ដើម្បីបង្កភាពងាយស្រួល ដល់ប្រិយមិត្តទាំងឡាយ ដែលចង់ក្លាយខ្លួនជាអ្នកនិពន្ធភាពយន្ត(screen writer) ខ្ញុំសូមលើកយកសេណារីយោរឿង «អាត់បី» ដែលជាស្នាដៃនិពន្ធ របស់អ្នកស្រីម៉ៅសំណាងហៅ«ទន្សាយ» មកបង្ហាញជូនជាគំរូម្តងមួយសេកង់ៗ ដោយមានភ្ជាប់មកជាមួយនូវ ឈុតឆាកភាពយន្តខ្លីៗក្នុងសេកង់នីមួយៗផង។
ការសរសេរសេណារីយោកុន(screenplay)របស់អ្នកនិពន្ធខ្មែរ មិនមានក្បួនខ្នាតអ្វីឲ្យជាក់លាក់នោះទេ គឺគេសរសេរយ៉ាងណាឲ្យតែអ្នកដឹកនាំរឿង និងអ្នកសម្តែង អានបាន ងាយយល់គឺវាបានទៅហើយ។ ជាធម្មតាគេសង្កេតឃើញថា នៅផ្នែកខាងលើនៃសេកង់នីមួយៗ(sequence) តែងមានសរសេរបញ្ជាក់ពីពេលវេលា ទីកន្លែង តួសម្តែង និងសំលៀកបំពាក់របស់តួ។ ហើយផ្ទៃរឿងក្នុងសេកង់នីមួយៗ មានបែងចែកជាបីតារាង ដោយតារាងទីមួយនិយាយពី សកម្មភាពរបស់តួ ប្លង់កាមេរ៉ា(ប្លង់ទូទៅ ប្លង់សំណុំ ប្លង់មធ្យម ប្លង់អាសេទិច ប្លង់ធំ…) ចលនាកាមេរ៉ា(ស្កុប ច្បាស់ ព្រាល ឬរូបភាពស្រមៃ)។ តារាងទីពីរបង្ហាញពីឈ្មោះតួអង្គ និងតារាងទីបីជាសម្តីឆ្លើយឆ្លងរបស់តួអង្គ។
ដូច្នេះដោយមានការពិបាកក្នុងការគូសតារាង តាមសំណៅដើមរបស់អ្នកនិពន្ធ ខ្ញុំសូមធ្វើការកែប្រែដោយត្រលប់មកសរសេររៀងលំដាប់ចុះក្រោមវិញ គឺផ្នែកទី១ជាសកម្មភាពតួអង្គ ផ្តើមសរសេរដោយរជ្ជុសញ្ញា(-) ផ្នែកទី២ឈ្មោះតួអង្គ(សរសេរជាឈ្មោះអក្សរដិត) និងផ្នែកទី៣ជាសម្តីតួអង្គ ដោយសរសេរបន្តភ្ជាប់ពីឈ្មោះតួអង្គតែម្តង។
សេកង់ទី១
ពេលវេលាៈ ពេលល្ងាច
ទីកន្លែងៈ ផ្ទះណារ៉ា
តួសម្តែងៈ ណារ៉ា បូព្រឹក្ស កាណាន ផានី ភ្ញៀវក្នុងហាងច្រើននាក់ អ្នកមើលប្រដាល់
សំលៀកបំពាក់ៈ ណារ៉ាខោខ្លីខ្លួនទទេ កាណានសារុងក្រឡាអាវយឺត បូព្រឹក្សខោអាវកំភ្លេនៅផ្ទះ ផានីអាវយឺតសំពត់មីនីខ្លី
-ណារ៉ាកំពុងខាំមាត់ដាល់បាវខ្សាច់នៅក្រោយផ្ទះ មួយដៃហើយមួយដៃទៀត
-ដៃណារ៉ាបែកឈាមរឹមៗ
-ដៃដាល់បាវខ្សាច់បណ្តើរ លេចរូបភាពស្រមៃបណ្តើរ
-នៅលើសៃវៀនប្រដាល់ កាណានឪពុកណារ៉ានៅពីក្មេង ត្រូវគូប្រកួតទាត់ប៉ើងទៅលើខ្សែរេញរមៀលធ្លាក់ទៅក្រោម ចុករមួលខ្លួនមានឈាមតាមមាត់(ឃើញរូបភាពភ្លឹបភ្លែតៗ)
-កាណានត្រូវគេដាក់លើប្រង់កា សែងរត់ចេញពីកន្លែងប្រដាល់
-ផានីកំពុងច្រៀងបញ្ចប់ រួចចុះពីលើឆាកចម្រៀង មកអង្គុយកំដរភ្ញៀវ
-ភ្ញៀវ៤,៥នាក់នៅតុសុទ្ធតែមានកៀកនារីកំដរមួយម្នាក់ ភ្ញៀវម្នាក់ដែលអង្គុយជាប់ផានី លើកស្រាចាប់បង្ខំឲ្យនាងផឹក
-នាងគ្រវីក្បាលរាដៃ តែភ្ញៀវចាប់បញ្រ្ចកនាង ក្រពប់ស្រាពេញខ្លួន
-ណារ៉ានៅតូចអាយុ៦,៧ឆ្នាំ កំពុងពរប្អូនស្រីអាយុមួយខួប លួងរលាក់កុំឲ្យយំ
-ណារ៉ាដាក់ប្អូនលើគ្រែឬស្សី រត់ទៅ ឆុងទឹកដោះគោ បូព្រឹក្សវារធ្លាក់ពីលើគ្រែស្រែកយំយ៉ាងខ្លាំង ណារ៉ាទម្លាក់ដប់ទឹកដោះគោស្ទុះមក
-កាណានមានមុខជាំហើម ដើរទប់ខ្លួនចូលមកក្នុងផ្ទះយឺតៗ
-ឃើញកូនធ្លាក់យំឡើងគាំង ស្ទុះទៅលើកបីកូនឡើងឱបជាប់នឹងទ្រូង
-ឡានតូចមួយបើកមកឈប់មុខផ្ទះ បុរសម្នាក់ចុះមកបើកឡានឲ្យផានីចុះមក សក់នាងរញ៉េរញ៉ៃអាវដាច់ឡេវខាងលើ ដើរយកដៃខ្ទប់ ដំណើរទន់របៀបស្រវឹងចូលមកក្នុងផ្ទះ
-កាណានដៃម្ខាងពកូនកំពុងយំ ដៃម្ខាងរើខោអាវនាងពីក្នុងទូ បោះបោកមកលើផានី មុខខឹងញ័រទទ្រើក
-ណារ៉ាឱបជើងឪពុកយំ
-ផានីក៏យំប្រមូលខោអាវ ដាក់ក្នុងកាបូបខោអាវ
-ណារ៉ារត់មកឱបម្តាយ
-ផានីបេះដៃណារ៉ាចេញ ស្ពាយកាបូបចេញទៅ(ស្កុបយឺតៗ)
-បូព្រឹក្សស្រែកយំយ៉ាងខ្លាំង
-កាណានឱបកូនស្រក់ទឹកភ្នែក ណារ៉ាអុកបង្គុយលើដីយំ
-ជើងរបស់ណារ៉ាហក់ធ្លោ ទៅធាក់ចំបាវខ្សាច់រយះធ្លាយខ្សាច់បាវ
-បូព្រឹក្សរុញរទេះដែលមានឪពុកអង្គុយលើ ចេញមករកកន្លែងណារ៉ាហាត់ របៀបស្ទាក់ស្ទើរ
បូព្រឹក្ស៖ បងរ៉ា!
-ណារ៉ាងាកមកឃើញឪពុកធ្វើមុខមាំដាក់ គេឈ្ងោកមុខជ្រប់ ទម្លាក់ដៃដែលកំពុងផ្គងចុះនិយាយតិចៗ
ណារ៉ា៖ ពុក!….
-ណានជ្រួញចិញ្ចើម(វ័យចំនាស់ទុកពុកមាត់)
ណាន៖ ពុកមិនឲ្យឯងហាត់ប្រដាល់! ឯងហ៊ានប្រឆាំងនឹងពុកមែនទេ?
-ណារ៉ាដើរមកឈរទល់មុខឪពុកសម្រូតខ្លួនលុតជង្គង់យឺតៗចាប់លើកដៃឪពុកដាក់លើក្បាល
-ទឹកភ្នែករលីងរលោងដក់ក្នុងកែវភ្នែក
ណារ៉ា៖ ពុក! ឲ្យកូនសុំទោស! កូនមានឈាមជាអ្នកប្រដាល់ទៅហើយ! កូនចង់ប្រែក្លាយខ្លួនឲ្យទៅ ជាអ្វីក៏មិនបានដែរ…
-ណានសម្លឹងមុខកូនដោយទឹកមុខសោកសៅរយចគ្រវីក្បាលតិចៗ(និយាយបណ្តើរក្អកបណ្តើរ)
ណាន៖ ណារ៉ាឯងរឹងរូសដូចពុកកាលនៅពីក្មេងអ៊ីចឹង! កិត្តិយសប្រៀបដូចផ្សែងរសាត់! ឃើញតែមួយភ្លែតរួចក៏រលាយបាត់ទៅ! ហើយជីវិតយើងនឹងគ្មានសេសសល់អ្វីឡើយ! សូម្បីតែសុភមង្គលក្នុងគ្រួសារ!
-ណារ៉ានិងបូព្រឹក្សសម្លឹងមុខគ្នាស្រងូតស្រងាត់
-ណារ៉ាដកដង្ហើមធំក្តោបដៃឪពុកយ៉ាងណែន
ណារ៉ា៖ ពុក! កិត្តិយសជាផ្សែងមិនស្ថិតស្ថេរមែន! ប៉ុន្តែជាមោទនភាពរបស់កូនប្រុស! កូននឹងដណ្តើមកេរ្តិ៍ឈ្មោះពុកមកវិញឲ្យបាន! ខ្ញុំមានឈាមពុកពេញខ្លួនទៅហើយ! ពុកកុំកែប្រែខ្ញុំឲ្យទៅ ជាមនុស្សផ្សេងអី!
-ណានសម្លឹងមុខកូនយ៉ាងមុតរួចគ្រវីក្បាលតិចៗរបៀបហួសចិត្ត។
ខ្ញុំគិតថានឹងដាក់ឈុតភាពយន្តនេះ ឲ្យមើលតាមសេកង់នីមួយៗ តែដោយគេកាត់ច្រើនពេក ទើបពិបាកនឹងមើលយល់ថាវានៅក្នុងសេកង់ទៅប៉ុន្មាន? ដូច្នេះសូមមើល និងស្វែងយល់ដោយខ្លួនឯងចុះ បើឆ្ងល់ចាំសួរទៀត…
ឈុតភាពយន្តនេះស្ថិតនៅក្នុងសេកង់ទី៩,១០…(គឺអ្នកដែលដាក់ក្នុងyoutubeកាត់ចេញ, ធាតុពិតត្រូវស្ថិតក្នុងសេកង់ទី១)
សូមរង់ចាំអាននិងស្វែងយល់ក្នុងសេកង់ទី២បន្តទៀត!!!
អ្វីដែលខ្ញុំរង់ចាំនោះគឺ របៀបសរសេរសេណារីយ៉ូនេះឯង ហើយអាចម៍ផ្កាយទី១ហើយដែលបង្ហាញនេះ សូមអរគុណ ធំធំតែម្ដង! ចង់ដឹងថាអា screenplay ហ្នឹងគេសរសេរយ៉ាងម៉េច…ព្រោះមិនដឹងទៅរៀនពីណាទេ ចឹងសូមអាចម៍ផ្កាយកុំបោះបង់ប្រការនេះអី ខ្ញុំនៅតាមដាន ឬផ្ញើតាមអ៊ីមែលក៏បាន (អ៊ីមែលចាស់ណា៎ អត់មានដូរទៅណាទេ 😀 )
ខ្ញុំសប្បាយចិត្តណាស់នៅពេលដឹងថា មានអ្នកចង់ចេះសរសេរសេណារីយោនេះដែរ ខ្ញុំនឹងមិនបោះបង់ ប្រកាសនេះទេ ទោះបើមិនមានអ្នកមើលច្រើនក៏ដោយ ព្រោះវាជាកម្មវត្ថុរបស់ប្លក់ខ្ញុំ។
សោកស្តាយដែលសេណារីយោនេះ«អាត់បី» ស្ថិតក្នុងឯកសារសំណៅសរសេរដៃនៅឡើយ មិនទាន់បានវាយជាកុំព្យូទ័រទេ ហើយបើខ្ញុំចង់ផ្សាយទាល់តែវាយម្តងមួយសេកង់ ដូច្នេះខ្ញុំក៏មិនអាចផ្ញើជូនបងរដ្ឋ យ៉ាងម៉េចដែរ គឺមានតែរង់ចាំអានម្តងមួយសេកង់ហើយ… សុំទោសណា៎! 😦
-បូព្រឹក្សស្រែកយំយ៉ាងខ្លាំង
-កាណានឱបកូនស្រក់ទឹកភ្នែក ណារ៉ាអុកបង្គុយលើដីយំ
~~គួរតែបញ្ជាក់ថា ការស្រមៃបានបញ្ចប់ទៅហើយ! ហេតុអីទើបគ្មាន?
-ជើងរបស់ណារ៉ាហក់ធ្លោ ទៅធាក់ចំបាវខ្សាច់រយះធ្លាយខ្សាច់បាវ
-បូព្រឹក្សរុញរទេះដែលមានឪពុកអង្គុយលើ ចេញមករកកន្លែងណារ៉ាហាត់ របៀបស្ទាក់ស្ទើរ
បូព្រឹក្ស៖ បងរ៉ា!
»»បង! ការសរសេរគឺបែបនេះមែនទេ? អញ្ចឹងបើយើងចង់បំលែងពីប្រលោមលោក ទៅជារឿងកុនប្រហែលជាត្រូវកាត់ឈុតខ្លះចេញហើយ… តើមែនទេ?
ឈុតដែលបងដាក់នេះ ដូចជាគ្មានស្អីទាក់ទងគ្នាសោះ (សេណារីយូ និង ឈុតរឿង) បងដាក់ខុសតើមែនទេ? ព្រោះប្អូនមិនបានមើលរឿងនេះទេ!!!
ឱ!ប្អូនស្រីដ៏កំសត់របស់បងអើយ…
បាត់មុខយួរ ព្រោះរវល់តែតស៊ូនឹងពិភពកុន ឯកម្លាំងធាតុក៏ខ្សោយហ្ន៎… ទើបធ្វើឲ្យភ្នែកតូចរបស់ប្អូនមើលមិនឃើញអ្វីដែលបងបញ្ជាក់។
សេណារីយោមិនដូចប្រលោមលោក ដែលត្រូវតែប្រាប់គ្រប់បញ្ហានោះទេ។ ប្អូនធ្លាប់ឃើញភាពយន្តណាគេដាក់រាយអក្សរប្រាប់ថា«តួអង្គបានស្រមៃចប់ហើយ»ឬទេ? ហា៎ស!..ហា៎…(សុំសើចមួយសិន!) ភាពយន្តគេតម្រូវឲ្យអ្នកអានមើល
រូបភាព និងកាយវិការដើម្បីយល់ មិនមែនស្តាប់សម្តីនិយាយរបស់តួអង្គជាធំនោះទេ។ ដូច្នេះហើយទើបមានអ្នកមើលខ្លះយល់ និងខ្លះទៀតមិនយល់។ ក្នុងសេណារីយោ អ្នកដឹកនាំរឿងអាចកែប្រែសាច់រឿងខ្លះៗបានទៅតាមស្ថានភាពជាក់ស្តែងណាមួយ ដូចជានៅក្នុងសេកង់ទី១នេះ អ្នកនិពន្ធបានឲ្យ«ណារ៉ាដាក់ប្អូនលើគ្រែឬស្សី ហើយរត់ទៅឆុងទឹកដោះគោ» តែអ្នកដឹកនាំរឿងក៏បានកែឲ្យ«ណារ៉ាដាក់ប្អូនលើគ្រែឬស្សី ហើយរត់ទៅដាំបាយ»ទៅវិញ។ ហេតុអីបានមិនប្រាប់ថាការស្រមៃបានបញ្ចប់? សូមប្អូននឹកទៅដល់រូបភាពតាមបងរៀបរាប់តាមសេកង់ខាងលើ ពេលមកដល់ត្រង់ «កាណានឱបកូនស្រក់ទឹកភ្នែក ណារ៉ាអុកបង្គុយលើដីយំ»នេះ ក្នុងភាពយន្តនឹងលេចរូបភាពមួយផ្ទាំងថ្មីមកទៀតភ្លាមៗ គឺរូប «ជើងរបស់ណារ៉ាហក់ធ្លោ ទៅធាក់ចំបាវខ្សាច់រយះធ្លាយខ្សាច់បាវ»នេះឯង។
យល់ទេ?
ឈុតដែលបងដាក់នេះមិនត្រូវនឹងសេកង់ទី១ទេ ដូចបងបានបញ្ជាក់រួចហើយអ៊ីចឹង(ប្រហែលប្អូនមើលមិនឃើញ) ។ បងរកមិនឃើញឈុតសេកង់ទី១ក្នុងយូធូប ទេ បើប្អូនប្រទះជួយប្រាប់ផង បងនឹងដូរចេញ។ តែបងគិតថាគ្មានទេ ព្រោះគេបានកាត់ចេញពី ឈុតភាពយន្តដែលបងបានដាក់ខាងលើនេះទៅហើយ។
យល់ហើយ! ម៉េចក៏មិននិយាយឱ្យច្បាស់ពីដំបូង… យ៉ាប់មែន!
សេណារីយោ(នាដកថា)!? នាដកថា? មិនមែនជា នាដកកថា ទេហ៍?!
នៅតែអ៊ីវដដែលភ្នែក!!!
បញ្ជាក់ប្រាប់តាំងពីដំបូង ម៉េចមិនមើល!!!???
សេណារីយោ=នាដកថា=មិនមែន «នាដកកថា»ទេ។
ម៉េចក៏និយាយបែបហ្នឹង? ចុះបើភ្នែកតូចមែន ឱ្យធ្វើម៉េច? មិនបានពាក់វ៉ែនតាឯណា?
Paul Edmonson, like Wenty Ford, also lost his life in a car crash. In Edmonson’s case, he was en route to spring training in 1970.
តើចាំបាច់ទេដែលអ្នកនិពន្ធត្រូវបង្ហាញប្លង់កាមេរ៉ា ? ជួយប្រាប់ផង
រឿងនេះអាស្រ័យអ្នកនិពន្ធទេ ព្រោះពេលខ្លះ អ្នកដឹកនាំ និង កាមេរ៉ាមែន ថតប្លង់ដែលមិនត្រូវនឹងរូបភាពដែលអ្នកនិពន្ធស្រមើស្រមៃ ដូច្នេះគាត់អាចប្រាប់នូវអ្វីដែលគាត់មើលឃើញនៅក្នុងខួរក្បាលគាត់។ អ្នកនិពន្ធអាចបង្ហាញ ឬមិនក៏បាន(បើគាត់មិនខ្វល់ថាអ្នកថត គេយកទៅថតដូចម្តេច..)
បងប្រុសខ្ញុំអគុណណាស់!! ព្រោះខ្ញុំស្វែងរកគំរូសេណារីយោនេះយូរហើយ។។