ផ្កាយNoVeLs– សប្តាហ៍មុន ប្រិយមិត្តបានសិក្សាស្វែងយល់រួចមកហើយពី វិធីសាស្ត្រនិពន្ធរឿងខ្លី ។ សប្តាហ៍នេះ «អ្នកនិពន្ធវ័យក្មេង» សូមលើកយកអនុសាសន៍របស់អ្នកនិពន្ធ ប៉ិច សង្វាវ៉ាន ដដែល តែស្តីអំពី វិធីសាស្ត្រនិពន្ធប្រលោមលោកវិញម្តង។ សង្ឃឹមថា ប្រិយមិត្តនឹងទទួលបានមេរៀន និងបទពិសោធន៍ល្អៗពីអត្ថបទដ៏មានសារៈប្រយោជន៍នេះ។
វិជ្ជានិពន្ឋគ្មានក្បួនច្បាស់លាស់ អាចយកមកបង្រៀនដូចមុខវិជ្ជាដទៃឡើយ ។ យ៉ាងណាមិញ សិល្ប៍វិធីនៃការតែងនិពន្ឋក៏យ៉ាងនោះដែរ។ បើអ្នកនិពន្ឋមានចំនួនច្រើនយ៉ាងណា វិធីសាស្រ្តនៃការសរសេរប្រលោមលោកក៏មានច្រើនសម្បូណ៌បែបដែរ។ គឺបានសេចក្តីថាគ្មាន វិធីសាស្រ្តនិងក្បួនខ្នាតណាមួយ បញ្ជាក់ឲ្យជាក់ច្បាស់ថា យើងអ្នកនិពន្ឋត្រូវតែសរសេររបៀបនេះល្អ ឬក៏របៀបនោះប្រសើរទេ។
ខ្ញុំសូមបង្ហាញចំណុចសំខាន់ៗ និងជូនអនុសាសន៍ខ្លះៗ ដើម្បីទុកជាគតិសម្រាប់អ្នកដែលចង់សាងឈ្មោះជាអ្នកនិពន្ឋដូចតទៅនេះ៖
គុណភាពចំបង នៃការសរសេរប្រលោមលោក គឺការព្យាយាមរបស់អ្នកនិពន្ឋ។ អ្នក និពន្ឋមិនត្រូវបណ្តោយឲ្យខ្លួនធ្លាក់ក្នុងក្តីអស់សង្ឃឹមនៅពេលទទួលបរាជ័យ និងពេលទទួលការទិតៀនឡើយ។ គួរគិតថា សរសេរបានមួយទំព័រថ្មីបានបទពិសោធន៍មួយថ្មី។ ចូរហាត់សរសេរហើយសរសេរទៀត លុះតា្រតែអាចសរសេរងាយនិងរអិលរលូន ដោយមិនចាំបាច់ប្រឹងគិតយូរទម្រាំសរសេរចេញមួយឃ្លានិងមួយប្រយោគនោះទេ។
- អត្ថរូប អត្ថរសនិង អត្ថន័យ
ការសរសេរប្រលោមលោកឈរលើវិធីជាគ្រឹះទាំង៣គឺ៖
– អត្ថរូប
– អត្ថរសនិង
– អត្ថន័យនៅក្នុងនេះនិយាយឲ្យស្រួលស្តាប់គឺខ្លឹមសារ។
១- អត្ថរូប សំដៅលើដំណើរសាច់រឿងទាំងមូល។
២-អត្ថរស ជាសោភ័ណនៃអក្សរសិល្ប៍និងជាបច្ច័យចំបងនៃការតែងនិពន្ឋនៅក្នុងអង្គរឿងទាំងស្រុង។ អត្ថរសមានគ្រប់កម្រិតគឺ៖
– កម្រិតនៃការប្រើពាក្យពេចន៍និងឃ្លាប្រយោគឲ្យពីរោះរណ្តំ
– កម្រិតទឹកដៃឬទេពកោសល្ល
– កម្រិតខ្លឹមសាររឿងប្រលោមលោក។ល។
ទាំងអស់នេះ សុទ្ឋសឹងជាសិល្ប៍វិធី ដែលអ្នកនិពន្ឋគួរតែសម្រិតសម្រាំងឲ្យបានទៅដល់កម្រិតមួយ មិនខុសគ្នាពីអ្នកនិទានរឿងដែលបានវោហារ និង ប៉ិនប្រសប់និយាយរៀបរាប់ក្បោះក្បាយយ៉ាងពីរោះឥតអាក់ ធ្វើឲ្យអ្នកស្តាប់ចាប់អារម្មណ៍ចង់ស្តាប់ មិនជិនណាយនោះទេ។ យ៉ាងណាមិញ អ្នកនិពន្ឋក៏ត្រូវតែចេះប្រើសិល្ប៍វិធី ដើម្បីទាក់ទាញអ្នកអានឲ្យ ស្លុងចូលទៅក្នុងសាច់រឿងយ៉ាងជក់ចិត្តដិតអារម្មណ៍ ហើយចង់អានពីទំព័រមួយទៅទំព័រមួយទៀត ពីវគ្គមួយទៅវគ្គមួយទៀតមិនធុញទា្រន់។
អ្នកនិពន្ឋខ្លះ ដែលមានទេពកោសល្លដុះពីកំណើតមក ពូកែរៀបចំដំណើរសាច់រឿងណាស់។ ប៉ុន្តែអ្នកនិពន្ឋមួយចំនួនត្រូវចំណាយពេលយូរ ទើបអាចរៀបចំប្លង់រឿងបាន គឺយូរជាងសរសេររឿង។ ឯអ្នកនិពន្ឋខ្លះទៀត ចាប់សរសេរតែម្តងមិនចាំបាច់ធ្វើប្លង់មុនទេ តែគេតែងរឿងបានល្អទៀតផង។
៣–អត្ថន័យ ឬ ខ្លឹមសារ
អត្ថន័យនៃរឿងប្រលោមលោក សំដៅជាពិសេសលើខ្លឹមសាររបស់រឿង។ អ្នកអានឃើញច្បាស់ នៅចុងបញ្ចប់រឿងប្រលោមលោកនីមួយៗ។ ដោយសារខ្លឹមសារនៃរឿងទើបអ្នកអានអាចវាយតម្លៃថា ប្រលោមលោកមានឧត្តមគតិឬគ្មាន។ អ្នកនិពន្ឋគួរតែយល់ដឹងអំពីតួនាទីរបស់ខ្លួនក្នុងការជួយអភិវឌ្ឍចិត្តគំនិតរបស់បុគ្គលដែលជាកោសិការបស់សង្គម។ អ្នកនិពន្ឋក៏មិនគួរភ្លេចដែរអំពីតួនាទីរបស់អក្សរសិល្ប៍គឺអប់រំ។
កាលណាអ្នកនិពន្ឋយល់ច្បាស់អំពី តួនាទីរបស់ខ្លួនហើយ គេមុខជាដឹងច្បាស់ថា តើគេគួរជ្រើសរើសយកប្រធានបទណាមកសរសេរ ដើម្បីឲ្យទទួលបានការគាំទ្រ និងការវាយតម្លៃខ្ពស់ពីអ្នកអានរបស់ខ្លួនដែលមានឧត្តមគតិ។ អ្នកនិពន្ឋមិនគួរគិតថា ខ្លួនសរសេរប្រលោមលោក ដើម្បីគ្រាន់តែជួយកម្សាន្តចិត្ត បន្ឋូរអារម្មណ៍អ្នកអាននោះទេ ទោះបីជាមនុស្សមួយចំនួននៅតែមានគំនិតគិតថា ប្រលោមលោកមិនបានការ គ្រាន់តែគ្រឿងកម្សាន្តចិត្តមួយតែប៉ុណ្ណោះក៏ដោយ។
- ចំណងជើងរឿងប្រលោមលោក
ថ្វីត្បិតតែការរកចំណងជើង ដាក់ឲ្យរឿងប្រលោមលោក ងាយជាងតែងរឿងក៏ពិតមែន តែយើងជាអ្នកនិពន្ឋមិនត្រូវមើលស្រាលទេ ព្រោះថាចំណងជើងអាចចាត់ទុកជាធ្នាក់ទាក់ទាញចិត្តអ្នកអានឲ្យចង់អានសៀវភៅរបស់យើង។ ចំពោះខ្ញុំ ការដាក់ចំណងជើងនៅមុនពេលតែងរឿង វាងាយស្រួលសរសេរ និងមិនឲ្យប្រាសចាកប្រធានបទ និងខ្លឹមសារនៃរឿងនីមួយៗ។ បើកាលណាសរសេររឿងចប់ទើបរកចំណងជើងដាក់តាមក្រោយ នោះវានាំឲ្យពិបាកទៅវិញ ពីព្រោះនៅក្នុងផ្ទៃរឿងនីមួយៗ តែងតែមានបញ្ហាស្មុគស្មាញជំពាក់វាក់វិន សាំញ៉ាំណាស់ ដែលធ្វើឲ្យអ្នកនិពន្ឋរារែកមិនអស់មិនហើយ។ នៅពេលនោះ អ្នកនិពន្ឋមិនដឹងដាក់ចំណងជើងអី្វ ឲ្យសមស្របទៅសាច់រឿងទៅវិញ។ ទោះជាយ៉ាងណាក៏ដោយ សូមកុំភ្លេចថា ចំណងជើងរឿងប្រលោមលោកនីមួយៗ ក៏សំខាន់ណាស់ដែរ ដោយហេតុថា បើសាច់រឿងមានឧត្តមគតិ មានខ្លឹមសារស៊ីជម្រៅ តែផ្ទុយទៅវិញចំណងជើងបែរជាស្រាលរាក់កំផែលមិនឆក់ទាញចំណាប់អារម្មណ៍ ឬមិនធ្វើឲ្យគេឆ្ងល់ចង់ដឹងបន្តិចសោះ គេក៏មិនសូវចង់ទិញសៀវភៅរបស់យើងប៉ុន្មានដែរ ព្រោះគេមិនទាន់បានអាន បានដឹងសាច់រឿងខាងក្នុងនៅឡើយ។ ម៉្យាងទៀតនៅបណ្ណាគារមានសៀវភៅតាំងលក់ជាច្រើនដែលធ្វើឲ្យអ្នកអានរារែកក្នុងការសម្រេចចិត្តទិញសៀវភៅ។ ដូច្នេះខ្ញុំសូមគូសបញ្ជាក់ថា ចំណងជើងប្រលោមលោកនីមួយៗ អាចចាត់ទុកជាដែកឆក់ទាក់ទាញចិត្តអ្នកអានបាន ប្រសិនបើយើងជាអ្នកនិពន្ឋថ្មី ដែលទើបនឹងចេញផ្សាយប្រលោមលោកជាលើកដំបូង។ នេះជាការពិសោធន៍ផ្ទាល់របស់ខ្ញុំក្នុងការរកចំណងជើង នៅពេលខ្ញុំនិពន្ឋរឿង «នេះឬចិត្តប្រុស?» ឆ្នាំ១៩៦៨។
- តួអង្គ
អ្នកនិពន្ឋជាអ្នកផ្តល់កំណើតឲ្យតួអង្គ ក្នុងរឿងប្រលោមលោករបស់ខ្លួន។ តួអង្គទាំងអស់ដែលអ្នកនិពន្ឋបានបង្កើតឡើង ទោះបីជាមានចំនួនតិច ឬច្រើនក៏ដោយ ក៏សុទ្ឋតែជាកម្លាំងយន្តការ របស់រឿងប្រលោមលោកនីមួយៗដែរ។ បើសិនជាតួអង្គមានលក្ខណៈស៊ីជម្រៅ តួអង្គនោះឯងអាចធ្វើឲ្យអ្នកអានជឿស្លុង ហើយជាប់ចិត្តដិតអារម្មណ៍ជាមួយជានិច្ច។ អ្នកអានហាក់ដូចជាមើលឃើញតួអង្គទាំងប៉ុន្មានក្នុងសៀវភៅប្រលោមលោក ជាមនុស្សមានជីវិតរស់រវើកស្រស់ៗពិតៗ នៅលើទំព័រសៀវភៅដែលគេកំពុងតែកាន់អាន ដូចគេកំពុងតែទស្សនាភាពយន្តអ៊ីចឹង។ លក្ខណៈត្រង់នេះបង្ហាញឲ្យឃើញថា អ្នកនិពន្ឋសៀវភៅនោះពិតជាមានទឹកដៃ ប្រកបដោយទេពកោសល្យខ្ពស់មែន។ សៀវភៅរបស់គេនឹងបានទទួលជោគជ័យមិនខានឡើយ។
ចំពោះអ្នកនិពន្ឋ ដែលទើបនឹងចាប់ផ្តើមសរសេរលើកដំបូង បើសិនជាជួបប្រទះការពិបាក ឬទាក់ទើត្រង់កន្លែងណាមួយព្រោះខ្លួនមិនទាន់ពូកែប្រឌិតរឿងនៅឡើយ សូមកុំរារែកសរសេរយកតាមលំនាំរឿងពិត និងរូបសម្បត្តិ ឬចរិយាសម្បត្តិរបស់អ្នកណាម្នាក់ដែលខ្លួនស្គាល់ មកដាក់នៅក្នុងតួអង្គក្នុងរឿងប្រលោមលោករបស់ខ្លួន។ ប៉ុន្តែត្រូវតែចៀសវាងដាច់ខាតកុំដាក់ឈ្មោះពិត អាស័យដ្ឋានពិត កន្លែងរស់នៅពិត ផ្ទះសម្បែង និងរថយន្តពិត។ល។របស់ជនណានោះ ដើម្បីកុំឲ្យប៉ះពាល់ដល់កិត្តិយសរបស់គេ និងដើម្បីចៀសវាងការប្តឹងផ្តល់អំពីបទបរិហារកេរ្តិ៍។ នេះក៏ដូចគ្នាដែរ ក្នុងករណីអ្នកនិពន្ឋដែលសរសេររឿងពិត។
ចំពោះអ្នកនិពន្ឋដែលសរសេររឿងប្រឌិតវិញ គេអាចចម្លងយកឧត្តមគតិនិងអត្តចរិតរបស់ខ្លួនផ្ទាល់មកដាក់ក្នុងតួអង្គសំខាន់ៗឬតួអង្គឯក ដូចជាក្នុងករណីរបស់ខ្ញុំ។ ឧទាហរណ៍៖ ក្នុងរឿង «ខ្យល់សមុទ្រ» ខ្ញុំបានច្បិចយកសកម្មភាពខ្ញុំ ក្នុងការលើកស្ទួយ និងបម្រើអក្សរសាស្ត្រជាតិ ដោយបានចម្លងបុគ្គលិកលក្ខណៈ ចិត្តគំនិតនិងឩត្តមគតិរបស់ខ្ញុំមកផ្តិតដាក់លើតួអង្គឈ្មោះឧត្តម តួនាងទេវីវណ្ណ និង តួអង្គអ្នកស្រីកល្យាណី (សូមអានរឿង«ខ្យល់សមុទ្រ» នេះ នៅក្នុងសៀវភៅប្រលោមលោក ដែលមានចំណងជើងថា «ស្រមោលស្នេហ៍»។
- ឈ្មោះតួអង្គ
ការជ្រើសរើសឈ្មោះតួអង្គ ជាសេរីភាពដ៏ទូលំទូលាយមួយ របស់អ្នកនិពន្ឋរាល់រូប។ អ្នកនិពន្ឋអាចដាក់ឈ្មោះអាក្រក់ ឈ្មោះល្អ ឈ្មោះវែង ឈ្មោះខ្លី ឈ្មោះខ្មែរ ឈ្មោះបរទេសទៅតាមចំណូលចិត្តរបស់ខ្លួន និងសម្របទៅតាមសកម្មភាព ស្ថានភាពគ្រួសារ តួនាទីក្នុងសង្គម និងទីកន្លែងរស់នៅរបស់តួអង្គនីមួយៗក្នុងសាច់រឿង។ នេះក៏ជាករណីរបស់ខ្ញុំដែរ តែនេះក៏ពុំមែនជាក្បួនដែរ។ គួរតែបង្កើតតួអង្គ និងដាក់ឈ្មោះតួអង្គ មុននឹងចាប់ផ្តើមសរសេររឿង។ ម្យ៉ាងទៀតដើម្បីកុំឲ្យភ្លេច ព្រោះមិនបានសរសេររាល់ថ្ងៃ ឬក៏រវល់អាក់ខានជាប់ភារៈកិច្ចផ្សេងៗយូរថ្ងៃខែឆ្នាំ គួរតែធ្វើបញ្ជីរាយឈ្មោះតួអង្គទាំងអស់ និងដាក់សកម្មភាពតួអង្គនិមួយៗយ៉ាងសង្ខេបពីរបីម៉ាត់ឬ មួយឃ្លាយ៉ាងខ្លីជាការល្អ។
- ការពិពណ៌នាដែលមិនគួរធ្វេសប្រហែស
ក្នុងការសរសេរប្រលោមលោក ការពិពណ៌នាជាបញ្ហាមួយដ៏ពិបាកសម្រាប់អ្នកនិពន្ឋមួយចំនួន។ ជួនកាល ការពិព៌ណនាក៏អាចធ្វើឲ្យអ្នកអានខ្លះធុញទ្រាន់ដែរ ប្រសិនបើការពិពណ៌នានោះវែងអន្លាយពេក ពីព្រោះអ្នកអានកំពុងតែជក់ ចង់ដឹងរឿងបន្តទៅមុខ។ ប៉ុន្តែ ការពិពណ៌នាអំពីពិភព ដែលជាដំណើរវិវតិ្តន៍នៃតួអង្គ ពិតជាមានសារៈសំខាន់ណាស់។ ដូច្នេះអ្នកនិពន្ឋមិនគួរប្រហែសឡើយ។ អ្នកនិពន្ឋក៏មិនត្រូវស្ទាក់ស្ទើរក្នុងការបង្កើត និងបង្ហាញទីតាំងឆាកនីមួយៗដែរ ត្រូវចេះដាក់ពណ៌ ដាក់សម្លេង ដាក់ពន្លឺ ដាក់ក្លិនពោលគឺ ផ្តល់ជីវិតឲ្យតួអង្គតាមការស្រមៃរបស់ខ្លួន និងចេះច្នៃប្រឌិតរូបភាពឲ្យសមស្របទៅតាមសកម្មភាព និងទីកន្លែងដែលតួអង្គនីមួយៗកំពុងស្ថិតនៅ បីដូចជារៀបចំឆាកថតភាពយន្ត អ៊ីចឹង។ ដូចគ្នាដែរ ចូរកុំស្ទាក់ស្ទើរកាត់ពាក្យសន្ទនា ហើយជំនួសដោយការពិពណ៌នាខ្លីៗ ដើម្បីធ្វើឲ្យតួអង្គរបស់អ្នកមានចលនា។ ត្រូវតែធ្វើឲ្យតួអង្គមានសកម្មភាពខ្លះនៅពេលកំពុងនិយាយ ឧទាហរណ៍ ក្រោកឈរឡើង ដើរទៅកាន់បង្អួច ផ្តេកខ្លួនលើកៅអីពូក លើកកែវផឹកទឹក ជក់បារី…ជាដើម។ល។ ទៅតាមដំណើរសាច់រឿងនៅក្នុងវគ្គនីមួយៗ គឺធ្វើយ៉ាងណាឲ្យតួអង្គរបស់យើងដែលជាតួអក្សរ ក្លាយទៅជាមនុស្សពិតៗ មានវិញ្ញាណ និងមានចលនារស់រវើក។ រីឯការពិពណ៌នាអំពីរូបសម្បត្តិក្តី ចរិយាសម្បត្តិក្តី សម្លៀកបំពាក់របស់តួអង្គក្តីក្នុងដំណើររឿង ក៏ជាការចាំបាច់មួយដែរ ដើម្បីជូនព័ត៌មានដល់អ្នកអាន។ ឧទាហរណ៍៖ ក្នុងរឿងខ្យល់សមុទ្រ ត្រង់ទំព័រទី៧៣ ខ្ញុំមិនទាន់បានបង្កើតតួអង្គឈ្មោះ «កល្យាណី»ភ្លាមទេ។ ខ្ញុំគ្រាន់តែពិពណ៌នាតួអង្គនេះ តាមរយៈអារម្មណ៍របស់ឧត្តមនៅពេលដែលគេបានឮសំឡេងម្តាយលើកឈ្មោះកល្យាណីមកផ្គូរផ្គងជាមួយគេ។ អ្នកអានបានស្គាល់តួអង្គនេះតាមរយៈការរៀបរាប់របស់ឧត្តមថា៖ <តាមពិត អ្នកស្រីកល្យាណីមានគ្រួសារថែមទាំងមានកូនធំៗទៀតផង។ ខ្ញុំទុកគាត់ដូចជាបងស្រីបង្កើតរបស់ខ្ញុំដូច្នោះ។ គាត់ជាមិត្តនារីល្អម្នាក់ដែលមានគ្រប់គុណសម្បត្តិគួរឲ្យសង្ឃឹម និងទុកចិត្តបាន។ គាត់ជាមនុស្សត្រឹមត្រូវមិនយកគុណជាទោសមិនយកសជាខ្មៅ ខុសហើយនិងត្រូវគាត់ចែកគ្នាដាច់ស្រឡះ។ មិនតែ ប៉ុណ្ណោះ អ្នកស្រីកល្យាណីជាមនុស្សសាច់ការ មានប្រសិទ្ឋភាពក្នុងការងារ និងក្នុងទំនាក់ទំនងផ្សេងៗ…………………………………..កណ្តាលទីឡើយ > ។
- បញ្ហានៅក្នុងរឿងប្រលោមលោក
អ្នកនិពន្ឋជាអ្នកបង្កើតបញ្ហាផង ចងបញ្ហាផង និងដោះស្រាយបញ្ហាផង។ បញ្ហាទាំងនោះ ជួនតឹងក៏មាន ជួនធូរក៏មាន។ វិបត្តិខ្លះជំពាក់វាក់វិនខ្លាំងពេក និងតឹងឡើងៗរហូតដល់ចំណុចកំពូល ជួនកាលក៏ធូរស្រាលទៅវិញ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនិពន្ឋត្រូវចេះលាក់អាថ៌កំបាំងទុកឲ្យអ្នកអានឆ្ងល់ជានិច្ច ដើម្បីឲ្យអ្នកអានចង់ដឹងតាមដានរហូត និងកុំឲ្យអ្នកអានទាយត្រូវមុនអ្នកនិពន្ឋដោះស្រាយបញ្ហា។ ប៉ុន្តែអ្នកនិពន្ឋមិនត្រូវទុកសភាពតានតឹងនេះរហូតទាល់តែធ្វើឲ្យអ្នកអានទ្រំាលែងបាន រួចទម្លាក់សៀវភៅលែងមើលតទៅទៀតនោះទេ។ ដូច្នេះគួរតែបន្ឋូរបញ្ហាខ្លះ ដើម្បីឲ្យអ្នកអានបានធូរស្រាលអារម្មណ៍។ ទាំងនេះជាបច្ចេកទេសនិងជាទេពកោសល្លរបស់អ្នកនិពន្ឋរាល់រូប ពុំមានក្បួនណាបង្ហាញទេ។
- លក្ខណៈអ្នកនិពន្ឋ
អ្នកនិពន្ឋមានលក្ខណៈប្លែកច្រើន ឬតិចពីមនុស្សដទៃ។ ជួនកាល មនុស្សទូទៅ មើលមិនឃើញសោះ តែអ្នកនិពន្ឋមើលឃើញលម្អិតគ្រប់ជ្រុង ព្រោះអ្នកនិពន្ឋមានឧបនិស្ស័យជាអ្នកចូលចិត្តសង្កេត និងចូលចិត្តវិភាគបញ្ហាផ្សេងៗ ដែលគេបានប្រទះឃើញម្តងៗ។ គេក៏ប៉ិនស្រមៃ និងចេះច្នៃប្រឌិតរឿងពិតខ្លះឲ្យទៅជាមិនពិតបានដែរ បើកាលណាគេយករឿងពិតរបស់នរណាម្នាក់មកសរសេរ។
- ឧត្តមគតិអ្នកនិពន្ឋ
គេចាត់ទុកនិពន្ឋជាវិស្វករនៃគំនិត ឬវិស្វករនៃព្រលឹង។ គេក៏អាចចាត់ទុកអ្នកនិពន្ឋជាអ្នកអប់រំ និងជាមនុស្សដែលមានឧត្តមគតិមួយរូប ដែលមានភារៈរួមចំណែកជួយកែច្នៃនិងពត់ហាត់តម្រែតម្រង់និស្ស័យមនុស្សនិងសង្គម។ យ៉ាងណាមិញ អ្នកនិពន្ឋក៏ជាសិល្បករមួយរូបដែរ។ បើអ្នកនិពន្ឋចេះបង្កើតតួអង្គគ្រប់ប្រភេទ គ្រប់ស្រទាប់វណ្ណៈ ឋានៈ ក្នុងសង្គមបាន គេក៏អាចសម្តែងគ្រប់តួទាំងអស់បានដូចគ្នាដែរ។ ក្នុងពេលសរសេរ គេដាក់ចិត្ត គំនិតនិងព្រលឹងរបស់គេទៅក្នុងតួអង្គនីមួយៗបាន តាមរយៈទឹកប៉ាកកានិងការស្រមើស្រមៃរបស់គេយ៉ាងងាយ។ ខ្ញុំចង់បញ្ជាក់ថា មិនមែនទាល់តែខ្លួនធ្លាប់បានហែលឆ្លងរឿងរ៉ាវវិបត្តិក្នុងជីវិតជោកជាំ ទើបអាចសរសេរបានល្អនោះឡើយ។
បើនិយាយពីអ្នកនិពន្ឋដែល សរសេររឿងពិតរបស់ខ្លួនវិញ អ្នកនិពន្ឋប្រភេទនេះមិនត្រូវការប្រើការស្រមៃច្រើនទេ។ គេត្រូវការប្រើពាក្យពេចន៍ឲ្យពីរោះ និងរៀបឃ្លាប្រយោគឲ្យល្អៗ និងច្បាស់ៗតែប៉ុណ្ណោះ ដើម្បីឲ្យអ្នកអានងាយយល់ និងងាយអាន ជាពិសេសគេត្រូវតែដឹងច្បាស់ថា តើដំណាក់កាលត្រង់ណាមួយនៅក្នុងជីវិតរបស់គេ ដែលគេគួរលើកយកមកសរសេរមុនដំបូង និងសរសេរជាបន្តបន្ទាប់មកទៀត។ សម្រាប់អ្នកនិពន្ឋទូទៅ ការប្រើប្រាស់ពាក្យពេចន៍ និងការរៀបចំឃ្លាប្រយោគឲ្យពីរោះរណ្តំ សុទ្ឋសឹងជាឧបករណ៍សំខាន់ និងជាសិល្ប៍វិធីនៃការនិពន្ឋរឿង។
ចំណុចសំខាន់មួយទៀត គឺការជ្រើសរើសប្រធានបទដែលមានខ្លឹមសារ ឬជាឧត្តមគតិរបស់រឿងនីមួយៗ។ អ្នកនិពន្ឋត្រូវដឹងថា បើខ្លួនសរសេររឿងអ្វីមួយ ខ្លួនច្បាស់ជាដឹងថាខ្លួនចង់ផ្តល់អ្វីម៉្យាងទុកជាគតិ និងជាមេរៀនដ៏ល្អប្រពៃមួយដ៏មានសារៈប្រយោជន៍ដល់អ្នកអានរបស់ខ្លួន ជាជាងនាំអ្នកអានឲ្យអណ្តែតអណ្តូង ធ្លាក់ទៅក្នុងអន្លុងកាមគុណ និងអំពើអបាយមុខពាលាអាវ៉ាសែ ដែលបណ្តាលឲ្យខូចសតិអារម្មណ៍ខូចអនាគត យុវវ័យឥតបានការ។ យើងដឹងហើយថា អ្នកនិពន្ឋមានសិទ្ឋិសេរីភាពទូលំទូលាយពិតមែន តែគេមិនត្រូវប្រើប៉ាកការបស់ខ្លួន ធ្វើជាអាវុធសម្រាប់ប្រហារ ឬជេរប្រមាថបំបាក់មុខមាត់បង្អាប់បង្អោនកេរិ៍្តឈ្មោះជនណាម្នាក់ ឲ្យកើតក្តីអាម៉ាស់បាត់បង់កិត្តិយស ព្រោះតែប៉ាកកានិងទឹកខ្មៅរបស់ខ្លួនសោះឡើយ។ គួរគប្បីធ្វើឲ្យដងប៉ាកកា ឬទឹកប៊ិករបស់ខ្លួនឲ្យមានប្រយោជន៍ សម្រាប់បុគ្គល និងសង្គមជាងសរសេរតិះដៀលគេឥតបានការ។ ដរាបណាអ្នកនិពន្ឋម្នាក់ៗយល់តួនាទីរបស់ខ្លួនច្បាស់ដូចបានលើកឡើងនៅខាងដើមវគ្គ ដរាបនោះអ្នកនិពន្ឋនោះឯង និងក្លាយជាមនុស្សដ៏ជាទីស្រឡាញ់គាប់ចិត្ត ជាទីគោរព និងបានទទួលការកោតសរសើរពីអ្នកអានគ្រប់ជាន់ថ្នាក់ និងគ្រប់កាលសម័យ។ យ៉ាងណាមិញ ស្នាដៃរបស់គេក៏នៅតែរស់រវើកឥតស្រកស្រុត និងឥតសាបរលាបឡើយ។ អ្នកអានជំនាន់ណាក៏នៅតែចាត់ទុកស្នាដៃរបស់គេមានខ្លឹមសារជានិច្ចជាកាល។ នេះជាសោភ័ណអមតៈ នៃអក្សរសិល្ប៍ប្រភេទនោះ ។ យើងដឹងហើយថា អ្នកនិពន្ឋប្រលោមលោកជាសាក្សីម្នាក់របស់សង្គមដែលខ្លួនកំពុងរស់នៅ។ ដូច្នេះស្នាដៃអក្សរសិល្ប៍របស់គេ ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គមនោះឯង។ អាស្រ័យហេតុនេះ អ្នកនិពន្ឋត្រូវហ៊ានលើកយកបញ្ហាគ្រប់យ៉ាងនៅក្នុងសង្គមជាតិ មកពិចារណា និងរិះគន់ ព្រមទាំងដោះស្រាយក្នុងសំណេររបស់ខ្លួន។ ទម្លាប់ចាស់គំរិលណាមួយឥតបានការ អ្នកនិពន្ឋគួរតែហ៊ានជម្រុះចោល ដើម្បីអភិវឌ្ឍចិត្តគំនិតនិងស្មារតី អ្នកអានផងនិងដើម្បីកុំឲ្យស្នាដៃអក្សរសិល្ប៍សម័យបច្ចុប្បន្ននេះ និងសាច់រឿងប្រលោមលោកកាលពីជំនាន់ ៣ឬ៤ទសវត្សរ៍មុនស្ថិតនៅក្នុងពុម្ពតែមួយ គ្មានការវិវត្តន៍គ្មានគំនិតថ្មីគ្មានទស្សនៈប្លែក សម្រាប់អ្នកអាន។
ឧទាហរណ៍ ៖ «ទ្រឹស្តីនំមិនធំជាងនាឡិ៍» និង «ការប្រកាន់វណ្ណៈ» ក្នុងការទុកកូនចៅឲ្យមានគូស្រករ នៅតែជាបញ្ហាចំបងមួយ ដិតជាប់ក្នុងផ្នត់គំនិតរបស់មាតាបិតាមួយចំនួនតាំងពីច្រើនទសវត្សមុន។ គោលគំនិតដុះស្លែនេះ នៅតែកើតមានក្នុងបច្ចុប្បន្នកាលនេះដដែល។ ក្នុងសង្គមខ្មែរយើង មាតាបិតាមួយចំនួន នៅតែប្រកាន់ខ្ជាប់ និងអនុវត្តិទ្រឹស្តីចាស់ គំរិលនេះ។
នៅមានបញ្ហាធំៗជាច្រើនទៀតនៅក្នុងសង្គម ដែលយើងជាអ្នកនិពន្ឋបានដឹងបានឮបានឃើញ និង មានភារៈជួយគិតគូរជួយដោះស្រាយទៅតាមទស្សនៈរៀងៗខ្លួន ដើម្បីរួម ចំណែកជួយអភិវឌ្ឍចិត្ត និងស្មារតីដើម្បីជួយរកសេចក្តីសុខជូនសង្គមមនុស្ស និងជួយទប់ស្កាត់អ្វីៗដែលជា ពិសពុលដល់សង្គមឲ្យបានទាន់ពេលវេលាៗ តាមរយៈស្នាដៃអក្សរសិល្ប៍។ ប្រលោមលោកដែលជាវណ្ណកម្មអក្សរសិល្ប៍ អាចជះឥទ្ឋិពលតិចឬច្រើនទៅលើបុគ្គលម្នាក់ៗ៕
សរសេរចប់នៅ ភ្នំពេញ ថ្ងៃ៣០ វិច្ឆិកា ២០១០
បញ្ចេញមតិ