Feeds:
ប្រកាស
មតិ

Posts Tagged ‘Movie’


ផ្កាយNoVeLs*– ខ្ញុំ​ជឿថា យុវវ័យ​មិនតិចទេ ដែលចូលចិត្តណាត់​គ្នា​ទៅ​មើល​កុន​ក្នុង​ថ្ងៃ date ដំបូង​របស់ខ្លួន​​។ បញ្ហា​ចោទ​គឺ​ស្ថិត​ត្រង់ថា តើ​ការ​​នាំ​គ្នា​ទៅ​មើល​កុន​ក្នុង​​ថ្ងៃdate​ដំបូង ពិតជារឿងល្អ​មែនឬ? ដ្បិត​​មនុស្ស​ដែល​ទើប​តែ​ស្គាល់​គ្នា ក៏​គួរ​តែអង្គុយ​ជជែក​​គ្នា​ ឬ​ធ្វើអ្វីរួម​គ្នាឲ្យ​បាន​ច្រើន​ ជាជាង​ទៅ​អង្គុយស្ងៀម​ស្ងាត់​នៅ​ក្នុង​រោង​កុន​។ តែ​ខ្ញុំ​មាន​ហេតុ​ផល៦​យ៉ាង​​ដែលបញ្ជាក់​ថា ការ​នាំគ្នាទៅ​មើល​កុនក្នុង​ថ្ងៃdate​ដំបូង គឺ​ជា​រឿង​ល្អ​មួយ​។ ចង់​ដឹង​ថា ​ហេតុ​អ្វី​នោះ តោះ​ទៅ​អាន​ទាំង​អស់គ្នា! 😉

១. បង្កើន​ភាពស្និទ្ធស្នាល​

នេះ​​ជា​រឿង​ដែល​បដិសេធ​មិន​បាន ព្រោះ​​បើ​អ្នក​ទាំង​ពីរ​ជា​មនុស្សដែល​ខ្មាស​​អៀនច្រើន​​ ពេល​ស្ថិត​នៅ​​កណ្តាល​ចំណោម​ខ្សែ​ភ្នែក​អ្នក​ដទៃ អ្នក​អាច​ជ្រើស​រើស​ទៅ​អង្គុយ​នៅក្នុង​​រោង​កុន ​បើ​ទោះ​ជា​មាន​មនុស្ស​ច្រើន​អង្គុយ​ក្បែរ តែ​​អ្នក​អាច​មាន​ភាព​កក់​ក្តៅ​ក្នុង​ចិត្ត​ខ្លះ​។ អ្នក​អាច​អង្គុយ​ទស្សនា​រឿង​បណ្តើរ ញ៉ាំពោត​លីង​បណ្តើរ អង្គុយ​ក្តោប​ដៃ​គ្នា ឬ​ផ្អែក​ស្មា​គ្នា​ទៅ​វិញ​ទៅ​មក។ ពិសេស​ប្រសិន​​បើ​រឿង​នោះ​ជា​រឿង​ភ័យ​រន្ធត់ ឬ​កំប្លែង អ្នក​នឹង​កាន់​តែ​បង្កើន​ភាពស្និទ្ធស្នាល​ជាង​មុ​ន​ទៀត តាម​រយៈការ​សើច​សប្បាយ​ព្រមៗ​គ្នា ឬ​ផ្តល់​ភាព​កក់​ក្តៅ​បន្ថែម​តាម​រយៈ​ការក្រសោប​ស្មា ឬ​ការ​ផ្តេក​ក្បាល​លើ​ដើម​ទ្រូង​ដ៏​សែន​កក់​ក្តៅ​របស់គេ។

២. អាច​ស្វែង​រក​​ប្រធាន​បទ​ថ្មីៗ​យក​មក​ជជែក​​បន្ត​

មុន​នឹង​បបួល​គ្នា​ទៅ​មើល​កុន ជឿ​ថា​យើងក៏​​បាន​ជជែក​​គ្នា​ខ្លះៗពីមុនដែរហើយ​ រហូត​ពេល​ខ្លះ​អស់​រឿង​និយាយ​ ហើយ​ជួន​កាល​​ប្រធាន​បទ​ដែល​លើក​មក​និយាយហាក់​​ដដែលៗ​​ ដូចជា រឿង​មិត្ត​ភក្តិ​នៅ​កន្លែង​ធ្វើ​ការ ម្ហូបដែលចូលចិត្ត កន្លែង​ដើរ​លេង​​ មិត្ត​ភក្តិ​ដែលធ្លាប់​រៀន​ជាមួយ​គ្នា ជាដើម។ ដូច្នេះ​ការ​​នាំគ្នា​ទៅ​អង្គុយ​សម្រាក​យ៉ាង​ស្ងៀម​ស្ងាត់​១ម៉ោង​២ម៉ោង​ក្នុង​រោង​កុន​ ក៏​​ចាត់​ទុក​ជា​ជម្រើសមួយ​​ដ៏​ល្អ​ដែរ​ ព្រោះ​យើងអាច​​នឹង​បាន​ប្រធាន​បទ​ថ្មីៗ​យក​មក​និយាយ​គ្នា​បន្ត ​ក្រោយ​​ពី​មើល​រឿង​ចប់ ដូចជា ការយល់​ឃើញ​ចំពោះ​រឿងដែល​ទើប​តែ​មើលរួច ចំណាប់​អារម្មណ៍​លើ​តួសម្តែង ខ្លឹមសាររឿង​ និង​ចំណុច​ផ្សេងៗ​​ជាច្រើន​ទៀត​​។

៣. សង្កេត​មើលនិស្ស័យ និង​ឥរិយាបថពេលកំពុង​មើល​កុន​

ក្រៅ​ពី​​អង្គុយ​មើល​កុន​យ៉ាង​ស្ងៀម​ស្ងាត់​ យើង​ក៏​អាច​ឆ្លៀត​ឱកាស​​សង្កេត​មើល​អាកប្បកិរិយា​របស់​​គេ​ពេល​កំពុង​មើល​រឿង​ដែរ​។​ តើ​គេ​មាន​សុជីវធម៌ និង​​ចេះ​គោរពសិទ្ធិ​អ្នក​ដទៃ​ពេល​កំពុង​មើល​កុន​ដែរឬទេ? ឬគេមាត់ឮ? គិតតែបបួលជជែក? តើ​គេ​អង្គុយ​ដូចម្តេច? កំពុង​ជក់ចិត្តមើល​រឿង ឬ​គេង​លក់​បាត់​ទៅហើយ?

៤. បង្ហាញ​ភាព​ជាសុភាពបុរស សុភាពនារី

លុយសំខាន់ តែទំនាក់ទំនងសំខាន់ជាងនេះ! ដូច្នេះ​តើ​នរណា​ជា​អ្នក​ចេញ​លុយ​ក្នុង​ថ្ងៃ Date ដំបូង? ត្រង់​ចំណុចនេះ គ្មានច្បាប់​ណា​​កំណត់ថាត្រូវ​ឬខុសនោះទេ ព្រោះអ្នក​ខ្លះ​​អាច​មាន​ផ្នត់​គំនិត​ថា មនុស្ស​ប្រុស​​ត្រូវ​តែ​ជា​អ្នកប៉ាវ ឬ​​ចេញ​លុយ ពេល​ណាត់ស្រីៗ​ជួប​គ្នា​​។ តែ​ទន្ទឹម​នឹង​​នេះ ​មនុស្ស​ស្រីខ្លះ​​អាច​នឹង​បាន​សប្បាយចិត្ត​ជាង ​ប្រសិន​បើ​នាង​អាច​ជួយចេញ​ប្រាក់​ពាក់​កណ្តាល។ និយាយ​ទៅ​រឿង​លុយ​ជា​រឿង​សំខាន់​ បើ​យើង​ពិត​ជា​ចង់​ទាក់​ទង​គ្នា​យូរ​អង្វែង​គួរ​តែ​និយាយ​គ្នា​ឲ្យ​ច្បាស់។ ជាក់ស្តែង​ការណាត់​គ្នា​ទៅ​មើល​កុន បើ​ខាង​ប្រុសជា​អ្នក​ទិញ​សំបុត្រ​ ខាង​ស្រី​អាច​ជាអ្នក​ចេញ​លុយ​ទិញ​ពោត​លីង ឬ​ភេសជ្ជៈ​ញ៉ាំ ប្រហែលអាច​ជា​ការល្អ ដើម្បី​កុំ​ឲ្យ​មាន​អារម្មណ៍រអៀសខ្លួន ឬ​ក្រែង​ចិត្ត​ចំពោះ​គ្នា​និង​គ្នា។

៥.  សង្កេត​រសនិយមដែល​ធ្វើ​ឲ្យ​ដៃគូញញឹម ឬសើចពេលកំពុងមើលកុន

បើ​អ្នក​ជ្រើស​រើស​មើល​រឿង​ដែល​មិន​មែន​ជា​រឿងកំប្លែង​ រឿងភាគច្រើន​ក៏​នៅ​តែ​មានឈុត​ខ្លះៗ​ដែល​​ធ្វើ​ឲ្យ​អ្នក​មើលផ្ទុះសំណើចចេញ​មក​ខ្លះៗ​ដែរ។ នេះ​អាច​មិនមែន​ជារឿង​សំខាន់​ណាស់ណា​ទេ តែ​បើ​យើង​បាន​សង្កេតថា ​មាន​ចំណុច​ណា​ខ្លះ​ដែល​ធ្វើ​ឲ្យ​ដៃគូ​របស់​យើង​​សើច ឬ​ញញឹម​ចេញ​មក​នោះ ក៏​អាច​ធ្វើ​ឲ្យ​យើង​ដឹង​ពី​ចំណង់ចំណូលចិត្ត​របស់ដៃគូ ហើយ​បើ​មាន​ចំណុច​ដូច​គ្នា​នឹង​យើង​ ក៏​អាច​ជួយ​ឲ្យ​ទំនាក់​ទំនងមួយ​នេះ​​កាន់​តែ​រលូន​ទៅ​មុខ​មួយ​កម្រិត​ទៀត​ដែរ​។

៦. បង្កើត​អនុស្សាវរីយ៍ផ្អែមល្ហែមរួម​គ្នា

ការពិតខ្ញុំ​ក៏​យល់​ឃើញ​ថា ការមើល​កុន​មិនមែន​ជាជម្រើសដែល​ល្អ​បំផុត ​សម្រាប់ date ​ដំបូង​នោះ​ទេ តែ​វា​ក៏​មិន​មែន​ជា​ជម្រើសដែលគួរ​មើល​រំលង​ដែរ ព្រោះ​ការ​បាន​ទៅ​មើល​កុន​ជាមួយ​គ្នា​ ក៏​អាច​បង្កើត​បាន​នូវ​អនុស្សាវរីយ៍​ល្អៗ​ជាមួយ​គ្នា ហើយ​ប្រសិន​បើ​រឿងនោះ​ជា​រឿង​​ដែល​ដៃ​គូ​ទាំង​សង​ខាង​ស្រឡាញ់​ពេញ​ចិត្ត​ដូចៗ​គ្នា ថ្ងៃ​ក្រោយ​ពេល​នឹកឃើញ​​ដល់​រឿង​នេះ​ វា​នឹងធ្វើ​ឲ្យ​យើង​​​នឹក​ដល់​អនុស្សាវរីយ៍​ចាស់ៗ​ដែលធ្លាប់​សាង​​មក​ជាមួយ​គ្នាក្នុង​ថ្ងៃ​នោះ​ដែរ​។

Read Full Post »