក្នុង​បន្ទប់​ ក៏​ចាប់​រំលោភ ឬ​ក៏​ជំរិត​​យក​ទ្រព្យ​សម្បត្តិ​…»

«​មិន​មែន​ទេ… ករណី​ទី​ពីរ​នេះ​មិន​អាច​ទៅរួច​ទេ ខ្ញុំ​ត្រួត​ពិនិត្យ​មើល​អស់​ហើយ​ គ្មាន​ស្លាក​ស្នាម​គាស់​ចូល​ផ្ទះ​ទេ ហើយ​បើ​ទោះ​ជា​តាម​ពិតាន​អាច​ឆ្លង​ទៅ​មក​រក​គ្នា​បាន​ តែ​ក៏​គ្មាន​ស្នាម​ជើង​ជាប់​តាម​ជញ្ជាំង​​ គ្មាន​ស្លាក​ស្នាម​នៃ​ការ​ចាប់​រំលោភ ឯ​ទ្រព្យ​សម្បត្តិ​ក៏​នៅ​គ្រប់​ទាំង​អស់​ សូម្បី​តែ​ខ្សែ​ក​មាស​នៅ​ជាប់​នឹង​ក​ក៏​នៅ ហើយ​ដែល​សំខាន់​គឺ​គ្មាន​ស្លាក​ស្នាម​នៃ​ការ​ប្រវាយ​ប្រតប់​គ្នា ឬ​កម្ទេច​ស្បែក​ជាប់​នឹង​ក្រចក​សាក​សព​ទេ…»

«​ដូច្នេះ​បញ្ជាក់​ថា ឃាតក​រ​គឺ​ជា​មនុស្ស​ដែល​សាក​សព​ទុក​ចិត្ត​ ទើប​មិន​រើ​បម្រះ​​ពេល​ដែល​ត្រូវគេ​ច្របាច់​ក​ ព្រោះ​មិន​គិត​ថាឃាតករ​នឹង​សម្លាប់​… ខ្ញុំ​ប្រាប់​ទៅចុះ​លោក​ប៉ូលីស! នៅ​សហរដ្ឋ​អាមេរិក ស្ថិតិ​នៃ​អំពើ​ឃាតកម្ម​ក្នុង​គ្រួសារ​​​ ខ្ពស់​​​ដល់​ទៅ​​៧០%​នៃ​អំពើ​ឃាតកម្មគ្រប់​ប្រភេទ​។ ដូច្នេះ​នៅពេល​កើត​ហេតុ​ បុគ្គល​​ដំបូង​ដែល​ត្រូវ​គិត​ដល់​គឺ ស្វាមី ឬ​ភរិយា​របស់​អ្នក​ស្លាប់​។ អាច​ទៅរួច​ទេ​ថា បុរស​ជា​ស្វាមី​ចាប់​ផ្តើម​ធុញ​ទ្រាន់​ រក​ផ្លូវគេច​ចេញ​ពី​ភរិយា​ តែ​ខាង​ស្រី​ព្យាយាម​ចង​ជើងដោយ​ការ​មិន​ព្រម​ការពារ​ការ​មាន​ផ្ទៃ​ពោះ ចង់​ប្រើ​កូន​ជាឧបករណ៍​ទាម​ទារ​សំណង និង​ជំងឺ​ចិត្ត​​ពីបុរស​ ព្រោះខាង​ប្រុស​ជា​អ្នក​​មាន​ តែ​លទ្ធផល​គឺ  សេចក្តី​ស្លាប់​!»

«​អ្វី​ដែល​លោក​ប៉ូលីស ​គួរ​តែ​​ប្រមូល​យក​ទៅត្រួត​ពិនិត្យ​ក្រយៅ​ដៃ ​គឺ​កាំ​បិត​ដែល​ប្រើ​​អារ​ក​ដៃ​សាក​សព​! ជា​ធម្មតា​កាំ​បិត​​ក្នុងផ្ទះបាយ ​​ច្រើន​តែ​លាង​សម្អាត​ជានិច្ច​ ក្រោយ​ពេល​ប្រើ​ប្រាស់​​រួច​ ដូច្នេះ​ទើប​គ្មាន​ស្នាម​ក្រយៅ​ដៃ​​ប្រឡូក​ប្រឡាក់​​​ច្រើន​ដូច​របស់​ប្រើ​ទូទៅ​ទេ។ ក្រោយ​ពី​អារ​ក​ដៃ​សាក​សព​រួចខ្ញុំ​គិត​ថា​ឃាត​ករ​​ច្បាស់​ជា​មិន​​យក​កាំ​បិត​ទៅ​លាង​សិន​ មុន​​នឹង​ប្តឹង​ទៅប៉ូលីស​នោះទេ។»

***

លោក​អ្នក​គិត​ថា ខ្ញុំ​ចូល​ទៅ​ឈឺ​ឆ្អាល​នឹង​រឿង​របស់​អ្នក​ដទៃ​ជ្រុល​ពេក​ទេដឹង? តែ​លទ្ធផល​នៃ​ការ​ណែ​នាំ​របស់​ខ្ញុំ ​​ធ្វើ​ឲ្យស្វាមី​វិស្វករ​ម្នាក់​នោះ ត្រូវ​ប៉ូលីស​ចាប់​ឡើង​តុលាការ​ពីបទ​​សម្លាប់​មនុស្ស​ ក្នុង​ពេល​បន្ទាប់​មក​។ គេ​បដិសេធ​ការ​ចោទ​ប្រកាន់ ហើយ​តស៊ូ​រឿង​ក្តីយ៉ាង​ពេញ​ទំហឹង។ មេធាវី​ថ្វី​មាត់​ល្អ ព្រម​ទាំង​ទី​ប្រឹក្សា​ជាច្រើនរូប​ ​​ត្រូវ​គេ​ទិញ​ទឹក​ចិត្ត​ដោយ​អំណាចមាស​ប្រាក់​ ខណៈ​ដែលខាងប៉ូលីសក៏​ទទួល​បាន​ភស្តុតាង​​សំខាន់​ច្រើន​យ៉ាង​ ដែល​អាច​ចង​ជើង​ឃាតក​រ​បាន​យ៉ាង​ងាយ​។

ភស្តុតាង​ភាគ​ច្រើន​ គឺ​បាន​មក​ពីការ​ណែ​នាំ​ដ៏​សែន​ឆ្លាត និង​ល្បិច​កល​ក្នុង​ការ​លេង​ហ្គេម​​យ៉ាង​​ស្ទាត់​ជំនាញ​​របស់​ខ្ញុំ​។

ខ្ញុំ​ប្រហែល​ជាត្រូវ​សួរ​លោក​អ្នក​ញឹក​ញាប់​បន្តិច​ហើយថា តើ​ខ្ញុំ​ធ្វើ​នេះ​ហួស​ហេតុ​ពេក​ទេ​ដឹង ព្រោះ​​ ភស្តុតាង​ សាក្សី​មួយ​ចំនួន​ គឺ​ខ្ញុំ​បង្កើត​ឡើងដោយខ្លួន​ឯង​តាំង​ពី​ដំបូង​ម្ល៉េះ ដ្បិត​ចង់​អូស​ក្បាល​ស្វាមី​វិស្វករ​ម្នាក់​នោះ​ចូល​ទ្រុង​ឲ្យ​ទាល់​តែ​បាន!

លោក​អ្នក​ប្រហែល​ជា​ឆ្ងល់​ហើយ ថា​ខ្ញុំ​មាន​គំនុំ​គុំ​គួន​អ្វី​នឹង​បុរស​ម្នាក់​នេះ​ឬ? ព្រម​ទទួល​ស្គាល់​ក្នុង​នាម​កូន​ប្រុស​ថា ពិត​ជាមាន​ខ្លះ​មែន តែ​​​ដូច​ជា​មិន​មែន​រឿង​​ខឹង​គុំ​គួន​អីទេ សប្បាយ​ចិត្តនឹង​ការ​ដែល​បាន​លាប​ពណ៌ឲ្យ​អ្នក​ដទៃ​ទើប​ដូច​ជា​សម​ជាង! សាក​គិត​ទៅ​មើល៍ ខ្លួន​ខ្ញុំ​ជា​កំលោះ​រូប​សង្ហា​​ វ័យ​​៣៣​ឆ្នាំ​ នៅ​ផ្ទះ​ជាប់​​នឹង​ស្រី​ស្អាត​​ក្នុង​ពេល​ថ្ងៃ​គ្រប់​ពេល​ របង​នៅខាង​ក្រោយ​ផ្ទះ​ក៏ផ្លោះ​​​ឡើង​ស្រួល​ គឺ​អត់​មិន​បាន​ដែល​មាន​អីៗ​នឹង​គ្នា​ញឹក​ញាប់។​ ស្វាមី​នាង​ចាប់​មិ​នបាន​ទេ តែ​ប្រហែល​ជា​សង្ស័យ​នឹង​អាកប្បកិរិយា​របស់​ភរិយា​ ទើប​កើត​​មាន​រឿង​ឈ្លោះ​ទាស់​ទែង​គ្នា​ញឹក​ញាប់​។

បញ្ហា​ស្ថិត​នៅ​ត្រង់​ថា នាង​មាន​ទម្ងន់​ទាំង​ដែល​ប្តី​​នាង​ជា​ប្រុស​អារ ទើប​នាង​ព្យាយាម​រំអុក​ឲ្យ​ខ្ញុំ​ទទួល​ខុស​ត្រូវ​ដោយ​ទឹក​ប្រាក់​ចំនួន​រាប់​លាន… ថ្ងៃ​នោះ​ឱកាស​ល្អ​​ក៏​មក​ដល់​​ ខ្ញុំ​ផ្លោះ​ឡើង​ទៅ​ដោយ​គ្មាន​នរណា​​ឃើញ​ដូច​រាល់​ថ្ងៃ​អ៊ីចឹង… តែ​ឈប់​ខ្វល់​ទៅ យ៉ាង​ណាៗ​នាង​ក៏​បាន​ស្លាប់​ទៅហើយ!

ពេល​នេះសេចក្តី​ពេញ​ចិត្ត​ រីក​ថ្លើម​​របស់​ខ្ញុំ គឺ​​ស្ថិត​នៅ​ត្រង់​ថា តើ​ខ្ញុំ​អាច​លាប​ពណ៌​ឲ្យ​ប្តី​ល្ងី​ល្ងើ​​របស់​នាង​​បាន​សម្រេច​ឬ​ក៏​អត់ តែ​ប៉ុណ្ណោះ។

ចុះ​លោក​អ្នក​​វិញ… ស្ម័គ្រ​ចិត្ត​​ជួយ​នរណាជាង​???

***

*** ប្រកាសឈ្មោះអ្នកឈ្នះរង្វាន់!!!

១. រ៉ាវី

២. តាតា

៣. តាម៉ាប់

សូមអ្នកដែលមានរាយនាមឈ្មោះខាងលើមកបើករង្វាន់សៀវភៅមួយក្បាល (ក្រមមរណៈ ឬ កាដូថ្ងៃនៃក្តីស្រឡាញ់)

ដោយទូរស័ព្ទមកកាន់លេខ ០១២ ៧៧៨ ១៥៣។

P.S: អ្នកនិពន្ធម្តងនេះដាក់ទុនធ្ងន់ណាស់!!! :cry:

Read Full Post »