លោកអ្នកប្រហែលជាបានស្វែងយល់ ពីលក្ខណៈរបស់រឿងស៊ើបអង្កេត-អាថ៌កំបាំង តាមរយៈ ការបកស្រាយពន្យល់ពីខាងដើមមកខ្លះៗហើយ ឬបើមិនអ៊ីចឹង ក៏ធ្លាប់អានប្រលោមលោកបែបស៊ើបអង្កេតមកខ្លះៗដែរ ដូចជាកម្រងស្នាដៃរឿង អច្ឆរិយា ក. ០០៥ របស់លោក វង់ ផឿង ជាដើម ឬបើអ្នកណារករឿងស៊ើបអង្កេតអានមិនបានទេ អាចអានរឿង «ប្រស្នាឃាតកម្ម» របស់ខ្ញុំនៅទីនេះក៏បាន។ ជឿជាក់ថា នោះជាឧទាហរណ៍យ៉ាងសំខាន់មួយ ដែលអាចជួយលោកអ្នកឲ្យកាន់តែយល់ច្បាស់ពី របៀបសរសេរប្រលោមលោកស៊ើបអង្កេតបានយ៉ាងងាយ។
ដូច្នេះតទៅនេះ ខ្ញុំនឹងជូនវិធីសាស្ត្រងាយៗ៦ចំណុច ដែលអាចប្រឌិតរឿងស៊ើបអង្កេតឲ្យទាក់ចិត្តអ្នកអានបាន។
១. អ្នកណាស្លាប់? នរណាជាអ្នកសម្លាប់?
បង្កើតតួអង្គពីរនាក់។ ម្នាក់ស្លាប់ ម្នាក់ទៀតជាអ្នកសម្លាប់។ កំណត់លក្ខណៈរបស់តួអង្គទាំងពីរថាជាអ្នកណា ភេទអ្វី ប្រកបមុខរបរអ្វី អាយុប៉ុន្មាន រួមទាំងឧបនិស្ស័យផ្សេងៗ។
ឧទាហរណ៍៖
នាយខៀវ (អ្នកស្លាប់) ជាពាណិជ្ជករវ័យ៤៣ឆ្នាំ រៀបការជាមួយ នាងស តែលួចលាក់ទៅមានស្រីផ្សេង។
នាងស (ឃាតករ) អាយុ៤០ឆ្នាំ គ្រូបង្រៀនព្យាណូ ជាភរិយារបស់ នាយខៀវ ចូលចិត្តសម្តែងថាខ្លួនឯងជាមនុស្សស្រស់ស្រាយ ញញឹមញញែម តែការពិតជាមនុស្សស្រងូតស្រងាត់ មិនសូវមាត់ក។
២. ស្លាប់បែបណា? នៅកន្លែងណា?
គឺជាចំណុចសំខាន់ដែលធ្វើឲ្យរឿងរ៉ាវក្នុងប្រលោមលោកកើតឡើង ថែមទាំងជាចំណុចតភ្ជាប់ទៅនឹងវិធីនៃការលាក់បាំងរឿងក្តី។
ឧទាហរណ៍៖
នៅតុបាយក្នុងបន្ទប់ខនដូដែលស្នាក់នៅ នាយខៀវត្រូវនាងសដាក់ថ្នាំពុលក្នុងដបទឹកដោះគោដែលគេតែងតែផឹកទ្រាប់ពោះមុនបាយល្ងាចរៀងរាល់ថ្ងៃ។
៣. សម្លាប់ព្រោះអ្វី?
សាកល្បងសន្មត់ខ្លួនឯងថា បើយើងជាឃាតករម្នាក់នោះ តើការសម្លាប់នរណាម្នាក់ កើតឡើងដោយសារអ្វី? អ្វីជាកត្តាបណ្តាលចិត្តឲ្យធ្វើបែបនោះ? ព្រោះមនុស្សយើងមិនមែននៅសុខៗទៅសម្លាប់គេលេងទេ (លើកលែងតែតួអង្គដែលបង្កើតមកនោះជាឃាតករវិកលចរិត)។
ឧទាហរណ៍៖
នាងស ទទួលយកមិនបានដែល នាយខៀវ ក្បត់ចិត្តទៅមានអ្នកថ្មី ទាំងដែលខ្លួនឯងខំស្មោះស្ម័គ្រនឹងប្តីរហូតមក។ នៅពេលស្រលាញ់កាន់តែខ្លាំង ការខកចិត្តក៏កាន់តែខ្លាំង ទើបគំនិតចង់សម្លាប់ប្តីខ្លួនឯងកើតមានឡើង។
៤. ការលាក់បាំងរឿងក្តី
ជារឿងដែលនឹងកើតឡើងបន្ទាប់ពីការធ្វើឃាតកម្ម (ឬអាចនឹងមានការរៀបចំផែនការទុកជាមុនរួចហើយ មុននឹងធ្វើការសម្លាប់។ សម្រាប់រឿងស៊ើបអង្កេត ដែលបង្ហាញពីកលល្បិចនៃការសម្លាប់យ៉ាងល្អិតល្អន់បំផុត មានដូចជាកម្រងរឿងជប៉ុន «ឃិនដាក់ អ៊ីជិ» ជាដើម។) និងជាការបង្កើតអាថ៌កំបាំង ឬប្រស្នាឲ្យតួឯកត្រូវត្រិះរិះវិភាគរកការពិត។
ឧទាហរណ៍៖
ក្រោយពីដាក់ថ្នាំពុលនាយខៀវរួចហើយ នាងសក៏បានរៀបចំឆាកបំភាន់ភ្នែក ដោយបញ្ច្រកស្រាដាក់មាត់នាយខៀវឲ្យចូលក្រពះ ហើយអូសទៅទម្លាក់ចោលត្រង់មុខយ៉ជាន់ទី៥ ដើម្បីឲ្យអ្នកដទៃយល់ច្រឡំថា គេស្រវឹងធ្លាក់យ៉ស្លាប់។
៥. សកម្មភាពគួរឲ្យសង្ស័យរបស់តួអង្គដទៃ
បង្កើតតួអង្គបន្ថែមឲ្យបានច្រើននាក់ដើម្បីឲ្យក្លាយជាអ្នកដែលត្រូវសង្ស័យនៅក្នុងរឿង។ បង្ហាញឲ្យតួអង្គម្នាក់ៗមានប្រវត្តិ និងសកម្មភាពគួរឲ្យសង្ស័យ ដើម្បីឲ្យតួឯក និងតួអង្គផ្សេងៗ(រួមទាំងអ្នកអាន)នឹកសង្ស័យ និងចង់តាមដានពួកគេ។
ឧទាហរណ៍៖
នាយដែន អ្នកមើលថែខនដូ មានការពាក់ព័ន្ធនឹងពួកជួញដូរគ្រឿងញៀន ទើបធ្វើឲ្យគេភ័យខ្លាចនឹងក្រុមប៉ូលីស និងតួឯក ដែលចូលមកស៊ើបអង្កេតក្តីឃាតកម្មនាយខៀវ ព្រោះខ្លាចមានរឿងពាក់ព័ន្ធមកដល់ខ្លួនដែរ(ជាមនុស្សមានខ្លួនទាំងដែលប៉ូលីស និងតួឯកមិនដឹងរឿងអ្វីសោះ)។
នាយវិបុល មេបំណុលភ្នាល់បាល់ដែលចូលចិត្តទូរស័ព្ទ ឬបញ្ជូនកូនចៅមកគំរាមនាយខៀវឲ្យសងលុយភ្នាល់បាល់៥០ម៉ឺនដុល្លា។
នាងស្រស់ ប្រពន្ធលួចលាក់របស់នាយខៀវ ដែលគេឈប់ផ្តល់ការទំនុកបម្រុងយូរមកហើយ ព្រោះភ្ញាក់រឭកដឹងខ្លួនខុស និងយល់ដល់ភរិយាដែលចាប់ផ្តើមមានផ្ទៃពោះ។ នាងស្រស់មិនសុខចិត្តព្រោះបើគ្មាននាយខៀវ នាងក៏អស់ទីពឹង ទើបសម្លុតគំរាមនាយខៀវថា នឹងបកអាក្រាតរឿងរ៉ាវទាំងអស់ឲ្យគេឯងបានដឹង។
៦. តម្រុយផ្សេងៗ
ជាគន្លឹះសំខាន់ដែលជួយឲ្យប្រស្នា ឬអាថ៌កំបាំងនៅក្នុងរឿងត្រូវបានលាតត្រដាង។ តួឯកស្គាល់មុខជនពាលតាមរយៈ ការប្រមូលតម្រុយទាំងឡាយមករួបរួមគ្នា ដើម្បីបានទិន្នន័យដែលត្រឹមត្រូវនិងជឿទុកចិត្តបាន ទាំងតាមរយៈភស្តុតាង សាក្សី និងតម្រុយ ដែលឃាតករបានរៀបចំផែនការភ្លាត់ដោយមិនដឹងខ្លួន។
ឧទាហរណ៍៖
នាងស គិតតែព្រួយបារម្ភពីដបទឹកដោះគោនៅក្នុងទូទឹកកកគ្រប់ពេលវេលា ព្រោះដាក់ថ្នាំពុលនៅក្នុងនោះ តែម្ចាស់ខ្លួនភ្លេចយកទៅបោះចោល។ (អាចបន្ថែមការចាប់អារម្មណ៍ដោយឲ្យតួអង្គណាម្នាក់ធ្វើជាទៅបើកទូទឹកកកដើម្បីយកទឹកដោះគោមកផឹក ហើយនាងសក៏ប្រញាប់ចេញមកឃាត់ដោយយកលេសថា ទឹកដោះគោហួសដឺឡេហើយ។
នាងសប្រាប់ថា មុនពេលស្លាប់នាយខៀវមិនបានផឹកអ្វីទាំងអស់ក្រៅពីស្រា តែក្រោយពីពិនិត្យ សាកសពឃើញថា នៅក្នុងក្រពះមានទឹកដោះគោ។
មានអ្នកជិតខាងម្នាក់និយាយថា ឃើញនារីម្នាក់(នាងស) អូសមនុស្សប្រុសមកទម្លាក់នៅមុខយ៉ជាន់ទី៥។
នៅពេលគិតឃើញបាន៦ចំណុចនេះហើយ យើងពិតជាអាចរៀបចំគម្រោងឃាតកម្មដែលអាចយកមកអនុវត្ត និងប្រឌិតច្នៃធ្វើជាដំណើររឿងប្រលោមលោកស៊ើបអង្កេត ដែលយើងត្រូវការបានជាមិនខាន។
ការសរសេរប្រលោមលោកស៊ើបអង្កេត មើលទៅដូចជាងាយ តែក៏មិនងាយពេកដែរ ឬអាចមើលទៅពិបាក តែក៏មិនពិបាកហួសពីប្រលោមលោកប្រភេទផ្សេងៗទៀតដែរ។ គ្រាន់តែលោកអ្នកព្យាយាមសិក្សាស្វែងយល់ ពីចំណេះដឹងទូទៅជុំវិញខ្លួនឲ្យច្រើនបន្តិច លោកអ្នកនឹងមានទិន្នន័យ ព្រមទាំងព័ត៌មាន ដែលជាទុនចំណេះយ៉ាងសំខាន់ សម្រាប់ទុកបង្កើតគន្លឹះប្រស្នាអាថ៌កំបាំង នៅក្នុងប្រលោមលោកបានជាច្រើន។ ខ្ញុំជឿជាក់ថា លោកអ្នកប្រាកដជាធ្វើបាន! 😉
បញ្ចេញមតិ