Feeds:
ប្រកាស
មតិ

Posts Tagged ‘google’


u're-die-1

ម្រឹត្យូវ​

មាន​គេ​ខ្សឹប​ប្រាប់​ឲ្យ​ទៅសម្លាប់​ខ្លួន​..

ខណៈ​ដែល​ខ្ញុំ​​កំពុង​អង្គុយ​រង់ចាំ​​ឲ្យ​នាឡិកា​ដើរ ​​រហូត​ទ្រនិច​​វែង​​ចង្អុល​​លេខ​១២​ និង​ទ្រនិច​ខ្លី​ចង្អុល​លេខ​៥​ ​គឺ​ជា​ពេល​វេលា​មួយ​​ដែល​យឺត​យូរ​ខ្លាំង​ណាស់។​ ​អាច​ព្រោះ​មុន​នេះ​ ជីវិត​ខ្ញុំ​​គួរ​ឲ្យ​ធុញ​ទ្រាន់​ហៅ​មិន​ឮ​​​ ក្រោក​ពី​ព្រលឹម​ ងូត​ទឹក​ តុប​តែង​ខ្លួន​ ទៅធ្វើ​ការ​​អង្គុយ​​កែ​​អក្ខរាវិរុទ្ធ​​របស់​អ្នក​និពន្ធ ​​ដែល​ទទួល​បាន​ប្រាក់​កម្រៃ​តិច​តួច​បំផុត។​ តែ​បើ​មើល​នៅ​ក្នុង​​ផ្លូវ​វិជ្ជមាន​ ខ្ញុំ​គឺ​ជា​មនុស្ស​ដំបូង​បង្អស់​ដែល​បាន​អាន​ស្នាដៃ​​សំណៅ​​ដើម​របស់​អ្នក​និពន្ធ​​មុន​នរណា​ទាំង​អស់​ ដែល​បើ​ជា​រឿង​ល្អ​មើល​ក៏​​គ្រាន់​បើ​​ តែ​​អ្នក​និពន្ធ​ខ្លះ​ ខ្ញុំ​នៅ​នឹក​​ឆ្ងល់​ថា​ តើ​ពួក​គេ​ប្រើ​អ្វី​សរសេរ?

ទី​បំផុត​​ម៉ោង​ប្រាំ​ល្ងាច​ក៏​ចូល​មក​ដល់​។ ខ្ញុំ​រៀប​ចំ​កាតាប​ចេញ​ពី​ការិយាល័យ​​ធ្វើ​ការ​ជា​បន្ទាន់​ ដោយ​មិន​បាច់​រង់​ចាំ​ឲ្យ​នរណា​មក​ប្រាប់​ទេ​។ ការ​ពិត​​ពួក​គេ​ក៏​មិ​ន​បាន​​ប្រាប់​ខ្ញុំ​ឲ្យ​ចេញ​​​ដែរ​ តែ​​ម្នាក់​ៗ​សុទ្ធ​តែ​ដឹង​រៀង​ៗ​ខ្លួន​ហើយ ​នៅ​ពេល​មើល​ទៅ​អ្នក​ជុំ​វិញ​ ​ឃើញ​​​នរណា​ៗ​ក៏​រៀប​ចំ​ខ្លួន ដើម្បី​​ចេញ​​​ទៅ​​​ដោយ​​មិន​បាច់​​ណាត់​ទុក​ជាមុន​។ ខ្ញុំ​ញញឹម​​បែប​អស់​សំណើចតិច​ៗ ​​នៅពេល​​ឃើញ​គ្រប់​គ្នា​​មាន​ចិត្ត​ស្រប​គ្នា​។

ផ្លូវ​ដោយ​ថ្មើរ​ជើង​ ​ពី​កន្លែង​ធ្វើ​ការ​មក​កាន់​​បន្ទប់​ជួល​ ​ ប្រើ​ពេល​​មួយ​ម៉ោង​ល្មម​។ ហេតុ​អ្វី​មិន​ជិះ​  ម៉ូតូ​? មាន​អ្នក​ខ្លះ​ធ្លាប់​សួរ​ខ្ញុំ​អ៊ីចឹង​។ តែ​តើ​មាន​ប្រយោជន៍​អ្វី​ បើ​ពេល​​ទៅ​ដល់​បន្ទប់​ជួល​ក៏​មិន​ខុស​អ្វី​ពី​​​ពេល​​​កំពុង​ធ្វើ​ការ​​? ការ​បាន​​​​ឃើញ​មនុស្ស​ម្នា​ដើរ​ទៅមក​​នៅ​តាម​​ដង​ផ្លូវ​ ​​​​ធ្វើ​ឲ្យ​ខ្ញុំ​​​គ្រាន់​​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​កំពុង​រស់​នៅ​ក្នុង​សង្គម​ច្រើន​ជាង​​។ ការ​មើល​មនុស្ស​ដើរ​ឆ្លង​កាត់​ទៅ​មក​​ គឺ​ជា​រឿង​មួយ​ទៀត​ដែល​ខ្ញុំ​ចូលចិត្ត​ធ្វើ​​ក្នុង​ពេល​ដើរ​ត្រឡប់​​មក​ផ្ទះ​។

ព្រោះ​ជួន​កាល​មនុស្ស​អស់​នោះ​​ មាន​រឿង​កំប្លែង​ៗ​ដែល​​មិន​បាច់​​រក​ទិញ​នៅ​ទី​ផ្សារ​​ឲ្យ​ខ្ញុំ​មើល​​ ដូច​ជា​អ្នក​ខ្លះ​ធ្វើ​ម៉ូដ​សក់​មិន​សម​នឹង​រូប​រាង​​ខ្លួន​សោះ ឬ​អ្នក​ខ្លះ​​មុខ​មាត់​មើល​មិន​បាន ​តែ​​​មាន​​សង្សារ​ស្អាត​​ដូច​តួ​កុន​​។ លោក​អ្នក​ស្តាប់​ហើយ​ប្រហែល​ជា​​​គិត​​​ថា​ ​គ្មាន​អី​​​កំប្លែង​ត្រង់​ណា​​ផង​! តែ​សម្រាប់​ខ្ញុំ… ​វា​កំប្លែង​ខ្លាំង​ណាស់​។

«​ទៅ​ងាប់​ទៅ!»

​រំពេច​នោះ​ ស្រាប់​តែ​ខ្ញុំ​ទទួល​អារម្មណ៍​ថា​ បាន​ឮ​សំឡេង​​អ្វី​ម្យ៉ាង​។ វា​ប្រៀប​ដូច​ជា​សំឡេងខ្សឹប​ក្បែរ​​ៗ​ត្រចៀក​​។ ខ្ញុំ​ព្រិច​ភ្នែក​ចុះ​ឡើង​​ពីរ​បី​ដង​ ស្រាប់​តែ​​ឃើញ​ខ្លួន​ឯង​មក​ឈរ​នៅ​កណ្តាល​ថ្នល់​ ដោយ​មាន​យាន​យន្ត​បើក​​​កាត់​​ទៅ​មក​យ៉ាង​លឿន​​ស្លេវ​។ មាន​មនុស្ស​បើក​កញ្ចក់​​ស្រែក​​ជេរ​បន្ត​កន្ទុយ​គ្នា​​ ពេល​ពួក​គេ​​បើក​រថយន្ត​​គេច​​ពី​​ខ្ញុំ​។

«​​អា​ចង្រៃ​! ​ចង់​ងាប់​ឬ​យ៉ាង​ម៉េច ​បាន​មក​ឈរ​នៅ​កណ្តាល​ថ្នល់​​!!!»

នរណា​ប្រាប់​ថា​ខ្ញុំ​ចង់​​ងាប់​ ខ្ញុំ​មិន​ចង់​ងាប់​ទេ ​តែ​ហេតុ​អ្វី​ខ្ញុំ​មក​ឈរ​នៅ​ត្រង់​នេះ? តែ​ពេល​នេះ ​មិន​មែន​ជា​ពេល​ដែលខ្ញុំ​ត្រូវ​​មក​គិត​ថា ​ហេតុ​អ្វី​នោះទេ តែ​គួរ​គិត​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ខ្ញុំ​ចេញ​ពី​កណ្តាល​ថ្នល់​មច្ចុ​រាជ​​​នេះ​។ ខួរ​ក្បាល​ខ្ញុំ​បញ្ជា​មួយ​រំពេច​។

«​បែរ​ខ្នង​ត្រឡប់​​ទៅវិញ​ទៅ​!»

ខ្ញុំ​ងាក​មើល​ឆ្វេង​ស្តាំ ​មុន​នឹង​ឆ្លង​ថ្នល់​ត្រឡប់​​ទៅ​កន្លែងដើម​ ​ដែល​ខ្លួន​ឯង​ធ្លាប់​ដើរ​មុន​នឹង​មក​ឈរ​នៅ​កន្លែង​​នេះ​។ ក្រោយ​ពី​ខ្ញុំ​ឆ្លង​មក​ដល់​ចិញ្ចើម​ថ្នល់​​មិន​ដល់​មួយ​វិនាទី​ផង​ ក៏​ឃើញ​រថយន្ត​កុង​តឺន័រ​​បើក​កាត់​កណ្តាល​ថ្នល់​មួយ​រំពេច​។ រោម​គ្រប់​កន្លែង​បះ​ច្រាង​​ភ្លាម​ៗ​​ នៅពេល​នឹក​ឃើញ​ថា ​បើ​ខ្ញុំនៅ​ឈរ​កន្លែង​​នោះ​​ រាង​កាយ​ខ្ញុំ​មិន​ដឹង​ជា​ត្រូវ​កិន​ល្អិត​​ដល់​កម្រិត​ណា​ទេ​។ ខួរ​ក្បាល​របស់​ខ្ញុំ​គិត​ចុះ​​គិត​​ឡើង​​នឹង​ហេតុ​ការណ៍​អម្បាញ់​មិញ ​រហូត​មិន​បាន​​ចាប់​អារម្មណ៍​ថា​ ជើង​របស់​ខ្លួន​ឯង​​បាន​នាំ​រាង​កាយ​មក​ដល់​បន្ទប់​ជួល​​តាំង​ពី​ពេល​ណា​ក៏​មិន​ដឹង​។

បន្ទប់​​នេះ​មាន​​ទំហំ​ស្មើ​នឹងខ្លួន​ខ្ញុំ​ត​គ្នា​បី​ដង​។ ខាង​ក្នុង​មាន​សភាព​​​មិន​ខុស​អ្វី ​​​ពី​​បន្ទប់​ជួល​ទូទៅទេ មាន​ តុ​ ទូ​ខោ​អាវ​ កុំ​ព្យូទ័រ​​ ​និង​ ទូរទស្សន៍​​ដែល​ដាក់​នៅ​លើ​តុ​ជប៉ុន​ខ្នាត​តូច​មួយ​​។ មាន​ថូ​លាង​ចាន​ និង​បន្ទប់​ទឹក​នៅ​ខាង​ក្រៅ​បន្ទប់​។ ខ្ញុំ​ចាប់​ផ្តើម​ស្រាវ​ជ្រាវ​ស្វែង​រក​ចម្ងល់ ​នឹង​ហេតុ​ការណ៍​ដែល​កើត​ឡើង​​តាម​​អ៊ីន​ធើណេត​​​​ ដោយ​វាយ​​ពាក្យ​ងាយ​ៗ​​ដូច​ជា​ ​«បាត់​ស្មារតី​»​ ក្នុង​គេហទំព័រ​Google។ លទ្ធផល​ទាក់​ទង​នឹងពាក្យ «​​បាត់​​​ស្មារតី​»​ បង្ហាញ​ឲ្យ​ឃើញ​ពី​វេបសាយថ៍​មួយ​​ ដែល​និយាយ​ពី​​បឋម​​​ព្យាបាល​​​​ចំពោះ​មនុស្ស​​ខ្យល់​គ​​។ ខ្ញុំ​អេះ​ក្បាល ​មុន​នឹង​លុប​ពាក្យ​ចាស់​ចេញ​ហើយ​គិត​រក​ពាក្យ​ថ្មី​សរសេរ​ជំនួស​។ ​ពេល​នោះ​​ទូរស័ព្ទ​ដៃ​របស់​ខ្ញុំ​ក៏​លាន់​ឡើង ​តែដោយ​​ដឹង​ថា​​នរណា​​ចុច​​មក​ ទើប​ខ្ញុំ​ចុច​បិទ​វិញ​ហើយ​ផ្តោត​ស្មារតី​​​ទៅ​​នឹង​អេ​ក្រង់​កុំ​ព្យូទ័រ​​បន្ត​។

សាក​ល្បង​​សរសេរ​ពាក្យ​ «បាត់​ស្មារតី​»​ និង​ ពាក្យ​ «កិន​ងាប់»​ ដាក់​ជាមួយគ្នា​សាក​មើល​។ ខ្ញុំ​សរសេរ​ហើយ​ចុច​ Enter​។ លទ្ធ​ផល​តាម​វេបសាយថ៍​ជា​ច្រើន​បង្ហាញ​ឲ្យ​ឃើញ​ពី​មនុស្ស​ដែល​ត្រូវ​រថយន្ត​កិន​ស្លាប់​​តាំង​ពី​រាប់​សិប​ឆ្នាំ​មក​ហើយ​។

«​ហេតុ​អី​ក៏​ពិបាកម្ល៉េះ​​? គិត​មិន​ចេញ​សោះ!»

រំពេច​នោះ​ ស្រាប់​តែ​មាន​ពាក្យ​មួយ​លេច​ឡើង​នៅ​ក្នុង​ប្រអប់​ Search របស់ ​Google ជំនួស​ពាក្យ​ដែល​សរសេរ​មុន​នេះ​។

«​ទៅ​ងាប់​ទៅ!»                    

ខ្ញុំ​បាត់​ស្មារតី​មួយ​រំពេច​ តែ​ជា​​រយៈ​​ពេល​មួយ​ខ្លី​ប៉ុណ្ណោះ។ នៅពេល​មាន​ខ្យល់​បក់​មក​ប៉ះ​មុខខ្ញុំ​ ត្របក​​​ភ្នែកខ្ញុំ​ក៏​បើក​ឡើង​វិញ​។

«ហ៊ឺយ! ហេតុ​​អី​ខ្ញុំ​មក​នៅ​ត្រង់​នេះ​ទៅវិញ? នរណា​ក៏​បានជួយ​ខ្ញុំ​ផង!!»

ខ្ញុំ​សម្លឹងទៅខាង​មុខ ឃើញ​តែ​លំហ​ល្វឹង​ល្វើយ​នៅ​ចំពោះ​មុខ​។ នៅពេល​សម្លឹង​ទៅខាង​ក្រោម​ ក៏​ឃើញ​ថា​ ខ្លួន​ឯង​​កំពុង​​ឈរ​នៅ​លើ​គែម​​យ៉​មុខ​បន្ទប់​ គឺ​បើ​ហ៊ាន​តែ​ឈាន​ជើង​មួយ​ជំហាន​ទៀត​ រាង​កាយ​របស់​ខ្ញុំ​នឹង​ធ្លាក់​​ចុះពី​ជាន់​ទី​២០​នេះ​មិន​ខាន​។ មិន​បាច់​គិត​ទេ​ថា​នៅ​រស់​ឬ​អត់​ ជួន​កាល​ធ្លាក់​ទៅ​​មិន​ដឹង​ថា​ឈឺ​ផង​។

ឈាន​ជើង​ចុះ​មក​វិញ​ ជា​អ្វី​ដែល​ខួរ​ក្បាល​ខ្ញុំ​បញ្ជា ​​ក្រោយ​ពី​ខ្លួន​ឯង​ដឹង​ស្មារតី​ឡើង​វិញ​។ ទី​បំផុត​ជើង​ខ្ញុំ​ក៏​បាន​​មក​​ជាន់​​លើ​​បន្ទប់​វិញ​ដូច​ដើម​។ បេះ​ដូង​ខ្ញុំ​លោត​ញ័រ​ឥត​ឈប់​ ដូច​គេ​កំពុង​ទូង​ស្គរ​​គ្រប់​ពេល​វេលា​។ វា​ជា​យប់​ដែល​គួរ​ឲ្យ​​ព្រឺ​​រន្ធត់​ខ្លាំងណាស់​។ ខ្ញុំ​មិន​អាច​ដេក​លក់​បាន​ទេ ក្រៅ​ពី​ប្រើ​ថ្នាំ​ជំនួយ​ ហើយ​ភាព​ងងឹត​ ក៏​គ្រប​ដណ្តប់​រាង​កាយ​ខ្ញុំ​ឲ្យ​ឆ្លង​ផុត​មួយ​ថ្ងៃទៀត​។

ព្រឹក​ស្អែក​ឡើង​ បន្ទាប់​ពី​ព្រះអាទិត្យ​ចាំង​ឆ្លុះ​តាម​បង្អួច​មក​ប៉ះ​មុខ​ ខ្ញុំ​ក៏​ភ្ញាក់​ទាំង​មមិង​មមាំង​​ព្រម​ជាមួយ​រឿង​ពី​ម្សិល​មិញ​ដែល​នៅ​ដក់​ជាប់​​ក្នុង​ខួរ​ក្បាល​។​ ខ្ញុំ​​ច្បាស់​ក្នុង​ចិត្ត​ថា ​វា​មិន​មែន​ជា​រឿង​យល់​សប្តិ​ទេ​ តែ​ក៏​គិត​មិន​ចេញ​ថា​វា​ជា​អ្វី​? និង​មិន​ដឹង​ទៅ​ប្រឹក្សា​ជាមួយ​​អ្នក​ណា? បើ​ទៅ​រក​ពេទ្យ​ ខ្ញុំ​នឹក​ឃើ​ញ​រូប​ភាព​រួច​ទៅហើយ​ថា​ ពេទ្យ​ច្បាស់​ជា​សើច​ ហើយ​ចាប់​ខ្ញុំ​ចាក់​ថ្នាំ​មិន​ខាន​ ហើយ​ខ្ញុំ​ក៏​​លាក់​ទុក​​រឿង​ហេតុ​ដែល​កើត​ឡើង​ពី​ម្សិល​មិញ​​ទាំង​អស់​​ទុក​ក្នុង​ថត​តុ​​ ហើយ​បើ​អាច​ទៅ​រួច​សូម​កុំ​ឲ្យ​ខ្ញុំ​អាច​បើក​វា​ចេញ​ម្តង​ទៀត​ឲ្យ​សោះ។

ការ​ងារ​កែ​អក្ខរាវិរុទ្ធ​របស់​ខ្ញុំ​នៅ​​ថ្ងៃ​​នេះ​​ ចាត់​ទុក​ថា​ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ដែល​អាក្រក់​បំផុត​។ ខ្ញុំ​រក​ពាក្យ​ខុស​​យឺត​ខុស​ពី​ថ្ងៃ​ធម្មតា​​។ វា​អាច​មក​ពី​រឿង​​ម្សិល​មិញ​​ ដែល​ខ្ញុំ​ព្យាយាម​លាក់​ទុក​នៅ​ក្នុង​ថត​​ខួរ​ក្បាល​​​​​កំពុង​​​រើ​បំរះ​ខ្លួន​​ចេញ​មក​រត់​​​ឆ្លេ​ឆ្លា ​​​ពេញ​​ប្រអប់​ខួរ​​គ្រប់​ពេល​វេលា​។ លោក​អ្នក​ធ្លាប់​​លាក់​​ទុក​អាថ៌​កំបាំង​អ្វី​ម្យ៉ាង​ ហើយ​មាន​អារម្មណ៍​ថា​​​តឹង​​​​ទ្រូង​ទេ? ខ្ញុំ​ក៏​ដូច្នេះ​ដែរ។ ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​រក​នរណា​ម្នាក់។ នរណា​ក៏​បាន​ដែល​ស្តាប់​ខ្ញុំ​​​និយាយ បើ​មិន​ដូច្នោះ​ខ្ញុំ​ច្បាស់​ជា​​ប្រេះ​​ទ្រូង​ស្លាប់​មិន​ខាន​។

លីន​ដា​!

នាង​ជា​អ្នក​កែ​អក្ខរាវិរុទ្ធ​ម្នាក់​ទៀត​នៅ​ក្នុង​រោង​ពុម្ព​​​​​ តែ​ខ្ញុំ​ចូលចិត្ត​ហៅ​នាងថា​អ្នក​កែ​គំនិត​ច្រើន​ជាង​​ ព្រោះ​ក្រៅ​ពី​​កែ​ពាក្យ​ខុស​ហើយ​ ជួន​កាល​នាង​​ឃាត់​អា​​​និស្ស័យ​នៅ​មិន​សុខ​របស់​ខ្លួន​ឯង​មិន​បាន​ ហើយ​លួច​​​កែ​​​សំនួន​​ពាក្យ​​របស់​អ្នក​និពន្ធ​​ថែម​ទៀត​ រហូត​ធ្វើ​ឲ្យ​នាង​ស្ទើរ​តែ​ត្រូវ​ដេញ​ចេញ​ជា​ច្រើន​លើក​ច្រើន​សា។ ខ្ញុំងាក​​មើល​នាង​ជា​ច្រើន​ដង​មុន​នឹង​សម្រេចចិត្ត​​​ដើរ​ទៅ​រក​នាង​។

«​លីន​ដា!»

ខ្ញុំ​ហៅ​នាងខណៈ​ដែល​នាង​កំពុង​អង្គុយ​អាន​​សៀវភៅ​ថ្មី​ដែល​កំពុង​កែ​។

«​អឺ! មាន​រឿង​អី?»

នាង​តប​ខ្លី​ៗ​តែ​ខ្សែ​ភ្នែក​របស់​នាង​នៅ​ផ្តោត​លើ​ការ​​ងារ​ដដែល​​។

«​ខ្ញុំ​មាន​រឿង​ចង់​ប្រឹក្សា​ ​ជួយ​​ស្តាប់​បន្តិច​​បាន​ទេ?»

«​វែង​ទេ?»

លីន​ដា​សួរ​ដោយ​សំឡេង​នឿយ​ណាយ​​។ នាង​​មើល​មក​​ខ្ញុំ​ដូច​​កំពុងចង់​​ប្រាប់​ថា​ ទាល់​តែ​រឿង​នោះ​សំខាន់​ណាស់ ​ទើប​នាង​ព្រម​ដក​ដៃ​ពី​ការ​ងារ​មក​ស្តាប់​បាន​។ បន្ទាប់​មក ​ខ្ញុំ​ក៏​និយាយ​រឿង​ដែល​កើត​ឡើង​ពី​ម្សិល​មិញ​ឲ្យ​លីន​ដា​ស្តាប់​យ៉ាង​លម្អិត​​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​។ លីន​ដា​​ស្តាប់​ខ្ញុំ​បាន​បន្តិច ​​ក៏​ងាក​ទៅ​​ធ្វើ​ការ​​វិញ​​។

«​ស្តាប់​ខ្ញុំ​សិន​មើល៍!»

«​​ស្តាប់តើ​!​ និយាយ​បន្ត​ទៅ កំពុង​ស្តាប់​!»

ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ថា​ សំឡេង​របស់​ខ្ញុំ​ទម្លុះ​ចេញ​​ពី​ត្រចៀក​នាង​​​​​​​យូរ​ណាស់​ហើយ​ ទើប​ខ្ញុំ​ឈប់​និយាយ​ ហើយ​នាង​ក៏​មិន​បាន​​ទទូច​ឲ្យ​ខ្ញុំ​និយាយ​បន្ត​ដែរ​ ​ទើប​​ធ្វើ​ឲ្យ​ដឹង​ថា លីន​ដា​ប្រហែល​ជា​ចង់​​​បន្ត​ការ​ងារ​​​លួច​កែ​​សំនួន​និង​គំនិត​​របស់​អ្នក​និពន្ធ​ច្រើន​ជាង​។

ម៉ោង​៥​ល្ងាច ​គ្រប់​គ្នា​ក៏​ប្រមូល​សម្ភារៈ​​ទុក​ដាក់ ​​ហើយ​ចាក​ចេញ​ពី​ការិយាល័យ​យ៉ាង​រហ័ស​​។ តែ​លើក​នេះ ​នៅ​​សល់​តែ​ខ្ញុំ​ម្នាក់​​ឯង​ដែល​នៅ​អង្គុយ​ទីនេះ​។ ខ្ញុំ​សាក​ល្បង​ស្រាវ​ជ្រាវ​នៅ​ក្នុង​ Google ម្តង​ទៀត​ តែ​លើក​នេះ​ខ្ញុំ​ខំ​រើស​ពាក្យណា​​ដែល​ពាក់​ព័ន្ធ​ខ្លាំង​បំផុត​ដូច​ជា​ ភ្លឹក​ ពិភព​​ចម្លែក​​​​ ហ៊ឹង​ត្រចៀក​ វង្វេង​ស្មារតី​សរសៃ​ប្រសាទ​…។ ខ្ញុំ​​ប្រទះ​​ឃើញ​​វេបសាយថ៍​មួយ ​​ដែល​និយាយ​ពី​អាការៈ​ដែល​ខ្ញុំ​កំពុង​កើត​​គួរ​ឲ្យ​ចាប់​អារម្មណ៍​។ វា​និយាយ​ថា ​​អ្វី​ទាំង​អស់​នេះ ​​អាច​រួប​រួម​បញ្ចូល​គ្នា​នៅ​ក្នុង​រោគ​សញ្ញា​មួយ​ដែល​ហៅ​ថា «​ភ្លឹក​»។ តែ​ក្រោយ​ពី​សរសេរ​ពាក្យ ​«​ភ្លឹក​»​ ​ស្រាវ​ជ្រាវ​លម្អិត​បន្ថែម​នៅ​ក្នុង​ Google ​​ក៏​មិន​ប្រទះ​ឃើញ​​នរណា​ដែល​មាន​អាការៈ​ដូច​ខ្ញុំ​​សោះ​។​ គ្មាន​នរណា​ភ្លឹក ហើយ​ស្លាប់​ដោយសារ​​រថយន្ត​បុក​ ឬ​លោត​​ពី​លើ​អគារ​​ទេ។ បើ​មាន​គឺ​មាន​តែ​ភ្លឹក​ហើយ​ដេក​លក់​​លែង​ដឹង​ខ្លួន​ជា​រៀង​រហូត​ ឬ​មិន​អ៊ីចឹង​គឺ​សម្លាប់​ខ្លួន​ឯង​ដោយ​ផ្ទាល់​។ ជួន​កាល​អ្វី​ដែល​កំពុង​កើត​ឡើង​ចំពោះ​ខ្ញុំ​ គឺ​ជា​ការ​បញ្ជា​របស់​ប្រព័ន្ធ​ប្រសាទ​ណា​មួយ​ដែល​ឈប់​ដំណើរ​ការ​ ឬ​ធ្វើ​ការ​ខុស​ប្រក្រតី​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​តែ​ឮ​សំឡេង​មនុស្ស​ខ្សឹប​ឲ្យ​ទៅ​សម្លាប់​ខ្លួន​។

«​សរសៃ​ប្រសាទ!»

ខ្ញុំ​ស្រែក​ឡើង​​ខ្លាំង​ៗ​ព្រម​ទាំង​លើក​ដៃ​គោះ​ Keyboard ពេញ​មួយ​ទំហឹង​ដើម្បី​កម្ចាត់​ចោល​គំនិត​​​ឆ្កួត​ៗ​គ្មាន​ប្រយោជន៍​របស់​ខ្លួន​ឯង។​ តែ​រំពេច​នោះ ​​ក្នុង​គេហទំព័រ​​​របស់​ Google ដែល​ខ្ញុំ​កំពុង​ស្រាវ​ជ្រាវ​ក៏​លេច​ពាក្យ​​ក្រហម​ដិត​មួយ​ដែល​មុន​នេះ​ខ្ញុំ​មិន​បាន​ឃើញ​ ឬ​មួយ​វា​ទើប​តែ​លេច​ឡើង​?

«​ម្រឹត្យូវ!»

u're-die-2

       ខ្ញុំ​យក​​ Mouse ចុច​លើ​ពាក្យ​នោះ​។ មាន​វេបសាយថ៍​ជា​ច្រើន​​និយាយ​អំពីអាការៈ​របស់​មនុស្ស​ដែល​កើត​ «​ម្រឹត្យូវ​»​ ពិសេស​វេបសាថយ៍​សារព័ត៌​មាន​អំពី​​ជីវិត​សង្គម​និងអបិយ​ជំនឿ​។ វា​ជា​រឿង​ហេតុ​ដែល​កើត​មានជា​​ហូរ​ហែ​នៅ​ក្នុង​សង្គម​កម្ពុជា​។ អ្នក​ខ្លះ​ឡើង​ទៅ​ដេក​លើ​ចុង​ត្នោត​អស់​​ពេញ​មួយ​យប់ លុះ​ព្រឹក​ឡើង​ស្រែក​ឆោឡោ​ឲ្យ​គេ​ឯង​ជួយ​។ ខ្លះ​ផឹក​ស្រា​ស្រវឹង​ ​រួច​យក​កាំ​បិទ​អា​រ​ក​ខ្លួន​ឯង​។ ខ្លះ​ប្រាប់​ថា​មាន​គេ​នាំ​ទៅចង​ក​សម្លាប់​ខ្លួន​។ ប្រជា​ជន​ខ្មែរ​​មួយ​ចំនួន​ជឿ​ថា​ ពួក​គេ​ទាំង​នោះ​ត្រូវ​ខ្មោច​កំបុត​ក្បាល​នាំ​។​ ភាគ​ច្រើន​នៃ​អ្នក​ដែល​​គេ​​ជួយ​សង្គ្រោះ​​បាន​ សុទ្ធ​តែ​ប្រាប់​ថា​ មិន​ដឹង​ខ្លួន​ថា​បាន​ធ្វើ​អ្វី​ខ្លះ​ តែ​ចម្លើយ​ដែល​ស្រប​គ្នា​គឺ​ មាន​គេខ្សឹប​ឲ្យ​ទៅ​សម្លាប់​ខ្លួន​!

ថ្ងៃ​នេះជា​​ថ្ងៃ​ដំបូង​ ដែល​ខ្ញុំ​​ធ្វើ​ដំណើរ​ត្រឡប់​​មក​​បន្ទប់​ជួល ​​ដោយ​ជិះ​តាក់​ស៊ី​វាស់​ម៉ែត្រ។​ ថ្វី​បើ​​វា​មាន​តម្លៃ​ថ្លៃ ​តែ​ជីវិត​ខ្ញុំ​ថ្លៃ​ជាង​​។ ខ្ញុំ​គិត​ដូច្នេះ​។ តែ​អ្វី​ដែល​គួរ​ឲ្យ​ចម្លែក​ គឺ​វា​ប្រើ​ពេល​​ប្រហែល​មួយ​ម៉ោង​ដូច​ខ្ញុំ​ដើរ​ដែរ​។ ខ្ញុំ​ប្រញាប់​រត់​ឡើង​ជណ្តើរ​យន្ត​ជា​បន្ទាន់​។ នៅពេល​ឃើញ​ទ្វារ​បន្ទប់ ​ខ្ញុំ​ប្រញាប់​រត់​ទៅ​​ចាក់​សោ​បើក​ទ្វារ​យ៉ាង​ញញីញញ័រ​ ហើយ​ប្រញាប់​រត់​ចូល​ទៅក្នុង​បន្ទប់ ​បិទ​ទ្វារ​ជា​បន្ទាន់​។

ខ្ញុំ​មិន​ដឹង​ថា​អា​សំឡេង​ «​ទៅងាប់​ទៅ!» វា​នឹង​ឮ​ពេល​ណា​ទៀត​ទេ​ តែ​វា​នឹងធ្វើ​ឲ្យ​ខ្ញុំ​ឆ្កួត​នៅពេល​ណា​មួយ​មិន​ខាន​។ រំពេច​នោះ ​រូប​ភាព​​របស់​ពុក​និង​ម៉ែ ​ក៏​រសាត់​​​ចូល​មក​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ​។

«​​ម៉ែ​ជួយ​កូន​ផង!»

តែ​ក្រោយ​ពេល​ខ្ញុំ​កំពុង​ចុច​ទូរស័ព្ទ​​ទៅ​អ្នក​ផ្ទះ រូប​ភាព​ក្នុង​អតីតកាល​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ឈប់​មួយ​រំពេច​។ ខ្ញុំ​ញញឹម​ដាក់​មហាកិត្តិយស​ដ៏​ឆ្កួត​លីលារបស់​ខ្លួន​ឯង​​មុន​នឹង​ទម្លាក់​ទូរស័ព្ទ​ចុះ។

«​បើ​ខ្ញុំ​មិន​បាន​ធ្វើ​ជា​អ្នក​និពន្ធ​អា​ជីព​ទេ ខ្ញុំ​នឹង​មិន​ត្រឡប់​​មក​ផ្ទះ​នេះ​​វិញ​ជា​ដាច់​ខាត!»

ខ្ញុំ​យំ​​ខ្សឹក​ខ្សួល ​នឹក​ទៅ​ដល់​រឿង​រ៉ាវ​នៅ​ក្នុង​អតីតកាល ​ស្រប​ពេល​ដែល​​សំឡេង​ទូរស័ព្ទ​របស់​ខ្ញុំ​លាន់​ឡើង​។ ម៉ែ​ទូរស័ព្ទមក​ តែ​ខ្ញុំ​ចុច​បិទ​វិញ​។ ពេល​នេះ​ខ្ញុំ​ទទួល​អារម្មណ៍​ថា​ ខ្លួន​ឯង​ទន់​ជ្រាយ​ខ្លាំង​ណាស់​។ ​ខ្ញុំ​​​សម្រេច​ចិត្ត​ទទួល​ទូរស័ព្ទ​។

«​ម៉ែ…»

«​ទៅ​ងាប់​ទៅ!!!»

រំពេច​នោះ​ខ្ញុំ​​ក៏​បាត់​ស្មារតី​​លែង​ដឹង​​អ្វី​ទាំង​អស់​។ ខ្ញុំ​បើក​ភ្នែក​ឡើង។​ រូប​ភាព​ដំបូង​ដែលខ្ញុំ​ឃើញ​បែរ​ជា​ខុស​ប្លែក​ពី​រាល់​ដង​។ វា​​មិន​មែនជា​​​រូប​ភាពនៅ​កណ្តាល​ថ្នល់​ ឬ​នៅ​លើ​អគារ​កម្ពស់​២០​ជាន់​​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រន្ធត់​ស្លាប់​នោះទេ តែ​ជា​រូប​ភាព​របស់​គ្រួសារ​ខ្ញុំ​។ ពួក​គេ​កំពុងយំ​សោក​។

«​ខ្ញុំ​ពេល​នេះ​គ្រាន់​​តែ​ជាអ្នក​កែ​អក្ខរាវិរុទ្ធឲ្យ​គេ​​ប៉ុណ្ណោះ តែ​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​និពន្ធ​ឲ្យ​បាន​ ខ្ញុំ​សន្យា​ម៉ែ!»

ចប់​សម្តី​ខ្ញុំ​សឹង​មិន​ទាន់​ រូប​ភាព​របស់​ពុក​ម៉ែ​ខ្ញុំ ​ក៏​​រលាយ​ក្លាយ​ជា​លម្អង​​ខ្យល់​​​មួយ​រំពេច​។ បន្ទាប់​ពី​នោះ​ខ្ញុំ​ស្ទើរ​តែ​ស្លុត​ស្មារតី​​ប្រកាច់​​ភ្លាម​ៗ​នៅ​នឹងកន្លែង​ ព្រោះ​រូប​ភាព​ក្នុង​​ពិភព​​ពិត​នៅ​ចំពោះ​មុខ​ខ្ញុំ​​​ស្ទើរ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​​ខ្យល់​ចាប់​ស្លាប់​​។

ខ្ញុំ​ឡើង​ទៅឈរ​​លើ​ចុង​អង់​តែន​ទូរស័ព្ទ​​តាំង​ពីពេល​ណា​ក៏​មិន​ដឹង​។ សម្លឹង​ចុះ​មក​ក្រោម​មាន​សុទ្ធ​តែ​​មនុស្ស​កក​កុញ​កំពុង​​ផ្អើល​ឆោឡោ​មើល​ខ្ញុំ​។ អ្នក​ខ្លះ​​​ស្រែក​ឃាត់​​ខ្ញុំ​ អ្នក​ខ្លះ​​​​ឡូឡា​​​ចលាចល ​​​ហៅ​គេ​ឯង​ឲ្យ​ជួយ​​។ នៅលើ​ផ្ទៃ​មេឃ​ពពក​ខ្មៅ​រសាត់​ខ្មួល​ខ្មាញ់​ ផ្លេក​បន្ទោរ​​​ជះ​ពន្លឺ​ឆ្វេច​ឆ្វាច​​ប្រណាំង​​កាំ​រន្ទះ​​ ផ្គរ​លាន់​គ្រហឹម​​​ក្អឹល​ៗ​ ដូច​​​សំឡេង​មច្ចុរាជ​កំពុង​ស្រែក​គំរាម​យក​ជី​វិត​​ខ្ញុំ​​ពី​ក្នុង​លំ​ហ​មេឃ​។ ខ្ញុំ​ញ័រ​ដៃ​ជើង ​បែក​ញើស​ជោក​ពេញ​ខ្លួន​។

«​​ក្មួយ​អើយ​ក្មួយ​​ កុំ​ប្រញាប់​​គិត​ខ្លី​អី ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​ៗ​សិន​ណ៎ា​!»

សំឡេង​អ៊ំ​ស្រី​ម្នាក់​ពី​ខាង​ក្រោម​ស្រែក​​ប្រាប់​ខ្ញុំ​។ ខ្ញុំ​ទទួល​អារម្មណ៍​ថា ​មាន​អ្វី​ម្យ៉ាង​កំពុង​ជ្រាប​ចេញ​​តាម​ខោ​​។ ឯទឹក​ភ្នែក​ក៏​ហូរ​ចេញ​ម​ក​ដោយ​ក្តី​ភ័យ​ខ្លាច។​ ​ខ្ញុំ​មិន​ទាន់​ចង់​ស្លាប់​ទេ!

«​នរណា​ក៏​បានជួយ​ខ្ញុំ​ផង!»

ដៃ​និងជើង​របស់​ខ្ញុំ​​ខំ​ប្រឹង​តោង​អង់​តែ​នទូរស័ព្ទ​យ៉ាង​ណែន​។

«​ខ្ញុំ​មិន​ទាន់​ចង់​ស្លាប់​ទេ!»

«​ចុះ​ឯង​ឡើង​ទៅ​ធ្វើ​អី​ បើ​មិន​ចង់​ងាប់​!»

មែន​ហើយ តើ​ខ្ញុំ​ឡើង​មក​ធ្វើ​អី​បើ​មិន​ទាន់​ចង់​ស្លាប់​ផង?​ ហើយ​ម្យ៉ាង​ទៀត​បើ​ខ្ញុំ​រួច​ជីវិត​តើ​នរណា​នឹង​ជឿ​ថា​ខ្ញុំ​ឡើង​មក​ទីនេះ​ ​ព្រោះ​មាន​សំឡេង​បញ្ជា​ឲ្យ​ឡើង? ចំ​ជា​ល្ងី​ល្ងើ​មែន!

«​សាក​វា​រ​ចុះ​មើល​ទេ?»

ជា​គំនិត​ដែល​រត់​ចូល​មក​ក្នុង​ខួរ​ក្បាល​ខ្ញុំ​​ក្នុង​រំពេច​នោះ។ ខ្ញុំ​ឈាន​ជើង​ចុះ​សន្សឹម​ៗ​ មួយ​កាំ​ម្តង​ៗ​។ ជើង​របស់​ខ្ញុំ​ដូច​​របូត​ចេញ​ពី​សសរ​អង់​តែន​​ តែ​ក៏​​នៅ​​តោង​យឹត​បាន ​ទោះ​បី​ជា​មិន​សូវ​​ជាប់​លាប់​ប៉ុន្មាន​ក៏​ដោយ​។

«​កុំ​វារ​ចុះ​មក​អី គ្រោះ​ថ្នាក់​ខ្លាំង​ណាស់!»

សំឡេង​មនុស្ស​​នៅខាង​ក្រោម​ ស្រែក​តឿន​ប្រាប់​ខ្ញុំ​។

ប្រសិន​បើ​រឿង​នេះលេច​ឮ​​ទៅ​ដល់​ត្រចៀក​ប៉ូលីស​ ឬ​ក៏​អ្នក​កាសែត​ពេល​ណា ច្បាស់​ជា​កើត​​រឿង​ធំ​​ជា​មួយ​នឹង​​​ការ​ងារ​ខ្ញុំ​មិន​ខាន ទើប​ខ្ញុំ​សម្រេច​ចិត្ត​វារចុះ​យ៉ាង​រហ័ស​បំផុត​។ តែ​វា​មិន​ងាយ​ស្រួល​ដូច​គិត​ទេ ខ្ញុំ​ត្រូវ​វារ​ចុះ​យ៉ាង​យឺតៗ​ម្តង​មួយ​កាំៗ​រហូត​​មក​ដល់​ដី​នៅទី​បំផុត​។ គួរ​ឲ្យ​អស់​សំណើច​ ពួក​​ភ្នាក់​ងារ​ពន្លត់​អគ្គិសភ័យ ​ដែល​​​អ្នក​​នៅ​ខាង​ក្រោម​តាម​ឲ្យ​មក​ជួយ​ខ្ញុំ​ក៏​នៅ​មិនទាន់​មក​ដល់។​ តែខ្ញុំ​ក៏​មិន​រង់​ចាំ​ឲ្យ​ដល់​ពេល​នោះ​ទាន់​ដែរ​។ ​ខ្ញុំ​ប្រញាប់​រត់​គេច​ពី​ហ្វូង​មនុស្ស​ដែល​កំពុង​នាំ​គ្នា​ងឿង​ឆ្ងល់​ចំពោះ​​​ទង្វើរបស់​ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​មិន​ត្រូវ​ការ​ពន្យល់​អ្វីឲ្យ​ច្រើន​ដែរ​​ថា​ហេតុ​អ្វី ព្រោះ​សូម្បី​តែ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​មិន​​អាច​ឆ្លើយ​បាន​ដែរ​ថា ​ខ្លួន​ឯង​កើត​អី?

«​ឯង​គិត​ថា​វា​សប្បាយ​ណាស់​​ឬ​ ដែល​ឡើង​ទៅលើ​ចុង​អង់​តែន​នោះ?»

អ្នក​​ចោម​រោម​មើល​​ម្នាក់​ស្រែក​ជេរខ្ញុំ​ តែខ្ញុំ​មិន​ចាប់​អារម្មណ៍​ ហើយ​ប្រញាប់​ហៅ​តាក់​ស៊ី​ឲ្យ​ជូន​ទៅ​បន្ទប់​ជួល​ដូច​​​ដើម​។

ខ្ញុំ​មិន​និយាយ​អ្វី​ទាំង​អស់​ក្រៅ​ពី​លាក់​ខ្លួន​នៅ​ស្ងាត់​ៗ​។ ភ្នែក​របស់​ខ្ញុំ​បញ្ឈរ​ទល់​ភ្លឺ​។ តើ​នរណា​ទៅ​ដេក​លក់​បាន​? រំពេច​នោះ​សំឡេង​ទូរស័ព្ទ​ដៃ​ខ្ញុំ​ក៏​លាន់​ឡើង​។ ខ្ញុំ​សម្លឹង​មើល​លើ​អេក្រង់​ថា​នរណា​ទូរស័ព្ទ​មក​ ក៏​ឃើញ​លេខ​របស់​ម៉ែ​ខ្ញុំ​។ ទឹក​ភ្នែកខ្ញុំ​​ហូរ​ចេញ​មក​​សន្សឹម​ៗ​។ ខ្ញុំ​បោះ​បង់​គំនិត​​ទុទិដ្ឋិ​ចេញ​​ហើយ​ប្រញាប់​ចុច​ទទួល​ទូរស័ព្ទ​ភ្លាម​។ ខ្ញុំ​មិន​ដឹង​ថា​គួរ​និយាយ​អ្វី​ជាមួយ​ម្តាយ​ខ្លួន​ឯងទេ។ ប្រាំ​ឆ្នាំ​ហើយ​ដែលខ្ញុំ​ផ្តាច់​ការ​ទាក់​ទង​ជាមួយ​គាត់។​ មិន​ដឹង​ថា​គួរ​ចាប់​ផ្តើម​ជាមួយ​ប្រយោគ​អ្វី​ល្អ​។

«​អាឡូ! ម៉ែ​ឬ?»

«​នេះ​ពូ​ដែន​​ទេ​!»

«​បាទ…»

«​គ្រួសារ​ឯង​ត្រូវ​ចោរ​ប្លន់​ហើយ​!»

អារម្មណ៍​ខ្ញុំ​ពេល​នោះ ​ជ្រួត​​ជ្រាប​ដល់​សម្តី​បន្ទាប់​ដែល​ពូ​ខ្ញុំ​នឹង​ប្រាប់​។ ខ្ញុំ​មិន​ដឹង​ថា​ខ្លួន​ឯង​ចង់​ស្តាប់​ឬ​ក៏​អត់​នោះទេ?…

«​ពុក​និង​ម៉ែ​ឯង​ គាត់​…»

​សំឡេង​​ពូដែន​បាត់​សូរ​អស់​មួយ​សន្ទុះធំ​ ​តែ​ជំនួស​មកវិញ​ដោយ​សំឡេង​ខ្សឹក​ខ្សួល។

«​ពុក​ម៉ែ​ឯង​​ត្រូវ​ចោរ​សម្លាប់​អស់​ហើយ ឯង​ត្រឡប់​​មក​វិញ​មក!»

ខ្ញុំ​មិន​ទាន់​បាន​ស្តាប់​ថាពូដែន​និយាយ​អ្វី​បន្ត​ទេ។ រំពេច​នោះ​រូប​ភាព​ក្នុង​អតីតកាល ​ក៏​ត្រឡប់​​​មក​រក​ខ្ញុំ​ម្តង​ទៀត​។ វា​ច្បាស់​ខ្លាំង​ណាស់ ច្បាស់​ដូច​អង្គុយ​មើល​កុន 3D ​អ៊ីចឹង​​។

«​ហេតុ​អ្វី​​ក៏​កូន​ចង់​ក្លាយ​ជា​អ្នក​និពន្ធ​​​ខ្លាំង​ម្ល៉េះ​? បើ​គ្រាន់​តែ​​ទុក​​ជា​ការងារ​កែ​​​កម្សាន្ត​មិន​បាន​​ឬ?»

«​ម៉ែ​មិន​យល់ចិត្ត​ខ្ញុំ​ទេ!»

ខ្ញុំ​និយាយ​បណ្តើរ​​រៀប​ចំ​វ៉ាលី​បណ្តើរ ​​ដោយ​មិន​ងាក​មក​​មើល​មុខ​​ពុក​និង​ម៉ែ ដែល​កំពុង​ឈរ​​សម្លឹង​ខ្ញុំ​​យ៉ាង​ស្ងៀម​ស្ងាត់​។

«​ខ្ញុំ​សន្យា​ថា ​ខ្ញុំ​នឹង​ក្លាយ​ជា​អ្នក​និពន្ធ​ដែល​ល្បី​ឈ្មោះ​ឲ្យ​ទាល់​តែ​បាន​ បើ​ខ្ញុំ​មិន​ទាន់​​សម្រេច​បំណង​ ខ្ញុំ​នឹង​មិន​ត្រឡប់​​មក​ជាន់​ទីនេះ​ជា​ដាច់ខាត​!»

ម៉ែ​យំ​ខ្សឹក​ខ្សួល​តែ​ក៏មិ​នអាច​ធ្វើ​អ្វី​បាន​ក្រៅ​ពី​​ឈរ​ឱប​ពុក​​យ៉ាង​ណែន​។

«​កូន​វា​​ធំ​ហើយ​ម៉ែ​វា​ ថ្ងៃ​ណា​មួយ​វាគង់​តែ​ចាក​ចេញ​​ពី​យើង​​ទេ!»

ពុ​ក​សម្លឹង​​ខ្ញុំ​ ព្រម​ទាំង​ទះ​ស្មា​តិច​ៗ​ ហើយ​ញាត់​លុយ​ចូល​ហោប៉ៅ​ខ្ញុំ​។

«​ហត់​នឿយ​ពេល​ណា ត្រឡប់​​មក​វិញ​ចុះ ពុក​និង​ម៉ែ​រង់​ចាំ​ឯង​ជានិច្ច​!»

បាន​ប៉ុណ្ណេះ​ ស្មារតី​របស់​ខ្ញុំ​ក៏​ត្រឡប់​​មក​កាន់​ពិភព​​ពិត​វិញ​។ រឿង​នេះ​គ្រាន់​តែ​ជា​សុបិន​ទេ​ មែនទេ? ខ្ញុំ​សួរ​ខ្លួន​ឯង​ម្តង​ហើយ​ម្តង​ទៀត​។ ខ្ញុំ​កំពុង​យល់​សប្តិ​!

រំពេច​នោះសំឡេង​បិសាចដែលតាម​បំផ្លាញ​ជីវិត​ខ្ញុំ​ក៏​លាន់​ឡើង​។ វាខ្សឹប​តិច​ៗ​ក្បែរ​ត្រចៀក​ខ្ញុំ​។

អ្នក​និពន្ធ​… អ្នក​និពន្ធ…

ខ្ញុំ​ទន្ទេញ​ពាក្យ​នេះ​នៅ​ក្នុង​ចិត្ត​ មុន​នឹង​​​ស្មារតី​​រលត់​សូន្យ​សុង​​​ទៅ ព្រោះ​យ៉ាង​ហោច​ណាស់​វា​គឺ​​ជា​កម្លាំង​ចិត្ត​ចុង​ក្រោយ​​បំផុត​របស់​ខ្ញុំ​ មិន​ថា​មាន​រឿង​អ្វី​កើត​ឡើង​ក៏ដោយ​។

«​ទៅ​ងាប់​ទៅ!!!»

២៥ កក្កដា ២០១១

 

Read Full Post »


ផ្កាយNoVeLs*– ថ្ងៃនេះជាថ្ងៃវ៉ាលិនថាញ ខាង Google Doodle បាននាំយកតុក្កតាanimation មកបង្ហាញឲ្យគ្រប់គ្នាបានទស្សនាផង។ ចាំអីទៀត តោះនាំគ្នាមកមើលតុក្កតាថ្ងៃវ៉ាលិនថាញដ៏គួរឲ្យស្រឡាញ់នេះ!! 😉

»»» ទស្សនាវីដេអូនៅទីនេះ!! ^^

 

Read Full Post »