Feeds:
ប្រកាស
មតិ

Posts Tagged ‘វិធី​ធ្វើ​ម្ហូប’


តៅហ៊ូទ្រង់​គ្រឿង_archphkai

ផ្កាយNoVeLs*–  ជា​ធម្មតា​ប្លក់​នេះ​ ផ្សាយ​ពី​វិធីចម្អិន​ម្ហូប​តែ​ថ្ងៃ​ចុង​សប្តាហ៍​ប៉ុណ្ណោះ។ ប៉ុន្តែ​ដោយ​មួយ​រយៈ​នេះ​ អ្ន​ក​និពន្ធ​រវល់​ពេក​រកតែ​ដក​ឃ្លា​មិន​រួច​ ទើប​ថ្ងៃ​នេះ​សម្រេច​ចិត្ត​យក​វិធី​ចម្អិន​ម្ហូប​មួយ​មុខ​មក​ផ្សាយ​ជូន​ប្រិយ​មិត្ត​អ្នក​អាន​ដើម្បី​កុំ​ឲ្យ​ស្ងាត់​ពេក​។ ម្ហូប​ដែល​អ្នក​និពន្ធ​វ័យ​ក្មេង​នឹង​យក​មក​បង្ហាញ​ជូន​ប្រិយ​មិត្ត​ទាំង​អស់​នៅ​ពេល​នេះ​គឺ​ តៅ​ហ៊ូ​ទ្រង់​គ្រឿង​។

តៅ​ហ៊ូ​ទ្រង់​គ្រឿង​ ចាត់​ក្នុង​ប្រភេទ​អាហារ​សុខ​ភាព​ ដែល​បរិបូរ​​ទៅ​ដោយ​ប្រូតេអ៊ីនយ៉ាង​ច្រើន​ ​​​ព្រោះ​ប្រកប​ដោយ​គ្រឿង​ផ្សំ​​ដែលមាន​​គ្រប់​​​ទាំង​៥​ក្រុម​ មិន​ថា​​តៅ​ហ៊ូ​ ផ្សិតខ្មៅ​​ ពោត​ខ្ចី​​ ការ៉ុត​ ខ្ទឹម​បារាំង​ សាច់​ជ្រូកចិញ្ច្រាំ​ និង​គ្រឿង​ផ្សំ​​ផ្សេងៗ​ទៀត​ដែល​អ្នក​ទទួល​ទាន​​​ត្រូវ​ការ​។ ឥឡូវ​មក​មើល​គ្រឿង​ផ្សំ និង​វិធីធ្វើ​ទាំង​អស់​គ្នា! 😉

  • គ្រឿង​ផ្សំ​(គ្រឿង​ផ្សំ​ខ្លះ​ដាក់​ក៏​បាន​មិន​ដាក់​ក៏​បាន​តាម​ចូលចិត្ត​)

-តៅ​ហ៊ូ​ ២,៣​ ដុំ​ (កាត់​ជា​កង់ៗ​)

-បង្គា​ ១០០​ក្រាម​ (លាង​ឲ្យ​ស្អាត​ ហើយ​បក​សម្បក​)

-សាច់​ជ្រូក​ចិញ្ច្រាំ​ ១០០​ក្រាម​

-ការ៉ុត ​ហាន់​ជា​គ្រាប់​​បួន​ជ្រុង​ល្អិតៗ​ ៥០​ក្រាម​

-ខ្ទឹម​បារាំង​ ហាន់​ជា​គ្រាប់​បួន​ជ្រុង​ល្អិតៗ​ ៥០​ក្រាម​

-ពោត​​ខ្ចី ​ហាន់​ ឬ​ប្រឡេះ​គ្រាប់ ​៥០​ក្រាម​

-ផ្សិត​ខ្មៅ ហាន់​​ជា​ចំណិតៗ​ ៥០​ក្រាម​

-ស្លឹក​ខ្ទឹម​ កន្លះ​ចាន​ចង្កឹះ​(ហាន់​វែងៗ​)

-ផ្កាគូឆាយ​ កន្លះ​ចា​នចង្កឹះ​(ហាន់​វែងៗ)

-ខ្ទឹម​ស​ ចិញ្ច្រាំ​ ២​ស្លាប​ព្រា​

-ប្រេង​ខ្យង​ ២​ ស្លាប​ព្រា​

-ទឹក​ស៊ីអ៊ីវ ១ ស្លាប​ព្រាកាហ្វេ​

-ម្រេច​ ១/៤​ ស្លាប​ព្រា​កាហ្វេ

-ស្ក​ ១/៤ ស្លាប​ព្រាកាហ្វេ

-ម្សៅ​ឆា​ ១ ស្លាប​ព្រា (លាយ​ទឹក)

-ប្រេង​ឆា ​សម្រាប់​ចៀន ​និង​ឆា​

  •   វិធី​ធ្វើ​

១. ដាក់​ខ្ទះ​ ប្រើ​ភ្លើង​កណ្តាល​​ រង់​ចាំ​ឲ្យ​ប្រេង​ឆា​ក្តៅ​ យក​តៅ​ហ៊ូ​ដែល​ហាន់​ជា​កង់ៗ​មក​ចៀន​​ទាល់​តែលឿង​កន្លាត​ ទើប​បិទ​ភ្លើង​ហើយ​ស្រង់​ចេញ​ទុក​ឲ្យ​ស្រក់​​ប្រេង​ ហើយ​រៀប​ដាក់​ចាន​​ទុក​មួយ​ឡែកសិន​។

២. ធ្វើ​ទឹក​​​ផ្សំ​រស​ជាតិ​(Sauce)​ទុក​ស្រោច​ពី​លើ​តៅហ៊ូ ដោយ​ចាក់​ប្រេង​ឆា​ក្នុង​ខ្ទះ​​លើ​ភ្លើង​ខ្នាត​កណ្តាល​ រង់​ចាំ​ទាល់​តែ​ក្តៅ​ ដាក់​ខ្ទឹម​ចិញ្ច្រាំ​​ចូល​លីង​ទាល់​តែ​ឈ្ងុយ​ រួច​ដាក់​បង្គា និង​សាច់​ជ្រូក​ចិញ្ច្រាំ​ ឆា​ទាល់​តែ​ជិត​ឆ្អិន​។

៣. ដាក់​ការ៉ុត​ ខ្ទឹម​បារាំង​ ផ្សិត​ខ្មៅ​ ស្លឹក​ខ្ទឹម​  ផ្កាគូឆាយ​ និង​ គ្រាប់​ពោត​​ឆា​​ទាល់​តែជិត​​ឆ្អិន​ ផ្សំ​រស​ជាតិ​ដោយ​ប្រេង​ខ្យង​ ម្រេច​ និង​ស្ករ​ បន្ទាប់​មក​ទើប​ដាក់​ម្សៅ​ឆា​ដែល​យក​ទៅ​លាយ​ទឹក​ចូល​ ​កូរ​​ជាប់​រហូត​កុំ​ឲ្យ​ម្សៅ​​ស្អិត​ចូល​​គ្នា។ នៅពេល​ម្សៅ​រលាយ​ល្អ​ហើយ​ បន្ថែម​ភ្លើង​ឲ្យ​ខ្លាំង​​​​ ឆា​ត្រឡប់​ឲ្យ​រហ័ស​ រហូត​ទាល់​តែ​​គ្រឿង​ផ្សំ​គ្រប់​យ៉ាង​ចូល​គ្នា​ល្អ​ទើប​បិទ​ភ្លើង​។

៤. ចាក់​ទឹកផ្សំ​រសជាតិ(Sauce)ដែល​បាន​ធ្វើ​​នេះ​ ​​ទៅ​លើ​តៅ​ហ៊ូ​ចៀន​ដែល​រៀប​ដាក់​ចាន​មុន​​នោះ​ ឬ​យក​តៅ​ហ៊ូ​ទៅ​ឆា​ជា​មួយ​​គ្នា​ក្នុង​ដំណាក់កាល​ទី​៣​ក៏​បាន​៕

Read Full Post »