Feeds:
ប្រកាស
មតិ

Posts Tagged ‘សាក​សព​ក្បែរ​ផ្ទះ’


ល្ងាច​ថ្ងៃ​នោះ ​ប៉ូលីស​ដដែល​បាន​ទូរស័ព្ទ​​មក​ប្រាប់​ខ្ញុំ​ថា គ្មាន​ស្នាម​ដាច់​​​សរសៃ​ឈាម​ត្រង់​ក​​​ទេ តែ​គេ​បាន​រក​​​​ឃើញ​​ឆ្អឹង​ខ្ចី​ត្រង់​បំពង់​ក​​បាក់​​ដែល​បណ្តាល​មក​ពី​ការ​សង្កត់​​ក​​​ខ្លាំងពេក​​ បញ្ជាក់​​ថា​នាង​ត្រូវ​គេ​​ច្របាច់​ក​សម្លាប់​​ ហើយ​បង្វែង​ដាន​ដោយ​ការ​យក​សាក​សព​ទៅចង​ព្យួរ។ ប៉ូលីស​សុំ​ណាត់​ជួប​ខ្ញុំ​ពេល​យប់​ ដើម្បីពិភាក្សា​រឿង​ក្តី​នេះ។

«​សំណាង​ល្អ​ហើយ ​ដែល​ឪពុក​ម្តាយ​របស់​សាក​សព ​ផ្តល់​ការសហការ​ជាមួយ​ប៉ូលីស ​​យ៉ាង​ពេញ​​ ទំហឹង។​ គាត់​​ប្រាប់​ខ្ញុំ​ថា គាត់​​ក៏​សង្ស័យ​ដែរ កូន​ស្រី​របស់​គាត់​​មិន​គួរ​សម្លាប់ខ្លួន​ទេ ហើយ​ការ​ពិត​ពីរ​នាក់​នេះ​​មិន​ទាន់​រៀប​ការ​ទេ គឺ​រត់​​មក​នៅ​ជាមួយ​គ្នា​ដោយ​ចិត្ត​ឯង​​។ ខាង​ស្រី​រៀន​ចប់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ​ តែ​ដោយ​​បាន​សម្រស់​យោង​ទើប​បាន​គ្នា​ជាមួយ​វិស្វករ​ម្នាក់​នេះ។ ឯ​ឪពុក​ម្តាយ​ខាង​ប្រុស​មិន​ពេញ​ចិត្ត​កូន​ប្រសា​​នេះ​​សោះ​!» ប៉ូលីស​រៀប​រាប់​​ឲ្យ​ខ្ញុំ​ស្តាប់​​អស់​អាចម៍​អស់​នោម​។

«ចុះ​អាច​កំណត់​ពេល​វេលា​ដែល​ស្លាប់​បាន​ហើយ​ឬនៅ?»

«​រឿង​នេះ​មាន​បញ្ហា​បន្តិច​ ព្រោះ​សាក​សព​នៅ​ក្នុង​បន្ទប់​ដេក ដែលបើក​ម៉ាស៊ីន​ត្រជាក់​លើស​​កម្រិត​ ដូច្នេះ​ការ​ប៉ាន់​ស្មាន​ពេល​វេលា​តាម​រយៈ​កម្តៅ​ខ្លួន​​របស់​សាក​សព​ គឺ​មិន​អាចធ្វើ​បាន​ទេ តែ​គ្រូពេទ្យ​សន្និដ្ឋាន​ថា យ៉ាង​ហោច​ណាស់​ក៏​ស្លាប់​៨​ម៉ោង​ មុនពេល​​​ប្តី​នាង​ប្រទះ​ឃើញ​សាក​សព​ដែរ!»

«ដូច្នេះ​បាន​ន័យ​ថា នាង​ស្លាប់​នៅពេល​ព្រឹក​! ខ្ញុំ​សុំ​អនុញ្ញាត​សរុប​ហេតុ​ការណ៍​រឿង​ក្តី​នេះដោយ​ត្រួសៗចុះ​ ​​តាម​រយៈ​បទ​ពិសោធន៍​ដែល​បាន​មក​ពី​ការ​​ប្រែ​សៀវភៅ​​រឿង​ឃាតកម្ម ​​​​អស់​រយៈ​ពេល​៥​ឆ្នាំ​មក​នេះ​​។ ឧទាហរណ៍​ថា… ប្តី​ឈ្លោះ​ជាមួយ​ប្រពន្ធ​ព្រោះ​រឿង​ប្រចែ​ប្រចណ្ឌ​​ មុន​ពេល​ទៅធ្វើ​ការ​ដូច​រាល់​ថ្ងៃ​ តែ​លើក​នេះ​ធ្ងន់​ធ្ង​រ​ជាង​មុន​បន្តិច​ ដោយ​ជ្រុល​ដៃ​ច្របាច់​ក​នាងរហូត​សន្លប់​។ ក្រោយ​ពី​ព្យាយាម​ដាស់​នាង​ឲ្យ​ដឹងខ្លួន​វិញ​ ទើប​ដឹង​ថា នាង​ដាច់​ខ្យល់​ស្លាប់​ទៅហើយ។ ដោយ​ភាព​ភិត​ភ័យ​ពេក​ គេ​ក៏​បើក​រថយន្ត​គេច​ចេញ​ទៅ។ លុះ​នឹក​ឃើញ​ដល់​​​ល្បិច​​បង្វែង​ដាន​ក៏​ត្រឡប់​មក​វិញ​ យក​ខ្សែ​រឹត​ក​​ប្រពន្ធ​​ថ្ពក់​នឹង​ធ្នឹម​ផ្ទះ ដោយ​មិន​ភ្លេច​យក​កាំ​បិត​​មក​អារ​ក​ដៃ​​បន្ថែម​ ដើម្បី​បង្វែង​ដាន​មួយ​ជាន់​ទៀត។ ​ដល់​ពេល​រៀប​ចំ​អន្ទាក់​ចប់​សព្វ​គ្រប់​ហើយ​ គេ​ក៏​ចេញ​ពី​ផ្ទះ​​ទៅធ្វើ​ការ​ ធ្វើ​ខ្លួន​ដូចធម្មតា​ លុះ​ពេល​ល្ងាច​ទើប​ត្រឡប់​មក​វិញ​ បើក​ទ្វារ​ផ្ទះ​ចូល​ទៅ​ឃើញ​ប្រពន្ធ​ចង​ក​ស្លាប់​ ធ្វើ​ជា​ភ័យ​តក់​ស្លុត​ រត់​ចេញ​មក​ប្រាប់​អ្នក​ជិត​ខាង​។ នេះ​ជា​ករណី​ទី​មួយ​។»

«​ចំណែក​ករណី​ទី​ពីរ គឺ​មាន​ជន​ពាល​គាស់​ចូល​​ទៅ​ក្នុង​​ផ្ទះ​ ឬ​ឡើង​តាម​ពិតាន ​ដូច​ដែល​លោក​     ប៉ូលីស​​សាក​ល្បង​ពិសោធ​មើល​ ហើយ​ឃើញ​នាង​ដេក​នៅ​ក្នុង​បន្ទប់​ ក៏​ចាប់​រំលោភ ឬ​ក៏​ជំរិត​​យក​ទ្រព្យ​សម្បត្តិ​…»

«​មិន​មែន​ទេ… ករណី​ទី​ពីរ​នេះ​មិន​អាច​ទៅរួច​ទេ ខ្ញុំ​ត្រួត​ពិនិត្យ​មើល​អស់​ហើយ​ គ្មាន​ស្លាក​ស្នាម​គាស់​ចូល​ផ្ទះ​ទេ ហើយ​បើ​ទោះ​ជា​តាម​ពិតាន​អាច​ឆ្លង​ទៅ​មក​រក​គ្នា​បាន​ តែ​ក៏​គ្មាន​ស្នាម​ជើង​ជាប់​តាម​ជញ្ជាំង​​ គ្មាន​ស្លាក​ស្នាម​នៃ​ការ​ចាប់​រំលោភ ឯ​ទ្រព្យ​សម្បត្តិ​ក៏​នៅ​គ្រប់​ទាំង​អស់​ សូម្បី​តែ​ខ្សែ​ក​មាស​នៅ​ជាប់​នឹង​ក​ក៏​នៅ ហើយ​ដែល​សំខាន់​គឺ​គ្មាន​ស្លាក​ស្នាម​នៃ​ការ​ប្រវាយ​ប្រតប់​គ្នា ឬ​កម្ទេច​ស្បែក​ជាប់​នឹង​ក្រចក​សាក​សព​ទេ…»

«​ដូច្នេះ​បញ្ជាក់​ថា ឃាតក​រ​គឺ​ជា​មនុស្ស​ដែល​សាក​សព​ទុក​ចិត្ត​ ទើប​មិន​រើ​បម្រះ​​ពេល​ដែល​ត្រូវគេ​ច្របាច់​ក​ ព្រោះ​មិន​គិត​ថាឃាតករ​នឹង​សម្លាប់​… ខ្ញុំ​ប្រាប់​ទៅចុះ​លោក​ប៉ូលីស! នៅ​សហរដ្ឋ​អាមេរិក ស្ថិតិ​នៃ​អំពើ​ឃាតកម្ម​ក្នុង​គ្រួសារ​​​ ខ្ពស់​​​ដល់​ទៅ​​៧០%​នៃ​អំពើ​ឃាតកម្មគ្រប់​ប្រភេទ​។ ដូច្នេះ​នៅពេល​កើត​ហេតុ​ បុគ្គល​​ដំបូង​ដែល​ត្រូវ​គិត​ដល់​គឺ ស្វាមី ឬ​ភរិយា​របស់​អ្នក​ស្លាប់​។ អាច​ទៅរួច​ទេ​ថា បុរស​ជា​ស្វាមី​ចាប់​ផ្តើម​ធុញ​ទ្រាន់​ រក​ផ្លូវគេច​ចេញ​ពី​ភរិយា​ តែ​ខាង​ស្រី​ព្យាយាម​ចង​ជើងដោយ​ការ​មិន​ព្រម​ការពារ​ការ​មាន​ផ្ទៃ​ពោះ ចង់​ប្រើ​កូន​ជាឧបករណ៍​ទាម​ទារ​សំណង និង​ជំងឺ​ចិត្ត​​ពីបុរស​ ព្រោះខាង​ប្រុស​ជា​អ្នក​​មាន​ តែ​លទ្ធផល​គឺ  សេចក្តី​ស្លាប់​!»

«​អ្វី​ដែល​លោក​ប៉ូលីស ​គួរ​តែ​​ប្រមូល​យក​ទៅត្រួត​ពិនិត្យ​ក្រយៅ​ដៃ ​គឺ​កាំ​បិត​ដែល​ប្រើ​​អារ​ក​ដៃ​សាក​សព​! ជា​ធម្មតា​កាំ​បិត​​ក្នុងផ្ទះបាយ ​​ច្រើន​តែ​លាង​សម្អាត​ជានិច្ច​ ក្រោយ​ពេល​ប្រើ​ប្រាស់​​រួច​ ដូច្នេះ​ទើប​គ្មាន​ស្នាម​ក្រយៅ​ដៃ​​ប្រឡូក​ប្រឡាក់​​​ច្រើន​ដូច​របស់​ប្រើ​ទូទៅ​ទេ។ ក្រោយ​ពី​អារ​ក​ដៃ​សាក​សព​រួចខ្ញុំ​គិត​ថា​ឃាត​ករ​​ច្បាស់​ជា​មិន​​យក​កាំ​បិត​ទៅ​លាង​សិន​ មុន​​នឹង​ប្តឹង​ទៅប៉ូលីស​នោះទេ។»

***

លោក​អ្នក​គិត​ថា ខ្ញុំ​ចូល​ទៅ​ឈឺ​ឆ្អាល​នឹង​រឿង​របស់​អ្នក​ដទៃ​ជ្រុល​ពេក​ទេដឹង? តែ​លទ្ធផល​នៃ​ការ​ណែ​នាំ​របស់​ខ្ញុំ ​​ធ្វើ​ឲ្យស្វាមី​វិស្វករ​ម្នាក់​នោះ ត្រូវ​ប៉ូលីស​ចាប់​ឡើង​តុលាការ​ពីបទ​​សម្លាប់​មនុស្ស​ ក្នុង​ពេល​បន្ទាប់​មក​។ គេ​បដិសេធ​ការ​ចោទ​ប្រកាន់ ហើយ​តស៊ូ​រឿង​ក្តីយ៉ាង​ពេញ​ទំហឹង។ មេធាវី​ថ្វី​មាត់​ល្អ ព្រម​ទាំង​ទី​ប្រឹក្សា​ជាច្រើនរូប​ ​​ត្រូវ​គេ​ទិញ​ទឹក​ចិត្ត​ដោយ​អំណាចមាស​ប្រាក់​ ខណៈ​ដែលខាងប៉ូលីសក៏​ទទួល​បាន​ភស្តុតាង​​សំខាន់​ច្រើន​យ៉ាង​ ដែល​អាច​ចង​ជើង​ឃាតក​រ​បាន​យ៉ាង​ងាយ​។

ភស្តុតាង​ភាគ​ច្រើន​ គឺ​បាន​មក​ពីការ​ណែ​នាំ​ដ៏​សែន​ឆ្លាត និង​ល្បិច​កល​ក្នុង​ការ​លេង​ហ្គេម​​យ៉ាង​​ស្ទាត់​ជំនាញ​​របស់​ខ្ញុំ​។

ខ្ញុំ​ប្រហែល​ជាត្រូវ​សួរ​លោក​អ្នក​ញឹក​ញាប់​បន្តិច​ហើយថា តើ​ខ្ញុំ​ធ្វើ​នេះ​ហួស​ហេតុ​ពេក​ទេ​ដឹង ព្រោះ​​ ភស្តុតាង​ សាក្សី​មួយ​ចំនួន​ គឺ​ខ្ញុំ​បង្កើត​ឡើងដោយខ្លួន​ឯង​តាំង​ពី​ដំបូង​ម្ល៉េះ ដ្បិត​ចង់​អូស​ក្បាល​ស្វាមី​វិស្វករ​ម្នាក់​នោះ​ចូល​ទ្រុង​ឲ្យ​ទាល់​តែ​បាន!

លោក​អ្នក​ប្រហែល​ជា​ឆ្ងល់​ហើយ ថា​ខ្ញុំ​មាន​គំនុំ​គុំ​គួន​អ្វី​នឹង​បុរស​ម្នាក់​នេះ​ឬ? ព្រម​ទទួល​ស្គាល់​ក្នុង​នាម​កូន​ប្រុស​ថា ពិត​ជាមាន​ខ្លះ​មែន តែ​​​ដូច​ជា​មិន​មែន​រឿង​​ខឹង​គុំ​គួន​អីទេ សប្បាយ​ចិត្តនឹង​ការ​ដែល​បាន​លាប​ពណ៌ឲ្យ​អ្នក​ដទៃ​ទើប​ដូច​ជា​សម​ជាង! សាក​គិត​ទៅ​មើល៍ ខ្លួន​ខ្ញុំ​ជា​កំលោះ​រូប​សង្ហា​​ វ័យ​​៣៣​ឆ្នាំ​ នៅ​ផ្ទះ​ជាប់​​នឹង​ស្រី​ស្អាត​​ក្នុង​ពេល​ថ្ងៃ​គ្រប់​ពេល​ របង​នៅខាង​ក្រោយ​ផ្ទះ​ក៏ផ្លោះ​​​ឡើង​ស្រួល​ គឺ​អត់​មិន​បាន​ដែល​មាន​អីៗ​នឹង​គ្នា​ញឹក​ញាប់។​ ស្វាមី​នាង​ចាប់​មិ​នបាន​ទេ តែ​ប្រហែល​ជា​សង្ស័យ​នឹង​អាកប្បកិរិយា​របស់​ភរិយា​ ទើប​កើត​​មាន​រឿង​ឈ្លោះ​ទាស់​ទែង​គ្នា​ញឹក​ញាប់​។

បញ្ហា​ស្ថិត​នៅ​ត្រង់​ថា នាង​មាន​ទម្ងន់​ទាំង​ដែល​ប្តី​​នាង​ជា​ប្រុស​អារ ទើប​នាង​ព្យាយាម​រំអុក​ឲ្យ​ខ្ញុំ​ទទួល​ខុស​ត្រូវ​ដោយ​ទឹក​ប្រាក់​ចំនួន​រាប់​លាន… ថ្ងៃ​នោះ​ឱកាស​ល្អ​​ក៏​មក​ដល់​​ ខ្ញុំ​ផ្លោះ​ឡើង​ទៅ​ដោយ​គ្មាន​នរណា​​ឃើញ​ដូច​រាល់​ថ្ងៃ​អ៊ីចឹង… តែ​ឈប់​ខ្វល់​ទៅ យ៉ាង​ណាៗ​នាង​ក៏​បាន​ស្លាប់​ទៅហើយ!

ពេល​នេះសេចក្តី​ពេញ​ចិត្ត​ រីក​ថ្លើម​​របស់​ខ្ញុំ គឺ​​ស្ថិត​នៅ​ត្រង់​ថា តើ​ខ្ញុំ​អាច​លាប​ពណ៌​ឲ្យ​ប្តី​ល្ងី​ល្ងើ​​របស់​នាង​​បាន​សម្រេច​ឬ​ក៏​អត់ តែ​ប៉ុណ្ណោះ។

ចុះ​លោក​អ្នក​​វិញ… ស្ម័គ្រ​ចិត្ត​​ជួយ​នរណាជាង​???

***

*** ប្រកាសឈ្មោះអ្នកឈ្នះរង្វាន់!!!

១. រ៉ាវី

២. តាតា

៣. តាម៉ាប់

សូមអ្នកដែលមានរាយនាមឈ្មោះខាងលើមកបើករង្វាន់សៀវភៅមួយក្បាល (ក្រមមរណៈ ឬ កាដូថ្ងៃនៃក្តីស្រឡាញ់)

ដោយទូរស័ព្ទមកកាន់លេខ ០១២ ៧៧៨ ១៥៣។

P.S: អ្នកនិពន្ធម្តងនេះដាក់ទុនធ្ងន់ណាស់!!! :cry:

Read Full Post »


ខ្ញុំត្រឡប់មកអង្គុយវាយរឿងបន្ត និងប៉ប្រុកនៅតែមុខអេក្រង់កុំព្យូទ័រ រហូតជិតថ្ងៃត្រង់ពេលដែលមានឡានប៉ូលីសបើកមកឈប់នៅមុខផ្ទះ។

ប៉ូលីសពីរនាក់ឈររេរានៅមុខផ្ទះខ្ញុំ។ អ្នកទាំងពីរសម្លឹងទៅកាន់ផ្ទះជាប់នេះ ដែលកើតហេតុសម្លាប់ខ្លួនកាលពីយប់មិញ។ គេកត់ត្រាអ្វីម្យ៉ាងនៅលើក្រដាស ហើយដើរទៅបើកទ្វាររបង។ សំឡេងចាក់សោផ្ទះចូលទៅខាងក្នុងបាត់ស្ងាត់ច្រៀបយ៉ាងយូរ រហូតខ្ញុំឈប់យកចិត្តទុកដាក់ គិតថា ប្រហែលជាមកកត់ត្រា  សេចក្តីលម្អិតបន្ថែម ដើម្បីសរុបរឿងក្តី។

ខ្ញុំអង្គុយធ្វើការងារបន្តទៀត ក្នុងចិត្តគិតទៅដល់រឿងដែលនិយាយគ្នា ជាមួយអ្នកជិតខាងកាលពីយប់មិញ។ មិនដឹងថា ប៉ូលីសសង្ស័យដូចជាពួកយើងឬអត់ថា ជួនកាល ការស្លាប់របស់នេត្រាអាចមិនមែនជាការសម្លាប់ខ្លួននោះទេ។

មានសំឡេងចម្លែកលាន់នៅលើពិតាន។ ខ្ញុំងើយមុខមើលដោយក្តីភិតភ័យ។ វាលាន់ស្រាលៗ… ប្រៀបដូចមាននរណា យកខ្សាច់មករោយពីលើពិតានផ្ទះរបស់អ្នកស្លាប់ ហើយបាចមកខាងផ្ទះខ្ញុំយឺតៗ។ ខ្ញុំឮសំឡេងដង្ហក់ខ្យល់ស្រាលៗ។ នេះបើជាថ្ងៃឈប់សម្រាកដែលមានមនុស្សនៅផ្ទះចេចចាច ខ្ញុំប្រហែលមិនបានឮសំឡេងនេះទេ។

រំពេចនោះ វាក៏មកឈប់នៅលើពិតានផ្ទះរបស់ខ្ញុំ។ មានសំឡេងក្ឌុងក្ឌាំងលាន់ឡើង ដូចមានអ្វីប៉ះទង្គិចត្រូវឆ្អឹងពិតានដែលធ្វើពីបំពង់ដែក។ ខ្ញុំបើកថតតុ ស្រវាយកកាំភ្លើងខ្លីគូជីវិត ដើរសំដៅទៅរកប្រភពសំឡេង។

«នរណា!!? ហាមកម្រើក!! បើមិនដូច្នោះយើងនឹងបាញ់បែកសន្ទះក្បាល!!!» ខ្ញុំអាមេកាំភ្លើងលាន់សូរក្រឹក នឹកអរភ្ញោចៗបើបានបាញ់ពិតមែន។

សំឡេងមនុស្សប្រុសស្រែកចេញពីលើពិតាន «កុំបាញ់! កុំបាញ់ឲ្យសោះ… ខ្ញុំជាប៉ូលីសទេ!!»

សន្ទះក្តារកងប្លាកេបើកចំហឡើង បង្ហាញឲ្យឃើញមុខរបស់ភ្នាក់ងារប៉ូលីសវ័យក្មេងម្នាក់។ ខ្ញុំដាក់កាំភ្លើងចុះ។

ការពិតប៉ូលីសកំលោះម្នាក់នេះ បើកពិតានផ្ទះរបស់អ្នកស្លាប់ វារឡើងលើដំបូល ហើយសាកល្បងរុលតាមចន្លោះពិតាន ឆ្លងចូលពីផ្ទះមួយទៅផ្ទះមួយទៀត។ ខ្ញុំយកជណ្តើរអាលុយមីញ៉ូមដាក់ឲ្យគេចុះមក    វិញ។

«ខ្ញុំចង់ដឹងថា ផ្ទះនីមួយៗអាចឆ្លងចូលគ្នាបានឬអត់ បើដើរតាមដំបូល។»

«ហេតុអ្វីទៅ? មានអ្វីគួរឲ្យសង្ស័យឬ?» ខ្ញុំឧទានសួរដោយការចង់ដឹង។

«អត់ទេ… អត់ទេ គ្រាន់តែចង់ត្រួតពិនិត្យឲ្យបានច្បាស់ប៉ុណ្ណោះ!»

«ឬមួយលោកប៉ូលីសរកឃើញតម្រុយអ្វីម្យ៉ាងដែលបញ្ជាក់ប្រាប់ថា អ្នកជិតខាងរបស់ខ្ញុំត្រូវឃាតករសម្លាប់បង្វែងដាន?» ខ្ញុំសួរតិចៗ។

«អឺ… គឺ… ខ្ញុំមិនទាន់ចង់សរុបបែបនោះទេ គ្រាន់តែចង់ពិនិត្យមើលឲ្យបានគ្រប់ចំណុច។ តែលោកដូចជាសួរចម្លែកម្ល៉េះ?»

«មិនមែនខ្ញុំតែម្នាក់ទេ អ្នករស់នៅម្តុំនេះគេសង្ស័យគ្រប់តែគ្នាហ្នឹង!»

«មានអ្វីដែលធ្វើឲ្យលោកសង្ស័យថា ការស្លាប់របស់អ្នកនាងនេត្រា គឺជារឿងឃាតកម្ម?» ប៉ូលីសសម្លឹងមុខខ្ញុំយ៉ាងយូរដោយការពិនិត្យពិច្ច័យ។

ខ្ញុំដកដង្ហើមធំនិយាយយឺតៗ «ខ្ញុំមិនដឹងថាអ្វីដែលខ្ញុំធ្វើទៅនេះខុសឬត្រូវទេ វាជាទង្វើរបស់ពលរដ្ឋល្អ ឬក៏ជាការជ្រៀតជ្រែករឿងរបស់អ្នកដទៃ តែយប់មិញនេះពួកយើងនិយាយគ្នាច្រើនណាស់ ពីការស្លាប់របស់អ្នកនាងនេត្រា ហើយមានអ្វីម្យ៉ាងដែលនៅមានមន្ទិលក្នុងចិត្ត។ អ្នកជិតខាងទាំងអស់ស្នើសុំឲ្យខ្ញុំធ្វើជាតំណាងពួកគេ មកនិយាយឲ្យលោកប៉ូលីសស្តាប់។»

ខ្ញុំនិយាយប្រាប់យឺតៗ ពីការសង្កេត ការយល់ឃើញរបស់អ្នកជិតខាងម្នាក់ៗ ដូចជា នេត្រាជាមនុស្សរឹងមាំ មិនធ្លាប់ទ្រហ៊ោយំឲ្យនរណាឮទេ បើទោះជាឈ្លោះទាស់ទែងប្តីប្រពន្ធញឹកញាប់ក៏ដោយ ហើយពិសេសនាងកំពុងមានកូនទៀត គ្មានហេតុផលអ្វីដែលនាងត្រូវសម្លាប់ខ្លួននោះទេ។ ក្រៅពីនេះនៅមានពាក្យចចាមអារ៉ាមថា ខាងប្រុសមានប្រពន្ធច្រើនណាស់ ជួនកាលប្រពន្ធដើមអាចបញ្ជូនមនុស្សមកសម្លាប់នាងក៏ថាបាន។

«អរគុណលោកខ្លាំងណាស់ដែលផ្តល់ព័ត៌មាននេះ ព្រោះខាងប៉ូលីសយើងរង់ចាំស្តាប់ព័ត៌មានគ្រប់ផ្នែកស្រាប់ទៅហើយ។ នេះខ្ញុំក៏មកពិនិត្យមើលកន្លែងកើតហេតុម្តងទៀត ដើម្បីបានភស្តុតាង ឬតម្រុយអ្វីបន្ថែមខ្លះ តែមកដល់ពេលនេះ ក៏ខ្ញុំរកឃើញត្រឹមតែស្លាកស្នាម ដែលបញ្ជាក់ថានាងសម្លាប់ខ្លួនឯង ព្រោះនៅលើកដៃនាងមានស្នាមកាំបិតអារមិនជ្រៅប៉ុន្មានទេ បញ្ជាក់ថា នាងព្យាយាមសម្លាប់ខ្លួនដោយការកាត់ផ្តាច់ជីពចរតែមិនសម្រេច ដែលប្រហែលមកពីការឈឺចាប់ ទើបចងកសម្លាប់ខ្លួនវិញក្នុងពេលបន្ទាប់មក។ ចំពោះរឿងដែលថានាងជាមនុស្សរឹងមាំនោះ ស្តាប់ទៅក៏មានហេតុផលដែរ តែខ្ញុំក៏ធ្លាប់ជួបដូចគ្នា ដែលអ្នកខ្លះសម្លាប់ខ្លួន ដោយមិនធ្លាប់និយាយពីទុក្ខសោករបស់ខ្លួនឲ្យនរណាស្តាប់សោះ។»

«សូមអភ័យទោសផងណាលោកប៉ូលីស កុំថាអីថាវ៉ាន់ឲ្យសោះ ខ្ញុំសុំអនុញ្ញាតសួរបន្តិចចុះ! តើស្នាមរបួសដែលនាងអារដៃខ្លួនឯងនោះមានឈាមកកនៅនឹងដៃឬទេ?»

ប៉ូលីសជ្រួញចិញ្ចើមធ្វើមុខរកនឹក «អេ… ដូចជាគ្មានទេ នៅលើមុខរបួសរាបស្មើធម្មតា។ ចុះលោកសួរធ្វើអី?»

«លោកប៉ូលីស… នោះហើយជាភស្តុតាងនៃការធ្វើឃាតកម្ម!» ខ្ញុំនិយាយយ៉ាងប្រាកដប្រជា «គ្មានឈាមហូរ មុខរបួសក្រិន ហើយរឹង តើពិតមែនទេ?»

ប៉ូលីសកំលោះងក់ក្បាលយ៉ាងភ្ញាក់ផ្អើល «ហេតុអ្វីបានជាលោកដឹង?…»

ខ្ញុំលើកម្រាមចង្អុលធ្វើស៊ូតឲ្យគេនៅស្ងៀមសិន។

«ស្តាប់ខ្ញុំសិន… ឃើញច្បាស់ហើយថា មានមនុស្សសម្លាប់នាងរួច ទើបបង្វែងដានដោយការយកខ្សែមករឹតកព្យួរ ឲ្យមើលឃើញដូចមនុស្សចងកសម្លាប់ខ្លួន។ បន្ទាប់មកទើបប្រើកាំបិតអារកដៃដើម្បីឲ្យអ្នកដទៃគិតថា នាងបានព្យាយាមសម្លាប់ខ្លួនដោយវិធីផ្សេងសិនហើយ ដោយឃាតករមិនដឹងថា របួសមុនពេលស្លាប់ និងក្រោយពេលស្លាប់មានលក្ខណៈខុសគ្នា តែអ្នកមានជំនាញអាចបែងចែកដាច់ដោយឡែកបាន។ ចុះលទ្ធផលនៃការធ្វើកោសល្យវិច្ច័យសាកសពបានផលយ៉ាងម៉េចដែរ?»

«អឺ… គឺ…» គេដូចជាគាំងសម្តីស្តូកបាត់ទៅហើយ «ប៉ូលីសយើងសន្និដ្ឋានថានាងចងកសម្លាប់ខ្លួន ទើបមិនបានធ្វើកោសល្យវិច្ច័យអ្វីល្អិតល្អន់ទេ ព្រោះគ្មានភស្តុតាងអ្វីបញ្ជាក់ប្រាប់ថា នាងត្រូវគេសម្លាប់។ ខ្ញុំប្រាប់ឲ្យញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណីទៅហើយ!»

«មិនបានទេ! លោកប៉ូលីសត្រូវឃាត់សាកសពទុកសិន ហើយបញ្ជាឲ្យវះកាត់សាកសពពិនិត្យឲ្យបានល្អិតល្អន់។ ខ្ញុំសូមណែនាំឲ្យវះពិនិត្យមើលសរសៃឈាមត្រង់ក ព្រោះវាជាចំណុចសំខាន់ដែលបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារការចងក ឬស្លាប់ដោយសារហេតុផលផ្សេង។ បើចងកសម្លាប់ខ្លួនពិតមែន សរសៃឈាមនោះនឹងមានស្នាមដាច់!»

«លោកដឹងរឿងទាំងអស់នេះដោយរបៀបណា?» ប៉ូលីសកំលោះសួរដោយការភ្ញាក់ផ្អើល។ ខ្ញុំហុចសៀវភៅប្រែរឿងក្តីឃាតកម្មរបស់ខ្ញុំឲ្យគេមើល។

យើងចាប់ដៃគ្នា។

«ប្រហែលជាត្រូវសុំលោកឲ្យជួយរឿងក្តីនេះហើយ!»

***

អានបានប៉ុណ្ណេះ អាចដឹងបានហើយឬនៅថា នេត្រាមានគេសម្លាប់ ឬចងកសម្លាប់ខ្លួនឯង?

បើមានគេសម្លាប់.. តើនរណាជាឃាតករ???

ទាយត្រូវបានរង្វាន់សៀវភៅមួយក្បាលពី អ្នកនិពន្ធវ័យក្មេង!!! 😀

Read Full Post »