Feeds:
ប្រកាស
មតិ

Posts Tagged ‘សៀវភៅមគ្គុទ្ទេសក៍’


12576278_10207686976507974_553370729_n

ព្រះវិហារកាតូលិក Notre Dame Cathedral ស្ថិត​នៅ​ចំកណ្តាល​បេះដូង​នៃ​ក្រុង​ហូជីមិញ

ផ្កាយNoVeLs*– បច្ចុប្បន្ន​ ទំនោរ​ដើរ​លេង​ក្រៅ​ប្រទេស​​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ មាន​កត្តា​ជាច្រើន​រួម​ចំណែក​ដល់​ការ​កើន​ឡើង​នៃ​ទេស​ចរក្នុង​ស្រុក​​ទៅកាន់​ប្រទេស​ក្រៅ។ ចំពោះ​ខ្ញុំ​ការ​សម្រេច​ចិត្ត​ទៅ​ដើរ​លេង​ក្រៅ​ប្រទេស​ដោយ​សារតែ​សេវា​កម្ម​នៅ​ក្រៅ​​ប្រទេស​ល្អ​ជាង ងាយ​ស្រួល​ជាង មិន​ស្មុគ​ស្មាញ ពិសេស​​មិន​មាន​ការ​តម្លើង​ថ្លៃ​​ក្នុង​ឱកាស​បុណ្យ​ទាន​ម្តង​ៗ មិន​ថា ផ្ទះសំណាក់ សណ្ឋាគារ ចំណី​អាហារ​ ក៏ដូចជា​​មធ្យោបាយ​ធ្វើ​ដំណើរ។

បន្ទាប់​ពីដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ទៅ​កាន់​ប្រទេស​ថៃ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ វិស្សមកាល​ចុង​​ឆ្នាំ២០១៥នេះ​ ខ្ញុំ​ក៏សម្រេច​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​ក្រុង​ព្រៃ​នគរ ដែល​មនុស្ស​ខ្មែរ​បច្ចុប្ប​ន្ន​នាំ​គ្នា​ហៅពេញ​ៗ​មាត់​ថា ហូជីមិញ ឬ​សៃហ្គន។ ខ្ញុំ​សម្រេច​ចិត្ត​ទៅ​កាន់​អតីតក្រុងខ្មែរ​​មួយ​នេះ​ក៏​ព្រោះ​តែ​ ថ្ងៃ​ឈប់​សម្រាក​តិច ចំណាយ​ក៏​មាន​កំណត់​ ណាមួយ​ចង់​អនុវត្ត​ភាសា​វៀត​ណាម​ដែល​ទើប​តែ​រៀន​ចេះ​បាន​តិច​តួច​ផង​ដែរ។ 😉

12591936_10207686972467873_748945461_o

ផ្លូវ​មួយ​កណ្តាល​ក្រុងព្រៃនគរ ឬ​ហូជីមិញ។ ទោះ​បី​មាន​អគារខ្ពស់ៗ​លូត​លាស់​ដូច​ផ្សិត តែ​ព្រៃ​ឈើ​នៅ​តែ​ត្រូវ​បាន​អភិរក្ស​យ៉ាង​ល្អ​។

ចាំ​បាន​ថា កាល​នៅ​តូចៗ​ធ្លាប់​ឮ​អ្នក​ជិត​ខាង​និយាយ​គ្នាថា៖ «ថ្ងៃ​នេះ​​ប៉ាវាទៅ​ព្រៃ​នគរ​ គ្មាន​អ្នក​មក​ជួយ​លក់​ទេ។» ខ្លះថា «អូ! ឪអាវ៉ានាំ​ម៉ែ​​ទៅ​មើល​ជំងឺ​នៅ​ព្រៃ​នគរ។» ឬ​ក៏ថា​ «អាទិត្យ​ក្រោយ​ខ្ញុំ​ឡើង​ទៅ​យក​អីវ៉ាន់​នៅ​ព្រៃនគរ​ហើយ ព្រោះ​អស់​អី​លក់​ហើយ!» ជាដើម។ តាម​ឡានក្រុង ឬ​ឡាន​ឈ្នួល​នៅ​សម័យ​នោះ​ ខ្ញុំ​ក៏​ឃើញ​គេ​សរសេរ​ដាក់​បិទ​នឹង​ឡាន​ថា «ភ្នំពេញ-ព្រៃនគរ» «កំពង់ចាម-ព្រៃនគរ» «សួង-ព្រៃនគរ» ជាដើម។ ប៉ុន្តែ​បច្ចុប្បន្ន​ឈ្មោះ «ព្រៃ​នគរ» លែង​មាន​ទៀត​ហើយ! លែង​មាន​អ្នក​ហៅ​ហើយ! លែង​មាន​អ្នក​ស្គាល់​ហើយ! ម្នាក់ៗ​ហៅ​ និង​ស្គាល់តែ «ហូជីមិញ» ឬ «សៃហ្គន» ទៅវិញ។ តាម​ឡានក្រុង ឬ​ឡាន​ឈ្នួល​នានា​ក៏​សរសេរ​តែ «ភ្នំពេញ-ហូជីមិញ​(សៃហ្គន)»… អស់វិញដែរ។ តើ​អនាគតឈ្មោះនេះអាច​នឹង​លែង​មាន​ចារ សូម្បី​តែ​ក្នុង​ក្រាំងប្រវត្តិសាស្ត្រ​ដែរឬទេ? 😥

សៀវភៅ​មគ្គុទ្ទេសក៍ ជំនួយការ​ពិសេស​សម្រាប់​ដំណើរ​កម្សាន្ត​លើក​នេះ។ ;)

សៀវភៅ​មគ្គុទ្ទេសក៍ ជំនួយការ​ពិសេស​សម្រាប់​ដំណើរ​កម្សាន្ត​លើក​នេះ។ 😉

ឈប់​និយាយ​ពី​ប្រវត្តិសាស្ត្រ​ ងាកមកដំណើរ​កម្សាន្ត​វិញ​ម្តង! ខ្ញុំ​ចូលចិត្ត​ដើរ​លេង​ដោយ​ឯក​ឯង អត់​ចូលចិត្ត​ដើរ​លេង​តាម​ធួរ​ទេ ទោះ​អត់​ធ្លាប់​ស្គាល់​ អត់​ចេះ​ភាសា ព្រោះ​ដើរ​លេង​ដោយ​ខ្លួន​ឯង​មាន​ឯករាជ្យ​ជាង។ ចង់​ទៅណា​ ដើរ​ទៅ​នោះ! ដៃ​ម្ខាង​កាន់​សៀវភៅ​ ដៃ​ម្ខាង​កាន់ផែន​ទី។ ដើរ​បណ្តើរ​ អាន​បណ្តើរ មើល​ផែន​ទី​បណ្តើរ។ ហ៊ឺម… មាន​សេចក្តីសុខ​អ្វីម្ល៉េះ! 😉

សៀវភៅ​ដែល​ខ្ញុំ​អាន​ពេល​ធ្វើ​ដំណើរ​គឺ​ជា​សៀវភៅ​មគ្គុទ្ទេសក៍ ឬ​ជា​សៀវភៅ​ប្រវត្តិសាស្ត្រ​ដែល​និយាយ​អំពី​ទីកន្លែង​នោះ​។ ធ្វើ​ដំណើរ​បណ្តើរ​អាន​សៀវភៅ​បណ្តើរ​គឺ​ជា​សេចក្តីសុខ​យ៉ាង​ចម្លែក​ ដែល​ពិបាក​នឹង​រក​សេចក្តីសុខ​ឯណា​មក​ប្រដូច​បាន​។ ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​វៀត​ណាម​លើក​នេះ​ ខ្ញុំ​យក​សៀវភៅ​ចំនួន​២​ក្បាល​ដាក់​តាម​ខ្លួន​។ មួយ​ជា​សៀវភៅ​មគ្គុទ្ទេសក៍​ទេសចរណ៍​​ជាភាសា​ថៃ​និយាយ​អំពី​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​វៀតណាម​ភាគ​ខាងត្បូង មាន​ហូជីមិញ មុយណេ ញ៉ាត្រាង និង​ដាឡាត់។ មួយ​ក្បាល​ទៀត​ជា​សៀវភៅ​ចំណេះ​ដឹង​ទូទៅ​ជា​ភាសា​ខ្មែរ​ដែល​គ្រឹះស្ថាន​បោះ​ពុម្ព​ខ្មែរ​យើង​ប្រែ​ចេញ​ពី​ភាសា​ថៃ​ដែរ។ សៀវភៅ​នេះ​មាន​ចំណង​ជើង​ថា «១០០រឿង​ស្វែង​យល់​អំពី​ប្រទេស​វៀតណាាម»។ ថ្វី​បើ​មិន​បាន​និយាយ​អ្វី​លម្អិត​ពិស្តារ​អំពី​ប្រទេស​នេះ តែ​សៀវភៅ​នេះ​ក៏​ជួយ​យើងឱ្យ​បាន​យល់​ដឹង​អំពីរឿង​រ៉ាវ​ជា​ច្រើន​ដែល​យើង​មិន​ធ្លាប់​ដឹង​ពី​មុន​មក​។ ការ​ស្វែង​យល់​អំពី​ប្រទេស​ ឬ​ទីកន្លែង​ដែល​យើង​នឹង​ត្រូវ​ទៅ​ដល់ ក្រៅ​ពី​ផ្តល់​ចំណេះ​ដឹង វា​ក៏​ផ្តល់​នូវ​​ទំនុកចិត្ត​ និង​សេចក្តីក្លាហាន​ក្នុង​ការ​ធ្វើ​ដំណើរ​ដែរ។

សៀវភៅ​មួយ​ក្បាល​នេះ ធ្វើ​ឲ្យ​ខ្ញុំ​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​វៀតណាម។

សៀវភៅ​មួយ​ក្បាល​នេះ ធ្វើ​ឲ្យ​ខ្ញុំ​យល់​ដឹង​កាន់​តែ​ច្រើន​អំពី​វៀតណាម។

ព្រៃ​នគរ… ​នៅ​តែ​ស័ក្តិ​សម​សម្រាប់​ឈ្មោះ​មួយ​នេះ ព្រោះ​រដ្ឋាភិបាល​គេ​ខិត​ខំ​ថែរក្សា​ និង​អភិរក្ស​​ព្រៃ​ឈើ ទន្លេ​បឹងអូរ នៅ​កណ្តាល​ក្រុង​យ៉ាងច្រើន។ សួន​ច្បារ​គេ​ធំៗ ដើរ​ហត់​ ទោះ​គ្មាន​មួក ឆត្រ ឬ​ឡេ​ការពារ​កម្តៅថ្ងៃ ក៏​មិន​ខ្លាច​ខូច​ស្បែក​ ព្រោះ​នៅ​ទី​ណា​ក៏​​មាន​ម្លប់​។ កម្តៅ​ព្រះអាទិត្យ​គ្មាន​អំណាច​គ្រប់​គ្រាន់​ដើម្បី​បំផ្លាញ​ម្លប់​ព្រឹក្សា​ទាំង​នោះ​បានឡើយ…

 

Read Full Post »