Feeds:
ប្រកាស
មតិ

Posts Tagged ‘Khmer movie’


ផ្កាយNoVeLs*– ចាត់ទុកថាជាការវិលត្រឡប់មកវិញរបស់អ្នកដឹកនាំរឿងដ៏ឆ្នើម លោក ហ៊ុយ យ៉ាឡេង ដែលតែងតែបង្កភាពភ្ញាក់ផ្អើលដល់ទស្សនិកជនរបស់ខ្លួនតាមរយៈស្នាដៃខ្សែភាពយន្តប្រភេទភ័យរន្ធត់ ដូចជារឿង វិកលចរិត ធ្មប់ និង ខ្មោចដើមចេកជ្វា ជាដើម។ ក្រៅពីនេះ ខ្សែភាពយន្តបែបជីវិតសោកដែលអង្រួនទស្សនិកជនឱ្យសោកវិយោគតាមសាច់រឿង ដូចយ៉ាងរឿង «ដើម្បីកូន» ជាដើម ក៏ធ្វើឱ្យទស្សនិកជនកាន់តែជឿជាក់លើស្នាដៃដឹកនាំសម្ដែងរបស់លោកផងដែរ។

ងាកមកស្នាដៃថ្មីចុងក្រោយបំផុតរបស់លោក ដែលជាប្រភេទរឿងភ័យរន្ធត់រញ្ជួយព្រលឹងនោះ ក៏ចាប់ផ្ដើមទទួលពាក្យស្ងើចសរសើរលាន់មាត់ពីម្នាក់ទៅម្នាក់ ជាបណ្ដើរៗហើយ បន្ទាប់ពីបានចាក់បញ្ចាំងសម្ពោធកាលពីថ្ងៃទី ២៥ កក្កដា ២០២៣ កន្លងទៅនេះ។ ក្នុងនោះក៏មានខ្ញុំម្នាក់ដែរ ដែលបានទៅចូលរួមទស្សនាទាំងពុំបានរំពឹងទុកអ្វីជាមុនសោះ។ ហ៊ាននិយាយដោយឥតលាក់លៀមថា ត្រឹមតែ៥វិនាទីដំបូងប៉ុណ្ណោះ រឿង “ខ្មោចចូល” បានពញ្ញាក់ទស្សនិកជនឱ្យស្រែកខ្ទររោងកុនទៅហើយ ហើយចាប់ពីវិនាទីបន្ទាប់តទៅ ម្នាក់ៗក៏ចាប់ផ្ដើមប្រឹងអត់ដង្ហើមប្រុងប្រៀបគ្រប់ចលនារបស់តួអង្គទាំងអស់ ព្រោះខ្មោច ឬឈុតបន្លាចបែប Jump scare នៅក្នុងរឿងនេះ អាចកើតមានគ្រប់ពេលដោយឥតឱ្យដំណឹងជាមុនទាល់តែសោះ។ និយាយទៅ រឿងនេះគឺមិនបានអូសបន្លាយពេលឱ្យអ្នកមើលដកដង្ហើមទាន់នោះទេ គឺគ្រាន់តែបើកឆាកភ្លាម ក៏លងសង្គ្រប់យកតែម្តង។ 😱😱

ពោលគឺចាប់តាំងពីតួឯកក្នុងរឿង គឺឧត្តមដែលសម្ដែងដោយលោក ហ៊ុយ យ៉ាឡេង ផ្ទាល់ ចាប់ផ្ដើមមានខ្មោចចូលសណ្ឋិត គឺចង្វាក់រឿងហាក់ញាប់រន្ថើន ភ្លឹបភ្លែតៗ លងហើយលងទៀត ពញ្ញាក់ហើយពញ្ញាក់ទៀត អត់ទុកពេលឱ្យទស្សនិកជនបានដកដង្ហើមសោះ ឬសូម្បីតែតួអង្គនៅក្នុងរឿងក៏គ្មានពេលដើម្បីរកហេតុរកផលឱ្យឃើញផងថា ខ្មោចនេះមកពីណា? ហេតុដូចម្ដេចបានជាមកចូលសណ្ឋិតនៅក្នុងខ្លួនឧត្តមនេះទៅវិញ? ជឿថា ទាំងអ្នកផលិត និងអ្នកដឹកនាំរឿងក៏មានចេតនា មិនចង់ឱ្យរឿងនេះអូសបន្លាយវែងឆ្ងាយដែរ គឺធ្វើយ៉ាងម៉េចឱ្យទស្សនិកជនរន្ធត់ ទៅព្រមៗគ្នាជាមួយនឹងតួអង្គក្នុងរឿងរហូតទាល់តែហត់ និងចង់ស្ទះខ្យល់ម្ដងៗ។ 

ថ្វីបើដំណើររឿងកាត់ភ្លឹបៗ ពីឈុតមួយទៅឈុតមួយលឿនៗ(ស្ទើរមិនទុកពេលឱ្យដកដង្ហើម) ក៏បន្តិចម្ដងៗ រឿងបានបង្ហាញតម្រុយខ្លះៗ ពីចំណងបញ្ហាដែលជាប់ទាក់ទងគ្នា ដែលក្រៅពីបំភ័យ បន្លាច ពញ្ញាក់ទស្សនិកជនហើយ សិល្ប៍វិធីនៃការលាក់សាច់រឿងនៅក្នុងភាពយន្តនេះ ក៏កាន់តែធ្វើឱ្យទស្សនិកជនចង់ដឹង ចង់តាមដានបន្ថែមទៀតថា មូលហេតុដែលនាំឱ្យកើតរឿងរ៉ាវទាំងអស់នេះបណ្ដាលមកពីអ្វី ហើយអ្នកណាជាអ្នកនៅពីក្រោយរឿងរ៉ាវទាំងអស់នេះ?

បើនិយាយពីតារាសម្ដែងវិញ តារាដែលគួរឱ្យចាប់អារម្មណ៍ និងលេចធ្លោនៅក្នុងខ្សែភ្នែកខ្ញុំគឺតួឯកស្រីដែលសម្ដែងជាតួអង្គសោភា។ អាចថានេះជារឿងទី១ដែលធ្វើឱ្យខ្ញុំស្គាល់គាត់ ហើយមកដល់ពេលនេះ ខ្ញុំក៏មិនទាន់ស្គាល់ឈ្មោះគាត់ដែរ។ មើលរឿងនេះ ខ្ញុំមិនគិតថាគាត់ជាតារាសម្ដែងទេ តែជាតួអង្គសោភាពិតៗ ព្រោះគាត់ហាក់ដូចជាចូលតួខ្លាំង(មាន inner ខ្ពស់) ហើយសម្ដែងបានស័ក្ដិសមបំផុតទៅនឹង character របស់តួអង្គសោភានេះ។ ពេលទទួលសំបុត្ររបស់ប្ដី ពេលយំ ពេលខ្លាច ពេលម្ដាយបង្ខំ ពេលបែកពីប្ដី… គឺគាត់លេងចូលតួបានយ៉ាងល្អដែលធ្វើឱ្យអ្នកមើលដិតដាមអារម្មណ៍កម្សត់ ភ័យខ្លាច… ទៅតាមគាត់ដែរ។ ចំណែកតួអង្គមីងគ្រត ដែលធ្លាប់តែសម្ដែងកំប្លែងនៅលើឆាក លុះពេលមកសម្ដែងជាយាយព្រឹក្សម្ដាយរបស់តួឯកស្រីនៅក្នុងរឿងនេះ ក៏គាត់ធ្វើបានយ៉ាងល្អគួរឱ្យសរសើរ។ គាត់បានជម្រុះចោលនូវបុគ្គលិកលក្ខណៈជាតួកំប្លែងនៅលើឆាក មកធ្វើជាតួម្ដាយដែលមានចរិតកាចឆ្នាស ហួងហែងកូនស្រី និងពូកែខ្លាចខ្មោច បានយ៉ាងស័ក្ដិសម បើទោះជាមានឈុតខ្លះ គាត់ភ្លាំងភ្លាត់បញ្ចេញ character ជាតួកំប្លែងម្ដងម្កាលក៏ដោយ។

ក្រៅពីចំណុចល្អ រឿងនេះក៏នៅមានចំណុចខ្វះខាតដោយអន្លើផងដែរ។ ដោយសាររឿងកាត់ខ្លីៗភ្លឹបភ្លែតៗ(ដូចខ្លាចមិនបានលងអ្នកមើល 😝🤭 ) ធ្វើឱ្យទស្សនិកជនចាប់ detail លើ character របស់តួអង្គម្នាក់ៗមិនបានលម្អិត ពោលគឺការ Build Character តួអង្គនៅមានកម្រិត។ ជាក់ស្ដែង តួអង្គ វុធ (កូនទាហានដែលរងរបួស ហើយឯកទិញក្រូចពោធិ៍សាត់ទៅផ្ញើ) ឡាំង(កូនទាហានម្នាក់ដែលនៅបម្រើគ្រួសារឧត្តមតាំងពីឧត្តមនៅក្នុងសមរភូមិ) ដាំ និងដូង(កូនចៅរបស់មេទាហានសម្បត្តិ ដែលស្និទ្ធនឹងគ្រួសារឧត្តម)… ដែលតួអង្គប៉ុន្មាននាក់នេះ បើយើងមិនព្យាយាមតាមដានតាំងពីដើមរឿងមកទេ គឺមិនដឹងថាអ្នកណាជាអ្នកណា ហើយមានទំនាក់ទំនងគ្នាដូចម្ដេចនៅក្នុងរឿងនោះទេ។ ក្រៅពីនេះ នៅមានគ្រូខ្មោចស្រី ដែលជាគ្រូបោក តែរឿងមិនបានបង្ហាញច្បាស់ថាគាត់ជាគ្រូបោក និងគ្រូខ្មោចប្រុសដែលជាគ្រូចូលរូប និងចេះមន្តអាគមពិតប្រាកដ តែរឿងក៏មិនបានបង្ហាញលម្អិត និងចែកឱ្យដាច់នូវភាពខុសគ្នារបស់គ្រូខ្មោចទាំងពីរ។

ជារួម ក្រៅពីរន្ធត់ ភ័យខ្លាច ប្រឹងអត់ដង្ហើម មិនហ៊ានបើកភ្នែកមើលនៅក្នុងឈុតខ្លះ អ្នកផលិតរឿងនេះក៏ពូកែលាក់សាច់រឿងបានយ៉ាងល្អ ម្ដងឱ្យយើងសង្ស័យលើអ្នកនេះ ម្ដងលើអ្នកនោះ រហូតទាល់តែចុងបញ្ចប់រឿងទើបការពិតបានបកស្រាយ។ ក្រៅពីនេះ សូម្បីតែឈុតបញ្ចប់ចុងក្រោយ ក៏ឆ្លៀតធ្វើឱ្យបះសក់ ព្រឺរោមដ៏គួរឱ្យហួសចិត្ត និងមិនអស់មិនហើយទៀតផង។ ចុះដូចប្រាប់ពីខាងលើនេះអ៊ីចឹង រឿងនេះលងតាំងពីវិនាទីដំបូង រហូតដល់វិនាទីចុងក្រោយតែម្ដង! 😂😂

(Photo Credit: សូមអរគុណដល់ម្ចាស់រូបភាពទាំងអស់ ❤️❤️ )

Read Full Post »