Feeds:
ប្រកាស
មតិ

ផ្កាយ​NoVeLs*– អ្នក​ដែល​ធ្លាប់​ជាប់​ចិត្ត​ដិត​អារម្មណ៍​នឹង​រឿង​ Valentine’s Day ភាព​យន្ត​ស្នេហា​រ៉ូមែន​ទិក​​ កាល​ពី​ដើម​ឆ្នាំ​កន្លង​មក​ ច្បាស់ជា​មិន​ខក​បំណង​ទេ​នឹង​ភាព​យន្ត​​​រឿង​ New Year’s Eve ដែល​ជា​ស្នាដៃ​​ពាក់​បូ​ក្រហម​ឆ្លង​ឆ្នាំ​ថ្មី​របស់​អ្នក​ដឹក​នាំ​រឿង​ ហ្គា​រី​ ម៉ាឈែល (Garry Marshall)​ ដែល​នឹង​និយាយ​ពី​​រឿងរ៉ាវ​ស្នេហា​របស់​មនុស្ស​ច្រើន​នាក់​​ ច្រើនប្រភេទ ​ដែល​កើត​នៅ​ក្នុង​ទី​ក្រុង​ញូវ​យ៉ក​​ ក្នុង​រាត្រី​​មុន​​ថ្ងៃ​ចូល​ឆ្នាំ​។ ទាំង​សំឡេង​សើច​ក្អាក​ក្អាយ​ ទាំង​​ក្រាម​ទឹក​ភ្នែក និង​ស្នាម​ញញឹម​ នឹង​នាំ​មក​ជូន​ប្រិយ​មិត្ត​​ដោយ​ ​តារា​សម្តែង​ពេញ​ដោយ​សមត្ថភាព​ប្រមាណ​​​ជាង​១០​រូប។

  • ឈុតខ្លះក្នុងរឿង​, ភាព​យន្ត​ Trailer

ភាព​យន្ត​រឿង​ New Year’s Eve នឹង​អប​អរ​សាទរ​សេចក្តី​ស្នេហា​ សេចក្តី​សង្ឃឹម​ ការ​ផ្តល់​អភ័យ​ ឱកាស​កែ​ខ្លួន និង​​ការ​ចាប់​ផ្តើ​ម​ថ្មី​ដ៏​ស្រស់​ថ្លា​ នៅ​ក្នុង​រឿង​រ៉ាវ​ដែល​មាន​បញ្ចូល​ទាំង​អ្នក​មាន​គូ​ស្នេហ៍ និង​អ្នក​នៅ​លីវ ដែល​ត្រូវ​បង្ហាញ​​ប្រាប់​តាម​រយៈ​​ពាក្យ​សន្យា​នៃ​ទីក្រុង​ញូវ​យ៉ក​​ក្នុង​រាត្រី​ដែល​មាន​ភ្លើង​ពណ៌​​ភ្លឺ​ចិញ្ចែង​ចិញ្ចាច​​បំផុត​ប្រចាំ​ឆ្នាំ​។

អ្នក​ដឹក​នាំ​រឿង​ ហ្គា​រី​ ម៉ាឈែល​ និង​បណ្តា​អ្នក​សម្តែង​​ទាំង​អស់​នេះ នឹង​​ធ្វើ​ដំណើរ​​ជុំ​វិញរដូវ​កាល​​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​២០១១​​​​ តាម​រយៈ​ភាព​យន្ត​​កំប្លែង​ស្នេហា​​រ៉ូមែន​ទិក​ New Year’s Eve។

  • សង្ខេបរឿង

ហ៊ែររី(​រ៉ូបឺត​​ដឺ​នី​រ៉ូ Robert De Niro) បុរស​មាឌ​មាំ​ដែល​បៀត​បៀន​ដោយ​រោគ​កាច​សាហាវ​​ ​បាន​សម្លឹង​មើល​រយៈ​ពេល​ចុង​ក្រោយ​នៃ​ជីវិត​​របស់​ខ្លួន​​​ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​ថ្មី​​​នៅ​មន្ទីរ​ពេទ្យ​។ ចំណែកនាង​​​លេខា​ក្រមុំ​ អ៊ិង​គ្រិត​(មីឆេល​ ហ្វៃ​ហ្វ័រ Michelle Pfeiffer) កំពុង​សម្រេចចិត្ត​​បញ្ឈប់​សម្ព័ន្ធ​ភាព​ដែល​គ្មាន​សង្ឃឹម​របស់​ខ្លួន​ឯង​។ រី​ឯ ​គ្លែរ​(ហ៊ី​ឡារី​ ស្វែង​ Hilary Swank)) កំពុង​មមាញឹក​នឹង​ការ​សម្តែង​​​​​នៅ​ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​ដ៏​ធំ​មួយ​នៅ​​លើ​ដង​ផ្លូវ​​ ថាម៍​ឃ្វែរ​ ខណៈ​ដែល​រ៉ែន​ឌី​(អេស្ស​​តាន់​ ឃុត​ឆ័រ Ashton Kutcher)​ជា​បុរស​ម្នាក់​ដែល​ស្អប់​រាត្រី​ឆ្លង​ឆ្នាំ​ថ្មី​​ជាទីបំផុត​​៕

  • រូបភាព​​ខ្លះក្នុងរឿង



បទ​ «រដូវ​កាល​(ដែល​គ្មាន​អូន​)»[ລະດູ​ການ(​ທີ່​ບໍ່​ມີ​ເຈົ້າ)] គឺ​ជា​ចម្រៀង​មួយ​បទ​ របស់​ អាលូណា (Aluna) អ្នក​ចម្រៀង​លាវ​ដ៏​ល្បី​មួយ​រូប​ និង​តែ​ម្នាក់ ​​​​ដែល​ពោរ​ពេញ​ទៅ​ដោយ​សមត្ថភាព ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្ញុំ​។ ​ក្រៅ​ពី​ចេះ​និពន្ធ​ទំនុក​ច្រៀង​ បទ​ភ្លេង ​ដោយ​ខ្លួន​ឯង​ហើយ អាលូ​ណា​ នៅ​ចេះ​ដឹក​នាំ​សម្តែង​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​​ មិន​ចាញ់​អ្នក​ដឹក​នាំ​​សម្តែង​​ថៃ​​ទេ(មិន​បាច់​និយាយ​ពី​អ្នក​ដឹក​នាំ​ខ្មែរ​Yuk!!)​​ជា​ឧទាហរណ៍​គឺ​បទ​នេះ​តែ​ម្តង​។

«រដូវ​កាល​ដែល​គ្មាន​អូន​» និយាយ​ពី​​រឿង​រ៉ាវ​បុរស​នារី​ពីរ​នាក់​ ដែល​បាន​ជួប​គ្នា​ដោយ​ឧប្បត្តិហេតុ​ចរាចរណ៍​។ នៅ​ពេល​កំពុង​បើក​ឡាន​ តួ​ស្រី​បាន​និយាយ​ទូរស័ព្ទ​ទៅ​កាន់​មិត្ត​ភក្តិ​ ហើយ​ក៏​​បើក​បុក​តួ​ប្រុស​​ធ្វើ​ឲ្យ​ពិការ​​ភ្នែក​មើល​លែង​​ឃើញ​។ ដើម្បី​លុប​លាង​ទោស​កំហុស​របស់​ខ្លួន តួ​ស្រី​បាន​ស្ម័គ្រ​ចិត្ត​មក​មើល​ថែ​តួ​ប្រុស​ តែ​ដើម្បី​កុំ​​ឲ្យ​តួ​ប្រុស​ដឹង​ថា​ ខ្លួន​ជា​អ្នក​បង្ក​ហេតុ​ក៏​កុហក​តួ​ប្រុស​ថា នាង​​ជា​​​​គិលានុបដ្ឋា​យិកា​។ ថ្ងៃ​មួយ ​តួ​ស្រី​បាន​សួរ​តួ​ប្រុស​ថា «​បើ​លោក​ដឹង​ថា នរណា​ជា​អ្នក​បើក​ឡាន​បុក​លោក តើ​លោក​គិត​យ៉ាង​ណា?» តួ​ប្រុស​ក៏​តប​ដោយ​កំហឹង​ឆេះ​ឆួល​​ថា «​ខ្ញុំ​គ្មាន​ថ្ងៃ​អភ័យ​ទោស​ឲ្យ​គេ​ដាច់​ខាត​!»។ ដោយ​ហេតុ​ផល​នេះ នៅ​ពេល​ដល់​ថ្ងៃ​ដែល​តួ​ប្រុស​ត្រូវ​បក​ភ្នែក​ តួ​ស្រី​ក៏​ចាក​ចេញ​ទៅ​ដោយ​បន្សល់​ទុកនូ វ​​​សំបុត្រ​មួយ​ច្បាប់។ ពី​រ​ឆ្នាំ​ក្រោយ​មក​ អ្នក​ទាំង​ពីរ​ក៏​បាន​ជួប​គ្នា​​ម្តង​ទៀត​ដោយ​ចៃ​ដន្យ ​​នៅ​ពេល​​កំពុង​ឆ្លង​ថ្នល់​ តែ​តួ​ប្រុស​មិន​ស្គាល់​តួ​ស្រី​ទេ តែ​ព្រោះ​​មាន​អ្វី​មួយ​នោះ(នៅ​ក្នុង​ជម្រៅ​ចិត្ត​ពួកគេ​) ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ងាក​ក្រោយ​​មើល​គ្នា ​​នៅពេល​ឆ្លង​ទៅ​ដល់​​ផ្លូវម្ខាង​ម្នាក់​ហើយ។ ជួប​ឬ​បែក… គឺជា​ប្រស្នា​របស់​អ្នក​និពន្ធ…

ល្អ​ឬ​មិន​ល្អ​ ទុក​ឲ្យ​​ប្រិយ​មិត្ត​ជា​អ្នក​​ដាក់​ពិន្ទុ​​ចុះ ព្រោះ​ខាង​លើ​គ្រាន់​តែ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួន ​របស់​ខ្ញុំ​​ម្នាក់​ឯង​ប៉ុណ្ណោះ។ ​គ្រាន់​តែ​ចង់​​បញ្ជាក់ថា សាច់​រឿងខាងលើគ្រាន់​តែ​ជា​ដំណើរ​រឿង​សាមញ្ញ​ៗ​មួយ​​ប៉ុណ្ណោះ​ តែ​លាវអាច​ថត​បាន​ដោយ​មិន​បាច់លួច​ចម្លង​ពី​គេ​(Sic)។


បើ​មិន​មែន​ព្រោះ​មាន​ណាត់​ប្រជុំ រឿង ​​គម្រោង​ការ​សាធារណៈ ប្រយោជន៍​​របស់​ក្រុម​គ្រិស្ត​បរិស័ទ​​ដែល​ជា​អ្នក​​ស្ម័គ្រ​ចិត្ត​​ និង​ទទួល​​ខុស​ត្រូ​វ​ការ​ងារ​​ផ្នែក​ទំនាក់​ទំនង ខ្ញុំ​ប្រហែល​មិន​ស៊ូទ្រាំ​អង្គុយ​​ក្នុង​​ឡាន​ រង់​ចាំ​ការ​កក​ស្ទះ​របស់​ចរាចរណ៍​​ជិត​៣​ម៉ោង ពី​ស្តុប​ពេទ្យ​លោក​សង្ឃ​ មក​កាន់​​ផ្សារ​ទំនើប​សុវណ្ណា​​នោះ​ទេ ព្រោះ​នរណា​ក៏​ដឹង​ថា​​ រយៈ​ពេល​នៃ​សប្តាហ៍​ចុង​ក្រោយ​​ប្រចាំ​ឆ្នាំ​​ មនុស្ស​ម្នា​ចូល​ចិត្ត​ដើរ​ទិញ​អីវ៉ាន់​​ក្នុង​រដូវ​កាល​បុណ្យ​គ្រិស្ត​ម៉ាស ​​​និង​ឆ្លង​ឆ្នាំ​ថ្មី​នេះ​ណាស់​​ ពិសេស​ក្នុង​ពេល​​ល្ងាច​បែប​នេះ​​ ដែល​ធ្លាប់​តែ​ស្ទះ​ស្រាប់​ទៅ​ហើយ​ ចរាចរណ៍​ក៏​​ប្រែ​ក្លាយ​ជា​​ពិការ​ខ្វិន​ខ្វង់​​អស់​តែ​ម្តង​។ បើ​គ្មាន​ការ​ងារ​ចាំ​បាច់​ ឬ​​អាច​ចៀស​វាង​បាន​ ខ្ញុំ​​មិន​ចង់​​បើក​កា​ត់​ផ្លូវ​នេះ​​​ទេ​​ ។

យើង​ណាត់​ជួប​ជុំ​គ្នា​ នៅ​​​ហាង​កាហ្វេ ​T&C​ ក្នុង​​ផ្សារ​សុវណ្ណា​​។ តែ​ដល់​មើល​នាឡិកា​ ​ឃើញ​ថា​សល់​​ពេល​ជិត​មួយ​ម៉ោង​ទៀតឯនោះ​​ ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​​​ដើរ​មើល​​​ផ្សារ​បន្តិច​ ដើម្បី​រក​​ទិញ​សៀវភៅ​ពីរ​បី​ក្បាល​​ទុក​អាន​​ក្នុង​ឱកាស​ឈប់​សម្រាក​ចុង​​ឆ្នាំ​​។

លុះ​ក្រោយ​ពេល​ទិញ​ហើយ​ ឡើង​ជណ្តើរ​យន្ត​​ហួស​មកដល់​ជាន់​ទី​៣ ដែល​ជា​ហាង​ទំនិញ​​របស់​ក្មេង​ៗ​ ត្រចៀក​ខ្ញុំ​ក៏​បាន​​​ឮ​សំឡេង​រំអែ​រំ​អួយ ​​​គួរ​ឲ្យ​ស្រឡាញ់​ និង​ចង់​ស្តាប់​។ ពេល​វាស​ខ្សែ​ភ្នែក​ទៅ​រក​ប្រភព​សំឡេង​​ក៏​ឃើញ​ក្មេង​តូច​ម្នាក់​ អាយុ​ប្រហែល​៥, ៦​ឆ្នាំ​​ នៅ​ក្នុង​ឈុត​អាវ​យឺត​ពណ៌​លឿង​ ខោ​ខ្លី​ពណ៌​ត្នោត​ ខាង​ក្រោយ​​មាន​ស្ពាយ​កាតាប​ ពណ៌​ផ្ទៃ​មេឃតូច​មួយ​​ ឯ​នៅ​ក្នុងដៃ​មានកាន់​​តុក្កតា​កូន​​ឆ្កែ​រោម​​​ស្រមូវ​វែងៗ។​​ ដៃ​តូច​ៗ ​​កំពុង​អង្អែល​ក្បាល​ឆ្កែ​​គ្មាន​វិញ្ញាណ​នោះ ព្រម​ទាំង​ងើយ​មុខ​និយាយ​ជាមួយ​ស្ត្រី​​វ័យ​ចំណាស់​ម្នាក់​។ តាម​រយៈ​កាយ​វិការ​របស់​អ្នក​ទាំង​ពីរ​ធ្វើ​ឲ្យ​ដឹង​ថា​​ ​ពួក​គេ​​មិន​មែន​មក​ជាមួយ​គ្នា​ទេ។ ខ្ញុំ​រំកិល​​ខ្លួន​ចូល​ទៅ​ជិត ​ព្រោះ​ចង់​ដឹង​ថា ក្មេង​តូច​នោះ​កំពុង​​និយាយ​អ្វី​។

«​ណ៎ា​លោក​អ៊ំ​… ខ្ញុំ​ចង់​ទិញ​តុក្កតា​កូន​ឆ្កែ​នេះ​ឲ្យ​​អូន​​កា ​តែ​ខ្ញុំ​មាន​​លុយ​មិន​គ្រប់​ទេ សូម​លោក​អ៊ំ​ជួយ​​ចេញ​លុយ​ដែល​នៅ​សល់​ឲ្យ​ខ្ញុំ​​ផង​ណ៎ា…» សំឡេង​​រំអួយៗ​ ​រួម​នឹង​កែវ​ភ្នែក​ខ្មៅ​​ថ្លា​ៗ​មួយ​គូ​នោះ​ បើ​សិន​​ជា​​​ខ្ញុំ​បាន​​ប្រសព្វ​ភ្នែក​ជាមួយ​គង់​នឹងចិត្ត​ទន់​មិន​ខាន​។

«​អឺ… អឺម​…» ស្ត្រី​ម្នាក់​នោះ​រា​រែក​ ងាក​ឆ្វេង​ងាក​ស្តាំ​ «​ចុះ​ប៉ាៗ​របស់​ក្មួយ​ទៅណា​ហើយ ហេតុ​អ្វី​មិន​​សុំ​លុយ​ប៉ាៗ​?» ស្ត្រី​នោះ​សួរ​។

«​លោក​ប៉ា​នៅ​មើល​ថែ​​អ្នក​ម៉ាក់​នៅ​មន្ទីរ​ពេទ្យ​… អ្នក​​ម៉ាក់ឈឺ​​មក​មិន​បាន​ទេ​… លោក​ប៉ា​​ប្រាប់​ថា អ្នក​​ម៉ាក់​​​កំពុង​តែ​ជិត​ទៅ​នៅ​ជាមួយ​ព្រះ​​​ហើយ​ ហើយ​លោក​ប៉ាក៏​​ឲ្យ​លុយ​ខ្ញុំ​មក​មិន​គ្រប់​។» ក្មេង​តូច​និយាយ​បណ្តើរ​​ ឈ្ងោក​មុខលូក​យក​លុយ​នៅ​ក្នុង​រូត​​​កាតាប​ខាង​មុខ ​​ឲ្យ​ស្ត្រី​ម្នាក់​នោះ​មើល​បណ្តើរ​ តែ​ស្ត្រី​ម្នាក់​នោះ​នៅ​តែ​មាន​កាយ​វិការ​​ស្ទាក់​ស្ទើរ​ដដែល​។

«​អ៊ីចឹង​ឬ?… អឺម​… អ៊ីចឹង​​អឺ… ក្មួយ​រង់​ចាំ​អ៊ំ​​នៅ​ត្រង់​នេះ​សិន​ណ៎ា អ៊ំ​សុំ​ទៅ​មើល​របស់​នៅ​ត្រង់​នោះ​បន្តិច​សិន​ ហើយ​ចាំអ៊ំ​ត្រឡប់​មក​ទិញ​ឲ្យ​!» និយាយ​ចប់​ ស្ត្រី​នោះ​ក៏​ដើរ​ចេញ​ពី​ក្មេង​តូច​ទៅដោយ​មិន​ទាន់​បាន​ឃើញ​ស្នាម​ញញឹម​ ព្រម​ទាំង​ពន្លឺ​កែវ​ភ្នែក​ភ្លឺ​ត្រចះ​​មួយ​គូ​នោះ។

ខ្ញុំ​សម្លឹង​តាម​ស្ត្រី​ម្នាក់​នោះ ​ឃើញ​ថា គាត់​​បាន​រំលៀក​ខ្លួន​ចុះ​ជណ្តើរ​ទៅ​ក្រោម​បាត់​ទៅ​​ហើយ​… អាកប្បកិរិយា​បែប​​នេះ គង់​មិន​វិល​ត្រឡប់​មក​វិញ​ទេ។

កុមារ​តូច ញាត់​លុយ​ខ្លួន​ឯង​ចូល​ក្នុង​រូត​កាតាប​ដូច​ដើម ឯ​ដៃ​ស្ទាប​អង្អែល​ក្បាល​តុក្កតា​ឆ្កែ​ និយាយ​​តិចៗ​ម្នាក់​ឯង​ល្មម​បាន​ឮ​ថា​ «​សប្បាយ​ចិត្ត​ខ្លាំង​ណាស់… អ៊ំ​ស្រី​ចិត្ត​ល្អ​ព្រម​ទិញ​ឲ្យ​ហើយ​​… អូន​​កា​​នឹង​បាន​កូន​តុក្កតា​ឆ្កែ​នេះ​… បង​នឹង​ផ្ញើ​អ្នក​ម៉ាក់​​យក​ទៅ​ឲ្យ​អូន​កា​… បង​ប្រហែល​យក​ទៅ​ឲ្យ​អូន​​​មិន​បាន​ទេ…»

ខ្ញុំ​ស្តាប់​ឮ​ប្រយោគ​នេះ​ដូច​ប្លែក​ៗ​…។ ពេល​វេលា​កន្លងទៅ​មួយ​សន្ទុះ​ធំ ក្មេង​តូច​ចាប់​ផ្តើមជ្រួល​ច្រាល់​​ដក​ក​ងាក​មើល​ឆ្វេង​ស្តាំ​ ទឹក​មុខ​មិន​សូវជា​ល្អ​ប៉ុន្មាន​ទេ​ ឯ​ខ្ញុំ​ផ្ទាល់​ក៏​កើត​អារម្មណ៍​ខ្វល់​ខ្វាយ​ជំនួស​ដែរ​។ អ្វី​ម្យ៉ាង​បាន​ដុត​បណ្តាល​ចិត្ត​ខ្ញុំ​ឲ្យ​ដើរ​ចូល​ទៅ​និយាយ​ជាមួយ​កុមារ​តូច​​ម្នាក់​នេះ​។

«​សួស្តី​អូន​តូច​… តុក្កតា​គួរ​ឲ្យ​ស្រឡាញ់​ដល់​ហើយ​!» ខ្ញុំ​បើក​ឆាក​សន្ទនា ​ព្រម​ជាមួយ​ស្នាម​    ញញឹម​​។ ក្មេង​តូច​ភ្ញាក់​ងាក​មុខ​មក​​មើល​ខ្ញុំ​។

«​បាទ​!» គេ​ញញឹម​តិច​ៗ ព្រម​ទាំង​ងាក​មើល​ឆ្វេង​ស្តាំ «​គឺ​ខ្ញុំ​ចង់​ទិញ​ឲ្យ​អូន​កា​ប្អូន​ស្រីខ្ញុំ​!»

«​ចុះ​អូន​កា​មិន​មក​ជាមួយ​ទេ?» ខ្ញុំ​សួរ​។

ក្មេង​តូចដៀង​ភ្នែក​​មក​មើល​ខ្ញុំ​បន្តិច​ ហើយ​ឈ្ងោក​មើល​តុក្កតា​មុន​នឹង​ឆ្លើយ​។

«​អូន​កា​មក​មិន​បាន​ទេ…​ ថ្ងៃ​មុន​ លោក​ប៉ា​អ្នក​ម៉ាក់​ នាំ​​អូន​កា​និង​ខ្ញុំ ​មក​ដើរ​លេង​នៅ​ទីនេះ​ អូន​កា​​ស្រឡាញ់​​តុក្កតា​កូន​ឆ្កែ​នេះ​ខ្លាំង​ណាស់ អូន​កា​ចង់​បាន​វា​ជា​កាដូ​ថ្ងៃគ្រិស្ត​ម៉ាស!»

«​អ៎… អ៊ីចឹង​​​ទើប​អូន​ចង់​ទិញ​ជា​អំណោយ​​សម្រាប់​​ប្អូន​?»

«​បាទ!» ​ក្មេង​តូច​ងក់​ក្បាល​ ព្រម​ទាំង​ញញឹម​បង្ហាញ​ធ្មេញ​​​ព្រៃ​ល្អិត​ៗ ​គួរ​ឲ្យ​ស្រឡាញ់​ តែ​ហើយ​ក៏​ឈប់​ញញឹម​វិញ​​ «​តែ​ខ្ញុំ​គ្មាន​លុយ​គ្រប់​គ្រាន់​សម្រាប់​ទិញ​ទេ អម្បាញ់​មិញ​អ៊ំ​ស្រី​ធាត់​ៗ​ម្នាក់​​ប្រាប់​ថា នឹង​ជួយ​ចេញ​លុយ​ដែល​ខ្វះ​ឲ្យ​… តែ​​មិន​ឃើញ​គាត់​ត្រឡប់​​មក​វិញ​សោះ!»

ក្មេង​​តូច​ប្រែ​ប្រួល​ទឹក​មុខ ជ្រួញ​ចិញ្ចើម​ឈ្ងោក​មើល​តុក្កតា​។

«​តុក្កតា​នេះ​​ថ្លៃ​ទេ?» ខ្ញុំ​សួរ​ ព្រម​ទាំង​ជំទើត​ជើង​អង្គុយ​​​​​ចុះ តាំង​ចិត្ត​ថា​ នឹង​និយាយ​ជាមួយ​ឲ្យ​បាន​យូរ​​។

«​បង​អ្នក​លក់​ប្រាប់​ថា តម្លៃ​១២​ដុល្លារ​ ខ្ញុំ​យក​លុយ​ឲ្យ​គាត់​រាប់​ គាត់​ប្រាប់​ថា លុយ​ខ្ញុំ​មិន​ទាន់​គ្រប់​ទេ គឺ​នៅ​ខ្វះ​១៥០០​រៀល​ទៀត​​។»

«​អូន​ចង់​បាន​វា​ខ្លាំងទេ?»

«​បាទ!» ក្មេង​តូច​ងក់​ក្បាល​ «​ខ្ញុំ​ចង់​បាន​ខ្លាំង​​បំផុត​នៅ​លើ​លោក​តែ​ម្តង​ ចង់​ឲ្យ​អូន​កា​… អូន​កា​មិន​រពិស​ មិន​​រឹង​រូស អូន​កា​ជា​ក្មេង​ល្អពិត​មែន​ណ៎ា! ហើយ​​នាង​ជឿ​ជាក់​ថា សាន់​តា​ក្លូស​នឹង​ឲ្យ​តុក្កតា​នេះ​ដល់​នាង​ក្នុង​​ថ្ងៃ​គ្រិស្ត​ម៉ាស​។» កុមារា​អះអាង​​យ៉ាងច្បាស់​លាស់​។

«​បើ​អូន​កា​មក​ទិញ​ជាមួយ​ ច្បាស់ជា​សប្បាយចិត្ត​មិន​ខាន ​​ដែល​អូន​ជា​បង​ប្រុស​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ ចេះស្រឡាញ់​ប្អូន​ស្រី​​ខ្លាំង​បែប​នេះ។» ខ្ញុំ​ពោល​សរសើរ​ «​តែ​មិន​អី​ទេ សាន់​តា​ក្លូស​នឹង​​ឲ្យ​តុក្កតា​​នេះ​ដល់​អូន​កា​មិន​ខាន​​ កុំខ្វល់​ច្រើន​អី​។»

តែ​ក្មេង​តូច​តប​មក​ខ្ញុំ​វិញ​ដោយ​ទឹក​មុខ​សោក​សៅ​៖

«​អូន​កា​មក​មិន​បាន​ទេ… ​ហើយ​សាន់​តា​ក្លូស​​ ក៏​មិន​អាច​​យក​តុក្កតា​នេះ​ទៅ​ឲ្យ​អូន​កា​ ​នៅ​កន្លែង​​ដែល​នាង​រស់​នៅ​បាន​ដែរ។​ ខ្ញុំ​នឹង​យក​តុក្កតា​នេះ​ទៅ​ឲ្យ​​អ្នក​ម៉ាក់​… អ្នក​ម៉ាក់​នឹង​យក​តុក្កតា​នេះ​ទៅ​ផ្ញើ​អូន​កា​​ពេល​ម៉ាក់​ទៅ​ទីនោះ។» ខ្សែ​ភ្នែក​របស់​គេ​សោក​សៅ​ខ្លាំង​ណាស់​ នៅពេល​​និយាយបន្ត​ទៅ​ទៀត ​«​អូន​កា​ទៅ​នៅ​លើមេឃ​​ជាមួយ​ព្រះហើយ​… លោក​ប៉ា​ប្រាប់​ថា អ្នក​ម៉ាក់​ក៏ជិត​ទៅ​នៅ​ជាមួយ​​​​អូន​កាឆាប់​ៗ​នេះ​ដែរ​​… ទើប​ខ្ញុំ​គិត​​ថា​ អ្នក​ម៉ាក់​​គួរ​តែ​អាច​យក​វា​ទៅ​ផ្ញើ​អូន​កា​បាន​។»

​ឮ​ដូច្នោះ​ បេះ​ដូង​របស់​ខ្ញុំ​ស្ទើរ​តែ​ឈប់​ដើរ។​​ ក្មេង​ប្រុស​ងើយ​មុខ​សម្លឹង​ខ្ញុំ​ ហើយ​និយាយ​បន្ត​៖

«​​ខ្ញុំ​ប្រាប់​លោក​ប៉ា ឲ្យ​ប្រាប់​អ្នក​ម៉ាក់​ថា កុំ​ប្រញាប់​ទៅ​អី ចាំ​ខ្ញុំ​ត្រឡប់​មក​ពី​ផ្សារ​​ទំនើប​វិញ​សិន!​ហើយខ្ញុំ​ក៏​​​​ប្រញាប់​រត់​​មក​ទិញ​តុក្កតា​នៅ​ទីនេះ​ ដើម្បី​បាន​​ផ្ញើ​អ្នក​ម៉ាក់​​យក​ទៅឲ្យ​អូន​កា​​ ឲ្យ​ទាន់​ថ្ងៃ​គ្រិស្ត​ម៉ាស​។» ក្មេង​ប្រុស​ ហូត​យក​រូប​ថត​មួយ​សន្លឹក​ ដ៏​គួរ​ឲ្យ​ស្រឡាញ់​បំផុត​​​របស់​គេ​ ដែល​ថត​សើច​​យ៉ាង​ស្រស់​​ ឲ្យ​ខ្ញុំ​មើល​ហើយ​ប្រាប់​ថា «​ខ្ញុំ​ចង់​ឲ្យ​អ្នក​ម៉ាក់​យក​រូប​នេះ​ទៅ​ដែរ​ ដើម្បី​កុំ​ឲ្យគាត់​ភ្លេច​ខ្ញុំ​​។ ខ្ញុំ​ស្រឡាញ់​​អ្នក​ម៉ាក់​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​អ្នក​ម៉ាក់​ទៅ​ចោល​ខ្ញុំ​ដែរ​ តែ​លោក​ប៉ា​ប្រាប់​ថា អ្នក​ម៉ាក់​​ត្រូវ​ទៅ​​នៅ​ជាមួយ​អូនកា ដើម្បី​មើល​ថែ​នាង​។​»

ស្តាប់​ឮ​ដូច្នោះ​ ខ្ញុំ​ដូច​មានដុំ​​អ្វី​មក​ចុក​ណែន​ត្រង់​បំពង់​ក​… ខ្ញុំ​លួច​ដក​លុយ​ពី​ក្នុង​ហោ​ប៉ៅ​ខោ​​ខាង​​ក្រោយ​ ហើយ​ខិត​ចូល​ទៅជិត​ក្មេង​តូច អង្អែល​ក្បាល​​ក្មេង​តិចៗ​ ដែល​ខ្សែ​ភ្នែក​មួយ​គូ​នោះនៅ​ផ្តោត​សម្លឹង​តុ​ក្កតា​រោម​ស្រមូវ​​មិន​ដាក់​។ ​ឆ្លៀត​ពេល​ក្មេង​តូច​មិន​ចាប់​ភ្លឹក​​ ខ្ញុំ​ក៏​​លួច​ញាត់​លុយ​ចូល​ក្នុង​កាតាប​​ស្ពាយ​ខាង​ក្រោយ ​​ដែល​មាន​​រូត​​បើក​ចំហ​ចោល។

ខ្ញុំ​សម្លឹងមើល​មុខ​ក្មេង​តូច​ដោយ​ក្តី​អាណិត​អាសូរ​ ដែល​ក្មេង​ម្នាក់​នេះ ​មិន​បាន​មើល​​ឃើញ​អ្វី​​ដែល​​​ខ្លួន​កំពុងប្រឈម​មុខ ​ថា​ជា​ការ​បាត់​បង់​ ហើយ​ថែម​ទាំង​មាន​ការ​ជឿ​ជាក់​ដោយ​​គ្មាន​ការ​សង្ស័យ​អ្វី​ទាំង​អស់​។

«​អូន​មាន​បាន​អធិដ្ឋាន​ជាមួយ​​ព្រះ ​ដើម្បី​អូន​កា​​ឬទេ?»

«​បាទ… ខ្ញុំ​អធិដ្ឋាន​​ពេល​អូន​កា​នៅ​។ ខ្ញុំ​និង​អូន​កា រួម​ទាំង​លោក​ប៉ា​អ្នក​ម៉ាក់ ​តែង​តែ​អធិដ្ឋាន​រួម​​​គ្នា​​មុន​ពេល​​ចូល​គេង​។ យប់​មិញ​ខ្ញុំ​អធិដ្ឋាន​ម្នាក់​ឯង…​ ខ្ញុំ​អធិដ្ឋាន​សុំ​ឲ្យ​បាន​តុក្កតា​សម្រាប់​អូន​កាផង​!»

«​អូន​ជឿ​ទេ ថា​នឹង​បាន?»

«​បាទ​ជឿ!» ក្មេង​តូច​ឆ្លើយ​ដោយ​មិន​រា​រែក​។

«​ពូ​ថា… យើងសាក​យក​លុយ​ទៅ​ឲ្យ​បង​អ្នក​លក់​រាប់​ម្តង​ទៀត​ ល្អ​ទេ? ការ​ពិត​ទៅ​អូន​អាច​មាន​លុយ​គ្រប់​ក៏​ថា​បាន​… ពូ​ថា​ព្រះ​​ជា​ម្ចាស់​ពិត​ជា​បាន​ឮ​ការ​​អធិដ្ឋាន​របស់​អូន​មិន​ខាន​។»

ក្មេង​តូច​ស្តាប់​តាម ​​ផ្អៀង​ខ្លួន​លូក​យក​លុយ​ក្នុងកាតាប ​ហើយ​ដើរ​ត្រុយ​ទៅ​រក​អ្នក​លក់​ឲ្យ​ជួយ​រាប់​​លុយ​ឲ្យ​។ មួយ​សន្ទុះ​ក្រោយ​មក​ ក៏​​ដើរ​ពាក់​កណ្តាល​រត់ ​​សំដៅ​មក​ខ្ញុំ​ដែល​ឈរ​ចាំ​ពី​ចម្ងាយ​។​ កែវភ្នែក​​មួយ​គូ​នោះ ​លេច​រស្មី​ភ្លឺ​ត្រចះ ​​ព្រម​ទាំង​ញញឹម​​រីក​មុខ​ពព្រាយ​។

«​លោក​ពូ! លោក​ពូ! ខ្ញុំ​ពិត​ជា​​មាន​លុយ​គ្រប់​​មែន! អឺ​… ការ​ពិត​ខ្ញុំ​ចង់​បាន​លុយ​​ទិញ​​កុលាប​ស​​ជូន​​​អ្នក​ម៉ាក់​​ដែរ ព្រោះ​អ្នក​ម៉ាក់​ចូលចិត្ត​កុលាប​ស​ណាស់​​… តែ​ខ្ញុំ​ខ្លាចចិត្តព្រះ​​ ទើប​មិន​ហ៊ាន​អធិដ្ឋាន​សុំ…»

«​តែ​លុ​យ​ក៏​គួរ​​តែ​នៅ​សល់​ល្មម​ទិញ​ផ្កា​កុលាប​ដែរ មែនទេ?» ខ្ញុំ​សួរ​។

«​បាទ…​ ពិត​មែន​ហើយ ចុះ​ហេតុ​អ្វី​លោក​ពូ​ដឹង? បង​អ្នក​លក់​ប្រាប់​ថា ខ្ញុំ​មាន​លុយ​ដល់​ទៅ​២០​ដុល្លា​រ​ឯណោះ!… ព្រះ​ពិត​ជា​ចិត្ត​ល្អ​ពិត​មែន​ហ្ន៎ លោក​ពូ!» ក្មេង​តូច​និយាយ​ដោយ​ក្តី​រំភើប​។

ខ្ញុំ​ងក់​ក្បាល​ទទួល​ ព្រម​ទាំង​លូក​ដៃ​ទៅ​អង្អែល​ក្បាល​ដោយ​ក្តី​អាណិត​ស្រឡាញ់​។

«​អ៊ីចឹង​ពូ​សុំ​​ទៅ​ធ្វើ​ការ​សិន​ហើយ​ណ៎ា?» ខ្ញុំ​និយាយ​បណ្តើ​រ​ ទះ​ក្បាល​ក្មេង​តិច​ៗ​​បណ្តើរ​។​

«​បាទ!» ក្មេង​តូច​ឆ្លើយ​តប​​ព្រម​ទាំង​លើក​ដៃ​សំពះ​ «​រីក​រាយ​ថ្ងៃ​បុណ្យ​គ្រិស្ត​ម៉ាស​ណ៎ា​លោក​ពូ! បាយ​ៗ​…»

ស្នាម​ញញឹម​ចុង​ក្រោយ​ដែល​ផុស​នៅ​លើ​ផ្ទៃ​មុខ​របស់​ក្មេង​តូច​ គឺ​ជា​ស្នាម​ញញឹម​ដែល​ពោរ​ពេញ​ទៅ​ដោយ​សេចក្តីសុខ។ ​សេចក្តី​​​​សុខ​នោះ​ បាន​បញ្ជូន​មកកាន់​ខ្ញុំឲ្យ​បាន​​ជ្រួត​ជ្រាប​​ទទួល​ទុក​ ជាមួយ​នឹង​ សេចក្តី​ស្រឡាញ់​ និង​ការ​គាំ​ទ្រ​នៅ​ក្នុង​សេចក្តីស្រឡាញ់​ រួម​ទាំង​ជំនឿ​របស់​ក្មេង​ប្រុស​ម្នាក់​នេះ។

ក្រោយ​ពី​ដើរ​ចេញ​ពី​ក្មេង​ប្រុស​ ​ខ្ញុំ​ក៏​នឹក​ដល់​ព័ត៌​មាន​នៅ​ក្នុង​កាសែត​​កាល​ពី​ពីរ​ថ្ងៃ​មុន​។ ​កាសែត​នោះសរសេរ​​ថា អ្នក​​បើក​បរ​ម្នាក់​ផឹកស្រា​​ស្រវឹង ​រហូត​បាត់​បង់​ស្មារតី ​បើក​រថយន្ត​ហួស​ភ្លើងក្រហម បរិវេណ​ស្តុប​ពេទ្យ​លោក​​សង្ឃ​ ​​​ហើយ​បុក​ពីរ​នាក់​ម្តាយ​និង​​កូន​ដែល​កំពុង​ឆ្លង​ថ្នល់​​តាម​គំនូស​ដើរ​​​ ដោយ​កូន​ស្រីមាន​​អាយុ​បី​ឆ្នាំ​​ស្លាប់​នៅ​នឹង​កន្លែង​ ចំណែក​ម្តាយ​របួស​ធ្ងន់​ធ្ងរ ​ត្រូវ​បញ្ជូន​ទៅមន្ទីរពេទ្យ​​​ព្រះ       កុសមៈ​​…

គ្រួសារ​របស់​​ពួក​គេ ​​កំពុង​រង់​ចាំ​ការ​​សម្រេច​ចិត្ត​ថា តើ​គួរ​​ផ្តាច់​អុកស៊ីសែន​​​ចេញ​​ឬ​ទេ​ ព្រោះ​ទោះ​​យ៉ាងណា ​​ក៏​ស្ត្រី​ជា​ម្តាយ​មិន​អាច​ជា​សះ​ស្បើយ​បាន​​​លើស​ពី​ស្លាប់​មួយ​ចំហៀង​ខ្លួន​ដែរ។ មិន​ដឹង​ថា​ គ្រួសារ​​​នេះ ​ជា​គ្រួសារ​របស់​ក្មេង​តូច​ម្នាក់​នោះ​ ឬ​មិន​មែន?

ពីរ​ថ្ងៃ ​ក្រោយ​ពី​បាន​ជួប​ក្មេង​ប្រុសម្នាក់​នោះ ខ្ញុំ​​អាន​ប៉ះ​​នៅ​ក្នុង​​​កាសែត​​ទៀត​ថា ស្ត្រី​ម្នាក់​នោះ​បាន​​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​​។ ខ្ញុំ​មិន​អាចឃាត់​ខ្លួន​ឯង​ឲ្យ​នៅ​ស្ងៀម​បាន​ទេ​​ ទើប​ប្រញាប់​​ទៅ​ទិញ​កុលាប​ស​មួយ​បាច់​ ហើយ​​​​​បើក​ឡាន​សំដៅ​ទៅ​កន្លែង​បញ្ចុះ​សព​មួយ​រំពេច​​។ សាក​សព​របស់​ស្ត្រី​នោះ​​ដាក់​​​បើក​ចំហ​ឲ្យ​គ្រប់​គ្នា​ឃើញ​ ដើម្បី​ជួយ​អធិដ្ឋាន​​ជា​លើក​ចុង​ក្រោយ​មុន​បញ្ចុះ​។ នៅ​ក្នុង​ដៃ​របស់​សាក​សព​​​មាន​កុលាប​ស​មួយ​ទង​ និង​​​រូប​ថត​របស់​ក្មេង​ប្រុស​ម្នាក់​នោះ​ ឯ​កូន​តុក្កតា​ឆ្កែ​រោម​ស្រមូវ​​ផ្តេក​នៅ​ក្បែរ​ដើម​​ទ្រូង​។​

ខ្ញុំ​ដើរ​ចេញ​ពី​ពិធី​​ទាំង​ទឹក​ភ្នែក​ ទទួល​អារម្មណ៍​ថា ជីវិត​របស់​ខ្ញុំ ​កំពុង​នឹង​​ប្រែ​ប្រួល​ជា​និរន្តរ៍​ត  ទៅ​។ សេចក្តី​ស្រឡាញ់​ដែល​ក្មេង​ប្រុស​ម្នាក់​នេះ​មាន​ចំពោះ​ប្អូន​ស្រី​ និង​ម្តាយ​​របស់​​គេ ​​នឹង​ស្ថិត​ស្ថេរ​យូរ​អង្វែង​ត​ទៅ​។ ​ប៉ុន្តែ​… ​ត្រឹម​មួយ​ចម្រៀក​​នៃ​វិនាទី​ប៉ុណ្ណោះ គ្រឿង​ស្រវឹង​ធ្វើ​ឲ្យ​ខ្ញុំ​បំបែក​​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ចេញ​ពី​គេ​៕


**កំ.សំ.១. រឿង​នេះ​ធ្លាប់​ដាក់​ផ្សាយ​ម្តង​ហើយ​កាល​ពី​បុណ្យ​គ្រិស្ត​ម៉ាស​ឆ្នាំ​មុន​ដោយ​ផ្សាយ​ជា​ពីរ​វគ្គ​ទើប​ចប់​។ តែ​លើក​នេះ​អ្នក​និពន្ធ​យក​មក​ផ្សាយ​​ម្តង​ទៀត​មួយ​រឿងចប់​តែ​ម្តង​។

**កំ.សំ.២. ពាក្យ​ «​ចាំង​»​ នៅ​ខាង​ក្រោយ​ឈ្មោះ(ក្នុង​រឿង​នេះ​)​ គឺ​ជា​ភាសា​ដែល​ម្តាយ​ឪពុក​ជប៉ុន​ចូលចិត្ត​ហៅ​កូន​ៗ(ពិសេស​ម្តាយ) ឈ្មោះ​ដើម​គឺ ​«​ខាសឹគិ» ​ហៅ​ខ្លី​ថា ​«​ខាសឹៗ» ដល់​ដាក់​ «​ចាំង​» មួយ​ទៀត​ទៅ​មាន​ន័យ​ថា «​កូន​ខាសឹៗ»។

  •  Storyline

          «ចង់នៅជាមួយរហូតចង់ធ្វើ​​​អ្វីដើម្បី​​​​ជាច្រើនតែ​​ទីបំផុតខ្ញុំក៏​​ធ្វើមិនបាន​​…»

ខាសឹគិ

ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ ​​ដែល​មាន​ជំងឺ​បេះ​ដូង​តាំង​ពី​កំណើត​​​ ចេញ​ចូល​​មន្ទីរ​ពេទ្យ​ជាប់​រហូត​​។ ទី​បំផុត​ ជំងឺ​បេះ​ដូងក៏​​កាន់​តែ​ធ្ងន់​ធ្ងរ​​ រហូត​ត្រូវ​​ធ្វើ​ការ​វះ​កាត់​ជា​​បន្ទាន់​នៅ​បំណាច់​​ខែ​ធ្នូ​។

ខុរុ

កូន​ឆ្កែ​​អនាថា​ ដែល​វង្វេង​ផ្លូវ​ចូល​មក​ក្រោយ​មន្ទីរ​ពេទ្យ​ ចៃ​ដន្យ​បាន​ជួប​នឹង​ខាសឹគិ ហើយពួក​គេ​​ទាំង​ពីរ​ក៏​ក្លាយ​ជា​មិត្ត​ភក្តិ​នឹង​គ្នា​។

«​បាដិហារិយ៍ថ្ងៃ​​គ្រិស្តម៉ាស​»​​ នឹង​ធ្វើ​ឲ្យ​លោក​អ្ន​ក រំជើប​រំជួល​ទប់​ទឹក​ភ្នែក​មិន​បាន ​ដោយសារ​​​ឥទ្ធិពល​​​​នៃ​មិត្ត​ភាព​​​រវាង​​​មនុស្ស​ ​និង ​សត្វ​​…

     

បាដិហារិយ៍​ថ្ងៃ​គ្រិស្ត​ម៉ាស

          «​នែ៎! ពួក​ឯង​… ចូល​ដល់​ខែ​ធ្នូ​ហើយ​វ៉ឺយ​ ថ្ងៃ​បុណ្យ​គ្រិស្តម៉ាស​ រក​សង្សារ​​ទុក​បណ្តើរ​បាន​ហើយ​    ​ឬ​នៅ?»

«​ស្លាប់​ហើយ​! យ៉ាប់​មិន​ខាន​ទេ​​ គ្នា​មិន​ទាន់​រក​សង្សារ​បាន​ផង​ តើ​ធ្វើ​យ៉ាង​ម៉េច​ទៅ?»

«​កុំ​ភ័យ​អី​​ ថ្ងៃ​ស្អែក​នេះ​មាន​ពិធី​ជួប​ជុំ​គ្នា​នៅ​ព្រះ​វិហារ​ តើ​ពួក​ឯង​ទៅ​ជាមួយ​​ទេ?»​

​«​ទៅ​… ​ប្រាកដ​ជា​ទៅ​ហើយ​! ដើម្បី​បាន​ញ៉ែ​ពួ​ក​ប្រុស​ៗ ​ទុក​បណ្តើរ​​ថ្ងៃ​គ្រិស្ត​ម៉ាស​នោះ​អី!      ហិហិ​»

សំឡេង​ចេច​ចាច ​របស់​ក្មេង​​ស្រី​សិស្ស​វិទ្យា​ល័យ​​បួន​​ប្រាំ​នាក់ ដើរ​​​ឆ្លង​កាត់​ច្រក​ផ្លូវ​​តូច​ៗ​តាម​ដង​វិថី​​មួយ​។

ហ៊ឺ…​ ​ចូល​ដល់​​រដូវ​​​បុណ្យ​​​​របស់​​ពួក​មនុស្ស​ទៀត​​ហើយ​ឬ​? គួរ​ឲ្យ​ធុញ​ខ្លាំង​​ណាស់​ តែ​ក៏​ជួយ​មិន​បាន​​ ព្រោះ​យើង​​ជា​ឆ្កែ​ តើ​អាច​ទៅ​ធ្វើ​អ្វី​កើត​​​?

ឆ្កែ​អនាថា​ជំទង់​​រោម​សម្បុរ​ត្នោ​ត​​ គិត​បណ្តើរ​ដើរ​​បណ្តីរ​ចូល​ទៅ​ក្នុង​​ច្រក​តូច​ៗ របស់​​អគារខ្ពស់ៗ​​​ក​ណ្តាល​​ទី​ក្រុង​តូ​ក្យូ​​។​ នៅ​ពេល​ដើរ​ឆ្លង​កាត់​តាម​ច្រក​តូច​ចង្អៀត​បាន​មួយ​សន្ទុះ​ ស្រាប់​តែ​ទច់​ដំណើរ​ង៉ក់​​ ត្រ​ចៀក​ញាក់​តិច​ៗ​​ហាក់​ដូច​ជា​​ត្រូវ​ការ​ស្តាប់​សំឡេង​អ្វី​ម្យ៉ាង​។

«​ជា​ការ​តាមពី​ក្រោយ​​​ដ៏​ថោក​ទាប​​បំផុត​!»

«​​ហ៊ឹះ​ៗៗ… ការ​ពិត​ទៅ ​យើង​ក៏​មិន​បាន​តាំង​ចិត្ត​តាម​ពី​ក្រោយ​ឯង​ដែរ​!»

នៅ​ពេល​​ឆ្កែ​ជំទង់​ បែរ​ខ្នង​​ទៅ​ក្រោយ​​ ក៏​ឃើញ​​ឆ្កែ​បី​ក្បាល​​។ អា​កណ្តាលមាឌ​ធំ​មាំ​​សម្បុរ​ខ្មៅ​មាន​​ស្នាម​របួស​ឆែប​ចំ​កណ្តាល​មុខ​​។ ពីរ​ក្បាល​ទៀត​​ឈរ​អម​សង​ខាង​ឆ្វេង​ស្តាំ​​​ តែ​មាន​មាឌ​តូច​ជាង​​។​

«​យ៉ាង​ម៉េច​ហើយ​ អាខៃ​ មិន​បាន​ជួបឯង​យូរ​ហើយ យើង​នឹក​​ឯង​ខ្លាំង​ណាស់វ៉ឺយ​!» ឆ្កែ​មេ​ក្រុម​​និយាយ​ដោយ​សំឡេង​​កំណាច​។

«​ហ៊ឹះ! តែ​យើង​មិន​គិត​ចង់​​ជួប​ឯង​បន្តិច​ទេ!»

«​យឹះ​! ឯង​ហ៊ាន​ត​មាត់​ត​ក​ជា​មួយ​​ប​ង​ធំ​​ បេន​ជីរ៉ូ ​របស់​យើង​ផង​!»​

កូន​ចៅ​របស់​ បេន​ជីរ៉ូ សម្លក់​​​ភ្នែក​ត្លែ​​ដាក់​​ ខៃ​ ព្រម​ទាំង​បញ្ចេញ​ចង្កូម​គំរាម​​ ​ប្រុង​ប្រៀប​​​ជា​ស្រេច​ដើម្បី​បើក​ឆាក​ប្រយុទ្ធ​​។​

«​នៅ​ឲ្យ​ស្ងៀម​​… បណ្តោយ​តាម​វា​សិន​ចុះ!»

​បេន​ជីរ៉ូ​ ហាម​ឃាត់​កូន​ចៅ​ ហើយ​ងាក​មក​ខាង​ ខៃ​ ​​​​​សម្លឹង​មុខ​មាំ​​។​​

​«​យើង​មកជម្រះ​​បញ្ជី​​ចាស់​ជាមួយ​ឯង!»

«​ហ៊ឹះ! បាន​ន័យ​ថា លើក​មុន​នៅ​មិន​ទាន់​រាង​ចាល​ទៀត​ មែន​ទេ?»​

«​ហ៊ឹះ! លើក​មុនចាត់​ទុក​ថា​​រាសីឯង​​ខ្ពស់​​ទៅ​ចុះ​​ តែ​លើក​នេះ​ឯង​ច្បាស់​ជា​មិន​រួច​ខ្លួន​ទេ!»​

​ឆ្កែ​ទាំង​​​បី​​ក្បាល ឈាន​ជើង​​​​ចូល​មក​​​​​​​សន្សឹម​ៗ​​​ ដោយ​មាន​មេ​កើយ​​​នាំ​មុខ ​​​​​ចូល​មក​ជិតម្តង​មួយ   ​​​​ជំហានៗ​​។ ឆ្កែ​ជំទង់​សម្លឹង​ការ​ផ្លាស់​ទី​​របស់​ភាគី​ម្ខាង​​​ទៀត​មិន​ដាក់​ភ្នែក​ ដោយ​ខ្សែភ្នែក​ស្ងប់​នឹងធឹង​​។

«​ហ៊ឺយ! ពួក​យើង​ដេញ​តាម​!!!»

***

«អូយ​… អាពួក​ឆ្កួត​អស់​នោះ…​ ភ្លាត់​ស្នៀត​ចាញ់​ដៃ​ពួក​វា​ទាល់​តែ​បាន​ តែ​ពួក​នោះ​ក៏​ត្រូវ​ធ្ងន់      ​ដែរ!​​​ ប្រហែល​ជា​ពួក​វា​​មិន​តាម​មក​ទៀត​ទេ​មើល​ទៅ​…​ សំណាង​ល្អ​ហើយ​ដែល​គេច​មក​បាន​ បើ​ត្រឡប់​​ទៅ​ក្នុង​សភាព​បែប​នេះ​ ច្បាស់​ជា​ខូច​កេរ្តិ៍​ឈ្មោះ​ស្លាប់​ហើយ​! ហ៊ឺ… ចុះ​ទី​នេះជា​​កន្លែង​ណា​?»

ឆ្កែ​ជំទង់ ​​ដើរ​ឆ្លង​កាត់​តាម​ប្រហោង​តូច​ៗ​ ​ហើយ​ងាក​ឆ្វេង​ងាក​ស្តាំ​យ៉ាង​ប្រុង​ប្រយ័ត្ន​​ មុន​នឹង​លោត​​ផ្លោះ​​​ចូល​ទៅ​ក្នុង​របង​។

ប្រែះ​ៗ​…

មាន​សំឡេង​លាន់​ឡើង​នៅ​ខាង​ក្រោយ​គុម្ពោត​ព្រៃ​។ ឆ្កែ​ជំទង់​បញ្ឈប់​សកម្ម​ភាព​មួយ​រំពេច​ ខ្សែ​ភ្នែក​ផ្តោត​​ទៅ​លើ​គុម្ពោត​ព្រៃ​​ដែល​​ញ័រ​រញ្ជួយ​ លេច​ក្មេង​ប្រុស​ម្នាក់​មាន​សម្បុរ​ស្បែក​ស​ស្លេក​ស្លាំង ដូច​​មនុស្ស​មិន​សូវ​ជា​ អាយុ​ប្រមាណ​៥,៦​ឆ្នាំ​ដើរ​ចេញ​ពី​ក្រោយ​គុម្ពោត​ព្រៃ។ ក្មេង​ប្រុស​មាន​ទឹក​មុខ​​តក់​​ ស្លុត​។​ ឆ្កែ​ជំទង់ ​សម្លឹង​ក្មេង​នៅ​​ចំពោះ​មុខ​មិន​ដាក់​ភ្នែក​ បញ្ចេញ​សំឡេង​គំរាម​ក្មេង​ប្រុស​ក្នុង​គោល​បំណង​​ឲ្យ​ភ័យ​ខ្លាច​​ហើយ​រត់​ត្រឡប់​​​ទៅ​វិញ​។ តែ​ខុស​ពី​ការ​គិត​ ក្មេង​ប្រុស​បែរ​ជា​ដើរ​ចូល​មក​សន្សឹម​ៗ​។ ឆ្កែ​សម្បុរ​ត្នោត​​​​បញ្ចេញ​សំឡេង​គំរាម​កាន់​តែ​ខ្លាំង​ជាង​មុន​តាម​សភាវគតិ​។

បាន​ផល​ ក្មេង​ប្រុស​ម្នាក់​នោះ​ ក៏​រត់ត្រឡប់​​ទៅ​វិញ​​បាត់​ទៅ​។ ទឹក​មុខ​របស់​​ឆ្កែ​ជំទង់​បន្ថយ​ភាព​តាន​តឹង​​ មុននឹង​ដើរ​ចូល​ទៅ​ដេក​ពួន​ក្រោម​ដើម​ឈើ​។ ភាព​ឈឺ​ចាប់​នៅ​ត្រង់​ជើង​មុខ​​ស្តាំ​​​​​ចាប់​ផ្តើម​​អន់​បន្តិច​វិញ​។

ត្រឹក​! ត្រឹក​! ត្រឹក​!

ឮ​សំឡេង​រត់​ចូល​មក​ជិត​។ រាងកាយ​​សម្បុរ​ត្នោត​ភ្ញាក់​ក្រោក​ឡើង ​​ងាក​ទៅ​រក​ប្រភព​សំឡេង​។​

ក្មេង​ប្រុស​អម្បាញ់​មិញ​នេះ​​តើ! ត្រឡប់​​មក​វិញ​ធ្វើ​អី​ហ្ន៎?​ កំពុងលក់​​រលីវៗ​ផង​ សង្ស័យ​មិន​រាង​ចាល​ទេ បើ​ត្របាក់​យក​តែ​ម្តង​ល្អ​ទេ?…

នៅ​ក្នុង​ដៃ​កុមារ​ មាន​កាន់​របស់​អ្វី​ម្យ៉ាង​ស្រដៀងៗ​នឹង​ចាន​ ហើយ​ដើរ​ចូល​មក​ជិត​គួរ​សម​​ មុន​នឹង​ដាក់​របស់​នោះ​ចុះ​ រួច​ដើរ​​ថយ​ក្រោយ​បី​បួន​ជំហាន​ មុន​នឹង​រត់​គេច​ទៅ​បាត់​។ នៅ​ពេល​ប្រាកដ​ក្នុង​ចិត្ត​ថា ភាគី​ម្ខាង​ទៀត​ទៅ​ឆ្ងាយ​ហើយ​ ឆ្កែ​ជំទង់​ក៏​ដើរ​ចូល​មក​ជិត​វត្ថុ​ដែល​​ក្មេង​ប្រុស​ទុក​ចោល​។ នៅ​ក្នុង​ចាន​មាន​វត្ថុ​រាវ​ពណ៌​ស​… ​នោះ​គឺ ​​ទឹក​ដោះ​គោ​​…

***

«​អម្បាញ់​មិញ​ ខាសឹគិ​ បាត់​ទៅ​ណា?»

«​អត់មាន​ផង…»

«​ពិត​ឬ? ខាង​ក្រៅ​ត្រជាក់​ណាស់ ប្រញាប់​ចូល​ទៅខាង​ក្នុង​ទៅ​!»

នៅ​ពេល​ក្រមុំ​គិលានុបដ្ឋាយិកា​និយាយ​ចប់ ក៏​ដើរ​ដឹក​ដៃ​ក្មេង​ប្រុស​ចូល​ទៅ​ខាង​ក្នុង​​​មន្ទីរ​ពេទ្យ​។

***

          កន្លង​មក​បី​ថ្ងៃ​ហើយ… ក្មេង​ប្រុស​មក​កន្លែង​ដែល​ ខៃ ប្រើ​ជា​កន្លែង​លាក់​ខ្លួន​​​បណ្តោះ​អាសន្ន ព្រម​ជាមួយ​​​​ចំណីអាហារ​​រាល់​ថ្ងៃ​ តែ​មិនហ៊ាន​ចូល​មក​ជិតទេ​ ក្រៅ​ពី​យក​អាហារ​មក​ដាក់​ឲ្យរួច​​​ ក៏​ត្រឡប់​​ទៅ​វិញ​។ តែ​លើក​នេះ​ បែរ​ជា​នៅ​អង្គុយ​មើល​ពី​ចម្ងាយ​ ដោយ​ខៃ​​ក៏​លែងមាន​​​ឫកពា​ខ្លាច​រអែង​អី​ទៀត​ដែរ​​។ ក្មេង​ប្រុស​ដើរ​ចូល​មក​ជិត​យឺត​ៗ​ ខណៈ​ដែល​ឆ្កែ​ជំទង់​​កំពុង​ឆី​អាហារ ហើយ​លូក​ដៃ​ចូល​ទៅ​អង្អែល​​​ក្បាល​ឆ្កែ​នៅ​​​ចំពោះ​មុខ​​។ ខៃ​ ភ្ញាក់​ហា​មាត់​ត្របាក់​គ្រឹប​​មក​ខាង​ក្មេង​ប្រុស ​ព្រម​ជាមួយ​សំឡេង​គំរាម​។ ក្មេង​ប្រុស​ភ្ញាក់​ ដក​ដៃ​ចេញ​មក​វិញ​យ៉ាង​រហ័ស​។ ដៃ​តូច​មាន​ស្នាម​ខៀវ​ជាំ​ដោយ​ធ្មេញ​មុត​ស្រួច មាន​ឈាម​ជ្រាប​ចេញ​មក​តិច​ៗ​​។ គេ​ប្រើ​ដៃ​ម្ខាង​ទៀត​ខ្ទប់​​របួស​​ ហើយ​ក្រោក​ឡើង ​រត់​ចេញ​ទៅ​។ ខៃ​ទទួល​​អារម្មណ៍​​សោក​ស្តាយ​ និង​រន្ធត់​​ចិត្ត​យ៉ាង​ខ្លាំងដែល​ធ្វើ​ឲ្យ​ក្មេង​ប្រុស​មាន​របួស។​ ឆ្កែ​ជំទង់​បាន​ត្រឹម​តែ​សម្លឹង​មើល​ខ្នង​ក្មេង​ប្រុស ​ដែល​រត់​ចេញ​បាត់​ទៅ​។ នៅ​ក្នុង​ចិត្ត​ទទួល​អារម្មណ៍​ឈឺ​ផ្សា​យ៉ាង​​ចម្លែក​ដែល​ខ្លួន​​មិន​ធ្លាប់​មាន​ពី​មុន​មក​។

***

«​យប់​ហើយ​ គេង​ចុះ​ណ៎ា!»

«​ខ្ញុំ​នៅ​មិន​ទាន់​ងងុ​យ​ផង!»

ក្មេង​ប្រុស​និយាយសម្តី​ផ្អែម​។

«​ក្មេង​ល្អ​ត្រូវ​ចូល​គេង​ឆាប់​ៗ។​ ចុះ​អ្នក​ម៉ាក់​ប្រាប់​ថា​នឹង​​​​មក​លេង ​​ខា​សឹគិ ​នៅ​ថ្ងៃ​ណា​?»​

«​អ្នក​ម៉ាក់​ប្រាប់​ថា ​ថ្ងៃ​អាទិត្យ​នេះ​ហើយ!»

«​អ៊ីចឹង​ឬ​… ខាសឹគិ​ គេង​បាន​ហើយ​ ប្រយ័ត្ន​​អ្នក​ម៉ាក់​មក​ឃើញ​ ខាសឹគិ ​មិន​រឹង​មាំ​ ច្បាស់​ជាមិន​សប្បាយ​ចិត្ត​ទេ!»

«​បាទ…»

«​បិទ​ភ្លើង​ហើយ​ណ៎ា រាត្រី​សួស្តី​!»​

«​អឺ… ឈប់​សិន!»

«​មាន​ការ​អី​ឬ​?»

«​បើ​ខ្ញុំ​ចង់​ធ្វើ​មិត្ត​ជាមួយ​នរណា​ម្នាក់​ តើ​ខ្ញុំ​ត្រូវ​ធ្វើ​​​ខ្លួន​យ៉ាង​ម៉េច​ខ្លះ​​ទៅ​​?»​

«​​អឺម… ខាសឹគិ​ ត្រូវ​​ចូល​ទៅជិត​​គេ​បន្តិច​ម្តង​ៗ​ ហើយ​ព្យា​យាម​ធ្វើ​ល្អ​ដាក់​គេ​​ឲ្យ​បាន​ច្រើន។​ បន្ទាប់​​​មក ​​គេ​នឹង​ក្លាយ​ជាមិត្ត​របស់​យើង​ដោយ​ខ្លួន​ឯង​!»

«​…»

«​មាន​អ្វី​ទៀត​ទេ?»​

«​​បាទ​… អត់​ទេ​ រាត្រី​សួ​ស្តី​!»

***

          បន្ទាប់​ពី​នោះ​មួយ​អាទិត្យ​ ក្មេង​ប្រុស​ក៏​លែង​ចូល​ទៅ​ជិត​ ខៃ ​ទៀត​ហើយ​​ តែ​បាន​ត្រឹម​​អង្គុយ​មើល​ពី​​ចម្ងាយ​ខណៈ​​ដែល ​ខៃ ​កំពុង​ឆី​បា​យ​ដែល​ក្មេង​ប្រុស​យក​មក​ឲ្យ​ប៉ុណ្ណោះ​។ នៅ​ពេល​ ខៃ​ ឆី​​រួច​ ទើប ​ខាសឹគិ ​ដើរ​ទៅ​វិញ​​…

មិន​ចូល​មក​ចាប់​ទៀត​ទេ​ឬ​? ក៏​ល្អ​ដែរ​​… បើ​ឆ្កែ​អនាថា​ដូច​យើង ​មាន​គេ​ដឹង​ថា ​​​ក្លាយ​ជា​ឆ្កែ​ចិញ្ចឹម​ តើ​នឹង​យក​មុខ​ទៅ​ទុក​ឯណា​ទៅ! ចុះ​ពេល​ណា​ទើប​របួស​ចង្រៃ​នេះ​ជា​សះស្បើយ​ហ្ន៎??

ឆ្កែ​ជំទង់​​ក្រាប​ចុះ អង្គុយ​​លិទ្ធ​របួស​ខ្លួន​ឯង​។

ហ៊ឺម… គិត​សព្វ​ៗ​ទៅ​ក៏​គួរ​ឲ្យ​អាណិតដែរ!​ សង្ស័យ​គ្មាន​មិត្ត​ភក្តិ​លេងជាមួយ​ហើយ​​ ទើប​មក​លេង​​ជាមួយ​យើង…​ ចាំ​លើក​ក្រោយ​ ​នឹង​ធ្វើ​​ខ្លួន​ស្លូត​ៗ​​ព្រម​លេង​ជាមួយ​ទៅ​ចុះ!

***

          «​ខាសឹគិ​ បាត់​ទៅ​ណា​រៀង​រាល់​ថ្ងៃ​? ខាង​ក្រៅ​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ណាស់​!»​

គិលានុបដ្ឋាយិកា​ក្រមុំ​សួរ​ដោយ​ក្តី​បារម្ភ​។

«​ចេញ​ទៅ​ស្រូប​យក​ខ្យល់​អាកា​ស! នៅ​ខាង​ក្នុងនេះស្អុះ​ស្អាប់​គួរ​ឲ្យ​ធុញ​ទ្រាន់​ណាស់!»​

«​អ៊ីចឹង​ឬ​… ចុះ​អ្នក​​ដែល​ ខាសឹគិ ​ចង់ធ្វើ​​ជាមិត្ត​ជាមួយ​​នោះ ​យ៉ាង​ម៉េច​ហើយ​?»​

«​​​ល្អ​​តើ​… កំពុង​ស្និទ្ធ​ស្នាល​នឹង​គ្នា!»

«​អ៊ីចឹង​ល្អ​ហើយ!»

***

          ថ្ងៃ​បន្ទាប់​មក ​ក្មេងប្រុស​ក៏​មក​ទៀត​ព្រម​ជាមួយ​ចំណី​អាហារ​។ រាង​កាយ​សម្បុរ​ត្នោត​ក៏​រត់​មក​រក​មួយ​រំពេច​។ ​ដំបូង​ក្មេង​ប្រុស​​ភ័យ​យ៉ាង​ខ្លាំង​ តែ​លុះ​ដល់​​ឃើញកូន​​​ឆ្កែ​មក​ឈប់​នៅ​ចំពោះ​មុខ​​ ព្រម​ទាំង​គ្រវី​កន្ទុយ​ដាក់​ ក្មេង​ប្រុស​​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ ហើយ​ក៏​ដាក់​ចំណី​ចុះ​ព្រម​ទាំង​ចាប់​ឱប​ក​​សត្វ​ឆ្កែ​​នៅ​ចំពោះ​មុខ​ដោយ​ក្តី​ស្រឡាញ់​។

អូយ..​. កុំ​ឱប​ខ្លាំង​ពេក​មើល៍! មិន​បាច់​សប្បាយ​ចិត្ត​ដល់​ថ្នាក់​នេះ​ពេក​​​ទេ បើ​ឱប​យ៉ាង​នេះ ​តើ​​ពេល​​ណា​ទៅ​ ​ទើប​បាន​ញ៉ាំ​បាយ​​នៀក​?

***

          «​ខា​សឹ​ចាំង បង​ពេទ្យ​​ប្រាប់​ម៉ាក់​ថា កូន​មាន​មិត្ត​ភក្តិ​ថ្មី​ហើយ​ មែន​ទេ?»​

ស្ត្រី​ជា​ម្តាយ​​សួរ​ ខណៈ​ពេល​​កំពុង​អង្គុយ​ចិត​សម្បក​ផ្លែ​ប៉ោម​​។ ក្មេង​ប្រុស​​ដែល​កំពុង​ដេក​​លេង​លើ​គ្រែ​តប​ដោយ​សំឡេង​ស្រស់​ថ្លា​។

«​បាទម៉ាក់​ គេ​ព្រម​លេង​ជាមួយកូន​​ហើយ​!»​

«​ល្អ​ហើយ​… ឃើញ​ ខាសឹចាំង​​ មាន​មិត្ត​ភក្តិ​ ម៉ាក់​ក៏​សប្បាយ​ចិត្តដែរ​​​!»

«​បាទ…»

«​ចុះ​​មិត្ត​ភក្តិ​របស់​កូន ​ជាមនុស្ស​បែប​ណា​ទៅ?»​

​អ្នក​ជា​ម្តាយ​សួរ​​ សម្លឹង​មុខ​កូន​ប្រុស​ ព្រម​ទាំង​ហុច​ចាន​ផ្លែ​ប៉ោម​ដែលចិត​ជា​ចំណិត​ៗ​ទៅ​ឲ្យ​។

«ស៊ូត… ​ជា​ការ​សម្ងាត់​! ហិហិ»​

​ក្មេង​ប្រុស​យក​ចង្អុល​ដៃ​បិទ​​ជិត​ត្រង់​មាត់​ ហើយ​ញញឹម​ដាក់​អ្នក​ជា​ម្តាយ​។

***

ច្រើន​ថ្ងៃ​បន្ទាប់​មក​ ខាសឹគិ ​ប្រើ​ពេល​វេលា​នៅ​ជាមួយ ​ខៃ ​កាន់​តែច្រើន​ឡើង​ ហើយ​​ចាប់​ផ្តើម​និយាយ​ជាមួយ​ ខៃ ​កាន់​តែ​ច្រើន​។

«​ខ្ញុំ​នៅ​មិន​ទាន់​ស្គាល់​ឈ្មោះ​របស់​ឯង​ទេណា?»

ខ្ញុំ​ឈ្មោះ​ ខៃ ​នោះ​អី!​ តែ​មិន​ដឹង​ថា​ប្រាប់​យ៉ាង​ណា​នោះទេ…

«​​បើ​គ្មាន​ឈ្មោះ​ ច្បាស់ជា​ពិបាក​ហើយ! អ៊ីចឹង​ ចាំ​ខ្ញុំ​ដាក់​​ឲ្យ​ណា ល្អ​ទេ?»

មិន​បាច់​ទេ ខ្ញុំ​ឈ្មោះ​ ខៃ ​បែប​នេះ​ ល្អ​ហើយ!

«​​អឺម… ដាក់​ឈ្មោះ​អី​ល្អ​ហ្ន៎? ដាក់​ឈ្មោះ ​ខុរុ​ ល្អ​ទេ? ខុរុ?»

​ឈ្មោះ​ស្អី​គេ​អ៊ីចឹង? ខុរុ? មិន​ដាក់​​ រាករូស ​​តែ​ម្តង​ទៅ?? ហ៊ឺយ… មិន​យក​ទេ!

«​ខ្ញុំ​ឈ្មោះ​ ខាសឹគិ! ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ យើង​ជា​មិត្ត​នឹង​គ្នា​ណា ​ខុរុ!»

នៅ​ពេល​មិន​អាច​ធ្វើ​អ្វី​បាន​ ឆ្កែ​ជំទង់​​បាន​ត្រឹម​តែ​ឈ្ងោក​ក្បាល​ចុះ ​ព្រម​ទទួល​ឈ្មោះ​ថ្មី​​ ដែល​ក្មេង​ប្រុស​​ដាក់​ឲ្យ​ប៉ុណ្ណោះ​។

និយាយ​ចប់​ ក្មេង​ប្រុស​ក៏​អង្អែល​ក្បាល ​ខុរុ ​ថ្នមៗ​។ ចំណែក​ ខុរុ ​ក៏​ដេក​ក្រាប​ស្ងៀម​នៅ​ក្បែរ​នោះ​ ក្រោម​ដើម​ឈើក្បែរ​របង​​ខាង​ក្រោយ​មន្ទីរពេទ្យ។​

ព្រះអាទិត្យ​ បញ្ចេញ​កាំ​រស្មី​​​ត្រចះ​ត្រចង់ ​ផ្តល់​ភាព​កក់​ក្តៅ​​ចូល​រួម​រីក​រាយ​ ជាមួ​យមិត្ត​ភាព​របស់​ពួក​​គេទាំងពីរ​។

***

          «​អ្ហេ៎! ខៃ​ ឯង​ប្រុង​ទៅ​ណា​? មួយ​រយៈ​នេះ​​​ បាត់​មុខ​ឯង​ឲ្យ​ឈឹង​តែ​ម្តង​!» ឆ្កែ​អនាថា​​ញី​ជំទង់​​សម្បុរ​ខ្មៅ​ស្រែក​សួរ​។

«​ខ្ញុំ​ជាប់​រវល់​ការងារ​!»

«​ជា​ឆ្កែ​សោះ ​ចេះ​​មាន​ការងារ​រវល់​ដែរ​ឬ​? ហាស​ៗៗ» ឆ្កែ​អនាថា​​​ឈ្មោល​ជំទង់​មួយ​ក្បាល​​ទៀត​និយាយ​បន្ថែម​។ ពួក​គេទាំង​ពី​រ​នាំ​គ្នាសើច​រឹង​ក្បាល​ពោះ​។

«​បិទ​មាត់​ទៅ​ បើ​មិន​ចង់​ងាប់​!»

និយាយ​ចប់​ ខៃ​ក៏​ដើរចេញ​ទៅ​។

«​មួយ​រយៈ​នេះ​ ​ខៃ​ ​ឆាប់​មួ​ម៉ៅ​ដល់​ហើយ!»

«មិន​ដឹង​ដែរ​ ចែ…»

***

          «​ខុរុ​ ដឹង​ទេ?​ ថ្ងៃ​នេះ ​ខ្ញុំត្រូវ​ទៅ​ពិនិត្យ​បេះដូង​​ ជាមួយ​​លោក​គ្រូពេទ្យ…​ ទោះ​បី​ជា​​ធ្លាប់​ទៅ​ញឹក​ញាប់​ហើយ​ តែខ្ញុំ​​មិន​សូវ​​ចូល​ចិត្ត​សោះ​!»​

កុមារ​តូច​ ​អង្អែល​ក ​ខុរុ ​ថ្នម​ៗ​។ គេ​ទាំង​ពីរ ​អង្គុយ​ក្បែរ​គ្នា​នៅ​ក្រោម​ម្លប់​ឈើ ​​ដូច​រាល់​ថ្ងៃ​។ ការ​ដែល​​ក្មេង​ប្រុស​អង្អែល​ក​ឲ្យ​​ ធ្វើ​ឲ្យ​ ខុរុ ​ទទួល​អារម្មណ៍​ធូរ​ស្បើយ​យ៉ាង​ច្រើន​។

…អឺម… ស្រួល​ខ្លួ​ន​ណាស់​។

«​ខ្ញុំ​​មិន​ទាន់​ប្រាប់ ​ខុរុ ​ទេ មែន​ទេ?​ ថា​ហេតុ​អ្វី​ បានជា​​ខ្ញុំ​ត្រូវ​មក​នៅ​មន្ទីរ​ពេទ្យ​នេះ?»

ខុរុ​ ងើប​ក្បាល​ឡើង​សម្លឹង​ក្មេង​ប្រុស​។

«​​ខ្ញុំ​កើត​ជំងឺ​បេះ​ដូង​តាំង​ពី​តូច​​ម្ល៉េះ​! លោក​ប៉ា​ មមាញឹក​នឹង​ការ​ងារ​​ពេក​ ទើប​​មិន​បាន​មក​មើល​ ចំណែក​អ្នក​ម៉ាក់​ក៏ធ្វើ​ការដូច​គ្នា​​… មួយ​សប្តាហ៍អាច​មក​លេង​បាន​តែ​ ២ឬ​៣ ​ដង​ប៉ុណ្ណោះ​។»​

​អ៊ីចឹង​តើ​ ទើប​មក​លេងជាមួយ​យើង​…

«​តែ​ពេល​មាន ​ខុរុ ​នៅ​ក្បែរ​ ខ្ញុំ​​លែង​ឯកោ​ទៀត​ហើយ​ ព្រោះ​ ខុរុ ​គឺ​ជាមិត្ត​ដ៏​ល្អ​បំផុត​របស់​ខ្ញុំក្នុង​​ពេល​នេះ​ណ៎ា!»

អ៎… អ៊ីចឹង​សោះ…

«​ដឹង​ទេ បន្ទប់​សម្រាក​របស់​ខ្ញុំ​នៅជាន់​ទី​បី បង្អួច​បែរ​មុខ​មក​រក​ទី​នេះ​តែ​ម្តង​ ពេល​មើលចុះ​​មក​ក៏​ឃើញ​ ខុរុ​ នៅ​ទីនេះ​​ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ដឹង​ទេ?»

ខាសឹគិ​ តទៅ​នេះ​​ ខ្ញុំ​នឹងធ្វើ​ជា​មិត្ត​របស់​ឯង។ ឯង​មាន​​គុណ​បុណ្យ​ចំពោះ​ខ្ញុំច្រើន​ណាស់​​។ បើគ្មាន​ឯង​ជួយ​ ខ្ញុំ​ច្បាស់​ជាពិបាក​ស្លាប់​មិន​ខាន​! ខ្ញុំ​នឹង​គ្មា​នថ្ងៃ​បោះ​បង់​ឯង​ចោល​ទេ…

ខ្សែ​ខណ្ឌ​រវាង​អ្នក​ទាំង​ពីរ ​ហាក់​ដូច​ជា​​បាន​កាត់​ផ្តាច់​ទៅ​ជាមួយ​ពេល​វេលា​។ ពេល​នេះ​ទាំង​   ខាសឹគិ​ និង​ ខៃ​ សុទ្ធ​តែ​មើល​ឃើញ​ភាព​សំខាន់​របស់​គ្នា​រៀង​ៗ​ខ្លួន​។ រយៈ​ពេល​ដែ​ល​ពួកគេ​​នៅ​ជាមួយ​គ្នា​ ម្នាក់​ៗ​ហាក់​ទទួល​អារម្មណ៍​ថា ​កាន់​តែ​ខើច​ខ្លី​ចុះ​ជាលំដាប់​។

***

          «​ខាសឹចាំង! ម៉ាក់​បាន​យល់​ព្រម​​ ជាមួយ​លោក​គ្រូពេទ្យរួច​​ហើយ ថាក្រោយ​ចូល​​ឆ្នាំថ្មី​នេះ​ម៉ាក់​នឹង​ឲ្យ​កូន​​​ទទួល​ការ​វះកាត់​ពី​​លោក​គ្រូ​ពេទ្យ​!»

«​បាទ…»

«​ខាសឹចាំង​ នឹង​បាន​ជាសះ​ស្បើយ​ពី​ជំងឺ​បេះ​ដូង​នេះ​ជ្រះ​ស្រឡះ​​! ម៉ាក់​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដឹង​ទេ?»

«​បាទ​… កូន​ក៏​សប្បាយចិត្ត​ដែរ​​ កូន​​​នឹង​បាន​ទៅសាលារៀន​ ហើយមាន​​មិត្ត​ភក្តិ​ច្រើន​គ្នា​​!»​

«​ម៉ាក់​ស្រឡាញ់​​ ខាសឹ​ចាំង ​ខ្លាំង​ណាស់!»

និយាយ​ចប់​ អ្នក​ជាម្តាយ​ក៏​ស្រវា​ឱប​កូន​។ ក្មេង​ប្រុស​ស្រវា​ឱប​តប​​ម្តាយវិញ​​​។

«​​កូន​ក៏​ស្រឡាញ់​​ម៉ាក់ដែរ…»

ខ្សែ​ភ្នែក​ក្មេង​ប្រុស​ លេច​ពន្លឺ​ខ្វាយ​ខ្វល់​ដិត​ជាប់​ចិត្ត​​មួយ​រំពេច ហាក់​ដូច​ជា​ចង់​ប្រាប់​អ្វី​ម្យ៉ាង​ តែ​បាន​ត្រឹម​តែ​ទប់​ចិត្ត​ទប់​ថ្លើម​ទុក ព្រោះ​ខ្លាច​អារម្មណ៍​នេះ​ ធ្វើ​ឲ្យ​ម៉ាក់​​បារម្ភ​កាន់​តែ​ខ្លាំង​។

***

          «​ខុរុ ​ដឹង​ទេ អ្នក​ម៉ាក់​ប្រាប់​ថា ក្រោយ​ចូល​ឆ្នាំ​ថ្មី​ ​ខ្ញុំនឹង​ត្រូវ​​វះ​កាត់បេះ​ដូង​​ហើយ​ រួច​ខ្ញុំ​នឹង​បាន​ជា​សះ​ស្បើយ​​ពីជំងឺ​នេះ​!»

Clover ស្លឹក បី ឆែក

ពិត​មែន​ឬ? ខាសឹគិ​ នឹង​បាន​រឹង​មាំ​ ហើយ​អាច​រត់​លេង​ដូច​ក្មេង​ៗ​ដទៃ​ទៀត​បាន… សប្បាយ​ចិត្ត​ដល់​ហើយ!!

«​បន្ទាប់​មក​ខ្ញុំ​នឹង​បាន​ទៅសាលារៀន​ ហើយខ្ញុំ​នឹង​មាន​មិត្ត​ភក្តិ​ច្រើន​នាក់​ ព្រម​ទាំង​អាច​រត់​លេង​​ជាមួយ ​ខុរុ ​ទៀត​ផង! ហេតុ​ដូចនេះ​ ខុរុ ​ត្រូវ​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​ខ្ញុំ​ផង​ណ៎ា!!»

វ៉ូស!

ខុរុ​ ព្រុស​ម្តង​ជំនួស​សម្តី​តប​។ ក្មេង​ប្រុស​អង្អែល​ក្បាល​ ខុរុ ​ដោយ​ក្តី​ស្រឡាញ់​​។

«​តែ​មុន​វះ​កាត់​ ខ្ញុំ​ចង់​បាន​របស់​មួយ…​ ឮ​គេ​និយាយ​ថា បើ​បាន​វា​នឹង​ទទួល​បាន​សំណាង​ល្អ​​។»

ខុរុ​ សម្លឹង​មុខ ​ខាសឹគិ ​ដើម្បី​រង់​ចាំ​ស្តាប់​។

«​គេ​ហៅ​វា​ថា ដើម ខ្លូវើរ៍ ស្លឹក​បួន​ឆែក​។ បើ​បាន​វា​មក ​ការវះ​កាត់​នឹង​ប្រព្រឹត្ត​ទៅ​យ៉ាង​ស្រួល​ តែ​ដើម​នេះ​ពិបាក​រក​ណាស់​ ព្រោះ​ភាគ​ច្រើន​មាន​តែ​ស្លឹក​បី​ឆែក​។

​ខ្លូវើរ៍ ឬ?…

«ខុរុ​ មិន​ស្គាល់​ទេ​មែន​ទេ? ចាំ​ខ្ញុំ​គូរ​ឲ្យ​មើល​ណ៎ា!»

កុមារា ​រើស​មែក​ឈើ​ស្ងួត​មក​គូរ​រូប​បេះ​ដូង​បួន​នៅ​លើ​ដី​​ ដោយ​បែរ​ខាង​ស្រួច​ចូល​គ្នាដូច​រូបផ្កា ហើយ​គូស​ខ្សែ​មួយ​ចេញ​ពី​ចំណុច​កណ្តាល​ធ្វើ​ជា​ដើម។

«​រួច​ហើយ​!»

ដើម​បែប​នេះ​ឬ​…

​«​បើ​បាន​ដើម​នេះ​មក​ពិត​ជា​ល្អ​ណាស់ តែ​អ្នក​ម៉ាក់​រវល់​ការងារ​យ៉ាង​នេះ​ ប្រហែល​ជា​​រក​មក​ឲ្យ​ខ្ញុំ​មិន​បាន​ទេ តែ​ត្រឹម​បាន​កម្លាំង​ចិត្ត​ពី​ ខុរុ ក៏​ខ្ញុំ​​សប្បាយចិត្ត​ណាស់​ហើយ!»

ក្មេង​ប្រុស​​អង្អែល​ក្បាល ​ខុរុ ​ថ្នម​ៗ ​ហើយ​ញញឹម​​យ៉ាង​មាន​សេចក្តី​សុខ​…

តែ​មាន​ខ្សែ​ភ្នែក​មួយ​គូ​ កំពុង​សម្លឹង​មក​គេ​​ទាំង​ពីរ​តាម​ប្រហោងរបង​យ៉ាង​ស្ងៀម​ស្ងាត់​។

***

          «​ហ៊ឺយ ខៃ! ​បាន​ព័ត៌​មាន​មក​ថា ឯង​ក្លាយ​ជាសត្វ​ចិញ្ចឹម​របស់​មនុស្ស​ហើយ​មែន​ទេ?»

រាង​កាយ​សម្បុរ​ត្នោត​ឈប់​ស្ងៀម​ ​ងាក​ទៅរក​ប្រភព​សំឡេង ​ឃើញ​ឆ្កែ​ប្រាំ​ក្បាល…​ នៅ​កណ្តាល​គេ​នោះ​ គឺ​ បេន​ជីរ៉ូ ​នោះ​ឯង។

«​រឿង​នោះ​មិន​ពាក់​ព័ន្ធ​នឹង​ឯង​ទេ!»

«​ហ៊ឹះ! ​ឯង​ដឹង​ទេ​ថា ឯង​បាន​ធ្វើ​ឲ្យ​អម្បូរ​ឆ្កែ​ដូច​ពួក​យើង​លក់​មុខ​ប៉ុណ្ណា​?»

«​យើង​មិន​មែន​ជា​សត្វ​ចិញ្ចឹម​របស់​នរណា​ទាំង​អស់!»

«​បើ​មិន​មែន​ជាសត្វ​ចិញ្ចឹម ​ម៉េចក៏​ទៅសុំ​បាយ​សុំ​ទឹក​ ទៅ​ឲ្យ​មនុស្ស​អង្អែល​ក្បាល ​​លេង​​កន្ទុយ​បែប​នេះ​ទៅ​វិញ​​? ចង់​តែ​សើច​ទេ ហាសៗៗ…»

រាង​សម្បុរ​ត្នោត​សម្លឹង​បុគ្គល​ដែល​ឡក​ឡឺយ​ដោយ​ខ្សែ​ភ្នែក​ឆេះឆួល​ តែ​បន្ត​នៅ​ស្ងៀម​ព្រោះ​​ម្ខាង​ទៀត​មាន​ចំនួន​គ្នា​ច្រើន​ជាង។ គេ​កំពុងរក​ចន្លោះ​ប្រហោង​ដើម្បី​​យក​រួច​ខ្លួន​។

«​ថ្ងៃ​នេះ​ឯង​ពិត​ជាមិន​រួច​ខ្លួន​ទេ ​ខៃ​… ថ្ងៃ​នេះ​ហើយ ​ដែល​យើង​ត្រូវ​ចាត់​ការ​ឯង​ឲ្យ​បាន!»

ឆ្កែ​ទាំងប្រាំ​ក្បាល ​ដើរ​ចូល​មក​សន្សឹម​ៗ​​សំដៅ​ឆ្កែ​ជំទង់​ដែល​មាន​តែ​ខ្លួ​នមួយ។​ ទឹក​មុខ​ និងខ្សែ​ភ្នែក​​​ពួកវា ​ពោរ​ពេញ​ដោយ​គំនុំ​ចង​អាឃាត​។

​«​ថ្ងៃ​នេះ​ឯង​ច្បាស់​ជា​ត្រូវ​ស្លាប់!!​ អាខៃ!!!»

***

          «​ខុរុ​… ខុរុ​… បាត់​ទៅ​ណា​ហើយ?»

«…»

​«​ថ្ងៃ​នេះ​ខំ​យក​អាហារ​សំណប់​ចិត្ត​មក​ឲ្យ​ទៀត​ណ៎ា!»

កុមារាដើរ​រក​មើល​តាម​ម្លប់​ឈើ​ដែល ​ខុរុ ​ចូលចិត្តមក​ដេក​រង់​ចាំ​។ នៅ​ពេល​មិន​ឃើញ​​ស្រមោល​របស់ ​ខុរុ​ ក្មេង​ប្រុស​ក៏​អង្គុយ​ចុះ​ចាំ​ក្រោម​ម្លប់​ឈើ​យ៉ាង​ស្ងៀម​ស្ងាត់​…

ពេល​វេលា​កន្លង​ទៅ​យូរ​សែន​យូរ​​​ រហូតរយៈ​​​ពេល​​ចេញ​មក​លេង​ខាង​​ក្រៅ​របស់​ក្មេង​ប្រុស ​ជិត​អស់​ ទើបគេ​សម្រេច​ចិត្ត​ដាក់​អាហារ​ចុះ​ ហើយ​ដើរ​ចេញ​ទៅ​…

***

          «​អូយ… ចេះ​យក​ខ្លួន​រស់​មក​បាន​យ៉ាងម៉េច​នៀក?​… អាពួក​អស់​នោះ ​ប្រហែលជាមិន​តាម​មក​ទៀត​​ទេ!»

សុនខ​​សម្បុរ​ត្នោត​ពេល​នេះ ​មាន​ស្នាម​របួស​សុស​សាច់ ​​​ដោយសារ​​ចង្កូម​មុត​ស្រួចចាក់​ទម្លុះ​ស្បែក​​​ដាច់​​​រយះ​រយាយ​ មាន​ឈាម​ហូរ​

Clover ស្លឹក ៤ ឆែក

ជ្រាប​ចេញ​​មក​សើម​ជោក​រោម​​ដោយ​ទឹក​ក្រហម ​​​ហើយ​គ្មាន​សញ្ញា​ថា​នឹងឈប់​ហូរដោយ​ងាយ​ៗ​នោះ​ទេ ​។ ខៃ ដើរ​ចូល​ទៅ​ក្នុង​អគារ​បាក់​បែក​មួយ​កន្លែង​​ដែល​មាន​ប្រហោង​​ចំហ​តូច​មួយ​។ នៅ​ពេល​រក​ចន្លោះ​​ប្រហោងដែល​អាច​ដេក​លាក់​ខ្លួ​ន​បាន​ គេ​​ក៏​ដាក់ខ្លួន​ដេក​ចុះ​យ៉ាង​អស់​កម្លាំង​។

«​ថ្មើរ​នេះ ខាសឹគិ​ ច្បាស់ជាចាំ​យើង​ស្លាប់​ហើយ​ តែ​ប្រហែល​ជា​ទៅ​ទីនោះ​មិន​រួច​ទេ! មិន​ដឹង​ថា​ពួក​នោះ​នៅ​ចាំស្កាត់តាម​​ផ្លូវ​ ឬ​ក៏​អត់​ផង​… ណាមួយ​​ក្មេង​តូច​នោះ​ពូកែ​ឯកោ​​ទៀត​!»

នៅ​ពេល​រាង​កាយ​បាន​សម្រាក សុនខ​​សម្បុរ​ត្នោត​ក៏​ភ្លឹក​ដេក​លក់ទៅ…

***

          «​នេះ​មួយ​អាទិត្យ​ជាង​ហើយ តើ ខុរុ ​បាត់​ទៅណាហ្ន៎?»

កុមារារអ៊ូតិច​ៗ​នៅ​ពេល​យក​ចំណី​មក​ឲ្យ​ ខុរុ ​តាម​ទម្លាប់​។ គេសម្លឹង​មើល​ចាន​​អាហារ​​ដែល​នៅ​មាន​បាយ​ពេញ​​ដូច​កាល​ពី​ម្សិល​ដែល​គេ​យក​មក​ទុក​ចោល​។​ ក្មេង​ប្រុស​ដក​ដង្ហើម​ធំ​មុននឹង​ប្រមូល​យក​ចាន​ចាស់​​ទៅចោ​លហើយ​​ដាក់​​អាហារ​ចាន​ថ្មី​ជំនួស​វិញ​។

«សង្ឃឹម​ថា​គ្មាន​អ្វី កើត​ឡើង​ចំពោះ​​ ខុរុ​ ទៅចុះ!»

​ក្មេង​ប្រុស​ អង្គុយ​ចុះ​ក្បែរ​គល់​ឈើ​​ ឱប​ក្បាល​ជង្គង់​ ខ្សែ​ភ្នែក​សម្លឹង​មើល​ចាន​បាយ​​ដែល​ទុក​នៅ​ខាង​មុខ​យ៉ាង​ស្ងៀម​ស្ងាត់​។

***

          «​មួយ​អាទិត្យ​ហើយ​ទេ​ដឹង​ មិន​ឃើញ​ស្រមោល​របស់​​កំលោះ​ ខៃ ​សោះ​!»

ឆ្កែ​ជំទង់​ញី​សម្បុរ​ខ្មៅ​​ ពោល​ឡើង​ដោយ​អារម្មណ៍​តប់​ប្រមល់ ​និង ​ព្រួយ​បារម្ភ​​។

«​សង្ស័យ​​ត្រូវ​ អាបេនជីរ៉ូ ចាត់​ការ​ហើយ​​ទេដឹង!​ ព្រោះ​ហ៊ា​ធ្លាប់​ទៅ​មាន​រឿង​ជាមួយ​ប្អូន​ប្រុស​របស់​​វា​​ដែល​ស្លាប់​ទៅ​ហើយ​នោះ​ មែន​ទេ?»

ឆ្កែ​ជំទង់​ឈ្មោល​​​នៅ​ក្បែរ​នោះ​និយាយ​បន្ថែម​។

«​អា​ឆ្កួត​ មាត់​ឆ្កែ​មែន​ឯង​នេះ​ សម្តី​អពមង្គល​ណាស់!»

«​ឱ! ចុះ​នេះ​មាត់​ឆ្កែ​ទេ​តើ​ មិន​មែន​មាត់​មនុស្ស​ឯណា​ចែ!!»

«​អើ!​ បើ​មាត់​ឆ្កែ​ហើយ ឯង​​កុំ​និយាយ​បែប​ឆ្កែ​ៗ​​បាន​ទេ?!»

«​អូ​ហូ​… ស្លាប់​ហើយ​ចែ​! និយាយ​ស្អី​មិន​ដឹង​ទេ វិល​ក្បុង​អស់​ហើយ… ទៅ​វិញ​ប្រសើរ​ជាង!»

ឆ្កែ​ជំទង់​​ឈ្មោល​ដើរ​ចេញ​ទៅ ទុក​ឲ្យ​ឆ្កែ​ញី​ពូកែ​ខឹង​នៅ​រអ៊ូ​​ដេញ​ពី​ក្រោយ​ជាប់​រដឹក​។

***

          «​ខាសឹគិ​ ថ្ងៃ​នេះ​មិន​ចេញ​ទៅ​ខាង​ក្រៅ​ទេ​ឬ​? អា​កាស​ធាតុ​ល្អ​ខ្លាំង​ណាស់!»

គិលា​នុបដ្ឋាយិកា​ក្រមុំ ​ដើរ​ចូល​មករាក់​ទាក់។ ក្មេង​តូច​អង្គុយ​នៅ​លើ​គ្រែ ​ខ្សែភ្នែក​ផ្តោត​ទៅ​ខាង​ក្រៅ​បង្អួ​ច​។

«​បាទ​អត់​ទេ ខ្ញុំ​ដូច​ជា​ធុញ​ថប់​ណាស់!»

«​អេ… ចុះ​មិន​ចេញ​ទៅ​លេងជាមួយ​មិត្ត​ភក្តិ​ទេ​ឬ?»

«​ថ្ងៃ​នេះ​គេ​ប្រហែល​ជាមិន​មក​ទេ!»

ខុរុ​ ប្រហែល​ជា​ធុញ​ទ្រាន់ ​លែង​ចង់​លេង​ជាមួយ​យើង​ហើយ​…។ នៅ​ពេល​គិតឃើញ​​ដូចនេះ​ ក្មេង​​ប្រុស​ក៏​ទទួល​អារម្មណ៍​ចុក​ណែន​នៅ​ក្នុង​ទ្រូង។ គេ​ខំ​ទប់​អារម្មណ៍ ​ហើយ​សម្លឹង​មើល​ផ្ទៃ​មេឃ​ធំ​ល្វឹង​ល្វើយ​​នៅ​ខាង​ក្រៅ​។

«​អ៊ីចឹង​ឬ… បើ​អ៊ីចឹង​ ខាសឹគិ ​គេង​​សម្រាក​ឲ្យ​បាន​ច្រើន​ៗ​ចុះ មិន​យូរ​ទៀត​ទេ​ដល់​ថ្ងៃ​វះ​កាត់​ហើយ​!»

«​បាទ…»

«​ថ្ងៃ​ស្អែក​នេះ ជា​ថ្ងៃ​គ្រិស្ត​ម៉ាស​អ៊ីហ្វ​ហើយ​ ​តើ​ ខា​សឹគិ ​ចង់​បាន​អ្វី​ពី​លោកតា​ សាន់​តាក្លូស​ ទេ?»

«​ខ្ញុំ​នៅ​មិន​ទាន់​គិត​ឃើញ​ទេ…»

ខ្ញុំ​ចង់​ឲ្យ ​ខុរុ ​ត្រឡប់​​មកវិញ​… ក្មេង​ប្រុស​គិត​។

«​អ៊ីចឹង​ឬ… គិត​បណ្តើរ​ៗ​ទៅ​អ៊ីចឹង!»

«​បាទ…»

«​ថ្ងៃ​បុណ្យ​គ្រិស្ត​ម៉ាស ប៉ាម៉ាក់​របស់​ ខាសឹគិ ​នឹង​មក​លេង​មែនទេ?»

«​បាទ…»

ក្មេង​ប្រុស ​តប​ដោយ​ស្នាម​ញញឹម​ស្ងួត​ លាក់​ទុក​ភាព​ឯកោ​នៅ​ក្នុង​ចិត្ត​។

***

          គ្រូក​… គ្រូក…

សំឡេង​អី​​​​ ហឹង​ត្រចៀក​ដល់​ហើយ​ កំពុង​តែ​ដេក​លក់​ស្រួល​ផង… អឺ​! សំឡេង​កូរ​ពោះ​របស់​យើង​​តើ!

«​ហ៊ឺយ… ច្រើន​ថ្ងៃ​មក​នេះ​ស្ទើរ​តែ​គ្មាន​កម្លាំង​ចេញ​ទៅ​ណា​ទេ ​ខាសឹគិ ​យ៉ាង​ម៉េច​ទៅ​ហើយ​​ក៏​មិន​ដឹង​…»

រាង​កាយ​សម្បុរ​ត្នោត​ ដោល​ខ្លួន​ក្រោក​ឡើង​យ៉ាង​​អស់​កម្លាំង​ ហើយ​ដើរ​ទ្រេត​ទ្រោត​ចេញ​មក​ពី​អគារ​បាក់​បែក​ ដែល​ជា​កន្លែង​លាក់​ខ្លួន​​ច្រើនថ្ងៃ​​មក​ហើយ​។

«​ដំបូង​ត្រូវ​រក​អ្វី​ទ្រាប់​ពោះ​សិន…​ សឹម​ចេញ​ទៅ​រក​ ខាសឹគិ​…»

***

          ​​ហ៊ឺយ​! ទម្រាំ​តែ​មក​ដល់​ទី​នេះ​បាន​ស្ទើរ​តែ​ស្លាប់​ ថ្ងៃ​នេះ​ជា​ថ្ងៃ​បុណ្យ​របស់​មនុស្ស​លោក​ផង​!

«​ខៃ!!»

សំឡេង​ហៅ​​ស្កាត់​ដំណើរ​ជាប់។ រាង​​សម្បុរ​ត្នោត​ងាក​ទៅ​រក​ប្រភព​សំឡេង​ក៏​ឃើញ​ឆ្កែ​ញី​សម្បុរ​ខ្មៅ​ និង​ ឆ្កែ​ជំទង់​ឈ្មោល​​ឈរ​ក្បែរ​គ្នា​។

«​មាន​ការ​អី…?»

ខៃ ​សួរ​សំឡេង​ស្មើ​។

«​ឯង​បាត់​ខ្លួន​ទៅ​ណា ដឹង​ទេ​ថា ​យើង​តាម​រក​ឯង​ស្ទើរ​ឆ្កួត​ទៅ​ហើយ!»

ស្រី​ស្រស់​សម្បុរ​ខ្មៅ ​សួរដោយ​​ក្តី​ព្រួយ​បារម្ភ​។

«​គ្រាន់​តែ​មាន​រឿង​បន្តិច​បន្តួច​ប៉ុណ្ណោះ!»

«​បាត់​ទៅ​យូរ​ដល់​ថ្នាក់​នេះ​ ប្រហែល​ជា​មាន​រឿង​ធំ​ហើយ ខ្ញុំ​ស្មាន​ថា​ហ៊ា​ស្លាប់​បាត់​ទៅ​ហើយ​តើ!»

ខៃ​ មិន​តប ​តែ​ចោល​ខ្សែ​ភ្នែក​ចង​អា​ឃាត​ ទៅ​រក​ឆ្កែដែល​​​មាត់​ក៏​ឆ្កែ ​ជំនួស​ពាក្យ​សម្តី​។ ឆ្កែ​​ដែល​មាន​មាត់ពូកែ​​រក​រឿង​ដាក់​ខ្លួន​ ក៏​ធ្វើ​ខ្លួន​ញ័រ​​កំប្រោ​ន​ៗ​ចូល​ទៅ​ពួន​ក្រោយ​អគារ​។

​«​រឿង​នោះ​បំភ្លេច​ចោល​ទៅ ត្រឹម​តែ ​ខៃ ​បាន​រួច​ជីវិត​មក​ប្រសើរ​ណាស់​ហើយ​!»

​ក្រមុំ​រោម​ខ្មៅ​និយាយ​ ព្រម​ទាំង​ដើរ​ចូល​ទៅ​ប្រកៀក​ប្រកិត ​​ឆ្កែ​កំលោះ​រោម​ត្នោត​​។

«​ខ្ញុំ​ជាប់​រវល់​ការងារ…»

​«​ហេតុ​អី​ទៅ? ថ្ងៃ​នេះ​ជា​ថ្ងៃ​គ្រិស្ត​ម៉ាស​អ៊ីហ្វ គ្រាន់​តែ​នៅជាមួយ​ខ្ញុំ​តែ​ពីរនាក់​តទល់​មិន​បាន​ឬ? ណ៎ាៗៗ!!!…»

«​ខ្ញុំ​មិន​ចាប់​អារម្មណ៍​នឹង​ថ្ងៃ​បុណ្យ​របស់​មនុស្ស​ទេ!»

«​ពុទ្ធោហ៊ា​ ​ដឹង​ទេ? ថ្ងៃ​នេះ​បើ​អធិដ្ឋាន​សុំ​ពរ​​នឹង​បាន​សម្រេច​ណ៎ា!»

«​មែន​ហើយៗ​ ខៃ ​អធិដ្ឋាន​សុំ​ពរ​ទៅ!»

«​ហេតុ​អ្វី​​ខ្ញុំ​ត្រូវ​ខ្វល់​នឹង​​រឿង​នេះ!!»

«​ណ្ហើយ! ទោះ​បី​ជា​ថ្ងៃបុណ្យ​របស់​មនុស្ស​ក៏​ដោយ​ តែ​ថ្ងៃ​នេះ​ខ្ញុំ​ចង់​ទៅ date ​ជាមួយ ខៃ​!»

«​ហ៊ឹះ!»

ខៃ ​ដើរ​ងើយ​មុខ​ចេញ​ទៅ ដោយ​មិ​នខ្ចី​ចាប់​អារម្មណ៍​នឹង​ឆ្កែ​ក្រមុំ​។

«​ហ៊ឺយ… ខៃ​ គួរ​ឲ្យ​ខ្មាស​អៀន​ដល់​ហើយ!»

«​ហាសៗៗ ចែនេះ​​ដំឡូង​មូល​មែន សង្ស័យ​ថ្ងៃ​នេះ​គ្មាន​គូ​ទេ!»

«​កុំ​ចេះ​វ៉ឺយ! ឯង​ក៏​គ្មាន​គូ​ដូច​តែ​គ្នា​ហ្នឹង!»

«​នរណា​ប្រាប់? នុ៎ះ​អី! ​លីលី ​សង្សារ​របស់​ខ្ញុំ នាង​មក​ដល់​ល្មម​ ទៅសិន​ហើយ​ណា​ចែ!»

«​ហ៊ឺយ! ឯង​លួច​ទៅមាន​សង្សារ​តាំង​ពីពេល​ណា? ត្រឡប់​​មក​នេះ​សិន​ កុំ​ទុក​យើង​ចោល​ម្នាក់​ឯង​អី​!!»

***

          «​រី​ក​រា​យ​ថ្ងៃ​បុណ្យ​គ្រិស្តម៉ាស​ ខាសឹចាំង!!»

«​លោក​ប៉ា​ អ្នក​ម៉ាក់!»

«​យ៉ាង​ម៉េច​ហើយ ប៉ា​មិន​បាន​​មក​លេង​យូរ​ណាស់​ហើយ ខាសឹ ​អផ្សុក​​ទេ?»

«​អត់​ទេ… ព្រោះកូន​​មាន​អ្នក​ម៉ាក់​ និង​ បង​​ពេទ្យ​ចាំ​មើល​ថែ​ជានិច្ច​នោះ​អី​!»

«​សម្តី​ផ្អែម​ណាស់​យើង!»

អ្នក​ជា​ម្តាយ​បិច​ថ្ពាល់​ទន់​ៗ​របស់​ក្មេង​ប្រុស​​ថ្នម​​ៗ​។ ក្មេង​តូច​ខំ​ញញឹម​​យ៉ាង​ស្រស់​ស្រាយ​ តែ​ក្នុង​ចិត្ត​ត្រឡប់​​ជា​ហេង​ហាង​យ៉ាង​ចម្លែក​។

«​ប៉ា​ និង ​ម៉ា​ក់ ​មាន​នំ​មក​ផ្ញើ​ច្រើន​ណាស់ សុទ្ធ​តែ​ជា​របស់ដែល ​​ខាសឹចាំង ​ចូល​ចិត្ត​ទាំងអស់​!»

«​បាទ…»

«​ថ្ងៃ​នេះ ​ប៉ា ​និង ​ម៉ាក់ ​នឹ​ង​នៅ​ចាំ​ឆ្លង​ថ្ងៃ​បុណ្យ​គ្រិស្ត​ម៉ាស​​ជាមួយ​ ខាសឹ ​ពេញ​មួយ​យប់​តែ​ម្តង​! ហាសៗៗ…»

នេះ​គឺ​ជា​រូប​ភាព​របស់​គ្រួសារ​ ដែល​ពោរពេញ​ទៅ​ដោយ​​សំឡេង​សើច​ក្អាក​ក្អាយ ​​នៃសុភមង្គល​​។

***

          ថ្ងៃ​នេះ​ប៉ាម៉ាក់​របស់​ ខាសឹគិ ​មក​​លេង​ឬ? អឺម… ព្រោះ​ថ្ងៃ​នេះ​គឺ​ជា​ ថ្ងៃ​គ្រិស្តម៉ាស​អ៊ីហ្វ ​​នោះ​អី​!

ខៃ អង្គុយ​ចុះ…​ ខ្សែ​ភ្នែក​សម្លឹង​ទៅ​មើល​បង្អួច​អគារ​នៅ​ជាន់​ទីបី។ សំឡេង​សើច​ក្អាក​ក្អាយ​លាន់​ចេញ​ពី​ក្នុង​បន្ទប់​មក​ល្វើយ​ៗ​។

«​ល្អ​ហើយ​… ថ្ងៃ​នេះ​ ខាសឹគិ ​ប្រហែលជាមាន​សេចក្តី​សុខ​ខ្លាំង​ណាស់!»

ខៃ​ ដាក់​ខ្លួន​ដេក​ចុះ​ក្រោម​ម្លប់​ឈើ​​ដែ​ល​ងងឹត​ឈឹង ​​មាន​តែ​ពន្លឺ​ដួង​ខែ​​ធំ​មូល​ក្រឡង់​​ជះ​ពន្លឺ​ស្រទន់​ចុះ​មក…​ តែ​មិន​យូរ​ប៉ុន្មាន​ក៏​មាន​សំឡេង​ផ្អើល​ឆោឡោ​ចេញ​ពី​បន្ទប់​របស់ ​ខាសឹគិ​។ ខៃ ​ស្ទុះ​ភ្ញាក់​ឡើង​មួយ​រំពេច​!

«​ខាសឹគិ កើត​អី!!?»

«​ប៉ា​វា​​!! ប្រញាប់​ទៅ​ហៅ​លោក​គ្រូពេទ្យ​ឲ្យ​​មកមើល​ភ្លាម​ឡើង​!»

«​លោក​គ្រូ​ពេទ្យ​!!»

ខា​សឹគិ…

ខៃ ​ចាប់​ផ្តើម​ខ្វល់​ខ្វាយ​ក្នុង​ចិត្ត​មួយ​រំពេច​… តើ ខាសឹគិ​ កើត​អី​ទៅ…?

«​ថា​ម៉េច!! វះ​កាត់​នៅ​ពេល​នេះ​តែ​ម្តង​ឬ??»

«​បាទ​… ពេល​នេះ​ជំងឺ​បេះ​ដូង​របស់​ក្មេងចាប់​ផ្តើម​កម្រើក​ធ្ងន់​ធ្ងរ​ណាស់ បើ​មិន​ប្រញាប់​វះ​កាត់​នៅ​ពេល​នេះ​ទេ ក្មេង​មាន​ភាគ​រយ​ខ្ពស់​ណាស់​ដែលត្រូវ​បាត់​បង់​ជីវិត​!»

«​ប៉ា​វា!»

នៅពេល​បាន​ស្តាប់​សម្តី​របស់​គ្រូពេទ្យ​​ ​អ្នក​ជា​ម្តាយ​ស្ទើរ​តែ​ទប់​ទឹក​ភ្នែកមិនជាប់ ​ដៃ​ញ័រ​ទទ្រើក​​ខំ​​​​កាន់​ស្មា​​ស្វាមីបន្លប់​​។ ប៉ា​របស់​ ខាសឹគិ​ ក្តោប​ដៃ​​ភរិយា​យ៉ាង​ណែន ​ដើម្បី​លួង​លោម​ចិត្ត​។

«​ខ្ញុំ​សូម​ផ្ញើ​ផង​លោក​គ្រូ​ពេទ្យ​!»

អ្នក​ជា​ឪពុក​ឱន​ក្បាល​សុំ​អង្វរ​ ឯអ្នក​ជា​ម្តាយ​ក៏​ឱន​ចុះ​ព្រមៗ​គ្នា​។

«​បាទ​… ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព…»

បន្ទាប់​មក ​គ្រូពេទ្យ​ក៏​បាត់​ខ្លួន​ចូល​ទៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​​ ទុក​ឲ្យ​ភរិយា​យំ​ខ្សឹក​ខ្សួល​នៅ​ក្នុង​លង្វែក​ទ្រូង​ស្វាមី​មុខ​បន្ទប់វះ​កាត់​។

***

          ហ៊ឺយ! តើ​យើង​មក​ទី​នេះ​ធ្វើ​អី​​!… ​ហេតុ​អ្វី នៅ​ក្នុង​ពេល​បែប​នេះ ​យើង​បែរ​ជា​ធ្វើ​អ្វី​មិន​បាន​សោះ​អ៊ីចឹង​​… ឆ្កួត​មែន! ឆ្កួត​មែន! ឆ្កួត​មែន!

Clover ដែល ខុរុ ខំ ព្យាយាម រក ឲ្យ ខាសឹគិ

        «​… តែមុននឹងវះកាត់ខ្ញុំចង់បានរបស់ម្យ៉ាង គេនិយាយថា បើបានវាមកហើយ​​ នឹងសំណាងល្អខ្លាំងណាស់

          «គេហៅវាថា ដើមខ្លូវើរ៍ស្លឹកបួនឆែក បើបានវាមក ការវះកាត់នឹងប្រព្រឹត្តទៅយ៉ាងស្រួលតែដើមនេះពិបាករកណាស់ព្រោះភាគច្រើនមានតែស្លឹកបីឆែក»

          «​បើបានដើមនេះមកពិតជាល្អណាស់ តែម៉ាក់រវល់នឹងការងារបែបនេះប្រហែលជារកឲ្យមិនបានទេ តែបានត្រឹមកម្លាំងចិត្តពី ខុរុខ្ញុំក៏សប្បាយចិត្តណាស់ទៅហើយ…»

រូប​ភាព​​ចាស់​ៗ​​ពេល​ដែល​ ខាសឹគិ ​នៅ​ជាមួយ ​ខៃ ​លេច​ឡើងភ្លឹប​ភ្លែតនៅ​ក្នុង​​ការ​ចង​ចាំ​។

ភាព​រងា​ត្រជាក់​នៅ​ក្នុង​រដូវ​រងា​ ធ្វើ​ឲ្យ​ព្រឺ​ញ័រ​សព្វ​សារពាង្គ​កាយ តែ​នៅ​ក្នុង​ជម្រៅ​ចិត្តវិញ​​​​កាន់​តែ​ព្រឺ​រងា​ជាង​នេះ​ទៅទៀត​។ អារម្មណ៍​សោក​ស្តាយ​ខូចចិត្ត​​ចំពោះ​អ្វី​ដែល​នៅ​រាំង​ស្ទះ​ក្នុងចិត្ត​ចាប់​ផ្តើម​​គ្រប​ដណ្តប់​ពេញ​​បេះ​ដូង​។

«​ខ្ញុំ​នៅ​មិនទាន់​បាន​ធ្វើ​អ្វី​ដើម្បី​ ខាសឹគិ ​បន្តិច​សោះ​ សូម្បី​តែអ្វី​ដែល ​ខាសឹគិ ​ចង់​បាន​… ខ្ញុំ​​​ក៏​មិន​អាច​រក​មក​ឲ្យ​បាន​ផង… ខាសឹគិ… ខ្ញុំ​សុំ​ទោស… ខាសឹគិៗ… ព្រះជាម្ចាស់​ ខ្ញុំ​សុំ​អង្វរ​ណា…»

​ពេល​នេះ​ សុនខ​សម្បុរ​ត្នោត​​នៅ​ក្នុងវាល​ស្មៅ ​ដែល​មាន​ព្រិល​ធ្លាក់​ព្រោង​ព្រាត ​​កំពុង​ស្វែង​រក​អ្វី​ម្យ៉ាង​​យក​ស្លាប់​យក​រស់​… ក្នុង​ពេល​កំពុង​តែអស់​សង្ឃឹម​នោះ ខ្សែភ្នែក​ក៏​ប្រទះ​នឹងអ្វី​ម្យ៉ាង។ ខ្សែភ្នែក​របស់​ខៃ​លេច​រស្មី​​ត្រេក​អរ​​មួយ​រំពេច​។

***

          «​ប៉ា​វា​… ពេល​នេះ​កន្លង​មក​ពីរ​ម៉ោង​កន្លះ​ហើយ​ តែ​លោក​គ្រូ​ពេទ្យ​នៅ​មិន​ទាន់​ឃើញ​​ចេញ​​មក​ទៀត​…» ភរិយា​ឱប​ដៃ​ស្វាមី​​សួរ​​។

«​ធ្វើ​ចិត្ត​​ឲ្យ​ត្រជាក់​សិន​ទៅ​អូន​ លោក​គ្រូ​ពេទ្យ​ប្រាប់​ថា​នឹង​ជួយ​ ខាសឹគិ ​ឲ្យ​បាន!​ ពេល​នេះ​យើង​អាច​ធ្វើ​បាន​ត្រឹម​ភាវនា​សុំ​ឲ្យ​ ខាសឹគិ​ គេច​ផុត​ពី​គ្រោះ​ថ្នាក់​ប៉ុណ្ណោះ!» នៅ​ក្នុង​ដួង​ចិត្ត​អ្នក​ទាំង​ពីរ​ញាប់​ញ័រ​ ខ្លាច​បាត់​បង់​របស់​មាន​តម្លៃ​ទៅ… សូម​ព្រះ​ជាម្ចាស់​ជួយ​ ខាសឹគិ ​ផង​…

***

          លឿន​ឡើង…​ ពេល​នេះ​យើង​ត្រូវ​យក​របស់​នេះ​ទៅ​​ឲ្យ ​ខាសឹគិ ​ឲ្យ​បាន​…

ពេ​ល​នេះ​ ឆ្កែ​ជំទង់​ប្រឹង​រត់ពេញ​មួយ​ទំហឹង​ ​​កណ្តាល​អាកាស​ធាតុ​រងា​ត្រជាក់​​។ នៅ​ពេល​ឆ្លង​ថ្នល់​ពន្លឺ​ភ្លើង​ហ្វា​ជះ​ឆ្វាច​កាត់​មុខ​ ធ្វើ​ឲ្យ​រាង​សម្បុរ​ត្នោត​ឈប់​​ងក់​បើក​ភ្នែក​ធំៗ​ភាំង​អស់​ស្មារតី​​។

ទី​ត! ទីត​! ទីតតតតត…

គ្រាំង​!!!

រងា​ណាស់… ឈឺ​ខ្លាំង​ណាស់… ហេតុ​អ្វី​រាង​​កាយ​កម្រើក​មិន​បាន​​… សំឡេង​អី ​ហឹង​​ត្រចៀក​ម្ល៉េះ​?… នេះ​យើង​ជិត​ស្លាប់​ហើយ​មែនទេ?… ភ្នែក​យើង​កើត​អី​ហ្នឹង​?… ហេតុ​​អ្វី​មើល​មិន​សូវ​ឃើញ​អ៊ីចឹង​?

នៅ​ក្នុង​ដួង​ចិត្ត​ចាប់​ផ្តើម​ភ័យ​ខ្លាច​​​… វត្ថុ​​ពណ៌​បៃ​តង​តូច​មួយ​​​នៅ​ចំពោះ​មុខ​នោះ​ ​គឺ​ជា​របស់​ដែល​ខៃ​​ ត្រូវការ​ប្រគល់​ឲ្យ ​​ខាសឹគិ ​បំផុត​​។ ទឹក​ភ្នែក​​ដែល​ហូរ​​ដក់​តាម​ប្រឡង់​ភ្នែក​ ធ្វើ​ឲ្យ​វត្ថុ​នោះ​ប្រែ​ជា​ព្រាល​អណ្តែត​ទៅ​មក។​ នេះ​អាច​មក​ពី​ការ​​អាណិត​ខ្លួន​ឯង ​ឬ​​សោក​ស្តាយ​ដែល​មិន​បាន​ធ្វើ​​​អ្វី​ដែល​នៅរាំង​ស្ទះ​ក៏​មិន​ដឹង​​…

អត់​ទេ… ខ្ញុំ​នៅ​មិន​ទាន់​ចង់​ស្លាប់​ទេ… ខំ​រក​របស់​ដែល ​ខាសឹគិ​ ចង់​បាន​ឃើញ​ហើយ ត្រឡប់​​ជា​​… ទេ​! ព្រះ​ជាម្ចាស់​… ខ្ញុំ​សូម​អង្វរ​… កុំ​ប្រញាប់​យក​ជីវិត​ខ្ញុំ… ​ទៅ​​ពេល​នេះ​អី​… ខាសឹគិ​… ខាសឹ… គិ… ខ្ញុំ​… សុំ​… ទោស​……

***

          «​អឺម…»

ក្មេង​ប្រុស ​បើក​ភ្នែកឡើង​សន្សឹម​ៗ​។ ពន្លឺ​ភ្លើង​ធ្វើ​ឲ្យ​ក្មេង​តូច​​ប្រញាប់​បិទ​ភ្នែក​វិញ​​។ ​នៅ​​ដៃ​ខាង​ឆ្វេង​ទទួល​អារម្មណ៍​ថា​ ​មាន​ភាព​កក់​ក្តៅ​អ្វី​ម្យ៉ាង។​ លុះ​ងាក​ទៅ​មើល ​​ក៏​ឃើញ​ម៉ាក់​របស់​ខ្លួន​កំពុង​ដេក​​ក្រាប​​​ក្បាល​នៅ​ក្បែរ​នោះ។

«​អ្នក​ម៉ាក់​…»

​ក្មេង​ប្រុស​និយាយ​សំឡេង​ខ្សាវ​ៗ​ អ្នក​ជាម្តាយ​ងើប​មុខ​ឡើង​។

«​ខាសឹគិ!!! ខាសឹគិ ដឹង​ខ្លួន​ហើយ!!»

«​ប៉ា​វា!! ប៉ា​វា…»

ភរិយា​ស្រែក​ហៅ​ស្វាមី​ដែល​ដេក​លក់​នៅ​លើ​សាឡុង​ដោយ​ក្តី​ត្រេក​អរ​។

«​ហ៊ឺម… ខាសឹ…!»

​នៅពេល​ឃើញ​កូន​​ប្រុស​ដឹង​ខ្លួន បុរស​ជា​ឪពុក ​ក៏​ប្រញាប់​ស្ទុះ​ទៅ​រក​យ៉ាងរហ័ស។

«​កូន​យើង​ផុត​គ្រោះ​ថ្នាក់​ហើយ​បង!»

អ្នក​ជាម្តាយ​​ស្រវា​ឱប​កូន​ប្រុស ​ហើយ​អង្អែល​ក្បាលទាំង​ទឹក​ភ្នែក​។

«​អេ…?»

«​តទៅ​នេះ​ ខាសឹ​ នឹង​ជា​សះ​ស្បើយ​ពី​ជំងឺ​កាច​សាហាវ​នេះ ​និង​​ អាច​ទៅសាលា​រៀន​បាន​ដូច​ក្មេង​ៗ​ដទៃ​ទៀត​ហើយណ៎ា!»​

​ក្មេង​ប្រុស​នៅ​ស្ងៀម​​ នៅ​ក្នុង​ដៃ​ខាង​ស្តាំ​ហាក់​ដូច​​ជា​មាន​អ្វី​ម្យ៉ាង​​។ ក្មេង​ប្រុស​​សម្លឹង​វត្ថុ​នោះ​ដោយ​​ក្តី​ភ្ញាក់​ផ្អើល​។

«​ខ្លូវើរ៍ ទេ​តើ!»

«​ម៉ាក់​ឃើញ​ ​ខាសឹគិ ​ក្តាប់​វា​ជាប់​ពេញ​មួយ​យប់​ហើយ មិន​ដឹង​ថា​បាន​មក​ដោយ​របៀប​ណា…»

«​អា…»

«​មិន​បាច់​ខ្វល់​ទេ បាន ​ខាសឹ ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​ ប៉ា​ក៏​អស់​បារម្ភ​ដែរ!»

ប៉ា​អង្អែល​ក្បាល​កូន​ប្រុស​តិច​ៗ​។

«​ខុរុ…»

​ក្មេង​ប្រុស​​ឧទាន​ឡើង​​ដោយ​សំឡេង​ស្រាល​ ទឹក​ភ្នែក​ហូរ​ស្រក់​ជោក​ថ្ពាល់​ សម្លឹងវត្ថុ​ដែល​នៅ​ក្នុង​ដៃ​​។ ខ្លូវើរ៍​ នៅ​ក្នុង​ដៃ​ហាក់​ដូច​ជា​សាយភាយ​​​ភាព​សោក​សៅ​ចេញ​​មក​ មាន​ស្នាម​ឈាម​ប្រឡាក់​នៅ​លើ​សន្លឹក​​តូច​ៗ​។

«​ខាសឹចាំង!! កូន​កើត​អី?!!»

«​ឈឺ​ត្រង់​ណា​ឬ​ ចាំ​ប៉ា​ទៅ​ហៅ​គ្រូពេទ្យ​!»

«​មិន​បាច់​ទេ…»

ខ្ញុំ​គ្រាន់​តែ​ទទួល​អារម្មណ៍​សោក​សៅ​ប៉ុណ្ណោះ​… ខុរុ…

***

          កណ្តាល​អាកាស​ធាតុ ​ដ៏​ស្រស់​បំព្រង​​ក្នុង​ខែ​មករា…​ កុមារា​ដើរ​កាន់​ដៃ​ម្តាយ​ដើរ​ចេញ​ពី​​​អគារ​មន្ទីរពេទ្យ​ ដោយ​មាន​លោក​​គ្រូពេទ្យ ​និង ​គិលានុបដ្ឋាយិកា​ជា​ច្រើន​នាក់​ ​ឈរចាំ​​ជូន​​ដំណើរ​​ក្មេង​ប្រុស ព្រម​ទាំង​ពោល​ពាក្យ​លា ​និង ​ជូន​ពរ​ឲ្យ​មាន​សុខ​ភាព​រឹង​មាំ​។

ប៉ាម៉ាក់​ និង ​កុមារតូច​ ឱន​គោរព​អ្នក​ដែល​មក​​ជូន​ដំណើរ ហើយ​បែរ​ខ្នង​​ដើរ​ចេញ​មក​។ រំពេច​នោះ ​​មាន​ខ្យល់​កក់​ក្តៅ​​​​យ៉ាង​ស្រាល​​បក់​​កាត់​ក្មេងប្រុស​ ធ្វើ​​ឲ្យ​ទទួល​អារម្មណ៍​ស្និទ្ធ​ស្នាល​យ៉ាង​ចម្លែក​។ ក្មេង​ប្រុស​ងាក​ត្រឡប់​​ទៅ​ក្រោយ​វិញ​ដោយ​អារម្មណ៍​ហេង​ហាង។

​«​មាន​រឿង​អី​ឬ?»

អ្នក​ជា​ម្តាយ​សួរ​ដោយ​ក្តី​ព្រួយបារម្ភ​។ ក្មេង​ប្រុស​ញញឹម​​ហើយ​តប​វិញ​តិច​ៗ​។

«​​អត់​ទេ…»

…ខុរុ…

​ពន្លឺ​ព្រាលៗ ​​រំលេច​រស្មី​បង្ហាញ​រាង​កាយ​សុនខ​ កំពុង​ឈរ​រង់​ចាំ​មើល​ក្មេង​ប្រុស​ពី​ក្រោយ​ខ្នង​ ដោយ​​​ខ្សែ​ភ្នែក​ព្រួយ​បារម្ភ​។

សូម​ឲ្យ​មាន​​សេចក្តី​សុខ​ណា ខាសឹគិ​… យើង​ជា​មិត្ត​ភក្តិ​នឹង​គ្នា​ជា​រៀង​រហូត​…

បន្ទាប់​មក​ ស្រមោល​ពន្លឺ​​នោះ​ ក៏​រលាយ​បាត់​ទៅ…

ចប់


ខ្ញុំ​ទម្លាក់​ខ្លួន​ដេក​លើ​​ពូក​ទន់​ៗ​​ ហើយ​ទាញ​ភួយ​ដណ្តប់​រាង​កាយ​ មុន​នឹង​បែរ​ខ្លួន​ដេក​ផ្អៀង​ទៅ​ខាង​​ស្តាំ​។ យប់​នេះ​ជា​យប់ថ្ងៃ​ទី​ ២៤​ធ្នូ​…

…​ ចុះ​យ៉ាង​ម៉េច?

នាង…​ប្រហែល​ជា​មិន​មក​ទេ​។​ ខ្ញុំ​សម្លឹង​​មើល​​នាឡិកា​ពណ៌​ខ្មៅដែល​ព្យួរ​នៅ​​ជាប់​ជញ្ជាំង​​ ហើយ​ផ្អៀង​ខ្លួន​ត្រឡប់​ទៅ​ខាង​ឆ្វេង​វិញ​។ … ម៉ោង​១១​ និង​ ៥៣​នាទី​​ បាន​ន័យ​ថា ​មិន​ដល់៧នាទី​ទៀត​ទេ​​ នឹង​​​ឈាន​​ចូល​ដល់​​ថ្ងៃ​ថ្មី​ហើយ​។… ប្រាំ​មួយ​… ប្រាំ​…

គំនិត​នៅ​ក្នុង​ខួរ​ក្បាល ចាប់​ផ្តើម​​ធ្វើ​ចលនា​យឺត​ចុះ​ជា​លំដាប់ មុន​នឹង​រលត់​សូន្យ​ឈឹង​នៅ​ទី​បំផុត… ដែល​នោះ​​ជា​លទ្ធផល​​មក​ពី​ថ្នាំ​គេង​​លក់​​២​គ្រាប់​ ដែល​បាត់​​ពី​បន្ទះ​ថ្នាំ​​ នៅ​​ក្នុង​ថត​​​ក្បាល            ​ដំណេក។

«​យុទ្ធ​!… យុទ្ធ​!…»

សំឡេង​របស់​នរណា​ក៏​មិន​ដឹង​ ចេះ​ស្រែក​ហៅ​ទៅ​កើត​ មនុស្ស​កំពុង​ដេកពួន​​។

«​នែ៎… យុទ្ធ​!!! មនុស្ស​ទ្រមក់​​ស្ទក់​ដូច​គោ​ ក្រោក​ភ្លាម​!!!»

ខ្ញុំ​ស្ទុះ​ក្រោក​ចេញ​ពី​គ្រែ​មួយ​រំពេច ​នៅ​ពេល​ឮ​​វិធី​ដាស់​​ដោយ​ការ​ហៅ​បែប​នោះ​។ មាន​តែ​មនុស្ស​​ម្នាក់​ប៉ុណ្ណោះ​ ដែល​ខ្ញុំ​អនុញ្ញាត​ឲ្យ​ហៅ​បែប​នេះ​បាន​ បើ​អ្នក​ផ្សេង​ច្បាស់​ជា​ត្រូវជើង​រន្ទះ​ធាក់​សន្លប់​តាំង​ពី​ចាប់​ផ្តើម​​ឆាឆៅ​​ដំណេក​លើក​ដំបូង​ម្ល៉េះ​។

«​យ៉ាង​ម៉េច​ ក្រោក​ហើយ​ឬ កំលោះ​ស្ពឹក​?»

«​កែវ​… មក​យ៉ាង​ម៉េច​បាន?» ខ្ញុំ​ស្រែក​សួរ​​យ៉ាង​ភ្ញាក់​ផ្អើល​។ មិត្ត​សម្លាញ់​​តាំង​ពីគ្រា​​​​នៅ​ក្មេង​ៗ​​របស់​ខ្ញុំ​ម្នាក់​នេះ ​មិន​ផ្លាស់​ប្តូរ​សោះ​។ កាល​ពី​១០​ឆ្នាំ​មុន​ធ្លាប់​ចូល​ចិត្ត​​លេង​បែប​ណា​ ​មក​ឥឡូវ​នេះ​ក៏​នៅ​តែ​ដូច​ដើម​។ ផ្កា​កែវ​​ សើច​​​ទាល់​តែ​​លិច​ភ្នែក​បាត់​ដូច​មុន​គ្មាន​ខុស​។… ផ្លាស់​ប្តូរ​​តែ​ម្យ៉ាង​… គឺ​នាង​​ស្រស់​ស្អាត​​ជាង​មុន​​ឆ្ងាយ​ណាស់!

«​យ៉ាង​ម៉េច ឃើញ​កែវ​ហើយ​ ធ្វើ​មុខ​ដូច​ឃើញ​ខ្មោច?​ ភ្ញាក់​ផ្អើល​ណាស់​ទៅ​ឬ ​ដែល​ឃើញ​កែវ​​មក​នោះ​?» កែវ​ធ្វើ​មុខ​ងរ​ប៉ោង​ៗ​ គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង​ណាស់​។ នាង​ធ្វើ​ឲ្យ​​ខ្ញុំ​ចង់​​តែ​ច្របាច់​ថ្ពាល់​​ថ្លាៗ ដែល​បៀម​ខ្យល់​ចូល​​ទៅ​​​​នោះ​​​មិន​លែង​សោះ​​ តែ​ខ្លាច​ថ្ពាល់​ថ្លា​រលោង​​នោះ​ផ្ទុះ​បែក​ដូច​ប៉ោង​ៗ​មុន​​ ទើប​មិន​ហ៊ាន​ ហិហិ…។

«​ចុះ​កែវ​ ហេតុ​អី​ក៏​មក​មិន​ប្រាប់​ដំណឹង​មុន​សោះ​អ៊ីចឹង? ធ្វើ​បែប​នេះ យុទ្ធ​លស់​ព្រលឹង​ស្ទើរស្លាប់​​ទៅ​ហើយ​ ដឹង​ទេ?»

«​អេ! បើ​ប្រាប់​មុន​ ម៉េច​គេ​ហៅ​ថា ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​?​» កែវ​សើច​កខឹក។​ មើល​ទៅ​នាង​​ មាន       ​សេចក្តី​​​សុខ​ខ្លាំង​ណាស់ ដែល​បាន​ធ្វើ​បាប​ខ្ញុំ​បែប​នេះ​​។ នាងបន្ត​​ស្រែក​ខ្លាំង​ៗ៖​

«​Surprise!!!  Surprise!!! »

«ហ្នឹង​ហើយ​… Surprise ណាស់!​ ភ្ញាក់​ផ្អើល​ណាស់!» ខ្ញុំ​និយាយ​ «​តែ​កែវ​ស្ទើរ​តែ​​​ក្លាយ​ជា​អ្នក​ភ្ញាក់​​ផ្អើល​ជាង​​ខ្ញុំ​ទៅ​ហើយ ​ដឹង​ទេ?»

«​ហេតុអី? ឬ​មួយ…​ យុទ្ធ​ ចង់​ប្រាប់​កែវ​ថា យុទ្ធ​​ភ្លេច​កែវទៅ​ហើយ​​? ស្អី​គេ! យុទ្ធ​ចាស់​​ទ្រុឌ​ទ្រោម​​​ដល់​ថ្នាក់ភ្លេច​ការ​ចង​ចាំ​​ហើយ​ឬ​​អី!​​ មិន​បាន​ជួប​គ្នា​​មិន​បាន​​ប៉ុន្មាន​ឆ្នាំ​ផង​ ធ្វើ​ឯង​ភ្លេច!!?»

«​មិន​មែនដូច្នេះ​ទេ!» តើ​ឲ្យ​ខ្ញុំ​ភ្លេច​នាង​យ៉ាង​ម៉េច​បាន​ បើ​ខ្ញុំ​ទន្ទឹង​មើល​តែ​ផ្លូវ​នាង​ត្រឡប់​មក​វិញ? «​តែ​កែវ​ស្ទើរ​តែ​មក​ខក​ដំណើរ​ហើយ​ណ៎ា​ យុទ្ធ​ស្ទើរ​តែ​មិន​​នៅ​ផ្ទះ​ទៅ​ហើយ​ថ្ងៃ​នេះ!»

«​ទៅណា?» សំណួរ​សំឡេង​មាំ​នេះ ​សួរ​ច្រាស់​មក​វិញ​មួយ​រំពេច ​ខណៈ​ដែល​ខ្ញុំ​និយាយ​ចប់​​។ ខ្ញុំ​ញញឹម​​​ខ្ជឹប​… កែវ​នៅ​តែ​គិត​ថា នាង​ជា​ម្តាយ​ខ្ញុំ​ដដែល​ ហើយ​ថែម​ទាំង​កាច​ជាង​ម្តាយ​ពិត​ប្រាកដ​របស់​ខ្ញុំ​ទៅ​ទៀត​(^/\^)។

​          ផ្កា​កែវ​ ឈ្មោះ​ក៏​ពីរោះ​ មុខ​ក៏​ប្រិម​ប្រិយ​ ពេល​ញញឹម​កាន់​តែ​គួរឲ្យ​ស្រឡាញ់​ តែ​​ភាព​ឆ្នាស់​ឆ្នើម​របស់​នាង​​គ្មាន​ពីរ​នៅ​លើ​លោក​ សូម្បី​តែ​ខ្ញុំ ​ដែល​នរណាៗ​ក៏​​ថា​សាហាវ​ព្រៃ​ផ្សៃ ​​ក៏​នៅ​​​ខ្លាច​នាង​ ព្រោះ​ពេលអ្នក​ម្តាយ​​ម្នាក់​នេះ​​ធ្វើ​ម៉ឺង​ម៉ាត់​​ពេល​ណា ខ្ញុំ​ឈឺ​ខ្លួន​តែ​រហូត YOY!!។

តែ​ខ្ញុំ​ក៏​ព្រម​ឲ្យ​នាងវាយ​ដំ​ច្រំធាក់ ​មិន​មាន​ស្បើយ​។​ មនុស្ស​ស្រី​​មុខ​មាត់​គួរ​ឲ្យ​ស្រឡាញ់​ដូច​នាង​ តើ​នរណា​មក​ពី​ណា​ ​ទៅ​ហ៊ាន​ដាល់​នាង​ឲ្យ​ខូច​សម្រស់​​? ណ្ហើយ​! ​អ្នក​ខ្លះ​ប្រហែល​ជា​ធ្វើ​កើត​​ តែ​នោះ​មិន​មែន​ខ្ញុំ​ទេ ខ្ញុំ​ធ្វើ​យ៉ាង​ច្រើន​ត្រឹម​ទាញ​កន្ទុយ​សេះ​របស់​នាង​ឲ្យ​នាង​ខឹង​លេង​ប៉ុណ្ណោះ^ / / / ^។

«​យុទ្ធ! ប្រាប់​កែវ​មក ថា​យុទ្ធ​ប្រុង​ទៅណា?» មិន​ត្រឹម​និយាយ​​​​តែ​មាត់ កែវ​លូក​ដៃ​មក​មួល​ស្លឹក​ត្រចៀកខ្ញុំ​ទៀត​​។ ​ម្រាម​ដៃ​​ធ្ងន់​ៗ​របស់​នាង​ ធ្វើ​ឲ្យ​ខ្ញុំ​​ស្ទុះ​ភ្ញាក់​ក្រញាង​ ភ្លឺ​ភ្នែក​ច្បាស់​ទែង​។

«​អូយយយ… តិច​ៗ​កែវ ​ដាច់ត្រចៀក​ឥឡូវ​ហើយ!! អូយ​យយ…»

«​ឥឡូវ​ប្រាប់​ ឬ​មិន​ប្រាប់​?!!»

«​បាទ​ប្រាប់​… ប្រាប់​…!! លែង​ណា​កែវ…!!! (^A^)///» ខ្ញុំ​ស្រែក​ភ្លាត់​​សំឡេង​។

ខ្ញុំ​បើក​ភ្នែក​­​ភ្ញាក់​​ឡើង​នៅ​ក្នុង​ភាព​ងងឹត​​។​ ដៃ​ម្ខាង​នៅ​​ដាក់សណ្តូក​លើ​ដង​ខ្លួន​ តែ​ដៃ​ម្ខាង​ទៀត​​ក្តោប​ត្រចៀក​ខ្លួន​ឯង​ជាប់​… គឺ​ត្រចៀក​​ដែល​កែវ​មួល​នោះ​ឯង​។

នៅ​ពេល​​កែវ​ភ្នែក​​ចាប់​ផ្តើម​ស៊ាំ​នឹង​ភាព​ងងឹត​ ខ្ញុំ​ក៏​មើល​ឃើញ​បន្ទប់​ស្ថិត​នៅ​ក្នុង​សភាព​ដើម​ដដែល​​ គ្មាន​សញ្ញា​ថា​ មាន​នរណា​បុក​រុក​ចូល​មក​ទេ គ្មាន​សូម្បី​តែ​ស្រមោល​របស់​កែវ​…

បាន​ន័យ​ថា… ​គ្រប់​បែប​យ៉ាង​ គឺ​ខ្ញុំ​ដេក​យល់​សប្តិ​ម្នាក់​ឯង​ទាំង​អស់​​​។ … ខ្ញុំ​បិទ​ភ្នែក​ដេកលក់​​ម្តង​​ទៀត​ដោយ​មិន​ពិបាក​ ​គឺ​​ប្រហែល​មក​ពីឥទ្ធិពល​របស់​ថ្នាំ​ដែល​មិន​ទាន់​សាប​រលាប​អស់​។

«​យុទ្ធ​! គ្រិស្ត​ម៉ាស​ ឆ្នាំ​នេះ តើ​​យុទ្ធ​ចង់​បាន​អ្វី?»​

«​ឡាន​ដឹក​ដី!» ខ្ញុំ​ឆ្លើយ​ដោយ​មិន​បាច់​គិត​។ … នោះ​គឺ​ជា​រូប​ខ្ញុំ​កាលពី​ដប់​ពីរ​​ឆ្នាំ​មុន​។ ខ្ញុំ​ឃើញ​​អ្នក​សួរ​​ធ្វើ​មុខ​ស្អុយ​​ក្រោយ​ពី​បាន​ស្តាប់​ចម្លើយ​។

«​យក​របស់​ដែល​ថោក​ជាង​នេះ​ ​មិន​បានទេ​អី?»

«​អេ! ក្រែង​កែវ​សួរ​ខ្លួនឯង​តើ​ ថាយើង​​​​ចង់​បាន​អី? យើង​ក៏​ឆ្លើយ​​អ្វី​ដែល​យើង​​ចង់​បាន​ហើយតើ​​! ​នៅ​យ៉ាង​ម៉េច​ទៀត​?»

កែវ​កាន់​តែ​មុខ​ស្អុយ​លើស​ដើម​ តែ​មិន​សួរ​អ្វី​ទៀត​ទេ​។ នាង​លោត​ចុះ​ពី​លើ​ទោង​ក្បែរ​ខ្ញុំ​ ហើយ​រត់​ចូល​ទៅ​ក្នុង​ផ្ទះ​ត្រុយ​។

«​ហក៍! ណេះ!» នាង​ហុច​ដើម​គ្រិស្ត​ម៉ាស​ក្រដាស​ ដែល​នាង​បត់​ដោ​យខ្លួន​ឯង​​​ជា​កាដូ​មក​ឲ្យ​ខ្ញុំ​រៀង​រាល់​ឆ្នាំ រួម​នឹង​កូន​ឡាន​ជ័រ​​​តូច​មួយ​។ ខ្ញុំ​​មើល​ទាំង​​មិន​សូវ​ពេញ​ចិត្ត​​។

«​យើង​​ប្រាប់​ថា​ចង់​បាន​ឡាន​ដឹក​ដី នេះ​មិន​មែន​ជា​ឡាន​ដឹក​ដី​ឯណា?»

«​យក​ទៅណ៎ា! ពេល​នេះ​កែវ​ទិញ​ឲ្យ​បាន​តែ​ប៉ុណ្ណេះ​ទេ​ រង់​ចាំ​បន្តិច​សិន​ទៅ​ កែវ​នឹង​ទិញ​​របស់​​ដែល​យុទ្ធ​ចង់​បាន​​ឲ្យ​ពិត​មែន​ណ៎ា!»

នៅ​ពេល​កែវ​សន្យា​ដូច្នេះ​ ខ្ញុំ​ក៏​ហុច​កូន​ក្រមុំ​តុក្កតា​សក់​​ក្រហម ​ដែល​នាង​ចង់​បាន​ទៅ​ឲ្យ​នាង​។

«​ហក៍​ណេះ!»

កែវ​ទទួល​កូន​ក្រមុំ​តុក្កតា ​យក​ទៅ​ឱប​យ៉ាង​ថ្នាក់​ថ្នម​។ មើល​ទៅ​នាង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ ខ្ញុំ​ដឹង​ថា​ ​នេះ​ជា​តុក្កតា​ដែល​នាង​ចង់​បាន​មក​យូរ​ហើយ​ តែ​មិន​ហ៊ាន​ហា​មាត់​សុំ​​អ្នក​ម្តាយ​ឲ្យ​​​ទិញ​​​ព្រោះ​​ស្ថិត​ក្នុង​សភាព​ដែល​បាត់​បង់​មេគ្រួសារ​​ កែវ​ដឹង​ច្បាស់​ថា នាង​គ្មាន​សិទ្ធិ​​ហាមាត់​សុំ​អ្វី​ដែល​​មិន​ចាំ​បាច់ពី​ម្តាយ​នោះ​ទេ​។​​ ហេតុ​ដូច្នេះ​ គ្រប់​ពេល​ដែល​ដើរ​កាត់​ហាង​លក់​របស់​ក្មេង​លេង​​ កែវ​តែង​តែ​​ឈប់​​​សម្លឹង​​មើល​ទៅ​​កូន​ក្រមុំ​តុក្កតា​​​សក់​មាស​​​យ៉ាង​យូរ​ដោយ​​ខ្សែ​ភ្នែក​​ទុក្ខ​ព្រួយ​​។

«​អរគុណ​ខ្លាំង​ណាស់​យុទ្ធ​! អរគុណ​ពិត​មែន… ខ្ញុំ​នឹង​ថែ​​រក្សា​វា​ឲ្យ​បាន​​ល្អ​។»

ច្រើន​ឆ្នាំ​កន្លង​ទៅ យើងក៏​នៅ​តែ​ផ្លាស់​ប្តូរ​កាដូ​គ្នា​ទៅ​វិញ​ទៅ​មក ​តាម​​​​អ្វី​ដែល​​ក្រុម​សាលា​​គ្រិស្ត​បរិស័ទ​​ដូច​ពួក​យើង​និយម​ធ្វើ​​ ដោយ​មួយ​ឆ្នាំ​ៗ​ មុខ​ឈ្មោះ​ទំនិញ​ដែល​ខ្ញុំ​និង​ផ្កា​កែវ​ចង់​បាន​ កាន់​តែ​​កើន​ឡើង​ជា​លំដាប់​​​ តាម​ចំនួន​អាយុ​របស់​ពួក​យើង​។

«​ឆ្នាំ​នេះ​ យុទ្ធ​ចង់​បាន​អ្វី​ជា​អំណោយ​?»

«​​វីដេអូ​ហ្គេម​ចេញ​ថ្មី ស្បែក​ជើង​កីឡា​មួយ​គូ ​មនុស្ស​យន្ត​យក្ស… និង​…»

«​បាន​ហើយ​ៗ!! នេះ​គិត​ថា​កែវ​ទិញ​ឲ្យ​បាន​គ្រប់​យ៉ាង​ឬ? ឥឡូវ​​ធ្វើ​អ៊ីចេះ​វិញ​…»

បន្ទាប់មក​ ខ្ញុំ​និង​កែវ ​ក៏​ជួយ​គ្នា​សរសេរ​អ្វី​ដែល​ខ្លួន​ចង់បាន​នៅ​ក្នុង​ក្រដាស​ ហើយ​លួច​យក​ទៅ​ដាក់​​ក្នុង​កូន​បាល់​លម្អ​ដើម​គ្រិស្តម៉ាស​​​ ដែល​​​តាំង​នៅ​មុខ​សាលា​រៀន​​ រៀង​រាល់​​ថ្ងៃ​គ្រិស្ត​ម៉ាស​​រាល់ៗ​ឆ្នាំ​។

«​​របស់​កែវ​នឹង​ដាក់​នៅ​ក្នុង​កូន​បាល់​ពណ៌​ផ្កា​ឈូក​ ឯ​យុទ្ធ​ដាក់​នៅ​ក្នុង​​ពណ៌​ផ្ទៃ​មេឃ​ចុះ​ ហើយ​ចាំ​​យើង​មក​ចាប់​ឆ្នោត​មើល​ថា តើ​នរណា​នឹង​បាន​អ្វី?»

បន្ទាប់​ពី​នោះ​ យើង​ក៏​នាំ​គ្នា​ធ្វើ​បែប​នេះ​រៀង​រាល់​ឆ្នាំ ​​រហូត​ក្លាយ​ជា​ទម្លាប់​។ ​វា​ធ្វើ​ឲ្យ​ភ័យ​អរ​ៗ​ដែរ​​ ព្រោះ​យើង​មិន​ដឹង​សោះ​ថា​​ យើង​នឹង​បាន​អ្វី​ជា​អំណោយ​​ គឺ​ទាល់​តែ​ម្នាក់​ទៀត​យក​មក​ឲ្យ​​ ហើយ​យើង​​ច្រើន​​តែ​រំភើប​​ពេញ​ចិត្ត​​នឹង​​អំណោយ​រាល់​លើក​ ព្រោះ​កាដូ​ដែល​ចាប់​ឆ្នោត​បាន​ ច្រើន​តែ​ជា​អ្វី​ដែល​យើង​ចង់​បាន​​ជា​ទី​បំផុត​។

ពេល​ខ្លះ​ខ្ញុំ​ក៏​លួចយក​ប្រៀប​​ខ្លះ​ៗ​ដែរ​ ពេល​ដឹង​ថា​ កែវ​ចង់បាន​អ្វី​​ខ្លាំង​បំផុត​ ខ្ញុំ​ចូល​ចិត្ត​ទៅ​សុំ​ឲ្យ​ម៉ាក់​​​ទិញ​​របស់​នោះ​ឲ្យ ​ដោយ​មិន​ខ្វល់​ពី​អ្វី​ដែល​សរសេរ​នៅ​ក្នុង​​សន្លឹក​ឆ្នោត​នោះ​​… ចុះ​បើ​ខ្ញុំ​មិន​ដែល​បើក​​​មើល​កូន​បាល់​ដែល​នៅ​សល់​នោះ​ម្តង​ផង​!

តែ​ទី​បំផុត​ ការ​ផ្លាស់​ប្តូរអំណោយ​​​របស់​ពួក​​​យើង​​​ ក៏​មក​ដល់​ទី​បញ្ចប់ ​នៅ​​ថ្ងៃ​​ដែល​​យើង​ម្នាក់ៗ​​​មាន​​អាយុ​១៥​ឆ្នាំ​។ ម៉ាក់​របស់​កែវ​ រៀប​ការ​​ថ្មី​ជា​មួយ​បុរស​ជន​ជាតិ​អង់​គ្លេស​​ ហើយ​នឹង​នាំ​កែវ​ទៅ​នៅ​ជា​មួយ​ ឯ​ប្រទេស​អង់​គ្លេស​​ជា​រៀង​រហូត​។ …ទាំង​អស់​នេះ កើត​ឡើង​​មុន​ថ្ងៃ​គ្រិស​ម៉ាស ​តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ។

កែវ​ហុច​ដើម​គ្រិស្តម៉ាស​ក្រដាស ​ដូច​ដែល​នាង​ធ្លាប់​​បត់​​ឲ្យ​ខ្ញុំ​​ជា​ប្រចាំ​រៀ​ងរាល់​ឆ្នាំ ​​មក​ឲ្យ​ខ្ញុំ​​ តែ​ទំហំ​​របស់​វា​ធំ​ជាង​អ្វី​ដែល​នាង​ធ្លាប់​ឲ្យ​​ខ្ញុំ​​កាល​ពី​ឆ្នាំ​មុន​ៗ​ គឺ​ប្រៀប​ដូច​ដើម​​ម៉ែ​ និង​ដើម​កូន​អ៊ីចឹង​​ ហើយ​ដែល​ខុស​ប្លែក​ពី​មុន​ខ្លាំង​​ គឺ​​មាន​ក្រដាស​ដែល​​ច្របាច់​មូរ​ខ្ញុក​ខ្ញូវ​ជា​ដុំ​មូល​តូច​ៗ​ពណ៌​ផ្កា​ឈូក និង​ពណ៌​ផ្ទៃ​មេឃ​​ ចង​ភ្ជាប់​ពេញ​ដើម​។

«​​ទុក​ឲ្យ​យុទ្ធ​​អធិដ្ឋាន​សុំ​ពរ​ដូច​មុន​រាល់​ៗ​ឆ្នាំ​ណ៎ា!»

ខ្ញុំ​ងក់​ក្បាល​ ហើយ​ទទួល​យក​ដើម​គ្រិស្តម៉ាស​ក្រដាស​​ ទៅ​ដាក់​​ទូ​កញ្ចក់​ក្នុង​បន្ទប់​ដេក​…​ ដែល​រហូត​មក​ដល់​ពេល​នេះ ​វា​ក៏​នៅ​តែ​ក្នុង​ទូ​ដូច​ដើម​តូច​ៗ​ផ្សេង​​ទៀត​​ ដែល​ខ្ញុំ​បាន​មក​រៀង​រាល់​ឆ្នាំ​មុន​ពេល​នោះ​ដែរ​​។ ដើម​គ្រិស្ត​ម៉ាស​ទាំង​អស់​នោះ ​គ្មាន​ល្អង​ធូលី​​​ជាប់​​បន្តិច​ទេ ព្រោះ​ខ្ញុំ​មើល​ថែ​យ៉ាង​ល្អ​រហូត   មក​។

ក្នុង​​ថ្ងៃ​នោះ កែវ​សន្យា​នឹង​ខ្ញុំ​ថា ​នាង​នឹង​មក​​ជួប​ខ្ញុំ​​នៅ​​រាត្រី ​​ថ្ងៃ​គ្រិស្ត​ម៉ាស​​អ៊ីហ្វ ​រៀង​រាល់​ឆ្នាំ​ ដើម្បី​យក​​អំណោយ​មក​ជូន​។

… តែ​នាង​​មិន​​​ដែល​​មក​សោះ​។

មួយ​ឆ្នាំ​ហើយ​មួយ​ឆ្នាំ​ទៀត​ ដែល​ខ្ញុំ​ទៅ​ឈរ​រង់​​ចាំ​នាង​នៅ​ក្រោម​ដើម​គ្រិស្តម៉ាស ​​​មុខ​សាលារៀន​​រហូត​រឹង​ជើង ​និង​ស្ទើរ​តែ​​ក្លាយ​ជា​​ផ្តាសាយ​ដោយ​សារ​អាកាសធាតុ​ត្រជាក់​ ទោះ​បី​ជា​អាយុខ្ញុំ​មាន​វិវឌ្ឍនាការ​កើន​​ឡើង​ ​និង​រៀន​ថ្នាក់​ខ្ពស់​​​ផុត​លំដាប់​សាលា​ហើយ​ក៏​ដោយ​ រហូត​លោក​គ្រូ​អ្នក​គ្រូ​ម្នាក់ៗ​​នាំ​គ្នា​ឆ្ងល់​ថា ​ក្មេង​រឹង​រូស​ម្នាក់​នេះ ​​ម៉េច​ក៏​ស្រឡាញ់​សាលាអី​ដល់​ថ្នាក់​នេះ រៀន​ចប់​ហើយ​នៅ​​ត្រឡប់​មក​​លេង​​ព្រម​ជាមួយ​អំណោយ​ឆ្លង​ឆ្នាំ​ថ្មី​រៀង​រាល់​ឆ្នាំ​ទៀត​។

ខ្ញុំ​មិន​ចង់​គិត​ទេ​ថា ផ្កា​កែវភ្លេច​ខ្ញុំ​ ភ្លេច​ពាក្យ​សន្យា​ដែល​នាង​ជា​អ្នក​និយាយ​ចេញ​មក​ដោយ​ខ្លួន​ឯង​​ទាំងដែល​ខ្ញុំ​នៅ​ចង​​ចាំ​​និង​​នឹក​រឭក​នាង ​រហូត​ដល់​ថ្នាក់​គេង​យល់​សប្តិ​ឃើញ​​ជា​ប្រចាំ​រៀង​រាល់​ឆ្នាំ​​ក្នុង​រាត្រី​មុន​ថ្ងៃ​គ្រិស្ត​ម៉ាស​។

ប្រហែល​ជា​ខ្ញុំ​នឹក​​នាង​ខ្លាំង​​ពេក​ហើយ​ ដូច្នេះ​ត្រូវ​តែ​​កម្ចាត់​អារម្មណ៍​ទាំង​នោះ​ចេញ​ឲ្យ​អស់​ពី​ក្នុង​ចិត្ត​​ឲ្យ​បាន​លឿន​បំផុត​ ព្រោះ​នាង​​ភ្លេច​ខ្ញុំ​ទៅ​ហើយ​។ តែ​ខ្ញុំ​នៅ​តែ​ហាម​អារម្មណ៍​ដែលចង់​ជួប​នាង​មិន​  បាន។ ទោះ​បី​ត្រឹម​ជា​ការ​ជួប​គ្នា​នៅ​ក្នុង​សុបិន​​ក៏​ដោយ​ ក៏​ខ្ញុំ​​ចូលចិត្ត​ធ្វើ​ឲ្យខ្លួន​ឯង​ប្រាកដ​ក្នុង​ចិត្ត​ថា​ នឹង​ដេក​លក់​ហើយ​សុបិន​ល្អ​នៅ​រៀង​រាល់​រាត្រី​​នៃ​ថ្ងៃ​គ្រិស្តម៉ាស​អ៊ីហ្វ​។

«​កុំភ្លេចអធិដ្ឋានសុំពរដូចដែលយើងធ្លាប់ធ្វើ​​រៀងរាល់ឆ្នាំណ៎ាយុទ្ធ​! កុំភ្លេចឲ្យសោះ!!»

ខ្ញុំ​បើក​ភ្នែក​ឡើង​ម្តង​ទៀត​… ​កាំ​ពន្លឺ​​ពណ៌​មាស​ ​​ចាំង​ឆ្លុះ​​តាម​បង្អួច​ចូល​មក​ប៉ះ​គ្រែ​ដេក​ពណ៌​ស​និង​រាង​កាយ​ខ្ញុំ​។ សម្តី​ចុង​ក្រោយ​របស់​ផ្កា​កែវ ​​នៅ​លាន់វិល​វល់​ក្នុង​ត្រចៀក​ខ្ញុំ​ មិន​ព្រម​បាត់​ទៅណា​។

… យើង​ធ្លាប់​អធិដ្ឋាន​ សុំ​ពរ​ជាមួយ​គ្នា​បែប​ណាហ្ន៎? យក​កូន​បាល់​មក​បើក​មើល​​ឆ្នោត​ មិន​មែន​ឬ​?

ខ្ញុំ​សម្លឹង​មើល​ទៅ​​ក្រដាស​ទន់ៗ​ពណ៌​ផ្កា​ឈូក​ និង​ពណ៌​ផ្ទៃ​មេឃ​ ដែល​ដាក់​តាំង​លម្អពេញ​ដើម​​… ក្រដាស​ទាំង​នោះ​ច្របាច់​មូល​ចូល​គ្នា​ថើ​ៗ​​ ហើយ​បិទ​ដោយ​ស្កុត ​​ដោយ​យក​ចុង​ទាំង​សង​ខាង​ភ្ជាប់​គ្នា​។ ដោយ​សារ​មិន​មែន​បិទ​ដោយ​ជ័រ​កាវ ឬ​ស្កុត​មុខ​ពីរ​ ទើប​ធ្វើ​ឲ្យ​ងាយ​ស្រួល​ក្នុងការ​បក​ចេញ​…

ខ្ញុំ​លា​ក្រដាស​ពណ៌​ផ្កា​ឈូក​ចេញ​​ម្តង​មួយ​ៗ…​ ហើយ​​នៅ​ពេល​ឃើញ​ខ្លឹម​សារ​នៅ​ក្នុង​ក្រដាស​​ក៏​ប្រញាប់​​ងូត​ទឹក​ស្លៀក​ពាក់​ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ហាង​ទំនិញ​​ដ៏​ល្បីជាង​គេ​មួយ​រំពេច​។​

ខ្ញុំ​ដើរ​មក​​ឈរ​នៅ​កន្លែង​ដដែល ពេល​វេលា​ដដែល​ តែ​ដឹង​ថា ឆ្នាំ​នេះ​​​នឹង​មិន​ដូច​ឆ្នាំ​​មុនៗ​ទេ។

… កែវ​នឹង​មក​ ខ្ញុំ​ដឹងច្បាស់​ណាស់។

តែ​… បរិយាកាស​នៅ​រក្សា​ដូច​ដើម​… ខ្ញុំ​អង្គុយ​រង់​ចាំ​រហូត​ទាល់​​តែ​ថ្ងៃ​គ្រិស្តម៉ាសកំពុង​​តែ​កន្លង​ផុត​ទៅ​​។

… កែវ​មិន​មក កែវ​ភ្លេចទៅ​ហើយ​​ពិត​មែន។

ខ្ញុំ​ដក​ដង្ហើមធំ​​​យ៉ាង​វែង​ បង្ហើប​​រាង​កាយ​ខ្លួន​ឯង​ចេញ​ពី​បង់​អង្គុយ​ តែ​រំពេច​នោះ… ខ្សែ​ភ្នែក​របស់​​ខ្ញុំ​ក៏​ក្រឡេក​ទៅ​ឃើញ ​ដើម​គ្រិស្តម៉ាស​ក្រដាស​​តូច​មួយ​ ដែល​ខ្ញុំ​ចូល​ចិត្ត​បន្ទច់​​បង្អាក់​កែវ​រាល់ៗ​លើក​​ថា៖

«​មិន​ដឹង​ជា​បត់​ធ្វើ​ស្អីទេ ដើម​ប៉ុណ្ណេះ ​យក​ទៅ​ធ្វើ​ស្អី​កើត?!!»

កែវ​ញញឹម​ មិន​ធ្លាប់​​ឆ្លើយ​តប​នឹង​សំណួរ​នេះ តែ​មាន​ដើម​គ្រិស្តម៉ាស​ខ្លួន​តូច​ល្អិត​​យក​មក​ជូន​ខ្ញុំ​ព្រម​ជាមួយ​អំណោយ​​រៀង​រាល់​ឆ្នាំ ​រហូត​​ដល់​ថ្ងៃ​ដែល​នាង​ត្រូវ​ចាក​ចេញ​ទៅ​ឆ្ងាយ​។

… តែ​ឆ្នាំ​នេះ​នៅ​ក្រោម​ដើម​គ្រិស្តម៉ាស​តូច​មិនមែនទំនេរ​ដូច​រាល់ៗ​ឆ្នាំទេ។ ខ្ញុំ​ឃើញ​តុក្កតា​​តូចៗ​ពីរ​អង្គុយ​ផ្អែក​​គ្នា​​នៅ​ក្បែរ​ប្រអប់​កាដូ​តូច​មួយ​​។ អ្វី​ដែល​​ធ្វើ​ឲ្យ​ខ្ញុំ​​​មិន​ចង់​ជឿ​នោះគឺ ​​តើ​នាង​អាច​ធ្វើ​វា​បាន​ដោយ​របៀប​ណា? តុក្កតាទាំងពីរ​​ញញឹម​ស្រស់​​កៀក​ដៃ​គ្នា​យ៉ាង​ស្អិត​រមួត​​។

គឺ​កែវ​នោះ​ឯង​… នាង​ដើរ​ចូល​មក​ព្រម​ជាមួយ​ដើម​គ្រិស្ត​ម៉ាស​នៅ​ក្នុង​ដៃ​ដូច​ក្នុង​អតីតកាល…

«​កែវ​…» ខ្ញុំ​ហៅ​ឈ្មោះ​នាង ​ដោយ​សំឡេង​ញាប់​ញ័រ​។ កែវ​ញញឹម​ដាក់​ខ្ញុំ​… កែវ​រូប​ពិត ស្អាត​​គួរ​ឲ្យ​ស្រឡាញ់​មិន​ខុស​ពី​​ក្នុង​ការ​​យល់​សប្តិ​។ នាង​កំពុង​ឈរ​នៅ​ចំពោះ​មុខ​ខ្ញុំ​ពិត​មែន។

«​កែវ​សុំ​ទោស!» នាង​ពោល​ឡើង​ «​ដែល​កែវ​ធ្វើ​ខុស​សន្យា​រៀង​រាល់​ឆ្នាំ​។»

«​ខ្ញុំ​… យើង​…» ខ្ញុំ​និយាយ​តតាក់​​តតុប​… កែវ​មិន​បាន​ភ្លេច​ខ្ញុំ​ទេ នាង​មិន​ធ្លាប់​ភ្លេច​ខ្ញុំឡើយ​សូម្បី​តែ​បន្តិច​ តែ​រង់​ចាំ​ដោយ​ក្តី​សង្ឃឹម​​មក​រហូត​​ អស់​រយៈ​ពេល​​៧​ឆ្នាំ​។

ខ្ញុំ​ទៅវិញ​ទេ ដែល​ស្ទើ​រ​តែ​ធ្វើ​ឲ្យ​ថ្ងៃ​នេះ​​អស់​ន័យ​…

«​យុទ្ធ​ ចាំ​យូរ​ទេ?»

ខ្ញុំ​ងក់​ក្បាល​… ពិត​ជា​យូរខ្លាំង​ណាស់ ពេញ​រយៈ​ពេល​៧​ឆ្នាំ​​កន្លង​មក​។

«​តែ​ចំពោះ​កែវ ​ដូច​ជា​​​មិន​យូរ​ទេ ព្រោះ​កែវ​​បាន​ជួប​យុទ្ធ​​ជានិច្ច​… ជឿ​ទេ​ថា ​កែវ​យល់​សប្តិ​ឃើញ​​​​បាន​ជួប​យុទ្ធ​នៅ​ថ្ងៃ​គ្រិស្តម៉ាស​រៀង​រាល់​ឆ្នាំ​… ​យុទ្ធ​ដូច​នៅ​ក្នុង​យល់​សប្តិ​បេះ​បិទ​តែ​ម្តង​!»

… ចំណែក​ខ្ញុំ​ក៏​យល់​សប្តិ​… យល់​សប្តិ​ឃើញ​កែវ​​រៀង​រាល់​ឆ្នាំ​។

… មិន​ដឹង​ថា​ជា​បាដិហារិយ៍​ ឬ​ក៏​​ការ​នឹក​រឭក​របស់​យើង​ទាំង​ពីរ​អាចទាក់​ទង​គ្នា​បាន​។

… ហើយ​ក៏​ព្រោះ​សុបិន​​នេះ​ហើយ​​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ដឹង​ខ្លួន​​ មុន​នឹង​អ្វី​ៗ​យឺត​ហួស​​…

«​តែ​ឆ្នាំ​នេះ កែវ​ត្រឡប់​មក​ហើយ​ណ៎ះ!» កែវ​ឈ្ងោក​មុខ​អៀន​ៗ​ «​​មាន​​ទាំង​កាដូ​​មក​ជូន​យុទ្ធ​​​… ដូច​មុន​ៗ​ទៀត​ផង​!»

«​យុទ្ធ​ក៏​មាន​អំណោយ​មក​ជូន​កែវ​​ដែរ​ តែ… ​​កែវ​​​បិទ​ភ្នែក​សិន​ទៅ!»

កែវ​បិទ​ភ្នែក​ ហើយ​លា​ដៃ​មក​ខាង​មុខ​ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​ពេល​យើង​នៅ​ក្មេង​ៗ​ ឲ្យ​តែ​ដល់​ពេល​ជូន​​កាដូ​គ្នា​ពេល​ណា​​ តែង​តែ​ប្រាប់​ថា «​បិទ​ភ្នែក ហា​មាត់​ លាដៃ​» តែ​គ្មាន​នរណា​ហ៊ាន​ហាមាត់​ ព្រោះ​ខ្លាច​​​ត្រូវ​​បោក​ឲ្យ​ញ៉ាំ​អ្វី​ដែល​​មិន​ធម្មតា​។

«​ពេញ​ចិត្ត​ទេ?» ខ្ញុំ​សួរ​ខណៈ​ដែល​កែវ​ចាប់​ផ្តើមរលីង​រលោង​ទឹក​ភ្នែក​​​។

«​យុទ្ធ​…»

​ពន្លឺ​របស់​គ្រាប់​​ពេជ្រ​ទឹក​ល្អ ​​នៅ​លើ​ម្រាម​ដៃ​នាង​របស់​កែវ​​ ចោល​រស្មី​ភ្លឺ​ផ្លេក​ចាំង​ឆ្លុះ​នឹង​ពន្លឺ​ភ្លើង​​​​ពណ៌​​​នៃ​ដើម​គ្រិស្តម៉ាស​។ ខ្ញុំ​ផ្ទាល់​ក៏​ស្ទើរ​តែ​ច្រាល​ទឹក​ភ្នែក​ចេញ​មក​​ដែរ​ នៅពេល​ឃើញ​​​កាយ​វិការ​រំភើប​ចិត្ត​រហូត​និយាយ​មិន​ចេញ​របស់នាង​។

«​នេះគឺ​ជា​ចម្លើយ​របស់​ខ្ញុំ​​ណា​កែវ​!»

ខ្ញុំ​ហុច​ក្រដាស​ពណ៌​ផ្កា​ឈូក​៧​សន្លឹក​ ដែល​ខ្ញុំ​យក​មក​រៀង​​លំដាប់​គ្នា​ឲ្យ​នាង​មើល​។ មើល​ទៅ​កែវ​អៀន​ខ្លាំង​ណាស់ តែ​ក៏​រំភើប​ខ្លាំង​ដូច​គ្នា​។

 

«​កែវស្រឡាញ់យុទ្ធណ៎ះ

«​ថ្ងៃគ្រិស្តម៉ាសដែលកែវរៀនចប់​»

«​គឺឆ្នាំខាងមុខ​​ទៀត​»

«​កែវនឹងមកសុំចម្លើយ​»

«​រង់ចាំកែវនៅកន្លែងដើមណ៎ា

«​មើលថែខ្លួនឯងផង​»

«​នឹកកែវឲ្យបានច្រើន!!»

 

«​ព្រះ​អើយ​… ស្មាន​ថា​យុទ្ធ​មិន​ដឹង​ទេ! មុន​នឹង​ឡើង​យន្ត​ហោះ​មក​ ខំ​បន់​ស្ទើរ​ស្លាប់ សុំ​ឲ្យ​យុទ្ធ​បើក​មើល​!»

ការ​ពិត ​អាច​មក​ពី​ហេតុ​ការណ៍​នោះ​ក៏​ថា​បាន​។ ផ្កា​កែវ​​​ធ្វើ​ដំណើរ​មក​ប្រាប់​ខ្ញុំ​​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​​សុបិន​ បើ​មិន​ដូច្នោះ​ខ្ញុំ​ប្រហែលជា​បំផ្លាញ​ថ្ងៃនេះ​… ថ្ងៃ​ដែល​នាង​ទន្ទឹង​រង់​ចាំ​រហូត​មក​។

«​ចុះ​កាដូ​ខ្ញុំ​នោះ? កែវ​អាច​ជូន​ខ្ញុំ​បាន​ហើយ​ឬនៅ?»

ខ្ញុំ​ហុច​ដើម​គ្រិស្តម៉ាស​កាល​ពី​៧​ឆ្នាំ​មុន​​។ កែវ​ដាក់​ដើម​គ្រិស្តម៉ាស​ និង​កូន​តុក្កតាទាំង​ពី​រ​នៅ​លើ​បង់​​អង្គុយ​ មុន​នឹង​បើក​ក្រដាស​ពណ៌​ផ្ទៃមេឃ​ ដែល​ខ្ញុំ​បាន​សរសេរ​ទុក​ ហើយ​​បិទ​បញ្ចូល​គ្នា​​​ម្តង​មួយ​សន្លឹក​ៗ​ចេញ​ពី​ដើម​គ្រិស្តម៉ាស​ ហើយ​បើក​អាន​​។ ដៃ​ស្រលូន​របស់​នាង​កាន់​ក្រដាស​ដាក់​រៀង​​គ្នា​​នៅ​លើ​ដៃ​មួយ​សន្ទុះ​ មុន​នឹង​ញញឹម​ចេញ​មក​។

«​Yes, I do!!»

កែវ​ស្ទុះ​មក​ឱប​ខ្ញុំ​មួយ​រំពេច​​។ ដើម​គ្រិស្តម៉ាស​ក្រដាស​ទាំង​ពីរ​ជ្រុះ​​​ទៅ​លើ​​ដី​លែង​មាន​អ្នក​អើ​ពើ… ដូច​គ្នា​ដែរ ក្រដាស​ពណ៌​ផ្ទៃ​មេឃ​ដែល​ជា ​Wish List​ របស់​ខ្ញុំ​ក៏​ត្រូវ​​ព្រលែង​​ឲ្យ​ជ្រុះ​រោយ​រាយ​ពេញ​ដី​… ក្រដាស​ដែល​សរសេរ​ពី​សេចក្តី​ប្រាថ្នា​របស់​ខ្ញុំ​ក្នុង​ឆ្នាំ​នេះ… និង​ពេល​កន្លង​មក​…

«ALL»

«I»

«WANT»

«FOR»

«CHRISTMAS»

«IS…»

«YOU!!»

-END-


ផ្កាយ​NoVeLs*– កាត​​ជូន​ពរ​​ គឺ​ជា​ការ​​​បង្ហាញ​​​នូ​វ​​មនោសញ្ចេតនា​​ដែល​ខ្លួន​​មាន​​ ចំពោះ​មនុស្ស​ដែលខ្លួន​ស្រឡាញ់​ ​និង​និយម​​ជូន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​​​ ក្នុង​ឱកាស​ផ្សេង​ៗ​ដូច​ជា ថ្ងៃ​​បុណ្យ​ណូអែល ​ឬ​ថ្ងៃ​​បុណ្យ​ឆ្លង​ឆ្នាំ​ថ្មី​ជា​ដើម​​។

ថ្ងៃ​នេះ​ អ្នក​និពន្ធ​វ័យ​ក្មេង​ នឹង​នាំ​យក​​វិធី​ធ្វើ​កាត​ជូន​ពរ​ឆ្នាំ​ថ្មី​ មក​ណែ​នាំ​ឲ្យ​ប្រិយ​មិត្ត​បាន​សាក​ល្បង​​​ធ្វើ​ដោយ​ខ្លួន​ឯង ​​ហើយ​យក​ទៅ​ជូន​​អ្នក​ដែល​ខ្លួន​​ស្រឡាញ់​​ក្នុង​​ថ្ងៃ​បុណ្យ​គ្រិស្តម៉ាស​ ឬ​ថ្ងៃ​ឆ្លង​​ឆ្នាំថ្មី​ ​ខាង​មុខ​។ ក្រៅ​ពី​ទទួល​​បាន​មោទនភាព​ត្រឡប់​មក​វិញ​ ​វា​ថែម​ទាំង​ជា​ការ​សន្សំ​សំ​ចៃ​ប្រាក់​​ក្នុង​ហោប៉ៅ​​បាន​​​​​មួយ​កម្រិត​​ដែរ​​។

អ៊ីចឹង​ តោះ!​ ​មក​សាក​​ល្បង​ធ្វើ​ទាំង​អស់​គ្នា!! 😉

  • ឧបករណ៍និងសម្ភារៈដែលប្រើ​​តុបតែងកាតជូនពរ

១. ក្រដាស​រឹង​

២. ក្រដាស​​​ពណ៌​ស្តើង​ៗ​

៣. ស្រោម​

៤. កាវ​​ស្ងួត​​

៥. ប្រដាប់​ចោះ​ក្រដាស​​(ឧបករណ៍​នេះ​មិន​ចាំ​បាច់​​ទេ,​ ​​មាន​តែ​​ម្ជុល​ធំៗ​ ឬ​ម្ជុលចោះ​រង្វង់ ​​​ប្រើ​ជំនួស​​ក៏​បាន)

៦. កាំ​បិត​​កាត់​

៧. កន្ត្រៃ​

៨. ​ខ្សែ​​​ក្រចៅ​ ឬ​ខ្សែ​សរសៃ​ធំៗ​​​ដែល​ធ្វើ​ពី​ក្រដាស​

៩. ​បូ

១០. ​អំបោះសូត្រ​​ពណ៌​​ផ្លេក​ៗ​

១១. ឡេវ​​ថោកៗ ឡេវ​សល់ ​​កុំ​បោះ​ចោល​​ មាន​ប្រយោជន៍​គឺ​ពេល​នេះ​ឯង​​។

១២. ចំរៀក​​កំណាត់​, គឺ​កាត់​សាច់​កំណាត់​ជា​រាង​បួន​ជ្រុង​ ឬ​បី​ជ្រុង​តូច​ៗ​ ទំហំ​ប្រមាណ​២ ឬ​៣សង់​ទី​ម៉ែត្រ។​ កាត់​ចុះ​ ប៉ុន​គ្នា​ខ្លះ មិន​ប៉ុន​គ្នា​ខ្លះក៏​បាន ​ព្រោះ​​សិល្បៈ​គ្មាន​​ព្រំ​ដែន​ទេ​ 😉 ។

  • វិធីធ្វើកាតជូនពរឆ្នាំថ្មី

១. ចាប់​ផ្តើម​កាត់​ក្រដាសរឹង​​តាម​ខ្នាត​ដែល​ត្រូវ​ការ​ សរសេរ​​អ្វី​បន្តិច​បន្តួច​នៅ​លើ​ក្រដាស​នោះ​ក៏​បាន​​ អាច​ជា​​​ឈ្មោះ​ខ្លួន​ឯង​​​​ ឬ​ក៏​ព្រីន​​យក​តែ​ម្តង​ក៏បាន​​​(តែ​បើ​ធ្វើ​មិន​ប៉ុន្មាន​​សន្លឹក​ទេ​ សរសេរ​ដៃ​ខ្លួន​ឯង​​ទើប​គួរ​ឲ្យ​ស្រឡាញ់​ជាង​ គេ​នឹង​​ដឹង​ថា កាត​មួយ​សន្លឹក​នេះ យើង​ខំ​​ធ្វើ​​ដោយ​ទឹក​ចិត្ត​! 🙂 )

២. បន្ទាប់​មក​ចាប់​ផ្តើម​សរសេរពាក្យ​ជូន​ពរ​​ ​ដោយ​ប្រើ​ក្រដាស​ពណ៌​ស្តើង​ៗ​។ ចង់​ជូន​ពរ​បែប​ម៉េច​​ក៏​សរសេរ​បែប​នោះ​ទៅ អាច​សរសេរ​ដៃ​ ឬព្រី​ន​ក៏​បាន​។ តាម​រូប​នេះ​ គឺ​គេ​​ព្រីន​យក​ ដោយ​​អាច​ប្រើ​កម្មវិធី​ហ្វូតូសប​បន្ថែម​សោភ័ណ​ ​រើស​ពណ៌​តួ​អក្សរ​ និង​​​រៀប​ចំ​ខ្លឹម​សារ​​ពាក្យ​ជូន​ពរ​តាម​ទម្រង់​ផ្សេង​ៗ​។ ក្រដាស​A4 អាច​ធ្វើ​បាន​ច្រើន​គួរ​សម​ដែរ​ តែ​បើ​ពាក្យ​ជូន​ពរ​វែង​ បន្ថែម​​ឈ្មោះ​និង​នាម​ត្រកូល រួម​ទាំង​អាសយដ្ឋាន​​ទៀត ក៏​បាន​ប្រមាណ​៣​សន្លឹក​ដែរ​​។ នៅ​ពេល​​ព្រីន​ចេញ​មក​ហើយ ក៏​យក​កន្ត្រៃ ឬ​កាំ​បិត​កាត់​ក៏​បាន​ តាម​តែ​ភាព​ងាយ​ស្រួល​។

៣. ពេល​នេះ ​ដល់​ពេល​ដែល​ត្រូវ​តុប​តែង​ក្រដាស​របស់​យើង​ហើយ​​ ឯ​ជំនួយ​ការ​ដែល​សំខាន់​សម្រាប់​រឿង​នេះ​ គឺ​​ចម្រៀក​កំណាត់​ កាត់​ជា​៣​ជ្រុង ឬ​៤​ជ្រុង​ក៏​បាន​តាម​ចិត្ត​​ បន្ទាប់​មក​យក​​កាវ​មក​លាបជាយ​​ៗ​​ឲ្យ​សព្វ​ ​រួច​បិទ​នៅ​កន្លែង​ដែល​ត្រូវ​ការ​។

៤. មើល​ផ្នែក​ខាង​មុខ​ ហើយ​រក​កន្លែង ​ដែល​ស័ក្តិ​សម​សម្រាប់​ដោត​បូ​។​ ប្រើ​កាំ​បិត​កាត់​(cutter)​ ចោះ​​ស្នាមយក​​តូច​ៗ​ឲ្យ​ល្ម​ម​ដោត​បូ​ចូល​បាន​។

៥. ដោត​បូ​ចូល​តាម​ស្នាម​ដែល​យើង​បាន​ចោះ។

៦. យក​ចុង​ទាំង​សង​ខាង​​​មក​ចង​ធ្វើ​បូ​​ផ្នែក​ខាង​មុខ​។ បើ​អ្នក​ណា​មិន​ពូកែ​ចង​បូ​ទេ ឲ្យ​​ចង​គួច​ទុក​សិន​​ ដែល​ចាស់​ៗ​ចូល​ចិត្ត​ហៅ​ថា ចង​សម្លាប់​មុខ​នោះ​​អី! បន្ទាប់​ពី​ចង​បែប​នោះ​ហើយ​ ​​សឹម​មក​​ចង​​ចាប់​​​បូតាម​ក្រោយ ដែល​អាច​នឹង​ងាយ​ជាង​ ​ដោយ​យក​ចុង​​​ទាំង​​​សង​ខាង​​មក​ចង​ធ្វើ​បូ​នៅ​​​ផ្នែក​ខាង​មុខ​។

៧. បើ​នៅ​មិន​ទាន់​អស់​ចិត្ត​ទេ អាច​បន្ថែម​បូ​មួយ​ជាន់​​ទៀត​កាន់​តែ​ល្អ​ ដោយ​យក​អំបោះ​សូត្រ​ពណ៌​ផ្លេក​​មក​ចង​​ពី​លើ​ដូច​​ចង​ខ្ចប់​កាដូ។

៨. ពេល​ចង​រួច​នឹង​ចេញ​មក​បែប​នេះ។ អំបោះ​សូត្រ​ពណ៌​ផ្លេក​​មិន​បាច់​ចោះ​ក្រដាស​ទេ ព្រោះ​ក្រដាស​​​​មាន​ក្រប​បត់​​​ជា​​ពីរ​ ដូច្នេះ​គ្រាន់​តែ​​ចង​វាបណ្តោយ​តាម​​ក្រប​ខាង​លើ​ គឺ​បាន​ហើយ​។

៩. បន្ទាប់​​មក​​ក៏​​ប្រើ​​ឡេវ​​តុប​​តែង​​បន្ថែម​​ដោយ​​ប្រើ​​កាវ​ស្ងួត​​​ដដែល​​។

១០. ​ផ្នែក​ខាង​ក្នុង​របស់​កាត​​ ត្រូវ​យក​ក្រដាស​ពណ៌​​​​ដែល​​បាន​​សរសេរ​ពាក្យ​ជូន​ពរ​រួច ​មក​ដាក់​ពី​លើ​​ផ្នែក​ម្ខាង​ទៀត​​នៃកាត​​ រួច​ចោះប្រហោង​​​តូច​ៗ​ចំនួន​​ពី​រ​។

១១. ប្រហោង​​ដែល​ចោះ​​​នោះ​ ជា​រន្ធ​សម្រាប់​ចង​អំបោះ​សូត្រ​ ដើម្បី​​ភ្ជាប់​ក្រដាស​ជូន​ពរ​នឹង​កាត​រឹង​​​​ជំនួស​​ការ​​បិទ​កាវ​​។

១២. កម្ទេច​កំណាត់​តូច​ៗ​ស្អាត​ៗ បើ​បោះ​​ចោល​គួរ​ឲ្យ​ស្តាយ​​ណាស់​ ដូច្នេះបើ​​យក​វា​មក​បិទ​ឆ្លាស់​គ្នា​បន្ថែម​ ក៏​អាច​បង្កើន​សម្រស់​ឲ្យ​កាត​ជូន​ពរ​កាន់​តែ​​ស្អាត​ប្លែក​ដែរ​។

១៣. បើ​ចង់​ប្តូរ​មក​ចង​បូ​បែប​នេះ ឬ​ចង​បែប​នេះ ឬ​ក៏​ចង់​ចោះ​រន្ធ​​ចង​បូ​​តូច​ៗ​​បែប​នេះ ត្រូវ​ចោះ​​ក្រដាស​​ជា​ពីរ​ជួរ មួយ​ជួរ​មាន​បី​រន្ធ​​ បន្ទាប់​មក​ក៏ក្រង​អំបោះសូត្រ​ឲ្យ​​​ដូច​ចង​ខ្សែ​ស្បែក​ជើង​​ជា​ការ​ស្រេច​។

១៤. កាត់​កំណាត់​ដែល​នៅ​សល់ ឬ​ឡេវ​ដែល​ប្រើ​មិន​អស់​ មក​បិទ​បន្ថែម​​ត្រង់​កន្លែង​ណា​ដែល​យល់​ថា​ស័ក្តិ​សម​ ហើយ​ធ្វើ​ឲ្យ​កាត​ជូន​ពរ​របស់​យើង​កាន់​តែ​ស្រស់​ស្អាត​។

ទំនេរ​ៗ ​សូម​​សាក​ល្បង​ធ្វើ​ណ៎ា!

បំណង​ល្អ​ពី អ្នក​និពន្ធ​វ័យ​ក្មេង​!! (^_^)


«​ការ​ពិត ​​បង​គឺ​ជា​បណ្ណាធិការ​ប្រចាំ​រោង​ពុម្ព​នោះ​សោះ!» ក្មេង​ស្រី​បើក​ភ្នែក​ធំៗ​។ ខ្ញុំ​នឹក​ប្លែក​ចិត្ត​បន្តិច​ដែរ ដែល​ក្មេង​ស្រី ​​High Show ដូច​ជា​រូប​នាង​ចាប់​អារម្មណ៍​នឹង​រឿង​សៀវភៅ​បែប​នេះ​។ ជា​ពិសេស​នាង​ដឹង​ច្បាស់​ថា ការ​ងារ​ដូចខ្ញុំ​​ត្រូវ​ធ្វើ​អ្វី​ខ្លះ​? ​ហើយ​អ្វី​ជា​លក្ខណៈ​ខុស​គ្នា​រវាង​រោង​ពុម្ព​ និង​គ្រឹះ​ស្ថាន​បោះពុម្ព​ផ្សាយ​ ដោយ​គ្រាន់​តែ​ខ្ញុំ​បង្ហើប​ប្រាប់​នាង​ថា ពេល​នេះ​ខ្ញុំ​កំពុង​ត្រូវ​ការ​ editor បន្ថែម​ម្នាក់​ទៀត​។

«​ចូល​ចិត្ត​អាន​សៀវ​ភៅ​​​ដែរ​ឬ?»

«​មើល​ងាយ​ខ្ញុំ​ពេក​ហើយ​!» នាង​និយាយ​ធ្វើ​មុខ​ស្អុយ​។

«​ចុះ​បើ​ឃើញ​ក្មេង​ៗ​សម័យ​ឥឡូវ​មិន​ចូលចិត្ត​អាន​សៀវភៅ​ផង!»

«​មាន​ពេល​ឯណា​អាន​ បើ​​សូម្បី​តែ​​ដើរ​ឆ្លង​ថ្នល់​ក៏​បើក​ហ្វេស​ប៊ុកមើល​ដែរ!» នាង​តប​តែ​មុខ​នៅ​ខ្មូរ​ដដែល​។ កាយ​វិការ​របស់​នាង​ ធ្វើ​ឲ្យ​ខ្ញុំ​​នឹក​ដល់​នារី​ម្នាក់​នោះ​យ៉ាង​ខ្លាំង​។

«​គឺ​ដូច​អ្នក​ខ្លះ​អ៊ីចឹង អផ្សុក​ថ្ងៃ​កំណើត​ខ្លាំង​ពេក​​ ក៏​យក​ហ្វេស​ប៊ុកធ្វើ​​ជា​ពួក​ម៉ាក!» ខ្ញុំ​និយាយ​ស៊ក​នាង​ ដើម្បី​ចង់​ដឹង​ថា តើ​នាង​នឹង​មុខ​ក្រហម​ ​ហើយ​បើក​ភ្នែក​ក្រឡឺត​ក្រឡាប់​ដាក់​ខ្ញុំ​​ ដូច​​នារី​ម្នាក់​ដែល​បានចាក​ចេញ​ទៅ​ហើយ​នោះ​ឬទេ…

«​ចុះ​បើ​គ្មាន​ហ្វេស​ប៊ុក​ ស្មាន​ថា បង​​អាច​មក​ជួប​ខ្ញុំ​បាន​​ឬ?» អ្វី​ដែល​ខ្ញុំ​ស្មាន​ ពិត​ជា​មិន​ខុស​មែន​! កាយ​វិការ​របស់​ក្មេង​ស្រី​នេះ ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​នារី​ម្នាក់​នោះ​ស្ទើរ​តែ​ស្រែក​យំ​ម្តង​ៗ​។

«​ហ៊ឺមមម… ចុះ​នរណា​ឲ្យ​រាត្រី​ថ្ងៃ​គ្រិស្ត​ម៉ាស​ឯកោ​យ៉ាង​នេះ?»

ខ្ញុំ​ភ្លេច​ខ្លួន​ដក​ដង្ហើម​ធំ​​យ៉ាង​វែង​ ហាក់​បន្ធូរ​ទុក្ខ​​ដែល​នៅ​ជាប់​​ណែន​ក្នុង​​ទ្រូង ​​​ចេញ​មក​ក្រៅ​​ទាំង​អស់​។ ក្មេង​ស្រី​អង្គុយ​ទល់​មុខ​ បើក​ភ្នែក​ធំៗ​មើល​មក​ខ្ញុំ​ហាក់​កំពុង​ស្ទាប​ស្ទង់​ចិត្ត​។ ខ្ញុំ​គេច​ភ្នែក​ចេញ​ពី​នាង​ ហើយ​​បន្លប់​ដោយ​ការ​ក្រឡេក​មើល​នាឡិកា​ ដែល​ពេល​នេះ​ទ្រនិច​ចង្អុល​ម៉ោង​ ១០ និង​ ៣០​នាទី​​ហើយ​។

ខ្ញុំ​បក់​ដៃ​ហៅ​បុគ្គលិក​ក្នុង​ហាង​ ឲ្យ​មក​លើក​ចាន​អាហារ​​ចេញ​ ហើយ​រៀប​តុ​សា​ជា​ថ្មី​ដោយ​យក​នំ​ខេក​ដែល​ក្មេង​ស្រី​​បាន​ត្រៀម​ទុក​មក​អុជ​ទៀន​ ហើយ​ច្រៀង​ជូន​ពរ​ថ្ងៃ​កំណើត​នាង​ ទាំង​ដែល​យើង​ទាំង​ពីរ​​នៅ​មិន​ទាន់​ស្គាល់​ឈ្មោះ​គ្នា​នៅ​ឡើយ​។ មុន​នឹង​កាត់​នំ​ខេក​​​ញ៉ាំ​ ខ្ញុំ​ក៏​លូក​យក​ប្រអប់​កាំ​ម្ញី​នៅ​ក្នុង​ហោប៉ៅ​​ជូន​ទៅ​នាង​ជា​កាដូ​ថ្ងៃ​កំណើត​។ នាងទទួល​វា​​យក​ទៅ​បើក​មើល​ ហើយ​បើក​ភ្នែក​ធំៗ​សម្លឹង​ខ្ញុំ​យ៉ាង​ចម្លែក​ចិត្ត​។

«​ថា​អី​ចេះ​ខុស ពិត​ជា​​​​​មាន​វិបត្តិ​ស្នេហា​មែន​!» ក្មេង​ស្រី​ផ្ឌឺ ខ្ញុំ​សើច​នៅ​ក្នុង​បំពង់​ក​។

«​អត់​មាន​ទេ…»

«​ប្រហែល​ជា​ថ្លៃ​ណាស់​ហើយ​មួយ​វង់​នេះ!»

«​មិន​ថ្លៃ​ទេ របស់​កាឡៃ​ប៉ុណ្ណោះ តម្លៃ​មិន​ដល់​៥​ពាន់​រៀល​​ផង​ទេ។» ខ្ញុំ​និយាយ​កុហក​ព្រោះ​មិន​ចង់​រក្សា​វា​ទុក​ត​ទៅ​ទៀត​។

«​ត្រឡប់​ទៅ​ផ្ទះ​បាន​ហើយ ចង់​ឲ្យ​ជូន​ដល់​ណា​ក៏ អញ្ជើញ​​​ប្រាប់​មក​ចុះ!» ខ្ញុំ​និយាយ​បន្ត​នៅ​ពេល​ឃើញ​ម្ខាង​ទៀត​ស្ងាត់​។

«​ល្អ​ឬ? ខ្ញុំ​ថា ​ពេល​នេះ​ប្រហែល​​ជា​ប៉ូលីស​ចាំ​​ស្ទាក់​គ្រប់​ច្រកអស់​ហើយ​ បើ​ខ្ញុំ​ជិះ​ឡាន​ទៅ​ជា​មួយ​​បង​ ច្បាស់​ជា…»​ ក្មេង​ស្រី​និយាយ​​បង្អាក់​សម្តី​ ដែល​ល្មម​កាត់​យល់​បាន​។ ខ្ញុំ​ស្តាប់​ហើយ​ ក៏​ត្រូវ​ប្តូរ​ឥរិយាបថ​មួយ​រំពេច​ សង្ស័យ​រាត្រី​គ្រិស្តម៉ាស​ឆ្នាំ​នេះ​ មិន​អាច​បញ្ចប់​ទៅ​ងាយ​ៗ​នោះ​ទេ។ ក្នុង​ខណៈ​ដែល​កំពុងរវើរវាយ​​ ស្រាប់​តែ​​ក្មេង​ស្រី​នោះ​​លោ​មុខ​​ចូល​មក​ជិត​ខ្ញុំ​។ នាង​ជា​អ្នក​ថើប​ខ្ញុំ​មុន​។​ ខ្ញុំ​រាប់​មួយ​ដល់​បី​នៅ​ក្នុង​ចិត្ត​ មុន​នឹង​សម្រេច​ចិត្ត​​តប​​ស្នង​នាង​វិញ តែនាង​​ត្រឡប់​​ជា​យក​ម្រាម​ដៃ​បិទ​មាត់​ខ្ញុំ​ ហើយ​ខ្សឹប​ក្បែរ​ត្រចៀក​ដោយ​សំឡេង​ខ្សាវ​ៗ​។ ​

«​បង​… ទៅ​សណ្ឋាគារ​ទៅ ខ្ញុំ​នឹង​ស្អំ​​របួស​បេះ​ដូង​បង​…» ក្មេង​ស្រី​ពោល​ពាក្យ​យ៉ាង​មាន​អារម្មណ៍​។ ខ្សែ​ភ្នែក​របស់​នាង​ ​មិន​មែន​ជា​ខ្សែ​ភ្នែក​របស់​ក្មេង​ស្រី​មិន​ដឹង​អី ​ដូច​ដែល​ខ្ញុំ​ធ្លាប់​គិត​នោះ​​​​ទេ តែ​ជាខ្សែ​ភ្នែក​របស់​នារី​ក្រមុំ​ ដែល​កំពុង​សម្លឹង​ប្រុស​កំលោះ​​នៅ​ចំពោះ​មុខ​​។ ខ្ញុំ​ដក​ដង្ហើម​​បញ្ជូន​សំឡេង​ក្នុង​បំពង់​ក​​ឆ្លើយ​តប​​យល់​ព្រម​។

ព្រឹក​ស្អែក​ឡើង​ ខ្ញុំ​​ភ្ញាក់​​មក​ធ្វើ​ការ​តាំង​ពី​ព្រលឹម​។ មុខ​មាត់​មើល​មិន​យល់​ទេ ព្រោះ​អត់​ដេក​អត់​ពួន​ពេញ​មួយ​យប់​​។ ​កាល​ពី​យប់​មិញ​​​ ក្រោយ​ពេល​ទៅ​ជួល​បន្ទប់​នៅ​​សណ្ឋាគារ​​ហើយ ខ្ញុំ​ក៏​សុំ​ខ្លួន​​ចុះ​មក​​ក្រោម​ ដើម្បី​ទិញ​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​មួយ​ចំនួន​ ក្នុង​ខណៈ​ដែល​នាង​កំពុង​ងូត​ទឹក​​សម្អាត​ខ្លួន​។ ឆ្លៀត​ឱកាស​នេះ ​ខ្ញុំ​ក៏​បើក​ឡាន​​ត្រឡប់​មក​ផ្ទះ​ តែ​ក៏​មិន​អាច​ធ្វើ​ឲ្យ​ខ្ញុំ​​មិន​នឹក​បារម្ភ​ពីក្មេង​ស្រី​ម្នាក់​នោះ​​បាន​ តែ​ឲ្យ​​ខ្ញុំ​ធ្វើ​អ្វី​បាន​ច្រើន​ជាង​នេះទៀត?

«​ជម្រាប​សួរ​លោក​ចៅ​ហ្វាយ​!» លេខា​​មុខ​បន្ទប់​ខ្ញុំ ​ក្រោក​ឡើង​​សំពះ​គួរ​សម​ «​​ថ្ងៃ​នេះ​ Editor ថ្មី​ដែល​​ក្រុម​ហ៊ុន​យើង​បាន​ជ្រើស​រើស​​ នឹង​មក​ដល់​​ តើ​ឲ្យគេ​​ចូល​ជួប​ក្នុង​បន្ទប់​សម្ភាសន៍​ឬ​?»

«​​ឲ្យ​គេ​​ចូល​មក​​​​​ជួប​ខ្ញុំ​តែ​ម្តង​ចុះ ហើយ​សុំ​កាហ្វេ​ចត់​ៗ​មួយ​កែវ​ផង​!» ខ្ញុំ​បញ្ជាក់​ប្រាប់​ មុន​នឹង​ដើរ​ចូល​ក្នុង​បន្ទប់​​ផ្ទាល់​ខ្លួន​។

នៅ​ក្នុង​បន្ទប់​ សំណៅ​សៀវភៅ​ជា​ច្រើន ​មិន​ទាន់​បាន​ពិនិត្យ​ ដាក់​គរ​លើ​គ្នា​ពេញ​តុ។ ប្រព័ន្ធ       ​​​កុំ​ព្យូរទ័រ​នៅ​ក្នុង​បន្ទប់​​​ បង្ហាញ​កាល​វិភាគ​​ការ​ងារ​ក្នុង​ថ្ងៃ​នេះ​​។ ខ្ញុំ​​អត់​គ្រវី​ក្បាល​​មិ​ន​បាន​នៅពេល​ឃើញ​​កាល​វិភាគ​ការ​ងារ​ដែល​ណែន​ក្តាន់​ តែ​ទោះ​យ៉ាង​ណា​ក៏​គេច​ទៅ​ណា​មិន​រួច​​ ទើប​សម្រេច​ចិត្ត​អង្គុយ​ចុះ​​​ ហើយ​ចាប់​ផ្តើម​ធ្វើ​ការ​។ លេខា​លើក​ពែង​​កាហ្វេ​ចូល​មក​ ព្រម​ទាំង​រាយ​ការណ៍​ថា editor ថ្មី​មក​ដល់​ហើយ​។ ខ្ញុំ​ងក់​ក្បាល​ទទួល​ឲ្យ​អញ្ជើញ​ចូល​មក​​បាន តែ​ក៏​មិន​ទាន់​​​ដក​ភ្នែក​ចេញ​ពី​ការ​ងារ​ដែល​កំពុង​    ធ្វើ​។

«​អញ្ជើញ​អង្គុយ​សិន​ចុះ ខ្ញុំ​សុំ​ធ្វើ​ការ​បន្ត​ពីរ​បី​នាទី​ទៀត​សិន​!»

«​ចា៎ស​ អរគុណ​បង!​» សំឡេង​នោះ ​ធ្វើ​ឲ្យខ្ញុំ​​បញ្ឈប់​ដៃ​ខ្លួន​ឯង​​មួយ​រំពេច​​ ហើយ​ងើប​មុខ​ឡើង​​សម្លឹង​មើល ​editor ថ្មី​​​​។ ក្មេង​ស្រី​កាល​ពី​ម្សិល​មិញ​ កំពុង​ឈរ​ញញឹម​​ញញែម ​នៅ​ចំពោះ​មុខ​ខ្ញុំ​​ក្នុង​ឯកសណ្ឋាន​​អ្នក​ធ្វើ​ការស្រី​​ ដោយ​តុប​​តែង​មុខ​ ទម្លាក់​សក់​​ប៉ប្រះ​ស្មា​​គួរ​ឲ្យ​ស្រឡាញ់​។ អ្វី​ដែល​អាច​អះ​អាង​បាន​ច្បាស់ជាង​អ្វី​ដែល​ឃើញ​ គឺ​ចិញ្ចៀន​​មួយ​វង់​ដែល​ខ្ញុំ​ប្រគល់​ជូន​នាង​ ស្ថិត​នៅ​លើ​ម្រាម​ដៃ​​នាង​​ខាង​​ឆ្វេង​​។ មនុស្ស​​ស្រី​ដែល​ខ្ញុំ​គិត​ថា​គ្រាន់​តែ​​ជា​កុមារី​ម្នាក់​នោះ​ ពេល​ស្លៀក​ពាក់​ដូច្នេះ​ទៅ ពេញ​ក្រមុំ​ស្តូក​តែ​ម្តង​!

យើង​ទាំង​ពីរ​ចាប់​ផ្តើម​ណែនាំ​ខ្លួនចំពោះ​គ្នា​ទៅវិញ​ទៅ​មក​​…៕


ខ្ញុំ​អង្គុយ​ចុះ​សន្សឹម​ៗ ​ក្រោម​ដើម​ពោធិ៍​​​មុខ​ទឹក​បាញ់​ ដែល​បញ្ចេញ​ពន្លឺ​ឆពណ្ណរង្សី​ឆ្លុះ​គ្នា​តាម​ចង្វាក់​​ភ្លេង​​គួរ​ឲ្យ​ភិសម័យ​។ បុរស​មាឌ​ធំ​ពាក់​អាវ​​​​ពណ៌​ក្រហម​​​ និង​​ពុក​មាត់​​ស​វែង​បញ្ចេញ​សំណើច​ក្អាក​ក្អាយ​​តាម​អត្តសញ្ញាណ​ដើមរបស់​សាន់​តា​ក្លូស កំពុង​​​ដើរ​ចែក​ខិតបណ្ណ​អញ្ជើញ​ ទៅ​ចូល​រួម​កម្ម​វិធី ប្រូម៉ូហ្សិន​​​​​ពិសេស​សម្រាប់​ថ្ងៃ​នេះ​ ក្នុង​ខណៈ​ដែល​ក្រុម​នារី​ៗ​​ពាក់​អាវ​ក្រហមដៃ​​ខ្សែ​មួយ​ដើរ​បង្ហាញ​សាច់​ស​ត្រសូល​​ដោយ​ទឹក​មុខ​ញញឹម​ញញែម​ និង​សើច​ក្អាក​ក្អាយ​ជា​ក្រុម​ៗ​។ សកម្មភាព​ទាំង​អស់​​នេះ​ បង្ហាញ​ឲ្យ​ខ្ញុំ​ដឹងថា​ រាត្រី​នេះ​ទើប​តែ​ចាប់​ផ្តើម…​ គឺ​រាត្រី​នៃ​​ថ្ងៃ​​គ្រិស្តម៉ាស​។

​ថ្វី​បើ​ជា​ចុង​ខែ​ធ្នូ​​ តែ​អាកាស​ធាតុ​ត្រលប់​ជា​ស្អុះ​ស្អាប់​ចម្លែក​។ ខ្ញុំ​ដោះ​ក្រវាត់​ក​​ចំហ​ឡេវ​អាវ​​​បន្ធូរ​ភាព​​តាន​តឹង​សិន​ មុននឹង​ដោះ​អាវ​ធំ​ពណ៌​ខ្មៅ​មក​បត់​ទុក​ក្បែរ​ខ្លួន​។ ខ្ញុំ​បើក​ប្រអប់​កាំ​ម្ញី​​​ពណ៌​​ក្រហម​នៅ​ក្នុង​ដៃ​មើល​ម្តង​ទៀត… ចិញ្ចៀន​មាស​ស​តូច​មួយ​​រំលេច​​ដោយ​ត្បូង​ពេជ្រ​​ភ្លឺ​ផ្លេក​ តម្លៃ​ស្មើ​នឹង​ប្រាក់​ខែ​​ពីរ​ដង​​ទេ​ដឹង ស្ថិត​នៅ​ក្នុង​ប្រអប់យ៉ាង​ស្ងៀម​ស្ងាត់​​ដដែល​​។ ខ្ញុំ​បិទ​វា​ទុក​នៅ​ក្នុង​ហោប៉ៅ​ខោ​​ព្រម​ទាំង​សើច​ចំអក​ឲ្យ​​​ខ្លួន​ឯង​បណ្តើរ ​មុននឹងលូក​យក​ទូរស័ព្ទ​ដៃ​​នៅ​ក្នុង​អាវ​ធំ​ដែល​បត់​ទុកក្បែ​រ​នោះ​​។ ចិញ្ចៀន​ពេជ្រ​​មួយ​វង់​នេះ​មាន​តម្លៃ​ធំ​ធេង​ណាស់​​សម្រាប់​ខ្ញុំ​ តែ​បែរ​ជា​គ្មាន​ន័យ​​សោះ​សម្រាប់​មនុស្ស​ស្រី​ម្នាក់​។ បី​ខែ​ហើយ​​ដែល​ខ្ញុំ​មិន​បាន​ទទួល​ដំណឹង​ពី​សង្សារ​​បណ្តូលចិត្ត បន្ទាប់​ពី​នាង​ត្រឡប់​មក​​ពី​ប្រទេស​ជប៉ុន​វិញ​។ ខ្ញុំ​មិន​យល់​ទេ​ថា ​យើង​នៅ​ជា​សង្សារ​នឹង​គ្នា​ទៀត​ឬ​អត់​ ព្រោះ​តាំង​ពី​នាង​​ទៅ​ប្រទេស​ជប៉ុន​រហូត​ត្រឡប់​មក​វិញ​ ​នាង​មិន​ដែល​ទាក់​ទង​មក​ខ្ញុំ​ទេ គឺ​គ្រប់​ពេល​ខ្ញុំ​ជា​អ្នក​ចាប់​ផ្តើម​រហូត​។ ជា​សង្សារ​នឹង​គ្នា​ បើ​មិន​ដែល​ទាក់​ទង​គ្នា​ តើ​គេហៅ​ថា​ជា​សង្សារ​ឬ​ទេ? ​ខ្ញុំ​ចេះ​តែ​សួរ​ខ្លួន​ឯង​ តែ​ចម្លើយ​មិន​ច្បាស់​មួយ​ណា​សោះ។ ខ្ញុំ​ធ្លាប់​សួរ​នាង​ថា​ ហេតុ​អ្វី​មិនទាក់​ទង​មក​ខ្ញុំ​? នាង​ប្រាប់​ថា ទូរស័ព្ទ​ខូច​​បាត់​លេខ​ទាក់​ទង​មិន​បាន​… ចុះ​អ៊ីមែល​អ៊ីនធើណេត?​ កុំ​ព្យូទ័រ​ខូច​គ្មាន​ភាសា​ពិបាក​ប្រើ… ខ្ញុំ​នៅ​តែ​ធ្វើ​ល្ងង់​ព្រម​ជឿ…

បន្ទាប់​ពី​​យក​ទូរស័ព្ទ​ចេញ​មក​ ខ្ញុំ​ក៏​​​​ឡុក​អ៊ីន​ចូល​ក្នុង​ទំព័រ​ហ្វេស​ប៊ុក ​​ដើម្បី​រក​មើល​ថា តើ​មាន​នរណា​ឯកោ​ដូច​ខ្ញុំ​ឬ​ទេ​​ ក្នុង​រាត្រី​​គ្រិ​ស្តម៉ាស​បែប​នេះ​។ ​ម្តង​ៗ​ដែល​ខ្ញុំ​ឡុក​អ៊ីន​រួច​ហើយ​ ខ្ញុំ​ស្ទើរ​តែ​ទប់​​អារម្មណ៍​មិន​បាន​នៅ​ពេល​ឃើញ​​ relationship ក្នុង​ profile របស់​ខ្ញុំ​មិន​ដូច​ពី​មុន​។ គឺ​នាង​ជា​អ្នក​ឲ្យ​ខ្ញុំ​confirm បែប​នេះ​។ ចុច​ទៅ​ចុច​មក​ ខ្ញុំ​ក៏​បាន​ប្រទះ​​ឃើញ​​ status របស់​នរណា​ម្នាក់​សរសេរ​ថា…

«​ថ្ងៃ​នេះ​ថ្ងៃ​កំណើត​ខ្ញុំ!!… Happy Birth Day to Me!! Y_Y​» ដោយ​ភាព​​​អផ្សុក​កណ្តោច​     កណ្តែង​ពេក​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​​សរសេរ​ខំមិន​តប​ទៅ​វិញ​…

«​រីក​រាយ​ថ្ងៃ​កំណើត​!» ខ្ញុំ​សរសេរ​ខំ​មិន​នេះ​ ដោយ​​នៅ​ក្នុងខួរ​​ក្បាល​នៅ​នឹក​សង្ស័យ​ថា ​ម្ចាស់​ថ្ងៃ​កំណើត​នៅទីណា​? តែ​ទោះ​យ៉ាងណា ​ក៏​នៅ​មិន​ឆ្ងាយ​​លើស​ពី​មួយ​គីឡូ​ម៉ែត្រដែរ​​។ ខ្ញុំ​ដឹង​ព្រោះ​ខ្ញុំ​ក៏​ជា​ស្តេច​IT​ម្នាក់​ដែរ​ កាល​នៅ​រៀន​។ ខ្ញុំ​វាស​ភ្នែក​មើល​ជុំវិញ​ខ្លួនឯង​…​ នៅ​ទី​នេះ​មាន​មនុស្ស​ម្នា​កក​កុញ​ ខ្លះ​ដើរ​លេង​ ខ្លះ​និយាយ​គ្នា… ការ​ដែល​រក​មនុស្ស​ម្នាក់​ក្នុង​ចំណោម​​ហ្វូង​មនុស្ស​កក​កុញ​បែប​នេះ​ជា​រឿង​មួយ​ដ៏​ពិបាក​។ ក្រោយ​ពី​ខ្ញុំ​សរសេរ​ខំមិន​ចូល​​ទៅ មិន​យូរ​​ប៉ុន្មាន​ក៏​មាន​មនុស្ស​សរសេរ​តប​មកវិញ​។

«​ចាស៎! អរគុណ​ លោក​ជា​មនុស្ស​ទី​មួយ​ហើយ ដែល​ជូន​ពរ​ថ្ងៃ​កំណើត​ខ្ញុំ​!» ខ្ញុំ​អាន​ហើយ​ក៏​  ញញឹម​​ចេញ​មក​យ៉ាង​ប្លែក​ចិត្ត​។

«​មនុស្ស​អី​ក៏​ឯកោ​សម្បើម​ម្ល៉េះ!» ខ្ញុំ​និយាយ​តិច​ៗ​ មុននឹង​ងាក​មើល​ជុំ​វិញ​ខ្លួន​ម្តង​ទៀត​។ ​តើ​នរណា​ទៅ​​ជា​នារី​ម្នាក់នេះ​​?

«​បើ​អ៊ីចឹង​ ខ្ញុំ​សុំ​ប៉ាវ​នំ​ខេក​ថ្ងៃ​កំណើត​បាន​ទេ?»

«​នំ​ខេក​មាន​រួច​ហើយ​!»

«​គិត​ចង់​ឆ្លង​ថ្ងៃ​កំណើត​ម្នាក់​ឯង​បែ​ប​នេះ​ឬ?»

«​ចុះ​លោក​ចង់​មក​ឆ្លង​ថ្ងៃ​កំណើត​​ជាមួយ​ខ្ញុំ​ទេ?» ខំ​មិន​មួយ​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​គិត​បន្តិច​។ នាង​ប្រហែល​ជា​មិន​បោក​​ខ្ញុំ​ទេ​ មែន​ទេ? ខ្ញុំ​នឹក​ដល់​គោល​បំណង​របស់​ខ្លួន​ឯង​ម្តង​ទៀត​ មុននឹង​ឆ្លើយ​តប​ទៅ​វិញ​។

«​ខ្ញុំ​ក៏​គ្មាន​មិត្ត​ភក្តិ​ដែរ​!»

​«​ខ្ញុំ​អង្គុយ​នៅ​តុចុង​គេ​ក្នុង​ហាង​​កាហ្វេ​សង់​ទីម៉ង់!»

«​បាទ!​ បន្តិច​ទៀត​ខ្ញុំ​នឹង​ទៅ​រក​។»

នៅ​ខាង​មុខ​ហាង​មាន​មនុស្ស​អ៊ូអរ​ខ្លាំង​ណាស់ តែ​​នៅ​​ជ្រុង​ម្ខាង​ទៀត ​​បែរ​ជា​ស្ងាត់​ជ្រងំយ៉ាង​ចម្លែក​ ខ្ញុំ​ឃើញ​មាន​តែ​គូស្នេហ៍​មួយ​គូកំពុង​ថើប​គ្នា​​យ៉ាង​ភ្លើត​ភ្លើន ដោយ​មិន​ខ្វល់​​ពី​មនុស្ស​នៅ​ជុំវិញ​    ខ្លួន។ ខ្ញុំ​ប្រញាប់​​ធ្វើ​ខ្លួន​ជា​ខ្យល់ ​ដើរ​បិទ​ភ្នែក​ឆ្លង​កាត់​ ហើយ​រុញ​ទ្វារ​ចូល​ទៅ​​ក្នុង ​ឃើញ​តែ​ភាព​ស្ងប់​​​ស្ងាត់។ ខ្ញុំ​ដក​ដង្ហើម​ធំ​យ៉ាង​អស់​សង្ឃឹម… បែប​នេះ​ក៏​ល្អ​ជាង​ត្រូវ​គេ​បោក​ជំរិត​យក​ប្រាក់​ដែរ។

«​ត្រូវ​ការ​ទឹក​តែ​ទេ ឬ​មួយ​ចូលចិត្ត​កូកា​កូឡា​ជាង?» សំឡេង​ផ្អែម​ត្រជាក់​ពោល​ឡើង​​កណ្តាល​ភាព​ស្ងប់​ស្ងាត់​​។ ជា​ក្មេង​ស្រី​អាយុ​ប្រមាណ​១៥​,១៦​ឆ្នាំ​​​ នៅ​ក្នុងឈុត​​​រ៉ូប​​​ខ្លី​​​ពណ៌​ទឹក​សមុទ្រ​​ហាក់​ដូច​ជា​ទើប​តែ​មក​ពី​ចូល​រួម​ពិធី​ណា​មួយ​។ ខ្ញុំ​ថា​នាង​គួរ​តែ​ស្ថិត​នៅ​ក្នុង​កម្មវិធី​រាត្រី​​សមោសរ ​របស់​សណ្ឋាគារ​ផ្កាយ​ប្រាំ​​​ណា​មួយ​នៅ​ម្តុំ​នេះ​​​ ទើប​​សមជាង​​មក​នៅ​កន្លែង​ងងឹត​ៗ​ក្នុង​ហាង​កាហ្វេ​​បែប​នេះ​​។ នៅ​ក្នុង​ដៃ​របស់​នាង​មាន​កាន់​ពែង​តែ​ និង​ កំប៉ុង​កូកា​កូឡា​។ ឃើញ​កំប៉ុង​កូកា​កូឡា​ ​អត់​មិន​ឲ្យ​ខ្ញុំ​នឹក​​ដល់​​នារី​ម្នាក់​នោះ​​មិន​បាន។

«​កូកាកូឡា​ល្អជាង!» ខ្ញុំ​តប​ព្រម​ទាំង​លូក​ដៃ​ទៅ​ទទួលកំប៉ុង​ប្លាស្ទិច ​ដែល​ផ្ទុក​ទឹក​ពណ៌​ខ្មៅ​ពី​ដៃ​នាង​។ ខ្ញុំ​នឹង​ផឹក​វា​ ផឹក​​ដើម្បី​បំភ្លេច​មនុស្ស​​ដែល​ធ្លាប់​ប្រាប់​ខ្ញុំ​ថា​ចូលចិត្ត​វា។

«​កំពុង​តែ​គិត​ស្រាប់​ផង ​ថា ​ជា​មនុស្ស​បែប​ណា? សំណាង​ហើយ​ដែល​មើល​តាម​ឫកពា ​អាច​ទុក​ចិត្ត​បាន​ ​ថា​​មិន​គួរ​មាន​គ្រោះ​ថ្នាក់​ទេ!» ក្មេង​ស្រី​និយាយ​ មុននឹង​​ដោះ​ស្បែក​ជើង​កែង​ចោត​ អង្គុយ​ចុះ​ផ្ទាល់កម្រាល​​ព្រំ​ រំកិល​ខ្លួន​ទៅ​យក​ប្រអប់​ក្រដាស​ដែល​លាក់​ទុក។ នៅ​ក្នុង​នោះ​មាន​នំខេក​តូច​មួយ​ដែល​មាន​ឆ្លាក់​អក្សរ​ថា​ «​រីក​​រាយ​ថ្ងៃ​កណើត​ខ្ញុំ​!»។

ខ្ញុំ​ដោះ​ស្បែក​ជើងអង្គុយ​ចុះ​លើ​កម្រាល​តាម​នាង​។

«​តើ​នាំ​គ្នា​ញ៉ាំ​យ៉ាង​ម៉េច​ល្អ?» ក្មេង​ស្រី​និយាយ​។ ខ្ញុំ​អាច​ស្មាន​បាន​ថា ក្រៅ​ពី​នំ​ខេក​មួយ​ដុំ​នេះ​ នាង​គ្មាន​អ្វី​ផ្សេង​ទៀត​ទេ។ មាន​សំណួរ​ជា​ច្រើន​ដែល​ខ្ញុំ​ចង់​សួរ​ តែ​មិន​សួរ​។

«​ទៅ​រក​ហាង​អាហារ​ណា​ស្ងាត់​ៗ​នាំ​​គ្នា​ញ៉ាំ​ល្អ​ទេ?» ខ្ញុំ​សួរ​ក្មេង​ស្រី​។ នាង​ងើប​មុខ​សម្លឹងខ្ញុំ​បែប​ស្ទាក់​ស្ទើរ​បន្តិច ​មុននឹង​ងក់​ក្បាល​យល់​ព្រម​។

ខ្ញុំ​នាំ​ក្មេង​ស្រី​ម្នាក់​នោះ​​ ទៅ​អង្គុយ​នៅ​ក្នុង​ភោជនីយដ្ឋាន​ជប៉ុន​មួយ​កន្លែង​​ក្នុង​សណ្ឋាគារ ខណ្ឌ​បន្ទប់​ផ្ទាល់​ខ្លួន​។ ខ្ញុំ​កម្មង់ ​​Cocktail ​ដែល​គ្មាន​ជាតិ​ស្រវឹង​នៅ​ក្នុង​កែវ​ចរណៃ​ ដែល​តុប​តែង​យ៉ាង​វិចិត្រ​យក​មក​ឲ្យ​ក្មេង​ស្រី​យ៉ាង​យក​ចិត្ត​​ទុក​​ដាក់​។ នាង​សម្លឹង​​មើល​វា​ដោយ​​​រស្មី​ភ្នែក​ព្រិច​ៗ​ ក្នុង​ខណៈ​ដែល​រូប​ខ្ញុំ​កម្មង់​​ស្រា​ក្រហម​​មក​ទទួល​ទាន​ជាមួយ​​​ស្ទីក​សាច់​ជប៉ុន​។ ខ្ញុំ​ដឹង​ច្បាស់​ថា គ្រោះ​ថ្នាក់​យ៉ាង​ណា​ដែល​បបួល​​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុ ​​ចេញ​ដើរ​ក្នុង​ពេល​យប់​បែប​នេះ​។​ មិន​ប្រាកដ​ដែរ​ ពេល​នេះ​​ឪពុក​    ម្តាយ​របស់​នាង ​ប្រហែលជា​ប្តឹង​ប៉ូលីស​រួច​ហើយ​ក៏ថា​បាន​។ បើ​មាន​រឿង​យល់ច្រឡំ​​ គឺ​ខ្ញុំ​នេះ​ហើយដែល​​ពិបាក​ ពិសេស​ក្មេង​ស្រី​ដែល​មើល​ទៅ​ទំនង​​ជា​កូន​របស់​អ្នក​មាន​វង្ស​ត្រកូល​ និង​ឋានៈ​ខ្ពង់​ខ្ពស់​បែប​នេះ​។ នាង​កម្មង់​​​ត្រី​ឆៅ​មួយ​ឈុត​ធំ​ មក​ញ៉ាំ​​យ៉ាង​​ឆ្ងាញ់​ពីសា​ ខណៈ​ដែល​ខ្ញុំ​អង្គុយ​មើល​នាង​ញ៉ាំ​។

«​មាន​​អី​ចម្លែក​​ឬ​ បាន​ជា​បង​សម្លឹង​យក​ សម្លឹង​យក​យ៉ាង​នេះ​?» ក្មេង​ស្រី​ចាប់​ផ្តើម​និយាយ​។ ខ្ញុំ​​ញញឹម​បន្តិច​មុននឹង​ឆ្លើយ​។

«​ស្មាន​ថា​ត្រូវ​ហៅ​អ៊ំ​ហើយតើ!»

«​អ៊ំ​​ឬ?» ក្មេង​ស្រី​សួរ​យ៉ាង​ចាប់​អារម្មណ៍ «​ឬ​មួយ​ចូលចិត្ត​ឲ្យ​ហៅ​អ៊ំ​ជាង?»

«​ហៅ​បង​ល្អ​ហើយ!»

«​មើល​នាង​ញ៉ាំ​គួរ​ឲ្យ​ឆ្ងាញ់​!»

«​ឆ្ងាញ់​មែន​តើ!» នាង​មិនត្រឹម​និយាយ​តែ​មាត់​ទេ​​ ប្រើ​ចង្កឹះ​កៀប​សាច់​ត្រី​សាច់​​ពណ៌​ផ្កា​ឈូក​​ហុច​​មក​ឲ្យ​ខ្ញុំ​។

«​អ… អ្ហាមមម…» ក្មេង​ស្រី​បញ្ចេញ​សំឡេង​ឲ្យ​ខ្ញុំ​បើក​មាត់​​។ ទោះ​បី​ខ្ញុំ​មិន​ចូលចិត្ត​របស់​ឆៅ​ តែ​ក៏​មិន​អាច​បដិសេធ​បាន​។

«​ឆ្ងាញ់​ទេ?» ក្មេង​ស្រី​សួរ​។

«​អឺម…» ខ្ញុំ​បាន​ត្រឹម​តែ​ងក់​ក្បាល​។ គឺ​ដូច​ដែល​ប្រាប់​អ៊ីចឹង ខ្ញុំ​មិន​ចេះ​ញ៉ាំ​របស់​ឆៅ​ទេ។ នាង​ប្រហែល​​ជា​យល់​ទឹក​មុខនោះ​ មុននឹង​ខ្ញុំ​ស្នើ​នាង​ឲ្យ​ភ្លក្ស​​ស្ទីក​ចាន​ក្តៅ​របស់​ខ្ញុំ​។ នាង​ងក់​ក្បាល​ហាមាត់​រង់​ចាំ​ឲ្យ​ខ្ញុំ​បញ្ចុក​។ ​

«​អ…​ អ្ហាមមម…» ខ្ញុំ​បាន​តែ​ញញឹម​ហើយ​លេង​សើច​ជាមួយ​នាង​។ នាង​ប្រើ​ការ​ព្យាយាម​យូរ​គួរ​សម​​ដើម្បី​ទំពារ​អស់​។ បន្ទាប់​ពី​នោះ​យើង​ក៏​​និយាយ​គ្នា​…

«​គឺ​ខ្ញុំ​មក​ចូលរួម​ពិធី​ជប់​លៀង​ក្នុង​ថ្ងៃ​​គ្រិស្តម៉ាស​អ៊ីហ្វ តែ​កម្មវិធី​គួរ​ឲ្យ​ធុញ​ទ្រាន់​ពេក​ ខ្ញុំ​ក៏​ដើរ​ចេញ​​មក​ ឆ្លៀត​ឱកាស​រក​កន្លែង​​ឆ្លងថ្ងៃ​កំណើត​!»

​«​ហេតុ​អី​ ក៏​មើល​ទៅ​ដូច​ជា​ឯកោ​សម្បើម​ម្ល៉េះ​ ​​មក​ឆ្លង​ថ្ងៃ​កំណើត​ម្នាក់​ឯង​!??» ខ្ញុំ​សួរ​ចំណុច​ដែល​គួរ​ឲ្យ​ឆ្ងល់​។

«​គឺ​​មក​ពី​គ្មាន​នរណា​នេះ​ហើយ​ ទើប​មក​ឆ្លង​ម្នាក់​ឯង​!» ខ្ញុំ​គិត​ចង់​​សួរ​រឿង​ប៉ាម៉ាក់​របស់​នាង​ តែ​ក៏​ត្រូវ​​បញ្ឈប់​សំណួរ​នេះ​ទុក​វិញ​ ហើយ​ឈ្ងោក​មុខ​​ដួស​​សាច់​ក្នុង​ចាន​​ដែល​ចាប់​ផ្តើម​ត្រជាក់​ញ៉ាំ​។

«​ចុះ​បង ​​ម៉េច​ក៏​ទំនេរ​មក​អង្គុយ​ជូន​ពរ​ថ្ងៃ​កំណើត​អ្នក​ដទៃ​បែប​នេះ​?»

«​អឺ…» ខ្ញុំ​​ទំពារ​សាច់​នៅ​ក្នុង​មាត់ ​ហើយ​ប្រញាប់​​លេប​ចូល​ ដើម្បី​ឆ្លើយ​នឹង​សំណួរ​ «​គ្រាន់​តែ​ចង់​ធ្វើ​អ្វី​ដើម្បី​​លួង​លោម​ចិត្ត​ខ្លួន​ឯង​ប៉ុណ្ណោះ​!»

«​កុំ​ប្រាប់​ណា​ថា​ កំពុង​​មាន​វិបត្តិ​ស្នេហា​?» ក្មេង​ស្រី​ឧទាន​ឡើង​ដោយ​ទឹក​មុខ​ហាក់​​ដូច​​ជា​ដឹង​មុន​​។ ខ្ញុំ​ចាក់​ស្រា​ចូល​កែវ​ភ្លាមៗ​ពេល​ដែល​​ឮ​ប្រយោគ​​នេះ​។

«​​អត់​ទេ វិបត្តិ​ស្នេហ៍​ក្លាយ​ជា​រឿង​អតីតកាល​ទៅ​ហើយ​ គ្រាន់​តែ​តូច​ចិត្ត​ថា​​ ថ្ងៃ​​​គ្រិស្តម៉ាស​ទាំង​មូល​ ហេតុ​អ្វី​​ ​ដូច​ជា​​គ្មាន​អ្វី​គួរ​ឲ្យ​រីក​រាយ​សោះ​?»

«​បង​កាន់​សាសនា​យេស៊ូ​ឬ​?»

«​អត់​ផង!» ខ្ញុំ​ឆ្លើយ​ទាំង​ងឿង​ឆ្ងល់​។

​«​បែប​នេះ​គេ​ហៅ​ថាឆ​​បោក​​​ហើយ! ដូច​ខ្ញុំ​នេះ​ទើប​គ្មាន​បញ្ហា​!» ក្មេង​ស្រី​ធ្វើ​កាយ​វិការ​ង៉ក់​ងរ​។ ខ្ញុំ​ប្រញាប់​ញញឹម​​ប្តូរ​រឿង​មុន​នឹង​​​ក្លាយ​ជា​ជម្លោះ​ខាង​សាសនា​។

«​ដោយ​សារ​ដូច្នេះ​ហើយ​ ទើប​មាន​មនុស្ស​មក​ឆ្លង​ថ្ងៃ​កំណើត​ជាមួយ​!»

«​វា​​​ពិត​មែនហើយ​​​ តែ​បង​គួរ​មាន​មុខ​មាត់​សង្ហា​​ជាង​នេះ​បន្តិ​ច​ណ៎ា! ^^»

«​សុំ​ទោស​ដែល​មិន​សង្ហា​!» ខ្ញុំ​និយាយ​លាយ​សំណើច​ «​និយាយ​អ៊ីចឹង​ ទូរស័ព្ទ​ទៅ​ប្រាប់​អ្នក​ផ្ទះ​បន្តិច​ល្អ​ទេ ដើម្បី​កុំ​​ឲ្យ​គេ​​ព្រួយ​បារម្ភ…»​

«​ហ៊ឹះ! ព្រួយ​បារម្ភ?»

«​ចុះ​ក្រែង​គេច​​ចេញ​ពី​ពិធី​ជប់​លៀង​ មិន​មែនឬ?»

«​អ៎… មែន​ហើយ!» នាង​តូច​ពោល​ មុន​នឹង​លូក​យក​ទូរស័ព្ទ​​ចេញ​ពី​កាបូប​ តែ​​មិន​ដឹង​នាង​មាន​ចេតនា​ឬ​យ៉ាង​​ណា​​ ស្រាប់​តែ​ទូរស័ព្ទ​នោះ ​ក៏​ជ្រុះ​ទៅ​ត្រាំ​ក្នុង​កែវ​ស្រា​របស់ខ្ញុំ​។ ខ្ញុំ​ប្រញាប់​យក​វា​ចេញ​ពី​កែវ​ស្រា​​ ហើយ​ជូត​សម្អាត​វា បន្ទាប់​ពី​​ហុច​ទូរស័ព្ទ​ខ្លួន​ឯង​ទៅឲ្យ​នាង​។

«​យក​ទូរស័ព្ទ​នេះ​ប្រើសិន​ក៏​បាន​ ទូរស័ព្ទ​សម័យ​នេះ ធ្លាក់​ចូល​ទឹក​ប៉ុណ្ណេះ​មិន​អីទេ តែ​ត្រូវ​រង់​ចាំ​ឲ្យ​ស្ងួត​សិន​។»

«​តើ​ល្អ​ឬ​ ដែល​ប្រើ​ទូរស័ព្ទ​របស់​បង​​ខល?»

«​អឺ… ឬ​មួយ​ប៉ាម៉ាក់​របស់​នាង​នៅ​ក្រៅ​ប្រទេស? មិន​បាច់​ក្រែង​ចិត្ត​ទេ ខល​ចុះ យ៉ាង​ណា​ក៏​ខល​ហ្វ្រី​ដែរ។»

«​ខ្ញុំ​គិត​ថា ពេល​នេះ​ប៉ាម៉ាក់​ប្រហែល​ជា​ប្តឹង​ប៉ូលីស​រួច​ហើយ បើ​យក​ទូរស័ព្ទ​នេះ​ខល មិន​យូរ​ប៉ុន្មាន​ប៉ូលីស​នឹង​តាម​មក​មិន​ខាន។» ​សម្តី​របស់​នាង​ធ្វើ​ឲ្យ​ខ្ញុំ​និយាយ​អ្វី​មិន​ចេញ​។ នាង​ច្រមក់​ញញឹម​ មុន​នឹង​ដាក់​ទូរស័ព្ទ​ចុះ​នៅ​លើ​តុ​វិញ​។

          សូម​រង់​ចាំ​អាន​​វគ្គ​បន្ត​!

Christmas Love Series ^^


ផ្កាយ​NoVeLs*–​  ក្នុង​ឱកាស​បុណ្យ​ណូអែល ឬ​ គ្រិស្តម៉ាស​ខាង​មុខ​ អ្នក​និពន្ធ​វ័យ​ក្មេង​ បាន​ត្រៀម​រឿង​រ៉ាវ​មួយ​ចំនួន​ដែល​បរិយាកាស​នៅ​ក្នុង​រឿង​នីមួយៗ​សុទ្ធ​សឹង​តែ​ស្ថិត​ក្នុង​រដូវ​កាល​​បុណ្យ​គ្រិស្តម៉ាស​ទាំង​អស់​។ រឿង​ទាំង​នេះ​គឺ​ជា​អំណោយ​ពី​អ្នក​និពន្ធ​វ័យ​ក្មេង​ ចំពោះ​ប្រិយ​មិត្ត​ទាំង​អស់ ពិសេស​ប្រិយ​មិត្ត​ដែល​ឯកោ​ក្នុង​ថ្ងៃ​គ្រិស្តម៉ាស មិន​បាន​ទៅដើរ​​លេង​ ឯណា អាច​អង្គុយ​អាន​រឿង​នៅ​ប្លក់​នេះ​ក៏​បាន​ណ៎ា! ហិហិ… អ្នក​និពន្ធ​វ័យ​ក្មេង​​នៅ​ក្បែរ​ប្រិយ​មិត្ត​ជា​និច្ច​! 😀

  1. បាដិហារិយ៍ ថ្ងៃ​គ្រិស្ត​ម៉ាស​
  2. ​រាត្រី​ស្រកា​នាគ​
  3. គ្រិស្ត​ម៉ាស​អ៊ីហ្វ​
  4. សាន់​តា​ក្លូស​ឈុត​ខ្មៅ​
  5. ពាក្យ​ជូន​ពរ​សាន់​តា
  6. ហេតុការណ៍​មុន​ថ្ងៃ​គ្រិស្ត​ម៉ាស​
  7. គ្រូ​និង​សិស្ស​                                                                                                                           ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ត​ទៅ…