ផ្កាយNoVeLs*– ទឹកដៃនិពន្ធរបស់លោក ប្រេម ម៉ាកសែល ចាត់ទុកថាជាស្នាដៃល្អឯកដែលកម្ររកអ្នកនិពន្ធសម័យបច្ចុប្បន្នណាមកប្រដូចបាន។ សំណួនភាសាគ្រប់ម៉ាត់របស់លោក សុទ្ធតែមានរូបារម្មណ៍ផ្តិតគ្រប់បរិយាកាស និង បរិយាការណ៍របស់សាច់រឿងបានយ៉ាងល្អ។ លោក ប្រេម ម៉ាកសែល គួរតែជាអ្នកនិពន្ធដែលចាប់កំណើតឡើងនៅក្នុងសម័យ លោក នូ ហាច។ ចុះលោកអ្នកវិញ គិតយ៉ាងណា?
– ១ –
ស្រុកខ្មែរខែច្រូត
ល្ងាចមួយ ខែភ្លឺត្រចះ មេឃស្រឡះល្អ អាកាសត្រជាក់ស្រួល។ វាយោដើមរដូវផាយផាត់ បបោសអង្អែលបណ្ដូលជិវិត ឱ្យកើតសុខដុមរមនា ដូចរៀងរាល់ឆ្នាំ។ កាលពីស្រុកយើងមិនទាន់មានកើតព្យាកុល នៅឡើយ ម្ល៉េះសមគេឮស្នូរដុំរទេះ ដែលផ្ទុកកណ្ដាប់ធ្ងន់ ត្អូញត្អែរ ឆ្លងឆ្លើយរអឹករអឺន។ សន្ធឹកសត្វពាហនៈដណ្ដើមជើងគ្នា កញ្ឆេងចូលក្រោល មេហើយនិងកូន ថ្ងួចរោទ៍រកគ្នា។ សម្រែកភូមិកជន ម្ចាស់សេរីរដ្ឋ បង្កូកហៅសាច់ញាតិ ពេញៗទ្រពងមាត់ ឥតក្រែងរអែង ធ្វើរណបនរណា។
ពីលើអាកាស មើលទៅទីណាក៏ដូចទីណា ពេញផ្ទៃពសុធា ប្រទីបជ្វាលាបំភ្លឺប្លុងៗពីក្នុងខ្ទមស្រែ សុទ្ធសឹងរស្មីល្អពណ្ណរាយ ដែលបាចចេញពីម្រាមដៃសន្តិភាព អបអរសាទរដល់វិបុលផល រោយរាយលម្អរដូវចម្រូត។
ស្ដាយអ្វីម្លេះទេ! មាតុភូមិដ៏កម្សត់នៃយើង បានបូជាសាច់ បង្ហូរជលនេត្រលោហិតទៀតហើយ។
គួរឆ្អែតចិត្តណាស់! នគរតូចមួយ កំពុងលុះលង់ក្នុងសុខសម្ផស្ស ត្រូវក្លាយជាលានដណ្ដើមឥទ្ធិពល យ៉ាងអយុត្តិធម៌របស់ប្រតិព័ន្ធ : មូលធននិយម និង សង្គមនិយម។
រលាយអស់ហើយ! បែបផែនរស់នៅតាមស្រុកជនបទ ដែលមានសិកភាពប្លែកពីជាតិគេ។ យើង ប្រាថ្នាសុំតែទឹកដីសាន្ត ហើយនិងធម្មជាតិដែលមានសន្តិ ដើម្បីរស់នៅ ធ្វើបុណ្យសប្បាយ ទុកឱកាសយ៉ាងច្រើនក្រេបអែមឱជៈ អ្វីដែលហៅថា ក្លិនដ៏ក្រអូបនៃជីវិតនោះ។
ថ្វីបើមិនដូចកាលពីដើមមែន ដែលមេឃនាទលាន់ឮកណ្ដុក ផ្ដែផ្ដាំក្ដាមខ្យងធ្លាប់អង្រួនបេះដូងមនុស្ស បច្ឆឹមវ័យ ឱ្យនឹកស្រណោះទឹកទន្លេថយ ត្រូវជំនួសដោយផ្គរលាន់ទំនើបផ្ទុះខុសរដូវ យើងនៅតែមានចិត្តកួចស្រឡាញ់នូវរាត្រីយន់នារដូវនេះ ដែលសែនរមណីយដរាបរៀងមក។
នៅតាមបណ្ដោយផ្លូវជាតិលេខប្រាំ ត្រង់ចំណុចដែលស្ទឹងដូនទ្រីកាត់បុរីមួយនោះ មានឈ្មោះចម្លែក បានចារប្រវត្តិ ” បន្តោងសសាង្ក ” . . .
” មោងឫស្សី ” ជាទីរួមស្រុកដែលព្រំដែនជាប់នឹងខេត្តពោធិ៍សាត់។
ថ្មើរហ្នឹង ផ្ទះផ្សារបិទទ្វារជិតឈឹងទាំងអស់។ ទីប្រជុំជនបិទភ្នែកសំងំក្នុងព្រលប់ធំ ផ្ទៀងត្រចៀកស្ដាប់ សូរសព្ទគ្រាប់ផ្លោង ដែលលាន់ម្ដងៗ ល្វើយៗឯនាយ។
បណ្ដាសង្កាត់តូចធំទាំងអស់ មានអាកិណ្ណភូមិមួយឈ្មោះ ” ភូមិដើមដូង ” ដែលជាជាយក្រុងឋិតពីខាងលិចទល់នឹងកន្សៃស្ថានីយរថភ្លើង។ លំនៅញឹកស្មេសង់ជាប់ៗគ្នា ហើយបិទបាំងដោយផលព្រឹក្សទ្រុបទ្រុល។
បើគេធ្វើដំណើរពីមាត់ស្ទឹងទៅ កាត់មុខសាលារៀនចិន តាមដងផ្លូវលំដែលពុះបញ្ឆាកភូមិនោះ បន្ទាប់ពីចម្ការចេក គេនឹងឃើញរោងដាក់ពាងទឹក ដែលនៅពីឆ្វេងដៃ។ កណ្ដាលវាលទូលាយ ខាងក្រោយរោងស្បូវ មានគេហដ្ឋានមួយសង់នៅឯកា គ្មានអ្វីដណ្ដប់ក្រៅពីមាលតីមួយគុម្ព ហើយនិងទឹកដោះមួយដើម។ ពីមាត់ផ្លូវទៅ គេឃើញច្បាស់ទែងខ្នងថ្នល់រថភ្លើងត្រដឹងត្រដាច។
ប៉ុន្មានខែមុន ផ្ទះឈើស្ដុកស្ដម្ភធំជង្គ្រឹងនេះ ស្ងាត់មាត់ ឥតពន្លឺទាំងយប់ទាំងថ្ងៃ ព្រោះម្ចាស់បោះបង់ស្ទើររាល់រដូវ។ ឥឡូវមានជីវិតរស់រានរវើក តាំងពីព្រលឹមលុះដល់ព្រលប់។
នៅក្នុងហោណាំង ចង្កៀងប្រេងកាតភ្លឹមភ្លែតៗ បំភ្លឺមុខមនុស្សឱ្យឃើញព្រាលៗ។ ខ្លះទម្រេតខ្លួនបឺតផ្សែងបារី ខ្លះទំពាស្លា នាំគ្នាសម្រាក រំលាយអាហារក្រោយភត្តាវសាន តាមទម្លាប់របស់ខ្មែរពីបរមបុរាណឥតមានកែប្រែមួយចំអាមឡើយ។
បុរសម្នាក់អាយុប្រហែលសែសិបឆ្នាំ មាឌធំដំបង សក់រួញក្រញុល ស្បែកខ្មៅស្រគាំ គឺលោកពូ ឈឹម ជាកម្មសិទ្ធិករអចលនទ្រព្យ។ គាត់យកខ្នងផ្អែកពឹងនឹងជញ្ជាំង សណ្ដូកជើងម្ខាងរាបផ្ទាល់តលភូមិ ផ្ដល់ ផាសុកដល់កុមារីតូចម្នាក់ ដែលគេងកើយភ្លៅ បិទភ្នែករងៀម។
បុរសស្ត្រីដែលអង្គុយក្បែរនោះ សំណេះសំណាលមានវ័យចាស់ជាងបន្តិចបន្តួច ជាសន្តានព្រៀងលាន ធ្វើស្រែជិតគ្នា ឯភូមិ ” របោះអង្កោល “។ គ្រួសារមួយនេះ លែងហ៊ានដេកពួននៅកសិដ្ឋាន ក៏បានមកសុំជ្រកកោនជាមួយ ក្រោមដំបូលសុខរបស់លោកពូ ជាបណ្ដោះអាសន្នទម្រាំស្រុកស្រួល។ ពួកគាត់នាំមកតែទ្រព្យតិចតួច និងកូនស្រីមួយដែលធំពេញវ័យ អាចជំនួសដៃការក្នុងចង្ក្រាន និង ធុរៈស្រាល។ នាងក្រមុំនោះមានឈ្មោះ មិនា។ ចាស់ៗច្រើនហៅក្លាយថា មីង៉ា ឬក៏ មីខ្នា ដាច់សាច់តែម្ដង។
លាវិក លាវិកា ចេញទៅច្រូតស្រូវជារៀងរាល់ព្រឹក ហើយដឹកកណ្ដាប់ត្រឡប់ចូលក្រុងវិញ មិនដែលខកខានមុនព្រះអាទិត្យលិច។
កាលពីឆ្នាំមុន កសិករបញ្ជាន់បោកបែនឯស្រែ លុះរួចរាល់ហើយទើបប្រមូលផល មកដាក់ជង្រុក។ ពេលនេះដីខ្មែរបែងចែកជាពីរ។ គូបដិបក្សដណ្ដើមប្រជាជនទៅវិញទៅមក។ ដូច្នេះអ្នកនៅតំបន់អស្ថិរវន្តនានា ត្រូវបង្ខំចិត្តចោលស្រុកវេលាថ្ងៃ ហើយចេញចោលព្រៃនៅវេលាយប់។
លើទួលស្រឡះខាងក្រោយផ្ទះនោះ មនុស្សប៉ុន្មានរូបនិយាយគ្នារអៃ។ គេឮតែស័ព្ទវាចាលេលាប់ស្រីហើយនិងប្រុសចម្រុះតគ្នា។ បន្ទរដោយសូរសៀងកក្អាកកក្អាយ ហសាភិប្រាយនៃយុវវ័យ កំដរការហត្ថកម្ម ក្រោមច័ន្ទរង្សី ដែលរះភ្លឺថ្លា ស្ទើរឃើញមុខច្បាស់។ ក្រុមនោះកំពុងជម្រះលានស្រូវ។
ក្នុងចំណោមក្មេងៗ មានអ្នកស្រីម្នាក់មើលការខុសត្រូវ។ រាងធាត់ទ្រលុក អង្គុយមួយភ្នែន គាត់ចូលរួមចំណែករំលែកកិច្ចការ។
អ្នកមីងមាឌមាំ មាននាមថា ” ថេត ” ជាឃរណីរបស់គេហដ្ឋាន។ បងប្អូនជិតខាងតែងហៅគាត់ថា: ” មីងម៉ាប់ៗ ” ប្រកបតាមសាច់ឈាមរបស់ស្ត្រីរូបនោះ។
មីងថេតពូកែជន្លជន្លេញទឹកចិត្តបេះដូងនៅខ្ចីៗណាស់ ប៉ិនស្ទាបចង្កេះមនោគតិ ឱ្យស្រៀវរសើបឡើងជាលំដាប់។ កំលោះក្រមុំត្រអាលជក់ចិត្ត ទន់លោងទន់ប្រាណ ដោយសារតែគាត់។
បរិយាកាសក៏មានទឹកដមលោះលាយ រអាករពាយ មិនសោះកក្រោះ អស់កម្លាំងឡើយ។ តាំងពីក្បាលល្ងាច គាត់ប្រឡូកដៃខ្វារក្នុងធូលី ពីរនាក់ក្មួយស្រី ជជុះគ្រវាត់ស្មៅជម្រះហើយ។ យូរៗមិនាបីស្មៅមួយឱបជញ្ជូនទៅគរមួយពំនូកធំ។ យុវជន យុវតី ដែលកាន់ដងចប ចាំងដីបណ្ដើរ ចោទឆ្លើយបណ្ដើរ។
កំលោះឈ្មោះវិទូ ជាសិស្សវិទ្យាល័យរៀនថ្នាក់ទីមួយ។ គេកំព្រាម្ដាយ នៅតែឪពុកនិងបងស្រីម្នាក់។ សព្វថ្ងៃ ពួកគាត់ឋិតក្នុងកណ្ដាប់ដៃខ្មែរក្រហម។ ច្រើនឆ្នាំកន្លង វិទូ រស់នៅក្រោមស្លាបអាស្រមរបស់លោក ឌៀប ព្រះសង្ឃមួយអង្គគង់វត្តសុរិយា ជាពូបង្កើតរបស់មីងថេត។ ម៉្លោះហើយគាត់ក៏បានស្គាល់ និងបបួលនាយមកនៅជាមួយ។
ឯគូឆ្លងឆ្លើយឈ្មោះថា សាឡួន ជាចៅរបស់អ្នកជិតខាងម្នាក់ ផ្ទះនៅទល់មុខពីម្ខាងផ្លូវលំ។ ក្រមុំទាំងពីររាប់អានស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់។ កញ្ញារួសរាយ សម្ដីបាននេះ សួរមិនចេះទាល់ ឆ្ងល់មិនចេះចប់ ប្រសប់ស៊ីសងវាចារាក់ជ្រៅ ប្រកបដោយសុធីឈ្លាសវៃ បើសិនគេអាចវាយតម្លៃបាន ចំពោះក្មេងស្រីម្នាក់ ដែលស្គាល់ត្រឹមតែសាលានៅវត្ត។
ជីតារបស់នាងជាអ្នកកាន់សីល។ ចៅស្រីចាំស្ទាត់ទ្រឹស្តីព្រះពុទ្ធ ហើយព្រមទាំងមានឥរិយាថ្លៃថ្នូរ តាមគន្លងធម៌ គួរឱ្យស្រឡាញ់។
សាឡួនចោទសួរ វិទូដោះសា មីងថេតធ្វើជាអាជ្ញាកណ្ដាល ចាំជួយអារកាត់បញ្ហាស្មុគស្មាញ។ មិនា មិនសូវចេះស្ដី អង្គុយចាំស្ដាប់។ តាំងពីច័ន្ទទាបរហូតច័ន្ទខ្ពស់ គេពុំចាប់ភ្លឹករាប់ចំណងជើងរឿងប៉ាចរហាច ដែលបានឆ្លងកាត់ទីលាននោះឡើយ។ ពេលនោះ សាឡួនសួរវិទូថា៖
_ ពូអ្ហា៎! ចប់វិទ្យាល័យមោង តើពូទៅរៀននៅឯណាដែរ?
_ បើតាមធម្មតា ខ្ញុំទៅបាត់ដំបង!
_ ចុះដល់អស់ថ្នាក់នៅបាត់ដំបង?
_ ភ្នំពេញ!
_ ទម្រាំរៀនចប់ សក់ស្កូវព្រោងហើយ!
_ ខ្ញុំគ្មានវាសនាទៅរាជធានីទេ!
_ ម្ដេចក៏ឆាប់គិតអស់សង្ឃឹមម៉្លេះពូ?
_ ក្រៅពីវត្តអារាម ខ្ញុំឥតមានអ្វីគួរជាទីពឹងឡើយ!
_ ស៊ូទ្រាំណា៎ពូ! គេធ្វើយ៉ាងម៉េច យើងធ្វើអ៊ីចឹងទៅ!
_ មានតែផ្លូវមួយហ្នឹងទេ !
សាឡួននៅស្ងៀម ឋិតក្នុងអសក្កភាព នឹងជួយរកឃើញមធ្យោបាយប្រសើរ។ មីងថេតដែលនៅព្រងើយយូរហើយ បង្ហាញផ្លូវងាយយ៉ាងធូររហែង៖
_ បើមិនកើតទេ កោរសក់ បួសទៅក្មួយអឺយ! លោកសង្ឃក៏រៀនដល់ណាដល់ណី ដូចគ្នាដែរអីតើ!
ស្រីៗអស់សំណើចនឹងបរមតិ។ វិទូបកស្រាយឱ្យសមហេតុផល ផ្សែផ្សំនឹងគំនិតបដិវាទផងដែរ៖
_ របៀបសិក្សាមិនដូចគ្នាទេមីង! បើឱ្យខ្ញុំបួសរៀនសាជាថ្មី ដូចគេចាប់ផ្ដើមពីកុមារដ្ឋានអ៊ីចឹង! ទម្រាំដល់ចប់ពុទ្ធិកវិទ្យាល័យ ទូខ្ញុំទំពែកក្បាលមែនហ្នឹងណា៎!
មីងថេតមិនរវល់ពីហេតុផលឡើយ គាត់គ្រាន់តែក្រមាច់ កំប្លែងលេងសើចដោយសុចិន្ដា៖
_ ទំពែកក៏ទំពែកចុះ ឱ្យតែរៀនចេះ!
_ បើយូរម្លឹងៗ ខ្ញុំទ្រាំនឹងវិន័យ សិក្ខាបទម្ដេចនឹងបាន!
_ កំសាកម៉្លេះវ៉ី ! ព្រះសង្ឃរាជខ្លះបួសដល់សុគត ម្ដេចក៏លោកទ្រាំបាន!
_ បើអ៊ីចឹង មីងឱ្យខ្ញុំបួសអស់មួយជីវិតអ្ហី?
_ ត្រូវហើយ!
_ ពុទ្ធោ!
មីងថេតជជែកផង លបមើលមិនាផង។ នាងជជុះស្មៅ ធ្វើមិនដឹងមិនឮ ខ្សត់ដោយមតិ កំណាញ់ ទាំងសម្ដី។ មីងយើងប្រើពាក្យទន់ភ្លន់ម្ដងវិញ ដោយបែរមុខទៅនារីរូបនោះ ហាក់ចង់ប្រាស្រ័យជាមួយ នាងផ្ទាល់៖
_ តែណ្ហើយទៅចុះ! មីងនិយាយលេងទេ! បើឯងទៅបួស តើបានអ្នកណាដើរចង់ស្រីទៀត?
មិនានៅស្ងៀម គ្មានរំភើបសោះ។ មីងនឹកក្នាញ់ណាស់ និយាយដាក់ត្រចៀក និងចាក់ចង្កេះញ៉ាច់៖
_ មែនទេ មីង៉ា?
ស្រីក្មេងភ្ញាក់ព្រើត លោតបះដៃច្រាង ភ្លាត់ពាក្យអាសគ្រាមឱ្យឮគ្រប់គ្នា។ មិនាអៀនពេក ក៏មូរមុខ ក្ងុល លូនក្បាល ចាក់ក្រឡេក ក្ដិចខ្ញាំសងសឹកមីងកំហូចវិញ។ ប៉ុន្តែក្អេងចង្កេះនោះ ស្បែកក្រាស់ខ្លាញ់ច្រើន ឥតញញើតសោះនឹងម្រាមតូចៗ ដែលគ្រាន់តែឆ្កៀល បង្អើលសំណើចឱ្យរលាក់ក្អៀកៗ ដូចជួយរំលីងទឹកពីបាតក្អម។
អ្នកដទៃទៀតនឹកចង់សើចផង នឹកអាណិតផង។ សាឡួនបន្ត៖
_ បើសិនប្រុសៗរៀនដល់សក់ស្កូវទាំងអស់គ្នានោះ សាសនាព្រះពុទ្ធមុខជារលត់ រលាយមិនខាន!
វិទូឆ្លើយតប៖
_ បើសិនប្រុសៗ នាំគ្នាទៅបួសដល់ចាស់ស្លាប់នោះ ជាតិខ្មែរពិតជាផុតពូជដូចគ្នា! ខ្ញុំបានគិតថាបួស ត្រឹមបីខែ សងគុណម៉ែចុះ!
_ សាងផ្នួសមិនមែនគ្រាន់តែសងគុណទឹកដោះទេ គឺអប់រំចិត្តកុំឱ្យយង់ឃ្នង ធ្វើបាបប្រពន្ធកូន!
_ បួសសន្សំទ្រព្យ នាំតែបាបច្រើន!
_ លុយមិនសំខាន់ទេ! ស្រីខ្មែរចូលចិត្តអន្ទិតស្លូតៗ!
មីងថេតជួយបង្ហើយថា៖
_ កុំព្រួយច្រើនពេក ស្រីៗយើងអើយ! នាងរត់រកអ្នក មីខាតលក្ខណ៍ត្រូវនឹងបាក់ទន្សា!
ស្ងាត់មាត់បន្តិច សាឡួនសួរវិទូទៀត ដោយពង្វាងឆ្ងាយពីរឿងផ្ដេសផ្ដាស៖
_ តើពូមានបំណងចង់ធ្វើអ្វីដែរ?
សំណួរនេះធ្វើឱ្យកំលោះពិបាក ព្រោះតាមការពិត គេមិនដែលបានគិតពីវិជ្ជាជីវៈឡើយ។ នាយរំពឹងមើល ហើយប្រញាប់ឆ្លើយដោយអំណួតខ្លះ៖
_ បើសិនជាអាច ចង់ធ្វើជាវិស្វករជលធារសាស្ត្រ ឬខនិជសាស្ត្រ!
អ្នកមីងមិនយល់ពាក្យ សួរបញ្ជាក់ថា៖
_ ស្អីគេ វិស្វករនុ៎ង ?
_ អាំងហ្សេន័រ បាទ!
_ អើ ! បើនិយាយខ្មែរអ៊ីចឹងទៅ ស្រួលស្ដាប់គ្នាខ្លះ! . . . ចុះអាំងសែញ័រហ្នឹង គេធ្វើអ្វីដែរ?
_ គេរុករករ៉ែលោហធាតុក្នុងដី ដូចជាដែក ស្ពាន់ ប្រេងកាតជាដើម!
_ ប្រេងកាតនៅឯណា ?
_ នៅឈូងសមុទ្ទខ្មែរ! កោះពូលូវ៉ៃ!
_ ឯងដឹងមកពីណា?
_ ខ្ញុំឮលោកគ្រូថា!
_ ឱះឱ! . . . ឯងនិយាយអួត បោកប្រាស់ស្រីៗ !
_ លោកគ្រូមិនចេះកុហកទេមីង! ម៉្យាងទៀត ខាងជលធារសាស្ត្រ គេលើកទំនប់ ប្លែងភាពកម្លាំងទឹក ធ្វើវារីអគ្គិសនី ប្រើពេញស្រុកខ្មែរ ហើយលក់ចែកចាយ ធូរថ្លៃទៀតផង!
_ ទំនប់ព្រែកជីកយើងមានស្រាប់ហើយ! ម៉េចគេមិនធ្វើភ្លើង?
_ ស្ទឹងមោងតូចណាស់! ធានាអាងទឹកមិនគ្រប់គ្រាន់ទេ!
_ បើស្ទឹងមោងតូច ឯងនាំគ្នាទប់ទន្លេសាបទៅ?
_ មិនចាំបាច់ទេ ! នៅជួរភ្នំក្រវាញមានកន្លែងច្រើនណាស់!
មីងថេតធ្វើ ” ធ្វើយ ” ខាកស្ដោះទឹកមាត់ទុទិដ្ឋិនិយម បញ្ចប់កិច្ចសម្ភាសន៍។ គាត់ច្រត់ជង្គង់យោងទម្ងន់ខ្លួន បោសដីពីសារុង និងពោលកក្អិល៖
_ នែ៎ វ៉ឺយកូនចៅ! ពួកឯងធ្វើការមួយសន្ទុះទៀតចុះ មីងទៅដាក់ស្ងោរដំឡូងជ្វាសិន!
អ្នកមីងក្រោកចេញដោយដំណើរញ៉េងញ៉ង ធ្វើអនុកិរិយាក្រមុំកាច់រាង ព្រមទាំងចោលពាក្យចំអកឡកឡាយ៖
_ ជឿចាស់បានហូបដំឡូងជ្វា ជឿអាំងសែញ័រ ហូបតែដុំដី!
ក្មេងស្រីទាំងពីរដើរតាមក្រោយដែរ ដើម្បីដងទឹកមកចែកគ្នាញ៉ាំ។ មីងបែរមកថែមពីរបីម៉ាត់ទៀត៖
_ អាទូអ្ហា៎! បើបានធ្វើស្ដេចភ្នំក្រវាញហើយ កុំភ្លេចយកមីង៉ា ទៅធ្វើស្នំផង!
និយាយចប់ភ្លាម មីងថេតទះត្រគាកមិនាប៉ាច់ៗ រួចហើយក្រៀកកបណ្ដើរនាំទៅ។ នាងត្អូញ រំអែរំអួយ ស្ទើរស្ដាប់មិនឮ៖
_ អ៊ូយ! មិនដឹងជាស្អីទេមីង!
នាងៗមួយគូនេះមានរូបសម្បត្តិល្អល្បាស់កាំគ្នា។ តែគាត់មានចិត្តអាណិត និងស្រឡាញ់ជាបុរិមា ផ្កា នៅក្នុងដៃ ព្រោះនាងទន់ខ្សោយ ចរិយាគត់មត់ ល្ងង់ហើយអធីនផង។
បើសិនជាគិតឱ្យសព្វគ្រប់ទៅ ចាស់ៗតែម្ដង ដែលផ្ដើមក្លៀវក្លមបង្គាប់ក្មេងៗ ឱ្យរាប់មួយពីរ។ លុះដល់ ជ្រុលជ្រួស ចេះហួសពីនោះ ក៏តាំងថ្កោលទោសពួកគេទៅវិញ។
វិទូទម្រេតខ្នងផ្អែកនឹងពំនូកស្មៅ សម្លឹងភ្លឹះៗផ្កាយឯលើមេឃ សង្ឃឹមទឹកត្រជាក់ឆាប់មកដល់ភ្លាម។
មួយសន្ទុះក្រោយ គេឮសំឡេងសំពត់ភឹបៗ។ មិនាមកដល់មុនសាឡួនបន្តិច។ ពេលនាងហុចផ្តិល ទៅឱ្យវិទូ ស្រាប់តែ ស្នូរស្វ័យប្រវត្តិលាន់ឡើងរំពង។ គ្រាប់ភ្លើងហើរព្រោង ឆ្វេចៗលើក្បាល។ ដំណាល គ្នានោះ មិនាស្រែកយ៉ៃ ភ័យតក់ប្រមា ជះទឹកពេញផ្តិលស្រោចប្រាណវិទូ ស្ទុះទាំងកំរោលទៅពោបពីលើ ហើយឱបនាយខ្វិត មិនលែងសោះឡើយ។
ចំណែកសាឡួនក៏ដូចគ្នាដែរ ស្លន់ស្លោឡប់ពុទ្ធោ ក្រាបក្បែរកំលោះ ហាក់បីដូចជានៅកន្លែងនេះ មានតែមនុស្សម្នាក់ អាចជួយសង្គ្រោះ។
មួយប្រាវប៉ុណ្ណោះ ភេរវសញ្ញារលត់ស្ងាត់វិញ។ គេក៏ដឹងថា ពុំមែនជាការប្រយុទ្ធពិតទេ។ តាមស្មាន មើលទៅ ទាហានយាមក្រុងក្ដៅពោះខ្លាំងណាស់ ច្រឡំសុនកថាជាសត្រូវ។
ឆ្លងផុតវេលាអហេតុកភ័យ អារម្មណ៍កក់ក្ដៅគ្រប់គ្រងលើស្រុកមោងឫស្សីវិញ។ ប៉ុន្តែ នៅលើលាន ស្រូវដែលជម្រះថ្មី រឿងភ័យមួយផ្សេង ទើបតែចាប់ផ្ដើម។
វិទូទទឹកខ្លួនជោក ដេកផ្ងារលើស្មៅ។ គ្រាប់ផ្លោងមួយគូដោតជាប់លើទ្រូង សង្កត់ណែនក្ដន់រើមិនរួចសោះ។ ទោះបីរកកល់ចង់គ្រុនយ៉ាងណា ក៏នាយមិនហ៊ានកម្រើកខ្លាំងដែរ ស៊ូទ្រាំសំងំដកដង្ហើមផុតៗ ចាំម្ចាស់ប្រហារ ប្រណីដោះ . . . លែង . . .
ពេលនោះ មីងថេតស្រែកហៅ ។ សាឡួនរត់ប្រុយឥតចាំគ្នីគ្នា។ មិនាក៏ភ្ញាក់ពីខណៈភ័ន្តភាំង ព្រមព្រលែងសាច់ដែលយកអាសា។ នាងឈានជើងដើរស្ទើរតែមិនរួចពីកន្លែងរន្ធត់ អៀនផង អរផង។
នៅក្នុងទេសកាលដ៏ចៃដន្យនេះ ឥតមាននរណាបន្ទោសនរណាទេ។ កំលោះក្រមុំលែងមាត់លែងកចាកចោលទីនោះ ភ្លេចចប ភ្លេចបង្គី។
ពាក្យពិបាកនៅក្នុងវគ្គ
សុខដុមរមនា ន. ការនៅមូលគ្នាជាសុខឥតមានមោះហ្មង។
ព្យាកុល ន . ចលាចល , ការធ្វើឱ្យច្របូកច្របល់ confusion។
ភូមិកជន ន. ជនក្នុងភូមិ , នៃភូមិ villageois , e ។
សេរីរដ្ឋ ន. រដ្ឋដែលមានសេរីភាព ឬអំណាចពេញទី។
បង្អោត កិ. ធ្វើឲ្យអោត គឺធ្វើសំឡេងឲ្យអោតខ្ពស់ឡើង
ពណ្ណរាយ គុ. ដែលធ្វើសម្បុរឱ្យរាយ , ដែលមានរស្មីចាំងព្រោងព្រាយ។
វិបុលផល ន . ផលច្រើន។
សុខសម្ផស្ស ន. ការប៉ះប្រទះសេចក្ដីសុខ។
ប្រតិព័ន្ធ ន.ប្រតិព័ន្ធមូលធននិយម bloc capitaliste។
មានសិកភាព ន. ទឹកចិត្ត , ចិត្តគំនិត ( mentalité ) ។
សាន្ត គុ. ដែលស្ងប់, រម្ងាប់, ស្ងប់រម្ងាប់; ក្សេមក្សាន្ត, សុខស្រួល ។
សន្តិ សន់-តិ ន. សេចក្ដីស្ងប់; សេចក្ដីសាន្តត្រាណ; សេចក្ដីរាបទាប ។
អែមឱជ ន. ឱជៈផ្អែម , រសជាតិផ្អែម ។
មេឃនាទ ន. ផ្គរលាន់ , មេឃសព្ទ។
សសាង្ក ន. ជោតិជាតិមានស្នាមទន្សាយ ឬមានរូបទន្សាយជាគ្រឿងសម្គាល់ = ព្រះចន្ទ្រ ។
អាកិណ្ណភូមិ ន. ភូមិដែលមានផ្ទះកុះកុំ agglomération ។
ភត្តាវសាន ន. វេលាក្រោយពេលបាយ។
កម្មសិទ្ធិករ ន. ម្ចាស់កម្មសិទ្ធ។ propriétaire ។
អចលនទ្រព្យ ន. ទ្រព្យដែលយកទៅណាពុំរួច immobilier។
តលភូមិ ន. ក្ដារក្រាល le plancher។
លាវក , លាវិកា ន. អ្នកច្រូតកាត់។
សន្តានព្រៀងលាន ន. អ្នកកន្ទៀតដែលនៅភូមិជាមួយគ្នារាប់អានទុកស្មើនឹងញាតិសន្តាន។
អស្ថិរវន្ត ន. ដែលមិនជាប់ ឬមិនឋិតឋេរ instable ។
លេលាប់ គុ. កិវិ. ដែលលែនលន , លីកលាន , ស្មោះងារ , ខ្ជីខ្ជា ( ស្មោះងារ = ធ្វើឱ្យតែរួចពីដៃ , ថាឱ្យតែរួចពីមាត់ )។
ហសាភិប្រាយ ន . ការមានបំណងដើម្បីសើចលេងសប្បាយ; បំណងក្នុងការរីករាយសប្បាយ ។
ឃរណី ន. ស្ត្រីជាម្ចាស់ផ្ទះ , មេផ្ទះ។
មនោគតិ ន. « មនោ ន. ចិត្ត» មនោគតិ ន. ដំណើររបស់ចិត្ត។
លោះលាយ គុ. ក្សេមក្សាន្ត , សុខស្រួល។
រអាករពាយ គូ. កិវិ. រួសរាយ , កក្អាកកក្អាយ ដោយរាក់ទាក់ស្មោះស។
សុធី ន. ប្រាជ្ញា , សេចក្ដីឈ្លាស។
ប៉ាចរហាច ( គុ. ) ដែលរហាចពេញពាស ។ សម្ដីប៉ាចរហាច សម្ដីភរភាយរហាចរហឥតមានចប់ ។
អសក្កភាព ន. ភាពប្រព្រឹត្តទៅមិនបាន ( impossibilité )។
បរមតិ ន. មតិផ្ទុយពីមតិធម្មតា ( paradoxe ) ។
បដិវាទ ន. « បដិវាទកម្ម ន. ការជំទាស់។» គំនិតបដិវាទ ( Esprit de contrqdiction )។
សុចិន្ដា ន. គំនិតដែលបានគិតទុកមកដោយត្រឹមត្រូវ។
សិក្ខាបទ ន. ចំណែក, មាត្រារបស់សីលឬរបស់វិន័យ។
ប្រាស្រ័យ ឬប្រស្រ័យ ន. សេចក្ដីស្រឡាញ់ , សេចក្ដីរាប់អាន។ កិ. កិវិ. រាក់ទាក់ , សំណេះសំណាល។
អាសគ្រាម គ. ដែលគួរឱ្យអៀនខ្មាស , ដែលមានថាដល់កេរ្តិ៏ខ្មាស។
មេ ! ឬ ហ្មេ ! ពាក្យភ្លាត់មាត់ ឧ. មេ ! អានេះព្រហើនណាស់តើ ! ។
ជលធារសាស្ត្រ ន. វិជ្ជាទាក់ទងដោយធារទឹក ( Hydrographie ) ។
ខនិជសាស្ត្រ ន. វិជ្ជាទាក់ទងដោយរ៉ែ។
ទុទិដ្ឋិនិយម ន. សេចក្ដីចូលចិត្តក្នុងទ្រិស្ដីថាអាក្រក់។
កក្អិល គុ. កិវិ. ពាក្យសម្រាប់ចម្រើនកិរិយាដែលមានកម្លាំងចិត្តឱ្យប្លែកឡើង។ ឧ. និយាយកក្អិល ។
អនុកិរិយា ន. ការធ្វើតាម , ការធ្វើត្រាប់តាម។
ល្បាស់កាំ គុ. កិវិ. ដែលលូតលាស់ ឬចម្រើនស្ទើរស្មើគ្នា , ប្រដំប្រសងគ្នា ។
ក្លៀវក្លម កិ. បបួល ។
បុរិមា ន. សេចក្ដីស្រឡាញ់ ឬចូលចិត្តជាង » ជាបុរិមា គឺស្រឡាញ់ ឬចូលចិត្តជាង , ដោយជ្រើសរើសយក ( de préference ) ។
អធីន គុ. ដែលងាយស្ដីប្រដៅ។
តក់ប្រមា កិ. តក់ប្រាជ្ញា , ភ័ន្តបាត់ប្រាជ្ញាស្មារតី » ភ័យតក់ប្រមា។
អហេតុកភ័យ ន. ការភ័យរកគិតអ្វីមិនទាន់ ( panique )។
ទេសកាល ន. កាលដែលប្លែក។
នរណាទៅ ប្រេម ម៉ាកសែល ?
អ្នកនិពន្ធខ្មែរនៅប្រទេសបារាំង។