ផ្កាយNoVeLs– ពិតជាពិបាក ក្នុងការបង្ហាញអត្តសញ្ញាណរបស់ជាតិខ្លួនឲ្យបរទេសបានស្គាល់ ខណៈដែលម្ចាស់ខ្លួនផ្ទាល់ មិនបានស្គាល់អ្វីដែលជារបស់ខ្លួន។ កាន់តែពិបាកទៅទៀត នៅពេលអត្តសញ្ញាណជាតិនោះមានលក្ខណៈដូច ឬប្រហាក់ប្រហែលនឹងអត្តសញ្ញាណជាតិរបស់បរទេស។ ប៉ុន្តែ អាពាហ៍ពិពាហ៍ខ្មែរ គឺជាអត្តសញ្ញាណជាតិមួយដែលមានលក្ខណៈខុសប្លែកពីប្រទេសនានា មិនថាតែប្រទេសនៅអមខាង។ ខ្មែរប្រើសម្លៀកបំពាក់ច្រើនផ្សេងៗ គ្នាទៅតាមពិធីនីមួយៗនៅក្នុងអាពាហ៍ពិពាហ៍ ដែលនោះគឺជាអ្វីដែលប្លែក និងពិសេសនៅក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរ ខណៈដែលបរទេសភាគច្រើនមានសម្លៀកបំពាក់តែមួយ ឬពីរសម្រាប់នៅក្នុងអាពាហ៍ពិពាហ៍របស់គេ។ ខាងក្រោម គឺជាការយល់ដឹងខ្លះៗ ស្តីអំពីការប្រើប្រាស់សម្លៀកបំពាក់នៅក្នុងពិធីមង្គលការខ្មែរ ដែលអត្ថបទនេះបានដកស្រង់ទាំងស្រុងចេញពី ទស្សនាវដ្តី «អាពាហ៍ពិពាហ៍»។
អាពាហ៍ពិពាហ៍ ឬមង្គលការ គឺជាពិធីដ៏សំខាន់ សម្រាប់បុរសស្រ្តីគ្រប់រូបដែលគោរពទៅតាមប្រពៃណី។ ការជ្រើសរើសដៃគូដែលខ្លួនពេញចិត្ត នឹងធ្វើអោយជីវិតអាពាហ៍ពិពាហ៍ កាន់តែមានសុភមង្គល ប៉ុន្តែការតុបតែងខ្លួន និងការជ្រើសរើសឈុតសម្លៀកបំពាក់ ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត គឺជាកត្តាដ៏ចាំបាច់ ដែលគូភរិយាស្វាមីគួរតែពិចារណាឲ្យបានល្អិតល្អន់ ដើម្បីទទួលបាននូវភាពថ្លៃថ្នូរ និងគោរពតាមប្រពៃណីខ្មែរ តាំងពីបុរាណកាលមក។ ជាការស្វែងយល់អំពីសម្លៀកបំពាក់សម្រាប់ពិធីផ្សេងៗគ្នា ក្នុងថ្ងៃអាពាហ៍ពិពាហ៍ និងជៀសវាងការស្លៀកពាក់ឆ្គាំឆ្គង ឬមិនត្រឹមត្រូវនោះ ទស្សនាវដ្តី «អាពាហ៍ពិពាហ៍» នឹងបង្ហាញជូនប្រិយមិត្តតាមរយៈ ការដកស្រង់ការស្វែងយល់ដោយឡែកពីគ្នាពីម្ចាស់ហាងសម្អាងការមួយ និងព្រឹទ្ឋបុរសផ្នែកសិល្បៈមកបង្ហាញជូន។
ទោះបីសម័យកាលចេះតែផ្លាស់ប្តូរ អ្វីៗក៏មានការវិវត្តន៍ទៅតាមពេលវេលា ប៉ុនែ្តមនុស្សជាច្រើននៅទទួលស្គាល់ថា ការរៀបអាពាហ៍ពិពាហ៍ដែលល្អត្រឹមត្រូវ មានការកោតសរសើរពីមហាជនគឺជា អាពាហ៍ពិពាហ៍គោរពទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ។ អ្នកស្រី ហ៊ឹម ណាឡា ព្រឹទ្ឋនារីរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ដោយសារបច្ចុប្បន្ននេះអ្វីៗមានការរីកចំរើនទៅមុខ ដូច្នេះដើម្បីឲ្យសម្លៀកបំពាក់មង្គលការកាន់តែមាន ភាពទាក់ទាញ និងស្រស់ស្អាតនោះ សម្អាងការនីមួយៗតែងតែបំផុសនៅគំនិតផ្សេងៗ ដើម្បីបនែ្ថមម៉ូដទៅតាមសម្លៀកបំពាក់សម័យមុន។ ប៉ុន្តែការកែច្នៃទាំងអស់នោះ បានធ្វើឲ្យបាត់បង់នូវភាពដើមនៃម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរក៏ មាន។ គូស្វាមី ភរិយា ត្រូវតែពិនិត្យមើលឲ្យបានយហ្មត់ចត់ ចំពោះសម្លៀកបំពាក់ដែលត្រូវប្រើប្រាស់នៅឱកាស សំខាន់ៗមួយចំនួនដូចជា ពិធីសូត្រមន្ត បំពាក់ចិញ្ចៀន សំពះផ្ទឹម កាត់សក់ និងពេលទទួលភ្ញៀវជាដើម។
- ពិធីសូត្រមន្តៈ ជាពិធីមួយធ្វើតាមគន្លងព្រះពុទ្ធសាសនា។ អ្នកស្រី លីណា ម្ចាស់ហាងសម្អាងការ សម្រស់សុរិយា បានមានប្រសាសន៍ថា កូនក្រមុំ កូនកំលោះ ត្រូវស្លៀកបំពាក់តាមប្រពៃណីខ្មែរដោយកូន ក្រមុំគ្រងដោយអាវប៉ាក់ពណ៌សសំពត់ហូលចងក្បិន និងពានាដោយក្រណាត់ហូលនៅលើស្មាខាងឆ្វេង។ ចំណែកឯកូនកំលោះវិញ អ្នកស្រីបានមានប្រសាសន៍ថា៖ «កាលពីមុន កូនកំលោះចងក្បិន និងពាក់អាវកត្រង់ដៃវែងធម្មតាប៉ុណ្ណោះ ប៉ុន្តែឥឡូវដើម្បីឲ្យមានភាពលេចធ្លោជាងសម្លៀកបំពាក់សម្រាប់អ្នកកំដរ គេបានកែច្នៃដោយការប៉ាក់ឌិនបនែ្ថមនូវរូបផ្កា នៅលើសន្លឹកកដៃនិងស្មា»។ ទាក់ទងទៅនិងការកែច្នៃថ្មីៗនេះ លោកស្រីព្រឹទ្ធបុរសបានមានប្រសាសន៍ថា៖ «ការពាក់ដែលមានដាក់ស័ក្កិយសបែបនេះ វាពុំស័ក្កិសមនោះទេ នៅពេលដែលកូនកំលោះត្រូវចូលរួមក្នុងពិធីសូត្រមន្ត។ ការធ្វើបែបនេះ គឺមានន័យថាមិនគោរពព្រះសង្ឃ។ ចំណែកកូនក្រមុំវិញ ក៏មិនត្រូវពាក់អាវវាលកជ្រៅកោងឡើយ។
- ពិធីសំពះទទួលផ្កាស្លាៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញមានសម្លៀកបំពាក់ទទួលផ្កាស្លាមួយឈុតទៀត ដែលកូនក្រមុំត្រូវស្លៀកដើម្បីចេញទទួលយកផ្កាស្លា ខណៈដែលកូនកំលោះហែជំនូនមកដល់មុនរោងការនាពេលព្រឹកព្រលឹម។ តើពិធីនេះ មានតាំងពីយូរលង់ណាស់មកហើយ ឬទើបតែបង្កើតឲ្យមានឡើង។ អ្នកស្រី ហ៊ឹម ណាឡា បានមានប្រសាសន៍ថា ការអនុញ្ញតិឲ្យកូនស្រីចេញមកទទួលផ្កាស្លា ពីកូនប្រុសនៅកណ្តាលវាលនេះ វាមិនមែនទម្លាប់ដែលខ្មែរធ្លាប់បានធ្វើពីយូរលង់នោះទេ ផ្ទុយទៅវិញវាជាគំនិតអ្នកថតរូបប៉ុណ្ណោះ ដើម្បីងាយស្រួល។ តាមប្រពៃណីខ្មែរ ដោយគេយល់ថាកូនស្រីមានតម្លៃ ព្រោះនាងជាកូនក្រមុំត្រូវសម្ងំក្នុងបន្ទប់ លុះត្រាតែជំនូនបានចូលដល់ក្នុងផ្ទះ ហើយមានការរៀបរាប់ផ្លែឈើទាំង៣៦មុខ ដែលឪពុកខាងស្រីពេញចិត្ត ទើបអនុញ្ញតិឲ្យកូនក្រមុំបង្ហាញ ខ្លួន។ ដូច្នេះសម្លៀកបំពាក់ទទួលផ្កាស្លានោះ គឺពុំមានក្នុងតម្រាប្រពៃណីខ្មែរទេ។
- ពិធីបំពាក់ចិញ្ចៀនៈ ការបំពាក់ចិញ្ចៀនឲ្យគ្នាទៅមកពេលរៀបការនេះ គឺសម្តែងពីភាពស្មោះស្ម័គ្រនិងស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក។ អ្នកស្រីម្ចាស់ហាងសម្អាងការសូរិយា បានមានប្រសាសន៍ថា នៅពេលពាក់ចិញ្ចៀនកូនក្រមុំត្រូវស្លៀកសំឡុយវែង ហើយគ្រងដោយអាវចាប់ម៉ូតបន្តិចបន្តួចដោយមិនប្រើស្បៃ។ ចំណែកកូនកំលោះត្រូវស្លៀក ក្បិន។ ពណ៌សំលៀកបំពាក់ដែលគេនិយម ប្រើប្រាស់នៅពេលពាក់ចិញ្ចៀន គឺពណ៌ស៊ីលាភ ដែលសំដៅទៅលើការទទួលលាភទទួលជ័យ ពិធីទាំងឡាយដែលត្រូវបានធ្វើឡើងក្នុងពិធីមង្គលការសុទ្ធតែជាអ្វីៗដែលសំខាន់ ប៉ុន្តែអ្វីដែលកូនកំលោះត្រូវចងចាំអស់មួយជីវិតគឺ ពេលផ្ទឹមរួមខ្នើយតែមួយ(ពិធីផ្សំដំណេក)។
- ពិធីសំពះផ្ទឹមៈ អ្នកស្រី ណាឡាបានបន្តថា ក្នុងពិធីសែនព្រេនចងដៃ កូនកំលោះ កូនក្រមុំចាំបាច់ត្រូវស្លៀកពាក់ពណ៌មាសតែមួយគត់ ដែលតំណាងឲ្យភាពមានអំណាច និងបុណ្យស័ក្កិ ហើយនៅក្នុងជីវិតមានតែមួយគត់ ដែលពូកគេស្ថិតក្នុងសម្លៀកបំពាក់ជាស្តេច ដោយកូនប្រុសស្លៀកសំឡុយគ្រង អាវផាយពីលើអាវកត្រង់។ រីឯកូនស្រី ត្រូវស្លៀកសំឡុយត្រឹមខ្នងជើង និងពាក់ស្បៃពីលើ រួមទាំងម្កុដដែលមានរាងស្រដៀងគ្នាទៅនឹងនាគ។
- ពិធីកាត់សក់ៈ ត្រូវបានរៀបចំឡើងដើម្បីទទួលបានសិរីសួស្តី។ អ្នកស្រីម្ចាស់សម្អាងការបានរៀបរាប់ថា កូនកំលោះនិងកូនក្រមុំត្រូវស្លៀកក្បិនដូចគ្នា ជាមួយនិងអាវដែលមានរចនាប៉ាក់ជាផ្កា ដើម្បីឲ្យស្រស់ស្អាត។ ចំណែកឯអ្នកស្រីព្រឹទ្ធបុរសរង បានបន្ថែមថា ពណ៌ដែលគេនិយមប្រើនៅពេលកាត់សក់នោះ គឺពណ៌មាស និង ពណ៌ផ្កាឈូកដែលពណ៌មាសតំណាងឲ្យការកើតទ្រព្យ រីឯពណ៌ផ្កាឈូក គឺយោងទៅតាមបទ «ត្រពាំងពាយអើយ» ដែលគេប្រគុំភ្លេងកំដរពិធីនោះ។
- ពិធីទទួលភ្ញៀវៈ រយៈពេលពេញមួយថ្ងៃស្ទើតែកន្លងផុតទៅហើយ វានឹងដល់ពេលដែលកូនកំលោះត្រូវស្លៀក សម្លៀកបំពាក់អាពាហ៍ពិពាហ៍ បែបប្រពៃណីជាលើកចុងក្រោយ ក្នុងឱកាសនៃការទទួលភ្ញៀវ។ អ្នកស្រី ហ៊ឹម ណា ឡា បានមានប្រសាសន៍បង្ហាញឲ្យដឹងថា ពេលទទួលភ្ញៀវត្រូវស្លៀកសំឡុយវែង ជាមួយនឹងអាវស្បៃក៏បាន តាមចំណូលចិត្ត ប៉ុនែ្តសំរាប់កូនកំលោះ ត្រូវពាក់អាវកត្រង់និងខោបារាំងជាចាំបាច់ ប៉ុនែ្តមិនត្រូវពាក់អាវធំ(អាវក្រ័រសេ)នោះទេ ព្រោះវាប្រាសចាកពីប្រពៃណី។ ប៉ុនែ្តកូនក្រមុំកូនកំលោះអនុញ្ញតិឲ្យស្លៀករ៉ូប ឬអាវធំនៅពេលរាំលេងកម្សាន្ត។ ចំណែកអ្នកស្រី លីណា បានមានប្រសាសន៍ថា សម្លៀកបំពាក់ដែលប្រាសចាកប្រពៃណីខ្មែរ ក្នុងពិធីមង្គលការមានដូចជា សំពត់ខ្លី អាវវាលខ្លាំង និងសម្លៀកបំពាក់ជាច្រើនទៀត ដែលមើលទៅទាស់ភ្នែកមិនសមរម្យ។ ចំណែកឪពុកម្តាយកូនប្រុសកូនស្រី និងភ្ញៀវកិត្តិយស បច្ចុប្បន្នគេសង្កេតឃើញពួកគេបានប្រើហូលផាមួងខ្មែរ ដើម្បីចូលរួមក្នុងពិធីមង្គលការដែលនេះបានជួយលើកតម្កើងនូវផលិតផលខ្មែរ ជាពិសេសបានប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ផង។ ចំពោះភ្ញៀវគេហាមសម្លៀកបំពាក់ពណ៌ខ្មៅចូលរួមក្នុងពិធីមង្គលការ៕
អូ!! ទើបឃើញអ្នកនិពន្ធ ស្លៀកសំលៀកបំពាក់បែបនេះរួចតា៎,, ឆ្នាំមុនឆ្ងល់ម្តង, ឆ្នាំនេះឆ្ងល់ម្តងទៀត??? ជួយបង្ហើបមូលហេតុបន្តិចមកមើល៍???