Feeds:
ប្រកាស
មតិ

Posts Tagged ‘វត្ត​ខ្មែរ’


 

រូបភាព​ពី Google

រូបភាព​ពី Wiki

ផ្កាយ​NoVeLs*–ក្នុងថ្ងៃឆ្លងឆ្នាំកន្លងទៅនេះខ្ញុំនិងមិត្តភក្តិបានធ្វើដំណើរកម្សាន្តទៅ កាន់​ទឹក​ដី ព្រៃនគរអតីតដែនដីខ្មែរដែលត្រូវលេបត្របាក់ដោយប្រទេសជិតខាង ដែល​អាណា​ព្យាបាល​យើង​នៅតែចាត់ទុកជាមហាមិត្តម៉ឺនឆ្នាំគ្មានថ្ងៃសាបរលាប។

ដំណើរកម្សាន្តលើកនេះ គឺជាដំណើរកម្សាន្តសុទ្ធសាធ។ មិនមែនជាទស្សនកិច្ចសិក្សា មិន​មែន​ជា​ការស្រាវជ្រាវ តែជាដំណើរទស្សនាចរណ៍ជាមួយសៀវភៅមគ្គុទ្ទេសក៍ ប៉ុន្មាន​ក្បាល​ដែល​ខ្ញុំ​ដាក់​ជាប់​តាមខ្លួនជាមួយដើម្បីសិក្សាស្វែងយល់ អំពីភូមិប្រវត្តិរបស់ទីកន្លែងនីមួយៗដែលខ្ញុំនឹងទៅដល់។

អាចជារឿងចៃដន្យ ឬសំណាង មិត្តភក្តិបរទេសម្នាក់របស់ខ្ញុំដែលដឹងដំណឹងថា ខ្ញុំ​នឹង​ត្រូវ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់ដែនដីរបស់អ៊ំហូក្នុងឆ្នាំថ្មីនេះ បានជូនកាដូសំបុត្រយន្តហោះពីរសន្លឹកមកឲ្យខ្ញុំ។ ដំបូងឡើយ ខ្ញុំគិតថានឹងធ្វើដំណើរតាមរថយន្តទេ ព្រោះ​ជា​ដំណើរ​កម្សាន្ត​លើក​ដំបូង​ទៅ​កាន់​ប្រទេស​នោះ ​ទើប​ចង់​    ឃើញទេសភាព និងជីវភាពប្រជាជនដែលរស់នៅតាមដងផ្លូវឲ្យបានច្រើន។

ខ្ញុំសូមផ្អាកនិយាយពីរឿងការធ្វើដំណើរត្រឹមនេះសិន ព្រោះអត្ថបទនេះខ្ញុំចង់ផ្តោត សំខាន់​លើ​វត្ត​ចន្ទរង្សី​ដែល​ជា​វត្តខ្មែរមួយស្ថិតនៅកណ្តាលក្រុងព្រៃនគរ។ បន្ទាប់ពីអត្ថបទនេះ បើ​សិន​ជា​មាន​ពេល​ ខ្ញុំ​នឹង​និយាយ​លម្អិតបន្ថែមពីការធ្វើដំណើរ របស់ខ្ញុំ ឬជា Travel Review ដើម្បី​អាច​ប្រើ​​ជា​​ប្រយោជន៍​​ខ្លះៗ​​សម្រាប់​​អ្នក​​ដែល​ចង់​ធ្វើ​ដំណើរទៅកាន់អតីតក្រុងខ្មែរមួយនេះ។

ថត​រូប​អនុស្សាវរីយ៍​នៅខាង​មុខ​ខ្លោង​ទ្វារ​វត្ត​

ថត​រូប​អនុស្សាវរីយ៍​នៅខាង​មុខ​ខ្លោង​ទ្វារ​វត្ត​

នៅថ្ងៃចុងក្រោយនៃដំណើរកម្សាន្តនេះ ខ្ញុំបានឆ្លៀតពេលដើម្បីដើរស្វែងរកវត្ត ចន្ទរង្សី​ដែល​ខ្ញុំ​ធ្លាប់​ដឹង​ឮ​ប្រវត្តិខ្លះៗពីមុនរួចមកហើយ។ ខ្ញុំស្គាល់អាសយដ្ឋានវត្តនេះច្បាស់ណាស់​ ព្រោះបានស្វែងរកតាម Google Map តាំងពីនៅស្រុកខ្មែរម្ល៉េះ។ ប៉ុន្តែ​ពេល​មក​ដល់​ហូជីមិញ ខ្ញុំ​មិន​គិត​ថា​នឹង​មាន​ពេល​ដើម្បី​ទៅ​រក​វត្ត​នេះ​ទេ ព្រោះនៅមានកន្លែងកម្សាន្តផ្សេងៗជាច្រើនទៀត ដែលខ្ញុំពុំទាន់បានទៅ។ តែ​ចិត្ត​មួយ​ក៏​គិត​ថា បំណាច់​​ជា​​មក​ដល់​​​ទៅ​​​ហើយ ខ្ញុំ​ត្រូវ​តែ​ទៅ​ឱ្យ​ដល់​វត្ត​នេះ។

ដោយគ្មានគម្រោងច្បាស់លាស់ ទើបការធ្វើដំណើរដោយថ្មើរជើងទៅកាន់ វត្ត​នេះ​ត្រូវ​ប្រើ​ពេល​មួយ​ទ្វេ​ជា​បី ព្រោះខ្ញុំនិងមិត្តភក្តិធ្លាប់ដើរក្រវែលៗ​វត្តនេះប៉ុន្មានដងដែរ តែ​មិន​នឹក​ភ្នក​សោះ​ថា​ខ្លួន​បាន​ដើរ​មក​ដល់​ជិត​វត្ត​នេះ។ លុះដើរចេញ ឆ្ងាយពីវត្តនេះហើយ ទើប​នឹក​ឃើញ​មើល​ផែ​ន​ទី ហើយ​​​ដើរ​​ត្រឡប់​​មក​​កាន់​​ទី​តាំង ដែល​ធ្លាប់​ដើរឆ្លងកាត់ជាថ្មី។

ចន្ទរង្សី គឺជាវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរក្រោមមួយ ស្ថិតនៅចំកណ្ដាលរដ្ឋធានី ព្រៃនគរ ត្រូវ​បាន​កកើត​ឡើង​ដោយព្រះតេជព្រះគុណ ឡឹម ឯម នា ព. ស. ២៤៩១ គ. ស. ១៩៤៧ មកដល់ឆ្នាំ ២០១៥ នេះ មានអាយុ កាល ៦៨ ឆ្នាំហើយ។ បច្ចុប្បន្ន វត្តចន្ទរង្សី មាន អាសយដ្ឋាន លេខ 164/235 វិថី ត្រឹងវ៉ឹកថាវ សង្កាត់ទី ៣ ទីក្រុង ព្រៃនគរ (Số 164/235 quốc lộ Trần Quốc Thảo Quận 3 thành phố Hồ Chí Minh)។

IMG_9530

វត្តខ្មែរនៅកម្ពុជាក្រោម មិនមានសិទ្ធិសេរីភាពពេញលេញដូចវត្តខ្មែរ ឬ​បុរាណ​ដ្ឋាន ផ្សេងៗ​ទៀត​នៅ​ខេត្ត​សុរិន្ទ ក្នុងប្រទេសថៃសព្វថ្ងៃនោះទេ។ តាមអ្វីដែលខ្ញុំបានឃើញជាក់ស្តែង ទិដ្ឋ​ភាព​វត្ត​ខ្មែរ​មួយ​នេះ ស្ទើរ​តែ​បាត់​បង់​អត្តសញ្ញាណដើមទៅ​ហើយ។ ដើម្បី​រក្សា​អត្ថិភាព​របស់​ខ្លួន នៅ​តាម​ខ្លោង​ទ្វារ​វត្ត​ត្រូវ​សរសេរ​ដាក់​ថា «សមាគម​ពុទ្ធសាសនាវៀតណាម»។ ភាសា​ដែល​ប្រើ​នៅ​តាម​សេចក្តី​ប្រកាស​នានា ក្នុង​បរិវេណ​វត្ត​គឺ​ប្រើភាសាយួន។ មិនតែប៉ុណ្ណោះ នៅ​តាម​កុដិ​ខ្លះ​មាន​ឧបាសក ឧបាសិកា​​ពាក់​​មួក​​ដួន​​រស់​​នៅ​ ហាក់​ក្លាយ​ទៅជារឿងធម្មតាទៅហើយ។ ព្រះសង្ឃកំលោះៗខ្លះលែងខ្លួនទទេ​ខណៈ​ដែល​មាន​ឧបាសិកា​វ័យ​នៅ​ខ្ចីៗ រស់​​នៅ​​ឡូក​ឡំ។

រឿងមួយទៀតដែលគួរឲ្យសង្វេគជាទីបំផុតនោះ ដែល​ខ្ញុំ​ក៏​មិន​ដឹង​ថា​ជា​ចេតនា​របស់​រដ្ឋា​ភិបាល​វៀត​ណាម ឬ​ក៏​ជា​ការ​​ធ្វេស​​ប្រហែស​​របស់​​ពុទ្ធ​បរិស័ទនៅទីនោះ ក៏ទេដែរ… គឺ​គេ​បាន​យក​ព្រះ​ពុទ្ធ​រូប​វៀត​ណាម មក​​ដាក់​​ពាំង​បាំង​​ពី​​មុខ​​ព្រះពុទ្ធរូបខ្មែរ ព្រម​ទាំង​តម្កល់​ឱ្យ​មានកម្ពស់ខ្ពស់ជាងទៀត ដែល​ទង្វើ​នេះ​ហាក់​មាន​ចេតនា​លេប​ត្របាក់​អត្ត​សញ្ញាណ​ដើម​របស់​វត្ត​ខ្មែរ​បន្តិច​ម្តងៗ រហូត​នៅ ថ្ងៃ​ណា​មួយ​ វត្ត​នេះ​នឹង​គ្រប​ដណ្តប់​ទៅ​ដោយអត្តសញ្ញាណសិល្បៈ វប្បធម៌ និងសាសនារបស់វៀតណាមទៅវិញ។

សង្ឃឹមថា បងប្អូនខ្មែរកម្ពុជាក្រោមនៅទីនោះ នឹងមិនព្រងើយកន្តើយចំពោះចេតនា មិន​ល្អ​ណា​មួយ​របស់​រដ្ឋាភិបាលវៀតណាម ក៏ដូចជាប្រជាជនដែលរស់នៅតាមចំណុះជើងវត្តនៅទីនោះទេ៕

**រូបភាព​ទាំង​អស់​នេះ​ថតដោយ​ប្រើ​ទូរស័ព្ទ​ដៃ​ប៉ុណ្ណោះ ដូច្នេះ​គុណ​ភាព​មិន​ជា​ច្បាស់​ល្អ​នោះ​ទេ៖

IMG_9536

បម្រាម និង​ប្រកាស​ផ្សេងៗ​ដែល​សរសេរ​ជាភាសាវៀតណាម

IMG_9530

ព្រះពុទ្ធរូបវៀតណាមដែលគេយក​មកតម្កល់​ពាំងពីមុខព្រះពុទ្ធរូបខ្មែរ។ បើមើលពីក្រោយ ឬបានឃើញ​ជាក់ស្តែង​នឹង​ឃើញ​ថាព្រះពុទ្ធរូបខាងមុខ​នេះ​ គេតម្កល់​ឲ្យ​ខ្ពស់​ជាង​ព្រះពុទ្ធរូបខ្មែរ​កម្រិត​ណា…

IMG_9535

IMG_9532

រូបសំណាក​ព្រះ​មាតាព្រះពុទ្ធ​ក្នុង​រចនាបថវៀតណាម និង​បណ្ណាល័យ​នៅខាងក្រោយ

IMG_9534

ព្រះពុទ្ធរូបវៀតណាមនៅពាំងពីមុខ​ព្រះពុទ្ធរូបខ្មែរ និង​ដាក់តម្កល់ខ្ពស់​ជាង

IMG_9531

បណ្ណាល័យ

Read Full Post »