Feeds:
ប្រកាស
មតិ

Posts Tagged ‘Movie Review’


1

#វិភាគត្រួសៗ

#លោកយាយអាយុ២០ឆ្នាំ ឬ Suddenly Twenty

#មិនមែនជារឿងដែលកម្សត់ខ្លាំងតែជារឿងដែលចាក់ចំបេះដូង

#ពិន្ទុ៨/១០

លោកយាយអាយុ២០ឆ្នាំ ឬ Suddenly Twenty មិនមែនជារឿង Remake ពីរឿងកូរ៉េ Miss Granny ទី១ ដែលខ្ញុំធ្លាប់ទស្សនាកន្លងមកនោះទេ។ បើចាំមិនខុសនេះជារឿងលើកទី៥ហើយ បន្ទាប់ពីរឿងកូរ៉េ ចិន ជប៉ុន និងវៀតណាម។ ថ្វីបើរឿងទាំងនេះមានគ្រោងរឿងដូចគ្នាតែមួយនឹងរឿង Miss Granny របស់កូរ៉េ តែរឿងនីមួយៗសុទ្ធតែមានរសជាតិ និងអត្តសញ្ញាណដោយឡែកៗពីគ្នាទៅតាមវប្បធម៌ និងរបៀបរបបរស់នៅរបស់ប្រទេសទាំងនោះរៀងៗខ្លួន។

រឿង “Miss Granny” និយាយពីស្រ្តីមេម៉ាយម្នាក់ដែលក្លាយទៅជានារីវ័យក្មេងអាយុ ២០ឆ្នាំ បន្ទាប់ពីគាត់បានទៅថតរូបនៅហាងថតរូបដ៏អាថ៌កំបាំងមួយ។ អាចថាចម្លែកក៏ថាបានដែល៤រឿងមុនៗ មិនបានធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកខ្លាំងប៉ុន្មានទេ តែរឿងដែលថៃផលិតឡើងវិញនេះ ស្រាប់តែធ្វើឲ្យខ្ញុំយំច្រើនកន្លែងដោយនឹកស្មានមិនដល់។ តែខ្ញុំក៏ដឹងខ្លួនឯងនូវហេតុផលមួយដែលធ្វើឲ្យខ្ញុំយំខ្សឹកខ្សួលរហូតទប់លែងជាប់។ ហេតុផលនោះ គឺតួអង្គយាយប៉ានដែលជាតួឯកក្នុងរឿង គឺដូចម្តាយខ្ញុំខ្លាំងណាស់! គាត់លះបង់គ្រប់បែបយ៉ាងដើម្បីចិញ្ចឹមកូនប្រុសគាត់ឲ្យរៀនបានខ្ពស់ រហូតមានអនាគតល្អ។ គាត់បូជាជីវិតវ័យក្មេងរបស់គាត់ទាំងអស់ ដើម្បីអនាគតកូន ទោះបីជាត្រូវបំផ្លាញអនាគត និងក្តីសុបិនរបស់ខ្លួនឯងក៏ដោយ។

083

សម្តីមួយរបស់យាយប៉ាន ដែលស្ទើរតែធ្វើឲ្យខ្ញុំគាំងបេះដូងស្លាប់នៅនឹងកន្លែង គឺគាត់និយាយថា៖ «យុវភាពដ៏ល្អផូរផង់របស់ខ្ញុំបានយកទៅមើលថែ និងចិញ្ចឹមបីបាច់កូនអស់ហើយ…» ។ ភ្លាមៗនោះ ខ្ញុំស្រាប់តែនឹកដល់ម្តាយខ្ញុំមួយរំពេច។ ខ្ញុំចាំបានថា ម៉ែធ្លាប់ធាក់កង់ដឹកអង្ករ ក្នុងចម្ងាយផ្លូវរាប់គីឡូដើម្បីយកមកឲ្យកូនប្រុសដែលរៀននៅទីរួមខេត្ត។ មិនតែប៉ុណ្ណោះ នៅមានការលះបង់ជាច្រើនទៀត ដែលវានៅតែដក់ជាប់ក្នុងខួរក្បាលខ្ញុំតាំងពីដឹងក្តី រហូតមកដល់ថ្ងៃនេះ ហើយខ្ញុំជឿថា ខ្ញុំនឹងចងចាំពលិកម្មដ៏ធំធេងនោះទុកក្នុងក្រអៅបេះដូង និងសម្បជញ្ញៈជាមនុស្សរហូតដល់ដង្ហើមចុងក្រោយ។

មូលន័យសំខាន់របស់រឿង «លោកយាយអាយុ២០ឆ្នាំ» ផ្តោតលើរឿងរ៉ាវជីវិតរបស់មនុស្សចាស់ជរា។ សព្វថ្ងៃនេះ មានមនុស្សមិនតិចនាក់ទេ ដែលមិនសូវយកចិត្តទុកដាក់នឹងឪពុកម្តាយ និងតាយាយ ដែលចាប់ផ្តើមចាស់ជរា ភ្លេចភ្លាំង រអ៊ូច្រើន គួរឲ្យរំខាន រហូតភ្លេចគិតថាជីវិតរបស់ពួកគាត់កន្លងមក តើត្រូវឆ្លងកាត់អ្វីខ្លះ ដើម្បីចិញ្ចឹមកូនៗឲ្យរស់រានមានអនាគតល្អ រហូតដល់សព្វថ្ងៃនេះ?

20mai-02-600x339

ជាក់ស្តែង យាយប៉ានដែលជាតួឯកក្នុងរឿងក៏ដូចគ្នា។ គាត់មិនអាចសម្រេចក្តីសុបិនរបស់ខ្លួន ដែលចង់ក្លាយជាអ្នកចម្រៀងបាន ព្រោះបរិបទសង្គមសម័យនោះ មិនចូលចិត្តមនុស្សស្រីដើរច្រៀងរាំដើម្បីចិញ្ចឹមជីវិត។ គាត់បានរត់តាមប្តីដោយក្តីសង្ឃឹមថា នឹងអាចសម្រេចក្តីប្រាថ្នានោះ តែដឹងអីពេលមានប្តីក៏មានកូន ហើយប្តីក៏ស្លាប់ចោលទៀត ធ្វើឲ្យគាត់ត្រូវបូជាយុវភាពរបស់ខ្លួនទាំងអស់ ដើម្បីចិញ្ចឹមកូនឲ្យមានអនាគតល្អដោយបាតដៃទាំងពីររបស់ស្ត្រីមេម៉ាយម្នាក់។ ទីបំផុតកូនប្រុសរបស់គាត់ក៏បានក្លាយជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យ។ ទម្រាំនឹកឃើញម្តងទៀត គាត់ក៏ចាស់ជរា ក្លាយជាយាយចាស់សម្តីអាក្រក់ ចូលចិត្តរអ៊ូរទាំ ភ្លេចភ្លាំងច្រើន ធ្វើឲ្យកូនចៅទើសទាល់រហូតចង់យកទៅឲ្យនៅមណ្ឌលចាស់ជរា។ តែអព្ភូតហេតុបានធ្វើឲ្យលោកយាយត្រឡប់វ័យ ក្លាយជាក្រមុំអាយុ២០ឆ្នាំម្តងទៀត ធ្វើឲ្យគាត់ដើរតាមក្តីស្រមៃរបស់ខ្លួន ក្លាយជាអ្នកចម្រៀង និងផ្តើមស្នេហ៍ជាថ្មីជាមួយបុរសដែលខ្លួនស្រឡាញ់។

2

សរុបមក «លោកយាយអាយុ២០ឆ្នាំ» ជារឿងរ៉ាវជីវិតគ្រួសារ ដែលមានស្ទើរគ្រប់រសជាតិ មិនថាកំប្លែង កម្សត់ មនោសញ្ចេតនា និងលាយឡំដោយអាថ៌កំបាំងខ្លះៗ ដែលមិនត្រឹមផ្តល់តែជាចំណីអារម្មណ៍សម្រាប់ទស្សនិកជនប៉ុណ្ណោះទេ ថែមទាំងផ្តល់តម្លៃអប់រំជាច្រើនទៀត ទាក់ទងនឹងវដ្តជីវិតមនុស្ស ជីវិតគ្រួសារ និងការពុះពារស្វែងរកក្តីសុបិន រហូតដល់ទីបំផុត៕#SuddenlyTwentyKH

Read Full Post »