Feeds:
ប្រកាស
មតិ

Archive for the ‘ទស្សនៈសង្គម’ Category


បើខ្ញុំគឺខ្ញុំ ហេតុអ្វីខ្ញុំចាំបាច់ត្រូវប្រាប់អ្នកដទៃថា ខ្ញុំជាអ្នកណា?

មកដល់ថ្ងៃនេះ ខ្ញុំនៅតែមិនយល់ ហេតុអ្វីអ្នកដែលកើតមកជាហ្គេយ៍ ឬឡេសស្បៀន ចាំបាច់ត្រូវតែដើរប្រាប់អ្នកដទៃថាខ្លួនឯងជាហ្គេយ៍ ជាឡេសស្បៀន ទើបគេហៅថា ទទួលស្គាល់ការពិត ទទួលស្គាល់ខ្លួនឯង រស់ជាខ្លួនឯង ឬដែលគេចូលចិត្តនិយាយជាភាសាអង់គ្លេសថា Be yourself? 

បើខ្ញុំជាខ្ញុំ ហេតុអ្វីខ្ញុំត្រូវខ្វល់ពីការគិតរបស់អ្នកដទៃ? គេគិតបែបណា គេយល់បែបណាជារឿងរបស់គេ។ ចំណែកខ្ញុំគឺខ្ញុំ។ ខ្ញុំកើតមកបែបនេះ។ ខ្ញុំរស់នៅបែបនេះ។ ខ្ញុំពេញចិត្តនឹងជីវិតបែបនេះ។ ខ្ញុំសប្បាយចិត្តនឹងកើតមកបែបនេះ… តើចាំបាច់ដែរទេដែលខ្ញុំត្រូវប្រាប់អ្នកដទៃថា ខ្ញុំជាអ្នកណា?

ចំពោះខ្ញុំ ការស្គាល់ខ្លួនឯងច្បាស់ ការទទួលស្គាល់ខ្លួនឯង គឺការរស់នៅក្នុងប្រក្រតីភាពដូចមនុស្សប្រុសស្រីទូទៅ ដោយពុំចាំបាច់ដើរប្រកាសជាសាធារណៈថាខ្លួនជាអ្នកណា ទាំងដែលគ្មានអ្នកណាសួរ ឬអ្នកណាខ្វល់ផង។ បើគេសួរ មានអ្វីពិបាកនឹងឆ្លើយប្រាប់។ ចុះបើគេមិនសួរផង ហេតុអ្វីខ្ញុំត្រូវដើរប្រាប់គេ? 

Be yourself ក្នុងទស្សនៈខ្ញុំគឺរស់ជាខ្លួនឯងតាមបែបផែនរបស់ធម្មជាតិដែលបង្កើតយើងមក។ ធម្មជាតិបង្កើតមកបែបណា គឺរស់នៅបែបនោះ។ កើតមកជាប្រុសរស់ជាប្រុស។ កើតមកជាស្រីរស់ជាស្រី។ កើតមកជាហ្គេយ៍រស់ជាហ្គេយ៍។ កើតមកជាឡេសស្បៀនរស់ជាឡេសស្បៀន។ រស់ជាខ្លួនឯង ដោយមិនខ្វល់ថាអ្នកដទៃគិតដូចម្តេច។ រស់ជាខ្លួនឯងដោយមិនចាំបាច់ប្រកាសជាសាធារណៈថា ខ្ញុំជាអ្នកណា? 

(អរគុណរូបភាពពី Pinterest)

Read Full Post »


ដំបូងឡើយ ខ្ញុំគ្រាន់តែគិតថា នាងគឺជាក្មេងស្រីឆ្លាត គួរឲ្យស្រឡាញ់ តែនរណាទៅដឹងថា ភាពឆ្លាតរបស់នាងពោរពេញទៅដោយល្បិច ឯភាពគួរឲ្យស្រឡាញ់របស់នាងពោរពេញទៅដោយពិសពុល…។

ពីមុន ខ្ញុំធ្លាប់ប្រើពាក្យពិសពុល សម្រាប់ហៅជំពូកមនុស្សដែលចូលចិត្តធ្វើខ្លួនឲ្យគេស្រឡាញ់ ធ្វើចរិតឃ្យូតៗ សុភាពរម្យទម ចូលចិត្តឈឺឆ្អាល ជួយយកអាសារអ្នកដទៃ ឬក៏ធ្វើខ្លួនកម្សត់គួរឲ្យអាណិត តែការពិតពិសពុលខ្លាំងជាងពិសពស់ទៅទៀត។

ឥឡូវ ពាក្យពិសពុលរបស់ខ្ញុំ ស្រាប់តែមាននិយមន័យថ្មីមួយបន្ថែមទៀត។ នោះគឺសម្រាប់ហៅក្មេងស្រីសម្តីផ្អែម រៀនបានខ្ពង់ខ្ពស់ រសនិយមទាន់សម័យ តែសម្តីសម្តៅលាបដោយទឹកឃ្មុំពិស។ ពិសពុលរបៀបនាង គឺជាពិសពុលភេទញី!

Read Full Post »


Thai Drama_Archphkai ផ្កាយ​NoVeLs*– យូរ​ក្រែល​ដែរ​ហើយ​ដែល​រឿងភាគ​ថៃ​ចាប់​ផ្តើម​វាយ​លុក​ទីផ្សារ​ភាព​យន្ត​ខ្មែរ​ជា​បណ្តើរៗ​តាម​រយៈ​ស្ថានីយ​ទូរទស្សន៍​កញ្ជះ​ថៃមួយ​នោះ​។ គេ​សង្កេត​ឃើញថា តាំង​ពី​ប៉ុស្តិ៍​នោះ​ឈប់​ផ្សាយ​រឿង​ថៃ​មួយ​រយៈ​ធំ​មក ស្ថានីយ​ទូរទស្សន៍​ដែលធ្លាប់​តែ​ល្បីដាច់​គេ​កាល​ពី​​ជំនាន់​មុន ​ស្ទើរ​តែ​ដាំ​ក្បាល​ដួល​ម្តងៗ​ទៅ​ហើយ​។ ប៉ុន្តែ​ថ្មីៗ​នេះ​ តាំង​ពី​ចាប់​ផ្តើម​ដាក់​ផ្សាយ​រឿង​ភាគ​ថៃ​ជា​បណ្តើរ​ៗ​មក គេ​សង្កេត​ឃើញ​ថា​ប៉ុស្តិ៍​ដែល​ស្ងាត់​ច្រៀប​ដូច​ចោរ​លួច​សេះ​មួយ​នេះ​ ស្រាប់​តែ​មាន​ក្រុម​ហ៊ុន​មួយ​ចំនួន​ទាក់​ទង​ផ្សព្វ​ផ្សាយ​ផលិត​ផល​របស់​ខ្លួន ​​យ៉ាង​ព្រោង​ព្រាត​។

មាន​រឿង​សម្ងាត់​មួយ​(ហាម​ប្រាប់​អ្នកណា! 😀 ) យប់​មិញ​ក្រោយ​ពី​ចប់​រឿង «ស្អែកនៅតែ​ស្នេហ៍» ដែលខ្ញុំ​ធ្លាប់​មើល​ជា​វ៉័រសឹន​ថៃ​ចប់​ម្តង​ហើយ​នោះ ពេល​ចុច​បិទ​ទូរទស្សន៍​ស្រាប់តែ​ខ្ញុំ​នៅ​តែ​ឮ​សំឡេង​ចម្រៀង​អម​របស់​រឿង​នេះ​លាន់​ឡើង​ចេញ​ពី​ផ្ទះ​អ្នក​ជិត​ខាង។ ព្រះជា​ម្ចាស់!!! (ខ្ញុំ​ប្រហោង​ពោះធ្លុង) នេះ​បានន័យ​ថា មិន​មែន​តែ​ខ្ញុំ​ទេ ដែល​បើក​ប៉ុស្តិ៍​នេះ​មើល​រឿងថៃ?(Sic) ហើយ​ខ្ញុំ​គិតថា ភាព​យន្ត​ខ្មែរ​នឹង​ដាំ​ក្បាល​ចុះ​ជា​ថ្មី បើ​គុណ​ភាព​នៅ​តែ​គ្មាន​អ្វី ប្រែ​ប្រួល​ដូច្នេះ​។

គួរ​រម្លឹក​ថា សូម្បី​តែ​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​ ព្រះ​បាទ​នរោត្តម​សីហនុ​ ក៏​ធ្លាប់​មាន​ព្រះ​រាជឱ​ង្ការថា រឿង​ភាគ​ថៃ​ជា​រឿង​ពាលាមាន​តែ​ស្រី​វ៉ៃ​គ្នា​ដណ្តើម​ប្រុស​ ពុំ​គួរណាប្រជាជន​ខ្មែរ​​នាំ​គ្នា​ទស្សនា​សោះ​​ឡើយ​។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ ខ្ញុំ​សូម​លើក​យក​ចំណុច​ឆ្កួតៗ​ឡប់​ៗ​របស់​រឿងថៃ​ដប់​ចំណុច​​មក​បង្ហាញ​ ដើម្បីបញ្ជាក់​ថារឿង​ថៃ​គ្មាន​អ្វី​ល្អ​មើល​ឡើយ​ ក្រៅ​ពី​ផ្តល់​គំរូ​អាក្រក់​ដល់​សង្គម​ខ្មែរ​ និង​ប្រជា​ជន​ថៃ​ផ្ទាល់​។ បើ​ផលិត​ករ​ភាព​យន្ត​ខ្មែរ​ចេះ​អភិវឌ្ឍគុណភាព​ស្នាដៃ​របស់​ខ្លួន​​តែ​បន្តិច កុន​ខ្មែរ​នឹង​មាន​ប្រៀប​លើ​ថៃ​យ៉ាង​ប្រាកដ។

Archphkai_Thai Drama

១. ផ្តើម​រឿង​ដោយ​តួ​ឯក​ប្រុស​ តួឯក​ស្រី​មិន​ត្រូវ​គ្នា​

អាច​​ថា​​នេះ​ជា​ឆាកកេរ​ពី​ដូន​តា​ក៏ថា​បាន​ ព្រោះ​សាច់​រឿង​បែប​នេះ​មានស្ទើរ​តែ​គ្រប់​រឿង​ មិន​ដឹង​ថា​​មិន​ត្រូវ​គ្នា​តាំង​ពីជាតិ​ណា ចេញ​ឡើង​មិន​ដែល​ឃើញ​តួឯក​ត្រូវ​គ្នា​ ស្រាប់​តែ​ចុង​បញ្ចប់​ត្រឡប់​ជា​ស្រឡាញ់​គ្នា​ឆ្កុយ!
២. តួ​ច្រណែន​ឈ្នានីស​ត្រូវ​តែ​ផាត់​មុខ​ឲ្យ​ក្រាស់ៗ​

នេះ​ជាលក្ខណៈ​ពិសេស​​របស់​តួឆ្នាស់ថៃ​ ដែល​តួ​ត្រូវ​តែ​ផាត់​មុខ​ក្រាស់ៗ គូរ​​រោម​ចិញ្ចើម​បះ​ឆ្កឺតៗ​​ រោម​ភ្នែក​ងៗ​ ផាត់​ក្រែម​ក្រហម​ដិតៗ​ ហើយ​ចូលចិត្ត​ស្រែក​ឡូឡាស្ទើរ​បែក​ក្រដាស​ត្រចៀក។

៣. ឆាក​វ៉ៃ​គ្នា​ដណ្តើម​ប្រុស​

ឆាក​នេះ​មាន​ច្រើន​លើស​ឆាក​ស្នេហាទៅ​ទៀត​ ដោយ​ភាគ​ច្រើន​អ្ន​កដែល​ត្រូវ​គេវ៉ៃ​គឺ​តួឯកស្រី​​ ដែល​ទន់​ជ្រាយ​ហើយ​​បើ​និយាយ​ពី ស្លូត​នោះគឺ​ស្លូត​ហួស ស្ទើរ​តែ​រក​មនុស្ស​ក្នុង​លោក​នេះ​ប្រដូច​គ្មាន​។

៤. ឆាក​ចាប់​រំលោភ​

ឆាក​នេះ​ជួប​ច្រើន​នៅ​ក្នុង​រឿង​ភាគ​ថៃ​ ជា​ពិសេស​ពេល​ដែល​តួ​ឯក​ប្រុស​ខឹង​តួ​ឯក​ស្រី​ខ្លាំង​ពេក​ គ្មាន​អ្វី​ដោះ​ស្រាយ​ក៏​ធ្វើ​បែប​នេះ​។ រួច​បន្ទាប់​ពី​នោះ​តួស្រី​ក៏​ចាប់​ផ្តើម​មាន​អាការៈ​ក្អួត​ចង្អោរ​ចាញ់​កូ​ន​ភ្លាម​។

៥. តួឯកតែង​តែ​ល្ងង់

ទោះ​បី​ជា​តួ​ឯក​ប្រុស​រៀន​ចប់​បណ្ឌិត​ ឬ​​រៀន​ខ្ពស់​កម្រិត​ណាក៏​ដោយ​ ឲ្យ​តែ​តួឆ្នាស់​និយាយ​​ផ្លុំ​ត្រចៀក​បន្តិច​ គឺជឿ​ស្លុង​ដោយ​គ្មាន​ហេតុ​ផល​ បើ​ទោះ​បី​ជាមាន​ការ​ពន្យល់​បក​ស្រាយ​​ពី​តួ​ឯកស្រី ឪពុកម្តាយ​ ឬ​តួនានា។ បើ​មាន​តួស្រី​បន្លំ​ខ្លួ​ន​ជា​ប្រុស​ តួ​ឯក​ប្រុស​ជា​អ្នក​ដែល​មើល​ដឹង​ក្រោយ​គេបំផុត​(ល្ងង់​រកលេខ​ដាក់​គ្មាន)។ Lakhorn Thai_Archphkai ៦. តួឆ្នាស់​តែង​តែ​ឆ្កួត​នៅ​ចុង​បញ្ចប់

ចុង​បញ្ចប់​តួ​ឆ្នាស់​ត្រូវ​តែ​ឆ្កួត ឬ​ពេលខ្លះ​ក៏​មាន​ស្លាប់​ ឬ​ត្រឡប់​មក​ជា​ល្អ​វិញ​ដែរ តែ​មិន​ដែល​បាន​ឃើញ​តួ​ឆ្នាស់​បាន​សង​នូវ​អ្វីដែលខ្លួន​ធ្លាប់​ធ្វើ​កន្លង​មក​សោះ​។

៧. «យើង​ជា​នរណា?» សំណួរ​ប្រចាំ​ត្រកូលរបស់​តួឆ្នាស់

តួឆ្នាស់​ចូលចិត្ត​​សួរ​​​ថា «នាង​ដឹង​ទេថា​យើង​ជា​នរណា??» បន្ទាប់​ពី​នោះ ក៏​ស្រែក​ជំទាល​ស្ទើរ​បែក​ក្រដាស​ត្រចៀក ឬ​ក៏​យក​ស្បែក​ជើង​កែង​វាយ​ប្រកាប់​ប្រចាក់​គ្នា​រញ្ជួយ​ផែនដី។

៨. តួឯក​តែង​តែ​ត្រចៀកស

តួ​ឯក​ទាំង​ប្រុស​ទាំង​ស្រី​តែង​តែ​ជឿ ឬ​ស្តាប់​ពាក្យ​ញុះ​ញង់​របស់​តួ​ឆ្នាស់​ជា​និច្ច​ ដែល​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​ពួកគេ​តែ​ង​តែ​ប្រេះ​ឆា​​ជា​ច្រើន​លើក​ច្រើន​សា។

៩. អ្នក​មាន​ជា​អ្នក​ក្រ អ្នក​ក្រ​ជា​អ្នក​មាន​

បើ​តួ​ឯក​ជា​កូន​អ្នក​ក្រី​ក្រ​តោកយ៉ាក កុំ​បារម្ភ​ឲ្យ​សោះ​ មិន​យូរ​មិន​ឆាប់​គេ​នឹងរក​ឃើញ​ថា ការ​ពិត​គេ/នាង​​ជាកូន​សេដ្ឋី​ដែល​ឆ្មប ឬ​តួ​ខូច​ចាប់​ពង្រត់​ទៅ។

១០. ស្រីចាប់​រំលោភ​ប្រុស​

រឿង​ដែល​តួ​ស្រី​ចាប់​រំលោភ​ប្រុសអាច​កម្រ​ឃើញ​នៅ​ក្នុង​រឿង​ប្រទេស​នានា​​ តែ​ក្នុង​រឿង​ភាគ​​ថៃ​ រឿង​ដប់​ស្ទើរ​តែ​មាន​ប្រាំ​បីក្នុង​នោះ​។ តួ​ឯក​ប្រុស​តែងតែ​ត្រូវ​តួ​ឆ្នាស់ចាប់​​បង្អក​ស្រា ឬ​​លប​លួច​ដាក់ថ្នាំ​ បើ​ចាប់​រំលោភ​មិន​បាន​សម្រេច​ យ៉ាង​ហោច​ណាស់​ក៏​ធ្វើ​ឲ្យ​តួ​ឯកស្រី យល់​ច្រឡំដែរ​៕

Read Full Post »


សួង ម៉ាក់៖ កុំ​គិត​ថា​ ទៅ​សិក្សា​នៅ​ឡាវ​ខ្លាច​អត់​ការងារ​ធ្វើ

និស្សិត​ខ្មែរ​ភាគ​ច្រើន​មិន​ចង់​បាន អាហារូបករណ៍ ទៅ​សិក្សា​នៅ​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​ស្មើ​ ឬ​ទាប​ជាង​​​កម្ពុជានោះ​​ទេ​ ដោយ​គេ​គិត​ថា​សញ្ញាប័ត្រ​ចេញ​ពី​ប្រទេស​នោះ​នឹង​មិន​សូវ​មាន​តម្លៃ​ នាំ​ឲ្យ​ពិបាក​រក​ការងារ​ធ្វើ។ ប៉ុន្តែ​យុវជន​ សួង​ ម៉ាក់ ​អាយុ​២៧​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ចាម​ ទើប​ត្រឡប់​មក​ដល់​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ​ បន្ទាប់​​ពី​ចំណាយ​ពេល​សិក្សា​អក្សរ​សាស្ត្រ​ឡាវ​ នៅ​សាកល​វិទ្យាល័យ​ជាតិ​ឡាវ​ (National University of Laos) អស់​រយៈពេល​៥​ឆ្នាំ​បាន​ច្រានចោល​ទស្សនៈ​នោះ។

រហូត​មក​ដល់​ពេល​នេះ​ តើ​សញ្ញាប័ត្រ​មក​ពី​ប្រទេស​ឡាវ​​អាច​ឲ្យ ​សួង​ ម៉ាក់ ​រក​បាន​ការងារ​អ្វី​ធ្វើ​ហើយ ឬ​នៅ? ថ្ងៃ​នេះ​ គេហទំព័រ​ Sabay​ បាន​សាក​សួរ​យុវជន​រូប​នេះ​ ដែល​មាន​ក្នុង​បទ​សម្ភាសន៍​ដូច​តទៅ៖

Sabay៖ តើ​ ម៉ាក់​ ដឹង​ដំណឹង​​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ដោយរបៀប​​ណា? ហើយ​ធ្វើ​ម៉េច​ទើប​ទទួល​បាន​អាហារូបករណ៍​នេះ?
សួង ម៉ាក់៖ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ មាន​កន្លែង​ផ្ដល់​ដំណឹង​ទាក់​ទង​នឹង​អាហារូបករណ៍។ ខ្ញុំ​ដឹង​ដំណឹង​អាហារូបករណ៍​នេះ​ពី​មិត្ត​ខ្ញុំ​មក។

ដើម្បី​ទទួល​បាន​អាហារូបករណ៍​នេះ ​និស្សិត​ត្រូវ​​ប្រឡង​លើ​មុខ​វិជ្ជា​ពីរ​វិញ្ញាសា​ គឺ​​អក្សរ​សាស្ត្រ​ខ្មែរ​ និង​​ចំណេះ​ដឹង​វប្បធម៌​ទូ​ទៅ។ ក្រសួង​អប់រំ​យុវជន​ និង​កីឡា​របស់​យើង​ជា​អ្នក​រៀប​ចំ​ ដោយ​​ជ្រើស​រើស​តែ​៦​នាក់​ទេ​ ហើយ​អ្នក​ជាប់​ត្រូវ​រៀន​អក្សរ​សាស្ត្រ​ឡាវ​​ កាល​នោះ។ បច្ចុប្បន្ន​ក្រសួង​រើស​ដល់​ទៅ​​១០​នាក់​ ហើយ​បេក្ខជន​​អាច​ជ្រើស​រើស​រៀន​ សេដ្ឋកិច្ច​ គណនេយ្យ​ វិស្វករ​ ឬ​កុំព្យូទ័រ​បាន​ តែ​​ក្រសួង​ក៏​បាន​បន្ថែម​មុខ​វិជ្ជា​ប្រឡង​ដែរ​ ដូច​ជា​ គណិតវិទ្យា និង​ភាសា​អង់គ្លេស​ជា​ដើម។

Sabay៖ មុន​ពេល​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ តើ​ ម៉ាក់​ កំពុង​ធ្វើ​អ្វី?
សួង ម៉ាក់៖ ពេល​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ ខ្ញុំ​កំពុង​សិក្សា​ថ្នាក់​ឆ្នាំ​ទី​មួយ​ផ្នែក​អក្សរ​សាស្ត្រ​ខ្មែរ​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រួច​ទៅ​ហើយ​ ដូច្នេះ​អាហារូបករណ៍​នោះ ​គឺ​ត្រូវ​នឹង​ជំនាញ​ខ្ញុំ​ស្រាប់។

Sabay៖ ហេតុ​អ្វី​បាន​ជា​ចង់​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ ខណៈ​និស្សិត​ជា​ច្រើន​ប្រាថ្នា​ចង់​​ទៅ​សិក្សា​នៅ​ប្រទេស​អភិវឌ្ឍ​ច្រើន​ជាង?
សួង​ ម៉ាក់៖ តាម​ពិត​ទៅ​ ខ្ញុំ​ស្រឡាញ់​មុខ​វិជ្ជា​អក្សរ​សាស្ត្រ​ខ្មែរ​ ដែល​ខ្ញុំ​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ណាស់​ ប៉ុន្តែ​ដោយសារ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​រ៉ាប់​រង​​ការ​ចាយ​វាយ​ផ្សេង​ៗ​ ដូច្នេះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​នោះ​តែ​ម្ដង​ ដើម្បី​បន្ធូរ​បន្ទុក​ក្នុង​គ្រួសារ​ខ្ញុំ ​ឯ​ខេត្ត​កំពង់​ចាម។

Sabay៖ តើ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​ឡាវ​​យ៉ាង​ម៉េច​ដែរ? 
សួង ម៉ាក៖ នៅ​ប្រទេស​លាវ ​និស្សិត​បរទេស​ត្រូវ​រៀន​៦​ឆ្នាំ​ ដោយ​រាប់​ទាំង​រៀន​​ត្រៀម​​ភាសា​លាវ​មួយ​ឆ្នាំ​ផង​ ព្រោះ​បរិញ្ញាបត្រ​នៅ​ស្រុក​ឡាវ​​ និស្សិត​ត្រូវ​រៀន​៥​ឆ្នាំ។ បច្ចុប្បន្ន​ ឡាវ​បាន​ប្ដូរ​មក​រៀន​៤​ឆ្នាំ​ដូច​ខ្មែរ​ដែរ​ ដូច្នេះ​និស្សិត​ដែល​ទៅ​​រៀន​នៅ​ទី​នោះ​ ត្រូវ​រៀន​តែ​៥​ឆ្នាំ​ រាប់​ទាំង​រៀន​ត្រៀម​ភាសា​ឡាវ​ផង។

Sabay៖ ចុះ​សម្រាប់​ការ​រស់​នៅ​ប្រទេស​ឡាវ​​វិញ​ មាន​បញ្ហា​ប្រឈម​អ្វី​ខ្លះ?
សួង​ ម៉ាក់៖ នៅ​ប្រទេស​ឡាវ​ ប្រជាជន​រួសរាយ​រាក់​ទាក់​ និង​មាន​ប្រពៃណី​ របៀប​របប​រស់​នៅ​ដូច​ខ្មែរ​យើង​ដែរ​ ហើយ​សន្តិសុខ​ទៀត​សោត​ក៏​ល្អ​ ដូច្នេះ​ខ្ញុំ​អាច​សម្រប​ខ្លួន​រស់​នៅ​បាន​យ៉ាង​ងាយ​ស្រួល​នៅ​ទី​នោះ។

Sabay៖ ក្រោយ​ពី​ត្រឡប់​មក​ពី​ឡាវ​​វិញ​ តើ​ជំនាញ​ដែល​រៀន​នៅ​ទី​នោះ​ជួយ​ធ្វើ​ឲ្យ​ ម៉ាក់​ ស្រួល​ក្នុង​ការ​រក​ការងារ​ធ្វើ​ទេ?
សួង ម៉ាក់៖ ជំនាញ​ដែល​ខ្ញុំ​សិក្សា​នៅ​ប្រទេស​ឡាវ​​ គឺ​ពិត​ជា​មាន​អត្ថប្រយោជន៍​ណាស់។ ពេល​មក​ដល់​ស្រុក​ខ្មែរ​ភ្លាម​ ខ្ញុំ​ត្រូវ​បាន​គេ​ទាក់​ទង​ផ្ដល់​ការងារ​ក្រៅ​ម៉ោង​ឲ្យ​ភ្លែត។ បច្ចុប្បន្ន​ ខ្ញុំ​ជា​បុគ្គលិក​ពេញ​សិទ្ធិ​ឲ្យ​ក្រុម​ហ៊ុន​ O | Orange ដែល​ផ្ដល់​សេវា​រៀប​ចំ​កម្ម​វិធី​ ទទួល​ថត​ស្ពត​ ថត​កុន​ខ្នាត​ខ្លី ឬ​ចម្រៀង​ជា​ដើម​ ក្នុង​តួនាទី​ជា​ Copywriter។ ខ្ញុំ​បាន​ប្រើ​ប្រាស់​ភាសា​ឡាវ​​ សម្រាប់​បក​ប្រែក​ឯកសារ​​ផ្សេង​ៗ​ជា​ភាសា​ថៃ​ ក្នុង​កិច្ច​ការងារ​បច្ចុប្បន្ន​របស់​ខ្ញុំ។

Sabay៖ ចុះ​បើ​និស្សិត​ខ្មែរ​ណា​ចង់​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ឡាវ​​ដូច​អ្នក​ដែរ​ តើ​អ្នក​មាន​អ្វី​ជា​ការ​ណែ​នាំ​ទេ?

សួង ម៉ាក់៖ ខ្ញុំ​​មិន​​មាន​បទ​ពិសោធន៍​ ចំពោះ​​ការ​ដាក់​ពាក្យ​សុំ អាហារូបករណ៍ ​ទៅ​សិក្សា​សហរដ្ឋ​អាមេរិក នោះ​ទេ​ ប៉ុន្តែ​ជា​យោបល់​រួម​របស់​ខ្ញុំ​ អាហារូបករណ៍​ទៅ​ប្រទេស​ណា​ក៏​ដោយ​ សាមី​ខ្លួន​ត្រូវ​ស្គាល់​ខ្លួន​ឯង​ឲ្យ​ច្បាស់​ថា ​​ខ្លួន​ឯង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ហើយ ​ឬ​នៅ​ ដើម្បី​ដាក់​អាហារូបករណ៍​នោះ។ បើ​មិន​ទាន់​មាន​ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច​ខ្លះ​ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ខ្លួន។ នៅ​ពេល​​ពង្រឹង​សមត្ថភាព​បាន​គ្រប់​គ្រាន់​ហើយ​(3.00/4.00 GPA, 6-6.5 IELTS, 550-570​TOEFL) និង​ជឿ​ជាក់​ថា​ខ្លួន​ឯង​អាច​ធ្វើ​បាន​ ទោះ​ជា​អាហារូបករណ៍​ប្រទេស​ណា​ក៏​ដោយ​ នឹង​មិន​ជា​ការ​ពិបាក​ទេ។

ចំពោះ​អាហារូបករណ៍​ទៅ​ប្រទេស​ឡាវ​ក៏​ដូច​គ្នា។ ដំបូង​ត្រូវ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​លើ​អ្វី​ដែល​ក្រសួង​ត្រូវ​ការ។ មុខ​វិជ្ជា​ណា​ដែល​​ក្រសួង​តម្រូវ​ឲ្យ​ប្រឡង​ ត្រូវ​​ខិត​ខំ​រៀន​ ​រម្លឹក​ និង​ស្វែង​យល់​​ពី​មុខ​វិជ្ជា​នោះ​ឲ្យ​ច្បាស់​ ឬ​ស្វះ​ស្វែង​រក​វិញ្ញា​សា​ដែល​ធ្លាប់​ប្រឡង​ចេញ​ឆ្នាំ​មុន​ៗ ដើម្បី​ត្រៀម​ខ្លួន​​បាន​កាន់​តែ​ងាយ​ស្រួល​។ នៅ​ពេល​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​បាន​គ្រប់​គ្រាន់​ហើយ​ និង​ជឿ​ជាក់​ថា​ ខ្លួន​ឯង​ពិត​ជា​អាច​​ធ្វើ​បាន​ អ្វី​ៗ​នឹង​ដំណើរ​​ការ​យ៉ាង​ស្រួល៕

អត្ថបទ៖ មាស រ័ត្ន

ប្រភព៖ http://news.sabay.com.kh/articles/436623

 

Read Full Post »


មែនហើយ ភ្លេចៗខ្លួន តាមពិតខ្ញុំបានចូលអានក្នុងប្លក់របស់បង ប្រហែលមួយឆ្នាំហើយ! «ប្លក់​អាចម៍​​ផ្កាយ» ជា​ប្លក់​មួយ​ដំបូង​គេដែលខ្ញុំបានស្គាល់ ក្នុងបណ្តាញទំនាក់ទំនងសង្គម វ៉ឺត​ប្រែស។ ខ្ញុំ​បាន​ស្គាល់​ប្លក់របស់បងដំបូង គឺតាម​រយៈ​កាសែត​ក្នុង​ស្រុកមួយដែលគេបានចុះផ្សាយថា «និស្សិតខ្មែរ​វ័យ​ក្មេង​នៅ​ឡាវកំពុង​ប្រើប្រលោមលោករិះគន់សង្គម»។ អាន​អត្ថបទ​កាសែត​​នោះដំបូង គឺខ្ញុំចង់សរសើរបងដែល​បាន​ខិតខំសិក្សារហូតទទួលបានអាហារូបករណ៍ទៅសិក្សាដល់ឡាវ។ ទី​ពីរ​គឺ​ពេញ​ចិត្តនឹងអត្ថបទដកស្រង់ ពីរឿង «ទេពច្យុតិ» ។ «ទេពច្យុតិ» ជាចំណងជើងរឿងមួយដែលពិតជាពីរោះខ្លាំងណាស់! អត្ថបទរឿងខ្លី ដែល​ដកស្រង់នោះ​ទៀតសោត​ គឺអ្វីឲ្យខ្ញុំចម្លែក​មែនទែន តួអង្គមិនមែនជាមនុស្ស។ ខ្ញុំអានផងឆ្ងល់ផង ដល់​អាន​យូរៗទៅទើបដឹងថាបងចង់សំដៅលើអ្វី! ក្នុងអត្ថបទកាសែតនោះ គេមានបង្ហាញពីគេហទំព័រ របស់​បងផងដែរ (https://archphkai.wordpress.com)​​​ ដូច្នេះហើយទើបខ្ញុំបានស្គាល់។ ពេលខ្ញុំអាន អត្ថបទកាសែតនោះចប់ភ្លាម ខ្ញុំ​ក៏​បាន​សាកល្បងចូលក្នុងប្លក់របស់បងសាកមើល។

មិនខុសចិត្តឡើយ គ្រាន់តែចូលភ្លាមឃើញមានប្រកាសរឿងជាច្រើន ដែលចំណងជើងសុទ្ធតែ​ចាប់អារម្មណ៍ គួរ​ឲ្យ​ចង់​អាន​។​ ក្នុង​ពេលនោះខ្ញុំបានគិតក្នុងចិត្តថា ហេសហេ តែប៉ុណ្ណេះផ្អែមមាត់ហើយ ហាហាហា កំពុង​តែ​ចូល​ចិត្ត​អាន​រឿង​ផង ដល់​ចូល​មកប៉ះប្លក់ប្រលោមលោកទៀត ហេសហេ ចាំមើល អានឲ្យ​អស់!! កាលណុងអរណាស់ គឺ​អរ​ដល់​ថ្នាក់​ដូច​ពាក្យ​កំប្លែង​ដែល​គេនិយាយតគ្នាថា នេះពិតជារក អុស ប្រទះចង្រ្កានហ្គាស​​ពិតមែន​។  ក្នុង​​យប់ដែលខ្ញុំបានចូលមើលដំបូងនោះ គឹ​ជា​ថ្ងៃ​ដែលបងប្រកាស​រឿង​ខ្មោច។ ហ៊ឹស! ចូល​មក​មើល​ដំបូង​បាន​រឿងខ្មោចស្វាគមន៍ ហេសហេ ចង់បះសក់ដែលហ្នឹងណា គឺ​បះ​សក់នឹងរូបភាពខ្មោចតែម្តង ដ្បិត​មិន​ទាន់​បានអានសាច់រឿងពេញក៏ដោយ។ តាម​ពិត​រូប​ភាព​មួយ​នោះ​អាក្រក់​ខ្លាំង​ណាស់​ ខ្ញុំ​ចង​ចាំ​មក​ដល់​ឥឡូវ តែមិនចាំថាជារឿងអ្វីទេ។ កាលនោះពិតជាភ្ញាក់ខ្លាំងមែនទែន ខ្ញុំ​អានកណ្តាលអធ្រាត យប់​ស្ងាត់​ បិទ​​ភ្លើងងងឹតឈឹង អូសចុះ ហើយអូសចុះទៀតៗៗ ដើម្បីអាន មិន​នឹក​ស្មាន​ថាមានរូបថតខ្មោច អី​អាក្រក់​បែប​នេះទេ ភ្ញាក់​ព្រោះមិនដែលបានត្រៀមចិត្ត ម្យ៉ាង​មិន​ដែល​គិត​ថា​ប្លក់​នេះ ប្រកាស​រឿង​ខ្មោច​អម​ដោយ​រូប​ភាពសោះ ខ្ញុំ​ភ្ញាក់​ព្រើត​ឡើង​ចង់គ្រវែងទូរស័ព្ទចោល (និយាយ​មែន​ទែន​គ្មានបំភ្លើស​ទេ)។ ហាហាហា ដឹង​ទេខ្ញុំខ្លាច រូបភាពក្នុងរឿងនោះណាស់ តែ​ក៏​ចង់មើលដែរ ដូច្នេះ​ខ្ញុំ​បានយកដៃម្ខាងបិទ​ភ្នែក ហើយ​អូស​ចុះ​តិចៗ លបមើលយឺតៗម្តងទៀត ហាហាហា តែ​ការ​ព្យាយាម​​លប​មើល លើកទីពីរនេះ​ ក៏​នៅ​តែ​ភ្ញាក់​ដដែល ទ្រាំមិនបានក៏ចូលដេកហ្មង​ទៅ តែ​ពោះ​នៅ​បុក​ភឹបៗ​នៅ​ឡើយ​ទេ!! ចាប់​​តាំង​ពី​ថ្ងៃ​នោះ​មក​ខ្ញុំ​ក៏​ចាប់​ផ្តើម ចូលអានរឿងក្នុងប្លក់ របស់បងជាប្រចាំរហូត មកដល់សព្វថ្ងៃ!   ជាក់​ស្តែង​មក​ដល់​ឥឡូវ​អាន​​បាន​ច្រើនគួរសមហើយ តែបើទំនេរនឹងស្វែងរកមកអានបន្តថែមទៀត!

ក្នុងពេលមួយរយៈ ដែលខ្ញុំបានចូលអាន ក្នុងប្លក់របស់បង គឺខ្ញុំពេញចិត្តនឹង ស្នាដៃ​និពន្ធ​រឿង​របស់​បង​ណាស់ ពេញ​ចិត្ត​ស្ទើរ​គ្រប់រឿងតែម្តង ពិសេសគឺប្រភេទរឿងខ្លី តែថាទៅវែងក៏ចូលចិត្តដែរ ដូចជារឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» និង​រឿង «ប្រស្នាឃាតកម្ម» អីជាដើម!  មាន​អត្ថបទ​រឿង​ខ្លះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​កម្សត់​ ចូលតួ ស្រក់ទឹកភ្នែក  និង​អត្ថ​បទ​ខ្លះ​រំភើប​ផង​ដែរ គឺមានគ្រប់រសជាតិនៃជីវិត។ ប្លក់​របស់​បង​មាន​បាវចនារបស់​ខ្លួន​ថា «បង្រៀន​អ្នក​អាន​ឲ្យ​ក្លាយ​ជា​អ្នក​និពន្ធ​» ឬ «បង្រៀន​លោកអ្នកឲ្យចេះ សរសេររឿងខ្លី និងប្រលោមលោក ដើម្បីឲ្យលោកអ្នកត្រៀមខ្លួនក្លាយជាអ្នកនិពន្ធ»​  ដូច្នេះ​ពិសេស​​​ណាស់​សម្រាប់ អ្នក​ណា​ដែលមានបំណងចង់ក្លាយខ្លួនជាអ្នកនិពន្ធ គឺប្លក់របស់បង នឹង​ក្លាយ​ជា​ចំណែក​មួយ​ដើម្បី​ជួយ​​ពួកគេ។ សូម្បីតែខ្ញុំដែលមិនចេះ និងមិនសូវចូលចិត្តសរសេរអ្វីសោះនោះឡើយ ដល់ឥឡូវបានផ្លាស់ប្តូរ បើចង់ត្រឹម សរសេរ​អត្ថបទលេងៗមួយទំព័រ ឬ​ពីរទំព័រអី ស្លាប់ហើយ គឺស្រួលល្ហុយ ហូរដូចទឹក ហាហាហា (តែ​មិន​ធានា​ថា​សរសេរ​ហើយ​ បងអានយល់ឬអត់នោះទេ ហាហាហា) 😉 ។

និយាយដោយស្មោះត្រង់ តាំង​តែ​ពីខ្ញុំចូលអានប្លក់បងមក គឺពិតជាចេះដឹងច្រើនគួរសមមែន មាន​ទាំង​វិធីសាស្ត្រ​តែងនិពន្ធ វិធី​ធ្វើម្ហូប ចំណេះដឹងទូទៅផ្សេងៗ និងជីវៈប្រវត្តិ បំនិនជីវិតផ្ទាល់ខ្លួនរបស់បង  (ហេស​ហេពិសេសគឺរឿងស្នេហា ហា​ហា​ហា) 😛 ។ អត្ថបទរឿងភាគច្រើនដែលខ្ញុំបានអាន គឺ​ខ្ញុំ​តែង​តែ​បញ្ចេញ​មតិ ព្រោះ​ខ្ញុំ​យល់​ថា​មតិ​នេះ​ហើយ គឺ​ជា​ការ​ផ្តល់​កម្លាំង​ចិត្ត លើក​ទឹក​ចិត្ត​ដល់​បង​ដែល​បាន​ខិត​ខំ​ចំណាយ​ពេល ដ៏មានតម្លែ របស់​បង​មក​សរសេរ និងយកមកប្រកាស ចែក​ជូន​អ្នក​គ្រប់គ្នាអានដោយសេរី (តែ​អត្ថបទមួយចំនួន ​ខ្ញុំ​ប​អាន​ហើយ តែក៏មិនបានបញ្ចេញជាមតិក៏មានដែល ព្រោះ​ពេល​ខ្លះ​ គឺ​ខ្ញុំ​ក្តៀន​យោបល់​ដែរ)។ ខ្ញុំ​យល់​ពី​ចិត្ត​របស់​ម្ចាស់​ប្លក់​គ្រប់គ្នាថា បើមានគេចូលអានច្រើន ឬបញ្ចេញមតិច្រើន នោះ​គឺ​បង​នឹងមានទឹកចិត្តក្នុងការសរសេរ​ឬ​ប្រកាសរឿងថ្មីជាបន្តបន្ទាប់ ដោយគ្មានគិតការនឿយហត់អ្វីឡើយ ទោះ​ជា​តម្រូវ​ឲ្យ​បង​ សរសេរ​រឿង​ដល់​យប់​ជ្រៅ ដល់ថ្នាក់ភ្នែករូង និងខ្មៅភ្នែកដូចខ្លាឃ្មុំ Panda (លែង​សង្ហា) ក៏ដោយ ហាហាហា។ យូនីកូត ក៏​​ជា​ចំណេះដឹងដែលខ្ញុំចេះដោយសារតែប្លក់នេះដែរ កាល​មុន​ចេះ​តែ​ហ្វុន​លីម៉ូនទេ។ ឆ្លៀត​ក្នុង​ពេល​នេះ​ផង​ដែរ ខ្ញុំ​ក៏​ចង់​សុំ​ទោស​បងផងដែរ ព្រោះរយៈពេលដែលកន្លងមក មតិរបស់ខ្ញុំដែលបានបញ្ចេញ គឺពិតជា មាន​កំហុស​ខាង​អក្ខរា​វិរុទ្ធ​ខ្លាំង​ណាស់ តែបងតែងតែជួយកែតម្រូវ និងនៅតែអនុញ្ញាត ទទូល​យក​នូវ​រាល់​មតិ​របស់ខ្ញុំ! សូមទោសផងដែរ រាល់​មតិ​ទាំង​ឡាយ​ណា ដែល​បាន​ធ្វើ​ឲ្យប៉ះពាល់អារម្មណ៍របស់បង ព្រោះ​ជួន​កាលជាការលេងសើចជ្រុល និង​ជួន​កាល​ជា​ការ​ប្រើ​ពាក្យ​ឆ្គាំ​ឆ្គង  តែ​សូមជម្រាបដោយស្មោះត្រង់ថា ខ្ញុំ​ពិត​ជាគ្មានចេតនាទេ។

ជា​ចុងក្រោយ សូមជូនពរឲ្យបងផ្កាយ មានសុខភាពល្អ បញ្ញាវាង​វៃ រូបរាងកាន់តែសង្ហារ ជីវិត​ស្រស់​​ថ្លា មានសំណាងល្អ (ពិសេស​គឺរឿងស្នេហា)  😀 ។ សូមឲ្យប្លក់របស់បងក្លាយជាប្លក់មួយដែល ទទួល​បាន​នូវការគាំទ្រកាន់តែខ្លាំង ពី​សំណាក់​អ្នក​អានជារៀងដរាប។

***សំណូមពរពិសេសពីខ្ញុំ និងមិត្តអ្នកអាន គឺចង់ឃើញបងសប្បាយចិត្ត និងញញឹម។ សូម​ញញឹម​ដូច​ថ្ងៃ​ដែល​ពួក​យើង​បាន​ជួបគ្នា គឺពិតជាពិសេសក្រៃលែងណាស់ ចង់បានតែប៉ុណ្ណឹងទេ លែង​ចង់​បាន​អីទៀតហើយ! ពេលឃើញបងពិបាកចិត្ត ពួក​ខ្ញុំក៏មិនសប្បាយចិត្តដែរ!

ភ្នំពេញ, ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០១២

ពីមិត្តអ្នកអានសំណប់

P.S: បងផ្កាយអ្ហើយ តាមពិតខ្ញុំធ្លាប់សរសេអត្ថបទបែបនេះផ្ញើទៅបងម្តងតាំងពីរយូរហើយ តែ​កាល​ហ្នុង​មិន ដឹងម៉េចទេ ប្រហែល​ខ្ញុំ​សែវ​មិន​បានត្រឹមត្រូវ បិទ​កំព្យូទ័រ ដល់បើកមកអត់ឃើញមានអ្វីសោះ គឺ​អត់​ជាប់ (ភ្លាមៗនោះខ្ជិលសរសេរឡើងវិញណាស់) នេះ​ទើប​តែ​នឹក​ឃើញ​សរសេរឡើង វិញសាថ្មីទេ បើ​មាន​ទាស់​ខុសអ្វី សុំអភ័យទោសផង ព្រោះមិនបានត្រួតពិនិត្យអីច្រើនទេ ឥឡូវងងុយហើយ!! អរគុណ​បង    :-D​

1:25 am

Read Full Post »


កំពង់ស្ពឺៈ ចៅ​ក្រម​តុលាការ​ខេត្ត​កំពង់​ស្ពឺ មាន​គម្រោង​ចុះ​ទៅ​ជួប​ប្អូន​ថ្លៃ​របស់​លោក Laurent Vallier ជន​ជាតិ​បារាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ក្នុង

លោក Laurent Vallier កាល​នៅ​មាន​ជី​វិត

លោក Laurent Vallier កាល​នៅ​មាន​ជី​វិត

​ខេត្ត​កំពង់ចាម ប៉ុន្តែ​មន្រ្តី​តុលាការ​ដែល​កាន់​សំណុំ​រឿង​នេះ​នៅ​មិន​ទាន់​បាន​កំណត់​កាល ​បរិច្ឆេទ​ជាក់​លាក់​នៅ​ឡើយ​។

លោក ឆែម រិទ្ធី ចៅ​ក្រម​ស៊ើប​អង្កេត​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ចូល​រួម​ក្នុង​ការ​ស៊ើប​អង្កេត​ជា​ថ្មី​លើ​សំណុំ​រឿង​ឃាតកម្ម​នេះ បាន​ឲ្យ​ដឹង​ថា​លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ថ្មី​ពី​ក្រុម​ស៊ើប​អង្កេត​ បារាំង​ដែល​បាន​ចុះ​មក​ស្រុក​ខ្មែរ​ដើម្បី​អង្កេត​ករណី​ការ​ស្លាប់​របស់​លោក Laurent Vallier នៅ​ឡើយ​ទេ​។

លោក​ថ្លែង​បន្ត​ថា​៖«​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ថ្មី​ណា​មួយ​ពី​ ក្រុម​ស៊ើប​អង្កេត​បារាំង​ដែល​បាន​ចុះ​មក​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា​នៅ​ ឡើយ​ប៉ុន្តែ​ខ្ញុំ ក៏​មាន​គម្រោង​ចុះ​ទៅ​ពន្ធនាគារ​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃ​ណា​មួយ​ដើម្បី​ជួប​ បុរស​ដែល​ជា​ប្អូន​ថ្លៃ​របស់​លោក Laurent Vallier»​។

លោក ឆែម រិទ្ធី បាន​ថ្លែង​បន្ត​ថា​លោក​មិន​ស្គាល់​ឈ្មោះ​បុរស​នោះ​ទេ ប៉ុន្តែ​ដឹង​ថា គាត់​ជា​ប្អូន​ថ្លៃ​របស់​លោក Laurent Vallier ដែល​កំពុង​តែ​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​។

លោក​ថ្លែង​បន្ត​ថា​៖«​ខ្ញុំ មិន​មាន​ព័ត៌មាន​ច្រើន​ពាក់​ព័ន្ធ​នឹង​ប្អូន​ថ្លៃ​របស់​ជន​រង​គ្រោះ​នេះ​ទេ សូម្បី​តែ​ឈ្មោះ​ក៏​មិន​ស្គាល់​ដែរ​។ ខ្ញុំ នឹង​ទៅ​ជួប​គាត់​សាក​សួរ​ក្នុង​នាម គាត់​ជា​សាក្សី​ក្នុង​ករណី​នេះ។ ខ្ញុំ មិន​ដឹង​ថា​តើ​នៅ​ពេល​ណា​ខ្ញុំ​ទៅ​ទី​នោះ​ទេ ព្រោះ​ខ្ញុំ រវល់​កិច្ច​ការ​ច្រើន​ណាស់»។

សាក​សព​បុរស​ជាតិ​បារាំង​ពោះម៉ាយ Vallier និង​កូន​តូច​៤​នាក់​របស់​លោក ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​រថយន្ត SUV ដែល​លិច​ទឹក​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១២ រយៈ​ពេល​៤​ខែ ក្រោយ​ការ​បាត់​ខ្លួន​ចុង​ក្រោយ​។ កាល​ពី​ចុង​ខែ​មុន​ក្រុម​អ្នក​ស៊ើប​អង្កេត​សម្រេច​ថា ការ​ស្លាប់​ជា​អំពើ​ឃាតកម្ម​មិន​មែន​អត្តឃាត​នោះ​ទេ​។

អ្នក​ស៊ើប​អង្កេត​បារាំង និង​កម្ពុជា​មួយ​ក្រុម​បាន​ច្រាន​ចោល​ការ​ធ្វើ​អត្តឃាត ដោយ​សារ​តែ​មូលហេតុ​នៃ​ការ​ស្លាប់​របស់​លោក Laurent Vallier។

លទ្ធផល​រក​ឃើញ​ក្នុង​ការ​សាក​សួរ​ចុង​ក្រោយ​បំផុត ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា ក្រោម​ការ​ឃ្លាំ​មើល​ពី​ចៅ​ក្រម​ស៊ើប​សួរ​បារាំង​លោក​ស្រី Claudine Enfoux បាន​ច្រាន​ចោល​ការ​ស៊ើប​អង្កេត​បឋម​មួយ​ដែល​គេ​បាន​ធ្វើ​កាល​ពី​ខែ​មករា​ដែល ​ថា លោក Vallier វ័យ​៤២​ឆ្នាំ បាន​សម្លាប់​ខ្លួន​និង​កូន​របស់​លោក ដោយ​បើក​ឡាន​ចូល​ក្នុង​ស្រះ​ទឹក​មាន​ជម្រៅ​៩​ម៉ែត្រ ទំនង​មក​ពី​មាន​បញ្ហា​ហិរញ្ញវត្ថុ​។

សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថានទូត​បារាំង​កាល​ពី​ថ្ងៃ​ចន្ទ បាន​សរសេរ​ថា​៖«​ដោយ​សារ​តែ​កិច្ច​សហការ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ជា​ប្រចាំ​ការ​ដោះ​ដូរ​ឯកសារ​និង​សកម្មភាព​នីតិវិធី​ផ្សេងៗ​ពាក់​ព័ន្ធ​ នឹង​ករណី​នេះ ការ​ស្រាវ​ជ្រាវ​តាម​លក្ខណៈ​ជឿន​លឿន ព្រម​ទាំង​សវនាការ​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​យ៉ាង​ប្រាកដ​ដែល​នាំ​ឲ្យ​មាន​ ការ​រក​ឃើញ​ចំណុច​សំខាន់ៗ ដែល​កំពុង​ច្រាន​ចោល​លទ្ធភាព​នៃ​ការ​ធ្វើ​អត្តឃាត​»៕ NR

ប្រភព​៖ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ចេញ​ផ្សាយ​ថ្ងៃ​ទី ០២ មេសា ២០១៣

»»»អាន​អត្ថបទ​ទាក់​ទង​

Read Full Post »


ផ្កាយ​NoVeLs*– ថ្ងៃ​ទី​ ០១​ មេសា​ គឺ​ជា​ថ្ងៃ​លើក​លែង​​ពិសេស​មួយ​​ ព្រោះ​នរណា​ៗក៏​អាច​លេង​សើច​ ឬ​លេង​ភូត​កុហក​​ជាមួយ​​សមាជិក​​នៅ​ក្នុងគ្រួសារ​ អ្នក​ជិត​ខាង មិត្ត​រួម​ការងារ​ មិត្ត​ភក្តិ​ស្និទ្ធ​ស្នាល​ ឬ​សូម្បី​តែ​សត្រូវ​​ក៏​អាច​លេង​​បាន​ដែរ ដោយ​គ្មាន​​នរណា​មក​​​ចាប់​​ទោស​អូសដំណើរ​ ឬ​ខឹង​ថ្នាំ​ង​ថ្នាក់​នឹង​គ្នា​អ្វីទេ​ ​មិន​ថា​ការ​លេង​​​សរសេរ​ក្រដាស​​យក​ទៅ​បិទ​នឹងខ្នង​នរណា​ម្នាក់​ដាក់​​​​ថា «​សូម​អញ្ជើញ​ទាត់​មួយ​សេរី!»​ ឬ​ក៏​លេង​ភូត​ភរ​បោក​​កុហក​​​ផ្សេងៗ​ទៀត​​ក៏​មិន​មាន​បញ្ហា​​ទាំង​អស់​។

ចុះ​នៅ​រង់​ចាំ​អី​ទៀត?!! 😀

  • ប្រវត្ថិ​មិន​ច្បាស់​ការ​

​​ទោះ​បី​ជា​​អ្នក​​ជំនាញ​ការ​ផ្នែក​ខែ​មេសា​ មាន​ទស្សនៈ​យល់​ឃើញ​មិន​សូវ​ស្រប​គ្នាក៏​ដោយ​​ តែ​ភាគ​ច្រើន​ជឿ​ថា ​ថ្ងៃ​ភូ​ត​កុហក​ ឬ​ដែល​បារាំង​ហៅ​ថា April Fool’s Day​ នេះ​មាន​ដើម​កំណើត​មុន​គេ​​​នៅ​​ប្រទេស​បារាំ​ង​តាំង​​ពី​​គ្រិស្ត​សតវត្ស​ទី​១៦​ម្ល៉េះ​​​។ នៅពេល​ព្រះ​អង្គម្ចាស់​សន្តិវង្ស​​​ប៉ាប៉ា​ក្រេ​កហ្គូរី​ទី​១៣​ (Pope Gregory the 13th) បាន​ចេញ​ព្រះរាជ​បញ្ជា​​ឲ្យ​ប្រារព្ធ​ធ្វើ​ពិធី​​ឆ្លង​ឆ្នាំ​ថ្មី​​នៅ​ក្នុង​ថ្ងៃ​ទី ០១​ មករា​ ជំនួស​ប្រពៃ​ណី​ដើម​ដែល​តែង​ប្រារព្ធ​ធ្វើ​នៅ​​​ចុង​ខែ​មីនា​​​​​។ ចំពោះ​​អ្នក​ដែល​មិន​បាន​ប្រតិបត្តិ​តាម​ប្រតិទិន​ថ្មី​​នេះ​​នឹង​ត្រូវ​ហៅ​ថា «​​ហ្វូង​ត្រី​ខែ​មេសា​»​ (ពួក​​អឺ​រ៉ុប​ប្រៀប​ធៀប​មនុស្ស​ល្ងង់​ខ្លៅ​​ទៅ​នឹង​សត្វ​ត្រី​)​។ ​មាន​អ្ន​ក​ដែល​ដឹង​ពីរឿង​នេះ​​មួយ​ក្រុម​ទៀត​​បាន​អះអាង​ថា ថ្ងៃ​ភូត​កុហក​​មាន​ដើម​កំណើត​មក​ពី​​ពិធី​បុណ្យ​ក្នុង​រដូវ​កាល​​ផ្ការីក​នា​​សម័យ​បុរាណ​ ដែល​មាន​ការ​លេង​សើច​នឹង​​គ្នា​បែបអាក្រក់​អាក្រី​បំផុត​។​

ថ្ងៃ​ភូត​កុហក​នៅ​លាវ​(…)

រង់​ចាំ​អាន​បន្ត​វគ្គ​ក្រោយ​… 😛

Read Full Post »


130326_05

កូន​កាត់​ខ្មែរ​ទាំង ​៤​ នាក់​របស់​លោក​ Laurent Vallier នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​កាល​នៅ​រស់​។ រូបថត សហ​ការី

កំពង់​ស្ពឺៈ​ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​​​មាន​ការ​បង្ហាញ​ពី​លទ្ធ​ផលនៃ​ការ​​ស៊ើប​អង្កេត​ ឡើង​វិញ​​រួម​គ្នា ​​រវាង​សមត្ថ​កិច្ច​កម្ពុជា​‑​បារាំង​​​​ដែល​បាន​បង្ហា​ញ​ថា ការ​ស្លាប់​​ដ៏​អាថ៌កំបាំង របស់​បុរស​បា​រាំង​​លោក​ Laurent Valli​​e​r និង​កូន​កាត់​ខ្មែរ​ ៤ នាក់​របស់​គាត់​ មិន​មែន​ជា​ការ​ធ្វើ​អត្តឃាត ចៅ​ក្រម​ម្នាក់​​​និយាយ​ថា ពួក​គេ​រក​​ឃើញ​ជនសង្ស័យ​​ម្នាក់​។

លោក ឆែ​ម រិទ្ធី​ ​​ចៅ​​​ក្រម​ស៊ើប​អង្កេត ​​នៅ​​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​​ ​បាន​ថ្លែង​ថា​ ​ក្រុម​​​​ស៊ើប​អង្កេត​​​ បាន​​ចេញ​​ដីកា​​កោះ​មួយ​ ទៅ​​​បង​ប្អូន​ប្រុស​សាច់​​ថ្លៃ​​ របស់​លោក​​ ​Vallier មក​សាក​សួរ ​​ពាក់​ព័ន្ធ​នឹង​ករណី​ស្លាប់​នោះ។ ​

លោក​​បន្ត​ថា​​៖ «​​យើង​នឹង​សាក​សួរ​បុរ​ស​ម្នាក់​ ដែល​ជា​បង​ប្អូន​ប្រុស​​​​​របស់​​ប្រពន្ធ​លោក​ Vallier ​​ ពី​ព្រោះ​គាត់​ធ្លាប់​មាន​ជម្លោះ​ជា​មួយ​​​លោក​ Vallier កាល​ពី​ពេល​មុន​»។

លោក​បញ្ជាក់​​៖ «​យើង​មិន​ចោទ​​​​ប្រកាន់​​គាត់​ទេ​ ប៉ុន្តែ​​យើង​ធ្វើ​ការ​ស៊ើប​អង្កេត​បន្ថែ​ម​​​ ពី​ព្រោះ​ថា បុរស​ម្នាក់នោះ​ ក៏​ធ្លាប់​​ប្រើ​ថ្នាំ​ញៀន​ផង​ដែរ​កាលពីមុន​»​។

​កាល​ពី​ថ្ងៃ​សុក្រ​ស្ថាន​ទូត​បារាំង​ នៅ​​កម្ពុជា បាន​ប្រកាស​​លទ្ធ​ផល​​​នៃ​ការ​ស៊ើប​អង្កេត​ឡើង​វិញ​មួយ​​ ទៅ​លើ​​ករណី​ស្លាប់​​​ដ៏​អាថ៌កំបាំង របស់​​បុរស​បា​រាំង​មួយ​គ្រួសារ​នេះ ដោ​យ​​បាន​​ច្រាន​ចោល​​​​ការ​សន្និដ្ឋា​ន​​ដំបូង​​​​ ចេញ​កាល​ពី​​ឆ្នាំ​មុន ​​​​ដែល​​​​ថា ​ការ​ស្លាប់ ​ជា​ករណី​​​​​ធ្វើ​អត្ត​​ឃាត​​សម្លាប់​​ខ្លួន​។

សាក​សព​របស់​​​លោក​ Vallier និង​កូន​​​កាត់​ខ្មែរ​បួន​នាក់​​របស់​គាត់​​ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​​ឡាន​មួយ ​ដែល​លិច​នៅ​ក្នុង​ស្រះ​ទឹក​​​ក្រោយ​ផ្ទះ​របស់​គាត់​​ កាល​ពី​ខែ​មករា​​ ឆ្នាំ​២០១២​ ​បួន​ខែ​បន្ទាប់​ពី​ការ​បាត់​ខ្លួន​របស់​ពួក​គេ​​​​។ លោក ឆែម​​ រិទ្ធី​ បាន​ប្រាប់​ភ្នំ​ពេញ ​ប៉ុស្តិ៍​​ កាល​ពី​ដើម​សប្តាហ៍​​នេះ​ថា ​ក្រុម​ស៊ើប​អង្កេត​​​​សង្ស័យ​ទៅ​លើ​​មនុ​ស្ស​​​​​ពី​ ៣​ ទៅ ​​៥ ​នាក់​​ថា​ ពាក់​ព័ន្ធ​នឹង​ករណី​​​ឃាត​កម្ម​នេះ​។

លោក ទិត​ ឈួន ដែល​ជា​​ឪពុក​ក្មេក ​របស់​លោក​​ Vallier ​បាន​ថ្លែង​ថា​ ​​លោក​​មិន​​ទាន់​បាន​ទទួល​​​ព័ត៌​មាន​​​​ពាក់​ព័ន្ធ​​នឹង​​ការ​សាក​សួរ​​​​ កូន​​ប្រុស​របស់​​លោក​​​ទេ ​ហើយ​ក៏​មិន​មាន​ព័ត៌​មាន​បន្ថែម​​​ អំពី​ករណី​​​នោះ​​ដែរ​៕ PS

ប្រភព​៖ ភ្នំពេញ​ប៉ុស្តិ៍​ ចេញ​ផ្សាយ​ថ្ងៃទី ២៦ មីនា ២០១២​

»»» អាន​អត្ថបទ​ទាក់​ទង

 

Read Full Post »


[ពិស​ពុល]​… គ្រាន់​តែ​ឮ​ពាក្យ​នេះ​ គួរ​ឲ្យ​ខ្លាច​… គួរ​ឲ្យ​ខ្លាច​គ្រាន់​តែ​ឮ​ឈ្មោះ​មនុស្ស​​ប្រភេទ​ដូច​គេ​។ ពីរ​នាក់​ហើយ​ដែល​ខ្ញុំ​បាន​ស្គាល់ ហើយ​ទើប​តែ​ស្គាល់​​នៅ​ពេល​ចូល​ដល់​វ័យ​​ក្បាល​ម្ភៃ​នេះ​ទេ​។ មនុស្ស​ដូច​គេ​គួរ​ឲ្យ​ស្រឡាញ់​(ដែល​ក្មេងៗ​ចូលចិត្ត​ហៅ​ថា ឃ្យូត​ នោះ​ឯង​) សម្តី​ផ្អែម​ ពូកែ​យក​ចិត្ត​ ចេះ​ជួយ​យក​អាសារ​ទុក្ខ​ធុរៈ​មនុស្ស​ផង​គ្នា…​ តែ​នរណា​ទៅដឹង​ថា​នៅ​ពីក្រោយ​ពាក្យ [​ឃ្យូត​] ​នោះ គឺ​ពោរ​ពេញ​ទៅ​ដោយ​… [ពិស​ពុល]។

តួ​ឆ្នាស់​ តួ​ខូច​… នៅ​ក្នុង​រឿង​ភាគ​ថៃ​(ឬ​តួ​ខ្មែរ​​ ស្វែង​ សុជាតា​) នៅ​មិន​ទាន់​ពិស​ពុល​ស្មើ​នឹង​ពួក​គេ​ទេ​(ពីរ​នាក់​ដែល​ខ្ញុំ​ស្គាល់​នោះ​)​ ព្រោះ​នៅ​ពី​ក្រោយ​ឆាក​ ពួកគេ​ក៏​ចេះ​ញញឹម​ដោយ​បរិសុទ្ធ​ ដាក់​ទស្សនិក​ជន​ដែរ​។ តែ​ពីរ​នាក់​នោះ​គ្មាន​ក្រៅ​ឆាក គ្មាន​ក្នុង​ឆាក​អ្វី​ទេ គឺ​មាន​តែប្រើ​​ [ឆាក​ជីវិត​] ពិត​ៗ​ ស្រស់ៗ​ បំភាន់​ភ្នែក​អ្នក​ដទៃ​។ ពិស​ពុល​បែប​ពួក​គេ​ គឺ​ពិស​ពុល​បែប [​ឈាម​ត្រជាក់]​ គឺ​ត្រជាក់​រហូត​រក​ពាក្យ​អ្វី​មក​ពណ៌នា​ឲ្យ​ត្រូវ​ពុំ​បាន​ ព្រោះ​គ្រាន់​តែ​នឹក​ដល់​​​មនុស្ស​​ប្រភេទ​​គេ​ក៏​​ [គួរ​ឲ្យ​ខ្លាច​] ​បាត់​ទៅ​ហើយ​។

មើល​ពី​សម្បក​ក្រៅ​ នរណាៗ​ក៏​សរសើរ​គេ​ថា មនុស្ស​(ល្អ​)​ដូច​គេ​កម្រ​រក​បាន​ណាស់​​ ចរិត​ក៏ ​[ឃ្យូត​] គួរ​ឲ្យ​ស្រឡាញ់​។ តែ​នរណា​ទៅ​ដឹង​ថា មនុស្ស​ដូច​គេ​ ចូល​ចិត្ត​​យក​ [ចរិត​ឃ្យូត​] នោះ​ មក​​ធ្វើ​បាប​​ចិត្ត​មនុស្ស​​គ្នា​ឯង​ ធ្វើ​ឲ្យ​គេ​ស្រឡាញ់​ ធ្វើ​ឲ្យ​គេ​ឈ្លក់​ រួច​ក៏​បំពុល​ថ្នាំ​ឲ្យ​ឈឺ​ចាប់ និង​ វេទនា​ដោយ​ [ពិស​ពុល​] ដែល​​ខ្លួន​មាន​ [តាំង​ពី​កំណើត​] ​។​ គួរ​ឲ្យ​អាណោច​អាធ័ម​ចំពោះ​ធម្មជាតិ​ណាស់​ ដែល​បង្កើត​ពួក​គេ​ឲ្យ​​មាន ​[ជំងឺ​ផ្លូវ​ចិត្ត] ​​​បែប​នេះ​តាំង​ពី​ឃើញ​ពន្លឺ​ព្រះអាទិត្យ​។ នឹក​ឡើង​ក៏​គួរ​ឲ្យ​អាណិត​អាសូរ​​ចំពោះ​ពួក​គេ​ដូច​គ្នា​ ដែល​កើត​មក​មាន​សភាព​ផ្លូវ​ចិត្ត​មិន​ប្រក្រតី​ ចូល​ចិត្ត ​[បោក​ប្រាស់​សេចក្តី​ស្រឡាញ់​] របស់​អ្នក​ដទៃ​ ជា​ការ​កម្សាន្ត​។ នេះ​មក​ពី​គេ​ចង់​សង​សឹក​នឹង​ធម្មជាតិ​ឬ? ខ្លួន​ឯង​កើត​មក​ខ្វះ​ភាព​កក់​ក្តៅ​ ខ្វះ​សេចក្តី​ស្រឡាញ់​ ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់ តែ​បែរ​ជា​​សង​សឹក​ដោយ​ការ​​ផ្តល់​ភាព​កក់​ក្តៅ​ ក្តី​ស្រឡាញ់​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​​​អ្នក​ដទៃវិញ​​ រួច​ក៏​​ចាក់​ថ្នាំ​ស្ពឹក​ បំពុល​ថ្នាំ​​ពិស​តាម​ក្រោយ​ យ៉ាង [​ឈាម​ត្រជាក់] ​។​

មនុស្ស​ប្រភេទ​នេះ​ ចូល​ចិត្ត​ប្រើ​ស្នៀត​ [ឆ្អិន​ក្បាល​ស៊ី​ក្បាល​ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ] ​ហើយ​បើ​នរណា​ភ្លើ ​លង់​ជឿ ​[សម្តី​ទឹក​ឃ្មុំ​] របស់​មនុស្ស​ប្រភេទ​នេះ​​ គេ​ច្បាស់​ជា​រស់​នៅ​មិន​ខុស​ពី​ដើម​ឈើ​ ដែល​ត្រូវ ​[បញ្ញើ​ក្អែក​]​ស្រូប​​យក​​ជីវិត​ ផ្តាច់​ដង្ហើម​ និង​ ជញ្ជក់​យក​ឈាមជ័រ​ ​រហូត​ខ្សោះ​អស់​​ពី​ខ្លួន​​​នោះ​ទេ​។ ស្គាល់​មនុស្ស​ប្រភេទ​នេះ​តែ​ពីរ​នាក់​ ធ្វើ​ឲ្យ​ខ្ញុំ​ខ្លាច​រហូត​បាក់​ស្បាត ​លែង​​ចង់​​រាប់​អាន​មនុស្ស​ លែង​​ចង់​ជឿ​សម្តី​ ​​​​[មនុស្ស​មាត់​ផ្អែម] តទៅ​ទៀត​។​

តែសូម​ចូល​រួម​សោក​ស្តាយ​​ចំពោះពួក​​គេ​ផង​ ព្រោះ​​មនុស្ស​សម័យ​នេះ​ មិន​ល្ងង់​ឲ្យ​គេ ​[បោក​ប្រាស់​] រហូត​​នោះ​ទេ ព្រោះ​មិន​មែន​តែ​ខ្ញុំ​ទេ​ដែល​ដឹង​ មិត្ត​ភក្តិ​ខ្ញុំ​​ច្រើន​នាក់​ណាស់​ដែល​ដឹង​ថា ​មនុស្ស​ដូច​គេ​ពោរ​ពេញ​ទៅ​​ដោយ​ [ពិស​ពុល​]៕

Read Full Post »


*សួស្តីបង ផ្កាយ!!

យោងតាមសំណើរខាងលើរបស់បង លក្ខខណ្ឌ ២ (សក់អ្នកណាក្បាលអ្នកនោះ) ។ ខ្ញុំពិតជាចង់ អានវគ្គបញ្ចប់រឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» របស់ បងខ្លាំងណាស់!!

អ្វីដែលធ្វើឲ្យខ្ញុំចាប់អារម្មណ៍ គឺមិនមែនស្វែងយល់ពី សាច់រឿងឬតួអង្គក្នុងរឿងអីទេ តែជាស្ថាន ភាពពិតរបស់ខ្ញុំ ដែលដូចគ្នានឹងអារម្មណ៍តួអង្គរបស់បង។ សុំទោសដែលនិយាយត្រង់ៗបែបនេះ តែបើតាមការកត់សម្គាល់លើស្នាដៃរបស់បង ខ្ញុំយល់ថា បងពិតជាមានការស្វែងយល់ច្បាស់ណាស់ពី ស្ថានភាព(ស្រឡាញ់ភេទដូចគ្នា)នេះ ។ ព្រោះការតែងនិពន្ធរបស់បង វាត្រួតស៊ីគ្នា និងអារម្មណ៍បែបនេះ ។ ហាសហាសហា មិនមែនចង់ថាបងបែបនេះទេតែ ចង់ថាបងជាមនុស្សម៉ត់ចត់ ស្វែងយល់បាន ច្បាស់លាស់ ណាស់មុននឹងសរសេរ។

ពេលវេលាយូរយារណាស់ ដែលខ្ញុំរស់ក្នុងការឈឺចុកចាប់ក្នុងអារម្មណ៍ខ្លួនឯង តើហេតុអីបានជាខ្ញុំចេះតែលួចស្រឡាញ់មិត្តភក្តិរបស់ខ្លួនឯង? ខ្ញុំធ្លាប់សួរខ្លួនឯងដែរ ថាហេតុអ្វី ខ្ញុំនៅក្នុងស្ថានភាពនេះ?  ចម្លើយគឺការក្រៀមក្រំ និងភាពស្មុគស្មាញ។ មើលតាមលក្ខណៈរូប ខ្ញុំពិតជាប្រុសម្នាក់ តាមពិតទៅតាម ផ្លូវចិត្តក៏នៅតែប្រុសដែរ គ្រាន់តែពេលខ្លះបែរជាលួចស្រឡាញ់មិត្តភក្តិណាដែលមាន រូបរាងសង្ហាទៅវិញ។ ពេលនៅជាមួយមិត្តភក្តិណា ដែលមានរូបរាងធម្មតា ខ្ញុំក៏គ្មានអារម្មណ៍អីដែរ។ តើមនុស្សប្រុស ផ្សេងទៀតដូចខ្ញុំឬទេហ្ន៎…។ អូ… ខ្ញុំមានការកត់សម្គាល់មួយដែរ គឺកាលពេលរៀននៅវិទ្យាល័យ ដូចជាមិនសូវឃើញមនុស្សបែបដូចខ្ញុំទេ ច្រើនតែមានខ្ទើយចំៗតែម្តង ហើយខ្ញុំអត់ចូលចិត្ត ខ្ទើយទេ!! តែពេលមករៀននៅមហាវិទ្យាល័យ ដូចជាអត់សូវមានអ្នកធ្វើខ្លួនខ្ទើយទេ តែបែរជាសម្បូរអ្នកក្លាហាន ស្វែងរកសង្សារប្រុសក្នុងបន្ទប់ទឹកប្រុសទៅវិញ មានទាំងដាក់លេខទូរស័ព្ទ ទាំង E-mail ខ្លះជាពួក philosophe ក៏មាន ដូចជាគេសរសេឃ្លាមួយដែលខ្ញុំគាំទ្រគឺ «កាស្រឡាញ់ គឺយកបេះដូង ទៅស្រឡាញ់ មិនមែនយកភេទទៅស្រឡាញ់ទេ!» អានហើយខ្ញុំមិនអាច មិនញញឹមបានទេ!! មិនសោកស្តាយទេ ដែលខ្ញុំស្រឡាញ់បុរស ជាពិសេសនៅពេលបានអានរឿងរបស់បង។

*ការវាយតម្លៃលើសាច់រឿង

ខ្ញុំពិតជាមានការភ្ញាក់ផ្អើល នៅពេលបានអានរឿង «ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់» ជាលើកដំបូង តែពេលខ្ញុំអាននោះ មិនមែនជាភាគទី១ទេ។ ភ្លេចហើយថាជាភាគមួយណា តែចាំសាច់រឿងថា ទី ដាក់ខ្លួនដេកយំលើពូក ហើយសមុទ្រដាក់ខ្លួនដេកក្បែរដែរ ហើយពីរនាក់ហ្នឹង ក៏ទៅទិញម្ហូបជាមួយគ្នា(អូ! គឺពេលដែលទីដឹងថា សមុទ្រជិតទៅនៅឆ្ងាយ) ។ ខ្ញុំសរសេរអាក្រក់មើលណាស់មែនទេ?? ខ្ញុំចង់សើចបន្តិច ភ័យបន្តិច អរបន្តិច តើមានរឿងប្រលោមលោកបែបនេះដែរឬ? ខ្ញុំចាប់ផ្តើមចេញប្រតិបត្តិការ ស្វែងរកអានពីភាគមួយ ឡើងវិញ រហូតមកក៏ជក់ចិត្តលង់ខ្លួនអានដល់ពេលនេះតែម្តងទៅ!!

ការចាប់ផ្តើមស្គាល់គ្នា គឺជាការចាប់ផ្តើមដ៏ល្អរហូតខ្ញុំគិតថា សង្ស័យអ្នកនិពន្ធ លួចសាច់រឿងគេ មកបកប្រែទេដឹងបានជាល្អបែបនេះ។ ពេលខ្លះខ្លួនខ្ញុំផ្ទាល់បែរជានឹកទៅដល់អនុស្សាវរីយ៍ល្អៗរបស់ ទី និង សមុទ្រទៅវិញ ហើយពេលខ្លះ ថែមទាំងស្រងេះស្រងោចទៀតផង ពិតជាឆ្កួតខ្លាំងណាស់! ទម្រាំដឹងខ្លួន គឺផុងខ្លួនជាប់ក្នុងសាច់រឿងបាត់ទៅហើយ!!

ពាក្យថា idéal មានន័យថា: មានតែក្នុងការប្រឌិតស្រមៃ ឬន័យតាមរូបវិទ្យា គឺឥតខ្ចោះ។ ដូចគ្នាដែរ តាមរយ:សាច់រឿងរបស់បង ទំនាក់ទំនងរវាង ទី និងសមុទ្រ គឺមានភាពidéal ហើយជាក្តីស្រមៃរបស់ មនុស្សគ្រប់គ្នា។ ពិតមែនហើយ រួមទាំងខ្ញុំម្នាក់ដែរ តើនឹងមានសេចក្តីសុខយ៉ាងណាហ្ន៎… បើមានសង្សារ ដូចសមុទ្រ ឬបើមានអ្នកតាមស្រឡាញ់ច្រើនដូចទី។

*មតិខ្ញុំ

ខ្ញុំគិតថា ទី ឆេវឆាវពេកហើយ នៅវគ្គ ៣៨, ៣៩, ៤០, ៤១, និង៤២ បើវិភាគតាម តថភាពសង្គម ទីពេលនោះ អារកាត់រឿងតែម្នាក់ឯង អត់យល់ពីអារម្មណ៍សមុទ្រសោះ ហើយឆាប់ភ្លេចពី អ្វីដែលសមុទ្របាននិយាយ ទោះបីជាសមុទ្រនិយាយច្រើនដងទៅហើយថា វាស្រឡាញ់តែទី។ ទីថាទីជឿជាក់សមុទ្រ តែរាល់ពេលប្រចណ្ឌ ទីថាមិនយល់ពីសមុទ្រទៅវិញ បើខ្ញុំជាសមុទ្រវិញ តើខ្ញុំខូចចិត្តយ៉ាងណា?

តែទោះយ៉ាងណា សុំអង្វរអ្នកនិពន្ធផ្ញើរឿងឲ្យមើលផង ព្រោះពេលនេះដូចស្ពាយដុំថ្ម៥តោនអ៊ីចឹង តឹងទ្រូង នឹងរឿងពីរនាក់ហ្នឹងខ្លាំងណាស់!! សូមអរគុណអ្នកនិពន្ធដ៏សែនគួរឲ្យស្រឡាញ់ម្នាក់នេះទុកជា មុនផង សង្ឃឹមថា នឹងបានរឿងមើលឆាប់ៗ។

បញ្ជោរលេងទៅ ក្រែងអាណិតបានរឿងមើលត!!!

អេស!! កុំលួចជេរទស្សនិកជនឲ្យសោះណា ប្រយ័ត្នមានបាប!

*សេចក្តីអង្វរ

បើសិនជាត្រូវចុះផ្សាយ សូមអ្នកនិពន្ធមេត្តាកុំបញ្ចេញឈ្មោះ ឬអត្តសញ្ញាណខ្ញុំអី ព្រោះខ្មាសគេណាស់ សូមអង្វរ… ណា…,

Read Full Post »

Older Posts »