យប់មិញ.. ខ្ញុំយល់សប្តិឃើញពុកទៀតហើយ! ពុកនៅដដែល.. ចាស់ទ្រុឌទ្រោម ភ្នែកងងឹត តែនៅមានសម្តីលេងសើចជានិច្ច។
ខ្ញុំធ្លាប់គិតថា ខ្ញុំមិនត្រូវការពុក! ខ្ញុំ ម៉ែ និង ប្អូន អាចរស់បាន បើទោះជាយើងគ្មានពុក ព្រោះពុកមិនដែលជួយធ្វើការម៉ែ ពុកធ្វើបាបម៉ែ ពុកបំផ្លាញគ្រួសារ!
តែពេលពុកឃ្លាតទៅ ទើបខ្ញុំដឹងថា ពុកសំខាន់យ៉ាងណាសម្រាប់ខ្ញុំ? តាំងពីដឹងក្តីកាលណាមក ពុកមិនដែលឱបខ្ញុំ ពុកមិនដែលយកដៃមកស្ទាបថ្ងាសខ្ញុំ… តែទោះយ៉ាងណា ខ្ញុំក៏មាន «ពុក»សម្រាប់ហៅដូចគេឯង។ ពេលខ្ញុំទៅស្រុកខ្មែរឆ្នាំនេះ ខ្ញុំបានទៅលេងផ្ទះមិត្តភក្តិម្នាក់។ ពេលខ្ញុំឃើញគេនិងប៉ាគេនិយាយគ្នា ខ្ញុំក៏នឹកឃើញដល់ពុករបស់ខ្ញុំដែរ។ ខ្ញុំឮគេហៅពុកគេថា «ប៉ា» ខ្ញុំក៏នឹកឃើញដល់ពាក្យ «ពុក» ដែលខ្ញុំស្ទើរតែភ្លេចហៅទៅហើយ… ខ្ញុំចង់មាន «ពុក» សម្រាប់ហៅដូចគេឯងវិញ! តែមានន័យអ្វីទៀត បើពេលនេះ គាត់មិនបាននៅជិតខ្ញុំផង? គិតបានតែគិត អ្វីៗមិនអាចត្រលប់ក្រោយវិញបានទេ…
មែនហើយ! ទោះបីគាត់មិនបានជួយជ្រោមជ្រែងគ្រួសារ តែយ៉ាងហោចណាស់ ខ្ញុំក៏មានពាក្យថា «ពុក» សម្រាប់ហៅនឹងគេដែរ។ បើមានគាត់ ខ្ញុំក៏មិនបាច់សម្រេចចិត្តមករៀននៅប្រទេសលាវដែរ តើមែនទេ? មែនហើយ ទោះបីគាត់មិនដែលហុចលុយឲ្យខ្ញុំទៅរៀន តែគាត់ក៏ធ្លាប់ផ្តល់យោបល់ល្អៗ និងការសម្រេចចិត្តដ៏ត្រឹមត្រូវជាច្រើន ក្នុងការរៀនសូត្ររបស់ខ្ញុំ។ បើមានគាត់ ម្ល៉េះសមខ្ញុំមិនបាច់មកលំបាកវេទនានៅភ្នំពេញមួយឆ្នាំដែរ។ បើមានគាត់ ខ្ញុំអាចនឹងសម្រេចចិត្តបានត្រឹមត្រូវជាងនេះ…
ចាំបានថា ពេលមានពុក ខ្ញុំមានភាពកក់ក្តៅជាងនេះ… 😥
ពុក..
ខែតុលា 21, 2010 ដោយ ផ្កាយ NoVeLs
តាំងចិត្តឡើងបង!!
កុំសោកស្តាយនឹងអតីតកាលដែលយើងមិនអានហៅឲ្យវាត្រឡប់មកវិញធ្វើអ្វី!!
អ្វីដែលយើងត្រូវគិតនិងធ្វើនោះ គឺនៅពេលបច្ចុប្បន្ននេះណា!!
….អារម្មណ៍ជាក្មេងកំព្រា តើរងាប៉ុណ្ណា? មានតែក្មេងកំព្រាដូចគ្នាទេ ទើបយល់….
😦
កុំកើតទុកធ្វើអីបង រឿងដែលកន្លងហួសទៅហើយអោយវាហួសទៅចុះ។ព្រោះបើបងនៅតែគិតពីវាក៏គ្មានប្រយោជន៍ មានតែធ្វើអោយបងឈឺចាប់។ម្យ៉ាងខ្ញុំគិតថាពុកបងក៏មិនចង់ឃើញបងទៅជាចឹងដែរ។គាត់ចង់ឃើញបងមានសេចក្តីសុខ រីករាយ សប្បាយចិត្ត។
បើអតីតកាលធ្វើអោយបងមិនសប្បាយចិត្តព្យាយាមបំភ្លេចវា។ហើយតាំងចិត្តរស់នៅ និងធ្វើអ្វីដែលយល់ថាសាកសមបំផុតនៅពេល
បច្ចុប្បន្ន។
(នេះជាគំនិតផ្ទាស់ខ្លួនរបស់ខ្ញុំ ដូច្នេះបើមានពាក្យពេជន៍ខុសឆ្គងត្រង់ណាសុំបងកុំប្រកាន់)
កំសត់ណាស់
ឃើញអត្ថបទនេះហើយមិនចង់លូកដៃចូលក្នុងគ្រួសារគេទេខ្លាចខុសព្រោះធាតុពិតយើងមិនដឹងរឿងគ្រួសារគេច្បាស់, តែអានអត្ថបទខ្លីនេះចប់ ទ្រាំមិនបានចង់បញ្ចេញមតិផ្ទាល់ខ្លួនខ្លះ,,,,
បញ្ចេញមតិត្រង់តូចចិត្តដែលគិតថាគាត់មិនយកចិត្តទុកដាក់និងខ្លួន:
គិតច្រើនពេកទេដឹង!!! ពុកណាមិនស្រលាញ់កូន, កូនណាមិនស្រលាញ់ពុក។ មនុស្សមានចរិកផ្សេងៗគ្នា ជួនកាលគាត់ស្រលាញ់ គ្រាន់តែគាត់ជាមនុស្សសោះកក្រោះ មិនសូវមាត់មិនសូវក ទើបមិនដែលបញ្ចេញកាយវិកា ប្រាប់ថាស្រលាញ់កូន (មនុស្សចាស់តែងគិតថាស្រលាញ់កូន កុំអោយកូនដឹងចិត្ត)។ ជួនកាល កត្តាជីវភាព ក៏ជាបញ្ហារមួយដែលធ្វើអោយគាត់សុញ នឹកឃើញតែមួម៉េៅ និងឆេវឆាវរហូត… ម្យ៉ាងទៀតមនុស្សសម័យមុនគឺភាគច្រើនមានចរិកបែបហ្នឹង ពាក្យសរសើរលួងលោម, មញ្ចេញកាយវិការស្រលាញ់មិនសូវមានទេ តែបើខុសចូលចិត្តយកអំពើរហឹង្សាដាក់មុខ!!!! គាត់អាចសំរេចចិត្តរឿងអីមួយខុសមិនអាចបកក្រោយបាន ទើបបណ្តាលទេៅជាអញ្ចឹង ក៏ថាបាន ថាមិនត្រូវគាត់ដឹងខ្លួនស្តាយក្រោយយ៉ាងខ្លាំង គ្រាន់តែយើងមិនដឹង។ ឡូវខឹងគាត់ម៉េច, ស្អប់គាត់ម៉េច, ចង់អោយគាត់ធ្វើម៉េចដាក់ខ្លួន កត់ចំណាំទុកទេៅ ហើយពេលមានគ្រួសារ មានកូនខ្លួនឯង ផ្តល់អាអស់ហ្នឹងអោយពួកគេទេៅ, អោយគេកក់ក្តេៅ កុំអោយឯការដូចខ្លួនទៀត។
អំពើរល្អចាំព្រៀលៗ តែអំពើរអាក្រក់ចាំច្បាស់ក្រឡែត!!!!!
អរគុណខ្លាំងណាស់ ចំពោះពាក្យដាស់តឿនដ៏ល្អនេះ។ ការពិតពេលនេះខ្ញុំបានយល់ច្បាស់ហើយ តែទម្រាំយល់ច្បាស់ អ្វីៗក៏ហួសអស់ដែរ.. 😦
បើរឿងហួសហើយ អោយវាហួសទៅចុះ តែរឿងដែលសំខាន់នោះគឺបងត្រូវដើរទៅមុខតទៅទៀត។ ហើយរឿងមួយទៀតដែលមិនទាន់ហួសពេលនោះ គឺបងនៅមានអ្នកម្តាយជាទីស្រលាញ់ម្នាក់ទៀត ដូច្នេះដើម្បីជៀសវាងវិប្បសារី គឺបងត្រូវបំពេញភាពកត្តញ្ញូចំពោះម្តាយបង។ សូមទោសបងទុកជាមុន ប្រសិនបើខំមិននេះមានបញ្ហា។
អរគុណណ៎ា ចំពោះមតិណែនាំដ៏ល្អនេះ! 😉
តាមពិតទៅខ្ញុំគិតថាមិនហ៊ានខំមិនទេព្រោះមិនដឹងថាត្រូវនិយាយបែបណាដើម្បីលើក
ទឹកចិត្តលោកម៉ាក់។ ខ្ញុំគ្រាន់តែចង់ប្រាប់លោកម៉ាក់ថាពុករបស់លោកម៉ាក់មិនទៅណាទេ
គាត់នៅក្នុងក្រអៅបេះដូងនឹងការចងចាំរបស់លោកម៉ាក់ជារាងរហូត។
មនោរត្ននិយាយត្រូវលោកម៉ាក់នៅមានអ្នកម៉ែម្នាក់ ដែលតែងចាំការពារនឹងមើលថែលោក
ម៉ាក់គ្រប់ពេល បើទោះបីគាត់មិននិយាយប្រាប់លោកម៉ាក់ ក៏ទង្វើរបស់គាត់បានបញ្ជាក់
ប្រាប់លោកម៉ាក់ដែរ។ លោកម៉ាក់នៅមានសំណាងជាងខ្ញុំ លោកម៉ាក់នៅមានអ្នកម៉ែដែល
តែងចាំស្តាប់រឿងរ៉ាវ របស់លោកម៉ាក់ជានិច្ចមិនថារឿងល្អឬអាក្រក់ ចំនែកខ្ញុំមិនមានអ្នកណា
ចាំស្តាប់រឿងរ៉ាវរបស់ខ្ញុំឡើយ។ ខ្ញុំលែងបានហៅពាក្យថាម៉ែនឹងពុកតាំងពីខ្ញុំអាយុ៩ឆ្នាំម្លេះ។
ដឹងទេលោកម៉ាក់ តែខ្ញុំមិនដែលតូចចិត្តឡើយ សូមចងចាំថា មិនមែនមានតែលោកម៉ាក់ទេ
ដែលខ្វះភាពកក់ក្តៅ មានមនុស្សច្រើនណាស់ដែលខ្វះភាពកក់ក្តៅគ្រាន់តែពួកគេមិនបញ្ចេញ
តែប៉ុណ្ណោះ។
ស៊ូៗណាលោកម៉ាក់!!
ស៊ីណេត ចូលរួមសោកស្តាយផងដែលឮថា ស៊ីណេត អត់មាន ប៉ាម៉ែ តាំងពីអាយុ9ឆ្នាំ។
ចាសមិនអីទេបង! តាមពិតទៅវាពិតជាកណ្តោចកណ្តែងហើយ ខូចចិត្តខ្លាំងមែនទែន
ពេលហ្នឹងព្រោះខ្ញុំអត់សូវយល់ថាមានរឿងអីកើតឡើង គ្រាន់តែដឹងថាខ្ញុំលែងមានអ្នក
ទាំងពីទៀតហើយ។ កាលនោះទាំងខ្លាចទាំងភ័យហើយមិនដឹងថានឹងត្រូវធ្វើអីតទៅទៀតពេលគ្មានលោកទាំងពី។
កាលខ្ញុំនៅក្មេងខ្ញុំពិតជាខឹងលោកទាំងពីណាស់ តែពេលខ្ញុំចាប់ផ្តើមក្លាយជាមនុស្សធំទើបខ្ញុំយល់។
អរគុណខ្លាំងណាស់ ចំពោះកម្លាំងចិត្ត ហើយខ្ញុំក៏ទើបតែភ្ញាក់ផ្អើលដូចគ្នាដែលដឹងថា ស៊ីណេតកំព្រាឪពុកម្តាយ តាំងពីអាយុ៩ឆ្នាំ។ ចូលរួមសោកស្តាយផងណ៎ា! យ៉ាងណាៗ ស៊ូៗទាំងអស់គ្នា ដើម្បីអនាគតដ៏រុងរឿង! 😀
នៅតែខ្ញុំសំណាងជាងគេ ព្រោះខ្ញុំមានប៉ាម៉ាក់ហៅ តើរឿងដែលអាក្រក់ជាងគេទៅវិញនោះ ហេតុអ្វីខ្ញុំជាហ្គេយ៍។ ខ្ញុំឯកោណាស់។
អូយ សារភាព ត្រង់ៗ តែម្តងហើយនៀក!!! និយាយតាមត្រង់ មិនស្អប់ខ្ពើមទេ តែដូច មានអារម្មណ៍ខ្លាច និងចំលែកមិចមិនដឹងទេ?? មនោរត្ន័ ឈប់ឯកោទេៅ ប្លក់នេះ ប្រហែលអាចជួយបាន!!!
ហេតុផលអីទៅដែលបណ្តាលអោយចិត្តរបស់រត្នគិតបែបនេះ???ជាហ្គេយ៍មានអីអាក្រក់ទៅ???តើរត្នទទួលមិនបានឬដែលដឹងថាខ្លួនជាហ្គេយ៍??
ហ្គេយ៍ មិនមែនជារឿងអាក្រក់សម្រាប់ជីវិតទេ មនោរ័ត្ន។ សូមញញឹមនឹងអ្វីដែលធម្មជាតិបង្កើតយើង។ បើយើងមិនបានបង្កភាពក្តៅក្រហាយដល់អ្នកដទៃផង ហេតុអ្វីយើងត្រូវស្អប់ជីវិតខ្លួនឯង? មនុស្សឯកោ ក៏មិនប្រាកដថាជាមនុស្សគ្មានតម្លៃដែរ។ ឯកោយ៉ាងណា ក៏យើងនៅមានស្រមោលរបស់ខ្លួនជាមិត្តភក្តិ។ សូមកុំតូចចិត្តនឹងរឿងនេះអី.. ញញឹមឡើង! 🙂