កំពង់ស្ពឺៈ ចៅក្រមតុលាការខេត្តកំពង់ស្ពឺ មានគម្រោងចុះទៅជួបប្អូនថ្លៃរបស់លោក Laurent Vallier ជនជាតិបារាំងដែលកំពុងជាប់ពន្ធនាគារនៅក្នុង
ខេត្តកំពង់ចាម ប៉ុន្តែមន្រ្តីតុលាការដែលកាន់សំណុំរឿងនេះនៅមិនទាន់បានកំណត់កាល បរិច្ឆេទជាក់លាក់នៅឡើយ។
លោក ឆែម រិទ្ធី ចៅក្រមស៊ើបអង្កេតនៃសាលាដំបូងខេត្តកំពង់ស្ពឺ ដែលបានចូលរួមក្នុងការស៊ើបអង្កេតជាថ្មីលើសំណុំរឿងឃាតកម្មនេះ បានឲ្យដឹងថាលោកមិនទាន់ទទួលបានព័ត៌មានថ្មីពីក្រុមស៊ើបអង្កេត បារាំងដែលបានចុះមកស្រុកខ្មែរដើម្បីអង្កេតករណីការស្លាប់របស់លោក Laurent Vallier នៅឡើយទេ។
លោកថ្លែងបន្តថា៖«ខ្ញុំមិនទាន់ទទួលបានព័ត៌មានថ្មីណាមួយពី ក្រុមស៊ើបអង្កេតបារាំងដែលបានចុះមកកាលពីពាក់កណ្តាលខែមីនានៅ ឡើយប៉ុន្តែខ្ញុំ ក៏មានគម្រោងចុះទៅពន្ធនាគារខេត្តកំពង់ចាមនៅថ្ងៃណាមួយដើម្បីជួប បុរសដែលជាប្អូនថ្លៃរបស់លោក Laurent Vallier»។
លោក ឆែម រិទ្ធី បានថ្លែងបន្តថាលោកមិនស្គាល់ឈ្មោះបុរសនោះទេ ប៉ុន្តែដឹងថា គាត់ជាប្អូនថ្លៃរបស់លោក Laurent Vallier ដែលកំពុងតែជាប់ពន្ធនាគារពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
លោកថ្លែងបន្តថា៖«ខ្ញុំ មិនមានព័ត៌មានច្រើនពាក់ព័ន្ធនឹងប្អូនថ្លៃរបស់ជនរងគ្រោះនេះទេ សូម្បីតែឈ្មោះក៏មិនស្គាល់ដែរ។ ខ្ញុំ នឹងទៅជួបគាត់សាកសួរក្នុងនាម គាត់ជាសាក្សីក្នុងករណីនេះ។ ខ្ញុំ មិនដឹងថាតើនៅពេលណាខ្ញុំទៅទីនោះទេ ព្រោះខ្ញុំ រវល់កិច្ចការច្រើនណាស់»។
សាកសពបុរសជាតិបារាំងពោះម៉ាយ Vallier និងកូនតូច៤នាក់របស់លោក ត្រូវបានគេរកឃើញក្នុងរថយន្ត SUV ដែលលិចទឹកកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ រយៈពេល៤ខែ ក្រោយការបាត់ខ្លួនចុងក្រោយ។ កាលពីចុងខែមុនក្រុមអ្នកស៊ើបអង្កេតសម្រេចថា ការស្លាប់ជាអំពើឃាតកម្មមិនមែនអត្តឃាតនោះទេ។
អ្នកស៊ើបអង្កេតបារាំង និងកម្ពុជាមួយក្រុមបានច្រានចោលការធ្វើអត្តឃាត ដោយសារតែមូលហេតុនៃការស្លាប់របស់លោក Laurent Vallier។
លទ្ធផលរកឃើញក្នុងការសាកសួរចុងក្រោយបំផុត ដែលបានចាប់ផ្តើមកាលពីពាក់កណ្តាលខែមីនា ក្រោមការឃ្លាំមើលពីចៅក្រមស៊ើបសួរបារាំងលោកស្រី Claudine Enfoux បានច្រានចោលការស៊ើបអង្កេតបឋមមួយដែលគេបានធ្វើកាលពីខែមករាដែល ថា លោក Vallier វ័យ៤២ឆ្នាំ បានសម្លាប់ខ្លួននិងកូនរបស់លោក ដោយបើកឡានចូលក្នុងស្រះទឹកមានជម្រៅ៩ម៉ែត្រ ទំនងមកពីមានបញ្ហាហិរញ្ញវត្ថុ។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតបារាំងកាលពីថ្ងៃចន្ទ បានសរសេរថា៖«ដោយសារតែកិច្ចសហការប្រកបដោយប្រសិទ្ធភាព និងជាប្រចាំការដោះដូរឯកសារនិងសកម្មភាពនីតិវិធីផ្សេងៗពាក់ព័ន្ធ នឹងករណីនេះ ការស្រាវជ្រាវតាមលក្ខណៈជឿនលឿន ព្រមទាំងសវនាការជាច្រើនត្រូវបានធ្វើយ៉ាងប្រាកដដែលនាំឲ្យមាន ការរកឃើញចំណុចសំខាន់ៗ ដែលកំពុងច្រានចោលលទ្ធភាពនៃការធ្វើអត្តឃាត»៕ NR
ប្រភព៖ កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយថ្ងៃទី ០២ មេសា ២០១៣
បញ្ចេញមតិ