Feeds:
ប្រកាស
មតិ

Posts Tagged ‘Hong Kong’


នៅហុងកុង មាន Octopus Card ដូចមានអ្វីគ្រប់យ៉ាង។ កាតតែមួយ ប៉ុន្តែ​មាន​អត្ថ​ប្រយោជន៍​សម្បូរបែប។ កាត Octopus ប្រើសម្រាប់ជិះរថភ្លើងក្រោមដី(MTR)ក៏បាន រថភ្លើងចេញចូលព្រលានយន្តហោះ(Airport Express) ក៏បាន រថ​ភ្លើង​លើ​កោះ​ក៏​បាន រថ​ភ្លើង​ទេសចរណ៍ក៏បាន កាណូតក៏បាន កប៉ាល់ក៏បាន ឡានក្រុងក៏បាន ចង់ទៅដើរលេងឯណាក៏បាន ញ៉ាំអ្វីនៅ 7-Eleven ឬភោជនីយដ្ឋានផ្សេងៗដែលមានម៉ាស៊ីនគិតលុយ Octopus ក៏បាន…។ ស្រួលត្រង់ថា មិនបាច់ដាក់លុយតាមខ្លួន! មិន​បាច់ខ្វល់រឿងលុយអាប់ ឬលុយកាក់រញ៉េរញ៉ៃ ឬមិនចេះចាយលុយដុល្លារហុងកុងជាដើម! ដូច្នេះ​ខ្ញុំ​សូម​ណែ​នាំ​ឲ្យ​ប្រើ​កាត​នេះ​ពេល​មកដល់ទីក្រុងហុងកុង!

octopus-card

កាតត្រីមឹកមួយនេះ(ឈ្មោះ Octopus Card មកពីវាមានប្រយោជន៍ច្រើនដូចដៃមឹកទេដឹង?) 😀 អាច​រក​ទិញ​បាន​នៅ​គ្រប់​ស្ថានីយ​រថភ្លើងក្រោមដី(MTR) និងព្រលានយន្តហោះ។ តែ​ខ្ញុំ​សូម​ណែនាំ​ឲ្យ​ទិញ​នៅ​ព្រលាន​យន្ត​ហោះ​ភ្លាមៗ​ពេល​ទៅ​ដល់​ហុងកុង​ ព្រោះពេលជាន់ទឹកដីហុងកុងភ្លាម យើងក៏ត្រូវការកាតមួយនេះភ្លាមដែរ។ បើគ្មានវាយើងនឹងលំបាក ហើយ​ត្រូវ​ការ​ចំណាយ​ច្រើនមិនខាន។ នៅព្រលានយន្តហោះ យើងអាចទិញបាននៅបញ្ជរ Airport Express Customer Service ត្រង់ Arrivals Hall នៃ Terminal 1 ។ តែបើដើរហួស ឬប្រញាប់ពេកមិនបានទិញ ក៏អាចទិញបាននៅតាមបញ្ជរ Customer Service នៃ​ស្ថានីយរថភ្លើងក្រោមដីគ្រប់កន្លែង។

ចំពោះ​តម្លៃកាតវិញគឺ មនុស្សធំ ១៥០ HK$ (ប្រើបាន១០០ HK$ ថ្លៃកក់ ៥០HK$)។ កូនក្មេង(៣ – ១១ឆ្នាំ) និងមនុស្សចាស់ (អាយុ​៦៥ ឆ្នាំឡើង) តម្លៃ ៧០ HK$ (ប្រើបាន ២០ HK$ ថ្លៃកក់៥០ HK$)។ តាមបទពិសោធន៍ផ្ទាល់ខ្លួន ខ្ញុំ​បាន​ទិញ​កាត​នេះ​ក្នុង​តម្លៃ​២០០ HK$ ប្រើក្នុងរយៈពេល៥ថ្ងៃគឺមិនអស់ទេ ហើយថែមទាំងទទួលបានលុយកក់ និងលុយសល់ក្នុងកាតនោះជាង ៩០ HK$ មកវិញទៀត។ តែបើកាតអស់លុយ ក៏អាចថែមបាននៅទូ Add Value Machine ផ្សារ 7-Eleven ឬតាមបញ្ជរ Customer Service នៃស្ថានីយរថភ្លើងក្រោមដីទាំងអស់បានផងដែរ។ ទោះយ៉ាងណាក៏ដោយ កាត​មួយ​ប្រើ​បាន​សម្រាប់​មនុស្ស​ម្នាក់​ប៉ុណ្ណោះ មិនអាចប្រើរួមគ្នាបានទេ៕

Advertisements

Read Full Post »