Feeds:
ប្រកាស
មតិ

Posts Tagged ‘The Missed Call’


[17 June: 03: 45 AM]

ភាណុ បង្គាប់​តួ​រថយន្ត​ឲ្យ​បត់​ចូល​​មក​ផ្ទះ​សម្រាក​លំហែ​កាយ​​ចាស់​របស់​ លោក ភូមិ​បុល​ ដែល​ពេល​នេះ​ធ្លាក់​មក​ជា​មរតក​របស់​ សុខារី ទៅ​ហើយ​។

ថ្វី​បើ​ផ្ទះ​មាន​ខ្នាត​តូច តែ​ទំហំ​ដី​ធំទូលាយ​ ដ្បិត​នៅ​ក្នុង​បរិវេណ​​ជិត​ឧទ្យាន​ជាតិ​កណ្តាល​​ព្រៃ ​ខេត្ត​កំពង់​ស្ពឺ​។ លោក​ ភូមិបុល​ ធ្លាប់​និយាយ​ថា លោក​ទិញ​ផ្ទះ​នេះ​ទុក​​ដើម្បី​គេច​មក​សម្រាក​លំហែ​កាយ​ឲ្យ​ឆ្ងាយ​ពី​ភាព​អាប់​អួរ​របស់​ទីក្រុង​​។ ភាព​ស្ងប់​ស្ងាត់​​ ដែល​​ឃើញ​ក្នុង​ពេល​ព្រះ​អាទិត្យ​បាច​សាចស្រមោល​ពន្លឺ​​ មុន​ពេល​​​​អរុណ​​បែប​នេះ​ ធ្វើ​ឲ្យ​ទីនេះ​​ក្លាយ​ជា​ កណ្តោច​កណ្តែង​​​​គួរ​ឲ្យ​ព្រឺ​​​ឆ្អឹង​ខ្នង​។

«​នេះ​ឬ… ដែល​បង​ដាស់​ខ្ញុំ​ទាំង​កណ្តាល​យប់ ដើម្បី​នាំ​​មក​ទីនេះ?»

ក្រោយ​ពីយំ​​ខ្សឹក​ខ្សួល​រួច​​ សំឡេង​របស់​សុខារី​ នៅតែ​​មាន​ន័យ​​បញ្ជោះ​បោះ​បោក​​ដដែល​ មើល​ទៅដូច​ជា​មិន​ទាន់​បាត់​ខឹង​ងាយ​ៗ​នោះទេ។

«​មែន​ហើយ ​មក​ផ្ទះ​លំហែ​របស់​យើង​… ក្រែង​អូន​ប្រាប់​ថា ចង់​នៅ​តែ​ពីរ​នាក់​តាម​អំពើ​ចិត្ត​ខ្លះ​ មិន​មែនឬ?»

ភាណុ​និយាយ​ដើម្បី​យក​ចិត្ត​ តែ​ការ​ពិត​គឺ ​ចំហាយ​​ក្លិន​នៃ​​​​​ភាព​ភ័យ​ខ្លាច​ ដែល​នៅ​​តែ​តាម​​លង​​បន្លាច​​ឥត​ឈប់​។ គេ​ចង់​រត់​គេច​… ​ទៅ​​ទីណា​ក៏​បាន ​ដែល​ឆ្ងាយ​សែន​ឆ្ងាយ​​ ឆ្ងាយ​​ពី​ហ្វូង​​មនុស្ស​ រួម​ទាំង​…

នារី​​ម្នាក់​នោះ!!!

កាល​ពី​បី​ម៉ោង​មុន​… ក្រោយ​ពី​ត្រឡប់​ទៅ​ដល់​ផ្ទះ​ដោយ​អារម្មណ៍​រវើ​រវាយ ​​ដូច​គ្មាន​វិញ្ញាណ​នៅ​ក្នុង​ខ្លួន​​ កំលោះ​បាន​ឮ​សំឡេង​​របស់​សុខារី​ ដែល​ចុះ​មក​អង្គុយ​រង់​ចាំ​គេ​នៅជាន់​ក្រោម​ រអ៊ូ​រទាំ​​​ដោយ​សម្តី​តាន​តឹង​ តែ​ពុំ​បាន​ធ្វើ​ឲ្យ​គេ​​ចាប់​អារម្មណ៍​លើ​រឿង​នោះ​ទេ ភាណុ​ប្រញាប់​ប្រមូល​សម្លៀក​បំពាក់​​​របស់​គេនិង​​ភរិយា​​ ញាត់​ក្នុង​វ៉ាលិស​។ នៅពេល​សុខារី​សួរ គេ​ក៏​ឆ្លើយ​ថា៖

«​ទៅលំហែ​កាយ​​…»

«​ទៅ​លំហែ​កាយ​!?» ស្រស់​ស្រី​ផ្ទួន​ពាក្យ​ដោយ​ក្តី​​ងឿង​ឆ្ងល់​ និង​មិង​មាំង​​​យ៉ាង​ខ្លាំង​ តែ​នៅ​ពេល​ស្វាមី​ពោល​ប្រយោគ​បន្ទាប់​មក​ទៀត ទើប​អារម្មណ៍​នាង​ស្ងប់​ចុះ។

«​ទៅ​កន្លែង​ដែល​មាន​តែ​​យើង​ពីរ​នាក់​​​នោះអី!»

មើល​ទៅ​ប្រយោគ​ដែល​រើស​មក​ប្រើ​នេះ​​ ត្រូវ​ចិត្ត​ និង ​​តប​ស្នង​សេចក្តី​ត្រូវការ​របស់​សុខារី​​បាន​យ៉ាង​ខ្លាំង​​។ មួយ​រយៈ​ចុង​ក្រោយ​នេះ នាង​ភ័យ​ខ្លាច​​ការ​បោះ​បង់​ចោល​ដោយ​​គ្មាន​មូល​ហេតុ​​។ ជួន​កាល​ អាច​មក​ពី​កាយ​វិការ​ដែល​បង្ហាញ​ភាព​ធុញ​ទ្រាន់​​ និង​​ការ​គេច​​មុខ​របស់​ស្វាមី​ក៏​ថា​បាន​​។ នៅ​ពេល​ឮ​ប្តី​​ថា​ដូច្នោះ​ ​ស្រស់​​សុខារី​​ក៏​នៅ​ស្ងៀម​​ គ្មាន​ការ​តប​ត​អ្វី​ទៀត​​ ក្រៅ​ពី​ព្រម​ធ្វើ​តាម​ដោយ​សម្រួល​។

តាម​ធម្មតាផ្ទះ​លំហែ​នេះ ​​​តែង​មាន​​អ៊ំ​ស្រី​​ម្នាក់​​មក​មើល​ថែ​ ​និង​បោស​សម្អាត​ឲ្យ​​នៅ​ពេល​​ភាណុ​ទូរ​ស័ព្ទ​មក​រម្លឹក​មុន​ថា នឹង​មក​សម្រាក​នៅទីនេះ។​ ដូច្នេះ​ហើយ​ទើប​​គួរ​ឲ្យ​ចម្លែក​ដែល​​ថ្ងៃ​នេះ​ទោះ​​បី​ជា​គ្មាន​ការ​ប្រាប់​ទុក​ជា​មុន​ តែ​ផ្ទះ​​បែរ​ជា​ស្អាត​​ឈ្វង់ ប្រៀប​ដូច​​បាន​ត្រៀម​មុន​​ជា​ស្រេច​ដើម្បី​ទទួល​ស្វាគម​ន៍​គេ​។

«បង​អង្គុយ​សិន​ចុះ អូន​នឹង​ទៅ​ឆុង​ទឹក​ដោះ​គោ​ក្តៅៗ​យក​មក​ជូនពិសា​ ដើម្បី​បាន​គេង​លក់​ស្រួល​។»

ទោះ​បី​​ជា​ចុង​​សំឡេង​នៅ​រឹង​ខ្លះៗ តែ​​តាម​រយៈ​កាយវិការ​​ បង្ហាញ​ថា​​​ សុខារី​​ធូរស្បើយ​អារម្មណ៍​បាន​ច្រើ​នណាស់ ដូច​គ្នា​នេះ​ដែរ​ ភាណុ​ក៏​មាន​អារម្មណ៍​ស្ងប់​ជាង​មុន​​ បាន​យ៉ាង​ច្រើន​​គួរ​ឲ្យ​ចម្លែក​។

រយៈ​ពេល​ដែល​ភរិយា ​​ចូល​ទៅ​ក្នុង​ផ្ទះ​បាយ​ខាង​ក្រោយ​បាត់​ ភាណុ​​ក៏​ទម្លាក់កាយ​អង្គុយ​​​​ចុះ​​លើ​សាឡុង​ទន់​ល្មើយ​ ដាក់​ជើង​សណ្តូក​​លើ​តុ​ទទួល​ភ្ញៀវ​​ បន្ធូរ​អារម្មណ៍​ហត់​នឿយ​ ដោយ​លូក​​​យក​តេឡេ​​បញ្ជា​មក​ចុច​បើក​ទូរ​ទស្សន៍​មើល​​​បណ្តើរ​។

ខណៈ​នោះ​ កម្ម​វិធី​ផ្សាយ​​រំលង​អធ្រាត្រ​ ហាក់​ដូច​ជា​​កំពុង​មាន​ព័ត៌​មាន​ទាន់​ហេតុ​ការណ៍​ផ្សាយ​ជ្រែក​ចូល​មក​។

«​… នៅ​វេលា​ម៉ោង​ ១២​ និង​ ១០​នាទី​រំលង​អធ្រាត្រ​ថ្ងៃ​នេះ​ ក្រុម​ប៉ូលីស​បាន​ប្រមូល​កម្លាំង​​ទៅ​ដល់​កន្លែង​កើត​ហេតុ​ បរិវេណ​ផ្លូវ​វាង​​ក្នុង​សង្កាត់​ចោម​ចៅ​ បន្ទាប់​ពី​មាន​អ្នក​រស់​នៅ​ម្តុំ​​នោះ​ទូរស័ព្ទ​ប្តឹង​ប៉ូលីស​ថា មាន​ហេតុ​ការណ៍​​ឃាតកម្ម​​កើត​ឡើង​…»

រូប​ភាព​ព័ត៌មាន ​​ស្រពិច​ស្រពិល​មើល​មិន​ច្បាស់ ​ព្រោះ​​​ពេញ​មួយ​រយៈ​ពេល​នោះ មាន​តំណក់​​ភ្លៀង​​ជា​ខ្សែ​ធ្លាក់មក​បិទ​បាំង​​។ ភាណុ​គ្រាន់​តែ​មើល​ឃើញ​​ប៉ូលីស​ជា​ច្រើន​នាក់​​រត់​ឆ្លង​កាត់​ទៅ​មក​លើ​ដង​ផ្លូវ​​ដាច់​សង្វែងមួយ​​ ដែល​មើល​ទៅ​ ដូច​ជា​ធ្លាប់​ស្គាល់​​យ៉ាង​ចម្លែក​។ ក្រុម​​​ប៉ូលីស​ខ្លះ​ នាំ​គ្នា​លើក​សាក​សព​នារី​ម្នាក់​ … នៅ​ក្នុង​ឈុត​ពណ៌​ផ្ទៃ​មេឃ​ខ្ចី​…

«​… អ្នក​​ស្រុក​ដែល​ឃើញ​ហេតុការណ៍​​បាន​ប្រាប់​ថា បរិវេណ​នេះ​ជា​ផ្លូវ​ស្ងាត់​​ដែល​ច្រើន​​តែ​មាន​ហេតុឃាតកម្ម​កើត​ឡើង​រឿយ​ៗ។ ទាំង​នេះ​ ក៏​ដោយ​សារ​មាន​ក្រុម​ជន​អន្ធពាល​ប្រមូល​ផ្តុំ​គ្នា​​ជា​បក្ស​ពួក​យ៉ាង​កក​កុញ​​។ ចំពោះ​ក្រុម​ជន​​អន្ធពាល​ដែល​ចាប់​​ខ្លួន​បាន​នៅពេល​នេះ​មាន​ចំនួន​បី​នាក់​គឺ…»

ភ្លើង​ហ្វា​​ភ្លឺ​ចិញ្ចាច​ បញ្ចាំង​​ចំពី​មុខ​ជន​ជាប់​ចោ​ទ​ទាំង​បី​ ដែល​ត្រូវ​ចាប់​​ដាក់​ខ្នោះ​ដៃ​​ដើរ​រួញ​​ខ្លួន​ឈ្ងោក​មុខ​ឆ្លង​កាត់​កាមេរ៉ា​​។ ជន​ជាប់​ចោទ​ទី​១​ ជា​បុរស​រាង​ស្គម​ស្តើង​​​ ដូច​មនុស្ស​ញៀន​ថ្នាំ​ ឯ​ម្នាក់​ទៀត​មាឌ​ធំ​ខ្ពស់​ក្រអាញ​។ ជន​ទី​២​​នេះ​ ព្យាយាម​​លើក​ដៃ​​​បាំង​មុខ​ ដែល​​​ ចង្វាក់​​នោះ​ ធ្វើ​ឲ្យ​​គេ​សង្កេត​ឃើញ​មាន​​ស្នាម​សាក់​រូប​នាគ​រាជ​​នៅ​លើ​ដើម​ដៃ។

«​… និង​ជន​ជាប់​ចោ​ទ​ទី​៣​ គឺ​នាង​ សម​ សុជាតា​…»

មួយ​រំពេច​នោះ​ ​រាង​កាយ​របស់​ភាណុ​ ស្រាប់​តែ​ត្រឡប់​​ជា​រឹងស្តូក​​ស្តឹង​។ ​រូប​ភាព​​របស់​បុគ្គល​​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ ​ធ្វើ​ឲ្យ​គេ​បះរោម​ច្រាង​​ ស្ទើរ​តែដាច់​ផ្ងារ​ធ្លាក់​ពី​លើ​សាឡុង។​ បន្ទាប់​មក​ពេល​សម្រួល​អារម្មណ៍​បាន​ ភាព​ញ័ររញ្ជួយ​នៅ​ក្នុង​ទ្រូង ​​ក៏​លាន់​ខ្ទរ​រណ្តំ​ពេញ​ផ្ទះ​តូច​មួយ​នេះ។

គឺ​នាង!

នារី​រង​គ្រោះ​ម្នាក់​នោះ!!!

«​… ជន​ជាប់​ចោទ​ទាំង​បី​បាន​សារភាព​ថា ពួក​គេ​បាន​ប្រើ​វិធី​នេះ​យូរ​ និង​ច្រើន​ដង​មក​ហើយ​ ដោយ​រៀប​ចំ​ឆាក​ឲ្យ​អ្នក​ដំណើរ​​ ដែល​ឆ្លង​កាត់​​មក​ឃើញ​ យល់​ច្រឡំ​ថា នាង​ សម​ សុជាតា​ កំពុង​ត្រូវ​ជន​ពាល​ចាប់​រំលោភ​​​។ នៅពេល​​មាន​អ្នក​ដំណើរ​ឈប់​ចូល​មក​ជួយ​ ពួក​គេ​នឹង​ប្លន់​យក​របស់​មាន​តម្លៃ​។…»

«ចំណែក​អ្នក​ដែល​​ស្លាប់​​នេះ​​ ឧក្រិដ្ឋ​ជន​​បាន​​រាយ​ការណ៍​ថា​ ឃើញ​បើក​រថយន្ត​ជាប់​ផុង​​ម្នាក់​ឯង​កណ្តាល​ភ្លៀង​​ ទើប​​ឆ្លៀត​ឱកាស​នេះ​​​ ក្លែង​ធ្វើ​​ជា​ចូល​ទៅជួយ​ តែជន​រង​គ្រោះ​បាន​​ដឹង​ខ្លួន​មុន​ ក៏​ព្យាយាម​រត់​គេច​។ ចៃ​ដន្យ​មាន​រថយន្ត​​មួយ​គ្រឿង​​បើក​ឆ្លង​កាត់​ក្នុង​ទិស​​ដៅ​ផ្ទុយ​​គ្នា​ដោយ​ល្បឿន​​លឿន​ស្លេវ​​ មុជ​ក្បាល​មក​បុក​ជន​រង​គ្រោះ​ពេញ​ទំហឹង ​រហូត​ស្លាប់​នៅ​នឹង​កន្លែង​។ ឯ​បក្ស​ពួក​ខ្លួន​ក៏​ប្រញាប់​ទៅគាស់​រថយន្ត​ជន​រង​គ្រោះ​ ដើម្បី​យក​របស់​មាន​តម្លៃ​ តែ​សំណាង​អាក្រក់​​ប៉ូលីស​​​ក៏​មក​ទាន់​ ហើយ​ដេញ​ចាប់​ពួក​គេ​​បាន​មុន​។ ក្រៅ​ពី​នេះ បន្ទាប់​ពី​​ធ្វើ​​​ការ​ស៊ើប​សួរ​​លើក​ដំបូង​ ជន​ជាប់​​ចោទ​បាន​ផ្តល់​ការ​ណ៍​ថា​ បក្ស​ពួក​​ខ្លួន​បាន​ចាំ​ស្លាក​លេខ​រថយន្ត​ដែល​បើក​បុក​ជន​រង​គ្រោះ​នោះ​យ៉ាង​ច្បាស់ គឺ​​លេខ​…»

ស្ទើរ​តែ​មិន​បាច់​ស្តាប់​ ភាណុ​ដឹង​ច្បាស់​ដោយ​​ស្វ័យ​ប្រវត្តិ​។

ស្លាក​លេខ​​នោះ…

រថយន្ត​មួយ​គ្រឿង​នោះ…!!!

«​… នៅពេល​​ប៉ូលីស​ទាក់​ទង​​ទៅញាតិ​មិត្ត​របស់​ជន​រង​គ្រោះ តាម​លេខ​នៅ​ក្នុង​​ទូរស័ព្ទ​ដែល​ជន​រង​គ្រោះ​ក្តាប់​​​​ជាប់​​ក្នុង​ដៃ​ ហើយ​សន្និដ្ឋាន​ថា​ ពេល​កំពុង​កើត​ហេតុ​​បាន​ទាក់​ទង​សុំ​ការ​​ជួយ​សង្គ្រោះ​ ដោយ​មក​ជ្រាប​នៅ​ពេល​ក្រោយ​ថា​ ​លេខទូរស័ព្ទ​នោះ​ជា​លេខ​របស់​ស្វាមី​ជន​​រង​គ្រោះ​ផ្ទាល់​តែ​ម្តង​ តែ​ក្រោយ​ពី​ប៉ូលីស​ព្យាយាម​ទាក់​ទង​​ច្រើន​លើក​ច្រើន​សា​ហើយ ​តែ​មិន​មាន​ការ​ឆ្លើយ​តប​ ទើប​ទូរស័ព្ទ​ទៅ​ប្រាប់​មិត្ត​ស្រី​របស់​ជន​រង​គ្រោះ​​វិញ​។»

«​កញ្ញា​ កែវ​ កន្យា​ មិត្ត​ភក្តិ​ស្និទ្ធ​ស្នាល​​របស់​ជន​រង​គ្រោះ​ បាន​រាយ​ការណ៍​ថា ជន​រង​គ្រោះ​​​​ចូល​ចិត្ត​មាន​រឿង​ឈ្លោះ​​គ្នា ​ជាមួយ​ស្វាមី​ញឹក​ញាប់​​​ណាស់​ ជា​ពិសេស​មួយ​រយៈ​ចុង​ក្រោយ​នេះ។​ ក្រោយ​ពេល​ស្វាមី​ត្រឡប់​មក​ដល់​ផ្ទះ​យប់ៗ​ជ្រៅ​ ជន​រង​គ្រោះ​តែង​ចេញ​ទៅ​តាម​​រក​ស្វាមី​នៅ​តាម​រង្គ​សាល​ផ្សេង​ៗ​​ ដើម្បី​តាម​ត្រឡប់​មក​ផ្ទះ​​។ ក្រៅ​ពី​នេះ​បន្ទាប់​ពី​បាន​ជ្រាប​​ពី​ស្លាក​លេខ​រថយន្ត​​បង្ក​ហេតុ​ពី​ប៉ូលីស​ហើយ កញ្ញា​ កែវ​ កន្យា​ ក៏​អះ​អាង​ថា​ ជា​លេខ​រថយន្ត​របស់​ស្វាមី​ជន​រង​គ្រោះ​​យ៉ាង​ប្រាកដ​​។ ចុង​ក្រោយ​បំផុត​ ប៉ូលីស​ក៏​បាន​សរុប​រឿង​ក្តី​ថា ជា​ការ​រៀប​ចំ​ផែន​ការ​សម្លាប់​ភរិយា​ខ្លួន​ឯង​។»

«​… ចំពោះ​ឃាត​ក​ររូប​នេះ ទើប​តែ​បាន​ស្គាល់​ឈ្មោះ​នៅ​ពេល​ក្រោយ​នេះ​ថា… ឈ្មោះ វង្ស​ ភាណុ​…»

ប្រៀប​ដូច​ជា​បាត់​បង់​កម្លាំង​កំហែង​អស់​ពី​ក្នុង​ខ្លួន​ ភាណុ អង្គុយ​​ជ្រប់​នៅ​ក្នុង​សាឡុង​ ខ្យល់​ដង្ហើម​ដាច់ៗ​ហត់​ដង្ហក់​ដូច​មនុស្ស​ជិត​ដាច់​ខ្យល់​។ រូប​ភាព​នៅ​ចំពោះ​មុខ​ប្រែ​​ជា​ស្រអាប់​ខ្វល់​។

តើ​រឿង​នេះ​វា​កើត​ឡើង​​យ៉ាង​ម៉េច​???

«​បង! ទឹក​ដោះ​គោ​​បាន​ហើយ​ ញ៉ាំ​រួច​កាល​ណា​​​នឹង​អាល​បាន​សម្រាក​ អូន​ហត់​នឿយ​យក​តែ​មែន​ទែន​ហើយ​នៀក​។»

សំឡេង​របស់​… នរណា​… ចេញ​ពី​ផ្ទះ​បាយ​យ៉ាង​ផ្អែម​ត្រជាក់​ ​​តែ​មិន​មែន​​ជា​សំឡេង​​​ស្រែក​ទ្រគោះ​បោះ​បោក​ដូច​រាល់​លើក​។

ក្លិន​ទឹកដោះ​គោ​ក្តៅ សាយ​ភាយ​មក​ប៉ះ​ច្រមុះរឿយ​ៗ…

តែ​នៅ​ក្នុង​អារម្មណ៍​របស់​ភាណុ… វា​ធុំ​ស្អុយ​ ដូច​ក្លិន​ឆ្អាប​ឈាម!

***

វគ្គ

ភ្លៀង​រាំង​តាំង​ពី​ព្រឹក​ព្រលឹម​។ តាម​ផ្លូវ​​ក្រាល​កៅ​ស៊ូ​​ចេញ​ទៅ​​​ខាង​ក្រៅ​ក្រុង​ ជោរ​ជន់​ដោយ​​ថ្លុក​​ទឹក​ ឡើង​​​ពណ៌​ខ្មៅ​រលើប​ដូច​លាប​ខ្លាញ់​​​ ​។ ពន្លឺ​ព្រះ​អាទិត្យបាច​សាច​​លើ​ខ្នង​ថ្នល់​ចោល​​​​​រស្មី​ព្រាកៗ ចាំង​ឆ្លុះ​មក​ប៉ះ​ខ្សែ​ភ្នែក​បុរស​អនាថា​ម្នាក់ ហាក់​ដូច​ជា​កំពុង​បក់​ដៃ​ហៅ​គេ​ឲ្យ​ងាក​ត្រឡប់​មក​។

ក្លិន​ស្អុយ​ខ្មេះៗ​​ ភាយ​ចេញ​ពី​ខ្លួន និង​សម្លៀក​បំពាក់​​​​ស្មោក​គ្រោក​របស់​គេជា​រយៈ​ ព្រោះ​​​មិន​បាន​ងូត​ទឹក​រាប់​សិប​ថ្ងៃ​មក​ហើយ​​។ សក់​ខ្ញុក​ខ្ញូវ​បះ​កន្ទ្រើង ​​រេ​ទៅ​មក​តិចៗ ​ពេល​គេ​ផ្អៀង​​ក​មើល​វត្ថុ​ចម្លែក​ដែល​បញ្ចេញ​សំឡេង​ស្រែក​​ «ទីត!… ទីត!!!…» នៅ​​ក្បែរ​មាត់​ផ្លូវ​។

ដំបូង គេ​​សាក​យក​មក​ខាំ​​មើល​ដើម្បី​បរិភោគ​បាន តែ​គួរ​ឲ្យ​សោក​ស្តាយ​ដែល​មិន​​​  អាច​។ គេ​ចាត់​ទុក​វា​ជា​រឿងសប្បាយ​ ព្រោះ​វត្ថុ​នោះ​ចេះ​ស្រែក​ចេះ​ញ័រ​​មិន​ព្រមឈប់​។ ចុង​​ក្រោយ​​ នៅ​ពេល​សាក​ចុច​ចុះ​ចុច​ឡើង​​ផ្តេស​ផ្តាស​ ហើយ​យក​មក​ដាក់​ក្បែរ​ត្រចៀក​ គេ​ក៏​បាន​ឮ​​សំឡេង​ស្រែក​របស់​បុរស​ម្នាក់​។ សំឡេងនោះ​កំប្លែង​ណាស់… កំប្លែង​ព្រោះ​វាឮ​សូរ​​ស្រាលៗ​ ដូច​បុរស​ម្នាក់​នោះ​កំពុង​តែ​ឈប់​ដក​ដង្ហើម​ ដោយ​​ម្ចាស់​សំឡេង​ស្រែក​ថា…

«​ជ…​ ជួយ​ផង…!!!»

***

ចប់

ដោយសាររឿងនេះ

អ្នកនិពន្ធសរសេរបែបឆ្លាស់ហេតុការណ៍គ្នាស្មុគស្មាញបន្តិច

ដូច្នេះប្រហែលជាធ្វើឲ្យអ្នកអានច្រើនគ្នា​​មិនយល់ពីសាច់រឿងបាន

វិធីតែមួយដើម្បីយល់គឺសូមពិនិត្យកាលបរិច្ឆេទ

ដែលហេតុការណ៍នីមួយៗកើតឡើងឲ្យច្បាស់

នោះពិតជាយល់មិនខាន

P.S: អ្នកនិពន្ធសរសេរបែបនេះ គឺដើម្បីការពារមនុស្សដែលចូលចិត្តអានរំលង​!! ^^

អ្នកដែលអានចប់ហើយសូមសរសេរComment​ផងបើមិនដូច្នោះអ្នកនិពន្ធនឹងឲ្យមិត្តភក្តិកំបុតក្បាលទៅលេងជាមួយហើយ!!! ហុហុហុ

Read Full Post »


Some calls are best left unanswered…

[09 June: 22: 45 PM]

ភ្លៀង​ធ្លាក់​ខ្ជោកៗ​តាំង​ពី​ក្បាល​ព្រលប់​ ហើយ​សូម្បី​តែ​ពេល​នេះ ​​ក៏​គ្មាន​​សញ្ញា​ថា​នឹង​ឈប់​​ធ្លាក់​។

ភាណុ​ ឈ្ងោក​​រក​មើល​​​​ស្លាក​សញ្ញា​ប្រាប់​ផ្លូវ​​ដោយ​​ខ្សែ​ភ្នែក​​​មមីរ​ នឹក​បន្ទោស​ខ្លួន​ឯង​ថា​មិន​គួរ​​ណា​ជ្រុល​ខ្លួន​ បើក​មក​តាម​ស្លាក​សញ្ញា​​ចង្អុល​ប្រាប់​ផ្លូវ​វាង ​​​​​នៅ​ខាង​មុខ​នោះ​​សោះ។

រថ​យន្ត​ធ្វើ​ចលនា​ទៅ​មុខ​​គើម​ៗ​ ព្រោះ​មិន​សូវ​ស្គាល់​ផ្លូវ​។ ទោះ​បី​ជា​ចិត្ត​ទាម​ទារ​ចង់​ត្រឡប់​​​ទៅ​​ផ្ទះ​​ឲ្យ​​បាន​លឿន​យ៉ាង​ណា​ តែ​​រថយន្ត​បែរជា​កាន់​តែ​យឺត​ទៅៗ។ ភាព​តប់​ប្រមល់​នាំ​ឲ្យ​ចិត្ត​នឹក​បន្ទោស​ដល់​កូន​ចៅ​​ម្តង​ទៀត ​ដែល​ឃាត់​គេ​ឲ្យ​នៅ​ផឹក​ស៊ី​​ក្នុង​រង្គសាល​នោះ​ យូរ​ជ្រុល​ពេក​​ ទោះ​បី​ជា​យូរ​ៗ​ម្តង​ ​ទើប​មាន​ការ​​ផឹក​ស៊ី​ជួប​ជុំ​គ្នា​ក៏​ដោយ​ ព្រោះ​ព្រឹក​ស្អែក​នេះ​ គេ​មាន​ណាត់​ប្រជុំ​សំខាន់​តាំង​ពី​ព្រលឹម​។

រថយន្ត​នៅ​តែ​បន្ត​វារ​គើម​ៗ​នៅ​លើ​ដង​ផ្លូវ​មួយ​នេះ ​ទាំង​រអិល​​ ទាំង​មាន​ជង្ហុក​គន្លិក​គន្លាក់​​​​។ អ្នក​កំលោះ​ស្ទើរ​តែ​ភ្ញាក់​ដាច់​ផ្ងារ ​​នៅពេល​សំឡេង​ទូរស័ព្ទ​លាន់​ឡើង​ លុះ​លើក​មក​មើល​ក៏​ឃើញ​​ជា​លេខ​របស់​សុខារី​។

​ភាណុ​គ្រវី​ក្បាល​ដក​ដង្ហើម​ធំ​មុន​នឹង​​ចុច​ទូរស័ព្ទ​បិទ​ រួច​ដៀង​ភ្នែក​រក​មើល​​ស្លាក​សញ្ញា​ប្រាប់​ផ្លូវ​បន្ត​​ ។

«​ទីត​!… ទីត!…»

សំឡេង​ទូរស័ព្ទ​លាន់​ឡើង​ រំខាន​អារម្មណ៍​ម្តង​ទៀត​។ ភាណុ​មិន​ចាប់​អារម្មណ៍​​​ ដក​​​​​​ដង្ហើម​​​​ធុំ​​ស្រា​ហួង​ប៉ះ​​ខ្នង​ដៃ ដែល​កំពុង​​កាន់​​ចង្កូត​ឡាន។​ ចិញ្ចើម​ជ្រួញ​ចូល​គ្នា​​ នៅ​ពេល​ឃើញ​​ថា​ នៅ​ខាង​មុខ​ឆ្ងាយ​ទៀត​​ ចាប់​ផ្តើម​មាន​ភ្លើង​អំពូល​​ភ្លុងៗ​ចេញ​ពី​ផ្ទះ​​​​​ក្នុង​ព្រៃ​ក្បែរ​ផ្លូវ។

មិន​ឆ្ងាយ​ទៀត​ ប្រហែល​ជា​មាន​ផ្លូវ​ចេញ​​មិន​ខាន​…

រថយន្ត​​​​បោះ​ពួយ​ទៅ​មុខ​លឿន​ជាង​មុន​ នៅ​ពេល​​មាន​ការ​​ជឿ​ជាក់​ដូច្នោះ​។ ភ្លើង​ហ្វា​​រថយន្ត​​​ចាំង​ឆ្លុះ​ជាមួយ​​ផ្លេក​បន្ទោរ​​មួយ​ខ្វាប់​ ធ្វើ​ឲ្យ​​មើល​​ឃើញ​​ថា​ ឆ្ងាយ​ពី​នេះ​មិន​ប៉ុន្មាន​ម៉ែត្រ​ មាន​ទូទូរស័ព្ទ​សាធារណៈ​​បញ្ឈរ​​នៅ​មាត់​ផ្លូវ​​។

«​ទីត!… ទីត!…»

សំឡេង​ទូរស័ព្ទ​ដៃ​លាន់​ឮ​ម្តង​ទៀត​​។ លើក​នេះ​​​ ភាណុ​អស់​ភាព​អត់​ធន់​ កំលោះ​ស្រវា​ចាប់​​ទូរស័ព្ទ​​​មក​ផ្អឹប​ក្បែរ​ត្រចៀក ​​ដោយ​មិន​បាច់​មើល​លេខ​ទូរស័ព្ទ​ តាំង​ចិត្ត​ថា​នឹង​ជះ​កំហឹង​​​មួ​ម៉ៅ​​ដាក់​ភរិយា​​ ដែល​​ខល​មក​​មិន​ចេះ​ស្គាល់​ពេលវេលា​បែប​នេះ​ តែ​ខណៈ​នោះ​ខ្សែ​ភ្នែក​របស់​​គេ​បាន​​ក្រឡេក​ទៅ​ឃើញ​រូប​ភាព​អ្វី​ម្យ៉ាង​មុន​។

វិនាទី​ដែល​រថយន្ត​បើក​​ឆ្លង​កាត់​​ទូទូរស័ព្ទ​ ភ្លើង​ហ្វា​ក៏​​ចាំង​ឆ្លុះលុប​ភាព​ងងឹត​ បំ​ភ្លឺ​​បរិវេណ​​​​នោះ​បាន​មួយ​ភ្លែត​។ អ្នក​កំលោះ​ឃើញ​ថា ​នៅ​ខាង​ក្នុង​ទូកញ្ចក់​ដ៏​តូច​មួយ​នោះ​ មាន​រាង​​កាយ​មនុស្ស​បី​នាក់​​​កំពុង​ប្រជ្រៀត​គ្នា​នៅ​ក្នុង​នោះ​។

មាន​បុរស​មាឌ​ធំ​ឈរ​ពាំង​ពី​មុខ​មាត់​ទ្វារ​ ក្នុង​កណ្តាប់​ដៃ​ធំៗ​​ ដែល​​មាន​សាក់​​រូប​នាគ​​នៅលើ​​ដើម​ដៃ​ មាន​កាន់​កាំ​បិត​ខ្លី​មួយ​​ប្រវែង​មួយ​ចម្អាម​​ដៃ​ កំពុង​​ភ្ជង់​ក​នារី​ម្នាក់​​ដែល​ត្រូវ​ក្រៀក​​ជាប់​នៅ​កណ្តាល​គេ​ ឈាម​​ហូរ​សស្រាក់​មិន​ដឹង​ថា ​គ្រាន់​តែ​មុត​​ ឬ​​ដល់​ថ្នាក់​ចាក់​ទម្លុះ​​​នោះទេ។ នៅ​ពី​​មុខ​នាង​មាន​បុរស​ម្នាក់​ទៀត​ ​លុត​ជង្គង់ទ្រោប​ពី​លើ​ខ្លួន​នាង​​ ​​កំពុង​ធ្វើ​ចលនា​មុជ​​ងើបៗ​​មិន​ប្រណី​។ ឈាម​ក្រហម​ច្រាល​ ហូរ​ជា​ខ្សែ​តាម​គល់​ភ្លៅ​​ស​ម៉ដ្ឋ​ខៃ ​​ប្រឡាក់​សំពត់​ដែល​សើយឡើង​ផុត​​ទៅលើ​។

អារម្មណ៍​ដែល​កំពុង​​ត្រេក​ត្រអាល​​ ធ្វើ​ឲ្យ​ឧក្រិដ្ឋជន​​ទាំង​ពីរ​មិន​បាន​ចាប់​ភ្លឹក​ថា​ មាន​មនុស្ស​បាន​ឃើញ​ទេ​​ គឺ​មាន​តែ​នារី​រង​គ្រោះ​ប៉ុណ្ណោះ​ ដែល​ត្រូវ​បង្ខំ​​​ឲ្យ​​បែរ​មុខ​មក​​ដោយ​ការ​​​​ចាប់​ក្របួច​សក់​ឡើង​ កែវ​ភ្នែក​ដែល​ជោក​ជាំ​ដោយ​ទឹក​របស់​នាង​​បើក​ធំៗ​ ដោយ​ក្តី​ស្លន់​ស្លោ។ ក្នុង​ដៃ​ ដែល​ដំបូង​កាន់​ទូរស័ព្ទ​ដាក់​ផ្អឹបក្បែរ​​​ត្រចៀក​ ហាក់​កំពុង​ប្រវេប្រវា​សុំ​ការ​ជួយ​សង្គ្រោះ​​​កាន់​តែ​ខ្លាំង​ឡើង​ នៅពេល​ឃើញ​ថា​​ មាន​ខ្សែ​ភ្នែក​មួយ​គូ​ពី​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​​ កំពុង​សម្លឹង​មក​នាង​។

មួយ​រំពេច​ ដែល​សេចក្តី​អង្វរ​ករ​​ច្រាល​ច្របល់​ចេញ​មក​ បបូរ​មាត់​ប្រឡាក់​ឈាម​ញ័រ​រញ្ជួយ​កម្រើក​ចេញ​ជា​សំឡេង​ ដែល​​មាន​សេចក្តី​ដូច​គ្នា​នឹង​សំឡេង​ចេញ​ពី​ទូរស័ព្ទ​ ដែល​លាន់​​ឡើង​។

«​ជ… ជួយ​ផង​!!!»

***

 

[16 June: 23: 55 PM]

«​ទីត!… ទីត!!!…»

សុខៗ​ទូរស័ព្ទ​ក៏​លាន់​ឡើង​ ព្រម​ជាមួយ​ទិដ្ឋ​ភាព​តាម​ដង​ផ្លូវ​ខាង​មុខ ​ដែល​​ដូច​​ជា​ធ្លាប់​ស្គាល់​ជាង​មុន​​។ មែន​ហើយ! ភាណុ​ចាំ​ច្បាស់​ណាស់… ចេញ​ផុត​តែ​ពី​ស្រមោល​​គុម្ពោត​ព្រៃ​​​​ខ្មៅ​ស្ទង់​ៗ​ ដែល​លេច​ធ្លោ​ចេញ​មកដូច​ក្រញាំ​បិសាច​​នេះ​បន្តិច​ នឹង​ដល់​​ទូ​ទូរស័ព្ទ​​សាធារណៈ​​​​ដែល​គេ​បើក​កាត់​កាល​ពី​ថ្ងៃ​មុន​ហើយ​។

«​ទីត!… ទីត!!!…»

ថ្វី​បើ​មិន​ចង់​គិត តែ​​រូប​ភាព​ស្រមើ​ស្រមៃ​នៅ​ក្នុង​ខួរ​ក្បាល​ ក៏​លេច​ឡើង​យ៉ាង​ច្បាស់​​​ទែង​ដោយ​​មិន​អាច​បង្គាប់​បាន​។

«​ទីត!… ទីត!!!…»

ថ្ងៃ​នោះ… ភាណុ មិន​បាន​ចុះ​ពី​រថយន្ត​ទេ តែ​ត្រឡប់​ជា​សម្រេច​ចិត្ត​​បន្ថែម​ល្បឿន​បើក​គេច​ទៅ​មុខ​យ៉ាង​រហ័ស​។

«​ទីត!… ទីត!!!…»

តើ​​មាន​អ្វី​កើត​ឡើង​ ចំពោះ​នារី​រង​គ្រោះ​ម្នាក់​នោះ?

«​ទីត!… ទីត!!!…»

ហេតុ​អ្វី​ថ្ងៃ​នោះ គេ​មិន​ចុះ​ទៅជួយ​នាង? មិន​ជួយ​… សូម្បី​តែ​ទូរស័ព្ទ​ទៅ​​ប្តឹង​ប៉ូលីស!

«​ទីត!… ទីត!!!…»

​​គ្រាន់​តែ​ភាព​ភ័យ​តក់​ស្លុត និង​ឫទ្ធិ​របស់​សុរា​… ក៏​​បំផ្លាញ​ជីវិត​​នារី​ម្នាក់ ​បាន​ទៅ​ហើយ​ឬ?

«​​គេនិយាយថា អ្នកដែលស្លាប់​​​​​​ទៅហើយនឹងដឹង​​ថាខ្លួនឯងស្លាប់​​ក្រោយ​​​ពេលកន្លងទៅ​​បានថ្ងៃ​​…»

ចុះ​បើ​អ្នក​ស្លាប់​នោះ​ ជា​នារី​ម្នាក់​នោះ?

«​នាងនឹងត្រឡប់មកកន្លែងដែលបាន​​ដិតដាមជាមួយពេលនៅរស់​​!!!»

ដូច្នេះ​ អ្នក​ដែល​គួរ​​ចង​គំនុំ​​បំផុត ​គឺ​នរណា???

ឆាំង!!!… ឆាំង​!!!

រន្ទះ​បាញ់​លាន់​ខ្ទរ​ដី​ ក្នុង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ថ្ងៃ​កើត​ហេតុ​។ ភ្លើង​ហ្វា​រថយន្ត​បាញ់​ជះ​ចំ​ទូទូរស័ព្ទ​​ដែល​ទទេ​ស្អាត​​។ ខណៈ​ពេល​ដែល​បើក​ឆ្លង​កាត់​ ល្បឿន​រថយន្ត​ហាក់​ដូច​ជា​យឺត​ចុះ​ជា​លំដាប់។​ ទោះ​បី​ជា​ចង់​បិទ​ភ្នែក​ គេច​មុខ​ចេញ​ តែ​អំណាច​អ្វី​ម្យ៉ាង​បាន​បង្គាប់​​ឲ្យ​ភាណុ​​ចាំ​បាច់​ត្រូវ​តែ​​សម្លឹង​ទៅ​កាន់​ទូ​នោះ។

រំពេច​នោះ​ ​ទឹក​ភ្លៀង​ដែល​ហូរ​ស្រោច​លើ​កញ្ចក់​ទូទូរស័ព្ទ​ ​ស្រាប់​តែ​ប្រែ​​​ជា​ពណ៌​​ក្រហម​​ច្រាល។ ភាណុ​ បះ​រោម​ច្រាង​ ខណៈ​ដែល​ឮ​សំឡេង​​បេះ​ដូង​ខ្លួន​ឯង​លោត​កន្ត្រាក់​ខ្ទរ​​ពេញ​ទ្រូង​ តែ​ចង្វាក់​របស់​វា​ត្រឡប់​ជា​យឺត​ចុះ​ជាលំដាប់​ ដូច​គ្នា​នឹង​​ល្បឿន​របស់​រថយន្ត​ដែរ​។ ដៃ​​របស់​គេ​ចាប់​ផ្តើម​ញ័រ​… ហេតុ​អ្វី​ មិន​ឆ្លង​ឲ្យ​ផុត​ពី​ទូទូរស័ព្ទ​នេះ​ឲ្យ​ឆាប់ៗ​ទៅ!! ញើស​ហូរ​ជោក​ថ្ងាស​ សំឡេង​​ទូរស័ព្ទ​នៅ​លាន់​រណ្តំ​ ប្រណាំង​គ្នា​នឹង​សំឡេង​​ភ្លៀង​ធ្លាក់​។

«​ទីត!… ទីត!!!…»

មួយ​ដង្ហើម​ក្រោយ​មក​… បន្ទាប់​ពី​ឆ្លង​កាត់​ទូទូរស័ព្ទ​មរណៈ​យ៉ាង​គើម​ៗ ភាណុ​មើល​តាម​កញ្ចក់​ក្រោយ​ឃើញ​ថា…

នៅ​បាំង​អង្គុយ​ខាង​ក្រោយ​ មាន​លេច​រូប​នារី​ម្នាក់​!

នារី​​ម្នាក់​នោះ​ អង្គុយ​​ងើយ​មុខ​ផ្អៀង​​ក​ ដូច​​ពេល​គេ​ចាប់​ក្របួច​សក់​នាង​​ឡើង​លើ ​​ក្នុង​ពេល​​ស្លាប់​បេះ​បិទ​។ ផ្ទៃ​មុខ​ស្លេក​ស្លាំង​ រហូតក្លាយ​ជាពណ៌​ខៀវ​​លាយ​ស្វាយ​ ​តែ​ត្រូវ​បិទ​បាំង​ដោយ​សក់​វែងៗ​​ សើម​ជោក​បិទ​គ្រប​មុខ​មួយ​ចំហៀង​ បើក​ចំហ​តែ​ត្រង់​កែវ​ភ្នែក​ខាង​ឆ្វេង​​ ដែល​កំពុង​បើក​ក្រឡើត​ក្រហម​ឆេះ​។ ម្ចាស់​រាង​កាយ​រំកិល​ខ្លួន​គើម​ៗ​ ចូល​មក​ជិត​បាំង​អង្គុយ​ខាងមុខ​។  ក្បាល​រុល​ត្រសុល​​យឺតៗ​ចូល​ទៅ​ក្បែរ​ត្រចៀក​អ្នក​កំលោះ​។ វិនាទី​ដែល​រាង​​កាយ​​រឹង​ស្តូក​ដូច​ដុំ​ថ្ម​ ភាណុ​​ទទួល​អារម្មណ៍​ដឹង​ដល់​ភាព​ត្រជាក់​​របស់​ដៃ​​ ដែល​ដាក់​ពី​លើ​ដៃ​​គេ​​។ បន្ទាប់​ពី​នោះ​ក៏​បញ្ជា​ឲ្យ​បុរស​លើក​ទូរស័ព្ទ ​ដែល​កំពុង​​លង​បន្លា​ច​ដោយ​សំឡេង​រោទ៍ ​យក​​មក​​ចុច​ទទួល​ដាក់​ផ្អឹប​ត្រចៀក​។

កែវ​​ភ្នែក​ដែល​ដៀង​ទៅ​ខាង​ឆ្វេង​ មើល​​ឃើញ​យ៉ាង​ច្បាស់​​ថា បបូរ​មាត់​​ប្រឡាក់​ឈាម​នោះ​​កំពុង​កម្រើក​​ព្រម​គ្នា​នឹង​សំឡេង​​ស្រែក​ចេញ​ពី​ទូរស័ព្ទ​។

«​ជ… ជួយ​ផង​!!!»

មិន​ទាន់​ចប់​ប្រយោគ​ផង​ ស្រាប់​តែ​មាន​រូប​ភាព​ម្យ៉ាង ​រត់​​ចូល​មក​ក្នុង​ភ្នែក​​ភាណុ​ដូច​​​​ភាព​យន្ត​​3D​។ អ្វី​ម្យ៉ាង​នៅ​ពី​មុខ​រថយន្ត​​ ទាញ​ខ្សែ​ភ្នែក​គេ​ឲ្យ​​ងាក​ត្រឡប់​មក​វិញ​ ប្រៀប​ដូច​ត្រូវ​មន្ត​សណ្តំ​។

រាង​កាយ​​មួយ​នៅ​ក្នុង​ឈុត​ពណ៌​ផ្ទៃ​មេឃ​ខ្ចី​​ ត្រូវ​រថយន្ត​បុក​ចំ​ពី​មុខ​ពេញ​ទំហឹង​​លាន់​គ្រាំង ​​​​ខ្ទាត​ផ្លោង​ពី​ក្បាល​រថយន្ត​ឡើង​មក​លើ​ដំបូល​ ហើយ​រមៀល​ធ្លាក់​ទៅ​​លើ​កញ្ចក់​ខាង​ក្រោយ​​ រួច​​បន្ត​សម្រូត​ចុះ​ក្រោម​​ដូច​មាន​នរណា​ចាប់​អូស​ជើង​ រហូត​ធ្លាក់​ដល់​ដី។ សក់​​វែង​ខ្មៅ​ប៉ើង​រតាត់​​រតាយ​​ ដៃ​​ស្តាំ​បោះ​ច្រងាង​​មក​មុខ​​​ មើល​ទៅ​ដូច​កំពុងឃាត់​​ហៅ​​ឲ្យ​រង់​ចាំ​ ដើម្បី​​សុំ​ការ​​ជួយ​សង្គ្រោះ​។

ឈាម​ក្រហម​ច្រាល​លើ​​​រថយន្ត​​ ត្រូវ​ទឹក​ភ្លៀង​លាង​ជម្រះ​​អស់​។ ភាណុ ​រឹង​ខ្លួន​ស្តូក​​ប្រញាប់​​​​ចុច​ទូរស័ព្ទ​បិទ ​ហើយ​យក​ទុក​កន្លែង​ដើម​វិញ​ ដូច​មាន​អ្នក​បង្គាប់​បញ្ជា​។

***

សូម​អាន​ឲ្យ​ប្រយ័ត្ន​ប្រយែង​ព្រោះ​វគ្គ​​បញ្ចប់.. ​​នឹង​​ធ្វើ​ឲ្យ​លោក​អ្នក​​បះ​សក់​!!!

Read Full Post »


Some calls are best left unanswered…

វគ្គ​២

អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​​គ្រា​ដំបូង ​​នៅ​ក្នុង​ក្រុម​ហ៊ុន​ធំ​មួយ​​កណ្តាល​ទី​ក្រុង​។​ សុខារី​ត្រូវ​គ្រាប់​​ព្រួញ​​របស់​ព្រះ​កាម​ទេព​​​​​ភ្លាម​ៗ​ ​ដោយ​គ្រាន់​តែ​បាន​​ណែ​នាំ​ខ្លួន​​ស្គាល់​គ្នា ​​នឹង​​កំលោះ​ឈ្មោះ​ ភាណុ​​… បុគ្គលិក​​​​ហិរញ្ញ​វត្ថុ​​​ដែលមិន​ត្រឹម​តែ​​ពូកែ​ តែ​ថែម​ទាំង​មាន​រូប​រាង​ស្រស់​​សង្ហា​​ទៀត​ផង​។ អនាគត​ត្រចះ​ត្រចង់​​របស់​គេ​​ ធ្វើ​ឲ្យ​លោក​ ភូមិបុល អ្នក​​គ្រប់​គ្រង​ធំ​របស់​​ក្រុម​ហ៊ុន​​កោត​សរសើរ​ រហូត​​ណែ​នាំ​កូន​ស្រី​តែ​ម្នាក់​របស់​ខ្លួន​​ឲ្យ​បាន​ស្គាល់​​រាប់​អាន​គ្នា​​នឹង​អ្នក​កំលោះ​។

ទោះ​បី​ជា​មានដើម​កំណើត​​ ចេញ​ពីគ្រួសារ​​ដែល​គ្មាន​វង្ស​ត្រកូល​​អ្វី​ល្អ​… ​គឺ​គ្រាន់​តែ​ជា​​កំលោះ​ស្រុក​ស្រែ​ដ៏​ក្រី​ក្រ​ម្នាក់​​​មក​ពីតាម​ខេត្ត​ ថែម​ទាំង​កំព្រា​ឪពុក​តាំង​ពី​កំណើត​ទៀត​ តែ​​​អតីត​​កាល ​​ក៏​មិនមែន​ជា​វត្ថុ​គូស​ដៅ​​កំណត់​អនាគត​​ដែរ​។ ​លោក​ ភូមិបុល​ គិត​ថា ​អ្នក​​ដែល​អាច​កំណត់​​វាសនា​មនុស្ស​បាន​​ គឺមាន​តែ​​សាមី​ខ្លួន​​​ផ្ទាល់នេះ​ឯង​​។

​អតីតកាល​របស់​អ្នក​ក្រោម​បង្គាប់​ឈ្មោះ ភាណុ​ ក៏​ត្រូវ​មើល​រំលង​ដោយ​​ចំនួន​​ពិន្ទុ​ក្រេឌីត ​​​ដែល​ស្ទើរ​តែ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​មហា​វិទ្យាល័យ​​។ នៅពេល​ពិនិត្យ​មើល​ប្រវត្តិ​ការ​សិក្សា​​របស់​​គេ​ឃើញ​ថា​​ អ្នក​កំលោះ​គឺ​​ជា​សិស្ស​ពូកែ​តាំង​ពី​រៀន​នៅ​វិទ្យាល័យ​​ រហូត​បាន​ទទួល​​អាហារូបករណ៍​ មក​រៀន​នៅ​សាកល​វិទ្យាល័យ​លំដាប់​លេខ​១​របស់​ប្រទេស ក្នុង​ក្រុង​ភ្នំពេញ​​។

នៅ​ក្នុង​ខ្សែ​ភ្នែក​របស់​បុរស​ជា​ឪពុក​ ភាណុ​ គឺ​ជា​យុវជន​​សម័យ​ថ្មី​ដែល​​ពោរ​ពេញ​ទៅ ដោយ​សមត្ថភាព​​ និង​សក្តានុពល​ដែល​គួរ​ឲ្យ​យក​គំរូ​តាម​ ឧស្សាហ៍​ព្យាយាម​ ហ៊ានគិត​​ហ៊ាន​ធ្វើ​ ចេះ​ស្គាល់​កាលៈ​ទេសៈ​ ឆ្លាត​វាង​វៃ​​ ចេះ​សន្សំ​សំ​ចៃ​ មិន​ឈ្លក់​វង្វេង​នឹង​​សម្ភារៈ​​និយម​ និង​ពិសេស​​​ជា​មនុស្ស​កតញ្ញូ ​​មិន​ធ្លាប់​មាន​​ឈ្មោះ​មិន​ល្អ​​ពាក់​ព័ន្ធ​នឹង​ស្រី​​ញី​​ពី​មុន​មក​។

​លោក​ ភូមិបុល​ តាម​សម្លឹង​មើល​ការ​ផ្លាស់​ប្តូរ​ និង​ការ​រីក​​លូត​លាស់​របស់​កូន​ចៅ​​ម្នាក់​នេះ​​​ជិត​៧​ឆ្នាំ​មក​ហើយ​​ តាំង​ពី​​គេ​នៅ​ជា​បុគ្គលិក​តូច​តាច​ម្នាក់ ​រហូត​បាន​ក្លាយ​​ជា​អ្នក​ជំនួយ​ការ​​ដ៏​សំខាន់ ​​ពោរពេញ​ទៅដោយ​​អំណាច​​​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​តំណែង​ ពី​ក្មេង​​ស្រុក​ស្រែ​ម្នាក់​ដែល​​មាន​តែ​សម្បក​ខ្លួនទទេ​​… ក្លាយ​ជា​កំលោះដែល​មាន​​ទ្រព្យ​សម្បត្តិ​​ទាំង​ចលនៈ​ និង​អចលន​វត្ថុ​នៅ​ក្នុង​ក្រុង​ភ្នំពេញ​។

តាម​សម្តី​រៀប​រាប់​របស់​បុរស​ជា​បិតា​​​ធ្វើ​ឲ្យ​ សុខារី​ ចាប់​ចិត្ត​នឹង​កំលោះ​ឈ្មោះ​ ភាណុ​ មិន​តិច​ទេ​។ នាង​ក្រមុំ​សម្រេចចិត្ត ​ចូល​ទៅ​ហ្វឹក​ការងារ​​នៅ​ក្នុង​ក្រុម​ហ៊ុន​ តាម​​ផែន​ការ​របស់​​  ឪ​ពុក​។ ​ដោយ​សារមាន​​ការ​ជំរុញ​ពី​​​ចាស់​ទុំ​​​ ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​​មាន​ឱកាស​នៅ​ជិត​​ស្និទ្ធ​គ្នា​​​​​ក្នុង​ឋានៈ​​បុគ្គលិក​​ចាស់​បង្រៀនបុគ្គលិក​ថ្មី​។ លោក​ភូមិបុល​ មិន​ចាប់អារម្មណ៍​នឹង​ពាក្យ​ខ្សឹប​ខ្សៀវ​​ដែល​និយាយ​ថា​ លោក​​ស្ទើរ​តែ​លើក​កូន​ស្រី​​​ថ្វាយ​កូន​ចៅ​សំណព្វ​ចិត្ត​ទៅ​ហើយ​។

សុខារី​ ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​​នៃ​​អំពើ​ល្អ​ និង​ភាព​ជា​សុភាព​បុរស​របស់​ភាណុ។ កំលោះ​ផ្ទាល់​​ក៏​នៅ​ពុំ​ទាន់​មាន​នរណា​នៅ​ក្នុង​បេះ​ដូង​​​។ នៅ​ពេល​កំផែង​វណ្ណៈ​ ត្រូវ​លោក ​​ភូមិបុល​ កម្ទេច​​​​​រាប​ស្មើ​​អស់​​ វិថី​ស្នេហ៍​ក៏​កែ​ប្រែ​ក្លា​យ​ជា​​មាន​ស្រទាប់​កុលាប​រោយ​ពី​លើ​។

ភាព​ស្រស់​ស្អាត​គួរ​ឲ្យ​ស្រឡាញ់​​របស់​ សុខារី​ ធ្វើ​ឲ្យ​ភាណុ​​មើល​រំលង​​ចរិត​យក​តែ​ចិត្ត​ខ្លួន​ឯង​​របស់​នាង​ ដែល​ធំធាត់​ឡើង​ក្រោម​ការ​ចិញ្ចឹម​បីបាច់ ប្រដូច​​​ព្រះ​​នាង​តូច​​រហូត​មក​។ ភាណុ​ ព្យាយាម​មើល​នៅ​ក្នុង​ផ្លូវ​វិជ្ជមាន​​ថា ចរិត​ប្រចែ​ប្រចណ្ឌ​គ្មាន​ហេតុ​ផល​​នោះ​ កើត​ឡើង​ដោយ​សារ​សេចក្តី​ស្រឡាញ់​​​ដែល​នាង​មាន​ចំពោះ​គេ​។

ពីរ​ឆ្នាំ​បន្ទាប់​មក​ ភាណុ​ និង​ សុខារី​ ក៏​ក្លាយ​ជា​គូ​ជីវិត​នឹងគ្នា​​។ ពិធី​អាពាហ៍​ពិពាហ៍​បាន​​ប្រារព្ធ​​ធ្វើ​ឡើង ​យ៉ាង​អធិក​អធម​​ពេញ​មុខ​ពេញ​មាត់​លោក​ ភូមិបុល​​។ ភ្ញៀវ​​​កិត្តិ​យស​យ៉ាង​ច្រើន​កុះ​ករ​ ចូល​រួម​​សម្តែង​ភាព​រីករាយ​ និង​​ជូន​ពរ​​ឲ្យ​គូស្វាមី​ភរិយា​ថ្មី​​​​មាន​បុត្រ​ឆាប់​ៗ​​។

ប៉ុន្តែ​កន្លង​មក​បី​ឆ្នាំ​ហើយ​ ក៏​គ្មាន​សញ្ញា​ថា​ សុខារី​ នឹង​មាន​ទម្ងន់​ដែរ​។ ​អ្នក​ជា​ឪពុក​ចាំ​បាច់​​ត្រូវ​ចាំ​លួង​លោម​កូន​ស្រី​ ក្រោយ​ពេល​​​លទ្ធផល​ត្រួត​ពិនិត្យ​​របស់​ពេទ្យ​​បញ្ជាក់​​ថា​ នាង​មិន​​អាច​មាន​កូន​បាន​ទេ​។ ​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​អស់​សង្ឃឹម​របស់​ស្វាមី ក៏​​ចាប់​ផ្តើម​មា​ន​តាំង​ពី​ថ្ងៃ​នោះ​មក​។

«​ព្រោះខ្ញុំមានកូនឲ្យបងមិនបានទើបបងទៅទាក់ទងមីលេខានោះមែនទេ

ការ​ឈ្លោះ​ទាស់ទែង​​គ្នា ​តែង​​កើត​មាន​រឿយ​ៗ​​ ព្រោះ​តែ​អារម្មណ៍​ខុស​ប្រក្រតី​របស់​ភរិយា​។ ដំបូង​ ភាណុ​ ព្យាយាម​គិត​ថា​ វា​ជា​លទ្ធផល​ដែល​កើត​មក​ពី​​អារម្មណ៍​មួ​ម៉ៅ​ និង​​ភាព​អស់​សង្ឃឹម ឯ​លោក​​​ភូមិបុល​ ក៏​រង់​ចាំ​ធ្វើ​​ជា​អាវ​ក្រោះការ​ពារ​​​នឹង​​ភាព​​ «​សរសៃ​ប្រសាទ​»​ របស់​​កូន​ស្រី​ ធ្វើ​ឲ្យ​ជម្លោះ​មិ​នសូវ​ជា​ធំដុំ​ប៉ុន្មាន​។

ប៉ុន្តែ​ ក្រោយ​ពី​បិតា​ស្លាប់​ទៅ សុខារី ​កាន់​តែ​គិតច្រើន​​​ រហូត​ដល់​ថ្នាក់​​ត្រូវ​ពឹង​ពាក់​គ្រូ​ពេទ្យ​ផ្លូវ​​ចិត្ត​។ នាង​តាម​រំអុក​ឆាឆៅ​កាន់​តែ​​ញឹក​ញាប់​ នៅ​ពេល​ ភាណុ​ ​ជាប់​រវល់​​ធ្វើ​ការ​រហូត​ដល់​យប់ៗ​ជ្រៅ​​ ព្រោះ​មុខ​តំណែង​​ និង​ការ​ទទួល​ខុស​ត្រូវ​​​របស់​គេ​ មាន​កាន់​តែ​​ច្រើន​ឡើង។​ ភាព​តាន​តឹង​​ កាន់​តែ​រីក​ដុះ​ដាល​ទ្វេ​​ឡើង​ចំពោះ​​គូស្នេហ៍​​​ទាំង​ពីរ​​ រហូត​នៅ​ទី​បំផុត​… ការ​ព្រួយ​បារម្ភ​​​ហួង​ហែង​របស់​ សុខារី​ ក្លាយ​ជា​​​ស្ពាន​ចម្លងឲ្យ​រឿង​ពិត​កើត​ឡើង​។

ភាព​ធុញ​ថប់​ចំពោះ​ភរិយា​ ដែល​តាម​រំអុក​ឆាឆៅ​មិន​ចេះ​ឈប់​​​ ធ្វើ​ឲ្យ​ ភាណុ​ មិន​ចង់​ត្រឡប់​​ទៅ​ផ្ទះ​ ហើយ​​គេច​​ដើរ​ហើរ​​ដល់​​យប់ៗ​ជ្រៅ​ ទាំង​ដែល​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក​​។ ​សុខារី​កាន់​តែ​​​​ខឹង​​មួ​ម៉ៅ និង​​​​​រអ៊ូរទាំ​គ្មាន​ស្បើយ​​ រហូតមួយ​រយៈ​ចុង​ក្រោយ​នេះ​ នាង​ចាប់​ផ្តើម​​ធ្វើ​​ខ្លួន​​ជា​​ព្រាន​​ព្រៃ​តាម​ប្រមាញ់​ពី​ក្រោយ​ស្វា​មី​​ដល់​កន្លែង​កម្សាន្ត​ផ្សេង​ៗ​។

***

[16 June: 23: 20 PM]

«​ទីត!… ទីត…!!»

ភាណុ​ ភ្ញាក់​ក្រញាង​។ ការ​ពិត​គេ​មិន​បាន​ឮ​សំឡេង​ទូរស័ព្ទ​រោទ៍​​ នៅ​ក្នុង​ហោប៉ៅ​ខោ​នោះ​ផង​ទេ ​ព្រោះ​ដ្បិត​​សំឡេង​តន្ត្រី​នៅ​​​ក្នុង​បារ​​ លាន់​ឮ​​គគ្រឹក​គគ្រេង​ រហូត​លុប​​សំឡេង​ទូរស័ព្ទ​អស់​។​ ប៉ុន្តែ​ដោយ​មាន​​ចរន្ត​លំញ័រ​​ជា​ចង្វាក់​​ បញ្ជូនមក​​​គួរ​ឲ្យ​ព្រឺ​រោម​​ត្រង់​បរិវេណ​ភ្លៅ​​ដែល​​ពេល​​នេះ​មាន​​ដៃ​ទន់​ស្រឡូន​កំពុង​លូក​អង្អែល​​យ៉ាង​កៀក​កិត​។

«​ទូរស័ព្ទ​រោទ៍​តើ​បង!» ម្ចាស់​ដៃ​​ស្រឡូន​នោះ​ បញ្ចេញ​សំឡេង​ស្រទន់​​នៅ​ក្នុង​ទីងងឹត​ ដែល​​មាន​តែ​ភ្លើង​ភ្លឹប​ភ្លែត​​ មើល​ឃើញ​រស្មី​ភ្នែក​​របស់​នាង​​ព្រិច​ៗ​ «​ហ៊ែម… ខំ​តែ​សប្បាយ​ចិត្ត​ ស្មាន​ថា​អ្វី​ផ្សេង​ញ័រ​!»

ភាណុ​ មិន​បាន​ចាប់​អារម្មណ៍​នឹង​សម្តីលែប​​ខាយ​​នោះ​ប៉ុន្មាន​ទេ។ កំលោះ​លូក​យក​ទូរស័ព្ទ​​ដៃ​មក​​មើល​​លើ​អេក្រង់​​ដោយ​ដៃ​ញ័រ​ទទ្រើក​។ មួយ​រយៈ​ក្រោយ​នេះ​​គេ​ស្ទើរ​តែ​ក្លាយ​ជា​ឆ្កួត​ដោយ​សារ​តែ​សំឡេង​ទូរស័ព្ទ​​បំភ័យ​គេ​។

ក្រោយ​ពី​​ទប់​អារម្មណ៍​មើល​អេក្រង់​ទូរស័ព្ទ​ហើយ ​ឃើញ​ថា ជាលេខ​របស់​ភរិយា​ កំលោះ​​​ក៏​ដក​ដង្ហើ​ម​​ធំ​យ៉ាង​​ធូរ​ទ្រូង​ មុន​នឹង​​ចុច​ទទួល​។

«​​ម៉ោង​១១​កន្លះ​ហើយ​ណ៎ា​!» សំឡេងឮ​​គ្រលួ​ច ​​ដូច​ព្យុះ​កំបុត​ត្បូង​​ លាន់​​ឡើង​តាម​​ទម្លាប់​។​ អាច​និយាយ​បាន​ថា​ ក្រោយ​​ៗ​មក​នេះ​វាក្លាយ​ជា​សំឡេង​ធម្មតា​របស់​ សុខារី​ ទៅ​ហើយ​។ ភាណុ​ ដក​ដង្ហើម​ធំ​ម្តង​ទៀត​ ដោយ​អារម្មណ៍​ខុស​ពីមុន​ ទំនង​ជា​​ស្មាន​បាន​ថា ប្រយោគ​​បន្ទាប់​​មក​ទៀត ​នឹង «​ផ្ទុះ​» ចេញ​មក​​​របៀប​​ណា​។

«​ហេតុ​អី​​ នៅ​មិន​ទាន់​ត្រឡប់​មក​ផ្ទះ​ទៀត?! កុំ​គិត​ណា​ថា​ ខ្ញុំ​មិន​ដឹង​ថា​បង​នៅ​កន្លែង​ណា?»

​ភាណុ ដក​ដង្ហើម​ធំ​​ជា​លើក​ទី​បី​ មុន​នឹង​បញ្ចប់​ការ​សន្ទនា​​​នៅ​ត្រឹម​​នេះ​ ដោយ​ការ​ចុច​​ទូរស័ព្ទ​បិទ​​។ កំ​លោះ​បក់​ដៃ​ហៅ​អ្នក​បម្រើ​មក​គិត​លុយ​ ដោយ​មិន​ចាប់​អារម្មណ៍​​នឹង​សម្តី​រំអែ​រំអួ​យ​របស់​នារី​រាត្រី​​នៅ​ក្បែរ​ខ្លួន​ ដែល​ថា​គេ​មក​ទី​នេះ គ្រាន់​តែ​ត្រូវ​ការ​គ្រឿង​ស្រវឹង​​ដើម្បី​បន្ធូរ​អារម្មណ៍​ច្រើន​ជាង​ត្រូវ​ការ​បែប​ផ្សេង​។​

មិន​ដឹង​ថា​សំណាង​ល្អ​ ឬ​សំណាងអាក្រក់​ដែល​មិន​​បាន​ជួប​ប៉ូលីស​ត្រួត​ពិនិត្យ​កម្រិត​ជាតិ​ស្រវឹង​នៅ​ក្នុង​ខ្លួន​សិន។​ ថ្មី​ៗ​នេះ​ ក្នុង​ក្រុង​ភ្នំ​ពេញ​មាន​​ប៉ូលីស​ចាំ​ត្រួត​ពិនិត្យ​​កម្រិត​​ជាតិ​ស្រវឹង​ដោយ​កន្លែង​​។ ភាណុ បើ​ក​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ​ដោយ​​ភាព​ស្រវឹង​ទ្រេត​ទ្រោត​ ជាន់​យក​ល្បឿន​អស់​លេខ​​​ ​ព្រោះ​គ្រាន់​តែ​ឈាន​ជើង​​ចេញ​ផុត​ពី​ទ្វារ​ហាង​ ​ភាព​ស្រវឹង​ស្រឿង​ៗ​ធ្វើ​ឲ្យ​គេ​​​ចង់​ដេក​សន្ធឹង​​លើ​គ្រែ​ឆាប់​ៗ​។

ភាណុ មួម៉ៅ​​នឹង​​ភ្លៀង​ធ្លាក់​​ និង​ ចរាចរដែល​កក​ស្ទះ​ទោះ​បី​ជា​យប់​ថ្មើរ​នេះ​ហើយ​ក៏​ដោយ​។​ នៅពេល​បើក​ភ្នែក​​មើល​នាឡិកា​ កាន់​តែ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ ការ​ធ្វើ​ដំណើរ​​យឺត​យ៉ាវ​​ពេក​ណាស់​។ ឥទ្ធិពល​ជាតិ​ស្រវឹង​ ធ្វើ​ឲ្យ​គេ​សម្រេច​ចិត្ត​ប​ត់​ចូល​តាម​ច្រក ​ដែល​មាន​ស្លាក​​សរសេរ​ថា​ «​ផ្លូវ​វាង​» ដោយ​មិន​​ចាប់​អារម្មណ៍​នឹង​ប្រផ្នូល​អ្វី​ម្យ៉ាង​​ ដែល​​កំពុង​ចាប់​ផ្តើម​​បង្កើន​ថាម​ពល​​នៅ​ក្នុង​ទី​កំបាំង​។

ផ្លូវ​វាង​នេះ​ គ្រាន់​តែ​​​ជា​​ផ្លូវ​ក្រាលថ្ម​កិន​មួយ ​ដែល​បត់​ចាក់​ចូល​ទៅ​​ក្នុងដង​​ផ្លូវ​ស្ងាត់​​គ្មាន​អំពូល​​ភ្លើង​​។ តាម​សង​ខាងផ្លូវ​​ មាន​គុម្ពោត​ព្រៃ​ស៊ុប​ទ្រុប​ដុះ​​​ខ្ពស់​​ៗលិច​​ផុត​ក្បាល។​​ កន្លែង​ខ្លះ​ដូច​កំពុង​បើក​សរសៀរ​​តាម​ភ្លឺ​ស្រែ​ ដែល​​គួរ​ឲ្យ​ចម្លែក​ចិត្ត​ថា កណ្តាល​ទីក្រុង​ធំ​បែប​នេះ នៅ​មាន​ផ្លូវ​បែប​នេះ​ដែរ​​ឬ?

តំណក់​ភ្លៀងធំៗ​​ ដែល​​​បង្អុរ​ធ្លាក់​មិន​ឈប់​ ជា​ឧបសគ្គ​​យ៉ាង​ខ្លាំង​ ចំពោះ​ការ​មើល​ផ្លូវ​។ នៅ​ពេល​​​​បើក​ចូល​ទៅជ្រៅ​បាន​ច្រើន​គីឡូ ផ្លូវ​ក៏​ចាប់​ផ្តើម​មាន​ជង្ហុក​​ប្រហោង​​ធ្វើ​ឲ្យ​រលាក់​រលើ​​រហូត​​រថយន្ត​គ្រលែង​ឥត​ឈប់​។ ព្រៃ​តាម​សង​ខាង​ផ្លូវ​ កាន់តែ​​​​ស៊ុប​ទ្រុប​ឡើង​ៗ​​ រហូត​​​ត្រូវ​ព្យាយាម ​​​​ផ្តោត​ភ្នែក​សម្លឹង​មើល​​ស្លាក​សញ្ញា​ប្រាប់​ទិស​ ​ដ៏​​​សែន​​ចាស់​ទ្រុឌ​ទ្រោម​​មួយ​​​។

«…​៧…​ទៀត​…»

ទោះ​ជា​ខំ​ផ្តោត​ភ្នែក​សម្លឹងយ៉ាង​ណា ​ក៏​​មើល​មិន​ច្បាស់ថា​ ពាក្យ​នៅ​ខាង​ដើម​សរសេរ​​ថា​​​ម៉េច​​​ឲ្យ​ប្រាកដ?​​ ផ្លូវ​នេះចាក់​ឆ្ពោះ​ទៅតំបន់​ណា​​? ហើយ​… ៧​… អីទៀត​?

ស្រាប់​តែ​រំពេច​នោះ​ ​បេះ​ដូង​​​​លោត​ញាប់​ខុស​ចង្វាក់​ភ្លាមៗ​​នៅពេល​ប្រផ្នូល​ចម្លែក​​​ចាប់​​ផ្តើម​បង្ហាញ​រូប​ភាព​​ប្រទាក់​ក្រឡា​គ្នា​។ ភាណុ​​បះ​​រោម​ និង​ព្រឺ​ឆ្អឹង​ខ្នង​​ខ្ញាក​ៗ​​ នៅពេល​​ឮ​រលក​សំឡេង​​​របស់​ភរិយា​ខ្លួន ​​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​លាន់​រងំ​នៅ​ក្នុង​ត្រចៀក​​… ហេតុ​អ្វី​មក​នឹក​ឃើញ​រឿង​ឆ្កួតៗ​​​​​ក្នុង​ពេល​បែប​នេះទៅវិញ​??

«​ឮ​គេនិយាយថា អ្នកដែលស្លាប់​​​​​​ទៅ​ហើយ​ នឹងដឹង​​ថាខ្លួនឯងស្លាប់​​ក្រោយ​​​ពេលកន្លងទៅ​​បានថ្ងៃ​​ ហើយគេនឹងត្រឡប់មកកន្លែងដែលធ្លាប់ដិតដាមជាមួយ​ពេល​នៅ​រស់​​… ទើបអូនមករៀបចំបន្ទប់ជូនលោកប៉ា។»

ពេល​នោះ​ គ្រាន់​តែ​ដឹង​ថា វា​ជា​សម្តីឥត​ប្រយោជន៍​របស់​ភរិយា​ ដែល​កំពុង​​បាត់​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​ទៅប៉ុណ្ណោះ តែ​​ពេល​នេះ… វា​បែរ​ជាមាន​ឥទ្ធិពល​​ ធ្វើ​ឲ្យ​ភាណុ​​​​មាន​អារម្មណ៍​ក្តៅៗ ត្រជាក់ៗ​បាន​​យ៉ាង​ចម្លែក​!

ដឹង​ហើយ​… ​​ពេល​នេះ​ដឹង​ហើយ​ថា​ ស្លាក​សញ្ញា​នោះ ​សរសេរ​ថាផ្លូវ​​មួយ​ខ្សែ​នេះ​នឹង​​នាំ​​​គេ​ឆ្ពោះ​ទៅ​​កាន់​ទីណា!

ភាណុ​ ដឹងយ៉ាង​ប្រាកដ​ថា​ ប្រផ្នូល​អាក្រក់​នៅ​​ក្នុង​ចិត្ត​​​ កំពុង​តែ​ប្រាប់​អ្វី​ដល់​គេ!!!

***

សូម​រង់​ចាំ​អាន​វគ្គ​បន្ត​!

Read Full Post »


Some calls are best left unanswered…

វគ្គ​១

«​ទីត​!… ទីត!…»

សំឡេង​ទូរស័ព្ទ​ដៃ​​​​​​លាន់​ខ្ទរ​រន្ថើន​ជាចង្វាក់​ ឮ​ជ្រែក​​​ស្នូរ​ទឹកភ្លៀង ​ដែល​ចាប់​ផ្តើម​បង្អុរ​ធ្លាក់​តាំង​ពី​ក្បាល​ព្រលប់ ​រហូត​មក​ដល់​ពេល​នេះ ​ម៉ោង​​ជិត​៨​ទៅ​ហើយ​នៅតែ​គ្មាន​សញ្ញា​​ថា​នឹង​ឈប់​​​ធ្លាក់​សោះ។

«​ទីត​!… ទីត!…»

ចង្វាក់​ដដែល​​នៅ​តែ​បន្ត​ឮ​​ឥត​ឈប់​​ រំខាន​​ដល់​សោត​ប្ប​សាទ​​ ដែល​កាន់​តែ​យូរ​កាន់​តែ​​នាំ​ឲ្យ​កើត​ក្តី​មួ​ម៉ៅ​។

«​ទូរស័ព្ទ​របស់​បង​ណ៎ា!» សំឡេង​​ធុញ​ថប់​របស់​នារី​ ដែល​អង្គុយ​ក្បែរ​កាយ លាន់        ឡើង​​​​។ ខ្សែ​ភ្នែក​ដែល​​សម្លឹង​មក​ ហាក់​ចង់​ទិ​តៀន​​ថា ហេតុ​​អ្វី​មិនទទួល​?

«​ខ្ញុំ​​ឮ​ហើយ!»

«​ទីត!… ទីត!…»

«​ចុះ​ហេតុ​អី​មិន​ទទួល​ទៅ?»

​​ភាគី​បុរស​​​​នៅ​​​ស្ងៀមឥត​កម្រើក ធ្វើ​ដូច​ស្តាប់​មិន​ឮ​។ ​ទី​បំផុត​អ្នក​អង្គុយ​ក្បែរ​​ខ្លួន​​អត់​​ទ្រាំ​មិន​បាន ​ក៏​ឆក់​យក​ទូរស័ព្ទ​​ដៃ​រាង​តូចច្រឡឹង​​​​ នៅ​ក្នុង​ហោប៉ៅ​ខោ​របស់​គេ​​។ ដៃដ៏​​​រហ័ស​នោះ ​ធ្វើ​ឲ្យ​ម្ចាស់​ទូរស័ព្ទភ្ញាក់ក្រញាង​​ ដ្បិត​​​នឹក​ស្មាន​មិន​ដល់​។ អ្នក​កំលោះ​​បើក​ភ្នែក​ធំៗ​ ដក​ខ្សែ​ភ្នែក​ចេញ​ពី​ផ្លូវ​​​ថ្នល់​ព្រាលៗ​នៅ​ពី​​មុខ​ចង្កូត​រថយន្ត​​ ហើយ​មុន​នឹង​បាន​ធ្វើ​អ្វី​លើស​ពី​នេះ​​ ទូរស័ព្ទ​​ម្ចាស់​កម្ម​​ ​ក៏​ត្រូវ​ម្រាម​ដៃទន់​ស្រឡូន​ប្រដាប់​ដោយចិញ្ចៀន​​ពេជ្រ​ ចុច​ទទួល​យក​មក​ស្តាប់​​ក្បែរ​ត្រចៀក​។ សំឡេង​​​ខ្សាវ​ៗ​​ដូច​សញ្ញាណ​ទូរស័ព្ទ​ដាច់ ​លាន់​​អូស​យ៉ាង​វែង​​មួយ​ដង្ហើម​ខ្យល់​ មុន​នឹង​សំឡេង​​ស្រាល​ត្រជាក់​ស្រឹប​របស់​នរណា​ម្នាក់ ​​​រសាត់​មក​ល្វើយ​ៗ​​ ស្តាប់​ហើយ​ធ្វើ​ឲ្យ​ព្រឺ​ក្បាល​ខ្ញាក​ៗ​។

«​ជ… ជួយ​ផង…!»

វិនាទី​បន្ទាប់​មក​ សំឡេង​ស្រែក​ខ្ទរញ័រ​​រណ្តំ​​លាន់​​ចេញ​ពី​​នារីអង្គុយ​ក្បែរ​​នោះ​​។ កំលោះ​សម្លឹង​តាម​ម្រាម​ដៃ​​ចង្អុល ​ដែល​នាំ​ខ្សែភ្នែក​ទៅ​ឃើញ​​រូប​ភាព​នៅ​ពី​​មុខ​រថយន្ត​ ដែល​នៅ​​បន្ត​បើក​បរ​លឿន​ស្លេវ​ទៅ​មុខ​។

ភ្លើង​ហ្វា​​រថយន្ត​ ​ជះ​ពន្លឺ​ជា​រង្វង់​​ទៅ​​លើ​រាង​កាយ​​នារី​ម្នាក់​ ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ផ្ទៃ​មេឃ​​ ដែល​កំពុង​ស្រឡាំង​កាំង​​ងាក​​​មក​មើល​រថយន្ត​ ​​ហើយ​រីក​មាឌ​ធំ​ឡើង​ៗ​តាម​​​​រយៈ​ចម្ងាយ​ផ្លូវ​​​ដែល​កាន់​តែ​ចូល​ទៅជិត​ ហើយ​ត្រឹម​មួយ​ដង្ហើម​នោះ​ សំឡេង «​ប៉ាំង! ​គ្រាំង!!» ​ក៏​ផ្ទុះ​​ឡើង​ខណៈ​ដែល​​​រថយន្ត​ទាំង​មូល​ក៏​គ្រលែង​ខ្លួន​ញ័រ​រញ្ជួយ​​ស្ទើរ​ហើប​កង់​ពី​ដី​។

រាង​កាយ​​តូច​ច្រឡឹង​ ​ខ្ទាត​ផ្លោង​​មក​លើ​កញ្ចក់​រថយន្ត​​ ទឹក​ភ្លៀង​ហូរ​​ស្រោច​​ប្រែ​​​ក្លាយ​ជា​ពណ៌​ឈាម​។ វិនាទី​ចុង​ក្រោយ​ ​អ្នក​កំលោះ​​​មើល​ឃើញ​​បបូរ​មាត់​ក្រហម​ច្រាល​នោះ​កម្រើក​ញ័រ​តិច​ៗ​ ដង្ហើម​ខ្យល់​ចុងក្រោយ​នៃ​ជីវិតប្រកប​អានបាន​​ជា​ពាក្យ​… ដែល​សំឡេង​នោះ​បែរ​​​ជា​ឮ​​ចេញ​​ពី​ទូរស័ព្ទ​នៅ​ក្បែ​រ​ត្រចៀក​ទៅវិញ​។

«ជ… ជួយ​ផង…!»

***

          [17 June: 02: 05 AM]

        «​ទីត​!… ទីត!…»

ភាណុ​ ​​ភ្ញាក់​ក្រញាង​ស្ទើរ​តែ​ផ្កាប់​មុខ​នឹង​កញ្ចក់​រថយន្ត​ ​​​ប្រសិន​បើ​ខ្សែ​ក្រវាត់​​មិន​​បាន​ធ្វើ​ការ​តាម​តួនាទី​របស់​វា​​ទេ​នោះ​។​ ភ្នែក​បើក​ធំ​ៗ​ ព្រម​គ្នា​នឹង​ប្រព័ន្ធ​ប្រសាទ​​ទាំង​មូល​រឹង​ស្តូក​​ ​ដៃ​ញ័រ​​​​ក្តាប់​ណែន​លើ​ចង្កូត​​​​​ រហូត​រថយន្ត​ទាំង​មូល​ញ័រ​រញ្ជួយ​តាម​​។

«​នែ៎ បង!!»

សំឡេង​គំហក ​ចេញ​ពី​មាត់​ភរិយា​​ ដែល​អង្គុយ​​​ក្បែរ​នោះ​លាន់​ឡើង​។ ពេល​ដេក​ពួន​​ដែល​ត្រូវ​រំខាន​​ដោយ​សំឡេង​ទូរស័ព្ទ​ ធ្វើ​ឲ្យ​  សុខារី​ ​កើត​ក្តី​មួ​ម៉ៅ​​​ក្តៅ​ក្រហាយ​ក្នុង​ចិត្ត​​។

«​ឆ្កួត​អី​​នៀក​! ទូរស័ព្ទ​រោទ៍​រាប់​ម៉ោង​ហើយ​ ម៉េច​ក៏​​មិន​ទទួល? ថ្លង់​ណាស់​ មនុស្ស​កំពុង​ដេក​!!»

សំឡេង​រអ៊ូ​រទាំ​ ​ស្ទើរ​បែក​ក្រដាស​ត្រចៀក​នោះ​​ ​ដាស់​​អារម្មណ៍​ភ្លឹក​​​​ភ្លាំង​របស់​ភាណុ​​​​ឲ្យ​ត្រឡប់​​មក​វិញ​។ វិនាទី​ដំបូង​ដែល​ភ្ញាក់​​ដឹង​ខ្លួន​… ភាណុ ឃើញ​ថា​ រាង​កាយ​​ទាំង​មូល​របស់​ខ្លួន​ សើម​ជោក​ដោយ​ញើស​​​ ទាំង​​​ដែល​សីតុណ្ហភាព​នៅ​ក្នុង​រថយន្ត ត្រជាក់​​ស្រឹប​ស្ទើរ​ក្លាយ​ជា​រងា​​។ សំឡេង​​បាច​សាច ឆា!… ឆា!… ​​របស់​​គ្រាប់​ភ្លៀង​​​លាន់​ឮ​ប្រណាំង​​នឹង​សំឡេង​ ទីត!… ទីត!… របស់​ទូរស័ព្ទ​​ ​ដែល​លាក់​​​ខ្លួន​​នៅ​កន្លែង​ណា​មួយ​។ ខាង​មុខ ​គឺ​ជា​​​ពន្លឺ​ភ្លើង​​ហ្វា​ពណ៌​លឿង​ទុំ​ ​​ដែល​បញ្ចាំង​ឆ្លុះ​មើល​ផ្លូវ​រអិលខ្មៅ​​​រលោង​​។

​ស្លាប់​ហើយ​… នេះ​គេ​ភ្លេច​ខ្លួន​ដេក​ ពេល​កំពុង​បើក​ឡាន​ដូច្នេះ​ឬ?…

«​​ហើយ​ចាំ​​ពេល​ណា​បាន​ទទួល?»

សំឡេង​ក្ងួរ​ក្នុង​បំពង់​ក​លាន់​ឮ​ម្តង​ទៀត​ តែ​លើក​នេះ ​មិន​​គ្រាន់​តែ​​ធ្វើ​មុខ​ធុញ​ថប់​ព្រងើយ​​ៗ​នោះ​ទេ​ សុខារី​ ឈ្ងោក​ខ្លួន​ឆក់​​យក​ទូរស័ព្ទ​ដៃ​ពីក្នុង​ហោប៉ៅ​ខោ​​​ស្វាមី​​យ៉ាង​រហ័ស​ដូច​​ផ្លេក​បន្ទោរ​។

«​កុំ!»

មួយ​រំពេច​ដែល​​ភាណុ​ស្រែក​ បេះ​ដូង​របស់​គេ​កន្ត្រាក់​ភឹ​បៗ​ ​នៅ​ពេល​រូប​ភាព​​ការ​ពិត​​ ត្រូវ​​បាន​រូប​ភាព​ក្នុង​សុបិន​ដែល​គេ​ភ្លឹក​លក់​មុន​នេះ​បន្តិច ​​​ចូល​មក​ជំនួស​។ សុខារី​ កំពុង​តែ​ចុច​​ទូរស័ព្ទ​ទទួល​។ ចំហាយ​​ក្លិន​​នៃ​ហាយនភាព​ បាន​​ដុត​​សាយ​ភាយ​​ឲ្យ​ដឹង​ពី​ប្រផ្នូល​អាក្រក់​ ដែល​កំពុង​​សម្រុក​ចូល​មក​ដល់​។

​មួយ​ប៉ប្រិច​ភ្នែក​នោះ​​ ​អ្នក​កំលោះ​ក៏​ឆក់​យក​ទូរស័ព្ទ ពី​ម្រាម​ដៃ​ស្រឡូន​របស់​ភរិយា​​​ ដែល​​​នៅ​រក្សា​ទឹក​មុខ​​ក្រញែ​ក្រញូវ​ដដែល​ ហើយ​ដោយ​ស្វ័យ​ប្រវត្តិ​ នៅ​ពេល​វត្ថុ​​ដែល​ខ្លួន​ចង់​បាន​នៅ​ក្នុង​កណ្តាប់​ដៃ​ខ្លួន​ហើយ​​ កញ្ចក់​បង្អួច​​រថយន្ត​នៅ​ក្បែរ​នោះ​ ក៏​​ចុច​បើក​យ៉ាង​រហ័ស​។ ​ភាណុ​​គ្រវែង​ទូរស័ព្ទ​មច្ចុរាជ​ ចោល​​ទៅ​ក្រៅ​​​ដោយ​មិន​បង្អង់​។

ភាព​ស្ងប់​ស្ងាត់​ នៅកណ្តាល​ភាព​គគ្រឹក​គគ្រេង​របស់​​ព្យុះ​ភ្លៀង។ ​មិ​នដល់​មួយ​នាទី​ សំឡេងស្រែក​ជំទាល​របស់​ភរិយា​​ក្រមុំ​​ក៏​លាន់​ឮ​ម្តង​ទៀត​ដូច​កាំ​រន្ទះ​។

«​​បង​ឯង​ធ្វើ​នេះ​ បានន័យ​ថាម៉េច?!! ការ​ពិត​… ការ​ពិត​​… យ៉ៃៗៗ!!!» សំឡេង​អូស​វែង​និយាយ​​ផុត​ផើយ​ៗ​ ហើយ​ទោះ​បី​ជា​មិន​បាន​ងាក​ទៅ​មើល​ ក៏​ ភាណុ​ ស្ទើរ​តែ​ឃើញ​​រូប​ភាព​ម្ចាស់​សំឡេង​​ កំពុង​បើក​ភ្នែក​ធំៗ​លើក​​ដៃ​​ចង្អុល​​​មក​កាន់​រូប​​គេដែរ​​។

«​​មនុស្ស​ប្រុស​ហេង​ស៊យ​!!» នៅពេល​គិត​ស្មាន​តែ​ខ្លួន​ឯង​សព្វ​គ្រប់​ សុខារី​ ក៏​លោត​សង្គ្រប់​វាយ​តប់​ស្វាមី​មិន​បង្អន់​​ដៃ​​។

«​លួច​ទៅ​មាន​ថ្មី​ទៀត​ហើយ​ មែនទេ? មី​ស្រី​មួយ​ណា​ខល​មក​ បាន​ជាបង​ឯង​​មិន​ហ៊ាន​ទទួល​នៅ​ចំពោះ​មុខ​ខ្ញុំ​បែប​នេះ​? ថោក​ទាប​​មែន​! ប្តី​​អី​ក៏ចោរ​ម្សៀត​យ៉ាង​នេះ!!!»

«​នែ៎អូន​!» នៅ​ទី​បំផុត​ ​​ភាព​អត់​ធន់​​ក៏​អស់​។ ភាណុ​ ​ប្រើ​ដៃ​ម្ខាង​ចាប់​​ក្តោបក​​​ដៃ​ភរិយា​​ទាំង​សង​ខាង​​ជាប់​ រួច​រុញ​ចេញ​ទាល់​តែ​រាង​កាយ​នោះ​​ខ្ទាត​ទៅ​ប៉ះ​​ទ្វារ​រថយន្ត​ម្ខាង​ទៀត​យ៉ាង​ខ្លាំង​។ ប្រតិកម្ម​​នឹក​ស្មាន​មិន​ដល់​របស់​​​ស្វាមី​ធ្វើ​ឲ្យ​ សុខារី​ បើក​ភ្នែក​ធំ​ៗ​​ហា​មាត់​ភាន់​ភាំង​។

«​​​ល្មម​ឈប់​ធ្វើ​ខ្លួន​គួរ​ឲ្យ​ធុញ​ទ្រាន់​បែប​នេះ​ទៀត​ទៅ!»

​សំឡេង​គំហក​លាន់​ខ្ទរ​រណ្តំ​ ធ្វើ​ឲ្យ​រាង​តូច​​ស្តើង​ ដែល​ស្ថិត​ក្នុងសម្លៀក​បំពាក់​​ដំណេក​នៅ​ឡើយ​រំជើប​រំជួល​​​ក្នុង​ចិត្ត​។

«​ជិត​ស្លាប់​ទាំ​ង​ពីរ​នាក់​ហើយ​ នៅ​មិន​ទាន់​​ដឹង​ខ្លួន​ទៀត!!»

ច្រើន​នាទី​បន្ទាប់​មក បន្ទាប់​ពី​ចប់​ប្រយោគ​នោះកណ្តាល​ព្យុះ​ភ្លៀង​ និង​​សំឡេង​​ផ្គរ​គំរាម​​ សុខារី​​ ក៏​ជ្រប់​មុខ​យំ​​​ខ្សឹក​ខ្សួល​លើ​ផ្ទៃ​កញ្ចក់​បង្អួច​រថយន្ត​។

***

សូម​រង់​ចាំ​អាន​វគ្គ​បន្ត​!

Read Full Post »