Feeds:
ប្រកាស
មតិ

Posts Tagged ‘Thailand’


អាម៉ុកខ្មែរ, រូបភាពដោយ CHANBOKEO.COM

អា​ម៉ុក គឺ​ជា​មុខ​ម្ហូប​មួយ​ប្រភេទ​ដែល​ខ្មែរ​យើង​ចូល​ចិត្ត​យក​ទៅ​អួតអាង​​ប្រាប់​បរទេស​ថា​ជា​​ម្ហូប​ប្រចាំ​ជាតិ​​។ តាម​ការ​សង្កេត​ឃើញ​ជាក់​ស្តែង​ អាម៉ុក​ហាក់​បាន​ត្រូវ​លើក​តម្កើង​ឲ្យ​ក្លាយ​ជា​ម្ហូប​​មួយ ​ដែល​មាន​លក្ខណៈ​ថ្លៃ​ថ្នូរ​ជាង​​ម្ហូប​​ណាៗ​ទាំង​អស់​ក្នុង​សង្គម​ខ្មែរ​​​​ ព្រោះ​គេ​មិន​​ឃើញ​មាន​​​លក់​នៅ​តាម​ទី​ផ្សារ​សាធារណៈ​ ឬ​តូប​លក់​បាយ​តូច​តាច​នោះ​ទេ​ គឺ​ភាគ​ច្រើន​មាន​​តែ​ក្នុង​អាហាដ្ឋាន ​ឬ​ភោជនីយដ្ឋាន​ធំៗ ​ដែល​មាន​លក្ខណៈ​​​ជាតិ​ និង​អន្តរជាតិ​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​​ ពិសេស​ទេស​ចរ​​បរទេស​។

និយាយ​ពី​ប្រភព​កំណើត​របស់​អាម៉ុក​ ក៏​ដូច​ជា​ម្ហូប​ខ្មែរ​ផ្សេង​ៗ​ទៀត​ គឺ​ពុំ​ទាន់​មាន​ឯកសារ​​ស្រាវ​ជ្រាវ​ណា​មួយ ​បញ្ជាក់​ច្បាស់​​ពី​ប្រវត្តិ​ជាប់​ទាក់​ទង​នឹង​​មុខ​ម្ហូប​​​ទាំង​នេះ​ឡើយ​។ ឯកសារ​បរទេស​ជា​ច្រើន​ បាន​វាយតម្លៃ​យ៉ាង​ទាប​​មក​លើ​ម្ហូប​ខ្មែរ​​ថា ខ្មែរ​គ្មាន​ម្ហូប​ជា​របស់​ខ្លួន​ឯង​ទេ​ គឺ​ភាគ​ច្រើន​​ទទួល​ឥទ្ធិពល​ពី​ប្រទេស​ជិតខាង​​​​​ដូច​ជា​ ថៃ​ លាវ​ និង​វៀត​ណាម​​។ ក្នុង​នោះ​ តាម​រយៈ​ជន​ជាតិ​ចិន​​ក្នុង​ស្រុក,​ ខ្មែរ​ក៏​ទទួល​​​ឥទ្ធិពល​ពី​ប្រទេស​នេះ​មិន​តិច​ដែរ​។ មិន​តែ​ប៉ុណ្ណោះ​​ ឥទ្ធិពល​របស់​ប្រទេស​បារាំង​​​ ក៏​បាន​​ចាប់​ផ្តើម​លាប​ពណ៌​មក​លើ​ម្ហូប​ខ្មែរ​ តាំង​ពី​សម័យ​អាណា​និគម​មក​ម្ល៉េះ​​។

​​បើ​ក្រឡេក​មើល​ទៅ​ប្រទេស​ជិត​ខាង​យើង​ សម្រាប់​មុខ​​ម្ហូប​ អាម៉ុក​ ពិត​ជា​មិន​មែន​

អាម៉ុកថៃដូចអាម៉ុកខ្មែរបេះដាក់, រូបភាពដោយ GOOGLE.COM

មាន​តែ​នៅ​ខ្មែរ​នោះ​ទេ ប្រទេស​ថៃ​ និង​ប្រទេស​លាវ​ក៏​មាន​ដូច​គ្នា​។ ក្នុង​នោះ​ប្រទេស​ថៃ​ហៅ        ​អាម៉ុក​ថា «ហ​ហ្មុក»​ ឯប្រទេស​លាវ​ហៅ​ថា «ហ្មុក​»។ ទាក់​ទង​នឹង​ការ​ហៅ​ឈ្មោះ​នេះ​ វចនានុក្រម​ជួន​ណាត​ ទំព័រ​ ១៥១២ ​បោះ​ពុម្ព​​​ឆ្នាំ​ ១៩៦៧ បាន​​បញ្ជាក់​យ៉ាង​ច្បាស់​ថា គួរ​កុំ​ច្រឡំ​ហៅ​អាម៉ុក​ ព្រោះ​ជា​សម្តី​ពុំ​គួរ​សោះ​ឡើយ(អាស​គ្រាម​)​​។ ក្នុង​វចនា​នុក្រម​ដដែល​នេះ​​ បាន​សំណូម​ពរ​ឲ្យ​ហៅអាហារ​នេះ ​​​ដូច​​ថៃ​​ហៅ​ដែរ ​គឺ ​«ហ​ហ្មុក» ​​ដោយ​បាន​បញ្ជាក់​ពី​ប្រភព​កំណើត​​​របស់​ពាក្យ​នេះ​ថា ​​ជា​ពាក្យ​របស់​សៀម​ គឺ «​ហ​» មាន​ន័យ​ថា ខ្ចប់​ ឯ​ «ហ្មុក»​ ប្រែ​ថា កប់​។ ទន្ទឹម​នឹង​នេះ ​វចនា​នុក្រម​ជួន​ណាត​ បាន​ពន្យល់​យ៉ាង​លម្អិត​លើ​អត្ថន័យ​របស់​ពាក្យ​នេះ​ថា ជា​​ឈ្មោះ​ម្ហូប​មួយ​ប្រភេទ​ធ្វើ​ដោយ​ត្រី​ស្រស់​ផ្សំ​គ្រឿង ​មាន​កាពិ​បុក​និង​ខ្ទិះ​​ដូង​ជា​ដើម​ ​ដោយ​​គេ​​យ​ក​វា​ទៅ​ខ្ចប់​​ចំហុយ​ ដូច​ជា​ ហហ្មុក​ត្រី​រ៉ស់​​, ហហ្មុក​​ត្រី​អណ្តែង​ដាក់​ស្លឹក​ញ​។​

ផ្ទុយ​នឹង​ទស្សនៈ​របស់​សម្តេច​ព្រះ​សង្ឃរាជ​ជួន​ណាត អ្នក​ស្រី​ កែវ ​ច័ន្ទ​បូរណ៍ ​អ្នក​     និពន្ធ​ខ្មែ​រ​នៅ​សហរដ្ឋ​អាមេរិច ​បាន​ឲ្យ​ទស្សនៈ​ថា៖ «ខ្ញុំនៅ​មិនទទួលដដែលថា ពាក្យ​នេះ​ជា​ពាក្យ​សៀម ព្រោះថា ស្រុកយើងបានហៅឈ្មោះនេះពេញស្រុកខ្មែរ ជុំវិញទន្លេសាប ឬ     សូម្បី​​តែ​នៅ​ក្នុងតំបន់ ដែលមិនធ្លាប់មានសៀមកាន់កាប់។ ខ្មែរយើងខ្លះ​ ចូល​ចិត្ត​ឲ្យ​​តម្លៃ​ខ្ពស់​ទៅ​ប្រទេស​គេ ភាសាគេ វប្បធម៌​គេ​ ដោយការបង្អាប់ ឬបំបាត់ ចំណេះចេះដឹង ដែល​ជា​មូល​ដ្ឋាន ឫស​គល់ របស់ជាតិយើង។

អាម៉ុកលាវ, រូបភាពដោយ GOOGLE.COM

ទាក់​ទិន​នឹង​ប្រភព​ពាក្យ​នេះ​ គួរ​ឲ្យ​នឹក​ឆ្ងល់​ថា​ បើ «ហហ្មុក» ជាពាក្យខ្មែរ តើ «ហ» មួយម៉ាត់​ មាន​ន័យ​ដូច​ម្តេច​? ចុះ «ហ្មុក» វិញ? បើ​យោង​តាម​ការ​ប្រើ​ប្រាស់​​​​ជាក់​ស្តែង​ក្នុង​ភាសា​ថៃ​ ពាក្យ​ថា «ហហ្មុក» ​នេះ ​គឺពិត​ជា​ពាក្យ​ថៃ​ ដូច​វចនានុក្រម​ជួនណាត ​សរសេរ​​នោះ​ហើយ ព្រោះ​ថៃគេសរសេរថា «ห่อหมก» ហើយ​ដែល​ខ្មែរ​យើង​យក​ពាក្យ​គេ​មក​ប្រើ ដោយ​នៅ​រក្សា​តាមទម្រង់ដើមទាំងស្រុង។ ដូចពាក្យ «ห่อ» ទៅជា «ហ» និងពាក្យ «หมก» ទៅ​ជា «ហ្មុក» ដែល​សំខាន់​គឺ​ពាក្យ ​«ហ្មុក» ​ចុង​ក្រោយ​នេះ ដែល​មិនសរសេរជា «ម៉ុក» ព្រោះ​ថៃ​គេ​​សរសេរ មាន​ «ហ» នាំមុខ។ សម្រាប់ពាក្យថៃទាំង «ហ» ទាំង «ហ្មុក» ​​សុទ្ធ​តែ​មាន​ន័យ​ទាំង​អស់​គឺ​    «​ហ​»​ មាន​ន័យ​ថា​​ «វេច​ឬខ្ចប់» ឯ ​«​ហ្មុក» មាន​ន័យ​ថា «កប់, ដុត​ ឬ​ចំហុយ»​​ បើហហ្មុកត្រី គឺខ្ចប់ត្រីនេះឯង ដែលត្រូវនឹងន័យរបស់​​ម្ហូប​ខ្មែរដូចគ្នា គឺខ្ចប់ត្រីនៅក្នុងកន្ទោង​ស្លឹក​ចេក ឬ ស្លឹកញ​ ហើយដាក់ចំហុយ។

ដើម្បីនឹងឆ្លើយ​តប​​ចម្ងល់​នេះ អ្នក​ស្រី​ កែវ​ ច័ន្ទ​បូរណ៍ ​បាន​ផ្តល់​ការ​ពន្យល់​ថា៖ «ហហ្មុក ជាពាក្យកួយ ដែលមានសំនៀងដើមហៅថា លម៉ុ ឬ ឡាម៉ុ ជា​ពាក្យ​ខ្មែរ​ដើម​ម្ចាស់​ស្រុក​មួយក្រុម ដែលរស់នៅ នៅម្តុំខាងជើង និងម្តុំពាយព្យ នៃទន្លេសាបប្រទេស​ខ្មែរ ដែល​ជា​តំបន់បរិបូណ៌ ដោយភោគផលត្រី​ យកសាច់ត្រីធ្វើជាប្រហុក ធ្វើគ្រឿងផ្សំអាហារឆ្ងាញ់ៗ បាន​ច្រើន​បែប​ច្រើន​យ៉ាង មានទឹកគ្រឿង នំបញ្ចុកសម្ល​ខ្មែរ និងលម៉ុ នេះ ជាដើម។ សៀម​បាន​ចូល​មក​លុក​លុយ​ប្រទេស​យើង សម្លាប់អ្នកប្រាជ្ញយើង ហើយបានប្រមូល​ក្បួន​សាស្រ្តា​របស់​យើង​ជា​ច្រើន​ទៅ​ប្រ​ទេសគេ រួចសល់ខានប៉ុន្មានដែល​ស្ពាយ​មិន​រួចក៏​ដុត​ចោល ​ដើម្បី​បំបាត់​វប្បធម៌​​ដើម​របស់​យើង។ លុះចំណេរក្រោយមក យើងឃើញតែសៀវភៅដែលចេញ​ផ្សាយ​ពីប្រទេស​សៀម​មក​វិញ តែពុំមានចេញពីសៀវភៅ ដែល​តម្កល់​នៅ​ក្នុងប្រទេសយើង ដើម្បី​រក្សា​គ្រឹះ​មូល​ដ្ឋាន​ជាតិ ម៉្លោះហើយ យើងក៏ប្រែក្លាយទៅជនកម្ចី លួច​ខ្ចី​ពាក្យ​គេ​មក​ប្រើ​វិញ ដោយស្វ័យប្រវត្តិ។ ហើយ​នៅបច្ចុប្បន្ននេះទៀត តើ​យើង​មាន​សិក្សា​ទេថា តើ​ជាតិ​ខ្មែរ​កន្លង​មក​បាន​ត្រូវ​ឆ្លង​កាត់​សង្គ្រាម​ ដោយសារជាតិជិតខាង ឈ្លាន​ពានច្រើនប៉ុណ្ណា​? ហើយ​សង្គ្រាម​​​នី​មួយៗ បាន​ធ្វើ​ឲ្យ​អ្នកប្រាជ្ញខ្មែរស្លាប់អស់ប៉ុណ្ណា​? ហើយ បណ្ណាល័យ អក្សរសាស្រ្ត វប្បធម៌ជាតិខ្មែរ ត្រូវ​គេ​រំលត់រំលាយចោលអស់ប៉ុណ្ណា​ ដោយស្នាដៃបរទេសរំលត់ ឬ​ស្នាដៃ​បុគ្គល​ក្បត់ជាតិខ្លួន បំផ្លិច​បំផ្លាញ ព្រោះតែគេត្រេកថ្កើង ទទួលស្គាល់តែរបស់អ្វីៗ មកពី​បរទេស​ទាំងភាសា   វប្បធម៌ និង សម្ភារៈ។​»

ដូច​គ្នា​​នេះ​​ដែរ​ ​តាមរយៈ​សៀវភៅ ​Southeast Asian Food របស់​ Rosemary Brissenden  ​ដែល​បោះ​ពុម្ព​ក្នុង​ឆ្នាំ ​២០០៣ បាន​សរសេរ​​ក្នុង​ទំព័រ​ ៤៧០ ​​លើ​មុខ​ម្ហូ​ប​អាម៉ុក​ថា «This dish appears in much the same form in Cambodia, Laos and Thailand but had its own origin, I suspect, as a classic Khmer dish. Called “Ho Mok” in Thai​land and “Mawk” in Laos, it is often made there with egg to produce a savory custard. The egg version appear in Khmer cuisine too,…»(​ម្ហូប​នេះ​​គេ​​ឃើញ​មាន​ដូច​គ្នា​​នៅ​កម្ពុជា, លាវ និង​ថៃ​ ប៉ុន្តែ​មាន​លក្ខណៈ​ប្រចាំ​ជាតិ​របស់​គេ​រៀង​ៗ​ខ្លួន។ ចំពោះ​ខ្ញុំ​ ខ្ញុំ​ជឿ​ជាក់​ថាវា​​ជា​ម្ហូប​ដើម​របស់​ខ្មែរ​។​​​ ម្ហូប​នេះ​នៅ​ស្រុក​ថៃ​គេ​ហៅ​ថា «​ហហ្មុក» ឯ​នៅ​លាវ​គេ​ហៅ​ថា «​ហ្មុក» ដែល​ជា​ទូទៅ​គេ​ចម្អិន​ជាមួយ​ស៊ុត ​​ដើម្បីឲ្យ​​បាន​រស​ជាតិ​​​ស្អិត​ល្មួត។ ចំពោះ​អាម៉ុក​ធ្វើ​ដោយ​​ស៊ុត​ នៅ​ស្រុក​ខ្មែរ​ក៏គេ​​ឃើញ​មាន​ដែរ​…​)។

សៀវភៅដែលអះអាងថា អាម៉ុកមានដើមកំណើតនៅស្រុកខ្មែរ

ស្រប​គ្នា​នឹង​មតិ​អ្នក​ស្រី​ កែវ ​ច័ន្ទ​បូរណ៍​ សៀវភៅ​ដដែល​បាន​បញ្ជាក់​ក្នុង​ទំព័រ​​ ៤៥៨​ទៀត​ថា «​Given Cambodia’s history and its geographical position, it is not surprising to find that many of its dishes are similar to those from other parts of Southeast Asia. Indeed the impressive reach of the Khmer Empire, based at Angkor during the 9th to 15th centuries, over large sections of modern Thailand, Laos and present day Vietnam, raises the possibility that several of these dishes maybe Cambodian in origin.»​ (តាម​រយៈ​ប្រវត្តិសាស្ត្រ​ និង​ភូមិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ គ្មាន​អ្វី​ប្លែក​ទេ​ដែល​គេ​ឃើញ​ថា ម្ហូប​ជា​ច្រើន​របស់​ខ្មែរ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​​​គ្នា​ នឹង​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​​អាស៊ី​អាគ្នេហ៍​។ ជា​ការ​ពិត​ ​ ស្លាក​ស្នាម​ប្រវត្តិសាស្ត្រ​ ​នៃអាណាចក្រ​ខ្មែរ​​ ដែល​មាន​ទី​​តាំង​ក្នុង​តំបន់​អង្គរ ​ពី​​សតវត្ស​ទី ​៩ ​ដល់ ​១៥ ​បាន​វាត​ទី​​គ្រប​ដណ្តប់​លើ​តំបន់​ជា​ច្រើន ​ក្នុង​ប្រទេស​​​ថៃ លាវ​ និង​វៀត​ណាម​​បច្ចុបន្ន​ ដែល​ភស្តុ​តាង​នេះ​​​អាចឲ្យ​គេ​​អះអាង​បាន​ថា ​ម្ហូប​ទាំង​នោះ​​មាន​ប្រភព​ដើម​​នៅ​ប្រទេស​កម្ពុជា​។)

បើ​សង្កេត​លើ​លក្ខណៈ​រូប​រាង​ ​វិធី​ធ្វើ​ និង​ គ្រឿង​ផ្សំ​ អាម៉ុក​​របស់​ប្រទេស​ទាំង​បី​

6. អាម៉ុកម្ទេសរបស់លាវ, រូបភាពដោយ GOOGLE.COM

នេះ​ ក៏​ពុំ​មាន​លក្ខណៈ​អ្វី​​ខុស​គ្នា​​ច្រើន​ដែរ គឺ​​គ្រាន់​តែ​ខុស​លើ​ផ្នែក​រស​ជាតិ​ និង​រូប​រាង​ខ្លះៗ​ទៅ​តាម​តំបន់​ និង​ការ​និយម​របស់​​ជនជាតិ ​​ក្នុង​​ប្រទេស​នីមួយៗ​ប៉ុណ្ណោះ។ ដោយ​ឡែក​ ​ក្នុង​ប្រទេស​លាវ ​​គេ​ឃើញ​មាន​អាម៉ុក​​​ច្រើន​ប្រភេទ​ដូច​ជា ហ្មុក​ប៉ា(អាម៉ុក​ត្រី), ហ្មុក​ខៃ(អាម៉ុក​ស៊ុត), ហ្មុក​ប៉ាឌែក(អាម៉ុក​ប្រហុក​), ហ្មុក​ណម៉ៃ(អាម៉ុក​ទំពាំង​), ហ្មុក​ម៉ាក​ផេត​(អាម៉ុក​ម្ទេស​)… ខណៈ​ដែល​​ប្រទេស​ថៃ​ និង​ កម្ពុជា​ ពុំ​សូវ​និយម​លើ​​អាម៉ុក​បី​ប្រភេទ​ចុង​ក្រោយ​នេះ​ប៉ុន្មាន​ទេ​។

​ទាក់​ទិន​នឹង​វិធី​ធ្វើ​​នេះ​ អ្នក​ស្រី​កែវ​ ច័ន្ទ​​​ បូរណ៍​ បាន​ប្រាប់​ពី​ប្រវត្តិ​នៃ​ការ​ចម្អិន​អាម៉ុក​ខ្មែរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា៖ «កាលជំនាន់មុន គេច្រើនចំហុយអាហារនេះ ដោយសាច់ត្រី​ដំរី ប្រហុក ខ្ទិះដូង និង​គ្រឿង​សម្លខ្ទិះ តែដោយត្រីដំរីជាត្រីកម្រ អ្នកប្រាជ្ញជំនាន់ដើមបាន សរសេរប្រឌិត រឿង «មរណមាតា» ឡើង ដើម្បីខារខាំងចិត្តមនុស្សកុំឲ្យ​សម្លាប់ត្រីដំរី ព្រោះខ្លាច​បាត់​បង់​ពូជ​ត្រី​ជំពូកនេះ។ ដោយមូលហេតុនេះហើយ ទើប​យើង​ឃើញ​ចុង​ភៅ​សម័យ​ក្រោយៗ យក​សាច់​ត្រីរ៉ស់ ត្រីឆ្តោរ ធ្វើជំនួសវិញ។ លុះត្រីរ៉ស់ ត្រីឆ្តោរ កាន់​តែ​ពាយ​ទៅ ចុងភៅក៏ចេះតែច្នៃ​ប្រឌិតថែមទៀត ដោយដាក់សាច់មាន់ សាច់ត្រីឌៀប ត្រីផ្លានីន ជា​ដើម។»

សរុប​មក​ មាន​​​ការ​យល់​ឃើញ​ជា​ច្រើន​ទាក់​ទង​នឹង ​ប្រភព​កំណើត​របស់​ម្ហូប​ឈ្មោះ​ អាម៉ុក ឬ​ ហ​ហ្មុក​​​នេះ​។​ ​​យោង​តាម​ប្រវត្តិសាស្ត្រ​ មិន​តិច​នាក់​ទេ​បាន​ឲ្យ​តម្លៃ​​មក​លើ​ខ្មែរ​ ថា​ជា​ប្រទេស​ដើម​កំណើត​ នៃ​មុខ​ម្ហូប​ឈ្មោះ​អាម៉ុក​ និង​ម្ហូប​ដទៃៗ​ទៀត​។ ក្នុង​ស្មារតី​ជាតិ​និយម​   ទស្សនៈ​របស់​អ្នក​ស្រី ​កែវ ​ច័ន្ទ​បូរណ៍​ ជា​ទស្សនៈ​​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​។ តែ​បើ​យោង​តាម​ភស្តុតាង​លើ​ផ្នែក​ភាសា ​​ដែល​​​មាន​ប្រើ​​ជាក់​ស្តែង​​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ប្រភព​កំណើត​​របស់​អាម៉ុក​ ឬ​ហហ្មុក ​ក្នុង​វចនានុក្រម​ជួន​ណាត គួរ​តែ​អាច​យក​ជា​ការ​បាន​។ ដូច្នេះ​ អាម៉ុក​ ជា​ម្ហូប​ខ្មែរ​ដែល​ជាប់​ខ្សែ​ស្រលាយ​ថៃ​ ឬ​យ៉ាង​ណា​នោះ សូម​ប្រិយ​មិត្ត​ពិចារណា​ ដោយ​​​វិចារណញ្ញា​ណ ​តាម​ការ​គួរ​ផង​ចុះ៕

អត្ថបទ​​ដោយ​៖ សួង​ ម៉ាក់ (ផ្កាយ​ណូវែល)

Read Full Post »