Feeds:
ប្រកាស
មតិ

Posts Tagged ‘វិភាគកុន’


ផ្កាយNoVeLs*– បើទស្សនា​បែបមិនវិភាគ ខ្សែភាពយន្ត​រឿង Mother! ២០១៧ គឺ​ជារឿង​​ដែល​និយាយ​ពីស្វាមី(សម្តែងដោយ លោក Javier Bardem) និង​ភរិយា (សម្តែង​ដោយ នាង Jennifer Lawrence) មួយ​គូ ដែល​រស់​នៅ​ក្នុង​ផ្ទះ​ធំ​មួយ​កណ្តាល​ព្រៃ។ ពួក​គេ​រស់​នៅ​ដោយ​​មាន​សុភមង្គល តែសុខៗ​ក៏មាន​ភ្ញៀវ​ដែល​​​មិន​ធ្លាប់ស្គាល់ (សម្តែង​ដោយ​លោក Ed Harris និង​លោកស្រី Michelle Pffeifer) ចូល​មក​ក្រឡុក​ជីវិត​គូស្រករ​អ្នក​ទាំង​ពីរ​ឲ្យ​ក្រឡាប់​ចាក់។ ពួក​គេរស់​នៅ​ក្នុង​ព្រៃ​​ឆ្ងាយ​ដាច់​​ពីគេ​ឯង​​ ​ក៏​ព្រោះ​​តែ​បុរសជាប្តីគឺ​ជាអ្នកនិពន្ធ​ដែលត្រូវការកន្លែង​ស្ងប់ស្ងាត់​ដើម្បី​សរសេរ​រឿង​​​។​ ថ្ងៃ​មួយ ​ក៏​មាន​ភ្ញៀវ​ដែល​មិន​បាន​អញ្ជើញ​មក​សុំ​ស្នាក់​នៅ​ផ្ទះ​នេះ​ ដោយ​យល់​ច្រឡំ​ថា​​ជា​សណ្ឋាគារ។ បុរស​ជាប្តី​​ផ្តល់​ការស្វាគមន៍​យ៉ាង​កក់​ក្តៅ តែ​ភរិយា​មិន​សូវ​ជា​ពេញចិត្ត​ប៉ុន្មាន​ទេ។ នៅពេល​ផ្ទះ​មួយ​ខ្នង​នេះ​ មាន​ភ្ញៀវ​ចូល​មកដល់​កាន់​តែច្រើន​ឡើងៗ ភាពចលាចល រញ៉េរញ៉ៃក៏តាម​មក​ដែរ ដោយ​ធ្វើ​ឲ្យ​ភរិយាកើត​ទុក្ខ​ពិបាកចិត្តជាលំដាប់។ ទីបំផុត​ វិនាសកម្មដ៏ធំ​​នឹក​ស្មាន​មិន​​ដល់​​ក៏​ផ្ទុះ​ឡើង!

ខ្សែភាពយន្ត​នេះ​ ផ្តើមរឿង​​ដោយ​បង្ហាញ​​ត្រង់​​​ឈុត​មួយ ​មាន​នារី​ម្នាក់​ឆេះ​ក្នុង​ភ្លើង​​មួយ​ភ្លែត រួច​​ក៏​កាត់​ចូល​ទៅ​​តួ​ប្រុស​​កំពុង​កាន់​​ត្បូង​​មួយ​គ្រាប់ធំដាក់​ទៅ​លើ​ទម្រ​ក្នុង​ផ្ទះ​។ ផ្ទះ​ដែល​​ត្រូវ​ភ្លើង​ឆេះ​មុន​នេះ ​ក៏​ចាប់​ផ្តើម​មាន​សភាព​ល្អ​ស្អាត​ឡើង​វិញ​ ហើយ​ក៏​លេច​រូបភរិយាកំពុង​គេង​នៅ​លើ​គ្រែ​ក្នុង​បន្ទប់​(កាល​ពី​ដំបូង​គ្មានទេ)។ ត្រង់​ឈុត​នេះ​គឺ​ចង់​បង្ហាញ​ពី​ «ព្រះ​បង្កើត​លោក» ដោយ​បុរស​ជា​ស្វាមី​តំណាង​ឲ្យ​​ព្រះ​ ចំណែក​ភរិយា និង​ផ្ទះ ប្រៀប​បាន​ជាភព​ផែនដី ឬ​ព្រះ​ម៉ែ​ធរណី (Mother Earth)។ សុភមង្គល​របស់​គូ​ស្វាមី​ភរិយា​មួយ​គូ​នេះកាលគ្រាដំបូង ប្រៀប​បាន​​នឹង​ភព​ផែន​ដី​ ​​ពេល​មិន​ទាន់​មាន​មនុស្ស​រស់​នៅ​ គឺ​ស្រស់ស្អាត​បរិសុទ្ធ​ខ្លាំងណាស់។

លុះ​​ថ្ងៃ​មួយ​ក៏​មាន​ភ្ញៀវ​ដែល​មិន​បាន​អញ្ជើញ​ បាន​មក​ដល់​ផ្ទះ​នេះ​។ បុរសចំណាស់​ម្នាក់​ដែល​យល់​ច្រឡំ​​ថា​ទី​នេះ​ជា​សណ្ឋាគារ​ បាន​មក​សុំ​ស្នាក់អាស្រ័យ​​មួយ​រយៈ។ នាង​ជាភរិយាហាក់​​ខ្លាច​រអា​ និង​មិន​ទុក​ចិត្ត​បុរស​ម្នាក់​នេះ​សោះ និង​កាន់​តែ​មិន​ពេញចិត្តថែម​ទៀត​ កាល​បើ​ឃើញ​បុរស​នេះ​ជក់​បារី​ក្នុងផ្ទះ​​​ដោយ​មិន​ខ្លាចចិត្ត ឬ​យល់​មុខ​ដល់​ម្ចាស់​ផ្ទះ​សូម្បី​តែបន្តិច​(ការជក់​បារី​ក្នុង​​​ផ្ទះ ប្រៀប​បាន​នឹង​ការ​បំពុល​បរិស្ថាន និង​ភព​ផែនដីទាំងមូល​)។ ប៉ុន្តែ​ស្វាមី​របស់​នាង​​ហាក់​ត្រូវ​ដង​ត្រូវ​ផ្លែ​នឹង​បុរស​នេះ​យ៉ាង​ខ្លាំង​ ព្រម​ទាំង​​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ។​ ទន្ទឹម​នឹង​នេះ ភ្ញៀវម្នាក់​​​នេះ​ក៏​បាន​ប្រាប់ថា គេ​គឺ​ជា​អ្នក​គាំទ្រ​ស្នាដៃ​តែង​និពន្ធ​របស់​បុរស​ជាស្វាមី​​យ៉ាង​ងប់ងល់​ម្នាក់ដែរ។

បើ​ប្រៀប​ធៀប​ចំណុច​នេះ ​ទៅ​នឹង​​រឿងរ៉ាវ​នៃ​ការ​បង្កើត​លោក​របស់​ព្រះ​  បុរសម្នាក់​នេះ​គឺ​ជា Adam នោះ​ឯង​។ តាម​គម្ពីរ​ប៊ីប ព្រះ​បាន​បង្កើត​អាដាម​ជា​មនុស្ស​ដំបូង​ និង​បាន​ផ្តល់​ក្តីស្រឡាញ់ ទីស្នាក់អាស្រ័យ​ ពោល​គឺ​ភព​ផែនដី(ក្នុង​រឿង​គឺ​ផ្ទះ)​ទាំង​មូល​ដល់គេ។ ព្រះស្រឡាញ់​អាដាមដល់ថ្នាក់​​អនុញ្ញាត​ឲ្យ​​គេ​ចូល​ទៅ​​ក្នុង​សួន​ Eden ដែលជាកន្លែង​ភ្ជាប់ភពផែនដី និងឋានសួគ៌ ប៉ុន្តែ​មាន​បម្រាម​មួយ​គឺ​ហាម​បេះ​ផ្លែ​ប៉ោម​ញ៉ាំ​។ មិនខុសពីក្នុង​រឿង​ បុរស​ជាស្វាមី​បាន​អនុញ្ញាត​​ឲ្យ​ភ្ញៀវ​ចំណាស់​របស់ខ្លួន ​ចូល​ទៅ​ក្នុង​បន្ទប់​ធ្វើ​ការ តែ​ហាម​មិន​ឲ្យ​ប៉ះ​ពាល់​ត្បូង​ពេជ្រ​ដែល​ដាក់​តាំង​នៅ​ទីនោះ​​ជាដាច់​ខាត។

មួយ​រយៈ​ក្រោយ​មក​ ភ្ញៀវ​ទី​២​ក៏​មកដល់។ នោះ​គឺ​ប្រពន្ធ​របស់​បុរស​ចំណាស់ ដែល​ជាភ្ញៀវ​ដំបូង​ ​។ នាង​មក​សុំ​ស្នាក់​អាស្រ័យ​នៅ​ទីនេះ​ជាមួយ​ប្តីដែរ ហើយ​បុរស​ជា​ម្ចាស់​ផ្ទះ​ក៏​អនុញ្ញាត​ដោយ​ក្តី​ពេញ​ចិត្ត​។ យាយប៉ិ​ម្នាក់​នេះ​ និស្ស័យ​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ចូលចិត្ត​និយាយ​ចាក់ដោត​ដល់​ភរិយា​ម្ចាស់​ផ្ទះ​ មាន​ពេលខ្លះ​ក៏​និយាយ​ដល់​រឿង​ស៊ីជម្រៅថែមទៀត ដូចជារឿងរោលរាល​នៅ​​លើ​គ្រែជាដើម។ មែនហើយ យាយ​ប៉ិ​ម្នាក់​​នេះ ​គឺ​តំណាង​ឲ្យ​នាង Eve នារីដំបូង​ដែល​ព្រះ​បង្កើត​​ឡើងដើម្បី​​ធ្វើ​ជា​ដៃគូរបស់​អាដាម​នោះ​ឯង​។

យាយ​ម្នាក់​នេះ ​ព្យាយាម​ចូល​ទៅ​បន្ទប់​ធ្វើ​ការ​របស់​បុរស​ម្ចាស់​ផ្ទះ ​ដែលមាន​ត្បូង​​ពេជ្រ​នៅ​ទី​នោះ​ ម្តងហើយម្តងទៀត តែ​ត្រូវ​ភរិយា​ម្ចាស់​ផ្ទះ​ហាម​ឃាត់​មុន​។ លុះ​ពេល​ម្ចាស់ផ្ទះ​ភ្លេច​ខ្លួន យាយ​នេះក៏​នាំ​ប្តី​ចូល​ទៅ​ក្នុង​បន្ទប់​នោះ ហើយ​ថែម​ទាំងធ្វើ​ឲ្យ​ត្បូង​ពេជ្រ​នោះ​ធ្លាក់​បែក​ថែមទៀត​។ បុរសម្ចាស់ផ្ទះខឹងសម្បារយ៉ាងខ្លាំង បាន​​យក​ក្តារ​មកដំ​បិទ​បន្ទប់​នោះ​លែង​ឲ្យ​នរណា​ចូល​ទៅ​ទៀត។ ​ត្រង់​ឈុត​នេះ គឺ​ប្រៀប​ធៀប​ពេល នាងអ៊ីវ នាំ​អាដាម​ទៅ​បេះ​ផ្លែ​ប៉ោម​ញ៉ាំ​ ខុស​នឹង​បម្រាម​ព្រះ ហើយ​ព្រះ​ក៏​ដាក់​ទោស​ពួកគេ​ មិន​ឲ្យ​ចូល​ក្នុង​សួនអេដែនទៀត​។

ក្រោយ​ពី​ហេតុ​ការណ៍ធ្លាក់បែក​​ត្បូង​ ភរិយា​ម្ចាស់ផ្ទះ​សង្ឃឹមថា ស្វាមីរបស់ខ្លួន​នឹង​ដេញ​ភ្ញៀវ​ទាំង​​ពីរ​ចេញ​។ តែ​ខុស​ពី​ការគិត​ ស្វាមីរបស់នាងបានអភ័យ​ទោស​ឲ្យ​ពួក​គេ​ ធ្វើ​ឲ្យ​នាង​អស់សង្ឃឹម​នឹង​ស្វាមី​របស់ខ្លួន​យ៉ាង​ខ្លាំង។ មិន​តែប៉ុណ្ណោះភ្ញៀវ​ទាំងពីរ​​ នៅតែ​ហ៊ាន​​មាន​អីៗ​នឹង​គ្នា​ដោយ​​បើក​ចំហ​នៅ​ក្នុង​ផ្ទះ​នេះទៀត​។ មិន​ខុស​ពី​នៅ​ក្នុង​គម្ពីរ​ប៊ីប បន្ទាប់​ពី​អាដាម និង​អ៊ីវញ៉ាំ​ផ្លែប៉ោម​ហាម​ឃាត់​ហើយ ពួក​គេ​ក៏​រួម​សង្វាស​​គ្នា​ បង្កើត​កូន​ពូន​ចៅ​នៅ​លើ​ភព​ផែនដី​នេះ​។ ថ្វី​បើ​ពួក​​គេធ្វើ​ខុស តែព្រះ​​នៅ​តែ​លើក​លែង​ទោស​ឲ្យ​ពួក​គេ ហើយ​អនុញ្ញាត​ឲ្យ​រស់​នៅ​បន្ត​លើ​ភពផែនដីដែលមិន​ទាន់​ប្រលូក​ប្រឡាក់​ដោយ​អំពើ​បាប​នានា។

នៅ​ឈុត​បន្ទាប់ យើង​ក៏​មាន​ភ្ញៀវ​ដែល​មិន​បាន​អញ្ជើញ​មក​ដល់​ផ្ទះ​នេះ​បន្ថែម​ទៀត។​ នោះ​គឺ​កូន​ប្រុស​ទាំង​ពីរ​​របស់​ប្តីប្រពន្ធ​ចំណាស់​នោះ​។ កូន​ប្អូន​​លេច​មុខ​មក​មុន ​និយាយ​ពីរឿង​កេរមរតក​ជាមួយ​ឪពុក​ម្តាយ​។ កូន​បង​មក​ដល់​ដោយ​កំហឹង​ឆេះឆួល​ និយាយ​ថា ​ឪពុក​របស់ខ្លួន​កើត​ជំងឺ​មហារីកជិត​ស្លាប់ និង​​បាន​បែង​ចែក​កេរមរតក​មិន​ស្មើ​ភាព​ ទើប​ធ្វើ​ឲ្យ​រូប​គេ​​ខឹងបែប​នេះ​។ ការ​ឈ្លោះ​ប្រកែក​គ្នា​កាន់​តែខ្លាំង​​ឡើង​ៗ​ រហូត​ទីបំផុត​កូន​បង​បាន​យក​វត្ថុ​រឹង​វាយ​ក្បាល​ប្អូន​រហូត​​ស្លាប់​ពេល​យក​ទៅដល់​មន្ទីរពេទ្យ​។ បើ​ស្មាន​មិន​ខុស​ ហេតុ​ការណ៍​នេះ​ក៏​មាន​កើត​ឡើង​នៅ​​ក្នុងគម្ពីរ​ប៊ីបដែរ តែខ្ញុំ​ពុំ​បាន​ស្រាវជ្រាវលម្អិត​ទើប​មិន​ដឹង​ថា​នរណាតំណាង​ឲ្យ​នរណា។

ហេតុ​ការណ៍​នេះ​ បាន​បន្សល់​​ទុក​នូវស្នាម​ឈាមដិត​ជាប់​នៅ​លើ​ក្តារ​ពុក​ក្នុង​​បន្ទប់​នោះ​ ​ទោះ​បី​ភរិយា​​ម្ចាស់​ផ្ទះ​ជូត​​យ៉ាង​ណា​ក៏​មិន​ជ្រះ​។ មិន​តែ​ប៉ុណ្ណោះ ​វា​បាន​ជ្រាប​ទៅ​ដល់បន្ទប់​​​ក្រោម​ដី​។ នៅ​ពេល​តួ​ឯកស្រី​វាយ​ទម្លុះ​ជញ្ជាំង​​ដែល​បិទ​ជាប់​នោះ​ក៏ឃើញ​ជារូងងងឹត​មួយ​។ ស្នាម​​ឈាម​ដែល​​ជូត​មិន​ជ្រះ​ ខ្ញុំ​គិតថាជានិមិត្តរូប​នៃ​អំពើបាប​របស់​មនុស្ស​ ចំណែក​រូង​ងងឹត​ក្រោម​ដី ​គឺ​ជា​ឋាន​នរក​ដែល​ទើប​តែបើក​ចំហ​ទ្វារ​រង់​ចាំ​ទទួល​មនុស្ស​ដែល​ប្រព្រឹត្ត​នូវអំពើ​បាប។

បន្ទាប់​ពី​ស្វាមី​ជា​ម្ចាស់​ផ្ទះ ​ត្រឡប់​មក​ពី​មន្ទីរពេទ្យ​ដែល​កូ​ន​ប្រុស​របស់​ភ្ញៀវ​បាន​ស្លាប់​នៅ​ទីនោះ​ នារី​ជា​ភរិយា​សង្ឃឹមថា តទៅនេះ​ផ្ទះ​របស់​នាង​នឹង​មាន​តែភាព​ស្ងប់​សុខតែ​ប៉ុណ្ណោះ ប៉ុន្តែ​​នាង​គិតខុស! ព្រោះ​ផ្ទះ​របស់​នាង​ត្រូវ​ប្រើ​ជា​កន្លែង​ប្រមូល​ផ្តុំ​សាច់ញាតិ​របស់​គ្រួសារសព​ ហើយ​គ្រប់​គ្នា​ក៏​មក​ធ្វើ​ពិធី​រំឭក​ដល់​វិញ្ញាណ​ក្ខន្ធសព​នៅ​ផ្ទះ​របស់​នាង​។ ​ ​ភ្ញៀវ​​​ជាច្រើនបាន​មក​ចូល​រួម​នៅ​ក្នុង​​ពិធី​នេះ ​ និង​មាន​សញ្ជាតិ​ផ្សេងៗ​គ្នា មាន​ទាំង​ស្បែកស និង​ស្បែកខ្មៅ មានទាំងអាស៊ី និង​អឺរ៉ុបពេញ​ផ្ទះ​របស់នាងស្ទើរ​តែគ្មាន​កន្លែង​អង្គុយ​។ ខ្លះ​ក៏អង្គុយ​នៅ​លើ​អាង​លាង​ចាន​ដែលនាង​ហាម​​ឃាត់​ ព្រោះ​វា​មិន​រឹង​មាំ និង​មិន​ទាន់​ជួស​ជុល​ហើយ។ តែភ្ញៀវ​អស់​នោះ​នៅតែរឹងចចេស​​ ប្រឹង​​ធ្វើ​ផ្គើនដាក់​​នាង​ ដោយ​លោត​ទន្ទ្រាំ​លើ​អាង​លាង​ចាន​នោះ​ទៀត​ រហូត​ទីបំផុត​ក៏​បាក់ និង​​ធ្លាយទុយោ​​ទឹក​បាច​សាច​ពេញ​ផ្ទះ​។ តួឯកស្រី​ខឹង​ច្រឡោត​យ៉ាង​ខ្លាំង ​ក៏​ស្រែកដេញ​ភ្ញៀវ​ទាំង​អស់​ឲ្យ​ចេញ​ពី​ផ្ទះនាង​។ ហេតុ​ការណ៍​នេះ ខ្ញុំ​គិតថា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​កើន​ឡើង​នៃ​ចំនួន​មនុស្ស​លោក​ដែល​មាន​សញ្ជាតិ​ផ្សេងៗ​គ្នារស់​នៅពេញ​ភព​ផែនដី ហើយ​បាន​​ប្រព្រឹត្ត​អំពើ​បាប​​រៀង​រាល់​ថ្ងៃ រហូតពេល​មួយ​ក៏​ត្រូវ​ព្រះដាក់​ទោស​​ឲ្យ​មាន​ទឹក​ជំនន់ ​ជន់​លិច​ភព​ផែនដី​(ធ្លាយ​ទុយោ​ទឹក) សម្លាប់មនុស្ស​អស់ជាច្រើន។ ហេតុការណ៍​លិច​ភព​ផែនដី​នេះ មាន​និយាយ​នៅ​ក្នុង​គម្ពីរ​ប៊ីប និង​ធ្លាប់ថត​ជាភាពយន្ត​ដោយ​អ្នកដឹក​នាំរឿងដដែល​នេះ​ផង​ដែរ។

ក្រោយ​ពី​ហេតុការណ៍​នោះ បុរស​ជាស្វាមី​ក៏​និយាយ​លួង​លោម​ភរិយា ​ក្នុង​ន័យ​សុំ​ការ​យោគ​យល់។ បន្ទាប់​ពី​យល់ចិត្ត​គ្នារួច​ ​ពួក​គេ​ក៏​បាន​រួម​ដំណេក​ជាមួយ​គ្នាក្នុង​រាត្រី​នោះ។ ព្រឹកឡើង​ ភរិយា​​ភ្ញាក់​ពី​ដំណេក​​ក៏​ប្រាប់ប្តីថា ខ្លួន​មាន​កូន​។ ប្រហែល​ជាមិន​បាច់​ប្រាប់​ទេមែនទេ ថា​កូន​នោះ​​​ជានរណា? មែន​ហើយ! កូន​នោះ​គឺ​តំណាង​ឲ្យ​ព្រះយេស៊ូវគ្រិស្ត​នោះ​ឯង​។ បន្ទាប់​ពី​ទទួល​ដំណឹង​​ល្អ​ពី​ភរិយា​ ​ស្វាមីដែល​ជា​អ្នក​និពន្ធ​នោះ​​ក៏​ទទួល​បាន​កម្លាំង​ចិត្ត​ ចាប់​ផ្តើម​​អង្គុយ​សរសេរ​កំណាព្យ ដែលខ្លួនទ័លគំនិត​​ខកខាន​សរសេរយូរ​ហើយ​នោះ​ រហូត​សរសេរ​ចប់ជាស្ថាពរ ក្នុង​ពេល​ដែល​ភរិយា​ជិត​សម្រាល​កូន​ល្មម។ បុរស​ជា​ប្តី​បាន​ផ្ញើ​កំណាព្យ​នោះ​ទៅ​ឲ្យ​រោង​ពុម្ព ហើយ​ទទួល​បាន​ការបោះ​ពុម្ពផ្សាយ​។ ពីរនាក់​ប្តីប្រពន្ធ​រំភើប​ចិត្ត​ជាខ្លាំង​ តែក្នុង​រាត្រី​ដែលពួក​គេ​បម្រុង​នឹង​​ធ្វើ​ពិធី​ឆ្លង​ភាព​ជោគជ័យ​នេះ មហាសោកនាដកម្ម​​ដ៏​អាក្រក់​​បំផុត ​ក៏បានកើត​ឡើងដែរ។ (*ឈុត​​ត្រង់​នេះគឺ​រន្ធត់ ព្រឺព្រួច តានតឹង និង​ថប់​ខ្យល់​យ៉ាង​ខ្លាំង តែ​ខ្ញុំ​គ្រាន់​តែ​សរសេរ​រៀបរាប់​ហេតុការណ៍​ប៉ុណ្ណោះ ពុំ​បានបង្ហាញ​អារម្មណ៍​ឲ្យ​ឃើញ​ដូច​ពេល​ទស្សនាកុន​ទេ)។

ពោល​ គឺ​នៅ​រាត្រី​ដែលពួក​គេបម្រុង​នឹង​រៀប​ចំ​ពិធី​ឆ្លង​ភាព​ជោគជ័យ​របស់ខ្លួន​នោះ ក៏ស្រាប់តែ មាន​​អ្នក​គាំទ្រ​ស្នាដៃ​និពន្ធ​របស់​បុរស​ជាស្វាមី​មក​កាន់​ផ្ទះ​នេះ​ជាបន្តបន្ទាប់ ដោយចាប់​ផ្តើម​ពី​ក្រុម​​តូចៗ​ រហូត​ច្រើនឡើងៗ ទាល់​តែណែន​ផ្ទះ​ និង​ពេញបរិវេណ​ជុំ​វិញ​ផ្ទះ​។ រឿង​បាន​បង្ហាញ​ទំនាស់​​បញ្ហា​កាន់​តែធំ​ឡើងៗ​។ អ្នក​គាំទ្រ​ទាំង​នោះហាក់​ងប់​ងល់ និង​ជឿ​ស៊ប់​លើ​បុរស​ម្ចាស់​ផ្ទះ​​យ៉ាង​ខ្លាំង​ រហូត​យក​ស្នាដៃ​នោះ​មក​ដាក់ស៊ុម​បូជា និង​ខ្លះ​ទៀត​ក៏​ជារូប​របស់​អ្នក​និពន្ធ​​តែម្តង រួច​​ពួក​គេ​ក៏​នាំ​គ្នាសូត្រ​ធម៌ និង​ស្រែក​ហ៊ោ ស្តាប់មើល​ទៅ​គួរ​ឲ្យ​ខ្លាច និង​មាន​សភាព​ដូច​ក្រុម​ជឿងប់ងល់​នឹង​លទ្ធិ​សាសនា​ណាមួយ​ដូច្នោះ។ មិន​តែ​ប៉ុណ្ណោះ អ្នក​ខ្លះ​ក៏​បន្លំ​លួច​សម្ភារៈ​ផ្សេងៗ​​នៅ​ក្នុង​ផ្ទះ ខ្លះ​ដណ្តើម​គ្នា វាយគ្នា និង​កាន់​តែ​សាហាវ​ឡើងៗ​ជាលំដាប់។ ទំនាស់​បញ្ហា​កាន់​តែបន្ថែមកម្តៅ មាន​ការបំផ្ទុះអាវុធ សម្លាប់​គ្នា និង​ចាប់​មនុស្ស​យក​ទៅឃុំ​ឃាំង រហូត​ជម្លោះ​​​​ប្រែ​​ក្លាយ​ជាសង្គ្រាមនៅ​ក្នុង​ផ្ទះទាំងមូល​តែម្តង។ ខណៈ​ដែល​ហេតុ​ការណ៍​​កំពុង​ចលាចល​នោះ​ តួស្រី​ក៏ស្រាប់តែឈឺ​ពោះ​ត្រៀម​ឆ្លង​ទន្លេដែរ។

មុន​នឹង​និយាយ​សាច់រឿង​បន្ត ខ្ញុំ​សូម​លើក​យក​ការប្រៀប​ធៀបត្រង់​ឈុត​ទាំង​​នេះ ​មក​បង្ហាញសិន។ ចាប់​​ផ្តើម​ពីអត្ថបទ​កំណាព្យ​របស់តួឯកប្រុស គឺ​ប្រៀប​បាននឹងទ្រឹស្តី ឬ​បទ​បញ្ញត្តិ​របស់​​ព្រះ​ ដែល​ទ្រង់​ប្រគល់​ទៅ​ឲ្យ​សាវ័ក​ដំបូងៗ​របស់​ព្រះ​អង្គ​ដើម្បី​ផ្សព្វ​ផ្សាយ​ទៅ​ដល់​​មនុស្ស​លោកផ្សេងៗ​ទៀត​ ដើម្បី​​ត្រង់​ត្រាប់​ស្តាប់​តាម មុន​នឹង​ការកើត​មាន​ព្រះគម្ពីរប៊ីប។ ចំណែក​សាវ័ក​​របស់​ព្រះអង្គ​ដែលបង្ហាញ​នៅ​ក្នុង​រឿង​នេះ គឺ​គ្មាន​នរណា​ក្រៅ​ពី​ម្ចាស់​រោង​ពុម្ព​ស្រី​ ដែល​ទទួល​​កំណាព្យ​របស់​តួ​ប្រុស​ យក​ទៅ​បោះ​ពុម្ព​ផ្សាយ​នោះ​ទេ។ ប៉ុន្តែ​មនុស្ស​លោក​ក្រៅពី​មិន​បាន​ត្រង់ត្រាប់ស្តាប់​តាម​ហើយ បែរជាយកវាទៅ​បូជា បង្កើត​ជាលទ្ធិ​ និង​សាសនា​ផ្សេងៗ​ទៅ​វិញ​។ មនុស្ស​នៅ​តែប្រព្រឹត្ត​អំពើ​បាប និង​​បំផ្លាញ​ធនធាន​ធម្មជាតិ​របស់​ភព​ផែន​ដី​(លបលួច​សម្ភារៈ​​ក្នុង​ផ្ទះ​) ដោយ​គ្មាន​ថ្ងៃឆ្អែតឆ្អន់ ហើយ​បង្កើត​ជម្លោះ​រហូត​រីកសាយ​ភាយ ​ក្លាយ​ជា​សង្គ្រាម​​ដែលពិភព​លោកសព្វ​ថ្ងៃ​បាន​ឆ្លងកាត់ និង​ត្រៀម​ដើម្បី​ឆ្លង​កាត់​សាជាថ្មី​។

ត្រឡប់​ចូល​ហេតុការណ៍​ក្នុង​រឿងវិញ​ បន្ទាប់​ពី​តួឯកស្រីឈឺ​ពោះ​ បុរសជាស្វាមី​ក៏​នាំ​ភរិយា​ជម្លៀស​​ទៅ​កន្លែង​សុវត្ថិភាព​ក្នុង​ផ្ទះ​​ដើម្បី​សម្រាលកូន​ ហើយ​នោះ​គឺ​បន្ទប់​ធ្វើ​ការ​របស់​បុរស​ជា​ប្តីដែលបានបិទចោលនោះ។ បន្ទាប់​ពី​សម្រាល​បាន​កូន​ប្រុស​ ពួក​គេ​ក៏​ទទួល​បាន​អំណោយ​ជាច្រើន​ពី​អ្នក​គាំទ្រ​ មាន​ទាំង​សម្លៀកបំពាក់ ក្រណាត់​កន្ទប ទឹក នំចំណី និង​កន្ត្រក​ផ្លែឈើ។ ​បើ​យើង​សង្កេត​ឲ្យ​ច្បាស់ កន្ត្រក​ផ្លែ​ឈើ​នោះ​ មាន​លក្ខណៈ​ដូចជាស្នូក​ ឬក្រោល​ចៀម​ដែល​ព្រះយេស៊ូវ​កើត​ដូច្នោះ​​ដែរ(ចាំមិនច្បាស់ព្រោះមិនមែនជា​គ្រិស្តបរិស័ទ)។

បន្ទាប់​ពី​កូន​កើត បុរស​ជាស្វាមី​មាន​បំណង​យក​កូន​ទៅ​ឲ្យ​អ្នក​គាំទ្រ​ ដែល​នៅ​ខាងក្រៅមើល តែ​ត្រូវ​ភរិយា​បដិសេធ​ដាច់​អហង្កា។ លុះពេល​នាង​ភ្លេច​ខ្លួន​ដេក​លក់​មួយ​ភាំង ប្តីក៏​លួច​យក​កូន​នោះ​ទៅ​ខាង​ក្រៅ​ឲ្យ​មហាជន​បាន​សាទរ។ តែ​ហេតុ​ការណ៍​នឹក​ស្មាន​មិន​ដល់​ក៏​បាន​កើត​ឡើង​! ហ្វូង​មនុស្ស​ទាំងអស់​នោះ​បាន​ហែក​សាច់​កូន​របស់​ពួក​គេជាចម្រៀកៗចែកគ្នាស៊ី និងថែម​ទាំង​វាយ​ធ្វើ​បាប​នាង​ជា​ម្តាយ​យ៉ាង​ទ្រោម​ខ្លួន​ទៀត​ ទម្រាំ​ប្តី​ចូល​មក​ឃាត់​ទាន់​។ អ្នក​ទាំង​ពីរ​ក្រៀម​ក្រំចិត្ត​យ៉ាង​ខ្លាំង តែបុរស​ជា​ស្វាមី​នៅ​តែ​ចិត្ត​ល្អ​ចិត្ត​ទូលាយ​ ប្រាប់​នាង​ឲ្យ​អភ័យ​ទោស​ដល់​ហ្វូង​មនុស្ស​ទាំង​នោះ តែនាង​ទ្រាំ​តទៅទៀត​លែង​បាន​ហើយ! នាង​បាន​រត់​ទៅ​​មាត់រូង​ងងឹត​ក្រោម​ដី​ វាយ​​​ទម្លុះ​ឲ្យ​ប្រេង​ធ្លាយ​ហូរ​ចេញ​មក ហើយ​បញ្ឆេះ​ភ្លើង​ដុត​ខ្លួន​ឯង​ និង​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ផ្ទះ​​នេះ។ ទីបំផុត​ ផ្ទះ​ទាំង​មូលក៏​​បាន​ផ្ទុះ​ឆេះ​រលាយ​ក្លាយ​ជា​ផេះ​ផង់​។ ហេតុការណ៍​នេះ ​ប្រៀប​ធៀប​នឹង​ការមកកើត​​របស់ព្រះយេស៊ូវ​ ដែលដំបូង​ឡើយ​មាន​មនុស្ស ​​និង​សាវ័ក​ជា​ច្រើន​គោរពស្តាប់​បង្គាប់​ទ្រឹស្តី​ព្រះអង្គ តែ​ក្រោយ​មក​ ក៏​នាំគ្នាចាប់​ព្រះ​អង្គ​​សម្លាប់នៅ​លើ​ឆ្កាង​ឈើ​ជាដើម។ ទីបំផុត​ពិភព​លោក​ក៏រលាយ(ផ្ទះឆេះ) មនុស្ស​លោកស្លាប់អស់ និង​ចុះនរក(តួស្រីដុត​ភ្លើង​​នៅ​មាត់​រូង​ងងឹត)។ តែ​នៅ​កណ្តាលគ្រោង​ផ្ទះ​ដែល​ឆេះ​ម៉ដ្ឋ​នោះ​ យើង​ឃើញ​តួ​ឯក​ប្រុស​នៅ​​មាន​ជីវិត​​ កំពុង​បី​រាងកាយ​ភរិយា​ដែល​ឆេះសុស​សាច់​​ចេញ​មក។ នាង​នៅ​មាន​ដង្ហើម​ដក ​បុរស​ជាប្តី​ក៏​សុំ​ក្តី​ស្រឡាញ់​ចុងក្រោយ​ពី​នាង​​ ដោយ​ទម្លុះ​ទ្រូងខ្វេះ​យក​បេះដូងដ៏​បរិសុទ្ធ​​របស់​នាង​។ នៅ​ក្នុង​បេះដូងរបស់នាងមានដុំត្បូង​ដែល​យើង​ធ្លាប់​ឃើញ​កាល​ពី​ដំបូង។ បុរស​ជា​ប្តី​យកត្បូង​​នោះ​ទៅដាក់​តាំង​នៅ​លើ​ជើង​ទម្រ​ ផ្ទះ​ទាំង​មូល​ក៏​ចាប់​ផ្តើម​ត្រឡប់​មក​កាន់​សភាព​ដើម​វិញ​ ហើយ​ក៏​កើត​មាន​នារីស្រស់ស្អាត​ម្នាក់​កំពុង​ដេក​នៅ​លើ​គ្រែ​​ក្នុង​បន្ទប់​ដូច​កាល​ពី​ដើម​រឿងដែរ។ ត្រង់​ចំណុច​នេះ គឺ​បង្ហាញថា ព្រះ​បាន​បង្កើត​ភព​ផែនដីថ្មី​មួយ​ទៀត​ ចេញ​ពីសំណល់​​ភព​ផែន​ដីចាស់​ដែលបាន​រលាយ​។ រឿង​ក៏ចប់​ត្រឹម​នេះ ហើយ​ឮ​ចម្រៀង​មួយ​បទ ដែល​អាចធ្វើ​ឲ្យ​យើង​យល់​ពីសាច់រឿង​របស់​ភាពយន្ត​នេះ បាន​កាន់​តែ​ច្បាស់​​មួយ​កម្រិត​ទៀត​។ នោះគឺបទ The End Of The World របស់​តារាចម្រៀង SKEETER DAVIS ។

នេះ​គ្រាន់​តែជា​​ទស្សនៈ​យល់​ឃើញ​មួយ​ជ្រុង​​តូច​ប៉ុណ្ណោះ។ យើង​ក៏​អា​ច​វាយ​តម្លៃ​ទៅ​ផ្លូវ​ផ្សេងទៀត​បាន​ដូច​គ្នា  ដូចជា បញ្ហាអស្ថេរភាព​សង្គម​ និង​នយោបាយ របស់​​សហរដ្ឋអាមេរិក​នៅ​ក្នុង​អាណត្តិរបស់​លោក ដូណាល់ត្រាំ ជាដើម។ ចំណែក​និមិត្តរូប និងរូបារម្មណ៍​ផ្សេងៗ​ដែល​មាន​នៅ​ក្នុង​រឿង​នេះ​ មាន​ដូចជា៖ ត្បូង តំណាង​ឲ្យ​បេះដូងបរិសុទ្ធ ជា​និមិត្តរូបនៃពលិកម្ម និង​ការលះបង់ ដែលចុងបញ្ចប់រឿងក៏បង្ហាញពីភាពសំខាន់របស់វា។ វត្ថុស្មោកគ្រោកនៅ​ក្នុង​បង្គន់​ ជានិមិត្តរូបនៃ​អំពើ​អាក្រក់​។ សំឡេងចង្វាក់បេះដូង​នៅតាមជញ្ជាំង​ផ្ទះ ដែល​​ប្រែពណ៌ខ្មៅ​បន្តិចម្តងៗ ប្រៀប​ធៀប​នឹង​ការថយចុះ​នៃ​សីលធម៌សង្គម​…។

សរុប​មកMother! ជាខ្សែភាពយន្តបែបចិត្តវិទ្យា អាថ៌កំបាំង ព្រឺព្រួចដែល​និយាយ​ពី​ភាព​សាហាវ​យង់ឃ្នង​របស់​មនុស្ស​លោក​នាពេល​​បច្ចុប្បន្ន ដោយ​បាន​ឆ្លុះ​បញ្ចាំង​​តាមរយៈ​និមិត្តរូប​ផ្សេងៗ​​ ដែល​អ្នក​ដឹក​នាំរឿង​បាន​បញ្ចូលនៅ​​ក្នុង​សាច់រឿង​របស់​ខ្លួន ​ប្រកប​ដោយ​ភាព​វៃឆ្លាត​បំផុត​។ បើ​មើល​លំៗ រឿង​នេះគ្រាន់​តែ​​និយាយ​ពី​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​នៅ​ក្នុង​សង្គម​គ្រួសារមួយ​ពេល​មាន​ភ្ញៀវ​មក​លេង​ផ្ទះ​ប៉ុណ្ណោះ។ តែ​នរណា​ទៅដឹងថា នៅ​ពី​ក្រោយ​រឿង​នេះ​ មាន​​គំនិត​បង្កប់​បែប​លទ្ធិសាសនា និងទ្រឹស្តី​​ចិត្តវិទ្យានិយម ដែល​អ្នកដឹកនាំរឿងបញ្ចូល​ក្នុង​នោះ​យ៉ាង​ស៊ីជម្រៅ​បំផុត។ ការ​ថត​រឿង​ដែល​បង្កប់​ដោយ​រូបារម្មណ៍​ខ្ពស់​បែប​នេះ ក៏​ល្មម​ធ្វើ​ឲ្យ​អ្នក​មើល​ឈឺ​ក្បាល ​វិលមុខ គិត​ចង់​បែក​សន្ទះ​ក្បាល ព្រម​ទាំង​ដក់ជាប់នូវអារម្មណ៍​ភ័យ ​ខ្លាច​ ស្រៀវ​ស្ញើប​អស់សរសៃវិញ្ញាណ​ រហូត​ស្ទើរ​ក្លាយជាសរសៃប្រសាទ គេង​មិន​លក់ ដល់​ទៅ​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​​គ្នា ព្រោះតែធ្វើ​ឲ្យ​អ្នក​មើល​យក​មក​គិត វិភាគ​ វាយតម្លៃបន្ថែម​លើ​សាច់រឿង​ទាំងមូល​។ រឿងចប់ តែអ្នក​មើល​ មិន​ព្រមចប់! បើ​សួរថា តើ​រឿង​នេះ​ល្អមើលទេ? ខ្ញុំ​ប្រហែល​ជា​ផ្តល់​ចម្លើយ​​មិន​បានទេ ព្រោះ​មនុស្ស​យើង​មាន​ចំណង់ចំណូលចិត្តខុសៗ​គ្នា។ តែ​បើ​សួរថា គួរមើលឬអត់? ខ្ញុំ​អាច​សួរ​ត្រឡប់ទៅវិញថា បើ​មិន​មើល ធ្វើ​ម៉េចដឹងថា គ្រប់​យ៉ាង​ដែលខ្ញុំ​និយាយ​នៅទីនេះ តើ​ពិតដែរឬទេ? ឬ​ការយល់​ឃើញ​របស់ខ្ញុំ ដូច​ការគិត​របស់អ្នក​ទាំងអស់គ្នាដែរឬទេ?

Advertisements

Read Full Post »


1

#វិភាគត្រួសៗ

#លោកយាយអាយុ២០ឆ្នាំ ឬ Suddenly Twenty

#មិនមែនជារឿងដែលកម្សត់ខ្លាំងតែជារឿងដែលចាក់ចំបេះដូង

#ពិន្ទុ៨/១០

លោកយាយអាយុ២០ឆ្នាំ ឬ Suddenly Twenty មិនមែនជារឿង Remake ពីរឿងកូរ៉េ Miss Granny ទី១ ដែលខ្ញុំធ្លាប់ទស្សនាកន្លងមកនោះទេ។ បើចាំមិនខុសនេះជារឿងលើកទី៥ហើយ បន្ទាប់ពីរឿងកូរ៉េ ចិន ជប៉ុន និងវៀតណាម។ ថ្វីបើរឿងទាំងនេះមានគ្រោងរឿងដូចគ្នាតែមួយនឹងរឿង Miss Granny របស់កូរ៉េ តែរឿងនីមួយៗសុទ្ធតែមានរសជាតិ និងអត្តសញ្ញាណដោយឡែកៗពីគ្នាទៅតាមវប្បធម៌ និងរបៀបរបបរស់នៅរបស់ប្រទេសទាំងនោះរៀងៗខ្លួន។

រឿង “Miss Granny” និយាយពីស្រ្តីមេម៉ាយម្នាក់ដែលក្លាយទៅជានារីវ័យក្មេងអាយុ ២០ឆ្នាំ បន្ទាប់ពីគាត់បានទៅថតរូបនៅហាងថតរូបដ៏អាថ៌កំបាំងមួយ។ អាចថាចម្លែកក៏ថាបានដែល៤រឿងមុនៗ មិនបានធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកខ្លាំងប៉ុន្មានទេ តែរឿងដែលថៃផលិតឡើងវិញនេះ ស្រាប់តែធ្វើឲ្យខ្ញុំយំច្រើនកន្លែងដោយនឹកស្មានមិនដល់។ តែខ្ញុំក៏ដឹងខ្លួនឯងនូវហេតុផលមួយដែលធ្វើឲ្យខ្ញុំយំខ្សឹកខ្សួលរហូតទប់លែងជាប់។ ហេតុផលនោះ គឺតួអង្គយាយប៉ានដែលជាតួឯកក្នុងរឿង គឺដូចម្តាយខ្ញុំខ្លាំងណាស់! គាត់លះបង់គ្រប់បែបយ៉ាងដើម្បីចិញ្ចឹមកូនប្រុសគាត់ឲ្យរៀនបានខ្ពស់ រហូតមានអនាគតល្អ។ គាត់បូជាជីវិតវ័យក្មេងរបស់គាត់ទាំងអស់ ដើម្បីអនាគតកូន ទោះបីជាត្រូវបំផ្លាញអនាគត និងក្តីសុបិនរបស់ខ្លួនឯងក៏ដោយ។

083

សម្តីមួយរបស់យាយប៉ាន ដែលស្ទើរតែធ្វើឲ្យខ្ញុំគាំងបេះដូងស្លាប់នៅនឹងកន្លែង គឺគាត់និយាយថា៖ «យុវភាពដ៏ល្អផូរផង់របស់ខ្ញុំបានយកទៅមើលថែ និងចិញ្ចឹមបីបាច់កូនអស់ហើយ…» ។ ភ្លាមៗនោះ ខ្ញុំស្រាប់តែនឹកដល់ម្តាយខ្ញុំមួយរំពេច។ ខ្ញុំចាំបានថា ម៉ែធ្លាប់ធាក់កង់ដឹកអង្ករ ក្នុងចម្ងាយផ្លូវរាប់គីឡូដើម្បីយកមកឲ្យកូនប្រុសដែលរៀននៅទីរួមខេត្ត។ មិនតែប៉ុណ្ណោះ នៅមានការលះបង់ជាច្រើនទៀត ដែលវានៅតែដក់ជាប់ក្នុងខួរក្បាលខ្ញុំតាំងពីដឹងក្តី រហូតមកដល់ថ្ងៃនេះ ហើយខ្ញុំជឿថា ខ្ញុំនឹងចងចាំពលិកម្មដ៏ធំធេងនោះទុកក្នុងក្រអៅបេះដូង និងសម្បជញ្ញៈជាមនុស្សរហូតដល់ដង្ហើមចុងក្រោយ។

មូលន័យសំខាន់របស់រឿង «លោកយាយអាយុ២០ឆ្នាំ» ផ្តោតលើរឿងរ៉ាវជីវិតរបស់មនុស្សចាស់ជរា។ សព្វថ្ងៃនេះ មានមនុស្សមិនតិចនាក់ទេ ដែលមិនសូវយកចិត្តទុកដាក់នឹងឪពុកម្តាយ និងតាយាយ ដែលចាប់ផ្តើមចាស់ជរា ភ្លេចភ្លាំង រអ៊ូច្រើន គួរឲ្យរំខាន រហូតភ្លេចគិតថាជីវិតរបស់ពួកគាត់កន្លងមក តើត្រូវឆ្លងកាត់អ្វីខ្លះ ដើម្បីចិញ្ចឹមកូនៗឲ្យរស់រានមានអនាគតល្អ រហូតដល់សព្វថ្ងៃនេះ?

20mai-02-600x339

ជាក់ស្តែង យាយប៉ានដែលជាតួឯកក្នុងរឿងក៏ដូចគ្នា។ គាត់មិនអាចសម្រេចក្តីសុបិនរបស់ខ្លួន ដែលចង់ក្លាយជាអ្នកចម្រៀងបាន ព្រោះបរិបទសង្គមសម័យនោះ មិនចូលចិត្តមនុស្សស្រីដើរច្រៀងរាំដើម្បីចិញ្ចឹមជីវិត។ គាត់បានរត់តាមប្តីដោយក្តីសង្ឃឹមថា នឹងអាចសម្រេចក្តីប្រាថ្នានោះ តែដឹងអីពេលមានប្តីក៏មានកូន ហើយប្តីក៏ស្លាប់ចោលទៀត ធ្វើឲ្យគាត់ត្រូវបូជាយុវភាពរបស់ខ្លួនទាំងអស់ ដើម្បីចិញ្ចឹមកូនឲ្យមានអនាគតល្អដោយបាតដៃទាំងពីររបស់ស្ត្រីមេម៉ាយម្នាក់។ ទីបំផុតកូនប្រុសរបស់គាត់ក៏បានក្លាយជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ។ ទម្រាំនឹកឃើញម្តងទៀត គាត់ក៏ចាស់ជរា ក្លាយជាយាយចាស់សម្តីអាក្រក់ ចូលចិត្តរអ៊ូរទាំ ភ្លេចភ្លាំងច្រើន ធ្វើឲ្យកូនចៅទើសទាល់រហូតចង់យកទៅឲ្យនៅមណ្ឌលចាស់ជរា។ តែអព្ភូតហេតុបានធ្វើឲ្យលោកយាយត្រឡប់វ័យ ក្លាយជាក្រមុំអាយុ២០ឆ្នាំម្តងទៀត ធ្វើឲ្យគាត់ដើរតាមក្តីស្រមៃរបស់ខ្លួន ក្លាយជាអ្នកចម្រៀង និងផ្តើមស្នេហ៍ជាថ្មីជាមួយបុរសដែលខ្លួនស្រឡាញ់។

2

សរុបមក «លោកយាយអាយុ២០ឆ្នាំ» ជារឿងរ៉ាវជីវិតគ្រួសារ ដែលមានស្ទើរគ្រប់រសជាតិ មិនថាកំប្លែង កម្សត់ មនោសញ្ចេតនា និងលាយឡំដោយអាថ៌កំបាំងខ្លះៗ ដែលមិនត្រឹមផ្តល់តែជាចំណីអារម្មណ៍សម្រាប់ទស្សនិកជនប៉ុណ្ណោះទេ ថែមទាំងផ្តល់តម្លៃអប់រំជាច្រើនទៀត ទាក់ទងនឹងវដ្តជីវិតមនុស្ស ជីវិតគ្រួសារ និងការពុះពារស្វែងរកក្តីសុបិន រហូតដល់ទីបំផុត៕#SuddenlyTwentyKH

Read Full Post »