ផ្កាយ NoVeLs*– តាក់ស៊ីខ្មោច ជាប្រលោមលោកខ្នាតខ្លីបែប BL ឬដែលអ្នកនិពន្ធប្រាប់ថាបែប Bromance 👨❤️👨👬 អ្នកនិពន្ធប្រើសិល្ប៍វិធីសរសេរខ្លីៗ កាត់ៗ ខណ្ឌចប់ៗ តែមានន័យគ្រប់គ្រាន់ ពិសេសគោរពតាមក្បួនវេយ្យាករណ៍ខ្មែរបានយ៉ាងត្រឹមត្រូវ (ប្រធាន កិរិយា កម្មបទ និងខណ្ឌសញ្ញា)។
អាន ២,៣ ទំព័រដំបូង អារម្មណ៍ប្រៀបដូចពេលយើងកំពុងបញ្ឆេះឡានម៉ូតូដំបូងអ៊ីចឹង គឺម៉ាស៊ីននៅត្រជាក់មិនទាន់ក្ដៅ ចូលតួមិនទាន់ស៊ប់ អារម្មណ៍នៅភែលភល ដូចកំពុងអានកំណត់ហេតុរបស់ក្មេងប្រុសឈាមរាវម្នាក់ដែលគ្មានគោលដៅជីវិតច្បាស់លាស់ ចូលចិត្តធ្វើអីតែមួយឆាវៗ ប៉ះខ្ញុំដែលមិនសូវចូលចិត្តមនុស្សបែបនេះ អានបណ្ដើរ ស្គិញតួម្នាក់នេះបណ្ដើរ។ 👿👿
លុះអានដល់វគ្គដែលតួ “កាក់” ចេញមក សាច់រឿងក៏ប្រែជាទាក់ទាញជាលំដាប់ ធ្វើឱ្យខ្ញុំចង់ដឹងចង់ស្គាល់តួឈ្មោះ “កាក់” នេះកាន់តែច្បាស់ តើគេមកពីណា? ហេតុអីក៏ក្លាយជាវិញ្ញាណខ្មោចអនាថា? 👻😱 ដំបូងៗ គិតថាប្រហែលជាឡានតាក់ស៊ីនេះបុកគេនៅម្ដុំចំណតឡានក្រុងនោះ 🚘💉🩸 តែការពិតខុសស្រឡះ សាច់រឿងក្រឡាប់ចាក់ដូចរឿងស៊ើបអង្កេត! 🚨🚔🔫
បន្ទាប់មក អារម្មណ៍បែប bromance ក៏ចាប់ផ្ដើមរីកដុះដាលឡើងបន្តិចម្ដងៗ រហូតបេះដូងខ្ញុំអួលអាក់រំជើបរំជួលចង់យំម្ដងៗ តាំងពីតួអង្គ “ថុ” ចាប់ផ្ដើមដឹងថាមាន “ខ្មោច” នៅក្នុងឡានដែលគេបើក ហើយខ្មោចនោះគឺជា “កាក់” ដែលគេជួបសឹងតែរាល់ថ្ងៃនៅចំណតឡានក្រុង។ អារម្មណ៍តូចចិត្តអាណិត “កាក់” ដំបូង គឺពេលដែល “ថុ” យកព្រះមកដាក់តាមខ្លួន ហើយគំរាម “កាក់” កុំឱ្យមកតាមគេទៀត។ ពេលនោះអាណិត “កាក់” ខ្លាំងណាស់ ព្រោះគេជាខ្មោចអនាថា ឯកា មានតែខ្លួនមួយម៉ង់ៗ សូម្បីតែឪពុកម្ដាយក៏… មិនដែលឧទ្ទិសបុណ្យកុសលឱ្យគេដែរ! (យំមែនទែនហើយ) 😭😭
បន្តមកទៀត អ្នកនិពន្ធក៏រៀបរាប់ពីទំនាក់ទំនងរបស់មនុស្ស និងខ្មោចមួយគូនេះ ដែលកាន់តែស្និទ្ធស្នាលទៅៗ ដែលអាចឱ្យយើងដឹងថា ទំនាក់ទំនងនេះលើសពីមិត្តភក្តិ លើសពីបងប្អូន ដូចស្នេហា តែពិបាកយកភាសា ឬពាក្យណាមកហៅទំនាក់ទំនងមួយនេះឱ្យបានស៊ីជម្រៅ។ មានតែអ្នកដែលធ្លាប់មានបទពិសោធន៍ដូចអ្នកអាននេះទេដែលយល់! ហិហិ…🤭🤭
ថ្វីបើជារឿងប្រតិដ្ឋ តែអ្នកនិពន្ធហាក់យល់ច្បាស់ពីជីវភាពរបស់ខ្មោចអនាថាម្នាក់បានយ៉ាងច្បាស់ ដឹងថាខ្មោចអាចលង ឬបន្លាចមនុស្សតាមរូបភាពណា មនុស្សប្រភេទណាអាចមើលខ្មោចឃើញ ឬប៉ះខ្មោចបាន ខ្មោចអាចដើរចេញពីកន្លែងដែលខ្លួនស្លាប់បានឆ្ងាយជិតបែបណា ហើយធ្វើបែបណាទើបខ្មោចអាចទទួលសំណែនពីមនុស្សបាន… ជាដើម។
មិនតែប៉ុណ្ណោះ អ្នកនិពន្ធក៏បានរំលេចឱ្យឃើញច្បាស់នូវតថភាពសង្គមមួយចំនួន ដូចជារៀបរាប់ពីអាជីពអ្នកបើកតាក់ស៊ីបានយ៉ាងស៊ីជម្រៅ ការស៊ីសំណូក ពុករលួយ មានបានតាមខ្សែ(សង្គមការិយាធិបតេយ្យ) អំពើហិង្សា ការបៀតបៀនផ្លូវភេទ… ដែលចំណុចនេះ ខ្ញុំពិតជាអត់សរសើរអ្នកនិពន្ធមិនបាន ព្រោះក្រៅពីការកម្សាន្ដ អ្នកនិពន្ធបានបញ្ចូលចំណុចរសើបទាំងនេះចូលទៅក្នុងដំណើររឿងរបស់ខ្លួនបានយ៉ាងប៉ិនប្រសប់ (មិនប្រដៅ ឬអប់រំចំៗ មិនធ្វើឱ្យអ្នកអានធុញ)។ មួយចំណុចទៀត ដែលត្រូវតែសរសើរអ្នកនិពន្ធនោះគឺ អក្ខរាវិរុទ្ធ គឺខុសតែប៉ុន្មានពាក្យប៉ុណ្ណោះ ដែលពិបាករកសៀវភៅណាដែលសរសេរបានត្រឹមត្រូវស្ទើរតែ ១០០% បែបនេះណាស់ សម្រាប់សៀវភៅដែលចេញផ្សាយថ្មីៗនាពេលបច្ចុប្បន្ននេះ។ 👏👏
ដោយមិនចង់ឱ្យបែកធ្លាយសាច់រឿងសំខាន់ៗនៅក្នុងរឿងនេះ ខ្ញុំសុំមិនបន្តរៀបរាប់វែងឆ្ងាយទេ គ្រាន់តែចង់ប្រាប់ថា រឿងនេះធ្វើឱ្យខ្ញុំរំជួលចិត្តច្រាលទឹកភ្នែកចេញមកមិនតិចកន្លែងទេ មិនថាកន្លែងដែល “ថុ” សុំឱ្យ “កាក់” នៅឆ្ងាយពីជីវិតគេ កន្លែងដែល “កាក់” ខានបង្ហាញខ្លួនមួយរយៈ កន្លែងដែល “ថុ” ដឹងថា “កាក់” ស្លាប់ដោយសារអ្វី? កន្លែងដែល “ថុ” ទៅជួបប៉ាម៉ាក់របស់ “កាក់” កន្លែងដែលម៉ាក់របស់ “កាក់” ធ្វើពើមិនទទួលស្គាល់ការពិត កន្លែងដែលប៉ារបស់ “កាក់” ដឹងថាកូនរបស់ខ្លួនមិនមែនស្លាប់ដោយការធ្វើអត្តឃាតជាដើម…
ហើយក្រៅពីនេះ ក៏មានវគ្គស្វីតៗច្រើនដែរ ជាពិសេសចុងកន្ទុយរឿង ពេលដែល “កាក់” ត្រឡប់មកវិញជាមួយឈ្មោះថ្មី “តុ” ។ 😍😍
#តាក់ស៊ីខ្មោច #Taxiខ្មោច #ទ្រីសម្ផស្ស #ComicsArt #អានលេង
I’m gonna buy this book and read it.
អានហើយ ឱ្យ feedback វិញផង ចង់ដឹងថាយល់ឃើញដូចគ្នា ឬយ៉ាងណា?
នឹងរកទិញអានដែរ អាចប្រាប់បានអត់ថានៅបណ្ណាគារណា? ស្រួលទៅដល់ហើយរកបានតែម្ដង។ អរគុណ
អាចទាក់ទងទិញតាមផេករបស់គ្រឹះស្ថានផ្ទាល់៖
https://web.facebook.com/samjjgem