Feeds:
ប្រកាស
មតិ

Posts Tagged ‘ស្លឹក​ម្កាក់’


សម្ល​ម្ជូរ​គ្រឿង​មួយ​ចាន​នេះ​ ចម្អិន​ដោយ​ម្តាយ​ខ្ញុំ​ពិតៗ ^_^

សម្ល​ម្ជូរ​គ្រឿង​មួយ​ចាន​នេះ​ ចម្អិន​ដោយ​ម្តាយ​ខ្ញុំ​ពិតៗ ^_^

ផ្កាយNoVeLs*–អ្នក​និពន្ធ​វ័យ​ក្មេង​ថ្ងៃ​​នេះ សូម​លើក​យក​របៀប​​ធ្វើ​​ម្ហូប​ខ្មែរ​មួយ​មុខ គឺ​សម្ល​ម្ជូរ​គ្រឿងដោយ​ប្រើ​រូប​មន្ត​ថ្មី​ប្លែក​របស់​ម្តាយ​ខ្ញុំ​ ហើយ​ធានា​ថា ​ក្រោយ​ពី​អនុវត្ត​តាម​រូបមន្ត​នេះ​ ប្រិយមិត្ត​នឹង​ទទួល​​បាន​​នូវ​សម្ល​ម្ជូរ​គ្រឿង​​មួយ​ចាន ​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ប្លែក​មាត់​ ​ជាប់ចិត្ត​​ ទទួល​ទាន​​ហើយ​ចង់​​ទទួល​ទាន​ទៀត​​មិ​នខាន។

សម្លម្ជូរ​គ្រឿង គឺជា​ម្ហូបខ្មែរ​មួយ​ប្រភេទ​​​ដែល​ផ្តល់​រសជាតិ​ជូរ ផែ្អ​ម ឈ្ងុយឆ្ងាញ់​ពិសាដោយ​មាន​គ្រឿងផ្សំ​ជាច្រើន​ ដូចជា សណ្តែកដី​លីង ស្លឹកគ្រៃ រ​មៀត ម្ទេសស្លឹក​ក្រូចសើច យក​​មក​បុក​ច្របល់​ឲ្យ​ម៉ដ្ឋ​។​ ចំណែក​សាច់​វិញគេ​អាច​ស្ល​សម្លម្ជូរគ្រឿង​ជាមួយ​សាច់​ត្រី សាច់​គោ សាច់មាន់ និង​សាច់ជ្រូកឆ្អឹងជំនី​រ​ជ្រូកតាម​តែ​ពេញចិត្ត ព្រមទាំង​មាន​ប្រហុក​ថែមទៀតហើយ​បន្លែ​គេ​អាច​ស្ល​ជាមួយ​ត្រ​កួន ឬ​ត្រប់​។

អាច​និយាយ​បាន​ថា សម្លម្ជូរ​គ្រឿង​មាន​ច្រើន​ប្រភេទ​​ទៅតាម​ការ​ផ្សំ​គ្រឿង​ និងតាម​​តំបន់​រស់​នៅ​ផ្សេងៗ​។ និយាយ​តាម​ត្រង់​ ខ្ញុំ​មិន​ធ្លាប់​ញ៉ាំ​សម្ល​ម្ជូរ​គ្រឿង​ណា​ឆ្ងាញ់​ដូច​ម្តាយ​ខ្ញុំ ឬ​ម្តាយ​មីង​(ប្អូនស្រី​ម៉ែ)របស់​ខ្ញុំស្ល​​នោះទេ។ តាម​ហាង​ផ្សេងៗ​ មិន​ថា​តូច​មិន​ថា​ធំ ភាគ​ច្រើន​ ទឹក​សម្ល​ថ្លាៗ​ ពណ៌​លឿងៗ​ ហាក់​គ្មាន​គ្រឿង​អ្វី​សោះ​ ហើយ​រសជាតិ​ក៏​ព្លែតៗ ដូច​សម្ល​ម្ជូរ​ធម្មតា​គ្រាន់​តែ​មាន​ទឹក​រមៀត​ និង​គល់​ស្លឹក​គ្រៃ​បន្តិច​ប៉ុណ្ណោះ។

ណ្ហើយ! ឥឡូវ​កុំ​បង្អង់​យូរ មក​សាក​ប្តូររសជាតិ គ្រឿង​ផ្សំ និង​វិធី​ធ្វើ​តាម​រូប​មន្ត​របស់​ម្តាយ​ខ្ញុំ​វិញ​មើល៍ តើ​ឆ្ងាញ់​ប្លែក ជាប់​មាត់​ជាប់​ចិត្ត​ដូច​ខ្ញុំ​ថាឬ​ទេ!! 😉

 

គ្រឿងផ្សំ

  • សាច់​(ត្រី/គោ/មាន់/ជ្រូក/ឆ្អឹង​ជំនីរ)លាងទឹក​ឲ្យ​ស្អាត រួចហាន់​ជាកង់ៗ
  • ខ្ទិះ​ដូង​(ខ្ទិះ​ដើម និង​ខ្ទិះ​ចុង​)
  • ម្ជូរ(សណ្ដាន់ក្រៀម/អំពិល​ទុំ/ត្រួយ​អំពិល/ស្លឹក​ម្កាក់/ស្លឹក​ថ្នឹង)​
  • គល់ស្លឹកគ្រៃ រំដេង រមៀត សម្បក ឬ​ស្លឹកក្រូច​សើច ខ្ទឹម​ក្រហម ខ្ទឹមស បុកឬ​កិន​ចូល​គ្នាឲ្យ​ម៉ដ្ឋ​
  • ប្រហុកចិញ្ច្រាំ​, សណ្តែក​ដីបុក​, ម្ទេសឆ្អើរចិញ្ច្រាំ​
  • ស្ករត្នោត, ប៊ីចេង, អំបិល, ទឹកត្រី
  • ត្រកួន ឬ​ត្រប់, ស្លឹកក្រូចសើច, ម្ទេសដៃ​នាង

 

វិធីធ្វើ

១- ដាក់ឆ្នាំងលើចង្ក្រានឲ្យ​​ក្ដៅបន្ដិច រួច​ចាក់ខ្ទិះដើម​ពាក់កណ្ដាល​ទៅក្នុងឆ្នាំង កូរឲ្យ​​ឈ្ងុយ។

២- ដាក់ម្ទេសឆ្អើរដែលបាន​ចិញ្ច្រាំរួច​ចូល រួចកូរឲ្យ​ឡើង​ពណ៌ល្អ។ បន្ទាប់​មក​យក​ប្រហុក​ដែល​ចិញ្ច្រាំ​រួច​ចូល កូរ​ឲ្យ​ឈ្ងុយ​ ទើប​ចាក់គ្រឿងដែល​បាន​បុក​រួច​ចូលព្រម​គ្នា​ ជាមួយ​សណ្តែក​ដី​បុក ហើយកូរឲ្យ​ចូលជាតិ។

៣- ដាក់គ្រឿងផ្សំ​រសជាតិ(ស្ករ​ត្នោត, ប៊ីចេង, អំបិល, ទឹកត្រី) រួច​ដាក់សាច់​ចូលទុករយៈ​ពេល ប្រហែល​១០នាទី។

៤- បន្ទាប់​មក​ចាក់ខ្ទិះចុងចូលល្មម​លិចសាច់​ រួចដាក់ម្ជូរ​សណ្ដាន់ ឬ​អំពិលទុំ​ចូល​(បើ​ប្រើ​ម្ជូរ​​ស្លឹក​ថ្នឹង​ ស្លឹក​ម្កាក់ ឬ​ត្រួយ​អំពិល​ ចាំ​​ហាន់​ដាក់​ជាមួយ​បន្លែក្រោយគេ​​)

៥- ភ្លក្ស​មើលឲ្យ​បាន​រសជាតិ​ប្រៃផ្អែមល្មម រួច​ចាក់ខ្ទិះ​ដើមដែល​នៅសល់ចូល​ ទុកមួយ​អំពុះ ទើបដាក់​ចុះជាការ​ស្រេច។ នៅពេលដួស​ទទួល​ទាន​ កុំ​ភ្លេច​យកម្ទេសដៃ​នាង​ និងស្លឹក​ក្រូ​ច​សើច​មក​ហាន់​​រោយ​​ពីលើដើម្បី​លម្អ​ និង​មាន​ក្លិន​កាន់តែ​ឈ្ងុយ​ឆ្ងាញ់​៕

 

Read Full Post »