Feeds:
ប្រកាស
មតិ

Posts Tagged ‘Valentine’s Day’


ផ្កាយNoVeLs*– ថ្ងៃនេះជាថ្ងៃវ៉ាលិនថាញ ខាង Google Doodle បាននាំយកតុក្កតាanimation មកបង្ហាញឲ្យគ្រប់គ្នាបានទស្សនាផង។ ចាំអីទៀត តោះនាំគ្នាមកមើលតុក្កតាថ្ងៃវ៉ាលិនថាញដ៏គួរឲ្យស្រឡាញ់នេះ!! 😉

»»» ទស្សនាវីដេអូនៅទីនេះ!! ^^

 

Read Full Post »


នីសា ​ប្រញាប់​ងាក​មុខ​ចេញ​ពីរូប​ភាព​ដែល​បាន​ឃើញ​​។ បេះ​ដូង​លោត​ញាប់​ខុស​ចង្វាក់​ ដៃ​ទាំង​ពីរ​ដែល​​ឱប​បាច់​ផ្កា​​ហាក់​ដូច​ជា​ល្ហិត​ល្ហៃ​អស់​កម្លាំង​រលីង​…

បុរស​ម្នាក់​នោះ​​ ស្ថិត​​នៅ​ក្នុង​ឯកសណ្ឋាន​​ធ្វើ​ការ​ពណ៌​ផ្ទៃ​មេឃ​ ខោ​ពណ៌​គគី ​​ដេក​​ស្តូក​ស្តឹង​បាត់​ស្មារតី​ មាន​ឈាម​ហូរ​ចេញពីច្រមុះ​​ និង​មាត់​ តែ​​គ្មាន​របួស​នៅ​កន្លែង​ផ្សេង​។ គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ​បឋម​ហើយ​លើក​ឡើង​គ្រែ​សង្គ្រោះបញ្ជូន​​ទៅ​ក្នុង​រថយន្ត​ដែល​បើក​ទ្វារ​ចាំ​ រួច​បើក​ចេញ​ទៅ​យ៉ាង​រហ័ស​។ ឆ្ងាយ​ពី​កន្លែង​ដែល​បុរស​រង​គ្រោះ​ដេក​ស្តូក​ស្តឹង​អម្បាញ់​មិញ​ មាន​ប៉ូលីស​ចរាចរណ៍​កំពុង​​ជជែក​ជាមួយ​បុរស​មាឌ​ធំ​​ដែល​ឈរ​នៅ​ក្បែរ​រថយន្ត​របស់​ខ្លួន​​ សន្និដ្ឋាន​ថា ​ជា​អ្នក​បង្ក​ហេតុ​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​លើក​នេះ​។ មនុស្ស​ជា​ច្រើន​នៅ​តែបន្ត​​រោម​​គ្នាអ៊ូ​​នៅ​ទីនោះ​ ព្រម​ទាំង​​ពិគ្រោះ​គ្នា​​ពី​​ហេតុ​ការណ៍​​​ដែល​​កើត​ឡើង​។

«​មុខ​មាត់​ក៏​ស្អាត ការ​អប់​រំក៏​ខ្ពស់​ ពេល​ឆ្លង​ថ្នល់​មិន​ចេះ​មើល​ឡាន​ម៉ូតូ​សោះ មិន​ដឹងជា​ប្រញាប់​ទៅ​ណា!»

«​សង្ស័យ​មាន​ណាត់​សង្សារ​ហើយ ប្រហែល​ខ្លាច​ទៅ​មិ​នទាន់​ ព្រោះ​ថ្ងៃ​នេះ​ជា​ថ្ងៃ​វ៉ាលិន​ថាញ​​ផង​!»

«​ឯ​អ្នក​បើក​ឡាន​ក៏​បើក​ឡាន​ទៀត ផ្លូវ​តូច​មួយ​មាន​ធំឯណា!»

«​គំនូស​កាត់​ផ្លូវ​នេះ មិន​ដឹង​ពេល​ណា​គេ​មក​ធ្វើ​ឲ្យ​ថ្មីទេ រលុប​ឡើង​មើល​​លែង​ឃើញ​ទៅ​ហើយ!»

នីសា​ជ្រួលច្រាល​នឹង​ហេតុការណ៍​ដែល​បានឃើញ​ ខំ​ប្រឹង​​វាស​ខ្សែ​ភ្នែក​មើល​ជុំ​វិញ​ខ្លួន​ ហើយ​ក៏​ភ្ញាក់​ព្រើត​នៅ​ពេល​មាននរណា​ម្នាក់​មក​ចាប់​ដៃ​ព្រម​ទាំង​ហៅ​ឈ្មោះ។

«សា!… អូន​មក​ធ្វើ​អីនៅទីនេះ?»

ស្រស់​ស្រីងាក​ខ្វាប់​មក​កាន់​សំឡេង​ដែល​ធ្លាប់​ស្គាល់​ «​វិន​!… គឺ​សា​មក​តាម​រក​បង​នោះអី!»

ធាវិន​ អូស​ដៃ​ភរិយា​ដើរ​ជ្រែក​ចេញ​ពី​ហ្វូង​មនុស្ស​ទាំង​នោះ​ ហើយ​និយាយ​សួរ​នាំ​។

«​អម្បាញ់​មិញ​បង​ត្រឡប់​ទៅ​រក​អូន​នៅ​កន្លែង​ទឹក​បាញ់​តែ​មិន​ឃើញ​អូន​… ក៏​ត្រឡប់មក​តាម​រក​នៅ​ទី​នេះ។»

«​ចុះ​បង​បាត់​ទៅណា ម៉េច​ក៏​យូរ​ម្ល៉េះ?» សំឡេង​សួរ​តវ៉ា «​ហ៊ឹះ… សា​ខំ​បារម្ភ​​ចង់​ស្លាប់​ស្មាន​ថា​បង​កើត​អី ពេល​ឃើញ​ឡាន​ពេទ្យ​បើក​មក​​ខាង​​នេះ… ខ្លាច​មាន​រឿង​អី​កើត​ឡើង​ជាមួយ​បង​ ខំ​ភាវនា​ក្នុង​ចិត្ត​សុំ​កុំ​ឲ្យ​ជាបង​។»

«​អរគុណ​ខ្លាំង​ណាស់​ដែល​បារម្ភ​… និង​សុំ​ទោស​ផង​ដែល​​ទុក​ឲ្យ​អូន​រង់​ចាំ​យូរ​។»

«​សរុប​មក​ បង​ទើប​តែ​​មក​ពី​ណា?» នីសា​ឈ្លេច​សួរ​។

«គឺ​​​មុន​នេះ​មាន​ឧប្បត្តិហេតុ​កើត​ឡើង​ មាន​ឡាន​បុក​មនុស្ស​ ចៃ​ដន្យ​បង​មក​ឃើញ​​ទំនង​​ជា​របួស​ធ្ងន់​ មាន​តែ​មនុស្ស​ផ្អើល​ទៅមើល​ តែ​គ្មាន​នរណា​ព្រម​ចូល​ទៅជួយ​ ទើប​បង​ទូរស័ព្ទ​ប្រាប់​ប៉ូលីស​​ ហើយ​ហៅ​ឡាន​ពេទ្យ​​។ សំណាង​ហើយ​ដែល​​ប៉ូលីស​ និង​ឡាន​ពេទ្យ​​មក​ដល់​លឿន​ ហើយ​អ្នក​បើក​ឡាន​ក៏​មិន​រត់​​​គេច​… តែ​ទោះ​យ៉ាង​ណា​ក៏​បង​ត្រូវ​សុំ​ទោស​អូន​ដែរ។»

​ស្រី​ស្រស់​​អស់​មន្ទិល​សង្ស័យ​ ហើយ​ញញឹម​សរសើរ​គូជីវិត​ ដែល​កំពុង​សម្លឹង​មើល​នាង​ដោយ​ខ្សែ​ភ្នែក​អង្វរ​ករ​​សុំ​ការ​យល់​ចិត្ត​។

«​ច៎ាស! មិន​អី​ទេ សា​សប្បាយ​ចិត្ត​ណាស់​ដែល​បង​មិន​មើល​នឹង​ភ្នែក… បើ​បង​មិន​ជួយ​គេ​ប្រហែល​​ជា​​​មាន​អាការៈ​ធ្ងន់​ធ្ងរ​ជាង​នេះ… អេ… ចុះពី​ដំបូង​បង​មក​ធ្វើ​អី​នៅ​ម្តុំ​នេះ នៅ​មិន​ទាន់​ប្រាប់​ខ្ញុំ​សោះ!»

«​អឺ… បង​មក​ត្រៀម​អ្វី​ម្យ៉ាង​សម្រាប់​អូន​ណ៎ា! តែ​សុំ​លាក់​ទុក​សិន​… តាម​បង​មក!»

និយាយ​ហើយ​​ ធាវិន​​ក៏​នាំ​គូស្នេហ៍​ដើរ​តាម​​ផ្លូវ​ថ្មើរ​ជើង​ ហើយ​បត់​ចូល​ទៅ​ផ្លូវ​ម្ខាង​ទៀត​។ នៅសង​ខាង​​​ថ្នល់​ សុទ្ធ​តែ​ជា​​ភោជនីយ​ដ្ឋាន​​តុប​តែង​យ៉ាង​ល្អ​ប្រណីត​ ដែល​ជា​កន្លែង​ស្គាល់​ជា​ទូទៅថា​​ជា​កន្លែង​ប្រមូល​​ផ្តុំ​ភោជនីយដ្ឋាន ​​ដែល​មនុស្ស​ហោប៉ៅ​ក្រាស់​ចូលចិត្ត​នាំ​គ្នា​​មក​​​ទទួល​ទាន​​ ព្រោះ​ល្បី​ល្បាញ​ទាំង​រស​ជាតិ​ បរិយាកាស​ និង​សេវាកម្ម​… ហើយ​ប្រាកដ​ណាស់​​ថា តម្លៃ​​ពិត​ជា​មិន​ថោក​ទេ!

នីសា​ ចាប់​អារម្មណ៍​នឹង​ភោជនីយដ្ឋាន​នៅជុំវិញ​ខ្លួន​​ ដែល​តុប​តែង​​យ៉ាង​ស្រស់​ស្អាត​ ផ្តល់​បរិយាកាស​​ និង​​អារម្មណ៍​រីករាយ​។ កន្លែង​ខ្លះ​មាន​យ៉​មុខ​ហាង​ មាន​ម្លប់​ឈើ​ចោល​មែក​សា​ខា​។ កន្លែង​ខ្លះ​ក៏​មាន​ភ្លើង​គោម​ព្យួរ​រណេង​រណោង​​បំភ្លឺ​ព្រាល​ៗ​។ តុ​ខ្លះ​មាន​​ចង្កៀង​តូចៗ ​ចោល​ពន្លឺ​​ព្រឹមៗ​រេរាំ​ទៅ​មក​តាម​ជំនោរ​ខ្យល់​។

ប៉ុន្មាន​នាទី​ក្រោយ​មក​ ធាវិន​​ក៏​នាំ​នីសា​​មក​ឈប់​នៅ​មុខ​ហាង​មួយ​កន្លែង។ ​អ្នក​ប្រុស​ងាក​មក​មើល​នារី​ជា​ទីស្នេហា​ ហើយ​​​​ញញឹម​ដាក់​បន្តិច ​​​មុន​នឹង​ក្រៀក​ចង្កេះ​នាំ​ដើរ​​ចូល​ទៅ​ក្នុង​​ភោជនីយ​ដ្ឋាន​ «Sweet Home»​ ។

ផ្ទះ​ឈើ​មួយ​ខ្នង ​ដែល​កែ​ច្នៃ​ធ្វើ​ជា​​អាហារ​​ដ្ឋាន​ លាប​ពណ៌​ស្រគាំ​​លាយ​បៃ​តង​ខ្ចី សន្និដ្ឋាន​ថា​​ អាច​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​​អ្នក​អង្គ​ម្ចាស់​ណា​មួយ ​ក្នុង​សម័យ​អាណានិគម​បារាំង​ ព្រោះ​​បើ​មើល​តាម​រយៈ​សិល្បៈ​នៃ​ការ​តុប​តែង​ និង​រចនាបថ​នៃ​ការ​សាង​សង់ ​គឺ​នៅរក្សា​ទម្រង់​ដើម​ទាំង​អស់​។​ ក្នុង​ហាង​មាន​បរិវេណ​ធំ​ទូលាយ​ មាន​តុ​អាហារ​រៀប​ចំ​ដាច់​ដោយ​ឡែក​ពី​គ្នា​ ជា​លក្ខណៈ​ផ្ទាល់​ខ្លួន។​ តុ​ខ្លះ​ក៏​រៀប​​ចំ​នៅ​ក្បែរ​មាត់​បង្អួច​ នៅ​ខាង​លើ​មាន​រំយោល​​​ព្យួរ​រណេង​រណោង​ បង្ក​ឲ្យ​មាន​សំឡេង​ឮ​រណ្តំ​គ្នា​តិច​ៗ​ ពេល​មាន​ខ្យល់​បក់​មក​។ ក្រឡេក​មើល​ទៅខាង​ក្រៅ​មាន​​ស្រះ​​ទឹក​តូច​មួយ​ អម​ជុំ​វិញ​ដោយ​តុ​អាហារ​ ដាក់​តាំង​នៅ​ក្រោម​ឆត្រ​​ក្លស់​ធំៗ​ ត្រង់​នេះ​មួយ​ ត្រង់​នោះ​មួយ​។

នីសា​ញញឹម​​រំភើប​ចិត្ត​​ និង​រីក​រាយ​យ៉ាង​ខ្លាំង​។ ពេល​ដើរ​ចូល​មក​មិន​សូវ​មាន​នរណា​ចាប់​អារម្មណ៍​នឹង​បាច់​ផ្កា​របស់​នាង​ប៉ុន្មាន​ទេ ព្រោះ​ម្នាក់ៗ​កំពុង​ផ្ចង់​ខ្សែ​ភ្នែក​ទៅ​លើ​គូស្នេហ៍ ​​ដែល​អង្គុយ​នៅចំពោះ​មុខ​រៀងៗ​ខ្លួន។​ អ្នក​បម្រើ​ប្រចាំ​ហាង​ នាំ​អ្នក​ទាំង​ពីរ​មក​កាន់​តុ​មួយ​ដែល​មាន​លក្ខណៈ​ឯក​ជន​​បំផុត​ ​ទាញ​កៅ​អី​ឲ្យ​គូស្វាមី​ភរិយា​ទាំងពីរ​ ហើយ​អុជ​ទៀន​លើ​ជើង​ពាន​ទាំង​ប្រាំ​ដើម​ មុន​នឹងដក​​យក​ស្លាក​ «​កក់​រួច​ហើយ» ចេញ​ រួច​ដើរ​ទៅ​។ លុះ​ពេល​អ្នក​ទាំង​ពីរ​អង្គុយ​ចុះ ក៏​មាន​អ្នក​បម្រើ​ម្នាក់​ទៀត​ដើរ​មក​រក​។

«​សូម​អនុញ្ញាត​លើក​អាហារ​មក​​តែ​ម្តង​ឬ​លោក?» ធាវិន​ងក់​ក្បាល ព្រម​ទាំង​ពោល​ពាក្យ​អរគុណ។

«អឺ…» នីសា​ហុច​មុខ​ចូល​ទៅជិត​ស្វាមី​ «​យើង​មក​ញ៉ាំ​នៅ​កន្លែង​ថ្លៃពេក​ទេដឹង?»​

គេ​ញញឹម​ចុង​មាត់ គ្រវី​ក្បាល​យឺតៗ​ «​អត់​ទេ… ហើយ​អាហារ​មួយ​ពេល​នេះ ក៏​មិន​ប៉ះពាល់​ដល់​​​ការ​ចំណូល​ចំណាយ​នៅ​ក្នុង​គ្រួសារ​យើង​ដែរ។»

«បើ​អ៊ីចឹង​ល្អ​ហើយ​… ព្រោះ​​មិន​អ៊ីចឹង​សា​នឹង​កាត់​ប្រាក់​ចំណាយ​ប្រចាំ​ថ្ងៃរបស់​បង​ចេញ​ខ្លះ​​មិន​ខាន​ ពិន័យ​ដែល​ចាយ​វាយ​ខ្ជះខ្ជាយ​!»

«​មិនបាច់​ទេប្រពន្ធ​សម្លាញ់​​ អាហារ​ថ្ងៃ​នេះ​ជា​ប្រាក់​ដែល​បង​សន្សំទុក ​ពី​ចំណែក​ដែល​អូន​បែង​ឲ្យ​បង​ប្រចាំ​ថ្ងៃ​… មួយ​ថ្ងៃ​បន្តិច​ៗ​តាំង​ពី​បី​ខែ​មុនម្ល៉េះ។ ​កាល​នោះ​ពេល​យើង​ឆ្លង​កាត់​ហាង​នេះ ​អូន​និយាយ​ថា​ចង់​មក​ញ៉ាំ​អាហារ​នៅ​ទីនេះ​ខ្លាំង​ណាស់​​… ចាំ​បាន​ទេ?… ហើយ​បង​ក៏​តាំង​ចិត្ត​ថា ​នឹង​នាំ​អូន​មក​ទីនេះ​នៅ​ថ្ងៃ​វ៉ាលិន​ថាញ​ ដើម្បី​កុំ​ឲ្យ​គេ​ថា​ប្តី​ប្រពន្ធ​យើង​មិន​រ៉ូមែន​ទិក​នោះអី!»

សូម​រង់​ចាំ​អាន​វគ្គ​បញ្ចប់!

Read Full Post »


ផ្កាយ​NoVeLs*– អំណោយ​គ្រប់​ប្រភេទ​​ដែល​យើង​ប្រគល់​ជូន​គ្នា​​ ​ ឬ​ដោះ​​ដូរ​គ្នាទៅវិញ​ទៅមក​ក្នុង​ឱកាស​​​ផ្សេង​ៗ​ សុទ្ធ​តែ​មាន​អត្ថន័យ​ខុស​ៗ​គ្នា​ទៅ​តាម​ប្រភេទ​របស់​វា​​។ គង់​មិន​​​មាន​នរណា​ដែល​មិន​​ធ្លាប់​​ជូន​អំណោយ​ដល់​អ្នក​ដទៃ ឬ​មិន​ធ្លាប់​ទទួល​អំណោយ​ពី​អ្នក​ដទៃ​​នោះទេ​ តែ​​ប្រិយ​មិត្ត​​ដឹង​ទេ​ថា អំណោយ​នីមួយៗ​​​សុទ្ធ​តែ​មាន​អត្ថន័យ​បង្កប់​នៅ​ក្នុង​នោះ​​។ ​ពិសេស​អំណោយ​ដែល​​ប្រិយ​មិត្ត​​ទទួល​បាន ​​ក៏​អាច​ទាយ​និស្ស័យ​របស់​អ្នក​ជូន​បាន​ដែរ។

អ៊ីចឹង​តោះ​ចាំ​អី​ទៀត​ មក​មើល​ទាំង​អស់​គ្នា​មើល៍ថា ​អំណោយ​ដែល​​អ្នក​ដទៃ​ជូន​យើង ​បង្ហាញ​ពី​និស្ស័យ​អ្វី​ខ្លះ​របស់​ពួកគេ? ពិសេស​អំណោយ​ដែល​យើង​នឹង​ទទួល​បាន​ក្នុង​ថ្ងៃ​១៤កុម្ភៈខាង​មុខ​នេះ​! 😉

. តុក្កតា

​ជា​និមិត្ត​សញ្ញា​នៃ​មិត្ត​ភាព​ និង​​បំណង​ល្អ​​។ អ្នក​ដែល​ចូលចិត្ត​​ទិញ​​តុក្កតា​ជូន​ដល់​អ្នក​ដទៃ​ជា​ប្រចាំ​បង្ហាញ​ថា​ គេ​​ជាមនុស្ស​ដែល​​​ពោរពេញ​ទៅ​ដោយ​​​ភា​ព​ទន់​ភ្លន់​​នៅ​ក្នុង​ខ្លួ​​​​ន​ ​​មាន​គំនិត​សុទិដ្ឋិនិយម ​ចូល​ចិត្ត​សម្លឹង​លោក​ក្នុង​ផ្លូវ​ល្អ​​ ច្រើន​មាន​អារម្មណ៍​ស្រស់​ថ្លា​រីករាយ​ តែ​ក៏​​ពេល​ខ្លះ​ក៏​ចូល​ចិត្ត​ង៉ក់​ងរ​​មិន​​ចង់​និយាយ​ស្តី​ ដ្បិត​អី​ម្តង​ម្កាល​គេ​ក៏​ជា​មនុស្សដែល​​យក​តែ​ចិត្ត​ខ្លួន​ឯង​ដែរ​​។

. បេះដូង

ជា​និមិត្ត​សញ្ញា​នៃ​សេចក្តី​ស្រឡាញ់​​។ អ្នក​ដែល​ចូលចិត្ត​ជូន​អំណោយ​ដល់​អ្នក​ដទៃ​ជា​រូប​បេះដូង​​មិន​ថា​ជា​​បន្តោង​ខ្សែ​ក​​ ក្រវិល​ ខ្នើយ​ ប្រអប់​ភ្លេង​ ឬ​សម្ភារៈ អ្វី​ក៏​ដោយ​ដែល​មាន​រូប​រាងជា​បេះ​ដូង​ បង្ហាញ​ថា​គេ​ជា​មនុស្ស​ដែល​​មាន​ភាព​​រ៉ូមែន​ទិក​មិន​ធម្មតា​ទេ។ ពិសេស​ គេ​​ជា​មនុស្ស​ដែល​ផ្តល់​ភាព​សំខាន់​ឲ្យ​សេចក្តី​សេ្នហា និង​​ការ​ទំនាក់​​ទំនង​ ចូលចិត្ត​យក​ចិត្ត​ទុកដាក់​ និងខ្វាយ​ខ្វល់​ពី​អ្នក​ដទៃ​ ព្រម​ទាំង​​ពូកែ​ស្រមើ​ស្រមៃ​​សម្បើម​ណាស់​។

. ទឹកអប់

ជា​និមិត្ត​សញ្ញា​នៃ​មន្ត​ស្នេហ៍​ ​និង​បំណង​ល្អ​​។ អ្នក​ដែល​ចូលចិត្ត​ទិញ​ទឹក​អប់​ជាអំណោយ​ ឬ​កាដូ​​ដល់​​អ្នក​​នៅ​ជុំ​វិញ​ខ្លួន ​​ជា​មនុស្ស​ដែល​មាន​រស​និយម​ល្អ​​ មាន​មន្ត​ស្នេហ៍​ ចូល​ចិត្ត​​សាង​​ភាព​ទាក់​​ទាញ​ដល់​អ្នក​ដទៃ​​​ ចូល​ក្នុង​ចំណោម​មនុស្ស​ក្នុង​សង្គម​បាន​ងាយ​ ស្រឡាញ់​ភាព​ស្អាត​​ស្អំ ចូលចិត្ត​តុប​តែង​ខ្លួន ​មាន​អំនួត​លើ​ខ្លួន​ឯង​ តែ​មិន​មែន​ជា​មនុស្សដែល​​​ងាយ​​ចុះ​សម្រុង​​នឹង​អ្នក​ដទៃ​ប៉ុន្មាន​ទេ និង​ចូលចិត្ត​ខ្វាយ​ខ្វល់​ពី​រូប​សម្រស់​​របស់​ខ្លួន​ឯង​​ជានិច្ច​។

. កូនឆ្កែ

ជានិមិត្ត​រូប​នៃ​មិត្ត​​ភាព​ និង​ភាព​ស្មោះ​ត្រង់​ ភក្តី​។ អ្នកដែល​ចូលចិត្ត​​ជូន​កូន​ឆ្កែ​ជា​អំណោយ​ដល់​អ្នក​ដទៃ ​​​ច្រើន​តែ​ជា​មនុស្ស​​ដែល​មា​នទឹក​ចិត្ត​ទន់​ភ្លន់​ និង​ទន់​ជ្រាយ​​ខ្លាំង​ណាស់​​។ ចំណែក​អ្នក​ដែល​ចង់​បាន​កូន​ឆ្កែ​ជា​អំណោយ​​ក៏​ដូច​គ្នា​ដែរ​ អាច​និយាយ​បាន​ថា ពួកគេ​​នៅ​មាន​និស្ស័យ​ជា​កូន​ក្មេង​នៅ​ក្នុង​ខ្លួន​​នៅ​ឡើយ​ ចូលចិត្ត​​ភាព​សប្បាយ​ ចូលចិត្ត​ឲ្យ​អ្នក​ដទៃ​មកតាម​យកចិត្ត​ តែ​ក៏​​ជា​​មនុស្ស​​ដែល​ចូលចិត្ត​ខ្វាយ​ខ្វល់​ពី​អ្នក​ដទៃ​ ​និង​​មិន​អាត្មា​និយម​ទេ។

. សូកូឡា

ជានិមិត្ត​សញ្ញា​​ នៃ​សេចក្តី​ស្រឡាញ់​​ និង​មិត្ត​ភាព​។​ អ្នក​ដែល​ចូលចិត្ត​​ជូន​សូកូឡា​ ជា​អំណោយ​ដល់​អ្នក​ដទៃ​ បង្ហាញ​ថា​ គេ​ជា​មនុស្ស​​ដែល​មាន​អារម្មណ៍​ល្អ​ ​មាន​គំនិត​សុទិដ្ឋិនិយម​ គ្មាន​ពុត​ត្បុត​ ឬ​ពិស​ពុល​ដល់​អ្នក​ដទៃ​។ ថ្វី​បើ​​មើល​​ពី​ខាង​ក្រៅ​​ជា​មនុស្ស​សាមញ្ញ​ធម្មតា​ ចូលចិត្ត​ភាព​សប្បាយ​ តែគេ​​ក៏​ជា​មនុស្ស​ដែល​មាន​សន្តាន​ចិត្ត​ល្អ​ និង​​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ដែរ​។​ ​​មនុស្ស​បែប​នេះ​អាច​ជា​ព្រាន​នារី​ តែ​មិន​សាវ៉ា​ទេ។

. គ្រឿងអលង្កា

ជានិមិត្ត​សញ្ញា​នៃ​ភាព​​ល្អ​ប្រណីត​ ​និង​ជោគ​ជ័យ​។ អ្នក​ដែល​ចូលចិត្ត​ជូន​គ្រឿងអលង្កា​ដល់​អ្នក​ដទៃ​​មិន​ថា​ជា​ ក្រវឹល​ ចិញ្ចៀន​ កង​ដៃ​ ខ្សែ​ដៃ​ ខ្សែ​ជើង​ ​ឬ​ខ្សែ​ក​ បង្ហាញ​ថា ​គេជា​មនុស្ស​ដែល​ពូកែ​សង្កេត​ ពូកែ​គិត​ ពូកែ​ជ្រើស​រើស​ ​ចូលចិត្ត​​ផ្តល់​​ចំណាប់​​អារម្មណ៍​លើ​​អាកប្បកិរិយា​ខាង​ក្រៅ​​ ជាមនុស្ស​​ដែល​មាន​រស​និយម​ល្អ​ ស្រឡាញ់​ភាព​ស្រស់​ស្អាត​ ​និង​ចូលចិត្ត​ភាព​លេច​ធ្លោ​។

. ទៀនក្រអូប

ជា​និមិត្ត​សញ្ញា​​​នៃ​​សេចក្តី​ស្រឡាញ់​ និង​អារម្មណ៍​ធូរ​ស្រាល​។ អ្នក​ដែល​ចូលចិត្ត​ប្រគល់​ទៀន​ក្រអូប​​​ជា​អំណោយ​ដល់​អ្នក​ដទៃ ភាគ​ច្រើន​​​ជា​មនុស្ស​ដែល​មាន​ភាព​រ៉ូមែនទិក​មិន​ធម្មតាទេ​​​ ចូល​ចិត្ត​ដើរ​លេង​ មើល​កុន​ស្តាប់ចម្រៀង​​ ចូលចិត្ត​​ស្រមើ​ស្រមៃ។​ ថ្វី​បើ​មើលពី​ខាងក្រៅ​ដូច​ជា​ទន់​ភ្លន់​ណាស់ ​តែ​ការពិត​​ក៏​ជា​មនុស្ស​ដែល​រឹង​រូស ​និង​យក​តែ​ចិត្ត​ខ្លួន​ឯង​មិន​​ធម្មតា​​ទេ។

. នំឃុកគី

ជានិមិត្ត​សញ្ញា​នៃ​សេចក្តីសុខ​ និង​បំណង​ល្អ​​។ អ្នក​ដែលចូល​ចិត្ត​ជូន​ឃុកគី​ជា​អំណោយ​ដល់​អ្នក​ដទៃ​​ មិន​ថា​ធ្វើ​ដោយ​ខ្លួ​ន​ឯង​ ឬ​ក៏​ទិញ​មក​ចែក​ក៏ដោយ​ ​ភាគ​ច្រើន​ជា​មនុស្ស​ដែល​ចូលចិត្ត​ជជែក​កម្សាន្ត​ដើម្បី​​ផ្លាស់​ប្តូរ​យោបល់​គ្នា​ជាមួយ​អ្នក​ដទៃ។ ភាគ​ច្រើន​ជា​មនុស្ស​ស្រស់​ស្រាយ​ ចូល​ចុះ​ជាមួយ​អ្នក​ដទៃ​បាន​ងា​យ​ មិន​ចូលចិត្ត​​ជម្លោះ​ទាស់​ទែង​ មិន​ឈ្លាន​ពាន​អ្ន​កដទៃ​ តែ​ជាមនុស្ស​ពូកែ​តូចចិត្ត​បន្តិច​ និង​មិន​សូវ​ល្អិត​ល្អន់​​បាន​គ្រប់​ជ្រុង​ជ្រោយ​ប៉ុន្មាន​ទេ។

. បន្តោងព្រះ ឬពុទ្ធបដិមារ

ជានិមិត្ត​សញ្ញា​នៃភាព​ត្រជាក់​ត្រជុំ​​។ អ្នក​ដែល​ចូលចិត្ត​ជូន​អំណោយ​ដល់​អ្នក​ដទៃ ​នូវ​រូប​បដិមាករ​ ឬ​បន្តោង​ខ្សែ​ក​ព្រះ ជាមនុស្ស​ដែល​ស្រឡាញ់​ផ្ទះ ស្រឡាញ់​គ្រួសារ​ ស្រឡាញ់​កិត្តិយស​កេរ្តិ៍​ឈ្មោះ ចូលចិត្ត​ឲ្យ​អ្នក​ដទៃ​គោរព​​កោត​សរសើរ។​ មិន​តែ​ប៉ុណ្ណោះ​ក៏​ជា​មនុស្ស​ដែល​មាន​លក្ខណៈ​ជា​អ្នក​ដឹក​នាំ​ ម៉ឺង​ម៉ាត់​ល្អិត​ល្អន់​ ចិត្ត​ល្អ ចេះ​ជួយ​យក​អាសា​រ​អ្នក​ដទៃ​ មិន​ចូលចិត្ត​ភាព​អ៊ូអរ​គគ្រឹក​គគ្រេង​ ​ពិសេស​ស្រឡាញ់​ធម្មជាតិ​និង​ភាព​ស្ងប់ស្ងាត់​។

. អាល់ប៊ុមរូបថត

ជានិមិត្ត​រូប​នៃ​អនុស្សាវរីយ៍​​ និង​ការ​ចង​ចាំ​ផ្សេង​ៗ​។ អ្នក​ដែល​ចូលចិត្ត​ជូន​អាល់​ប៊ុម​រូប​ថត​​ជា​អំណោយ​​ដល់​អ្នក​ដទៃ​​ ​ភាគ​ច្រើន​ជា​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​​នឹង​សម្ព័ន្ធ​ភាព​ជាមួយ​​អ្នក​ដទៃ​ជា​និច្ច​ ជា​មនុស្ស​ល្អិត​ល្អន់​គួរ​សម។ មនុស្ស​​បែប​នេះ​មិន​សូវ​មាន​សណ្តាប់​ធ្នាប់​ប៉ុន្មាន​ទេ តែ​ក៏​មិន​​មែន​គ្មាន​របៀប​ដែរ ជា​មនុស្ស​ដែល​ចេះ​យក​ចិត្ត​ទុក្ខ​ដាក់​នឹងអ្នក​ដទៃ​ មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់​ ចូលចិត្ត​គិត​ដល់​រឿង​ល្អៗ​ដែល​ជា​ប្រយោជន៍​​ច្រើន​ជាង​រឿង​មិន​បាន​ការ​។

១០​. បាច់ផ្កា

ជា​និមិត្ត​សញ្ញា​នៃ​សេចក្តី​ស្នេហា​ និង​បំណង​ល្អ​។ អ្នក​ដែល​ចូលចិត្ត​ជូនបាច់​​ផ្កា​​ជា​អំណោយ​ដល់​អ្នក​​ដទៃ​​​ ភាគច្រើន​ជា​មនុស្ស​ដែល​មាន​​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ខ្ពស់​ និង​រ៉ូមែនទិក​មិន​ធម្មតា​ឡើយ​។ តែ​ទន្ទឹម​នឹង​នេះ​គេ​​ក៏​ជា​ព្រាន​នារី​​ម្នាក់​ដែល​មិន​អន់​ដែរ​​។ ក្រៅ​ពី​ជា​ម​នុស្ស​ដែល​​រៀប​រយ​ល្អិត​ល្អន់​​ហើយ​​ ក៏​នៅ​​មាន​បង្កប់​​ដោយ​ភាព​ចចេស​រឹង​រូស​ និង​អំនួត​នៅ​ក្នុង​ខ្លួន​យ៉ាង​ស្ងាត់​ៗ​ទៀត​ផង​។

១១. នំខេក

ជា​និមិត្ត​រូប​នៃ​សេចក្តី​សុខ និង​​អំណរ​សាទរ​។ អ្នក​ដែល​ចូលចិត្ត​ជូន​នំ​ខេក​ជាអំណោយ​ដល់​អ្នក​ដទៃ​ ភាគ​ច្រើន​ជា​មនុស្ស​ដែល​មាន​ទឹក​ចិត្ត​ទន់​ភ្លន់​ និង​សន្តាន​ចិត្ត​ល្អ។​​ ​មិន​មែន​ជា​មនុស្ស​រៀប​រយ​ល្អិត​ល្អន់​ប៉ុន្មាន​ទេ មិន​​​ចូលចិត្ត​គិត​ច្រើន​ តែ​ចូលចិត្ត​ឲ្យ​អ្នក​ដទៃ​​សរសើរ​ ពិសេស​ជា​មនុស្ស​ដែល​គោរព​ខ្លួន​ឯង​ខ្លាំង​ណាស់។

១២. សម្លៀក​បំពាក់​

ជា​និមិត្ត​រូប​នៃ​សោភ័ណ​ភាព​​។ អ្នក​ដែល​​ចូលចិត្ត​ជូន​សម្លៀក​បំពាក់​ជា​អំណោយ​ដល់​អ្នក​ដទៃ​​ បង្ហាញ​​ថា ​​គេ​ជាមនុស្ស​ដែល​គោរព​ខ្លួន​ឯង​ ចូលចិត្ត​គិត​ ចូលចិត្ត​​រៀប​ចំ​ផែន​ការ​ ចូលចិត្ត​សង្កេត ជាមនុស្ស​ដែល​មាន​ទឹក​ចិត្ត​​មេត្រី​ភាព។ ​មើល​ពីខាងក្រៅ ​ឃើញ​ជា​មនុស្ស​ដែល​សាមញ្ញ​ធម្មតា​ តែ​ការពិត​ជា​មនុស្ស​ដែល​ខ្វាយ​ខ្វល់​ពី​រឿង​កិត្តិយស​កេរ្តិ៍​ឈ្មោះ​ខ្លាំង​​ហួស​ហេតុ​។

១៣. ពែង​តែ​ ពែង​កាហ្វេ​

ជា​និមិត្ត​រូប​នៃ​មិត្ត​ភាព​​។ អ្នក​ដែល​ចូលចិត្ត​ជូន​ពែង​តែ​ ​ពែង​កាហ្វេ ​​ជា​អំណោយ​ដល់​អ្នក​ដទៃ​​ បង្ហាញ​ថា​ គេ​ជាមនុស្ស​ដែល​​សម្រប​ខ្លួន​នឹង​អ្នក​ដទៃ​បាន​ងាយ​ ស្រឡាញ់​​​ទំនាក់​ទំនង ​និង​ភាព​កក់​ក្តៅ។​ ថ្វី​បើ​​មិន​មែន​ជាមនុស្ស​​ល្អិត​ល្អន់​ជ្រាល​ជ្រៅ​ប៉ុន្មាន​ តែ​ក៏​ចូលចិត្ត​ស្រមើ​ស្រមៃ​ ស្រឡាញ់​ឥស្សរភាព ស្រឡាញ់​មិត្ត​ភក្តិ​ ស្រឡាញ់​​​​​ភាព​​​សាមញ្ញ​ធម្មតា ច្រើន​ជាង​​របៀប​របប​បែប​ពិធី​​ការ​​។

១៤. សម្ភារៈ​កីឡា

ជានិមិត្ត​រូប​នៃ​ថាម​ពល​ជីវិត​ និង​ភាព​នឹង​ធឹង​នៃ​អារម្មណ៍​ផ្លូវ​ចិត្ត​។ អ្នក​ដែល​ចូលចិត្ត​​ជូន​សម្ភារៈ​កីឡា​​ជាអំណោយ​ដល់​អ្នក​ដទៃ​មិន​ថា​ជាកូន​បាល់​តូចៗ ស្បែក​ជើង​កីឡា​ ដង​វាយ​តឺនីស​ ឬ​អ្វី​ក៏​​ដោយ​ដែល​​ពាក់​ព័ន្ធ​​នឹង​កីឡា​ បង្ហាញ​ថា​ គេ​ជាមនុស្ស​ដែល​ស្រឡាញ់​ខ្លួន​ឯង​ មិន​រំជើប​រំជួល​ឬ​រំភើប​​​ងាយៗ មាន​គោល​ដៅ​ជីវិត​ ស្មោះ​ត្រង់​ តែ​មិន​សូវ​បើក​ចំហ​រឿង​ក្នុង​ចិត្ត​ប្រាប់​អ្នក​ដទៃ​។

១៥. មួក​

ជា​និមិត្ត​រូប​នៃ​ភាព​លេច​ធ្លោ​​ និង​ភាព​ប្រយ័ត្ន​ប្រយែង​។ អ្ន​កដែល​ចូលចិត្ត​ជូន​មួក​ជា​អំណោយ​ដល់​អ្នក​ដទៃ​ ច្រើន​តែ​ជា​មនុស្ស​​ដែល​មើល​ពី​ខាង​ក្រៅ ឃើញ​សាមញ្ញ​ធម្មតា​ ជឿ​ជាក់​លើ​ខ្លួន​ឯង​ តែ​ការពិត​ជា​​គេ​ជា​មនុស្ស​​ដែល​ពូកែ​អៀន​ខ្លាំង​ណាស់​​ ហើយ​ក៏​​មិន​សូវ​​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​​ប៉ុន្មាន​ដែរ។ ក្រៅ​ពី​នេះ​​គេ​ស្រឡាញ់​ឥស្សរភាព ចចេសរឹង​រូសបន្តិច​ និង​មិន​ចូលចិត្ត​ធ្វើ​អ្វី​ដូច​អ្នក​ដទៃ​ទេ​​។

១៦. ប៊ិក​

ជា​និមិត្ត​រូ​​ប​នៃ​ជ័យ​ជម្នះ​។ អ្នក​ដែល​ចូលចិត្ត​ជូន​ប៊ិក​ជាអំណោយ​ដល់​អ្នក​ដទៃ​ ច្រើន​តែ​ជា​មនុស្ស​ដែល​ស្រឡាញ់​អត្តសញ្ញាណ​របស់​ខ្លួន​ឯង​ខ្លាំង​បំផុត​ ជាមនុស្ស​ពូកែគិត​ ពូកែ​សង្កេត​ និង​ពូកែ​ជ្រើស​រើស​ខ្លាំងណាស់ សូម្បី​តែ​រឿង​ល្អិត​ល្អោច​តូច​តាច​ ក៏​​គេ​មិន​ងាយ​​មើល​រំលង​ដែរ។ ពិសេស​គេ​ជាមនុស្ស​មាន​អំណួត​ ស៊ីជោរ​នឹង​ខ្លួន​ឯង​បន្តិច​ តែ​ស្មោះ​ត្រង់​​ខ្លាំង​ណាស់។

១៧. ស៊ុម​រូប​ថត​

ជានិមិត្ត​រូប​នៃ​គំនិត​​ប្រាជ្ញា​ និងការ​ចង​ចាំ​។ អ្នក​ដែល​ចូលចិត្ត​ជូន​ស៊ុមរូប​ថត ​​ជាអំណោយ​ដល់​អ្នក​ដទៃ​ បង្ហាញ​​ថា​ គេ​ជា​មនុស្ស​ដែល​ចូលចិត្ត​ចង​ចាំ​រឿង​រ៉ាវ​ផ្សេងៗ​​ដែល​កន្លង​ផុត​ទៅ​ហើយ ជាមនុស្ស​ដែល​មាន​គំនិត​ប្លែកៗ​ ថ្មីៗ ចូលចិត្ត​ការងារ​​​សិល្បៈ​ ចូលចិត្ត​ការ​តុប​តែង។ ថ្វី​បើ​មនុស្ស​ប្រភេទ​នេះ​​ចចេស​រឹង​រូស​បន្តិច​ តែ​ក៏​ចេះ​ខ្វាយ​ខ្វល់​ពី​អ្នក​ដទៃ​ខ្លាំង​ណាស់​ដែរ។​ ពិសេស​ជា​មនុស្ស​ទន់​ភ្លន់​ តែ​មិន​ទន់​ជ្រាយ​។

(ស្រាវ​ជ្រាវ​និង​ប្រែ​សម្រួល​ដោយ៖ ផ្កាយ​NoVeLs*)

Read Full Post »


ផ្ទៃ​មុខ​នាង​ចាប់​ផ្តើម​​ក្តៅ​​ឆៀបៗ ​ដោយ​អារម្មណ៍​ចម្រុះ​គ្នា​គ្រប់​បែប​យ៉ាង ព្រោះ​តាំង​ពី​ទាក់​ទង​គ្នា​អស់​រយៈ​ពេល​៤​ឆ្នាំ​​ និង​ចាប់​ដៃ​គ្នា​​កសាង​​គ្រួសារ​​ជាមួយ​គ្នា​ជិត​​២​ឆ្នាំ​មក​នេះ​ គេ​មិន​ធ្លាប់​ខូច​ខិល​​ ឬ​បណ្តោយ​​ឲ្យ​​នាង​រង់​ចាំ​​យូរ​ដល់​ថ្នាក់​នេះ​ទេ។ ណាត់​ជួប​ពេល​ណា ​ក៏​​គេ​មក​រង់​ចាំ​នាង​មុន​ជានិច្ច​ ឬ​ទៅ​ដើរ​លេង​ជា​មួយ​គ្នា​នៅ​​ទីណា​ ​បើ​មាន​ធុរៈ​ផ្ទាល់​ខ្លួន​​ត្រូវ​បំពេញ​ ក៏​គេ​មិន​ដែល​ទុក​នាង​ចោល​ ឲ្យ​នៅរង់​ចាំ​​យូរ​​ដូច្នេះ​​ដែរ។

ពេល​នេះ​នៅ​ក្នុង​​ជម្រៅ​ចិត្ត​នាង ​ចាប់​ផ្តើម​​នឹក​ព្រួយ​បារម្ភ​ពីគេ​កាន់​តែ​ខ្លាំង​ឡើង​ ព្រោះគេ​ជាមនុស្ស​ភ្នែក​ម្ញ៉ូប​ ពេល​យប់​ព្រលប់​បែប​នេះ​ មើល​​អ្វី​មិន​សូវ​ឃើញ​​ច្បាស់​ប៉ុន្មាន​ទេ… តើ​គេ​មាន​រឿង​អីទេដឹង? បើ​គ្មាន​​​គ្រោះ​ថ្នាក់​អ្វី​កើត​ឡើង តើ​​ពេល​នេះ​គេ​កំពុង​ធ្វើ​អ្វី? ចុះ​ក្រែង​ប្រាប់​ថា​ទៅតែ​មួយ​ភ្លែត​​នោះអី!

ខណៈ​នេះ​ពេល​ក្រឡេក​មើល​ជុំ​វិញ​ខ្លួន ​​មនុស្ស​ម្នា​កាន់​តែ​ដើរ​ប្រសាច​ប្រសាច​​​ច្រើន​ឡើង​។​ កំលោះ​ក្រមុំ​ដែល​មក​ឈរ​រង់ចាំ​គ្នា​ ក៏​បាន​ជួប​គូណាត់​​​របស់​គេ​រៀង​ៗ​ខ្លួន​។ តែ​នាង​នៅ​តែ​​​ឈរ​ត្រង់​នេះ​ដដែល​… ហើយ​​ព្យាយាម​គេច​ភ្នែក​ពី​គូស្នេហ៍​ជា​ច្រើន​គូ​​ទៀត​ ដែល​ដើរ​ឆ្លង​កាត់​ទៅមក​ ហើយ​ក្រឡេក​មក​មើល​នាង​ដោយ​ខ្សែ​​អាណោច​អាធម។​​… ភាព​តប់​ប្រមល់​​… ការ​យល់​ចិត្ត… ការ​ព្រួយ​បារម្ភ​… ការ​​​គិត​ក្នុង​ផ្លូវ​វិជ្ជមាន​ និង​​ភាព​ហេវ​ហត់​ ពេល​នេះ​នៅ​លាយ​ឡំ​ច្របល់​ចូល​គ្នា​រហូត​​ចែក​​មិន​ដាច់​​។

រំពេច​នោះ ​ស្រាប់​តែ​មាន​សំឡេង​សឺរ៉ែន​ឡាន​ពេទ្យ​លាន់​ឡើង។​ គ្រប់​គ្នា​រេ​ខ្សែ​ភ្នែក​​​តាម​មើល​រថយន្ត​​សង្គ្រោះ​បន្ទាន់​​នោះ​ ដែលកំពុង​​បោះ​ពួយ​​សំដៅ​ច្រក​ផ្លូវ​​ដែល​​​គេ​​​បាត់ខ្លួន​។ តូច​តន់​​ញ័រ​ទ្រូង​ចំប្រប់​ ញើស​ជ្រាប​ចេញ​ដាប​ពេញ​រាង​កាយ​… មាន​រឿង​អាសន្ន​អ្វី​កើត​ឡើង​… កើត​រឿង​អ្វី​… និង​កើត​​ចំពោះ​នរណា!!!?

នីសា​កើត​គំនិត​​ពីរ​ប្រទាញ​ប្រទង់​គ្នា​។ ចិត្ត​មួយ ចង់​ដើរ​តាម​ទៅមើល​ហេតុ​ការណ៍​​​ព្រម​ជាមួយ​​អ្នក​ដទៃ​ទៀត​​ ​ដែល​​នៅ​មិន​ឆ្ងាយ​ពី​ទីនេះ​។ តែ​ចិត្ត​មួយ​​​​នឹក​​ក្រែង​ថា ​​បើ​​គេ​ត្រឡប់​មកវិញ ​នឹង​រក​នាង​មិន​ឃើញ​ ហើយ​បើ​​ប្រឹង​ប្រជ្រៀត​គេ​ឯង​ចូល​ទៅ ​ខ្លាច​ស្រទាប់​ផ្កា​ជាំ​ខូច​…។ ប៉ុន្តែ​​ទីបំផុត​​ជើង​ទាំង​ពីរ​របស់​នាង​ក៏​នាំ​រូប​កាយ​​​ដើរ​​​ទៅ​​កាន់​​​ទិស​​ដៅ ​ដែល​មាន​​​ហ្វូង​មនុស្ស​​​​​ផ្អើល​ប្រសេច​ប្រសាច​ ​ទៅ​មើល​​កន្លែង​កើត​ហេតុ​។ លុះ​ពេល​​​ចូល​ទៅ​ជិត​​ក៏​​ឃើញ​ភ្លើង​សឺរ៉ែន​​ពណ៌​ក្រហម ​វិល​​បាច​សាចពន្លឺ​​​ទៅលើ​ជញ្ជាំង​​អគារផ្សេង​​ៗ​ នៅ​ក្បែរ​នោះ… កាន់​​តែ​ចូល​ទៅ​ជិត​… បេះដូង​ក៏​កាន់​តែ​កន្ត្រាក់​ញាប់​ឡើង​ដូច​ស្គរ​ជាន់​។

តិរិ​វិថី​នៅ​ក្នុង​ច្រក​តូច​ចង្អៀត​មួយ​​ មាន​ហ្វូង​មនុស្ស​កំពុង​ពពាក់​ពពូន​គ្នា នៅ​ខាង​ក្រោយ​រថយន្ត​សង្គ្រោះ​​បន្ទាន់​ដែល​ឈប់​ស្ងៀម​។ សន្និដ្ឋាន​ថា ប្រហែលជាកំពុង​លើក​ដាក់​ជន​រង​គ្រោះ​​។ ​នីសា​​រំកិល​ជើង​ចូល​ទៅជិត​ ហើយ​​ព្យាយាម​ជ្រែក​​​​ចូល​ទៅ​ក្នុង​ហ្វូង​មនុស្ស ​ដែល​កំពុង​រោម​ជុំ​ជិត​នោះ ដើម្បី​ឲ្យ​បាន​ឃើញ​ច្បាស់ និង​រំសាយ​ភាព​​ព្រួយ​បារម្ភ​នៅ​ក្នុង​ចិត្ត​… នៅ​ត្រង់​នោះ​ជានរណា​ហ្ន៎… នាង​ព្យាយាម​បួង​សួង​តិចៗ​។

ប្រៀប​ដូច​ជាមាន​កម្លាំង​អ្វីម្យ៉ាង ​​អូស​ទាញ​នាង​ឲ្យ​​ដើរ​ចូល​ទៅ​កាន់​តែ​ជិត​ទៅៗ​​… កាន់​តែ​ជិត​… កាន់​តែ​កៀក​​… លុះ​​ជ្រែក​ហ្វូង​មនុស្ស​អស់ បាន​មក​ឈរ​នៅ​ខាង​មុខ​គេ ភ្នែក​នាង​ក៏​បើក​ក្រឡើត​ឡើង​​នូវ​រូប​ភាព​​ដែល​ប្រាកដ​នៅ​ចំពោះ​មុខ​។… បុរស​ម្នាក់​ដេក​ស្តូក​ស្តឹង​នៅ​លើ​ទ្រូង​ថ្នល់​…

សូម​រង់​ចាំ​អាន​វគ្គ​បន្ត!

Read Full Post »


រស្មី​ពណ៌​ស៊ី​ជម្ពូ ​ដែល​លាប​ពណ៌​នៅជើងមេឃ​ម្ខាង​ ចាប់​ផ្តើ​ម​ហើរ​ពណ៌​អស់​ខ្លះៗ​ហើយ… នីសា​ នារី​​រាង​​តូច​ច្រឡឹង ​ក្នុង​សម្លៀក​បំពាក់​​អាវ​យឺត​សម​នឹង​រាង​ពណ៌ស៊ីជម្ពូ រួម​នឹង​ខោ​ជើង​ស្ទើរ​ពណ៌​ចាស់​ ឈរ​នៅក្បែរ​ទឹក​បាញ់​​ក្នុង​សួន​ច្បារ​វត្ត​បទុម​វត្តី​ ​ដែល​ជា​កន្លែង​ណាត់​ជួប​ ដោយ​មាន​​យុវវ័យ​កំលោះ​ក្រមុំ​​ជា​ច្រើន​នាក់ ​កំពុង​ឈរ​រង់​ចាំគូស្នេហ៍​ ប៉ុន្តែ​នរណា​ក៏​ដោយ​ដែល​ឆ្លង​កាត់​ទីនេះ បែរ​ជា​ផ្តល់​ចំណាប់​អារម្មណ៍​​​យ៉ាង​ខ្លាំង​មក​លើ​​ស្រស់​នារី​តែ​ម្នាក់។

ថ្វី​បើ​ថ្ងៃ​នេះ មនុស្ស​ស្រី​និង​​បាច់​ផ្កា​ គឺ​ជា​រូប​ភាព​មួយ​ដែល​ឃើញ​ទាល់​តែ​ស៊ាំ​ភ្នែក​ក៏​ដោយ​ តែ​ហេតុ​ដែល​នាង​ជា​នារី​ដែល​មាន​សម្បុរ​ស្បែក​​ពណ៌​ទឹក​ឃ្មុំ​ ត្រូវ​គ្នា​នឹង​វង់​ភ័ក្ត្រ​​ស្រស់​សោភា ច្រមុះ​ស្រួច​ បបូរ​មាត់​ស្តើង​ ចិញ្ចើម​ក្រាស់​ សរសៃ​សក់​ខ្មៅ​ក្រិប​​ រំសាយ​ភា​យ​ពេញ​ខ្នងដូច​ស្លាប​ភូមរី​​​ ទើប​ធ្វើ​ឲ្យ​សម្រស់​​នាង​មើល​ទៅ​ឃើញ​លេច​ធ្លោ​ជាង​គេ​​ ​គួប​ផ្សំ​​នឹង​ផ្កា​កុលាប​ដ៏​សែន​ស្រស់​ កំពុង​បង្អួត​​ស្រទាប់​ឆើត​ឆាយរីក​ប៉ប្រិម​អម​សម្រស់​ស្រី​​។

តើ​នឹង​មាន​ថ្ងៃ​ណា​ ដែល​មាន​សំណាង​បាន​​មក​ឃើញ​រូប​ភាព​​ទាំង​​នេះ​ បើ​ថ្ងៃ​នេះ​មិន​មែន​ជា​ថ្ងៃ​វ៉ាលិន​ថាញ​?

គេ​ឲ្យ​នាង​ឈរ​រង់​ចាំ​នៅ​ទីនេះ​មួយ​ភ្លែត តែ​ពេល​នេះ មួយ​ភ្លែត​ដែល​គេ​ថា ក៏​​កន្លង​ផុត​ទៅ​​១០​​នាទី​ហើយ​…

នាង​ចាប់​ផ្តើម​សង្កេត​ឃើញ​ថា ខ្លួន​ឯង​​កាន់​តែ​​ក្លាយ​ជា​ចំណុច​ចាប់​អារម្មណ៍ ​​របស់​មនុស្ស​ផង​ទាំង​ឡាយ​​កាន់​តែ​ខ្លាំង​។ មនុស្ស​ភាគ​តិ​ច​ណាស់ ​ដែល​កាត់​ទីនេះ​ហើយ​មិន​ងាក​មើល​នាង​ បើ​ទោះ​ជា​នៅ​ក្បែរៗ​នោះ​​ មាន​កំលោះ​ក្រមុំ​ជា​ច្រើន​ទៀត​​ដែល​កំពុង​ឈរ​រង់​ចាំ​គូស្នេហ៍​របស់​គេ។​ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​នាង​​ខុស​ប្លែក​​ពីគេ​ និង​មាន​ភាព​លេច​ធ្លោ​ទាក់​ទាញ​លើស​គេ​ឯង​នោះ​​​គឺ ​​ផ្កា​​កុលាប​​ដែល​នាង​កាន់​កំពុង​រាយ​​​ស្រទាប់​បង្អួត​សម្រស់​​ដល់​ទៅ១៩៩​ទង​…

បើ​ប្តូរ​កន្លែង​ឈរ​រង់​ចាំ​ ​ខ្លាច​ក្រែង​​គេ​មក​វិញ​រកនាង​​មិន​ឃើញ។​ ចង់​ទូរស័ព្ទ​ប្រាប់​ក៏​ពិបាក​នឹង​​ដក​ដៃ​លូក​យក​ទូរស័ព្ទ​​នៅ​ក្នុង​កាបូប​ស្ពាយ​។ បើ​ដាក់​ផ្កា​កុលាប​ចុះ​ ខ្លាច​ក្រែង​​​ស្រទាប់​បុប្ផា​​​​ស្លោករញម​​​បាត់​បង់​សម្រស់​​ ទើប​នាងខំ​​អត់​ធន់​ឈរ​បន្ត​ទៅទៀត​។

«​ផ្កា​លក់​ថ្លៃ​ប៉ុន្មាន​អ្នក​នាង​?» បុរស​មាឌ​ធំ​នៅ​ក្នុង​ឈុត​អាវធំ​ពី​ក្រៅ​ម្នាក់​​ ដើរ​មក​សួរ​ព្រម​ទាំង​លូក​យក​កាបូប​ប្រាក់​ពី​ក្នុងហោប៉ៅ​​ត្រៀម​ចាយ​លុយ​។

«​អឺ… ច៎ាស! ​អត់​លក់​ទេ នេះ​ជា​ផ្កា​គេ​ជូន​ខ្ញុំ​ដែរ​។» នាង​ឆ្លើយ​ ធ្វើ​​ឲ្យ​​បុរស​ម្នាក់​នោះ​​ភាំង​មួយ​ភ្លែត​​ សម្លឹង​មើល​​នាង​ម្តង​ទៀត​ពី​លើ​ចុះ​ក្រោម​​​។ លុះ​ពិនិត្យ​មើល​ការ​ស្លៀក​ពាក់​របស់​នាង​បាន​ច្បាស់​​​ក៏​យល់​ភ្លាម​ថា នារី​ស្អាត​ស្លៀក​ពាក់មាន​​រស​និយម​របៀប​​នាង​​ មិន​ស័ក្តិ​សម​មក​ឈរ​លក់​ផ្កា​​នោះទេ​ ទើប​​អ្នក​កំលោះ​      ​ញញឹម​​ស្ងួត​និយាយ​សុំ​ទោស​ ហើយ​ដើរ​ហួស​​ទៅ។

«​សា… ​អូនចាំបងនៅទីនេះ​​មួយភ្លែត​… បន្តិចទៀតបងមកវិញហើយ​!»​ នោះ​គឺ​សម្តី​របស់គេ​ ព្រម​ទាំង​​ស្នាម​ញញឹម​គួរ​ឲ្យ​អាណិត​ បន្ទាប់​ពី​គេ​​ប្រគល់​ផ្កា​មួយ​បាច់​​នេះជូន​នាង​​។ ខណៈ​​​នោះ​នាង​មិន​ទាន់​​បាន​សួរ​ទៅវិញ​​ផង​ គេ​ក៏​ដើរ​ផង​រត់​ផង​មិន​ដឹង​ប្រញាប់​ទៅណា​ ​ឆ្លង​​​ថ្នល់​​តូច​ចង្អៀត​មួយ​​នៅ​ផ្លូវ​ម្ខាង​ទៀត​​​ ហើយ​ក៏​បាត់​​ស្រមោល​ពី​ទីនោះ​មួយ​រំពេច​។

១៥​នាទី​កន្លង​ទៅ នាង​ចាប់​ផ្តើម​​អន្ទះ​អន្ទែង​ងាក​ឆ្វេងងាក​ស្តាំ​។ មនុស្ស​ម្នាកាន់​តែច្រើន​កុះ​ករ​​ជា​លំដាប់​។ មាន​ច្រើន​គ្នា​ហើយ​ដែល​ឈរ​រង់​ចាំ​គូស្នេហ៍​ លុះ​បាន​ជួប​​ក៏​នាំ​គ្នា​ដើរ​ចេញទៅជា​បណ្តើរៗ​។ មាន​គូស្នេហ៍​មួយ​គូ​ដើរ​កាន់​ដៃ​គ្នា​​ត្រសង​ និយាយ​​​​លេងសើច​​នឹង​គ្នា​​យ៉ាងក្អាក​ក្អាយ។​ គូស្នេហ៍​មួយ​គូ​នេះ​ ខុស​ប្លែក​​ពី​គូ​ស្នេហ៍​ដទៃទៀត​នៅ​ត្រង់​វ័យ​ដែល​គួរ​តែ​​លើស​ពី​អាយុ​​ចូល​និវត្តន៍​។ គួរ​ឲ្យ​កោត​សរសើរ​… ទោះ​បី​ជា​ឆ្លង​កាត់​ជីវិត​គូស្រករ​មក​យូរ​ឆ្នាំ​ហើយ​ក៏​ដោយ​​ ក៏​ពួក​គេ​​​នៅ​តែ​​រក្សា​ភាព​ផ្អែម​ល្ហែម​ ល្អូក​ល្អឺន​នឹង​គ្នា​បាន​ជានិច្ច​។ នាង​​ក្រឡេក​​ទៅ​មើល ​ខណៈ​ដែល​គូ​ស្វាមី​ភរិយា​មួយ​គូ​នោះ​​ងាក​មក​មើល​នាង​ល្មម​​ ព្រម​ទាំង​ងក់​ក្បាល​ដាក់​បន្តិច​។ នាង​ញញឹម​​រាក់​ទាក់​ព្រម​ជា​មួយ​ស្នាម​ញញឹម​ដ៏​បរិសុទ្ធ​ដែល​បាន​ទទួល​ពី​​គូស្នេហ៍​អមតៈ​មួយ​គូ​នោះ។

២០​នាទី​ហើយ នាង​នៅ​តែ​ឈរ​រង់​ចាំ​​នៅ​ត្រង់​នេះ​។ ស្បៃងងឹត​ចាប់​ផ្តើម​​លាប​ពណ៌​ខ្មៅ​កាន់​តែ​ដិត​ឡើង​ជា​លំដាប់​​​។ ភ្លើង​អំពូល​តាម​បង្គោល​ខ្ពស់​ៗ​នៅ​ជុំ​វិញ​នោះ ក៏​ចាប់​ផ្តើម​បើក​​បំភ្លឺ​​ ​ខណៈ​ដែល​កំលោះ​ក្រមុំ​ជា​ច្រើ​ននាក់​ទៀត​ នាំ​គ្នា​ដើរ​មក​ឈប់​នៅ​ត្រង់​ចំណុច​ណាត់​ជួប​​នេះ។​ នាងដក​ដង្ហើម​ធំ​មិ​នដឹង​ប៉ុន្មាន​ដង​ហើយ​ទេ ​ដឹង​ត្រឹម​ថាវា​កាន់​តែ​ញាប់​ទៅៗ​ជា​លំដាប់​។ អារម្មណ៍​តប់​ប្រមល់​កាន់​តែ​តាន​តឹង​​​ឡើងៗ​​ ឯ​ពោះ​​ក៏​ចាប់​ផ្តើម​កូរ​​។

ទ្រនិច​នាឡិកា​ចង្អុល​ម៉ោង​​ ០៦​ និង​ ៥៨​នាទី​ នោះ​គឺ ​២៥​នាទី​បាន​កន្លង​ផុត​ទៅ​ហើយ​!

សាក​ល្បង​ទាញ​ទៅមើល៍ តើ​មាន​រឿង​អ្វី​កើត​ឡើង​នឹងតួ​ប្រុស???

Read Full Post »


សូកូឡា អំណោយដ៏ពេញនិយមក្នុងថ្ងៃនៃក្តីស្រឡាញ់

ផ្កាយ​NoVeLs*– នៅពេល​និយាយ​ដល់​ថ្ងៃ​វ៉ាលិន​ថាញ​ ​អំណោយ​ដែល​ចាត់​ទុក​​ជា​គូ​​នឹង​គ្នា​បន្ទាប់​ពីផ្កាកុលាប​ ​ស្ករ​សូកូឡា​ក៏​ជា​អំណោយ​មួយ​ប្រភេទ​ទៀត ​​ដែល​យុវវ័យ​​ចូល​ចិត្ត​ប្រគល់​​ជូន​គ្នា​​​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​ថ្ងៃ​វ៉ាលិន​ថាញ​ ដោយ​សូកូឡា​ត្រូវ​បាន​​គេ​ចាត់​ទុក​ថា​ ជាភាសា​នៃ​​ការ​សារភាព​ស្នេហ៍​ម្យ៉ាង​។ គេ​ច្រើន​ប្រទះ​ឃើញ​ថា ​នៅពេល​ជិត​ដល់​ថ្ងៃ​វ៉ាលិន​ថាញ​ ស្រី​ៗ​ភាគ​ច្រើន​តែង​តែ​​មមាញឹក​នឹង​ការ​ធ្វើ​សូកូ​ឡា​ ដើម្បី​ត្រៀម​យក​ទៅ​ប្រគល់​​ជូន​​បុរស​​ដែល​ខ្លួន​កំពុង​លួច​ស្រឡាញ់​។

ថ្ងៃ​នេះ​អ្នក​និពន្ធ​វ័យ​ក្មេង​នឹង​មក​ប្រាប់​ថា តើ​​សូកូឡា​ចូល​មក​ពាក់​ព័ន្ធ​នឹង​ថ្ងៃ​វ៉ាលិន​ថាញ​បាន​ដោយ​របៀប​ណា​? រួម​ទាំង​គន្លឹះ​នៃ​​វិធី​ធ្វើ​​ស្ករ​សូកូឡា​បែប​ងាយៗ​ មក​ចែក​ចាយ​​ជូន​​ប្រិយ​មិត្ត​បាន​សាក​ល្បង​ធ្វើ​ទៀត​ផង​។ 😉

  • ប្រវត្តិសូកូឡា និងថ្ងៃវ៉ាលិថា

ថ្វី​បើ​វប្បធម៌​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ ១៤​កុម្ភៈ​ ឬ​ថ្ងៃ​វ៉ាលិន​ថាញ ចាប់​ផ្តើម​នៅ​ប្រទេស​លោក​ខាង​លិច​តាំង​ពី​ជិត​ពីរ​ពាន់​ឆ្នាំ​មុន​​ក៏​ដោយ​ តែ​មក​ដល់​ថ្ងៃ​នេះ​ មនុស្ស​ទូទាំង​ពិភព​លោក​បាន​នាំ​គ្នា​អប​អរ​សាទរ​នឹង​ថ្ងៃ​​ដ៏​ពិសិដ្ឋ​នេះ​យ៉ាង​ចេញ​មុខ​ចេញ​មាត់​ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង​ប្រជាជន​ខ្មែរ​យើង​ផង​​ដែរ​។ ម្យ៉ាង​បើ​ទោះ​ជា​អត្ថន័យ​នៃ​ថ្ងៃ​វ៉ាលិន​ថាញ​ ​មិន​បាន​កំណត់​ត្រឹម​តែ​សេចក្តី​​ស្នេហា​រវាង​បុរស​​និង​នារី​​ តែ​ក៏​គ្មាន​នរណា​បដិសេធ​ថា ស្នេហា​បែប​កំលោះ​ក្រមុំ​ ឬ​ Romantic Love ជា​ចំណែក​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាង​គេ​បំផុត​នោះ​ដែរ​។ នៅ​ថ្ងៃ​វ៉ាលិន​ថាញ​​ អំណោយ​ដ៏​ពេញ​និយម​ដែល​​យុវវ័យ​​ចូលចិត្ត​ជូន​ចំពោះគ្នា​ទៅវិញ​ទៅ​មក​គឺ ស្ករ​សូកូឡា​រូប​បេះ​ដូង​។

សូកូឡា​ផលិត​មក​ពី​គ្រាប់​កាកាវ​។ កាល​ពី​បុរាណកាល​ ដើម​កាកាវ​​ជា​រុក្ខជាតិ​ប្រចាំ​តំបន់​​ក្នុង​ភូមិ​ភាគ​អាមេរិក​កណ្តាល​​ និងអាមេរិក​ខាង​ត្បូង​។ តែ​បច្ចុប្បន្ន​ កាកាវ​ជា​រុក្ខជាតិ​ដែល​មានដាំ​​​​ពាស​ពេញ​ក្នុង​ប្រទេស​​ក្តៅ និង​ច្រើន​បំផុត​ក្នុងអាហ្វ្រិច​ខាង​លិច​។

ជន​ជាតិ​ម៉ាយ៉ាន់​បុរាណ​ជឿ​ថា សូកូឡាគឺ​ជា​​អាហារ​របស់​ព្រះអាទិទេព​​។ ក្រោយ​មក​ជន​ជាតិ​អាហ្សតិក​(AZTEC)ក្នុង​ប្រទេស​ម៉ិច​ស៊ីកូ​ជឿ​ថា សូកូឡា​ជា​អាហារ​បង្កើន​ថាម​ពល​ និង​អារម្មណ៍​ផ្លូវ​ភេទ។ នៅ​ពេលជន​ជាតិ​អឺរ៉ុប​ដំបូងគេ គឺ​​​​អេស្ប៉ាញ​ ចូល​មក​​ត្រួត​ត្រា​ប្រទេស​​ម៉ិច​ស៊ីកូ​ ​ពួក​គេ​ក៏​បាន​​ទទួល​យក​ជនឿ​រឿង​ថាម​ពល​​ពិសេស​ខាង​ផ្លូវ​ភេទ​​(Aphrodisiac) ​របស់​សូកូឡា​ពី​ជន​ជាតិ​អាហ្សតិក​មក​ផង​ ហើយ​ជំនឿ​​នេះ​ក៏​រីក​សាយ​ភាយ​ពាស​ពេញ​អឺរ៉ុប​។

​ផ្អែក​តាម​​វិទ្យាសាស្ត្រ​ ​បើ​ទោះ​ជា​ស្ករ​​សូកូឡា​​មិន​អាច​​ជួយ​បង្កើន​ថាម​ពល​ផ្លូវភេទ​​បាន​យូរ​អង្វែង​ តែ​នៅ​ក្នុង​សូកូឡា​មាន​សារជាតុ​ជំនួយ​ច្រើន​​ប្រភេទ​ ជា​ពិសេស​ភីអ៊ីអេ(PEA)នៅ​ក្នុង​សូកូឡា​ខ្មៅ(Black Chocolate) ដែល​ធ្វើ​ឲ្យ​អ្នក​បរិភោគ​កើត​ចំណង់​ផ្លូវ​ភេទ​ឡើង​​នៅ​ក្នុង​រយៈ​ពេល​ខ្លី​បាន​។ ដោយ​ហេតុ​ផល​នេះ ទើប​សូកូឡា​ក្លាយ​ជា​អំណោយ​ដ៏ពេញ​និយម​មួយ​បន្ទាប់​ពី​ផ្កាកុលាប​ដែល​គូស្នេហ៍​ចូល​ចិត្ត​ប្រគល់​ជូន​គ្នា​ក្នុង​ថ្ងៃ​វ៉ាលិន​ថាញ​។

  • វិធី​ធ្វើ​ស្ករ​សូកូឡា​​ក្នុង​ថ្ងៃ​វ៉ាលិន​ថាញ​ងាយ​ៗដោយ​ខ្លួន​ឯង

វិធី​ងាយៗ​ដំបូង​គឺ​ទៅរក​ទិញ​ស្ករ​សូកូឡា​ដែល​ផលិត​ស្រាប់​​(ជា​ដុំ​ស្ងួត​ ឬ​វែង​) តាម​ផ្សារ​ទំនើប​ឬ​មីនីម៉ាត​នានា​​។ នៅពេល​ទិញ​បាន​ហើយ សូម​យក​សូកូឡា​នោះ​មក​រំលាយ​។

១. ត្រៀម​ទឹក​ក្តៅ​ដែល​មាន​សីតុណ្ហភាព​៥៥​អង្សារ​សេ។ យក​សូកូឡា​ដាក់​ក្នុង​​កែវ​ រួច​​ដាក់​ត្រាំ​ក្នុង​​ទឹក​ក្តៅ​​ទាល់​តែ​សូកូឡា​រលាយ​អស់​។

២. ​យក​កែវ​ចេញ​ឲ្យ​សីតុណ្ហភាព​នៅ​សល់​ត្រឹម​ ២៨​ អង្សារ​សេ​។

៣. បន្ទាប់​មក​យក​សូកូឡា​ចាក់​ចូល​ក្នុង​​ពុម្ព​​​​ដែល​ត្រៀម​ទុក។

៤. ទុក​ចោល​ប្រមាណ​បី​នាទី ​សឹម​ឆ្កឹះ​សូកូឡាចេញ​ពី​ពុម្ព។ ពេល​នោះ​យើងនឹងបាន​ស្ករ​សូកូឡា​ដែល​មាន​រូប​រាង​ផ្សេង​ៗ​គ្នា​តាម​សេចក្តី​ត្រូវ​ការ​​មិន​ខាន(បើ​ទុក​​សូកូឡា​ចោល​​លើស​ពី​៥​នាទី​ស្ករ​សូកូឡា​នឹង​មាន​​រូប​រាង​​មិន​ស្អាត​ទេ)​​​។

យ៉ាង​ម៉េច​ដែរ… ត្រៀម​លុយ​ទៅ​ផ្សារ​ដើម្បី​ទិញ​ស្ករ​សូកូឡា​សម្រាប់​គូ​ស្នេហ៍​ហើយ​ឬនៅ???

Read Full Post »


Read Full Post »


ផ្កាយ​NoVeLs*– អ្នក​ដែល​ធ្លាប់​ជាប់​ចិត្ត​ដិត​អារម្មណ៍​នឹង​រឿង​ Valentine’s Day ភាព​យន្ត​ស្នេហា​រ៉ូមែន​ទិក​​ កាល​ពី​ដើម​ឆ្នាំ​កន្លង​មក​ ច្បាស់ជា​មិន​ខក​បំណង​ទេ​នឹង​ភាព​យន្ត​​​រឿង​ New Year’s Eve ដែល​ជា​ស្នាដៃ​​ពាក់​បូ​ក្រហម​ឆ្លង​ឆ្នាំ​ថ្មី​របស់​អ្នក​ដឹក​នាំ​រឿង​ ហ្គា​រី​ ម៉ាឈែល (Garry Marshall)​ ដែល​នឹង​និយាយ​ពី​​រឿងរ៉ាវ​ស្នេហា​របស់​មនុស្ស​ច្រើន​នាក់​​ ច្រើនប្រភេទ ​ដែល​កើត​នៅ​ក្នុង​ទី​ក្រុង​ញូវ​យ៉ក​​ ក្នុង​រាត្រី​​មុន​​ថ្ងៃ​ចូល​ឆ្នាំ​។ ទាំង​សំឡេង​សើច​ក្អាក​ក្អាយ​ ទាំង​​ក្រាម​ទឹក​ភ្នែក និង​ស្នាម​ញញឹម​ នឹង​នាំ​មក​ជូន​ប្រិយ​មិត្ត​​ដោយ​ ​តារា​សម្តែង​ពេញ​ដោយ​សមត្ថភាព​ប្រមាណ​​​ជាង​១០​រូប។

  • ឈុតខ្លះក្នុងរឿង​, ភាព​យន្ត​ Trailer

ភាព​យន្ត​រឿង​ New Year’s Eve នឹង​អប​អរ​សាទរ​សេចក្តី​ស្នេហា​ សេចក្តី​សង្ឃឹម​ ការ​ផ្តល់​អភ័យ​ ឱកាស​កែ​ខ្លួន និង​​ការ​ចាប់​ផ្តើ​ម​ថ្មី​ដ៏​ស្រស់​ថ្លា​ នៅ​ក្នុង​រឿង​រ៉ាវ​ដែល​មាន​បញ្ចូល​ទាំង​អ្នក​មាន​គូ​ស្នេហ៍ និង​អ្នក​នៅ​លីវ ដែល​ត្រូវ​បង្ហាញ​​ប្រាប់​តាម​រយៈ​​ពាក្យ​សន្យា​នៃ​ទីក្រុង​ញូវ​យ៉ក​​ក្នុង​រាត្រី​ដែល​មាន​ភ្លើង​ពណ៌​​ភ្លឺ​ចិញ្ចែង​ចិញ្ចាច​​បំផុត​ប្រចាំ​ឆ្នាំ​។

អ្នក​ដឹក​នាំ​រឿង​ ហ្គា​រី​ ម៉ាឈែល​ និង​បណ្តា​អ្នក​សម្តែង​​ទាំង​អស់​នេះ នឹង​​ធ្វើ​ដំណើរ​​ជុំ​វិញរដូវ​កាល​​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​២០១១​​​​ តាម​រយៈ​ភាព​យន្ត​​កំប្លែង​ស្នេហា​​រ៉ូមែន​ទិក​ New Year’s Eve។

  • សង្ខេបរឿង

ហ៊ែររី(​រ៉ូបឺត​​ដឺ​នី​រ៉ូ Robert De Niro) បុរស​មាឌ​មាំ​ដែល​បៀត​បៀន​ដោយ​រោគ​កាច​សាហាវ​​ ​បាន​សម្លឹង​មើល​រយៈ​ពេល​ចុង​ក្រោយ​នៃ​ជីវិត​​របស់​ខ្លួន​​​ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​ថ្មី​​​នៅ​មន្ទីរ​ពេទ្យ​។ ចំណែកនាង​​​លេខា​ក្រមុំ​ អ៊ិង​គ្រិត​(មីឆេល​ ហ្វៃ​ហ្វ័រ Michelle Pfeiffer) កំពុង​សម្រេចចិត្ត​​បញ្ឈប់​សម្ព័ន្ធ​ភាព​ដែល​គ្មាន​សង្ឃឹម​របស់​ខ្លួន​ឯង​។ រី​ឯ ​គ្លែរ​(ហ៊ី​ឡារី​ ស្វែង​ Hilary Swank)) កំពុង​មមាញឹក​នឹង​ការ​សម្តែង​​​​​នៅ​ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​ដ៏​ធំ​មួយ​នៅ​​លើ​ដង​ផ្លូវ​​ ថាម៍​ឃ្វែរ​ ខណៈ​ដែល​រ៉ែន​ឌី​(អេស្ស​​តាន់​ ឃុត​ឆ័រ Ashton Kutcher)​ជា​បុរស​ម្នាក់​ដែល​ស្អប់​រាត្រី​ឆ្លង​ឆ្នាំ​ថ្មី​​ជាទីបំផុត​​៕

  • រូបភាព​​ខ្លះក្នុងរឿង

Read Full Post »