Feeds:
ប្រកាស
មតិ

Posts Tagged ‘ស្លាប់’


ខ្ញុំ​ធ្វើអ្វី​ក៏​មិន​បាន​ដែរ​នៅ​ពេល​នេះ​ ខ្ញុំ​បានត្រឹម​តែ​ក្រឡេក​មើល​ទៅ​មនុស្ស​ក្នុង​គ្រួសារ​ និង​ញាតិ​មិត្ត​បង​ប្អូន​ទាំង​ឡាយ​ ដែល​កំពុងនាំ​គ្នាខ្សឹក​ខ្សួល​ទួញ​សោក​ ស្តាយ​ស្រណោះ​នូវ​អ្វី​ៗ​ដែល​បាន​កើត​ឡើង​ មិន​ខុស​អ្វី​ពីខ្ញុំ​ដែល​ត្រូវ​សោក​ស្តាយយ៉ាង​ខ្លាំង​ ព្រោះ​អនាគតគ្រប់​យ៉ាង​ ដែល​កំពុង​តែស្រស់​ថ្លា​ក្នុង​ជីវិត​យុវវ័យ ក៏​ត្រូវ​បញ្ចប់​អស់​​ក្នុង​រយៈ​ពេល​ត្រឹម​តែ​មួយ​ប៉ព្រិចភ្នែក។ សំឡេង​យំ​ខ្សឹក​ខ្សួល​​យ៉ាង​អណ្តឺត​អណ្តក​មួយ បាន​រសាត់​ចូល​មក​លាន់​ឮក្នុង​ត្រចៀក​ខ្ញុំ​ ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​ដើរ​ទៅ​រក​ម្ចាស់​សំឡេង​នោះ។ ​មែន​ហើយ នោះ​គឺ​ជា​សំឡេង​របស់​មាលតី នារី​ដ៏​ស្រស់​សោភា​តែ​ម្នាក់​គត់​ ដែល​ខ្ញុំ​ស្រឡាញ់​អស់​ពី​បេះ​ដូង។ នាង​យំ​ខ្សឹក​ខ្សួល​ដោយ​សេចក្តី​វិប្ប​យោគ ចំពោះ​ការ​បាត់​បង់​រូប​ខ្ញុំ​ ព្រោះ​ការ​បាត់​បង់​លើក​នេះ​គឺ​ជា​ការ​ឃ្លាត​ឆ្ងាយ ដែល​ពុំ​មានថ្ងៃវិល​ត្រលប់​មក​វិញ​បាន។ ខ្ញុំ​បានត្រឹម​តែអង្គុយ​លួង​លោម​ចិត្ត​នាង​នៅ​​​​ក្បែរៗ​នោះ​ប៉ុណ្ណោះ តែ​នាង​ក៏​គង់​មិន​ដឹង ឬ​មើលឃើញ​ខ្ញុំ​ដូច​តែ​មនុស្ស​ដទៃ​ទៀត​ដែរ។ ខ្ញុំ​គិត​តែ​ពី​ដើរ​ទៅ​ដើរ​មក មើល​ញាតិមិត្ត​បង​ប្អូន និង​អ្នក​ជិត​ខាងដែល​នាំ​គ្នា​មក​អង្គុយ​លេង​បៀ និង​ជជែក​គ្នាលេង ដើម្បី​កំដរ​រាង​កាយ​ដែល​មាន​តែ​សម្បក​​ខ្លួន តែ​គ្មាន​វិញ្ញា​ណ​និង​ចេតនា។​ ក្នុង​រយៈពេល​ដែល​ព្រលឹង​ខ្ញុំ​កំពុង​អណ្តែត​វិល​វល់​នោះ ចៃ​ដន្យ​ក៏​បាន​ឮមិត្តភក្តិ​ក្នុង​ក្រុម​ខ្លះ ជជែក​គ្នាអំពី​រឿងផឹក​ស៊ី​ស្រី​ញី​អូន​បង… នឹក​ដល់​រឿង​នេះ​ វាធ្វើ​ឲ្យ​​ខ្ញុំ​ភាន់​ភាំង​មួយ​ភ្លែត​ ហើយ​ចាប់​ផ្តើម​គិត​ទៅ​ដល់ ពេល​ដែល​ខ្ញុំ​នៅ​មាន​ជីវិតនៅ​ឡើយ គឺ​រឿង​របស់​ថ្ងៃ​ម្សិល​មិញ​នេះ​ឯង។

ខ្ញុំ​កំពុង​អង្គុយ​សំណេះ​សំណាល​ជាមួយ​មិត្តភក្តិ​​៤,៥នាក់​ ក្នុង​ហាងផឹក​ស៊ី​មួយដែល​ចម្រុះ​ទៅ​ដោយ​សេវាកម្ម​គ្រប់​បែប មិន​ថា​ជាចំនី​អាហារ គ្រឿង​ក្លែ​ម​ស្រា​បៀរ ឬ​បើ​ត្រូវ​ការនារីលក់​ស្រា​បៀរ មក​អង្គុយ​កំដរ​រួម​តុ​ជាមួយ ក៏​មាន​បម្រើ​តាម​សេចក្តី​ត្រូវ​ការ​។ សេវាកម្ម​ចុង​ក្រោយ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ពួក​យើង​ម្នាក់ៗ​ពេញ​ចិត្ត​ពេញ​ថ្លើម​បំផុត​នោះ​ ព្រោះ​ក្រ​មុំ​ៗ​ទាំង​នោះ​ស្អាត​ៗ ស៊ិចស៊ី​ដូច​បុប្ផាសួគ៌។ ពួក​នាង​តែង​តែ​មក​អង្គុយ​បញ្ចុក​គ្រឿង​ក្លែម បញ្ចុក​ស្រា​បៀរជូន​ពួក​យើង​ជា​និច្ច ដោយ​មិន​ធ្វើឲ្យ​ពួក​យើង​ឃ្នើស​ចិត្ត​បន្តិចឡើយ ហើយ​នៅ​ទី​បំ​ផុត​ពួក​យើង​ទាំង​៦នាក់​​ក៏​ស្រវឹង​ជោគ​ខ្លួន ព្រោះ​ឬទ្ធិ​តេជៈ​របស់​ទឹក​ភ្នែក​អសុរកាយ។ ពួក​យើង​ក៏​បំបែក​គ្នា​ ត្រលប់​ទៅ​ផ្ទះ​វិញ​រៀង​ៗ​ខ្លួន ក្នុង​ខណៈ​ដែល​ម្នាក់ៗ នៅ​ស្រវឹង​ឡើង​ទោរ​ខ្លួន​នៅ​ឡើយ។ ចំពោះ​ខ្ញុំ​ខ្លួន​ឯង​ក៏ជិះ​ម៉ូតូម៉ូត​ថ្មី​សេរី​ទាន់​សម័យ ត្រលប់​មក​ផ្ទះ​វិញ​ តាម​ផ្លូវ​ជាតិ​លេខ​៤។ យប់​នេះ​ខ្ញុំ​សង្កេត​ឃើញ​ថា មិនសូវ​មាន​យានយន្ត​ធ្វើ​ចរាចរណ៍ប៉ុន្មានទេ​ ខ្ញុំ​ក៏​ចាប់​ផ្តើម​មួល​ហ្គែរ​ឡើង​បន្ថែម​ទៀត ពី៦០ឡើង​ដល់​១០០។ តែ​ជិះ​មិន​បាន​ប៉ុន្មាន​ផង​ ពេល​ដល់​ផ្លូវ​កោង​​ខាង​មុខ ម៉ូតូរបស់​ខ្ញុំ​បែរ​ជា​មិន​បានទៅ​តាម​ផ្លូវ​ទៅ​វិញ ព្រោះ​ល្បឿន​លឿន​ពេក​និង​គ្រប់​គ្រងសតិ​​ក៏​មិន​បាន ដោយ​ហេតុ​ស្រវឹង។​ ម៉ូតូរបស់​ខ្ញុំ​ក៏​ហោះ​ចេញទៅ ហើយ​ទោះ​ខ្ញុំ​ខំប្រឹង​បញ្ឈប់​យ៉ាង​ណា​ក៏​ដោយ ក៏មិន​អាចបញ្ឈប់ទាន់​ដែរ ព្រោះ​ល្បឿន​នោះ​វា​លឿន​ហួស​ហេតុ​ លឿន​រហូត​ទាល់​តែហោះ​ទៅ​បុក​រថយន្ត​ត្រង់សឺណ័រ ដែល​កំពុង​បើក​បរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា។

តាំង​ពី​នោះ​មក​ខ្ញុំ​ក៏​លែង​ដឹង​អ្វី​ទាំង​អស់​ គឺ​មក​ដឹង​ម្តង​ទៀត​នៅ​ពេល​ចូល​មក​ដល់​ក្នុង​ផ្ទះ​ ហើយ​គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​នោះ​ឯង។ រហូត​មក​ដល់​ពេល​នេះ​​ទើប​ខ្ញុំ​ដឹង​ថា​ខ្លួន​ឯង​បាន​ស្លាប់​ទៅ​ហើយ គឺ​ស្លាប់​ទៅ​ជា​មួយ​អនាគត​​ដែល​ស្រស់​ថ្លា តែ​បន្សល់​នូវ​សេចក្តី​ឈឺ​ចាប់​និង​ភាព​សោក​​សៅ​ ទុក​ឲ្យ​លោក​ប៉ា​អ្នក​ម៉ាក់​ ​ញាតិ​មិត្ត​បង​ប្អូន​ រួមទាំង​មាលតី​។ ប្រ​សិន​បើ​​ពេល​វេលា​អាច​វិល​​ទៅ​រក​អតីត​កាល​វិញ​បាន​ ខ្ញុំ​​នឹង​​ត្រលប់​ទៅ​កសាង​ខ្លួន​ ​ហើយ​​កែ​ប្រែ​ហេតុ​កាណ៍​ពី​ម្សិល​មិញ​នេះ​ ឲ្យ​បាន​ល្អ​ប្រ​សើរ​ឡើង​វិញ​។​​ តែ​គិត​ទៅ​គិត​មក​ វា​នៅ​តែ​មិន​អាច​ទៅ​រួច​ដដែល​ ព្រោះ​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​នេះ​ វា​គឺ​ជា​អតីត​កាល​នៅ​ក្នុង​សច្ចភាព​ដែល​មិន​អា​ច​កែ​ប្រែ​បាន។

នៅ​ទី​បំ​ផុត​​ខ្ញុំ​ក៏​ត្រូវ​ស៊ូ​ទ្រាំ​ សម្លឹង​មើល​រូប​កាយ​របស់​ខ្លួន​ឯង​ ដែល​ត្រូវ​ដុត​ដោយ​អណ្តាត​ភ្លើង​ដ៏​ក្តៅ​សែន​ក្តៅ​ រហូត​​ធ្វើ​ឲ្យ​ខ្ញុំ​ក្តៅ​រោល​រាល​ពេញ​ខ្លួន​ប្រាណ​។ ខ្ញុំ​បាន​ត្រឹម​តែ​ស្រែក​យំ​ និង​ស្តាយ​ស្រណោះ​ចំពោះ​អ្វី​ៗគ្រប់​យ៉ាង​​ដែល​កន្លង​ហួស​…​ ទឹក​ភ្នែក​គ្រប់​តំណក់​​​ក៏​រមៀល​ធ្លាក់​ឥត​ឈប់​សើម​ជោគ​ពេញ​ថ្ពាល់​។​ ទឹក​ភ្នែក​ទាំង​នោះ​ហាក់​ដូច​ជា​ហូរ​ចេញ​មក​ជា​តំណក់​​​ឈាម​​ស្រស់​ៗ ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​អារម្មណ៍​ថា​ ត្រជាក់​តាម​ថ្ពាល់​និង​បរិវេណ​ក។​ ក្នុង​ពេល​​នោះ​ឯង​ខ្ញុំ​ក៏​បាន​ឮ​ សំឡេង​អ្នក​ម៉ាក់​ ស្រែកហៅ​មក​ថា៖
-វិបុល​! វិបុល! ក្រោក​ឡើង​ ជូន​ម៉ាក់​ទៅ​ផ្សារ​បន្តិច​។ យី!​ កូន​នេះ​យ៉ាង​ម៉េច​ហ្នឹង បាន​ដេក​យំ​យក​ស្លាប់​យក​រស់​យ៉ាង​នេះ​?
ទន្ទឹម​នឹង​ខ្ញុំ​បើក​ភ្នែក​ឡើង​ ខ្ញុំ​ក៏​ដឹង​ថា​ ខ្លួន​ឯង​កំពុង​ដេក​នៅ​លើ​គ្រែ​ ដែល​មាន​ខ្នើយសើម​ជោគ​ដោយ​ទឹក​ភ្នែក៕

វៀង​ច័ន្ទ, ថ្ងៃ​ទី​២៥​ កុម្ភៈ ២០០៨

សូមរង់ចាំអានរឿង«ឯណាព្រហ្មចារីយ៍ » របស់អ្នកស្រីពាន់ ភួងបុប្ផាក្នុងពេលខាងមុខនេះ!!!

Read Full Post »