Feeds:
ប្រកាស
មតិ

Posts Tagged ‘copywriter’


សួង ម៉ាក់៖ កុំ​គិត​ថា​ ទៅ​សិក្សា​នៅ​ឡាវ​ខ្លាច​អត់​ការងារ​ធ្វើ

និស្សិត​ខ្មែរ​ភាគ​ច្រើន​មិន​ចង់​បាន អាហារូបករណ៍ ទៅ​សិក្សា​នៅ​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ស្មើ​ ឬ​ទាប​ជាង​​​កម្ពុជានោះ​​ទេ​ ដោយ​គេ​គិត​ថា​សញ្ញាប័ត្រ​ចេញ​ពី​ប្រទេស​នោះ​នឹង​មិន​សូវ​មាន​តម្លៃ​ នាំ​ឲ្យ​ពិបាក​រក​ការងារ​ធ្វើ។ ប៉ុន្តែ​យុវជន​ សួង​ ម៉ាក់ ​អាយុ​២៧​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម​ ទើប​ត្រឡប់​មក​ដល់​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​ បន្ទាប់​​ពី​ចំណាយ​ពេល​សិក្សា​អក្សរ​សាស្ត្រ​ឡាវ​ នៅ​សាកល​វិទ្យាល័យ​ជាតិ​ឡាវ​ (National University of Laos) អស់​រយៈពេល​៥​ឆ្នាំ​បាន​ច្រានចោល​ទស្សនៈ​នោះ។

រហូត​មក​ដល់​ពេល​នេះ​ តើ​សញ្ញាប័ត្រ​មក​ពី​ប្រទេស​ឡាវ​​អាច​ឲ្យ ​សួង​ ម៉ាក់ ​រក​បាន​ការងារ​អ្វី​ធ្វើ​ហើយ ឬ​នៅ? ថ្ងៃ​នេះ​ គេហទំព័រ​ Sabay​ បាន​សាក​សួរ​យុវជន​រូប​នេះ​ ដែល​មាន​ក្នុង​បទ​សម្ភាសន៍​ដូច​តទៅ៖

Sabay៖ តើ​ ម៉ាក់​ ដឹង​ដំណឹង​​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ដោយរបៀប​​ណា? ហើយ​ធ្វើ​ម៉េច​ទើប​ទទួល​បាន​អាហារូបករណ៍​នេះ?
សួង ម៉ាក់៖ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ មាន​កន្លែង​ផ្ដល់​ដំណឹង​ទាក់​ទង​នឹង​អាហារូបករណ៍។ ខ្ញុំ​ដឹង​ដំណឹង​អាហារូបករណ៍​នេះ​ពី​មិត្ត​ខ្ញុំ​មក។

ដើម្បី​ទទួល​បាន​អាហារូបករណ៍​នេះ ​និស្សិត​ត្រូវ​​ប្រឡង​លើ​មុខ​វិជ្ជា​ពីរ​វិញ្ញាសា​ គឺ​​អក្សរ​សាស្ត្រ​ខ្មែរ​ និង​​ចំណេះ​ដឹង​វប្បធម៌​ទូ​ទៅ។ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​របស់​យើង​ជា​អ្នក​រៀប​ចំ​ ដោយ​​ជ្រើស​រើស​តែ​៦​នាក់​ទេ​ ហើយ​អ្នក​ជាប់​ត្រូវ​រៀន​អក្សរ​សាស្ត្រ​ឡាវ​​ កាល​នោះ។ បច្ចុប្បន្ន​ក្រសួង​រើស​ដល់​ទៅ​​១០​នាក់​ ហើយ​បេក្ខជន​​អាច​ជ្រើស​រើស​រៀន​ សេដ្ឋកិច្ច​ គណនេយ្យ​ វិស្វករ​ ឬ​កុំព្យូទ័រ​បាន​ តែ​​ក្រសួង​ក៏​បាន​បន្ថែម​មុខ​វិជ្ជា​ប្រឡង​ដែរ​ ដូច​ជា​ គណិតវិទ្យា និង​ភាសា​អង់គ្លេស​ជា​ដើម។

Sabay៖ មុន​ពេល​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ តើ​ ម៉ាក់​ កំពុង​ធ្វើ​អ្វី?
សួង ម៉ាក់៖ ពេល​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ ខ្ញុំ​កំពុង​សិក្សា​ថ្នាក់​ឆ្នាំ​ទី​មួយ​ផ្នែក​អក្សរ​សាស្ត្រ​ខ្មែរ​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រួច​ទៅ​ហើយ​ ដូច្នេះ​អាហារូបករណ៍​នោះ ​គឺ​ត្រូវ​នឹង​ជំនាញ​ខ្ញុំ​ស្រាប់។

Sabay៖ ហេតុ​អ្វី​បាន​ជា​ចង់​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ ខណៈ​និស្សិត​ជា​ច្រើន​ប្រាថ្នា​ចង់​​ទៅ​សិក្សា​នៅ​ប្រទេស​អភិវឌ្ឍ​ច្រើន​ជាង?
សួង​ ម៉ាក់៖ តាម​ពិត​ទៅ​ ខ្ញុំ​ស្រឡាញ់​មុខ​វិជ្ជា​អក្សរ​សាស្ត្រ​ខ្មែរ​ ដែល​ខ្ញុំ​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ណាស់​ ប៉ុន្តែ​ដោយសារ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​រ៉ាប់​រង​​ការ​ចាយ​វាយ​ផ្សេង​ៗ​ ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​នោះ​តែ​ម្ដង​ ដើម្បី​បន្ធូរ​បន្ទុក​ក្នុង​គ្រួសារ​ខ្ញុំ ​ឯ​ខេត្ត​កំពង់​ចាម។

Sabay៖ តើ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​ឡាវ​​យ៉ាង​ម៉េច​ដែរ? 
សួង ម៉ាក៖ នៅ​ប្រទេស​លាវ ​និស្សិត​បរទេស​ត្រូវ​រៀន​៦​ឆ្នាំ​ ដោយ​រាប់​ទាំង​រៀន​​ត្រៀម​​ភាសា​លាវ​មួយ​ឆ្នាំ​ផង​ ព្រោះ​បរិញ្ញាបត្រ​នៅ​ស្រុក​ឡាវ​​ និស្សិត​ត្រូវ​រៀន​៥​ឆ្នាំ។ បច្ចុប្បន្ន​ ឡាវ​បាន​ប្ដូរ​មក​រៀន​៤​ឆ្នាំ​ដូច​ខ្មែរ​ដែរ​ ដូច្នេះ​និស្សិត​ដែល​ទៅ​​រៀន​នៅ​ទី​នោះ​ ត្រូវ​រៀន​តែ​៥​ឆ្នាំ​ រាប់​ទាំង​រៀន​ត្រៀម​ភាសា​ឡាវ​ផង។

Sabay៖ ចុះ​សម្រាប់​ការ​រស់​នៅ​ប្រទេស​ឡាវ​​វិញ​ មាន​បញ្ហា​ប្រឈម​អ្វី​ខ្លះ?
សួង​ ម៉ាក់៖ នៅ​ប្រទេស​ឡាវ​ ប្រជាជន​រួសរាយ​រាក់​ទាក់​ និង​មាន​ប្រពៃណី​ របៀប​របប​រស់​នៅ​ដូច​ខ្មែរ​យើង​ដែរ​ ហើយ​សន្តិសុខ​ទៀត​សោត​ក៏​ល្អ​ ដូច្នេះ​ខ្ញុំ​អាច​សម្រប​ខ្លួន​រស់​នៅ​បាន​យ៉ាង​ងាយ​ស្រួល​នៅ​ទី​នោះ។

Sabay៖ ក្រោយ​ពី​ត្រឡប់​មក​ពី​ឡាវ​​វិញ​ តើ​ជំនាញ​ដែល​រៀន​នៅ​ទី​នោះ​ជួយ​ធ្វើ​ឲ្យ​ ម៉ាក់​ ស្រួល​ក្នុង​ការ​រក​ការងារ​ធ្វើ​ទេ?
សួង ម៉ាក់៖ ជំនាញ​ដែល​ខ្ញុំ​សិក្សា​នៅ​ប្រទេស​ឡាវ​​ គឺ​ពិត​ជា​មាន​អត្ថប្រយោជន៍​ណាស់។ ពេល​មក​ដល់​ស្រុក​ខ្មែរ​ភ្លាម​ ខ្ញុំ​ត្រូវ​បាន​គេ​ទាក់​ទង​ផ្ដល់​ការងារ​ក្រៅ​ម៉ោង​ឲ្យ​ភ្លែត។ បច្ចុប្បន្ន​ ខ្ញុំ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ឲ្យ​ក្រុម​ហ៊ុន​ O | Orange ដែល​ផ្ដល់​សេវា​រៀប​ចំ​កម្ម​វិធី​ ទទួល​ថត​ស្ពត​ ថត​កុន​ខ្នាត​ខ្លី ឬ​ចម្រៀង​ជា​ដើម​ ក្នុង​តួនាទី​ជា​ Copywriter។ ខ្ញុំ​បាន​ប្រើ​ប្រាស់​ភាសា​ឡាវ​​ សម្រាប់​បក​ប្រែក​ឯកសារ​​ផ្សេង​ៗ​ជា​ភាសា​ថៃ​ ក្នុង​កិច្ច​ការងារ​បច្ចុប្បន្ន​របស់​ខ្ញុំ។

Sabay៖ ចុះ​បើ​និស្សិត​ខ្មែរ​ណា​ចង់​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ដូច​អ្នក​ដែរ​ តើ​អ្នក​មាន​អ្វី​ជា​ការ​ណែ​នាំ​ទេ?

សួង ម៉ាក់៖ ខ្ញុំ​​មិន​​មាន​បទ​ពិសោធន៍​ ចំពោះ​​ការ​ដាក់​ពាក្យ​សុំ អាហារូបករណ៍ ​ទៅ​សិក្សា​សហរដ្ឋ​អាមេរិក នោះ​ទេ​ ប៉ុន្តែ​ជា​យោបល់​រួម​របស់​ខ្ញុំ​ អាហារូបករណ៍​ទៅ​ប្រទេស​ណា​ក៏​ដោយ​ សាមី​ខ្លួន​ត្រូវ​ស្គាល់​ខ្លួន​ឯង​ឲ្យ​ច្បាស់​ថា ​​ខ្លួន​ឯង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ហើយ ​ឬ​នៅ​ ដើម្បី​ដាក់​អាហារូបករណ៍​នោះ។ បើ​មិន​ទាន់​មាន​ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ខ្លួន។ នៅ​ពេល​​ពង្រឹង​សមត្ថភាព​បាន​គ្រប់​គ្រាន់​ហើយ​(3.00/4.00 GPA, 6-6.5 IELTS, 550-570​TOEFL) និង​ជឿ​ជាក់​ថា​ខ្លួន​ឯង​អាច​ធ្វើ​បាន​ ទោះ​ជា​អាហារូបករណ៍​ប្រទេស​ណា​ក៏​ដោយ​ នឹង​មិន​ជា​ការ​ពិបាក​ទេ។

ចំពោះ​អាហារូបករណ៍​ទៅ​ប្រទេស​ឡាវ​ក៏​ដូច​គ្នា។ ដំបូង​ត្រូវ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​លើ​អ្វី​ដែល​ក្រសួង​ត្រូវ​ការ។ មុខ​វិជ្ជា​ណា​ដែល​​ក្រសួង​តម្រូវ​ឲ្យ​ប្រឡង​ ត្រូវ​​ខិត​ខំ​រៀន​ ​រម្លឹក​ និង​ស្វែង​យល់​​ពី​មុខ​វិជ្ជា​នោះ​ឲ្យ​ច្បាស់​ ឬ​ស្វះ​ស្វែង​រក​វិញ្ញា​សា​ដែល​ធ្លាប់​ប្រឡង​ចេញ​ឆ្នាំ​មុន​ៗ ដើម្បី​ត្រៀម​ខ្លួន​​បាន​កាន់​តែ​ងាយ​ស្រួល​។ នៅ​ពេល​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​បាន​គ្រប់​គ្រាន់​ហើយ​ និង​ជឿ​ជាក់​ថា​ ខ្លួន​ឯង​ពិត​ជា​អាច​​ធ្វើ​បាន​ អ្វី​ៗ​នឹង​ដំណើរ​​ការ​យ៉ាង​ស្រួល៕

អត្ថបទ៖ មាស រ័ត្ន

ប្រភព៖ http://news.sabay.com.kh/articles/436623

 

Read Full Post »


អត្ថបទ​ឃោសនា​ពី​មន្ទីរ​ពេទ្យ​ទន្តសាស្ត្រ​​&សម្ផស្ស​រំចង់ ដែល​មាន​ផ្សាយ​លើ​ទំព័រ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​និង​រស្មី​កម្ពុជា​

អត្ថបទ​ឃោសនា​ពី​មន្ទីរ​ពេទ្យ​ទន្តសាស្ត្រ​​&សម្ផស្ស​រំចង់ ដែល​មាន​ផ្សាយ​លើ​ទំព័រ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​និង​រស្មី​កម្ពុជា​

ផ្កាយ​NoVeLs*– អត្ថបទ​នៅ​លើ​ទំព័រ​កាសែត​នានា​ មិន​សុទ្ធ​តែ​ជា​​អត្ថបទ​ដែល​សរសេរ​ដោយ​អ្នក​កាសែត​ ​ប្រចាំ​ស្ថាប័ន​ឬ​អង្គភាព​នោះ​ទេ តែ​ក៏​មាន​ចំណែក​​ពី ​Copywriter ​​មក​ពី​ក្រុម​ហ៊ុន​Agency នានា​ ដែល​ជា​អ្នក​​តំណាង​​ឲ្យ​ក្រុមហ៊ុន​​ដៃ​គូ​​ផង​ដែរ​។

អត្ថបទ​នៅ​លើ​ទំព័រ​កាសែត​​មាន​ច្រើន​ប្រភេទ​​។ អត្ថបទ​ដែល​​​និយាយ​ទាក់​ទ​ង​នឹង​​​​ការ​បង្ហាញ​ផលិត​ផល​ថ្មី​ ការ​បើក​សម្ពោធ​ហាង​ ឬ​សមិទ្ធិផល​ថ្មី​ របស់​ក្រុម​ហ៊ុន​ណាមួយ​ ភាគ​ច្រើន​គឺ​ជា​សំណេរ​របស់​ Copywriter ហើយ​នៅ​ពី​ក្រោម​អត្ថបទ​ច្រើន​សរសេរ​ដាក់​ថា «​អត្ថបទ​ក្រុម​ហ៊ុន​» ឬ​ដាក់​ឈ្មោះ​របស់​អ្នក​កាសែត​ណា​ម្នាក់​ដែល​បាន​កែ​តម្រូវ​អត្ថបទ​នោះ​។ ក្រៅ​ពី​អត្ថបទ​ប្រភេទ​នេះ​ នៅ​លើ​ទំព័រ​កាសែត​ក៏​នៅ​មាន​​អត្ថបទ​ផ្សាយ​ពាណិជ្ជកម្ម ដំណឹង​ជ្រើស​រើស​បុគ្គលិក​ ឬ​ក៏​ Print Ad ​ខ្លីៗ​​ដែល​ជា​ស្នាដៃ​និង​​​របស់​Copywriter ដែរ​។

ទាំង​នេះ​ ​​គឺ​ជា​ស្នាដៃ​របស់​ខ្ញុំ​ខ្លះៗ​ ​ក្នុង​នាម​ជា​ Copywriter ​​នៅលើ​ទំព័រ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ Cambodia Daily កោះ​សន្តិភាព​ រស្មីកម្ពុជា​… ​

N1 N3

 

Read Full Post »


Mak-Copywriter-MacBook

ផ្កាយ​NoVeLs*– នៅ​ពេល​មាន​គេ​សួរ​ថា សព្វ​ថ្ងៃ​ធ្វើ​ការ​អី?​ខ្ញុំ​មាន​ការ​ពិបាក​ឆ្លើយ​យ៉ាង​ខ្លាំង​ ព្រោះ​នៅ​ពេល​ឆ្លើយ​ប្រាប់​គេ​ថា ខ្ញុំ​ជា​ Copywriter គេតែង​តែ​សួរ​មក​វិញ​ថា Copywriter ជា​អ្វី? ថែម​ទាំង​មាន​អ្នក​ខ្លះ​លើក​ឡើង​ថា Copy មាន​ន័យ​ថា ចម្លង​​, Writer មាន​ន័យ​ថា អ្នក​និពន្ធ​។ អ៊ីចឹង​ Copywriter មាន​ន័យ​ថា​ អ្នក​និពន្ធ​លួច​​ចម្លង​? មុន​នឹង​ឆ្លើយ​តប​ទៅនឹង​ចម្ងល់​នេះ ខ្ញុំ​សុំ​និយាយ​ពីបទ​ពិសោធ​ខ្ញុំ​ទាក់​ទង​នឹង​ការ​ភាន់​ច្រឡំ​ចំពោះ​ន័យ​ និង មុខ​ងារ​របស់​ពាក្យ​នេះ​សិន​។

កាល​ពីមុន​ នៅពេល​ខ្ញុំ​ឃើញ​គេ​ប្រកាស​ជ្រើស​រើស​ Copywriter ខ្ញុំ​តែង​តែ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ ថា​តើ​Copywriter មាន​មុខ​ងារ​ដូចម្តេច​?​ ហើយ​តើ​​គេ​ត្រូវ​ការ ​Copywriter ទៅ​ធ្វើ​អ្វី? ទៅចម្លង​​ទិន្នន័យ​​ ឬឯកសារ​​របស់​ក្រុម​ហ៊ុន​? ឬ​មួយ​យក​ទៅ​ហ្វូតូ​កូពី​ឯក​សារ​? កាន់​តែ​ឆ្ងល់​ជាង​នេះ​ទៅទៀត​នោះ ក្រុម​ហ៊ុន​ដែល​ជ្រើស​រើស​ Copywriter សុទ្ធ​តែ​ជា​ក្រុម​ហ៊ុន​ជំនួញ​ធំៗ ជា​លក្ខណៈ​ធុរកិច្ច ​​និង​ពាណិជ្ជកម្ម​។ តើ​គេ​ត្រូវ​ការ​អ្នក​និពន្ធ​ទៅធ្វើ​អ្វី? ដូច្នេះគ្រាន់​តែ​ឃើញ​លក្ខណៈ​របស់​ក្រុម​ហ៊ុន​ ខ្ញុំ​ចុច​quit ចោល​បាត់​ទៅហើយ​ ព្រោះ​ការ​ងារ​បែបbusiness អស់​នេះ​ មិន​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​ខ្ញុំ​សោះ។

ត្រឡប់​មក​​ការ​ចាប់​ផ្តើម​ការងារ​ជា Copywriter របស់​ខ្ញុំ​នៅ​ក្នុង​ក្រុម​ហ៊ុន​សព្វ​ថ្ងៃ​នេះ​វិញ​ម្តង​ គឺ​វា​​ជា​រឿង​ចៃ​ដន្យ​ខ្លាំង​ណាស់ ព្រោះ​​ដំបូង​ខ្ញុំ​មិ​នដឹង​ថា ខ្ញុំ​ត្រូវ​មក​ធ្វើ​ជា ​Copywriter នៅ​ទីនេះ​ទេ។ ដំបូង​​ខាង​ក្រុម​ហ៊ុន​បាន​ទាក់​ទង​​មក​ខ្ញុំ​ និង​ សុំ​ណាត់​ជួប​ តែ​ខ្ញុំ​បដិសេធ​រហូត​​អស់​រយៈ​ពេល​ជាង​​ពីរ​សប្តាហ៍​ ព្រោះ​ពេល​នោះ​កំពុង​​ជាប់​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ចាស់​​​​ និង ​ឆ្ងល់​ថា ហេតុ​អ្វី​​ក្រុម​ហ៊ុន​ជំនួញ​​ធំ​បែប​នេះ មក​ត្រូវ​ការ​អ្នក​និពន្ធ​ទៅវិញ​​? លុះ​ស្តាប់​ការ​ពន្យល់​រួច​ហើយ​ ខ្ញុំ​ក៏​​ចាប់​ផ្តើម​​យល់​តិចៗ​​ថា អ្វី​ជា Copywriter?

ពាក្យ​ Copy នៅ​ទីនេះ​ មិន​មែន​មាន​ន័យ​ថា ចម្លង​ នោះ​ទេ តែ​មាន​ន័យ​ថា  អត្ថបទ​ ឬ​សំណេរ​ខ្លីៗ​​ ជា​​ខ្លឹម​សារ​​ឬ​​សំណៅ​ដើម​របស់​អ្នក​និពន្ធ​។​ ដូច្នេះ​ Copywriter និយាយ​​ឲ្យ​ខ្លី​ងាយ​យល់ គឺ​អ្នក​សរសេរ​អត្ថបទ​​នោះ​ឯង។ តែ ​Copywriter សម្រាប់​ក្រុម​ហ៊ុន​ Agency​ ឬ​ធុរកិច្ច​​ពាណិជ្ជកម្ម អត្ថបទ​​សំខាន់​ដែល​ត្រូវ​​សរសេរ​ គឺ​អត្ថបទ​ផ្សាយ​ពាណិជ្ជកម្ម​​។ ប៉ុន្តែ​​ Copywriter មិន​មែន​សរសេរ​តែ​អត្ថបទ​ពាណិជ្ជកម្ម​មួយ​មុខ​នោះ​ទេ។​ Copywriter មាន​ន័យ​ទូលំទូលាយ​ជាង​ Writer ឬ​ អ្នក​និពន្ធ​ទូទៅ ព្រោះ Copywriter គឺ​ជា​មេគំនិត​ ​ជា​អ្នក​​ច្នៃ​ប្រឌិត​អ្វី​​ដែល​ថ្មី​ ប្លែក​​ និង​មិន​ធ្លាប់​មាន​គេ​ធ្វើ​ពី​មុន​។​​Copywriter ​មាន​តួនាទី​ធ្វើ​គ្រប់​កិច្ច​ការ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​សរសេរ​ ឬ​បង្កើត​អ្វីដែល​ថ្មី មិន​ថា​ជា​សំណេរ​អត្ថបទ​​ ទំនុក​ច្រៀង សេណារីយ៉ូកុន​ ឬ​ការ​បក​ប្រែ​ឯកសារ​ផ្សេងៗ​នោះ​ទេ។​

ជាធម្មតា Copywriter ម្នាក់​ នឹង​ទទួល​ Brief ពី​ក្រុម​ហ៊ុន​ដៃ​គូ​ ហើយ​សហការ​យ៉ាង​ជិត​ស្និ​ត​ជាមួយ​ក្រុម Creative ដើម្បី​បង្កើត​​ Tagline/Slogan ឬ Script សម្រាប់​អត្ថបទ​ឃោសនា/TVC ឬ​តាម​មធ្យោបាយ​ផ្សេងៗ​ទៀត​ ទៅតាម​តម្រូវ​ការ​របស់​អតិថិជន​៕

 

Read Full Post »


“Your name is Mak so you should change to use Mac.” My boss said. :D

“Your name is Mak so you should change to use Mac.” My boss said. 😀

ផ្កាយ​NoVeLs*– ម្សិល​មិញ ​និង ​ថ្ងៃ​នេះ ​អត់​ធ្វើ​ការ​ទេ​ តែ​ក្រុម​ហ៊ុន​ហៅ​ទៅ​ជួប​ ដើម្បី​យក​ Macbook ទុក​ប្រើ​ជា​កាដូ​ឆ្នាំ​ថ្មី​។ តាម​រយៈ​កាដូ​នេះ​ ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​​នឹង​កាន់​តែ​​មាន​ការ​ងារ​​ច្រើន​​​បន្ថែម​​ទៀត​ដែល​ត្រូវធ្វើ​​នៅ​ក្នុង​ឆ្នាំ​ថ្មី​។ អ្វី​ដែល​សំខាន់​ គឺ​ តើ​ខ្ញុំ​អាច​បំពេញ​សេចក្តី​ត្រូវ​ការ​ និង ​បំពេញចិត្ត​របស់​​ក្រុមហ៊ុ​ន​បាន​ឬ​​ទេ? តែ​ទោះ​យ៉ាង​ណា ខ្ញុំ​នឹងខិត​ខំ​ស្វែង​យល់​ពីការ​ងារ​ឲ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត​ និង ​​ប្រឹង​ឲ្យ​អស់​ពីសមត្ថភាព​ដែលខ្លួន​មាន​។ ឱកាស​មិន​មែន​ចេះ​តែ​រត់​រក​​យើង​រហូត​នោះ​ទេ ដូច្នេះ​ខ្ញុំ​ត្រូវ​ប្រើ​ចំណេះ​ដឹង​​ដែល​​ខ្លួន​មាន​​ ​ឆក់​ចាប់​យក​ឱកាស​នេះ​ឲ្យ​បាន​។

តួនាទី​ជា​ Copywriter មាន​ន័យ​ថា​ ជា​មេគំនិត​របស់​ក្រុម​ហ៊ុន​។ ពិសេស​មិន​មែន​គ្រាន់​តែ​ជា​មេគំនិត​របស់​ក្រុមហ៊ុន​​​​ខ្លួន​​នោះ​​ទេ គឺ​​គ្រប់​ក្រុម​ហ៊ុម​ទាំង​ក្នុង​ និង ​ក្រៅ​ប្រទេស​​ទាំង​​អស់​ដែល​​ជា​អតិថិជន​របស់​យើង​។ ខួរ​ក្បាល​មនុស្ស​ម្នាក់ ធ្វើ​ការ​បំពេញ​ចិត្ត​មនុស្ស​​ទាំង​ក្នុង ​និង ក្រៅ​ប្រទេស ​មិន​មែន​ជា​ការងាយ​ទេ តែ​ក៏​មិន​មែន​បាន​ន័យ​ថា​ ខ្ញុំ​ធ្វើ​មិន​បាន​​ដែរ​។ ពី​មុន​ខ្ញុំ​ប្រើ​ខួរ​ក្បាល​​ច្រើន ​គិត​ពី​សាច់​រឿង​ស្នេហា ខ្មោច អាភិនីហារ​ ស៊ើប​អង្កេត​ តែ​ឥឡូវ​ខ្ញុំ​ត្រូវ​ប្តូរ​ខួរ​ក្បាល​ឲ្យ​ងាក​មក​គិត​ពីការ​ងារ​​ធុរកិច្ច​ និង ​ពាណិជ្ជកម្ម​​វិញ​ម្តង​។ តើ​ខ្ញុំ​ពិត​ជា​អាចធ្វើ​បាន​ទេ?

ទោះ​យ៉ាង​ណា ជឿ​ថា អ្នក​ខ្លះ​ពិត​ជា​ធ្លាប់​អាន​កាសែត​ដែលខ្ញុំ​សរសេរ អាន​ដំណឹង​ជ្រើស​រើស​បុគ្គលិក​ដែលខ្ញុំ​ប្រកាស មើល​TVCដែល​ខ្ញុំ​ផលិត​ ស្តាប់​ចម្រៀង​ដែលខ្ញុំ​និពន្ធ​ ចូល​រួម​ព្រឹត្តិការណ៍​ដែល​ខ្ញុំ​ដឹក​នាំ​… តែ​នោះ​ជា​រឿង​ផ្ទៃ​ក្នុង​របស់​បណ្តា​​ក្រុម​ហ៊ុន ​ដែល​ជា​អតិថិជន​របស់​ក្រុម​ហ៊ុ​ន​ខ្ញុំ​ ដូច្នេះ​សុំ​លាក់​ថា​មាន​អ្វី​ខ្លះ??? 😉

Read Full Post »


The Exchanged Gifts Event

កម្ម​វិធី​ The Exchanged Gifts Event នៅ​ក្រុម​ហ៊ុន​

 

ផ្កាយ​NoVeLs*– What a long holiday!!! ហិហិហិ… ធ្វើ​ការ​ជាមួយ​បរទេស​ ស្រួល​ម្យ៉ាង​ដែរ ថ្ងៃ​បុណ្យ​របស់​គេ​ឈប់​បាន​យូរ​ 😀 ។

ពីរ​អាទិត្យ​ហើយ​ដែល​ខ្ញុំ​​ធ្វើ​ការ​នៅ​ទីនេះ​ ថ្ងៃ​ខ្លះ​ក៏​មាន​ការ​ងារ​ធ្វើ​ច្រើន​ ថ្ងៃ​ខ្លះ​ក៏​អត់​ ​ហើយ​ថ្ងៃ​ខ្លះ​ក៏​មាន​ហៀរ​រហូត​អត់​បាន​ដេក​ពួន​។ តែ​យ៉ាង​ណា​ក៏​ខ្ញុំ​ពេញ​ចិត្ត ​និង​ស្រឡាញ់​ការងារ​នេះ​ជា​ទីបំផុត​ដែរ​។ តួនាទីរបស់​ខ្ញុំ​គឺ​ជា​ Copywriter ឬ​​និយាយ​ឲ្យ​ស្រួល​ស្តាប់​​​គឺ​ជា​ អ្នក​សរសេរ​អត្ថបទ​ផ្សាយ​ពាណិជ្ជកម្ម​។ តែ​ការ​ងារ​ពិត​ប្រាកដ​របស់​ Copywriter មិន​មែន​សរសេរ​តែ​អត្ថបទ​ផ្សាយ​ពាណិជ្ជកម្ម​តែ​ម្យ៉ាង​ទេ គឺ​មាន​ទាំង​​បក​ប្រែ​ឯកសារ​ សរសេរ​​ទំនុក​ច្រៀង​​ សរសេរ​​សេណារីយ៉ូ​កុន​​ និង​​ដឹក​នាំ​រឿង​​ផង​ដែរ​។ និយាយ​ឲ្យ​ខ្លី​ អ្វី​​ក៏​ដោយ​ដែល​ទាក់​ទង​នឹង​ការ​ងារ​សរសេរ​ និង​ តែង​និពន្ធ​ គឺ​ជា​មុខ​ងារ​របស់​ Copywriter ទាំង​អស់​។

រដូវ​កាល​គ្រិស្តម៉ាស​មក​ដល់ បុគ្គលិក​កន្លែង​ខ្ញុំ​​ត្រូវ​បាន​ឈប់​សម្រាក​រហូត​ដល់​ទៅ​ប្រាំ​ថ្ងៃ​ ដោយ​រាប់​ទាំង​ថ្ងៃ​សៅរ៍​​ និង​ថ្ងៃ​អាទិត្យ​។ ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​​នេះ​ នៅ​ក្រុម​ហ៊ុន​មាន​កម្មវិធី​ចាប់​កាដូ​ យ៉ាង​សប្បាយ​រីករាយ​។ ថ្វី​បើ​ខ្ញុំ​ចាប់​មិន​បាន​រង្វាន់​ធំ តែ​ខ្ញុំ​ក៏​បាន​កែវ​កាហ្វេ​ដ៏​ស្រស់​​ស្អាត​មួយ​ ដែល​នឹង​មក​ជំនួស​កែវ​ Starbucks ដែលបាន​​​ធ្លាក់​បែក​កាល​ពីរៀប​ចំ​សៀវភៅ​លើក​មុន​​។

ឈប់​ប្រាំ​ថ្ងៃ​នេះ ខ្ញុំ​ចង់​ទៅដើរ​លេង​នៅ​កន្លែង​ណា​ដែល​មាន​អាកាសធាតុ​ត្រជាក់ៗ​ និង​ ស្ងប់​ស្ងាត់​ដើម្បី​មាន​គំនិត​ស្រស់​ថ្លា​​​បង្កើត​​បាន​ concept ថ្មីៗ​​សម្រាប់​ស្ពត​ពាណិជ្ជកម្ម​​ជា​ច្រើន​ទៀត​​។ ដើម​ឆ្នាំ​២០១៣​ ការ​ប្រគំ​​តន្ត្រី​ដ៏​ធំ​ប្រចាំ​​ឆ្នាំ​របស់​ស្ថានទូត​អាមេរិក​នឹង​ចាប់​ផ្តើម​ឡើង​នៅ​តាម​បណ្តា​ខេត្ត​ចំនួន​១២​ ដូច្នេះ​ខ្ញុំ​ក៏​ត្រូវ​ត្រៀម​ចម្រៀង​៨​បទ​សម្រាប់​ការ​ប្រគំ​តន្រ្តី​នេះ​ដែរ​។ ទោះ​ជា​​ហូលីដេ តែ​ក៏​ត្រូវ​ប្រើ​ខួរ​ក្បាល​គិត​ពីការ​ងារ​ដែរ ដើម្បី​ប្រាក់​ខែ​ឡើង​ដល់​លេខ​៤​ខ្ទង់​ឆាប់ៗ! 😀

Read Full Post »