Feeds:
ប្រកាស
មតិ

Archive for the ‘រឿងខ្លី’ Category


ផ្កាយNoVeLs*– មកដល់ពេលនេះ រយៈពេលជិត ១ ខែហើយ ដែលសៀវភៅ “ច្យុតិ” ចេញលក់នៅលើទីផ្សារ តែក៏មិនដឹងថា មានអ្នកអានប៉ុន្មាននាក់ហើយ ដែលបានអានសៀវភៅនេះចប់។ ចំពោះប្រិយមិត្តដែលបានអានសៀវភៅនេះចប់ ប្រាកដជាបានអានប៉ះរឿងខ្លីមួយនៅជំពូកទី៤ ដែលមានចំណងជើងថា “ចោរ” ។ នេះជារឿងមួយក្នុងចំណោមរឿងផ្សេងៗទៀតដែលខ្ញុំចង់ឱ្យគ្រប់គ្នាបានអានជាងគេ។ អាចថា វាជារឿងពិតដ៏ឈឺចាប់មួយដែលនៅតែតាមលងបន្លាចខ្ញុំរហូតមកដល់ថ្ងៃនេះ! ហើយខាងក្រោម គឺជាកំណត់ហេតុមួយអំពីរឿងនោះ…

ក្នុង​ខ្សែ​ភ្នែក​អ្នក​មាន​ខ្លះ​ អ្នក​ក្រ​គឺ​ជា​ចោរ​ អ្នក​ក្រ​គឺ​ជា​អ្នក​សុំ​ទាន​ អ្នក​ក្រ​គឺ​ជា​មនុស្ស​ថោក​ទាប​…។ តែ​គ្រួសារ​​ខ្ញុំ​ ថ្វី​បើ​ក្រ​ជា​ង​អ្នក​សុំទាន​តាម​ចិញ្ចើម​ថ្នល់​ តែ​យើង​ក៏​មិន​ដែល​លើក​ដៃ​សុំ​ទាន​នរណា​ដែរ​ ព្រោះ​យើង​នៅ​មាន​ដៃ​ពីរ​ ជើង​ពីរ​ និង​ដង្ហើម​ដក​គ្រប់​គ្រាន់​ ដែល​អាចតស៊ូ​ទៅ​មុខ​ទៀត​ ដោយកម្លាំង​ញើស​ឈាម​ដ៏​បរិសុទ្ធ​របស់​ខ្លួន​​ ព្រោះ​សង្ឃឹម​ថ្ងៃ​ស្អែក​ ព្រះ​អាទិត្យ​ក្នុង​ខ្ទម​អ្នក​ក្រ​នឹង​រះ​ឡើង​។

យើង​ក្រ​ តែ​ម៉ែ​ប្រដៅ​យើង​ឱ្យ​រស់​នៅ​ក្នុង​កិត្តិ​យស​។ ​ខំ​រៀន​ មិន​ប៉ោ​ឡែ​ មិន​​ប៉ះ​ល្បែង​ មិន​លេង​អបាយ​មុខ​ និង​មិន​លួច​។ តែ​ទោះ​យើង​ខំ​ធ្វើ​ខ្លួន​ល្អ​យ៉ាង​ណា​  និង​មិន​ប៉ះ​ពាល់​ប្រយោជន៍​អ្នក​ដទៃ​​ដូច​ម្តេច​ក្តី​ ក៏​នៅ​មាន​អ្នក​មាន​អគតិ​ខ្លះ​​វាយ​តម្លៃ​យើង​​​យ៉ាង​រំលោភ​បំពាន​ដែរ​។

សូម្បី​តែ​លុយ​មួយ​រយ​រៀល ​ដែល​ម៉ែ​ទុក​នៅ​លើ​​ក្បាល​ដំណេក​ ក៏​គ្មាន​កូន​ណា​មួយ​ក្នុង​ផ្ទះ​ចេះ​​យក​​ដែរ​ បើ​គ្មាន​ការ​អនុញ្ញាត​។ បើ​ចង់​បាន​សុំ​ បើ​ម៉ែ​ថា​ទេ ក៏​ហី​ តែ​ប្រវត្តិ​លួច​គឺ​គ្មាន​។ ម៉ែ​ប្រដៅ​យើង​បែប​នេះ​តាំង​ពី​តូចៗ​។

ដោយ​សារ​មនុស្ស​នៅ​ក្នុង​គ្រួសារ​មិន​ចេះលួច តែ​នៅ​ពេល​មាន​គេ​ចោទ​ថា​ យើង​ជា​ចោរ​ យើង​ជា​ល្មួច​ គឺ​ជា​រឿង​ដែលយើង​ឈឺ​ចាប់​បំផុត​។ ថ្ងៃ​មួយ​ប្អូន​ប្រុស​ខ្ញុំ​ ត្រូវ​បាន​គេ​ចោទ​ថា​ ជា​ចោរ​ឆក់​ខ្សែ​ក​កូន​ក្មេង​​​របស់​អ្នក​ជិត​ខាង​ដែល​វា​ចូល​ចិត្ត​ទៅ​លេង​ជា​មួយ​រាល់​ថ្ងៃ​។

ហេតុ​ការណ៍​ថ្ងៃ​នោះ​ ត្រូវ​បាន​ខ្ញុំ​សរសេរ​ប្រតិដ្ឋ​រឿង​ខ្លី​មួយ ​ក្រោម​ចំណង​ជើង​ថា “ចោរ”។ ៩០%​ នៅ​ក្នុង​រឿង​នេះ ​គឺ​ជា​រឿង​ពិត​ ទាំង​ហេតុ​ការណ៍​ ទីកន្លែង​ និង​ ឈ្មោះ​តួអង្គ ​(លើក​លែង​ឈ្មោះ​អ្នក​និពន្ធ​)។ ១០​%​ទៀត​ដែល​មិន​ពិត​ គឺ​ ឈ្មោះ​អ្នក​និពន្ធ​ដូរ​ដាក់​ សម្អាន​ ដោយ​ឡែក​ប្អូន​របស់​ខ្ញុំ ​ប្រើ​ឈ្មោះ​ហៅ​ក្រៅថា​ សំអូន ​ដដែល​។ ឯ​​ចោរ​ពិត​ប្រាកដ​នៅ​ក្នុង​រឿង​នេះ​ មិន​មែន​ជា​អ្នក​និពន្ធ​ទេ គឺ​ជា​កូន​ក្មេង​ម្នាក់​ ដែល​មាន​​ភិនភាគមុខ​មាត់​ស្រដៀង​នឹង​ប្អូន​ខ្ញុំ​ រស់​នៅ​ឯ​ចុង​ភូមិ​។

ហេតុ​ការណ៍​នេះ​ ម៉ែ​ខ្ញុំ​ និង​ប្អូន​ខ្ញុំ​បាន​ភ្លេច​ហើយ​ តែ​ដោយ​ឡែក​ខ្ញុំ​នៅ​តែ​ចង​ចាំ​វា​រហូត​មក​ដល់​ថ្ងៃ​នេះ​ និង​នៅ​តែ​តាម​លង​បន្លាចខ្ញុំ​រហូត​​ដល់ក្នុង​យល់​សប្តិ​។ យប់​មួយ ​ក្រោយ​ពី​ស្ទុះ​ភ្ញាក់​ពី​យល់​សប្តិ​នូវ​ហេតុការណ៍​​អាក្រក់​នេះ ខ្ញុំ​ក៏​ចាប់​ផ្តើម​សរសេរ​រឿង​នេះ​ឡើង​ ដោយ​សរសេរ​ប្រតិដ្ឋ​ថែម​១០​%​ ដើម្បី​កុំ​ឱ្យ​សាច់​រឿង​ធម្មតា​ពេក​។

ហេតុ​ផល​មួយ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មិន​អាច​បំភ្លេច​ហេតុ​ការណ៍​ដ៏​អាក្រក់​នេះ​បានព្រោះ​ការ​ឈឺ​ចិត្ត​។ ឈឺ​ចិត្ត​នឹង​អំពើ​ល្អ​ដែល​គ្រួសារ​យើង​បាន​ធ្វើ​ តែ​មាន​អ្នក​មាន​អគតិ​មួយ​ចំនួន​តូច ​មើល​មិន​ឃើញ​ និង​ថែម​ទាំង​ប្រមាថ​ទៀត​។ ព្រឹក​ថ្ងៃ​បន្ទាប់ ​ក្រោយ​ពី​កើត​ហេតុ​ការណ៍​នោះ​ ​អ្នក​លក់​ផ្លែ​ឈើ​នៅ​​​ក្បែរតូប​ម៉ែ​ខ្ញុំ​​ បាន​វេច​ផ្លែ​ឈើ​មួយ​​ថង់​ធំ​​ផ្ញើ​តាម​ប្អូន​ខ្ញុំ​មក​ឱ្យ​ពុក​ ដែល​ដេក​ឈឺ​នៅ​ឯ​ផ្ទះ​។ ពេល​ប្អូន​ខ្ញុំ​យួរ​ផ្លែ​ឈើ​​នោះ​ ដើរ​កាត់​មុខ​ផ្ទះ​អ្នក​មាន​ម្នាក់​ដែលនៅ​ផ្ទះ​​ជា​ប់​គ្នា​ គាត់​ក៏​ស្រែក​​ថា «​អូបានលុយពីខ្សែយប់មិញ​​ហើយមើលទៅ​ ទើបទិញផ្លែឈើច្រើនយ៉ាងនេះ

រឿង​នេះ​ខ្ញុំ​មិនដឹង​សោះ គឺ​ទាល់​តែ​ម៉ែ​ខ្ញុំ​ត្រលប់​មក​ពី​ផ្សារ​ ទើប​ប្អូន​ខ្ញុំ​និយាយ​ប្រាប់​។ ពេល​នោះ​ខ្ញុំ​ខឹង​ចិត្ត​​រហូត​ស្រក់​ទឹក​ភ្នែក​ ហើយ​តាំង​ចិត្ត​ថា​នឹង​ទៅ​រក​រឿង​និយាយ​ខុស​ត្រូវ​។ តែ​ម៉ែ​ឃាត់​ គាត់​ឱ្យ​ខំ​អត់​ ព្រោះ​អ្នក​ក្រ​ មិន​ធ្លាប់​មាន​ឈ្មោះ​ល្អ​ស្រាប់​ហើយ​។ ថ្ងៃ​នោះ ​ខ្ញុំ​យំ​​ឈឺ​ចិត្ត​នឹង​សេចក្តី​ប្រមាថ​នេះ​​ទល់​ល្ងាច​ ហើយ​វា​ក៏​ធ្វើ​ឱ្យ​ខ្ញុំ​ចង​ចាំ​រហូត​មក​ដល់​ដង្ហើម​នេះ​។

រឿង​ “ចោរ” គ្រាន់​តែ​ជា​ផ្នែក​មួយ​ ដែល​ខ្ញុំ​ចង់​បង្ហាញ​ដល់​អ្នក​មាន​អគតិ​ខ្លះ​ថា អ្នក​ក្រ​ទាំង​អស់​មិន​សុទ្ធ​តែ​ជា​ចោរ​ទេ អ្នក​ក្រ​ទាំង​អស់​មិន​សុទ្ធ​​តែ​ពាល​ទេ ​ អ្នក​ក្រ​ទាំង​អស់​មិន​មែន​សុទ្ធ​តែជា​អ្នក​សុំ​ទាន​គេ​ទេ​​។​ យើង​ក្រ​ យើង​ប្រឹង​ដោយ​ញើស​ឈាម​អ្នក​ក្រ​ មាន​ប៉ុណ្ណា​ធ្វើ​ប៉ុណ្ណឹង​ ដង្ហើម​មាន​ដក​ ជីវិត​ត្រូវ​​តែ​មានសង្ឃឹម៕

អ្នកនិពន្ធ

បើគិតថារឿងនេះអយុត្តិធម៌សម្រាប់អ្នកក្រ
បើគិតថាអ្នកមានក្នុងរឿងនេះវាយតម្លៃអ្នកក្រខុស… សូមជួយចែករំលែកឱ្យគ្រប់គ្នាបានដឹង និងស្វែងរកយុត្តិធម៌ជូនដល់គ្រួសារខ្ញុំ និងគ្រួសារដទៃទៀតដែលធ្លាប់រងការប្រមាថប្រហាក់ប្រហែលនេះដែរ…

Read Full Post »


spoon-fork

ស្លាបព្រា៖ សម!! បង​ថាយើង​​មិន​ស័ក្តិ​សម​នឹង​​គ្នា​​ទេ!

សម៖ ហេតុ​អី​ទៅ?

ស្លាបព្រា៖ ព្រោះ​អូន​មាន​​​ក្បាល​ស្រួចៗ​ ចំណែក​​បង​មាន​​​ក្បាល​មូល ហើយ​សំប៉ែត​! យើង​ទាំង​ពីរ​ខុស​គ្នា​ឆ្ងាយ​ណាស់!​

សម៖ ចុះ​យ៉ាង​ម៉េច? យើង​​ខុស​គ្នា ​មិន​អាចស្រឡាញ់​គ្នា​បាន​​ទេឬ?

ស្លាបព្រា៖ ​មិន​បាន​ទេ! អូន​មើលចង្កឹះ​មួយ​គូ​នោះ​ចុះ​ ពួក​គេ​វែង​ស្មើ​គ្នា កម្ពស់​កម្ពរ​ដូច​គ្នា​ ​ក្បាល​ក៏​​​ដូច​គ្នា រាង​ក៏​ដូច​គ្នា​ ពេល​ប្រើ​ ឬ​ទៅ​ណា​មក​ណា​ក៏​​ប្រដំ​ប្រសង​​គ្នា គឺ​សម​គ្នា​ណាស់​។

សម​៖ បង​​ភ្លេច​អ្វី​ម្យ៉ាង​ទេដឹង?

ស្លាបព្រា៖ ស្អីទៅ?

សម៖ បង​ប្រហែល​ជា​ភ្លេច​ហើយ​ថា យើង​តែង​តែ​ធ្វើ​អ្វីៗ​រួម​គ្នា ប្រើ​រួម​​គ្នា ហើយតែង​តែ​​នៅ​លើ​ចាន​តែ​​មួយ​។ យើង​ទាំង​ពីរ​​ស័ក្តិ​សម​នឹង​គ្នា​ជាងចង្កឹះ​មួយ​គូ​នោះ​ទៅ​ទៀត​​!

ស្លាបព្រា៖ ស័ក្តិ​សម​ត្រង់​ណា?

សម៖ គឺ​បងជា​​ស្លាប​ព្រាមាន​​តួនាទី​ដួស​ចំណី​អាហារ​​ ចំណែក​​អូន​ជា​សម​​មាន​តួនាទី​ចាំ​ប្រមូល​ អាហារ​ឱ្យ​​បង​ គឺដូច​យើង​ទាំង​ពីរ​កំពុង​បញ្ចុក​អាហារ​គ្នា​ទៅវិញ​ទៅ​មក​អ៊ីចឹង! និយាយ​រួម​ គឺ​​អូន​មិន​អាច​ខ្វះ​បង ហើយ​បង​ក៏​មិន​អាច​ខ្វះ​អូន​។ ចំណែក​ចង្កឹះមួយ​គូ​នោះវិញ​​ ​បើ​ពួក​គេ​​មិនចុះ​សម្រុង​នឹង​​គ្នា អាហារ​ដែលកៀប ឬ​​ចាប់​មក​នោះ​ នឹង​របូត​ជ្រុះ​មិន​ខាន​ គឺ​ពិបាក​ជាង​យើង​ទាំង​ពីរ​ឆ្ងាយ​ណាស់ ពិត​ទេ? ^_^

អូន​ចង់​ប្រាប់​បង​ថា បើ​យើង​​​ស្រឡាញ់​គ្នា​ ​គឺ​មិន​ចាំ​បាច់​ត្រូវ​តែ​ដូច​គ្នា​គ្រប់​យ៉ាង​នោះទេ។ បើ​​យើង​​មាន​ចិត្ត​ចំពោះ​​គ្នា​ទៅ​វិញ​ទៅ​មក​ហើយ​ ទោះ​ជា​យើង​ខុស​គ្នា មាន​និស្ស័យ​មិន​ដូច​គ្នាយ៉ាង​ណា​ក៏​ដោយ​ ក៏​យើង​​​នៅ​តែ​អាច​ស្រឡាញ់​​គ្នា និង​ចុះ​សម្រុង​នឹង​គ្នា​បាន​​។ គូស្នេហ៍​ដែល​មាន​អ្វី​ៗ​ដូច​គ្នា​ មិន​មាន​​​ន័យ​ថា គូ​ស្នេហ៍​​មួយ​គូ​នោះស័ក្តិ​សម​នឹង​គ្នាជានិច្ច​នោះទេ។​ ថា​មិន​ត្រូវ​ ពួក​គេ​អាចពិបាក​​ជាង​យើងដែល​មាន​និស្ស័យ​ខុស​គ្នា​​ទៅ​ទៀត​។ អ្វី​ដែល​សំខាន់​ យើង​ទាំង​ពីរ​​ត្រូវ​ធ្វើ​​តួនាទី​របស់​ខ្លួន​ឱ្យ​ល្អ​បំផុត​ទៅ​គឺ​គ្រប់​គ្រាន់​ហើយ​។ ត្រឹម​​តែ​ប៉ុណ្ណេះ យើង​នឹង​លែង​មាន​អ្វី​ដែល​ថា​មិន​ចុះ​សម្រុង​នឹង​គ្នា​ទៀត​ហើយ​! ^_^

ស្លាបព្រា៖ អរគុណ​អូន​សមណាស់ ដែល​បានពន្យល់​​បង​! បង​សន្យា​ថា នឹង​រួម​រស់​ជាគូ​នឹង​​អូន​​រៀងរហូត… ​​ ^oT

Read Full Post »


f498c9aa1136cb1d33921ca8c150529c

រូប​គំនូរ «ទេវបុត្រ​ភព​ផ្កាយ​»​ កាន់​តែ​ជិត​ក្លាយ​ជា​រូប​រាង​​គ្រប់​ពេល​ សល់​តែគូរ​​លម្អិត​​បន្ថែម​​​​បន្តិច​ទៀត​ប៉ុណ្ណោះ​ ខ្ញុំ​នឹង​អាច​ផ្ញើ​ទៅតាំង​​ពិព័រណ៌​​ នៅ​វិចិត្រសាល​របស់​រៀម​​ច្បង​បាន​ហើយ​។ កាន់​តែ​រាប់​ថ្ងៃ​ ខ្ញុំ​ក៏​កាន់​តែភ័យ​ខ្លាច​លទ្ធផល​របស់​រូប​គំនូរ​នេះខ្លាំង​ឡើង​ ឬ​​បើ​និយាយ​ឲ្យ​ត្រូវ ​គឺ​ខ្ញុំ​ខ្លាច​មនុស្ស​នៅ​ក្នុង​រូប​គំនូរ​ ឃ្លាត​ឆ្ងាយ​​ពី​ភព​ផែន​ដី​​នេះ  ​ដូច​ដែល​អ្វី​ដែល​គេ​ធ្លាប់​និយាយ​​​។

រាល់​ថ្ងៃ​នេះ​យើង​នៅ​តែ​និយាយ​គ្នា​​តាម​​ទម្លាប់​ នៅ​តែ​​​មក​ជួប​គ្នា​នៅ​សួន​សាធាណៈ នៅ​តែ​​និយាយ​គ្នា​ពី​នេះ​ពី​នោះ​សព្វ​សារពើ​ នៅ​តែ​មិន​បាន​ឈាន​ជើង​ចូល​ទៅ​ក្នុង​ពិភព​លោក​​របស់​​គេ​ នៅ​តែ​ធ្វើ​គ្រប់​យ៉ាង​ដូច​មួយ​ឆ្នាំ​កន្លង​មក​។ បើ​ប្រៀប​ធៀប​ការ​ស្គាល់​គ្នា​របស់​យើង​ទៅ​នឹង​ការ​ធ្វើ​ដំណើរ​ ខ្ញុំ​ថា ​យើង​មិ​នធ្លាប់​ដើរ​ទៅណា​ឆ្ងាយ​ពី​កន្លែង​​ដើម​ឡើយ​សូម្បី​តែ​បន្តិច​ គឺ​នៅ​ដូច​ដើម… ដូច​ថ្ងៃ​ដំបូង​​ដែលយើង​​​ចាប់​ផ្តើមស្គាល់​គ្នា​​។

«មិន​គូរ​រូប​ទេឬ ថ្ងៃ​នេះ?»

«អត់​ទេ ថ្ងៃ​នេះ​ចង់​សម្រាក​ ចង់​​ធ្វើ​អារម្មណ៍​សិន​មុន​នឹង​បង្ហើយ​​ការងារលើក​​ចុង​ក្រោយ​ ទើប​ការងារចេញ​មក​ល្អ​។ ចុះ​លោកវិញ​ ថ្ងៃ​នេះ​មិន​អាន​សៀវភៅ​ទេឬ បានជាមិន​ឃើញ​កាន់​សៀវភៅ​មក​អ៊ីចឹង?»

«ចង់​សម្រាក​​ដូច​គ្នា​ ខ្ញុំបាន​អាន​ច្រើន​មក​ហើយ ថ្ងៃ​នេះ​ខ្ញុំ​ចង់​និយាយ​ជាមួយ​ចន្ទ្រ​​ច្រើន​ជាង​។»

«អ៊ីចឹង​យើង​ចេញ​​ទៅដើរលេងជាមួយ​គ្នា​ទៅ ល្អ​ទេ?» ខ្ញុំ​និយាយ​បបួល​ងាយៗ​​។ គេ​នៅ​ស្ងៀម​បន្តិច​មុន​នឹង​ងក់​ក្បាល​ទទួល​។

ពេលវេលា​មួយ​ថ្ងៃ ​គឺ​ខ្លី​ខ្លាំង​ណាស់​​សម្រាប់​ខ្ញុំ។ ​នៅ​មាន​កន្លែង​​ជា​ច្រើន​ទៀត​ ​ដែលខ្ញុំ​ចង់​​ទៅ​ជាមួយ​គេ​ តែ​ដោយ​អស់​ពេល​ យើង​ទាំង​ពីរ​ ក៏​នាំ​គ្នា​ត្រឡប់​មក​កន្លែង​ដើមវិញ​ គឺ​សួន​     សាធារណៈ​ដែល​យើង​ទាំងពីរ​ជួប​គ្នា​លើក​ដំបូង​​។ វត្ថុអនុស្សាវរីយ៍​ ដែល​បាន​មក​ពីការ​ទៅដើរ​លេង​ជាមួយ​គ្នា​ថ្ងៃ​នេះ​ គឺ​មាន​តែ​បន្តោង​សោ​រូប​ព្រះ​ចន្ទ្រ​ និង​ភព​តូច​មួយ ​ដែល​គេ​ដណ្តើម​ចេញ​លុយ​​កាត់​មុខ​យ៉ាង​រហ័ស​ តែ​ខ្ញុំ​បែរ​ជា​មិន​បាន​ទិញ​អ្វី​ឲ្យ​គេ​ទុក​ជា​អនុស្សាវរីយ៍ ​សម្រាប់​ថ្ងៃ​ដើរ​លេង​ដំបូង​របស់​យើង​ទាំង​ពីរ​​សោះ​។

«ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់ អរគុណ​សម្រាប់ថ្ងៃ​នេះ!»

«បាទ! អរគុណ​ដូច​គ្នា​ ខ្ញុំ​ក៏​សប្បាយ​ដែរ​ យូរ​មក​ហើយ​ដែលខ្ញុំ​មិន​បាន​ដើរ​លេង​បែបនេះ​។» គេញញឹមស្រាល​ដាក់​ខ្ញុំ​។ ស្នាមញញឹម​ដ៏​កក់ក្តៅបែប​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ពន្យារ​ពេល​ឲ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅបាន​។

«អ៊ីចឹង​ចាំពេលក្រោយ​ យើងទៅដើរលេងជាមួយ​គ្នា​ទៀត​ណ៎ា! ខ្ញុំ​នឹង​មាន​​វិស្សមកាល​​ប្រចាំ​​ឆ្នាំ​ ក្រោយ​ពី​បញ្ជូន​ការងារ​ចុង​ក្រោយ​ទៅ​ឲ្យ​គេ។​ ចង់​ទៅ​លេង​សមុទ្រ​ជាមួយ​ខ្ញុំ​ទេ?»

«ប្រហែល​ជា​គ្មាន​ពេល​ក្រោយ​ទៀត​ទេ…»

«បានន័យថាម៉េច?» ខ្ញុំ​ប្រញាប់​សួរ​គេ​នៅពេលឃើញ​ទឹកមុខ​របស់​គេ​ប្រែ​ជាក្រៀម​ក្រំ​ ហើយ​ទទួល​អារម្មណ៍​ក្តុកក្តួល​នឹង​កែវ​ភ្នែកមុត​របស់គេ​ ដែល​ពេល​នេះ​ប្រែ​ជា​ស្រទន់​គួរ​ឲ្យ​ខ្លាច​។

«ខ្ញុំ​ត្រូវ​ទៅហើយ​ ទៅភព​កំណើត​​របស់ខ្ញុំ​វិញ​។» គេប្រាប់​ធ្វើ​ញឹមៗ​ តែការ​និយាយ​លេង​របស់គេលើក​នេះ​មិន​បាន​ធ្វើឲ្យ​ខ្ញុំ​អស់​សំណើច​ដូច​មុន​នោះ​ទេ តែ​បែរជា​ធ្វើ​ឲ្យ​ខ្ញុំ​ក្រៀម​ក្រំ​ខុស​ពី​ធម្មតា​។

«​នេះ​ជា​ពេល​ដែល​ត្រូវ​លេង​សើច​ឬ? មិន​កំប្លែង​ទេ!»

«ខ្ញុំ​មិន​បាន​លេង​សើច​​ទេ ចាប់​ពី​ពេល​នេះ​ទៅខ្ញុំ​នឹង​មិន​បាន​មក​ទីនេះ​ទៀត​ទេ អរគុណ​ស​ម្រាប់​គ្រប់​យ៉ាង…​ ​ចន្ទ្រ​គឺ​ជា​ការ​ចង​ចាំចុង​ក្រោយ​របស់​ខ្ញុំ​នៅលើ​ភព​​​ផែន​ដី​នេះ។» គេញញឹម​ពព្រាយ​ តែ​​ស្នាម​ញញឹម​នោះ​ខុស​ពី​មនុស្ស​ម្នា​ផង​ទាំង​ពួង​។ ខ្ញុំ​ខំទប់​ទឹក​ភ្នែក​ដែល​កើត​ឡើង​ដោយ​អារម្មណ៍​ភ័យ​ខ្លាច ​និង​ក្តុក​ក្តួល​ តែទប់​យ៉ាង​ណា​ក៏​មិន​ជាប់​។ អារម្មណ៍​ក្រៀ​ម​ក្រំរីកដុះ​ដាល​យ៉ាង​ឆាប់​រហ័ស​ដោយ​គ្មាន​ហេតុ​ផល​នោះ​ ​ធ្វើ​ឲ្យ​ទឹក​ភ្នែកខ្ញុំ​ហូរ​កាន់​តែខ្លាំង​ដូចទឹក​​បាក់​ទំនប់​។

«តើ​លោក​ជាមនុស្ស​ភព​ផ្កាយ​ពិត​មែនឬ?» ខ្ញុំ​សួរ​បញ្ជាក់​គេទាំងខ្សឹកខ្សួល​ ចំណែក​គេ​សើចតិចៗ​ ហាក់​អាសូរ​នឹង​សំណួររបស់ខ្ញុំ​។

«ពិតមែនហើយ ក្រែង​ខ្ញុំ​ធ្លាប់​ប្រាប់​​ចន្ទ្រ​ហើយ​ មែនទេ ថាខ្ញុំ​មក​ពី​ភព​អង្គារ… ថ្ងៃ​ណាមួយ​ ​ខ្ញុំ​នឹងត្រឡប់​ទៅភព​កំណើត​របស់ខ្ញុំវិញ​ ឥឡូវ​ថ្ងៃ​នោះ​បាន​​មក​ដល់​ហើយ​… ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​ទៅដោយ​ឥត​ប្រកែក​​បាន​។»

«ចុះ… ចុះ​បើ​ខ្ញុំ​សុំ​អង្វរ​លោក​ឲ្យ​នៅបន្ត?»

«​ចន្ទ្រ​​ សូម​កុំ​អង្វរ​ខ្ញុំ​អី នេះ​ជា​តួនាទី​ដែល​មិន​អាច​ប្រកែក​បាន​ទេ គឺ​ខ្ញុំ​ត្រូវ​តែ​ត្រឡប់​ទៅវិញ​ឲ្យ​ខាន​តែ​បាន​… ត្រឡប់​ទៅរក​ប្រភព​ដើម​​​វិញ​លើ​ដែន​ដី​មួយ​នោះ…​ ឲ្យ​ខ្ញុំ​សុំ​ទោស​ផង​ណ៎ា!»

អ្វី​ដែល​គេ​ប្រាប់​ខ្ញុំ​ ហាក់​ដូច​គ្រប់​យ៉ាង​នោះ​ជា​រឿង​ពិត​ តែ​ខ្ញុំ​ដឹង​ច្បាស់ថាវា​គ្មាន​ពិត​ទេ គ្មាន​មនុស្ស​ភព​ផ្កាយ​នៅ​លើ​លោក​នេះ​ឡើយ​។ បើដូច្នោះ​ តើ​គេ​ទៅណា? សំណួរ​នេះ​លេច​ឡើងភ្លាម​ៗ​នៅ​​ក្នុង​ចិត្ត​ខ្ញុំ​។

«អ៊ីចឹង​ បើ​ខ្ញុំ​នឹក​លោក តើ​ខ្ញុំ​ទាក់​ទង​លោកតាម​របៀបណា?» ខ្ញុំ​បង្អាក់​សម្តី ហើយ​​ដកដង្ហើម​បន្តិច ​​ដើម្បី​កាត់​បន្ថយ​ភាព​ខ្សឹកខ្សួល​ដែល​​និយាយ​ស្តាប់​គ្នា​មិន​បាន​នោះ​ចេញ​ មុននឹង​ប្រាប់​គេដោយ​ប្រយោគ​ដែល​​ផុស​ចេញ​មក​ពី​អារម្មណ៍​ពិតៗ «ខ្ញុំ​មិន​ចង់​ឲ្យ​យើង​ត្រូវ​ឃ្លាត​ឆ្ងាយពីគ្នា​បែប​នេះ​ទេ…»

«និស្ស័យ​នាំ​យើង​ឲ្យ​បាន​ជួប​គ្នាត្រឹម​ប៉ុណ្ណេះ សូម​ឲ្យ​ខ្ញុំ​បាន​ត្រឹម​ជា​សំណល់​អនុស្សា     វរីយ៍ ​របស់​​ចន្ទ្រ​​​ក៏​គ្រប់​គ្រាន់​ដែរ ហើយ​ថ្ងៃ​ណាមួយ… ​ចន្ទ្រ​​នឹងទម្លាប់​បាន​នឹង​ការ​ឃ្លាត​ទៅរបស់ខ្ញុំ​ដោយ​ខ្លួន​ឯង​!»

សម្តី​របស់គេ ធ្វើ​ឲ្យ​ទំនប់​ទឹកភ្នែក​ដែលខ្ញុំ​ខំទប់​​ បាក់​ធ្លាយ​ចេញ​មក​ម្តង​ទៀត​។ ខ្ញុំ​សម្រេចចិត្តស្ទុះ​ទៅឱប​គេ​យ៉ាងណែន ​ដោយ​សង្ឃឹម​ក្នុង​ចិត្ត​ថា អាច​​ឃាត់​បុរស​ម្នាក់​នេះ​ទុក​ឲ្យ​បាន​យូរ​បំផុត ហើយ​បើ​គេ​យល់​​ ខ្ញុំ​នឹង​ឃាត់​គេ​ទុក​អស់​មួយ​​ជីវិត​ ដោយ​មិន​គិតថានឹងលែង​ឡើយ​។ តើ​បុរស​នៅ​ក្នុង​រង្វង់​ដៃខ្ញុំ​ពេល​នេះ​យល់ខ្លះ​ឬទេថា អ្វី​ដែលខ្ញុំ​ស្អប់បំផុត​គឺ​ការ​បាត់​បង់​មនុស្ស​ដែលខ្លួន​ស្រឡាញ់​​ ហើយ​នៅថ្ងៃ​នេះ​ គេ​បាន​ក្លាយ​ជាមនុស្ស​ម្នាក់​នោះ​ទៅ​​ហើយ​។ តើ​គេ​មានយល់ខ្លះ​ទេ? យល់​ពីអារម្មណ៍​ និង​សេចក្តីស្រឡាញ់​របស់ខ្ញុំ​ចំពោះ​គេ…

«តើ​លោក​ដឹង​មុន​ហើយ​មែនទេ ថា​ថ្ងៃណាមួយ​ លោក​នឹង​ត្រូវ​​ឃ្លាតទៅបែប​នេះ?»

«ខ្ញុំ​… ខ្ញុំ​សុំ​ទោស! សុំ​ទោស​ដែលចាប់​ផ្តើម​គ្រប់​យ៉ាង!​ សុំ​ទោស​ដែល​អាត្មានិយម​! តែ​ខ្ញុំ​ចាំបាច់ត្រូវ​ទៅពិតមែន​​។ ការ​ឃ្លាត​ទៅលើក​នេះ​ គឺ​ជា​តួនាទីចុងក្រោយ​ដែល​ខ្ញុំ​​ត្រូវ​ធ្វើ​ ខ្ញុំ​ចង់​ឲ្យចន្ទ្រ​​យល់​!» ខ្ញុំ​ប្រឹង​ញញឹម​នឹង​ចម្លើយ​របស់គេ ខណៈ​ដែល​ទឹក​ភ្នែកនៅតែហូរ​មិន​ឈប់​។ ខ្ញុំ​យល់​… យល់​ពី​ន័យ​ដែលគេ​ចង់​ប្រាប់…

«ច៎ាស! ខ្ញុំ​យល់!​ ខ្ញុំ​យល់​… ម៉ារស៍! បើ​ភព​អង្គារ​របស់​លោក​មាន​ប្រអប់​សំបុត្រ​ប្រៃសណីយ៍ ដែល​អាច​ផ្ញើ​សេចក្តីនឹក​រឭកបាន​ សូម​ផ្ញើ​ដំណឹង​មក​ឲ្យ​ខ្ញុំខ្លះ​ផង​ ខ្ញុំ​ចង់​ឲ្យ​លោកដឹង​ថា នៅ​លើ​ភពផែន​ដី​មួយ​នេះ​ នៅ​មាន​មនុស្ស​ម្នាក់​ដែល​រង់​ចាំ​លោក!»​

«ចន្ទ្រ​!» គេរំជួល​ចិត្ត​ភ្ញាក់ផ្អើល​នឹង​សម្តីរបស់ខ្ញុំ​ មុននឹង​ងក់​ក្បាល​ទទួល​យឺតៗ ​ដោយ​ខ្សែភ្នែក​​ដឹងខុស «បាទ… ខ្ញុំ​នឹងព្យាយាម​ស្វែង​រក​ប្រអប់​សំបុត្រ​ឲ្យ​ឃើញ​ អរគុណ​ណា​ចន្ទ្រ​… អរគុណ​សម្រាប់​គ្រប់​យ៉ាង។»

«អរគុណ​ដូច​គ្នា ម៉ារស៍!» ខ្ញុំ​ឱបគេកាន់​តែ​ណែន​ជាងមុន​ មុននឹង​ឈ្ងោកមុខ​ជ្រក​​ក្នុង​លង្វែក​ទ្រូង​គេ​ ហើយ​បណ្តោយ​ឲ្យ​ទឹកភ្នែក​ហូរ​ចេញ​មក​ម្តងទៀត​។ ខ្ញុំ​សុំ​ឲ្យ​ពេលវេលាដែលនៅសេសសល់​​មិន​ច្រើន​នេះ ឱប​យក​ភាព​កក់​ក្តៅ​ពីគេទុក​ជាកម្លាំង​ចិត្ត ​ដើម្បី​​​ខ្ញុំ​អាច​មាន​ជីវិតរស់​នៅ​​បន្ត​ទៀត​។ ត​ទៅនេះ​ ពេល​គ្មាន​គេ​ចូល​មក​ផ្លាស់​ប្តូរ​ពិភព​លោក​របស់ខ្ញុំ​ ជីវិត​ប្រហែលជា​​ឯកោ​ខ្លាំង​ណាស់​ តែ​ខ្ញុំសន្យា​ថា​​នឹងព្យាយាម​រឹង​មាំ​ឲ្យ​ទាល់​តែ​បាន​ ព្រោះ​យ៉ាងហោចណាស់ ក៏​ខ្ញុំ​​នៅ​មាន​រូប​គេ​ក្នុង​ការ​ចង​ចាំដែរ​​។

«យប់​នេះ​លោក​មិន​បាច់​ជូនខ្ញុំ​ទៅផ្ទះ​ទេ យើង​បែក​គ្នា​នៅ​កន្លែង​នេះ​ល្អ​ហើយ​!» និយាយ​ចប់ ខ្ញុំ​ក៏​រំកិល​ខ្លួន​ចេញ​ពីរង្វង់ដៃ​របស់គេ ហើយ​ញញឹម​ដាក់​… ញញឹម​ទាំង​ទឹក​ភ្នែក​នៅហូរ​ជោកថ្ពាល់​ទាំង​សងខាង។

«ហេតុអ្វី?»

«យើង​ជួប​គ្នានៅទីនេះ​ ខ្ញុំ​ក៏​ចង់​ឲ្យ​យើង​បែក​គ្នានៅទីនេះ​ដូច​គ្នា​ ចាត់​ទុក​ថាជាសំណូម​ពរចុង​ក្រោយ​ចុះ!»

«យល់​ព្រម…»

«យើង​បែក​គ្នាត្រឹម​នេះ​ចុះ ទោះ​យ៉ាង​ណា ​យើង​នៅ​តែ​​មិន​អាចឃាត់​ពេលវេលាបានដដែល​…» សំឡេង​ដកដង្ហើម​ធំ​លាន់​ចេញ​ពីគេ​យ៉ាងសោះកក្រោះ​។ ទឹកមុខ​ និង​ខ្សែភ្នែក​ដ៏​សោកសៅ​បញ្ជាក់​​គ្រប់​យ៉ាងបាន​យ៉ាង​​ច្បាស់​ថា គ្មាន​នរណា​ ចង់​ឲ្យការ​បែក​គ្នា​លើក​នេះ​​កើត​ឡើង​ឡើយ​ មិន​ថា​គេ ​ឬ​ខ្ញុំ​…

«សំណាង​ល្អ​ណា​ចន្ទ្រ​​ ហើយ​សូម​បំភ្លេច​មនុស្សប្រុស​ម្នាក់​នេះ​ចោល​ចុះ ខ្ញុំ​មិន​ចង់​ឃើញ​ចន្ទ្រ​​ខូចចិត្ត​នឹង​ការ​ឃ្លាត​ទៅ​​ឆ្ងាយ​របស់ខ្ញុំ​ទេ…»

«ខ្ញុំ​ធ្វើ​មិន​បាន​ទេ! ខ្ញុំ​គ្មាន​ថ្ងៃបំភ្លេច​លោកឡើយ… ដូច្នេះ​ខ្ញុំ​មិន​ទទួល​ពាក្យ​អ្វី​ទាំង​អស់​​ដែលខ្ញុំ​ធ្វើ​មិន​បាន។​​ តែខ្ញុំ​សន្យា ខ្ញុំ​នឹងព្យាយាមមិន​ខូចចិត្ត​ ឬ​មួយ​ក៏​យំ​ដោយ​សារ​ការ​ឃ្លាត​ទៅ​របស់​លោក​ទៀត​ឡើយ​។ អនុស្សាវរីយ៍​របស់​យើង ធំធេង​ណាស់​ ហើយ​​​មាន​តម្លៃ​ជាង​ការ​ឲ្យ​ភាព​ខូចចិត្ត​មក​បំផ្លាញ​ទៅ​ទៀត​​។ លោក​មិន​បាច់​បារម្ភ​ពី​ខ្ញុំ​ទេ ម៉ារស៍​… សូម​ឲ្យ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ភព​កំណើត​របស់​លោក​ប្រកប​ដោយ​សេចក្តីសុខ​ លោក​ត្រូវ​តែ​ជឿជាក់​លើ​ភាព​រឹង​មាំ​របស់ខ្ញុំ​!»

«បាទ ខ្ញុំ​ជឿជាក់​លើ​ចន្ទ្រ​​ ថ្ងៃ​ណាមួយ​យើង​អាច​នឹង​បាន​ជួប​គ្នា​ជាថ្មី​​…»

«សំណាង​ល្អ​ដូច​គ្នាម៉ារស៍ ខ្ញុំ​នឹង​រង់​ចាំ​ថ្ងៃ​ដែល​យើង​នឹង​បាន​ជួប​គ្នា​នោះ!»

ការបែក​គ្នា ​ប្រព្រឹត្ត​​ទៅយ៉ាង​ងាយ​ស្រួល។​ ខ្ញុំ​សម្រេចចិត្ត​ដើរ​បែរខ្នង​ចេញ​មក​ ហើយ​ព្យាយាម​យ៉ាងខ្លាំង ដើម្បី​មិន​ឲ្យ​គេ​មើល​ឃើញ​ស្មា​របស់ខ្ញុំ​ ដែល​កំពុង​​តែ​ញ័ររញ្ជួយ​ដោយ​សារ​ការ​យំ​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន។ នៅពេលបែរខ្នង​ដើរចេញ​មក​ដូច្នេះ​ គេ​ច្បាស់​ជា​ឃើញ​តែ​ផែន​​ខ្នង​ដែល​រឹង​មាំ​ នឹង​ធឹង​ មិន​មែន​​ជា​ភាព​ទន់​ជ្រាយ…​ យើង​ទាំង​ពីរ​នឹង​បាន​លាគ្នា​ដោយ​ភាព​រីករាយ​។ ខ្ញុំ​បាន​ត្រឹម​តែ​សង្ឃឹមថា គេ​នឹង​អស់​បារម្ភ​នៅពេល​ឃើញ​ភាព​រឹង​មាំ ​ដែលខ្ញុំ​កំពុង​ព្យាយាម​ធ្វើ​នេះ​។

ចប់​ហើយ… ​ គ្រប់​យ៉ាង​ចប់​ហើយ ​មែនទេ?… លាហើយមនុស្ស​ភព​ផ្កាយ!

***

 m192392

ពេលវេលា​ដើរ​ទៅមុខ​មិន​ឈប់​ នាំ​យក​ទាំង​​ក្តី​ទុក្ខ​ទាំង​ឡាយ​​ទៅ​ជាមួយ​។ ខ្ញុំ​​លាក់​កំបាំង​គ្រប់​យ៉ាង​​ទុក​បាន​យ៉ាង​ល្អ ​ដោយ​មិន​ធ្វើ​ឲ្យ​មនុស្ស​នៅ​ជុំ​វិញខ្លួន​ព្រួយ​បារម្ភ​ឡើយ​។ ថ្ងៃ​នេះ​ជា​ថ្ងៃ​មួយ​ទៀត​ ដែល​ខ្ញុំ​​សម្រេច​ចិត្ត​ទៅ​​លេង​នៅវិចិត្រ​សាល​របស់​រៀម​​ច្បង ​ដូច​មនុស្ស​ដែល​​គ្មាន​កន្លែង​ទៅ​។ ថ្វី​បើ​ធម្មតា​​ពេល​ទំនេរ​ខ្ញុំ​ចូលចិត្ត​ទៅ​សម្ងំ​អាន​សៀវភៅ​ ឬ​គូររូប​​នៅ​សួន​សាធារណៈ​ដើម្បី​​រង់​ចាំ​ «គេ» ក៏​ដោយ​ តែ​ដោយ​មាន​អារម្មណ៍​ហត់​នឿយនឹង​ភាព​កណ្តោច       ​កណ្តែង​ និង​ការ​រង់​ចាំ​ដែល​​គ្មាន​គោល​ដៅ​ពេក ខ្ញុំ​ក៏​ចង់​មក​លំហែ​កាយ​នៅ​កន្លែង​ផ្សេងខ្លះ​ដែរ ហើយ​វិចិត្រ​សាល​មួយ​នេះ​ជា​កន្លែង​ដែលខ្ញុំ​ជ្រើស​រើស។

«មក​ទៀត​ហើយ​ឬចន្ទ្រ​? ចុះរូប​ឯង​កាល​ណា​ទើប​ព្រម​លក់​ មាន​មនុស្ស​មក​សុំ​ទិញ​ច្រើន​នាក់​ហើយ​ណ៎ា!» លោកវិទូ​​ ដែល​ជា​រៀម​ច្បង​ផ្នែក​គំនូរ​វិចិត្រ​កម្ម​ និង​ជា​ម្ចាស់​ទីកន្លែង​​នេះ​ ពោលរាក់​ទាក់​លាយឡំ​​នឹង​ការ​​រអ៊ូរទាំតិចៗ​។ ថ្ងៃ​នេះ​គាត់​ស្លៀក​ខោខូវ​ប៊យ​ និង​ពាក់​អាវ​យឺត​រូប​ខ្លាឃ្មុំ​ដែល​មើល​ទៅ​ទើស​ភ្នែក​​យ៉ាងខ្លាំង ​រហូត​ខ្ញុំ​ទប់​សំណើច​មិន​បាន​សើច​កខឹក​ ហើយ​ឆ្លើយ​សំណួរ​គាត់។​

«ទុក​ចាំ​ដល់​​ជួប​មនុស្ស​ដែល​ស័ក្តិ​សម​សិន​ទើប​លក់​ ចំណែក​ប្រាក់​ដែលបាន​ពីការ​លក់​ នឹង​បរិច្ចាគ​ជូន​បង​សម្រាប់​ការងារ​មនុស្ស​ធម៌​ទាំង​អស់ ខ្ញុំ​មិន​យក​មួយ​រៀល​ទេ។»

«ឲ្យ​ពិត​ចុះ… អូ! មែនហើយ បើ​មាន​រូប​ថ្មីៗ​យក​មក​ដាក់​តាំង​ចុះ​ ព្រោះ​មាន​ភ្ញៀវ​ច្រើន​ណាស់​ដែល​គេ​ចូលចិត្ត​ស្នាដៃ​ឯង!»

«បាន​តើ​បង! អ៊ីចឹង​ខ្ញុំ​សុំ​ទៅមើល​រូប​នៅខាង​ក្នុង​សិន​ណ៎ា!»

«អឺ… តាម​សប្បាយ​ចុះ​!» លោក​វិទូ​តប​តែ​ប៉ុណ្ណេះ ​ក៏​ឈ្ងោក​មុខ​​ធ្វើ​កិច្ច​ការ​ដែល​កំពុង​ធ្វើ​តាំង​ពី​​ខ្ញុំ​មិន​ទាន់​ចូល​មក​ដល់​ម្ល៉េះ​។ ខ្ញុំ​ដើរ​ចូល​​ទៅ​ក្នុង​សាល​​ធំ​ ដែល​ជា​ល្វែង​បន្ទប់​ធំទូលាយ​សម្រាប់​ដាក់​តាំងបង្ហាញ​​រូប​​​ទាំង​អស់​ រហូត​ទីបំផុត​ក៏​មក​ឈប់​នៅ​នឹង​មុខ​រូប​គំនូរពណ៌​ទឹក ​ខ្នាត​ធំ​ កណ្តាល​សាល​ដែល​​ដាក់​តាំង​លម្អ​យ៉ាង​ទាក់​ភ្នែក​រាប់​ខែ​មក​ហើយ​ …ជា​រូប​បុរស​ម្នាក់​កំពុង​បិទ​ភ្នែក​លង់​លក់​នៅ​ក្នុង​ឯក​សណ្ឋាន​​មេទ័ព​ខ្មែរ​បុរាណ ​ដោយ​រូប​ភាព​ទាំង​មូល​លាប​ពណ៌​ទង់​ដែង​​លឿង ​ដូច​ពេល​​ព្រះ​អាទិត្យ​អស្តង្គត មើល​ទៅ​ត្រជាក់​ភ្នែក​។ ខ្ញុំ​បណ្តោយ​ឲ្យ​ទឹកភ្នែក​ហូរ  យឺតៗ​ដោយ​សេចក្តី​នឹក​រឭកចំពោះ​បុរស​នៅ​ក្នុង​រូប​គំនូរ​​នេះ​។ តើ​ពេល​នេះ​គេ​នៅ​ឯណា?

វិនាទីចុង​ក្រោយ​ មុន​នឹង​យក​រូប​គំនូរ​នេះ​ចូល​រួម​ដាក់​ដេញ​ថ្លៃ​ ក្នុង​កម្មវិធី​តាំង​ពិព័រ​​ណ៍​សប្បុរស​ធម៌​ ខ្ញុំ​បាន​​ដូរ​ចិត្ត​យ៉ាង​រហ័ស​ ដោយ​សម្រេចចិត្ត​រក្សារូប​គំនូរ​នេះ​ទុក​រង់​ចាំ​នរណា​ម្នាក់​ដែល​ស័ក្តិ​សម​នៅ​ថ្ងៃ​ណា​មួយ ​ដោយ​នឹក​សង្ឃឹម​ក្នុង​ចិត្ត​ថា មនុស្ស​ម្នាក់​នោះ​គឺ​ជា​រូប​គេ «ម៉ារស៍ បុរស​មក​ពី​ភ​ពផ្កាយ​»។ គំនិត​ឆ្កួតៗ​របស់​ខ្ញុំ​ក្នុង​ថ្ងៃ​នោះ​ ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​រៀម​​ច្បង​​ស្តី​បន្ទោស​ឲ្យ​យ៉ាង​ខ្លាំង​ តែ​គាត់​ក៏​ឈប់​រអ៊ូ​រទាំ​មួយ​រំពេច ​នៅពេល​ខ្ញុំ​យក​រូប​គំនូរ​មួយ​ផ្ទាំង​ទៀត ​ដាក់​ឲ្យ​ដេញ​ថ្លៃ​ជំនួស ហើយ​យក​រូប​នេះ​មក​តាំង​នៅ​វិចិត្រ​សាល​របស់​គាត់ ​ដើម្បី​តាម​រក​មនុស្ស​ដែល​ស័ក្តិសម​​បន្ត​ទៀត​។ ខ្ញុំ​បាន​ត្រឹម​តែ​សង្ឃឹម​ថា គេ​នឹង​បាន​មក​ឃើញ​វា​ ឬ​អាច​មាន​នរណា​ម្នាក់​ដែល​ស្គាល់​គេ​មក​ឃើញ​ ហើយអាច​​នាំ​ខ្ញុំ​ទៅជួប​គេ​​បាន។​ តែ​ចាំ​ហើយ​ចាំ​ទៀត​… ខ្ញុំ​ក៏​នៅ​តែ​មិន​បាន​ជួប​នរណាម្នាក់​ ដែល​អាច​នាំ​តម្រុយ​ទៅ​រក​មនុស្ស​ដែល​ទៅ​បាត់​សូន្យ​ឈឹង​ពី​ជីវិត​ខ្ញុំ…​ មនុស្ស​ដែល​ប្រាប់​ខ្ញុំ​ថា គេ​ត្រឡប់​ទៅភព​កំណើត​វិញ…​ ភព​ដែល​គេ​បែក​​យូរ​មក​ហើយ​។

«ម៉ារស៍!!!» ខ្ញុំ​ងាក​ខ្វាប់​ទៅ​រក​មនុស្ស​ក្បែរ​នោះ​មួយ​រំពេច​។ បុរស​រាង​ខ្ពស់​ស្ថិត​នៅ​ក្នុង​ឯកសណ្ឋាន​បែប​ពាណិជ្ជករ ​ឈរ​ភាំង​សម្លឹង​រូបគំនូររបស់ខ្ញុំ​ដោយ​ខ្សែភ្នែក​ដែល​ដិត​ដាម​ដោយ​ភាព​ក្រៀម​ក្រំ​។ ខ្ញុំ​មិនប្រាកដ​ក្នុង​ចិត្ត​ទេថា​ ត្រចៀកខ្ញុំ​ស្តាប់​ច្រឡំ​ឬ​មួយ​ក៏​អត់​ដែល​បាន​ឮ​ឈ្មោះ​របស់​មនុស្ស​ដែលខ្ញុំ​កំពុង​នឹក​ លុះ​ត្រាបុរស​ម្នាក់​នោះ​ហៅ​ឈ្មោះ​របស់​គេ​ម្តង​ទៀត​ទើប​ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​។

«លោក​ស្គាល់​មនុស្ស​នៅ​ក្នុង​រូប​នេះ​ឬ?» អាច​មក​ពី​កាយវិការ​រញីរញ័រ​ចង់​ដឹង​ចង់​ឮ​របស់ខ្ញុំ​ ធ្វើ​ឲ្យ​បុរស​ម្នាក់​នោះ​ងាក​មក​សម្លឹង​មុខ​ខ្ញុំ​ដោយ​ទឹក​មុខ​ភ្ញាក់​ផ្អើល​។

«អូ… ខ្ញុំ​មិន​ប្រាកដ​ដែរ​ថា​ស្គាល់​ឬ​អត់​ តែ​ស្រដៀង​ខ្លាំង​ណាស់​ គឺ​ស្រដៀង​នឹង​ប្អូន​ប្រុស​របស់​ខ្ញុំ​​ស្ទើរ​តែ​ដូច​បេះ​បិទ​តែ​ម្តង​!»

«ប្អូន​របស់​លោក ឈ្មោះ​ម៉ារស៍ឬ?» ខ្ញុំ​អត់​ដង្ហើម​សួរ​គេ​ដោយ​ក្តី​រំភើប​​ស្ទើរ​​​ប្រាប់​មិន​ត្រូវ​។

«បាទ! ចុះ​អ្នក​នាងស្គាល់​ប្អូន​ប្រុស​របស់ខ្ញុំដែរឬ?» គេ​បង្ហាញ​កាយវិការ​សង្ស័យ​បន្តិច​ មុន​នឹង​និយាយ​បន្ត​ដោយ​សំឡេង​ញាប់​ញ័រ «ឬ​មួយ​អ្នក​នាង​ជា​… អ្នក​នាង​ចន្ទ្រថ្លា​???»

«លោក​ស្គាល់​ខ្ញុំ​ដែរ​ឬ?» មើល​ទៅគេ​ដូច​ជា​ស្គាល់​ឈ្មោះ​ខ្ញុំ​ច្បាស់​ណាស់​ ធ្វើ​ឲ្យ​ខ្ញុំ​ទ្រាំ​សួរ​ទៅវិញ​​ដោយ​ក្តី​ភ្ញាក់​ផ្អើល​មិន​បាន​។

«ប្អូន​ប្រុស​របស់ខ្ញុំ​ឧស្សាហ៍​និយាយ​ពី​អ្នក​នាង​ញឹក​ញាប់​ណាស់ ហើយ​គេ​ក៏​បាន​ផ្ញើ​របស់​ទុក​ជូន​​អ្នក​នាង​​ផងដែរ​​។»

«ចុះ​គេ​នោះ​ សុខ​សប្បាយ​ជាទេ?» សំណួរ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​បុរស​នៅ​ចំពោះ​មុខ​ធ្លាក់​ទឹក​មុខ​មួយ​រំពេច។ កែវ​ភ្នែក​មុត​ថ្លារបស់​គេ​បង្ហាញ​ភាព​សោក​សៅ​យ៉ាងខ្លាំង ​​រហូត​ធ្វើ​ឲ្យ​ខ្ញុំ​​នឹក​ខ្លាច​ ហើយ​បើ​អាច​ដក​សំណួរ​នេះ​មក​វិញ​បាន​ ខ្ញុំ​នឹង​មិន​សួរ​ឡើយ​។

«គិត​ថា… ​ប្រហែលជា​​សុខ​សប្បាយហើយ​​! និយាយ​អ៊ីចឹង តើ​​ខ្ញុំ​អាច​សុំ​ទិញ​គំនូរ​មួយ​ផ្ទាំង​​នេះ​បាន​ទេ? គំនូរ​របស់​អ្នក​នាង​ចន្ទ្រ​​ដូច​គេ​ខ្លាំង​ណាស់ ម៉ាក់​ខ្ញុំ​ច្បាស់ជា​សប្បាយ​ចិត្ត​ប្រសិន​បើ​បាន​ឃើញ​រូប​នេះ​។» សំឡេង​ដែល​ពោរពេញ​ដោយ​ភាព​ក្រៀម​ក្រំ​របស់​គេ​ ​ធ្វើ​ឲ្យ​ខ្ញុំចាប់​ផ្តើម​​ច្បាស់​ក្នុង​ចិត្ត​។ ជួន​កាល​ម្ចាស់​រូបគំនូរ​​ដែលខ្ញុំ​តាម​រក ​អាច​ជាគេ​ម្នាក់​នេះ​ក៏​ថា​បាន​។ នេះ​អាច​ជា​បំណង​របស់​ម៉ារស៍​ ដែល​សណ្ឋិត​នៅ​ក្នុង​រូប​គំនូរ​នេះ​…​ ​​​គេ​ប្រហែល​ជា​​​ចង់​​ត្រឡប់​ទៅ​រស់​នៅ​​ជាមួយ​ក្រុម​គ្រួសាររបស់​គេ​វិញ…​ ជា​កន្លែង​​ដែលស័ក្តិ​សម ​ជា​មួយ​​​មនុស្ស​ដែលស័ក្តិសម​។

«ច៎ាស ខ្ញុំ​រីករាយ​នឹង​លក់​ជូន​ តែ​អាច​ជួយ​ប្រាប់ខ្ញុំ​បន្តិច​បានទេ ថា​ពេល​នេះ​គេនៅទីណា? ខ្ញុំ​​ពិត​ជា​ចង់​ជួប​គេ​ណាស់​!» សំណូម​ពរ​របស់ខ្ញុំ​ប្រហែលជា​ធ្វើ​ឲ្យ​អនាគត​ម្ចាស់​ផ្ទាំង​គំនូរ​​​នេះ​តាន​តឹង​ចិត្ត​យ៉ាង​​ខ្លាំង ព្រោះខ្ញុំ​ឃើញ​គេ​ដកដង្ហើម​ធំ​យ៉ាង​វែង​ មុន​នឹង​ឆ្លើយ​​។

«គេ​បាន​ឃ្លាត​ឆ្ងាយ​ពី​យើង​ទៅ​ហើយ​ គឺ​ឃ្លាត​ទៅកាន់​ភព​របស់គេវិញ​ គ្មាន​នរណា​អាច​តាម​ទៅជួប​គេ​បាន​ទេ មិន​ថា​អ្នក​នាង​ ឬ​ក៏​ខ្ញុំ!»

«អរគុណ​ខ្លាំង​ណាស់​សម្រាប់ចម្លើយ​នេះ​។» ខ្ញុំ​និយាយ​បណ្តើរ​ ដកដង្ហើម​ជ្រៅ​ចូល​ទៅក្នុង​សួត​បណ្តើរ​​ដើម្បី​ទប់​ទឹកភ្នែក។ ការ​សង្ស័យ​របស់ខ្ញុំ​ត្រូវ​បាន​ស្រាយ​បំភ្លឺ​តាម​រយៈ​សម្តី​​របស់​គេ​នេះ​ឯង​។ នៅ​ពេល​តាំង​ស្មារតី​ឡើង​វិញ​បាន​ ខ្ញុំ​ក៏​ប្រឹង​ញញឹម​បន្តិច​ មុន​នឹង​ប្រាប់​បង​ប្រុស​របស់​ម៉ារស៍​បន្ត​​ ​ «មិន​ថា​រឿង​កំប្លែង​​ដែល​គេ​​និយាយ​ប្រាប់ខ្ញុំ​យ៉ាង​ម៉េច​​​ក៏​ដោយ​ តែ​នោះ​ជា​ការ​ប្រាប់​ឲ្យ​ដឹង​ មែនទេ? ថា​ខ្ញុំ​និង​គេ​មិន​បាន​ដក​ដង្ហើម​រួម​គ្នា ​នៅ​លើ​ភពផែនដី​​នេះ​ទៀត​ទេ​… ខ្ញុំ​យល់… ខ្ញុំ​យល់ហើយ!»

«អ្នក​នាង​រង់​ចាំ​ខ្ញុំ​នៅទីនេះ​មួយភ្លែតណ៎ា ខ្ញុំ​នឹង​ទៅ​យក​របស់ដែលគេ​ផ្ញើ​ទុក​មក​ជូន!»

«ច៎ាស!» ពេល​ឮ​ខ្ញុំ​ទទួល​ពាក្យ​ហើយ​ បុរស​ម្នាក់​នោះ​ក៏​ប្រញាប់​ចេញទៅ​។ ខ្ញុំ​មិន​ដឹង​ថា​គួរ​ធ្វើ​អ្វី​ល្អ​ពេល​កំពុង​រង់​ចាំ​ ទើប​បាន​ត្រឹម​តែ​ឈរ​សម្លឹង​មើល​បុរស​នៅ​ក្នុង​រូប​គំនូរ​​ប៉ុណ្ណោះ​។ គេ​ប្រហែល​ជា​រក​ប្រអប់​សំបុត្រ​ប្រៃ​សណីយ៍​លើ​ភព​អង្គារ​មិន​ឃើញ​ទេ ទើប​បាន​ជា​ផ្ញើ​របស់​តាម    ​រយៈ​បង​ប្រុស​បែប​នេះ​។ បើចៃដន្យ​ថ្ងៃ​នេះ ​ខ្ញុំ​មិន​បាន​មក​ទីនេះ​ តើ​ខ្ញុំ​នឹង​បាន​ជួប​បង​ប្រុស​របស់​គេ​ដែរឬ​ទេ? ហើយ​តើ​ខ្ញុំ​នឹង​បាន​ទទួល​ដំណឹង​​ពី​គេ​ដែរឬទេពេញ​មួយ​ជីវិត​នេះ?

«ម៉ារស៍! តើ​ការ​ដែលខ្ញុំ​បាន​ជួប​បង​ប្រុស​របស់​លោក គឺ​​គ្រាន់​តែ​​ជា​រឿង​​ចៃដន្យ​ ឬ​មួយ​ដល់​ពេលវេលា​ដែល​ស័ក្តិ​សម​ហើយ ​ដែល​យើង​​នឹង​បាន​និយាយ​គ្នា?» ខ្ញុំ​បាន​ត្រឹម​តែ​សួរ​រូប​គំនូរ​ ហើយ​ប្រាកដ​ណាស់ ខ្ញុំមិន​បាន​ទទួល​ចម្លើយ​មកវិញ​ទេ… ពេល​នេះ​មិន​ថា​ដោយ​ហេតុ​ផល​អ្វី​ ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ខ្លះ​ដែរ​​​ ព្រោះយ៉ាង​ហោច​ណាស់​ខ្ញុំ​ក៏​នៅ​សេស​សល់​អ្វីខ្លះពីគេដែរ​ ទោះ​បី​នោះ​ត្រឹម​តែ​ជា​សរសៃ​ឆ្មារៗ​ចុង​ក្រោយ​ដែល​ភ្ជាប់​ទំនាក់​ទំនង​យើង​ទាំង​ពីរ​​ក៏ដោយ​។

«នេះ​ជា​របស់​ដែលគេ​ផ្ញើទុក​​ជូន​អ្នក​នាង!» បង​ប្រុស​របស់​ម៉ារស៍ហុច​កញ្ចប់​ពណ៌​ត្នោត​ក្រាស់មក​ឲ្យខ្ញុំ​។ មិន​បាច់​ទាយ​ ខ្ញុំ​ក៏​ដឹង​ថាវា​គឺ​ជា​សៀវភៅ​ដែល​គេ​ធ្លាប់​ចូលចិត្ត​អាន​ដែរ​។

«ច៎ាស អរគុណ! តើ​ខ្ញុំ​អាច​សុំ​ហែក​មើលត្រង់​នេះ​តែ​ម្តង​បាន​ទេ?»

«តាម​សប្បាយ​ចុះ​ គេ​មាន​បំណង​ជូន​​អ្នក​នាង​​ទៅហើយ ហែកមើល​នៅឯណា​ក៏​ដូច​គ្នា​ដែរ។» ចម្លើយ ​និង​ស្នាមញញឹម​របស់​បុរស​ចំពោះ​មុខ ​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេចចិត្ត​ហែក​កញ្ចប់​នោះ​មួយ​រំពេច​។ វត្ថុ​ដែល​នៅ​ក្នុង​កញ្ចប់​នោះ ​គឺ​ជា​សៀវភៅ​មួយ​ក្បាល ​ដែលខ្ញុំ​ចាំ​​ចំណង​ជើង​យ៉ាង​ច្បាស់​ ព្រោះ​ធ្លាប់​​ឃើញ​គេ​កាន់​មក​អាន​ជា​ញឹក​ញាប់​។

«សៀវភៅ​របស់ ​KAHLIL GIBRAN​ ឬ?»

«ខ្ញុំ​មិន​សូវ​ស្គាល់​ទេ ​ព្រោះ​ខ្ញុំ​មិន​មែន​ជា​អ្នក​ចូលចិត្ត​អាន​សៀវភៅ​ដូច​ម៉ារស៍​ឡើយ!» គេ​ញញឹម​បន្តិច មុន​នឹង​និយាយ​បន្ត​ «អ្នក​នាង​ចន្ទ្រ​! ខ្ញុំ​បាន​បំពេញ​តួនាទី​ជា​បុរស​ប្រៃ​សណីយ៍​រួច​រាល់​ហើយ​ ដូច្នេះ​ខ្ញុំ​​ប្រហែល​ជា​ត្រូវ​សុំ​លា​ទៅវិញ​ហើយ​ ចំណែក​រឿងរូប​គំនូរ​នោះ ខ្ញុំ​អាចសុំ​ទិញ​បាន មែនទេ?»

«ច៎ាស​បាន ខ្ញុំ​រីករាយ​នឹង​លក់​ជូន​ តែ​យ៉ាង​ណា សូម​លោក​ទៅ​និយាយ​ជាមួយ​បង​វិទូ ម្ចាស់​​​​វិចិត្រ​សាល​នេះ​ចុះ!»

«បាទ!​ អរគុណ​ បើ​មាន​ឱកាស​យើង​​នឹង​បាន​ជួប​គ្នា​ទៀត​!»

«ច៎ាស! អរគុណ​ដូច​គ្នា​សម្រាប់​របស់​នេះ​។»

ខ្ញុំ​ញញឹម​លាគេ​ជា​លើក​ចុង​ក្រោយ​ មុន​នឹង​បុរស​ម្នាក់​នោះ​ ដើរ​ទៅផ្នែកខាង​មុខ​វិចិត្រសាល​ដែល​បង​វិទូ​​កំពុង​ធ្វើ​ការ​​។ ខ្ញុំ​ងាក​មើល​រូប​គំនូររបស់ខ្លួន​ឯង​ម្តង​ទៀត​… នេះ​អាច​ជា​លើក​ចុង​ក្រោយ​ដែល​យើង​​បាន​ជួប​គ្នា​​ មុន​នឹង​​ផ្លាស់​ទៅ​នៅ​កន្លែង​ផ្សេង។ សៀវភៅ​មួយ​ក្បាល​​ដែល​បន្សល់​ទុក​ពី​មនុស្ស​ដែល​ឃ្លាត​ទៅ​ជា​រៀង​រហូត ​ប្រហែលជា​មានអ្វី​ម្យ៉ាង ​ដែល​លាក់​ទុក​ក្នុង​នោះ​ អាច​ឲ្យ​ខ្ញុំ​​ស្វែង​យល់​បន្ថែម​បាន​​​។ ចាប់​ពីពេល​នេះ​តទៅ​ គេ​នឹង​ក្លាយ​ជា​ការ​ចង​ចាំ​មួយ​ជា​រៀង​រហូត​… យើង​នឹង​មិន​បាន​ជួប​គ្នា​ទៀត​ទេ។ តទៅនេះ​ខ្ញុំ​នឹង​មិន​រង់​ចាំគេ​ទៀត​ឡើយ​ គេ​នឹង​មិន​ត្រឡប់​មក​វិញ​ទេ គឺ​គ្មាន​ថ្ងៃ​នឹង​ត្រឡប់​… ​

«លាហើយ​ម៉ារស៍! លាហើយ​ស្នេហា​របស់ខ្ញុំ!»

ខ្ញុំ​ឱបសៀវភៅ​ដើរ​ចេញ​មកជាមួយ​​ពាក្យ​លា​ចុង​ក្រោយ។​ ទោះ​ជា​គ្មាន​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​​ដល់​គេ​ តែ​ «ម៉ារស៍» គឺ​នៅ​តែ​លេច​រូប​រាង​នៅ​ក្នុង​ការ​ចង​ចាំ​របស់ខ្ញុំ​ជា​រៀង​រហូត​។

***

 20100708233500

ខ្ញុំ​ទាញ​ខ្លួន​ឯង​ត្រឡប់​មក​ក្នុង​ពិភព​បច្ចុប្បន្ន​វិញ​។ ខណៈ​នេះ​ ខ្ញុំ​កំពុងអង្គុយ​​នៅ​កន្លែង​ធ្វើ​ការ​ និង​ទើប​តែ​ត្រូវ​ចៅ​ហ្វាយ​ស្តី​បន្ទោស​រហូត​យំ​។ ការនឹក​ដល់​រឿង​រ៉ាវ​​ក្នុង​អតីតកាល​ជួយ​ផ្តល់​កម្លាំ​ង​ចិត្ត​យ៉ាងច្រើនដល់​ខ្ញុំ​​ តែ​ប្រហែលជា​មិន​ស្មើនឹង​ការបាន​ឃើញ​អ្វី​ ដែលម៉ារស៍​​ផ្ញើ​មក​ឲ្យខ្ញុំ​នោះ​ទេ​​។ ខ្ញុំ​យក​សៀវភៅ​តូច​ចេញ​​ពី​កាបូប​ដៃ​ មុន​នឹង​បើក​រក​វត្ថុ​សំខាន់​នៅ​ខាង​ក្នុង​។

«សម្រាប់ខ្ញុំ​… ចន្ទ្រ​​… គឺជា​… សេចក្តីស្នេហ៍​… ដែលចក្រវាឡប្រទានឲ្យ​»

អក្សរ​ដៃ​មាន​របៀប ​​ងាយស្រួល​អាន​​ សរសេរ​ទុកនៅខាងក្រោយ​រូប​ថតតូច​ ដែល​ខ្ទាស់​មក​​ជាមួយ​សៀវភៅ ​ដែលម៉ារស៍​ផ្ញើ​តាម​បង​ប្រុស​របស់​គេ​មក​ឲ្យ​។ ខ្ញុំ​ចាំសៀវភៅ​មួយ​ក្បាល​នេះ​បាន​យ៉ាង​ច្បាស់​ ព្រោះថ្ងៃ​ដំបូង​ដែលយើង​បាន​ស្គាល់​គ្នា​ជា​ផ្លូវ​ការ​ សៀវភៅ​រឿង​ស្នេហា​បាក់ស្លាប​ (The Broken Wings) របស់ ​KAHLIL GIBRAN​ មួយ​ក្បាល​នេះ ​ក៏​​នៅ​ជាមួយ​គេ​       ​ដែរ។ ចំណែក​រូប​ថត​មួយ​សន្លឹក​នេះ​ គឺ​ដោត​ជាប់​នឹង​ទំព័រដំបូង​ក្នុង​សៀវភៅ​ ដែលខ្ញុំ​​បើក​ឃើញ​វា​ដោយ​ចៃ​ដន្យ។​ ការ​ពិត​… ​​គេ​ប្រហែល​ជា​មាន​ចេតនា ចង់​ឲ្យ​ខ្ញុំ​ឃើញ​រូប​ថត​នេះ​បានយ៉ាង​​​ងាយ​ដោយមិន​ធ្វើ​ឲ្យ​វា​ជ្រុះ​បាត់​មុន​។ ខ្ញុំ​សម្លឹង​មើល​រូប​ថត​ ដែល​មាន​តែ​មួយ​សន្លឹកនេះ​កាត់​ដំណក់​ទឹកភ្នែក​។ ​ពិត​ជា​ចាំ​មិន​បានសោះ​​​ថា តើ​ពេលណា​ដែលខ្ញុំ​​បាន​កត់​ត្រា​អនុស្សាវរីយ៍​​មួយ​នេះ​រួម​ជាមួយ​គេ​… រូប​ថត​ដែល​យើង​​ថត​ជាមួយ​គ្នា ​ក្នុង​ថ្ងៃ​​ចុង​ក្រោយ មុន​នឹង​យើង​​​បែកគ្នា ​ហើយ​រូប​ថត​មួយ​សន្លឹក​នេះ​អាច​ជា​ភ័ស្តុតាង​តែមួ​យ​​គត់​ ដែល​ជួយ​អះ​អាង​បាន​ថា…

…ខ្ញុំ​បាន​ជួប​មនុស្ស​ភព​ផ្កាយ​…

…ខ្ញុំ​បានស្គាល់​សេចក្តីស្នេហា…

ស្លាកស្នាម​អនុស្សាវរីយ៍​​របស់​​មនុស្ស​ភព​ផ្កាយ ​ដែល​គេ​បន្សល់​ទុក​សម្រាប់​ខ្ញុំ​ គឺ​​មាន​​តែ​ប៉ុណ្ណេះ​ ខ្ញុំ​មិន​បាន​រក​ឃើញ​អ្វី​ផ្សេង​ទៀត​ឡើយ​។ ការ​បែក​គ្នា​ជា​រៀង​រហូត​​នេះ​ មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​យំ​ខ្លាំង​ទៀត​ទេ​​។ ខ្ញុំ​ជឿ​ថា ម៉ារស៍​នឹង​នៅ​ជាមួយ​ខ្ញុំ​ជា​រៀង​រហូត​ ព្រោះ​គេ​គឺ​ជា​ការ​ចង​ចាំ​ដែល​មាន​តម្លៃ​បំផុត​របស់​ខ្ញុំ​៕

 

សរសេរចប់ សុក្រ ១៨ កក្កដា ២០១៤

Read Full Post »


ចន្ទ្រ​ថ្លា សំឡេង​នាឡិកា​រោទ៍ ​ស្រែក​ឡើង​លាន់​កង​រំពង​តាម​តួនាទី​ ទម្លុះ​ភាព​ស្ងប់​ស្ងាត់​ក្នុង​ពេល​​ព្រឹក​ព្រលឹម​​​។ ខ្ញុំ​ឈរ​ពត់​ខ្លួន​ម្តង​ទៀត ​​មុន​នឹង​នាំ​ខ្លួន​ឯង​ត្រឡប់​ចូល​បន្ទប់​វិញ ​ដើម្បី​បិទ​សំឡេង​នាឡិកា​។ នេះ​ជាលើក​ដំបូង​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ដែល​​ខ្ញុំ​ភ្ញា​ក់​មុន​សំឡេង​នាឡិការោទ៍ ហើយ​ក៏ជា​លើក​​ដំបូង​ដែល​​ខ្ញុំ​បាន​ឃើញ​​​ភាព​ស្រស់​បំព្រង​នៃ​ធម្មជាតិ​​ពេល​ព្រឹក ​និង​រស្មី​អែៗ​នៃ​អរុណ​ណោទ័យ​​ ដែល​មិន​ធ្លាប់​បាន​ស្គាល់ជា​​យូរ​មកហើយ។​ វត្ថុ​ទាំង​ពីរ​នេះ​ហើយ​ដែលខ្ញុំ​ធ្លាប់​​ប្រាប់​មនុស្ស​ម្នាក់​ថា​ជា​សត្រូវ​នឹង​គ្នា​ តែ​ថ្ងៃ​​នេះ​​បែរ​​ជាមក​បង្កើត​​សេចក្តី​សុខ​ និង​កម្លាំង​ចិត្ត​​តូច​ៗ​ឲ្យ​​ពុះ​កញ្ជ្រោល​ឡើង ​​​ក្នុង​ព្រឹក​​ដ៏​សែន​ធម្មតា​ដែល​គួរ​តែ​ដូច​រាល់​ដង​។ ពេលនេះខ្ញុំ​យល់​ហើយ​ថា​ ហេតុ​អ្វី​បាន​ជា​គេ​បបួល​ខ្ញុំ​ឲ្យ​ក្រោក​ឡើង​ប្រយុទ្ធ​​​នឹង​ពន្លឺ​ព្រះ​អាទិត្យ។​ ក្រោយ​ពី​សម្ងំ​​ជាមួយ​ ​ភាព​ស្ងប់ស្ងាត់នៅ​ក្នុង​បន្ទប់​គេង​​អស់​មួយ​សន្ទុះ​ធំ​​ ខ្ញុំ​​ក៏​សម្រេច​ចិត្ត​នាំ​ខ្លួន​ឯង​ចេញ​មក​ខាង​ក្រៅ​ជា​ថ្មី​ម្តង​ទៀត​​ត្រង់​កន្លែង​គូរ​រូប​ ហើយ​ក៏​លូក​ដៃ​​រូត​វាំង​នន​ដើម្បី​ទទួល​យក​រស្មី​ស្រទន់​ៗ​ដែលចាំង​ចូល​តាម​បង្អួច​។ បន្ទាប់​មក​ក៏​ចាប់​ផ្តើម​​អង្គុយ​គូររូប​​ ដែល​នេះ​គឺ​ជា​ទង្វើ​​​​មិន​ធ្លាប់​កើត​ឡើង​ពី​មុន​ទាល់​តែសោះ​​។ ជា​លើក​ដំបូង​តែ​ម្តង​ដែល​កាន់​ជក់​​ទាំង​មិន​ទាន់​លុប​មុខ​ ដុស​ធ្មេញ ឬ​ផ្លាស់​សម្លៀក​បំពាក់ ហើយអង្គុយ​ស្លុង​អារម្មណ៍​នៅ​ត្រង់​នោះ ​រហូត​ទាល់​តែ​ទទួល​អារម្មណ៍​ថា​ពន្លឺ​អែៗ​របស់​ព្រះ​អាទិត្យ​​​ ចាប់​ផ្តើម​ក្តៅ​កាន់​តែកាច​​ឡើង​ជា​លំដាប់​។

«យេ!!! រួច​ហើយ!» ខ្ញុំ​និយាយ​បណ្តើរ​ ក្រោក​​ឈរ​ឡើង​​បណ្តើរ​​ ហើយ​ថយ​ក្រោយ​បន្តិច​ឈរ​ឱប​ដៃ​មើល​ស្នាដៃ​ការ​ងារ​របស់​ខ្លួន​ឯង​យ៉ាង​មាន​មោទកភាព​។ ដោយ​​អត់​ទ្រាំ​មិន​បាន​ ខ្ញុំ​ក៏​​ចាប់​ផ្តើម​ញញឹម​ចេញ​មក​តិចៗ​ ​នៅពេល​នឹក​ដល់​មនុស្ស​នៅ​ក្នុង​រូប​។

«អរគុណណាស់​ ម៉ារស៍… អរគុណ​ដែល​ធ្វើ​ឲ្យ​​​​​​ខ្ញុំ​មើល​ឃើញ​ពិភព​លោក​​​ធំ​ទូលាយ​ជាង​មុន​!»

***

 

ខ្ញុំ​បន្ថយ​ល្បឿន​​ជើង​យឺត​ទៅៗ​ រូច​​ក៏​ដើរ​មក​អង្គុយ​សម្រាក​ត្រង់​បរិវេណ​កៅ​អី​ដែល​ខ្លួន​ចូលចិត្ត​មក​អង្គុយ​គូរ​រូប​ជា​ប្រចាំ​។ ជិត​មួយ​អាទិត្យ​ហើយ​ដែលខ្ញុំ​ភ្ញាក់​​ពី​ព្រលឹម​ ​មក​រត់​ហាត់​ប្រាណ​នៅ​ទី​នេះ​តាម​ការ​បបួល​របស់​មនុស្ស​ម្នាក់​ តែ​ខ្ញុំ​មិន​បាន​ជួប​គេ​មួយ​ថ្ងៃ​ណាសោះ​។ អត់​នឹក​សង្ស័យ​មិន​បាន​ថា​ តើ​ខ្ញុំ​ត្រូវ​គេ​បោក​ឲ្យ​ភ្ញាក់​​មក​​ប្រយុទ្ធ​​​ជាមួយ​​​ព្រះអាទិត្យ​ ឬ​ក៏​អត់​​ទេ ព្រោះ​​បើ​ដូច្នោះ​​មែន​ ក៏​ត្រូវ​​តែ​ទទួល​ស្គាល់​ថា គេជា​មនុស្ស​អស្ចារ្យ​ពេក​ណាស់​​ ​ដែ​​ល​បោកខ្ញុំ​បាន​សម្រេច ដ្បិត​​​គេ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចេញ​មក​ហាត់​​ប្រាណ​ពេល​ព្រឹក​ បាន​ជិត​គ្រប់​មួយ​អាទិត្យ​ហើយ​។

«សម្រាក​ឲ្យ​បាត់​ហត់​ឬ?» សំឡេង​រាក់​ទាក់​ ដែល​ឮ​ពី​ក្រោយ​ខ្នង ​ធ្វើ​ឲ្យ​ខ្ញុំ​ងាក​ខ្វាប់​      ស្រឡាំង​កាំង​សម្លឹង​មុខ​មនុស្ស​ដែលខ្ញុំ​ទើប​តែ​រអ៊ូ​​នៅ​ក្នុង​ចិត្ត​​។

​          «លោក​ម៉ារស៍!!!»

«បាទ​ គឺ​ខ្ញុំ​… មិន​គិត​ថា​នឹង​បាន​ជួប​​អ្នក​នាង​ចន្ទ្រ​​នៅ​ទីនេះ​សោះ​ ក្រែង​​ប្រាប់​ថា​ជា​សត្រូវ​នឹង​ព្រះ​អាទិត្យ​ពេល​ព្រឹក មែនទេ?» គេនិយាយ​ស៊ក​ធ្វើ​ញឹមៗ​ ចំណែក​ខ្ញុំ​បាន​ត្រឹម​តែ​សម្លក់​ដាក់​គេ​វិញ​។

«ចុះ​នរណា​បបួល​ខ្ញុំ​ឲ្យ​មក​​ប្រយុទ្ធ​​​នឹង​សត្រូវ​នោះ​! ខ្ញុំ​ក៏​ត្រូវ​តែ​ចេញ​មក​អ៊ីចឹង​ហើយ តែ​មិន​ឃើញ​បាន​ជួប​នឹង​អ្នក​បបបួល​សោះ។»

«សុំ​ទោសផង!​ ចៃ​ដន្យ​ខ្ញុំ​រវល់​ទើប​មិន​បាន​មក​អស់​ជា​ច្រើន​ថ្ងៃ​ហើយ​។»

«អត់​បាន​ឃើញ​ខ្ញុំ​ប្រយុទ្ធ​ជាមួយ​ព្រះ​អាទិត្យហើយ​អ៊ីចឹង​នោះ​!» ពាក្យ​តវ៉ា​របស់​ខ្ញុំ​ធ្វើ​ឲ្យ​គេ​សើច​ចេញ​មក​តិចៗ​។ មិន​ដឹងថា​នៅ​ក្នុង​គំនិត​របស់​គេ​កំពុង​មើល​ឃើញ​ខ្ញុំ​ពាក់​ឈុត​ទាហាន​រ៉ូម៉ាំង​ កាន់​ខែល​​ និង​ដាវ​នៅ​លើ​ខ្នង​សេះ​ ឬ​ក៏​អត់​ទេ​បាន​ជា​សើច​បែប​នេះ​។

«អ៊ីចឹង​ស្អែក​នេះ ​អ្នក​នាង​ចន្ទ្រ​​​ចេញ​មក​ប្រយុទ្ធ​ជាមួយ​ព្រះ​អាទិត្យម្តង​ទៀត ​​​ឲ្យ​ខ្ញុំ​មើល​​ទៅ​​ ខ្ញុំប្រាកដ​ជា​​នឹង​បាន​ឃើញ​ហើយ​។»

«សោកស្តាយ​ផង​ ស្អែក​ខ្ញុំ​នឹង​ទៅ​ប្រយុទ្ធ​ជាមួយ​​ព្រះ​អាទិត្យ​នៅ​តាម​ខេត្ត​ លោក​ច្បាស់​ជាមិន​បាន​ឃើញ​ទេ។»

«អូ… ពិត​ជា​គួរ​ឲ្យ​សោក​ស្តាយ​មែន​។» គេ​ស្រែក​សោក​ស្តាយ​រហូត​ខ្ញុំ​សើច​កខឹក មុន​នឹង​​ជ្រួល​ច្របល់​ក្នុង​ចិត្ត​​នៅពេល​ឮ​ប្រយោគ​បន្ទាប់​ «អ៊ីចឹង ​ចាំ​ពេល​អ្នក​នាង​ចន្ទ្រ​​ទំនេរពេល​ណាក៏​បាន​ ខ្ញុំ​នឹង​រង់​ចាំ​។»

រង់​ចាំ​ឬ?… ខ្ញុំ​អត់​សួរ​ខ្លួន​ឯង​មិន​បាន​ថា​ ហេតុ​អ្វី​មាន​អារម្មណ៍​ចម្លែកៗ​​នឹង​ពាក្យ​ថា​ រង់​ចាំ​របស់​​បុរស​ចំពោះ​មុខ​ ដែល​ហាក់ដូច​ជា​ជ្រួត​ជ្រាប​ដល់​​ក្តី​សង្ឃឹម​មួយ ​ដែលខ្ញុំ​មិន​អាច​បដិសេធ​បាន៖

​ «ចា៎ស មួយ​អាទិត្យ​ទៀត​ជួប​គ្នា!»

ខ្ញុំ​មិន​អាច​ដឹងបាន​ថា​ អ្វី​ដែលខ្ញុំ​និយាយ​ទៅ​នោះ​ហៅ​ថា ​​ពាក្យ​សន្យា​ឬ​ក៏​អត់​ទេ តែ​ខ្ញុំ​ក៏​បាន​តាំង​ចិត្ត​ទុក​រួច​ជា​ស្រេច​ថា មួយ​អាទិត្យ​ទៀត​ ក្រោយ​ពី​ត្រឡប់​ម៉ារស៍មក​ពី​តាម​ខេត្ត​វិញ​ ខ្ញុំ​នឹង​មក​​ជួប​គេ​ ចេញ​មក​ប្រយុទ្ធ​ជាមួយ​ព្រះ​អាទិត្យ​ក្នុង​ពេល​ព្រឹក​ឲ្យ​គេ​មើល​កម្សាន្ត​ភ្នែក​។ យី! នេះ​ខ្ញុំ​កំពុង​តែ​ចាប់​ផ្តើម​ផ្តល់​ភាព​សំខាន់​ឲ្យ​គេ​ហើយ​ មែនទេ? ​ភាព​សំខាន់​ដែល​ផ្តល់​ឲ្យ​មនុស្ស​​ម្នាក់​… ភាព​សំខាន់​ដែល​ខ្ញុំ​មិន​បានផ្តល់​ឲ្យ​នរណា​យូរ​មក​ហើយ​។

ខ្ញុំ​ប្រើ​ពេលវេលា​មួយ​អាទិត្យ​នៅតាម​​ខេត្ត​អស់​ជាង​ពាក់​កណ្តាល​សម្រាប់​ការ​ងារ​​ ហើយ​​​នៅ​​មាន​ពេល​​​​សល់​ខ្លះៗ​ទៀត​ ​​ល្មម​គ្រប់​គ្រាន់​ឲ្យ​ខ្ញុំ​បាន​សើ​រើ​រឿង​រ៉ាវរបស់​ខ្លួនឯង​ និង​បុរស​ដែល​បា​នជួប​គ្នា​ត្រឹម​តែ​បី​ដង​។ អារម្មណ៍​របស់​ខ្ញុំ ឆាប់​​ញាប់​ញ័រ​ខ្លាំង​ណាស់​​នឹង​មនុស្ស​ប្លែក​មុខ​បែប​នេះ​​… ញាប់​ញ័ររហូត​ខ្ញុំ​ខ្លាច​រអាថា ​វា​នឹង​នាំ​យក​ភាព​អស់​សង្ឃឹម​ ខកបំណង​​មក​ឲ្យ​ដូច​ដែល​ធ្លាប់​បាន​ជួប​កន្លង​មក​។ ខ្ញុំ​តែង​តែ​សួរ​ខ្លួន​ឯង​ថា ​តើ​គួរ​​កាត់​ផ្តាច់​បេះ​ដូង​ខ្លួន​ឯង​ដែល​​ឈ្លក់​វង្វេង​នឹង​​គេ​​រហូត​​ភ្លេច​ខ្លួន ​តែ​ម្តង​ឬ? ហើយកំណត់​​ព្រំ​ដែន​​ទំនាក់​ទំនងរវាង​យើង​ទាំង​ពីរ​​ ​ត្រឹម​ជា​​មនុស្ស​ប្លែក​មុខ ​ដែល​ចៃ​ដន្យ​ដើរ​មក​ជួប​គ្នា​ប៉ុណ្ណោះ​។ តែ​ចម្លើយ​ដែលបាន​មក​ធ្វើ​ឲ្យ​ខ្ញុំ​​ដឹងថា​គួរ​ឲ្យ​សោកស្តាយ​ខ្លាំងណាស់​បើ​​ធ្វើ​ដូច្នោះ​។ ជួន​កាល​ ខ្ញុំ​អាច​កំណត់​ព្រំ​ដែន​បេះ​ដូង​ខ្លួន​ឯង​​ទុក​ត្រឹម​ជា​​​មិត្ត​ភាព​ដ៏​ល្អ​ផូរ​ផង់​ប៉ុណ្ណោះ​​ ​គឺ​ប្រហែល​ជា​គ្រប់​គ្រាន់​ហើយ​​។ ខ្ញុំ​ប្រហែល​ជា​​បាន​មិត្ត​ភក្តិ​ល្អ​ម្នាក់​បន្ថែម​ទៀត​។ យើង​ចៃ​ដន្យ​ជួប​គ្នា​លើក​ដំបូង​គឺ​ជា​និស្ស័យ​​ ចៃ​ដន្យ​ជួប​គ្នា​លើក​ទី​ពីរ​​ជា​ព្រហ្ម​លិខិត​ ចំណែក​លើក​ទី​បី​​នោះ ​សម្រាប់​ខ្ញុំ​គឺ​ជា​ការ​តាំង​ចិត្ត​… តាំង​ចិត្ត​​ចង់​ឲ្យ​មាន​លើក​  ក្រោយៗ​ទៀត។ ជាក់ស្តែង​ថ្ងៃ​នេះ​ ដែល​គ្រប់​មួយ​អាទិត្យ​តាម​សន្យា ​ខ្ញុំ​តាំង​ចិត្ត​យ៉ាង​ខ្លាំង​ដែល​នឹង​មក​ប្រយុទ្ធ​​​ជាមួយ​ព្រះ​អាទិត្យ​​ក្នុង​ពេល​ព្រឹក​ដើម្បី​ឲ្យ​គេ​មើល​។

«អរុណ​សួស្តី​​ ​ចន្ទ្រ​!» សំឡេង​រាក់​ទាក់​ពី​ខាងក្រោយ​ខ្នងធ្វើ​ឲ្យ​ខ្ញុំ​ងាកខ្វាប់​ទៅ​មើល​ទាំង​មិន​ដឹងថា​គេ​លេចមុខ​​មក​តាំង​ពីពេលណា។

«ច៎ាស សួស្តី​ ម៉ារស៍ ចេញ​មក​រត់​យូរ​ហើយ​ឬ? ខ្ញុំ​គិត​ថា​ ខ្ញុំ​ប្រញាប់​ចេញ​មក​ពី​ព្រលឹម​ហើយ តែ​មើល​ទៅ​ដូច​ជា​មិន​ទាន់​លោកទេ។» ខ្ញុំ​ពោល​រាក់​ទាក់​តាម​អ្វី​ដែល​មើល​ឃើញ​។ ផ្ទៃ​មុខ​ពោរ​ពេញ​ដោយ​ដំណក់​ញើស​របស់​គេ​ មើល​មួយ​ភ្លែត​​ក៏​ដឹង​ថា ហាត់​ប្រាណ​យូរ​គួរ​សម​ដែរ​ហើយ​។ តែ​ណ្ហើយ! ​ថ្ងៃ​នេះ​ខ្ញុំ​មិន​បាន​តាំង​ចិត្ត​ថា​មក​រត់​ទេ គ្រាន់​តែ​ចេញ​មក​ដើរ​លេង​ដើម្បី​រង់​ចាំ​ជួប​គេ​ប៉ុណ្ណោះ​។ ខ្ញុំ​កំពុង​លួច​គិត​ដូច​​គ្នា​ថា គេ​ប្រហែល​ជា​អ្នកដែល​​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​​ចំពោះ​ជីវិត​ខ្ញុំ​ ព្រោះ​សេចក្តី​ព្យាយាម​ក្នុង​ការ​ក្រោក​ពី​ព្រលឹម​ ​ដែល​ធ្លាប់​ធ្វើ​មក​រហូត​នោះ​ ខ្ញុំ​ទើប​តែ​ធ្វើ​បាន​ពេល​ដែល​បាន​ជួប​គេ​ប៉ុណ្ណោះ​។

«មក​ពី​​ចន្ទ្រ​​គ្រាន់​តែ​ចង់​មក​ដើរ​លេង​ទេដឹង​ ទើប​ចេញ​មក​យឺត​ជាង​ខ្ញុំ ​ដែល​តាំង​ចិត្ត​​មក​ហាត់​ប្រាណ?»

«ប្រហែល​ជា​អ៊ីចឹង​ហើយ​ តែ​ថា​ទៅឥឡូវ​នេះ ​ខ្ញុំ​ហាក់​ដូចជា​ចាប់​ផ្តើម​ទម្លាប់​​នឹង​ការ​ក្រោក​ពី​ព្រឹក​ហើយ​ អរគុណ​ណ៎ា ខ្ញុំ​ហាក់​មាន​អារម្មណ៍ថា ជីវិត​របស់ខ្ញុំ​មាន​ពេល​ច្រើន​ជាង​មុន​យ៉ាង​ម៉េច​ក៏​មិន​ដឹង!»

«ពិតមែនឬ? និយាយ​អ៊ីចឹង ថ្ងៃ​នេះ​ ​ចន្ទ្រ​​ប្រញាប់​ត្រឡប់​ទៅវិញ​ឬទេ? ខ្ញុំ​ចង់​បបួល​ចន្ទ្រ​​ទៅ​ញ៉ាំ​ឆាខ្វៃ​​​​ឆ្ងាញ់​នៅ​ហាង​មួយ ​ទុក​ជា​ជម្រើស​​អាហារ​ពេល​ព្រឹក​ ពេល​មក​ហាត់​កីឡានៅ​ទីនេះ​។»

«អេ៎… ការ​អញ្ជើញ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បែប​នេះ​ ទោះ​ជាប់​រវល់​ក៏​ខ្ញុំ​មិន​បដិសេធ​ដែរ! យូរ​ហើយ​ដែល​ខ្ញុំ​មិន​បាន​ញ៉ាំ​ឆាខ្វៃ​ ហើយ​បើ​បាន​ញ៉ាំ​ជាមួយ​កាហ្វេ​​ឈ្ងុយៗទៀត​នោះ​ ពិត​ជា​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ស្រាយ​ពេញ​មួយ​ថ្ងៃ​មិន​ខាន!»

ចំពោះ​ពាក្យ​អញ្ជើញ​ងាយ​ៗ​ ហើយ​ចម្លើយ​ទទួល​ក៏​ងាយ​មិន​ចាញ់​គ្នា​នោះ​ ធ្វើ​ឲ្យ​ខ្ញុំ​និង​គេ​មក​អង្គុយ​នៅ​ក្នុង​ហាង​កាហ្វេ​បុរាណ​មួយ​ ដែល​ស្ថិត​នៅ​មិនឆ្ងាយ​ប៉ុន្មាន​ពី​សួន​សាធារណៈ​​នេះ​​។ ឆាខ្វៃ​ហាង​នេះ ប្រហែល​ជា​ឆ្ងាញ់​ដូច​ពាក្យ​ឃោសនា​របស់​បុរស​ម្នាក់​នេះ​ពិត​មែន​ហើយ ព្រោះ​ទោះ​ជា​នៅ​មាន​តុទំនេរ​ខ្លះ​ តែ​ក៏​មាន​ភ្ញៀវ​ឆៀង​ចូល​មក​ទិញ​ និង​ខ្ចប់​ទៅ​ផ្ទះ​​មិន​ដាច់​​សោះ​​។ កាហ្វេ​មួយ​កែវ​សម្រាប់​ខ្ញុំ​ និង​ទឹក​សណ្តែក​មួយ​កែវ​សម្រាប់​គេ បាន​​លើក​មក​ដល់​ បន្ទាប់​ពី​ឆាខៃ​មួយ​ចាន​លើក​មក​ដល់​មុន​នេះ​​បន្តិច​។ ក្លិន​កាហ្វេ​បែប​បុរាណ​ចោល​ក្លិន​ក្រអូប​ឈ្ងុយ ធ្វើ​​ឲ្យ​អ្នក​ដែល​ចូលចិត្ត​​កាហ្វេ​ដូច​ខ្ញុំ​បាន​ស្រង់​ក្លិន​ដោយ​ក្តី​ត្រេក​ត្រអាល​។

«ឈ្ងុយ​ខ្លាំង​ណាស់​ យូរ​ហើយ​នៀក​ដែល​ខ្ញុំ​មិន​បាន​ញ៉ាំ​កាហ្វេ​បែប​នេះ​ ធម្មតា​ញ៉ាំ​តែ​    កាហ្វេ​ស្រស់​ដែល​កិន​ថ្មីៗ​។»

«មើល​ទៅ​ចន្ទ្រ​​ដូចជា​ចូលចិត្ត​ផឹកកាហ្វេ​ណាស់​!» គេ​ពោ​លធ្វើ​ញឹមៗ​ ដែល​ខ្ញុំ​អាច​​វាយ​តម្លៃ​ស្នាម​ញញឹម​នោះ​ថា ជាស្នាម​ញញឹម​ដែល​បង្កប់​ទៅ​ដោយ​​សេចក្តី​អាណិត​ស្រឡាញ់​។

«ច៎ាស ចូលចិត្ត!​ ចូលចិត្ត​ខ្លាំង​ណាស់! ថ្ងៃ​ណា​គ្មាន​ជាតិ​កាហ្វេ​ចូលក្នុង​ខ្លួន​ ថ្ងៃ​នោះ​ជា​ថ្ងៃ​មហាសោកនាដកម្ម​មិន​ខាន!» ខ្ញុំ​ធ្វើ​ជា​អូស​សំឡេងវែង ដើម្បី​បញ្ជាក់​ថា​ខ្ញុំ​ចូលចិត្ត​កាហ្វេ​ខ្លាំង​កម្រិត​ណា​… គឺ​ចូលចិត្ត​រហូត​អត់​មិន​បានតែ​ម្តង​។​

«តែ​ផឹក​ច្រើន​មិន​ល្អ​ចំពោះ​សុខ​ភាព​ទេ!»

«​ចំពោះ​ខ្ញុំ​សុំ​លើក​លែង​កាហ្វេ​មួយ​ចេញ​ ខ្ញុំ​សុខ​ចិត្ត​ឲ្យ​វា​បំផ្លាញ​សុខ​ភាព​របស់​ខ្ញុំ​ ហើយ​សុំ​កាត់​បន្ថយ​អ្វី​ផ្សេង​ជំនួស​វិញ​ល្អ​ជាង​ បើ​អត់​កាហ្វេ​ ខ្ញុំ​ច្បាស់​ជា​ស្លខ្យល់​ស្លាប់​មិន​ខាន។» សម្តី របស់​ខ្ញុំ​ធ្វើ​ឲ្យ​គេ​សើច​ក្អាកក្អាយ​។ កាយវិការ​ និង​ ស្នាម​ញញឹម ​របស់​បុរសដែល​​នៅ​ចំពោះ​មុខ​​ម្នាក់​នេះ ​ធ្វើ​ឲ្យ​ខ្ញុំ​​សម្លឹង​ភ្លឹក​យ៉ាង​យូរ។​ កម្តៅ​ថ្ងៃ​អែៗ​ដែល​ចាំង​មក​ប៉ះ​ផ្ទៃ​មុខ​ធ្វើ​ឲ្យ ​រូបភាព​ដែលខ្ញុំ​ឃើញ​ហាក់​​ផុស​ចេញ​ពី​ផ្ទាំ​ងគំនូរ។​ ខ្ញុំ​លួច​សន្យា​នឹង​ខ្លួន​ឯង​ក្នុង​ចិត្ត​ថា នឹង​ធ្វើ​ឲ្យ​រូប​ភាព​នេះ​ទៅ​សណ្ឋិត​នៅ​លើ​ផ្ទាំងក្រដាសឲ្យ​ទាល់​តែបាន។

ហាង​កាហ្វេ A man from the Mars

[វេហាស៍ខ្ពស់ឆ្ងាយណាស់កល្យាណ ស្នេហាប្រៀបបាននឹងបក្សាបក្សីស្នេហ៍ឆ្លងផែនទឹក ស្នេហ៍ឆ្លងផែនដី កាលបើបេតី ក៏មេឃគង់​មិន​កន្តើយ​វេហាស៍ខណ្ឌគ្នាសែនសង្វេគ ឆ្ងាយគ្នាអនេក តែក៏មេឃណាស្ងួន ស្នេហ៍ឆ្លងវេហាស៍ ឆ្លងមកជួបជួន ជាប់ចិត្តនឹងស្ងួន ចិត្តពីរចងជាចិត្តមួយ…]

ខ្ញុំ​ផ្ទៀង​ត្រចៀក​ស្តាប់​ចម្រៀង ​ដែល​បើក​កំដរ​បរិយាកាស​ក្នុងហាង​​​អស់​មួយ​សន្ទុះ​ និង​      បណ្តែត​អារម្មណ៍​​តាម​​ចម្រៀង​ស្នេហា​មួយ​បទ​នេះ​ដោយ​មិន​ដឹង​ខ្លួន​។ បេះ​ដូង​ពីរ​​ធ្វើ​ដំណើរ​មក​ជួប​គ្នា​ ហើយ​រួម​គ្នា​ក្លាយ​ជា​បេះ​ដូង​តែ​មួយ ​គឺ​មិន​ងាយ​ទេ។​ ខ្លួន​ខ្ញុំផ្ទាល់​ក៏​​ខំ​តាម​ស្វែង​រក​យ៉ាង​យូរដែរ​​ តែ​មិន​បាន​ជួប​​នរណា​ម្នាក់​សោះ​។

«​​មាន​រឿង​អ្វី​ចន្ទ្រ​ ម៉េច​ក៏​សុខ​ៗ​ស្ងាត់​បែប​នេះ?» ប្រហែល​ខ្ញុំ​បាត់​មាត់​បាត់​កយូរ​ពេក​ ទើប​គេ​សួរ​ដោយ​ក្តី​ងឿង​ឆ្ងល់​។ ឃើញ​បែប​នេះ​ ខ្ញុំ​ក៏​ញញឹម​ស្រទន់​ មុន​នឹង​តប​​​ទម្លាយ​ចម្ងល់​របស់​គេ​។

«ច៎ាស! ខ្ញុំ​​កំពុង​ស្តាប់​ចម្រៀង។​ បទ​នេះ​ពីរោះ​ណាស់​ ខ្ញុំ​ចូលចិត្ត​ ​ព្រោះ​មាន​អត្ថន័យ​ផ្អែម​ល្ហែម​ និង​បង្ហាញ​ក្តី​ស្រ​មើ​​ស្រមៃ​ច្រើន។»

«​ពិតមែនហើយ បទ​នេះ​ក៏​​ជា​បទ​ដែលខ្ញុំ​ចូលចិត្ត​ដែរ​ ខ្ញុំ​ចូលចិត្ត​អ្នក​ចម្រៀង​ ចូលចិត្ត​         ​អត្ថន័យ​ ហើយ​អ្វី​ដែល​ចូលចិត្ត​ខ្លាំង​បំផុត​គឺចំណង​ជើង​​។»

«មែន​ហើយ ស្នេហ៍​ឆ្លង​វេហាស៍! ខ្ញុំ​ក៏​ចូលចិត្ត​ដែរ​​។ មក​ពីប្រទេស​ពីរ​ផ្សេងគ្នា ​ភព​ពីរ​ផ្សេង​គ្នា​ តែ​បាន​ជួប​គ្នា​ ហើយ​បង្កើត​បាន​ជា​សេចក្តីស្នេហាឡើង​…។ អេ៎! ​និយាយ​អ៊ីចឹង​ លោកឈ្មោះ​ម៉ារស៍ តើ​ដោយ​សារ​តែ​​លោក​មក​ពី​​ភព​អង្គារឬ បាន​ជា​ដាក់​ឈ្មោះ​ដូច្នេះ​?» ប្រយោគ​ចុង​ក្រោយ​​របស់​ខ្ញុំ​ សួរ​គេ​ដោយ​សំណើច​ក្អាកក្អាយ​ព្រោះ​មាន​បំណង​ចង់​បង្អាប់​គេ​លេង​ តែ​គេ​បែ​រ​ជា​សួរ​មក​វិញ​ដោយ​ទឹក​មុខ​ម៉ឺង​ម៉ាត់​។

«ចុះ​បើ​ខ្ញុំ​ប្រាប់ថា ពិត​មែន​​ តើ​អ្នក​នាង​ជឿខ្ញុំ​ទេ?»

«នេះ​លោក​ចង់​ប្រាប់ខ្ញុំ​ថា ​លោក​ជា​មនុស្ស​មកពី​ភព​អង្គារ​ឬ? បើ​អ៊ីចឹងមែន​​ ខ្ញុំ​ប្រហែល​ជា​មនុស្ស​មក​ពី​ឋាន​ព្រះ​ចន្ទ​ដែរ​ហើយ ព្រោះ​ខ្ញុំ​ក៏​ឈ្មោះ​ចន្ទ្រ​ថ្លា​ដែរ​!» ខ្ញុំ​សើច​​ចាក់​បណ្តោយ​តាម​សម្តី​គេ​ ហើយ​​គេ​ក៏​ញញឹម​ស្រាល​មក​វិញ ​មុន​នឹង​ពន្យល់​ហេតុ​ផល​បន្ថែម​ ​ដែល​ទោះជា​ខ្ញុំ​ស្តាប់​យ៉ាង​ណា​ក៏​មិន​អាច​​​ជឿ​​បាន​។

«បាទ​ ខ្ញុំ​គឺ​ពិត​ជា​មនុស្ស​មក​ពី​ភព​អង្គារ​មែន​ តែ​ចន្ទ្រ​​​ទេ​ដែល​​ជា​មនុស្ស​របស់​ភព​ផែន​ដី!»

«​ម៉ារស៍​នេះ​ ចេះ​និយាយ​កំប្លែង​លេង​ដែរ​តើ! តើ​មាន​មនុស្ស​ភព​ផ្កាយ​​មក​ពីណា? ចេះ​មកបោក​ខ្ញុំ​មើល​តែ​ខ្ញុំ​នេះ​ជា​ក្មេង​សាលា​មតេ្តយ្យ​!» ខ្ញុំ​​សង្គ្រឺត​​ធ្មេញ​ដាក់​គេ​ដោយ​ក្តី​គ្នាន់​​ក្នាញ់ ចំណែក​​គេ​​​បាន​ត្រឹម​តែ​សើច​តិចៗ​មកវិញ​។

«ណ្ហើយ! ​មិន​ជឿ​ក៏​ហី​ទៅចុះ​ តែ​យើង​​​ដូច​ជា​មក​យូរ​​ហើយ​​ ​នាំ​គ្នា​ត្រឡប់​ទៅវិញ​ល្អ​ទេ?» សម្តី​របស់​គេ​ធ្វើ​ឲ្យ​ខ្ញុំ​លើកនាឡិកាដៃ​មើល​ ទើប​តែ​ដឹង​ដូច​គ្នា​ថា ​ពេលវេលាសម័យ​នេះ​ដើរ​លឿន​ពេក​ណាស់​​​ អ៊ីចឹង​តើ​បាន​ជាមាន​អារម្មណ៍ថា ​ថ្ងៃ​កាន់​តែ​ក្តៅ​ខ្លាំង​ឡើង​ៗ​។

«ច៎ាស ​ទៅ​ក៏​ទៅ​​ អ៊ីចឹង​ថ្ងៃ​នេះ​ខ្ញុំ​សុំ​ប៉ាវ​មនុស្ស​ភព​ផ្កាយ​ បាន​ទេ? ចាត់​ទុក​ថា​ជា​ការ​តប​ស្នង​ដែល​លោក​ខំ​នាំ​មនុស្ស​ភព​ផែន​ដី​មក​ស្គាល់​ហាង​ល្អ​ៗ​បែប​នេះ​។»

«អូ! មិន​បាន​ទេ ខ្ញុំ​ជា​អ្នក​នាំ​មក ខ្ញុំ​ត្រូវ​តែ​ជា​អ្នក​ប៉ាវ​ទើប​ត្រូវ​។»

«កុំ​រវល់​តែ​គិត​រឿង​កំប៉ិកកំប៉ុក​ ហើយ​ដើរ​តួ​​​ជា​សុភាព​បុរស​ដាក់​ខ្ញុំ​នោះ គឺ​​មិន​បាន​ផល​ទេ ឲ្យ​ខ្ញុំ​ប៉ាវ​ណ៎ា​ ហើយ​ចាំ​លើក​ក្រោយ​លោក​ប៉ាវ​ខ្ញុំ​ម្តង​ចុះ!»

ខ្ញុំ​មិន​រង់​ចាំ​ឲ្យ​គេ​បដិសេធ​ម្តង​ទៀត​ ក៏​ប្រញាប់​ក្រោក​ឡើង ​​យក​លុយ​ទៅ​ឲ្យ​ម្ចាស់ហាង​ដល់​កន្លែង​។ ​ដោយ​មិន​អាច​ធ្វើ​អ្វី​បាន​ទៀត បុរស​ដែល​តាំង​ខ្លួន​ជា​មនុស្ស​ភព​ផ្កាយ​​​ក៏​ដើរ​តាម​ខ្ញុំ​ចេញ​មក។ បន្ទាប់​ពី​នោះ​ ​ ​យើង​ទាំង​ពីរ​ក៏​នាំ​គ្នា​ដើរ​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅវិញ​​ ដោយ​គេ​ជូន​ខ្ញុំ​ទៅ​ដល់​មុខ​ផ្ទះ​ដូច​សព្វ​ដង​ មុន​នឹង​ដើរ​បន្ត​ទៅ​កន្លែង​ស្នាក់​នៅ​របស់​គេ​។ ខ្ញុំ​តាម​សម្លឹង​គេ​រហូត​ផុត​កន្ទុយ​ភ្នែក​។ អារម្មណ៍​ថ្ងៃ​នេះ​ក្រៅ​ពីបាន​ ​ឆ្ងាញ់​ឆ្អែត​ហើយ​ ខ្ញុំ​ក៏​មាន​សេចក្តីសុខ​ទៀត​ផង​ ទាំង​រំភើប​ទាំង​កក់​ក្តៅ បែប​​មិន​ធ្លាប់​កើត​មាន​ពី​មុន​មក​​។

ការ​ជួប​គ្នា​របស់​យើង ​​អូស​បន្លាយ​ពេលវេលា​បន្ត​ជាប់​គ្នា​រហូត ដោយ​ចាប់​ផ្តើម​​ពី​មួយ​ថ្ងៃ ពីរ​ថ្ងៃ មួយអាទិត្យ​ មួយ​ខែ​ ហើយ​នេះ​ក៏​ចូល​ដល់​គម្រប់​មួយ​ឆ្នាំ​ហើយ​ ដែល​យើង​បាន​​ស្គាល់​​គ្នា​។ យើង​ទាំង​ពីរ​ នៅ​តែ​ចេញ​មក​ហាត់​ប្រាណ​ជាមួយ​គ្នា​ជា​​ញឹក​ញាប់​ ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក​ជាមួយ​គ្នា​ ឬ​អង្គុយ​ជាមួយ​គ្នា​ក្នុង​សួន​សាធារណៈ ដោយ​ម្នាក់ៗ​មាន​ពិភព​លោក​រៀងៗ​ខ្លួន​។ រហូត​មក​ដល់​ថ្ងៃ​នេះ​ ខ្ញុំ​មិន​ធ្លាប់​ឈាន​ជើង​ចូល​ទៅ​ក្នុង​ពិភព​លោក​​របស់​គេ​ទេ សូម្បី​តែ​បន្តិច​។

ម៉ារស៍ សម្រាប់​ខ្ញុំ​ គឺ​ជា​បុរស​ដែល​មាន​​​​ស្នេហ៍​មុខ​​ស្រស់​សង្ហា។ ​​គេ​​​អះអាង​​ថាជាមនុស្ស​ភព​ផ្កាយ​ មក​ពី​ភព​ព្រះ​អង្គារ។ គេ​មាន​ទម្លាប់​ប្រចាំ​ថ្ងៃ​គឺ​អាន​សៀវភៅ​ ចូលចិត្ត​អង្គុយ​លង់​លក់​​យ៉ាង​ស្ងៀម​ស្ងាត់​ដោយ​ដៃ​ទាំង​ពីរ​ឱប​សៀវភៅ​ជាប់​។​ គេចូលចិត្ត​ផឹក​ទឹក​សណ្តែក​ស និង​ចូលចិត្ត​​មក​រត់​ហាត់​ប្រាណ​នៅពេល​ព្រឹក​ ​ស្នាក់​នៅ​ក្បែរ​​ផ្ទះខ្ញុំចម្ងាយ​​បី​ផ្លូវ​ ប្រើ​កង់​ជា​យាន​ជំនិះ​ផ្ទាល់​ខ្លួន​ ហើយ​គ្រប់​ពេល​ដែលដើរ​​ជូន​ខ្ញុំ​មក​ គេ​នឹង​បណ្តើរ​កង់​​ជជែក​លេង​ជាមួយ​ខ្ញុំ​រហូត​ដល់​ផ្ទះ​។

«កំពុង​អង្គុយ​គិត​រឿង​អ្វី​ឬ ​ចន្ទ្រ​?»

«កំពុង​គិត​ថា ចង់​សុំ​ម៉ារស៍​ជាម៉ូដែល​សម្រាប់​គំនូរ​ថ្មី​របស់​ខ្ញុំ​ តើ​ល្អ​ឬទេ?» សម្តី​ត្រង់​ៗ​របស់​ខ្ញុំ​ធ្វើ​ឲ្យ​គេ​ភាំង​សម្លឹង​ខ្ញុំ​អស់​មួយ​សន្ទុះ​។ នេះ​ជា​លើក​ដំបូង ​​ដែលខ្ញុំ​​ហាមាត់​សុំ​គេ​ដោយ​​ផ្ទាល់​ ក្រោយ​ពី​លួច​គូ​ររូប​គេ​​យ៉ាង​​លាក់​លៀមក្នុង​ពេល​កន្លង​មក​​។

«អឺ… ប្រហែល​ជា​មិន​កើត​ទេដឹង… ខ្ញុំ​មិន​ធ្លាប់​ធ្វើ​ជា​ម៉ូដែល​ឲ្យ​នរណា​គូររូប​ផង​ ខ្លាច​ក្រែង​​ចន្ទ្រ​​លំបាក!»

«មិន​លំបាក​ទេ ព្រោះតាម​​​ធម្មតា​​ខ្ញុំ​តែង​តែ​លួច​គូររូប​លោក​ជា​ប្រចាំទៅ​ហើយ​ គ្រាន់​តែ​ថ្ងៃ​​នេះ​ចង់​សុំ​ជា​លក្ខណៈផ្លូវ​ការ ​ដើម្បី​បង្កើត​ស្នាដៃ​​ផ្លូវ​ការមួយ ​ឲ្យ​ចេញ​ជា​រូប​រាង​​​ប៉ុណ្ណោះ​។»

«ចុះ​ហេតុ​អ្វី​បាន​ជា​ជ្រើស​រើស​យក​ខ្ញុំ?»

«គឺ​ចៃ​ដន្យ​មាន​រៀម​​ច្បង ​ដែល​ធ្វើ​ការ​ផ្នែក​គំនូរ​វិចិត្រ​កម្ម ​​រៀប​ចំ​ការ​តាំងពិព័រណ៌ដេញ​ថ្លៃ​​​ ​សប្បុរស​ធម៌​​មួយ ​ទើប​ខ្ញុំ​ចង់​គូរ​រូប​លោកដាក់​ដេញ​ថ្លៃ​នឹង​គេ​ដែរ​​។» លើក​នេះ​គេ​ធ្វើ​​ទឹក​មុខ​កំប្លែង​​រហូត​ខ្ញុំ​អស់​សំណើច​។

«កុំ​ប្រាប់​ណាថា ​យក​រូប​ដូច​ខ្ញុំ​ទៅ​ដេញ​ថ្លៃ​ ខ្ញុំ​ថា​មិន​ស័ក្តិសម​ទេដឹង?»

«មិន​មែនទេ! មិនមែនទេ!» ខ្ញុំ​ប្រញាប់​បដិសេធ​មុន​នឹង​ប្រាប់​គំនិត​ខ្លួន​ឯង​ឲ្យ​គេដឹង​ «ខ្ញុំ​គ្រាន់​តែ​ចង់​បាន​លោក​ជា​គំរូ​ប៉ុណ្ណោះ​ មិន​មែន​គូររូប​ដូច​ទេ។»

«ជាគំរូ​ឬ?»

«ច៎ាស​ មែន​ហើយ ព្រោះ​ប្រធាន​បទ​ដែល​រៀម​​ច្បង​ឲ្យ​មក​នោះ​គឺ ‘ចក្រវាឡ’ ទើប​ខ្ញុំ​ចង់​គូររូប​មនុស្ស​ភព​ផ្កាយ!» ខ្ញុំ​និយាយ​ប្រាប់​គេ​ត្រង់ៗ​ តែ​លួច​បន្ថែម​កន្ទុយ​ប្រយោគ​នៅ​ក្នុង​ចិត្ត​តែ​ម្នាក់​ឯ​ង​…  គឺ​ចក្រវាឡ​​ស្នេហ៍ ឬ​ ស្នេហ៍​ឆ្លង​វេហាស៍​… ប្រធាន​បទ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ឡើង​ឈឺ​ក្បាល​អស់​ជា​ច្រើន​យប់​ ព្រោះ​ខួរក្បាល​ និង​បេះ​ដូង​ បាន​ប្រាប់​ចម្លើយ​រួច​ហើយ​ថា ចក្រ          វាឡស្នេហ៍​របស់​ខ្ញុំ​… ជា​​នរណា?​

«ចុះ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វីខ្លះ បើខ្ញុំ​យល់​ព្រម​​ធ្វើ​ជា​គំរូ​ឲ្យ​​ចន្ទ្រ​?»

«​គឺ​គ្រាន់​តែ​អង្គុយ​អាន​សៀវភៅ​របស់​លោក​ ដូច​សព្វ​ដង​ដែល​ធ្លាប់​ធ្វើ​ទៅ​គឺ​បាន​ហើយ​! អ៊ីចឹង​បាន​ន័យ​ថា ​ម៉ារស៍យល់​ព្រម​ហើយ​ មែនទេ?» ខ្ញុំ​សួរ​បញ្ជាក់​គេ​ដោយ​បង្ហាញ​សេចក្តី​​​ត្រេកអរចេញ​មក​​​ដោយ​គ្មាន​ការលាក់​លៀម​។

«បាទ​យល់​ព្រម!» គ្រាន់​​តែ​ជា​ចម្លើយ​ខ្លីៗ​ ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរ​តែ​​លោត​ទៅ​ឱប​គេ​ទាំង​រស់​​ទៅហើយ ទោះ​ពី​ដំបូង​គិត​ថា​នឹង​លួច​គូររូប​គេ​ស្ងាត់ៗ​ តែ​អត់​ទ្រាំ​មិន​សុំ​ការ​អនុញ្ញាត​ពី​ម្ចាស់​ខ្លួន​គេ​មិន​បាន​។ ខ្ញុំមិន​ចង់​ឲ្យ​គេ​ដឹង​​នៅ​ពេល​​​ក្រោយ​​ទេ​ថា ​ខ្ញុំ​លួច​គូររូប​គេ។​ ខ្ញុំ​ខ្លាច​មនុស្ស​ដែល​មាន​ពិភព​លោក​ផ្ទាល់ខ្លួន​ដូច​គេ​ខឹង​ ព្រោះខ្ញុំ​ដឹង​ច្បាស់​ថា វា​មិន​ងាយ​ទេ​ដែល​ធ្វើ​ឲ្យ​មិត្ត​ភាព​របស់​យើង​រីក​ដុះ​ដាល​​បាន​ប៉ុណ្ណេះ​ ហើយ​​វា​​នឹង​មិន​អាច​​បន្ត​រីកលូត​លាស់​​​ទៅ​មុខ​ទៀត​ដោយ​រលូន ​​ទេ​បើ​មាន​រឿង​ធ្វើ​ឲ្យ​យើង​ទាំង​ពីរ​យល់​ច្រឡំ​លើ​គ្នា​សូម្បី​តែ​រឿង​បន្តិច​បន្តួច​ក៏​ដោយ​។

ក្រោយ​ពី​ម្នាក់​ៗ ​ប្រើ​ពេល​វេលា​នៅ​ក្នុង​ពិភព​លោករបស់​ខ្លួន​ឯង​ ខ្ញុំ​ក៏​ឃើញ​គេ​ផ្តេក​ខ្នង​ផ្អែកកៅអី​ មុន​នឹង​បិទ​ភ្នែកព្រឹមៗ​ ហើយ​ក៏​លង់​លក់​ទៅ​​។ លើក​នេះ ​ខ្ញុំ​បណ្តោយ​ឲ្យ​បុរស​ដែល​អង្គុយលង់​​លក់​ក្បែរ​នេះ ​ក្លាយ​ជា​ទេវបុត្រ​ទេព​និន្ទ្រាសិន​ចុះ ហើយ​​ខ្លួន​ឯង​​ចាប់​ផ្តើម​គូសវាស​រូប​តាម​ដែល​បាន​សុំ​អនុញ្ញាត​ពី​គេ​រួច​ហើយ​។ ខ្ញុំ​មិន​បាន​ប្រាប់​ទេថា ខ្ញុំ​ចង់​បាន​ប្លង់​​បែប​ណា​ ព្រោះពេល​នោះ​ខ្ញុំ​គិត​មិន​ចេញ​ពិត​មែន​ តែ​ពេលឃើញ​គេ​បិទ​ភ្នែក​ ហើយ​មាន​រស្មី​អែៗ​របស់​ព្រះ​អាទិត្យជះ​មក​លើ​ រូប​ភាព​ក៏​លេច​ឡើង​នៅ​ក្នុង​ក្បាល​ខ្ញុំ​មួយ​រំពេច​ គឺ ​«ទេវបុត្រ​ភព​ផ្កាយ​» ដែល​ត្រូវ​នឹង​ប្រធាន​បទ​របស់​រៀម​​ច្បង​តែ​ម្តង​ ហើយ​​លើក​នេះ​ខ្ញុំ​ជ្រើស​រើស​ប្រើ​ពណ៌​ទឹក ​ដែល​ខ្លួន​ឯង​​ស្ទាត់​ជំនាញបំផុត​ ​ព្រោះ​ចង់​ឲ្យ​រូប​ដែលគូ​រចេញ​មក​ មាន​លក្ខណៈ​ស្រទន់ និង​អន្ទង​បេះ​ដូង​ខ្លាំង​បំផុត​ ដោយ​មិន​គិតថា ​ចុង​ក្រោយ​រូប​របស់ខ្លួន​ឯង​នឹងត្រូវ​​ដេញ​ថ្លៃ​បាន​​ទៅ​លើ​នរណា​ ឬ​នៅ​ឯណា​ក៏​ដោយ​​​​។

ទេវបុត្រ​ភព​ផ្កាយ​

«ឧទាហរណ៍ថា ថ្ងៃ​ណា​មួយ​ខ្ញុំ​មិន​បាន​មក​ទីនេះ​ទៀត​ តើ​​ចន្ទ្រ​នឹង​ខឹង​ខ្ញុំ​ឬទេ?»

សុខ​ៗ​មនុស្ស​ដែល​កំពុង​បិទ​ភ្នែក​ ក៏​និយាយ​ឡើង​ធ្វើ​ឲ្យ​ដៃ​ដែល​កំពុង​ព្រាង​រូប ​យ៉ាង​ផ្ចិត​ផ្ចង់​​ទច់​ង៉ក់​មួយ​រំពេច​ មុន​នឹង​រៀប​ចំ​​ចម្លើយ​របស់​ខ្លួន​ឯ​ងសម្រាប់​​សំណួរ​ចម្លែក​ៗរបស់​​គេ។

«ច៎ាស ខឹង! បើ​លោក​​ទៅ​បាត់​ស្រមោល​​ដោយ​មិន​លា​គ្នា​សិន! ខ្ញុំ​មិន​សូវ​ចូលចិត្ត​អ្វី​ដែល​​បាត់​ពី​ជីវិត​ដោយ​គ្មាន​មូល​ហេតុ​ច្បាស់​លាស់​នោះ​ទេ តែ​បើ​បាត់​ដោយ​មាន​ហេតុ​ផល​ ខ្ញុំ​នឹង​មិន​ខឹង​ឡើយ​​ ព្រោះខ្ញុំដឹងច្បាស់​ថា ភព​ផែន​ដី​​មួយ​នេះ ​នាំ​មនុស្ស​មក​ជួ​ប​គ្នា ​តែ​មួយ​រយៈ​ពេលខ្លី​ប៉ុណ្ណោះ​ គ្មាន​អ្វី​ទៀង​ទាត់​នោះ​ទេ!»

«តាម​មើល ​ចន្ទ្រ​​ប្រហែល​ជា​ធ្វើ​ចិត្ត​នឹង​ការ​បាត់​បង់​អ្វី​ម្យ៉ាង​បាន​យ៉ាង​ស្រួលណាស់​​…»

«នរណាថា? ខ្ញុំ​ខ្លាច​ការបាត់​បង់​ខ្លាំង​ណាស់!​ ខ្ញុំ​មិន​ចូលចិត្ត​អារម្មណ៍​ដែល​​ត្រូវ​គេ​ទុក​​ចោល​ឲ្យ​នៅ​ម្នាក់​ឯង​នោះ​ទេ!​​​ ខ្ញុំ​មិន​ចូលចិត្ត​ឲ្យ​គេ​បោះ​បង់​ចោល​ ហើយ​ក៏​មិន​ចូលចិត្ត​ឲ្យ​គេ​បំភ្លេចចោល​ដែរ។»

«និស្ស័យ​ និង​ព្រហ្មលិខិត​ តែង​តែ​នាំ​មនុស្ស​យើង​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ជីវិត​របស់​មនុស្ស​ម្នាក់​ទៀត​ជា​និច្ច​។ នេះ​ជា​សច្ចៈ​របស់​ភព​ផែន​ដី​នេះ​!» លើក​នេះ​គេ​បើក​ភ្នែក​មក​និយាយជាមួយ​ខ្ញុំ។ យើង​សម្លឹង​ភ្នែក​គ្នា​ចំ​ ហាក់​កំពុង​ស្វែង​យល់​ការ​ពិត​អំពី​គ្នា​ទៅវិញ​ទៅមក​តាម​រយៈ​ខ្សែ​ភ្នែក​។

«ហេតុ​អ្វី​ថ្ងៃ​នេះ​លោក​និយាយ​ស្តី​ចម្លែកៗ​ម្ល៉េះ?»

«តើ​ចន្ទ្រ​​ប្រើ​ពេល​ប៉ុន្មាន​ថ្ងៃ​ទើប​គូររូប​នេះ​រួច​?​» គេ​មិន​ឆ្លើយ​តែ​ប្តូរ​រឿង​​ទៅ​និយាយ​ពី​​រូប​គំនូរ​ខ្ញុំ​វិញ​ម្តង​។

«គិតថា​បី​អាទិត្យ​​ប្រហែល​ជា​រួច​​ហើយ​ តើ​លោក​សួរ​ធ្វើ​អ្វី? ឬ​មួយ​ប្តូរ​ចិត្ត​លែង​ចង់​ធ្វើ​ជា​ម៉ូដែល​ឲ្យ​ខ្ញុំ​ហើយ?»

«អត់​ទេ… ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង!​ ជួន​កាល​…» ខ្ញុំ​ឃើញ​គេ​អាក់​សម្តី​បន្តិច​ ហាក់​​ដូច​កំពុងតាំង​​ចិត្តរៀប​ពាក្យ​​នៅ​ក្នុង​ខួរក្បាល​ មុន​នឹង​និយាយ​បន្ត​ ដោយ​ប្រយោគ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ក្តុក​ក្តួល​ក្នុង​ចិត្ត​ជា​ពន់​ពេក «ជួន​កាល​… ថ្ងៃ​ណា​មួយ ​ខ្ញុំប្រហែល​ជាមិន​អាច​​​មក​ទី​នេះ​​បាន​ទៀត​ទេ…»​

«បើ​ខ្ញុំ​មិន​ទាន់​គូររូប​រួច​ លោក​ពិត​ជា​មិន​ទៅណាទេ មែនទេ?» ខ្ញុំ​ប្រញាប់​សួរ​គេ​ដោយ​សំឡេង​ញាប់​ញ័រ​ មាន​អារម្មណ៍​ឈឺ​ខ្ទោកៗ​ក្នុង​បេះ​ដូង​ ចង់​យំ​បន្តិច​អី​បន្តិច​។

«អឺ​… គឺ​… ខ្ញុំ​…» គេស្ទាក់​ស្ទើរ​​ឆ្លើ​យ​មិន​ចេញ​ រហូត​​ខ្ញុំ​សួរ​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​​ដើម្បី​បាន​ចម្លើយ​។

«តើ​មែនទេ???»

«ខ្ញុំ​សន្យា​មិន​បាន​ទេ ជួន​កាល​ពេលវេលា​របស់​ខ្ញុំ​ អាច​នៅ​សល់​មិន​ច្រើន​​ល្មម​អាច​ឲ្យ​  ចន្ទ្រ​​គូររូប​ទាន់​ទេ…»

«លោក​ទៅណា? តើ​អាច​ប្រាប់​ខ្ញុំ​បាន​ទេ?» លើក​នេះ​ខ្ញុំ​ឃើញ​គេ​ដក​ដង្ហើម​ធំ​។ សំណួររបស់ខ្ញុំ​ប្រហែល​ជាធ្វើ​ឲ្យ​គេ​តាន​តឹង​ខ្លាំង​ណាស់…​ តាន​តឹង​រហូត​មិន​ដឹង​ថា ​គេ​នឹង​ឆ្លើយ​សំណួររបស់​ខ្ញុំ​ដូច​ម្តេច​។ ការ​ពិត​ខ្ញុំ​មិន​ចង់​គិត​នៅ​ក្នុង​ផ្លូវ​អាក្រក់ ​ដូច​ក្នុង​​ប្រលោម​លោក​កម្សត់ៗ​​ដែលខ្ញុំ​ធ្លាប់​អាន​នោះ​​ទេ។ គេ​អាច​កំពុង​មាន​ជំងឺ​សាហាវ​បៀតបៀន​ អាចនឹង​​ជិត​ស្លាប់​ ហើយ​កំពុងតែ​​ទៅ​ចោល​ខ្ញុំ​។ កាយវិការ​របស់​គេ​កំពុង​តែ​​ប្រាប់​ថា បើ​យើង​​បែក​គ្នា​ដូច​អ្វី​ដែល​ខ្ញុំ​កំពុង​​គិត​នេះ​ ផែន​ដី​នឹង​​មិន​វិល​ឲ្យ​យើង​បាន​ជួប​គ្នា​ម្តង​ទៀតទេ​។

«ចន្ទ្រ​​ចាំ​បាន​ទេ ដែលខ្ញុំ​ធ្លាប់​ប្រាប់​ថា ខ្ញុំ​ជា​មនុស្ស​ភព​ផ្កាយ?»

«ចាំ​បាន​តើ​! លោក​ប្រាប់​ខ្ញុំ​ថា លោក​ជា​មនុស្ស​មក​ពីភព​អង្គារ។ យ៉ាង​ម៉េច? ចង់​បោក​ខ្ញុំ​ទៀត​មែនទេ ថា​លោក​នឹង​ត្រឡប់​ទៅ​កាន់​ភព​កំណើត​វិញ?» ខ្ញុំ​តប​គេ​ដោយ​ស្នាមញញឹម​​បៀម​ដោយ​ទុក្ខ​។ អារម្មណ៍​​មួរហ្មង​ទាំង​ឡាយ​នៅ​កកស្ទះ​​ក្នុង​ក្រអៅ​បេះ​ដូង​ មិន​ទាន់​រសាត់​បាត់​ទៅ​ណា​។

«ចុះ​បើ​ខ្ញុំ​ប្រាប់​ថា​ពិតមែន? គឺ​ខ្ញុំ​កំពុង​តែ​ត្រឡប់​ទៅ​កាន់​ភព​របស់​ខ្ញុំ​វិញ​ហើយ​…​ គឺ​ភព​ដែលខ្ញុំ​​បាន​បែក​មក​ជា​​យូរមក​​ហើយ​។»​

«លោក​​មើល​មក​ខ្ញុំ​ថា​ជា​កូន​ក្មេង​អាយុ​៣​ឆ្នាំ​ឬ ទើប​មក​លេង​សើច​នឹង​ខ្ញុំ​បែប​នេះ​? មិន​បាច់​ទេ! ឈប់​និយាយ​ជា​មួយ​លោក​ហើយ​ល្អ​ជាង​ ខាត​ពេលធ្វើ​ការ​អស់។​ ចាំ​មើល​ណ៎ា! បើ​ខ្ញុំ​ធ្វើ​ការងារ​​មិន​ហើយ លោក​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​។»

ក្រោយ​ពី​ខ្ញុំ​ទម្លាក់​កំហុស ​ដែល​អាច​កើត​ឡើង​​ទៅ​ឲ្យ​គេ​រួច​ហើយ ខ្ញុំ​ក៏​ឈ្ងោក​មុខ​​ផ្តោត​អារម្មណ៍​លើ​ការងារ​នៅ​ក្នុង​ដៃ​បន្ត​ តែ​​នៅ​លួច​បញ្ជូន​ខ្សែ​ភ្នែក​ទៅ​សម្លឹង​ម៉ូដែល​កិត្តិយសខ្លះៗ​។ ខ្ញុំ​ឃើញ​គេ​គិត​តែ​ពី​ឈ្ងោក​មុខ​អាន​សៀវភៅ​ តែ​ចម្លែក​ណាស់ ​ដែល​ខ្ញុំ​​ទទួល​​អារម្មណ៍​ថាគេ​មិន​បាន​ចាប់​អារម្មណ៍​នឹង​តួ​អក្សរ​បន្តិច​សោះ​ឡើយ​។ អារម្មណ៍​​​របស់គេ ​​ហាក់​កំពុង​រិះ​គិត និង        ​អណ្តែត​អណ្តូងទៅឆ្ងាយ​។ ការ​បណ្តោយ​ឲ្យ​គេ​លិច​លង់​ទៅ​ក្នុង​ពិភពលោក​​របស់​គេ​តែ​ម្នាក់​ឯង ​ប្រហែល​ជា​រឿង​ល្អ​បំផុត​។ អារម្មណ៍​ខ្ញុំ​នៅ​តែ​​​នឹក​ដល់​ការ​សន្ទនា​អម្បាញ់មិញ​ ចំណែក​បេះ​ដូង​ក៏​រំជើប​រំជួល​យ៉ាង​ចម្លែក​។ ប្រសិន​បើ​ថ្ងៃ​ណាមួយ​ ខ្ញុំ​មិន​បាន​ជួប​គេ​ទៀត​ពិត​មែន​… តើ​ជីវិត​​ខ្ញុំ​នឹង​ក្លាយ​ជា​យ៉ាង​ណា?

***

សូម​រង់​ចាំ​អាន​វគ្គ​បន្ត​!

Read Full Post »


ទេវបុត្រ​ភព​ផ្កាយ​

នរណា​ជឿ​ ថា​ខ្ញុំ​​ដាក់​​រូបថត​​ម​នុស្ស​ភព​ផ្កាយ​ជាប់​​​តាម​ខ្លួន​​? មែន​ហើយ! បើ​​ជឿ​មាន​តែ​ឆ្កួត លើ​លោក​នេះ​មាន​មនុស្ស​ភព​ផ្កាយ​មក​ពីណា???

«ចន្ទ្រ​! ឯង​មិន​កើត​​អីទេ ​មែនទេ?»

សំឡេង​​បង្កប់​ដោយ​ក្តី​ព្រួយ​បារម្ភ ​​ដែល​លាន់​ចេញ​​ពី​មិត្ត​រួម​ការងារ​ជិតស្និទ្ធម្នាក់ ​ធ្វើ​ឲ្យ​​ខ្ញុំ​ដក​ខ្សែ​ភ្នែកចេញ​​ពី​ផ្លូវ​ដើរ ​មក​ប្រសព្វ​ភ្នែក​នឹង​មិត្ត​សម្លាញ់​។ ស្នាម​ញញឹម​ផ្តល់​កម្លាំង​ចិត្ត​នោះ​ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​​ធូរ​ស្រាល​ឡើង​វិញ​បន្តិច៖​

«អ្ហឺម… ខ្ញុំ​មិន​​អីទេ។» ខ្ញុំ​តប​ទៅមិត្ត​ភក្តិវិញ​ មុន​នឹង​​ដើរ​មក​ទម្លាក់​ខ្លួន​អង្គុយ​​​បិទ​ភ្នែក​ស្រឹម​​ផ្អែក​ខ្នង​នឹង​ធ្នាក់​កៅ​អី​យ៉ាង​អស់​កម្លាំង​។

«អ៊ីចឹង គ្នា​ទៅ​ញ៉ាំ​បាយ​មុន​ហើយ​ តើ​ឯង​ចង់​ញ៉ាំ​អ្វី​ទេ ចាំ​គ្នា​ទិញ​មក​ផ្ញើ?» សំណួរ​ដែល​ពោរ​ពេញ​ទៅ​ដោយ​សន្តាន​ចិត្ត​ និង​ក្តី​ព្រួយ​បារម្ភ​លាន់​ឡើង​​ម្តង​ទៀត​។ ខ្ញុំ​គ្រវី​ក្បាល​ ព្រម​ទាំង​ឆ្លើយ​បដិសេធ​។ មិត្ត​របស់​ខ្ញុំ​ងក់​ក្បាល​ទទួលដោយ​ការ​​យល់​ចិត្ត ​​មុន​នឹង​ដើរ​ចេញ​​ពី​បន្ទប់​ធ្វើ​ការ​ទៅ​​។ សំណាង​ល្អ​ដែល​ពេល​នេះ​​​អ្នក​នៅ​កន្លែង​ធ្វើ​ការ ​​នាំ​គ្នា​ចេញ​ទៅ​ស្រស់​ស្រូប​អាហារ​ថ្ងៃ​ត្រង់​អស់​។ សាល​បន្ទប់​ដ៏​ធំ​ទូលាយ​នៅសល់​​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ។ គ្មាន​ខ្សែ​ភ្នែក​ចង់​ដឹង​ចង់​ឮ​​ គ្មាន​ការ​​ពេប​ជ្រាយ​ មាត់​វែង​មាត់​ខ្លី ឬ​ការ​​​យល់​ចិត្ត​ពី​នរណា​ម្នាក់​ លាន់​ឡើង​​មក​រំខាន​អារម្មណ៍​ក្នុង​ពេល​នេះ​ទេ។

ការ​ដែល​ត្រូវ​ចៅ​ហ្វាយ​នាយ​ស្តី​បន្ទោស​ ​​​គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ​សម្រាប់​​​កូន​ចៅ​​ពេល​ធ្វើ​ការ​ខុស​ ​បើ​ទោះ​នោះ​មិន​មែន​ជា​កំហុស​​ផ្ទាល់​ក៏​ដោយ​។ ទទួល​អារម្មណ៍​ថា មួយ​រយៈ​នេះ​ខ្ញុំ​ហាក់​ដូចជា​ត្រូវ​ព្យុះ​បោកបក់​ញឹក​ញាប់​ណាស់​… ញឹក​ញាប់​រហូត​ចង់​បាក់ស្បាត​។ ជួន​កាល​នេះ​ជា​សញ្ញា​​ប្រាប់​ឲ្យ​ដឹង​ថា ខ្ញុំ​គួរ​តែ​ស្វែង​រក​កន្លែង​ធ្វើ​ការ​​​ថ្មី​ហើយ​។ ខ្ញុំ​បិទ​ភ្នែក​ម្តង​ទៀត​ ហើយ​បណ្តោយ​ឲ្យ​ទឹក​ភ្នែក​ហូរ​ចេញ​មក​យឺតៗ​​តាម​​កន្ទុយ​ភ្នែក​។ អារម្មណ៍​ហត់​នឿយ​ អស់​កម្លាំង​​ល្ហិត​ល្ហៃ​ ធ្វើ​ឲ្យ​ខ្ញុំ​ចង់​បាត់​ខ្លួន​ពី​ទីកន្លែង​នេះ។​ ចង់​ធ្វើ​ដំណើរ​ទៅ​កាន់​ពិភព​មួយ ​ដ៏​​ធំល្វឹង​ល្វើយ​ដូចដែល​​មនុស្ស​ម្នាក់​ធ្លាប់​ប្រាប់​ខ្ញុំ​។

…មនុស្ស​ម្នាក់​ដែល​ឃ្លាត​ពី​ខ្ញុំ​ទៅឆ្ងាយ​សែន​ឆ្ងាយ​…

អារម្មណ៍​របស់​ខ្ញុំ​ ចាប់​ផ្តើម​រសាត់​អណ្តែត​ទៅឆ្ងាយ​ ហើយ​ហោះ​ហើរ​ត្រឡប់​​ក្រោយ​ទៅ​រក​អតីតកាល ​ដែល​បាន​ជួប​មនុស្ស​ម្នាក់​នោះ​ជា​លើក​ដំបូង​។ កន្លង​មក​នេះ​ គេ​ប្រហែល​ជា​ពុំ​​​ទាន់​បាន​ ផ្លាស់​ប្តូរ​ពិភព​លោក​ផ្ទាល់​ខ្លួន​​របស់ខ្ញុំ ​ទាំងស្រុង​​នៅ​ឡើយ​ទេ តែ​គេ​​បាន​ត្រឹម​កែ​ប្រែ​​ផ្នែកខ្លះៗ​ឲ្យ​ពិភពលោក​ដ៏​តូចចង្អៀត​​​មួយ​នេះ ​បាន​ស្គាល់​អ្វី​​ដែល​ហៅថា ​​​ភាព​ធំ​ល្វឹង​ល្វើយ​ប៉ុណ្ណោះ​​​​។

***

 

អារម្មណ៍​ដូច​មាន​នរណា​ម្នាក់​មក​អង្គុយ​ក្បែរ​ ដាស់​ខ្ញុំ​ឲ្យ​ភ្ញាក់​ពី​ពិភពលោក​ផ្ទាល់​ខ្លួន​មួយ​រំពេច។ សម្រាប់​អ្នក​ដែល​ចូលចិត្ត​ភាព​ស្ងប់​ស្ងាត់​ដូច​ខ្ញុំ មិន​សូវ​ជា​ចូលចិត្ត​ប៉ុន្មាន​ទេ​ពេល​ដែល​មាន​នរណា​មក​រុកទន្ទ្រាន​​ពិភព​លោក​ដែលខ្លួន​ឯង​បង្កើត​ឡើង​ ទើប​ខ្ញុំ​បញ្ឈប់​ខ្មៅដៃ​ដែល​កំពុង​គូរ​គំនូរ​ចុះ​យ៉ាង​មួម៉ៅ​ មុន​នឹង​ចោល​​ភ្នែក​ដែល​មាន​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ទៅ​រក​។ ពិត​ជា​ស្មាន​មិន​ខុស​មែន​ កន្លែង​ទំនេរ​នៅ​ក្បែរ​ខ្ញុំ​ មានមនុស្ស​គ្មាន​សុជីវធម៌​មក​អង្គុយ​រួម​កៅអីជា​មួយ​​ដោយ​មិន​បាន​សុំ​​ការ​អនុញ្ញាត​ជា​មុន​​។ ថ្វី​បើ​នេះ​ជា​កៅអី​​សាធារណៈ​ក៏​ដោយ​ តែ​គេ​ក៏​គួរ​តែ​សុំ​មុន​ ឬ​មិន​ក៏​ប្រាប់​គ្នា​សិនដែរ​ មិន​មែន​សុខៗ​នឹក​​ចង់​មកអង្គុយ​ក៏​អង្គុយ​នោះ​ទេ​!

មិន​ដឹងថា​ គេ​យល់​សម្តី​ដែល​និយាយ​តាម​រយៈ​ខ្សែ​ភ្នែក ​ឬ​​មាន​ត្រចៀក​ទិព្វអាច​ស្តាប់​​ឮ​សម្តី​ក្នុង​ចិត្ត​របស់ខ្ញុំ​​បាន​ឬ​យ៉ាង​ណា​​ ​ ព្រោះ​ខណៈ​ដែល​ងាក​ទៅ​ប្រទាក់​ខ្សែភ្នែកគ្នា​​ គេក៏​ពោលសុំ​ទោស​​ព្រម​ទាំង​ពន្យល់​ឲ្យ​ខ្ញុំ​ស្តាប់​មួយ​រំពេច៖

«ខ្ញុំ​សុំ​ទោស​ដែល​មិន​បាន​សុំ​អនុញ្ញាត​មុន​ ព្រោះ​ឃើញ​អ្នក​នាង​កំពុង​ផ្ចង់​ស្មារតី​ ទើប​មិន​ហ៊ាន​​រំខាន…»

«ច៎ាស!» ខ្ញុំ​តប​​ដោយ​សំឡេង​គំរោះ​គំរើយ​​ ទោះ​បី​ជា​សុំ​ទោស​ហើយ​ក៏​ដោយ​ តែ​​ក៏​មិន​បាន​ជួយ​ឲ្យ​ខ្ញុំ​បាត់​ខឹង​ភ្លាមៗ​ដែរ​។

«ចៃ​ដន្យ​ខ្ញុំ​ឃើញ​ត្រង់​នេះ​នៅ​ទំនេរ​តែ​មួយ​កន្លែង​ ទើប​ចង់​មកសុំ​​អង្គុយ​អាន​សៀវភៅ​​ស្ងាត់ៗ​​ មិន​ធ្វើ​ឲ្យ​​រំខាន​ដល់​អ្នក​នាង​ទេ។» គេ​ពន្យល់​បន្ត​ហាក់​​អាន​ចិត្ត​ខ្ញុំ​ធ្លុះ​។​ ​ខ្ញុំ​ងាក​ទៅ​មើល​ជុំ​វិញ​ខ្លួន…​ ​ដូច​អ្វី​ដែល​គេ​និយាយ​មែន​ ​គ្មាន​កៅ​អី​មួយ​ណា​មាន​កន្លែង​ទំនេរ​ទៀត​ទេ ក្រៅ​ពី​មួយ​នេះ​។

«ច៎ាស តាមសប្បាយ​ចុះ! សុំ​ទោស​ផង​ដែល​​មុន​នេះ​មិនដឹង​ថា ​កៅអី​​ផ្សេង​ទៀត​​​ពេញ​អស់​ហើយ​។» ខ្ញុំ​ពោល​ប្រាប់​គេ​​ដោយ​អារម្មណ៍​ដឹង​ខុស​។

«បាទ​មិន​អីទេ។» គេ​តប​មកវិញ​ខ្លីៗ​។

«ច៎ាស…» ខ្ញុំ​ងក់​ក្បាល​ទទួល​ ហើយ​ក៏​ឈប់​យក​ចិត្ត​ទុក​ដាក់​ នឹង​ការ​សន្ទនា​ជាមួយ​មនុស្ស​ប្លែក​មុខ​ទៀត​​។ អាច​មក​ពី​ក្រពេញ​ទំនាក់​ទំនង​មនុស្ស​របស់ខ្ញុំ ​ងាប់​គ្រឿង​ក្នុង​អស់​ហើយ​ទេដឹង​ ទើប​គ្មាន​​ចិត្ត​ចង់​រួស​រាយ​រាក់​ទាក់​ជាមួយ​នរណា​ ដែលចៃ​ដន្យ​​ឈាន​ចូល​មក​ជិត​ដល់​ពិភព​លោក​ផ្ទាល់​ខ្លួន​​របស់​ខ្ញុំ​​។​ ​ដឹង​ច្បាស់​ថា មិន​យូរ ​មនុស្ស​អស់​នេះ​នឹង​ចាក​ចេញ​ទៅដោយ​ឯក​ឯង ទើប​គ្មាន​ចាំ​បាច់អី​ ដែល​ត្រូវ​ទៅ​​រាក់​ទាក់​ជាមួយ​ពួកគេ​​នាំ​ឲ្យ​ខាត​ពេល។ ខ្ញុំ​ចាប់​ផ្តើម​មុជ​ជ្រៅ​ទៅក្នុង​ពិភពលោក ដ៏​តូច​ចង្អៀត​​របស់​ខ្លួន​ឯង​បន្ត​ទៀត ដោយ​មាន​​ខ្យល់               ​ត្រសៀក​ៗ​​ក្នុង​ពេល​សាយណ្ហ​​បក់​មក​រំភើយៗ ​​អម​ដោយ​​​សំឡេង​បើកសៀវភៅ​​របស់​បុរស​​ដែល​អង្គុយ​ក្បែរ​នេះ​​ ​លាន់​ឡើង​ជា​រយៈៗ។

ពេលវេលា​កន្លង​ទៅយូរ​ប៉ុណ្ណា​ហើយ​ក៏​មិន​ដឹង​ ​ពន្លឺ​ដែល​មាន​ប្រចាំ​ថ្ងៃ​នៅ​សេស​សល់​តិច​តួចពេក​ណាស់​ រហូត​​​​ពន្លឺ​​​សិប្បនិម្មិត​របស់មនុស្ស​​លោក​បើក​បំភ្លឺ​ឡើង​​ ទើប​ខ្ញុំ​កម្រើក​ខ្លួន​ពត់​​អែន​​អន​បន្តិច​ដោយ​អាការៈ​ចុក​រោយ​ឆ្អឹង​ឆ្អែង​។ ហ៊ឺម… ប្រហែល​ដល់​ពេល​ដែល​ត្រូវ​ប្រមូល​សម្ភារៈ​ត្រឡប់​ទៅ​ផ្ទះវិញ​ហើយ​ បន្ទាប់​ពី​​អង្គុយ​ធ្វើ​ការ​​ស្ទើរ​ពេញ​មួយ​ថ្ងៃ​រួច​មក​​។ ក្រោយ​ពី​ប្រមែ​ប្រមូល​សម្ភារៈ​បាន​បន្តិច​ ខ្ញុំ​ទើប​តែនឹក​​ភ្នក​ដល់​សំឡេង​បើក​សៀវភៅ ​ដែល​ស្ងាត់​បាត់​សូន្យ​ឈឹង​​​តាំង​ពីពេល​ណា​ក៏​មិនដឹង។ លុះ​​គិត​ឃើញ​ដូច្នោះ ខ្សែ​ភ្នែក​របស់ខ្ញុំ​​ក៏​ក្រឡេក​ទៅ​មើល​កន្លែង​អង្គុយ​ក្បែរ​នោះ​មួយ​រំពេច ហើយ​ក៏​ឃើញបុរស​ម្ចាស់​សៀវភៅ​​ កំពុង​​​​​អង្គុយ​លង់​លក់       ​​ឱបសៀវភៅ​ដោយ​​ដៃ​ទាំង​ពីរ​​ជាប់​ក្នុង​​ទ្រូង​។ ក្បាល​​ដែល​​ធ្លាក់​​ចុះ​​ក្រោម​បន្តិច​នោះ​ មើល​យ៉ាង​ណា​ក៏​មិន​គួរ​គេង​លក់​ស្រួល​សោះ​ តែ​គេ​នៅ​តែ​លង់​លក់​យ៉ាង​ស្កប់​ស្កល់​ រហូត​ខ្ញុំ​​ប្រមូល​សម្ភារៈរួច​រាល់​ហើយ​ក៏​​គ្មាន​សញ្ញា​ណា​ប្រាប់​ថា​​គេ​ម្នាក់​នេះ​នឹង​ភ្ញាក់​ដែរ​​ ទើប​ខ្ញុំ​សម្រេច​ចិត្ត​​អង្គុយ​ចុះ​ម្តង​ទៀតព្រោះ​​មិន​ដឹង​ថា​គួរ​ធ្វើ​យ៉ាង​ណា​​ល្អ​។ គំនិត​​មួយ​ក្នុង​ក្បាល​ប្រាប់ថា បណ្តោយ​គេ​ទៅ! បន្តិច​ទៀត​គេ​នឹង​ភ្ញាក់ ​ហើយ​ត្រឡប់​ទៅ​ផ្ទះ​ដោយ​ខ្លួន​ឯង​។ តែ​គំនិត​មួយ​ទៀត ​បែរ​ជា​ជំទាស់​ដោយ​ក្តី​ព្រួយ​បារម្ភ​ពីសុវត្ថិភាព​​របស់​គេ ព្រោះ​បើ​មាន​មនុស្ស​គិត​អាក្រក់​ក្នុង​ពេល​ដែល​គេ​កំពុង​ដេកលក់មិន​ដឹង​ខ្លួន​បែប​នេះ​​ ខ្ញុំ​ច្បាស់​ជា​មាន​វិប្បដិសារី​អស់​មួយ​ជីវិត​។ គំនិត​នៅ​ក្នុង​ខួរ​ក្បាល​ខ្ញុំ​ឈ្លោះ​ប្រកែក​​​គ្នា​យ៉ាង​យូរ ​​រហូត​ម្ចាស់​រាង​កាយ​ខ្ពស់​នោះ​ចាប់​ផ្តើម​កម្រើកខ្លួន ហើយ​បើក​ភ្នែក​​ឡើង​ មុន​នឹង​ងាក​មក​សម្លឹង​មុខ​ខ្ញុំ​ទាំង​មមើមមាយ​​។ បើ​ឲ្យ​ទាយ​​ដោយយក​ខ្លួន​ឯង​ជាមាត្រដ្ឋានវាស់​ស្ទង់​ ​​ពេល​​នេះ​គេ​ប្រហែល​ជាកំពុង​រៀប​ចំ​លំដាប់​ព្រឹតិ្តការណ៍ទេដឹង ថា​ខ្លួន​ឯង​កំពុង​នៅទីណា ហើយខ្ញុំ​ជា​អ្នក​ណា?

«អ៎… ត្រឡប់​ទៅវិញ​ហើយ​ឬ?» គេ​សួរ​ខ្ញុំ​បន្ទាប់​ពី​ប្រើ​ពេល​វេលា​តាំង​ស្មារតី​បាន​បន្តិច។

«ច៎ាស កំពុង​រៀប​ចំ​ទៅវិញ​ហើយ​។» ខ្ញុំ​ងក់​ក្បាល​ទទួល​ដោយមិន​ពន្យល់​បន្ថែម​ថា… បើ​កុំ​ដោយ​សារ​មាន​លោក​​នៅ​គេង​លក់​ដូច​ងាប់​​ក្បែរ​នេះ​​ ប្រហែល​ជាខ្ញុំ​​ដើរ​ទៅ​​ដល់​ផ្ទះ​តាំង​ពី​យូរ​ហើយ!

«អរគុណណ៎ា!» សុខ​ៗ​គេ​ក៏​និយាយ​អរគុណ​ខ្ញុំ​។

«អេ៎???» ខ្ញុំ​ក៏​ងាក​ទៅ​មើល​មុខ​គេ​ដោយ​ក្តី​ងឿង​ឆ្ងល់។ បុរស​ម្នាក់​នេះ​ចេះ​អាន​ចិត្ត​មនុស្ស​ឬ?

«អរគុណ​ដែល​អង្គុយ​ចាំខ្ញុំ​ភ្ញាក់​ សុំ​ទោស​ផង​ដែល​ដេកលក់​ជ្រុល​បន្តិច!» គេ​ញញឹម​ស្ញេញ​លាយ​ឡំដោយ​​ក្តី​អៀន​ប្រៀន​ ​ល្មម​ធ្វើ​ឲ្យ​ខ្ញុំ​សើច​។​ ថា​ទៅ កាយ​វិការ​របស់​គេ​គួរ​ឲ្យ​ចង់​សើច​ពិត​មែន!​

«អ៎… មិន​អីទេ ខ្ញុំ​​ក៏​ទើប​តែ​រៀប​ចំ​សម្ភារៈ​ហើយ​ដែរតើ!» ខ្ញុំ​បញ្ជាក់​​ប្រាប់​គេដោយ​​ប្រាស​ចាក​ពី​សេចក្តី​ពិត​បន្តិច​។

«តើ​អ្នក​នាង​​ត្រឡប់​ទៅ​ផ្ទះវិញ​ដោយ​របៀបណា​​​បើ​ងងឹត​បែប​នេះ?»

សំណួរ​របស់​គេ​ធ្វើ​ឲ្យខ្ញុំ​ងាក​ទៅមើល​ជុំវិញ​ខ្លួន​។ ពេល​នេះ​មាន​តែ​​ភ្លើង​គោមតាម​សួន​ច្បារ​​​ប៉ុណ្ណោះ​​ដែល​ផ្តល់​ពន្លឺ​ដល់​ទីនេះ​។ សួន​សាធារណៈ​នេះ ​​មិន​មែន​​អត់​មនុស្ស​សោះ​នោះ​ទេ តែ​ក៏​នៅ​​​ឆ្ងាយ​ពី​ភាព​អ៊ូអរ​ដូច​មេឃ និង​ដី​។

«ដើរ​ទៅវិញ​ ព្រោះខ្ញុំ​ស្នាក់​នៅ​ជិតៗ​នេះ​ទេ។» ខ្ញុំ​ប្រាប់​គេងាយៗ​ និង​ព្យាយាម​ធ្វើ​សំឡេងមិន​​ឲ្យ​គេ​ចាប់​​ថ្នាក់​បាន​ថា ខ្ញុំ​កំពុង​មាន​អារម្មណ៍​បែប​ណ។ ការ​ពិត​​ខ្ញុំ​ក៏​​ទទួល​ស្គាល់ថា ពេល​នេះ​ក្តី​កង្វល់​កំពុង​រត់​ត្របាញ់​​ពេញ​ខួរ​ក្បាល។​ ​មិន​មែន​ខ្ញុំ​ចូលចិត្ត​ដើរ​ម្នាក់​ឯង​កណ្តាល​យប់​ស្ងាត់​នោះ​​ទេ ប៉ុន្តែ​ត្រឹម​១៥នាទី​ប៉ុណ្ណោះ​​ដែល​ខ្ញុំ​ត្រូវ​អត់​ដង្ហើម​ដើរ។ បើ​គ្រាន់​​តែ​​គិត​គឺ​ជិត​ណាស់​ ចុះ​រឿង​អ្វី​ដែលខ្ញុំ​ត្រូវ​បង្ហាញ​ឲ្យ​គេ​ដឹង​ថា ​ខ្ញុំ​មិន​សូវ​អូខេ​ប៉ុន្មាន​​ឡើយ ​ក្នុងការ​ដើរ​ត្រឡប់​ទៅ​ផ្ទះ​តែ​ម្នាក់​ឯង​បែប​នេះ​។

«អ៊ីចឹងចាំ​ខ្ញុំ​ជិះ​កង់​ឌុប​ទៅ​ ដើរ​ម្នាក់​ឯង​បែប​នេះ​​គ្រោះថ្នាក់​ណាស់។» ខ្ញុំ​ភាំងៗតិចៗ​នឹង​សំណើ​របស់​គេ​​​។ អ្ហឺម… ជា​សំណើ​មួយ​​ដ៏​ល្អ​ តែ​ខ្ញុំ​ដើរ​ទៅ​ផ្ទះ​ម្នាក់​ឯង​ប្រហែល​ជា​ល្អ​ជាង​។ បាន​​អង្គុយ​ជាមួយ​គ្នា​ពេញ​មួយ​ថ្ងៃ​មិន​មែន​មាន​ន័យថា គេ​អាច​​ទុក​ចិត្ត​​​បាន​នោះ​ទេ ព្រោះចោរសម័យ​នេះកល​ល្បិច​រាប់​រយ​ជំពូក។​ ​ម្យ៉ាង​ទៀត​ខ្ញុំ​ក៏​ស៊ាំ​នឹង​ការ​ធ្វើអ្វី​ៗ​តែ​ម្នាក់​ឯង​ដែរ​​ ថ្វី​បើ​​​មាន​អារម្មណ៍​ភ័យ​ខ្លាច​ខ្លះៗ​​ ​នៅ​លាយ​ឡំ​ជាមួយ​ក៏​ដោយ​ តែ​ខ្ញុំ​ក៏​ធ្វើ​វា​បាន​ដោយ​មិន​បាច់​ពឹង​ពាក់​នរណារហូត​មក​។ ចំណែក​លើក​នេះ​ក៏​ដូច​គ្នា​ ខ្ញុំ​ហាមាត់​បដិសេធសន្តាន​ចិត្ត​របស់​គេ ​​ដោយ​គ្មាន​រារែក​។

«មិន​អីទេ ខ្ញុំ​អាច​ត្រឡប់​ទៅវិញ​ដោយខ្លួន​ឯង​បាន​ អរគុណ​ដែល​ចង់​ជូន​ទៅ តែ​កុំ​រំខាន​លោក​​អីល្អ​ជាង!» ខ្ញុំ​យក​កាបូប​មក​ស្ពាយ​នឹង​ស្មាម្ខាង​ ចំណែក​ដៃ​ម្ខាង​ទៀត​កាន់​​ទម្រ​ផ្ទាំង​គំនូរ​ មុន​នឹង​ងាក​​ទៅនិយាយ​លា​គេ​​ «លាសិន​ហើយ» និយាយ​រួច​ ខ្ញុំ​ក៏​​ដើរ​ចេញ​មក​យ៉ាងស្ងៀម         ​ស្ងាត់។ ​ពេលវេលា​​​មួយ​ថ្ងៃ ដ៏​សែន​​​ធម្មតាៗ ​របស់​​មនុស្ស​ស្រី​អត់​គូ​​ដូច​ខ្ញុំ ក៏​​បាន​បញ្ចប់​ទៀត​ដូច​សព្វ​មួយ​ដង​​​។

***

 

ទេវបុត្រ​ភព​ផ្កាយ​១«…ខ្ញុំ​ចង់បាន​​គំនូរ​ពណ៌ទឹក​​របស់​​អ្នក​នាង​មក​តាំង​លម្អ​ក្នុង​បន្ទប់​ធ្វើ​ការ​…»

មិន​ថា​នោះ​ជា​តម្រូវ​ការ​ដែល​ធ្វើ​ឲ្យខ្ញុំ​តប់​ប្រមល់​ក្នុង​ចិត្ត​ឬ​ក៏​អត់​ទេ តែ​ខ្ញុំ​ក៏​​ទទួល​ការ​ងារ​ពី​ភ្ញៀវ​​ដែល​ជា​​អតិថិជន​​សំខាន់​របស់​ខ្ញុំ​ និង​​ក្រុម​ហ៊ុន​យូរ​មក​ហើយ​។ ថ្ងៃ​នេះ​ ខ្ញុំ​ក៏​មក​រក​កន្លែង​ស្ងាត់​ដើម្បី​ធ្វើ​ការ​ដូច​ទម្លាប់​សព្វ​ដង​។ ក្រោយ​ពី​វា​ស​ភ្នែក​​រក​កន្លែង​អង្គុយ​យ៉ាង​យូរ​ តែ​ក៏​នៅ​តែ​មិន​ឃើញ​មាន​កន្លែង​ទំនេរ​ដែល​អាច​ឲ្យ​ខ្ញុំ​អង្គុយ​ធ្វើ​ការ​បាន។​ មើល​ទៅ ថ្ងៃ​នេះ​ម្នាក់ៗ​​ដូច​ជា​ស្រុះ​ស្រួល​​ចិត្ត​គ្នា​ មក​ពពាក់​ពពូន​នៅ​​ទីនេះ​ទាំង​អស់តែ​ម្តង​​។ ខ្ញុំ​ដើរ​បន្ត​ទៅ​មុខ​ទៀត​រឿយៗ​រហូត​​មក​​ដល់​កៅ​អី​ដែល​ធ្លាប់​អង្គុយ​ជា​ប្រចាំ ​ដែល​ថ្ងៃ​នេះ​វាលែង​ទំនេរ​ទៀត​ហើយ​។ ខ្ញុំ​លួច​នឹក​ស្តាយ…​ ថ្ងៃ​នេះ​ប្រហែល​ជា​ត្រូវ​ស្ពាយ​ការងារ​យក​ទៅ​ធ្វើ​នៅ​ឯផ្ទះ​ទៀត​ហើយ​។

«សួស្តី​ ជួប​គ្នា​ទៀត​ហើយ!» ខ្ញុំ​ជ្រួញ​ចិញ្ចើម​នឹង​សម្តី​រាក់​ទាក់​​យ៉ាង​​ប្រថុចញ៉ុច​​នោះ​ ភាំង​ៗ​បន្តិច ​ថា​គេ​នោះ​ជា​នរណា?

«ប្រហែល​ចាំខ្ញុំ​មិន​បាន​ទេមើល​ទៅ យើង​ជួប​គ្នា​កាល​ពីថ្ងៃ​មុន​នៅ​ត្រង់​នេះ​ ​ថ្ងៃ​នោះ​អ្នក​នាង​មក​គូរ​គំនូរ!» គេ​ចង្អុល​មក​ថង់​សម្ភារៈ​ដ៏​ធំ​​របស់​ខ្ញុំ​ មុន​​នឹង​បង្ហាញ​សៀវភៅ​នៅ​ក្នុង​ដៃរបស់​គេ​​​ ហើយ​ពន្យល់​បន្ត​ «ចំណែក​ខ្ញុំ​មក​អាន​សៀវភៅ!»

ការ​ពន្យល់​របស់​គេ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រែក​ អូ៎… ក្នុង​ចិត្ត​។ ខ្ញុំ​ចាំ​គេ​បាន​ហើយ​ តែ​ទទួល​អារម្មណ៍​ថា​គេ​ពន្យល់​ខុស​បន្តិច​​ត្រង់​ថា គេ​មក​អាន​សៀវភៅ​តែ​មួយ​មុខ​ពី​អង្កាល់ ឃើញ​មក​ដេក​ស្រមុក​ឲ្យ​ឃុលៗ​ឡើង​ច្បាស់​ក្រឡែត!

«អ៎… សួស្តី​ ថ្ងៃ​នេះ​មនុស្ស​ច្រើនមែនទែន អ៊ូអរ​ខ្លាំង​ណាស់។» ខ្ញុំ​ពោល​រាក់​ទាក់​គេ​មុន​នឹង​រអ៊ូតិចៗ​តាម​ទម្លាប់​​។ ពេល​ធ្វើ​អ្វី​មិន​បាន​ដូច​ចិត្ត​ ​ខ្ញុំតែង​តែ​​រក​នរណា​ម្នាក់​ដើម្បី​បន្ធូរ​អារម្មណ៍​។ ថ្ងៃ​នេះ​ សំណាង​អាក្រក់​របស់​គេ​ហើយ​ ដែល​ត្រូវ​ខ្ញុំ​រអ៊ូដាក់​បែប​នេះ​​។

«បាទ បើ​មិន​ស្អប់​ខ្ពើម​ទេអង្គុយ​ជាមួយ​ខ្ញុំ​ក៏​បាន​ដែរ​។» គេ​លើក​សំណើ​យ៉ាង​មាន​ទឹក​ចិត្ត​​ តែ​ខ្ញុំ​ប្រញាប់​បដិសេធ​ភ្លាមៗ​។

«អូ! អត់​ទេល្អ​ជាង​ មិន​ចង់​រំខាន​លោក​អាន​សៀវភៅ​ទេ។» តែ​ក្នុង​ចិត្ត​ចង់​និយាយ​ថា មិន​ចង់​រំខាន​លោក​ដេក​ស្រមុក​ទេ! ហាសហា…

«អត់​អីទេ អង្គុយ​បាន​ អ្នក​នាង​មិន​មែន​គូររូប​បណ្តើរ​ស្រែក​បណ្តើរ​ឯណា ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​ការ​អាន​សៀវភៅ​របស់ខ្ញុំ​នោះ​​!» គេ​និយាយ​ហើយ​ក៏​សើច​តិចៗ​ រហូត​ខ្ញុំ​​នឹក​អស់​សំណើចតាម​​​ ព្រោះ​នៅ​ក្នុង​ខួរ​ក្បាល​កំពុង​គិត​ដល់​រូប​ភាព ​ដែល​ខ្លួន​ឯង​កំពុង​គូររូប​បណ្តើរ​ស្រែក​បណ្តើរ​។ ខ្ញុំ​សម្លឹង​បុរសម្នាក់​នេះ​យ៉ាង​ពេញ​ភ្នែក​ម្តង​ទៀត…​ ថា​ទៅ គេ​ក៏​ជា​មនុស្ស​ដែល​មាន​សន្តា​ន​ចិត្ត​ល្អ​ ហើយ​ក្រោយ​ពី​បាន​​អង្គុយ​ជាមួយ​គ្នាកាល​ពី​លើក​មុន​ម្តង​​ ខ្ញុំ​ក៏​ដឹងថាគេ​ជា​មិត្ត​រួម​កៅ​អីដ៏​ល្អ។​ ការ​ក្រែង​ចិត្ត​ក៏​រលាយ​បាត់​អស់​មួយ​រំពេច​ដោយ​មិន​រារែក​តទៅទៀត​ ទើប​ទីបំផុត​ក៏​​សម្រេច​ចិត្ត​ឆ្លើយ​ថា៖

«ច៎ាស អរគុណ!»

ត្រឹម​ប៉ុណ្ណេះ​ យើង​ទាំង​ពីរ​ក៏​លិច​លង់​ទៅ​ក្នុង​ពិភព​លោករៀង​ៗ​ខ្លួន​​ម្តង​ទៀត។​ គ្មាន​ការ​សន្ទនា​អ្វីៗ​ទាំង​អស់​ លុះ​ត្រា​ខ្ញុំ​ព្រាង​គំនូរ​​រួច ​ក៏​​ងាក​ទៅ​មើល​មុខ​​បុរស​​ដែល​អង្គុយ​ក្បែរ​ទើប​ដឹងថា ​គេកំពុង​​សម្លឹង​ខ្ញុំ​​មុន​​ទៅ​ហើយ!​ ​មិន​ដឹង​សោះ​ថា ​ខ្សែ​ភ្នែក​របស់​គេ​មួយ​គូ​នោះ​ សម្លឹង​​ខ្ញុំ​​តាំង​ពី​ពេល​ណា?

«មើល​ទៅអ្នក​នាងដូច​ជា​​ពូកែ​គូររូប​ខ្លាំង​​ណាស់!​ តើ​អ្នក​នាង​ជា​វិចិត្រ​ករ​ឬ?» គេ​សួរ​។

«អត់​ទេ នេះ​ជា​ការ​ងារ​ក្រៅ​​ប៉ុណ្ណោះ​ ការ​ពិត​ខ្ញុំ​​រៀន​ផ្នែក​​ស្ថាបត្យ​កម្ម​​ ហើយ​បច្ចុប្បន្ន​ជា​អ្នក​គូរ​ប្លង់​ និង​ឌីហ្សាញ​។»

«ឡូយ​មែន! ជា​ស្ថាបត្យ​ករ​​ ហើយ​ពូកែ​​គូររូបទៀត​​ ​ ខ្ញុំ​ឯណេះ​គូរ​រូប​មិន​ដឹង​ឯណាឯណី​ទេ!» គេ​និយាយ​ ព្រម​ទាំង​អង្អែល​ក្បាល​ខ្លួន​ឯងយ៉ាង​​អៀនប្រៀន​​។ ​មិន​មែន​ជា​រឿង​ចម្លែក​ទេដែល​មាន​នរណា​​មក​និយាយ​ជាមួយ​ខ្ញុំ​ ហើយ​ប្រាប់​ថា​ខ្លួ​ន​ឯង​មិន​ចេះ​គូររូប​ ឬ​គូរ​មិន​ពូកែ​ ព្រោះ​ខ្ញុំ​ជួប​បែប​នេះ​ញឹកញាប់​រហូត​ស៊ាំ​អស់​ទៅហើយ​។ មនុស្ស​យើង​មាន​ទេពកោសល្យ​មិន​ដូច​គ្នាទេ បើ​គេ​ប្រាប់​ខ្ញុំ​ថាជា​វិចិត្រ​ករ​ល្បី​ឈ្មោះ​លំដាប់​ពិភព​លោក​ នោះ​ទើប​ខ្ញុំ​​អាប់​រស្មី​។

«ចុះ​លោក​អាន​សៀវភៅ​អ្វី​ដែរ? ក្រប​ស្អាត​ណាស់!» ខ្ញុំ​ចោល​ភ្នែក​ទៅ​សៀវភៅ​ក្រប​រឹង​ពណ៌​ត្នោត​ចាស់​ក្នុង​ដៃ​របស់​គេ​យ៉ាង​ចាប់​អារម្មណ៍។​ មើល​ទៅដូច​ប្រហែលៗ​ សង្ស័យ​ធ្លាប់​ឃើញ​​នៅ​ទីណាពីមុន​មក​ហើយ​!

«បាទ​ គឺ​​រឿង​ ស្នេហាបាក់​ស្លាប (THE BROKEN WINGS)​ របស់​​អ្នក​និពន្ធ​   KAHLIL GIBRAN ។»

ចំណង​ជើង​សៀវភៅ​ដែល​គេ​ប្រាប់ ​ធ្វើ​ឲ្យ​ខ្ញុំ​ស្រែក​អូ! ព្រោះ​ធ្លាប់​ឃើញ​មិត្ត​ភក្តិ​ជិត​ស្និទ្ធអាន​ដែរ​ ថែម​ទាំង​មក​ណែ​នាំ​ឲ្យ​ខ្ញុំ​អាន​ទៀត​ផង​​ តែ​គ្មាន​ពេល​អាន​សោះ​ សង្ស័យ​ត្រូវ​ទៅ​រក​អាន​ហើយ​ទើប​បាន​ ព្រោះ​សូម្បី​តែ​មនុស្ស​ប្រុស​ដែល​អង្គុយក្បែរ​នេះ​ក៏​អាន​ដែរ​ បញ្ជាក់​ថា​ សៀវ​ភៅ​​​នេះ​​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់​។

«មើល​ទៅ​លោក ​ដូច​ជា​ចូលចិត្ត​អាន​សៀវភៅ​ណាស់ លើក​មុន​ក៏​ឃើញ​លោក​អាន លើក​​នេះ​ក៏​ទៀត​​!» ខ្ញុំ​ចាប់​ផ្តើមនិយាយ​លេង​នឹង​​គេខ្លះៗ​​។

«បាទ… ​នេះ​ជា​ការ​កម្សាន្ត​​អារម្មណ៍​ដែល​ខ្ញុំ​ចូលចិត្ត​បំផុត។ ​អ្នក​ខ្លះ​​មាន​ឱកាស​បាន​​ត្រឹម​ស្គាល់​ពិភព​លោក​ដ៏​ធំ​ល្វឹង​ល្វើយ​នេះ​​​​ តាម​រយៈ​តែ​តួអក្សរ​​​ប៉ុណ្ណោះ។»

«អ្នកខ្លះ​នោះ​សំដៅ​លើ​ខ្លួន​លោកឬ? តែ​មើល​ទៅដូចជា​មិនមែន​សោះ!» ខ្ញុំ​ចាប់​ផ្តើម​សង្កេត​ ​ព្រោះ​តាម​មើល​ចរិត​ឫកពា ខ្សែភ្នែក​ និង​សម្តីសម្តៅ​​​របស់​គេ​ ហាក់​ដូចជា​ស្គាល់​ពិភព​លោក​​បាន​ច្រើន​គួរ​សម​ដែរ​។ ដូច្នេះ​ ខ្ញុំ​គិត​ថា គេ​មិន​មែន​ជា​ពពួក​មនុស្ស​ដែល​គេ​ពោលមក​​នោះ​ទេ។

«ខ្ញុំ​កំពុង​តែ​ក្លាយ​ជា ‘អ្នក​ខ្លះ’ ​នោះ​ហើយ!»

សម្តី​របស់​គេ ​ធ្វើ​ឲ្យ​ខ្ញុំ​​ជ្រួញ​ចិញ្ចើម​បន្តិច​ដោយ​ក្តី​ងឿង​ឆ្ងល់​ ហើយ​ក៏​ទ្រាំ​​មិន​​សួរ​បន្ត​ទៅ​ទៀត​​មិន​បាន​ ទោះ​បី​ជា​មើល​ទៅដូច​ជា​ចង់​ដឹង​ចង់​ឮ​បន្តិច​ក៏​ដោយ​ តែ​ជួយ​មិន​បាន​ទេព្រោះខ្ញុំ​ពិត​ជា​ឆ្ងល់​ណាស់​ ថា​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​គិត​ថា កំពុង​ក្លាយ​ជា​បែប​នោះ។​

«​ហេតុ​អ្វី​បាន​ជា​គិត​ដូច្នោះ​? ខ្ញុំ​ថា​មនុស្ស​ដូច​​លោក​ មិន​សម​​មក​ស្គាល់​ពិភព​លោក ​តែ​តាម​រយៈ​តួ​អក្សរ​ប៉ុណ្ណោះ​ទេ​ ខ្ញុំ​ថា​លោកមាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ ​អាច​ចេញ​ទៅ​មើល​ពិភព​​លោកខាង​ក្រៅ​បាន​​ដោយ​ខ្លួន​ឯង​។»

«អាច​មក​ពី​ពេល​វេលា សម្រាប់​ធ្វើ​ដំណើរ​មើល​ពិភព​លោក​របស់ខ្ញុំ​ កាន់​តែ​ជិត​អស់​ហើយ​​ទេដឹង!​» គេ​​តប​បណ្តើរ​ ញញឹម​តិចៗបណ្តើរ។​ ជា​ស្នាម​ញញឹម​ដែល​ពិបាក​​​អាន​យល់…​​ ពិបាក​រហូត​ខ្ញុំ​ទទួល​អារម្មណ៍ថា ន័យ​ដែល​បង្កប់​ក្នុង​ស្នាម​ញញឹម​នោះ ​គឺលាក់​កំបាំង​​ជ្រាល​​ជ្រៅ​​រហូ​ត​គ្មាន​នរណា​ប៉ាន់​​ស្មាន​​​ដឹង​។

«ខ្ញុំ​មិន​យល់​ទេ! មើល​ទៅ​លោក​ជា​មនុស្ស​ពិបាកយល់​ណាស់​ គឺ​ដូច​​អ្នក​សិល្បៈ​​ដែល​​មាន​ពិភព​លោក​ផ្ទាល់​ខ្លួន​​អ៊ីចឹង!» ខ្ញុំ​ដាក់​ជក់​ចុះ ហើយ​ងាក​ទៅនិយាយ​ជាមួយ​គេយ៉ាង​​ប្រាកដ​ប្រជា​។ ចង់​គេ​​ថា​ម៉េច​ក៏​ថា​ចុះ​ ចំពោះ​ខ្ញុំ​នៅតែ​​មាន​អារម្មណ៍ថា ​សិល្បៈ​ដែល​មាន​នៅ​ក្នុង​ខ្លួន​​របស់​ខ្ញុំ​ គឺ​​តិច​ជាង​បុរស​ដែល​កំពុង​និយាយ​គ្នា​នេះ​​ច្រើន​ណាស់​​។ ថា​ទៅ​អាច​មក​ពី​ខ្ញុំ​ជា​ស្ថាបត្យ​ករ​​មិន​មែន​ជា​សិល្បៈ​ករ​​ក៏​ថា​បាន​​ ព្រោះ​ខ្ញុំ​គ្រាន់​តែ​ចូលចិត្ត​គូរ​គំនូរ​ទុក​​​ជា​ការ​កម្សាន្ត​​ ហើយ​ចៃ​ដន្យ​​អាច​រក​ទីផ្សារ និង​ប្រាក់​ចំណូល​​បាន​ប៉ុណ្ណោះ។

«ខ្ញុំ​គ្មាន​សិល្បៈ​​ក្នុង​ខ្លួន​ដល់ថ្នាក់​នោះ​ទេ គ្រាន់​តែ​ឆ្លើយ​តាម​អារម្មណ៍​ប៉ុណ្ណោះ​ ចុះ​អ្នក​នាង​វិញ​ដើរ​មើល​ពិភព​លោក​បាន​ឆ្ងាយ​ប៉ុណ្ណាហើយ?»

ខ្ញុំ​សើច​ហេះៗ​នឹង​សំណួរ​របស់​គេ​។ មិន​យល់​ពាក្យដើរ​មើល​ពិភព​លោក​របស់​គេសោះ​​​ មិន​ដឹងថា​​ យើងទាំង​ពីរ​ឲ្យ​និយមន័​យ​ពាក្យ​នេះ​ដូច​គ្នា ​ឬក៏​អត់​ទេ? បើ​ដូច​គ្នា​ប្រហែល​ជា​ខ្ញុំ​​ត្រូវ​ប្រាប់​ថា ពិភព​លោក​របស់ខ្ញុំ​តូច​ចង្អៀត​ខ្លាំង​ណាស់​។ ការ​ធ្វើ​ដំណើរ​ញឹកញាប់​មិន​បាន​ធ្វើ​ឲ្យ​ពិភព​លោក​របស់ខ្ញុំ​​កាន់​តែ​ធំទូលាយ​​នោះ​ទេ។ មាន​តែ​ការងារ​ប៉ុណ្ណោះ​ដែល​ឈាន​ទៅមុខ​ ខ្ញុំ​មិន​ធ្លាប់​សាក​ល្បង​ ធ្វើ​ជា​អ្នក​ដើរ​មើល​ពិភព​លោក ​បាន​​​ពិត​ប្រាកដលើស​ពី​បី​បួន​ថ្ងៃ​ឡើយ​ ព្រោះ​ការងារ​ក្រុមហ៊ុន និង​ការងារ​ផ្ទាល់​ខ្លួន​​នេះ​ហើយ ដែល​ចង​​ច្រវាក់​ជើង​ខ្ញុំ​ជាប់​​ក្នុង​ពិភពលោកដ៏​តូច​​ចង្អៀត​នេះ។​​

«អឺ… ពិភពលោក​របស់​ខ្ញុំ​ និងលោក​ អាច​មិន​ដូច​គ្នា​ក៏​ថា​បាន!»

«ខ្ញុំ​​ថា​គួរ​តែ​ដូច​គ្នា! ​ពិភព​លោក​នេះ​​ធំទូលាយណាស់ ពេល​ដែល​យើង​បាន​ធ្វើ​ដំណើរ​​ទៅ​ដល់​​ទីកន្លែង​ណាមួយ យើង​នឹង​បាន​រៀន​​ និង​ស្វែង​យល់​ពី​​​អ្វី​ដែលថ្មីៗ​ជា​ច្រើន​ គឺ​​​ខុស​ពី​អ្វី​ដែល​យើង​ធ្លាប់​​ជួប​​​ប្រ​ទះ​ប្រចាំ​​ថ្ងៃ​​​។»

«បើ​ដូច្នោះ​ ខ្ញុំ​​មាន​ត្រឹម​​តែ​ពិភព​លោក​តូចចង្អៀត​​ឲ្យ​ស្គាល់​ប៉ុណ្ណោះ​ ទោះ​បី​ការ​ងារ​ជា​ស្ថាបត្យ​ករ​​​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ញឹក​ញាប់​ ប៉ុន្តែ​​គ្រាន់​តែ​ទៅ​ធ្វើ​ការ​ប៉ុណ្ណោះ​ ព្រោះ​ខ្ញុំ​មិន​ធ្លាប់​ស្គាល់​អ្វី​លើស​ពី​ផ្ទះ សណ្ឋាគារ ឬ​រីសត​​ឡើយ។»

«អ៊ីចឹង​គួរ​ឲ្យ​ស្តាយណាស់​​ ព្រោះ​ខ្ញុំ​គិត​ថា ​ពេល​​បាន​ប្រឈម​មុខ​​​នឹង​​ពិភព​លោកខាង​ក្រៅ​​ គឺ​​មាន​ប្រយោជន៍ខ្លាំង​ណាស់​ចំពោះ​​អ្នក​នាង​​។» គេនិយាយ​ព្រម​ទាំង​ដៀង​ភ្នែក​​មើល​ស្នាដៃ​​គំនូរ​ពណ៌​​ទឹក​​របស់​ខ្ញុំ​។

ខ្ញុំ​ទទួល​ស្គាល់​ថាគេ​និយាយ​ត្រូវ​ ហើយ​យល់​ស្រប​នឹង​អ្វី​ដែល​គេ​និយាយ ​ព្រោះ​ការងារ​ដែល​ត្រូវ​ប្រើ​​សិល្បៈ​បែប​នេះ​ ​ទោះយ៉ាង​ណា​ក៏​ត្រូវ​មាន​ច្រើន​លើស​ពី​ការ​ស្រមើ​ស្រមៃដែរ​​ តែ​ណ្ហើយ ខ្ញុំ​​ធ្វើ​​បាន​ត្រឹម​តែ​ឆ្លើយ​យល់​ស្រប​​គេ​ដោយ​សំឡេង​ខ្សាវៗ​។

«ច៎ាស ​ពិត​ជា​​មាន​ប្រយោជន៍​ បើ​មាន​​ឱកាស​ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ជុំវិញ​ពិភព​លោកដ៏​ធំ​​​នេះ​ឲ្យ​​​ណាណី​​ម្តង​​ ព្រោះ​គំនិត​របស់​​ខ្ញុំ​ពេល​នេះ​ ​គឺដូច​កង្កែប​ក្នុង​អណ្តូង​អ៊ីចឹង!»

ចប់​ប្រយោគរបស់​ខ្ញុំ​ គេ​ក៏​ផ្ទុះ​សំណើច​ចេញ​មក​តិចៗ តែ​​គ្មាន​ពាក្យ​មួយ​ម៉ាត់​​ណា​ចេញ​មក​​ទៀត​ទេ។​ បន្ទាប់​ពី​នោះ​ ​យើង​ទាំង​ពីរ​ក៏​សន្ទនា​គ្នា​ដោយ​ឥត​សំឡេង​​ម្តង​ទៀត​ មាន​​តែ​សូរ​សៀង​​វាយោ​ និងសន្ធឹក​ទំព័រ​​សៀវភៅ​លាន់​ឮ​ល្វើយ​ៗ​អម​ការ​សន្ទនា​។ ពិភព​លោក​ទាំង​មូល​ស្ងាត់​សូន្យ​ឈឹង​នៅពេល​ម្នាក់ៗ​ស្លុង​អារម្មណ៍​រៀងៗ​ខ្លួន ចូល​ទៅ​ក្នុង​ពិភព​លោក​ផ្ទាល់ខ្លួន​ម្តង​ទៀត​។​ លុះ​​ពន្លឺ​ព្រះ​អាទិត្យ​ថមថយរស្មីអស់​​ ​ខ្ញុំក៏​​បន្ធូរ​ដៃ​នឹង​ការងារ​​ ​ហើយ​​ប្រមូល​​សម្ភារៈ​ដាក់​ក្នុង​ថង់​ស្ពាយ​វិញ​។ ​ពេល​ក្រឡេក​ទៅ​មើល​​បុរស​ក្បែរ​នោះ​ ​គឺ​ដូច​​កុន​បញ្ចាំង​​​សាដើម​​អ៊ីចឹង​​ ​គេ​កំពុង​​​អង្គុយ​ឈ្ងោកមុខ​​ឱប​សៀវភៅ​ និង​កំពុង​តែ​​​​​លង់​លក់​យ៉ាង​ស្កប់​ស្កល់​។

ទេវបុត្រ​ភព​ផ្កាយ​

លើក​នេះ​ ខ្ញុំ​បាន​លួច​សម្លឹង​​គេ​ដោយ​ចេតនា​ ក្រោយ​ពី​អង្គុយ​ជាមួយ​គ្នា​បាន​​ពីរ​​ដងរួច​មក​​។ មនុស្ស​ប្រុស​​ដែល​អង្គុយ​ក្បែរ​គ្នា​​នេះ ​ចាត់​ចូល​​​ជា​បុរស​ដែល​មានសម្រស់​​មុខសម្បូរ​ស្នេហ៍​​​ ស្បែក​​សស្គុស​ ​​ចិញ្ចើម​​ខ្មៅ​​ក្រាស់​ ស័ក្តិ​សម​នឹង​ច្រមុះ​ស្រួច​ ងល្មម​ស្អាត។ ចំណែក​រោម​ភ្នែក​វែងៗ​ដុះ​កោង​ជាជួរ​មាន​របៀប។ សរសៃ​​ឆ្មារៗ​ដូច​សូត្រ​​នោះ​ ដុះ​​​អម​ត្របក​ភ្នែក​ដែល​កំពុង​បិទ​ជិត​ឈឹង ​កាន់​តែ​ទាក់​ទាញ​​​ចង់​​ឃើញ​​​កែវ​ភ្នែក​គេ​ក្នុង​ពេល​ភ្ញាក់​។ ​បបូរ​មាត់​​ទៀត​សោត​ក្រាស់​ពណ៌​ក្រហម​ព្រឿងៗ​ ​​​អម​ដោយ​រោម​ពុក​មាត់​​តិចៗ​ទើប​តែ​កោរ​ហើយ​ថ្មីៗ​ ​ដែល​មើល​ទៅ​ស័ក្តិ​សមឥត​ខ្ចោះ​​ជា​បុរស​ពេញ​អង្គ និង​ពេញ​ដោយ​អំណាច​ស្នេហ៍​។ នឹក​ឡើង​ចង់​តែ​បន្ទោស​​ខ្លួន​ឯង​ទេ​​ដែល​ភ្លាត់​ស្នៀត…​ ​គឺ​ភ្លាត់​ស្នៀត​ដែលមិន​បាន​ត្រេក​ត្រអាល ​នឹង​​ភាព​ស្រស់​​សង្ហា​របស់​គេ​តាំង​ពី​ដំបូង​ដែល​បាន​​ជួប​គ្នា​។ សម្រស់​បុរស​ម្នាក់​នេះ គឺ​​លើស​ពី​ពាក្យ​ថាស្រស់​សង្ហា​ទៅ​ទៀត​ ព្រោះ​ខ្ញុំ​មិន​ចូលចិត្ត​ផ្តល់​និយម​ន័យ​ភាព​សង្ហា​ដល់​​បុរស​ឡើយ​ តែ​បើ​ប្រើ​ពាក្យ​ថាទេវបុត្រ​កំពូល​​សម្រស់​នោះ​ គឺ​បុរស​ម្នាក់​នេះ​ហើយ​ មិន​ខុស​ទេ!

មិន​ដឹង​ថា ​ខ្លួន​ឯង​ភ្លេច​ខ្លួន​​ពិនិត្យ​មើល​​រូប​រាង​កាយ​របស់​គេ​យូរ​ប៉ុណ្ណា​ តែ​ខ្ញុំ​ក៏​ត្រូវ​មក​ភ្ញាក់​ក្រញាង ​នៅពេល​សុខ​ៗ​កែវ​ភ្នែក​ដែល​កំពុង​បិទ​ជិត​​នោះ​ក៏​បើក​ភ្លាម​មួយ​រំពេច ​ដោយ​មិន​​ទាន់​ឲ្យ​ខ្ញុំ​បាន​រៀប​ចំ​ខ្លួន​​​ជាមុន​។

«អឺ​… គឺ​ខ្ញុំ​ចង់​ប្រាប់​ថា​ យប់​ណាស់​ហើយ…» ខ្ញុំ​និយាយ​តតាក់​តតុប​ខ្លាំង​ណាស់​សម្រាប់​ពាក្យ​ដោះ​សារ​​លើក​នេះ​ មិន​ដឹង​ថា​គេ​ដឹង​ឬទេ ​ថា​ខ្ញុំ​លួច​មើល​គេ​យូរ​ហើយ​?

«អូ…! អ៊ីចឹង​​ខ្ញុំ​គេង​​យូរ​ហើយតើ​​នៀក!» គេ​និយាយ​ព្រម​ទាំង​​ព្រិច​ភ្នែក​ចុះ​ឡើង​ដើម្បី​ប្រមូល​​ស្មារតី​ឡើង​វិញ​​។ ខ្ញុំ​​លួច​មើល​រោម​ភ្នែក​របស់​គេ​ដែល​កម្រើក​​តាម​ចលនា​​ព្រិច ដ្បិត​អី​រោម​​ភ្នែក​នោះ​​ស្អាតដូច​សរសៃ​សូត្រ​មាស​​ និង​រស់​រវើក​គួរ​ឲ្យ​ច្រណែន​ ​ធ្វើ​ឲ្យ​​ខ្ញុំ​ភាំង​ស្មារតី​សម្លឹង​ភ្នែក​ពណ៌​មរកត​ខុស​មនុស្ស​​ទូទៅ​របស់​គេ ​​រហូត​​ភ្លេចខ្លួន​ជាថ្មី​​​​។ ឬអាច​មក​ពីស្រមោល​​ព្រះ​អាទិត្យ​នាសាយណ្ហ​សម័យ​ កំពុង​បាចសាច​កាំ​រស្មី​ពណ៌​មាស​មក​លើ​ភព​ផែន​ដី​នេះ​ ទើប​ធ្វើ​ឲ្យខ្ញុំ​ធ្លាក់​ក្នុង​ពិភព​វង្វេង​វង្វាន់ ​​ពាក់​កណ្តាល​ពិត​ពាក់​កណ្តាល​សុបិន​បែប​នេះ​។ ​ត្រឹម​តែ​មួយ​ចម្រៀក​វិនាទីប៉ុណ្ណោះ​ ខ្ញុំ​ក៏​ប្រញាប់​ដក​ខ្សែ​ភ្នែក​ចេញ​មកវិញ​ ទទួល​អារម្មណ៍​ដឹង​ភ្លាម​ៗ​​ថា ថ្ពាល់​ទាំង​សង​ខាង​របស់ខ្លួន ​ជះ​ចំហាយភាយៗ​ដោយ​ក្តី​ខ្មាស​អៀន​។ យូរណាស់​មកហើយ ដែល​មិន​ធ្លាប់​ប្រសព្វ​ភ្នែក​នឹង​បុរស​ណា​ម្នាក់​​បែប​នេះ​។

«អឺ… អ៊ីចឹងខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​មុនហើយ​ណ៎ា។» ខ្ញុំ​ពោលប្រាប់​គេ​តិចៗ​។ នេះ​ប្រហែល​ជា​វិធី​យក​រួច​ខ្លួន​​ដែល​ល្អ​បំផុត​ក្នុង​ពេល​នេះ​តាមដែល​គិត​ឃើញ​។

«ថ្ងៃ​នេះ​ឲ្យខ្ញុំ​ជូន​ទៅណ៎ា ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​នាង​ដើរ​ទៅ​ផ្ទះ​តែ​ម្នាក់​ឯង​ទេ។»

«ច៎ាស​មិន​អីទេ ជិត​នេះ​តើ​ ចាត់​ទុក​ថា​ជាការ​ហាត់​ប្រាណ​ផង។»

«អ៊ីចឹងចាំ​ខ្ញុំ​បណ្តើរ​កង់​កំដរ​​ចុះ!​» គេ​ប្រឹង​ជម្នះ​​​មិន​ចាញ់​ខ្ញុំ​ប៉ុន្មាន​ឡើយ​ ហើយ​លើក​នេះ​ខ្ញុំ​មិន​បដិសេធ​ទៀត​ទេ ព្រោះ​គ្មាន​អ្វី​ចាំ​បាច់​ដែល​​ត្រូវ​ជំទាស់​គេ​ផង​​ បើ​គេ​ចង់​ដើរ​បណ្តោយ​តាម​គេ​ចុះ។

ទម្រាំ​តែ​ប្រមូល​សម្ភារៈ​រួច​ ពន្លឺ​ក្នុង​សួន​សាធារណៈក៏​ត្រូវ​បំភ្លឺ​ឡើង ​ដោយ​​អំពូល​ភ្លើង​គោម​នៅ​ជុំវិញ​នោះ​​។ ខ្ញុំ​ហុច​ជើង​ទម្រ​​សម្រាប់​គូររូប​ទៅ​ឲ្យ​គេ​យ៉ាង​ស្និទ្ធស្នាល​ ហើយ​គេ​ក៏​ទទួល​យក​ទៅ​​ទាំង​​ភាំង​ៗ​។

«​ក្រែង​កន្ត្រក​កង់​របស់​លោក​ទំនេរ​ មែន​ទេ? អ៊ីចឹង​ខ្ញុំ​សុំ​ផ្ញើ​បន្តិច​ផង​!» លុះ​ឃើញ​គេ​ទទួល​របស់​ក្នុង​ដៃ​ទៅ​ដាក់​ក្នុង​កន្ត្រកកង់​រួច​ហើយ ខ្ញុំ​ក៏​ដើរ​នាំ​មុខ​យ៉ាង​​រំភើយ។​ មើល​ទៅដូច​​គ្មាន​សុជីវធម៌​បន្តិច​មែន​ តែ​ក៏​មិន​យល់​នឹង​ខ្លួន​ឯង​ដូច​គ្នា​ ថាធ្វើ​​បែប​នេះ​បាន​ដោយ​របៀប​ណា? មនុស្ស​ដែល​មាន​ពិភព​លោក​​ផ្ទាល់​ខ្លួន​ខ្ពស់​ ស្រឡាញ់​ការ​រស់​នៅ​ម្នាក់​ឯង​ មិន​ចូលចិត្ត​ភាព​អ៊ូអរ​គគ្រឹក​គគ្រេង​ បែរ​ជា​ទុកចិត្ត​មនុស្ស​ប្លែក​មុខ​ដែល​ទើប​តែ​ជួប​គ្នា​បាន​ពីរ​ដង…​ ​ជា​ពីរ​ដង​ដែល​ប្រើ​ពេលវេលា​នៅ​ជាមួយ​គ្នា​យូរ​សែនយូរ​ និង​និយាយ​ឆ្លើយ​ឆ្លង​​គ្នាតែ​​តាមរយៈ​ភាព​ស្ងៀម​ស្ងាត់​។

ខ្ញុំ​បន្ថយ​ល្បឿន​ជើង​យឺតៗ​ ហើយ​ត្រឡប់​មកដើរ​​ទន្ទឹម​នឹង​​គេវិញ​ បន្ទាប់​ពី​​​សម្រេច​ចិត្ត​អ្វី​ម្យ៉ាង​រួច​ហើយ​។

«នែ៎ លោក…​ យើង​មក​ណែ​នាំ​ខ្លួន​ឲ្យ​ស្គាល់​គ្នា​ជា​ផ្លូវ​ការ តើ​ល្អ​ទេ?» សំណួរ​ និង​កាយ​វិការ​​របស់​ខ្ញុំ​ធ្វើ​ឲ្យ​គេ​សម្តែង​ទឹក​មុខ​ភាំង​តិចៗ​ មុន​នឹង​ងក់​ក្បាល​ទទួល​ «ខ្ញុំ​ឈ្មោះ​ចន្ទ្រ​… ​គឺ​ចន្ទ្រថ្លា​​!​ ចុះ​លោក​វិញ​ឈ្មោះ​អ្វី​ដែរ?»

«ខ្ញុំ​ឈ្មោះ ម៉ារស៍… គឺ​ម៉ារស៍​ ដែល​មាន​ន័យថា​​ភព​ព្រះ​អង្គារ​​។»

«ឈ្មោះ​លោកឡូយ​ណាស់​ ស័ក្តិ​សម​នឹង​រូប​រាង​​របស់​លោក​មែន!»

«បាទ​អរគុណ!» គេ​ឈ្ងោក​ក្បាល​ចុះ​បន្តិច​ជា​ការ​អរគុណ​។ មិន​ដឹងថា​ខ្ញុំ​ព្រិល​ភ្នែក​ទេដឹង​ដែល​ឃើញ​គេ​មុខក្រហម? ​ក្នុង​ពេល​ដែល​មិន​សូវ​មាន​ពន្លឺ​បែប​នេះ​ ខ្ញុំ​មិន​គួរ​មើល​ឃើញ​គេ​មុខ​ក្រហម​​បាន​សោះ​ ខ្ញុំ​ប្រហែល​ជា​ស្រវាំង​ភ្នែក​មែន​ហើយ។

យើង​ដើរ​យឺតៗ​​ និយាយ​គ្នា​បណ្តើរ​ សើច​លេង​បណ្តើរ​​យ៉ាង​សប្បាយ​។ តាម​ផ្លូវ​យើង​និយាយ​គ្នា​ពី​នេះ​ពី​នោះ​​ច្រើន​ណាស់​ ពី​អាកាស​ធាតុ​ សៀវភៅ​ បទ​ចម្រៀង​ ភាពយន្ត​ រហូត​ដើរ​មក​ដល់​ផ្លូវ​ចូល​ផ្ទះ​របស់ខ្ញុំ​ រឿង​​ជជែក​គ្នា​​​​របស់​យើង​​ក៏​អស់​​ល្មម​។ អេ៎… មិន​មែន​រឿង​ជជែក​គ្នា​​ទេ​ គឺ​ចម្ងាយ​ផ្លូវ​​ដែល​ផ្តល់​ឱកាស​ឲ្យ​យើង​បាន​ជជែក​​គ្នា​ទៅវិញ​តើ​ ​ដែល​អស់​នោះ​!

«អរគុណ​ខ្លាំង​ណាស់​ដែល​បាន​ដើរ​កំដរ​ និយាយ​អ៊ីចឹងលោក​ស្នាក់​នៅ​ឯណាដែរ?» ខ្ញុំ​​សួរ​​គេ​​​ពេល​ដែល​គេ​យក​ទម្រគំនូរ​ក្នុង​កន្ត្រកកង់​ហុច​មក​ឲ្យ​ខ្ញុំ​។

«នៅ​ឆ្ងាយ​ពី​ទីនេះ​ពីរ​បី​ផ្លូវ​ប៉ុណ្ណោះ​ដល់​ហើយ!»

«អូ! លោក​ស្នាក់​នៅ​ជិតៗ​នេះ​សោះ​ អ៊ីចឹង​តើ​បាន​ជា​មក​សួនច្បារ​​នេះ​ញឹក​ញាប់​ណាស់​ តែ​ក៏​ចម្លែក​ដែល​យើង​មិន​ដែល​ជួប​គ្នា​។» ខ្ញុំ​​អត់​នឹក​​ឆ្ងល់​មិន​បាន​ព្រោះ​ខ្ញុំ​ក៏​ទៅ​ទីនោះ​ញឹក​ញាប់​ដូច​គ្នា​ បើ​ចៃ​ដន្យ​បា​ន​ជួប​គេ​ពីរ​ដង​ជាប់​ៗ​គ្នា​បែប​នេះ​​ ក៏​បានន័យថា មុន​នេះ​ខ្ញុំ​គួរតែ​បាន​ជួប​គេខ្លះ​ដែរ​ហើយ​។

«ខ្ញុំ​ទើប​តែ​ផ្លាស់​មក​មិន​យូរ​ប៉ុន្មាន​ទេ ហើយភាគ​ច្រើនខ្ញុំ​មក​ហាត់​ប្រាណ​នៅពេល​ព្រឹក​ មាន​តែ​ថ្ងៃ​ឈប់​សម្រាក​ប៉ុណ្ណោះ ​ដែល​ចេញ​ទៅ​អង្គុយ​អាន​សៀវភៅ​នៅទីនោះ​ពេញ​មួយ​ថ្ងៃ​។»

«អ៊ីចឹង​តើ​បាន​ជា​ខ្ញុំ​មិន​ធ្លាប់​ជួប​លោក​សោះ​! លោក​ដឹង​ទេ? ខ្ញុំ ​និង​​ព្រះ​អាទិត្យ​ពេល​ព្រឹក ​គឺ​ជា​សត្រូវ​​នឹង​គ្នា​ ​ជួប​គ្នា​មិន​បាន​ទេ!» ខ្ញុំ​គ្រញែង​ខ្លួន​​ប្រាប់​គេ ព្រោះ​រឿង​ក្រោក​យឺត គឺ​ជា​ទម្លាប់​​ប្រចាំ​​ជីវិត​របស់​ខ្ញុំ​​ទៅ​ហើយ​។​ ​គ្រាន់​តែ​ប៉ុណ្ណេះ​ ​ក៏​ធ្វើ​ឲ្យ​ម៉ារស៍​​​សើច​ហាសហាស​មួយ​ទំហឹង​តែ​ម្តង​​ព្រោះ​តែ​អស់​សំណើច​ពេក​។

«សុំ​ទោ​សផង​​ដែលខ្ញុំ​ទប់​សំណើច​មិន​បាន​​ តែលេស​​​របស់អ្នកនាង​ចន្ទ្រ​​​គួរ​ឲ្យ​អាណិត​ខ្លាំងណាស់​!» សម្តី​​លាយ​ឡំ​នឹង​សំណើច​របស់គេ​ ធ្វើ​ឲ្យ​ខ្ញុំ​ក្តៅ​ថ្ពាល់​ភាយៗ​ ដោយ​ក្តី​អៀន         ​ប្រៀន។ យូរ​ឆ្នាំ​ហើយ​​ ដែល​ខ្ញុំ​មិន​ធ្លាប់​មាន​មនោសញ្ចេតនា​​ មាន​ក្តី​រំភើប​ ដូច​អ្វី​ដែល​នារី​ផង​ទាំង​ពួង​មាន​។​

«ច៎ាស… មិន​អីទេ តែ​ខ្ញុំ​ទទួល​អារម្មណ៍ថា ​កំពុង​ត្រូវ​គេ​សរសើរ​! តើខ្ញុំ​គួរ​អរគុណ​ឬទេ?»

«ខ្ញុំ​សរសើរ​មែនតើ! ​​តែ​ណ្ហើយ​ ខ្ញុំ​សុំ​​ទៅ​​សិន​ហើយ បើ​ថ្ងៃ​ណា​ចង់​ប្រយុទ្ធ​​ជាមួយ​ព្រះអាទិត្យ​ពេល​ព្រឹក​ ចាំ​ជួប​គ្នា​នៅ​សួន​ចុះ​!» គេ​ទម្លាក់​ប្រយោគ​ចុង​ក្រោយ​ មុ​ននឹងធាក់​​កង់​ចេញ​ទៅ​។​

«បាយៗ​ បើ​មាន​ឱកាស​នឹង​បាន​ជួប​គ្នា​ទៀត​!» ​ខ្ញុំ​ស្រែក​​ពី​ក្រោយ​ និង​ព្យាយាម​គ្រវី​ដៃ​ទាំង​កំពុង​កាន់​ទម្រ​គំនូរ។​ ចំណែក​គេក៏​​គ្រវី​ដៃ​ជា​សញ្ញាលាដោយ​មិន​បាន​ងាក​មុខ​មក​។ ខ្ញុំ​ឈរ​ជូន​ដំណើរ​​គេ​លុះ​ត្រា​ផែន​ខ្នង​ធំ​នោះលិច​បាត់​​​ផុត​ពី​​កន្ទុយ​ភ្នែក​ ទើប​ដើរ​ចូល​ផ្ទះ​បណ្តើរ​គ្រហឹម​ច្រៀង​​បណ្តើរ​ដោយ​អារម្មណ៍​ស្រស់​ស្រាយ​មិន​ធ្លាប់​មាន​​។ សំណួរ​តូច​មួយ​ ផុស​​ឡើង​នៅ​​ក្នុងបេះ​ដូង​ដូចផ្សែង​អ័ព្ទ​​។

យូរ​ប៉ុណ្ណា​ហើយ ដែលមិ​នបាន​ជួប​មនុស្ស​និយាយត្រូវចិត្តគ្នាបែប​នេះ​?​...

***

សូម​រង់​ចាំ​អាន​វគ្គ​បន្ត​!

Read Full Post »


Cover រឿង​ដោយ​ទំព័រ​ប្រលោម​លោកសប្បាយ

Cover រឿង​ដោយ​ទំព័រ​ប្រលោម​លោកសប្បាយ

ក្រមុំឆ្នាស់ប៉ះកំលោះមាត់ដាចនៅលើដែនកោះមួយ តើនឹងមានរឿងអ្វីកើតឡើង?

សូម​ចូល​ទៅ​កាន់​ ទីនេះ​ ហើយ​ចុច​ like ដើម្បី​បំបែក​ឯកទគ្គ​កម្ម​coverដែល​មាន​ចំនួន​ចុច​ likes ច្រើន​បំផុត! ^^ កុំ​ភ្លេច​ជួយ​ផង​ណ៎ា! 😀

Read Full Post »


Cover រឿង ​«វិញ្ញាណ​គ្មាន​រូប»​ លើ​ទំព័រ​ ប្រលោម​លោកសប្បាយ

រូបភាព Cover រឿង ​«វិញ្ញាណ​គ្មាន​រូប»​ លើ​ទំព័រ​ ប្រលោម​លោកសប្បាយ

ផ្កាយNoVeLs*– ប្រិយ​មិត្ត​អ្នក​អាន​មាន​ចាំ​ហេតុ​ការណ៍​ចាប់​ជំរិត​ក្មេង​មួយ​នៅ​ខេត្ត​សៀមរាប​ទេ? ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៥ នៅ​សាលា​អន្តរជាតិ​មួយ​ ក្នុង​ខេត្ត​សៀម​រាប ដែល​ជាព័ត៌មាន​​ផ្ទុះ​មួយសម្រាប់​គ្រប់​ស្ថាប័ន​ក្រសួង​ពាក់​ព័ន្ធ​ រួម​ទាំង​ប្រជាជន អ្នក​យក​ព័ត៌មាន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​។ ក្មេងៗ​ចំនួន​៧០​នាក់​អាយុ​ក្រោម​៦​ឆ្នាំ​ និង​គ្រូ​បង្រៀន​៣,៤នាក់​ផ្សេង​ទៀត​ បាន​រត់​គេច​ខ្លួន​ដោយ​សុវត្ថិភាព​ពី​ក្រុម​ចោរ​ចាប់​ជំរិត​ដែល​ទើប​តែ​ទម្លាយគុក​​​។ ប៉ុន្តែ​ក្មេងៗ​៤០​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​ចោរ​។ ក្មេង​ប្រុស​ សញ្ជាតិ​កាណាដា អាយុ​៣​ឆ្នាំ​ម្នាក់ ត្រូវ​បាន​បាញ់​សម្លាប់​ ខណៈ​ដែល​មាន​ការ​ដោះ​ដូរ​ប្រាក់​ ៣​ម៉ឺនដុល្លារ​សហរដ្ឋ​អាម៉េរិគ​ និង​​រថយន្ត​១២​កៅ​អី​១​គ្រឿង​ដើម្បី​ពួក​គេ​អាច​គេច​ខ្លួន​ទៅ​កាន់​ព្រំ​ប្រទល់​ថៃ​បាន​។

រឿង​ «វិញ្ញាណ​គ្មាន​រូប» ទទួល​បាន​​គំនិត​ និង​ការ​ជំរុញ​ទឹក​ចិត្ត​(inspire)​ ​ពីហេតុ​ការណ៍​នេះ​។ តួអង្គ​ឈ្មោះ​ វីរៈ គឺ​ជា​ក្មេង​ប្រុស​សញ្ជាតិ​កាណាដា​នៅ​ក្នុង​ហេតុ​ការណ៍​នោះ​។ ដំបូង​ឡើយ​ ខ្ញុំ​ដាក់​ចំណង​ជើង​រឿង​នេះ​ថា «ក្មេង​បាត់ខ្លួន» តែ​ដោយ​ខ្លាច​ជាន់ ឬ​ស្រដៀង​គ្នា​នឹង​ភាព​យន្ត​ខ្មែរ​មួយ​ដែល​មាន​ចំណង​ជើង​ថា «បាត់ខ្លួន» ខ្ញុំ​ក៏​ដូរ​ដាក់​ជា «គេ​ចាប់​ជំរិត​ក្មេង​ម្នាក់»។ លុះ​ក្រោយ​មក​ទៀត​ នៅពេល​រឿង​នេះ​ធ្លាក់​ដល់​ដៃ​ «សប្បាយ» ក្រុម​ការ​ងារ​ខាង​នោះ​ប្រាប់​ថា ចំណង​ជើង​នេះ​ស្រដៀង​គ្នា​នឹង​រឿង​មួយ​ដែល​សប្បាយ​បាន​ផ្សាយ​ទៅ​ហើយ គឺ​រឿង​ «គេ​ចាប់​ជំរិត​មនុស្ស​ម្នាក់»(?)។ ដូច្នេះ​គេ​ក៏​សំណូម​ពរ​ដូរ​ចំណង​ជើង​ដាក់ថា «អាថ៌កំបាំង​ផ្ទះតូច​» វិញ។ តែ​ដោយ​ចំណង​ជើងរបស់​សប្បាយ​ អាច​ធ្វើ​ឲ្យ​អ្នក​អាន​ដឹង​សាច់​រឿង​មុន ថា​តួ​អង្គ​ក្មេង វីរៈ អាច​មិន​ទាន់​ស្លាប់ ហើយ​កំពុង​រង់​ចាំ​ឪពុកម្តាយ​គេ​នៅ​ផ្ទះតូច​ ទើប​ចុង​ក្រោយ​ ខ្ញុំ​ក៏​ឲ្យ​គេ​ដូរ​ដាក់ «វិញ្ញាណ​គ្មាន​រូប​» វិញ​។

ក្រៅ​ពី​រឿង​ចំណង​ជើង​ នៅ​មាន​សាច់​រឿង​ត្រង់​ចំណុច​ខ្លះ​ៗ​ត្រូវ​បាន​ដូរ​ តែ​នៅ​ពេល​សប្បាយ​ចេញ​ផ្សាយ សាច់​រឿង​បែរ​ជា​នៅ​ដដែល​ សង្ស័យ​រឿង​ដែល​អ្នកនិពន្ធ​ផ្ញើ​ទៅ​មាន​ច្រើន​ពេក​ទើប​ធ្វើ​ឲ្យ​ក្រុម​ការងារ​សប្បាយ​​ភ្លេច​ក៏​មិន​ដឹង? 😀 ជាក់​ស្តែង​ដូច​ជាត្រង់​ហេតុ​ការណ៍​ផ្ទុះ​រថយន្ត​ តាម​ពិត​សាច់​រឿង​បាន​ប្តូរ​ឲ្យ​ផ្ទុះ​នៅ​ប៉ោយ​ប៉ែត​ ព្រំ​ប្រទល់​ខ្មែរ-ថៃ តែ​ពេល​រឿង​ចេញមក ហេតុ​ការណ៍​នៅ​តែ​កើត​ឡើង​នៅ​សៀមរាប​ដដែល​។ ក្រៅ​ពី​នេះ​ក៏​នៅ​មាន​ចំណុច​តូចៗ​មួយ​ចំនួន​ទៀត​ ដែល​បាន​ដូរ​ដែរ តែ​សូម្បី​តែ​ខ្ញុំ​ជា​អ្នកនិពន្ធ​ក៏​ភ្លេច​ដែរ គឺ​ទាល់​តែ​យក​រឿង​ដែល​កែ​ថ្មី​មក​អាន​ឡើង​វិញ ទើប​ដឹង​ថា​រឿង​នេះ​បាន​កែ​ត្រង់​ចំណុច​ណា​ខ្លះ? យ៉ាង​ណាៗ​ រឿង​នេះ​បាន​ចេញ​ផ្សាយ​ទៅហើយ ទោះ​បីជា​មិន​បាន​ផ្សាយ​រឿង​ដែល​បាន​កែ​សម្រួល​រួច​ តែ​ក៏​មាន​អ្នក​អាន​ដ៏​ច្រើន​លើស​លប់បាន​អាន​រឿង​មួយ​នេះ​។ អរគុណ​សប្បាយ អរគុណ​អ្នក​អាន​ជា​ទី​ស្រឡាញ់​ទាំង​អស់! 😀

Read Full Post »


Cover រឿង ​«វិញ្ញាណ​គ្មាន​រូប»​ លើ​ទំព័រ​ ប្រលោម​លោកសប្បាយ

រូបភាព Cover រឿង ​«វិញ្ញាណ​គ្មាន​រូប»​ លើ​ទំព័រ​ ប្រលោម​លោកសប្បាយ

ផ្កាយ​NoVeLs*– តាំ​ង​ពី​ថ្ងៃ​​សៅរ៍​ សប្តាហ៍​មុន​ម្ល៉េះ ទំព័រ​​ ប្រលោម​លោក​សប្បាយ ឬ​ Sabay Novel (https://www.facebook.com/sabaynovel) បាន​ប្តូរ​ Cover ទំព័រ​របស់​ខ្លួន​ មក​ដាក់​រូប​ភាព​នៃ​រឿង​ «វិញ្ញាណ​គ្មាន​រូប​» ជំនួស​វិញ​ ដោយ​បញ្ជាក់​ថា នៅ​ថ្ងៃ​សុក្រ​ សប្តាហ៍​នេះ​ រឿង​ «វិញ្ញាណ​គ្មាន​រូប​» នឹង​ចេញ​ផ្សាយ​ជា​​ផ្លូវ​ការ​ហើយ​។

គេ​សង្កេត​ឃើញ​ថា រឿង​នេះ​ហាក់​ទទួល​បាន​ចំណាប់​អារម្មណ៍​ ពី​ប្រិយ​មិត្ត​អ្នក​អាន​ជា​ច្រើន​ ទោះ​​បី​ជា​មិន​ទាន់​បាន​ដាក់​ផ្សាយ​នូវ​​សាច់​រឿង​ទាំង​មូល​ក៏​ដោយ​។ ក្នុង​នោះ​ គេ​សង្កេត​ឃើញ​មាន​ការ​ Like & Share ​ជា​ច្រើន​ ខុស​ប្លែក​ពីស្នាដៃ​មុន​ រឿង​ «តុក្កតា​ប្រឡាក់​ឈាម» របស់​ខ្ញុំ ។ អ្នក​អាន​ខ្លះ ឈ្លោះ​ប្រកែក​​គ្នា​​ពី​រឿង​មូល​ហេតុ​នៃ​ការ​បាត់​ខ្លួន​របស់​ក្មេង​តូច​នៅ​ក្នុង​សាច់​រឿង​ រហូត​អ្នក​ខ្លះ​ដល់​ថ្នាក់​គិត​ថា​ រឿង​​នេះ​ជា​រឿង​ពិត​ទៀត​ផង​។

រឿង​ពិត​ ឬ​ប្រឌិត​ ខ្ញុំ​នឹង​ប្រាប់​ប្រិយ​មិត្ត​អ្នក​អាន​ បន្ទាប់​ពីរឿង​នេះ​ចេញ​ផ្សាយ​នៅ​លើ​ទំព័រ​សប្បាយ​​រួច​។ មាន​អាថ៌​កំបាំង​មួយ ​នៅ​ពីក្រោយ​ខ្នង​រឿង​នេះ​។ តើ​ក្មេង​ប្រុស​នោះ​បាត់ខ្លួន​ទៅណា? សូម​​រង់​ចាំ​អាន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ សុក្រ​ ទី១៦​ ឧសភា​នេះ!!!

 

 

Read Full Post »


ក្មេង​បាត់​ខ្លួន​_Archphkai

ក្មេងប្រុសម្នាក់បានបាត់ខ្លួន​ដោយមិនដឹងមូលហេតុ…
ការធ្វេសប្រហែសរបស់ឪពុកម្ដាយ បាននាំគ្រោះអាក្រក់ដល់កូនរបស់ខ្លួន ព្រោះក្មេងម្នាក់នេះបានបាត់ខ្លួនទៅដោយគ្មានថ្ងៃវិលត្រឡប់…

«វិញ្ញាណគ្មានរូប»
Coming soon!

(ប្រភព​៖ ប្រលោម​លោក​សប្បាយ​, https://www.facebook.com/sabaynovel?fref=photo)

Read Full Post »


ស្នាម​ស្នេហ៍.. រឿង​ខ្លី​សម្រាប់​រដូវ​ភ្លៀង​

ព្រះ​សុរិយា​នាពេល​សាយ័ណ្ហរំកិល​ខ្លួន​បន្តិចម្តងៗ ​លិច​បាត់​ទៅ​ក្នុង​ខ្នង​ភ្នំ​បន្សល់​ទុក​តែ​​លម្អង​មាស​លាប​ដាស​ពេញ​ជើង​មេឃ​។ ផ្ទៃ​ទឹក​​ទន្លេ​​ប្រែ​​ពណ៌​ជា​សមុទ្រ​​​ទឹក​ខ្មៅ​តាម​ផ្ទៃ​មេឃ​ដែល​ងងឹត​សូន្យ​ឈឹង​ មាន​តែ​រស្មី​ព្រាក​ៗ​​នៃ​រលក​ទឹក​ ដែល​ចាំង​​​នឹង​អំពូល​ភ្លើង​តាម​ផ្ទះ​ក្បែរ​មាត់​ទន្លេ​ ​​ឆ្លុះ​ពន្លឺ​​ភ្លឺ​ផ្លេកដូច​មាន​គេ​បណ្តែត​ប្រទីប​ ឬ​ចង្កៀង​គោម​ឲ្យ​អណ្តែត​ផ្លុង​ៗ​តាម​ខ្សែ​ទឹក។ ម្ចាស់​នេត្រាល្អក់ស្រអាប់មួយ​​គូ​​​កំពុង​បណ្តែត​អារម្មណ៍​ឲ្យ​​រសាត់​​ទៅ​ឆ្ងាយ យូរៗ​ម្តង​ស្ត្រី​ចំណាស់​ដក​ដង្ហើម​ធំ​ដោយ​ក្តី​នឿយ​ណាយ​​។ អាកាសធាតុ​​ត្រជាក់​នៃព្យុះ​មូសុង​វស្សា​ធ្វើ​ឲ្យលោក​យាយ​​​​ដក​ដង្ហើម​​ពិបាក​​ ពិសេស​ឆ្នាំ​នេះ​គាត់​​​ដឹង​ថា​ រដូវ​ភ្លៀង​ប្រែ​ជា​​​រងាត្រជាក់​​ជាង​រាល់​ឆ្នាំ​បណ្តាល​មក​ពី​ការ​ប្រែ​ប្រួល​របស់​ធម្មជាតិ​ដែល​តែង​តែ​ផ្លាស់​ប្តូរ​ជា​រៀង​រាល់​ឆ្នាំ​​ ប៉ុន្តែ​ស្ត្រី​ជរា​​ក៏​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​​ណាស់​ណា​​ដែរ​ ព្រោះ​មនុស្ស​ដែល​ឆ្លង​កាត់​ខ្សែ​​​ជីវិត​ជិត​៨០​រ​ដូវ​ភ្លៀង​​ហើយ​នោះ​ ការ​ប្រែ​ប្រួល​នានា​តែង​តែ​កើត​មាន​ឡើង​ជា​រឿង​ធម្មតា​។

«លោក​យាយ… សូម​អញ្ជើញ​ចូល​ទៅ​សម្រាក​នៅ​ខាង​ក្នុង​ទៅ​ ខាង​ក្រៅ​ត្រជាក់​​ខ្លាំង​ណាស់។» កំលោះ​អាយុ​ប្រមាណ​ជា​ម្ភៃ​ឆ្នាំ​ជាង​ ដើរ​មក​​អង្គុយ​លុត​ជង្គង់​ក្បែរ​កៅ​អី​យោល​ប្រចាំ​ខ្លួន​របស់​ស្ត្រី​ជរា​។ គាត់​ដក​ខ្សែ​ភ្នែក​ចេញ​ពី​ផ្ទៃ​ទឹក​ទន្លេ​ ងាក​​មករក​ចៅ​ប្រុស​មុន​នឹង​ពោល​ទៅ​គេ​ដោយ​ស្នាម​ញញឹម​។

«យាយ​សុំ​នៅ​ត្រង់​នេះមួយ​សន្ទុះ​ទៀត​សិន!»

«តែ​អាកាស​ធាតុ​ខាងក្រៅ​ត្រជាក់​ណាស់ ចៅ​បារម្ភ​ក្រែង​លោក​យាយ​ឈឺ។» សំឡេង​ និង​កាយវិការ​របស់​ចៅ​ប្រុស​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​​ចំពោះ​សុខ​ភាព​របស់​ស្ត្រី​ជរា​យ៉ាងខ្លាំង។

«យាយ​មិន​កើត​អីទេ​ចៅ​ ឲ្យ​យាយ​អង្គុយ​មួយ​សន្ទុះ​ទៀត​ទៅ!»គេ​ស្តាប់​សម្តី​​របស់​ស្ត្រី​ជា​ជីដូន​ដោយ​ក្តី​តាន​តឹង​ ទើប​តែ​ដឹង​ថា​លោក​យាយ​របស់​គេ​មានះ​ខ្លាំង​ណាស់ ហើយ​គេ​តែង​តែ​បណ្តោយ​តាម​ចិត្ត​គាត់​ជានិច្ច​ នៅ​ពេល​ដែល​គាត់​ពោល​ដោយ​សំឡេង​ហាក់​អង្វរករ​​ដូច្នេះ​។​

«អ៊ីចឹង​ចាំ​ខ្ញុំ​ទៅ​យក​ស្បៃ​​ដណ្តប់មក​ជូនលោក​យាយ​!»​ គេ​ដើរ​​ចេញ​ទៅ​មួយ​រំពេច​​ស្រប​ពេល​​​​ដែល​ស្រ្តី​ចំណាស់​​ងាក​មក​ងក់​ក្បាល​ទទួល​ ហើយ​​សម្លឹង​តាម​ដោយ​ក្តី​អាណិត​ស្រឡាញ់​។ ចំពោះ​លោក​យាយ​ផ្ទាល់​​​ ចៅ​ម្នាក់​នេះគឺ​ជា​និមិត្តរូប​នៃ​បុរស​ជា​ទី​ស្រឡាញ់​​​របស់​ខ្លួន​។ រង្វង់​មុខ​​ដែលស្ទើរ​តែ​ដូច​គ្នា​បេះ​បិទ​របស់​គេនិង​ស្វាមីដែល​ឃ្លាត​ទៅ​នោះ​​​ ធ្វើ​ឲ្យ​គាត់​​ស្រឡាញ់​ចៅ​ម្នាក់​នេះ​លើស​នរណា​ៗ​ទាំង​អស់​។​ ការ​ពិត​មិន​មែន​ត្រឹម​តែ​មុខ​មាត់​ប៉ុណ្ណោះ​ទេ​ដែល​​ប្រហាក់​​ប្រហែល​គ្នា​នឹង​ជីតា​ តែ​ទាំង​និស្ស័យ​ចិត្ត​គំនិត​ ការ​និយាយ​ស្តី គឺ​ហាក់​ដូចជា​​ចម្លង​ចេញ​ពី​ពុម្ព​តែ​មួយ​។ កាន់​តែ​ឃើញ​កាន់​តែ​ធ្វើ​ឲ្យ​គាត់​នឹក​ដល់​បុរស​ដែល​ធ្វើ​ឲ្យ​គាត់​ស្គាល់​ពាក្យ​ថា​គ្រួសារ​… បុរស​ជា​ទីស្នេហា​ដែល​គាត់​​ទន្ទឹង​រង់​ចាំ​ថ្ងៃ​ដែល​បាន​នៅ​រួម​រស់​ជាមួយ​គ្នា​ម្តង​ទៀត​។

ជំនោរ​រាត្រី​បក់​មក​ត្រសៀកៗ​ បបោស​អង្អែល​អារម្មណ៍ ភាព​ត្រជាក់​ស្រទន់​នៃ​រាត្រី​កាល​ជួយ​បន្ធូរ​អស់​ភាព​តាន​តឹង​ដែល​ស្ថិត​ក្នុង​ចិត្ត។ ក្លិន​ក្រអូបស្រាលៗ​នៃ​ក្លិន​បុប្ផា​ដែលចោល​ក្លិន​ពិដោរសាយ​ភាយ​​នៅ​ជុំ​វិញ​បរិវេណ​ផ្ទះ ​​ធ្វើ​ឲ្យ​ស្ត្រី​ជរា​បិទ​ភ្នែក​សន្សឹម​ៗ​​មុន​នឹង​យោល​​កៅអី​ទៅ​មក​យឺតៗ ​​បណ្តោយ​ឲ្យ​​បេះ​ដូង​រម្លឹក​រឿង​រ៉ាវ​នៅ​ក្នុង​អតីត​កាល​ ដែលបន្សល់​ទុក​នៅ​ក្នុង​​​គំនរ​អនុស្សាវរីយ៍​។ ចំពោះ​លោក​យាយ​ ​គ្រប់​ពេល​ដែល​ក្លិន​ក្រអូប​នេះ​​រសាត់​មក​ប៉ះ​ច្រមុះ​ គឺ​​អត់​មិន​បាន​​ដែល​ត្រូវ​មក​​អង្គុយ ​នឹក​ដល់​រឿងរ៉ាវ​ចាស់ៗ​យ៉ាង​មានសេចក្តី​សុខ ព្រោះ​ស្លាក​ស្នាម​អនុស្សាវរីយ៍ទាំង​​នោះ​ មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​​ជាមួយដើម​ផ្កា​ទាំង​នេះ​… គឺ​ផ្កា​កែវ​ ​ដែល​មាន​ឈ្មោះ​ដូច​គ្នា​នឹងឈ្មោះ​គាត់​។

បរិវេណ​ជុំវិញ​ផ្ទះ​នេះ​មាន​ដាំផ្កា​​​ជា​ច្រើន​ប្រភេទ​ តែ​ផ្កា​​ដែល​មាន​ច្រើន​ជាងគេ​បំផុត​គឺ​ផ្កា​កែវ​ រហូត​នរណាៗ​ក៏​នាំ​គ្នា​ហៅ​ទី​នេះថា​ «ផ្ទះ​កែវ​» តាម​គ្នា​ទាំង​អស់​។ គាត់​ចាំ​ច្បាស់​ថា ដើម​ដំបូង​ដែល​ដាំ​នៅ​លើ​ដី​នេះ​ គឺដាំ​ដោយ​ដៃ​របស់​លោក​ហត្ថា​ដែល​ជា​ស្វាមី​របស់​គាត់​។ លោក​ដាំ​ឲ្យ​គាត់​​ជា​ចំណង​ដៃ​នៅ​ក្នុងថ្ងៃ​រៀប​អាពាហ៍ពិពាហ៍។ លោក​តាជីក​រណ្តៅ​ដាំ​វា​ទាល់​តែ​រួច​ ដោយ​មាន​លោក​យាយ​​ជួយ​ស្រោច​ទឹក​។ ស្ទើរ​តែ​​មិន​ជឿ​សោះ​ថា កន្លង​ទៅ​ជាង​ហាសិប​ឆ្នាំ​ទី​នេះ​ក៏​ក្លាយ​ជា​ផ្ទះ​កែវ​ដូច​បំណង​​របស់​លោក​ ទោះ​បីជា​ដើម​ផ្កា​កែវដំបូង​នោះ​បាន​ងាប់​ជាយូរ​ឆ្នាំហើយ​ក៏​ដោយ​ តែ​ដើម​ផ្សេងៗ​ទៀត​ដែល​បានបណ្តុះ​ចេញ​ពី​ដើម​ដំបូង​នៅ​តែ​ដុះ​លូត​លាស់​ និង​ស្រស់​បំព្រង​រហូត​​ដល់​សព្វ​ថ្ងៃ​នេះ​។​

«បង​សន្យា​ថា ផ្កា​កែវ គឺ​ជា​នារី​តែ​ម្នាក់​គត់​​ដែល​បង​ស្រឡាញ់​​ ​រៀប​ការ​ជាមួយ​បង​ណា​កែវ​?» បុរសរូប​សង្ហា​​ពោល ព្រម​ទាំង​ក្តោប​ដៃ​របស់​នាង​យ៉ាង​ណែន។ ពន្លឺ​ភ្នែក​គេ​មាន​ន័យ​ស្រទន់​ក្តោប​ទុក​ដោយមនោសញ្ចេតនា​ធ្វើ​ឲ្យ​ផ្កា​កែវ​ចុះ​ចាញ់​ឥទ្ធិពល​នៃ​កែវ​ភ្នែក​នោះ​។ នាង​អឹម​អៀន​ឈ្ងោក​មុខ​ចុះ៖

«បង​ហត្ថា​ លែងដៃ​របស់​ខ្ញុំ​សិន​ទៅ ប្រយ័ត្ន​គេ​មក​ឃើញ​​ មិន​សម​ទេ!» ផ្កា​កែវ​ព្យាយាម​​ដក​ដៃ​ចេញ​​ពី​ដៃ​មាំរបស់​គេ​ ព្រោះ​ក្រែង​នរណា​មក​ឃើញ​ នាំ​មិន​សម​ភ្នែក​ញាតិ​។

«បង​នឹង​លែង​លុះ​ត្រា​តែ​​​កែវ​ឆ្លើយ​យល់​ព្រម​រៀប​ការ​ជាមួយ​នឹង​បង​ តែ​បើ​អូន​មិន​យល់​ព្រម​ បង​នឹង​កាន់​ដៃ​អូន​បែប​នេះ​រហូត​ដល់​ព្រឹក។» គេ​គម្រាម​នាង​ដោយ​ស្នាម​ញញឹម​ដើម្បីឲ្យ​ដឹងថា​គេ​នឹង​មិន​ធ្វើ​បែប​នោះ​ពិត​មែនទេ ព្រោះ​គេ​ដឹង​ច្បាស់ថា នាង​មិន​អាច​បដិសេធ​​ពាក្យ​សុំ​រៀប​ការរបស់​គេ​យ៉ាង​ពិត​ប្រាកដ​។

«ច៎ាស… ខ្ញុំ​… ខ្ញុំ​យល់​ព្រម​ហើយ!» កាយវិការ​ភ័យ​​​អឹម​អៀន​របស់​នាង​នៅពេល​នោះ​ កាន់​តែ​ធ្វើ​ឲ្យ​កំលោះ​រូប​សង្ហា​​ញញឹម​​ស្រស់​ដោយ​ក្តី​​ស្រឡាញ់​។

រយៈ​ពេល​ត្រឹម​តែ​ពីរ​ខែ​សម្រាប់​​ត្រៀម​រៀបចំ​ពិធីមង្គល​ការ​គឺ​ខ្លី​​ខ្លាំង​ណាស់​នៅ​ក្នុង​ការ​គិត​របស់​នាង។​ ស្ទើរ​តែ​មិន​ជឿ​ខ្លួន​ឯង​ថា​ដល់​ពេល​ដែល​នាង​ត្រូវ​បំពេញ​​តួនាទី​របស់​កូន​ស្រី​ក្នុង​ឋានៈជា​ឧត្តម​ភរិយា​ហើយ​។ រាត្រី​​មុន​ថ្ងៃ​រៀប​ការ​មួយ​ថ្ងៃ​ នាង​រំភើប​​រហូត​គេង​មិន​លក់​ នរណាៗ​ក៏​នាំ​គ្នា​ព្រួយ​បារម្ភ ​ខ្លាច​កូន​ក្រមុំ​ក្នុង​ថ្ងៃ​នោះ​ស្លក់​មុខ​លែង​ស្អាត​ ព្រោះ​តែ​មិន​បាន​សម្រាក​គ្រប់​គ្រាន់​ តែ​លុះ​ដល់​ពេល​មែនទែន​ គ្រប់​យ៉ាង​ក៏​មិន​បាន​កើត​ឡើង​ដូច​ក្តី​កង្វល់​ ពេល​គ្រង​សម្លៀក​បំពាក់​កូន​ក្រមុំ​ហើយ​ គ្រប់​គ្នា​ក៏​ជញ្ជក់​មាត់​សរសើរ​ថានាង​ស្អាត​ផូរ​ផង់​ដូចទេព​អប្សរ ដូច​គ្នា​នឹង​​កូន​កំលោះ​ដែល​ស្រស់​សង្ហា​លើស​នរណាៗ​រហូត​កំលោះផ្សេង​ៗ​ក្នុង​ពិធី​មង្គល​ការ​អាប់​រស្មី​អស់​រលីង​ ដល់​ថ្នាក់​​មាន​សំឡេង​ខ្សឹប​ខ្សៀវ​គ្នា​លាន់​មក​ប៉ះត្រចៀក​ថា នាង​និង​គេ​ស័ក្តិ​សម​គ្នា​​​ដូច​ព្រះ​រាម​ និង​នាង​សីតា ឬ​ទេព​អប្សរា​ និង​ទេវបុត្រ​ក៏​​ប្រៀប​មិន​ស្មើ​។

ពិធី​រៀប​មង្គលការ​រវាង​គេ​និង​នាង​​ ប្រៀប​ប្រដូច​ទៅ​នឹង​ពាក្យ​សន្យា​ចំពោះ​គ្នាទៅ​វិញ​ទៅ​មក​ ចាប់​តាំង​ពីពេល​នេះ​តទៅនាង​នឹង​ក្លាយ​ជាគូចិត្ត​គូ​ជីវិត​រួម​សុខ​រួម​ទុក្ខ​ជាមួយ​គ្នា​រហូត​ដល់​ថ្ងៃ​ដែល​សេចក្តីស្លាប់​មក​បំបែក។ អ្នក​ទាំង​ពីរ​រួម​រស់​ជាមួយ​គ្នា​យ៉ាង​មាន​សេចក្តី​សុខ​រហូត​កូន​ស្រី​ទីបី​របស់​នាង​បើក​ភ្នែក​មើល​ពិភព​លោក​បាន​បួន​ខែ គេ​ក៏​ឃ្លាត​​ទៅ​ដោយ​គ្មាន​​​ថ្ងៃ​​វិល​ត្រឡប់​។ ជំងឺ​កំណាច​បាន​ឆក់​យក​ជីវិត​របស់​គេ​ទៅ​មុន​ថ្ងៃ​ដែល​សម​គួរ​។ នាង​ចាំ​ថ្ងៃ​ដែល​គេ​ឃ្លាត​ទៅដោយ​គ្មាន​ថ្ងៃ​​អាច​បំភ្លេច​បាន​។ រាត្រី​​មួយ​ក្នុង​រដូវ​ធ្លាក់​ភ្លៀង​ ថ្ងៃ​ដែល​ក្លិន​របស់​ផ្កា​កែវ​សាយភាយ​​ពិដោរពេញ​បរិវេណ​ផ្ទះ​​ដូច​ថ្ងៃ​នេះ​។

«​កែវ​ចាំបាន​ទេ បង​ធ្លាប់​ប្រាប់​កែវ​ថា ៦០​ឆ្នាំ​ទៀត​យើង​នឹង​មក​អង្គុយ​ស្តាប់​សំឡេង​​ទឹក​រលក​ជាមួយ​គ្នា។» ហត្ថា​ខំ​ប្រឹង​បើក​ភ្នែក​ទាំង​ព្រិល​ស្រវាំង ​ពោល​ខ្សាវៗ​​សួរ​នាងព្រោះ​​ខ្សោះ​កម្លាំង​ណាស់​ហើយ​។

«ច៎ាស ចាំ​បាន​ ខ្ញុំ​មិន​ធ្លាប់​ភ្លេច​ទេ។» ផ្កា​កែវ​ក្តោប​ដៃ​ស្វាមី​​ទាំង​ក្តុក​ក្តួល​ហួស​ប្រមាណ​​ប្រឹង​ឆ្លើយ​ដោយ​ព្យាយាម​មិន​ឲ្យ​ទឹក​ភ្នែក​ហូរ​ចេញ​មក​។

«បង​ប្រហែល​ជា​​ធ្វើ​ខុស​សន្យានឹង​អូនហើយ​​ សូម​អភ័យ​ទោស​ឲ្យ​បង​ផង!»

«សូម​បង​កុំ​និយាយ​ដូច្នេះ​អី…» នាង​ឃាត់​​គេ​ដោយ​សំឡេង​ញាប់​ញ័រ ដូចមាន​នរណា​មក​កាត់​ទង​បេះ​ដូង​ទាំង​ស្រស់​ញញឹម។

«ឲ្យ​បង​និយាយ​ចុះ​… ពេល​វេលា​របស់​បង​សល់​មិន​ច្រើន​ទេ សូម​អូន​កុំ​​ឃាត់​បង​អី។» នាង​បាន​ត្រឹម​តែ​ងក់​ក្បាល​ទទួល​ពាក្យ​របស់​គេ​ដោយ​មិន​គិត​ចង់​ប្រកែក​​អ្វី​តទៅ​ទៀត​ ព្រោះ​ដឹង​ច្បាស់​ថា អ្វី​ដែល​គេ​និយាយ​​មក​នោះ​គឺ​ត្រូវ​ទាំង​អស់​ ពេល​វេលា​របស់​គេ​កាន់​តែ​ខ្លី​​ហើយ។

«បង​សូម​ផ្ញើ​​កែវ​… បំពេញ​តួនាទី​ជំនួស​បង​ផង​ ផ្ញើ​កែវ​ស្រឡាញ់​កូន​ជំនួស​បង​​ ផ្ញើ​អប់​រំ​ទូន្មាន​គេឲ្យ​ក្លាយ​ជា​មនុស្ស​ល្អ​ជំនួស​​បង​ផង​… ប្រាប់​គេ​ផង​ថា… បង​ស្រឡាញ់​គេ​ខ្លាំង​ប៉ុណ្ណា ហើយចុងក្រោយ​ប្រាប់​គេ​ថា បង​សុំ​ទោស​ដែល​មិន​អាច​បំពេញ​តួនាទី​ជា​ឪពុក​បាន​ ជា​ពិសេស​កូន​ស្រី​ពៅ… បង​ប្រហែល​ជា​គ្មាន​ឱកាស​បាន​មើល​ថែ​នាង​ទេ។» ចប់​ប្រយោគ​វែង​នេះ​ គេ​ក៏​ដង្ហក់​ខ្យល់​​យ៉ាង​ខ្លាំង​ដោយ​ភាព​ហត់​នឿយ​។ ត្រឹម​ប៉ុណ្ណេះ​ទឹក​ភ្នែក​របស់​​ផ្កា​កែវ​ដែល​ខំ​ទប់​ក៏បាក់​ទំនប់​ធ្លាយ​ចេញ​មក​ឈូ​ឆរ​។ វា​ហាក់​ដូច​ជា​លឿន​ហួស​ពេក​ដែល​នាង​ត្រូវ​មក​កាត់ចិត្ត​ថា នាង​នឹង​ត្រូវ​​បាត់​បង់រូប​​គេ​។

«…» ឆោម​ល្អ​​និយាយ​អ្វី​លែង​​ចេញ​ មាន​តែ​សំឡេងយំ​​ខ្សឹក​ខ្សួល​ប៉ុណ្ណោះ​ដែល​រសាត់​ចេញ​ពី​មាត់​របស់​នាង​។

«កុំ​យំ​ណា​កែវ​ អូន​ត្រូវ​តែ​រឹង​មាំ​ដើម្បី​កូនៗ​របស់​យើង​ បង​មិន​ចង់​ឃើញ​ទឹក​ភ្នែក​របស់​អូន​​ទេហើយ​បង​ក៏​​មិន​ចង់​ធ្វើ​ខុស​សន្យា​ជាមួយ​អូន​ ដែល​ធ្លាប់​សន្យា​​ថានឹង​មិន​ធ្វើ​ឲ្យ​អូន​យំ​ទៀត​។» គេពោលខ្សាវ​ៗតាម​ដង្ហើម​ដែល​នៅសេសសល់​​។

«បង​ហត្ថា…» នាង​ហៅ​ឈ្មោះ​គេ​មុន​នឹង​ទ្រោប​​យំ​លើ​​ដៃមាំ​ ហួស​វិស័យ​នឹង​​ទប់​​ត​ទៅ​ទៀត​។

«បង​ឲ្យ​អូន​យំលើក​នេះជា​លើក​ចុង​ក្រោយ​ ចាប់​ពីពេល​នេះ​តទៅ​អូន​ត្រូវ​មាន​តែ​ស្នាម​ញញឹម​ប៉ុណ្ណោះ អូន​ត្រូវមាន​ជីវិត​រស់​នៅ​ទៅ​ថ្ងៃ​មុខ​ដោយ​ក្តីសុខ​… សន្យា​នឹង​បង​មក​ថា​អូន​នឹង​មិន​យំទៀត​ទេ?» គេសុំ​ការ​សន្យា​ដែល​ពិបាក​ធ្វើ​បំផុត​ពី​នាង​​។ នាង​ដឹង​ច្បាស់​ថា ថ្ងៃ​ណា​ដែល​គេ​លែង​នៅ​លើ​លោក​នេះ​ទៀត​ បេះ​ដូង​នាង​នឹង​រលាយក្លាយ​ជា​ផេះ​ផង់។

«…»

«កែវ​ពិត​ជា​មិន​ទទួល​ពាក្យ​បង​មែនឬ? បើ​ដូច្នេះ​បង​ប្រហែល​ជា​មិន​អស់​អាល័យ​​នឹង​​អូន​ទេ បង​ច្បាស់​ជា​ស្លាប់​បិទ​ភ្នែក​មិន​ជិត​ឡើយ​។» សម្តី​របស់​គេ​ធ្វើ​ឲ្យ​នាង​ជូត​ទឹក​ភ្នែកចេញយ៉ាង​រហ័ស​​ ខំ​​ដក​ដង្ហើម​វែង​ៗ​ ហើយ​​ឈប់​យំ​ភ្លាម​មួយ​រំពេច​។

«បង​ហត្ថា… ទោះបី​ការ​សន្យា​ចំពោះ​បង​ពិបាក​ តែ​ខ្ញុំ​នឹង​ព្យាយាម​ បង​មិន​បាច់​បារម្ភ​ទេ។»

«បាន​ឮ​ដូច្នេះ​ បង​អស់​ចិត្ត​ហើយ​​។» គេ​ញញឹម​យ៉ាង​ធូរ​​ស្បើយ​ក្នុង​ចិត្ត​ «កែវ​… បង​ស្រឡាញ់​អូន​និង​កូន​ខ្លាំងណាស់…»

ចប់​សម្តី​នោះ​ ត្របក​ភ្នែក​លើ​​ក៏​ធ្លាក់​ចុះ​សន្សឹមៗ​រហូត​បិទ​ជិត​។ ដង្ហើម​ដែលនៅ​​សល់​តិចតួច​កន្ត្រាក់​ខ្លាំង​​ម្តង​ជា​លើក​ចុង​ក្រោយ​​មុន​នឹង​​បេះ​ដូង​របស់​គេ​ឈប់​កម្រើក។ គេ​បាន​ចាកចោល​នាង​ទៅ​ហើយ ចាក​ចោល​ទាំង​នៅ​មាន​​ស្មារតី​រឹង​មាំ​ តែ​គួរ​ឲ្យ​ចម្លែក​​ ​ដែលពេល​​គេ​ចាក​ចេញ​ទៅ​មែន​នាង​បែរ​ជា​​គ្មាន​ទឹក​ភ្នែក​ហូរ​បន្តិច​សោះ​។ រឿង​​ដែល​បានសន្យា​​ជាមួយ​គេ​នោះ គឺ​ជា​ភារកិច្ច​ចុង​ក្រោយ​ដែល​នាង​អាច​ធ្វើ​បាន​សម្រាប់​គេ។

«បង​ហត្ថា​ ខ្ញុំ​ស្រឡាញ់​បង​ ចាំ​អូន​​ណា មិន​យូរ​ទៀត​​ យើង​នឹង​បាន​ជួប​គ្នា។» និយាយចប់ នាង​ក៏​ប្រណម្យ​ដៃ​ក្រាបចុះ​លើ​ទ្រូង​របស់​គេ​ដោយ​ក្តី​ស្នេហ៍។ ការ​ក្រាប​សំពះ​នេះគឺដើម្បី​​ជំនួស​សេចក្តី​គោរព​​ក្នុង​ឋានៈ​ភរិយាដែល​​មាន​ចំពោះ​ស្វាមី​ និង​ជំនួស​ពាក្យ​អរគុណ​ដែល​គេ​បាន​មើល​ថែ​នាង​យ៉ាង​ល្អ​កន្លង​មក​។

Phka Keo_ផ្កាកែវ_Archphkai

ចាប់​តាំង​ពី​បុរស​​ជា​គូជី​វិត​ឃ្លាត​ឆ្ងាយ​ទៅ នាង​ក៏បំពេញ​តួនាទី​ជំនួសគេ​តាម​ការ​សន្យា​ទាំង​អស់​។ រស់​នៅក្នុង​នាម​ជា​​ឪពុក​និង​ម្តាយ​របស់​កូន​ទាំង​បី​ មិន​ថាលំបាក​វេទនា​យ៉ាង​ណា នាង​ក៏​មិន​ធ្លាប់​យំ​ទៀត​ដែរ​។​ នាង​ប្រើ​សេចក្តីទុក្ខ​លំបាក​ទាំង​ឡាយ​ជា​កម្លាំង​ជំរុញ​ទឹក​ចិត្ត​​ឲ្យ​មាន​ដង្ហើម​រស់​នៅ​លើ​លោក​នេះ​បន្ត​ រង់​ចាំ​ថ្ងៃ​ដែល​នឹង​​បាន​ជួប​គេ​ម្តង​ទៀត​។ នាងជឿ​ជា​និច្ច​មិន​ថា​ដប់​ម្ភៃ​ឆ្នាំ​ទៀត​ គេ​នឹង​នៅ​តែ​រង់​ចាំ​នាង​ដើម្បី​រួម​ដំណើរ​ជាមួយ​គ្នា​​​ទៅ​កាន់​ភព​ថ្មី​មួយ​ទៀត​ ​ដែល​មនុស្ស​​មាន​ជីវិត​​គ្មាន​ឱកាស​​នឹង​បាន​ស្គាល់​​​។

ភាព​ទន់​ល្មើយ​របស់​​កន្សែង​សូត្រ ដាស់​​ស្ត្រី​ជរា​ឲ្យ​​ភ្ញាក់​ពី​អារម្មណ៍​រវើរវាយ​។ ចៅកំលោះ​​ប្រហែល​ជា​យក​វា​មក​ដណ្តប់​ឲ្យ​គាត់​ដូច​ដែល​គេ​ប្រាប់​មុន​នេះ​ហើយ។
«អរគុណ​ណាស់​ចៅ យាយ​បាន​កក់​ក្តៅ​ច្រើន​ណាស់។» លោក​យាយ​​ពោល​ទាំងមិន​បាន​បើក​ភ្នែក​មើល។

«រងា​យ៉ាង​នេះ​ កែវ​គួរ​តែ​ចូល​ទៅខាងក្នុង​ ត្រង់​នេះ​មាន​ខ្យល់​ខ្លាំង​ណាស់​ បង​​បារម្ភ​ខ្លាច​អូន​ឈឺ​ ដឹង​ទេ?» សំឡេង​ស្រទន់​ដែល​ពោល​មក​នោះ​ធ្វើ​ឲ្យ​ដូន​ចាស់​បើក​​ភ្នែក​​ធំៗ​ដោយ​សេចក្តីរំភើប​។ សំឡេង​នេះ​មិន​មែន​ជា​នរណា​​ផ្សេង​​ទេ តែ​ជា​មនុស្ស​ដែល​គាត់​​តែង​តែ​ទន្ទឹង​រង់​ចាំ​អស់​ពេល​ជាង​៥០​ឆ្នាំ​មក​ហើយ​។

«បង​ហត្ថា… បង​មក​ទទួល​ខ្ញុំ​ហើយឬ?» សំឡេង​ស្ងួត​ស្អកសួរ​ម្ចាស់​ដៃ​មាំ​ដែល​ក្រសោប​ស្មាគាត់​ពី​ក្រោយ​​។

«មែន​ហើយ… តើ​កែវ​ត្រៀម​ខ្លួន​​ហើយ មែនទេ?» គេ​​ញញឹម​សួរ​នាង​ដោយសម្តី​មួយៗ​តែ​ច្បាស់​លាស់​។

«ខ្ញុំ​ត្រៀម​​រួច​យូរ​ហើយត្រៀម​រួច​តាំង​ពីថ្ងៃ​ដែល​បង​ហត្ថា​ចាក​ចេញ​ពី​ខ្ញុំ​ទៅម្ល៉េះ។» នាង​​ប្រាប់​គេ​តាម​ត្រង់​ ព្រោះ​បើ​វិនាទីនោះនាង​ស្លាប់​តាម​គេ​ទៅបាន​ គឺ​ធ្វើ​បាត់​ទៅ​ហើយ​ មិន​ចាំ​រហូត​មក​ដល់​ថ្ងៃ​នេះ​ទេ។

«អ៊ីចឹងយើង​នាំ​គ្នា​ទៅ…» គេ​លូក​ដៃ​មក​ចាប់​ដៃ​របស់​នាង ​​ឲ្យ​ក្រោកចេញ​ពី​កៅ​អី​យោល​មួយ​នោះ​។ ផ្កា​កែវ​​ទើប​តែ​សង្កេត​ឃើញ​ថាដៃ​ដែល​ធ្លាប់​ជ្រីវ​ជ្រួញ​តាមអាយុកាល​នោះ​ ត្រឡប់​មក​តឹង​រលោង​ស្អាត​ដូច​កាល​ពី​​នៅ​វ័យ​ក្រមុំ​។ រាង​តូច​ស្តើង​របស់​នាង​ក្នុង​ពេល​នេះ​ស្ថិត​នៅ​ក្នុង​សម្លៀកបំពាក់​​សំណប់​ចិត្ត ដែល​មាន​​សំពត់​សូត្រ​ពណ៌​ស្លាប​កំភេម​​ និង​អាវ​ប៉ាក់ពណ៌​ផ្កា​ត្របែក​ព្រៃ​ដែល​គេ​ទិញ​ជូន​ជា​អំណោយ​ថ្ងៃ​គម្រប់​ខួប​អាពាហ៍ពិពាហ៍លើក​ដំបូង​។

«បង​ហត្ថា… តើ​ខ្ញុំ​អាច​យំ​បាន​ហើយ​ មែនទេ?» សំណួរ​របស់​នាង​ធ្វើ​ឲ្យ​គេ​ញញឹម​ចុង​មាត់ មុន​នឹង​ត្រដាង​ដៃ​ក្រសោប​​យក​រាង​កាយតូច​មក​ឱប​ក្នុង​ប្រអប់​ទ្រូង។​ វង់​ភ័ក្រ្ត​ស្រស់​ផ្តេក​លើ​ផែន​ទ្រូង​មាំ​យ៉ាង​ស្និទ្ធ​មុន​នឹង​យំ​ហ៊ូចេញ​មក​ទប់​លែង​ឈ្នះ​ទៀត​។ យូរ​ណាស់​ហើយ​ដែល​នាង​មិន​បាន​យំ…​ យូរ​ណាស់​ហើយដែល​នាង​មិន​ដឹង​ថា​គួរ​​ជ្រក​ក្នុង​លង្វែក​ទ្រូង​នរណា​ដើម្បី​លាក់​ទឹក​ភ្នែក​ទាំង​នេះ​។

«ផ្កាកែវ​… ចាប់​ពីពេល​នេះ​ទៅ យើង​ទាំង​ពីរ​នឹង​បាន​នៅ​ជាមួយ​គ្នា​រហូត​ នឹង​គ្មាន​អ្វី​មក​បំបែក​យើង​ទាំង​ពីរ​បាន​ទៀត​ឡើយ… បង​ស្រឡាញ់​អូន។»

«ច៎ាស បង​ហត្ថា… អូន​ក៏​ស្រឡាញ់​បង​ដែរ​ ចាប់​ពីពេល​នេះ​ទៅ យើង​នឹង​លែង​បែក​គ្នា​ទៀត​ហើយ។»

***

«លោក​យាយ ខ្ញុំ​យក​ស្បៃ​​ដណ្តប់​មក​ហើយ!» កំលោះ​ដើរ​មក​បន្ទាប​ខ្លួន​ចុះ​ក្បែរ​កៅ​អី​យោលរបស់​ជីដូន​​មុននឹង​ជូន​ស្បៃ​ដណ្តប់​ទៅគាត់​ តែ​ស្ត្រី​ជរា​​នៅ​តែអង្គុយ​បិទ​ភ្នែក​​ស្ងៀម​​មិន​​កម្រើក​ ឬ​បើក​ភ្នែក​សម្លឹង​គេ​សោះ​​។

«លោក​យាយ… លោកយាយ…» គេ​អង្រួន​ដៃ​របស់​យាយតិចៗ​រហូត​ដៃ​ម្ខាង​​រអិល​ធ្លាក់​មក​ក្រោម​​ដោយ​​គ្មាន​កម្លាំង​កំហែង​អ្វី​ទប់​សោះ។

«លោកយាយ!!!» គេ​ស្រែក​ហៅ​ដោយ​ក្តី​តក់​ស្លុត​មុន​នឹង​លូក​ដៃ​យឺត​ៗ​​ទៅ​ស្ទាប​ត្រង់​ចុង​ច្រមុះ​។ អារម្មណ៍​​ភាំង​ និង​រន្ធត់​​រត់​សព្វ​សាច់​នៅពេល​ដឹង​ថា​គ្មាន​​ដង្ហើម​​នៅ​ត្រង់​បរិវេណ​នោះ។ ទឹក​ភ្នែក​កូន​ប្រុស​​មិន​ដឹង​មក​ពីណា​ហៀរ​​ដក់​ពេញ​ប្រឡង់​ភ្នែកដោយ​អារម្មណ៍​បាត់​បង់​មួយ​ដែល​នឹក​ស្មាន​មិន​ដល់​។

ជំនោរ​ត្រជាក់​នាវស្សានរដូវ​​បក់​​មក​ម្តងៗ​ធ្វើ​ឲ្យ​ជាយ​ស្បៃ​ដណ្តប់​ដែល​កាន់​សើៗ​នោះ​បក់​រវិច​ៗ​ស្ទើរ​តែ​របូត​ចេញ​ពីដៃ​។ គេ​ឈ្ងោក​មើល​ស្បៃ​ក្នុង​ដៃ​ទាំង​ទឹក​ភ្នែក​ មុន​នឹង​​លារ​វា​ចេញ​ហើយ​ដណ្តប់​លើ​ស្មា​របស់​ជីដូន​យ៉ាង​ប្រយ័ត្ន​​ប្រយែង​បំផុត​មិន​ឲ្យ​ទឹកភ្នែក​របស់​ខ្លួន​ស្រក់​ទៅ​ប៉ះ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​សព​ឡើយ​​។ បន្ទាប់​ពី​នោះ​ គេ​ក៏​លើក​ដៃ​​ជ្រីវ​ជ្រួញ​ដែល​ធ្លាក់​​មក​ម្ខាង​​កៅ​អីមក​ផ្គុំ​ជាមួយ​គ្នា​នៅ​លើ​ភ្លៅ​យ៉ាង​មាន​របៀប​ មុន​នឹង​ថយ​បន្តិច​ដើម្បី​ក្រាប​សំពះ​លើ​ភ្លៅ​របស់​លោកសម្តែង​សេចក្តីគោរព​។ មិន​គួរ​ឲ្យ​ជឿ​សោះ​ថា​រយៈ​ពេល​មិន​ដល់​ដប់​នាទីផង ​ដែល​គេ​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ដើម្បី​​យកស្បៃ​ដណ្តប់​មក​នោះ​ ធ្វើ​ឲ្យ​គេ​បាត់​បង់​បុគ្គល​ជា​ទី​គោរព​ស្រឡាញ់​យ៉ាង​ទាន់​ហន់… ពិត​ជា​មិន​គួរ​ឲ្យ​ជឿ​មែន។

កំលោះ​ងើយ​មុខ​ឡើង​​ សម្លឹង​រង្វង់​មុខរបស់​ស្ត្រី​ជរា​ដែល​បិទ​ភ្នែក​ជិត​ឈឹងម្តង​ទៀត​។ វង់​ភ័ក្រ្ត​​នោះ​គូស​វាស​​ដោយ​ស្នាម​ញញឹម​ស្រាលៗ​នៅ​ត្រង់​បបូរ​មាត់​។ ថ្វី​បើ​នៅ​ចុង​កន្ទុយ​ភ្នែក​មាន​ស្លាក​ស្នាម​ដំណក់​ទឹក​ថ្លាហូរ​ចុះ​មក​ក៏​ដោយ​ តែ​គេ​ក៏​ដឹង​បាន​ថា​លោក​យាយ​ចាក​ចេញ​​ទៅ​ដោយ​សេចក្តី​ស្ងប់។ លោក​ឃ្លាត​ពីគេ​យ៉ាង​មាន​សេចក្តីសុខ​ គ្មាន​សេចក្តី​វេទនា​ណាមួយ​កើត​ឡើង​សោះ​ឡើយ​។

«សម្រាន្ត​ឲ្យ​ស្រួល​ណា​លោក​យាយ​ ខ្ញុំ​នឹង​មើល​ថែ​គ្រប់​គ្នា​ដោយ​ខ្លួន​ឯង​ មិន​បាច់​ព្រួយ​បារម្ភ​ទេ… លោក​តា ចៅ​សូម​ផ្ញើ​លោក​យាយ​ផង​។» ខ្យល់​ត្រជាក់​បក់​​មួយ​ភឹប​មក​ម្តង​ទៀត​ លើក​នេះ​គេ​ហាក់​ដូច​ជា​ទទួល​បាន​ក្លិនក្រអូប​​ឆួល​នៃ​ផ្កា​កែវ​កាន់​តែ​ខ្លាំង។ គេ​ជឿ​ថាលោក​យាយ និង​លោក​តាពិត​ជា​ទទួល​ជ្រាប​នូវ​អ្វី​ដែល​គេ​បាន​ប្រាប់​ ហើយ​គេ​ក៏​ញញឹម​​ទាំង​ទឹក​ភ្នែក​​ ព្រោះទី​បំផុត​លោក​យាយរបស់​គេ​ក៏​បានសម្រេច​​បំណង​​ ដ្បិត​ការ​រង់​ចាំ​ទាំង​អម្បាល​ម៉ាន​​ត្រូវ​បាន​បញ្ចប់​ដោយ​ជីវិត​របស់​គាត់​​។

…បំណង​ប្រាថ្នា​តែ​មួយ​គត់​ ដែល​លោក​យាយ​ទន្ទឹង​រង់​ចាំ​ពេញ​មួយ​ជីវិត​ គឺ​ការ​បាន​ត្រឡប់​ទៅ​រួម​រស់​​ជាមួយ​លោកតា​ម្តង​ទៀត​…

 

Read Full Post »

Older Posts »