Feeds:
ប្រកាស
មតិ

Posts Tagged ‘សួន​ សុបិន​’


១១

អវសាន​​ជាមួយ​គ្នា

គ្មាន​អ្វី​ដែល​ធ្វើ​ឲ្យ​នៅ​មិន​សុខ​ ជាង​ការ​​មិន​បាន​​ឆ្លុះ​កញ្ចក់​​​ មើល​មុខ​ខ្លួន​ឯង​​ច្រើន​ជាង​បី​ថ្ងៃ​មក​ហើយ​នោះ​ទេ។ ខ្ញុំ​មិន​ចង់​មើល​មុខ​ក្នុង​សភាព​បែប​នេះ​ឡើយ​… ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ថា​​ មុខ​មាត់​របស់​ខ្ញុំ​ពេល​នេះ​​ ប្រហែល​ជា​មិន​ខុស​​ប្លែក​អ្វី​ពី​សម្បុរ​ស្បែករបស់​រាង​កាយ ​ដែល​ក្លាយ​ជា​​ស្លេក​ស្លាំង​ ឃើញ​ច្បាស់​នឹង​ភ្នែក​នោះ​ទេ​​​។ រោគ​​សញ្ញា​របស់​ភាព​ទ្រុឌ​ទ្រោម​​បាន​ប្រាប់​ខ្ញុំ… អាការៈ​ចុក​សៀត​ក្នុង​ដើម​ទ្រូង​ក៏​នៅ​​តែ​បន្ត​ឈឺ​ឥត​ស្រាក​ស្រាន្ត​ ទោះ​បី​ជា​ព្រិល​ឈប់​ធ្លាក់​រុះ​រោយ​​ច្រើន​ ដូច​ថ្ងៃ​មុន​ៗ​ហើយ​ក៏​ដោយ​​ តែ​ខ្ញុំ​នៅ​តែមាន​​អារម្មណ៍​​តាន​តឹង ​​និងដក​ដង្ហើម​ថប់​ៗ​គ្រប់​ពេល​វេលា។

​ខ្ញុំ​ប្រើ​ពេល​វេលា ​បញ្ចុះ​បញ្ចូល​លោក​​សន្សើម ​​ពេញ​រយៈពេល​​បី​ថ្ងៃ​ ថា​ខ្ញុំ​ចង់​ចេញ​ទៅ​​ដើរ​​លេង​តាម​​សួន​សាធារណៈ​ ដែល​នេះ​ក៏មិន​ខុស​អ្វី​​ពី​​ការ​សម្លាប់​ខ្លួន​ឯង​​​ដែរ​… តែ​ក៏​មិន​​ដឹង​ថា ​មូល​ហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​​ចេញ​ពី​ផ្ទះ​​ខ្លាំង​យ៉ាង​នេះ​​។ ខ្ញុំ​ចង់​ចេញ​ទៅ​ដើរ​លេង​ខ្លាំង​មែន​ទែន​នៅ​ថ្ងៃ​នេះ​! ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ដែល​លោក​សន្សើម​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើលសភាព​នៅ​ខាង​ក្រៅ​ផ្ទះ​ជិត​មួយ​ម៉ោង​​ ហើយ​ត្រឡប់​​មក​ម្តង​ទៀត​មុន​នឹង​ប្រាប់​ខ្ញុំ​ថា ថ្ងៃ​នេះ​ព្រិល​​ធ្លាក់​តិច​តួច​បំផុត​… និង​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ដើរ​លេង ​នៅ​ក្នុង​សួន​សាធារណៈ​ជាមួយ​គេ​ បាន។

​យើង​ទាំង​ពីរ​នាក់ ​មិនបាន​ធ្វើ​អ្វី​ជា​ពិសេស​ឡើយនៅ​ក្នុង​ឧទ្យាន​​ ដែលគ្រប​ដណ្តប់​ដោយ​​​ពណ៌​ស​ក្បុស​ទាំង​អស់​។ តែ​សំណាង​នៅ​ល្អ​ ដែល​ក្រុម​ភ្នាក់​ងារ​កើប​ព្រិល​ បាន​​សម្អាតព្រិល​តាម​កម្រាល​ឥដ្ឋ​ចេញ​ជិត​អស់​​ ដែល​​នេះ​ជា​ការ​មួយ​ល្អ​ធ្វើ​ឲ្យ​អាកាស​ធាតុ​ត្រជាក់​ល្ម​ម​ស្រួល​ខ្លួន ​និង​​​មិន​សូវ​ពិបាក​ក្នុង​ការ​ដើរ​លំហែ ឬ​រត់​ត្រឹក​ៗ​លេង​របស់​ប្រជា​ជន​ក្នុង​ក្រុង​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​មើល​មក​ខ្ញុំ​ចុះ គួរ​ឲ្យ​​សោក​​​       ​ស្តាយ​ខ្លាំង​ណាស់​​ដែល​ពេល​នេះ​ ខ្លួន​​ឯង​ត្រឡប់​​ជា​មក​​អង្គុយ​លើ​រទេះ​រុញ ដែល​​លោក​សន្សើម​រក​ត្រៀម​ទុក​ឲ្យ ​​ក្រោយ​ពី​ត្រឡប់​​​មក​ផ្ទះ​កាល​ពី​បី​ថ្ងៃ​មុន​​នោះ… ជា​រឿង​ពិត​ណាស់​​ បើ​ខ្ញុំ​គ្មាន​រទេះ​រុញ​មួយ​គ្រឿង​នេះ​​ ខ្ញុំ​អាច​ដើរ​បាន​មិនដល់​​​ប៉ុន្មាន​ជំហាន​ឡើយ​… ខ្ញុំ​ទ្រាំ​ទ្រ​​មិន​រួច​ពិត​មែន!

​«​ឯង​​​ត្រូវ​ញ៉ាំ​ស្ពៃ​ខ្មៅ​ឲ្យ​បាន​​ច្រើន​ជាង​មុន​​… រួម​ទាំង​ខ្ទឹម​ស​ផង​!»

«​ហេតុ​អី​ទៅ?»

«​ព្រោះ​ថា​ខ្ទឹម​ស​និង​បន្លែ​បៃ​តង​ ឬ​បើ​​ល្អ​ជាង​នេះ​ គឺ​បន្លែ​ផ្លែ​ឈើ​ដែល​មាន​ពណ៌​លឿង​… ​វា​អាច​​​ជួយ​ឯង​​​បង្កើន​គ្រាប់​ឈាមបន្ថែម​​បាន​…»

«​… ខ្ញុំ​មិន​យល់​សោះ… ​ហេតុ​អ្វី​ខ្លួន​ខ្ញុំ​​ប្រែ​ជា​​ស្លេក​ស្លាំង​លឿន​ម្ល៉េះ​?…»

​សំណួរ​ដែល​ខ្ញុំ​ឆ្ងល់​​ ​ធ្វើ​ឲ្យ​​បុរស​សម្តែង​ទឹក​មុខ​ គិត​ត្រិះរិះ​​ដូច​គ្នា…

«​… មិន​ដឹង​ដែរ… ​ខ្ញុំ​គិត​ថា… ​យើង​គួរតែ​​នាំ​គ្នា​ទៅ​រក​គ្រូ​ពេទ្យ​ល្អ​ជាង​ណា ​រាត្រី…»

«… ម… មិន​បាច់​ទេ… ខ្ញុំ​​​​មិន​បាន​កើត​អី​ច្រើន​ឯណា​​ ក្រៅ​ពី​ចុក​ក្នុង​ទ្រូង​​ដូច​​​​រាល់​​ថ្ងៃ​​… ម្យ៉ាង​​​​​ខ្ញុំ​ចង់​នៅ​ផ្ទះ​របស់​​លោក​​​… ជា​កន្លែង​​ចុង​ក្រោយ…»

លោក​សន្សើម​​ឈ្ងោក​មុខ​សម្លឹង​ខ្ញុំ​… ខណៈ​កំពុង​រុញ​រទេះ​​ទៅ​មុខ​រឿយៗ។

«​និយាយ​អីដូច្នេះ​…​ ឯង​​​ត្រូវ​​នៅ​ទីនេះ​​រហូត ​ទាល់​​តែ​ផ្ទះ​របស់​ខ្ញុំ​​​​បាក់​រលំ​…»

«​ហ៊ឹះ… ទម្រាំ​តែ​ផ្ទះ​លោក​​​រលំ… ក៏​ប្រហែល​ជា​​មួយ​រយ​​ឆ្នាំ​ទៀត​ទេ​ដឹង?…»

កំលោះ​ញញឹម​ស្ងួត។ ប្រាប់​តាម​ត្រង់​ទៅ​ចុះ ​គ្រប់​ពេល​ដែល​ខ្ញុំ​ក្រឡេក​ឃើញ​ដៃ​ខ្លួន​ឯង​ ខ្ញុំ​តែង​តែ​ទទួល​អារម្មណ៍មួយ​ ដែល​​អាក្រក់​ហួស​​ពី​​ការ​និយាយ​ទៅ​ទៀត… តើ​នេះ​ជា​រោគ​​សញ្ញា​​អ្វី​ឲ្យ​ប្រាកដ​ទៅ?… តាម​ដែល​​ដឹង​ បើ​ខ្ញុំ​​កើត​រោគ​​ខ្វះ​ការ​​ការ​ពារ​ដូច​អ្នក​ដទៃដូច្នេះ​​​​​ ខ្ញុំ​នឹង​ត្រូវ​​មាន​កន្តួល​ក្រហម​ៗ ​​កើត​ឡើងពេញ​ខ្លួន​​ជា​មិន​ខាន​ ​មែន​ទេ?… ឬ​បើ​មិន​ដូច្នោះ​ ខ្ញុំ​ក៏​ត្រូវ​ចុះ​​ស្គម​ស្គាំង​​​ ឃើញ​​តែ​ស្បែក​  ដណ្តប់​ឆ្អឹង ​ដូច​​អ្នក​កើត​រោគ​ខួរ​ឆ្អឹងខ្នង​ជា​មិន​ខាន​។

តែ​ក៏​ចង់​អរគុណ​ទេវតា​ដូច​គ្នា​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​​រង​ទុក្ខ​វេទនា​ត្រឹម​តែ​​ប៉ុណ្ណេះ… ឬ​មួយ​​ការ​ពិត​… វា​​មិន​ទាន់​ដល់​​ពេល​វេលា​នោះ​?…

 

ត្រឹម​ពីរ​ម៉ោង​ប៉ុណ្ណោះ​ ដែល​លោក​សន្សើម​ព្រម​​ឲ្យ​ខ្ញុំ​​ នៅ​ក្នុងសួន​​សាធារណៈ។​ បន្ទាប់​ពី​នោះ​គេ​ក៏​​នាំ​ខ្ញុំ​ត្រឡប់​​ទៅ​ផ្ទះ ​ដេក​​​​ទទួល​​កម្តៅ​​នៅ​ក្នុង​បន្ទប់វិញ​តាម​ទម្លាប់…

«​​ខ្ញុំ​មាន​ការ​​ចេញ​ទៅ​ក្រៅ… បន្តិច​ទៀត​​នឹង​ត្រឡប់​​មក​វិញ​…»

«​… លោក​ទៅ​ណា?…​»

ខ្ញុំ​សួរ​ ខណៈ​ដែល​កំលោះ​កំពុង​បី​ខ្ញុំ​ឡើង​មក​ជាន់​ទី​ពីរ… ច្បាស់​ណាស់​​… ខ្ញុំ​កំពុង​ទទួល​​អារម្មណ៍​ថា​ ខ្លួន​ឯង​ចាប់​ផ្តើម​កម្រើក​រាង​កាយ​លែង​បាន​ហើយ… ភាព​ស្ពឹក​ស្រពន់​តាម​សន្លាក់​ដៃ​ជើង​កើត​ឡើង​ញឹក​ញាប់​ណាស់​ឥឡូវ​នេះ។ តែ​ក៏​ប្លែក​ដែល​វា​មិន​​ឈឺ​ តែ​ត្រឡប់​​ជាស្ពឹក​​ លែង​ដឹង​អារម្មណ៍​​​អី​ទាំង​អស់​​​នៅ​តាម​ជើង​ទាំង​ពីរ… ​គឺ​គ្រាន់​តែ​កម្រើក​ម្រាម​ក៏​​ធ្វើ​មិន​បានផង​។

«​ខ្ញុំ​នឹង​ចេញ​ទៅ​រកថ្នាំ​​បំប៉ន​​​​មក​ឲ្យ​​​ឯង​​​នោះអី…»

«​​… កុំ​នាំ​ឲ្យ​ពិបាក​អី…»

«​និយាយ​ច្រើន​ណាស់… ដេក​ឲ្យ​ស្ងៀមៗ​ទៅ… ហើយ​កុំ​គិត​ចង់​ចេញ​ទៅ​ក្រៅ​ដាច់​ខាត…!»

«​… ខ្ញុំ​​​នឹង​​ចេញ​ទៅ​ណាកើត​?… ខ្ញុំ​​​​ស្ទើរ​តែ​គ្មាន​កម្លាំងនៅសេសសល់​​​ទៅ​ហើយ…»

«​ខ្ញុំ​​​នឹង​ប្រញាប់​ទៅ​ប្រញាប់​មក… ទៅហើយ​ណ៎ា…!»

បុរស​​និយាយ​ចប់​ ក៏​ឈ្ងោក​មុខ​មក​ថើប​ខ្ញុំ​ត្រង់​ថ្ងាស​ស្រាល​ៗ​ មុន​នឹង​ប្រញាប់​រត់​ចុះជណ្តើរ​​ និង​ចេញ​ពី​ផ្ទះ​​មួយ​រំពេច។​ ពិត​ណាស់​… ម្នាក់​ៗ​ក៏​សុទ្ធ​តែ​ដឹង​… ថា​នៅ​សល់​ពេល​មិន​យូរ​ទៀត​ទេ…

***

ពេលវេលា​កន្លង​ទៅ​ជិត​ពីរ​ម៉ោង… ខ្ញុំ​ទទួល​អារម្មណ៍​ថា​ មាន​នរណា​មក​ចុច​កណ្តឹង​នៅ​មុខ​ផ្ទះ។ ស្លាប់​ហើយ!… ច្បាស់​ជា​​មិន​មែន​លោក​សន្សើម​ទេ នរណា​អ៊ីចេះ​​… មក​​ចំ​ពេល​បែប​នេះ​ តើ​ឲ្យ​ខ្ញុំ​ចុះ​​ទៅ​​បើក​ទ្វារ​ម្តេច​កើត​?…

តែ​​ទី​បំផុត​​ ខ្ញុំ​ក៏​ព្យាយាម​ចាប់​បង្កាន់​ដៃ​ជណ្តើរ​ និង​រំកិល​ជើង​ដែល​នៅ​មាន​អារម្មណ៍​ដឹង​តិច​តួច​ចុះ​​មក​ដល់​ខាង​ក្រោម ហើយ​ក៏​ដើរ​ចាប់​តុ​ចាប់​ទូ​ និង​អ្វី​ៗ​ផ្សេង​ទៀត​​​បន្ត​ទៅ​មុខ​ រហូត​​ដល់​មាត់​ទ្វារ​ផ្ទះ​។ នៅ​ពេល​ខ្ញុំ​ទាញ​​​ទ្វារ​បើក​ ក៏​លេច​​រូប​ភ្ញៀវ​តូចច្រមក់​​ឈរ​ញញឹម​នៅ​ចំពោះ​មុខ។

«Good afternoon Reatrey, what’s the matter?»

សួស្តី​​បង​រាត្រី!… តើ​បង​​​​កើតអីហ្នឹង?​

អេម៉ា​សួរ​ខ្ញុំ​​ ទំនង​​ជា​ដឹង​ថា​ ខ្ញុំ​ឈឺ។ ​មែន​ហើយ​… ខ្ញុំ​ទ្រុឌ​ទ្រោម​ដល់​ថ្នាក់​នេះ​ បើ​នរណា​មិន​ដឹង​មាន​តែ​​​ខ្វាក់​​ភ្នែក​! …ណា​ឈរ​ខ្លួន​មិន​ត្រង់​ ព្រោះ​គ្មាន​កម្លាំង​… ណា​ពាក់​ម៉ាស​បិទ​មាត់ ហើយ​ដែល​មើល​ឃើញ​ច្បាស់​ជាង​នោះ​គឺ សម្បុរ​ស្បែក… ដែល​ស​ស្លេក​ស្លាំង​គួរ​ឲ្យ​ខ្លាច​ជាង​មៃ​​ខើល​ជែក​សាន់​​​​​(Michael Jackson)ទៅ​ទៀត​។​​

«Hi, Emma. Ummm… I’m very bad…umm… I’m sick.»

សួស្តីអេម៉ា! អឺមបង​មិនស្រួលខ្លួនទេគឺបង​ឈឺ។

«May I come in please, I want to talk with you.»

តើ​ខ្ញុំអាចចូលទៅខាងក្នុងបានទេ, ខ្ញុំចង់និយាយជាមួយបង

«Um… sure… come in.»

អឺមបានតើចូលមក!

ខ្ញុំ​នឹក​​ចម្លែក​ចិត្ត​ថា ហេតុ​អ្វី​នៅ​សុខៗ​ អេម៉ា​ចង់​មក​និយាយ​ជាមួយ​ខ្ញុំ…?

​កុមារី​​​​តូច​ដើរ​ឆ្ពោះ​​សំ​ដៅ​ទៅ​កណ្តាល​បន្ទប់​អង្គុយ​លេង​​​។​ នាង​ហាក់​ដូច​ជា​​ដឹង​ថា​លោក​សន្សើម​​មិន​នៅ​​ផ្ទះ​ក្នុង​ពេល​នេះ… អេ៎… ឬ​មួយ​អ្នក​កំលោះ ​​បញ្ជូន​ក្មេង​ស្រី​ម្នាក់​នេះ មក​ធ្វើ​ជា​អង្គរក្ស​របស់​ខ្ញុំ? ហាស​​ហា… នេះបែប​​គិត​ចង់​យក​​ក្មេង​មក​យាម​ខ្ញុំ ​មិន​​ឲ្យ​​ចេញ​ពី​ផ្ទះ​​ហើយ​​! តែ​ថា​ទៅ… ​​ជួន​កាល​​ក៏​​អាច​​មិន​មែន ព្រោះ​នេះ​កន្លង​ទៅជិត​​ពីរ​ម៉ោង​ហើយ​ ឯ​អេម៉ា​ទើប​តែ​មក​​ដល់​។​

«OK, girl…»

ខ្ញុំ​ហៅ​ស្រី​តូច​​​ ខណៈ​ដែល​នាង​កំពុង​​ឈរ​លោត​​លេង​នៅ​កណ្តាល​ផ្ទះ… អេ៎​… ឬ​មួយ​នាង​គ្រាន់​តែ​មក​ដើម្បីកម្តៅ​​ខ្លួន​ជាមួយ​ម៉ាស៊ីន​កម្តៅ​ដ៏​សែន​កក់​ក្តៅ​​​របស់​ផ្ទះ​នេះ… ហាស​​ហា… ឆ្កួតមែន​! ផ្ទះ​​​អេ​ម៉ា​​​ក៏​មាន​​​​ឋានៈ​​​មិន​ធម្មតា​​ដែរ​… រឿង​អី​ផ្ទះ​នាង​គ្មាន​ម៉ាស៊ីន​កម្តៅ​​ល្អ​ៗ​បែប​នេះ​ប្រើ?

«The truth… I will only want to ask that… When the Christmas Day ago… you’d gone to see me in school… am I dance well?»

ការពិត​… ខ្ញុំគ្រាន់តែចង់មកសួរបងថា ថ្ងៃបុណ្យគ្រិស្ត​ម៉ាស​​កន្លងមក​​​នេះ បង​​បានទៅមើល​​ខ្ញុំសម្តែងអត់​…​ តើខ្ញុំរាំស្អាត​​​​ទេ?

នេះ​ឬ​អ្វី​ដែល​នាង​ច្រមក់​​ត្រូវ​ការ​សួរ​ខ្ញុំ… ហាស​ហា​… ខ្ញុំ​ចង់​តែ​សើច​​ទេ​ព្រះ​​អើយ! សរុប​មក តើ​​នាង​​ដឹង​​​ឬ​​មិន​ទាន់​ដឹង​ឲ្យ​ប្រា​កដ​​​ ដែល​ប្រញាប់​សួរ​ខ្ញុំ​ថា​ នាង​រាំ​ស្អាត​ឬអត់?

«​Of course, you’re pretty and very excellent!»

ប្រាកដណាស់​​​ ប្អូន​រាំបានស្អាត​​ និងពូកែ​​ខ្លាំងណាស់​!

«​Really?»

មែន?

«Yes, you’re very cute girl!»

មែន, ប្អូន​ជាក្មេងស្រីគួរឲ្យស្រឡាញ់​ខ្លាំងណាស់!

អេ​ម៉ា​ ធ្វើ​កាយ​វិការ​លោត​កញ្ឆេង​សប្បាយ​ចិត្ត​… មាន​អ្វី​ម្យ៉ាង​ដែល​ខ្ញុំ​ចង់​ប្រាប់ដល់​​ក្មេង​ស្រី​ម្នាក់​នេះ…​ តែ​​… នាង​នឹង​ធ្វើ​តាម​​អ្វី​ដែល​ខ្ញុំ​ប្រាប់​និង​អង្វរ​នាងឬ​ក៏​អត់​នោះ ខ្ញុំ​មិន​ដឹង​ទេ។

***

ហ៊ឹះ… ពេល​នេះ​ខ្ញុំ​បាន​តែ​ដេក​ញញឹម​​យ៉ាង​សប្បាយ​ចិត្ត​​ នៅ​លើ​គ្រែ​របស់​ខ្លួន​តាម​ទម្លាប់​។​​ ការ​ពិត​​ ខ្ញុំ​បាន​​ផ្តាំ​ផ្ញើ​អ្វី​ម្យ៉ាង​នឹង​អេម៉ា​រួច​ហើយ… នាងជា​ក្តី​​សង្ឃឹម​​របស់​ខ្ញុំ​តែមួយ​គត់    ​នៅ​ពេល​ដែល​ខ្ញុំ​គ្មាន​ជីវិត​រស់​នៅលើ​លោក​នេះ​បន្ត​​ទៀត​។

ខ្ញុំ​ទទួល​អារម្មណ៍​ថា​ រាង​កាយ​របស់​ខ្ញុំ​ ចាប់​ផ្តើម​មាន​រោគសញ្ញា​ប្លែក​ៗ​ ចេញ​មក​ទៀត​ហើយ… សំឡេង​​​ដក​ដង្ហើម​​ឮខ្លាំង​​ខុស​ពី​ប្រក្រតី​​ ស្បែក​សាច់​ប្រែ​សម្បុរ​ស្លេក​ស្លាំង​លើស​ដើម គួរ​ឲ្យ​ខ្លាច​និង​ខ្ពើម​រអើម​។ ខ្ញុំ​ព្យាយាម​ក្រោក​ចុះ​ពី​លើ​គ្រែ​ម្តង​ទៀត… ដើម្បី​ទៅរក​​ទូរស័ព្ទលើ​តុ​ និង​ខល​ហៅ​រថយន្ត​សង្គ្រោះ​​បន្ទាន់​​…

​តែ​នៅ​ក្នុង​ខណៈ​នោះ​ គំនិត​មួយ​ទៀត​របស់​ខ្ញុំ… បែរ​ជា​ហាម​មិន​ឲ្យ​ធ្វើ​ដូច្នោះ!

ខ្ញុំ​បាន​តែ​លួច​ញញឹម​តិចៗ​យ៉ាង​ស្ងៀម​ស្ងាត់​ នៅ​ក្នុង​ពេលដែល​កំពុង​ឈឺ​ចុក​ចាប់យ៉ាង​វេទនាពេញ​រាង​កាយ​… ខ្ញុំ​មិន​គួរ​​​​​ទៅ​ស្លាប់​នៅ​កន្លែង​ណា​ផ្សេង​ ក្រៅ​​ពី​ផ្ទះ​មួយ​ខ្នង​នេះ​ទេ… ព្រោះ​ខ្ញុំ​… ត្រូវ​រង់​​ចាំ​​គេ​ត្រឡប់​​មក​វិញ…

 

♫♫ ដើម​ទ្រូង​ផ្តល់​ភាព​កក់​ក្តៅ ទៅណា​បាត់​ហើយ

ដៃ​បង​អូន​ធ្លាប់​តែ​គេង​កើយ ស្រី​ដង្ហោយ​ឲ្យ​ប្រញាប់​​វិល​មក​

បង​អើយ​កុំ​ភ្លេច​ពាក្យ​សន្យា ដង្ហើម​សង្ខារ​ចាំ​ប្រុស​ពន្លក

មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ឲ្យ​បង​វិល​មក សុំ​ត្រឹម​ឃើញ​មុខ​មុន​នឹង​បិទ​ភ្នែក​ផុត​ទៅ។

ចង្វាក់​បេះ​ដូង​ស្រែក​ហៅ​រក​បង​ឲ្យ​ត្រឡប់​​

ទឹក​ភ្នែក​លើ​ថ្ពាល់​ក៏​ស្រែក​ហៅ​បង​ឲ្យ​ត្រឡប់​​

ស្នេហ៍​មិន​អាច​ត្រូវ​បញ្ចប់ ស្នេហ៍​ស្នង​បង​ឮ​ទេ​ពៅ​

ទឹក​ភ្នែក​លើ​ថ្ពាល់​ហៅ​ប្រុស​និមល​ឲ្យ​ត្រឡប់​​

ឃើញ​មុខ​មុន​ពេល​ឃ្លាត​ទៅ សម​ចិត្ត​ពៅ​ដែល​នៅ​ត្រូវ​ការ​បង​។

ក្តី​ស្នេហ៍​ប្រែ​ប្រួល​មិន​បាន​​ទោះ​ប្រាណ​ត្រូវ​សូន្យ​

ដង្ហើម​ត្រូវ​ផុត​តែ​រូប​អូន​ មាន​បេះ​ដូង​ជូន​ពេល​បង​វិល​មក​

ដួង​វិញ្ញាណ​ហោះ​ហើរ​​​ទាំង​ទឹក​ភ្នែក​​ស្រែក​ទាំង​ស្តាយ

ហៅ​រក​ប្រុស​ឆោម​ឆាយ​សម្បក​កាយ​ដេក​ចាំ​បង​

ម្តេច​មិន​ឃើញ​ថ្លើម​ថ្លៃវិល​មក​រក​អូន បេះ​ដូង​អូន​ផ្ញើ​ទុក​នៅ… ហ៊ឺ… ♫♫

P.S: នេះ​ជា​វគ្គ​ចុង​ក្រោយ​ដែល​ប្លក់​នេះ​ដាក់​ផ្សាយ​ ដូច្នេះ​ប្រិយ​មិត្ត​អ្នក​ដែល​ដែល​ចង់​បាន​វគ្គ​បន្ត​ និង​ វគ្គ​បញ្ចប់​ក្នុង​ពេល​ជាមួយ​គ្នា​ សូម​សរសេរ​ចំណាប់​អារម្មណ៍​​ផ្ទាល់​ខ្លួន ​ចំពោះ​រឿង​នេះ​ឲ្យ​បាន​យ៉ាង​តិច ​ពីរ​ទំព័រ ​(បញ្ជាក់​ម្តង​ទៀត​ គឺ​យ៉ាង​តិច​ ពីរ​ទំព័រ​) រួច​ផ្ញើ​មក​កាន់​អាសយដ្ឋាន​អ៊ីមែល​ phkaynovesls@gmail.com។ ប្រិយ​មិត្ត​ដប់​នាក់​ដំបូង​ នឹង​ទទួល​បាន​វគ្គ​បញ្ចប់​រឿង​នេះ ​ដោយ​គ្មាន​លក្ខខណ្ឌ​ ចំណែក​ដប់​នាក់​បន្ទាប់ នឹង​ស្ថិត​ក្នុង​ការ​ពិចារណា។ សូម​អរគុណ! 😀

Read Full Post »


ជីវិតបងសម្រាប់អូន

ពេលខ្ញុំភ្ញាក់ដឹងខ្លួន ម៉ោងទើបតែប្រាំមួយជាងប៉ុណ្ណោះ… រាប់ទុកថាថ្ងៃនេះខ្ញុំភ្ញាក់ពីព្រលឹមជាងថ្ងៃធម្មតាជិតមួយម៉ោង។ ខ្ញុំទទួលអារម្មណ៍ថាធ្ងន់ក្បាលមែនទែន ហើយខ្លួនប្រាណទាំងមូលស្ពឹកស្រពន់អស់រលីង តែនេះក៏មិនមែនជាបញ្ហា ដែលធ្វើឲ្យខ្ញុំមិនអាចងើបក្រោកចេញពីគ្រែបានដែរ។ អាការៈឈឺចុកចាប់បន្តិចបន្តួច ដែលនៅសេសសល់លើខ្លួនខ្ញុំ មិនបានធ្វើឲ្យខ្ញុំនឹកខ្វល់ខ្វាយ ឬភ័យបារម្ភអ្វីណាស់ណានោះទេ។ ជីវិតកាលនៅស្រុកខ្មែរកន្លងមក ខ្ញុំធ្លាប់ចូលមន្ទីរពេទ្យឡើងស៊ាំទៅហើយ គឺមិនតិចជាងដប់ដងក្នុងមួយឆ្នាំនោះទេ។

ខ្ញុំពត់ខ្លួនចុះឡើង… រាងកាយហត់នឿយយ៉ាងចម្លែក ហាក់ដូចជាដេកខុសទំនង។ ខ្ញុំក្រោកអង្គុយហើយឈ្លីក្បាល ប្រឹងរួបរួមស្មារតីក្នុងពេលព្រឹកឲ្យមូលស្រឡះល្អ រួចងាកទៅបម្រុងនឹងដាស់អ្នកកំលោះ ដែលច្បាស់ជាមិនទាន់ភ្ញាក់ដូចទម្លាប់មិនខាន។   រៀងរាល់ព្រឹក ខ្ញុំតែងតែធ្វើដូច្នេះ ទោះបីជាដឹងថា គេពិតជាមិនព្រមភ្ញាក់ដោយងាយនោះទេ។

តែ…

ពេលខ្ញុំងាកទៅមើលក្បែរនោះ… កន្លែងដែលលោកសន្សើមគេង បែរជាទទេស្អាត។ ភួយរបស់គេ ដែលយកចេញពីទូមកមួយទៀត កំលោះមិនបាន       ដណ្តប់ខ្លួនឯងទេ តែបែរជាឃើញភួយពីរផ្ទាំងដណ្តប់ត្រួតគ្នាពីលើខ្លួនរបស់ខ្ញុំ… ខ្ញុំសម្លឹងមើលជុំវិញខ្លួន ហើយគិតថា លោកសន្សើមប្រហែលជាឈឺពោះកាត់យប់មិនខាន បានជាភ្ញាក់តាំងពីព្រលឹមបែបនេះ។ ខ្ញុំក្រោកឡើងដើរទៅមុខបន្ទប់ទឹក ហើយគោះទ្វារហៅ… តែពេលមិនឮមានសំឡេងឆ្លើយតប ខ្ញុំក៏សាករុញទ្វារ          មើល។ ក្នុងបន្ទប់ទឹកស្រឡះល្វឹង គ្មានមនុស្សនៅដូចដែលខ្ញុំគិតទេ។… ឬមួយគេនៅខាងក្រោម?

ខ្ញុំដើរចុះពីជាន់ទីពីរ ក្លិនឈ្ងុយដំបូងចេញពីអ្វីម្យ៉ាង បានហើរមកប៉ះច្រមុះរបស់ខ្ញុំ រហូតធ្វើឲ្យទទួលអារម្មណ៍នឹកសង្ស័យមួយរំពេច។… ខ្ញុំគិតថា វាប្រាកដជាក្លិនស៊ុបច្បាស់ណាស់! ជាក្លិនរបស់ផ្ទះយើងឬ?… មិនបង្អង់យូរ ខ្ញុំក៏ដើរចូលទៅក្នុងផ្ទះបាយ ដោយអត់សង្ស័យមិនបាន ព្រោះកាន់តែដើរទៅជិតផ្ទះបាយខ្លាំងប៉ុណ្ណា ក្លិនស៊ុបក៏កាន់តែឈ្ងុយខ្លាំងប៉ុណ្ណោះ។

ខណៈដែលខ្ញុំចូលទៅដល់ផ្ទះបាយ… គ្មានមនុស្សនៅក្នុងនោះ ដូចដែលខ្ញុំទាយទុកសោះ តែបែរជាមានចានស៊ុបក្តៅៗមួយចានធំ កំពុងអណ្តែតផ្សែង      ហុយៗនៅលើតុ។ ខ្ញុំដើរចូលទៅជិតសម្លឹងចានស៊ុប ដែលមានពណ៌សម្បុរគួរឲ្យចង់ទទួលទាន មានទាំងការ៉ុត និងជីរវ៉ាន់ស៊ុយរោយពីលើទៀត… ភ្លាមៗនោះ ខ្សែភ្នែករបស់ខ្ញុំក៏ក្រឡេកទៅឃើញក្រដាសណូត(note)មួយសន្លឹកនៅក្រោមចានស៊ុប ដែលហាក់ដូចជាមាននរណាម្នាក់ យកមកស៊កនៅទីនេះ។

ខ្ញុំទាញក្រដាសនោះចេញមកមើល ហើយក៏ឃើញមានខ្លឹមសារនៅខាងក្នុងសរសេរថា…

[ស៊ុបបន្លែនេះ ខ្ញុំធ្វើដោយខ្លួនឯង ញ៉ាំឲ្យអស់ណ៎ា! ញ៉ាំអស់ហើយ ត្រូវញ៉ាំថ្នាំឲ្យត្រូវម៉ោងផង ខ្ញុំបានរៀបចំទុកឲ្យរួចហើយនៅលើក្បាលដំណេករបស់ឯង កុំភ្លេចណ៎ា!… បន្តិចទៀតខ្ញុំនឹងមកវិញ មិនយូរទេ…]

ខ្ញុំកើតក្តីងឿងឆ្ងល់យ៉ាងខ្លាំង តើបុរសម្នាក់នេះ ចេញទៅណាតាំងពីព្រលឹមអុរ? ខ្ញុំងាកទៅមើលអាងលាងចាននៅក្នុងបន្ទប់ ឃើញគ្រឿងប្រើប្រាស់នៅក្នុងផ្ទះបាយ ដែលធ្លាប់តែទុកចោលក្នុងទូ ត្រឡប់ជាត្រូវយកចេញមកប្រើ ហើយលាងផ្កាប់យ៉ាងស្អាត… នេះបញ្ជាក់ថា ស៊ុបមួយចាននេះគេពិតជាធ្វើដោយខ្លួនឯងមែនឬ?… បើមិនប្រាប់ ខ្ញុំគិតថាជាស៊ុបកញ្ចប់ ដែលគ្រាន់តែចាក់ទឹកឆុងយកតែប៉ុណ្ណោះ។

ខ្ញុំសម្រេចចិត្តអង្គុយញ៉ាំ ដោយមិនប្រញាប់ប្រញាល់ពេកទេ។ ខ្ញុំតាំងចិត្តនឹងរង់ចាំគេមុននឹងឡើងទៅងូតទឹកផ្លាស់ប្តូរសម្លៀកបំពាក់… ព្រោះគេសរសេរទុកនៅក្នុងណូតថា បន្តិចទៀតគេនឹងមក ដែលបញ្ជាក់ថា… ប្រហែលជាមិនយូរប៉ុន្មានទេ។

តែពេលវេលាកន្លងទៅជិតពីរម៉ោង… ខ្ញុំត្រឡប់ទៅដេកនៅលើសាឡុង និងផ្លាស់ប្តូរសម្លៀកបំពាក់ថ្មីរួចរាល់ទៅហើយ។ ខ្ញុំចាប់ផ្តើមដឹងថា គេពិតជាមិនបានចាកចេញទៅណានៅក្បែរៗនេះទេ។ ខ្ញុំអត់សង្ស័យមិនបានសោះ ហេតុអ្វីតាំងពីខ្ញុំភ្ញាក់ដឹងខ្លួនពីគ្រោះថ្នាក់គ្រានោះមក ស្រាប់តែឃើញភាពខុសប្លែកគ្នារបស់បុរសម្នាក់នេះ រវាងពីមុននិងឥឡូវយ៉ាងច្រើនហួសប្រមាណ។ ទម្លាប់ដែលមនុស្សដូចគេមិនគួរធ្វើ តួយ៉ាងយប់មិញនេះ គេច្រៀងឲ្យខ្ញុំស្តាប់មុនចូលគេង… ទោះបីជាសំឡេងមិនអាចស៊ូនឹង អ្នកចម្រៀងដែលជាម្ចាស់បទក៏ដោយ តែខ្ញុំបែរជាទទួលអារម្មណ៍ថា ចូលចិត្តសំឡេងរបស់គេច្រើនជាង អ្នកចម្រៀងម្នាក់នោះទៅទៀត… ហើយនៅមានព្រឹកនេះ ដែលគេក្រោកពីគេងមុនខ្ញុំ… អាហារពេលព្រឹក ដែលគេចម្អិនដោយផ្ទាល់ដៃត្រៀមទុកសម្រាប់ខ្ញុំ ដែលគួរណាស់តែជាតួនាទីរបស់ខ្ញុំដូចថ្ងៃមុនៗ ហើយនៅមានពេលនេះទៀតដែលគេបាត់ខ្លួន… ខ្ញុំចង់ដឹងដល់ហើយ តើគេកំពុងគិតអ្វី ហើយគេនឹងធ្វើអ្វីដោយមិនប្រាប់ខ្ញុំឬទេ?…

សំឡេងបើកទ្វារមុខផ្ទះលាន់ឡើង… ខ្ញុំប្រញាប់ងើបចេញពីសាឡុង ហើយងាកទៅឃើញមនុស្សម្នាក់ ឈរឱបថង់ក្រដាសកាគីធំមួយ ព្រមជាមួយកញ្ចប់អ្វីម្យ៉ាង យ៉ាងច្រើនពាសពេញបង្វេច។

«ម…មកជួយបន្តិចមើល៍! ហត់សឹងស្លាប់ហើយ…!»

អ្នកកំលោះស្រែកហៅខ្ញុំ។ ខ្ញុំប្រញាប់ដើរសំដៅទៅគេ ហើយជួយរម្លែករបស់នៅក្នុងដៃមកយួរយ៉ាងរួសរាន់ ព្រោះខ្លាចបុរសទម្លាក់របស់ទាំងនោះចោលទៅលើឥដ្ឋមុននឹងខ្ញុំទទួលទាន់។ តែបន្ទាប់មក… ខ្ញុំក៏ប្លែកចិត្តនឹងអ្វីដែលខ្លួនបានឃើញនិងកំពុងកាន់…

«ន… នេះគឺ…?!»

ខ្ញុំងាកមុខសម្លឹងលោកសន្សើម ក្នុងន័យចង់ជជីកសួរថា តើគេទិញរបស់ទាំងនេះមកធ្វើអ្វី បើខ្លួនគេផ្ទាល់ក៏ធ្លាប់ប្រាប់ខ្ញុំថា…

«កុំទាន់សួរអីណា… មកជួយយកទៅទុកក្នុងទូទឹកកកសិនល្អជាង!»

«អ… អូខេ!»

ខ្ញុំដើរតាមគេ ចូលទៅក្នុងផ្ទះបាយជាថ្មី។ អ្នកកំលោះ យកប្រអប់អាហារដែលជញ្ជូនមក ញាត់ចូលទៅក្នុងទូទឹកកក ដែលធ្លាប់តែទំនេរស្អាត រហូតពេលនេះចាប់ផ្តើមពេញណែនទូ។

«ខ្ញុំ… អាចសួរលោកបានហើយឬនៅ?»

«អឺមមម… ខ្ញុំដឹងណា ថាឯងនឹងសួរអ្វី!»

«បើអ៊ីចឹង… លោកប្រាប់ខ្ញុំបន្តិចបានទេ… ថាលោកជញ្ជូនស្ពៃខ្មៅអស់ទាំងនេះមកធ្វើអ្វីច្រើនដល់ថ្នាក់នេះ?!»

កំលោះរូបល្អ យកដៃអង្អែលក្បាល ធ្វើមុខអេះអុញ ហាក់ដូចជាកំពុងគិតអស់មួយសន្ទុះ។

«គឺ… ពេលព្រឹកគិតថា… ចេញទៅសួររាក់ទាក់នឹងអេម៉ា… តែក៏ជាប់មាត់និយាយជាមួយលោកប៉ារបស់នាង… ដែលខ្ញុំក៏ធ្លាប់និយាយប្រាប់ឯងហើយតើ… ថាប៉ាម៉ាក់របស់អេម៉ា គឺជាអតីតចៅហ្វាយនាយរបស់ខ្ញុំ។»

«ហើយចុះ?… វាទាក់ទងអ្វីនឹងស្ពៃខ្មៅទាំងនេះដែរ!?»

«គឺ… លោកទាំងពីរជាម្ចាស់ភោជនីយដ្ឋាននៅម្តុំវីតប៊ីសឃ្វែរនោះអី ហើយគាប់ជួនលោកប៉ារបស់អេម៉ាធ្លាប់ធ្វើជាគ្រូពេទ្យពីមុនផង…»

«គ្រូពេទ្យ?»

«មែនហើយ!… មុននឹងមកធ្វើជំនួញបើកភោជនីយដ្ឋាន គាត់ធ្លាប់ធ្វើជាគ្រូពេទ្យ ហើយសព្វថ្ងៃនេះ គាត់ក៏មានគ្លីនិកតូចៗនៅឯហាប៊ើ។ គាត់បាននិយាយពីគុណប្រយោជន៍ របស់ស្ពៃខ្មៅនេះឲ្យខ្ញុំស្តាប់… ខ្ញុំគិតថា វាសក្តិសមណាស់សម្រាប់… អ្នកដែលទើបតែងើបពីឈឺដូចឯង…»

ខ្ញុំស្តាប់ហើយ ក៏សម្លឹងមើលស្បោងស្ពៃខ្មៅ ដែលសល់មួយកញ្ចប់នៅក្នុងដៃ។ ខ្ញុំមិនធ្លាប់គិតថា ស្ពៃខ្មៅដែលមានប្រយោជន៍ដូចបន្លែទូទៅ អាចធ្វើឲ្យខ្ញុំចាប់អារម្មណ៍ពីគុណតម្លៃរបស់វា កាន់តែខ្លាំងឡើងបែបនេះសោះ។ នេះក៏ប្រហែលមកពីបុរស ដែលឈរចំពោះមុខខ្ញុំនេះហើយ ដែលធ្វើឲ្យខ្ញុំកើតមានអារម្មណ៍បែបនេះឡើង។

«អូហូ… កុំប្រាប់ណា… ថាលោកបាត់ទៅ…»

«មិនបាច់សួរទេ… និយាយពីឯងវិញ លេបថ្នាំហើយឬនៅ?»

អ្នកកំលោះកាត់សម្តីខ្ញុំ ហាក់ដូចជាមិនចង់និយាយពីរឿងដែលគេចេញទៅទិញអាហារទាំងនេះមកឲ្យខ្ញុំសោះ។… ខ្ញុំមិនដឹងថា គួរអធិប្បាយបែបណាល្អទេ… មានមនុស្សម្នាក់ ដែលព្យាយាមធ្វើដើម្បីខ្ញុំ តែគេបែរជាមិនចង់រំឭកពីទង្វើល្អទាំងនោះ… ខ្ញុំពិតជាអត់ញញឹមដោយក្តីរំភើបមិនបានពិតមែន ហើយចង់ស្ទុះទៅឱបគេ… ច្បាស់ណាស់! ទីបំផុតខ្ញុំក៏ធ្វើតាមអារម្មណ៍ខ្លួនឯងដែលចង់ធ្វើ។

ខ្ញុំស្ទុះទៅឱបលោកសន្សើមយ៉ាងណែន ហើយគេទំនងជាភ្ញាក់បន្តិចចំពោះកាយវិការរបស់ខ្ញុំ តែបន្ទាប់មក គេក៏ឱបរឹតខ្ញុំយ៉ាងណែនដូចគ្នា។

«ញ៉ាំរួចហើយថ្នាំ… ឲ្យភ្លេចយ៉ាងម៉េចបាន… បើលោកប្រុងប្រៀបគ្រប់យ៉ាង សម្រាប់ខ្ញុំបែបនេះ… »

«…ល្អហើយអ៊ីចឹង…»

អ្នកកំលោះផ្ងើយចង្កា ដាក់លើក្បាលរបស់ខ្ញុំ។ ខ្ញុំទទួលអារម្មណ៍កក់ក្តៅយ៉ាងក្រៃលែង រហូតប្រាប់លែងត្រូវទៅហើយថា ខ្ញុំមានសេចក្តីសុខយ៉ាងណា… អារម្មណ៍ល្អៗបែបនេះ កើតឡើងទ្វេដងរៀងរាល់ថ្ងៃ… ហើយខ្ញុំចង់ឲ្យពេលវេលាសម្រាប់ថ្ងៃស្អែក នៅតែបែបនេះរហូតទៅ…

ថ្ងៃស្អែក… ដែលមាន សន្សើម និង រាត្រី នៅជាមួយគ្នា…

 

«អឺ… ខ្ញុំភ្លេចប្រាប់… ថ្ងៃត្រង់នេះ ខ្ញុំមានការចេញទៅក្រៅបន្តិច ប្រហែលជាពីរបីម៉ោងទើបមកវិញ។»

«លោកទៅណា?… ហេតុអ្វីមិនឲ្យខ្ញុំទៅផង?»

«កុំអី!… គឺខ្ញុំរកការងារពិសេសបានធ្វើហើយ… ជាអ្នកបើកម៉ូតូដឹកជញ្ជូនអាហារ!»

«ស្អីគេ?» ខ្ញុំសួរបញ្ជាក់យ៉ាងមិនគួរឲ្យជឿ។

«គឺ… លោកប៉ារបស់អេម៉ាបានផ្តល់ការងារនេះឲ្យខ្ញុំធ្វើ! ខ្ញុំក៏ចង់សាកល្បងធ្វើកែអផ្សុកខ្លះមើល… តែសម្រាប់ឯងពិតជាធ្វើមិនបានទេ ព្រោះឯងគ្មានប័ណ្ណបើកបរនៅទីនេះ។»

«…ខ្ញុំមិនទាន់និយាយឯណា… ថាខ្ញុំនឹងចង់ធ្វើ?…»

«មើលតែមុខឯងក៏ដឹងដែរ!» គេញញឹមដាក់ខ្ញុំ… ខ្ញុំញញឹមតបបែបរសាប់រសល់បន្តិច ដែលគេដឹងទាន់។

«អ៊ីចឹងសម្រេចថា… រសៀលម៉ោងបីនេះ… ខ្ញុំនឹងត្រឡប់មកនាំឯងទៅកន្លែងមួយ។»

«…កន្លែងណា?»

«បានហើយ… ពេលខ្ញុំមក ឯងនឹងដឹងដោយខ្លួនឯង!… តែសុំប្រាប់ទុកជាមុនថា ហាមចេញក្រៅពីផ្ទះទៅណាជាដាច់ខាត!»

បុរសលើកដៃឡើង ធ្វើកាយវិការហាក់ដូចជាដាក់បញ្ជា… ខ្ញុំមិនដឹងថាខ្លួនឯងក្លាយជាកូនក្មេង ស្ថិតនៅក្រោមបង្គាប់របស់គេតាំងពីពេលណាទេ… តែយ៉ាងណាក៏ដោយ ក៏ខ្ញុំទទួលអារម្មណ៍កក់ក្តៅចំពោះទំនួលខុសត្រូវនេះដែរ។

«អូខេ… ខ្ញុំនឹងរង់ចាំលោក។»

«ឥឡូវម៉ោង១០ហើយ… តើយើងគួរញ៉ាំម្ហូបស្ពៃខ្មៅណាមួយល្អ?»

«ខ្ញុំ… នឹកមិនចេញទេ… គិតឃើញតែម្យ៉ាង គឺស៊ុប!»

«អាហារថ្ងៃត្រង់ ញ៉ាំស៊ុបឲ្យឆ្អែតមកពីណាទៅ?»

«អ៊ីចឹងមែនហើយ… តែលោក… ទិញមកតក់ក្រហល់បែបនេះ… ខ្ញុំពិតជាគិតមិនចេញទេ!»

«អឺមមម… អ៊ីចឹងសាកម្ហូបនេះលមើល៍ល្អទេ!» អ្នកកំលោះញញឹម ហាក់ដូចជានឹកឃើញម្ហូបដែលត្រូវធ្វើ។

«ម្ហូបអីទៅ?»

***

 

មិនគួរឲ្យជឿសោះថា អាហារថ្ងៃត្រង់ថ្ងៃនេះ ស្នាដៃរបស់លោកសន្សើមនិងខ្ញុំ មានសុទ្ធតែបន្លែស្ពៃខ្មៅទាំងអស់… មិនថាជាស៊ុតចៀនផ្សំស្ពៃខ្មៅ… ស្ងោរសាបស្ពៃខ្មៅ… រួមទាំងស្ប៉ាហ្គេទីដែលដាក់ស្ពៃខ្មៅជំនួសការ៉ុត និងខ្ទឹមបារាំង។ ខ្ញុំទទួលអារម្មណ៍ថា ម្ហូបគ្រប់យ៉ាងប្លែកទាំងអស់ ហើយក៏ទទួលស្គាល់ថាតាំងពីកើតពោះម៉ែមក ខ្ញុំមិនធ្លាប់ឃើញម្ហូបទាំងនេះទេ សូម្បីតែមួយមុខណា។ ខ្ញុំសង្កេតឃើញទឹកមុខរបស់អ្នកកំលោះ ដែលសម្លឹងម្ហូបគ្រប់ចាននៅលើតុ ហាក់ដូចជាមិនចង់ញ៉ាំបន្តិចសោះ។

«លោកនេះកំប្លែងដល់ហើយ… ដឹងថាខ្លួនឯងមិនចូលចិត្តស្ពៃខ្មៅទេ ចុះហេតុអ្វី លោកមិនទិញអាហារសម្រាប់ខ្លួនឯងផង? ទិញតែស្ពៃខ្មៅមក តើលោកអាចញ៉ាំអ្វីបាន?… ចាំខ្ញុំចៀនពងទាសាច់ជ្រូកចិញ្ច្រាំឲ្យ ល្អទេ?»

«ម… មិនបាច់ទេ!… ខ… ខ្ញុំអាចញ៉ាំបាន។»

ទឹកមុខរបស់បុរសមិនបានបញ្ជាក់ ដូចដែលមាត់និយាយនោះទេ។

«ប្រាកដហើយ?… ខ្ញុំគិតថា ស្ងោរសាបមួយចាននេះ ពិតជាចេញជាតិល្វីងខ្លាំងណាស់!… ចំពោះខ្ញុំញ៉ាំបានស្រាប់ហើយ… តែខ្ញុំខ្លាចក្រែងថា លោកនឹងមិនអាច…»

«បានហើយៗ… ញ៉ាំហើយមានប្រយោជន៍ក៏ញ៉ាំទៅ ថ្ងៃណាមួយខ្ញុំនឹងអាចញ៉ាំបានដោយខ្លួនឯងមិនខានទេ!»

ទឹកមុខគេ មើលទៅមិនសូវជាច្បាស់ក្នុងចិត្តសោះ។

«លោកនិយាយដូចជាមានន័យថា ចង់ឲ្យខ្ញុំនេះញ៉ាំស្ពៃខ្មៅ អស់មួយជីវិតឬ?»

«អង្គុយចុះបានហើយ និយាយច្រើនម្ល៉េះ!»

អ្នកកំលោះដើរមកខាងក្រោយខ្ញុំ ហើយចាប់ស្មាខ្ញុំទាំងសងខាងសង្កត់ចុះឲ្យអង្គុយលើកៅអី រួចក៏ដើរទៅកន្លែងអង្គុយរបស់ខ្លួនឯងចាប់ស្លាបព្រាឡើង។ ខ្ញុំឃើញខ្សែភ្នែករបស់គេ សម្លឹងម្ហូបនៅចំពោះមុខហាក់ដូចជាកំពុងពិចារណា លើអាហារទាំងនោះយ៉ាងតានតឹង… តែមិនយូរក្រោយមក គេក៏ដួសម្ហូបដាក់ចូលក្នុងមាត់ ហើយធ្វើទឹកមុខដែលធ្វើឲ្យខ្ញុំទប់សំណើចមិនបាន។

***

 

ក្នុងពេលដែល លោកសន្សើម ចេញពីផ្ទះ ខ្ញុំក៏ធ្វើការបោសសម្អាតផ្ទះសម្បែងទាំងពីរជាន់ដើម្បីបន្លប់ពេលវេលាដ៏គួរឲ្យធុញទ្រាន់នេះចោល… ពិតមែនហើយ! ខ្ញុំទទួលអារម្មណ៍ថា ខ្ញុំមិនអាចរស់នៅតែម្នាក់ឯងបានទៀតទេ តាំងពីបានជួបបុរសម្នាក់នេះ។ ខ្ញុំរៀបចំសម្ភារៈគ្រប់យ៉ាងតាមទីកន្លែងរបស់វា ហើយសម្លឹងមើលជញ្ជាំងបន្ទប់ពណ៌ខ្មៅរបស់ផ្ទះមួយល្វែងនេះ ដោយអារម្មណ៍ស្លុតរន្ធត់ចិត្តឥតឧបមា… ប្លែកណាស់តែជាការពិត ពេលដែលខ្ញុំមានគេនៅក្បែរខ្លួន ខ្ញុំបែរជាចាប់អារម្មណ៍ ចេះស្រឡាញ់ពណ៌ខ្មៅទៅវិញ ព្រោះវាធ្វើឲ្យខ្ញុំទទួលដឹងនូវអារម្មណ៍កក់ក្តៅមួយ ដែលមិនអាចពិពណ៌នាបាន។ ប៉ុន្តែនៅពេលខ្ញុំនៅម្នាក់ឯងខ្ញុំទទួលអារម្មណ៍ថា មិនចូលចិត្តវាសោះ។ បើអាចសែកមន្តជបបាននៅពេលនេះ ខ្ញុំនឹងធ្វើវាឲ្យទៅជាពណ៌សទាំងអស់ភ្លាម។

តែវាក៏មិនមែនជារឿងធំដុំអ្វី ដែលធ្វើឲ្យខ្ញុំកើតអារម្មណ៍ធុញទ្រាន់ នឹងបុរសម្នាក់នេះដែរ… ប្រាកដណាស់ទៅហើយ ព្រោះផ្ទះមួយខ្នងនេះមាននាទីត្រឹមតែជារនាំងបាំងមេឃក្តៅភ្លៀងខ្យល់ម្តងម្កាលប៉ុណ្ណោះ… បុរសម្នាក់នោះទៅវិញតើ…ដែលធ្វើឲ្យខ្ញុំទទួលអារម្មណ៍ថា… ផែនទ្រូងរបស់គេនោះហើយ ដែលជាទីកន្លែងដ៏កក់ក្តៅ មានសុវត្ថិភាព និងគួរឲ្យចង់រស់នៅជាទីបំផុត។

***

ក្រោយពីធ្វើការបោសសម្អាតផ្ទះសំបែងរួចរាល់ហើយ ខ្ញុំស្រាប់តែភ្លេចខ្លួនដេកលក់ទៅតាំងពីថ្មើរណាក៏មិនដឹង រហូតមកភ្ញាក់ដឹងខ្លួនម្តងទៀត នៅពេលដែលឮសំឡេងនរណាម្នាក់ហៅខ្ញុំ។

«អ… អឺ… ត្រឡប់មកវិញហើយឬ?» ខ្ញុំសួរអ្នកកំលោះ ដែលឈ្ងោកមុខចូលមកជិតខ្ញុំដោយសំឡេងស្អកស្អា។

«យ៉ាងម៉េចហើយ?… គេងស្រួលណាស់ហ្ន៎!… ខ្ញុំរំខានដំណេកទេដឹង?»

«អត់ទេ… ខ្ញុំគ្មានបំណងចង់គេងលក់ទេ… តែក៏ភ្លេចខ្លួនលក់មួយស្រឡេតទៅ!…ហួមមម…»

«ក្រោកឲ្យលឿនឡើង… ទៅខាងក្រៅជាមួយគ្នា!»

«អ្ហ៎ា!?… លោកទើបតែមកដល់ ចង់ទៅវិញទៀតហើយឬ? លោកធ្វើការមិនហត់ខ្លះទេអេះ?»

«អត់ហត់ទេ… យើងនឹងចេញទៅលំហែកាយ បន្ធូរអារម្មណ៍ជាមួយគ្នានោះអី!»

«លំហែកាយ?»

មិនរង់ចាំឲ្យខ្ញុំនៅសង្ស័យយូរ អ្នកកំលោះក៏ចាប់ទាញរាងកាយខ្ញុំ ឲ្យក្រោកចេញពីសាឡុង ហើយនាំដើរចេញទៅក្រៅផ្ទះមួយរំពេច។ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនឹងកង់ធំពណ៌ខ្មៅមួយគ្រឿងនៅខាងមុខផ្ទះ។

«កង់?… កង់របស់លោកឬ?»

«ពិតមែនហើយ! ទើបតែយកមកដល់អម្បាញ់មិញនេះឯង… ឡើងមក!»

«ស្អីគេ?» ខ្ញុំឧទានឡើងបែបអៀនផងអស់សំណើចផង ខណៈដែលបុរសញញឹមចេញមកហើយទាញខ្ញុំទៅក្បែរកង់ថ្មី។ អ្នកកំលោះឡើងជិះលើកង់យ៉ាងរៀបរយ ហើយផ្អៀងខ្លួនទៅមុខបន្តិចដើម្បីឲ្យខ្ញុំឡើងជិះពីក្រោយគេ។ ខ្ញុំញញឹមដាក់បុរសបន្តិច មុននឹងធ្វើតាមពាក្យបញ្ជានោះ។ មែន!… ខ្ញុំគិតថា នោះជាបទបញ្ជារបស់មនុស្សជាទីស្រឡាញ់របស់ខ្ញុំ។

ខ្ញុំអង្គុយឱបរាងកាយ ដ៏សែនកក់ក្តៅរបស់ប្រុសកំលោះ ជិះតាមផ្លូវថ្នល់ដែលចាប់ផ្តើមមានលម្អងព្រិល ធ្លាក់រោយរាយ។ អាកាសធាតុនៅខាងក្រៅបែបនេះត្រជាក់ខ្លាំងណាស់ ហើយវានឹងកាន់តែត្រជាក់ជាងនេះទៅទៀត បើពេលនេះខ្ញុំគ្មាននរណាម្នាក់នៅក្បែរដូចថ្ងៃនេះ។ លោកសន្សើម ហាក់ដូចជាប្រឹងធាក់កង់ឲ្យកាន់តែញាប់ឡើង ហើយចាប់ក្តោបដៃខ្ញុំ នៅត្រង់ក្បាលពោះរបស់គេ យ៉ាង         ណែន។ គេប្រហែលជាខ្លាចខ្ញុំរងាខ្លាំងហើយ តែមិនដូចគេគិតទេ… រាងកាយទាំងមូលរបស់ខ្ញុំ បានទទួលភាពកក់ក្តៅពីគេយ៉ាងបរិបូរណ៍ រហូតធ្វើឲ្យខ្ញុំចង់នៅបន្តបែបនេះទៀតឲ្យបានយូរ។

ខ្ញុំភ្ញាក់ដឹងខ្លួនម្តងទៀត  ក្រោយពីភ្លេចស្មារតីអណ្តែតអណ្តូង នៅលើផែនខ្នងរបស់គេ គឺនៅពេលដែលគេបញ្ឈប់កង់នោះ នៅកន្លែងមួយ។ ខ្ញុំងើបសម្លឹងមើលទីកន្លែងដែលទើបមកដល់ ព្រមទាំងបានឮសំឡេងដូចទឹក… អេ… នេះគឺ…

«នេះគឺ…» ខ្ញុំងាកមើលអ្នកកំលោះដោយទឹកមុខងឿងឆ្ងល់។

«Swimming Pool នោះអី!» បុរសនិយាយព្រមទាំងញញឹម។

ឱ! ព្រះអើយ… តើគេកំពុងគិតអ្វីនៀក?… គេចង់នាំខ្ញុំមកហែលទឹកក្នុងពេលដែលអាកាសធាតុរងាត្រជាក់បែបនេះឬ? ខ្ញុំមិនចង់គិតទេ ថាខ្ញុំនឹងទទួលអារម្មណ៍យ៉ាងណា បើខ្ញុំដោះអាវចេញនៅតែខ្លួនទទេ… សូម្បីតែដោះអាវក្រៅចេញមួយ ខ្ញុំក៏ប្រហែលជាទ្រាំទ្រមិនបានទៅហើយ…

ខ្ញុំមិនទាន់ហ៊ាននិយាយអ្វីទេ ចេះតែដើរតាមគេចូលទៅក្នុងអគារ… អេ… ហេតុអ្វីនៅសុខៗអារម្មណ៍បែបនោះក៏…

«អេ… មានចំហាយក្តៅតើ!…»

ខ្ញុំភ្លេចខ្លួន និយាយចេញមកដោយអារម្មណ៍ហោះហើរ។ លោកសន្សើមងាកមកញញឹមស្រាលដាក់ខ្ញុំ។

«នៅទីនេះគេមានម៉ាស៊ីនកម្តៅ… វាជាប្រភេទអាងឆ្ពុងបែបបុរាណ។ មិនបាច់ខ្លាចរងាទេ អាកាសធាតុក្តៅៗបែបនេះហើយ ដែលគួរឲ្យចង់ហែលទឹកបំផុត!»

«ប្លែកដល់ហើយ… អារម្មណ៍អីរបស់លោកហ្ន៎ កំប្លែងមែនទែន!» ខ្ញុំនិយាយតាមអ្វីដែលខ្លួនគិត។

«អារម្មណ៍ចង់ហែលកំដរឯងទេដឹង?»

«ហែលកំដរខ្ញុំ!?… មានន័យថាម៉េចទៅ?»

«ក៏ព្រោះការហែលទឹកនេះ… នឹងធ្វើឲ្យឯងបានបន្ធូរនូវអារម្មណ៍ហត់នឿយនិងអាការៈចុកស្រពន់តាមឆ្អឹង ដែលនៅឈឺនៅឡើយ។ អ្នកដែលទើបតែកើតឧប្បត្តិហេតុឡានបុកដូចជាឯង… សមស្របបំផុត សម្រាប់ការព្យាបាលដោយទឹក!»

កុំប្រាប់ណា… ថាគេធ្វើដើម្បីខ្ញុំទៀតហើយ!

«នេះលោក… ធ្វើដើម្បីខ…»

«ណ្ហើយ!… នាំគ្នាចូលទៅផ្លាស់ខោអាវទៅ… នៅត្រង់នោះក៏មានលក់ខោ        ហែលទឹកដែរ។ តោះ! ទៅភ្លាមឡើង។»

បុរសគេចវេះពីសំណួររបស់ខ្ញុំម្តងទៀត។ ខ្ញុំឈរសម្លឹងមើលគេដែលដើរនាំផ្លូវដោយអារម្មណ៍រវើរវាយ… ហេតុអ្វីគេជាមនុស្សល្អបែបនេះ?… នេះឬ… អ្នកដែលសមនឹងត្រូវមនុស្សស្រីបោះបង់ចោល?… បើគេជាអ្នកដែលបោះបង់ដានី ខ្ញុំនឹងមិនថាទេ… តែដូចខ្ញុំនិយាយអ៊ីចឹង មនុស្សដូចគេគ្មានផ្លូវនឹងបោះបង់នរណាចោលឡើយ… តែគេក៏មិនគួរត្រូវអ្នកដទៃបោះបង់ចោលដូចគ្នា។

បានហើយល្មមប៉ុណ្ណឹងចុះ… ខ្ញុំគួរតែញញឹមសម្រាប់ថ្ងៃនេះល្អជាង ព្រោះខ្ញុំនេះហើយដែលសំណាងល្អបំផុតនៅក្នុងពេលនេះ…

«នរណាគេហែលទឹកអ៊ីចឹងហ៎ះ?… ដូចកូនឆ្កែតែម្តងហើយនេះ! … គឺគេត្រូវបោះដៃទៅមុខឲ្យត្រង់ៗ ហើយម្ខាងទៀតត្រូវសន្ធឹងទៅខាងក្រោយ… នៅពេលហែលប្តូរដៃឆ្លាស់គ្នា ត្រូវឱនមុខចុះ លុះនៅពេលដៃប្តូរមកម្ខាងទៀត ត្រូវងើបមុខឡើងដើម្បីដកដង្ហើម។ ធ្វើបែបនេះរហូតហែលទៅដល់ត្រង់មាត់អាងនោះ… យល់ហើយឬនៅ?»

ខ្ញុំទទួលអារម្មណ៍ថា… យើងទាំងពីរហែលលេងៗសោះ ស្រាប់តែក្លាយជាមករៀនហែលទឹកទៅវិញ។ ខ្ញុំពេលនេះ មិនខុសពីត្រូវគ្រូបង្គាប់ឲ្យហាត់ដូចពេលរៀននៅវិទ្យាល័យទេ។ ថាទៅ… ខ្ញុំក៏អាចហែលទឹកបានខ្លះៗដែរ! គ្រាន់តែមិនសូវត្រូវតាមក្បួនខ្នាតប៉ុណ្ណោះ។ ចំណែកបុរសម្នាក់នេះ បែរជាមកតាំងខ្លួនធ្វើជាគ្រូបង្វឹក មើលតែខ្ញុំនេះត្រូវទៅប្រកួតជម្រើសជើងឯកកីឡាករហែលទឹក! នឹកឡើងចង់តែសើច…

ពេលវេលាកន្លងទៅ ជិតមួយម៉ោងកន្លះ គឺត្រូវនឹងម៉ោងប្រាំល្ងាចល្មម។ លោកសន្សើមនាំខ្ញុំងើបចេញពីអាងហែលទឹក ហើយពេលនោះ ស្រាប់តែខ្ញុំទទួលអារម្មណ៍ថា គ្រប់សរសៃសរសូង និងអាការៈឈឺចុកចាប់ទាំងអស់ បានធូរស្រាលច្រើនយ៉ាងខ្លាំង។ អស្ចារ្យមែន!… ខ្ញុំឧទាននៅក្នុងចិត្តយ៉ាងរីករាយ និង មានមោទនភាពខ្លាំងណាស់ ដែលមានគូស្នេហ៍ជាគ្រូពេទ្យក្នុងពេលចាំបាច់បែបនេះ។

«សួរតាមត្រង់ទៅចុះ… តើថ្ងៃនេះ លោកពិតជាទៅធ្វើការមែនឬ?» ខ្ញុំសួរ      ខណៈដែលកំពុងជិះកង់ត្រឡប់មកផ្ទះវិញ។

«មែនហើយ… សួរធ្វើអ្វី?» គេឆ្លើយ និងសួរត្រឡប់វិញ។

«គឺ… ខ្ញុំស្មានថាលោករវល់តែទៅរកទិញកង់មួយនេះតើ!»

អ្នកកំលោះសើច នៅពេលឮសម្តីរបស់ខ្ញុំ មុននឹងតបមកវិញ។

«គ្រាន់តែទិញកង់ ឲ្យតែមានលុយ… ត្រឹមតែមួយនាទីក៏លីចេញពីហាងមកបានដែរ ឯងនេះចូលចិត្តសួរអ្វីកំប្លែងៗ!»

ខ្ញុំរកនឹកមិនឃើញសោះ ថាខ្ញុំជាមនុស្សកំប្លែងត្រង់ណា ខ្លួនគេទៅវិញតើ ដែលចូលចិត្តធ្វើខ្លួនកំប្លែងៗ គ្រាន់តែថ្ងៃនេះធ្វើឲ្យខ្ញុំស្រឡាំងកាំងមិនដឹងជាប៉ុន្មានដងទៅហើយទេ។

«យើងត្រឡប់ទៅផ្ទះតែម្តង មែនទេ?»

«អឺមមម… ចុះឯង… ចង់ទៅណាទៀត?» បុរសសួរយ៉ាងចាប់អារម្មណ៍។ ខ្ញុំញញឹមនៅពេលនឹកឃើញអ្វីមួយនៅក្នុងគំនិត។

«ខ្ញុំចង់ទៅមើលក្មេងៗរាំដូចថ្ងៃមុននោះអី… កុមារសាន់តាខ្លូស!»

ខ្ញុំជឿជាក់ថា លោកសន្សើមច្បាស់ជាធ្វើមុខស្អុយគួរឲ្យគ្រឺតក្នាញ់ ដោយមិនឲ្យខ្ញុំឃើញមិនខាន។

«ហេតុអ្វីឯងចូលចិត្តមើលអ្វី ដែលគួរឲ្យស្រឡាញ់បែបនោះទៅវិញ?»

«ឱះ!… មើលអ្វីដែលគួរឲ្យស្រឡាញ់… មិនល្អជាងមើលអ្វីដែលគួរឲ្យខ្លាចឬ?»

«… អ៊ីចឹងមែន…»

សម្តីតបរបស់លោកសន្សើម ឮសូរស្រាលប្រៀបដូចលម្អងព្រិលដែលកំពុងរុះរោយចុះមក។ សំឡេងនោះធ្វើឲ្យខ្ញុំមានមន្ទិលថា គេកំពុងគិតអ្វីម្យ៉ាងដែលមិនព្រមប្រាប់ខ្ញុំឲ្យដឹង។

«បើថ្ងៃណាមួយ… ជីវិតរបស់យើងមានរឿងអាក្រក់ៗ គួរឲ្យខ្លាចចូលមក… ដោយមិនបានប្រុងប្រៀបទុកជាមុន… តើលោកគិតថា… លោកនឹងធ្វើយ៉ាងណាចំពោះជីវិតរបស់យើងទាំងពីរ?…»

សំណួរ ដែលកើតចេញពីអារម្មណ៍ចម្លែករបស់ខ្ញុំ ធ្វើឲ្យលោកសន្សើមទប់ជើងង៉ក់រហូតកង់ទាំងមូលឈប់យ៉ាងទាន់ហន់ ហើយក្បាលរបស់ខ្ញុំក៏ជល់នឹងខ្នងរបស់គេដោយមិនបានប្រុងប្រៀបទុកជាមុន។

«… ហេតុអ្វី… ឯងមកសួរខ្ញុំបែបនេះ…!!!»

ខ្ញុំមិនដឹងថា គួរឆ្លើយយ៉ាងណាចំពោះសំណួរ ដ៏ម៉ឺងម៉ាត់របស់គេនោះទេ…ខ្ញុំកំពុងទទួលបាន នូវចំហាយក្លិនដ៏ស្លុតរន្ធត់យ៉ាងចម្លែក… តើខ្ញុំកើតអារម្មណ៍   ឆ្កួតៗឡប់ៗបែបនេះមកធ្វើអ្វី?… បរិយាកាសដែលកំពុងតែល្អ ក៏រលុបរលាយអស់រលីង។

«គ… គឺ… ឈប់ខ្វល់ទៅ… ខ្ញុំគ្រាន់តែ… គិតលេងឆ្កួតៗប៉ុណ្ណោះ!…»

«ចុះហេតុអ្វី ឯងចាំបាច់ត្រូវគិត?» លោកសន្សើមសួរបញ្ច្រាសមកវិញ។

អ្នកកំលោះងើបចេញពីកែបកង់ ហើយបន្ទាបខ្លួនអង្គុយចុះចំពោះមុខខ្ញុំ ប៉ុន្តែដៃគេនៅតែកាន់ដៃកង់ជាប់មិនលែង ដើម្បីកុំឲ្យខ្ញុំដួលទៅតាមកង់។ ទឹកមុខរបស់គេពេលសម្លឹងមកនោះ… ធ្វើឲ្យខ្ញុំកាន់តែភ័យខ្លាំងឡើងៗ… មែនហើយ! ខ្ញុំដឹងហើយថា អារម្មណ៍ឆ្កួតៗបែបនេះ កើតចេញមកពីភាពភ័យខ្លាចនេះឯង… ខ្ញុំខ្លាចអ្វីម្យ៉ាងដែលមិនទាន់មកដល់… តែខ្ញុំមិនដឹងថា នេះជាអារម្មណ៍ធម្មតារបស់មនុស្សដែលកំពុងមានសេចក្តីស្នេហា ឬមួយក៏អត់ទេ?

«ខ្ញុំ… ខ្ញុំខ្លាចថា…»

«ខ្លាច?… ឯងខ្លាចអី?» ទឹកមុខនិងខ្សែភ្នែករបស់គេធ្វើឲ្យខ្ញុំនឹកឆ្ងល់ថា ហេតុអ្វីបានជាគេ ប្រាកដប្រជានឹងសំណួររបស់ខ្ញុំខ្លាំងម្ល៉េះ? ហើយនោះកាន់តែធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អទ្វេឡើង។

«ខ្ញុំខ្លាចសេចក្តីសុខនៅថ្ងៃនេះ… សេចក្តីសុខ… ដែលលោកផ្តល់ឲ្យខ្ញុំតាំងពីថ្ងៃដំបូងដែលខ្ញុំបានជួបលោក… ហើយទោះជាឲ្យខ្ញុំអធិប្បាយឲ្យពិស្តារក៏គង់នឹងរៀបរាប់មិនបានដែរ… ប៉ុន្តែ… លោកធ្លាប់ទទួលអារម្មណ៍ដូចខ្ញុំខ្លះទេ… ពេលដែលយើងនៅជាមួយមនុស្ស ដែលខ្លួនស្រឡាញ់យ៉ាងមានសេចក្តីសុខ… សេចក្តីសុខដែលចូលមកយ៉ាងច្រើនលើសលប់ ហួសពីការស្មាន… វាធ្វើឲ្យខ្ញុំទទួលអារម្មណ៍ថា…»

ខ្ញុំបង្អង់សម្តីឈប់បន្តិច ព្រោះហាក់ដូចជាដឹងថា… ទឹកភ្នែកដែលផុសចេញមកពីគំនិតឆ្កួតៗនោះកំពុងហូរចេញមក។

«ខ្ញុំមិនចង់ឲ្យមានថ្ងៃនោះ… ថ្ងៃដែលយើងត្រូវបែកគ្នា… ខ្ញុំខ្លាចថាសេចក្តីសុខដែលលោកមានឲ្យខ្ញុំ… វានឹងក្លាយត្រឹមជារូបភាពមួយ… នៃស្រមោលអតីតកាលក្នុងថ្ងៃថ្មី ដែលខ្ញុំអាចនឹងមិនបានឈរនៅក្បែរលោកក្នុងថ្ងៃនោះ… ខ្ញុំខ្លាចក្រែងថ្ងៃស្អែកនេះ… នឹងគ្មាន…»

ខ្ញុំមិនទាន់និយាយប្រយោគនេះចប់ផង បុរសក៏លែងដៃចេញពីកង់ ហើយទាញរាងកាយខ្ញុំទៅឱបយ៉ាងណែន… កង់ដួលរលំទៅលើដីឮសូរគ្រាំង តែអ្នកកំលោះមិនចាប់អារម្មណ៍… គេឱបខ្ញុំកាន់តែណែនខ្លាំងឡើងៗ… ខ្ញុំមិនអាចមើលឃើញទឹកមុខរបស់គេ ក្នុងពេលនេះបានទេ ព្រោះគេគេចខ្សែភ្នែកចេញ ហើយលាក់មុខទៅក្រោយខ្នងខ្ញុំយ៉ាងមានចេតនា។

«ឈប់និយាយឆ្កួតៗបែបនេះ… ហើយកុំនិយាយឲ្យខ្ញុំឮទៀតឲ្យសោះ…»

ខ្ញុំមិនទាន់ទទួលពាក្យទេ តែខ្ញុំចង់ឃើញទឹកមុខរបស់គេ នៅពេលនេះ… បុរសមិនព្រមងើបមុខចេញសោះ តែត្រឡប់ជានិយាយ ដោយសំឡេងញាប់ញ័រឲ្យខ្ញុំបានឮ។

«ឯងមិនត្រូវគិតអ្វី ដែលគ្មានប្រយោជន៍បែបនេះទៀតទេ… ព្រោះទោះយ៉ាងណាក៏ដោយ… ថ្ងៃស្អែក… ខ្ញុំត្រូវតែមានឯង… មានឯងរស់នៅក្បែរខ្ញុំជានិច្ច!»

***

 

ដោយសារខ្ញុំពិតមែន ដែលធ្វើឲ្យបរិយាកាសធ្វើដំណើរត្រឡប់មកផ្ទះវិញ ប្រព្រឹត្តទៅយ៉ាងស្ងៀមស្ងាត់ គ្មានស្នាមញញឹម… គ្មានសំឡេងសើច… ឬប្រយោគសន្ទនាណាមួយចេញពីមាត់បុរសម្នាក់នេះទៀតឡើយ រហូតទៅដល់ផ្ទះ។

ភ្លាមៗដែលចូលមកដល់ក្នុងផ្ទះ លោកសន្សើមងាកមុខមករកខ្ញុំ។ ទឹកមុខនោះបង្ហាញភាពម៉ឺងម៉ាត់ និងសោះកក្រោះ។ ឬមួយខ្ញុំគិតច្រើនដោយខ្លួនឯង? តែគេមិនព្រមប្រសព្វភ្នែកនឹងខ្ញុំសោះ ហាក់មានអ្វីលាក់លៀមនៅពីក្រោមខ្សែភ្នែកនោះអ៊ីចឹង។

«ឡើងទៅងូតទឹកទៅ… នឹងអាលចុះមកញ៉ាំអាហារពេលល្ងាចជាមួយគ្នា!»

«លោក… ជាអ្នកធ្វើទៀតឬ?»

អ្នកកំលោះ ប្រែទឹកមុខលេចស្នាមញញឹមនៅចុងមាត់។ តែស្នាមញញឹមនោះ នៅតែបង្កប់ដោយភាពក្រៀមក្រំ។ គេលើកដៃខោកក្បាលខ្ញុំមួយក្រញរយ៉ាងគ្រឺតក្នាញ់។

«យ៉ាងម៉េច?… ស្នាដៃខ្ញុំ ឯងញ៉ាំមិនចូលមែនទេ?»

ពាក្យលេងសើចរបស់គេ ធ្វើឲ្យខ្ញុំទទួលអារម្មណ៍ថា គេចាប់ផ្តើមប្រែប្រួលអារម្មណ៍ ត្រឡប់មកសភាពដើមវិញខ្លះៗហើយ។

«អ… អត់ទេ… គឺ… ចំពោះខ្ញុំញ៉ាំបានស្រាប់ហើយ… អ្វីដែលជាអាហារខ្ញុំញ៉ាំបានទាំងអស់… តែខ្ញុំ… ពិបាកទ្រាំមើលទឹកមុខលោក ពេលញ៉ាំម្ហូបរបស់ខ្លួនឯងច្រើនជាង… ហាសហាសហា…»

ខ្ញុំទប់សំណើចលែងជាប់ នៅពេលនឹកដល់ទឹកមុខរបស់គេពេលនោះ… ហើយក្នុងខណៈនេះ គេក៏ធ្វើទឹកមុខហាក់ដូចជាកំពុងអៀន។

«ឆ្កួតមែន… ខ្ញុំញ៉ាំបាន! ស្នាដៃខ្លួនឯង ហេតុអីញ៉ាំមិនបាន?!»

«តែលោកក៏ចូលបន្ទប់ទឹកញយដងដែរ តើមែនទេ?» ខ្ញុំចំអន់គេបន្ត។

«តិចត្រូវធ្ងន់ឥឡូវ! ឡើងទៅ… ទៅងូតទឹក!!»

លោកសន្សើមរុញក្បាលខ្ញុំចេញតិចៗ មុននឹងឈ្ងោកមកថើបថ្ងាសខ្ញុំមួយខ្សឺត ហើយរត់សំដៅចូលទៅក្នុងផ្ទះបាយយ៉ាងប្រញាប់ប្រញាល់។ អារម្មណ៍ដែលគិតថា ខ្លួនឯងសំណាងល្អបំផុតនៅលើលោកនេះ តែងតែរត់ចូលមករឿយៗ… ព្រោះតែទង្វើរបស់បុរសម្នាក់នេះ!

ពិតមែនហើយ! ពេលនេះ… គេគឺជាវីរបុរសរបស់ខ្ញុំ… គូស្នេហ៍របស់ខ្ញុំ!

***

ខ្ញុំញ៉ាំអាហារ ស្នាដៃរបស់បុរសគូជីវិតរហូតឆ្អែតតឹងពោះ ទោះបីជាវាមានរសជាតិប្លែកៗ មិនសូវថ្នឹកមាត់ដូចមុនៗក៏ដោយ តែខ្ញុំទទួលអារម្មណ៍ថាក្រពះអាហាររបស់ខ្ញុំពេញចិត្តនឹងរសជាតិម្ហូបទាំងនោះខ្លាំងណាស់។

ខ្ញុំដេកលេងនៅលើគ្រែ ដើម្បីរង់ចាំលោកសន្សើម ចេញពីក្នុងបន្ទប់ទឹក… ហើយមិនយូរគេក៏ចេញមកព្រមជាមួយអាការៈញ័រទទ្រើកដូចទម្លាប់។

«នៅមិនទាន់គេងទេឬ?… ស្មានថាលក់បាត់ទៅហើយ!»

«ឲ្យលក់យ៉ាងម៉េច… បើមិនទាន់បានស្តាប់សំឡេងលោកច្រៀងផង?»

អ្នកកំលោះឈរជូតសក់ ព្រមទាំងធ្វើមុខទំនងជាកំពុងរកនឹក។

«អឺមមម… យប់នេះ… ស្តាប់ចម្រៀងខ្មែរវិញល្អទេ?»

«ចម្រៀងអីក៏បានដែរ ឲ្យតែលោកច្រៀងឲ្យស្តាប់!»

កំលោះរូបល្អ ដើរសំដៅទៅយកវីយូឡុង ដែលញាត់ទុកក្នុងបន្ទប់ដាក់     សម្ភារៈនៅក្រោមជណ្តើរ។

«ទោះបីជាឯង មិនសូវចូលចិត្តស្តាប់សំឡេងវីយូឡុងដូចសំឡេងហ្គីតា… តែទ្រាំស្តាប់យប់នេះសិនទៅណា…»

និយាយបណ្តើរ បុរសក៏លើកវីយូឡុងដាក់លើស្មាបណ្តើរ ត្រៀមលក្ខណៈជាស្រេច។ ខ្ញុំអត់ទ្រាំអស់សំណើចមិនបាន ព្រោះគេនៅឈរខ្លួនទទេស្លៀកតែខោជើងខ្លី ទ្រាំឈរខ្លួនញ័រទទ្រើកចំពោះមុខខ្ញុំ។

«ពាក់អាវសិនល្អទេ… មក… ខ្ញុំយកឲ្យ!»

ខ្ញុំលូកដៃទៅយកអាវរងាមួយ ពីក្នុងទូហុចទៅឲ្យគេ។ លោកសន្សើមទទួលយកហើយពាក់យ៉ាងរហ័ស មុននឹងលើកវីយូឡុងឡើងមកម្តងទៀត។ ខ្ញុំរំកិលខ្លួនទៅដេកលើគ្រែតាមទម្លាប់ ហើយលួចគិតក្នុងចិត្តថា គេនឹងច្រៀងបទអ្វី។ កំលោះក្អកគ្រហែមចេញមកបន្តិច ដើម្បីជាការកម្តៅសំឡេងឲ្យបំពង់កស្រឡះល្អ។

«ជាចម្រៀងចាស់បន្តិចហើយ!»

ខ្ញុំងក់ក្បាលហើយរង់ចាំស្តាប់។ អ្នកកំលោះគ្រហែមម្តងទៀត រួចចាប់ផ្តើមកូតវីយូឡុង… ណូតភ្លេងដំបូង… ធ្វើឲ្យខ្ញុំព្រឺរោមខ្ញាក… សំឡេងវីយូឡុង ស្តាប់ទៅគឺពិតជាសោកសៅមែនទែន…

♫♫ វីយូឡុងស្នេហា យប់ស្ងាត់កណ្ដាលរាត្រី… ♫♫

ចម្រៀងក្នុងវគ្គដំបូងក៏លាន់ឮឡើង។ ខ្ញុំប្រញាប់រកនឹកថា បទនេះជាបទអ្វី?

 

♫♫ ចិត្តបងអាល័យនឹកស្រស់ពិសីគ្រប់ពេលវេលា

វង់ភក្ត្រក្រឡង់ ដូចជាទេពកញ្ញា

នេះជាសញ្ញាដែលបងប្រាថ្នានៅក្នុងជាតិនេះ… ♫♫

អេ… ឈប់សិន… ចម្រៀងនេះ ហាក់ដូចជាស្តាប់ស៊ាំត្រចៀកណាស់… គឺធ្លាប់ស្តាប់ពេលនៅស្រុកខ្មែរ… ពេលនោះ… ខ្ញុំនៅតូចៗនៅឡើយទេ។

 

♫♫ អាធ្រាត្រសែនស្ងាត់ជ្រងំ វីយូឡុងបំពេ

សូរសៀងសេពសំនៀងស្នេហ៍ ថែពីសៅហ្មង

យប់កាន់តែជ្រៅ ចម្រៀងរៀបរាប់ស្នេហ៍ស្នង

ចង់ជួបសាសង អូននិងប្រុសបងជាថ្មីម្ដងទៀត… ♫♫

 

សំឡេងរបស់លោកសន្សើម ធ្វើឲ្យខ្ញុំគិតថា ចម្រៀងមួយបទនេះតែងឡើងដោយខ្លួនគេផ្ទាល់ទៅវិញ ទោះបីជាការពិតមិនមែនក៏ដោយ… តែដោយសារទឹកមុខ និងខ្សែភ្នែកដែលគេសម្លឹងមកកាន់ខ្ញុំ… កែវភ្នែកពណ៌ត្នោតទាំងគូ ជោកជាំដោយសំណើមទឹកថ្លាៗ ដូចគេកំពុងយំ។ សំឡេងច្រៀងញាប់ញ័រ… ដែលដំបូងឡើយ ខ្ញុំគិតថាគេរងា ឬខ្លាចរអែងមិនពីរោះ ព្រោះគេធ្លាប់ប្រាប់ថាមិនចូលចិត្តច្រៀង… ឬមួយព្រោះអារម្មណ៍អ្វីម្យ៉ាង របស់គេ?… ទឹកមុខទៀតសោត ក៏ក្រៀមក្រំយ៉ាងចម្លែក ប្រៀបដូចលំហមេឃដ៏ធំល្វឹងល្វើយ តែបែរជាងងឹតសូន្យឈឹងក្នុងពេលរាត្រីកាល… ហេតុអ្វីខ្ញុំបែរជាមានអារម្មណ៍ថា គេមិនមែនគ្រាន់តែច្រៀងឲ្យខ្ញុំស្តាប់ប៉ុណ្ណោះទេ… តែគេហាក់ដូចជាកំពុងរៀបរាប់ពីទុក្ខសោក ដ៏អាថ៌កំបាំងណាមួយប្រាប់ខ្ញុំដែរ…

♫♫ យូរ! ម្ដេចបាត់យូរម៉្លេះ មានរឿងហេតុអ្វី

វីយូឡុងសូមច្រៀងជាថ្មីឲ្យស្បើយសៅហ្មង

យប់កាន់តែជ្រៅ ចម្រៀងរៀបរាប់ស្នេហ៍ស្នង

ផ្ញើជូននួនល្អងថ្ងៃក្រោយសាសងជាថ្មីម្ដងទៀត… ♫♫

 

ខ្ញុំញញឹមពព្រាយ នៅពេលរកនឹកឃើញ ចំណងជើងបទចម្រៀងបាន… បើចាំមិនខុសទេ បទនេះធ្លាប់មានទាំងបទស្រី និងបទប្រុស។ ទីបំផុត លោកសន្សើមក៏ច្រៀងចប់… វាជាបទមួយដែលស្តាប់ហើយ ធ្វើឲ្យស្រងេះស្រងោចជាខ្លាំង។ តែពេលនេះ បទដដែលនេះ ធ្វើឲ្យខ្ញុំទទួលអារម្មណ៍ល្អ ហើយប្រៀបបាននឹងថ្នាំកែរោគគេងមិនលក់របស់ខ្ញុំបានយ៉ាងស័ក្តិសិទ្ធិមិនគួរឲ្យជឿ។

«ងងុយហើយមែនទេ… ក្មេងក្បាលខូច!»

សំឡេងដ៏ស្រាលស្រទន់ ធ្វើឲ្យខ្ញុំកាន់តែចង់លង់លក់ ថែមមួយកម្រិត          ទៀត។

«លោកហៅខ្ញុំ… មើលតែខ្ញុំនេះ ជាកូនរបស់លោក!»

«អ៊ីចឹងហ៎…»

អ្នកកំលោះញញឹមដាក់ខ្ញុំ មុននឹងដើរយកវីយូឡុងទៅទុក រួចត្រឡប់មកកាន់គ្រែដេកម្តងទៀត… គេដណ្តប់ភួយឲ្យខ្ញុំពីរជាន់តាមទម្លាប់ដូចមុន។

«ហេតុអ្វីលោកមិនយកភួយ របស់លោកទៅដណ្តប់មួយទៅ…? ខ្ញុំដណ្តប់តែមួយគឺគ្រប់គ្រាន់ហើយ…»

ខ្ញុំសួរដោយសំឡេងដែលចុះខ្សោយ ព្រោះចាប់ផ្តើមងងុយខ្លាំងហើយ។

«មិនបាច់ទេ… ខ្ញុំដណ្តប់ជាមួយឯងក៏បាន… ខ្ញុំខ្លាចឯងរងា…»

«អូហូ… មិនដល់ថ្នាក់ហ្នឹងទេដឹង… ព្យុះមិនបានចូលមកដល់ក្នុងផ្ទះឯណា… ម្យ៉ាងទៀតនៅជាន់លើនេះ លោកក៏បើកម៉ាស៊ីនកម្តៅហើយដែរ!»

«កុំនិយាយច្រើនពេកមើល៍… នាំគ្នាគេងបានហើយ!»

លោកសន្សើម ដាក់ខ្លួនចុះលើគ្រែ ហើយឈោងដៃទៅបិទភ្លើងនៅលើក្បាលដំណេក មុននឹងងាកមកឱបខ្ញុំយ៉ាងណែន។

«គេងលក់សុបិនល្អណ៎ា… ម្ចាស់ជីវិត!»

ហាសហាសហា… ស្លាប់ហើយ!… ខ្ញុំអីក៏ស្រឡាញ់សម្តីរបស់គេនេះខ្លាំងម្ល៉េះលោកអើយ…!!

***

 

ព្រឹកស្អែកឡើង ខ្ញុំក៏ក្រោកពីដំណេកតាមទម្លាប់ធម្មតា គឺម៉ោងប្រាំពីរត្រឹម។ តែអ្វីដែលខុសប្រក្រតី ដូចថ្ងៃម្សិលមិញទៀតនោះគឺ លោកសន្សើមបាត់ខ្លួនពីលើគ្រែទៀតហើយ តែឃើញមានថ្នាំរបស់ខ្ញុំរៀបចំត្រៀមទុកជាស្រេច នៅលើក្បាលដំណេក ហើយពេលនេះក៏ចំម៉ោងដែលខ្ញុំត្រូវញ៉ាំថ្នាំល្មម។

ខ្ញុំដើរចុះមកខាងក្រោម ឃើញប្រុសស្នេហ៍ កំពុងធ្វើម្ហូបនៅក្នុងផ្ទះបាយ។ ទន្ទឹមនឹងនោះក៏នឹកចម្លែកចិត្តបន្តិច ដែលព្រឹកនេះ ឃើញមានភ្ញៀវខ្លួនតូចគួរឲ្យស្រឡាញ់ មកអង្គុយលេងហ្គេមនៅក្នុងផ្ទះតាំងពីព្រលឹម។

« Good morning! Reatrey, be fine? » អរុណសួស្តីរាត្រី! សុខសប្បាយទេ?

នាងតូចនិយាយរាក់ទាក់ដោយសម្តីគួរឲ្យស្រឡាញ់ខ្លាំងណាស់។ ជួនកាលខ្ញុំក៏ទទួលអារម្មណ៍ស្រឡាញ់ក្មេងៗបារាំងដែលនិយាយស្តី មិនចាំបាច់មានក្រិត្យក្រមជាមួយចាស់ទុំដូចនៅស្រុកខ្មែរយើង… មិនដឹងថាយ៉ាងម៉េចដែរ តែស្តាប់ទៅគួរឲ្យស្រឡាញ់នេះណ៎ា…!

«I’m very well, thank you!… Why do you come here early today?»

សុខសប្បាយទេ អរគុណច្រើន!… ចុះហេតុអ្វីថ្ងៃនេះ មកពីព្រឹកម្ល៉េះ?

«Today is my holiday, Reatrey.» ថ្ងៃនេះជាថ្ងៃឈប់សម្រាករបស់ខ្ញុំ។

« Wow… It’s well, leisurely, baby.» អូហូអស្ចារ្យណាស់! ធ្វើខ្លួនតាមសប្បាយណា៎!

ខ្ញុំគួរសមជាមួយក្មេងស្រីចប់ ក៏ដើរសំដៅទៅផ្ទះបាយមួយរំពេច។ ថ្ងៃនេះខ្ញុំឃើញអ្នកកំលោះ ឈរកាន់វែកឆាមិនទំនងសោះ… ហាសហា!… តែទោះយ៉ាងណា ព្រឹកនេះគេមើលទៅសង្ហាខ្លាំងណាស់!

«ឱះ!… មកដល់ហើយម៉េចមិនហៅ… ហើយនៅឈរមើលអី!?»

«ហ៊ឹះ… គឺឈរមើលអ្នកខ្លះ ដែលកំពុងប្រមូលអារម្មណ៍ធ្វើម្ហូបឡើងបែកញើសកាត់ព្រឹកនោះអី…!»

កំលោះញញឹម បម្រុងយកវែកមកខោកក្បាលខ្ញុំ តែដោយដឹងខ្លួនទាន់ ខ្ញុំក៏គេចផុត។

«ម៉េចចង់សម្លាប់ខ្ញុំនឹងវែកឆានេះឬ?»

ខ្ញុំលៀនអណ្តាតដាក់គេ។ ភ្លេចខ្លួន កំលោះក៏ស្ទុះមកឱបខ្ញុំជាប់ ហើយថើបគ្រញិចខ្ញុំពីរបីខ្សឺតកាត់ព្រឹក។

«ទៅអង្គុយចាំនៅតុទៅ… ហើយហៅអេម៉ាមកផង!»

«អូខេ!» ខ្ញុំប្រញាប់ដកខ្លួនចេញពីរង្វង់ដៃគេទាំងមុខក្រហម។

«ឈប់សិន!»

«យ៉ាងម៉េចទៀតហើយ?…» ខ្ញុំធ្វើង៉ក់ងរដាក់គេ ព្រោះនៅអៀនមិនទាន់បាត់ផង។

«ថ្ងៃនេះ ក្រោយពីខ្ញុំត្រឡប់មកពីធ្វើការវិញ… ខ្ញុំនឹងនាំទៅដើរលេងឲ្យសប្បាយណ៎ា!»

«ស្អីគេ?… ទៅដើរលេងទៀតហើយ??» ខ្ញុំសួរធ្វើមុខឆ្ងល់ក្និកក្នក់។

«កុំធ្វើមុខអ៊ីចឹងមើល៍!… ថ្ងៃនេះ… ពិសេសជាងពីម្សិលទៀតណា៎!»

***

សូមរង់ចាំអានវគ្គបន្ត!

Read Full Post »


វីតប៊ីខាស្ទើល-Whitby Castle

សង្សារប្រុស

ជំនោររងាបក់ផាត់មកត្រសៀកៗ… កន្សែងបង់កដ៏ក្រាស់មួយនេះ មិនអាចសាងភាពកក់ក្តៅស្មើនឹងបាតដៃរបស់បុរស ដែលឈរនៅក្បែរខ្ញុំម្នាក់នេះបានប៉ុន្មានទេ។ នៅពីមុខយើងទាំងពីរគឺជាព្រះវិហារចាស់ ដែលទទួលការអភិរក្សជួសជុលថ្មីជាច្រើនលើកច្រើនតំណ បើតាមសម្តីនិយាយប្រាប់របស់អាជ្ញាធរប្រចាំការនៅទីនេះ។

«វីតប៊ីខាស្ទើល… កសាងដោយក្សត្រ អ៊ែងគ្លូសេកហ្សន (Anglo-Saxon) នៃណតសាំបៀ (Northumbria) ក្នុងគ.ស៦៥៧។ ព្រះអង្គសាងឡើងដើម្បីជាអំណោយដល់នារីម្នាក់ឈ្មោះ ឡេឌី  ហ៊ីលដា (Lady Hilda)  ដែលជាក្មួយស្រីរបស់ ព្រះចៅអ៊ែតវិន (Edwin) ក្សត្រគ្រីស្ទានអង្គដំបូងរបស់ អ៊ែបេស ណតសាំបៀ(Abbess Northumbria)។ តមកនៅឆ្នាំ៦៦៤ មានការសាងបន្ថែមផ្នែកខាងៗ ដើម្បីអាចប្រារព្ធធ្វើពិធីកម្មខាងសាសនា សម្រាប់ព្រះសង្ឃនិងដូនជី… វានៅឈរជង្គឹ្រងខ្ពស់ត្រដែតបែបនេះតាំងពីសម័យសេទិក(Celtic)មកម្ល៉េះ។»

កំលោះអធិប្បាយឲ្យខ្ញុំស្តាប់… ខ្ញុំអត់ភ្ញាក់ផ្អើលនឹងនិស្ស័យរបស់គេមិនបាន ដែលគេក៏ជាមនុស្សម្នាក់ ដែលចាប់អារម្មណ៍នឹងរឿងប្រវត្តិសាស្រ្ត នៃទីកន្លែងដែលខ្លួនមកបែបនេះដែរ។

«អូហូ… លោកចាំបានច្បាស់ល្អម្ល៉េះ?… រៀនមកពីអាជ្ញាធរនៅទីនេះឬ?»

«អឺមមម… តាំងពីយូរមកហើយ! ម្យ៉ាងខ្ញុំក៏រស់នៅអង់គ្លេសយូរសមគួរហើយដែរ ហើយក៏ចូលចិត្តមកដើរលេងនៅប្រាសាទនេះញឹកញាប់ណាស់។ ជាពិសេសពេលដែលខ្ញុំមកប្រកួតតន្រ្តីនៅទីនេះ ខ្ញុំក៏បានឈ្នះរង្វាន់ល្អឥតខ្ចោះព្រោះបរិយាកាសនៅទីនេះជួយធ្វើឲ្យខ្ញុំដាក់អារម្មណ៍បានល្អណាស់។»

«អេ…? លោកប្រកួតតន្រ្តីអ្វីទៅ?» ខ្ញុំសួរយ៉ាងចាប់អារម្មណ៍ព្រោះមិនធ្លាប់ប្រទះភ្នែកឃើញឧបករណ៍តន្ត្រីអ្វីសោះនៅក្នុងផ្ទះរបស់គេ។

«វីយូឡុង!»

«អូហូ… លោកមានរសនិយមល្អជាងដែលខ្ញុំគិតទៅទៀត!»

«ចុះឯងគិតថា ខ្ញុំជាមនុស្សដែលមានរសនិយមបែបណាទៅវិញ?»

«មិនមែនអ៊ីចឹងទេ… គ្រាន់តែខ្ញុំមិនបានគិតថា លោកចូលចិត្តវីយូឡុង តែគិតថាចូលចិត្តហ្គីតាជាង!»

«រូបរាងខ្ញុំប្រាប់ឯងដូច្នោះឬ?»

«បាទ! មួយផ្នែកដែរ…» ខ្ញុំតបតាមគំនិតរបស់ខ្លួនឯង។

«តែថា… ខ្ញុំមិនធ្លាប់ឃើញវីយូឡុង នៅក្នុងផ្ទះលោកផង?»

«ឯងដើរជុំវិញផ្ទះខ្ញុំហើយឬ?… ឯងរកមិនឃើញខ្លួនឯងច្រើនជាង!»

«បែបអ៊ីចឹងមែនហើយ! និយាយទៅ ការប្រកួតនោះយូរប៉ុណ្ណាហើយ?»

«អឺមមម… កន្លងមកជិតមួយឆ្នាំហើយ!»

«ថាទៅ ខ្ញុំក៏មិនដែលឃើញ ពានរង្វាន់របស់លោកដែរ!»

«អ៎អអ… ខ្ញុំទុកវានៅក្នុងបន្ទប់ដាក់សម្ភារៈ ព្រោះគ្មានកន្លែងតាំង! នៅលើទូ… ក៏មានតែ… រូបរបស់ខ្ញុំ… និង… ដានី…»

ខ្ញុំទទួលអារម្មណ៍ថា គេមានសំឡេងសោកសៅប្លែកជាងមុន… ហើយក្នុងបរិយាកាសបែបនេះ ខ្ញុំក៏មិនដឹងថាត្រូវនិយាយអ្វីតទៀតជាមួយគេ។ តែជាមួយគ្នានោះ គេក៏ញញឹមចេញមក ហាក់ដូចជាបញ្ចប់អារម្មណ៍សោកសៅរបស់ខ្លួនបាន ហើយងាកមករកខ្ញុំ។

«ឯងចូលចិត្តស្តាប់វីយូឡុងឬទេ?»

«អឺម… ខ្ញុំ… ចូលចិត្តហ្គីតាច្រើនជាង តែក៏មិនមែនមិនចូលចិត្តស្តាប់វីយូឡុងដែរ… គ្រាន់តែថា  ពេលខ្ញុំស្តាប់វីយូឡុងម្តងៗ  មិនថាជាបទអ្វីទេ ខ្ញុំតែងទទួលអារម្មណ៍សោកសៅច្រើនជាងអារម្មណ៍រីករាយ… ប៉ុន្តែ នេះគ្រាន់តែជាអារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំម្នាក់ឯងប៉ុណ្ណោះ! … ជួនកាលពេលខ្ញុំឮលោកលេង ខ្ញុំអាចនឹងចូលចិត្តក៏ថាបាន។»

កំលោះងក់ក្បាលយ៉ាងយល់ចិត្ត៖

«ប៉ុន្តែ… ខ្ញុំប្រហែលជាមិនអាចលេងឲ្យឯងចូលចិត្តបានទេ… ព្រោះខ្ញុំចូលចិត្តលេងតែចង្វាក់សោកសៅប៉ុណ្ណោះ។ ណាមួយសម្រាប់វីយូឡុងនេះ វាក៏មានលក្ខណៈពិសេសផ្ទាល់ខ្លួននៅត្រង់ លេងត្រូវតែជាមួយនឹងភ្លេងកម្សត់បែបនេះឯង។»

«ខ្ញុំថា… ចំពោះតែបទមួយចំនួនប៉ុណ្ណោះ! … ចុះលោកអត់ចេះលេងហ្គីតាទេឬ?»

«ធ្លាប់គិតចង់ហាត់លេងដែរ… តែពេលទិញហ្គីតាមួយមកពី ណតទីងហ៊ែម (Notting-ham) ខ្ញុំបានធ្វើឲ្យភ្លេចនៅតាមមេត្រូផ្លូវក្រោមដី ហើយពេលត្រឡប់ទៅរកវិញ វាក៏បានបាត់ពីកន្លែងនោះទៅហើយ។ ពេលនោះខ្ញុំមួម៉ៅខ្លាំងណាស់ ព្រោះទិញមកមិនទាន់ស្រាយកេសមើលផង ក៏បាត់ទៅ។»

«ហើយលោក ក៏បោះបង់ការតាំងចិត្តនោះ តើមែនទេ?»

«អឺមមម… ប្រហែលជាអ៊ីចឹងហើយ!»

គេធ្វើមុខស្អុយ ធុញទ្រាន់នឹងរឿងដែលខ្លួនឯងនិយាយ។ ខ្ញុំសម្លឹងមើលទៅនាឡិកាដែលបោះជាប់នៅលើតួប្រាសាទ។

«យើងគិតនាំគ្នាទៅណាទៀត?»

«ឯងចង់ញ៉ាំអី ថ្ងៃត្រង់នេះ?»

«មិនដឹងទេ ស្រេចតែលោក!»

«មិនបានទេ! ម្សិលមិញតាមចិត្តខ្ញុំទៅហើយ… ថ្ងៃនេះឯងចង់ញ៉ាំអី?»

«ខ្ញុំ… បែបណាក៏បាន… ចូលហាងធម្មតាៗក៏ល្អ! អង្គុយញ៉ាំខាងក្រៅ ខ្សល់ត្រជាក់ៗបែបនេះ ប្រហែលជាទទួលបានបរិយាកាសល្អ ច្រើនជាងទៅអង្គុយខាងក្នុងបន្ទប់ដែលមានជញ្ជាំងជុំជិតទៅទៀត!»

«អ៊ីចឹង ប្រហែលជាត្រូវចូលហាងនៅម្តុំនេះហើយ! ឯងច្បាស់ជាលួចចំណាំហាងណាទុកពេលដែលយើងឆ្លងកាត់មកទីនេះហើយមែនទេ?»

«បែបអ៊ីចឹងហើយ!»

«… អ៊ីចឹង… តោះទៅ!!»

កំលោះលើកដៃមកកៀកកខ្ញុំ ធ្វើឲ្យខ្ញុំទទួលអារម្មណ៍កក់ក្តៅជាប់រហូតតាមផ្លូវដែលយើងទាំងពីរ ដើរទៅកាន់ហាងអាហារនៅតាមមាត់ថ្នល់។ វាជាហាងអាហារតូចៗ ដែលមើលទៅកក់ក្តៅខ្លាំងណាស់! ប្រៀបបាននឹងឡឥដ្ឋដែលសាងឡើងងាយៗ ដោយមិនបាច់លាបពណ៌អ្វី ធ្វើឲ្យមើលទៅឃើញលក្ខណៈពិសេសដូចៗគ្នា របស់ក្រុងកណ្តាលលំហយ៉ាងបែប វីតប៊ីអ៊ែបបេ (Whitby Abbey) មួយនេះ។

«Spinach, please.»

ខ្ញុំកម្មង់ស្ពៃខ្មៅ ក្នុងបញ្ជីមុខម្ហូបប្រភេទស៊ុប លើទំព័រដំបូង របស់ហាងតូចមួយដែលមានឈ្មោះថា Angcor ខណៈដែលខ្ញុំឃើញទឹកមុខរបស់លោកសន្សើម សម្លឹងខ្ញុំដោយខ្សែភ្នែកប្លែកៗ។

«មាន… អ្វីចម្លែកឬ?» ខ្ញុំសួរដោយអត់ទ្រាំឆ្ងល់មិនបាន នឹងក្រសែភ្នែករបស់គេ។

«អត់មានអីទេ!… ប៉ុន្តែ… ខ្ញុំស្អប់ស្ពៃខ្មៅ… តែហេតុអី… ឯងចូលចិត្តឬ?»

«… បាទ… ព្រោះវាមានប្រយោជន៍ខ្លាំងណាស់! … បើលោកស្អប់ស្ពៃខ្មៅ… អ៊ីចឹងតើលោកកម្មង់យកស៊ុបអី?»

កំលោះឱនមុខទៅមើលបញ្ជីរាយមុខម្ហូបនៅក្នុងដៃខ្លួនឯង៖

«Turkey bake with liquor sauce, please.»

មុខម្ហូបរបស់គេ ធ្វើឲ្យខ្ញុំមិនប្រែប្រួលទឹកមុខឆ្ងល់មិនបាន៖

«មើលអី?» គេសួរខ្ញុំ។

«មាន់បារាំងរបស់លោក… ហេតុអី ចាំបាច់មានទឹកជ្រលក់ជាស្រាទៀត?»

«វាមិនមែនម្ហូបចម្លែកអីឯណា… ចង់ភ្លក្សមើលទេ?»

«អអអ… អត់ទេ! ខ្ញុំយូរៗបានញ៉ាំស្រាម្តង។»

«ឯងគិតថា ខ្ញុំជាមនុស្សប្រមឹកអ៊ីចឹងហ៎?»

«អត់ទេ!… តែខ្ញុំកំពុងគិតថា អាហារដែលលោកញ៉ាំរាល់ថ្ងៃ មើលទៅមិនសូវមានប្រយោជន៍សោះ។ លោកមិនបានធ្វើការដែលប្រើកម្លាំងកាយខ្លាំងទេ តែហេតុអីក៏លោកយកប្រូតេអ៊ីន ចូលទៅក្នុងរាងកាយច្រើនដល់ថ្នាក់នេះ! ប្រយ័ត្នណា… ជាតិខ្លាញ់ និងកូឡេស្តេរ៉ុល ចេញពីមាន់បារាំងនឹងធ្វើឲ្យលោកដុះក្បាលពោះ។»

ខ្ញុំនិយាយតាមអ្វីដែលខ្ញុំដឹង ខណៈដែលគេធ្វើមុខឆ្ងល់ សម្លឹងមកខ្ញុំបែប  ប្លែកៗ៖

«ដុះក្បាលពោះហើយ វាយ៉ាងម៉េច? ឯងនឹងឈប់ស្រឡាញ់ខ្ញុំឬ?»

សំណួររបស់គេ ធ្វើឲ្យខ្ញុំផ្ទុះសំណើចចេញ ដោយអត់លែងបាន។ តែគេនៅរក្សាទឹកមុខនឹងធឹងដដែល ទោះបីជាសម្តីមានភាពកំប្លុកកំប្លែងជាប់មកជាមួយក៏ដោយ។

«ទោះបីជាលោកធាត់ដូចខ្លាឃ្មុំ… ក៏ខ្ញុំនៅតែស្រឡាញ់លោកដែរ!»

«តែបើខ្ញុំធាត់ដូចខ្លាឃ្មុំ… ឯងប្រហែលជាត្រូវសំប៉ែត ដូចចេកចៀនហើយ!!»

យើងទាំងពីរនាំគ្នាសើចយ៉ាងរីករាយ ជាមួយនឹងសម្តីលលេងចំអកឲ្យគ្នាទៅវិញទៅមក រហូតស្ទើរតែភ្លេចទៅហើយថា ពួកយើងកំពុងនៅក្នុងហាង         អាហារ។

***

 

កន្លះម៉ោងបន្ទាប់មក យើងក៏នាំគ្នាទៅដើរទិញសម្ភារៈតបន្តនៅត្រង់ផ្លូវ ត្រឡែងកែងមួយ។ ខ្ញុំព្យាយាមសង្កេតរកមើលចំណុចត្រង់ណា ដែលគេថា       ត្រឡែងកែងនោះ ព្រោះខ្ញុំឃើញមានតែផ្លូវបំបែកជាបីទិសប៉ុណ្ណោះ។ តែអ្នករស់នៅម្តុំនេះបែរជានាំគ្នាហៅថា វីតប៊ីសឃ្វែរ (Whitby Square)… វាជាតំបន់លក់ទំនិញដែលល្អដាច់គេនៅក្នុងវីតប៊ីតែម្តង។ លោកសន្សើមប្រាប់ខ្ញុំថាដូច្នេះ ហើយខ្ញុំក៏យល់ស្របដែរ។

លោកសន្សើម នាំខ្ញុំចូលទៅក្នុងហាងលក់សម្លៀកបំពាក់បុរសមួយកន្លែងដែលមានលក់តាំងពីខោអាវកូនក្មេង យុវវ័យ វ័យធ្វើការ មនុស្សចាស់ ច្រើនខ្នាតច្រើនម៉ូតឲ្យជ្រើសរើសតាមត្រូវការ។ ខ្ញុំចាប់អារម្មណ៍នឹងសម្លៀកបំពាក់នៅក្នុងហាងនេះខ្លាំងណាស់ រួមទាំងរសនិយមរបស់បុរសដែលនាំខ្ញុំចូលមកផង។ ខោអាវដែលខ្ញុំខ្ចីគេពាក់នៅក្នុងពេលនេះ ក៏ប្រហែលជាទិញមកពីហាងនេះដែរហើយ ព្រោះអាវចាក់នៅក្នុងហាងនេះ មានសុទ្ធតែពណ៌ត្នោតដូចៗគ្នាទាំងអស់ ជាពណ៌ដែលមើលទៅកក់ក្តៅខុសពីធម្មតា។

«Can I help you, boy?»

នារីអ្នកមើលការខុសត្រូវក្នុងហាងម្នាក់ដើរមកក្បែរខ្ញុំហើយសួរនូវប្រយោគដែលគួរឲ្យស្រឡាញ់។ ខ្ញុំចង់និយាយអរគុណនាង ដែលជួយបញ្ចុះអាយុឲ្យខ្ញុំ ដោយប្រើពាក្យរាក់ទាក់ដែលស្តាប់ទៅពីរោះត្រចៀកបែបនេះ។ ខ្ញុំគិតដល់សំណួររបស់នាង ហើយអត់មិននឹកខ្លាចចិត្ត លោកសន្សើមមិនបាន។ ខ្ញុំគួរតែរកទិញខោអាវសម្រាប់ខ្លួនឯងខ្លះ នៅពេលមានឱកាសមកដល់ទីនេះហើយ។

«I’m looking for woolen coat.»

ខ្ញុំត្រូវការខោអាវ ដែលការពាររងាបានល្អពីរបីសម្រាប់។ តែចំពោះហាងនេះខ្ញុំចង់បានទាំងហាងតែម្តង ព្រោះវាត្រូវចិត្តខ្ញុំទាំងអស់។

«Which one do you like?» ប្អូនចូលចិត្តឈុតមួយណា?

ខ្ញុំសម្លឹងរកមើល ម៉ូតដែលត្រូវចិត្ត។ វាពិបាកជ្រើសរើសយកតែមែនទែន ព្រោះមួយណាក៏ល្អ មួយណាក៏ស្អាត។ តែបន្ទាប់មក ខ្ញុំក៏ទៅប្រទះនឹងអាវរោមសត្វពណ៌ត្នោតចាស់មួយ នៅខាងក្នុងហាង ដែលកំពុងដាក់តាំងនឹងរូបមនុស្សបង្ហាញម៉ូត។ ខ្ញុំដើរសំដៅទៅរក ខណៈដែលនារីអ្នកលក់ ដើរមកតាមបម្រើយ៉ាងជិតស្និទ្ធ ហើយនៅពេលដែលខ្ញុំ ទៅឈរចំពោះមុខរូបម៉ូដែលមួយនោះ និង កំពុងលូកដៃទៅស្ទាបសាច់ក្រណាត់មើល ដៃរបស់ខ្ញុំក៏ទៅប៉ះនឹងដៃរបស់នរណាម្នាក់ ដែលកំពុងលូកទៅចាប់រូបម៉ូដែលនោះដូចគ្នា។ ខ្ញុំងាកទៅមើលជ្រុងម្ខាងទៀតក៏ប្រទះឃើញបុរសដែលស្គាល់មុខ ហើយពេលនេះចិត្តយើងហាក់ដូចជាកំពុងដើរត្រូវគ្នា៖

«ហេ… ឯងចង់បានអាវមួយនេះឬ?» លោកសន្សើមសួរខ្ញុំ… ខ្ញុំងក់ក្បាល។

«មែនហើយ! វាអត់មានឆ្នូត… ខ្ញុំចូលចិត្តពណ៌លាតៗបែបនេះ។»

«ដូចខ្ញុំតែម្តង!»

នារីម្ចាស់ហាង ញញឹមដាក់ខ្ញុំនិងអ្នកកំលោះ មុននឹងចូលទៅយកអាវនោះពីក្នុងទូ។ តែមុននឹងទៅ នាងក៏មិនភ្លេចសួរខ្នាតអាវដែលយើងត្រូវការដែរ…

មិនយូរប៉ុន្មាន នាងក៏ដើរត្រឡប់មកវិញ ជាមួយនឹងអាវម៉ូតតែមួយ តែមានខ្នាតខុសគ្នា។

«Where is the changing room?» បុរសសួររកបន្ទប់ផ្លាស់ប្តូរអាវ។ នារីអ្នកលក់ក៏ប្រាប់ថានៅខាងនេះ ហើយក៏នាំពួកយើងដើរទៅ។

បន្ទាប់ពីយើងទាំងពីរ លអាវរួចរាល់ហើយ យើងក៏បានអាវដែលត្រូវចិត្តម្នាក់មួយត្រឡប់មកវិញ។ តែខ្ញុំទទួលអារម្មណ៍មិនសូវសប្បាយចិត្តសោះ ដែលកំលោះរូបល្អជាអ្នកហុចកាតក្រេឌិត ចេញលុយកាត់មុខខ្ញុំមុន។… តាំងពីខ្ញុំស្គាល់គេបានពីរថ្ងៃមកនេះ ខ្ញុំមិនទាន់បានចេញលុយមួយរៀលឡើយ។ ខ្ញុំមិនមែនទីទ័លក្រដល់ថ្នាក់នេះទេ តែខ្ញុំក៏មិនចង់ឲ្យគេអស់ទឹកចិត្តដែរ ព្រោះក្រោយពីឃើញស្នាមញញឹមរបស់គេ ពេលដែលដណ្តើមហុចកាតក្រេឌិតទៅបានមុននោះ ប្រៀបបានជាស្នាមញញឹមនៃជ័យជម្នះមួយដ៏មហាសាលអ៊ីចឹង។

***

 

«ហាស! ហាស! ហា!… គួរឲ្យស្រឡាញ់ដល់ហើយ!!!»

ខ្ញុំសើចចេញមក ព្រោះអត់មិនបាននៅពេលឃើញ ក្រុមកុមារសាន់តាខ្លូសតូចៗ(Santa Claus) កំពុងនាំគ្នារាំជាជួរនៅតាមវីតប៊ីផាក (Whitby Park)។ សូម្បីតែកំលោះដែលឈរនៅក្បែរៗខ្ញុំ ក៏អត់ញញឹមចេញមកមិនបានដូចគ្នា។

«ពួកក្មេងទាំងនេះ ធ្វើស្អីគេហ្នឹង?… នេះមិនទាន់ដល់ថ្ងៃបុណ្យណូអែលផង!!» ខ្ញុំងាកមកនិយាយនឹងលោកសន្សើមដោយការចង់ដឹង។

«សង្ស័យជាសញ្ញាឲ្យពួកយើងត្រៀមខ្លួន ចាំទទួលថ្ងៃបុណ្យណូអែលទេដឹង?… ព្រោះនៅតែមួយអាទិត្យទៀតប៉ុណ្ណោះក៏ដល់ហើយ!»

«វៅ!! ហាស… ហា… ឆ្នាំនេះល្អមែនទែនអ៊ីចឹង! ព្រោះព្រិលមិនធ្លាក់ខ្លាំងតាមដែលព័ត៌មានចុះដូចរាល់ៗឆ្នាំសោះ ហើយនៅមានក្មេងមករាំឲ្យមើលទៀត!»

«អឺមមម… មែនហើយ! ឆ្នាំនេះប្លែកណាស់… ព្រិលធ្លាក់តិចជាងរាល់ឆ្នាំមែនទែន។» កំលោះងើយទៅមើលលើមេឃ ខណៈដែលខ្ញុំនៅតែសម្លឹងទៅមើលកុមារសាន់តាខ្លូស ដែលកំពុងលោតរាំព្រមៗគ្នាមិនដាក់ភ្នែក តែខ្ញុំក៏និយាយនឹងបុរសក្នុងពេលជាមួយគ្នានោះដែរ។

«ព្រិលតិចអ៊ីចឹងល្អហើយ! បើមានព្យុះដូចព័ត៌មានផ្សាយកាលពីឆ្នាំទៅ… ខ្ញុំប្រហែលជាពិបាកស្លាប់ហើយ ព្រោះទើបតែមកអង់គ្លេសលើកដំបូង មិនធ្លាប់ជួបព្យុះទឹកកកសោះ ប្រហែលជារងាខ្លាំងណាស់ហើយមើលទៅ!!?»

ខ្ញុំនិយាយបណ្តើរ ព្រមទាំងទះដៃតាម អ្នកទេសចរដទៃទៀតបណ្តើរ។ ពួកយើងនាំគ្នាទះដៃតាមចង្វាក់ភ្លេង Jingle Bell ឲ្យពួកក្មេងៗទាំងនោះ លោតរាំយ៉ាងភ្លើតភ្លើនអារម្មណ៍ រហូតភ្លេចសង្កេតមើលអ្នកកំលោះនៅក្បែរខ្លួន ដែលកំពុងសម្លឹងមកខ្ញុំ ហើយនិយាយចេញមក។

«ឯងទៅខ្លាចរងាធ្វើអ្វី… មានខ្ញុំនៅទាំងមូល… ឯងកក់ក្តៅមិនគ្រប់គ្រាន់ទៀតឬ?»

សម្តីឡកឡឺយរបស់គេ ធ្វើឲ្យខ្ញុំក្រហមមុខទៀតហើយ! គេញញឹមហាក់ដូចជាពេញចិត្តណាស់ដែលឃើញខ្ញុំអៀន។ តែសុំទោសបាទ! ខ្ញុំពូកែលាក់ពុតណាស់ អត់តែម្យ៉ាងទេគឺពណ៌ក្រហមនៅលើផ្ទៃមុខនេះឯង ដែលខំរម្ងាប់យ៉ាងណាក៏មិនបាន។

«យ៉ាងហោចណាស់… ឆ្នាំនេះ ខ្ញុំក៏លែងនៅម្នាក់ឯងទៀតដែរ។»

បុរសនិយាយបន្តធ្វើឲ្យខ្ញុំងាកមកមើលគេម្តងទៀត។

«ប្រហែលជាសប្បាយណ៎ះ… បើលោកដើរទៅលោតរាំ ជាមួយក្រុមក្មេងៗទាំងនោះ!»

កំលោះសង្ហាបើកភ្នែកធំៗ ធ្វើដូចជាភ្ញាក់ផ្អើលណាស់នឹងសម្តីខ្ញុំ៖

«ស្អីគេ???»

«ទៅៗ!! …មើលពួកចាស់ៗនៅម្តុំនោះ ក៏នាំគ្នាចូលរាំដែរ គួរឲ្យសប្បាយណាស់!»

«ឯងគិតថាខ្ញុំជាមនុស្សដូចម្តេច… ហ៎?»

ខ្ញុំសើចចេញមក ព្រមទាំងចាប់ដៃគេអូសឲ្យចូលក្នុងវង់រាំ ជាមួយអ្នកទេសចរផ្សេងៗទៀត តែគេខំប្រឹងទប់ជើងជាប់មិនឲ្យខ្ញុំអូសរួច។ មើលទៅមុខរបស់គេហាក់ដូចជាភ័យណាស់អ៊ីចឹង គឺមើលតែខ្ញុំអូសគេយកទៅសម្លាប់ចោល យ៉ាងម៉េចមិនដឹងទេ។ ហេតុអ្វីគេអៀនជាមួយនឹងរឿង ដែលគួរឲ្យសប្បាយៗបែបនេះទៅវិញហ្ន៎?

[«ហាស! ហាស! ហា… លោកអៀនអី? ទៅ! ទៅរាំ… នឹងអាលខ្ញុំបានចូលរាំដែរ!»]

«ហាស! ហាស! ហា… លោកអៀនអី? ទៅ! ទៅរាំ… នឹងអាលខ្ញុំបានចូលរាំដែរ!»

«ឯ… ឯង… ហ៊ានហ៎?…» គេសួរសំឡេងញ័រ ឯជើងប្រឹងទប់ជាប់មិន         កម្រើក។

«ហ៊ានតើ! លោកមើលចុះ គេនាំគ្នាសប្បាយលាន់ហ្ន៎! យូរៗម្តងទម្រាំបានរាំតាមទីសាធារណៈបែបនេះណ៎ា!»

«ឆ្កួតហើយ! … ទោះរាំតាមទីកន្លែងត្រឹមត្រូវ ក៏ខ្ញុំមិនធ្លាប់រាំដែរ! ខ្ញុំមិនចូលចិត្តរាំទេ លែងដៃភ្លាមទៅ!!»

«អត់ទេ! លឿនឡើង ទៅរាំជាមួយគ្នា!!!»

មើលទៅលោកសន្សើមភ័យមែនទែន! កាន់តែឃើញទឹកមុខភិតភ័យរបស់គេ ធ្វើឲ្យខ្ញុំកាន់តែចង់លលេងនឹងគេខ្លាំងឡើង។ គិតមើលចុះ… គេប្រឹងរើបម្រះរហូតរុញខ្ញុំខ្ទាតចេញពីគេស្ទើរតែដាច់ផ្ងារទៅហើយ រួចក៏រត់គេចចេញពីកន្លែងនោះភ្លាមៗ ធ្វើឲ្យខ្ញុំទប់សំណើចលែងជាប់ ហើយសើចខ្លាំងៗចេញមកដោយការពេញចិត្ត ដែលឃើញគេអៀនជាលើកដំបូង… មនុស្សប្រុសម្នាក់នេះ ម៉េចក៏ធ្វើខ្លួនគួរឲ្យស្រឡាញ់យ៉ាងនេះហ្ន៎! (^_^)

***

ពេញមួយថ្ងៃដ៏សែនរីករាយ ខ្ញុំនិងគេ ក៏នាំគ្នាធ្វើដំណើរត្រឡប់មកផ្ទះវិញ ដោយការដើរយ៉ាងភ្លើតភ្លើន ពោរពេញដោយសេចក្តីសុខ ច្រើនជាងអារម្មណ៍នឿយហត់… ស្នេហាគឺអ៊ីចឹងឯង!… វាធ្វើឲ្យយើងបំភ្លេចការឈឺចាប់ទាំងកាយ និងចិត្តបានក្នុងពេលតែមួយ។ យើងទាំងពីរដើរកៀកកគ្នាតាមផ្លូវរហូតមក លុះត្រាតែខ្ញុំក្រឡេកទៅឃើញ អគារពណ៌ទឹកក្រូចធំមួយនៅចំពោះមុខ។

«អគារអីគេនេះ?»

«អូ… ក្លិបកីឡា! ជារបស់សាកលវិទ្យាល័យញូវខាហ្សល ដែលសាងឡើងសម្រាប់ឲ្យអ្នកនៅម្តុំនេះបានចូលទៅប្រើប្រាស់។ មានឧបករណ៍ ហ្វីតណេស(Fitness) ច្រើនយ៉ាងណាស់!»

«ហ៊ឺមមម… ល្អមែនទែនអ៊ីចឹង!»

«ហេតុអី? ឯងចូលចិត្តហ្វីតណេសឬ? ឃើញខ្លួនតូចមួយសោះ!!»

«តិចតួចដែរ… ព្រោះខ្ញុំក៏ចូលចិត្តរត់លេងនៅលើក្តារអេឡិចត្រូនិចដូចគ្នា… យើងចូលទៅលេងទេ?»

«ឯងចង់ចូលទៅហ៎?… បើអ៊ីចឹងខ្ញុំសុំអង្គុយចាំមើលបានទេ?»

«ស្អីគេ? ហេតុអីក៏លោកមិនចូលចិត្ត ហាត់កីឡាសោះអ៊ីចឹង?»

«មិនដឹងដែរ! … បើខ្ញុំចង់ហាត់កីឡា ខ្ញុំចូលចិត្តហែលទឹកច្រើនជាង ឯនៅក្នុងក្លិបនេះមានតែឧបករណ៍សម្រាប់អ្នកបញ្ចេញកម្លាំងយក្សប៉ុណ្ណោះ! ណាមួយខ្ញុំក៏មិនចូលចិត្តកន្លែងដែលមានមនុស្សអ៊ូអរច្រើនប៉ុន្មានទេ!»

«លោកចំជាកំពូលបិតាអត្តទត្ថបុគ្គលមែន!» ខ្ញុំរអ៊ូចំអកដាក់គេ ហើយគេក៏លើកដៃមកខោកខ្ញុំមួយក្រញរ។

«ម៉េច? សម្រេចចិត្តថាចូលទៅឬអត់?»

«អត់ទេ! បើលោកមិនលេង ខ្ញុំក៏មិនចង់ឲ្យលោកអង្គុយចាំដែរ… យើង     ត្រឡប់ទៅផ្ទះវិញល្អជាង!»

អ្នកកំលោះ កៀកកខ្ញុំកាន់តែណែនខ្លាំងឡើងដោយក្តីរីករាយនៅពេលឮខ្ញុំសម្រេចចិត្តបែបនេះ។ ខណៈដែលយើងទាំងពីរដើរជជែកគ្នា តាមផ្លូវត្រឡប់មកផ្ទះរហូតនោះ… យើងក៏មិនបានសង្កេតថា នៅក្នុងរថយន្តមួយដែលចតមិនឆ្ងាយប៉ុន្មាន ពីចំណុចដែលយើងកំពុងឈរនេះ…

មានខ្សែភ្នែកមួយគូ កំពុងសម្លឹងមកយើងទាំងពីរដោយភាពល្អក់ខ្វល់ ហាក់ដូចជាមិនពេញចិត្តនឹងរឿងអ្វីមួយ

***

 

ថ្ងៃនេះខ្ញុំមានសេចក្តីសុខខ្លាំងណាស់ រហូតពិបាកក្នុងការបរិយាយប្រាប់លោកសន្សើមថា ខ្ញុំទទួលអារម្មណ៍យ៉ាងណាខ្លះ… វាជាការចាប់ផ្តើមជីវិតថ្មីដ៏ល្អបំផុតរបស់ខ្ញុំពិតមែន… ជួនកាលខ្ញុំក៏គួរតែអរគុណ សង្សារចាស់របស់ខ្ញុំទៅវិញទេ ដែលនាំខ្ញុំមកទីនេះ… ដើម្បីបានជួបមនុស្សម្នាក់ដែលខ្ញុំមិនធ្លាប់គិតសោះថានឹងបានជួបពីមុនមក… ព្រះជាម្ចាស់ទ្រង់ប្រោសមេត្តាឲ្យខ្ញុំជួបតែរឿងល្អៗ ក្រោយពីព្យុះកំណាច ស្ទើរតែបោកបក់យកជីវិតខ្ញុំទៅមុន។ ខ្ញុំដើរទៅតុធ្វើការរបស់អ្នកកំលោះ ខណៈដែលគេកំពុងគូររូបពណ៌ទឹកនៅលើក្រដាស ដែលដាក់ទ្រលើទ្រនាប់ជើងគំនូរសម្រាប់វិចិត្រករ។ គេពិតជាមានសមត្ថភាពច្រើនយ៉ាងមែន!

«លោកកំពុងគូររូបអីហ្នឹង?» ខ្ញុំសួរនៅពេលមើលមិនដឹងថា នោះជារូបអ្វី? រូបកូនក្មេងឬ?

«ជារូបភាពគូរចេញពីអារម្មណ៍… វាផ្សំគ្នារវាង… កុមារភាព និងជរាភាព។»

«… ចម្លែកហ្ន៎! បើផាត់ពណ៌ហើយ ប្រហែលជាមើលឃើញស្អាតណាស់។»

«ឯងមើលរូបភាពសិល្បៈបែបនេះ យល់ដែរឬ?… ឬគ្រាន់តែនិយាយដើម្បីឲ្យកម្លាំងចិត្តខ្ញុំតែប៉ុណ្ណោះទេ?»

ខ្ញុំទទួលអារម្មណ៍រអៀសខ្លួន រសាប់រសល់បន្តិចបន្តួច នៅពេលគេចូលចិត្តនិយាយបង្អាក់សម្តីខ្ញុំ តាមភាពពិតដែលគេដឹងទាន់ជាន់កែង៖

«អឺមមម… ចុះលោក… មិនត្រូវការកម្លាំងចិត្តទេឬ?»

អ្នកកំលោះដាក់ជក់ចុះ ហើយងាកមកសម្លឹងមុខខ្ញុំ ព្រមទាំងលោមកថើបមួយខ្សឺតត្រង់ថ្ពាល់។

«ទោះឯងមិននិយាយ… ក៏ខ្ញុំបានទទួលវារួចហើយដែរ។»

ខ្ញុំញញឹមតប មុននឹងបណ្តោយគេឲ្យប្រើពេលវេលា នៅជាមួយអារម្មណ៍របស់ខ្លួនបន្តទៀត។

«ខ្ញុំគេងមុនហើយណ៎ា!»

«អឺមមម… ចាំម៉ាភ្លែត… ឯងមិនរង់ចាំខ្ញុំទេហ៎?»

និយាយហើយ កំលោះក៏ដាក់ជក់ចុះហើយប្រញាប់លើកទ្រនាប់គំនូរយកទៅផ្អែកនឹងជញ្ជាំងយ៉ាងរហ័ស មុននឹងដើរតាមខ្ញុំមកគ្រែដេក។

«ហេតុអីត្រូវចាំ? ឬមួយក៏លោកចង់ច្រៀង ឬនិយាយរឿងនិទាន ឲ្យខ្ញុំស្តាប់មុននឹងចូលគេង?» ខ្ញុំនិយាយយ៉ាងមានអារម្មណ៍ល្អ នៅពេលឃើញគេប្រញាប់ប្រញាល់ ដើរតាមខ្ញុំមកប្រកិតៗ។ ខ្ញុំផ្តួលខ្លួនដេកលើគ្រែ ខណៈដែលគេក៏ទម្រេតខ្លួនចុះក្បែរៗខ្ញុំ។

«ខ្ញុំមិនចេះច្រៀងទេ កុំសង្ឃឹមឲ្យសោះ!»

«ច្រៀងទៅណា… ដាក់ម៉ាបទទៅ! ចម្រៀងអីក៏បាន… ដែលលោកចូលចិត្ត!»

«ចម្រៀងដែលខ្ញុំចូលចិត្ត ខ្ញុំកាន់តែមិនហ៊ានច្រៀងទៅទៀតហើយ… ព្រោះខ្លាចអ្នកស្តាប់នឹងត្រូវខូចចិត្តយំយែកតាម!»

«ពុទ្ធោអើយ! …ច្រៀងតែបន្តិចក៏បានណា៎!… ដាក់ឲ្យម៉ាបទមក៍!»

«អត់ទេ!… អត់ព្រមទេ… ដេកវិញ!»

កំលោះដេកបែរខ្នងទៅម្ខាងដើម្បីបញ្ចប់សម្តី ខណៈដែលខ្ញុំក៏ធ្វើមុខងរបន្តិច មុននឹងងាកបែរខ្នងទៅម្ខាងទៀត… តែបន្តិចក្រោយមក គេក៏ងាកមកខាងខ្ញុំវិញ ហើយឱបខ្ញុំយ៉ាងណែនដែលធ្វើឲ្យខ្ញុំទទួលអារម្មណ៍កក់ក្តៅគ្រប់ពេលដែលគេឱប។

«សុបិនល្អណា… ម្ចាស់ជីវិត!»

នេះគឺជាសម្តីចុងក្រោយរបស់គេ ដែលខ្ញុំបានស្តាប់ក្នុងរាត្រីនេះ…

***

រាត្រីកាលដ៏សែនកក់ក្តៅក៏កន្លងទៅ… ពន្លឺព្រះអាទិត្យចាំងជះចូលមកក្នុងបន្ទប់ ធ្វើឲ្យខ្ញុំភ្ញាក់ពីការលង់លក់។ គួរឲ្យប្លែកដែរ ដែលខ្ញុំមិនបានដាក់នាឡិកាឲ្យរោទ៍ផង តែក៏ភ្ញាក់ឡើងត្រូវនឹងម៉ោងម្សិលមិញម៉ាច់តែម្តង គឺត្រូវនឹងម៉ោង៧ព្រឹកដែលអាកាសធាតុកំពុងល្អល្មម។ ពន្លឺថ្ងៃដែលក្តៅខ្លាំងនៅក្នុងឆ្នាំនេះធ្វើឲ្យរដូវរងាមើលទៅ មិនសូវជារងាខ្លាំងណាស់ណាដូចដែលខ្ញុំគិតទុកទេ។

«ភ្ញាក់បានហើយ… លោកសន្សើម!»

ខ្ញុំអង្រួនដៃគេបន្តិច អ្នកកំលោះចាប់ផ្តើមបើកភ្នែកមកសន្សឹមៗ មុននឹង   ញញឹមចេញមកបន្តិច ហើយក៏បិទភ្នែកទៅវិញម្តងទៀត។

«សុំមួយម៉ោងទៀតណា… មិនទាន់ចង់ប្រញាប់ក្រោកទេ!» បុរសរូបល្អនិយាយដោយសំឡេងងោកងុយ។

«អ៊ីចឹង ខ្ញុំចុះទៅធ្វើអាហារពេលព្រឹក ទុកជូនហើយណា៎!»

កំលោះងក់ក្បាលតិចៗ មុននឹងបន្តលង់លក់យ៉ាងងងុយ។ ចម្លែកដែរ… គេដេកទ្រមក់បែបនេះ ធ្វើឲ្យខ្ញុំចង់ដឹងដល់ហើយថា តើគេធ្វើការងារអីតាំងពីដើមមក? អេ៎!… មែនហើយ! ហេតុអ្វីខ្ញុំមិនដែលឃើញគេទៅធ្វើការសោះអ៊ីចឹង?

ខ្ញុំដើរចុះពីជាន់លើ ហើយសំដៅទៅផ្ទះបាយជាលើកដំបូងភ្លាមៗ។ វាហាក់ដូចជាតួនាទីរបស់គូស្នេហ៍ដ៏ល្អ ក្នុងការរកអាហារពេលព្រឹក ទុកជូនមនុស្សជាទីស្រឡាញ់ទទួលទាននៅពេលដែលគេភ្ញាក់មក។ ខ្ញុំធ្លាប់ធ្វើបែបនេះជាប្រចាំ ហើយតែងតែក្រោកមុនសង្សារចាស់របស់ខ្ញុំរាល់ៗលើក។ មើលទៅបុរសម្នាក់នេះ ក៏មិនសូវជាខុសពីសង្សារចាស់របស់ខ្ញុំប៉ុន្មានដែរ ក្នុងការដេករហូតដល់ថ្ងៃចាំងគូទ។ តែខ្ញុំសង្ឃឹមថា គេនឹងដូចគ្នាតែត្រង់ចំណុចមួយនេះប៉ុណ្ណោះ…

ខ្ញុំប្រើពេលវេលាមិនយូរប៉ុន្មានទេ ក្នុងការចម្អិនអាហារប្រភេទស៊ុត… ព្រោះគ្មានសល់វត្ថុធាតុដើមអ្វីផ្សេងទៀតឡើយ នៅក្នុងទូទឹកកកឬទូអាហារ ក្រៅពីស៊ុតមិនប៉ុន្មានគ្រាប់ និងពោតលីងផប់ខន(popcorn) ដែលគេភ្លេចចោលនៅក្នុងមៃក្រូវេប(Microwave)។

ទីង! ទីងងង…

សំឡេងកណ្តឹងមុខផ្ទះលាន់ឡើង…

ខ្ញុំដើរត្រង់សំដៅទៅទ្វារ។ ក្នុងចិត្តក៏ដឹងរួចទៅហើយថា នរណាមកសួរសុខទុក្ខទាំងព្រលឹមអុរបែបនេះ ព្រោះខ្ញុំក៏មើលមិនឃើញមានស្រមោលនរណាពីខាងក្រៅដែរ។

«Hi! Emma.»

«Good morning Reatrey, how are you today?» អេម៉ាសួររាក់ទាក់ខ្ញុំយ៉ាងមានសុជីវធម៌។ នាងមើលទៅគួរឲ្យស្រឡាញ់ណាស់ព្រឹកនេះ។

«I’m happy very much, thank you baby… And you?»

«I’m happy too, thank you…» អេម៉ានិយាយចប់ នាងក៏ដកកវែងកខ្លីទំនងជាកំពុងរកនរណាម្នាក់។ ខ្ញុំដឹងភ្លាមៗថា នាងប្រាកដជាត្រូវការចង់ជួបលោកសន្សើមច្បាស់ណាស់។

«He’s stilling sleep on upstairs.» គេកំពុងដេកនៅឯជាន់លើនៅឡើយ។

«Oh!…» ក្មេងតូចធ្វើមុខសោកស្តាយ… ខ្ញុំយកដៃទៅអង្អែលក្បាលនាងតិចៗ ដោយក្តីអាណិតស្រឡាញ់។

«Do you want to come in?»

«It doesn’t matter. Thank you, Reatrey. I will go to school. Bye! Bye!»

«Bye! Bye!»

នាងតូច ប្រញាប់រត់ចេញទៅភ្លាមៗ។ នាងប្រហែលជាចង់មករាក់ទាក់ លោកសន្សើមមុនពេលទៅសាលាហើយ។ ខ្ញុំទទួលអារម្មណ៍ល្អមែនទែនដែលមានអ្នកជិតខាងមាឌតូចល្អិតបែបនេះ ព្រោះគ្រប់ពេលដែលខ្ញុំឃើញកូនក្មេង ខ្ញុំនឹងទទួលអារម្មណ៍ភ្លាមៗតែម្តងថា បរិយាកាសជុំវិញនោះ នឹងមើលទៅកាន់តែស្រស់បំព្រង និងសប្បាយរីករាយទ្វេឡើង។

ខ្ញុំដើរត្រឡប់ទៅផ្ទះបាយវិញ ឃើញកំលោះរូបល្អកំពុងអង្គុយចាំ នៅនឹងតុអាហារទាំងសក់ស៊ើងមមើង។

«ស្អីគេ?… ដុសធ្មេញហើយឬនៅនៀក??»

«ដុសហើយ ទើបចុះមកនេះ!»

«អម្បាញ់មិញអេម៉ាមករកទាំងព្រឹកតែម្តង! តើធម្មតា… នាងចូលចិត្តមករាក់ទាក់លោក មុននឹងទៅរៀនរៀងរាល់ព្រឹក ឬទេ?»

«អឺ… អត់ទេ! ថ្ងៃនេះនាងប្រហែលជាក្រោកពីព្រឹកហើយ… សង្ស័យចង់មកខ្ចីហ្គេមទៀតហើយ នាងច្រមក់!!»

«អាហារយ៉ាងម៉េចដែរ?» ខ្ញុំឈ្ងោកមុខសួរ។

«អឺមមម… ក៏ឆ្ងាញ់ណ៎ះ! ឆ្ងាញ់ជាងខ្ញុំស្លបន្តិច!!» គេសើចស្ញេញចេញបាយដែលកំពុងទំពាពេញមាត់។

«មាត់ស្អុយ!! …នរណាឲ្យផ្ទះលោកមានតែពងធ្វើអី?!!» ខ្ញុំចាប់បិចថ្ពាល់គេបន្តិចទាំងគ្រឺតក្នាញ់ ហើយក៏ទាញកៅអីមកអង្គុយរួមតុជាមួយគេ។

កំលោះ ចាប់កាំបិតមកកាត់ស៊ុតចៀនដាក់ចូលក្នុងមាត់ ហើយនិយាយសួរខ្ញុំខណៈដែលកំពុងទំពាផ្ញាច់ៗ។

«ថ្ងៃនេះចេញទៅណាល្អ?»

«ទៅឧទ្យានក្បែរៗនេះល្អទេ?»

«ហេតុអីក៏ឆ្លើយ ដូចមិនចាំបាច់គិតសោះអ៊ីចឹង?»

«… អឺមមម… មិនដឹងដែរ តែថ្ងៃនេះអាកាសធាតុល្អ ចង់រត់ត្រឹកៗលេង!»

«ចក់គីង (Jogging)ឬ?… អឺមមម… អ៊ីចឹងទៅក៏បាន!»

«បើលោកក្រោកពីព្រឹកជាងនេះ ប្រហែលជាល្អ… ខ្យល់អាកាសមុនម៉ោង៨ ល្អបរិសុទ្ធខ្លាំងណាស់សម្រាប់ទីនេះ។ កាលខ្ញុំនៅស្រុកខ្មែរ លោកប៉ាដាស់ខ្ញុំឲ្យក្រោកតាំងពីម៉ោង៦ឯណោះ។»

«អត់លេងជាមួយទេ… ការងារក៏ខ្ញុំមិនបានធ្វើ ហេតុអីខ្ញុំត្រូវក្រោកពីព្រឹកហ៎ះ?»

«អឺ… លោកនិយាយដល់រឿងការងារក៏ល្អហើយ ខ្ញុំកំពុងចង់ដឹងល្មមថា លោកធ្វើការងារអី?»

«ហេតុអីសួរប្លែកៗ? … តើឯងធ្លាប់ឃើញខ្ញុំទៅធ្វើការពីអង្កាល់?»

«នេះហើយដែលខ្ញុំឆ្ងល់… តើលោកនៅស្ងៀមៗបែបនេះ តាំងតែពីដើមមកឬ?»

«អត់ទេ… ខ្ញុំក៏ធ្លាប់លេងវីយូឡុង នៅក្នុងភោជនីយដ្ឋានដែរ តែក៏ឈប់យូរហើយ។»

«ចុះរាល់ថ្ងៃនេះ… លោកយកលុយមកពីណា?»

«មរតកនោះអី!»

«ហា!??…»

«គឺលុយមួយចំនួន… និងផ្ទះមួយខ្នងនេះ… ជារបស់បងប្រុសរបស់ខ្ញុំ។… គាត់បានចែកឋានទៅហើយ… មុននឹងស្លាប់ គាត់បានផ្លាស់មកនៅជាមួយសង្សារនៅទីនេះ ហើយពេលដែលគាត់ស្លាប់កាលពី២ឆ្នាំមុន ខ្ញុំក៏ផ្លាស់មករស់នៅទីនេះ… តែខ្ញុំមកនៅមិនទាន់បាន២ខែស្រួលបួលផង សង្សារគាត់ក៏ចែកឋានទៅតាមព្រោះជម្ងឺមហារីក។»

«…អឺម… សោកស្តាយផង ចំពោះរឿងបងប្រុសរបស់លោក!»

«… ខ្ញុំឈប់កើតទុក្ខយូរណាស់ហើយ!»

«អ៊ីចឹង លោកមិនរសាត់ទៅរសាត់មក ដូចខ្ញុំទៅហើយទេ?… អត់ការងារធ្វើទាំងគូតែម្តង!» ខ្ញុំនិយាយចំអកសើចតិចៗ។

«ដំបូងក៏គិតថា នឹងរកការងារធ្វើបន្តដូចគ្នា តែនៅពេលមានដានី… ខ្ញុំក៏មិនចង់ទៅណាទៀតដែរ។ ចង់នៅជាមួយនាងរាល់ថ្ងៃគ្រប់ពេលគ្រប់វេលា… ដូចដែល… ខ្ញុំចង់នៅជាមួយឯងពេលនេះអ៊ីចឹង!»

ស្តាប់សម្តីទឹកឃ្មុំរបស់គេ ធ្វើឲ្យខ្ញុំទទួលអារម្មណ៍ថា ផ្ទៃមុខខ្លួនឯងចាប់ផ្តើមមានចំហាយក្តៅភាយៗទៀតហើយ…

«អឺមមម… អ៊ីចឹងសម្រេចថា ថ្ងៃនេះយើងទៅរកការងារធ្វើ ល្អទេ?» ខ្ញុំស្នើយោបល់។

«ស្អីគេ??» កំលោះធ្វើទឹកមុខដូចស្តាប់មិនសូវច្បាស់។

«ទៅរកការងារធ្វើ! ខ្ញុំថា… យើងគួរតែរកអ្វីមកជួយផ្គត់ផ្គង់ផ្ទះរបស់លោកខ្លះហើយ។»

«ស្អីទៀតហើយ?… ទោះខ្ញុំមិនធ្វើ ក៏ខ្ញុំមានហូបចុកគ្រប់គ្រាន់ រហូតដល់ថ្ងៃស្លាប់ដែរ!»

«នរណាទៅដឹងមុនថា… ថ្ងៃណាមួយយើងនឹងមានរឿងអ្វីកើតឡើង? មិនមែនខ្ញុំដាក់បណ្តាសាទេ តែយើងគួរតែគិតគូរឲ្យបានល្អិតល្អន់ឲ្យហើយ! ពេលលោកចាស់ទៅ នឹងត្រូវការប្រើលុយយ៉ាងច្រើន ដើម្បីមើលថែខ្លួនឯង ឬមួយក៏លោកចង់សង្ឃឹមលើលុយមួយដុំចុងក្រោយរបស់លោកនេះ?»

«ឆ្កួតមែន! ខ្ញុំមិនកើតអីទេ…»

«លោកច្បាស់ក្នុងចិត្តដល់ហើយហ្ន៎! តែខ្ញុំខ្លាចថា… ខ្លួនឯងនឹងដល់ថ្ងៃនោះ!»

«ឆ្កួត!!!»

កំលោះដាក់សមចុះ ហើយក៏ឱនមុខមកជិតខ្ញុំ៖

«ដរាបណាមានខ្ញុំនៅឯងនឹងរស់នៅស្រួល អស់មួយជីវិតចាំទុកណ៎ា!!»

ខ្ញុំញញឹមយ៉ាងពេញចិត្តដែលបានឮសម្តីនោះ មុននឹងអ្នកកំលោះធ្វើកាយវិការចង់ចូលមកថើបខ្ញុំទៀត តែខ្ញុំក៏គេចមុខចេញទាន់។

«ទៅដុសធ្មេញចេញ… ស្អុយពងណាស់!»

«ឆ្កួតទៀតហើយ!… ពងខ្ញុំមិនមែននៅលើមុខឯណា???»

«…»

នរៈរូបស្រស់ យកដៃមកផ្ទាត់ថ្ពាល់ខ្ញុំតិចៗ ហើយចាប់ទាញមុខខ្ញុំទៅថើប       យ៉ាងថ្នាក់ថ្នម។ នេះជាស្នាមថើបដំបូងក្នុងថ្ងៃនេះ។ ទោះបីជាក្លិនមាត់របស់យើងក្រអូបពេញទីក៏ដោយ តែយើងក៏មិនដែលបដិសេធគ្នាតាមទម្លាប់។

***

 

«ហ៊ឺយ! ស្លាប់ហើយ… នេះយើងដើរមក៣ជុំហើយ មែនទេនៀក??»

អ្នកកំលោះពោលរអ៊ូរទាំ ខណៈដែលលើផ្ទៃមុខរបស់គេ មានញើសហូរជោកជាំ តែខ្ញុំបែរជាគ្មានអារម្មណ៍ថា ក្តៅអីណាស់ណាដូចគេសោះ។ … ពេលនេះយើងទាំងពីរកំពុងដើរនៅក្នុងបរិវេណថ្នល់តូចៗក្នុងទីប្រជុំជនរបស់ក្រុងវីតប៊ី ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់យើង។ គោលបំណងរបស់យើងគឺ រកការងារធ្វើនៅក្នុងភោជនីយដ្ឋានតូចៗ ឬបើមិនដូច្នោះ ក៏ក្នុងបារណាមួយនៅម្តុំៗនេះដែរ តែសំណាងមិនល្អសោះ… ដែលគ្មាននរណា ទទួលយកជនបរទេសដូចពួកយើងឲ្យធ្វើឡើយ ក្រៅពីប្រជាជនរស់នៅក្នុងតំបន់នេះ។

«លោកមិនគួរឈប់ពីកន្លែងចាស់សោះ!» ខ្ញុំហាមាត់និយាយរអ៊ូ កំលោះលើកដៃមកខោកក្បាលខ្ញុំ។

«ហេតុអី! នៅជាមួយខ្ញុំ ខ្លាចដាច់ពោះស្លាប់ឬយ៉ាងម៉េច ?»

«មិនប្រាកដដែរ… បើលោកពូកែដើរលេងដល់ថ្នាក់នេះ!!!»

«និយាយថាម៉េចហ៎ះ? ខ្ញុំហ្នឹង ពូកែដើរលេង?? ឆ្កួតមែន!!»

«គិតមើលខ្លួនឯងទៅ!» ខ្ញុំនិយាយបូញមាត់ដាក់គេ ហើយគេចមកនៅឆ្ងាយពីគេបន្តិច ព្រោះខ្លាចត្រូវពិន័យកណ្តាលផ្លូវនាំឲ្យខ្មាសអ្នកក្រុង។

ខ្ញុំដើរតាមពីក្រោយបុរសរឿយៗ។ ប្លែកណាស់ តែវាក្លាយជារឿងពិតមួយទៅហើយ! ថ្ងៃដំបូងដែលខ្ញុំជួបគេ ខ្ញុំមិនគិតសោះថា គេនឹងងាកមកស្រឡាញ់មនុស្សប្រុសដូចគ្នាជាមួយខ្ញុំ។ មានអ្វីច្រើនយ៉ាងទៀតដែលខ្ញុំគិតថា គេប្រែប្រួលលឿនណាស់! ខ្ញុំពិតជាចង់សួរគេមែនទែន ថាគេស្រឡាញ់ខ្ញុំពិតមែនឬទេ? ឬអ្វីដែលគេកំពុងធ្វើនេះ គ្រាន់តែជាការស្រវារកអ្នកថ្មី ដើម្បីបំភ្លេចអ្នកចាស់ចោល? តែបើខ្ញុំសួរ វាជារឿងមួយដែលគ្មានសុជីវធម៌ និងអាចធ្វើឲ្យយើងយល់ខុសលើគ្នាបាន… នេះបើខ្ញុំមិនបានគិតមុនសួរ។

សរុបមក… គួរតែបណ្តោយពេលវេលា ដើម្បីជាគ្រឿងពិសោធន៍ល្អជាង!

«អេ…»

ខ្ញុំបញ្ឈប់ជំហានដើរយ៉ាងរហ័ស នៅពេលឃើញបុរសដើរៗ ក៏ទច់ដំណើរង៉ក់ភ្លាម។ ខ្សែភ្នែករបស់អ្នកកំលោះ សម្លឹងត្រង់ទៅខាងមុខ ហាក់ដូចជាកំពុងឃើញអ្វីម្យ៉ាង។ ទឹកមុខរបស់គេប្រែប្រួល ប្រៀបដូចមនុស្សដែលកំពុងខឹង។ ខ្ញុំងាកតាមមើលទៅខាងមុខ ឃើញនារីក្រមុំគ្រងឈុតដ៏ស្រស់សោភា កំពុងឈរស្ងៀមនៅខាងមុខ ដោយកាយវិការនិងអារម្មណ៍មិនសូវខុសគ្នាប៉ុន្មាន។

«…នាងនៅមិនទាន់ត្រឡប់ទៅស្រុកខ្មែរវិញទៀតឬ?» សំឡេងមាំសួរឡើង។

ខ្ញុំចង់តែគេចចេញពីកន្លែងនោះឲ្យបាត់ៗទេ ព្រោះទទួលអារម្មណ៍ថាហេតុការណ៍ដែលកំពុងកើតឡើងនេះ វានឹងធ្វើឲ្យខ្ញុំចូលទៅពាក់ព័ន្ធជាមួយដែរ ហើយខ្លាចក្រែងនារីដែលឈរនៅចំពោះមុខ គិតថា ខ្ញុំជាមនុស្សដែលចូលមកជំនួសកន្លែងរបស់នាង។ អត់ទេ… ខ្ញុំមិនគួរប្រញាប់គិតអីដល់ថ្នាក់នេះពេកទេ នាងប្រហែលជាយល់បានត្រឹមថា ខ្ញុំនិងលោកសន្សើម ជាមិត្ត ឬជាបងប្អូននឹងគ្នាប៉ុណ្ណោះ ព្រោះរូបខ្ញុំបើមើលពីខាងក្រៅ ក៏មិនខុសអ្វីពីមនុស្សប្រុសទូទៅប៉ុន្មាន   ដែរ។

«ដានីប្រាប់ហើយតើ! ថាដានីនឹងនៅជាមួយបងសន្សើម!!»

ខ្ញុំក្រឡេកទៅឃើញដៃរបស់បុរសក្តាប់ណែន។មែនទែនហើយ!បរិយាកាសចាប់ផ្តើមកាន់តែយ៉ាប់ទៅហើយ ហើយអាចនឹងខ្លាំងក្លាជាងនេះទៀត! ខ្ញុំគួរធ្វើយ៉ាងម៉េចល្អហ្ន៎… ខ្ញុំគួរធ្វើយ៉ាងម៉េចល្អ!!!

***

 សូមរង់ចាំអានវគ្គបន្ត!

Read Full Post »