Feeds:
ប្រកាស
មតិ

Posts Tagged ‘ហត្ថា’


ស្នាម​ស្នេហ៍.. រឿង​ខ្លី​សម្រាប់​រដូវ​ភ្លៀង​

ព្រះ​សុរិយា​នាពេល​សាយ័ណ្ហរំកិល​ខ្លួន​បន្តិចម្តងៗ ​លិច​បាត់​ទៅ​ក្នុង​ខ្នង​ភ្នំ​បន្សល់​ទុក​តែ​​លម្អង​មាស​លាប​ដាស​ពេញ​ជើង​មេឃ​។ ផ្ទៃ​ទឹក​​ទន្លេ​​ប្រែ​​ពណ៌​ជា​សមុទ្រ​​​ទឹក​ខ្មៅ​តាម​ផ្ទៃ​មេឃ​ដែល​ងងឹត​សូន្យ​ឈឹង​ មាន​តែ​រស្មី​ព្រាក​ៗ​​នៃ​រលក​ទឹក​ ដែល​ចាំង​​​នឹង​អំពូល​ភ្លើង​តាម​ផ្ទះ​ក្បែរ​មាត់​ទន្លេ​ ​​ឆ្លុះ​ពន្លឺ​​ភ្លឺ​ផ្លេកដូច​មាន​គេ​បណ្តែត​ប្រទីប​ ឬ​ចង្កៀង​គោម​ឲ្យ​អណ្តែត​ផ្លុង​ៗ​តាម​ខ្សែ​ទឹក។ ម្ចាស់​នេត្រាល្អក់ស្រអាប់មួយ​​គូ​​​កំពុង​បណ្តែត​អារម្មណ៍​ឲ្យ​​រសាត់​​ទៅ​ឆ្ងាយ យូរៗ​ម្តង​ស្ត្រី​ចំណាស់​ដក​ដង្ហើម​ធំ​ដោយ​ក្តី​នឿយ​ណាយ​​។ អាកាសធាតុ​​ត្រជាក់​នៃព្យុះ​មូសុង​វស្សា​ធ្វើ​ឲ្យលោក​យាយ​​​​ដក​ដង្ហើម​​ពិបាក​​ ពិសេស​ឆ្នាំ​នេះ​គាត់​​​ដឹង​ថា​ រដូវ​ភ្លៀង​ប្រែ​ជា​​​រងាត្រជាក់​​ជាង​រាល់​ឆ្នាំ​បណ្តាល​មក​ពី​ការ​ប្រែ​ប្រួល​របស់​ធម្មជាតិ​ដែល​តែង​តែ​ផ្លាស់​ប្តូរ​ជា​រៀង​រាល់​ឆ្នាំ​​ ប៉ុន្តែ​ស្ត្រី​ជរា​​ក៏​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​​ណាស់​ណា​​ដែរ​ ព្រោះ​មនុស្ស​ដែល​ឆ្លង​កាត់​ខ្សែ​​​ជីវិត​ជិត​៨០​រ​ដូវ​ភ្លៀង​​ហើយ​នោះ​ ការ​ប្រែ​ប្រួល​នានា​តែង​តែ​កើត​មាន​ឡើង​ជា​រឿង​ធម្មតា​។

«លោក​យាយ… សូម​អញ្ជើញ​ចូល​ទៅ​សម្រាក​នៅ​ខាង​ក្នុង​ទៅ​ ខាង​ក្រៅ​ត្រជាក់​​ខ្លាំង​ណាស់។» កំលោះ​អាយុ​ប្រមាណ​ជា​ម្ភៃ​ឆ្នាំ​ជាង​ ដើរ​មក​​អង្គុយ​លុត​ជង្គង់​ក្បែរ​កៅ​អី​យោល​ប្រចាំ​ខ្លួន​របស់​ស្ត្រី​ជរា​។ គាត់​ដក​ខ្សែ​ភ្នែក​ចេញ​ពី​ផ្ទៃ​ទឹក​ទន្លេ​ ងាក​​មករក​ចៅ​ប្រុស​មុន​នឹង​ពោល​ទៅ​គេ​ដោយ​ស្នាម​ញញឹម​។

«យាយ​សុំ​នៅ​ត្រង់​នេះមួយ​សន្ទុះ​ទៀត​សិន!»

«តែ​អាកាស​ធាតុ​ខាងក្រៅ​ត្រជាក់​ណាស់ ចៅ​បារម្ភ​ក្រែង​លោក​យាយ​ឈឺ។» សំឡេង​ និង​កាយវិការ​របស់​ចៅ​ប្រុស​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​​ចំពោះ​សុខ​ភាព​របស់​ស្ត្រី​ជរា​យ៉ាងខ្លាំង។

«យាយ​មិន​កើត​អីទេ​ចៅ​ ឲ្យ​យាយ​អង្គុយ​មួយ​សន្ទុះ​ទៀត​ទៅ!»គេ​ស្តាប់​សម្តី​​របស់​ស្ត្រី​ជា​ជីដូន​ដោយ​ក្តី​តាន​តឹង​ ទើប​តែ​ដឹង​ថា​លោក​យាយ​របស់​គេ​មានះ​ខ្លាំង​ណាស់ ហើយ​គេ​តែង​តែ​បណ្តោយ​តាម​ចិត្ត​គាត់​ជានិច្ច​ នៅ​ពេល​ដែល​គាត់​ពោល​ដោយ​សំឡេង​ហាក់​អង្វរករ​​ដូច្នេះ​។​

«អ៊ីចឹង​ចាំ​ខ្ញុំ​ទៅ​យក​ស្បៃ​​ដណ្តប់មក​ជូនលោក​យាយ​!»​ គេ​ដើរ​​ចេញ​ទៅ​មួយ​រំពេច​​ស្រប​ពេល​​​​ដែល​ស្រ្តី​ចំណាស់​​ងាក​មក​ងក់​ក្បាល​ទទួល​ ហើយ​​សម្លឹង​តាម​ដោយ​ក្តី​អាណិត​ស្រឡាញ់​។ ចំពោះ​លោក​យាយ​ផ្ទាល់​​​ ចៅ​ម្នាក់​នេះគឺ​ជា​និមិត្តរូប​នៃ​បុរស​ជា​ទី​ស្រឡាញ់​​​របស់​ខ្លួន​។ រង្វង់​មុខ​​ដែលស្ទើរ​តែ​ដូច​គ្នា​បេះ​បិទ​របស់​គេនិង​ស្វាមីដែល​ឃ្លាត​ទៅ​នោះ​​​ ធ្វើ​ឲ្យ​គាត់​​ស្រឡាញ់​ចៅ​ម្នាក់​នេះ​លើស​នរណា​ៗ​ទាំង​អស់​។​ ការ​ពិត​មិន​មែន​ត្រឹម​តែ​មុខ​មាត់​ប៉ុណ្ណោះ​ទេ​ដែល​​ប្រហាក់​​ប្រហែល​គ្នា​នឹង​ជីតា​ តែ​ទាំង​និស្ស័យ​ចិត្ត​គំនិត​ ការ​និយាយ​ស្តី គឺ​ហាក់​ដូចជា​​ចម្លង​ចេញ​ពី​ពុម្ព​តែ​មួយ​។ កាន់​តែ​ឃើញ​កាន់​តែ​ធ្វើ​ឲ្យ​គាត់​នឹក​ដល់​បុរស​ដែល​ធ្វើ​ឲ្យ​គាត់​ស្គាល់​ពាក្យ​ថា​គ្រួសារ​… បុរស​ជា​ទីស្នេហា​ដែល​គាត់​​ទន្ទឹង​រង់​ចាំ​ថ្ងៃ​ដែល​បាន​នៅ​រួម​រស់​ជាមួយ​គ្នា​ម្តង​ទៀត​។

ជំនោរ​រាត្រី​បក់​មក​ត្រសៀកៗ​ បបោស​អង្អែល​អារម្មណ៍ ភាព​ត្រជាក់​ស្រទន់​នៃ​រាត្រី​កាល​ជួយ​បន្ធូរ​អស់​ភាព​តាន​តឹង​ដែល​ស្ថិត​ក្នុង​ចិត្ត។ ក្លិន​ក្រអូបស្រាលៗ​នៃ​ក្លិន​បុប្ផា​ដែលចោល​ក្លិន​ពិដោរសាយ​ភាយ​​នៅ​ជុំ​វិញ​បរិវេណ​ផ្ទះ ​​ធ្វើ​ឲ្យ​ស្ត្រី​ជរា​បិទ​ភ្នែក​សន្សឹម​ៗ​​មុន​នឹង​យោល​​កៅអី​ទៅ​មក​យឺតៗ ​​បណ្តោយ​ឲ្យ​​បេះ​ដូង​រម្លឹក​រឿង​រ៉ាវ​នៅ​ក្នុង​អតីត​កាល​ ដែលបន្សល់​ទុក​នៅ​ក្នុង​​​គំនរ​អនុស្សាវរីយ៍​។ ចំពោះ​លោក​យាយ​ ​គ្រប់​ពេល​ដែល​ក្លិន​ក្រអូប​នេះ​​រសាត់​មក​ប៉ះ​ច្រមុះ​ គឺ​​អត់​មិន​បាន​​ដែល​ត្រូវ​មក​​អង្គុយ ​នឹក​ដល់​រឿងរ៉ាវ​ចាស់ៗ​យ៉ាង​មានសេចក្តី​សុខ ព្រោះ​ស្លាក​ស្នាម​អនុស្សាវរីយ៍ទាំង​​នោះ​ មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​​ជាមួយដើម​ផ្កា​ទាំង​នេះ​… គឺ​ផ្កា​កែវ​ ​ដែល​មាន​ឈ្មោះ​ដូច​គ្នា​នឹងឈ្មោះ​គាត់​។

បរិវេណ​ជុំវិញ​ផ្ទះ​នេះ​មាន​ដាំផ្កា​​​ជា​ច្រើន​ប្រភេទ​ តែ​ផ្កា​​ដែល​មាន​ច្រើន​ជាងគេ​បំផុត​គឺ​ផ្កា​កែវ​ រហូត​នរណាៗ​ក៏​នាំ​គ្នា​ហៅ​ទី​នេះថា​ «ផ្ទះ​កែវ​» តាម​គ្នា​ទាំង​អស់​។ គាត់​ចាំ​ច្បាស់​ថា ដើម​ដំបូង​ដែល​ដាំ​នៅ​លើ​ដី​នេះ​ គឺដាំ​ដោយ​ដៃ​របស់​លោក​ហត្ថា​ដែល​ជា​ស្វាមី​របស់​គាត់​។ លោក​ដាំ​ឲ្យ​គាត់​​ជា​ចំណង​ដៃ​នៅ​ក្នុងថ្ងៃ​រៀប​អាពាហ៍ពិពាហ៍។ លោក​តាជីក​រណ្តៅ​ដាំ​វា​ទាល់​តែ​រួច​ ដោយ​មាន​លោក​យាយ​​ជួយ​ស្រោច​ទឹក​។ ស្ទើរ​តែ​​មិន​ជឿ​សោះ​ថា កន្លង​ទៅ​ជាង​ហាសិប​ឆ្នាំ​ទី​នេះ​ក៏​ក្លាយ​ជា​ផ្ទះ​កែវ​ដូច​បំណង​​របស់​លោក​ ទោះ​បីជា​ដើម​ផ្កា​កែវដំបូង​នោះ​បាន​ងាប់​ជាយូរ​ឆ្នាំហើយ​ក៏​ដោយ​ តែ​ដើម​ផ្សេងៗ​ទៀត​ដែល​បានបណ្តុះ​ចេញ​ពី​ដើម​ដំបូង​នៅ​តែ​ដុះ​លូត​លាស់​ និង​ស្រស់​បំព្រង​រហូត​​ដល់​សព្វ​ថ្ងៃ​នេះ​។​

«បង​សន្យា​ថា ផ្កា​កែវ គឺ​ជា​នារី​តែ​ម្នាក់​គត់​​ដែល​បង​ស្រឡាញ់​​ ​រៀប​ការ​ជាមួយ​បង​ណា​កែវ​?» បុរសរូប​សង្ហា​​ពោល ព្រម​ទាំង​ក្តោប​ដៃ​របស់​នាង​យ៉ាង​ណែន។ ពន្លឺ​ភ្នែក​គេ​មាន​ន័យ​ស្រទន់​ក្តោប​ទុក​ដោយមនោសញ្ចេតនា​ធ្វើ​ឲ្យ​ផ្កា​កែវ​ចុះ​ចាញ់​ឥទ្ធិពល​នៃ​កែវ​ភ្នែក​នោះ​។ នាង​អឹម​អៀន​ឈ្ងោក​មុខ​ចុះ៖

«បង​ហត្ថា​ លែងដៃ​របស់​ខ្ញុំ​សិន​ទៅ ប្រយ័ត្ន​គេ​មក​ឃើញ​​ មិន​សម​ទេ!» ផ្កា​កែវ​ព្យាយាម​​ដក​ដៃ​ចេញ​​ពី​ដៃ​មាំរបស់​គេ​ ព្រោះ​ក្រែង​នរណា​មក​ឃើញ​ នាំ​មិន​សម​ភ្នែក​ញាតិ​។

«បង​នឹង​លែង​លុះ​ត្រា​តែ​​​កែវ​ឆ្លើយ​យល់​ព្រម​រៀប​ការ​ជាមួយ​នឹង​បង​ តែ​បើ​អូន​មិន​យល់​ព្រម​ បង​នឹង​កាន់​ដៃ​អូន​បែប​នេះ​រហូត​ដល់​ព្រឹក។» គេ​គម្រាម​នាង​ដោយ​ស្នាម​ញញឹម​ដើម្បីឲ្យ​ដឹងថា​គេ​នឹង​មិន​ធ្វើ​បែប​នោះ​ពិត​មែនទេ ព្រោះ​គេ​ដឹង​ច្បាស់ថា នាង​មិន​អាច​បដិសេធ​​ពាក្យ​សុំ​រៀប​ការរបស់​គេ​យ៉ាង​ពិត​ប្រាកដ​។

«ច៎ាស… ខ្ញុំ​… ខ្ញុំ​យល់​ព្រម​ហើយ!» កាយវិការ​ភ័យ​​​អឹម​អៀន​របស់​នាង​នៅពេល​នោះ​ កាន់​តែ​ធ្វើ​ឲ្យ​កំលោះ​រូប​សង្ហា​​ញញឹម​​ស្រស់​ដោយ​ក្តី​​ស្រឡាញ់​។

រយៈ​ពេល​ត្រឹម​តែ​ពីរ​ខែ​សម្រាប់​​ត្រៀម​រៀបចំ​ពិធីមង្គល​ការ​គឺ​ខ្លី​​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​គិត​របស់​នាង។​ ស្ទើរ​តែ​មិន​ជឿ​ខ្លួន​ឯង​ថា​ដល់​ពេល​ដែល​នាង​ត្រូវ​បំពេញ​​តួនាទី​របស់​កូន​ស្រី​ក្នុង​ឋានៈជា​ឧត្តម​ភរិយា​ហើយ​។ រាត្រី​​មុន​ថ្ងៃ​រៀប​ការ​មួយ​ថ្ងៃ​ នាង​រំភើប​​រហូត​គេង​មិន​លក់​ នរណាៗ​ក៏​នាំ​គ្នា​ព្រួយ​បារម្ភ ​ខ្លាច​កូន​ក្រមុំ​ក្នុង​ថ្ងៃ​នោះ​ស្លក់​មុខ​លែង​ស្អាត​ ព្រោះ​តែ​មិន​បាន​សម្រាក​គ្រប់​គ្រាន់​ តែ​លុះ​ដល់​ពេល​មែនទែន​ គ្រប់​យ៉ាង​ក៏​មិន​បាន​កើត​ឡើង​ដូច​ក្តី​កង្វល់​ ពេល​គ្រង​សម្លៀក​បំពាក់​កូន​ក្រមុំ​ហើយ​ គ្រប់​គ្នា​ក៏​ជញ្ជក់​មាត់​សរសើរ​ថានាង​ស្អាត​ផូរ​ផង់​ដូចទេព​អប្សរ ដូច​គ្នា​នឹង​​កូន​កំលោះ​ដែល​ស្រស់​សង្ហា​លើស​នរណាៗ​រហូត​កំលោះផ្សេង​ៗ​ក្នុង​ពិធី​មង្គល​ការ​អាប់​រស្មី​អស់​រលីង​ ដល់​ថ្នាក់​​មាន​សំឡេង​ខ្សឹប​ខ្សៀវ​គ្នា​លាន់​មក​ប៉ះត្រចៀក​ថា នាង​និង​គេ​ស័ក្តិ​សម​គ្នា​​​ដូច​ព្រះ​រាម​ និង​នាង​សីតា ឬ​ទេព​អប្សរា​ និង​ទេវបុត្រ​ក៏​​ប្រៀប​មិន​ស្មើ​។

ពិធី​រៀប​មង្គលការ​រវាង​គេ​និង​នាង​​ ប្រៀប​ប្រដូច​ទៅ​នឹង​ពាក្យ​សន្យា​ចំពោះ​គ្នាទៅ​វិញ​ទៅ​មក​ ចាប់​តាំង​ពីពេល​នេះ​តទៅនាង​នឹង​ក្លាយ​ជាគូចិត្ត​គូ​ជីវិត​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា​រហូត​ដល់​ថ្ងៃ​ដែល​សេចក្តីស្លាប់​មក​បំបែក។ អ្នក​ទាំង​ពីរ​រួម​រស់​ជាមួយ​គ្នា​យ៉ាង​មាន​សេចក្តី​សុខ​រហូត​កូន​ស្រី​ទីបី​របស់​នាង​បើក​ភ្នែក​មើល​ពិភព​លោក​បាន​បួន​ខែ គេ​ក៏​ឃ្លាត​​ទៅ​ដោយ​គ្មាន​​​ថ្ងៃ​​វិល​ត្រឡប់​។ ជំងឺ​កំណាច​បាន​ឆក់​យក​ជីវិត​របស់​គេ​ទៅ​មុន​ថ្ងៃ​ដែល​សម​គួរ​។ នាង​ចាំ​ថ្ងៃ​ដែល​គេ​ឃ្លាត​ទៅដោយ​គ្មាន​ថ្ងៃ​​អាច​បំភ្លេច​បាន​។ រាត្រី​​មួយ​ក្នុង​រដូវ​ធ្លាក់​ភ្លៀង​ ថ្ងៃ​ដែល​ក្លិន​របស់​ផ្កា​កែវ​សាយភាយ​​ពិដោរពេញ​បរិវេណ​ផ្ទះ​​ដូច​ថ្ងៃ​នេះ​។

«​កែវ​ចាំបាន​ទេ បង​ធ្លាប់​ប្រាប់​កែវ​ថា ៦០​ឆ្នាំ​ទៀត​យើង​នឹង​មក​អង្គុយ​ស្តាប់​សំឡេង​​ទឹក​រលក​ជាមួយ​គ្នា។» ហត្ថា​ខំ​ប្រឹង​បើក​ភ្នែក​ទាំង​ព្រិល​ស្រវាំង ​ពោល​ខ្សាវៗ​​សួរ​នាងព្រោះ​​ខ្សោះ​កម្លាំង​ណាស់​ហើយ​។

«ច៎ាស ចាំ​បាន​ ខ្ញុំ​មិន​ធ្លាប់​ភ្លេច​ទេ។» ផ្កា​កែវ​ក្តោប​ដៃ​ស្វាមី​​ទាំង​ក្តុក​ក្តួល​ហួស​ប្រមាណ​​ប្រឹង​ឆ្លើយ​ដោយ​ព្យាយាម​មិន​ឲ្យ​ទឹក​ភ្នែក​ហូរ​ចេញ​មក​។

«បង​ប្រហែល​ជា​​ធ្វើ​ខុស​សន្យានឹង​អូនហើយ​​ សូម​អភ័យ​ទោស​ឲ្យ​បង​ផង!»

«សូម​បង​កុំ​និយាយ​ដូច្នេះ​អី…» នាង​ឃាត់​​គេ​ដោយ​សំឡេង​ញាប់​ញ័រ ដូចមាន​នរណា​មក​កាត់​ទង​បេះ​ដូង​ទាំង​ស្រស់​ញញឹម។

«ឲ្យ​បង​និយាយ​ចុះ​… ពេល​វេលា​របស់​បង​សល់​មិន​ច្រើន​ទេ សូម​អូន​កុំ​​ឃាត់​បង​អី។» នាង​បាន​ត្រឹម​តែ​ងក់​ក្បាល​ទទួល​ពាក្យ​របស់​គេ​ដោយ​មិន​គិត​ចង់​ប្រកែក​​អ្វី​តទៅ​ទៀត​ ព្រោះ​ដឹង​ច្បាស់​ថា អ្វី​ដែល​គេ​និយាយ​​មក​នោះ​គឺ​ត្រូវ​ទាំង​អស់​ ពេល​វេលា​របស់​គេ​កាន់​តែ​ខ្លី​​ហើយ។

«បង​សូម​ផ្ញើ​​កែវ​… បំពេញ​តួនាទី​ជំនួស​បង​ផង​ ផ្ញើ​កែវ​ស្រឡាញ់​កូន​ជំនួស​បង​​ ផ្ញើ​អប់​រំ​ទូន្មាន​គេឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ​ជំនួស​​បង​ផង​… ប្រាប់​គេ​ផង​ថា… បង​ស្រឡាញ់​គេ​ខ្លាំង​ប៉ុណ្ណា ហើយចុងក្រោយ​ប្រាប់​គេ​ថា បង​សុំ​ទោស​ដែល​មិន​អាច​បំពេញ​តួនាទី​ជា​ឪពុក​បាន​ ជា​ពិសេស​កូន​ស្រី​ពៅ… បង​ប្រហែល​ជា​គ្មាន​ឱកាស​បាន​មើល​ថែ​នាង​ទេ។» ចប់​ប្រយោគ​វែង​នេះ​ គេ​ក៏​ដង្ហក់​ខ្យល់​​យ៉ាង​ខ្លាំង​ដោយ​ភាព​ហត់​នឿយ​។ ត្រឹម​ប៉ុណ្ណេះ​ទឹក​ភ្នែក​របស់​​ផ្កា​កែវ​ដែល​ខំ​ទប់​ក៏បាក់​ទំនប់​ធ្លាយ​ចេញ​មក​ឈូ​ឆរ​។ វា​ហាក់​ដូច​ជា​លឿន​ហួស​ពេក​ដែល​នាង​ត្រូវ​មក​កាត់ចិត្ត​ថា នាង​នឹង​ត្រូវ​​បាត់​បង់រូប​​គេ​។

«…» ឆោម​ល្អ​​និយាយ​អ្វី​លែង​​ចេញ​ មាន​តែ​សំឡេងយំ​​ខ្សឹក​ខ្សួល​ប៉ុណ្ណោះ​ដែល​រសាត់​ចេញ​ពី​មាត់​របស់​នាង​។

«កុំ​យំ​ណា​កែវ​ អូន​ត្រូវ​តែ​រឹង​មាំ​ដើម្បី​កូនៗ​របស់​យើង​ បង​មិន​ចង់​ឃើញ​ទឹក​ភ្នែក​របស់​អូន​​ទេហើយ​បង​ក៏​​មិន​ចង់​ធ្វើ​ខុស​សន្យា​ជាមួយ​អូន​ ដែល​ធ្លាប់​សន្យា​​ថានឹង​មិន​ធ្វើ​ឲ្យ​អូន​យំ​ទៀត​។» គេពោលខ្សាវ​ៗតាម​ដង្ហើម​ដែល​នៅសេសសល់​​។

«បង​ហត្ថា…» នាង​ហៅ​ឈ្មោះ​គេ​មុន​នឹង​ទ្រោប​​យំ​លើ​​ដៃមាំ​ ហួស​វិស័យ​នឹង​​ទប់​​ត​ទៅ​ទៀត​។

«បង​ឲ្យ​អូន​យំលើក​នេះជា​លើក​ចុង​ក្រោយ​ ចាប់​ពីពេល​នេះ​តទៅ​អូន​ត្រូវ​មាន​តែ​ស្នាម​ញញឹម​ប៉ុណ្ណោះ អូន​ត្រូវមាន​ជីវិត​រស់​នៅ​ទៅ​ថ្ងៃ​មុខ​ដោយ​ក្តីសុខ​… សន្យា​នឹង​បង​មក​ថា​អូន​នឹង​មិន​យំទៀត​ទេ?» គេសុំ​ការ​សន្យា​ដែល​ពិបាក​ធ្វើ​បំផុត​ពី​នាង​​។ នាង​ដឹង​ច្បាស់​ថា ថ្ងៃ​ណា​ដែល​គេ​លែង​នៅ​លើ​លោក​នេះ​ទៀត​ បេះ​ដូង​នាង​នឹង​រលាយក្លាយ​ជា​ផេះ​ផង់។

«…»

«កែវ​ពិត​ជា​មិន​ទទួល​ពាក្យ​បង​មែនឬ? បើ​ដូច្នេះ​បង​ប្រហែល​ជា​មិន​អស់​អាល័យ​​នឹង​​អូន​ទេ បង​ច្បាស់​ជា​ស្លាប់​បិទ​ភ្នែក​មិន​ជិត​ឡើយ​។» សម្តី​របស់​គេ​ធ្វើ​ឲ្យ​នាង​ជូត​ទឹក​ភ្នែកចេញយ៉ាង​រហ័ស​​ ខំ​​ដក​ដង្ហើម​វែង​ៗ​ ហើយ​​ឈប់​យំ​ភ្លាម​មួយ​រំពេច​។

«បង​ហត្ថា… ទោះបី​ការ​សន្យា​ចំពោះ​បង​ពិបាក​ តែ​ខ្ញុំ​នឹង​ព្យាយាម​ បង​មិន​បាច់​បារម្ភ​ទេ។»

«បាន​ឮ​ដូច្នេះ​ បង​អស់​ចិត្ត​ហើយ​​។» គេ​ញញឹម​យ៉ាង​ធូរ​​ស្បើយ​ក្នុង​ចិត្ត​ «កែវ​… បង​ស្រឡាញ់​អូន​និង​កូន​ខ្លាំងណាស់…»

ចប់​សម្តី​នោះ​ ត្របក​ភ្នែក​លើ​​ក៏​ធ្លាក់​ចុះ​សន្សឹមៗ​រហូត​បិទ​ជិត​។ ដង្ហើម​ដែលនៅ​​សល់​តិចតួច​កន្ត្រាក់​ខ្លាំង​​ម្តង​ជា​លើក​ចុង​ក្រោយ​​មុន​នឹង​​បេះ​ដូង​របស់​គេ​ឈប់​កម្រើក។ គេ​បាន​ចាកចោល​នាង​ទៅ​ហើយ ចាក​ចោល​ទាំង​នៅ​មាន​​ស្មារតី​រឹង​មាំ​ តែ​គួរ​ឲ្យ​ចម្លែក​​ ​ដែលពេល​​គេ​ចាក​ចេញ​ទៅ​មែន​នាង​បែរ​ជា​​គ្មាន​ទឹក​ភ្នែក​ហូរ​បន្តិច​សោះ​។ រឿង​​ដែល​បានសន្យា​​ជាមួយ​គេ​នោះ គឺ​ជា​ភារកិច្ច​ចុង​ក្រោយ​ដែល​នាង​អាច​ធ្វើ​បាន​សម្រាប់​គេ។

«បង​ហត្ថា​ ខ្ញុំ​ស្រឡាញ់​បង​ ចាំ​អូន​​ណា មិន​យូរ​ទៀត​​ យើង​នឹង​បាន​ជួប​គ្នា។» និយាយចប់ នាង​ក៏​ប្រណម្យ​ដៃ​ក្រាបចុះ​លើ​ទ្រូង​របស់​គេ​ដោយ​ក្តី​ស្នេហ៍។ ការ​ក្រាប​សំពះ​នេះគឺដើម្បី​​ជំនួស​សេចក្តី​គោរព​​ក្នុង​ឋានៈ​ភរិយាដែល​​មាន​ចំពោះ​ស្វាមី​ និង​ជំនួស​ពាក្យ​អរគុណ​ដែល​គេ​បាន​មើល​ថែ​នាង​យ៉ាង​ល្អ​កន្លង​មក​។

Phka Keo_ផ្កាកែវ_Archphkai

ចាប់​តាំង​ពី​បុរស​​ជា​គូជី​វិត​ឃ្លាត​ឆ្ងាយ​ទៅ នាង​ក៏បំពេញ​តួនាទី​ជំនួសគេ​តាម​ការ​សន្យា​ទាំង​អស់​។ រស់​នៅក្នុង​នាម​ជា​​ឪពុក​និង​ម្តាយ​របស់​កូន​ទាំង​បី​ មិន​ថាលំបាក​វេទនា​យ៉ាង​ណា នាង​ក៏​មិន​ធ្លាប់​យំ​ទៀត​ដែរ​។​ នាង​ប្រើ​សេចក្តីទុក្ខ​លំបាក​ទាំង​ឡាយ​ជា​កម្លាំង​ជំរុញ​ទឹក​ចិត្ត​​ឲ្យ​មាន​ដង្ហើម​រស់​នៅ​លើ​លោក​នេះ​បន្ត​ រង់​ចាំ​ថ្ងៃ​ដែល​នឹង​​បាន​ជួប​គេ​ម្តង​ទៀត​។ នាងជឿ​ជា​និច្ច​មិន​ថា​ដប់​ម្ភៃ​ឆ្នាំ​ទៀត​ គេ​នឹង​នៅ​តែ​រង់​ចាំ​នាង​ដើម្បី​រួម​ដំណើរ​ជាមួយ​គ្នា​​​ទៅ​កាន់​ភព​ថ្មី​មួយ​ទៀត​ ​ដែល​មនុស្ស​​មាន​ជីវិត​​គ្មាន​ឱកាស​​នឹង​បាន​ស្គាល់​​​។

ភាព​ទន់​ល្មើយ​របស់​​កន្សែង​សូត្រ ដាស់​​ស្ត្រី​ជរា​ឲ្យ​​ភ្ញាក់​ពី​អារម្មណ៍​រវើរវាយ​។ ចៅកំលោះ​​ប្រហែល​ជា​យក​វា​មក​ដណ្តប់​ឲ្យ​គាត់​ដូច​ដែល​គេ​ប្រាប់​មុន​នេះ​ហើយ។
«អរគុណ​ណាស់​ចៅ យាយ​បាន​កក់​ក្តៅ​ច្រើន​ណាស់។» លោក​យាយ​​ពោល​ទាំងមិន​បាន​បើក​ភ្នែក​មើល។

«រងា​យ៉ាង​នេះ​ កែវ​គួរ​តែ​ចូល​ទៅខាងក្នុង​ ត្រង់​នេះ​មាន​ខ្យល់​ខ្លាំង​ណាស់​ បង​​បារម្ភ​ខ្លាច​អូន​ឈឺ​ ដឹង​ទេ?» សំឡេង​ស្រទន់​ដែល​ពោល​មក​នោះ​ធ្វើ​ឲ្យ​ដូន​ចាស់​បើក​​ភ្នែក​​ធំៗ​ដោយ​សេចក្តីរំភើប​។ សំឡេង​នេះ​មិន​មែន​ជា​នរណា​​ផ្សេង​​ទេ តែ​ជា​មនុស្ស​ដែល​គាត់​​តែង​តែ​ទន្ទឹង​រង់​ចាំ​អស់​ពេល​ជាង​៥០​ឆ្នាំ​មក​ហើយ​។

«បង​ហត្ថា… បង​មក​ទទួល​ខ្ញុំ​ហើយឬ?» សំឡេង​ស្ងួត​ស្អកសួរ​ម្ចាស់​ដៃ​មាំ​ដែល​ក្រសោប​ស្មាគាត់​ពី​ក្រោយ​​។

«មែន​ហើយ… តើ​កែវ​ត្រៀម​ខ្លួន​​ហើយ មែនទេ?» គេ​​ញញឹម​សួរ​នាង​ដោយសម្តី​មួយៗ​តែ​ច្បាស់​លាស់​។

«ខ្ញុំ​ត្រៀម​​រួច​យូរ​ហើយត្រៀម​រួច​តាំង​ពីថ្ងៃ​ដែល​បង​ហត្ថា​ចាក​ចេញ​ពី​ខ្ញុំ​ទៅម្ល៉េះ។» នាង​​ប្រាប់​គេ​តាម​ត្រង់​ ព្រោះ​បើ​វិនាទីនោះនាង​ស្លាប់​តាម​គេ​ទៅបាន​ គឺ​ធ្វើ​បាត់​ទៅ​ហើយ​ មិន​ចាំ​រហូត​មក​ដល់​ថ្ងៃ​នេះ​ទេ។

«អ៊ីចឹងយើង​នាំ​គ្នា​ទៅ…» គេ​លូក​ដៃ​មក​ចាប់​ដៃ​របស់​នាង ​​ឲ្យ​ក្រោកចេញ​ពី​កៅ​អី​យោល​មួយ​នោះ​។ ផ្កា​កែវ​​ទើប​តែ​សង្កេត​ឃើញ​ថាដៃ​ដែល​ធ្លាប់​ជ្រីវ​ជ្រួញ​តាមអាយុកាល​នោះ​ ត្រឡប់​មក​តឹង​រលោង​ស្អាត​ដូច​កាល​ពី​​នៅ​វ័យ​ក្រមុំ​។ រាង​តូច​ស្តើង​របស់​នាង​ក្នុង​ពេល​នេះ​ស្ថិត​នៅ​ក្នុង​សម្លៀកបំពាក់​​សំណប់​ចិត្ត ដែល​មាន​​សំពត់​សូត្រ​ពណ៌​ស្លាប​កំភេម​​ និង​អាវ​ប៉ាក់ពណ៌​ផ្កា​ត្របែក​ព្រៃ​ដែល​គេ​ទិញ​ជូន​ជា​អំណោយ​ថ្ងៃ​គម្រប់​ខួប​អាពាហ៍ពិពាហ៍លើក​ដំបូង​។

«បង​ហត្ថា… តើ​ខ្ញុំ​អាច​យំ​បាន​ហើយ​ មែនទេ?» សំណួរ​របស់​នាង​ធ្វើ​ឲ្យ​គេ​ញញឹម​ចុង​មាត់ មុន​នឹង​ត្រដាង​ដៃ​ក្រសោប​​យក​រាង​កាយតូច​មក​ឱប​ក្នុង​ប្រអប់​ទ្រូង។​ វង់​ភ័ក្រ្ត​ស្រស់​ផ្តេក​លើ​ផែន​ទ្រូង​មាំ​យ៉ាង​ស្និទ្ធ​មុន​នឹង​យំ​ហ៊ូចេញ​មក​ទប់​លែង​ឈ្នះ​ទៀត​។ យូរ​ណាស់​ហើយ​ដែល​នាង​មិន​បាន​យំ…​ យូរ​ណាស់​ហើយដែល​នាង​មិន​ដឹង​ថា​គួរ​​ជ្រក​ក្នុង​លង្វែក​ទ្រូង​នរណា​ដើម្បី​លាក់​ទឹក​ភ្នែក​ទាំង​នេះ​។

«ផ្កាកែវ​… ចាប់​ពីពេល​នេះ​ទៅ យើង​ទាំង​ពីរ​នឹង​បាន​នៅ​ជាមួយ​គ្នា​រហូត​ នឹង​គ្មាន​អ្វី​មក​បំបែក​យើង​ទាំង​ពីរ​បាន​ទៀត​ឡើយ… បង​ស្រឡាញ់​អូន។»

«ច៎ាស បង​ហត្ថា… អូន​ក៏​ស្រឡាញ់​បង​ដែរ​ ចាប់​ពីពេល​នេះ​ទៅ យើង​នឹង​លែង​បែក​គ្នា​ទៀត​ហើយ។»

***

«លោក​យាយ ខ្ញុំ​យក​ស្បៃ​​ដណ្តប់​មក​ហើយ!» កំលោះ​ដើរ​មក​បន្ទាប​ខ្លួន​ចុះ​ក្បែរ​កៅ​អី​យោលរបស់​ជីដូន​​មុននឹង​ជូន​ស្បៃ​ដណ្តប់​ទៅគាត់​ តែ​ស្ត្រី​ជរា​​នៅ​តែអង្គុយ​បិទ​ភ្នែក​​ស្ងៀម​​មិន​​កម្រើក​ ឬ​បើក​ភ្នែក​សម្លឹង​គេ​សោះ​​។

«លោក​យាយ… លោកយាយ…» គេ​អង្រួន​ដៃ​របស់​យាយតិចៗ​រហូត​ដៃ​ម្ខាង​​រអិល​ធ្លាក់​មក​ក្រោម​​ដោយ​​គ្មាន​កម្លាំង​កំហែង​អ្វី​ទប់​សោះ។

«លោកយាយ!!!» គេ​ស្រែក​ហៅ​ដោយ​ក្តី​តក់​ស្លុត​មុន​នឹង​លូក​ដៃ​យឺត​ៗ​​ទៅ​ស្ទាប​ត្រង់​ចុង​ច្រមុះ​។ អារម្មណ៍​​ភាំង​ និង​រន្ធត់​​រត់​សព្វ​សាច់​នៅពេល​ដឹង​ថា​គ្មាន​​ដង្ហើម​​នៅ​ត្រង់​បរិវេណ​នោះ។ ទឹក​ភ្នែក​កូន​ប្រុស​​មិន​ដឹង​មក​ពីណា​ហៀរ​​ដក់​ពេញ​ប្រឡង់​ភ្នែកដោយ​អារម្មណ៍​បាត់​បង់​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​។

ជំនោរ​ត្រជាក់​នាវស្សានរដូវ​​បក់​​មក​ម្តងៗ​ធ្វើ​ឲ្យ​ជាយ​ស្បៃ​ដណ្តប់​ដែល​កាន់​សើៗ​នោះ​បក់​រវិច​ៗ​ស្ទើរ​តែ​របូត​ចេញ​ពីដៃ​។ គេ​ឈ្ងោក​មើល​ស្បៃ​ក្នុង​ដៃ​ទាំង​ទឹក​ភ្នែក​ មុន​នឹង​​លារ​វា​ចេញ​ហើយ​ដណ្តប់​លើ​ស្មា​របស់​ជីដូន​យ៉ាង​ប្រយ័ត្ន​​ប្រយែង​បំផុត​មិន​ឲ្យ​ទឹកភ្នែក​របស់​ខ្លួន​ស្រក់​ទៅ​ប៉ះ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​សព​ឡើយ​​។ បន្ទាប់​ពី​នោះ​ គេ​ក៏​លើក​ដៃ​​ជ្រីវ​ជ្រួញ​ដែល​ធ្លាក់​​មក​ម្ខាង​​កៅ​អីមក​ផ្គុំ​ជាមួយ​គ្នា​នៅ​លើ​ភ្លៅ​យ៉ាង​មាន​របៀប​ មុន​នឹង​ថយ​បន្តិច​ដើម្បី​ក្រាប​សំពះ​លើ​ភ្លៅ​របស់​លោកសម្តែង​សេចក្តីគោរព​។ មិន​គួរ​ឲ្យ​ជឿ​សោះ​ថា​រយៈ​ពេល​មិន​ដល់​ដប់​នាទីផង ​ដែល​គេ​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ដើម្បី​​យកស្បៃ​ដណ្តប់​មក​នោះ​ ធ្វើ​ឲ្យ​គេ​បាត់​បង់​បុគ្គល​ជា​ទី​គោរព​ស្រឡាញ់​យ៉ាង​ទាន់​ហន់… ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​មែន។

កំលោះ​ងើយ​មុខ​ឡើង​​ សម្លឹង​រង្វង់​មុខរបស់​ស្ត្រី​ជរា​ដែល​បិទ​ភ្នែក​ជិត​ឈឹងម្តង​ទៀត​។ វង់​ភ័ក្រ្ត​​នោះ​គូស​វាស​​ដោយ​ស្នាម​ញញឹម​ស្រាលៗ​នៅ​ត្រង់​បបូរ​មាត់​។ ថ្វី​បើ​នៅ​ចុង​កន្ទុយ​ភ្នែក​មាន​ស្លាក​ស្នាម​ដំណក់​ទឹក​ថ្លាហូរ​ចុះ​មក​ក៏​ដោយ​ តែ​គេ​ក៏​ដឹង​បាន​ថា​លោក​យាយ​ចាក​ចេញ​​ទៅ​ដោយ​សេចក្តី​ស្ងប់។ លោក​ឃ្លាត​ពីគេ​យ៉ាង​មាន​សេចក្តីសុខ​ គ្មាន​សេចក្តី​វេទនា​ណាមួយ​កើត​ឡើង​សោះ​ឡើយ​។

«សម្រាន្ត​ឲ្យ​ស្រួល​ណា​លោក​យាយ​ ខ្ញុំ​នឹង​មើល​ថែ​គ្រប់​គ្នា​ដោយ​ខ្លួន​ឯង​ មិន​បាច់​ព្រួយ​បារម្ភ​ទេ… លោក​តា ចៅ​សូម​ផ្ញើ​លោក​យាយ​ផង​។» ខ្យល់​ត្រជាក់​បក់​​មួយ​ភឹប​មក​ម្តង​ទៀត​ លើក​នេះ​គេ​ហាក់​ដូច​ជា​ទទួល​បាន​ក្លិនក្រអូប​​ឆួល​នៃ​ផ្កា​កែវ​កាន់​តែ​ខ្លាំង។ គេ​ជឿ​ថាលោក​យាយ និង​លោក​តាពិត​ជា​ទទួល​ជ្រាប​នូវ​អ្វី​ដែល​គេ​បាន​ប្រាប់​ ហើយ​គេ​ក៏​ញញឹម​​ទាំង​ទឹក​ភ្នែក​​ ព្រោះទី​បំផុត​លោក​យាយរបស់​គេ​ក៏​បានសម្រេច​​បំណង​​ ដ្បិត​ការ​រង់​ចាំ​ទាំង​អម្បាល​ម៉ាន​​ត្រូវ​បាន​បញ្ចប់​ដោយ​ជីវិត​របស់​គាត់​​។

…បំណង​ប្រាថ្នា​តែ​មួយ​គត់​ ដែល​លោក​យាយ​ទន្ទឹង​រង់​ចាំ​ពេញ​មួយ​ជីវិត​ គឺ​ការ​បាន​ត្រឡប់​ទៅ​រួម​រស់​​ជាមួយ​លោកតា​ម្តង​ទៀត​…

 

Read Full Post »