Feeds:
ប្រកាស
មតិ

Posts Tagged ‘នាងពៅម្លិះលា’


តួអង្គក្នុងរឿង Beauty and the Beast

ផ្កាយNoVeLs*– ចង់ប្រាប់ថា មានសេចក្តីសុខយ៉ាងខ្លាំងដែលបានទស្សនារឿងនេះ គឺចូលតួ ចូល អារម្មណ៍យ៉ាងខ្លាំងទៅនឹងភាពពីរោះរណ្តំនៃបទចម្រៀង ដែលរៀបរាប់ដំណើររឿង ទាំងមូល។ បទចម្រៀងនីមួយៗមានភាពលេចធ្លោ ពីរោះ មានអត្តសញ្ញាណ និង រូបារម្មណ៍ដែលអន្ទងព្រលឹងអ្នកមើលឲ្យចូលតួ លង់ស្នេហ៍ ស្លុងអារម្មណ៍ចូលទៅកាន់ សម័យកាល ដែលរឿងរ៉ាវ BEAUTY AND THE BEAST កកើតឡើង។ Walt Disney បានយកចម្រៀងគ្រប់បទដែលមាននៅក្នុងគំនូរជីវចលមករៀបរាប់សាច់រឿងសាជាថ្មី ប៉ុន្តែនៅតែមិនថ្មី ព្រោះប្លង់ខ្លះគឺដូចគ្នាស្ទើរចាប់ដាក់តែម្តង។ កាយវិការ និងបទចម្រៀង នីមួយៗក្នុងរឿងនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចកំពុងទស្សនាល្ខោននិយាយបែបលោក ខាងលិច ដែលអាចនិយាយបានថា នេះគឺជាល្ខោន និយាយសុទ្ធសាធ ដោយគ្រាន់តែមិនមែនសម្តែងលើឆាក ប៉ុណ្ណោះ។

ទទួលស្គាល់ថា BEAUTY AND THE BEAST ដែលសម្តែងដោយមនុស្សនេះ មិនអាច ប្រៀបធៀបជាមួយគំនូរជីវចលបានទេ តែក៏ល្អនៅក្នុងកម្រិតមួយដែលអាចទទួលយក បាន ព្រោះខ្លឹមសាររឿងទាំងមូលគឺល្អស្រាប់តាំងពីដើមម្ល៉េះ ជាពិសេសតួស្រី Emma Watson សម្តែងជាតួ Belle បានយ៉ាងល្អឥតខ្ចោះ និងស្រស់ស្អាត ស័ក្តិសមជាតួអង្គ ក្នុងទេវកថា គឺប្រៀបដូចនាងកើតមកដើម្បីក្លាយជាតួអង្គ Belle តែម្តង។ ភាពពីរោះ រណ្តំនៃបទភ្លេង និងចម្រៀង ធ្វើឲ្យខ្ញុំស្តាប់ឡើងព្រឺរោម និងរំជួលអារម្មណ៍ស្ទើរ តែស្រក់ ទឹកភ្នែក ដ្បិតរំភើបពេក រំភើបដែលបានត្រេក ត្រអាលនឹងមនោសញ្ចេតនាដ៏ស៊ីជម្រៅ តាមរយៈបទភ្លេង ទំនុកច្រៀង និងពាក្យពេចន៍សន្ទនា ដែលពោរពេញដោយរូបារម្មណ៍ សិល្បៈ។

សុខ ស្រីមុំ តួនាងពៅ ក្នុងរឿង នាងពៅម្លិះលា

ចំពោះដំណើររឿងវិញ គ្មានអ្វីប្លែកថ្មីនោះទេ គ្រប់គ្នាប្រហែលជាធ្លាប់ដឹងខ្លះៗមកហើយ តាមរយៈគំនូរជីវចល។ ប៉ុន្តែសម្រាប់ខ្ញុំ រឿងនេះធ្វើឲ្យខ្ញុំនឹកដល់ខ្សែភាពយន្តខ្មែរជំនាន់ ឆ្នាំ៩០មួយគឺរឿង «នាងពៅម្លិះលា» ដែលមានសាច់រឿងស្ទើរតែដូចគ្នាទាំងស្រុងនឹងរឿងនេះ។ ខុសត្រង់ថា នៅក្នុងរឿងខ្មែរ តាដង្ខៅមានកូនស្រី៥នាក់ ពេលចេញទៅធ្វើជំនួញ កូនស្រីច្បង៤នាក់ សុំឪចង់បានប្តី ខុសតែស្រីពៅប្រាថ្នាចង់បានផ្កាម្លិះលា (#ផ្កាកុលាប)។ តាមផ្លូវតាដង្ខៅបានជួបយក្ស(#ចចក) រហូតបានទៅដល់វិមានអារក្ស (#សត្វកំណាច) និងបានលួចកាច់ផ្កាម្លិះលារបស់អារក្សទុកផ្ញើកូនស្រីពៅ។ តាដង្ខៅត្រូវ មានកម្មពៀរដល់ស្លាប់ ព្រោះលួចកាច់ផ្កាអារក្សដោយមិនបានសុំអនុញ្ញាត។ តាដង្ខៅ អាចឆ្លងផុតគ្រោះកាចនេះបាន លុះត្រានាំកូនស្រីព្រហ្មចារីយ៍មកបូជាជូនអារក្ស។ កូនស្រីពៅដឹងដូច្នោះ ក៏ធ្វើ ដំណើរមកជួបអារក្ស។ ដើម្បីបញ្ជាក់ថា ឪពុករបស់នាងបានរួច ផុតពីសេចក្តីស្លាប់ដូចការសន្យា អារក្សបានឲ្យនាងពៅមើលឃើញឪពុកតាមកញ្ចក់ទិព្វ ។ លុះនាងពៅនៅរួមរស់ជាមួយអារក្សបានមួយរយៈ អ្នកទាំងពីរក៏កើតមានសេចក្តី ស្រឡាញ់រវាងគ្នានឹងគ្នា។ មួយរយៈក្រោយមក ឪពុកនាងពៅក៏ធ្លាក់ខ្លួនឈឺដោយសារ ជរាភាព។ អារក្សបានអនុញ្ញាតឲ្យនាងពៅទៅមើលថែឪពុកក្នុងរយៈពេល៧ថ្ងៃ បើនាង មិនវិលវិញ អារក្សនឹងស្លាប់។ លុះរំលង៧ថ្ងៃ នាងពៅមកមិនទាន់ អារក្សក៏ស្លាប់មែន។ តែដោយសារអំណាចទឹកភ្នែកព្រហ្មចារីយ៍ និងក្តីស្នេហ៍ដ៏បរិសុទ្ធរបស់នាងពៅចំពោះ អារក្ស អារក្សក៏រស់ឡើងវិញ និងប្រែរូបជាព្រះរាជបុត្រដ៏ស្រស់សង្ហា។ សូមបញ្ជាក់ថា រឿង «នាងពៅម្លិះលា» របស់ខ្មែរ ផលិតនៅឆ្នាំ១៩៩៣ និពន្ធដោយ លោក ប្រាក់ ច័ន្ទមុន្នី ដឹកនាំរឿងដោយ លោក ម៉ៅ សំអាងណុប សម្តែងដោយ អារុណ រស្មី(អារក្ស) សុខ ស្រីមុំ(នាងពៅ) និង តារាសម្តែងល្បីៗនៅជំនាន់នោះ ជាច្រើននាក់ទៀត ដូចជា អម្ពរ ទេវី នារីរ័ត្ន គន្ធា ពិសិដ្ឋ ពិលិកា ច័ន្ទ សេរីរ័ត្ន ទេពរិន្ទដារ៉ូ ខៃ ប្រសិទ្ធិ សម តារា…។

ទេពរិន្ទ ដារ៉ូ និង ពិសិដ្ឋ ពិលិកា ក្នុងរឿង នាងពៅម្លិះលា

និយាយពីខ្សែភាពយន្តរឿង BEAUTY AND THE BEAST ឆ្នាំ២០១៧នេះវិញ គឺគេប្រើ សិល្ប៍វិធីរៀបរាប់សាច់រឿងបានល្អ តាមលំដាប់លំដោយងាយយល់ ងាយចាប់បាន ដោយមិនបាច់ប្រើខួរក្បាលគិតច្រើន។ រីឯ ពាក្យពេចន៍សន្ទនាក៏វិចិត្រដោយរូបារម្មណ៍ សិល្បៈ ដែលមួយម៉ាត់ៗ សុទ្ធតែមានន័យខ្លឹមសារ អប់រំ ប្រៀបធៀប ស្តាប់ហើយត្រូវតែ យកទៅគិត វិភាគ និងវាយតម្លៃ តាមការយល់ឃើញរៀងៗខ្លួន ពោលគឺពាក្យមួយ ម៉ាត់ៗសុទ្ធតែមានប្រយោជន៍។ ការវិវឌ្ឍរបស់តួអង្គ ការប្រែប្រួលបុគ្គលិកលក្ខណៈ និងការរៀនស្វែងយល់របស់តួអង្គនីមួយៗគឺល្អ មានហេតុមានផល ធ្វើឲ្យយើងស្លុង អារម្មណ៍ ចូលតួ និងជ្រួតជ្រាបនូវមនោសញ្ចេតនារបស់តួអង្គសំខាន់ៗបានយ៉ាងងាយ ដោយឥតប្រកែកបាន។ ជាក់ស្តែងយើងយល់អារម្មណ៍របស់តួអង្គ Belle ដែលសេចក្តី ស្នេហាបានកកំណើតឡើងបន្តិចម្តងៗ នៅក្នុងក្រអៅបេះដូងរបស់នាង ហើយយើងក៏ យល់ពីកាយវិការដ៏ទន់ភ្លន់របស់តួអង្គសត្វកំណាច ដែលបេះដូងគេកាន់តែទន់ជ្រាយ ទៅៗ បន្ទាប់ពីបានស្គាល់អ្វីដែលហៅថា ស្នេហាពិត។

តារាសម្តែង Emma Watson ស័ក្តិសមនឹងតួអង្គ Belle ខ្លាំងណាស់។ នាងជា Belle ដែលស្អាតបំផុត មានអត្តសញ្ញាណ មានភាពលេចធ្លោ មាននិស្ស័យចចេសរឹងរូស តែមានមន្តស្នេហ៍ឆាបឆក់គួរឲ្យស្រឡាញ់។ ចំណែកតួអង្គសត្វកំណាចដែលសម្តែង ដោយ Dan Stevens ក៏ទទួលស្គាល់ថា សង្ហា ទោះជាឃើញមុខពិតតែប៉ុន្មានឈុតក៏ ដោយ តែកាយវិការដែលសម្តែងតាមរយៈខ្សែភ្នែកនោះ គឺជាអ្វីដែលអត់សរសើរមិន បានពិតមែន។ រីឯតារាសម្តែង Luke Evans ដែលសម្តែងជាតួអង្គ Gaston ក៏សង្ហាមិន ធម្មតា សង្ហាបែបពិសពុល រូបកាយសង្ហាតែចិត្តអាក្រក់ ប៉ុន្តែក៏មានមន្តស្នេហ៍ឆាបឆក់ បេះដូងគួរឲ្យខ្លាច។ 😱😂😱😂

ចំណែកបច្ចេកទេសប្រើក្រាហ្វិកកុំព្យូទ័របញ្ជាឲ្យទៀន នាឡិកា ប៉ាន់តែ ពែងតែ ដើរ បាន និយាយបាន… ចាត់ទុកជាធាតុដ៏សំខាន់មួយ ដែលធ្វើឲ្យរឿងទាំងមូលកាន់តែ គួរឲ្យចង់មើល ព្រោះក្រាហ្វិកល្អ សម ស្តែង ពិសេសតួអង្គវត្ថុទាំងនោះមានបុគ្គលិក លក្ខណៈច្បាស់លាស់ មិនភ្លាវ និងសុទ្ធតែគួរឲ្យស្រឡាញ់។ នេះមិនទាន់និយាយពី ការរៀបចំឆាក ក្រាហ្វិកប្រាសាទ និងការច្នៃម៉ូដសម្លៀកបំពាក់នៅក្នុងសម័យកាល ដែលរឿងបានកើតឡើងផង។

សរុបមក BEAUTY AND THE BEAST គឺជាខ្សែភាពយន្តមួយដែលមិនគួរមើលរំលង សម្រាប់យុវវ័យទាំងឡាយ ទាំងអ្នកដែលកំពុងមានស្នេហា និងមិនទាន់មានស្នេហា ឬសូម្បីតែអ្នកស្រឡាញ់ការសិក្សា ការរៀនសូត្រ ពិសេសស្រីៗដែលចូលចិត្តអានសៀវ ភៅ អានប្រលោមលោក… ពេលទស្សនារឿងនេះចប់ ស្នេហានឹងកកើតឡើងដោយ ឯងៗ ពេញក្រអៅបេះដូងមិនខានឡើយ 😘😘 ។ គ្រប់គ្នានឹងមិនស្តាយលុយទេ សូម្បី តែមួយសេន ព្រោះគ្រាន់តែទៅអង្គុយមើលមុខតួសម្តែងស្អាតៗ សង្ហាៗ និងស្តាប់ ចម្រៀងពីរោះៗ ក៏លើសតម្លៃសំបុត្រទៅហើយ! ចុះទម្រាំតែគិតពីតម្លៃនៃខ្លឹមសាររឿង ទាំងមូល បូករួមទាំងទេពកោសល្យសម្តែងដ៏ល្អឥតខ្ចោះរបស់តួអង្គនីមួយៗទៀត? ខ្ញុំ ជឿថា អ្នកដែលចំណេញកប់ក្តោងគឺទស្សនិកជន!!! 😉😉 មួយទៀត បើអ្នកទាំងអស់គ្នា មានពេលវេលាគ្រប់គ្រាន់ កុំភ្លេចរកមើលរឿង «នាងពៅម្លិះលា» របស់ខ្មែរដែលមាន នៅក្នុងយូធូបស្រាប់ ហើយកុំភ្លេចមកនិយាយប្រាប់វិញផង ថារឿងទាំងពីរដូចគ្នា និង ខុសគ្នាដូចម្តេចខ្លះ?

Advertisements

Read Full Post »