Feeds:
ប្រកាស
មតិ

Posts Tagged ‘ការរើសអើងភេទ’


ខ្សែភាពយន្ត “Kim Ji-young, Born 1982” ដកស្រង់ចេញពីសៀវភៅប្រលោមលោកដ៏ល្បីល្បាញនៅប្រទេសកូរ៉េ និពន្ធដោយអ្នកនាង Cho Nam-joo បោះពុម្ពផ្សាយលើកដំបូងឆ្នាំ ២០១៦ និងត្រូវបានគេលើកយកមកជជែកវែកញែកយ៉ាងច្រើន ព្រោះតែរឿងនេះនិយាយពីភាពអយុត្តិធម៌នៅក្នុងសម័យកាលមួយដែលសង្គមកូរ៉េយកបុរសជាធំ និងបន្ទាបបន្ថោកតម្លៃស្ត្រីយ៉ាងខ្លាំង ពោលប្រលោមលោករឿងនេះបានផ្តោតទៅលើការរើសអើងភេទ និងវិសមភាពយេនឌ័រ។

Kim Ji-Young, Born 1982 និយាយពីមនុស្សស្រីម្នាក់ឈ្មោះ Kim Ji-Young ដែលត្រូវបង្ខំចិត្តលាឈប់ពីការងារដែលខ្លួនស្រឡាញ់ដើម្បីមកចិញ្ចឹមកូន ខណៈដែលប្តីរបស់នាងនៅបន្តធ្វើការងារដើម្បីចិញ្ចឹមគ្រួសារ។ លុះមកដល់ថ្ងៃមួយ នាងក៏ទ្រាំទ្រនឹងស្ថានភាពជីវិតជាស្ត្រីមេផ្ទះដែលនៅតែមួយកន្លែងលែងបាន(បើជាស្ថានភាពរបស់ស្ត្រីខ្មែរគេថាបង្វិលជើងក្រានមិនជុំ)  និងចាប់ផ្តើមមានកាយវិការចម្លែកៗជាមួយមនុស្សនៅជុំវិញខ្លួន ដែលធ្វើឱ្យប្តីរបស់នាងចាប់ផ្តើមព្រួយបារម្ភថានាងអាចនឹងមានបញ្ហាផ្លូវចិត្ត។

រឿងនេះបង្ហាញឱ្យយើងឃើញពីសង្គមរស់នៅរបស់កូរ៉េអំឡុងទសវត្សរ៍៨០ ដែលគ្រួសារនីមួយៗផ្តល់តម្លៃតែលើកូនប្រុស។ ជាក់ស្តែងម្តាយរបស់តួឯកស្រីផ្ទាល់ កាលនៅរៀនក៏ រៀនពូកែជាងកូនប្រុសៗ តែក៏ត្រូវបង្ខំចិត្តឈប់រៀនដើម្បីរកស៊ីចិញ្ចឹមប្អូនៗឱ្យបានរៀនខ្ពង់ខ្ពស់។ ផ្នត់គំនិតនេះបានបន្តមកដល់ជំនាន់កូនៗទៀត ដោយបងស្រីរបស់ Kim Ji-Young ក៏ត្រូវប្រឹងប្រែងធ្វើការដើម្បីចិញ្ចឹមប្អូនៗទាំងអស់ដែរ។ ចំណែក Kim Ji-Young កាលនៅរៀន ពេលមានសិស្សប្រុសតាមបៀតបៀនផ្លូវភេទ ក៏ត្រូវឪពុកស្តីបន្ទោសថា មករៀនធ្វើអីឆ្ងាយៗម្ល៉ឹង និងមកពីស្លៀកពាក់ខើចខ្លីជ្រុលជាដើម។ លុះរៀនចប់មានការងារធ្វើ សមត្ថភាពខ្ពស់ តែបែរជាបានប្រាក់ខែទាបជាងបុរស និងត្រូវថ្នាក់លើដែលជាស្រីដូចគ្នាមើលរំលងទៀត ព្រោះតែខ្លាចពេលរៀបការ មានប្តីមានកូនទៅនាំឱ្យប៉ះពាល់ដល់ការងារក្រុមហ៊ុន។

តួអង្គ Kim Ji-Young គឺជាតួអង្គដែលតំណាងឱ្យមនុស្សស្រីធម្មតាៗម្នាក់ដែលត្រូវបំពេញកាតព្វកិច្ចជា «ម្តាយ» និង «ប្រពន្ធ» ដ៏ល្អ តាមការឃ្លាំមើល និងវាយតម្លៃរបស់សង្គម។ ការងារជាស្ត្រីមេផ្ទះបានធ្វើឱ្យ Kim Ji-Young លែងមានពេលវេលាចន្លោះប្រហោងសម្រាប់ខ្លួនឯង ដើម្បីដើរតាមក្តីស្រមៃរបស់ខ្លួន និងធ្វើនូវអ្វីដែលខ្លួនចង់ធ្វើ។ អារម្មណ៍ដែលគិតថា ខ្លួនឯងគ្មានតម្លៃ ធ្វើការតត្រុកក្នុងផ្ទះរាល់ថ្ងៃ ដើម្បីតែបំពេញភ្នែកញាតិ និងគ្រួសារប្តី បានធ្វើឱ្យនាងក្រៀមក្រំ ខ្វាយខ្វល់ក្នុងចិត្ត គិតច្រើន… រហូតមានជំងឺបាក់ទឹកចិត្តដោយចៀសមិនផុត។

 

ថ្ងៃមួយនាងត្រូវគេពេបជ្រាយថា ស្រីមេផ្ទះដូចជាពួកនាងមិនខុសអ្វីពី «សត្វឈ្លើង» ដែលតោងស៊ីញើសឈាមប្តីរាល់ថ្ងៃនោះទេ ទាំងដែលការពិតនាងជាមនុស្សស្រីម្នាក់ដែលបានលះបង់ ការងារដែលខ្លួនស្រឡាញ់ដើម្បីពលិកម្មជីវិតទាំងមូលនេះ ធ្វើជាស្ត្រីមេផ្ទះ និងជាម្តាយចិញ្ចឹមមើលថែកូន ដោយការធ្វើជាម្តាយម្នាក់នេះ មិនមែនជារឿងងាយស្រួលដូច ដែលបុរសភាគច្រើនគិតនោះទេ។

ខ្សែភាពយន្តនេះ​ ពុំមានអ្វីជាអាថ៌កំបាំងដែលនាំឱ្យយើងរំភើប ភ្ញាក់ផ្អើល ស្មានសាច់រឿងមិនត្រូវអីនោះទេ ព្រោះការបង្ហាញដំណើររឿងក៏ធម្មតាៗតាមរយៈពាក្យសម្តី កាយវិការ ទឹកមុខរបស់តួអង្គ… តែមានសិល្បៈខ្ពស់ក្នុងការបង្ហាញ ហើយតួអង្គក៏សម្តែងសមឥតខ្ចោះ ធ្វើឱ្យខ្ញុំស្លុងអារម្មណ៍លែងចាប់អារម្មណ៍ថា នេះជារឿងដែលគេសម្តែង តែជាដំណើរជីវិតពិតរបស់ស្ត្រីម្នាក់ រហូតធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកជាច្រើនលើកច្រើនសា ទាំងដែលខ្ញុំមិនមានប្រវត្តិដំណើររឿងអីដូចតួក្នុងរឿងឡើយ។

 

ក្រោយទស្សនារឿងនេះចប់ ខ្ញុំក៏ចាប់អារម្មណ៍ថា ការពិតទៅ មនុស្សស្រីមិនត្រូវការឱ្យសង្គមសម្លឹងខ្លួនក្នុងឋានៈជាភេទទន់ខ្សោយនោះទេ តែមនុស្សស្រីចង់ឱ្យសង្គមមើលក្នុងភាពស្មើគ្នា និងគោរពក្នុងឋានៈជាមនុស្សដូចគ្នា មិនត្រូវការឱ្យផ្តល់តម្លៃ និងកិត្តិយសខ្ពស់ជាងបុរស តែត្រឹមផ្តល់ឱ្យស្មើៗគ្នា គឺគ្រប់គ្រាន់ទៅហើយ។ ពិសេសសូមចាំថា មនុស្សស្រីមិនមែនកើតមករង់ចាំតែបង្កើតកូន និងចិញ្ចឹមកូនឱ្យបុរសនោះទេ…

 

Read Full Post »