Feeds:
ប្រកាស
មតិ

Posts Tagged ‘អាម៉ាហ្សូន’


 

Amazon Cafe_Archphkai_1    

ផ្កាយNoVeLs*– ហាង​កាហ្វេ​ទំនើប​ ហាង​កាហ្វេ​ស្រស់ ឬ​ខ្លះ​ហៅថា​ ហាង​កាហ្វេ​បារាំង​ កំពុង​តែ​រីកព្រោង​ព្រាត​ក្នុង​ទីក្រុង​ភ្នំពេញ​។ ជាង​ដប់​ឆ្នាំ​មុន ហាង​កាហ្វេ​បែប​នេះ​ គេ​រក​បាន​ដោយ​កម្រ​នៅ​ក្នុង​ទីក្រុង ​ដែល​ធ្លាប់​ជាប់​ឈ្មោះ​ជា​ប៉ារីស​នៅអាស៊ី​មួយ​នេះ​។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​នេះ ពិសេស​​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ​ Brand ហាង​កាហ្វេ​ទំនើប​ៗ​បាន​ និង​កំពុង​តែសម្រុក​ចូល​យ៉ាង​​គំហុក​ និង​ច្រើន​រហូត​ស្ទើរ​តែ​មិន​ដឹង​ថា គួរ​ជ្រើស​រើសចូល​ហាង​មួយ​ណា?

កាហ្វេ​ និង​ខ្ញុំ​ ប្រៀប​ដូច​ទឹក​ និង​ត្រី ផ្ទុយ​ពីមេឃ​ និង​ដី តែ​ជា​កវី​ និង​ទឹក​ខ្មៅ 😀 ។ ខ្ញុំ​តែង​តែ​ដើរ​ស្រង់​ក្លិន​កាហ្វេ​តាម​ហាង​នានា​ មិន​ថា​ទីក្រុង​ភ្នំពេញ​ ឬ​តំបន់​ផ្សេង​ដែល​ខ្ញុំ​បាន​ទៅដល់។ Starbucks និង Coffee World សុទ្ធ​តែ​ខ្ញុំ​បាន​ភ្លក្ស​រួច​មក​ហើយ ថ្វី​បើ​ហាង​កាហ្វេ​លំដាប់​ពិភព​លោក​ទាំង​ពីរ​នេះ មិ​នទាន់​មក​ដល់​ស្រុក​ខ្មែរ​ក៏ដោយ។

ថ្ងៃ​នេះ​ ខ្ញុំ​បាន​ធ្វើ​ដំណើរ​វែង​ឆ្ងាយ ជា​ដំណើរ​ផ្សេង​ព្រេង​មួយ​តាម​ចំហាយ​ក្លិន​នៃ​កាហ្វេ​ រហូត​មក​ដល់​ អាម៉ាហ្សូន(Amazon)។ Café Amazon គឺ​ជា​Brandមក​ពីCafe Amazon_Archphkai_2​ប្រទេស​ថៃ​របស់​ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​PTT។ ហាង​កាហ្វេ​នេះ​តែង​តែ​បើក​នៅទីណា​ដែល​មាន​ស្ថានីយ​ប្រេង​ឥន្ធនៈ​នេះ​ស្ថិត​នៅ​ ឬ​បាន​ទិញ​Franchise​ ពីហាង​កាហ្វេ​នេះ​។ នៅ​ភ្នំពេញ​ បច្ចុប្បន្ន PTT បាន​បើក​ឲ្យ​ដំណើរ​ការ​ Café Amazon បាន​ពីរ​សាខា​ហើយ គឺ​មួយ​នៅ​ត្រង់​ស្តុប​វត្តនាគវ័ន្ត និង​មួយ​ទៀត​នៅ​ច្បារ​អំពៅ​ក្បែរ​បុរី​ប៉េង​ហួត។ ឆាប់ៗ​នេះ​ PTT នឹង​បើក​សាខា​ថ្មី​មួយ​ទៀត​នៅ​ផ្សារ​តូច​ ស្ពាន​ជ្រោយ​ចង្វា។

មុន​នឹង​និយាយ​ពី​ក្លិន រស​ជាតិ និង​សេវាកម្ម សូម​និយាយ​ពីតម្លៃ​ជាមុន​សិន​។ តាម​ធម្មតា​ ហាង​កាហ្វេ​នៅតាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​តែង​តែ​ថោក​ជាង​តាម​ហាង​កាហ្វេ​ធំៗ​ ដូច​ជា​ Brown Gloria Jean ឬ​ True Coffee ជាដើម។ បើ​តាម​ខ្ញុំ​ដឹង​ ហាង​កាហ្វេ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ ​ដែល​មាន​Brandត្រឹម​ត្រូវ​នៅ​ភ្នំពេញ ​មាន​មិន​ច្រើន​ទេ ដូចជា​ Coffee Plus នៅ​កាល់តិច Bonjour នៅតូតាល់។ បើ​ប្រៀប​ធៀប​ជាមួយ​ហាង​កាហ្វេ​តាម​ស្ថានីយប្រេង​ឥន្ធនៈ​ដូច​គ្នា Café Amazon គឺ​មាន​តម្លៃ​ថ្លៃ​ជាង​បន្តិច​បន្តួច​ តែ​ថ្មីៗ​​នេះ​ Coffee Plus បាន​តម្លើង​តម្លៃ​ ២០​សេន​បន្ថែមទៀត​​ ធ្វើ​ឲ្យ​តម្លៃ​ខាពូជីណូរបស់​ហាង​ទាំងពីរ​មាន​តម្លៃ​ស្មើ​គ្នា​។

ចំពោះ​ក្លិនឈ្ងុយ​ កាហ្វេ​នៅ​Amazonគឺ​ស្ទើរ​តែ​គ្មាន។ បើ​ប្រៀប​ធៀប​ជាមួយ ​Coffee Plus ដែល​ជា​កាហ្វេ​តាមស្ថានីយប្រេង​ឥន្ធនៈ​​ដូច​គ្នា​នោះ​ គឺ​​ចាញ់​បាត់​ទៅហើយ​ មិន​បាច់​ប្រៀប​ធៀប​ជាមួយ​ហាង​កាហ្វេ​ធំៗ​ទេ។ ចំពោះ​រសជាតិ​វិញ​ អាច​និយាយ​បាន​ថាឆ្ងាញ់​តាម​សាខា តាម​អ្នក​ឆុង​ ដូច​ Coffee Plus ដែរ​ ថ្វី​បើ​ហាង​កាហ្វេ​ទាំង​ពីរ​​សុទ្ធ​តែ​មាន​ Brand ត្រឹម​ត្រូវ​ក៏​ដោយ​។ រស​ជាតិ​នៅ ​Amazon គេ​ផ្តោត​សំខាន់​លើ​ទឹក​ដោះ​គោស្រស់​ច្រើន​ជាង​ ចំណែក​ក្លិន​ឈ្ងុយ​ ក៏​ឈ្ងុយ​មក​ពី​ទឹក​ដោះ​គោ​ស្រស់​ដែរ​។ ដូច្នេះ​បើ​នរណា​ចូលចិត្ត​កាហ្វេ​រសជាតិ​ស្រាល ឬ​ចូលចិត្ត​រសជាតិ​ទឹក​ដោះ​គោស្រស់​នោះ សូម​អញ្ជើញ​ទៅ​ Café Amazon ចុះ​ពិត​ជា​មិន​ខក​បំណង​ទេ។ តែ​បើ​អ្នក​ចូលចិត្ត​ក្លិន​ក្រអូប​ឈ្ងុយ​របស់​កាហ្វេ និង​រស​ជាតិ​ចាស់ ចត់​ល្វីង​​ ហើយ​ឈ្ងុយ​​ក្លិន​កាហ្វេ​ស្រស់​ពីធម្មជាតិ ខ្ញុំ​សូម​ណែ​នាំ​កុំ​ទៅអី!

AMAZON

បើ​និយាយ​ពីសេវាកម្ម​នៅ​ Amazon ខ្ញុំ​ថា​មិ​នជា​អន់​ទេ តែ​ពែង​កាហ្វេ​គ្រប់​កែវ​ ចាននំ​គ្រប់​ថាស ត្រូវ​តែ​បម្រើ​ដោយខ្លួន​ឯង​ ឬ​ពេលខ្លះ​បុគ្គលិក​អាច​បម្រើ​ជូន​ដែរ​ ប្រសិន​បើ​ទំនេរ ឬ​មាន​អារម្មណ៍​ល្អ​! 😛 ដូច​ហាង​ទូទៅដែរ Amazon មិន​អនុញ្ញាត​ឲ្យ​យក​អាហារ​ពីក្រៅចូលញ៉ាំ​ទេ តែ ​Amazon មិន​ថ្នម​សម្តីជាមួយ​អតិថិជន​សោះ ព្រោះ​ដាក់​បម្រាម​ដោយ​បើក​ចំហ​នៅ​លើ​តុ​តែ​ម្តង! ចំណែក​នៅ​លើ​មាត់​ទ្វារ​ ក៏​មាន​បម្រាម​ផ្សេងៗ​ទៀត​ដែរ ដូច​ជា ហាម​ជក់​បារី ហាម​ថត​រូប តែ​អារឿង​ចុង​ក្រោយ​​នេះ(ថតរូប)​ ហាម​ឯណា​បាន​ ព្រោះ​បើ​​ពិត​ជាហាម​មែន ប្រាកដ​ជា​គ្មាន​អ្នក​ចូល​ទេ ព្រោះ​សម័យ​នេះ​ ជា​សម័យ​ Selfie ទៅហើយ! 😀

ចំណែក​បរិយាកាស​ និង​ការ​តុប​តែង​ហាង​វិញ Amazon មិន​អន់​ជាង​ហាង​កាហ្វេ​ធំៗ​ដទៃ​ទៀត​នោះ​ទេ សឹង​អាច​និយាយ​បាន​ថា​ ល្អ​ជាង​ហាង​ខ្លះ​ផង​ ហើយ​បើ​ប្រៀប​ជាមួយ​ហាង​នៅ​តាមស្ថានីយ​ប្រេង​ឥន្ធនៈ​​ដូច​គ្នា គឺ ​Amazon ស៊ីដាច់​​យ៉ាង​ផុយ។ ណ្ហើយ! ឈប់​និយាយ​ច្រើន​​ហើយ ព្រោះ​ដូច​ជា​វែង​គួរ​សម​ គ្រាន់​តែ​និយាយ​ពីហាង​កាហ្វេ​សោះ។ ថ្ងៃ​នេះ​មក​ដល់​អាម៉ាហ្សូន ថ្ងៃ​ក្រោយ​ប្រហែល​ទៅដល់​ហេមពាន្ត​ក៏​មិនដឹង ដូច្នេះ​រង់​ចាំ​អាន​ដំណើរ​ផ្សង​ព្រេង​តាម​ហិត​ក្លិន​កាហ្វេ​របស់ខ្ញុំ​បន្ត​ទៀត​ណ៎ា! មែន​ហើយ ប៊ិះភ្លេច​ រូប​ថត​ទាំងនេះ​ថត​ដោយ​ទូរស័ព្ទ​អន់ៗ​ទេ បើ​មិន​ច្បាស់​អី កុំ​ប្រកាន់អី! ;)​

ទិដ្ឋភាព​ពេលថ្ងៃ​

ទិដ្ឋភាព​ពេលថ្ងៃ​

ទិដ្ឋភាព​ពេល​យប់​

ទិដ្ឋភាព​ពេល​យប់​

សេវាកម្ម​ទឹក​ត្រជាក់

សេវាកម្ម​ទឹក​ត្រជាក់

 

Read Full Post »


ផ្កាយNoVeLs*– អស់រយៈពេលពីរថ្ងៃហើយ ដែលខ្ញុំទុកការងារប្រែសៀវភៅរបស់ខ្ញុំចោលដោយមិនបានប៉ះពាល់បន្តិចសោះ នេះក៏ព្រោះតែរវល់ពិចារណា នឹងកិច្ចសន្យាដ៏ស្មុគស្មាញ និងវែងអន្លាយមួយ(៨ទំព័រ)ដែលខ្ញុំបានទទួលពីគ្រឹះស្ថានបោះពុម្ពផ្សាយ Heaven Lake Press ប្រទេសថៃ។

ជាលើកទី១ និងជាការចាប់ផ្តើមថ្មីមួយ នៅក្នុងជីវិតអ្នកនិពន្ធដ៏ក្មេងខ្ចីរបស់ខ្ញុំ ដែលបានទទួលនិងធ្វើកិច្ចសន្យាឆ្លងប្រទេសតាមរយៈ អ៊ីមែល និង ប៉ុស្តិ៍ប្រៃសណីយ៍(Postal Address)ដើម្បីវាតទីកេរ្តិ៍ឈ្មោះរបស់ខ្លួននៅលើឆាកអន្តរជាតិ ជាមួយអ្នកនិពន្ធ The New York Times Bestsellers

មិនប៉ុន្មានខែទៀត ខ្ញុំនឹងក្លាយជាអ្នកនិពន្ធខ្មែរដំបូងគេ ដែលមានឈ្មោះនៅលើទំព័រ អាម៉ាហ្សូន(Amazon) ដែលជាគេហទំព័រលក់សៀវភៅ E-BOOK ដ៏ធំជាងគេមួយនៅលើពិភពលោក។

Phnom Penh Noir ប្រជុំទៅដោយរឿងដែលពណ៌នាពីជ្រុងងងឹតនៃរាជធានីភ្នំពេញ នឹងបង្ហាញខ្លួនជាផ្លូវការនៅខែតុលានេះ ដោយរួមមានអ្នកនិពន្ធល្បីៗពី The New York Times Bestsellers និង អ្នកនិពន្ធខ្មែរបីរូប(ពីររូបផ្សេង អាចជាអ្នកនិពន្ធទំនុកច្រៀង និងគំនូរ?) ដែលបានឆ្លងកាត់ការជ្រើសរើសយ៉ាងម៉ត់ចត់ពីគណៈកម្មការ Phnom Penh Noir

ខ្ញុំតែងតែបានទទួលអ៊ីមែលសរសើរពី Editor របស់ Phnom Penh Noir ថា រឿង «នរកកណ្តាលក្រុង»“Hell in the Ciry” គឺជារឿងមួយដែលមានលក្ខណៈNoir(ងងឹត)គ្រប់ជ្រុងជ្រោយស័ក្តិសមជា រឿង Noir នៅក្នុង Phnom Penh មែន។ ទោះជាយ៉ាងនេះក្តី ខ្ញុំពុំសូវពេញចិត្តនឹងស្នាដៃរឿងនេះប៉ុន្មានទេ ព្រោះប្រើពេលខ្លីក្នុងការបញ្ចប់(២ថ្ងៃ,២៥ទំព័រ) និងមិនបានបញ្ចប់ដោយប្រើ Twisted-Ending ដូចរឿង សាកសពនៅក្រោមគ្រែ, ខ្មោចអ្នកជិតខាង ឬ អ្នកទោស ដែលជាសិល្ប៍វិធីមួយដែលខ្ញុំពេញចិត្តបំផុតក្នុងនាមជាអ្នកនិពន្ធ Crime, Horror, និង Detective។

ពេលនេះ កិច្ចសន្យាបានបញ្ចប់ជាស្ថាពរហើយ គឺនៅរង់ចាំតែថ្ងៃបង្ហាញខ្លួន និង កើបលុយប៉ុណ្ណោះ! (ហិហិ… និយាយលេងសើចទេ កុំទុកជាការពិតអី! :D) ទីតាំងបង្ហាញខ្លួនជាផ្លូវការអាចនឹងធ្វើឡើងនៅ ជាន់លក់សៀវភៅផ្ទាល់ដី ផ្សារទំនើបសុវណ្ណា, សូរិយា… ឬសណ្ឋាគារណាមួយក្នុងរាជធានីភ្នំពេញ(មិនច្បាស់ការ)។ អ្នកអានដែលទៅទិញសៀវភៅក្នុងថ្ងៃនោះ នឹងបានឃើញមុខពិតដ៏សែនស្រស់សង្ហា( 😛 )របស់អ្នកនិពន្ធអាថ៌កំបាំងម្នាក់នេះ ពិសេសបានទទួលការបញ្ចុះតម្លៃពិសេស រួមទាំងហត្ថលេខារបស់អ្នកនិពន្ធផង។ 😀

Read Full Post »