Feeds:
ប្រកាស
មតិ

Posts Tagged ‘មឹក’


ផ្កាយ​NoVeLs*– សួ​ស្តី​ប្រិយ​មិត្ត​អ្នក​​និពន្ធ​វ័យ​ក្មេង​ទាំង​អស់​។ មួយ​​រយៈ​នេះ​ យើងដូច​ជា​បែក​គ្នា​យូរ​ក្នុង​ទំព័រ​វិជ្ជា​ធ្វើ​ម្ហូប​។ ហាសហា នេះ​ក៏​ដោយ​សារ​ពេល​នេះ​ អ្នក​និពន្ធ​វ័យ​ក្មេង​លែង​រស់​នៅ​ម្នាក់​​ឯង​ដូច​មុន​ហើយ! រាល់​​មុខ​ម្ហូប​ទាំង​អស់​ អ្នក​ម្តាយ​ខ្ញុំ​ជា​អ្នក​ទទួល​រ៉ាប់​រង​វិញ​ម្តង​។ ទោះ​យ៉ាង​ណា​ ដោយ​សារ​ខ្ញុំ​ស្រឡាញ់​ការ​ធ្វើ​ម្ហូប​ ដូច្នេះ​ខ្ញុំ​​នឹង​មិន​ទុក​ឲ្យ​ទំព័រ​នេះនៅ​ឯកោ​យូរ​ទេ។ ដូច្នេះ​ថ្ងៃ​នេះ​ ខ្ញុំ​សូម​ណែ​នាំ​បាយ​ឆា​មួយ​មុខ​ដែល​ខ្ញុំ​ចូល​ចិត្ត​ញ៉ាំ​ជា​ប្រចាំ​​ នោះ​គឺ​ បាយ​ឆា​តុមយ៉ាំ​គ្រឿង​សមុទ្រ​។

បាយ​ឆា​តុម​យ៉ាំ​គ្រឿង​សមុទ្រ​១

ចង់​ដឹង​ថា ដើម្បី​ទទួល​បាន​បាយ​ឆា​នេះ​​មួយយ​ចាន ​គេ​ធ្វើ​ដូច​ម្តេច​ខ្លះ​នោះ សូម​មក​តាម​ដាន​ជាមួយ​ខ្ញុំ​ទាំង​អស់​គ្នា​!

  • គ្រឿង​ផ្សំ​

១. បាយ​ស​, ២. មឹក, ៣. បង្គា​, ៤. គ្រែង​(គ្រំសមុទ្រ), ៥. ផ្សិត​ចំបើង​, ៦. រំដេង​, ៧. គល់​ស្លឹក​គ្រៃ, ៨. ស្លឹក​ក្រូច​សើច​, ៩. ខ្ទឹម​ចិញ្រ្ចាំ​, ១០. ម្ទេស​ចង្អុល​មេឃ​ហាន់​, ១១. ម្ទេស​ចិញ្ច្រាំ​ឆា​​, ១២. ទឹក​ត្រី​, ១៣. ស្ករស, ១៤. ប្រេង​ឆា​, ១៥. បន្លែ​បន្ថែម៖ ក្រូច​ឆ្មារ​, ជីរ​នាង​វង​,​សាលាដ។

បាយ​ឆា​តុម​យ៉ាំ​គ្រឿង​សមុទ្រ​២

  • វិធី​ធ្វើ​

ដំបូង​ដាក់​​ខ្ទះ​ឲ្យ​ក្តៅ​ ចាក់​​ប្រេង​ឆា ​និង​ខ្ទឹម​ចិញ្ច្រាំចូល​​។ លីង​ខ្ទឹម​ឲ្យ​ឈ្ងុយ​ រួច​យក​គ្រឿង​សមុទ្រ​មក​ឆា​ មាន​ដូច​ជា​ មឹក បង្គា​ ​និង​គ្រែង។ ឆា​ពីរ​បី​ត្រឡប់​​ ដាក់​ផ្សិត​ចំបើង​ រំដេង​ គល់​ស្លឹក​គ្រៃ​ ស្លឹក​ក្រូច​សើច​ចូល​។ បន្ទាប់​មក​ឆា​ត្រឡប់​ទាល់​តែ​ផ្សិត​ចំបើង​ឆ្អិន​។

បាយ​ឆា​តុម​យ៉ាំ​គ្រឿង​សមុទ្រ​

បន្ថែម​រសជាតិ​ ដល់​បាយ​ឆា​តុម​យ៉ាំ​គ្រឿង​សមុទ្រ​ដោយ ​ម្ទេស​ចិញ្ចាំ​ឆា​។ ផ្សំ​រស​ជាតិ​ដោយ​ទឹក​ត្រី និង​ស្ករ​ស​ ឲ្យ​សម​ល្មម​តាម​ចំណង់​ចំណូលចិត្ត​ រួច​ឆា​ត្រឡប់​ឲ្យ​ចូល​រស​ជាតិ​​គ្នា​។ ចុង​ក្រោយ​ចាក់​បាយ​ស​​ចូល​ រួច​ឆា​ត្រឡប់​ឲ្យ​ចូល​គ្នា​ ដាក់​ម្ទេស​ចង្អុល​មេឃ​ដែល​បាន​​ហាន់​ទុក​​ចូល​​ជា​ការ​ស្រេច​។ ត្រូវ​ចាំ​ថា បាយ​ឆា​ដែល​ឆ្ងាញ់​ ត្រូវ​ប្រើ​បាយ​ត្រជាក់​ ឬ​បាយ​ដែល​ច្រក​​ក្លាស្សេ​​ទុក​មួយ​យប់​។

បាយ​ឆា​តុម​យ៉ាំ​គ្រឿង​សមុទ្រ​(សិល្បៈ)

​បន្ទាប់​ពី​បាយ​ឆ្អិន​ បិទ​ភ្លើង​ ដួស​ដាក់​ចាន​ រួច​រៀប​លម្អ​បន្ថែម​សោភ័ណ​ភាព​ដោយ​ក្រូច​ឆ្មារ​ ​ស្លឹក​ខ្ទឹម​ ជីរ​នាង​វង ​និង​សាលាដ​។​ ឥឡូវ​យើង​បាន​បាយ​ឆា​តុមយ៉ាំ​គ្រឿង​សមុទ្រ​ហើយ តើ​គ្រប់​គ្នា​ត្រៀម​ខ្លួន​ដើម្បី​ភ្លក្ស​ហើយ​ឬនៅ?? 😛

បាយ​ឆា​តុម​យ៉ាំ​គ្រឿង​សមុទ្រ​៩

Read Full Post »