Feeds:
ប្រកាស
មតិ

ផ្កាយNoVeLs*– មកដល់ពេលនេះ រយៈពេលជិត ១ ខែហើយ ដែលសៀវភៅ “ច្យុតិ” ចេញលក់នៅលើទីផ្សារ តែក៏មិនដឹងថា មានអ្នកអានប៉ុន្មាននាក់ហើយ ដែលបានអានសៀវភៅនេះចប់។ ចំពោះប្រិយមិត្តដែលបានអានសៀវភៅនេះចប់ ប្រាកដជាបានអានប៉ះរឿងខ្លីមួយនៅជំពូកទី៤ ដែលមានចំណងជើងថា “ចោរ” ។ នេះជារឿងមួយក្នុងចំណោមរឿងផ្សេងៗទៀតដែលខ្ញុំចង់ឱ្យគ្រប់គ្នាបានអានជាងគេ។ អាចថា វាជារឿងពិតដ៏ឈឺចាប់មួយដែលនៅតែតាមលងបន្លាចខ្ញុំរហូតមកដល់ថ្ងៃនេះ! ហើយខាងក្រោម គឺជាកំណត់ហេតុមួយអំពីរឿងនោះ…

ក្នុង​ខ្សែ​ភ្នែក​អ្នក​មាន​ខ្លះ​ អ្នក​ក្រ​គឺ​ជា​ចោរ​ អ្នក​ក្រ​គឺ​ជា​អ្នក​សុំ​ទាន​ អ្នក​ក្រ​គឺ​ជា​មនុស្ស​ថោក​ទាប​…។ តែ​គ្រួសារ​​ខ្ញុំ​ ថ្វី​បើ​ក្រ​ជា​ង​អ្នក​សុំទាន​តាម​ចិញ្ចើម​ថ្នល់​ តែ​យើង​ក៏​មិន​ដែល​លើក​ដៃ​សុំ​ទាន​នរណា​ដែរ​ ព្រោះ​យើង​នៅ​មាន​ដៃ​ពីរ​ ជើង​ពីរ​ និង​ដង្ហើម​ដក​គ្រប់​គ្រាន់​ ដែល​អាចតស៊ូ​ទៅ​មុខ​ទៀត​ ដោយកម្លាំង​ញើស​ឈាម​ដ៏​បរិសុទ្ធ​របស់​ខ្លួន​​ ព្រោះ​សង្ឃឹម​ថ្ងៃ​ស្អែក​ ព្រះ​អាទិត្យ​ក្នុង​ខ្ទម​អ្នក​ក្រ​នឹង​រះ​ឡើង​។

យើង​ក្រ​ តែ​ម៉ែ​ប្រដៅ​យើង​ឱ្យ​រស់​នៅ​ក្នុង​កិត្តិ​យស​។ ​ខំ​រៀន​ មិន​ប៉ោ​ឡែ​ មិន​​ប៉ះ​ល្បែង​ មិន​លេង​អបាយ​មុខ​ និង​មិន​លួច​។ តែ​ទោះ​យើង​ខំ​ធ្វើ​ខ្លួន​ល្អ​យ៉ាង​ណា​  និង​មិន​ប៉ះ​ពាល់​ប្រយោជន៍​អ្នក​ដទៃ​​ដូច​ម្តេច​ក្តី​ ក៏​នៅ​មាន​អ្នក​មាន​អគតិ​ខ្លះ​​វាយ​តម្លៃ​យើង​​​យ៉ាង​រំលោភ​បំពាន​ដែរ​។

សូម្បី​តែ​លុយ​មួយ​រយ​រៀល ​ដែល​ម៉ែ​ទុក​នៅ​លើ​​ក្បាល​ដំណេក​ ក៏​គ្មាន​កូន​ណា​មួយ​ក្នុង​ផ្ទះ​ចេះ​​យក​​ដែរ​ បើ​គ្មាន​ការ​អនុញ្ញាត​។ បើ​ចង់​បាន​សុំ​ បើ​ម៉ែ​ថា​ទេ ក៏​ហី​ តែ​ប្រវត្តិ​លួច​គឺ​គ្មាន​។ ម៉ែ​ប្រដៅ​យើង​បែប​នេះ​តាំង​ពី​តូចៗ​។

ដោយ​សារ​មនុស្ស​នៅ​ក្នុង​គ្រួសារ​មិន​ចេះលួច តែ​នៅ​ពេល​មាន​គេ​ចោទ​ថា​ យើង​ជា​ចោរ​ យើង​ជា​ល្មួច​ គឺ​ជា​រឿង​ដែលយើង​ឈឺ​ចាប់​បំផុត​។ ថ្ងៃ​មួយ​ប្អូន​ប្រុស​ខ្ញុំ​ ត្រូវ​បាន​គេ​ចោទ​ថា​ ជា​ចោរ​ឆក់​ខ្សែ​ក​កូន​ក្មេង​​​របស់​អ្នក​ជិត​ខាង​ដែល​វា​ចូល​ចិត្ត​ទៅ​លេង​ជា​មួយ​រាល់​ថ្ងៃ​។

ហេតុ​ការណ៍​ថ្ងៃ​នោះ​ ត្រូវ​បាន​ខ្ញុំ​សរសេរ​ប្រតិដ្ឋ​រឿង​ខ្លី​មួយ ​ក្រោម​ចំណង​ជើង​ថា “ចោរ”។ ៩០%​ នៅ​ក្នុង​រឿង​នេះ ​គឺ​ជា​រឿង​ពិត​ ទាំង​ហេតុ​ការណ៍​ ទីកន្លែង​ និង​ ឈ្មោះ​តួអង្គ ​(លើក​លែង​ឈ្មោះ​អ្នក​និពន្ធ​)។ ១០​%​ទៀត​ដែល​មិន​ពិត​ គឺ​ ឈ្មោះ​អ្នក​និពន្ធ​ដូរ​ដាក់​ សម្អាន​ ដោយ​ឡែក​ប្អូន​របស់​ខ្ញុំ ​ប្រើ​ឈ្មោះ​ហៅ​ក្រៅថា​ សំអូន ​ដដែល​។ ឯ​​ចោរ​ពិត​ប្រាកដ​នៅ​ក្នុង​រឿង​នេះ​ មិន​មែន​ជា​អ្នក​និពន្ធ​ទេ គឺ​ជា​កូន​ក្មេង​ម្នាក់​ ដែល​មាន​​ភិនភាគមុខ​មាត់​ស្រដៀង​នឹង​ប្អូន​ខ្ញុំ​ រស់​នៅ​ឯ​ចុង​ភូមិ​។

ហេតុ​ការណ៍​នេះ​ ម៉ែ​ខ្ញុំ​ និង​ប្អូន​ខ្ញុំ​បាន​ភ្លេច​ហើយ​ តែ​ដោយ​ឡែក​ខ្ញុំ​នៅ​តែ​ចង​ចាំ​វា​រហូត​មក​ដល់​ថ្ងៃ​នេះ​ និង​នៅ​តែ​តាម​លង​បន្លាចខ្ញុំ​រហូត​​ដល់ក្នុង​យល់​សប្តិ​។ យប់​មួយ ​ក្រោយ​ពី​ស្ទុះ​ភ្ញាក់​ពី​យល់​សប្តិ​នូវ​ហេតុការណ៍​​អាក្រក់​នេះ ខ្ញុំ​ក៏​ចាប់​ផ្តើម​សរសេរ​រឿង​នេះ​ឡើង​ ដោយ​សរសេរ​ប្រតិដ្ឋ​ថែម​១០​%​ ដើម្បី​កុំ​ឱ្យ​សាច់​រឿង​ធម្មតា​ពេក​។

ហេតុ​ផល​មួយ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មិន​អាច​បំភ្លេច​ហេតុ​ការណ៍​ដ៏​អាក្រក់​នេះ​បានព្រោះ​ការ​ឈឺ​ចិត្ត​។ ឈឺ​ចិត្ត​នឹង​អំពើ​ល្អ​ដែល​គ្រួសារ​យើង​បាន​ធ្វើ​ តែ​មាន​អ្នក​មាន​អគតិ​មួយ​ចំនួន​តូច ​មើល​មិន​ឃើញ​ និង​ថែម​ទាំង​ប្រមាថ​ទៀត​។ ព្រឹក​ថ្ងៃ​បន្ទាប់ ​ក្រោយ​ពី​កើត​ហេតុ​ការណ៍​នោះ​ ​អ្នក​លក់​ផ្លែ​ឈើ​នៅ​​​ក្បែរតូប​ម៉ែ​ខ្ញុំ​​ បាន​វេច​ផ្លែ​ឈើ​មួយ​​ថង់​ធំ​​ផ្ញើ​តាម​ប្អូន​ខ្ញុំ​មក​ឱ្យ​ពុក​ ដែល​ដេក​ឈឺ​នៅ​ឯ​ផ្ទះ​។ ពេល​ប្អូន​ខ្ញុំ​យួរ​ផ្លែ​ឈើ​​នោះ​ ដើរ​កាត់​មុខ​ផ្ទះ​អ្នក​មាន​ម្នាក់​ដែលនៅ​ផ្ទះ​​ជា​ប់​គ្នា​ គាត់​ក៏​ស្រែក​​ថា «​អូបានលុយពីខ្សែយប់មិញ​​ហើយមើលទៅ​ ទើបទិញផ្លែឈើច្រើនយ៉ាងនេះ

រឿង​នេះ​ខ្ញុំ​មិនដឹង​សោះ គឺ​ទាល់​តែ​ម៉ែ​ខ្ញុំ​ត្រលប់​មក​ពី​ផ្សារ​ ទើប​ប្អូន​ខ្ញុំ​និយាយ​ប្រាប់​។ ពេល​នោះ​ខ្ញុំ​ខឹង​ចិត្ត​​រហូត​ស្រក់​ទឹក​ភ្នែក​ ហើយ​តាំង​ចិត្ត​ថា​នឹង​ទៅ​រក​រឿង​និយាយ​ខុស​ត្រូវ​។ តែ​ម៉ែ​ឃាត់​ គាត់​ឱ្យ​ខំ​អត់​ ព្រោះ​អ្នក​ក្រ​ មិន​ធ្លាប់​មាន​ឈ្មោះ​ល្អ​ស្រាប់​ហើយ​។ ថ្ងៃ​នោះ ​ខ្ញុំ​យំ​​ឈឺ​ចិត្ត​នឹង​សេចក្តី​ប្រមាថ​នេះ​​ទល់​ល្ងាច​ ហើយ​វា​ក៏​ធ្វើ​ឱ្យ​ខ្ញុំ​ចង​ចាំ​រហូត​មក​ដល់​ដង្ហើម​នេះ​។

រឿង​ “ចោរ” គ្រាន់​តែ​ជា​ផ្នែក​មួយ​ ដែល​ខ្ញុំ​ចង់​បង្ហាញ​ដល់​អ្នក​មាន​អគតិ​ខ្លះ​ថា អ្នក​ក្រ​ទាំង​អស់​មិន​សុទ្ធ​តែ​ជា​ចោរ​ទេ អ្នក​ក្រ​ទាំង​អស់​មិន​សុទ្ធ​​តែ​ពាល​ទេ ​ អ្នក​ក្រ​ទាំង​អស់​មិន​មែន​សុទ្ធ​តែជា​អ្នក​សុំ​ទាន​គេ​ទេ​​។​ យើង​ក្រ​ យើង​ប្រឹង​ដោយ​ញើស​ឈាម​អ្នក​ក្រ​ មាន​ប៉ុណ្ណា​ធ្វើ​ប៉ុណ្ណឹង​ ដង្ហើម​មាន​ដក​ ជីវិត​ត្រូវ​​តែ​មានសង្ឃឹម៕

អ្នកនិពន្ធ

បើគិតថារឿងនេះអយុត្តិធម៌សម្រាប់អ្នកក្រ
បើគិតថាអ្នកមានក្នុងរឿងនេះវាយតម្លៃអ្នកក្រខុស… សូមជួយចែករំលែកឱ្យគ្រប់គ្នាបានដឹង និងស្វែងរកយុត្តិធម៌ជូនដល់គ្រួសារខ្ញុំ និងគ្រួសារដទៃទៀតដែលធ្លាប់រងការប្រមាថប្រហាក់ប្រហែលនេះដែរ…


ផ្កាយNoVeLs*– ចាត់ទុកថាជាការវិលត្រឡប់មកវិញរបស់អ្នកដឹកនាំរឿងដ៏ឆ្នើម លោក ហ៊ុយ យ៉ាឡេង ដែលតែងតែបង្កភាពភ្ញាក់ផ្អើលដល់ទស្សនិកជនរបស់ខ្លួនតាមរយៈស្នាដៃខ្សែភាពយន្តប្រភេទភ័យរន្ធត់ ដូចជារឿង វិកលចរិត ធ្មប់ និង ខ្មោចដើមចេកជ្វា ជាដើម។ ក្រៅពីនេះ ខ្សែភាពយន្តបែបជីវិតសោកដែលអង្រួនទស្សនិកជនឱ្យសោកវិយោគតាមសាច់រឿង ដូចយ៉ាងរឿង «ដើម្បីកូន» ជាដើម ក៏ធ្វើឱ្យទស្សនិកជនកាន់តែជឿជាក់លើស្នាដៃដឹកនាំសម្ដែងរបស់លោកផងដែរ។

ងាកមកស្នាដៃថ្មីចុងក្រោយបំផុតរបស់លោក ដែលជាប្រភេទរឿងភ័យរន្ធត់រញ្ជួយព្រលឹងនោះ ក៏ចាប់ផ្ដើមទទួលពាក្យស្ងើចសរសើរលាន់មាត់ពីម្នាក់ទៅម្នាក់ ជាបណ្ដើរៗហើយ បន្ទាប់ពីបានចាក់បញ្ចាំងសម្ពោធកាលពីថ្ងៃទី ២៥ កក្កដា ២០២៣ កន្លងទៅនេះ។ ក្នុងនោះក៏មានខ្ញុំម្នាក់ដែរ ដែលបានទៅចូលរួមទស្សនាទាំងពុំបានរំពឹងទុកអ្វីជាមុនសោះ។ ហ៊ាននិយាយដោយឥតលាក់លៀមថា ត្រឹមតែ៥វិនាទីដំបូងប៉ុណ្ណោះ រឿង “ខ្មោចចូល” បានពញ្ញាក់ទស្សនិកជនឱ្យស្រែកខ្ទររោងកុនទៅហើយ ហើយចាប់ពីវិនាទីបន្ទាប់តទៅ ម្នាក់ៗក៏ចាប់ផ្ដើមប្រឹងអត់ដង្ហើមប្រុងប្រៀបគ្រប់ចលនារបស់តួអង្គទាំងអស់ ព្រោះខ្មោច ឬឈុតបន្លាចបែប Jump scare នៅក្នុងរឿងនេះ អាចកើតមានគ្រប់ពេលដោយឥតឱ្យដំណឹងជាមុនទាល់តែសោះ។ និយាយទៅ រឿងនេះគឺមិនបានអូសបន្លាយពេលឱ្យអ្នកមើលដកដង្ហើមទាន់នោះទេ គឺគ្រាន់តែបើកឆាកភ្លាម ក៏លងសង្គ្រប់យកតែម្តង។ 😱😱

ពោលគឺចាប់តាំងពីតួឯកក្នុងរឿង គឺឧត្តមដែលសម្ដែងដោយលោក ហ៊ុយ យ៉ាឡេង ផ្ទាល់ ចាប់ផ្ដើមមានខ្មោចចូលសណ្ឋិត គឺចង្វាក់រឿងហាក់ញាប់រន្ថើន ភ្លឹបភ្លែតៗ លងហើយលងទៀត ពញ្ញាក់ហើយពញ្ញាក់ទៀត អត់ទុកពេលឱ្យទស្សនិកជនបានដកដង្ហើមសោះ ឬសូម្បីតែតួអង្គនៅក្នុងរឿងក៏គ្មានពេលដើម្បីរកហេតុរកផលឱ្យឃើញផងថា ខ្មោចនេះមកពីណា? ហេតុដូចម្ដេចបានជាមកចូលសណ្ឋិតនៅក្នុងខ្លួនឧត្តមនេះទៅវិញ? ជឿថា ទាំងអ្នកផលិត និងអ្នកដឹកនាំរឿងក៏មានចេតនា មិនចង់ឱ្យរឿងនេះអូសបន្លាយវែងឆ្ងាយដែរ គឺធ្វើយ៉ាងម៉េចឱ្យទស្សនិកជនរន្ធត់ ទៅព្រមៗគ្នាជាមួយនឹងតួអង្គក្នុងរឿងរហូតទាល់តែហត់ និងចង់ស្ទះខ្យល់ម្ដងៗ។ 

ថ្វីបើដំណើររឿងកាត់ភ្លឹបៗ ពីឈុតមួយទៅឈុតមួយលឿនៗ(ស្ទើរមិនទុកពេលឱ្យដកដង្ហើម) ក៏បន្តិចម្ដងៗ រឿងបានបង្ហាញតម្រុយខ្លះៗ ពីចំណងបញ្ហាដែលជាប់ទាក់ទងគ្នា ដែលក្រៅពីបំភ័យ បន្លាច ពញ្ញាក់ទស្សនិកជនហើយ សិល្ប៍វិធីនៃការលាក់សាច់រឿងនៅក្នុងភាពយន្តនេះ ក៏កាន់តែធ្វើឱ្យទស្សនិកជនចង់ដឹង ចង់តាមដានបន្ថែមទៀតថា មូលហេតុដែលនាំឱ្យកើតរឿងរ៉ាវទាំងអស់នេះបណ្ដាលមកពីអ្វី ហើយអ្នកណាជាអ្នកនៅពីក្រោយរឿងរ៉ាវទាំងអស់នេះ?

បើនិយាយពីតារាសម្ដែងវិញ តារាដែលគួរឱ្យចាប់អារម្មណ៍ និងលេចធ្លោនៅក្នុងខ្សែភ្នែកខ្ញុំគឺតួឯកស្រីដែលសម្ដែងជាតួអង្គសោភា។ អាចថានេះជារឿងទី១ដែលធ្វើឱ្យខ្ញុំស្គាល់គាត់ ហើយមកដល់ពេលនេះ ខ្ញុំក៏មិនទាន់ស្គាល់ឈ្មោះគាត់ដែរ។ មើលរឿងនេះ ខ្ញុំមិនគិតថាគាត់ជាតារាសម្ដែងទេ តែជាតួអង្គសោភាពិតៗ ព្រោះគាត់ហាក់ដូចជាចូលតួខ្លាំង(មាន inner ខ្ពស់) ហើយសម្ដែងបានស័ក្ដិសមបំផុតទៅនឹង character របស់តួអង្គសោភានេះ។ ពេលទទួលសំបុត្ររបស់ប្ដី ពេលយំ ពេលខ្លាច ពេលម្ដាយបង្ខំ ពេលបែកពីប្ដី… គឺគាត់លេងចូលតួបានយ៉ាងល្អដែលធ្វើឱ្យអ្នកមើលដិតដាមអារម្មណ៍កម្សត់ ភ័យខ្លាច… ទៅតាមគាត់ដែរ។ ចំណែកតួអង្គមីងគ្រត ដែលធ្លាប់តែសម្ដែងកំប្លែងនៅលើឆាក លុះពេលមកសម្ដែងជាយាយព្រឹក្សម្ដាយរបស់តួឯកស្រីនៅក្នុងរឿងនេះ ក៏គាត់ធ្វើបានយ៉ាងល្អគួរឱ្យសរសើរ។ គាត់បានជម្រុះចោលនូវបុគ្គលិកលក្ខណៈជាតួកំប្លែងនៅលើឆាក មកធ្វើជាតួម្ដាយដែលមានចរិតកាចឆ្នាស ហួងហែងកូនស្រី និងពូកែខ្លាចខ្មោច បានយ៉ាងស័ក្ដិសម បើទោះជាមានឈុតខ្លះ គាត់ភ្លាំងភ្លាត់បញ្ចេញ character ជាតួកំប្លែងម្ដងម្កាលក៏ដោយ។

ក្រៅពីចំណុចល្អ រឿងនេះក៏នៅមានចំណុចខ្វះខាតដោយអន្លើផងដែរ។ ដោយសាររឿងកាត់ខ្លីៗភ្លឹបភ្លែតៗ(ដូចខ្លាចមិនបានលងអ្នកមើល 😝🤭 ) ធ្វើឱ្យទស្សនិកជនចាប់ detail លើ character របស់តួអង្គម្នាក់ៗមិនបានលម្អិត ពោលគឺការ Build Character តួអង្គនៅមានកម្រិត។ ជាក់ស្ដែង តួអង្គ វុធ (កូនទាហានដែលរងរបួស ហើយឯកទិញក្រូចពោធិ៍សាត់ទៅផ្ញើ) ឡាំង(កូនទាហានម្នាក់ដែលនៅបម្រើគ្រួសារឧត្តមតាំងពីឧត្តមនៅក្នុងសមរភូមិ) ដាំ និងដូង(កូនចៅរបស់មេទាហានសម្បត្តិ ដែលស្និទ្ធនឹងគ្រួសារឧត្តម)… ដែលតួអង្គប៉ុន្មាននាក់នេះ បើយើងមិនព្យាយាមតាមដានតាំងពីដើមរឿងមកទេ គឺមិនដឹងថាអ្នកណាជាអ្នកណា ហើយមានទំនាក់ទំនងគ្នាដូចម្ដេចនៅក្នុងរឿងនោះទេ។ ក្រៅពីនេះ នៅមានគ្រូខ្មោចស្រី ដែលជាគ្រូបោក តែរឿងមិនបានបង្ហាញច្បាស់ថាគាត់ជាគ្រូបោក និងគ្រូខ្មោចប្រុសដែលជាគ្រូចូលរូប និងចេះមន្តអាគមពិតប្រាកដ តែរឿងក៏មិនបានបង្ហាញលម្អិត និងចែកឱ្យដាច់នូវភាពខុសគ្នារបស់គ្រូខ្មោចទាំងពីរ។

ជារួម ក្រៅពីរន្ធត់ ភ័យខ្លាច ប្រឹងអត់ដង្ហើម មិនហ៊ានបើកភ្នែកមើលនៅក្នុងឈុតខ្លះ អ្នកផលិតរឿងនេះក៏ពូកែលាក់សាច់រឿងបានយ៉ាងល្អ ម្ដងឱ្យយើងសង្ស័យលើអ្នកនេះ ម្ដងលើអ្នកនោះ រហូតទាល់តែចុងបញ្ចប់រឿងទើបការពិតបានបកស្រាយ។ ក្រៅពីនេះ សូម្បីតែឈុតបញ្ចប់ចុងក្រោយ ក៏ឆ្លៀតធ្វើឱ្យបះសក់ ព្រឺរោមដ៏គួរឱ្យហួសចិត្ត និងមិនអស់មិនហើយទៀតផង។ ចុះដូចប្រាប់ពីខាងលើនេះអ៊ីចឹង រឿងនេះលងតាំងពីវិនាទីដំបូង រហូតដល់វិនាទីចុងក្រោយតែម្ដង! 😂😂

(Photo Credit: សូមអរគុណដល់ម្ចាស់រូបភាពទាំងអស់ ❤️❤️ )


បើខ្ញុំគឺខ្ញុំ ហេតុអ្វីខ្ញុំចាំបាច់ត្រូវប្រាប់អ្នកដទៃថា ខ្ញុំជាអ្នកណា?

មកដល់ថ្ងៃនេះ ខ្ញុំនៅតែមិនយល់ ហេតុអ្វីអ្នកដែលកើតមកជាហ្គេយ៍ ឬឡេសស្បៀន ចាំបាច់ត្រូវតែដើរប្រាប់អ្នកដទៃថាខ្លួនឯងជាហ្គេយ៍ ជាឡេសស្បៀន ទើបគេហៅថា ទទួលស្គាល់ការពិត ទទួលស្គាល់ខ្លួនឯង រស់ជាខ្លួនឯង ឬដែលគេចូលចិត្តនិយាយជាភាសាអង់គ្លេសថា Be yourself? 

បើខ្ញុំជាខ្ញុំ ហេតុអ្វីខ្ញុំត្រូវខ្វល់ពីការគិតរបស់អ្នកដទៃ? គេគិតបែបណា គេយល់បែបណាជារឿងរបស់គេ។ ចំណែកខ្ញុំគឺខ្ញុំ។ ខ្ញុំកើតមកបែបនេះ។ ខ្ញុំរស់នៅបែបនេះ។ ខ្ញុំពេញចិត្តនឹងជីវិតបែបនេះ។ ខ្ញុំសប្បាយចិត្តនឹងកើតមកបែបនេះ… តើចាំបាច់ដែរទេដែលខ្ញុំត្រូវប្រាប់អ្នកដទៃថា ខ្ញុំជាអ្នកណា?

ចំពោះខ្ញុំ ការស្គាល់ខ្លួនឯងច្បាស់ ការទទួលស្គាល់ខ្លួនឯង គឺការរស់នៅក្នុងប្រក្រតីភាពដូចមនុស្សប្រុសស្រីទូទៅ ដោយពុំចាំបាច់ដើរប្រកាសជាសាធារណៈថាខ្លួនជាអ្នកណា ទាំងដែលគ្មានអ្នកណាសួរ ឬអ្នកណាខ្វល់ផង។ បើគេសួរ មានអ្វីពិបាកនឹងឆ្លើយប្រាប់។ ចុះបើគេមិនសួរផង ហេតុអ្វីខ្ញុំត្រូវដើរប្រាប់គេ? 

Be yourself ក្នុងទស្សនៈខ្ញុំគឺរស់ជាខ្លួនឯងតាមបែបផែនរបស់ធម្មជាតិដែលបង្កើតយើងមក។ ធម្មជាតិបង្កើតមកបែបណា គឺរស់នៅបែបនោះ។ កើតមកជាប្រុសរស់ជាប្រុស។ កើតមកជាស្រីរស់ជាស្រី។ កើតមកជាហ្គេយ៍រស់ជាហ្គេយ៍។ កើតមកជាឡេសស្បៀនរស់ជាឡេសស្បៀន។ រស់ជាខ្លួនឯង ដោយមិនខ្វល់ថាអ្នកដទៃគិតដូចម្តេច។ រស់ជាខ្លួនឯងដោយមិនចាំបាច់ប្រកាសជាសាធារណៈថា ខ្ញុំជាអ្នកណា? 

(អរគុណរូបភាពពី Pinterest)


មកដល់ថ្ងៃនេះ ខ្ញុំនៅតែមិនគិតថាខ្ញុំបានបាត់បង់គាត់ទៅហើយ… ខ្ញុំហាក់ដូចជាស្អប់ខ្លួនឯង ពេលខ្ញុំដឹងថាខ្ញុំបានបាត់បង់គាត់ទៅលឿនយ៉ាងនេះ។ មិនថាចំពោះសាច់ញាតិខ្លួនឯង ឬអ្នកដទៃ ខ្ញុំហាក់ដូចជាមនុស្សម្នាក់ដែលមិនត្រឹមតែមិនចេះមាត់ក មិនចេះនិយាយស្ដីធម្មតាទេ គឺសូម្បីតែសួរសាទុក្ខ សុខឬជា ក៏ខ្ញុំមិនចេះដែរ។ ខ្ញុំហាក់ដូចជាស្អប់ខ្លួនឯងដែលម្ដាយមីងដ៏ស្លូតម្នាក់ បានចាកចេញទៅទាំងវ័យនៅក្មេងបែបនេះ…

រៀងរាល់យប់ ខ្ញុំហាក់ដូចជានៅតែឮសំឡេងសើចក្អាកក្អាយរបស់គាត់សើចតាមទូរស័ព្ទពេលនិយាយជាមួយម៉ែ។ ខ្ញុំហាក់ដូចជាឮគាត់ហៅម៉ែថា «មីចែៗ»… ខ្ញុំហាក់ដូចជាឮគាត់និយាយជាមួយម៉ែពីខ្ញុំថា «អ្ហឺម… មីចែអើយ អាម៉ាក់វាមិនចេះនិយាយស្ដីអីទេ បានតែវាសួរនាំ និយាយលេងមួយម៉ាត់ពីរម៉ាត់ ឯងអរចង់ងាប់ហើយ…» … ខ្ញុំនៅតែឮគាត់និយាយទូរស័ព្ទបណ្ដើរក្អកបណ្ដើរ… ខ្ញុំនៅតែឮគាត់និយាយទូរស័ព្ទបណ្ដើរ សើចក្អាកៗបណ្ដើរ។ គាត់ហាក់ដូចជាមានក្ដីសុខណាស់ ពេលបាននិយាយទូរស័ព្ទជាមួយម៉ែខ្ញុំម្ដងៗ…

សំឡេងរបស់គាត់នៅតែដិតដាមក្នុងអារម្មណ៍ខ្ញុំជានិច្ច… គាត់នៅតែរស់ក្នុងការចងចាំរបស់ខ្ញុំ… 


ផ្កាយ NoVeLs*– តាក់ស៊ីខ្មោច ជាប្រលោមលោកខ្នាតខ្លីបែប BL ឬដែលអ្នកនិពន្ធប្រាប់ថាបែប Bromance 👨‍❤️‍👨👬 អ្នកនិពន្ធប្រើសិល្ប៍វិធីសរសេរខ្លីៗ កាត់ៗ ខណ្ឌចប់ៗ តែមានន័យគ្រប់គ្រាន់ ពិសេសគោរពតាមក្បួនវេយ្យាករណ៍ខ្មែរបានយ៉ាងត្រឹមត្រូវ (ប្រធាន កិរិយា កម្មបទ និងខណ្ឌសញ្ញា)។

អាន ២,៣ ទំព័រដំបូង អារម្មណ៍ប្រៀបដូចពេលយើងកំពុងបញ្ឆេះឡានម៉ូតូដំបូងអ៊ីចឹង គឺម៉ាស៊ីននៅត្រជាក់មិនទាន់ក្ដៅ ចូលតួមិនទាន់ស៊ប់ អារម្មណ៍នៅភែលភល ដូចកំពុងអានកំណត់ហេតុរបស់ក្មេងប្រុសឈាមរាវម្នាក់ដែលគ្មានគោលដៅជីវិតច្បាស់លាស់ ចូលចិត្តធ្វើអីតែមួយឆាវៗ ប៉ះខ្ញុំដែលមិនសូវចូលចិត្តមនុស្សបែបនេះ អានបណ្ដើរ ស្គិញតួម្នាក់នេះបណ្ដើរ។ 👿👿

លុះអានដល់វគ្គដែលតួ “កាក់” ចេញមក សាច់រឿងក៏ប្រែជាទាក់ទាញជាលំដាប់ ធ្វើឱ្យខ្ញុំចង់ដឹងចង់ស្គាល់តួឈ្មោះ “កាក់” នេះកាន់តែច្បាស់ តើគេមកពីណា? ហេតុអីក៏ក្លាយជាវិញ្ញាណខ្មោចអនាថា? 👻😱 ដំបូងៗ គិតថាប្រហែលជាឡានតាក់ស៊ីនេះបុកគេនៅម្ដុំចំណតឡានក្រុងនោះ 🚘💉🩸 តែការពិតខុសស្រឡះ សាច់រឿងក្រឡាប់ចាក់ដូចរឿងស៊ើបអង្កេត! 🚨🚔🔫

បន្ទាប់មក អារម្មណ៍បែប bromance ក៏ចាប់ផ្ដើមរីកដុះដាលឡើងបន្តិចម្ដងៗ រហូតបេះដូងខ្ញុំអួលអាក់រំជើបរំជួលចង់យំម្ដងៗ តាំងពីតួអង្គ “ថុ” ចាប់ផ្ដើមដឹងថាមាន “ខ្មោច” នៅក្នុងឡានដែលគេបើក ហើយខ្មោចនោះគឺជា “កាក់” ដែលគេជួបសឹងតែរាល់ថ្ងៃនៅចំណតឡានក្រុង។ អារម្មណ៍តូចចិត្តអាណិត “កាក់” ដំបូង គឺពេលដែល “ថុ” យកព្រះមកដាក់តាមខ្លួន ហើយគំរាម “កាក់” កុំឱ្យមកតាមគេទៀត។ ពេលនោះអាណិត “កាក់” ខ្លាំងណាស់ ព្រោះគេជាខ្មោចអនាថា ឯកា មានតែខ្លួនមួយម៉ង់ៗ សូម្បីតែឪពុកម្ដាយក៏… មិនដែលឧទ្ទិសបុណ្យកុសលឱ្យគេដែរ! (យំមែនទែនហើយ) 😭😭

បន្តមកទៀត អ្នកនិពន្ធក៏រៀបរាប់ពីទំនាក់ទំនងរបស់មនុស្ស និងខ្មោចមួយគូនេះ ដែលកាន់តែស្និទ្ធស្នាលទៅៗ ដែលអាចឱ្យយើងដឹងថា ទំនាក់ទំនងនេះលើសពីមិត្តភក្តិ លើសពីបងប្អូន ដូចស្នេហា តែពិបាកយកភាសា ឬពាក្យណាមកហៅទំនាក់ទំនងមួយនេះឱ្យបានស៊ីជម្រៅ។ មានតែអ្នកដែលធ្លាប់មានបទពិសោធន៍ដូចអ្នកអាននេះទេដែលយល់! ហិហិ…🤭🤭

ថ្វីបើជារឿងប្រតិដ្ឋ តែអ្នកនិពន្ធហាក់យល់ច្បាស់ពីជីវភាពរបស់ខ្មោចអនាថាម្នាក់បានយ៉ាងច្បាស់ ដឹងថាខ្មោចអាចលង ឬបន្លាចមនុស្សតាមរូបភាពណា មនុស្សប្រភេទណាអាចមើលខ្មោចឃើញ ឬប៉ះខ្មោចបាន ខ្មោចអាចដើរចេញពីកន្លែងដែលខ្លួនស្លាប់បានឆ្ងាយជិតបែបណា ហើយធ្វើបែបណាទើបខ្មោចអាចទទួលសំណែនពីមនុស្សបាន… ជាដើម។ 

មិនតែប៉ុណ្ណោះ អ្នកនិពន្ធក៏បានរំលេចឱ្យឃើញច្បាស់នូវតថភាពសង្គមមួយចំនួន ដូចជារៀបរាប់ពីអាជីពអ្នកបើកតាក់ស៊ីបានយ៉ាងស៊ីជម្រៅ ការស៊ីសំណូក ពុករលួយ មានបានតាមខ្សែ(សង្គមការិយាធិបតេយ្យ) អំពើហិង្សា ការបៀតបៀនផ្លូវភេទ… ដែលចំណុចនេះ ខ្ញុំពិតជាអត់សរសើរអ្នកនិពន្ធមិនបាន ព្រោះក្រៅពីការកម្សាន្ដ អ្នកនិពន្ធបានបញ្ចូលចំណុចរសើបទាំងនេះចូលទៅក្នុងដំណើររឿងរបស់ខ្លួនបានយ៉ាងប៉ិនប្រសប់ (មិនប្រដៅ ឬអប់រំចំៗ មិនធ្វើឱ្យអ្នកអានធុញ)។ មួយចំណុចទៀត ដែលត្រូវតែសរសើរអ្នកនិពន្ធនោះគឺ អក្ខរាវិរុទ្ធ គឺខុសតែប៉ុន្មានពាក្យប៉ុណ្ណោះ ដែលពិបាករកសៀវភៅណាដែលសរសេរបានត្រឹមត្រូវស្ទើរតែ ១០០% បែបនេះណាស់ សម្រាប់សៀវភៅដែលចេញផ្សាយថ្មីៗនាពេលបច្ចុប្បន្ននេះ។ 👏👏

ដោយមិនចង់ឱ្យបែកធ្លាយសាច់រឿងសំខាន់ៗនៅក្នុងរឿងនេះ ខ្ញុំសុំមិនបន្តរៀបរាប់វែងឆ្ងាយទេ គ្រាន់តែចង់ប្រាប់ថា រឿងនេះធ្វើឱ្យខ្ញុំរំជួលចិត្តច្រាលទឹកភ្នែកចេញមកមិនតិចកន្លែងទេ មិនថាកន្លែងដែល “ថុ” សុំឱ្យ “កាក់” នៅឆ្ងាយពីជីវិតគេ កន្លែងដែល “កាក់” ខានបង្ហាញខ្លួនមួយរយៈ កន្លែងដែល “ថុ” ដឹងថា “កាក់” ស្លាប់ដោយសារអ្វី? កន្លែងដែល “ថុ” ទៅជួបប៉ាម៉ាក់របស់ “កាក់” កន្លែងដែលម៉ាក់របស់ “កាក់” ធ្វើពើមិនទទួលស្គាល់ការពិត កន្លែងដែលប៉ារបស់ “កាក់” ដឹងថាកូនរបស់ខ្លួនមិនមែនស្លាប់ដោយការធ្វើអត្តឃាតជាដើម…

ហើយក្រៅពីនេះ ក៏មានវគ្គស្វីតៗច្រើនដែរ ជាពិសេសចុងកន្ទុយរឿង ពេលដែល “កាក់” ត្រឡប់មកវិញជាមួយឈ្មោះថ្មី “តុ” ។ 😍😍 
#តាក់ស៊ីខ្មោច #Taxiខ្មោច #ទ្រីសម្ផស្ស #ComicsArt #អានលេង


[27.June.2022]

នេះជាថ្ងៃចន្ទដំបូងដែលនៅក្រុមហ៊ុនគ្មានខ្ញុំទៅធ្វើការ។ រយៈពេល៨ឆ្នាំនៅទីនោះ ខ្ញុំមានអនុស្សាវរីយ៍ជាច្រើន។ ខ្ញុំមិនមែនជាមនុស្ស friendly អីទេ ដូច្នេះខ្ញុំមិនរំពឹងទេថា នឹងមានមនុស្សប៉ុន្មាននាក់ដែលនឹកខ្ញុំ។ ការពិតទៅ បើទោះជាគ្មានមនុស្សនឹកខ្ញុំក្នុងផ្លូវល្អ ក៏មានគេនិយាយដើម ឬលួចជេរពីក្រោយខ្នងដែរ។ 🤭 🤭

និយាយលាក់បាំងអី នៅក្រុមហ៊ុន ខ្ញុំជាមនុស្សឆ្មើងឆ្មៃណាស់ ជាមនុស្សមុខងាប់ មិនទទួលភ្ញៀវ មិនរាប់មិត្ត អ៊ីចឹងហើយរយៈពេល ៨ឆ្នាំនៅទីនោះ ខ្ញុំស្គាល់មិត្តភក្តិ ឬមានមិត្តរួមការងារដែលជិតស្និទ្ធតែប៉ុន្មាននាក់ប៉ុណ្ណោះ។ មនុស្សឆ្មើងឆ្មៃ មនុស្សមិន friendly… ជាបុគ្គលិកលក្ខណៈមិនល្អទេ ជាពិសេសផ្នែកទំនាក់ទំនងការងារ ឬការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម… បើយើងមិនស្គាល់គេច្រើន បើយើងមិនមែនជាមនុស្សដែលរួសរាយរាក់ទាក់ ឬនិយាយផ្អែម ចេះលួងលោម ចេះលើកសរសើរ… យើងនឹងពិបាករកការងារល្អធ្វើ ព្រោះតែយើងគ្មានខ្សែរយៈ ឬខ្វះមិត្តភក្តិ ខ្វះអ្នកស្រឡាញ់។ 😑😑

ប៉ុន្តែខ្ញុំខុសគេ។ ខ្ញុំមិនអាចកែប្រែខ្លួនខ្ញុំ។ ខ្ញុំមិនអាចញញឹម fake មិនចេះបញ្ចេញចរិត fake, fake ដើម្បីទទួលបានការរាប់អាន ទទួលពាក្យសរសើរ ឬបានខ្សែរយៈដើម្បីទទួលបានការងារល្អៗធ្វើនៅពេលក្រោយនោះទេ។ មុននឹងនិយាយបន្ត ខ្ញុំចង់បញ្ជាក់បន្តិចថា ភាពឆ្មើងឆ្មៃរបស់ខ្ញុំ គឺមិនមែនជាមនុស្សដើរពើងទ្រូង ដើរពើយ ដើរងើយ អួតក្អេងក្អាងអីនោះទេ គឺគ្រាន់តែជាមនុស្សមិនចូលចិត្តនិយាយស្ដី ឬមិនចូលចិត្តរួសរាយរាក់ទាក់ឱ្យគ្រាន់តែចប់ពិធីការប៉ុណ្ណោះទេ ពោលគឺបើមិនមានសាច់ការអ្វី ឬមិនទាក់ទងនឹងការងារចាំបាច់ ខ្ញុំចៀសមិននិយាយស្ដីតែម្ដង។ ក្នុងន័យនេះខ្ញុំគិតថា ខ្ញុំមើលមកខ្លួនខ្ញុំថាជាមនុស្សស្ងៀមស្ងាត់ច្រើនជាង តែបើអ្នកដទៃប្រើភាសា “ឆ្មើងឆ្មៃ” ដើម្បីហៅចរិតបែបនេះរបស់ខ្ញុំ ខ្ញុំក៏ទទួល ព្រោះខ្ញុំជាមនុស្សដែលមិនខ្វល់នឹងរឿងអស់នេះស្រាប់ទៅហើយ ដ្បិតបើខ្ញុំខ្វល់ ប្រហែលជាខ្ញុំត្រូវបន្លំធ្វើជា friendly បែប fake, fake ដើម្បីទទួលបានការរាប់អានពីមនុស្សគ្រប់គ្នាបាត់ទៅហើយ។ 😵‍💫😵‍💫

ខ្ញុំមិនធ្លាប់ស្ដាយក្រោយក្នុងការរស់ជាខ្លួនឯងបែបនេះទេ។ ថ្វីបើនៅសាលារៀន ធ្លាប់អប់រំខ្ញុំឱ្យដូរចរិតខ្លួនឯងដើម្បីទទួលបានឱកាសការងារល្អៗ តែខ្ញុំក៏មិនធ្លាប់គិតថានឹងដូរដើម្បីទទួលបានឱកាសនោះ ហើយខ្ញុំត្រូវដើរតួជាមនុស្សម្នាក់ផ្សេងទៀតដែលមិនមែនជាខ្ញុំនោះទេ។ ថ្វីបើមានសៀវភៅអប់រំស្ដីពីសិល្បៈក្នុងការប្រាស្រ័យទាក់ទងមនុស្សក្នុងសង្គមការងារជាច្រើន ប្រាប់ឱ្យខ្ញុំធ្វើបែបនេះបែបនោះ តែខ្ញុំនៅតែមិនធ្វើតាម ព្រោះបើខ្ញុំធ្វើតាម ម្នាក់នោះមិនមែនជាខ្ញុំទៀតទេ។ ខ្ញុំពេញចិត្តនឹងឱ្យគេស្អប់ ខ្ញុំពេញចិត្តនឹងឱ្យគេនិយាយដើមថាខ្ញុំជាមនុស្សមិនល្អ ខ្ញុំពេញចិត្តនឹងមានមិត្តភក្ដិតិច ខ្ញុំពេញចិត្តនឹងរស់នៅម្នាក់ឯង ខ្ញុំពេញចិត្តនឹងធ្វើជាខ្ញុំតាមធម្មជាតិរបស់ខ្ញុំ ព្រោះខ្ញុំគឺខ្ញុំ។ 😎😎

#BeYourself #BeTheRealYou #ខ្ញុំគឺខ្ញុំ


lonely

ថ្ងៃនេះនៅហាងកាហ្វេមានសភាពស្ងាត់ខុសពីធម្មតា។ ស្ងាត់រហូតខ្ញុំមិនអាចផ្ចង់ស្មារតីធ្វើការបាន ក្រៅពីប្រើអារម្មណ៍រវើរវាយគិតដល់រឿងអតីតកាលជាច្រើន។

អតីតកាល ខ្ញុំជាមនុស្សស្ងប់ស្ងាត់ មិនចូលចិត្តរាប់អានមិត្ត មិនចូលចិត្តស្គាល់មនុស្សថ្មី។ ស្គាល់មនុស្សថ្មីម្នាក់ ខ្ញុំត្រូវត្រៀមចិត្តដើម្បីការឈឺចាប់ដែលអាចកើតឡើងនៅពេលណាមួយក្នុងពេលអនាគត។ ដូច្នេះ ស្ទើរតែពេញមួយជីវិតខ្ញុំកន្លងមក ខ្ញុំមិនដែលចង់ស្គាល់នរណាឱ្យបានជិតស្និទ្ធនោះទេ។ កាន់តែជិតស្និទ្ធ ទំហំនៃការឈឺចាប់កាន់តែធំធេង។ ការពិតទៅ ជីវិតខ្ញុំ ត្រូវគេដៅឱ្យដើរក្នុងផ្លូវនេះតាំងពីណាពីណីមកហើយ គឺត្រូវរៀនរស់ដោយខ្លួនឯង រៀននៅម្នាក់ឯង រៀនរស់ដោយគ្មានមិត្តភក្តិ គ្មានអ្នកស្គាល់ ពោលគឺរស់នៅជាមួយភាពឯកា រហូតចាត់ទុកភាពឯកាគឺជាក្តីសុខរបស់ខ្លួនឯង។ រយៈពេល៦ឆ្នាំនៅបឋមសិក្សា ខ្ញុំបានស្គាល់មិត្តភក្តិតែម្នាក់គត់ ហើយម្នាក់នោះក៏ឃ្លាតពីខ្ញុំទៅ បន្ទាប់ពីគេស្គាល់មិត្តភក្តិផ្សេងៗទៀតដែលមិនមែនជាខ្ញុំ។ ៦ឆ្នាំនៅវិទ្យាល័យ ខ្ញុំក៏បានស្គាល់មិត្តភក្តិម្នាក់ទៀត ហើយយើងក៏នៅរាប់អានគ្នារហូតដល់បច្ចុប្បន្ន។ ១ឆ្នាំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខ្ញុំក៏បានស្គាល់មិត្តភក្តិម្នាក់ទៀត ហើយយើងក៏នៅរាប់អានគ្នាដល់បច្ចុប្បន្ន បើទោះជាគេមានគ្រួសារ មានកូន មានមុខរបររៀងៗខ្លួនហើយក៏ដោយ។ ៦ឆ្នាំ នៅប្រទេសឡាវ ខ្ញុំក៏បានស្គាល់មិត្តភក្តិម្នាក់ទៀត ហើយយើងក៏នៅរាប់អានគ្នាដល់បច្ចុប្បន្ន បើទោះជាយើងរស់នៅប្រទេសពីរផ្សេងគ្នាក៏ដោយ។ ចូលដល់វ័យការងារ ខ្ញុំក៏បានស្គាល់មិត្តភក្តិម្នាក់ទៀត ហើយខ្ញុំគិតថា គាត់គឺជាមិត្តភក្តិតែម្នាក់គត់ដែលខ្ញុំស្គាល់នៅក្នុងរយៈកាលនេះ។

ខ្ញុំមិនដឹងថា ខ្លួនឯងចាប់ផ្តើមយល់ពីជីវិតខ្លួនឯងតាំងពីពេលណាទេ ដឹងត្រឹមថា ខ្ញុំខ្លាចក្នុងការចាប់ផ្តើមស្គាល់មនុស្សថ្មី។ ខ្ញុំមិនចង់ឈឺចាប់ មិនចង់ស្រឡាញ់ មិនចង់ស្អប់ មិនចង់នឹក មិនចង់គេចវេះ មិនចង់មានចំណង… ចង់ត្រឹមស្គាល់គេក្នុងនាមជាមនុស្សរស់នៅលើភពផែនដីតែមួយក៏គ្រប់គ្រាន់។ តែម្តងជាពីរដង ខ្ញុំតែងតែធ្លោយស្គាល់មនុស្សថ្មីម្នាក់ ទទួលយកមនុស្សថ្មីម្នាក់ មកឱ្យមានចំណងនៅក្នុងជីវិតរបស់ខ្លួនឱ្យទាល់តែបាន។ ហើយដូចការរំពឹងទុក… ខ្ញុំនៅតែឈឺចាប់ នៅតែរងគ្រោះ ព្រោះស្គាល់មនុស្សថ្មីនេះ ដដែលជាដដែល។

បើអាចបង្វិលពេលវេលាបាន… សុំកុំឱ្យយើងស្គាល់គ្នា បានទេ?


ផ្កាយNoveLs*– ក្នុងនាមជាអ្នកនិពន្ធម្នាក់ គ្មានអ្វីរំភើបជាងបានអានសៀវភៅដែលល្អមួយក្បាលនោះទេ។ សៀវភៅល្អអាចមាននិយមន័យផ្សេងៗគ្នា ទៅតាមទស្សនៈ និងរសនិយមរបស់អ្នកអានដែលមានច្រើនសណ្ឋានខុសៗគ្នាដែរ។ ចំពោះខ្ញុំ ស្នាដៃដែលល្អ ក្រៅពីប៉ះទង្គិចផ្លូវចិត្ត ផ្លូវអារម្មណ៍របស់ខ្ញុំហើយ សៀវភៅ ឬស្នាដៃនោះតែងតែរួមចំណែកជំរុញទឹកចិត្តខ្ញុំ ដែលបាត់បង់អារម្មណ៍ ឬកម្លាំងចិត្តក្នុងការសរសេរសៀវភៅឱ្យមានកំសួលចិត្តពុះកញ្ជ្រោលឡើងវិញ។

ក្រៅពីស្នាដៃរបស់អ្នកនិពន្ធចាស់ៗ ដូចជា លោក នូ ហាច អ្នកស្រី ម៉ៅ សំណាង… និងអ្នកនិពន្ធបរទេសជាច្រើនរូបទៀត ខ្ញុំកម្រពើបប្រទះនឹងស្នាដៃដែលធ្វើឱ្យខ្ញុំលិចលង់ក្នុងជម្រៅមនោសញ្ចេតនា ឬក៏សិល្ប៍វិធីក្នុងការពិពណ៌នាអារម្មណ៍ភ្ជាប់ជាមួយនឹងធម្មជាតិ ក៏ទេដែរ។ អ្នកនិពន្ធថ្មីៗ ក្រៅពី សុខ ចាន់ផល ក្នុងស្នាដៃរឿង «សង្សារ១៤ថ្ងៃ» អ្នកនិពន្ធ ព្រុំគន្ធារ៉ូ ម្ចាស់ស្នាដៃរឿងខ្លី ចំ«ណែកដែលខ្វះ» និង «មនុស្សក្រៅបញ្ជី» ក្នុងសៀវភៅ នារីសក់ខ្លី… ពុំទាន់មានអ្នកនិពន្ធស្រករក្រោយណាធ្វើឱ្យខ្ញុំរំជើបរំជួល និងស្លុងជ្រៅទៅក្នុងរូបារម្មណ៍ដែលអ្នកនិពន្ធបានបង្កើតឡើងនៅឡើយទេ។

ថ្មីៗនេះ ខ្ញុំទើបតែបានអានស្នាដៃរឿង «ទេពច្យុតក្លែងក្លាយ» របស់អ្នកនិពន្ធ ធឿន វុទ្ធី ដែលជាអ្នកនិពន្ធដ៏ក្មេងខ្ចីម្នាក់ គឺក្មេងយកតែមែនទែន តែទឹកដៃនិពន្ធចាស់ទុំ និងប្រៀបបានជាស្នាដៃដែលពេញដោយបទពិសោធន៍មួយ ដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល និងមិននឹកស្មានទាល់តែសោះថា ប្អូនប្រុសម្នាក់នេះអាចសរសេររឿងបានល្អិតល្អន់ និងស៊ីជម្រៅដល់ថ្នាក់នេះ។ គាត់សរសេរសាមញ្ញៗ ខ្លីៗ តែគ្រប់ពាក្យពេចន៍សុទ្ធសឹងដិតដាម ជ្រួតជ្រាបដោយមនោសញ្ចេតនាស៊ីជម្រៅ។ គាត់ជាអ្នកនិពន្ធម្នាក់ដែលពូកែសង្កេត និងពិពណ៌នាពីបុគ្គលិកលក្ខណៈ រូបសម្បត្តិ ការស្លៀកពាក់ សកម្មភាព រួមទាំងអារម្មណ៍របស់តួអង្គបានច្បាស់លាស់ និងស៊ីជម្រៅ។ គ្រប់យ៉ាងសុទ្ធសឹងតែដូចការពិតទាំងអស់។ ខ្ញុំក៏ធ្លាប់អានរឿង «អារក្សខ្មៅ» របស់គាត់ដែរ តែបានតែ ៤,៥វគ្គ ក៏ទុកសិនព្រោះរវល់ពេក និងបានត្រឹមនឹកស្ងើចសរសើរថា ជាស្នាដៃល្អមួយ។ បើប្រៀបធៀបនឹងរឿង «ទេពច្យុតក្លែងក្លាយ» គឺប្រៀបធៀបមិនកើតទេ ព្រោះរឿងទាំងពីរស្ថិតនៅក្នុងប្រភេទផ្សេងគ្នា។

អ្វីដែលខ្ញុំអត់សរសើរមិនបាននៅក្នុងស្នាដៃរឿង «ទេពច្យុតក្លែងក្លាយ» គឺអ្នកនិពន្ធសរសេរ និងរៀបចំឆ្អឹងរឿងបានល្អិតល្អន់ខ្លាំងណាស់។ អ្នកនិពន្ធមិនដែលភ្លេចសូម្បីតែកម្ទេចរឿងដ៏ល្អិតល្អោចតូចតាចមួយ តែមានឥទ្ធិពលអាចធ្វើឱ្យរង្គោះរង្គើដល់ផ្ទៃរឿងទាំងមូលបាន។ ជាក់ស្តែងនៅក្នុងឃ្លាមួយអ្នកនិពន្ធបានលើកឡើងថា «…ដើមណូអែលមួយដើមធំនោះ គេយកចេញទៅបាត់ហើយ គ្រាន់តែគេមិនបានយកអនុស្សាវរីយ៍របស់ខ្ញុំ និងមុនិន្ទទៅជាមួយ។ […]» អ្នកខ្លះអាចនឹងគិតថាធម្មតាៗ តែបើគេបានអានរឿងតាំងពីដើមដោយយកចិត្តទុកដាក់ ខ្ញុំគិតថាគេនឹងភ្ញាក់ផ្អើល ហើយគិតថាមិនធម្មតាដូចខ្ញុំដែរ។ និយាយទៅ បើអ្នកនិពន្ធមិនបានដាក់អារម្មណ៍ និងរៀបចំប្លង់រឿងបានល្អិតល្អន់ទេនោះ គាត់អាចមិនបាច់សរសេរពីដើមណូអែលនេះក៏បាន។ គាត់អាចសរសេរពីទេសភាពសួនច្បារ សរសេរពីយប់ងងឹត សរសេរពីអាកាសធាតុដែលអួរអាប់ សរសេរពីមេឃពីផ្កាយ… ឬអ្វីផ្សេងទៀតដែលមិនមែនជាដើមណូអែល ហើយអាចពិពណ៌នាបានរាប់សិបទំព័រផងក៏មិនដឹង។ តែសួរថា សរសេរហើយបានអ្វីមកវិញទេ? សរសេរហើយវាប៉ះទង្គិចអារម្មណ៍អ្នកអាន និងរង្គោះរង្គើដល់ផ្ទៃរឿងទាំងមូលដូចសរសេរពីដើមណូអែលដែលអ្នកនិពន្ធបានបង្ហើប និងបង្ហាញ(តែមិនប្រាប់) ពីខាងដើមមកទេ?

និយាយទៅ គ្រប់យ៉ាងនៅក្នុងស្នាដៃនេះ គាត់ពិតជាធ្វើបានល្អិតល្អន់ខ្លាំងណាស់ មិនថាមនោសញ្ចេតនា មិនថាការដាក់អារម្មណ៍ រួមទាំងទឹកមុខ កាយវិការ និងសកម្មភាពរបស់តួអង្គម្នាក់ៗ។ ក្រៅពីនេះ អ្នកនិពន្ធបានប្រើសិល្ប៍វិធីថ្មីមួយបែបទៀតដែលអ្នកនិពន្ធជំនាន់មុនមិនធ្លាប់ធ្វើ និងមិនហ៊ានធ្វើ តែអ្នកនិពន្ធស្រករក្រោយបានធ្វើច្រើនគ្នាដែរហើយ។ នោះគឺការ ប្រើសិល្ប៍វិធីនិទានបែបបុរសទី១ដែលឆ្លាស់តួអង្គឱ្យនិយាយម្តងម្នាក់។ ចំណុចនេះគាត់ធ្វើបានល្អខ្លាំងណាស់ គឺល្អរហូតហ៊ាននិយាយបានថាឥតខ្ចោះ ឥតចន្លោះ ឥតច្រឡំត្រង់ណាទាល់តែសោះ។ តួម្នាក់ៗចែកអារម្មណ៍គ្នាដាច់ មិនច្រឡំតួ មិនច្រឡំភេទ មិនច្របូកច្របល់បុគ្គលិកលក្ខណៈគ្នា គឺម្នាក់ដឹងម្នាក់ អ្នកណានិយាយ គឺច្បាស់ជាអ្នកនោះ។ នេះជាចំណុចដ៏ពិសេសមួយរបស់អ្នកនិពន្ធ ដែលធ្វើបានយ៉ាងល្អ អត់ស្ងើចសរសេរមិនបាន។

បើនិយាយពីតួអង្គឬ? អ្ហឺម… ខ្ញុំមិនចង់និយាយសោះ ព្រោះបើរំឭកពីរឿងរ៉ាវរបស់ពួកគេ គឺតែងតែធ្វើឱ្យខ្ញុំឈឺគ្រប់ពេលដែលនឹកឃើញ! សូមមិននិយាយពីតួឯកប្រុសទាំងពីរទេ តែសូមនិយាយពីតួអង្គស្រីពីរនាក់វិញគឺ នាថ និងលីកា។ និយាយដល់ចំណុចនេះ ខ្ញុំអត់មិនសរសើរពីអ្នកនិពន្ធមិនបានទៀតហើយ! ហេតុអីក៏ពូកែម្ល៉េះ? ហេតុអីក៏បង្ហាញអារម្មណ៍របស់នាថបានច្បាស់ៗម្ល៉េះ? ខ្ញុំជាមនុស្សប្រុសម្នាក់ ដែលគួរណាស់តែចូលអារម្មណ៍តួប្រុសទាំងពីរនោះជាង តែតាមរយៈសិល្ប៍វិធីបញ្ជ្រាបមនោសញ្ចេតនាដ៏ប៉ិនប្រសប់របស់អ្នកនិពន្ធក៏ធ្វើឱ្យខ្ញុំចូលតួ ស្លុងអារម្មណ៍នឹកអាណិតនាថយ៉ាងដក់ចិត្ត។ ពោលគឺខ្ញុំឈឺចាប់ជំនួសនាថ ហើយពេលអានដល់វគ្គដែលនាងព្យាយាមធ្វើល្អយកចិត្តទុកដាក់ចំពោះមុនិន្ទ គឺខ្ញុំតែងតែនឹកភ័យបុកពោះ បារម្ភខ្លាចក្រែងការពិតនាថបានស្រឡាញ់មុនិន្ទដែរ តែលាក់ទុកក្នុងចិត្ត និងភូតកុហកថានាងមិនស្រឡាញ់គេ តែស្រឡាញ់បុរសផ្សេងវិញ ដើម្បីកុំឱ្យមុនិន្ទរារែកចិត្តក្នុងការស្វែងរកសេចក្តីសុខរបស់គេជាមួយមនុស្សដែលខ្លួនស្រឡាញ់។ និយាយទៅ គឺខ្ញុំបារម្ភខ្លាចនាថលះបង់ដើម្បីមនុស្សដែលខ្លួនស្រឡាញ់ ដោយសុខចិត្តបៀមទុក្ខឈឺចាប់តែម្នាក់ឯង។

ចំណែកតួអង្គលីកាវិញ ស្តាយដែលអ្នកនិពន្ធមិនបានផ្តល់ឱកាសឱ្យនាង បានរៀបរាប់អារម្មណ៍ និងរឿងរ៉ាវខ្លួនឯងដល់អ្នកអានជាច្រើន ដែលខ្ញុំជឿថាមិនមែនមានតែខ្ញុំ ដែលរង់ចាំចង់ដឹងពីអារម្មណ៍ និងរឿងរ៉ាវជីវិតរបស់នាងតាមរយៈសម្តីរបស់នាងផ្ទាល់ឱ្យបានលម្អិតជាងនេះ។ ទោះយ៉ាងណា អ្នកនិពន្ធក៏មិនបោះបង់នាងចោលកណ្តោលទីដែរ គឺអ្នកនិពន្ធនៅតែបង្ហាញតួនាទីដ៏សំខាន់របស់នាងនៅក្នុងផ្ទៃរឿងរហូតដល់ចុងបញ្ចប់។ នេះមិនទាន់និយាយពី «ពូម៉ា» អ្នកក្រឡុកស្រាដ៏ពូកែ និងក្មេងប្រុសទុរគតឈ្មោះ «សុជាតិ» ផងទេ ព្រោះបើអ្នកនិពន្ធបំភ្លេចតួអង្គទាំងពីរនេះចោល «ភាពល្អឥតខ្ចោះ» នៃស្នាដៃនេះ នឹងថមថយទៅតាមនោះដែរ។

ខាងលើនេះ ខ្ញុំគ្រាន់តែនិយាយត្រួសៗពីទឹកដៃ និងសិល្ប៍វិធីក្នុងការនិពន្ធប៉ុណ្ណោះ មិនទាន់បាននិយាយពីកំហុសឆ្គងផ្នែកអក្ខរាវិរុទ្ធនៅក្នុងសៀវភៅនៅឡើយទេ។ សៀវភៅមួយក្បាលនេះ មានកំហុសអក្ខរាវិរុទ្ធដោយអន្លើ ដែលខ្ញុំជឿថាពុំមែនជាចេតនារបស់អ្នកនិពន្ធ និងក្រុមផលិតសៀវភៅឡើយ។ អ្នកនិពន្ធ និងក្រុមការងារពិតជាសោកស្តាយដូចគ្នាដែលមានកំហុសឆ្គងទាំងនោះកើតឡើង។ ដូច្នេះខ្ញុំជឿជាក់ថា បើមានការបោះពុម្ពលើកទី២ ឬមានស្នាដៃថ្មីផ្សេងទៀត អ្នកនិពន្ធ និងក្រុមការងារ នឹងខិតខំសម្រិតសម្រាំង ពិនិត្យផ្ចិតផ្ចង់ ព្រមទាំងព្យាយាមកាត់បន្ថយកំហុសឆ្គងទាំងនោះឱ្យបានតិចបំផុត តាមដែលអាចធ្វើទៅបានជាក់ជាពុំខាន។ ដោយក្តីស្រឡាញ់រាប់អាន! 🙂  #ទេពច្យុតក្លែងក្លាយ #ធឿនវុទ្ធី #វិភាគសៀវភៅ #BookReview #ចំណាប់អារម្មណ៍

 


IMG_0118

ជីវិតផុយស្រួយណាស់​ គ្រាន់តែព្រលែងដៃបន្តិច វានឹងធ្លាក់បែកដូចកែវរបូតចេញពីដៃអ៊ីចឹង។

ជីវិតខ្ញុំក៏ដូចគ្នា។ ពេលនេះគ្មានអ្វីត្រូវស្តាយទៀតទេ។​​ ខ្ញុំគិតថា​ ខ្ញុំជោគជ័យគ្រប់គ្រាន់សម្រាប់ដើរចេញហើយ។​ ផ្ទះក៏មាននៅ ឡានក៏មានជិះ លុយក៏មានចាយ ម៉ែក៏បានរស់នៅស្រួល…។​ ខ្ញុំគិតថា​ ខ្ញុំបានធ្វើអ្វីៗដែលចង់ធ្វើរួចហើយ!

ដូច្នេះបើខ្ញុំចាកចេញពីទីនេះយ៉ាងស្ងប់ស្ងាត់ ក៏គង់គ្មានអ្វីត្រូវស្តាយដែរ។ មនុស្សយើងមិនចាំបាច់រស់នៅដល់អាយុ ១០០ ទេ ត្រឹមរស់បានស្កប់ស្កល់នឹងអ្វីដែលខ្លួនមានគឺគ្រប់គ្រាន់ហើយ។ អាចថា ដល់ពេលត្រូវសម្រាកហើយ ឬដល់ពេលដែលត្រូវទៅវិញហើយ… ទៅកន្លែងដែលស្ងប់សុខបំផុត…​កន្លែងដែលពុំចាំបាច់ដកដង្ហើម…


ខ្សែភាពយន្ត “Kim Ji-young, Born 1982” ដកស្រង់ចេញពីសៀវភៅប្រលោមលោកដ៏ល្បីល្បាញនៅប្រទេសកូរ៉េ និពន្ធដោយអ្នកនាង Cho Nam-joo បោះពុម្ពផ្សាយលើកដំបូងឆ្នាំ ២០១៦ និងត្រូវបានគេលើកយកមកជជែកវែកញែកយ៉ាងច្រើន ព្រោះតែរឿងនេះនិយាយពីភាពអយុត្តិធម៌នៅក្នុងសម័យកាលមួយដែលសង្គមកូរ៉េយកបុរសជាធំ និងបន្ទាបបន្ថោកតម្លៃស្ត្រីយ៉ាងខ្លាំង ពោលប្រលោមលោករឿងនេះបានផ្តោតទៅលើការរើសអើងភេទ និងវិសមភាពយេនឌ័រ។

Kim Ji-Young, Born 1982 និយាយពីមនុស្សស្រីម្នាក់ឈ្មោះ Kim Ji-Young ដែលត្រូវបង្ខំចិត្តលាឈប់ពីការងារដែលខ្លួនស្រឡាញ់ដើម្បីមកចិញ្ចឹមកូន ខណៈដែលប្តីរបស់នាងនៅបន្តធ្វើការងារដើម្បីចិញ្ចឹមគ្រួសារ។ លុះមកដល់ថ្ងៃមួយ នាងក៏ទ្រាំទ្រនឹងស្ថានភាពជីវិតជាស្ត្រីមេផ្ទះដែលនៅតែមួយកន្លែងលែងបាន(បើជាស្ថានភាពរបស់ស្ត្រីខ្មែរគេថាបង្វិលជើងក្រានមិនជុំ)  និងចាប់ផ្តើមមានកាយវិការចម្លែកៗជាមួយមនុស្សនៅជុំវិញខ្លួន ដែលធ្វើឱ្យប្តីរបស់នាងចាប់ផ្តើមព្រួយបារម្ភថានាងអាចនឹងមានបញ្ហាផ្លូវចិត្ត។

រឿងនេះបង្ហាញឱ្យយើងឃើញពីសង្គមរស់នៅរបស់កូរ៉េអំឡុងទសវត្សរ៍៨០ ដែលគ្រួសារនីមួយៗផ្តល់តម្លៃតែលើកូនប្រុស។ ជាក់ស្តែងម្តាយរបស់តួឯកស្រីផ្ទាល់ កាលនៅរៀនក៏ រៀនពូកែជាងកូនប្រុសៗ តែក៏ត្រូវបង្ខំចិត្តឈប់រៀនដើម្បីរកស៊ីចិញ្ចឹមប្អូនៗឱ្យបានរៀនខ្ពង់ខ្ពស់។ ផ្នត់គំនិតនេះបានបន្តមកដល់ជំនាន់កូនៗទៀត ដោយបងស្រីរបស់ Kim Ji-Young ក៏ត្រូវប្រឹងប្រែងធ្វើការដើម្បីចិញ្ចឹមប្អូនៗទាំងអស់ដែរ។ ចំណែក Kim Ji-Young កាលនៅរៀន ពេលមានសិស្សប្រុសតាមបៀតបៀនផ្លូវភេទ ក៏ត្រូវឪពុកស្តីបន្ទោសថា មករៀនធ្វើអីឆ្ងាយៗម្ល៉ឹង និងមកពីស្លៀកពាក់ខើចខ្លីជ្រុលជាដើម។ លុះរៀនចប់មានការងារធ្វើ សមត្ថភាពខ្ពស់ តែបែរជាបានប្រាក់ខែទាបជាងបុរស និងត្រូវថ្នាក់លើដែលជាស្រីដូចគ្នាមើលរំលងទៀត ព្រោះតែខ្លាចពេលរៀបការ មានប្តីមានកូនទៅនាំឱ្យប៉ះពាល់ដល់ការងារក្រុមហ៊ុន។

តួអង្គ Kim Ji-Young គឺជាតួអង្គដែលតំណាងឱ្យមនុស្សស្រីធម្មតាៗម្នាក់ដែលត្រូវបំពេញកាតព្វកិច្ចជា «ម្តាយ» និង «ប្រពន្ធ» ដ៏ល្អ តាមការឃ្លាំមើល និងវាយតម្លៃរបស់សង្គម។ ការងារជាស្ត្រីមេផ្ទះបានធ្វើឱ្យ Kim Ji-Young លែងមានពេលវេលាចន្លោះប្រហោងសម្រាប់ខ្លួនឯង ដើម្បីដើរតាមក្តីស្រមៃរបស់ខ្លួន និងធ្វើនូវអ្វីដែលខ្លួនចង់ធ្វើ។ អារម្មណ៍ដែលគិតថា ខ្លួនឯងគ្មានតម្លៃ ធ្វើការតត្រុកក្នុងផ្ទះរាល់ថ្ងៃ ដើម្បីតែបំពេញភ្នែកញាតិ និងគ្រួសារប្តី បានធ្វើឱ្យនាងក្រៀមក្រំ ខ្វាយខ្វល់ក្នុងចិត្ត គិតច្រើន… រហូតមានជំងឺបាក់ទឹកចិត្តដោយចៀសមិនផុត។

 

ថ្ងៃមួយនាងត្រូវគេពេបជ្រាយថា ស្រីមេផ្ទះដូចជាពួកនាងមិនខុសអ្វីពី «សត្វឈ្លើង» ដែលតោងស៊ីញើសឈាមប្តីរាល់ថ្ងៃនោះទេ ទាំងដែលការពិតនាងជាមនុស្សស្រីម្នាក់ដែលបានលះបង់ ការងារដែលខ្លួនស្រឡាញ់ដើម្បីពលិកម្មជីវិតទាំងមូលនេះ ធ្វើជាស្ត្រីមេផ្ទះ និងជាម្តាយចិញ្ចឹមមើលថែកូន ដោយការធ្វើជាម្តាយម្នាក់នេះ មិនមែនជារឿងងាយស្រួលដូច ដែលបុរសភាគច្រើនគិតនោះទេ។

ខ្សែភាពយន្តនេះ​ ពុំមានអ្វីជាអាថ៌កំបាំងដែលនាំឱ្យយើងរំភើប ភ្ញាក់ផ្អើល ស្មានសាច់រឿងមិនត្រូវអីនោះទេ ព្រោះការបង្ហាញដំណើររឿងក៏ធម្មតាៗតាមរយៈពាក្យសម្តី កាយវិការ ទឹកមុខរបស់តួអង្គ… តែមានសិល្បៈខ្ពស់ក្នុងការបង្ហាញ ហើយតួអង្គក៏សម្តែងសមឥតខ្ចោះ ធ្វើឱ្យខ្ញុំស្លុងអារម្មណ៍លែងចាប់អារម្មណ៍ថា នេះជារឿងដែលគេសម្តែង តែជាដំណើរជីវិតពិតរបស់ស្ត្រីម្នាក់ រហូតធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកជាច្រើនលើកច្រើនសា ទាំងដែលខ្ញុំមិនមានប្រវត្តិដំណើររឿងអីដូចតួក្នុងរឿងឡើយ។

 

ក្រោយទស្សនារឿងនេះចប់ ខ្ញុំក៏ចាប់អារម្មណ៍ថា ការពិតទៅ មនុស្សស្រីមិនត្រូវការឱ្យសង្គមសម្លឹងខ្លួនក្នុងឋានៈជាភេទទន់ខ្សោយនោះទេ តែមនុស្សស្រីចង់ឱ្យសង្គមមើលក្នុងភាពស្មើគ្នា និងគោរពក្នុងឋានៈជាមនុស្សដូចគ្នា មិនត្រូវការឱ្យផ្តល់តម្លៃ និងកិត្តិយសខ្ពស់ជាងបុរស តែត្រឹមផ្តល់ឱ្យស្មើៗគ្នា គឺគ្រប់គ្រាន់ទៅហើយ។ ពិសេសសូមចាំថា មនុស្សស្រីមិនមែនកើតមករង់ចាំតែបង្កើតកូន និងចិញ្ចឹមកូនឱ្យបុរសនោះទេ…