Feeds:
ប្រកាស
មតិ

Posts Tagged ‘ចន្ទ្រ​ថ្លា’


ទេវបុត្រ​ភព​ផ្កាយ​

នរណា​ជឿ​ ថា​ខ្ញុំ​​ដាក់​​រូបថត​​ម​នុស្ស​ភព​ផ្កាយ​ជាប់​​​តាម​ខ្លួន​​? មែន​ហើយ! បើ​​ជឿ​មាន​តែ​ឆ្កួត លើ​លោក​នេះ​មាន​មនុស្ស​ភព​ផ្កាយ​មក​ពីណា???

«ចន្ទ្រ​! ឯង​មិន​កើត​​អីទេ ​មែនទេ?»

សំឡេង​​បង្កប់​ដោយ​ក្តី​ព្រួយ​បារម្ភ ​​ដែល​លាន់​ចេញ​​ពី​មិត្ត​រួម​ការងារ​ជិតស្និទ្ធម្នាក់ ​ធ្វើ​ឲ្យ​​ខ្ញុំ​ដក​ខ្សែ​ភ្នែកចេញ​​ពី​ផ្លូវ​ដើរ ​មក​ប្រសព្វ​ភ្នែក​នឹង​មិត្ត​សម្លាញ់​។ ស្នាម​ញញឹម​ផ្តល់​កម្លាំង​ចិត្ត​នោះ​ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​​ធូរ​ស្រាល​ឡើង​វិញ​បន្តិច៖​

«អ្ហឺម… ខ្ញុំ​មិន​​អីទេ។» ខ្ញុំ​តប​ទៅមិត្ត​ភក្តិវិញ​ មុន​នឹង​​ដើរ​មក​ទម្លាក់​ខ្លួន​អង្គុយ​​​បិទ​ភ្នែក​ស្រឹម​​ផ្អែក​ខ្នង​នឹង​ធ្នាក់​កៅ​អី​យ៉ាង​អស់​កម្លាំង​។

«អ៊ីចឹង គ្នា​ទៅ​ញ៉ាំ​បាយ​មុន​ហើយ​ តើ​ឯង​ចង់​ញ៉ាំ​អ្វី​ទេ ចាំ​គ្នា​ទិញ​មក​ផ្ញើ?» សំណួរ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សន្តាន​ចិត្ត​ និង​ក្តី​ព្រួយ​បារម្ភ​លាន់​ឡើង​​ម្តង​ទៀត​។ ខ្ញុំ​គ្រវី​ក្បាល​ ព្រម​ទាំង​ឆ្លើយ​បដិសេធ​។ មិត្ត​របស់​ខ្ញុំ​ងក់​ក្បាល​ទទួលដោយ​ការ​​យល់​ចិត្ត ​​មុន​នឹង​ដើរ​ចេញ​​ពី​បន្ទប់​ធ្វើ​ការ​ទៅ​​។ សំណាង​ល្អ​ដែល​ពេល​នេះ​​​អ្នក​នៅ​កន្លែង​ធ្វើ​ការ ​​នាំ​គ្នា​ចេញ​ទៅ​ស្រស់​ស្រូប​អាហារ​ថ្ងៃ​ត្រង់​អស់​។ សាល​បន្ទប់​ដ៏​ធំ​ទូលាយ​នៅសល់​​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ។ គ្មាន​ខ្សែ​ភ្នែក​ចង់​ដឹង​ចង់​ឮ​​ គ្មាន​ការ​​ពេប​ជ្រាយ​ មាត់​វែង​មាត់​ខ្លី ឬ​ការ​​​យល់​ចិត្ត​ពី​នរណា​ម្នាក់​ លាន់​ឡើង​​មក​រំខាន​អារម្មណ៍​ក្នុង​ពេល​នេះ​ទេ។

ការ​ដែល​ត្រូវ​ចៅ​ហ្វាយ​នាយ​ស្តី​បន្ទោស​ ​​​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​​​កូន​ចៅ​​ពេល​ធ្វើ​ការ​ខុស​ ​បើ​ទោះ​នោះ​មិន​មែន​ជា​កំហុស​​ផ្ទាល់​ក៏​ដោយ​។ ទទួល​អារម្មណ៍​ថា មួយ​រយៈ​នេះ​ខ្ញុំ​ហាក់​ដូចជា​ត្រូវ​ព្យុះ​បោកបក់​ញឹក​ញាប់​ណាស់​… ញឹក​ញាប់​រហូត​ចង់​បាក់ស្បាត​។ ជួន​កាល​នេះ​ជា​សញ្ញា​​ប្រាប់​ឲ្យ​ដឹង​ថា ខ្ញុំ​គួរ​តែ​ស្វែង​រក​កន្លែង​ធ្វើ​ការ​​​ថ្មី​ហើយ​។ ខ្ញុំ​បិទ​ភ្នែក​ម្តង​ទៀត​ ហើយ​បណ្តោយ​ឲ្យ​ទឹក​ភ្នែក​ហូរ​ចេញ​មក​យឺតៗ​​តាម​​កន្ទុយ​ភ្នែក​។ អារម្មណ៍​ហត់​នឿយ​ អស់​កម្លាំង​​ល្ហិត​ល្ហៃ​ ធ្វើ​ឲ្យ​ខ្ញុំ​ចង់​បាត់​ខ្លួន​ពី​ទីកន្លែង​នេះ។​ ចង់​ធ្វើ​ដំណើរ​ទៅ​កាន់​ពិភព​មួយ ​ដ៏​​ធំល្វឹង​ល្វើយ​ដូចដែល​​មនុស្ស​ម្នាក់​ធ្លាប់​ប្រាប់​ខ្ញុំ​។

…មនុស្ស​ម្នាក់​ដែល​ឃ្លាត​ពី​ខ្ញុំ​ទៅឆ្ងាយ​សែន​ឆ្ងាយ​…

អារម្មណ៍​របស់​ខ្ញុំ​ ចាប់​ផ្តើម​រសាត់​អណ្តែត​ទៅឆ្ងាយ​ ហើយ​ហោះ​ហើរ​ត្រឡប់​​ក្រោយ​ទៅ​រក​អតីតកាល ​ដែល​បាន​ជួប​មនុស្ស​ម្នាក់​នោះ​ជា​លើក​ដំបូង​។ កន្លង​មក​នេះ​ គេ​ប្រហែល​ជា​ពុំ​​​ទាន់​បាន​ ផ្លាស់​ប្តូរ​ពិភព​លោក​ផ្ទាល់​ខ្លួន​​របស់ខ្ញុំ ​ទាំងស្រុង​​នៅ​ឡើយ​ទេ តែ​គេ​​បាន​ត្រឹម​កែ​ប្រែ​​ផ្នែកខ្លះៗ​ឲ្យ​ពិភពលោក​ដ៏​តូចចង្អៀត​​​មួយ​នេះ ​បាន​ស្គាល់​អ្វី​​ដែល​ហៅថា ​​​ភាព​ធំ​ល្វឹង​ល្វើយ​ប៉ុណ្ណោះ​​​​។

***

 

អារម្មណ៍​ដូច​មាន​នរណា​ម្នាក់​មក​អង្គុយ​ក្បែរ​ ដាស់​ខ្ញុំ​ឲ្យ​ភ្ញាក់​ពី​ពិភពលោក​ផ្ទាល់​ខ្លួន​មួយ​រំពេច។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ភាព​ស្ងប់​ស្ងាត់​ដូច​ខ្ញុំ មិន​សូវ​ជា​ចូលចិត្ត​ប៉ុន្មាន​ទេ​ពេល​ដែល​មាន​នរណា​មក​រុកទន្ទ្រាន​​ពិភព​លោក​ដែលខ្លួន​ឯង​បង្កើត​ឡើង​ ទើប​ខ្ញុំ​បញ្ឈប់​ខ្មៅដៃ​ដែល​កំពុង​គូរ​គំនូរ​ចុះ​យ៉ាង​មួម៉ៅ​ មុន​នឹង​ចោល​​ភ្នែក​ដែល​មាន​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ទៅ​រក​។ ពិត​ជា​ស្មាន​មិន​ខុស​មែន​ កន្លែង​ទំនេរ​នៅ​ក្បែរ​ខ្ញុំ​ មានមនុស្ស​គ្មាន​សុជីវធម៌​មក​អង្គុយ​រួម​កៅអីជា​មួយ​​ដោយ​មិន​បាន​សុំ​​ការ​អនុញ្ញាត​ជា​មុន​​។ ថ្វី​បើ​នេះ​ជា​កៅអី​​សាធារណៈ​ក៏​ដោយ​ តែ​គេ​ក៏​គួរ​តែ​សុំ​មុន​ ឬ​មិន​ក៏​ប្រាប់​គ្នា​សិនដែរ​ មិន​មែន​សុខៗ​នឹក​​ចង់​មកអង្គុយ​ក៏​អង្គុយ​នោះ​ទេ​!

មិន​ដឹងថា​ គេ​យល់​សម្តី​ដែល​និយាយ​តាម​រយៈ​ខ្សែ​ភ្នែក ​ឬ​​មាន​ត្រចៀក​ទិព្វអាច​ស្តាប់​​ឮ​សម្តី​ក្នុង​ចិត្ត​របស់ខ្ញុំ​​បាន​ឬ​យ៉ាង​ណា​​ ​ ព្រោះ​ខណៈ​ដែល​ងាក​ទៅ​ប្រទាក់​ខ្សែភ្នែកគ្នា​​ គេក៏​ពោលសុំ​ទោស​​ព្រម​ទាំង​ពន្យល់​ឲ្យ​ខ្ញុំ​ស្តាប់​មួយ​រំពេច៖

«ខ្ញុំ​សុំ​ទោស​ដែល​មិន​បាន​សុំ​អនុញ្ញាត​មុន​ ព្រោះ​ឃើញ​អ្នក​នាង​កំពុង​ផ្ចង់​ស្មារតី​ ទើប​មិន​ហ៊ាន​​រំខាន…»

«ច៎ាស!» ខ្ញុំ​តប​​ដោយ​សំឡេង​គំរោះ​គំរើយ​​ ទោះ​បី​ជា​សុំ​ទោស​ហើយ​ក៏​ដោយ​ តែ​​ក៏​មិន​បាន​ជួយ​ឲ្យ​ខ្ញុំ​បាត់​ខឹង​ភ្លាមៗ​ដែរ​។

«ចៃ​ដន្យ​ខ្ញុំ​ឃើញ​ត្រង់​នេះ​នៅ​ទំនេរ​តែ​មួយ​កន្លែង​ ទើប​ចង់​មកសុំ​​អង្គុយ​អាន​សៀវភៅ​​ស្ងាត់ៗ​​ មិន​ធ្វើ​ឲ្យ​​រំខាន​ដល់​អ្នក​នាង​ទេ។» គេ​ពន្យល់​បន្ត​ហាក់​​អាន​ចិត្ត​ខ្ញុំ​ធ្លុះ​។​ ​ខ្ញុំ​ងាក​ទៅ​មើល​ជុំ​វិញ​ខ្លួន…​ ​ដូច​អ្វី​ដែល​គេ​និយាយ​មែន​ ​គ្មាន​កៅ​អី​មួយ​ណា​មាន​កន្លែង​ទំនេរ​ទៀត​ទេ ក្រៅ​ពី​មួយ​នេះ​។

«ច៎ាស តាមសប្បាយ​ចុះ! សុំ​ទោស​ផង​ដែល​​មុន​នេះ​មិនដឹង​ថា ​កៅអី​​ផ្សេង​ទៀត​​​ពេញ​អស់​ហើយ​។» ខ្ញុំ​ពោល​ប្រាប់​គេ​​ដោយ​អារម្មណ៍​ដឹង​ខុស​។

«បាទ​មិន​អីទេ។» គេ​តប​មកវិញ​ខ្លីៗ​។

«ច៎ាស…» ខ្ញុំ​ងក់​ក្បាល​ទទួល​ ហើយ​ក៏​ឈប់​យក​ចិត្ត​ទុក​ដាក់​ នឹង​ការ​សន្ទនា​ជាមួយ​មនុស្ស​ប្លែក​មុខ​ទៀត​​។ អាច​មក​ពី​ក្រពេញ​ទំនាក់​ទំនង​មនុស្ស​របស់ខ្ញុំ ​ងាប់​គ្រឿង​ក្នុង​អស់​ហើយ​ទេដឹង​ ទើប​គ្មាន​​ចិត្ត​ចង់​រួស​រាយ​រាក់​ទាក់​ជាមួយ​នរណា​ ដែលចៃ​ដន្យ​​ឈាន​ចូល​មក​ជិត​ដល់​ពិភព​លោក​ផ្ទាល់​ខ្លួន​​របស់​ខ្ញុំ​​។​ ​ដឹង​ច្បាស់​ថា មិន​យូរ ​មនុស្ស​អស់​នេះ​នឹង​ចាក​ចេញ​ទៅដោយ​ឯក​ឯង ទើប​គ្មាន​ចាំ​បាច់អី​ ដែល​ត្រូវ​ទៅ​​រាក់​ទាក់​ជាមួយ​ពួកគេ​​នាំ​ឲ្យ​ខាត​ពេល។ ខ្ញុំ​ចាប់​ផ្តើម​មុជ​ជ្រៅ​ទៅក្នុង​ពិភពលោក ដ៏​តូច​ចង្អៀត​​របស់​ខ្លួន​ឯង​បន្ត​ទៀត ដោយ​មាន​​ខ្យល់               ​ត្រសៀក​ៗ​​ក្នុង​ពេល​សាយណ្ហ​​បក់​មក​រំភើយៗ ​​អម​ដោយ​​​សំឡេង​បើកសៀវភៅ​​របស់​បុរស​​ដែល​អង្គុយ​ក្បែរ​នេះ​​ ​លាន់​ឡើង​ជា​រយៈៗ។

ពេលវេលា​កន្លង​ទៅយូរ​ប៉ុណ្ណា​ហើយ​ក៏​មិន​ដឹង​ ​ពន្លឺ​ដែល​មាន​ប្រចាំ​ថ្ងៃ​នៅ​សេស​សល់​តិច​តួចពេក​ណាស់​ រហូត​​​​ពន្លឺ​​​សិប្បនិម្មិត​របស់មនុស្ស​​លោក​បើក​បំភ្លឺ​ឡើង​​ ទើប​ខ្ញុំ​កម្រើក​ខ្លួន​ពត់​​អែន​​អន​បន្តិច​ដោយ​អាការៈ​ចុក​រោយ​ឆ្អឹង​ឆ្អែង​។ ហ៊ឺម… ប្រហែល​ដល់​ពេល​ដែល​ត្រូវ​ប្រមូល​សម្ភារៈ​ត្រឡប់​ទៅ​ផ្ទះវិញ​ហើយ​ បន្ទាប់​ពី​​អង្គុយ​ធ្វើ​ការ​​ស្ទើរ​ពេញ​មួយ​ថ្ងៃ​រួច​មក​​។ ក្រោយ​ពី​ប្រមែ​ប្រមូល​សម្ភារៈ​បាន​បន្តិច​ ខ្ញុំ​ទើប​តែនឹក​​ភ្នក​ដល់​សំឡេង​បើក​សៀវភៅ ​ដែល​ស្ងាត់​បាត់​សូន្យ​ឈឹង​​​តាំង​ពីពេល​ណា​ក៏​មិនដឹង។ លុះ​​គិត​ឃើញ​ដូច្នោះ ខ្សែ​ភ្នែក​របស់ខ្ញុំ​​ក៏​ក្រឡេក​ទៅ​មើល​កន្លែង​អង្គុយ​ក្បែរ​នោះ​មួយ​រំពេច ហើយ​ក៏​ឃើញបុរស​ម្ចាស់​សៀវភៅ​​ កំពុង​​​​​អង្គុយ​លង់​លក់       ​​ឱបសៀវភៅ​ដោយ​​ដៃ​ទាំង​ពីរ​​ជាប់​ក្នុង​​ទ្រូង​។ ក្បាល​​ដែល​​ធ្លាក់​​ចុះ​​ក្រោម​បន្តិច​នោះ​ មើល​យ៉ាង​ណា​ក៏​មិន​គួរ​គេង​លក់​ស្រួល​សោះ​ តែ​គេ​នៅ​តែ​លង់​លក់​យ៉ាង​ស្កប់​ស្កល់​ រហូត​ខ្ញុំ​​ប្រមូល​សម្ភារៈរួច​រាល់​ហើយ​ក៏​​គ្មាន​សញ្ញា​ណា​ប្រាប់​ថា​​គេ​ម្នាក់​នេះ​នឹង​ភ្ញាក់​ដែរ​​ ទើប​ខ្ញុំ​សម្រេច​ចិត្ត​​អង្គុយ​ចុះ​ម្តង​ទៀតព្រោះ​​មិន​ដឹង​ថា​គួរ​ធ្វើ​យ៉ាង​ណា​​ល្អ​។ គំនិត​​មួយ​ក្នុង​ក្បាល​ប្រាប់ថា បណ្តោយ​គេ​ទៅ! បន្តិច​ទៀត​គេ​នឹង​ភ្ញាក់ ​ហើយ​ត្រឡប់​ទៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​។ តែ​គំនិត​មួយ​ទៀត ​បែរ​ជា​ជំទាស់​ដោយ​ក្តី​ព្រួយ​បារម្ភ​ពីសុវត្ថិភាព​​របស់​គេ ព្រោះ​បើ​មាន​មនុស្ស​គិត​អាក្រក់​ក្នុង​ពេល​ដែល​គេ​កំពុង​ដេកលក់មិន​ដឹង​ខ្លួន​បែប​នេះ​​ ខ្ញុំ​ច្បាស់​ជា​មាន​វិប្បដិសារី​អស់​មួយ​ជីវិត​។ គំនិត​នៅ​ក្នុង​ខួរ​ក្បាល​ខ្ញុំ​ឈ្លោះ​ប្រកែក​​​គ្នា​យ៉ាង​យូរ ​​រហូត​ម្ចាស់​រាង​កាយ​ខ្ពស់​នោះ​ចាប់​ផ្តើម​កម្រើកខ្លួន ហើយ​បើក​ភ្នែក​​ឡើង​ មុន​នឹង​ងាក​មក​សម្លឹង​មុខ​ខ្ញុំ​ទាំង​មមើមមាយ​​។ បើ​ឲ្យ​ទាយ​​ដោយយក​ខ្លួន​ឯង​ជាមាត្រដ្ឋានវាស់​ស្ទង់​ ​​ពេល​​នេះ​គេ​ប្រហែល​ជាកំពុង​រៀប​ចំ​លំដាប់​ព្រឹតិ្តការណ៍ទេដឹង ថា​ខ្លួន​ឯង​កំពុង​នៅទីណា ហើយខ្ញុំ​ជា​អ្នក​ណា?

«អ៎… ត្រឡប់​ទៅវិញ​ហើយ​ឬ?» គេ​សួរ​ខ្ញុំ​បន្ទាប់​ពី​ប្រើ​ពេល​វេលា​តាំង​ស្មារតី​បាន​បន្តិច។

«ច៎ាស កំពុង​រៀប​ចំ​ទៅវិញ​ហើយ​។» ខ្ញុំ​ងក់​ក្បាល​ទទួល​ដោយមិន​ពន្យល់​បន្ថែម​ថា… បើ​កុំ​ដោយ​សារ​មាន​លោក​​នៅ​គេង​លក់​ដូច​ងាប់​​ក្បែរ​នេះ​​ ប្រហែល​ជាខ្ញុំ​​ដើរ​ទៅ​​ដល់​ផ្ទះ​តាំង​ពី​យូរ​ហើយ!

«អរគុណណ៎ា!» សុខ​ៗ​គេ​ក៏​និយាយ​អរគុណ​ខ្ញុំ​។

«អេ៎???» ខ្ញុំ​ក៏​ងាក​ទៅ​មើល​មុខ​គេ​ដោយ​ក្តី​ងឿង​ឆ្ងល់។ បុរស​ម្នាក់​នេះ​ចេះ​អាន​ចិត្ត​មនុស្ស​ឬ?

«អរគុណ​ដែល​អង្គុយ​ចាំខ្ញុំ​ភ្ញាក់​ សុំ​ទោស​ផង​ដែល​ដេកលក់​ជ្រុល​បន្តិច!» គេ​ញញឹម​ស្ញេញ​លាយ​ឡំដោយ​​ក្តី​អៀន​ប្រៀន​ ​ល្មម​ធ្វើ​ឲ្យ​ខ្ញុំ​សើច​។​ ថា​ទៅ កាយ​វិការ​របស់​គេ​គួរ​ឲ្យ​ចង់​សើច​ពិត​មែន!​

«អ៎… មិន​អីទេ ខ្ញុំ​​ក៏​ទើប​តែ​រៀប​ចំ​សម្ភារៈ​ហើយ​ដែរតើ!» ខ្ញុំ​បញ្ជាក់​​ប្រាប់​គេដោយ​​ប្រាស​ចាក​ពី​សេចក្តី​ពិត​បន្តិច​។

«តើ​អ្នក​នាង​​ត្រឡប់​ទៅ​ផ្ទះវិញ​ដោយ​របៀបណា​​​បើ​ងងឹត​បែប​នេះ?»

សំណួរ​របស់​គេ​ធ្វើ​ឲ្យខ្ញុំ​ងាក​ទៅមើល​ជុំវិញ​ខ្លួន​។ ពេល​នេះ​មាន​តែ​​ភ្លើង​គោមតាម​សួន​ច្បារ​​​ប៉ុណ្ណោះ​​ដែល​ផ្តល់​ពន្លឺ​ដល់​ទីនេះ​។ សួន​សាធារណៈ​នេះ ​​មិន​មែន​​អត់​មនុស្ស​សោះ​នោះ​ទេ តែ​ក៏​នៅ​​​ឆ្ងាយ​ពី​ភាព​អ៊ូអរ​ដូច​មេឃ និង​ដី​។

«ដើរ​ទៅវិញ​ ព្រោះខ្ញុំ​ស្នាក់​នៅ​ជិតៗ​នេះ​ទេ។» ខ្ញុំ​ប្រាប់​គេងាយៗ​ និង​ព្យាយាម​ធ្វើ​សំឡេងមិន​​ឲ្យ​គេ​ចាប់​​ថ្នាក់​បាន​ថា ខ្ញុំ​កំពុង​មាន​អារម្មណ៍​បែប​ណ។ ការ​ពិត​​ខ្ញុំ​ក៏​​ទទួល​ស្គាល់ថា ពេល​នេះ​ក្តី​កង្វល់​កំពុង​រត់​ត្របាញ់​​ពេញ​ខួរ​ក្បាល។​ ​មិន​មែន​ខ្ញុំ​ចូលចិត្ត​ដើរ​ម្នាក់​ឯង​កណ្តាល​យប់​ស្ងាត់​នោះ​​ទេ ប៉ុន្តែ​ត្រឹម​១៥នាទី​ប៉ុណ្ណោះ​​ដែល​ខ្ញុំ​ត្រូវ​អត់​ដង្ហើម​ដើរ។ បើ​គ្រាន់​​តែ​​គិត​គឺ​ជិត​ណាស់​ ចុះ​រឿង​អ្វី​ដែលខ្ញុំ​ត្រូវ​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ​ខ្ញុំ​មិន​សូវ​អូខេ​ប៉ុន្មាន​​ឡើយ ​ក្នុងការ​ដើរ​ត្រឡប់​ទៅ​ផ្ទះ​តែ​ម្នាក់​ឯង​បែប​នេះ​។

«អ៊ីចឹងចាំ​ខ្ញុំ​ជិះ​កង់​ឌុប​ទៅ​ ដើរ​ម្នាក់​ឯង​បែប​នេះ​​គ្រោះថ្នាក់​ណាស់។» ខ្ញុំ​ភាំងៗតិចៗ​នឹង​សំណើ​របស់​គេ​​​។ អ្ហឺម… ជា​សំណើ​មួយ​​ដ៏​ល្អ​ តែ​ខ្ញុំ​ដើរ​ទៅ​ផ្ទះ​ម្នាក់​ឯង​ប្រហែល​ជា​ល្អ​ជាង​។ បាន​​អង្គុយ​ជាមួយ​គ្នា​ពេញ​មួយ​ថ្ងៃ​មិន​មែន​មាន​ន័យថា គេ​អាច​​ទុក​ចិត្ត​​​បាន​នោះ​ទេ ព្រោះចោរសម័យ​នេះកល​ល្បិច​រាប់​រយ​ជំពូក។​ ​ម្យ៉ាង​ទៀត​ខ្ញុំ​ក៏​ស៊ាំ​នឹង​ការ​ធ្វើអ្វី​ៗ​តែ​ម្នាក់​ឯង​ដែរ​​ ថ្វី​បើ​​​មាន​អារម្មណ៍​ភ័យ​ខ្លាច​ខ្លះៗ​​ ​នៅ​លាយ​ឡំ​ជាមួយ​ក៏​ដោយ​ តែ​ខ្ញុំ​ក៏​ធ្វើ​វា​បាន​ដោយ​មិន​បាច់​ពឹង​ពាក់​នរណារហូត​មក​។ ចំណែក​លើក​នេះ​ក៏​ដូច​គ្នា​ ខ្ញុំ​ហាមាត់​បដិសេធសន្តាន​ចិត្ត​របស់​គេ ​​ដោយ​គ្មាន​រារែក​។

«មិន​អីទេ ខ្ញុំ​អាច​ត្រឡប់​ទៅវិញ​ដោយខ្លួន​ឯង​បាន​ អរគុណ​ដែល​ចង់​ជូន​ទៅ តែ​កុំ​រំខាន​លោក​​អីល្អ​ជាង!» ខ្ញុំ​យក​កាបូប​មក​ស្ពាយ​នឹង​ស្មាម្ខាង​ ចំណែក​ដៃ​ម្ខាង​ទៀត​កាន់​​ទម្រ​ផ្ទាំង​គំនូរ​ មុន​នឹង​ងាក​​ទៅនិយាយ​លា​គេ​​ «លាសិន​ហើយ» និយាយ​រួច​ ខ្ញុំ​ក៏​​ដើរ​ចេញ​មក​យ៉ាងស្ងៀម         ​ស្ងាត់។ ​ពេលវេលា​​​មួយ​ថ្ងៃ ដ៏​សែន​​​ធម្មតាៗ ​របស់​​មនុស្ស​ស្រី​អត់​គូ​​ដូច​ខ្ញុំ ក៏​​បាន​បញ្ចប់​ទៀត​ដូច​សព្វ​មួយ​ដង​​​។

***

 

ទេវបុត្រ​ភព​ផ្កាយ​១«…ខ្ញុំ​ចង់បាន​​គំនូរ​ពណ៌ទឹក​​របស់​​អ្នក​នាង​មក​តាំង​លម្អ​ក្នុង​បន្ទប់​ធ្វើ​ការ​…»

មិន​ថា​នោះ​ជា​តម្រូវ​ការ​ដែល​ធ្វើ​ឲ្យខ្ញុំ​តប់​ប្រមល់​ក្នុង​ចិត្ត​ឬ​ក៏​អត់​ទេ តែ​ខ្ញុំ​ក៏​​ទទួល​ការ​ងារ​ពី​ភ្ញៀវ​​ដែល​ជា​​អតិថិជន​​សំខាន់​របស់​ខ្ញុំ​ និង​​ក្រុម​ហ៊ុន​យូរ​មក​ហើយ​។ ថ្ងៃ​នេះ​ ខ្ញុំ​ក៏​មក​រក​កន្លែង​ស្ងាត់​ដើម្បី​ធ្វើ​ការ​ដូច​ទម្លាប់​សព្វ​ដង​។ ក្រោយ​ពី​វា​ស​ភ្នែក​​រក​កន្លែង​អង្គុយ​យ៉ាង​យូរ​ តែ​ក៏​នៅ​តែ​មិន​ឃើញ​មាន​កន្លែង​ទំនេរ​ដែល​អាច​ឲ្យ​ខ្ញុំ​អង្គុយ​ធ្វើ​ការ​បាន។​ មើល​ទៅ ថ្ងៃ​នេះ​ម្នាក់ៗ​​ដូច​ជា​ស្រុះ​ស្រួល​​ចិត្ត​គ្នា​ មក​ពពាក់​ពពូន​នៅ​​ទីនេះ​ទាំង​អស់តែ​ម្តង​​។ ខ្ញុំ​ដើរ​បន្ត​ទៅ​មុខ​ទៀត​រឿយៗ​រហូត​​មក​​ដល់​កៅ​អី​ដែល​ធ្លាប់​អង្គុយ​ជា​ប្រចាំ ​ដែល​ថ្ងៃ​នេះ​វាលែង​ទំនេរ​ទៀត​ហើយ​។ ខ្ញុំ​លួច​នឹក​ស្តាយ…​ ថ្ងៃ​នេះ​ប្រហែល​ជា​ត្រូវ​ស្ពាយ​ការងារ​យក​ទៅ​ធ្វើ​នៅ​ឯផ្ទះ​ទៀត​ហើយ​។

«សួស្តី​ ជួប​គ្នា​ទៀត​ហើយ!» ខ្ញុំ​ជ្រួញ​ចិញ្ចើម​នឹង​សម្តី​រាក់​ទាក់​​យ៉ាង​​ប្រថុចញ៉ុច​​នោះ​ ភាំង​ៗ​បន្តិច ​ថា​គេ​នោះ​ជា​នរណា?

«ប្រហែល​ចាំខ្ញុំ​មិន​បាន​ទេមើល​ទៅ យើង​ជួប​គ្នា​កាល​ពីថ្ងៃ​មុន​នៅ​ត្រង់​នេះ​ ​ថ្ងៃ​នោះ​អ្នក​នាង​មក​គូរ​គំនូរ!» គេ​ចង្អុល​មក​ថង់​សម្ភារៈ​ដ៏​ធំ​​របស់​ខ្ញុំ​ មុន​​នឹង​បង្ហាញ​សៀវភៅ​នៅ​ក្នុង​ដៃរបស់​គេ​​​ ហើយ​ពន្យល់​បន្ត​ «ចំណែក​ខ្ញុំ​មក​អាន​សៀវភៅ!»

ការ​ពន្យល់​របស់​គេ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រែក​ អូ៎… ក្នុង​ចិត្ត​។ ខ្ញុំ​ចាំ​គេ​បាន​ហើយ​ តែ​ទទួល​អារម្មណ៍​ថា​គេ​ពន្យល់​ខុស​បន្តិច​​ត្រង់​ថា គេ​មក​អាន​សៀវភៅ​តែ​មួយ​មុខ​ពី​អង្កាល់ ឃើញ​មក​ដេក​ស្រមុក​ឲ្យ​ឃុលៗ​ឡើង​ច្បាស់​ក្រឡែត!

«អ៎… សួស្តី​ ថ្ងៃ​នេះ​មនុស្ស​ច្រើនមែនទែន អ៊ូអរ​ខ្លាំង​ណាស់។» ខ្ញុំ​ពោល​រាក់​ទាក់​គេ​មុន​នឹង​រអ៊ូតិចៗ​តាម​ទម្លាប់​​។ ពេល​ធ្វើ​អ្វី​មិន​បាន​ដូច​ចិត្ត​ ​ខ្ញុំតែង​តែ​​រក​នរណា​ម្នាក់​ដើម្បី​បន្ធូរ​អារម្មណ៍​។ ថ្ងៃ​នេះ​ សំណាង​អាក្រក់​របស់​គេ​ហើយ​ ដែល​ត្រូវ​ខ្ញុំ​រអ៊ូដាក់​បែប​នេះ​​។

«បាទ បើ​មិន​ស្អប់​ខ្ពើម​ទេអង្គុយ​ជាមួយ​ខ្ញុំ​ក៏​បាន​ដែរ​។» គេ​លើក​សំណើ​យ៉ាង​មាន​ទឹក​ចិត្ត​​ តែ​ខ្ញុំ​ប្រញាប់​បដិសេធ​ភ្លាមៗ​។

«អូ! អត់​ទេល្អ​ជាង​ មិន​ចង់​រំខាន​លោក​អាន​សៀវភៅ​ទេ។» តែ​ក្នុង​ចិត្ត​ចង់​និយាយ​ថា មិន​ចង់​រំខាន​លោក​ដេក​ស្រមុក​ទេ! ហាសហា…

«អត់​អីទេ អង្គុយ​បាន​ អ្នក​នាង​មិន​មែន​គូររូប​បណ្តើរ​ស្រែក​បណ្តើរ​ឯណា ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​អាន​សៀវភៅ​របស់ខ្ញុំ​នោះ​​!» គេ​និយាយ​ហើយ​ក៏​សើច​តិចៗ​ រហូត​ខ្ញុំ​​នឹក​អស់​សំណើចតាម​​​ ព្រោះ​នៅ​ក្នុង​ខួរ​ក្បាល​កំពុង​គិត​ដល់​រូប​ភាព ​ដែល​ខ្លួន​ឯង​កំពុង​គូររូប​បណ្តើរ​ស្រែក​បណ្តើរ​។ ខ្ញុំ​សម្លឹង​បុរសម្នាក់​នេះ​យ៉ាង​ពេញ​ភ្នែក​ម្តង​ទៀត…​ ថា​ទៅ គេ​ក៏​ជា​មនុស្ស​ដែល​មាន​សន្តា​ន​ចិត្ត​ល្អ​ ហើយ​ក្រោយ​ពី​បាន​​អង្គុយ​ជាមួយ​គ្នាកាល​ពី​លើក​មុន​ម្តង​​ ខ្ញុំ​ក៏​ដឹងថាគេ​ជា​មិត្ត​រួម​កៅ​អីដ៏​ល្អ។​ ការ​ក្រែង​ចិត្ត​ក៏​រលាយ​បាត់​អស់​មួយ​រំពេច​ដោយ​មិន​រារែក​តទៅទៀត​ ទើប​ទីបំផុត​ក៏​​សម្រេច​ចិត្ត​ឆ្លើយ​ថា៖

«ច៎ាស អរគុណ!»

ត្រឹម​ប៉ុណ្ណេះ​ យើង​ទាំង​ពីរ​ក៏​លិច​លង់​ទៅ​ក្នុង​ពិភព​លោករៀង​ៗ​ខ្លួន​​ម្តង​ទៀត។​ គ្មាន​ការ​សន្ទនា​អ្វីៗ​ទាំង​អស់​ លុះ​ត្រា​ខ្ញុំ​ព្រាង​គំនូរ​​រួច ​ក៏​​ងាក​ទៅ​មើល​មុខ​​បុរស​​ដែល​អង្គុយ​ក្បែរ​ទើប​ដឹងថា ​គេកំពុង​​សម្លឹង​ខ្ញុំ​​មុន​​ទៅ​ហើយ!​ ​មិន​ដឹង​សោះ​ថា ​ខ្សែ​ភ្នែក​របស់​គេ​មួយ​គូ​នោះ​ សម្លឹង​​ខ្ញុំ​​តាំង​ពី​ពេល​ណា?

«មើល​ទៅអ្នក​នាងដូច​ជា​​ពូកែ​គូររូប​ខ្លាំង​​ណាស់!​ តើ​អ្នក​នាង​ជា​វិចិត្រ​ករ​ឬ?» គេ​សួរ​។

«អត់​ទេ នេះ​ជា​ការ​ងារ​ក្រៅ​​ប៉ុណ្ណោះ​ ការ​ពិត​ខ្ញុំ​​រៀន​ផ្នែក​​ស្ថាបត្យ​កម្ម​​ ហើយ​បច្ចុប្បន្ន​ជា​អ្នក​គូរ​ប្លង់​ និង​ឌីហ្សាញ​។»

«ឡូយ​មែន! ជា​ស្ថាបត្យ​ករ​​ ហើយ​ពូកែ​​គូររូបទៀត​​ ​ ខ្ញុំ​ឯណេះ​គូរ​រូប​មិន​ដឹង​ឯណាឯណី​ទេ!» គេ​និយាយ​ ព្រម​ទាំង​អង្អែល​ក្បាល​ខ្លួន​ឯងយ៉ាង​​អៀនប្រៀន​​។ ​មិន​មែន​ជា​រឿង​ចម្លែក​ទេដែល​មាន​នរណា​​មក​និយាយ​ជាមួយ​ខ្ញុំ​ ហើយ​ប្រាប់​ថា​ខ្លួ​ន​ឯង​មិន​ចេះ​គូររូប​ ឬ​គូរ​មិន​ពូកែ​ ព្រោះ​ខ្ញុំ​ជួប​បែប​នេះ​ញឹកញាប់​រហូត​ស៊ាំ​អស់​ទៅហើយ​។ មនុស្ស​យើង​មាន​ទេពកោសល្យ​មិន​ដូច​គ្នាទេ បើ​គេ​ប្រាប់​ខ្ញុំ​ថាជា​វិចិត្រ​ករ​ល្បី​ឈ្មោះ​លំដាប់​ពិភព​លោក​ នោះ​ទើប​ខ្ញុំ​​អាប់​រស្មី​។

«ចុះ​លោក​អាន​សៀវភៅ​អ្វី​ដែរ? ក្រប​ស្អាត​ណាស់!» ខ្ញុំ​ចោល​ភ្នែក​ទៅ​សៀវភៅ​ក្រប​រឹង​ពណ៌​ត្នោត​ចាស់​ក្នុង​ដៃ​របស់​គេ​យ៉ាង​ចាប់​អារម្មណ៍។​ មើល​ទៅដូច​ប្រហែលៗ​ សង្ស័យ​ធ្លាប់​ឃើញ​​នៅ​ទីណាពីមុន​មក​ហើយ​!

«បាទ​ គឺ​​រឿង​ ស្នេហាបាក់​ស្លាប (THE BROKEN WINGS)​ របស់​​អ្នក​និពន្ធ​   KAHLIL GIBRAN ។»

ចំណង​ជើង​សៀវភៅ​ដែល​គេ​ប្រាប់ ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រែក​អូ! ព្រោះ​ធ្លាប់​ឃើញ​មិត្ត​ភក្តិ​ជិត​ស្និទ្ធអាន​ដែរ​ ថែម​ទាំង​មក​ណែ​នាំ​ឲ្យ​ខ្ញុំ​អាន​ទៀត​ផង​​ តែ​គ្មាន​ពេល​អាន​សោះ​ សង្ស័យ​ត្រូវ​ទៅ​រក​អាន​ហើយ​ទើប​បាន​ ព្រោះ​សូម្បី​តែ​មនុស្ស​ប្រុស​ដែល​អង្គុយក្បែរ​នេះ​ក៏​អាន​ដែរ​ បញ្ជាក់​ថា​ សៀវ​ភៅ​​​នេះ​​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​។

«មើល​ទៅ​លោក ​ដូច​ជា​ចូលចិត្ត​អាន​សៀវភៅ​ណាស់ លើក​មុន​ក៏​ឃើញ​លោក​អាន លើក​​នេះ​ក៏​ទៀត​​!» ខ្ញុំ​ចាប់​ផ្តើមនិយាយ​លេង​នឹង​​គេខ្លះៗ​​។

«បាទ… ​នេះ​ជា​ការ​កម្សាន្ត​​អារម្មណ៍​ដែល​ខ្ញុំ​ចូលចិត្ត​បំផុត។ ​អ្នក​ខ្លះ​​មាន​ឱកាស​បាន​​ត្រឹម​ស្គាល់​ពិភព​លោក​ដ៏​ធំ​ល្វឹង​ល្វើយ​នេះ​​​​ តាម​រយៈ​តែ​តួអក្សរ​​​ប៉ុណ្ណោះ។»

«អ្នកខ្លះ​នោះ​សំដៅ​លើ​ខ្លួន​លោកឬ? តែ​មើល​ទៅដូចជា​មិនមែន​សោះ!» ខ្ញុំ​ចាប់​ផ្តើម​សង្កេត​ ​ព្រោះ​តាម​មើល​ចរិត​ឫកពា ខ្សែភ្នែក​ និង​សម្តីសម្តៅ​​​របស់​គេ​ ហាក់​ដូចជា​ស្គាល់​ពិភព​លោក​​បាន​ច្រើន​គួរ​សម​ដែរ​។ ដូច្នេះ​ ខ្ញុំ​គិត​ថា គេ​មិន​មែន​ជា​ពពួក​មនុស្ស​ដែល​គេ​ពោលមក​​នោះ​ទេ។

«ខ្ញុំ​កំពុង​តែ​ក្លាយ​ជា ‘អ្នក​ខ្លះ’ ​នោះ​ហើយ!»

សម្តី​របស់​គេ ​ធ្វើ​ឲ្យ​ខ្ញុំ​​ជ្រួញ​ចិញ្ចើម​បន្តិច​ដោយ​ក្តី​ងឿង​ឆ្ងល់​ ហើយ​ក៏​ទ្រាំ​​មិន​​សួរ​បន្ត​ទៅ​ទៀត​​មិន​បាន​ ទោះ​បី​ជា​មើល​ទៅដូច​ជា​ចង់​ដឹង​ចង់​ឮ​បន្តិច​ក៏​ដោយ​ តែ​ជួយ​មិន​បាន​ទេព្រោះខ្ញុំ​ពិត​ជា​ឆ្ងល់​ណាស់​ ថា​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​គិត​ថា កំពុង​ក្លាយ​ជា​បែប​នោះ។​

«​ហេតុ​អ្វី​បាន​ជា​គិត​ដូច្នោះ​? ខ្ញុំ​ថា​មនុស្ស​ដូច​​លោក​ មិន​សម​​មក​ស្គាល់​ពិភព​លោក ​តែ​តាម​រយៈ​តួ​អក្សរ​ប៉ុណ្ណោះ​ទេ​ ខ្ញុំ​ថា​លោកមាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ ​អាច​ចេញ​ទៅ​មើល​ពិភព​​លោកខាង​ក្រៅ​បាន​​ដោយ​ខ្លួន​ឯង​។»

«អាច​មក​ពី​ពេល​វេលា សម្រាប់​ធ្វើ​ដំណើរ​មើល​ពិភព​លោក​របស់ខ្ញុំ​ កាន់​តែ​ជិត​អស់​ហើយ​​ទេដឹង!​» គេ​​តប​បណ្តើរ​ ញញឹម​តិចៗបណ្តើរ។​ ជា​ស្នាម​ញញឹម​ដែល​ពិបាក​​​អាន​យល់…​​ ពិបាក​រហូត​ខ្ញុំ​ទទួល​អារម្មណ៍ថា ន័យ​ដែល​បង្កប់​ក្នុង​ស្នាម​ញញឹម​នោះ ​គឺលាក់​កំបាំង​​ជ្រាល​​ជ្រៅ​​រហូ​ត​គ្មាន​នរណា​ប៉ាន់​​ស្មាន​​​ដឹង​។

«ខ្ញុំ​មិន​យល់​ទេ! មើល​ទៅ​លោក​ជា​មនុស្ស​ពិបាកយល់​ណាស់​ គឺ​ដូច​​អ្នក​សិល្បៈ​​ដែល​​មាន​ពិភព​លោក​ផ្ទាល់​ខ្លួន​​អ៊ីចឹង!» ខ្ញុំ​ដាក់​ជក់​ចុះ ហើយ​ងាក​ទៅនិយាយ​ជាមួយ​គេយ៉ាង​​ប្រាកដ​ប្រជា​។ ចង់​គេ​​ថា​ម៉េច​ក៏​ថា​ចុះ​ ចំពោះ​ខ្ញុំ​នៅតែ​​មាន​អារម្មណ៍ថា ​សិល្បៈ​ដែល​មាន​នៅ​ក្នុង​ខ្លួន​​របស់​ខ្ញុំ​ គឺ​​តិច​ជាង​បុរស​ដែល​កំពុង​និយាយ​គ្នា​នេះ​​ច្រើន​ណាស់​​។ ថា​ទៅ​អាច​មក​ពី​ខ្ញុំ​ជា​ស្ថាបត្យ​ករ​​មិន​មែន​ជា​សិល្បៈ​ករ​​ក៏​ថា​បាន​​ ព្រោះ​ខ្ញុំ​គ្រាន់​តែ​ចូលចិត្ត​គូរ​គំនូរ​ទុក​​​ជា​ការ​កម្សាន្ត​​ ហើយ​ចៃ​ដន្យ​​អាច​រក​ទីផ្សារ និង​ប្រាក់​ចំណូល​​បាន​ប៉ុណ្ណោះ។

«ខ្ញុំ​គ្មាន​សិល្បៈ​​ក្នុង​ខ្លួន​ដល់ថ្នាក់​នោះ​ទេ គ្រាន់​តែ​ឆ្លើយ​តាម​អារម្មណ៍​ប៉ុណ្ណោះ​ ចុះ​អ្នក​នាង​វិញ​ដើរ​មើល​ពិភព​លោក​បាន​ឆ្ងាយ​ប៉ុណ្ណាហើយ?»

ខ្ញុំ​សើច​ហេះៗ​នឹង​សំណួរ​របស់​គេ​។ មិន​យល់​ពាក្យដើរ​មើល​ពិភព​លោក​របស់​គេសោះ​​​ មិន​ដឹងថា​​ យើងទាំង​ពីរ​ឲ្យ​និយមន័​យ​ពាក្យ​នេះ​ដូច​គ្នា ​ឬក៏​អត់​ទេ? បើ​ដូច​គ្នា​ប្រហែល​ជា​ខ្ញុំ​​ត្រូវ​ប្រាប់​ថា ពិភព​លោក​របស់ខ្ញុំ​តូច​ចង្អៀត​ខ្លាំង​ណាស់​។ ការ​ធ្វើ​ដំណើរ​ញឹកញាប់​មិន​បាន​ធ្វើ​ឲ្យ​ពិភព​លោក​របស់ខ្ញុំ​​កាន់​តែ​ធំទូលាយ​​នោះ​ទេ។ មាន​តែ​ការងារ​ប៉ុណ្ណោះ​ដែល​ឈាន​ទៅមុខ​ ខ្ញុំ​មិន​ធ្លាប់​សាក​ល្បង​ ធ្វើ​ជា​អ្នក​ដើរ​មើល​ពិភព​លោក ​បាន​​​ពិត​ប្រាកដលើស​ពី​បី​បួន​ថ្ងៃ​ឡើយ​ ព្រោះ​ការងារ​ក្រុមហ៊ុន និង​ការងារ​ផ្ទាល់​ខ្លួន​​នេះ​ហើយ ដែល​ចង​​ច្រវាក់​ជើង​ខ្ញុំ​ជាប់​​ក្នុង​ពិភពលោកដ៏​តូច​​ចង្អៀត​នេះ។​​

«អឺ… ពិភពលោក​របស់​ខ្ញុំ​ និងលោក​ អាច​មិន​ដូច​គ្នា​ក៏​ថា​បាន!»

«ខ្ញុំ​​ថា​គួរ​តែ​ដូច​គ្នា! ​ពិភព​លោក​នេះ​​ធំទូលាយណាស់ ពេល​ដែល​យើង​បាន​ធ្វើ​ដំណើរ​​ទៅ​ដល់​​ទីកន្លែង​ណាមួយ យើង​នឹង​បាន​រៀន​​ និង​ស្វែង​យល់​ពី​​​អ្វី​ដែលថ្មីៗ​ជា​ច្រើន​ គឺ​​​ខុស​ពី​អ្វី​ដែល​យើង​ធ្លាប់​​ជួប​​​ប្រ​ទះ​ប្រចាំ​​ថ្ងៃ​​​។»

«បើ​ដូច្នោះ​ ខ្ញុំ​​មាន​ត្រឹម​​តែ​ពិភព​លោក​តូចចង្អៀត​​ឲ្យ​ស្គាល់​ប៉ុណ្ណោះ​ ទោះ​បី​ការ​ងារ​ជា​ស្ថាបត្យ​ករ​​​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ញឹក​ញាប់​ ប៉ុន្តែ​​គ្រាន់​តែ​ទៅ​ធ្វើ​ការ​ប៉ុណ្ណោះ​ ព្រោះ​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​អ្វី​លើស​ពី​ផ្ទះ សណ្ឋាគារ ឬ​រីសត​​ឡើយ។»

«អ៊ីចឹង​គួរ​ឲ្យ​ស្តាយណាស់​​ ព្រោះ​ខ្ញុំ​គិត​ថា ​ពេល​​បាន​ប្រឈម​មុខ​​​នឹង​​ពិភព​លោកខាង​ក្រៅ​​ គឺ​​មាន​ប្រយោជន៍ខ្លាំង​ណាស់​ចំពោះ​​អ្នក​នាង​​។» គេនិយាយ​ព្រម​ទាំង​ដៀង​ភ្នែក​​មើល​ស្នាដៃ​​គំនូរ​ពណ៌​​ទឹក​​របស់​ខ្ញុំ​។

ខ្ញុំ​ទទួល​ស្គាល់​ថាគេ​និយាយ​ត្រូវ​ ហើយ​យល់​ស្រប​នឹង​អ្វី​ដែល​គេ​និយាយ ​ព្រោះ​ការងារ​ដែល​ត្រូវ​ប្រើ​​សិល្បៈ​បែប​នេះ​ ​ទោះយ៉ាង​ណា​ក៏​ត្រូវ​មាន​ច្រើន​លើស​ពី​ការ​ស្រមើ​ស្រមៃដែរ​​ តែ​ណ្ហើយ ខ្ញុំ​​ធ្វើ​​បាន​ត្រឹម​តែ​ឆ្លើយ​យល់​ស្រប​​គេ​ដោយ​សំឡេង​ខ្សាវៗ​។

«ច៎ាស ​ពិត​ជា​​មាន​ប្រយោជន៍​ បើ​មាន​​ឱកាស​ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ជុំវិញ​ពិភព​លោកដ៏​ធំ​​​នេះ​ឲ្យ​​​ណាណី​​ម្តង​​ ព្រោះ​គំនិត​របស់​​ខ្ញុំ​ពេល​នេះ​ ​គឺដូច​កង្កែប​ក្នុង​អណ្តូង​អ៊ីចឹង!»

ចប់​ប្រយោគរបស់​ខ្ញុំ​ គេ​ក៏​ផ្ទុះ​សំណើច​ចេញ​មក​តិចៗ តែ​​គ្មាន​ពាក្យ​មួយ​ម៉ាត់​​ណា​ចេញ​មក​​ទៀត​ទេ។​ បន្ទាប់​ពី​នោះ​ ​យើង​ទាំង​ពីរ​ក៏​សន្ទនា​គ្នា​ដោយ​ឥត​សំឡេង​​ម្តង​ទៀត​ មាន​​តែ​សូរ​សៀង​​វាយោ​ និងសន្ធឹក​ទំព័រ​​សៀវភៅ​លាន់​ឮ​ល្វើយ​ៗ​អម​ការ​សន្ទនា​។ ពិភព​លោក​ទាំង​មូល​ស្ងាត់​សូន្យ​ឈឹង​នៅពេល​ម្នាក់ៗ​ស្លុង​អារម្មណ៍​រៀងៗ​ខ្លួន ចូល​ទៅ​ក្នុង​ពិភព​លោក​ផ្ទាល់ខ្លួន​ម្តង​ទៀត​។​ លុះ​​ពន្លឺ​ព្រះ​អាទិត្យ​ថមថយរស្មីអស់​​ ​ខ្ញុំក៏​​បន្ធូរ​ដៃ​នឹង​ការងារ​​ ​ហើយ​​ប្រមូល​​សម្ភារៈ​ដាក់​ក្នុង​ថង់​ស្ពាយ​វិញ​។ ​ពេល​ក្រឡេក​ទៅ​មើល​​បុរស​ក្បែរ​នោះ​ ​គឺ​ដូច​​កុន​បញ្ចាំង​​​សាដើម​​អ៊ីចឹង​​ ​គេ​កំពុង​​​អង្គុយ​ឈ្ងោកមុខ​​ឱប​សៀវភៅ​ និង​កំពុង​តែ​​​​​លង់​លក់​យ៉ាង​ស្កប់​ស្កល់​។

ទេវបុត្រ​ភព​ផ្កាយ​

លើក​នេះ​ ខ្ញុំ​បាន​លួច​សម្លឹង​​គេ​ដោយ​ចេតនា​ ក្រោយ​ពី​អង្គុយ​ជាមួយ​គ្នា​បាន​​ពីរ​​ដងរួច​មក​​។ មនុស្ស​ប្រុស​​ដែល​អង្គុយ​ក្បែរ​គ្នា​​នេះ ​ចាត់​ចូល​​​ជា​បុរស​ដែល​មានសម្រស់​​មុខសម្បូរ​ស្នេហ៍​​​ ស្បែក​​សស្គុស​ ​​ចិញ្ចើម​​ខ្មៅ​​ក្រាស់​ ស័ក្តិ​សម​នឹង​ច្រមុះ​ស្រួច​ ងល្មម​ស្អាត។ ចំណែក​រោម​ភ្នែក​វែងៗ​ដុះ​កោង​ជាជួរ​មាន​របៀប។ សរសៃ​​ឆ្មារៗ​ដូច​សូត្រ​​នោះ​ ដុះ​​​អម​ត្របក​ភ្នែក​ដែល​កំពុង​បិទ​ជិត​ឈឹង ​កាន់​តែ​ទាក់​ទាញ​​​ចង់​​ឃើញ​​​កែវ​ភ្នែក​គេ​ក្នុង​ពេល​ភ្ញាក់​។ ​បបូរ​មាត់​​ទៀត​សោត​ក្រាស់​ពណ៌​ក្រហម​ព្រឿងៗ​ ​​​អម​ដោយ​រោម​ពុក​មាត់​​តិចៗ​ទើប​តែ​កោរ​ហើយ​ថ្មីៗ​ ​ដែល​មើល​ទៅ​ស័ក្តិ​សមឥត​ខ្ចោះ​​ជា​បុរស​ពេញ​អង្គ និង​ពេញ​ដោយ​អំណាច​ស្នេហ៍​។ នឹក​ឡើង​ចង់​តែ​បន្ទោស​​ខ្លួន​ឯង​ទេ​​ដែល​ភ្លាត់​ស្នៀត…​ ​គឺ​ភ្លាត់​ស្នៀត​ដែលមិន​បាន​ត្រេក​ត្រអាល ​នឹង​​ភាព​ស្រស់​​សង្ហា​របស់​គេ​តាំង​ពី​ដំបូង​ដែល​បាន​​ជួប​គ្នា​។ សម្រស់​បុរស​ម្នាក់​នេះ គឺ​​លើស​ពី​ពាក្យ​ថាស្រស់​សង្ហា​ទៅ​ទៀត​ ព្រោះ​ខ្ញុំ​មិន​ចូលចិត្ត​ផ្តល់​និយម​ន័យ​ភាព​សង្ហា​ដល់​​បុរស​ឡើយ​ តែ​បើ​ប្រើ​ពាក្យ​ថាទេវបុត្រ​កំពូល​​សម្រស់​នោះ​ គឺ​បុរស​ម្នាក់​នេះ​ហើយ​ មិន​ខុស​ទេ!

មិន​ដឹង​ថា ​ខ្លួន​ឯង​ភ្លេច​ខ្លួន​​ពិនិត្យ​មើល​​រូប​រាង​កាយ​របស់​គេ​យូរ​ប៉ុណ្ណា​ តែ​ខ្ញុំ​ក៏​ត្រូវ​មក​ភ្ញាក់​ក្រញាង ​នៅពេល​សុខ​ៗ​កែវ​ភ្នែក​ដែល​កំពុង​បិទ​ជិត​​នោះ​ក៏​បើក​ភ្លាម​មួយ​រំពេច ​ដោយ​មិន​​ទាន់​ឲ្យ​ខ្ញុំ​បាន​រៀប​ចំ​ខ្លួន​​​ជាមុន​។

«អឺ​… គឺ​ខ្ញុំ​ចង់​ប្រាប់​ថា​ យប់​ណាស់​ហើយ…» ខ្ញុំ​និយាយ​តតាក់​តតុប​ខ្លាំង​ណាស់​សម្រាប់​ពាក្យ​ដោះ​សារ​​លើក​នេះ​ មិន​ដឹង​ថា​គេ​ដឹង​ឬទេ ​ថា​ខ្ញុំ​លួច​មើល​គេ​យូរ​ហើយ​?

«អូ…! អ៊ីចឹង​​ខ្ញុំ​គេង​​យូរ​ហើយតើ​​នៀក!» គេ​និយាយ​ព្រម​ទាំង​​ព្រិច​ភ្នែក​ចុះ​ឡើង​ដើម្បី​ប្រមូល​​ស្មារតី​ឡើង​វិញ​​។ ខ្ញុំ​​លួច​មើល​រោម​ភ្នែក​របស់​គេ​ដែល​កម្រើក​​តាម​ចលនា​​ព្រិច ដ្បិត​អី​រោម​​ភ្នែក​នោះ​​ស្អាតដូច​សរសៃ​សូត្រ​មាស​​ និង​រស់​រវើក​គួរ​ឲ្យ​ច្រណែន​ ​ធ្វើ​ឲ្យ​​ខ្ញុំ​ភាំង​ស្មារតី​សម្លឹង​ភ្នែក​ពណ៌​មរកត​ខុស​មនុស្ស​​ទូទៅ​របស់​គេ ​​រហូត​​ភ្លេចខ្លួន​ជាថ្មី​​​​។ ឬអាច​មក​ពីស្រមោល​​ព្រះ​អាទិត្យ​នាសាយណ្ហ​សម័យ​ កំពុង​បាចសាច​កាំ​រស្មី​ពណ៌​មាស​មក​លើ​ភព​ផែន​ដី​នេះ​ ទើប​ធ្វើ​ឲ្យខ្ញុំ​ធ្លាក់​ក្នុង​ពិភព​វង្វេង​វង្វាន់ ​​ពាក់​កណ្តាល​ពិត​ពាក់​កណ្តាល​សុបិន​បែប​នេះ​។ ​ត្រឹម​តែ​មួយ​ចម្រៀក​វិនាទីប៉ុណ្ណោះ​ ខ្ញុំ​ក៏​ប្រញាប់​ដក​ខ្សែ​ភ្នែក​ចេញ​មកវិញ​ ទទួល​អារម្មណ៍​ដឹង​ភ្លាម​ៗ​​ថា ថ្ពាល់​ទាំង​សង​ខាង​របស់ខ្លួន ​ជះ​ចំហាយភាយៗ​ដោយ​ក្តី​ខ្មាស​អៀន​។ យូរណាស់​មកហើយ ដែល​មិន​ធ្លាប់​ប្រសព្វ​ភ្នែក​នឹង​បុរស​ណា​ម្នាក់​​បែប​នេះ​។

«អឺ… អ៊ីចឹងខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​មុនហើយ​ណ៎ា។» ខ្ញុំ​ពោលប្រាប់​គេ​តិចៗ​។ នេះ​ប្រហែល​ជា​វិធី​យក​រួច​ខ្លួន​​ដែល​ល្អ​បំផុត​ក្នុង​ពេល​នេះ​តាមដែល​គិត​ឃើញ​។

«ថ្ងៃ​នេះ​ឲ្យខ្ញុំ​ជូន​ទៅណ៎ា ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​នាង​ដើរ​ទៅ​ផ្ទះ​តែ​ម្នាក់​ឯង​ទេ។»

«ច៎ាស​មិន​អីទេ ជិត​នេះ​តើ​ ចាត់​ទុក​ថា​ជាការ​ហាត់​ប្រាណ​ផង។»

«អ៊ីចឹងចាំ​ខ្ញុំ​បណ្តើរ​កង់​កំដរ​​ចុះ!​» គេ​ប្រឹង​ជម្នះ​​​មិន​ចាញ់​ខ្ញុំ​ប៉ុន្មាន​ឡើយ​ ហើយ​លើក​នេះ​ខ្ញុំ​មិន​បដិសេធ​ទៀត​ទេ ព្រោះ​គ្មាន​អ្វី​ចាំ​បាច់​ដែល​​ត្រូវ​ជំទាស់​គេ​ផង​​ បើ​គេ​ចង់​ដើរ​បណ្តោយ​តាម​គេ​ចុះ។

ទម្រាំ​តែ​ប្រមូល​សម្ភារៈ​រួច​ ពន្លឺ​ក្នុង​សួន​សាធារណៈក៏​ត្រូវ​បំភ្លឺ​ឡើង ​ដោយ​​អំពូល​ភ្លើង​គោម​នៅ​ជុំវិញ​នោះ​​។ ខ្ញុំ​ហុច​ជើង​ទម្រ​​សម្រាប់​គូររូប​ទៅ​ឲ្យ​គេ​យ៉ាង​ស្និទ្ធស្នាល​ ហើយ​គេ​ក៏​ទទួល​យក​ទៅ​​ទាំង​​ភាំង​ៗ​។

«​ក្រែង​កន្ត្រក​កង់​របស់​លោក​ទំនេរ​ មែន​ទេ? អ៊ីចឹង​ខ្ញុំ​សុំ​ផ្ញើ​បន្តិច​ផង​!» លុះ​ឃើញ​គេ​ទទួល​របស់​ក្នុង​ដៃ​ទៅ​ដាក់​ក្នុង​កន្ត្រកកង់​រួច​ហើយ ខ្ញុំ​ក៏​ដើរ​នាំ​មុខ​យ៉ាង​​រំភើយ។​ មើល​ទៅដូច​​គ្មាន​សុជីវធម៌​បន្តិច​មែន​ តែ​ក៏​មិន​យល់​នឹង​ខ្លួន​ឯង​ដូច​គ្នា​ ថាធ្វើ​​បែប​នេះ​បាន​ដោយ​របៀប​ណា? មនុស្ស​ដែល​មាន​ពិភព​លោក​​ផ្ទាល់​ខ្លួន​ខ្ពស់​ ស្រឡាញ់​ការ​រស់​នៅ​ម្នាក់​ឯង​ មិន​ចូលចិត្ត​ភាព​អ៊ូអរ​គគ្រឹក​គគ្រេង​ បែរ​ជា​ទុកចិត្ត​មនុស្ស​ប្លែក​មុខ​ដែល​ទើប​តែ​ជួប​គ្នា​បាន​ពីរ​ដង…​ ​ជា​ពីរ​ដង​ដែល​ប្រើ​ពេលវេលា​នៅ​ជាមួយ​គ្នា​យូរ​សែនយូរ​ និង​និយាយ​ឆ្លើយ​ឆ្លង​​គ្នាតែ​​តាមរយៈ​ភាព​ស្ងៀម​ស្ងាត់​។

ខ្ញុំ​បន្ថយ​ល្បឿន​ជើង​យឺតៗ​ ហើយ​ត្រឡប់​មកដើរ​​ទន្ទឹម​នឹង​​គេវិញ​ បន្ទាប់​ពី​​​សម្រេច​ចិត្ត​អ្វី​ម្យ៉ាង​រួច​ហើយ​។

«នែ៎ លោក…​ យើង​មក​ណែ​នាំ​ខ្លួន​ឲ្យ​ស្គាល់​គ្នា​ជា​ផ្លូវ​ការ តើ​ល្អ​ទេ?» សំណួរ​ និង​កាយ​វិការ​​របស់​ខ្ញុំ​ធ្វើ​ឲ្យ​គេ​សម្តែង​ទឹក​មុខ​ភាំង​តិចៗ​ មុន​នឹង​ងក់​ក្បាល​ទទួល​ «ខ្ញុំ​ឈ្មោះ​ចន្ទ្រ​… ​គឺ​ចន្ទ្រថ្លា​​!​ ចុះ​លោក​វិញ​ឈ្មោះ​អ្វី​ដែរ?»

«ខ្ញុំ​ឈ្មោះ ម៉ារស៍… គឺ​ម៉ារស៍​ ដែល​មាន​ន័យថា​​ភព​ព្រះ​អង្គារ​​។»

«ឈ្មោះ​លោកឡូយ​ណាស់​ ស័ក្តិ​សម​នឹង​រូប​រាង​​របស់​លោក​មែន!»

«បាទ​អរគុណ!» គេ​ឈ្ងោក​ក្បាល​ចុះ​បន្តិច​ជា​ការ​អរគុណ​។ មិន​ដឹងថា​ខ្ញុំ​ព្រិល​ភ្នែក​ទេដឹង​ដែល​ឃើញ​គេ​មុខក្រហម? ​ក្នុង​ពេល​ដែល​មិន​សូវ​មាន​ពន្លឺ​បែប​នេះ​ ខ្ញុំ​មិន​គួរ​មើល​ឃើញ​គេ​មុខ​ក្រហម​​បាន​សោះ​ ខ្ញុំ​ប្រហែល​ជា​ស្រវាំង​ភ្នែក​មែន​ហើយ។

យើង​ដើរ​យឺតៗ​​ និយាយ​គ្នា​បណ្តើរ​ សើច​លេង​បណ្តើរ​​យ៉ាង​សប្បាយ​។ តាម​ផ្លូវ​យើង​និយាយ​គ្នា​ពី​នេះ​ពី​នោះ​​ច្រើន​ណាស់​ ពី​អាកាស​ធាតុ​ សៀវភៅ​ បទ​ចម្រៀង​ ភាពយន្ត​ រហូត​ដើរ​មក​ដល់​ផ្លូវ​ចូល​ផ្ទះ​របស់ខ្ញុំ​ រឿង​​ជជែក​គ្នា​​​​របស់​យើង​​ក៏​អស់​​ល្មម​។ អេ៎… មិន​មែន​រឿង​ជជែក​គ្នា​​ទេ​ គឺ​ចម្ងាយ​ផ្លូវ​​ដែល​ផ្តល់​ឱកាស​ឲ្យ​យើង​បាន​ជជែក​​គ្នា​ទៅវិញ​តើ​ ​ដែល​អស់​នោះ​!

«អរគុណ​ខ្លាំង​ណាស់​ដែល​បាន​ដើរ​កំដរ​ និយាយ​អ៊ីចឹងលោក​ស្នាក់​នៅ​ឯណាដែរ?» ខ្ញុំ​​សួរ​​គេ​​​ពេល​ដែល​គេ​យក​ទម្រគំនូរ​ក្នុង​កន្ត្រកកង់​ហុច​មក​ឲ្យ​ខ្ញុំ​។

«នៅ​ឆ្ងាយ​ពី​ទីនេះ​ពីរ​បី​ផ្លូវ​ប៉ុណ្ណោះ​ដល់​ហើយ!»

«អូ! លោក​ស្នាក់​នៅ​ជិតៗ​នេះ​សោះ​ អ៊ីចឹង​តើ​បាន​ជា​មក​សួនច្បារ​​នេះ​ញឹក​ញាប់​ណាស់​ តែ​ក៏​ចម្លែក​ដែល​យើង​មិន​ដែល​ជួប​គ្នា​។» ខ្ញុំ​​អត់​នឹក​​ឆ្ងល់​មិន​បាន​ព្រោះ​ខ្ញុំ​ក៏​ទៅ​ទីនោះ​ញឹក​ញាប់​ដូច​គ្នា​ បើ​ចៃ​ដន្យ​បា​ន​ជួប​គេ​ពីរ​ដង​ជាប់​ៗ​គ្នា​បែប​នេះ​​ ក៏​បានន័យថា មុន​នេះ​ខ្ញុំ​គួរតែ​បាន​ជួប​គេខ្លះ​ដែរ​ហើយ​។

«ខ្ញុំ​ទើប​តែ​ផ្លាស់​មក​មិន​យូរ​ប៉ុន្មាន​ទេ ហើយភាគ​ច្រើនខ្ញុំ​មក​ហាត់​ប្រាណ​នៅពេល​ព្រឹក​ មាន​តែ​ថ្ងៃ​ឈប់​សម្រាក​ប៉ុណ្ណោះ ​ដែល​ចេញ​ទៅ​អង្គុយ​អាន​សៀវភៅ​នៅទីនោះ​ពេញ​មួយ​ថ្ងៃ​។»

«អ៊ីចឹង​តើ​បាន​ជា​ខ្ញុំ​មិន​ធ្លាប់​ជួប​លោក​សោះ​! លោក​ដឹង​ទេ? ខ្ញុំ ​និង​​ព្រះ​អាទិត្យ​ពេល​ព្រឹក ​គឺ​ជា​សត្រូវ​​នឹង​គ្នា​ ​ជួប​គ្នា​មិន​បាន​ទេ!» ខ្ញុំ​គ្រញែង​ខ្លួន​​ប្រាប់​គេ ព្រោះ​រឿង​ក្រោក​យឺត គឺ​ជា​ទម្លាប់​​ប្រចាំ​​ជីវិត​របស់​ខ្ញុំ​​ទៅ​ហើយ​។​ ​គ្រាន់​តែ​ប៉ុណ្ណេះ​ ​ក៏​ធ្វើ​ឲ្យ​ម៉ារស៍​​​សើច​ហាសហាស​មួយ​ទំហឹង​តែ​ម្តង​​ព្រោះ​តែ​អស់​សំណើច​ពេក​។

«សុំ​ទោ​សផង​​ដែលខ្ញុំ​ទប់​សំណើច​មិន​បាន​​ តែលេស​​​របស់អ្នកនាង​ចន្ទ្រ​​​គួរ​ឲ្យ​អាណិត​ខ្លាំងណាស់​!» សម្តី​​លាយ​ឡំ​នឹង​សំណើច​របស់គេ​ ធ្វើ​ឲ្យ​ខ្ញុំ​ក្តៅ​ថ្ពាល់​ភាយៗ​ ដោយ​ក្តី​អៀន         ​ប្រៀន។ យូរ​ឆ្នាំ​ហើយ​​ ដែល​ខ្ញុំ​មិន​ធ្លាប់​មាន​មនោសញ្ចេតនា​​ មាន​ក្តី​រំភើប​ ដូច​អ្វី​ដែល​នារី​ផង​ទាំង​ពួង​មាន​។​

«ច៎ាស… មិន​អីទេ តែ​ខ្ញុំ​ទទួល​អារម្មណ៍ថា ​កំពុង​ត្រូវ​គេ​សរសើរ​! តើខ្ញុំ​គួរ​អរគុណ​ឬទេ?»

«ខ្ញុំ​សរសើរ​មែនតើ! ​​តែ​ណ្ហើយ​ ខ្ញុំ​សុំ​​ទៅ​​សិន​ហើយ បើ​ថ្ងៃ​ណា​ចង់​ប្រយុទ្ធ​​ជាមួយ​ព្រះអាទិត្យ​ពេល​ព្រឹក​ ចាំ​ជួប​គ្នា​នៅ​សួន​ចុះ​!» គេ​ទម្លាក់​ប្រយោគ​ចុង​ក្រោយ​ មុ​ននឹងធាក់​​កង់​ចេញ​ទៅ​។​

«បាយៗ​ បើ​មាន​ឱកាស​នឹង​បាន​ជួប​គ្នា​ទៀត​!» ​ខ្ញុំ​ស្រែក​​ពី​ក្រោយ​ និង​ព្យាយាម​គ្រវី​ដៃ​ទាំង​កំពុង​កាន់​ទម្រ​គំនូរ។​ ចំណែក​គេក៏​​គ្រវី​ដៃ​ជា​សញ្ញាលាដោយ​មិន​បាន​ងាក​មុខ​មក​។ ខ្ញុំ​ឈរ​ជូន​ដំណើរ​​គេ​លុះ​ត្រា​ផែន​ខ្នង​ធំ​នោះលិច​បាត់​​​ផុត​ពី​​កន្ទុយ​ភ្នែក​ ទើប​ដើរ​ចូល​ផ្ទះ​បណ្តើរ​គ្រហឹម​ច្រៀង​​បណ្តើរ​ដោយ​អារម្មណ៍​ស្រស់​ស្រាយ​មិន​ធ្លាប់​មាន​​។ សំណួរ​តូច​មួយ​ ផុស​​ឡើង​នៅ​​ក្នុងបេះ​ដូង​ដូចផ្សែង​អ័ព្ទ​​។

យូរ​ប៉ុណ្ណា​ហើយ ដែលមិ​នបាន​ជួប​មនុស្ស​និយាយត្រូវចិត្តគ្នាបែប​នេះ​?​...

***

សូម​រង់​ចាំ​អាន​វគ្គ​បន្ត​!

Read Full Post »