Feeds:
ប្រកាស
មតិ

Posts Tagged ‘វង់​ផឿង’


៤ក្បាលខែមុន+១០ក្បាលខែនេះ 😀

ផ្កាយNoVeLs*– ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តអានសៀវភៅខ្លាំងណាស់។ គ្មានមិត្តភក្តិ យ៉ាងហោចណាស់ក៏មានស្រមោល និងសៀវភៅនេះហើយ គ្រាន់កំដរគ្នាពេលអផ្សុក 😀 ។ តោះ! ឥឡូវមកមើលទាំងអស់គ្នាថា សៀវភៅដែលខ្ញុំត្រូវអានប្រចាំខែនេះមានអ្វីខ្លះ ដើម្បីកុំឲ្យប្រិយមិត្តខ្លះ ចេះតែឆ្ងល់ថា តើអ្នកនិពន្ធធ្វើស្អីខ្លះពេលទំនេរ? បើអានសៀវភៅ តើអានសៀវភៅប្រភេទណា?

ដោយសារខ្ញុំចង់សាងកេរ្តិ៍ឈ្មោះឲ្យល្បី ជាអ្នកនិពន្ធផ្នែក រឿងក្តីចារកម្ម ឃាតកម្ម ឬស៊ើបអង្កេត ដូច្នេះខ្ញុំក៏តែងតែប្រមូលទិញសៀវភៅប្រភេទនេះ មកអានឲ្យច្រើនបំផុតតាមដែលអាចធ្វើបាន ព្រោះបើមិនបានល្បីដូច Stephen King របស់អាមេរិក ក៏សុំត្រឹម វង់ ផឿង បិតារបស់កំពូលបុរស អច្ឆរិយា ក.០០៥ ក៏បាន!! (ស្រមៃខ្ពស់ណាស់ អ្នកនិពន្ធនេះ!! 😛 )

សៀវភៅដែលខ្ញុំទិញសម្រាប់ខែនេះមានចំនួន ១០ក្បាល អស់លុយ ៧០ដុល្លារត្រឹម គឺអស់ប្រាក់ខែនិស្សិតជិតពាក់កណ្តាល! អូយយយ… ម៉ែអើយ ខែនេះកូនច្បាស់ជាញ៉ាំមីកញ្ចប់ទៀតហើយ!! 😥

«ឃិនដៈអ៊ីជិ, កំពូលអ្នកស៊ើបអង្កេត» ជាស្នាដៃនិពន្ធរបស់ យ៉ូកូមិស៊ុ សេឈិ(横溝正史 Yokomizo Seishi ?) គឺជាស៊េរីរឿងស៊ើបអង្កេតរបស់ជប៉ុនដ៏ល្បីល្បាញមួយ ដែលអ្នកចូលចិត្តអានរឿងប្រភេទនេះ នៅលើពិភពលោកភាគច្រើន គឺសុទ្ធតែស្គាល់ទាំងអស់។ រឿងនេះមានច្រើនភាគណាស់! ធ្វើអ្នកអាន តែដេញតាមមិនទាន់អ្នកបោះពុម្ពគឺគួរឲ្យក្តៅចិត្តមែនទែន! ខែមុនខ្ញុំទិញអានបាន៤ភាគហើយ ខែនេះតាមបាន១០ភាគទៀត និងសង្ឃឹមថាខែក្រោយ អាចតាមបាន១១ទៀតទៅចុះ ដើម្បីតាមឲ្យទាន់រោងពុម្ពតែម្តង!! (ស៊េរីរឿងនេះ មាន៧៧រឿងក្តី, និងទើបតែបោះពុម្ពជាភាសាថៃបាន ២៥ភាគ ប៉ុណ្ណោះ)។

ឥឡូវនាំគ្នាមកស្គាល់ «ឃិនដៈអ៊ីជិ» ទាំង១៤ភាគជាមួយខ្ញុំ!

១. រឿងក្តីឃាតកម្មក្នុងត្រកូល អ៊ិនុង៉ាមិ ((「犬神家の一族」, Inūgamike nō Ichizōkū, 犬神家の一族?)) ជាភាគទី១នៃប្រលោមលោកស៊ើបអង្កេតរឿង ឃិនដៈអ៊ីជិ កំពូលអ្នកស៊ើបអង្កេត ដែលទទួលបានការសរសើរពីសំណាក់អ្នកអានទូទៅថា ជាភាគមួយដែលល្អបំផុត។

២. រឿង ភូមិផ្នូរប្រាំបី(八つ墓村 ?) ជាភាគទី២នៃស៊េរី ដែលចាប់ផ្តើមនិយាយពី ថៈសឹយៈ ត្រឡប់ទៅភូមិកំណើត ឈ្មោះភូមិ ផ្នូរប្រាំបី ដើម្បីទៅទទួលមរតក ប៉ុន្តែពេល ថៈសឹយៈ ទៅដល់ស្រាប់តែកើតមានរឿងឃាតកម្មកើតឡើងជាបន្តបន្ទាប់ រហូតអ្នកភូមិនាំគ្នាសង្ស័យលើរូបគេ ព្រោះឪពុករបស់ ថៈសឹយៈ ធ្លាប់បង្ករឿងសោកនាដកម្មសម្លាប់មនុស្សបរិសុទ្ធដល់ទៅ ៣២នាក់ ហើយក៏គេចខ្លួនបាត់ទៅ។ ថៈសឹយៈ ព្យាយាមពិសោធថា ខ្លួនឯងជាមនុស្សបរិសុទ្ធ ប៉ុន្តែរឿងរ៉ាវកាន់តែរីកធំទៅៗ រហូតអ្នកស៊ើបអង្កេត ឃិនដៈអ៊ីជិ មកដល់ភូមិនេះ ទើបរកឃើញសារហេតុដែលនាំឲ្យកើតរឿងរ៉ាវទាំងនោះឡើង។

៣. រឿង ចម្រៀងបិសាច(悪魔が来りて笛を吹く ?) គឺជាភាគ៣នៃស៊េរី ដែលចាប់ផ្តើមពីការបាត់ខ្លួនរបស់ ស៊ុបាគិ ហ៊ិដេះស៊ុកិ ហើយក៏មានមនុស្សប្រទះឃើញសាកសពរបស់គេនៅក្នុងព្រៃ ថាស្លាប់ដោយសារជាតិពុលមួយប្រភេទ ដែលជាប្រភេទតែមួយនឹងជាតិពុល ដែលឧក្រិដ្ឋជនប្រើក្នុងការប្លន់ហាងពេជ្រកាលពីប៉ុន្មានឆ្នាំមុន។ ហេតុការណ៍កាន់តែស្មុគស្មានឡើងនៅពេលស៊ើបដឹងថា ហ៊ិដេះស៊ុកិ ធ្លាប់ជាជនសង្ស័យនៅក្នុងរឿងក្តីប្លន់ហាងពេជ្រ។ ក្រៅពីនេះ មិនិកុ កូនស្រីរបស់គេ ក៏មិនជឿថា សាកសពនោះជាឪពុករបស់នាង ព្រោះមុខមាត់បានផ្លាស់ប្តូរដូចមនុស្សផ្សេងគ្នា ទើបមិនិកុមកស្នើសុំឲ្យ ឃិនដៈអ៊ីជិ ជួយស្វែងរកការពិត។ ពេលកំពុងធ្វើការស៊ើបអង្កេតមានរឿងហេតុការណ៍ជាច្រើនកើតឡើង ដោយគ្រប់រឿងសុទ្ធតែពាក់ព័ន្ធនឹង «បិសាច» មិនថាសំឡេងផ្លុំខ្លុយដែលលាន់ឮដោយឯកឯង មានមនុស្សស្លាប់ក្នុងបន្ទប់ជាប់សោ ដោយមានត្រាបិសាចនៅក្បែរខ្លួនសាកសព ជាដើម ហើយគ្រប់យ៉ាងដែលទាក់ទងនឹងបិសាចទាំងនេះ សុទ្ធតែពាក់ព័ន្ធនឹង ហ៊ិដេះស៊ុកិ ទាំងអស់។

៤. រឿង គ្រូខ្មោចមរណៈ(迷路の花嫁 ?) គឺជាភាគទី៤ នៃស៊េរី មានចំហាយក្លិននៃសិល្បិ៍សាស្ត្រអូមអាម របស់ជប៉ុន មកបង្កបរិយាកាសឲ្យរឿងកាន់តែព្រឺរោម គួរឲ្យភ័យរន្ធត់ថែមមួយកម្រិតទៀត។ រឿងក្តីនេះចាប់ផ្តើមដោយគ្រូសិល្ប៍ម្នាក់ឈ្មោះ អ៊ុង៉ាក់ជិន ខុសឹរិកុ ដេកស្លាប់នៅក្នុងផ្ទះ មានស្នាមកាំបិតឆូតពេញរាងកាយ និងឆ្មា៥ក្បាលកំពុងដើរលិឍឈាមទៅមកជុំវិញសាកសព ហើយឆ្កែនៅក្នុងផ្ទះមានគេដាក់ថ្នាំបំពុលសម្លាប់។ នៅក្នុងការស្លាប់ដ៏គួរឲ្យព្រឺរន្ធត់លើកនេះ មានជនសង្ស័យជាច្រើននាក់មិនថាជា ថាថេបិ ថៈមុង គ្រូសិល្ប៍ដែលប្រើឥទ្ធិពលរបស់ខ្លួនបង្គាប់ឲ្យគ្រូសិល្ប៍ស្រីនៅក្នុងក្រុម តបស្នងសេចក្តីសុខជូន ធ្វើឲ្យគ្រូសិល្ប៍ស្រីផ្សេងៗទៀតនាំគ្នាច្រណែនឈ្នានីស រួមទាំងកូនក្រមុំជិតរៀបការ ថាឃិង៉ាវ៉ាក់ ខៀវកុ ដែលមានគេប្រទះឃើញនាងនៅក្បែរកន្លែងកើតហេតុ។ តើនរណាគឺជាឃាតករពិត? ឬចុងក្រោយរឿងក្តីនឹងក្រឡាប់ចាក់ ដូចរឿងក្តីផ្សេងៗទៀតដែល ឃិនដៈអ៊ីជិ ធ្លាប់ស៊ើបអង្កេតមក?

៥. ភាគ៥ រឿង ក្តីឃាតកម្មលើកោះ កុគុម៉ុន(獄門島 ?)

៦. ភាគ៦ រឿង ចេតិយកំពូលបី(三つ首塔 ?)

៧. ភាគ៧ រឿង ក្តីឃាតកម្មបទចម្រៀងកូនបាល់បិសាច(悪魔の手毬唄 ?)

៨. ភាគ៨ រឿង កុំចេញដើរពេលកណ្តាលអធ្រាត្រ(夜歩く ?)

៩. ភាគ៩ រឿង ក្នុងបន្ទប់បិទចោល(本陣殺人事件 ?)

១០. ភាគ១០ រឿង ភូមិគ្រឹះគិរីបព៌ត(迷路荘の惨劇 ?)

១១. ភាគ១១ រឿង បុរសវិញ្ញាណ(幽霊男 ?)

១២. ភាគ១២ រឿង មេអំបៅជញ្ជក់ឈាម(吸血蛾 ?)

១៣. ភាគ១៣ រឿង មេអំបៅអមតៈ(不死蝶 ?)

១៤. ភាគ១៤ រឿង ស្តេចមេឃ្មុំ(女王蜂 ?)

          ***ព័ត៌មានលម្អិត សូមរង់ចាំតាមដានភាគបន្តបន្ទាប់ទៀត ក្រោយពេលអ្នកនិពន្ធអានចប់!! 😀

Read Full Post »