Feeds:
ប្រកាស
មតិ

Posts Tagged ‘ឃាត​កម្ម’


គ្រប់​យ៉ាង​ស្ងាត់​ច្រៀប​​។ ​ក្រោយ​​ពី​ភ្លៀងធ្លាក់​ធំ​​៣,៤​ថ្ងៃ​ជាប់​គ្នា ធ្វើឲ្យ​ទឹក​ក្នុង​ថ្លុក​ ត្រពាំង​ អូរ​ លិច​ជោរជន់​ ផ្លូវ​​​ថ្នល់​ត្រូវ​កាត់​ផ្តាច់ ប្រយុទ្ធ​មិន​បាន​​ដឹក​ជញ្ជូន​បន្លែ​ត្រី​សាច់​​ និង​ស៊ុត យក​ទៅ​​បោះ​ឲ្យ​ម៉ូយ​ជា​ច្រើន​ថ្ងៃ​មក​​ហើយ​។ អ៊ំ​ក្តាម​ អ្នក​លក់​ដូរ​នៅ​ក្នុង​ផ្សារធំ​ក្នុង​ភូមិ​ និង​ជា​ម៉ូយ​ដុំ​សំខាន់​របស់​ប្រយុទ្ធ​ ​បាន​យក​​​កាណូត​ចេញ​មក​តាម​​អ្នក​កំលោះ​ដោយ​ខ្លួន​ឯង​​ដល់​ផ្ទះ។

«អឺ…! យុទ្ធ​អើយ… ឯង​នៅផ្ទះឬ​ក៏អត់​វ៉ឺយ!! រវល់​​តែ​ធ្វើ​​ស្អី​ហ្នឹង??»

ប្រយុទ្ធ​អើត​ក្បាល​ចេញ​ពី​ក្នុង​ទ្រុងមាន់​​។ សំឡេង​អ៊ំ​ក្តាម​ ដែល​ធ្លាប់​ឮ​ឡើង​ស៊ាំ​ត្រចៀក​ហើយ​នោះ លាន់​ចេញ​ពីខាង​មុខ​ផ្ទះ​​ដែល​មាន​ភក់​ល្បាប់​ និង​​ជង្រុក​ដែល​សង់​បែប​ងាយ​ៗ ​ការ​ពារ​ខ្យល់​ភ្លៀង​សម្រាប់​​ទុក​ចំណី​សត្វ​​ និង​ជី​កំប៉ុស​ដែល​ធ្វើ​ឡើង​ដោយ​ខ្លួន​ឯង​ ពេលត្រូវភ្លៀង​បែប​នេះ ​ភាយ​ក្លិន​​អួរ​អាប់​មិន​គួរ​ឲ្យ​ហិត​សោះ។ អ៊ំ​ក្តាម​ដើរ​វាង​តាម​ផ្លូវ​ខាង​ក្រោ​យ​ ដែល​ជា​សួន​បន្លែ​គ្រួសារមាន​ច្រើន​ប្រភេទ ​ដាំ​​ដើម្បី​ប្រមូល​ផល​លក់​។

«​មាន​បាន​​ប្រមូល​​ទុក​ឲ្យ​ខ្លះ​​ហើយ​ឬ​នៅ យុទ្ធ អើយ?» អ៊ំក្តាម​ស្រែក​សួរ​។

«រួច​រាល់​ហើយ​អ៊ំ នៅ​ក្នុង​​ជង្រុក​​ជីឯនោះ! ​បេះ​បាន​សណ្តែក​កួរ​​ពីរ​ការុង ស្ពៃ​ក្តោប​បីការុង ហើយ​​និង​​ម្ទេស​​​ប្រហែល​ដប់​​គីឡូ! ភ្លៀង​ធ្លាក់​ខ្លាំង​ពេក ខ្ញុំ​យក​ទៅ​ឲ្យ​​ម៉ូយ​មិន​បាន​ទេ មាន​តែ​ខំ​ប្រមូល​ទុក បើ​មិន​អ៊ីចឹង​រលួយ​អស់​ហើយ​!» ប្រយុទ្ធ​រៀប​រាប់​វែង​ឆ្ងាយ ដូច​រអ៊ូរទាំដាក់​អ៊ំក្តាម​។

«​អឺ… មិន​អីទេ យើង​អាច​មក​យក​ខ្លួន​ឯង​បាន​ ឲ្យ​តែ​មាន​បន្លែ​ឲ្យ​យើង​យក​ទៅ​លក់​ គឺ​បាន​ហើយ!» អ៊ំ​ក្តាម​ញញឹម​ពព្រាយ​ លួច​នឹក​​​ស្រឡាញ់​ប្រយុទ្ធ​ជា​ពិសេស​ ថែម​ទាំង​ចង់​បាន​ធ្វើ​ជា​កូន​ប្រសា​ទៀត​ផង​ ព្រោះ​ឃើញ​ភាព​ឧ​ស្សាហ៍​ខ្នះ​ខ្នែងរបស់​​គេ​​ដែល​​មិន​ដូច​ក្មេង​កំលោះៗ​ទូទៅ។ តែ​ចិត្ត​មួយ​​ក៏​នឹក​ក្រែង​ចិត្ត​បើ​ហា​មាត់​និយាយ​​ត្រង់​ៗ ដ្បិត​រឿង​ដែល​រីណា​រត់​ចោល​គេ​នោះ​ ក៏​មិន​មែន​ល្បី​តិច​តួច​ឯណា តែ​ក៏​អាច​នៅ​​មាន​ឱកាស​ទៀត​ដែរ ព្រោះ​កូន​ស្រីរបស់គាត់​ទើប​តែ​មាន​អាយុ​២០​ឆ្នាំ​ទេ គឺ​នៅ​មាន​ពេល​បើ​កូន​ស្រី​របស់​គាត់​​មិន​ទៅ​ស្រឡាញ់​អ្នក​ណាផ្សេង​​ ឬ​ប្រយុទ្ធ​មិន​ទាន់​មាន​មេផ្ទះ​មុន​ គឺ​គាត់​អាច​នៅ​មាន​សង្ឃឹម        ​​ទៀត​។

«ព្រឹក​មិញ​ នៅឯផ្សារ​មាន​មនុស្ស​មក​តាម​សួររក​ រីណា វ៉ឺយ ​អាយុទ្ធ! ជា​ក្រុម​ប៉ូលីស ឮ​គេ​ថា រីណា​បាត់​ខ្លួន​ទៀតហើយ!»

ក្រោយ​ពី​អ៊ំ​ក្តាម​ត្រឡប់​ទៅវិញ​ ប្រយុទ្ធ​អង្គុយ​គិត​រឿង​ត្រៀម​ខ្លួន ​រក​ពាក្យ​​​ឆ្លើយ​នឹង​ប៉ូលីស ដែល​មិន​យូរ​ទៀត​ ច្បាស់​ជា​តាម​មក​រក​គេ​​ដល់​ទីនេះ​មិន​ខាន​​។

ផ្លូវ​ទៅកាន់​ផ្ទះ​ប្រយុទ្ធ ​បង្ក​ភាព​លំបាក​ដល់នាយ​ប៉ូលីស​ទាំង​៤​​រូប​​ជា​ខ្លាំង​។ ទាំង​ភក់​ល្បាប់ ទាំង​ទឹក​ជន់​លិច ដែល​ល្មម​អាច​លុយ​ដើរ​បាន​​ខ្លះ តែ​ស្ទើរ​តែ​សើម​ដល់​ក្បាល​ទាំង​អស់​គ្នា​ទៅ​ហើយ​ បើ​មិន​ប្រឹង​តោង​​​ដើម​​​ឈើ​​​ដែល​ដុះ​ប្រប​​មាត់​​ផ្លូវ​​ទេ។ ទឹក​ដែល​ឡើង​ដល់​គល់​ភ្លៅ ធ្វើ​ឲ្យ​នាយ​ប៉ូលីស​ទាំង​ចាស់​ទាំង​ក្មេង​​ក្លាយ​​ជា​​ជំទាវ​ដើរ​កាច់​រាង​​តាម​គ្នា​ឲ្យ​ហែ។

«មិន​ដឹង​ស្អីវា មក​នៅ​ឆ្ងាយ​ពីគេ​ពីឯង​​យ៉ាង​នេះ​ អារបល់​យក៍!!» សំឡេង​​រអ៊ូ​រទាំ​លាន់​​មិន​ឈប់​ចេញ​ពី​មាត់​​​របស់​ប៉ូលីស​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​​។

«​ដល់​ថ្នាក់​យើង​​ផង​​នៅ​ដើរ​ពិបាក​​ ចុះ​ទម្រាំ​នារី​ទន់​ខ្សោយ​​​ដូច ​នាង​រីណាទៀត​​នោះលោក​មេកង!» សម្តី​គាំ​ទ្រ​​លាន់​ចេញ​ពី​នាយ​ប៉ូលីស​ម្នាក់​ទៀត​។

«មិន​បាច់​រអ៊ូ​ទេ… ទោះ​យ៉ាងណា​ក៏​ត្រូវ​​តាម​ស៊ើប​សួរ​ពី​ជន​សង្ស័យ​​ទាំង​អស់​​ដែរ!» សម្តី​កាត់​សេចក្តី​ដែល​មានអំណាច​ទាំង​​មុខ​តំណែង​ និង​ទឹក​​សំឡេង ​​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្ងាត់​មាត់​ច្រៀប​ ហើយ​បង្ខំ​ចិត្ត​ដើរ​​លុយ​ភក់​​​ទៅ​មុខ​​ទៀត​យ៉ាង​ធុញ​ទ្រាន់​។

​ពេល​ដែល​ប៉ូលីស​ទាំង​៤​រូប​មក​ដល់ ប្រយុទ្ធ​កំពុង​អង្គុយ​​ផ្សំ​ចំណី​សត្វ​​ ទុក​​​ចិញ្ចឹម​ត្រី ចិញ្ចឹម​មាន់​ទា​ នៅ​ក្នុង​ជង្រុក​​ដែល​សង់​ឡើង​បែប​ងាយ​ៗ​ អួរ​អាប់​ទៅដោយ​ក្លិន​អសោចិ៍ ​ដែល​អ្នក​​​ក្រៅ​ពុំ​​ធ្លាប់​ស៊ាំ​ ​ពិបាក​ទ្រាំ​បាន​។

«ឯង​ច្បាស់​ហើយ​ថា​ មិន​បាន​ផ្តល់ទី​​​ស្នាក់​​អាស្រ័យ​ ឬ​កន្លែង​លាក់​ខ្លួន​ដល់​នាង​រីណា?»

«​បាទ…​ ខ្ញុំ​មិន​បាន​ឃើញ​នាងទេ តែ​បើ​ឃើញ​ ក៏ខ្ញុំ​​​ជួយ​រីណា​ដែរ!»

«ឯង​ដឹង​ទេ ជន​ណា​ផ្តល់​​ទី​ស្នាក់​អាស្រ័យ​ ឬ​កន្លែង​លាក់​ខ្លួន​​ដល់​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ នឹង​មាន​ទោស​កម្រិត​ណា? នាយ​យុទ្ធ!» ​ប៉ូលីស​​កំលោះ​​ មិន​ព្រម​​លះ​បង់ការ​ស៊ើប​សួរ​របស់​ខ្លួន​​ដោយ​ងាយៗ​​ ទើប​ប្រឌិត​រឿង​​ឡើង​ដើម្បី​ឆបោក​ប្រយុទ្ធ​។

«បាទ… ខ្ញុំ​ពិត​ជា​មិនដឹង​ទេ តែ​ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​រីណា​ទៅណា​ដែរ ខ្ញុំ​នឹង​ឲ្យ​នាង​នៅជាមួយ​ខ្ញុំ ប្រសិន​បើ​នាង​​មក​​ពិត​​​មែន ហើយ​ខ្ញុំ​សុខ​ចិត្ត​​ជាប់​គុក​ជំនួសនាង​!» ប្រយុទ្ធ​ឆ្លើយ​តប​ត្រង់ៗ​​តាម​ការ​ទាម​ទារ​របស់​បេះ​ដូង​ ដោយ​ទឹក​មុខ​ស្រពាប់​ស្រពោន​។ នៅពេល​ឆែក​ឆេរ​ គ្រប់​ច្រក​ល្ហក​មិន​ឃើញ​មាន​ពិរុទ្ធ​អ្វីៗ នាយ​   ប៉ូលីស​ទាំ​ង​៤រូប​ក៏​នាំ​​គ្នា​ត្រឡប់​ទៅវិញ​។

ប្រយុទ្ធ​ត្រឡប់​មក​ «ធ្វើ​ការ​» របស់​គេ​បន្ត​​។ ហ៊ឺយ!… អាប៉ូលីស​អស់​នេះធ្វើ​ឲ្យ​គេ​ខាត​ពេល​យូរ​សែន​​យូរ! ប្រយុទ្ធ​បញ្ឆេះ​ម៉ាស៊ីន​កិន​ចំណី​សត្វ​ម្តង​ទៀត​។ ការ​ងារ​មួយ​នេះ​ក៏​ពិបាក​មិន​ធម្មតា​ដែរ ទម្រាំ​តែ​កិន​សាច់​លាយឡំ​នឹង​សំណល់​អាហារ​ ព្រម​ទាំងកាក​​​ពោត​និង​ដំឡូង​​ឲ្យ​ម៉ដ្ឋ​ គឺ​ត្រូវប្រើ​ពេលវេលា​​យូរ​លើស​ពី​មុន​រាប់​​ដង​​។ មិន​តែ​ប៉ុណ្ណោះ នៅ​មាន​ឆ្អឹង​តូច​ៗ​អស់​នោះទៀត កាន់​តែ​កាប់​ចិញ្ច្រាំ​យ៉ាង​ណា​ អារម្មណ៍​ឈឺ​ផ្សា​​ក៏​រលាយ​ទៅតាម​នោះ។ ប្រយុទ្ធ​ត្រូវ​ប្រើ​ពេល​​ច្រើន​​ណាស់ កាប់​ចិញ្ច្រាំ​ផង ដុត​​ផង​ ដល់​ទៅពីរ​បី​​សា​ ហើយ​នៅ​ប្រមូល​​សំណល់​ផេះ​គ្រប់​យ៉ាង​ មក​ផ្សែ​ផ្សំ​នឹង​កម្ទេច​ធ្យូង​ ដើម្បី​ធ្វើ​ធ្យូង​​តាន់​ម្តង​ទៀត​។ ប៉ុណ្ណេះ​ហើយ​ក៏​នៅ​មិន​ទាន់​រួច​រាល់​ដែរ គឺ​ត្រូវរង់​ចាំ​ឲ្យ​ភ្លៀង​រាំង​សិន​​ ទើប​​ប្រមូល​​ដាក់​ក្នុង​ឡ​ដុត​ធ្យូង​​​ម្តង​ទៀត​ជា​លើក​ចុង​ក្រោយ​​។ អីយ៉ា!… បើ​​ពិនិត្យ​មើល​ទៅ រួម​ទាំង​ធ្យូង​​ឆ្អឹង​កិន ទាំង​ធ្យូង​ឈើ​ផ្សែ​ផ្សំ​គ្នា​ ប្រហែល​ជា​បាន​មិន​តិច​ជាង​២០​បាវ​ទេ ឯ​លុយ​ក៏​បាន​ជិត​ពីរ​លាន​ដែរ!

រីណា​ម្នាក់​នេះ ក៏​មាន​ប្រយោជន៍​គ្រាន់​បើ​ដែរ​តើ​! ​ប្រើ​បាន​ទាំង​ចំណី​សត្វ​ ទាំង​ធ្យូង​ ទាំង​គំនុំ​ឈឺ​ចាប់​ ដែល​ពេល​នេះ​ប្រយុទ្ធ​ទទួល​អារម្មណ៍​ថា វា​បាន​រលាយ​បាត់​​ពី​របួស​ដួង​ចិត្ត​គេ​ទៅហើយ!!

Read Full Post »


ល្ងាច​ថ្ងៃ​នោះ ​ប៉ូលីស​ដដែល​បាន​ទូរស័ព្ទ​​មក​ប្រាប់​ខ្ញុំ​ថា គ្មាន​ស្នាម​ដាច់​​​សរសៃ​ឈាម​ត្រង់​ក​​​ទេ តែ​គេ​បាន​រក​​​​ឃើញ​​ឆ្អឹង​ខ្ចី​ត្រង់​បំពង់​ក​​បាក់​​ដែល​បណ្តាល​មក​ពី​ការ​សង្កត់​​ក​​​ខ្លាំងពេក​​ បញ្ជាក់​​ថា​នាង​ត្រូវ​គេ​​ច្របាច់​ក​សម្លាប់​​ ហើយ​បង្វែង​ដាន​ដោយ​ការ​យក​សាក​សព​ទៅចង​ព្យួរ។ ប៉ូលីស​សុំ​ណាត់​ជួប​ខ្ញុំ​ពេល​យប់​ ដើម្បីពិភាក្សា​រឿង​ក្តី​នេះ។

«​សំណាង​ល្អ​ហើយ ​ដែល​ឪពុក​ម្តាយ​របស់​សាក​សព ​ផ្តល់​ការសហការ​ជាមួយ​ប៉ូលីស ​​យ៉ាង​ពេញ​​ ទំហឹង។​ គាត់​​ប្រាប់​ខ្ញុំ​ថា គាត់​​ក៏​សង្ស័យ​ដែរ កូន​ស្រី​របស់​គាត់​​មិន​គួរ​សម្លាប់ខ្លួន​ទេ ហើយ​ការ​ពិត​ពីរ​នាក់​នេះ​​មិន​ទាន់​រៀប​ការ​ទេ គឺ​រត់​​មក​នៅ​ជាមួយ​គ្នា​ដោយ​ចិត្ត​ឯង​​។ ខាង​ស្រី​រៀន​ចប់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ​ តែ​ដោយ​​បាន​សម្រស់​យោង​ទើប​បាន​គ្នា​ជាមួយ​វិស្វករ​ម្នាក់​នេះ។ ឯ​ឪពុក​ម្តាយ​ខាង​ប្រុស​មិន​ពេញ​ចិត្ត​កូន​ប្រសា​​នេះ​​សោះ​!» ប៉ូលីស​រៀប​រាប់​​ឲ្យ​ខ្ញុំ​ស្តាប់​​អស់​អាចម៍​អស់​នោម​។

«ចុះ​អាច​កំណត់​ពេល​វេលា​ដែល​ស្លាប់​បាន​ហើយ​ឬនៅ?»

«​រឿង​នេះ​មាន​បញ្ហា​បន្តិច​ ព្រោះ​សាក​សព​នៅ​ក្នុង​បន្ទប់​ដេក ដែលបើក​ម៉ាស៊ីន​ត្រជាក់​លើស​​កម្រិត​ ដូច្នេះ​ការ​ប៉ាន់​ស្មាន​ពេល​វេលា​តាម​រយៈ​កម្តៅ​ខ្លួន​​របស់​សាក​សព​ គឺ​មិន​អាចធ្វើ​បាន​ទេ តែ​គ្រូពេទ្យ​សន្និដ្ឋាន​ថា យ៉ាង​ហោច​ណាស់​ក៏​ស្លាប់​៨​ម៉ោង​ មុនពេល​​​ប្តី​នាង​ប្រទះ​ឃើញ​សាក​សព​ដែរ!»

«ដូច្នេះ​បាន​ន័យ​ថា នាង​ស្លាប់​នៅពេល​ព្រឹក​! ខ្ញុំ​សុំ​អនុញ្ញាត​សរុប​ហេតុ​ការណ៍​រឿង​ក្តី​នេះដោយ​ត្រួសៗចុះ​ ​​តាម​រយៈ​បទ​ពិសោធន៍​ដែល​បាន​មក​ពី​ការ​​ប្រែ​សៀវភៅ​​រឿង​ឃាតកម្ម ​​​​អស់​រយៈ​ពេល​៥​ឆ្នាំ​មក​នេះ​​។ ឧទាហរណ៍​ថា… ប្តី​ឈ្លោះ​ជាមួយ​ប្រពន្ធ​ព្រោះ​រឿង​ប្រចែ​ប្រចណ្ឌ​​ មុន​ពេល​ទៅធ្វើ​ការ​ដូច​រាល់​ថ្ងៃ​ តែ​លើក​នេះ​ធ្ងន់​ធ្ង​រ​ជាង​មុន​បន្តិច​ ដោយ​ជ្រុល​ដៃ​ច្របាច់​ក​នាងរហូត​សន្លប់​។ ក្រោយ​ពី​ព្យាយាម​ដាស់​នាង​ឲ្យ​ដឹងខ្លួន​វិញ​ ទើប​ដឹង​ថា នាង​ដាច់​ខ្យល់​ស្លាប់​ទៅហើយ។ ដោយ​ភាព​ភិត​ភ័យ​ពេក​ គេ​ក៏​បើក​រថយន្ត​គេច​ចេញ​ទៅ។ លុះ​នឹក​ឃើញ​ដល់​​​ល្បិច​​បង្វែង​ដាន​ក៏​ត្រឡប់​មក​វិញ​ យក​ខ្សែ​រឹត​ក​​ប្រពន្ធ​​ថ្ពក់​នឹង​ធ្នឹម​ផ្ទះ ដោយ​មិន​ភ្លេច​យក​កាំ​បិត​​មក​អារ​ក​ដៃ​​បន្ថែម​ ដើម្បី​បង្វែង​ដាន​មួយ​ជាន់​ទៀត។ ​ដល់​ពេល​រៀប​ចំ​អន្ទាក់​ចប់​សព្វ​គ្រប់​ហើយ​ គេ​ក៏​ចេញ​ពី​ផ្ទះ​​ទៅធ្វើ​ការ​ ធ្វើ​ខ្លួន​ដូចធម្មតា​ លុះ​ពេល​ល្ងាច​ទើប​ត្រឡប់​មក​វិញ​ បើក​ទ្វារ​ផ្ទះ​ចូល​ទៅ​ឃើញ​ប្រពន្ធ​ចង​ក​ស្លាប់​ ធ្វើ​ជា​ភ័យ​តក់​ស្លុត​ រត់​ចេញ​មក​ប្រាប់​អ្នក​ជិត​ខាង​។ នេះ​ជា​ករណី​ទី​មួយ​។»

«​ចំណែក​ករណី​ទី​ពីរ គឺ​មាន​ជន​ពាល​គាស់​ចូល​​ទៅ​ក្នុង​​ផ្ទះ​ ឬ​ឡើង​តាម​ពិតាន ​ដូច​ដែល​លោក​     ប៉ូលីស​​សាក​ល្បង​ពិសោធ​មើល​ ហើយ​ឃើញ​នាង​ដេក​នៅ​ក្នុង​បន្ទប់​ ក៏​ចាប់​រំលោភ ឬ​ក៏​ជំរិត​​យក​ទ្រព្យ​សម្បត្តិ​…»

«​មិន​មែន​ទេ… ករណី​ទី​ពីរ​នេះ​មិន​អាច​ទៅរួច​ទេ ខ្ញុំ​ត្រួត​ពិនិត្យ​មើល​អស់​ហើយ​ គ្មាន​ស្លាក​ស្នាម​គាស់​ចូល​ផ្ទះ​ទេ ហើយ​បើ​ទោះ​ជា​តាម​ពិតាន​អាច​ឆ្លង​ទៅ​មក​រក​គ្នា​បាន​ តែ​ក៏​គ្មាន​ស្នាម​ជើង​ជាប់​តាម​ជញ្ជាំង​​ គ្មាន​ស្លាក​ស្នាម​នៃ​ការ​ចាប់​រំលោភ ឯ​ទ្រព្យ​សម្បត្តិ​ក៏​នៅ​គ្រប់​ទាំង​អស់​ សូម្បី​តែ​ខ្សែ​ក​មាស​នៅ​ជាប់​នឹង​ក​ក៏​នៅ ហើយ​ដែល​សំខាន់​គឺ​គ្មាន​ស្លាក​ស្នាម​នៃ​ការ​ប្រវាយ​ប្រតប់​គ្នា ឬ​កម្ទេច​ស្បែក​ជាប់​នឹង​ក្រចក​សាក​សព​ទេ…»

«​ដូច្នេះ​បញ្ជាក់​ថា ឃាតក​រ​គឺ​ជា​មនុស្ស​ដែល​សាក​សព​ទុក​ចិត្ត​ ទើប​មិន​រើ​បម្រះ​​ពេល​ដែល​ត្រូវគេ​ច្របាច់​ក​ ព្រោះ​មិន​គិត​ថាឃាតករ​នឹង​សម្លាប់​… ខ្ញុំ​ប្រាប់​ទៅចុះ​លោក​ប៉ូលីស! នៅ​សហរដ្ឋ​អាមេរិក ស្ថិតិ​នៃ​អំពើ​ឃាតកម្ម​ក្នុង​គ្រួសារ​​​ ខ្ពស់​​​ដល់​ទៅ​​៧០%​នៃ​អំពើ​ឃាតកម្មគ្រប់​ប្រភេទ​។ ដូច្នេះ​នៅពេល​កើត​ហេតុ​ បុគ្គល​​ដំបូង​ដែល​ត្រូវ​គិត​ដល់​គឺ ស្វាមី ឬ​ភរិយា​របស់​អ្នក​ស្លាប់​។ អាច​ទៅរួច​ទេ​ថា បុរស​ជា​ស្វាមី​ចាប់​ផ្តើម​ធុញ​ទ្រាន់​ រក​ផ្លូវគេច​ចេញ​ពី​ភរិយា​ តែ​ខាង​ស្រី​ព្យាយាម​ចង​ជើងដោយ​ការ​មិន​ព្រម​ការពារ​ការ​មាន​ផ្ទៃ​ពោះ ចង់​ប្រើ​កូន​ជាឧបករណ៍​ទាម​ទារ​សំណង និង​ជំងឺ​ចិត្ត​​ពីបុរស​ ព្រោះខាង​ប្រុស​ជា​អ្នក​​មាន​ តែ​លទ្ធផល​គឺ  សេចក្តី​ស្លាប់​!»

«​អ្វី​ដែល​លោក​ប៉ូលីស ​គួរ​តែ​​ប្រមូល​យក​ទៅត្រួត​ពិនិត្យ​ក្រយៅ​ដៃ ​គឺ​កាំ​បិត​ដែល​ប្រើ​​អារ​ក​ដៃ​សាក​សព​! ជា​ធម្មតា​កាំ​បិត​​ក្នុងផ្ទះបាយ ​​ច្រើន​តែ​លាង​សម្អាត​ជានិច្ច​ ក្រោយ​ពេល​ប្រើ​ប្រាស់​​រួច​ ដូច្នេះ​ទើប​គ្មាន​ស្នាម​ក្រយៅ​ដៃ​​ប្រឡូក​ប្រឡាក់​​​ច្រើន​ដូច​របស់​ប្រើ​ទូទៅ​ទេ។ ក្រោយ​ពី​អារ​ក​ដៃ​សាក​សព​រួចខ្ញុំ​គិត​ថា​ឃាត​ករ​​ច្បាស់​ជា​មិន​​យក​កាំ​បិត​ទៅ​លាង​សិន​ មុន​​នឹង​ប្តឹង​ទៅប៉ូលីស​នោះទេ។»

***

លោក​អ្នក​គិត​ថា ខ្ញុំ​ចូល​ទៅ​ឈឺ​ឆ្អាល​នឹង​រឿង​របស់​អ្នក​ដទៃ​ជ្រុល​ពេក​ទេដឹង? តែ​លទ្ធផល​នៃ​ការ​ណែ​នាំ​របស់​ខ្ញុំ ​​ធ្វើ​ឲ្យស្វាមី​វិស្វករ​ម្នាក់​នោះ ត្រូវ​ប៉ូលីស​ចាប់​ឡើង​តុលាការ​ពីបទ​​សម្លាប់​មនុស្ស​ ក្នុង​ពេល​បន្ទាប់​មក​។ គេ​បដិសេធ​ការ​ចោទ​ប្រកាន់ ហើយ​តស៊ូ​រឿង​ក្តីយ៉ាង​ពេញ​ទំហឹង។ មេធាវី​ថ្វី​មាត់​ល្អ ព្រម​ទាំង​ទី​ប្រឹក្សា​ជាច្រើនរូប​ ​​ត្រូវ​គេ​ទិញ​ទឹក​ចិត្ត​ដោយ​អំណាចមាស​ប្រាក់​ ខណៈ​ដែលខាងប៉ូលីសក៏​ទទួល​បាន​ភស្តុតាង​​សំខាន់​ច្រើន​យ៉ាង​ ដែល​អាច​ចង​ជើង​ឃាតក​រ​បាន​យ៉ាង​ងាយ​។

ភស្តុតាង​ភាគ​ច្រើន​ គឺ​បាន​មក​ពីការ​ណែ​នាំ​ដ៏​សែន​ឆ្លាត និង​ល្បិច​កល​ក្នុង​ការ​លេង​ហ្គេម​​យ៉ាង​​ស្ទាត់​ជំនាញ​​របស់​ខ្ញុំ​។

ខ្ញុំ​ប្រហែល​ជាត្រូវ​សួរ​លោក​អ្នក​ញឹក​ញាប់​បន្តិច​ហើយថា តើ​ខ្ញុំ​ធ្វើ​នេះ​ហួស​ហេតុ​ពេក​ទេ​ដឹង ព្រោះ​​ ភស្តុតាង​ សាក្សី​មួយ​ចំនួន​ គឺ​ខ្ញុំ​បង្កើត​ឡើងដោយខ្លួន​ឯង​តាំង​ពី​ដំបូង​ម្ល៉េះ ដ្បិត​ចង់​អូស​ក្បាល​ស្វាមី​វិស្វករ​ម្នាក់​នោះ​ចូល​ទ្រុង​ឲ្យ​ទាល់​តែ​បាន!

លោក​អ្នក​ប្រហែល​ជា​ឆ្ងល់​ហើយ ថា​ខ្ញុំ​មាន​គំនុំ​គុំ​គួន​អ្វី​នឹង​បុរស​ម្នាក់​នេះ​ឬ? ព្រម​ទទួល​ស្គាល់​ក្នុង​នាម​កូន​ប្រុស​ថា ពិត​ជាមាន​ខ្លះ​មែន តែ​​​ដូច​ជា​មិន​មែន​រឿង​​ខឹង​គុំ​គួន​អីទេ សប្បាយ​ចិត្តនឹង​ការ​ដែល​បាន​លាប​ពណ៌ឲ្យ​អ្នក​ដទៃ​ទើប​ដូច​ជា​សម​ជាង! សាក​គិត​ទៅ​មើល៍ ខ្លួន​ខ្ញុំ​ជា​កំលោះ​រូប​សង្ហា​​ វ័យ​​៣៣​ឆ្នាំ​ នៅ​ផ្ទះ​ជាប់​​នឹង​ស្រី​ស្អាត​​ក្នុង​ពេល​ថ្ងៃ​គ្រប់​ពេល​ របង​នៅខាង​ក្រោយ​ផ្ទះ​ក៏ផ្លោះ​​​ឡើង​ស្រួល​ គឺ​អត់​មិន​បាន​ដែល​មាន​អីៗ​នឹង​គ្នា​ញឹក​ញាប់។​ ស្វាមី​នាង​ចាប់​មិ​នបាន​ទេ តែ​ប្រហែល​ជា​សង្ស័យ​នឹង​អាកប្បកិរិយា​របស់​ភរិយា​ ទើប​កើត​​មាន​រឿង​ឈ្លោះ​ទាស់​ទែង​គ្នា​ញឹក​ញាប់​។

បញ្ហា​ស្ថិត​នៅ​ត្រង់​ថា នាង​មាន​ទម្ងន់​ទាំង​ដែល​ប្តី​​នាង​ជា​ប្រុស​អារ ទើប​នាង​ព្យាយាម​រំអុក​ឲ្យ​ខ្ញុំ​ទទួល​ខុស​ត្រូវ​ដោយ​ទឹក​ប្រាក់​ចំនួន​រាប់​លាន… ថ្ងៃ​នោះ​ឱកាស​ល្អ​​ក៏​មក​ដល់​​ ខ្ញុំ​ផ្លោះ​ឡើង​ទៅ​ដោយ​គ្មាន​នរណា​​ឃើញ​ដូច​រាល់​ថ្ងៃ​អ៊ីចឹង… តែ​ឈប់​ខ្វល់​ទៅ យ៉ាង​ណាៗ​នាង​ក៏​បាន​ស្លាប់​ទៅហើយ!

ពេល​នេះសេចក្តី​ពេញ​ចិត្ត​ រីក​ថ្លើម​​របស់​ខ្ញុំ គឺ​​ស្ថិត​នៅ​ត្រង់​ថា តើ​ខ្ញុំ​អាច​លាប​ពណ៌​ឲ្យ​ប្តី​ល្ងី​ល្ងើ​​របស់​នាង​​បាន​សម្រេច​ឬ​ក៏​អត់ តែ​ប៉ុណ្ណោះ។

ចុះ​លោក​អ្នក​​វិញ… ស្ម័គ្រ​ចិត្ត​​ជួយ​នរណាជាង​???

***

*** ប្រកាសឈ្មោះអ្នកឈ្នះរង្វាន់!!!

១. រ៉ាវី

២. តាតា

៣. តាម៉ាប់

សូមអ្នកដែលមានរាយនាមឈ្មោះខាងលើមកបើករង្វាន់សៀវភៅមួយក្បាល (ក្រមមរណៈ ឬ កាដូថ្ងៃនៃក្តីស្រឡាញ់)

ដោយទូរស័ព្ទមកកាន់លេខ ០១២ ៧៧៨ ១៥៣។

P.S: អ្នកនិពន្ធម្តងនេះដាក់ទុនធ្ងន់ណាស់!!! :cry:

Read Full Post »


គិតថារឿងនេះ គឺជាវគ្គជិតបញ្ចប់នៃស៊េរីរឿង ឃាតករស្រីសម្លាប់ប្តី ដែលឈ្មោះ ម៉ារៀ ឬម៉ារីយ៉ា តែរឿងនេះនៅមានភាគច្រើនៗទៀត ព្រោះម៉ារៀ ឬម៉ារីយ៉ានេះ មិនមែនមានប្តីត្រឹមតែ៤,៥ដំបនេះទេ! ហាសហាហា… គឺនៅមានច្រើនទៀតណាស់ ជាពិសេសលោកគ្រូពេទ្យអាដាម, ប៉ូលីសកំលោះដែលជាមិត្តភក្តិរបស់សុមេធ, ម្ចាស់ហាងលក់ភេសជ្ជៈ… សុទ្ធតែនៅមិនទាន់មកដើរតួ។

តែ… បុរសណាក៏ដោយដែលធ្លាក់ក្នុងអន្លង់ស្នេហ៍ ម៉ារៀ ត្រូវតែចុះនរក!!!

ម៉ារៀ​ អង្គុយ​សម្លឹង​ភ្នែក​ត្លែ​មើល​ទៅ​​ខាង​មុខ​ផ្ទះ​​ ដែល​មាន​ផ្ទះ​​មួយ​​ខ្នង​​​ទៀត​​យ៉ាង​​ភ្លឹក​ភ្លាំង​។ ពីរ​ថ្ងៃ​ហើយ​ ដែល​នាង​មិន​​ឃើញ​​ ​លោក​ស្រី​ប្រោន​ ចេញ​មក​ខាង​ក្រៅ​ផ្ទះ​សោះ។ ការ​ពិត​ទៅ​នាង​​ផ្ទាល់​ក៏​មិន​បាន​យក​ចិត្តទុក​ដាក់​អ្វី​ដែរ​ គ្រាន់​តែ​នាង​ធ្លាប់​ឃើញ​ប៉ុណ្ណោះថា លោក​ស្រី​ប្រោន​ចូលចិត្ត​ចេញ​មក​ហាល​ខោអាវ ឬ​​រវល់​ប៉ប្រុក​​​នឹង​ផើង​ផ្កា​​ដែល​អ្នក​រស់​នៅ​ម្តុំ​នេះចូលចិត្ត​ដាំ​ខ្លាំង​ណាស់… លើក​លែង​តែ​​នាង!

រាត្រី​​ថ្ងៃនេះ​នាងអត់​មិន​បាន​ក៏​​និយាយ​នឹង​ស្វាមី​ខណៈ​កំពុង​​ទទួល​ទាន​អាហារ​ពេល​ល្ងាច​។

«បង! អូន​ថា ​លោក​ស្រី​ប្រោន​ប្រហែល​ជា​ឈឺ​ហើយ មិនឃើញនាង​ចេញ​មក​ក្រៅ​សោះ​ប៉ុន្មាន​ថ្ងៃ​នេះ?» ​នាងពោល​ក្នុង​ន័យ​​​ចង់​សួរ​យោបល់ប៉ុណ្ណោះ ​​មិន​មែន​​ព្រោះចង់​ជជែក​ជាមួយ​ទេ។ ​តែ​សម្តី​នេះ​ធ្វើ​ឲ្យ​ចក្រាវុធ​មួម៉ៅ​​មួយ​រំពេច​​​ ស្ទើរ​តែ​អត់​​ទ្រាំ​លែង​បាន​។

«នែ៎! អូន​​មាន​បាន​ញ៉ាំ​ថ្នាំ​តាម​ពេទ្យ​ប្រាប់​​ឬទេ?» ចក្រាវុធ​សួរ​ដោយ​ធុញ​ទ្រាន់​នឹង​អារម្មណ៍​រវើ​រវាយ​​​គិត​ច្រើន​របស់​ភរិយា​​ហួស​ពី​ការ​អត់​ទ្រាំ​។

តាំង​ពី​ម៉ារៀ​រំលូត​កូន​ពីរ​ដង​​ជាប់ៗ​គ្នា ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​​ ធ្វើ​ឲ្យ​នាង​មាន​​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ ​រហូត​ត្រូវ​ទទួល​​​ការ​ព្យាបាល​ ពិសេស​គ្រួសាររបស់​នាង ​ធ្លាប់​មាន​ប្រវត្តិ​អ្នក​កើត​ជំងឺ​សរសៃ​ប្រសាទ​ទៀត​ នោះ​គឺ​ម្តាយ​ដ៏​​សែន​វៃ​ឆ្លាត​របស់​នាង ដែល​បាន​ចែក​ឋាន​ទៅ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​។ រឿង​នេះ​ធ្វើ​ឲ្យ​ចក្រាវុធ​​ធុញទ្រាន់​​​​​នឹង​ការ​រង់​​ចាំ​ឆ្លើយ​សំណួរ​ច្រំ​ដែលៗ និង​គ្មាន​ប្រយោជន៍​​​របស់​ភរិយា​ ហើយ​ចាប់​ផ្តើម​ធុញ​ថប់​នឹង​មនុស្ស​ជុំ​វិញ​ខ្លួន​ រហូត​ត្រូវ​ចំណាយ​ប្រាក់​សាង​សង់​​ផ្ទះ​បាយឲ្យ​​ធំ​ទូលាយ ដោយ​មាន​​បន្ទប់​ក្លាស្សេ​អាហារ​​ដែល​អាច​រក្សាម្ហូប​អាហារ​ទុក​​បាន​យូរ​រាប់​ខែ ព្រោះ​​អាច​ធ្វើ​ឲ្យ​គេគេច​វេះ​ពី​ខ្សែ​ភ្នែក​របស់​អ្នក​ជិត​ខាង ​​ដែល​​មើល​មក​ទំនង​ជា​ចង់​សើច​ចំអក​ថា មាន​ប្រពន្ធ​សរសៃ​ប្រសាទ​​។ តែ​រឿង​នេះ​មិន​ធ្លាប់​​និយាយ​ខ្ចរខ្ចាយ​ឲ្យ​នរណា​ដឹង​ទេ​ សូម្បី​តែ​មេកញ្ចុំ​ល្អូច​ដូច​យ៉ាង​ ម៉ាដាម ចេស៊ីកា​ ក៏​ពុំ​ជ្រាប​រឿង​នេះ​ដែរ​​។

ចក្រា​វុធ​​ តាម​មើល​ថែ​ម៉ារៀ​យ៉ាង​ស្ងប់​ស្ងាត់​​​​បែប​ប្រយោលៗ និង​ជូន​​នាង​ទៅ​ជួប​គ្រូពេទ្យ​ជា​ប្រចាំ​ ដោយ​ពេល​នេះ​ គ្រូពេទ្យ​បាន​ណែ​នាំ​​ឲ្យ​ម៉ារៀ​ចាក់​កន្សែង​បង់​ក​​ ឬ​ធ្វើ​អ្វី​ក៏​បាន​ដែល​អាច​កាត់​បន្ថយ​អារម្មណ៍​សោក​សៅ​គិត​ច្រើន​បាន។ ​ចក្រា​វុធ​​​ក៏​បាន​ធ្វើ​តាម​វេជ្ជបញ្ជា​ ដោយ​ឲ្យ​ម៉ារៀ​​នៅ​តែ​ផ្ទះ​ និង​ធ្វើ​ការងារ​កំប៉ិក​កំប៉ុក​​ដែល​អាច​ជួយ​នាង​ឲ្យ​ធូរ​ស្បើយ​ពីអាការៈ​បែប​នេះ​។

តែ​​ទោះ​យ៉ាង​ណា ​ក៏​ម៉ារៀ​​​មិន​អាច​ចៀស​ផុត​ពី​ការ​គិត​ច្រើន​បាន​ដែរ​​។​ ជាក់​ស្តែង​​ពេល​នេះ នាង​​នៅ​តែ​និយាយ​​ចេញ​​មក​ដោយ​គ្មាន​ក្បាល​គ្មាន​កន្ទុយ​បន្តិច​សោះ។

«​បង​! បើ​ពីរ​ថ្ងៃ​ទៀតអូន​មិន​ឃើញ​លោក​ស្រី​ប្រោន​ចេញ​មក​ទេ អូន​​គិត​ថានាង​ប្រហែល​ជា​​មាន​គ្រោះ​​អាសន្ន​អ្វី​​មិន​ខាន​… សូម​បង​ជួយ​ទៅ​​មើល​ឲ្យ​ខ្ញុំ​ផង​ណ៎ា!» ចក្រាវុធ ​ទម្លាក់​សម​ស្លាប​ព្រា​ចុះ​លើ​តុ លាន់​សូរ​ប្រាវ​ យក​កន្សែង​ជូត​មាត់​​ឲ្យ​តែ​បាន​ រួច​ក្រោក​ចេញ​ពី​តុ​អាហារ​វឹង​ ​ដោយ​មិនខ្វល់ពី​រោគ​ផ្លូវ​​ចិត្ត​របស់​​ភរិយា​ម្នាក់​នេះ​សោះ​។

​អ្នក​ប្រុស​ដើរ​ងើយ​មុខ​ និង​បញ្ចេញ​ខ្សែ​ភ្នែក​ដែល​នរណា​បាន​ឃើញ​ហើយ​ ​ពិត​ជា​សែន​ឈឺ​ចាប់​​ជាង​​ការ​យក​កាំ​បិត​មក​កាត់​ទង​បេះដូង​ទាំង​រស់​ទៅ​​ទៀត​​។ មិន​តែ​ប៉ុណ្ណោះ​​ គេ​នៅ​ព្រលយ​ពាក្យ​ដែល​ទោះ​បី​អ្នក​ដទៃ​ស្តាប់​ក៏​ឈឺ​ចិត្ត​ជំនួស​ដែរ​​។

«​អូន​ឯង​វា​ឆ្កួត…!!​ បើ​ចង់​ដឹង​រឿងអ្នក​ដទៃ​ខ្លាំង​ណាស់ ម៉េច​មិន​ទៅខ្លួន​ឯងទៅ? រៀន​ចេះ​ប្រើ​ខួរ​ក្បាល​ខ្លះ​ផង​… ​មនុស្ស​ដូច​អូន​អស់​មាន​ពេទ្យ​ណា​មក​ព្យាបាល​ជា​ហើយ ដឹង​ខ្លួន​ទុក​ទៅ!!!»

ដូច​ព្យុះ​សង្ឃរា​បក់​កាត់​បេះ​ដូង​របស់​​ម៉ារៀ​… នាង​ឈឺ​ចិត្ត​​ស្ទើរ​តែ​​ផុត​ដង្ហើម​នៅ​នឹង​កន្លែង​។ ទឹក​ភ្នែក​ស្រក់​ច្រោក​ៗ​ដោយ​មិន​ដឹង​ខ្លួន​។ មនុស្ស​ស្រី​ពេជ្ឈ​ឃាត​ដូច​នាង ចេះ​ស្រក់​ទឹក​ភ្នែក​ដែរឬ?…

«​ខ្ញុំ​មិន​បាន​ឆ្កួត​ទេ! ខ្ញុំ​គ្រាន់​តែ​មិន​សប្បាយ​ចិត្ត​… ខ្ញុំ​គ្រាន់​តែ​ចង់មាន​មនុស្ស​ជជែក​ជាមួយ​​ ព្រោះ​​មនុស្ស​ដូច​លោក​​​មិន​ធ្លាប់​​និយាយ​ជាមួយ​ខ្ញុំស្រាប់​ហើយ ដូច្នេះ​ខ្ញុំ​ត្រូវ​​ការ​​រក​អ្នក​ដទៃ​​មក​ជជែក​ជាមួយ​​អ៊ីចឹង​ហើយ​!!!» ម៉ារៀ​ស្រែក​គំហក​ដាក់វិញ តែ​សំឡេង​នោះ​ហាក់​ដូច​ជា​ខ្សត់​ខ្សោយ​ ព្រោះ​តែ​ភាព​ខ្សឹក​ខ្សួល​​រំជួល​ចិត្ត​ខ្លាំង​ពេក​​។

លុះថ្ងៃ​បន្ទាប់​មក​ ក្នុង​ពេល​បាយ​ល្ងាច​​ដដែល ចក្រាវុធ​បាន​ភ្លេច​រឿង​ពី​ម្សិល​ទៅហើយ តែ​ម៉ារៀ​មិន​ភ្លេចដាច់​ខាត។ នាង​ហា​មាត់​ប្រាប់​ស្វាមី​ម្តង​ទៀត​ ដោយ​ក្តី​ព្រួយ​បារម្ភ​នឹង​អ្នក​ជិត​ខាង​ ប្រៀប​ដូច​លោក​ស្រី ប្រោន​ម្នាក់​នេះ​ គឺ​ជា​ញាតិ​​ជិត​ស្និទ្ធ​តែ​ម្នាក់​របស់​នាង​។

«​បង​… ថ្ងៃ​នេះ​ខ្ញុំ​មិន​ឃើញ​លោក​ស្រី​ប្រោន​ចេញ​មកទៀត​ហើយ​។ ព្រឹក​ស្អែក​បង​ទៅ​​មើលនាង​​ឲ្យ​ខ្ញុំ​ផង​ណ៎ា​ ឬ​ទៅ​សួរ​សុខ​ទុកនាង​​ផង​ក៏​បាន ប្រាប់​ថា​ខ្ញុំ​ចង់​អង្គុយ​ផឹក​តែ​ជាមួយ​។»​

ចក្រាវុធ​ចាប់​ផ្តើម​មួម៉ៅ​ម្តង​ទៀត​។ គេ​គំហក​ដាក់​មុខ​នាង​ខ្លាំងៗ​៖

«​​ខ្ញុំ​មិន​ត្រូវ​ការ​ឲ្យ​នរណាមក​ពាក់​ព័ន្ធ​នឹង​គ្រួសារ​យើងទេ​ ហើយ​ក៏​មិន​ត្រូវ​ការ​ឲ្យ​អូន​ទៅ​រវីរវល់​នឹង​អ្នក​​​ដទៃ​ដែរ… ចាំទុកណ៎ា! ឈប់​យក​រឿង​ឥត​ប្រយោជន៍​បែប​នេះ​មក​និយាយ​ជាមួយ​ខ្ញុំ​ទៀត!!!» និយាយ​ហើយ​ គេ​ក៏​ក្រោក​ចេញ​ទៅឈរ​មុខ​​យ៉​ ដែល​មាន​វាំង​នន​ពណ៌​ស្រទន់​​បិទបាំង​​​​ទ្វារ​កញ្ចក់​។ ទីនេះ​ជា​កន្លែង​ត​ភ្ជាប់​របង​ផ្ទះ​​នេះ​ទៅ​នឹង​​របង​​ផ្ទះអ្នក​ជិត​ខាង ​​ដែល​មាន​តែ​វាំង​នន​ពណ៌​ស្រាលៗ​បិទ​បាំង​ដូច​គ្នា​។ ចក្រា​   វុធ​វាស​ខ្សែ​ភ្នែក​សម្លឹង​មើល​​ជុំ​វិញ​បរិវេណ​នោះ ទាំង​ផ្ទះ​នៅខាង​ឆ្វេង​ ផ្ទះ​នៅខាង​ស្តាំ​ និង​ផ្ទះ​នៅខាង​មុខ​​ មុន​​នឹង​និយាយ​​ខ្លាំង​ៗ​ ទំនង​ជា​ចង់​ឲ្យ​ឮ​ពេញ​ផ្ទះ​បាយ​។​

«​ត​ទៅ​នេះ​ហាម​បើក​វាំង​នន​នេះ​​ជាដាច់​ខាត​ បើ​គ្មាន​បញ្ជា​ពី​ខ្ញុំ​​!»

ម៉ារៀ​​​ ញ័រ​ខ្លួន​​ចំប្រប់​នឹង​​សំឡេង​បញ្ជា​ដាច់​អហង្កា​ ប្រៀប​ដូច​រន្ទះ​បាញ់​ចំកណ្តាល​ដួងចិត្ត​នាង​។  សម្តី​​​​នេះ​​ព្រៃ​ផ្សៃ​លើស​អ្វីៗ​ទាំង​អស់ ដែល​នាង​ធ្លាប់​ជួប​ប្រទះ​កន្លង​មក​។ ​ក្នុង​ជីវិត​របស់​នាង​មិន​ធ្លាប់​ឮ​អ្វី​ដែល​ឮ​​ខ្លាំង​ជាង​សំឡេង​​ឆ្មា​​ស្រែក​ ចាប​យំ ឬ​សំឡេង​ស្រោច​ផ្កា​​របស់​អ្នកជិត​ខាង​នោះទេ​​។ នាង​គិត​ថា ប្តី​របស់​​នាង​ពេល​នេះ​ក្លាយ​ជា​អសុរកាយ​ទៅ​ហើយ!

​នាង​ធ្លាប់​ឆ្លង​កាត់​ប្តី​រាប់​សិប​នាក់​មក​ហើយ​ តែ​មិន​ធ្លាប់​មាននរណា​ហ៊ាន​ក្អក​ជាមួយ​នាង​បន្តិច​ទេ។ តែ​នេះ​គេ​ហ៊ាន​ប្រមាថ​លើស​ពី​ការ​គិត​​ទុក​របស់​នាង​ទៅ​ទៀត​​។ ​ឃាតករ​សម្លាប់​ប្តីដូច​ជា​រូប​នាង​ ​ធ្លាប់​ប្តេជ្ញា​ចិត្ត​​ថា​នឹង​​រួម​រស់​ មាន​កូន​មាន​ចៅ​ ជាមួយ​បុរស​ម្នាក់​នេះ​លុះ​ថ្ងៃ​អវសាន​។ តែ​… ​គេ​​ ធ្វើ​ឲ្យ​នាង​ប្តូរ​ចិត្ត​វិញ​ទាល់​តែ​បាន​!

បន្ទាប់​ពី​នោះ​ពីរ​ថ្ងៃ ម៉ារៀ​នៅ​តែ​ធ្វើ​ចិត្ត​មិន​បាន​នឹង​ការ​បាត់ខ្លួន​របស់​លោក​ស្រី​ប្រោន​​។ នាង​អត់​ទ្រាំ​មិន​បាន​រហូត​​និយាយ​នឹងស្វាមី​ម្តងទៀត​ក្នុង​​ពេល​បាយ​ល្ងាច​ថ្ងៃ​នោះ។

«​ខ្ញុំ​សុំ​អង្វរបង សូម​ជួយ​ទៅ​មើល​ឬ​ទៅសួរ​នាំ​​គ្រួសារ​ផ្ទះ​នៅ​ទល់​មុខ​យើង​បន្តិច​ទៅ ខ្ញុំ​ពិត​ជា​បារម្ភ​ពី​នាង​មែន!»​

ចក្រាវុធ​ឮ​ដូច្នោះ​ក៏​ក្តៅឆេវ​មួយ​រំពេច។ គេ​គំហក​ដាក់​ទៅនាងវិញ​​ដោយ​ក្តី​​ក្រេវ​ក្រោធ​។

«​ក្រែង​ខ្ញុំ​ប្រាប់​ហើយ​តើ! ថា​ឲ្យ​អូន​លេប​ថ្នាំ​រម្ងាប់​អារម្មណ៍​ឆ្កួត​នោះ​​ខ្លះ​ទៅ កុំ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​លើស​ពី​នេះ​ទៀត!!» ចក្រា​វុធ​ស្ទុះ​ចេញ​ពីតុបាយ​​ដោយ​​ការ​អត់​ទ្រាំ​លែង​បាន​។​

ម៉ារៀ​អង្គុយ​យំ​ខ្សឹក​ខ្សួល​ បណ្តើរ​គិត​បណ្តើរ​ថា ចក្រាវុធ​ពិត​ជា​ចិត្ត​ខ្មៅ​ណាស់ មិន​ព្រម​ជួយ​អ្នក​ជិត​ខាង​​ដែល​កំពុង​ជួប​គ្រោះថ្នាក់​។ នាង​ចាប់​ផ្តើម​គិត​ជា​ថ្មី​​ថា គឺ​នាងនេះ​ហើយ​ ដែល​គួរ​តែ​ទៅជួយ​លោក​ស្រី​ប្រោន​ដោយខ្លួន​ឯង​​។ នាង​អង្គុយ​ស្ងៀម​​ស្ងាត់​ បាត់​មាត់​បាត់​ក ​អស់​ពេល​បី​ម៉ោង​នៅ​តុ​បាយ​ រហូត​ទាល់​តែ​ចក្រាវុធ​មើល​បាល់​ទាត់​ចប់​ក៏​មក​លួង​លោម​នាង​វិញ។

«ណ្ហើយ! ចាំ​បង​ទៅ​សួរ​ឲ្យ អូន​អាចទៅគេង​បាន​ហើយ បង​សន្យា!» ម៉ារៀ​សម្លឹង​មុខ​ចក្រាវុធ​ដោយ​ក្តី​រីក​រាយ​​ ហើយ​ព្រម​ចូ​ល​គេង​​​ដូច​កូន​ក្មេង​ស្តាប់​សម្តី​ម្តាយ​។​

កន្លង​មក​ជា​ច្រើន​ថ្ងៃ ពាក្យ​សន្យា​នោះ​​មិន​ដែល​កើត​ឡើង​សោះ។ ម៉ារៀ​ចាប់​ផ្តើម​ខ្វាយ​ខ្វល់​កាន់​តែ​ខ្លាំង​​​ឡើង​ ហើយ​សួរ​ដេញ​ដោល​ចក្រាវុធ​ឲ្យ​​កើតមោហ៍​បាំង​​​ទៀត​​ក្នុង​ពេល​​​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក​ក្នុង​ថ្ងៃ​មួយ​។

«​បង​មិន​គួរ​ធ្វើ​មិន​ដឹង​មិន​ឮ​ថា​ មាន​មនុស្ស​ស្លាប់​នៅ​មុខ​ផ្ទះ​យើង​ហើយ បងធ្វើ​ព្រងើយ​សោះ!»​ ម៉ារៀ​និយាយ​ដោយ​ទើស​ទាល់​ក្នុង​ចិត្ត​​ ព្រម​ទាំង​ដួស​ឆ្កឹះ​ពង​ទា​ចៀន​ក្នុង​ចាន​រហូត​ប្រឡាក់​។

«​បង​ថា​អូន​គួរ​តែ​គិតគូរ​ពីការ​ងារ​របស់​ខ្លួនឯង​​គឺ​បាន​ហើយ ចាក់​ទៅអា​កន្សែង​បង់​ក​ហ្នុង! បើ​យក​ខួរ​ក្បាល​ទៅគិត​រឿងផ្សេង​ អូន​ល្ងង់​ខ្លាំង​ណាស់… ល្ងង់​ដែល​មិ​នចេះ​គិត​ពីរឿងខ្លួន​ឯង​ តែ​ទៅគិត​រឿង​​អ្នក​ផ្សេង​ដែល​​ខ្លួន​ឯង​មិន​ដឹង! បើ​បាត់​ឆ្កួត​ហើយ… សូម​អញ្ជើញ​ទៅ​ធ្វើ​ការងារ​ខ្លួន​ឯង​ចុះ​!!» ចក្រាវុធ​និយាយ​ដោយ​អារម្មណ៍​ក្តៅ​ក្រហាយ​ មុន​នឹង​ក្រោក​ដើរ​ចេញ​ទៅ ហើយ​ទាញ​ទ្វារ​បិទ​គ្រាំង​ដាក់​មុខ​នាង​។ គេ​បើក​រថយន្ត​ចេញ​ទៅ​វឹង​ ហាក់​ដូច​ជា​ចង់​គេច​ឲ្យ​ឆ្ងាយ​ពីនាង​​។ ចក្រាវុធ​បើក​ឡាន​បណ្តើរ​គិត​បណ្តើរ​… មិន​ដឹង​ធ្វើ​យ៉ាង​ណា​អាច​នាំ​​ម៉ារៀ​ពី​មុន​ត្រឡប់មក​វិញ​បាន​។ ម៉ារៀ​ដែល​គេរៀប​ការ​ជាមួយ​កាល​ពី​ដប់​ឆ្នាំ​មុន​ និង​ម៉ារៀ​​ពេល​​​​នេះ​ គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់ តែ​អាការៈ​ជំងឺ​របស់​នាង​នឹងបាន​ធូរ​ស្បើយ ​បើ​បណ្តោយ​ឲ្យ​នាង​នៅ​ស្ងប់​ស្ងាត់​តែ​ម្នាក់​ឯង​។​

១៧. ៥០ នាទី

ចក្រាវុធ​បើក​រថយន្ត​ត្រឡប់​មក​ផ្ទះវិញ​​ ឃើញ​ម៉ារៀ​កំពុង​អង្គុយ​ចាក់​កន្សែង​បង់​ក​ បញ្ជាក់​ថាអាការៈ​របស់​នាងធូរស្រាល​ឡើងវិញ​ខ្លះ​ហើយ​ ដូច្នេះ​គេ​ក៏​មិ​នចាំ​បាច់​ទៅលួង​លោម​នាង​ទៀត​ដែរ។ បុរស​​មុខ​មាំ​ឡើង​​​ទៅ​លើ​ផ្ទះផ្លាស់​ប្តូរ​សម្លៀក​បំពាក់​ ហើយ​ចុះ​មក​អង្គុយ​​ទម្រេត​ខ្លួន​លើ​កៅ​អី​សំណប់​ចិត្ត​របស់​ខ្លួន ព្រម​ទាំង​​យកកាសែត​ដែល​គេ​ទិញ​ជាប់​ដៃ​មក​ជាមួយ​មក​​អានតាម​ទម្លាប់​ ដោយ​មិន​ភ្លេច​ងាក​ទៅបញ្ជា​ភរិយា​​។​

«​នែ៎! ជួយ​ទៅ​យក​វិស្គី​ឲ្យ​មួយ​កែវ​​មើល៍។»

ចក្រាវុធ​​ទទួល​វិស្គី យក​មក​ផឹក​ដូច​ដែល​គេ​ធ្លាប់​ទទួល​រាល់​ថ្ងៃ​​ ហើយ​ឮ​សំឡេង​បើក​ទ្វារ​កញ្ចក់​ដែល​ស្ថិត​នៅ​ពី​លើ​ក្បាល​ ព្រម​ទាំង​ឃើញ​ម៉ារៀ​ដើរ​ចូល​ផ្ទះ​បាយ​ម្តង​ទៀត​។

«​នែ៎! យក​ស្រា​ឲ្យ​មួយ​កែវ​ទៀត​មើល៍!»

ចក្រា​វុធ ​ទទួល​កែវ​ស្រា​មក​កាន់​តាម​កន្ទុយ​ភ្នែក​​ដែល​មើល​ឃើញ​ ដោយ​មិ​នបានងាក​មុខ​មក​មើល​ព្រោះ​ដឹង​ថា​ម៉ារៀ​យក​ស្រា​មក​ហុច​ឲ្យ​។ ដោយ​មិន​បាន​ប្រុង​ប្រៀប​ខ្លួន​ជាមុន​ ចក្រាវុធ​ក៏​​ឮ​សំឡេង​ផ្ទប់​ខ្លាំង​ៗ​​ត្រង់​ក្បាល​ខាង​ក្រោយ ហើយ​គ្រប់​យ៉ាង​ក៏​ស្ងាត់​ឈឹង​។ អ្វីហ្ន៎… រឹងៗ​ត្រជាក់ៗ…

…ម៉ារៀ​ដើរ​កាន់​ជើង​ពពែ​ដែល​​ត្រជាក់​រឹង​កញ្ជ្រឹសចូល​ក្នុង​​ផ្ទះ​បាយ​។ នាង​បើក​ចង្ក្រាន​ដុត​ព្រម​ទាំង​​នឹក​ញញឹម​ក្នុង​ចិត្ត​ថា… តើ​គួរ​ហៅ​នរណា​​ខ្លះ​មក​ជួយ​​ញ៉ាំ​???

 

P.S: រឿងនេះអ្នកនិពន្ធសរសេរដើម្បីបញ្ជាក់ថា

ហេតុអ្វីម៉ារៀចង់សម្លាប់ចក្រាវុធ និងសម្លាប់ដោយរបៀបណា

ដើម្បីកុំឲ្យមានអ្នកឆ្ងល់ទៀតនោះអី! 😛

Read Full Post »


 

អ្នក​ស៊ើប​អង្កេត​ និង​ភ្នាក់ងារ​ប៉ូលីស​​ជា​ច្រើន​នាក់​ ដើរ​ចេញ​ចូល​ផ្ទះ​របស់​​ម៉ារៀ​យ៉ាងចលាចល​។ ក្នុង​នោះ ​អ្នក​ស៊ើប​​អង្កេត​បាន​មក​សួរ​​ចម្លើយ​នាង និង​ប្រវត្តិ​​ស្វាមី​របស់​​នាង​​។ បង​ស្រី​ធម៌​ និង​ស្វាមី​របស់​នាង​ ​ជា​អ្នក​ឃើញ​សាក​សព​​របស់​ចក្រាវុធ​មុន​គេ​។

​សព​របស់​​ចក្រាវុធ​ ដេក​​ផ្កាប់​មុខ​នៅ​លើ​កៅ​អី​សំណប់​ចិត្ត​របស់​គេ​​ មាន​ឈាម​ហូរ​ជោក​ឥដ្ឋ​​ កែវ​ស្រា​កំពប់​ខ្ចាយ​ប្រឡាក់​ពេញ​ព្រំ​។ ក្រដាស​កាសែត​ជួយ​ទ្រាប់​ឈាមមិន​ឲ្យ​ប្រឡាក់​កៅ​អី​បាន​មួយ​ផ្នែក តែ​ក៏​ធ្វើ​ឲ្យ​ឈាម​កក​ជា​ដុំ​ៗ​ មើល​ទៅ​គួរ​ឲ្យ​ស្រៀវ​ស្ញើប​​។

ម៉ារៀ​ងាក​មុខចេញ​ពី​ទិដ្ឋ​​ភាព​នោះ។

«​លោក​ស្រី​ថា លោក​ស្រី​ទើប​តែ​ម​កពីណា?» អ្នក​ស៊ើប​អង្កេត​ដែល​ស្និទ្ធ​ស្នាល​នឹង​គ្រួសារ​នេះ​​ជាង​គេ​សួរ​នាង​ជា​លើក​ទីបី។

«​ច៎ាស! ខ្ញុំ​ទៅ​ហាងលក់​ភេសជ្ជៈ… តែ​មុន​នោះ​ខ្ញុំ​បាន​ទៅ​ខ្ចី​សណ្តែក​ពី​ផ្ទះ​អ្នក​ជិត​ខាង​សិន​។»

អ្នក​ស៊ើប​អង្កេត​ម្នាក់​ទៀត​ ដែល​ទៅសាក​សួរចម្លើយ​ ម៉ាដាម ចេស៊ីកា ងក់​ក្បាល​​ជា​សញ្ញា​បញ្ជាក់​ថា ម៉ារៀ​ ផ្តល់​ចម្លើយ​ស្រប​គ្នា​នឹង​សម្តី​របស់​​ លោក​ស្រី ចេស៊ីកា​​។ ប៉ុន្តែ​ចរិត​និយាយ​ចចេច​ចចូច​របស់​​ ម៉ាដាម ចេស៊ី​កា​ មិន​បាន​ធ្វើ​ឲ្យ​លោក​ស្រី​នៅ​ឈប់​ស្ងៀម​​ត្រឹម​នេះ​ទេ​។ លោក​ស្រី​​បាន​​ផ្តល់​ចម្លើយ​​​​ក្នុង​​នាម​អ្នក​​ដឹង​ឮ​ហេតុ​ការណ៍​​បន្ថែម​ទៀត​ថា​៖

«នាង​ខ្ញុំ​​ថែម​ទាំង​បាន​ឮ​ម៉ារៀ​ ស្រែក​ប្រាប់​លោក​វុធ​ឲ្យ​​ជួយ​មើល​ជើង​ពពែ​ដុត​ក្នុង​​ចង្រ្កាន​ទៀត​​ផង​។ ហ៊ឺយ​!… គួរ​ឲ្យ​អាណិត​​ខ្លាំង​ណាស់ ផ្ទះ​នេះ​ជា​គ្រួសារ​ស្ងប់​សុខ​ជាង​គេ​នៅ​ក្នុង​សង្កាត់​នេះ​ ខ្ញុំ​មិន​ដែល​ឮ​សំឡេង​ឈ្លោះ​ទាស់​ទែងគ្នា​ទេ លោក​ប៉ូលីស!» ម៉ាដាម ចេស៊ីកា​ និយាយ​វៀច​មាត់​វៀច​ក​ មុន​នឹង​ទម្លាក់​ទឹក​មុខ​ធ្វើ​ស្រងូត​។

លីនណា​ និង​ស្វាមី​ រាយ​ការណ៍​​ថា ពួក​គេ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ស្រស់​ស្រូប​អាហារ​ពេល​ល្ងាច​នៅ​ផ្ទះ​នេះ​​ ព្រោះ​ថ្ងៃ​នេះ​ជា​ថ្ងៃ​កំណើត​របស់​ ម៉ារៀ​​ ដែលជា​ប្អូន​ស្រី​ធម៌​របស់​នាង​។ តែ​លុះ​​ពេល​មក​ដល់​ក៏​ឃើញ​ចក្រាវុធ​​ ត្រូវ​​ឃាតករ​សម្លាប់​បាត់​ទៅហើយ​​ ថែម​ទាំងឃើញ​ទ្វារ​កញ្ចក់​ក្នុង​បន្ទប់​ ដែល​ចក្រាវុធ​អង្គុយ​បើក​ចំហ​ទៀត​។ ម៉ារៀ​ប្រាប់​ថា នាង​ជា​អ្នក​បើក​ដោយ​ខ្លួន​ឯង​។

«​ច៎ាស! បង​វុធ​ជាអ្នក​ប្រាប់​ឲ្យ​បើក គាត់​ចង់​ឲ្យ​មាន​ខ្យល់​បរិសុទ្ធ​ចូល​ក្នុង​ផ្ទះ។ គ្រប់​ពេលដែល​​គាត់​ផឹក​ គាត់​តែង​តែ​ប្រាប់​ខ្ញុំ​ឲ្យ​ធ្វើ​បែប​នេះ​។» ម៉ារៀ​បញ្ជាក់​ប្រាប់​អ្នក​ស៊ើប​។

ភ្នាក់​ងារ​ប៉ូលីស និង​អ្នក​ស៊ើប​អង្កេត​ទាំងអស់ សន្និដ្ឋាន​រួម​គ្នា​ថា ចក្រាវុធ​ត្រូវ​ឃាតករ​សម្លាប់​ដោយ​​វាយ​នឹង​វត្ថុ​រឹង​​ត្រង់​ក្បាល​ផ្នែកខាង​ក្រោយ​​ រហូត​ធ្វើ​ឲ្យ​លលាដ៍​ប្រេះ​ហើយ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​​។

ទម្រាំ​គ្រប់​យ៉ាង​រៀប​រយ ពេលវេលា​ក៏​ពន្យារ​​ដល់​ម៉ោង១១​អធ្រាត្រ​​។ ភ្នាក់​ងារ​ប៉ូលីស​ទាំង​ឡាយ​​មើល​ទៅ​ដូចជា​អស់​កម្លាំង​ និង​ងងុយ​​ដេក​​​គ្រប់​ៗ​គ្នា​​។ ម៉ារៀ​ អង្គុយ​សោក​សង្រេង គិត​ដល់​រឿង​អនាគត​ដែល​ត្រូវ​ធ្វើ​បន្ត​​។ នាង​នឹងទៅរស់​នៅ​កន្លែង​ណា​មួយ​ ដើម្បី​បំភ្លេច​​គ្រប់​យ៉ាង​នៅ​ទីនេះ​​​ឲ្យ​អស់​។ ទ្រព្យ​សម្បត្តិ​​មាស​ប្រាក់​ ដែល​ចក្រាវុធ​បន្សល់​ទុក​ឲ្យ​នាង​ គឺ​សម​ល្មម​អាច​ឲ្យ​នាង​ជ្រើស​រើស​កន្លែង​ណា​មួយ​រស់​នៅ​​ក៏​បាន​​តាម​អំពើចិត្ត​​។

«​សុំ​ទោស​លោក​ស្រី តើ​លោក​ស្រី​មាន​កាហ្វេ​ទេ ឲ្យ​ពួក​ខ្ញុំ​សុំ​កាហ្វេ​ម្នាក់​មួយ​ពែង​ផង ដើម្បី​បំបាត់​ការ​ងោក​ងុយ​?» នាយ​ប៉ូលីស​ម្នាក់​ ហា​មាត់​ស្នើ​សុំ​ម្ចាស់​ផ្ទះ។

ម៉ារៀ​ ​ប្រញាប់​ជូត​មុខ​ជូត​មាត់​ខ្លួន​ឯង​​​បែប​ថើៗ មុន​នឹងងើប​មុខ​​ឆ្លើយ​តប​ទៅវិញ​។

«​ច៎ាស! មាន​នៅ​ឯផ្ទះ​បាយ​ឯនោះ សូម​ពួក​លោក​អញ្ជើញ​តាម​សប្បាយ​ចុះ ហើយ​បើ​ហេវ​ មាន​​ជើង​ពពែ​ដុត​នៅ​ក្នុង​​ចង្រ្កាន​ ​សូម​ពួក​លោក​នាំ​គ្នា​​យក​ពិសា​ចុះ ចំណែក​ខ្ញុំ​​មិនចង់​ញ៉ាំ​​អ្វីទាំងអស់។»

នៅ​ក្នុង​ផ្ទះ​បាយ​ ប៉ូលីស​ម្នាក់​ៗ​នាំ​គ្នា​ហាន់​​សាច់​ពពែ​​ដុត​​ទទួល​ទាន​យ៉ាងស្រេក​ឃ្លាន​​។

«​អឺម… ទោះ​បី​ជា​រាង​ខ្លោច​បន្តិច​ តែ​យ៉ាងហោច​ណាស់​ក៏​ពួក​យើង​មានអ្វី​ទ្រាប់​ពោះ​ខ្លះ​ដែរ មិន​ថាអ៊ីចឹង​ឬ​ពួក​យើង?» នាយ​ប៉ូលីស​ម្នាក់​និយាយ ដោយ​មិន​ភ្លេច​ទំពាសាច់​ពពែ​ផ្ញាច់ៗ​យ៉ាង​ឆ្ងាញ់​មាត់។

«​មែន​ហើយ​ តែ​គួរ​ឲ្យ​អាណិត​​ លោក​ស្រីម៉ារៀ​​ណាស់ មិ​នគួរ​ណា​មក​ស្លាប់​ប្តី​នៅ​ក្នុងថ្ងៃ​ខួប​កំណើត​​បែប​នេះសោះ!» ប៉ូលីស​ម្នាក់​ទៀត​ជួយ​បន្ថែម។

«​ឮ​អ្នក​រស់​នៅ​ម្តុំ​នេះ​និយាយ​ថា លោក​វុធ​មិន​សូវ​​រាប់​រក​នឹង​​អ្នក​ណា​ទេ ដូច្នេះ​ប្រហែល​​ជា​មាន​សត្រូវ​​ច្រើន​មិន​ខាន​ឡើយ​​។ តែ​ណ្ហើយ​! ​អ្នក​ធ្វើ​ការ​​នៅ​ក្រុម​ហ៊ុន​វិនិយោគ​ទុន​លំដាប់​ថ្នាក់​អន្តរជាតិ​ត្រូវ​តែ​វាយ​ឫក​ដូច្នេះ​ហើយ បើ​មិន​អ៊ីចឹង​ មិន​មែន​ត្រូវ​គេ​សម្លាប់​​បែប​នេះទេ គឺ​សម្លាប់​តែ​ម្យ៉ាងដោយ​មិន​យក​ទ្រព្យ​សម្បត្តិ​អី​ទៅ​សោះ។»

ម៉ារៀ ឬ​ម៉ារីយ៉ា ជូតទឹក​ភ្នែក​នឹង​កន្សែង​​បង់​ក​ដែល​ចាក់​​មិន​ដែល​ហើយ​សោះ​របស់​នាង​​។ ត​ទៅ​នេះ​ យើង​មិន​ចាំ​បាច់​មក​​ធ្វើ​ជា​​អង្គុយ​ចាក់​ឯង​បន្ត​ទៀត​ទេ! ម៉ារៀ​គិត​ក្នុង​ចិត្ត​។ នាង​​លួច​ញញឹម​ចុង​មាត់ នឹក​ដល់​​ពាក្យ​ជូន​ពរ​របស់​កំលោះ​ម្ចាស់​ហាង​ភេសជ្ជៈ ដែល​ពេល​នេះអ្នក​ស៊ើប​អង្កេត​​​ប្រហែល​ជា​​កំពុង​សាក​សួរ​ចម្លើយ​គេ​​មិន​ខាន​​។

បើ​ដឹង​ថា​ងាយ​បែប​នេះ នាង​គួរ​ណាស់​​តែ​រៀប​ចំ​ផែន​ការ​សម្លាប់​ប្តី​មុខ​ងាប់​​​ម្នាក់​នេះ ​យូរ​មក​ហើយ។ នឹក​អរគុណក្រុម​​ប៉ូលីស​​ពិត​មែន​​ ដែល​នាំ​គ្នា​ជួយ​​​ស៊ី​​​កម្ទេច​​ភស្តុតាង​​​សំខាន់​យ៉ាង​ឆ្ងាញ់​ពិសា​​នៅ​ក្នុង​ផ្ទះ​បាយ​ ហាស​ហាហា…

«​ពិត​ជា​… រីក​រាយ​ថ្ងៃ​កំណើត​មែន!!!»

 

Read Full Post »