Feeds:
ប្រកាស
មតិ

Posts Tagged ‘First Date’


ផ្កាយNoVeLs*– ខ្ញុំ​ជឿថា យុវវ័យ​មិនតិចទេ ដែលចូលចិត្តណាត់​គ្នា​ទៅ​មើល​កុន​ក្នុង​ថ្ងៃ date ដំបូង​របស់ខ្លួន​​។ បញ្ហា​ចោទ​គឺ​ស្ថិត​ត្រង់ថា តើ​ការ​​នាំ​គ្នា​ទៅ​មើល​កុន​ក្នុង​​ថ្ងៃdate​ដំបូង ពិតជារឿងល្អ​មែនឬ? ដ្បិត​​មនុស្ស​ដែល​ទើប​តែ​ស្គាល់​គ្នា ក៏​គួរ​តែអង្គុយ​ជជែក​​គ្នា​ ឬ​ធ្វើអ្វីរួម​គ្នាឲ្យ​បាន​ច្រើន​ ជាជាង​ទៅ​អង្គុយស្ងៀម​ស្ងាត់​នៅ​ក្នុង​រោង​កុន​។ តែ​ខ្ញុំ​មាន​ហេតុ​ផល៦​យ៉ាង​​ដែលបញ្ជាក់​ថា ការ​នាំគ្នាទៅ​មើល​កុនក្នុង​ថ្ងៃdate​ដំបូង គឺ​ជា​រឿង​ល្អ​មួយ​។ ចង់​ដឹង​ថា ​ហេតុ​អ្វី​នោះ តោះ​ទៅ​អាន​ទាំង​អស់គ្នា! 😉

១. បង្កើន​ភាពស្និទ្ធស្នាល​

នេះ​​ជា​រឿង​ដែល​បដិសេធ​មិន​បាន ព្រោះ​​បើ​អ្នក​ទាំង​ពីរ​ជា​មនុស្សដែល​ខ្មាស​​អៀនច្រើន​​ ពេល​ស្ថិត​នៅ​​កណ្តាល​ចំណោម​ខ្សែ​ភ្នែក​អ្នក​ដទៃ អ្នក​អាច​ជ្រើស​រើស​ទៅ​អង្គុយ​នៅក្នុង​​រោង​កុន ​បើ​ទោះ​ជា​មាន​មនុស្ស​ច្រើន​អង្គុយ​ក្បែរ តែ​​អ្នក​អាច​មាន​ភាព​កក់​ក្តៅ​ក្នុង​ចិត្ត​ខ្លះ​។ អ្នក​អាច​អង្គុយ​ទស្សនា​រឿង​បណ្តើរ ញ៉ាំពោត​លីង​បណ្តើរ អង្គុយ​ក្តោប​ដៃ​គ្នា ឬ​ផ្អែក​ស្មា​គ្នា​ទៅ​វិញ​ទៅ​មក។ ពិសេស​ប្រសិន​​បើ​រឿង​នោះ​ជា​រឿង​ភ័យ​រន្ធត់ ឬ​កំប្លែង អ្នក​នឹង​កាន់​តែ​បង្កើន​ភាពស្និទ្ធស្នាល​ជាង​មុ​ន​ទៀត តាម​រយៈការ​សើច​សប្បាយ​ព្រមៗ​គ្នា ឬ​ផ្តល់​ភាព​កក់​ក្តៅ​បន្ថែម​តាម​រយៈ​ការក្រសោប​ស្មា ឬ​ការ​ផ្តេក​ក្បាល​លើ​ដើម​ទ្រូង​ដ៏​សែន​កក់​ក្តៅ​របស់គេ។

២. អាច​ស្វែង​រក​​ប្រធាន​បទ​ថ្មីៗ​យក​មក​ជជែក​​បន្ត​

មុន​នឹង​បបួល​គ្នា​ទៅ​មើល​កុន ជឿ​ថា​យើងក៏​​បាន​ជជែក​​គ្នា​ខ្លះៗពីមុនដែរហើយ​ រហូត​ពេល​ខ្លះ​អស់​រឿង​និយាយ​ ហើយ​ជួន​កាល​​ប្រធាន​បទ​ដែល​លើក​មក​និយាយហាក់​​ដដែលៗ​​ ដូចជា រឿង​មិត្ត​ភក្តិ​នៅ​កន្លែង​ធ្វើ​ការ ម្ហូបដែលចូលចិត្ត កន្លែង​ដើរ​លេង​​ មិត្ត​ភក្តិ​ដែលធ្លាប់​រៀន​ជាមួយ​គ្នា ជាដើម។ ដូច្នេះ​ការ​​នាំគ្នា​ទៅ​អង្គុយ​សម្រាក​យ៉ាង​ស្ងៀម​ស្ងាត់​១ម៉ោង​២ម៉ោង​ក្នុង​រោង​កុន​ ក៏​​ចាត់​ទុក​ជា​ជម្រើសមួយ​​ដ៏​ល្អ​ដែរ​ ព្រោះ​យើងអាច​​នឹង​បាន​ប្រធាន​បទ​ថ្មីៗ​យក​មក​និយាយ​គ្នា​បន្ត ​ក្រោយ​​ពី​មើល​រឿង​ចប់ ដូចជា ការយល់​ឃើញ​ចំពោះ​រឿងដែល​ទើប​តែ​មើលរួច ចំណាប់​អារម្មណ៍​លើ​តួសម្តែង ខ្លឹមសាររឿង​ និង​ចំណុច​ផ្សេងៗ​​ជាច្រើន​ទៀត​​។

៣. សង្កេត​មើលនិស្ស័យ និង​ឥរិយាបថពេលកំពុង​មើល​កុន​

ក្រៅ​ពី​​អង្គុយ​មើល​កុន​យ៉ាង​ស្ងៀម​ស្ងាត់​ យើង​ក៏​អាច​ឆ្លៀត​ឱកាស​​សង្កេត​មើល​អាកប្បកិរិយា​របស់​​គេ​ពេល​កំពុង​មើល​រឿង​ដែរ​។​ តើ​គេ​មាន​សុជីវធម៌ និង​​ចេះ​គោរពសិទ្ធិ​អ្នក​ដទៃ​ពេល​កំពុង​មើល​កុន​ដែរឬទេ? ឬគេមាត់ឮ? គិតតែបបួលជជែក? តើ​គេ​អង្គុយ​ដូចម្តេច? កំពុង​ជក់ចិត្តមើល​រឿង ឬ​គេង​លក់​បាត់​ទៅហើយ?

៤. បង្ហាញ​ភាព​ជាសុភាពបុរស សុភាពនារី

លុយសំខាន់ តែទំនាក់ទំនងសំខាន់ជាងនេះ! ដូច្នេះ​តើ​នរណា​ជា​អ្នក​ចេញ​លុយ​ក្នុង​ថ្ងៃ Date ដំបូង? ត្រង់​ចំណុចនេះ គ្មានច្បាប់​ណា​​កំណត់ថាត្រូវ​ឬខុសនោះទេ ព្រោះអ្នក​ខ្លះ​​អាច​មាន​ផ្នត់​គំនិត​ថា មនុស្ស​ប្រុស​​ត្រូវ​តែ​ជា​អ្នកប៉ាវ ឬ​​ចេញ​លុយ ពេល​ណាត់ស្រីៗ​ជួប​គ្នា​​។ តែ​ទន្ទឹម​នឹង​​នេះ ​មនុស្ស​ស្រីខ្លះ​​អាច​នឹង​បាន​សប្បាយចិត្ត​ជាង ​ប្រសិន​បើ​នាង​អាច​ជួយចេញ​ប្រាក់​ពាក់​កណ្តាល។ និយាយ​ទៅ​រឿង​លុយ​ជា​រឿង​សំខាន់​ បើ​យើង​ពិត​ជា​ចង់​ទាក់​ទង​គ្នា​យូរ​អង្វែង​គួរ​តែ​និយាយ​គ្នា​ឲ្យ​ច្បាស់។ ជាក់ស្តែង​ការណាត់​គ្នា​ទៅ​មើល​កុន បើ​ខាង​ប្រុសជា​អ្នក​ទិញ​សំបុត្រ​ ខាង​ស្រី​អាច​ជាអ្នក​ចេញ​លុយ​ទិញ​ពោត​លីង ឬ​ភេសជ្ជៈ​ញ៉ាំ ប្រហែលអាច​ជា​ការល្អ ដើម្បី​កុំ​ឲ្យ​មាន​អារម្មណ៍រអៀសខ្លួន ឬ​ក្រែង​ចិត្ត​ចំពោះ​គ្នា​និង​គ្នា។

៥.  សង្កេត​រសនិយមដែល​ធ្វើ​ឲ្យ​ដៃគូញញឹម ឬសើចពេលកំពុងមើលកុន

បើ​អ្នក​ជ្រើស​រើស​មើល​រឿង​ដែល​មិន​មែន​ជា​រឿងកំប្លែង​ រឿងភាគច្រើន​ក៏​នៅ​តែ​មានឈុត​ខ្លះៗ​ដែល​​ធ្វើ​ឲ្យ​អ្នក​មើលផ្ទុះសំណើចចេញ​មក​ខ្លះៗ​ដែរ។ នេះ​អាច​មិនមែន​ជារឿង​សំខាន់​ណាស់ណា​ទេ តែ​បើ​យើង​បាន​សង្កេតថា ​មាន​ចំណុច​ណា​ខ្លះ​ដែល​ធ្វើ​ឲ្យ​ដៃគូ​របស់​យើង​​សើច ឬ​ញញឹម​ចេញ​មក​នោះ ក៏​អាច​ធ្វើ​ឲ្យ​យើង​ដឹង​ពី​ចំណង់ចំណូលចិត្ត​របស់ដៃគូ ហើយ​បើ​មាន​ចំណុច​ដូច​គ្នា​នឹង​យើង​ ក៏​អាច​ជួយ​ឲ្យ​ទំនាក់​ទំនងមួយ​នេះ​​កាន់​តែ​រលូន​ទៅ​មុខ​មួយ​កម្រិត​ទៀត​ដែរ​។

៦. បង្កើត​អនុស្សាវរីយ៍ផ្អែមល្ហែមរួម​គ្នា

ការពិតខ្ញុំ​ក៏​យល់​ឃើញ​ថា ការមើល​កុន​មិនមែន​ជាជម្រើសដែល​ល្អ​បំផុត ​សម្រាប់ date ​ដំបូង​នោះ​ទេ តែ​វា​ក៏​មិន​មែន​ជា​ជម្រើសដែលគួរ​មើល​រំលង​ដែរ ព្រោះ​ការ​បាន​ទៅ​មើល​កុន​ជាមួយ​គ្នា​ ក៏​អាច​បង្កើត​បាន​នូវ​អនុស្សាវរីយ៍​ល្អៗ​ជាមួយ​គ្នា ហើយ​ប្រសិន​បើ​រឿងនោះ​ជា​រឿង​​ដែល​ដៃ​គូ​ទាំង​សង​ខាង​ស្រឡាញ់​ពេញ​ចិត្ត​ដូចៗ​គ្នា ថ្ងៃ​ក្រោយ​ពេល​នឹកឃើញ​​ដល់​រឿង​នេះ​ វា​នឹងធ្វើ​ឲ្យ​យើង​​​នឹក​ដល់​អនុស្សាវរីយ៍​ចាស់ៗ​ដែលធ្លាប់​សាង​​មក​ជាមួយ​គ្នាក្នុង​ថ្ងៃ​នោះ​ដែរ​។

Read Full Post »


ផ្តើម​ស្នេហ៍​ផ្តើម​ទុក្ខ​.. រឿង​នេះ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ តែ​ខ្ញុំ​នៅ​តែ​ចាប់​ផ្តើម​ជាមួយ​(គេ)​។ ការ​ពិត​ខ្ញុំ​ស្គាល់​(គេ)យូរ​ហើយ​។ (គេ)​ជា​ប្រិយ​មិត្ត​អ្នក​អាន​ម្នាក់​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​បាន​ឃើញ​(គេ)​ដោយ​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​សម្ពោធន៍​សៀវភៅ​មួយ​ តែ(​គេ)​មិន​បាន​ចាប់​អារម្មណ៍​នឹង​ខ្ញុំ​ទេ ព្រោះ(​គេ)​មិន​ស្គាល់​ថា​ ខ្ញុំ​ជា​អ្នក​និពន្ធ​របស់(​គេ)​។ លុះ​ត្រា​តែ​ខ្ញុំ​​ដាក់​ប្រកាស​រូប​ថត​ពាក់​ព័ន្ធ​នឹង​ពិធីសម្ពោធន៍​សៀវភៅ​នោះ​ ទើប(​គេ)​​ចូល​មក​សរសេរ​ខំមិន​ថា (គេ)​ក៏​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ដែរ និង​សោក​ស្តាយ​ដែល​មិន​បាន​ជួប​ខ្ញុំ​។

លុះ​ថ្ងៃ​ក្រោយ​មក​ទៀត​ យើង​ក៏​បាន​ជួប​គ្នា និយាយ​គ្នា​​ដោយ​ផ្ទាល់​​ជា​ច្រើន​លើក​ច្រើន​សា​ទៀត​។ ថ្ងៃ​មួយ​​នៅ​លើ​ទូក​ (គេ)​បាន​មក​ឱប​ក​ខ្ញុំ​ពី​ក្រោយ​ ហើយ​និយាយ​ថា​ ខ្ញុំ​ស្គម​ខ្លាំង​ណាស់​។ ពេល​នោះ​ខ្ញុំ​ប្រញាប់​ដក​ដៃ(​គេ)​ចេញ​ភ្លាម​ៗ​ ព្រោះ​មិន​ចង់​ឲ្យ​​ខ្ញុំ​កើត​មាន​អារម្មណ៍​ផ្តេស​ផ្តាស​ចំពោះ​(គេ) ដ្បិត​អីពេល​នោះ​ខ្ញុំ​មាន​មនុស្ស​ជា​ទី​ស្រឡាញ់​រួច​ហើយ​ ហើយ​(​គេ)​ក៏​មាន​ដែរ​។

ថ្ងៃ​បន្ទាប់​មក​ទៀត​ ខ្ញុំ​មាន​ធុរៈ​ត្រូវ​ទៅ​ជួប​ប្អូន​នៅ​អារីយ៉ង់​ (គេ)​យក​អាសារ​ឌុប​ម៉ូតូ​ជូន​ខ្ញុំ​ទៅ​។ តាម​ផ្លូវ​ខ្ញុំ​មិន​ហ៊ាន​ជិះ​ឱប​ចង្កេះ(​គេ)​ទេ ហើយ​ក៏​មិន​ហ៊ាន​អង្គុយ​កៀក​ដែរ ព្រោះ​យើង​កំពុង​មាន​សង្សារ​រៀង​ៗ​ខ្លួន​ ហើយ​​ខ្ញុំ​មិន​ចង់​ឲ្យ​អារម្មណ៍​ផ្តេស​ផ្តាស​កើត​មាន​ចំពោះ​យើង​។ ចៃ​ដន្យ​ពេល​នោះ​មាន​ភ្លៀង​ធ្លាក់​ទៀ​ត ដែល​ជា​​បរិយាកាស​មួយ​​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កូន​ចិត្ត ​​ចង​ចាំ​ដល់​អនុស្សាវរីយ៍​នេះជា​និច្ច​។ តែ​ខ្ញុំ​ដឹង​ថា (គេ)​មិន​បាន​​ចាំ​ទេ…

ច្រើន​ឆ្នាំកន្លង​ទៅ​ យើង​បែក​បាក់​សង្សារ​រៀង​ៗ​ខ្លួន​។ ខ្ញុំ​ក៏​ចាប់​ផ្តើម​ទំនាក់​ទំនង​ស្វែង​យល់​ចិត្ត​ពី​(គេ)​បន្តិច​ម្តង​ៗ​ តាម​រយៈ​ប្លក់​និង​ហ្វេស​ប៊ុក​។ ខ្ញុំ​តែង​តែ​សាក​សួរ​មិត្ត​ភក្តិ និង មនុស្ស​ដែល​ធ្លាប់​ស្និទ្ធ​ស្នាល​នឹង​(គេ)​ អំពី(​គេ)​ជា​និច្ច​។ ថ្វី​បើ​ចម្លើយ​ភាគ​ច្រើន​គឺ​អវិជ្ជមាន​ តែ​ខ្ញុំ​នៅ​តែ​ចង់​សាក​ ចង់​ចាប់​ផ្តើម​ជាមួយ​(គេ) ចង់​មាន​ស្នេហ៍​ស្មោះ​មួយ​និង​មួយ​ ចង់​ធ្វើ​ឲ្យ​ស្នេហ៍​ខ្ញុំ​ដូច​ស្នេហ៍​ក្នុង​ប្រលោម​លោក​ដែល​ធ្លាប់​សរសេរ ព្រោះ(​គេ)​ធ្លាប់​បន្ទោស​ខ្ញុំ​ថា លើ​លោក​នេះ​គ្មាន​ស្នេហ៍​ស្មោះ​ដូច​​ក្នុង​រឿង​ដែល​ខ្ញុំ​សរសេរ​ទេ​។

ថ្ងៃ​សុក្រ​ ០២ វិច្ឆិកា​ ២០១២ គឺ​​ជា​ First Date របស់​យើង​ ជាថ្ងៃ​ដំបូងដែល​យើង​ណាត់​ជួប​គ្នា​ ជា​លក្ខណៈ​គូសង្សារ​កំពុង​ស្វែង​យល់​ចិត្តគ្នា​​។ ថ្វី​បើ​​ថ្ងៃ​នោះ​មិន​មែន​ជា​​ថ្ងៃ​ដំបូង​ដែល​យើង​បាន​ជួប​គ្នា តែ​យើង​ហាក់​ដូចជា​​អៀន​គ្នា​ទៅវិញ​ទៅ​មក ព្រោះ​ការ​ណាត់​ជួប​លើក​នេះ​ មិ​នដូច​លើក​មុន​ៗ​ ពិសេស​គឺ​មាន​តែ​យើង​ពីរ​នាក់​។ យើង​លើក​យក​ប្រធាន​បទ​ មក​និយាយ​គ្នា​មិន​សូវ​ត្រូវ​សោះ ​លើក​ពី​នេះ​បន្តិច​ពី​នោះ​បន្តិច​​មិន​ដឹង​ថា គួរ​ចាប់​ផ្តើម​ពី​ត្រង់​ណា​ល្អ​? អាច​មក​ពីអារម្មណ៍​រំភើប​ ញាប់​ញ័រ ឬ​អ្វី​ក៏​មិ​នដឹង។ ទីបំផុត​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ឱប​គេ​ពី​ក្រោយ​.. ​ហើយ​សួរ​ថា «​បង​សុំ​ស្រឡាញ់​បាន​អត់?» គេ​​បែរ​មុខ​មក​ឱប​ខ្ញុំ​វិញ​យ៉ាង​ណែន​​​ ថែម​ទាំង​ឆ្លើយ​ថា «​មាន​នរណា​ឃាត់​..»។ ​ ​ពេល​នោះ​ទើប​ខ្ញុំ​ដឹង​ថា ឱប​​មាន​ន័យ​ធំធេង​ និង​ វែង​ឆ្ងាយ​ជាងពាក្យ​សម្តី​ដែល​​ចង់​និយាយ… រហូត​គ្រប់​យ៉ាង​រលាយ​ក្លាយ​ជា​សាច់​តែ​មួយ​៕

Read Full Post »


ខ្ញុំ​មិន​ដឹង​ថា ខ្ញុំ​ចាប់​ផ្តើម​វក់​ងប់​ងល់​នឹង(​គេ)​បែប​នេះ​ តាំង​ពីពេល​ណា​មក​​ទេ ដឹង​ត្រឹម​ថា បន្ទាប់​ពី​ First Date នោះ​មក​ ខ្ញុំ​បាន​ប្រគល់​បេះ​ដូង​ និង​ សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ​ឲ្យ​ទៅ(​គេ)​អស់​ហើយ​។ នៅ​ពេល​មាន(​គេ) ខ្ញុំ​ក៏​លែង​មាន​អ្នក​ដទៃ​… បាន​ន័យ​ថា មុន​ពេល​ចុះ​ខ​សន្យា​បេះ​ដូងជាមួយ​(គេ) ​មាន​មនុស្ស​ច្រើន​ណាស់​ទាក់​ទង​ខ្ញុំ​ មិ​នថា​ខ្មែរ​ ឬ​បរទេស​។ តែ​ចាប់​តាំង​ពី​មាន(​គេ) ចាប់​តាំង​ពី​ First Date ថ្ងៃ​នោះ​ ក្នុង​បេះ​ដូង​ខ្ញុំ​គឺ​មាន​តែ(​​គេ)​ម្នាក់​ប៉ុណ្ណោះ​។

ខ្ញុំ​អាច​ជា​មនុស្ស​ម្នាក់​ដែល​មិន​សូវ​ចេះ​ថែរក្សា​ស្នេហា​ឲ្យ​គង់​វង្ស​ តែ​ខ្ញុំ​ហ៊ាន​អះ​អាង​ថា ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ស្មោះ​ត្រង់​នឹង​ស្នេហ៍​។ បើ​ខ្ញុំ​ដាក់​កាយ​ដាក់​ចិត្ត​ស្រឡាញ់​នរណា ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ដោយ​ស្មោះ​​ លុះ​ត្រា​តែ​គេ​ដើរ​ចេញ​ពី​ខ្ញុំ​។ តាំង​ពី​ធ្លាប់​មាន​ស្នេហា​មក​ ខ្ញុំ​មិន​ធ្លាប់​សម​ប្រកប​ជាមួយ​នរណា​ទេ ថ្វី​បើ​ខ្ញុំ​ព្យាយាម​​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ពួក​គេ​ក៏​ដោយ​។ ខ្ញុំ​​ដឹង​ថា ហេតុ​ផល​ចម្បង​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​និង​ស្នេហ៍​មុន​ៗ​ មិន​សម​ប្រកប​ គឺ​ដោយ​សារ​​អ្វី​។ តែ​ម្នាក់​ៗ​ចូល​ចិត្ត​បន្ទោស​ខ្ញុំ​ថា ខ្ញុំ​មិន​ Care ពី​អារម្មណ៍​ពួក​គេ​ គឺ​ខ្វល់​តែ​ពី​អារម្មណ៍​​ខ្លួន​ឯង​ មិន​ខ្វល់​ពី​អារម្មណ៍​អ្នក​ដទៃ​។ ចុះ​ពួក​គេ​ដែល​ខ្វល់​ពី​អារម្មណ៍​​ខ្ញុំ​ទេ? ខ្វល់​ពី​មនុស្ស​ម្នាក់​ដែល​តែង​តែ​​ស្រឡាញ់​ តែង​តែ​​នឹក​ និង​ រង់​ចាំ​ស្មោះ​ចំពោះ​ពួក​​គេ​ទេ?

ស្រឡាញ់​មនុស្ស​ម្នាក់​ មិន​ខ្វល់​ពី​អតីតកាល​។ នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​​​និង(​គេ)​កំពុង​ចាប់​​ផ្តើម​ជាមួយ​គ្នា​។ យើង​ទាំង​ពីរ​សុទ្ធ​តែ​មាន​អតីតកាល​រៀង​ៗ​ខ្លួន​ តែ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​​(គេ)​ភ្លេច​​អតីតកាល​ដែលធ្លាប់​ឈឺ​ចាប់​ ហើយ​ចាប់​ផ្តើម​ជា​ថ្មី​ជាមួយ​គ្នា។ ទោះជាពេលខ្លះឈឺចាប់… តែខ្ញុំក៏ពេញចិត្តនឹងចាប់​ផ្តើមជាមួយ(គេ)។ អតីតកាល គ្រាន់តែជាសុបិនអាក្រក់មួយប៉ុណ្ណោះ។ យើងនឹងបំភ្លេចអតីតកាលរបស់គ្នារៀងៗខ្លួន ហើយចាប់​ផ្តើមជាថ្មីជាមួយគ្នា ដោយស្នាមញញឹម…

ខ្ញុំ​ពិត​ជា​ចង់​បាន​ដូច្នេះ​មែន តើ​(គេ​)អាច​ចាប់​ដៃ​ជា​មួយ​ខ្ញុំ​ ហើយ​ដើរ​ទៅ​រក​ស្នេហ៍​ស្មោះ​នោះ​ទាំង​អស់​គ្នា​បាន​ទេ???

Read Full Post »