ផ្កាយNoVeLs– អត្ថបទនេះជាការឆ្លើយតបរបស់ក្រុម Girl’s Talk ទៅនឹងក្រុម Boy’s Talkដែលនិយាយឲ្យមនុស្សស្រីពីថ្ងៃមុនថា មនុស្សស្រី: មាត់មិនដូចចិត្ត!
អូនមិនយល់សោះ…
ថាហេតុអ្វី បានជាមនុស្សប្រុសប្រកបពាក្យ «យល់ចិត្តមនុស្សស្រី» ពិបាកម្ល៉េះ???
…
ពិតមែនហើយ… មនុស្សស្រីអាចជាមនុស្សដែលចម្លែក
ព្រោះនៅក្នុងភាពស្រស់ស្អាត មានភាពឆ្នាស់ឆ្នើមបង្កប់នៅ។
ព្រោះនៅក្នុងភាពទន់ភ្លន់ មានភាពរឹងប៉ឹងមិនចាញ់បុរស។
ព្រោះនៅក្នុងអត្ថន័យរបស់ពាក្យដែលនិយាយចេញមកអាចប្រែ…
«ផ្ទុយ» ។
ដូចជា…
«មែន» អាចប្រែថា «មិនមែន»។
ឧទាហរណ៍៖
ពេលដែលបងប្រាប់អូនថា ត្រូវទៅដើរលេងជាមួយមិត្តភក្តិ។ ការពិតអូនចង់ទៅជាមួយបងស្ទើរស្លាប់ទៅហើយ! ឲ្យធ្វើម៉េច… បើអូនជាសង្សាររបស់បង តើឲ្យអូនទៅណាមកណាជាមួយបងមិនបានឬ? តែវាគួរឲ្យតូចចិត្តណាស់… ដែលបងមិនបបួលអូនមួយម៉ាត់សោះ! លុះពេលបងសួរថា «នៅម្នាក់ឯងបាន មែនទេ?» តើឲ្យអូនឆ្លើយយ៉ាងម៉េចបាន ក្រៅពី «ច៎ាស(មែន)! អូននៅបាន!»។
តែបងមិនដឹងទេថា… ការពិតអូនបានត្រឹមតែខូចចិត្ត។
ខូចចិត្តដែលបងងក់ក្បាលញឹមៗយ៉ាងស្រួល ហើយទុកអូនឲ្យនៅម្នាក់ឯង។
…
«មិន» អាចប្រែថា «មែន»។
ឧទាហរណ៍៖
ថ្ងៃនោះ ដែលមាននារីផ្សេងចូលមករាក់ទាក់បង ពេលដែលយើងកំពុងដើរជាមួយគ្នានៅក្នុងហាង ហើយបងក៏ដកដៃសន្សឹមៗចេញពីអូនដែលកំពុងឱបដៃបង។ បងទៅនិយាយរាក់ទាក់នាង ញញឹមដាក់នាង សើចក្អាកក្អាយជាមួយនាង។
មែន… អូនដឹងថា នារីម្នាក់នោះគ្រាន់តែជាមិត្តភក្តិចាស់កាលរៀននៅវិទ្យាល័យជាមួយបង តែអូនមិនចូលចិត្តស្ថានការណ៍ដែលខ្លួនឯងប្រៀបដូចកាកសំណល់ដូច្នេះទេ។ ជាពិសេស… ពេលយើងជិះឡានត្រលប់មកផ្ទះជាមួយគ្នា បងសួរអូនថា «កើតអី ប្រហែលមិនប្រចណ្ឌទេណ៎ះ… មែនទេ?»។ បងប្រហែលជាមិនដឹងទេថា អារម្មណ៍ពិតរបស់អូនគឺផ្ទុយពីចម្លើយដែលអូនឲ្យទៅ។
«ទេ! អូនទៅប្រចណ្ឌធ្វើអី នោះគ្រាន់តែជាមិត្តបងសោះហ្នឹង!»
អត់ទេ… អូនមិនបានប្រចណ្ឌ ឬហួងហែងដែលបងមានមិត្តភក្តិស្រីនោះទេ តែអូនទទួលអារម្មណ៍មិនល្អសោះ ដែលបងមិនណែនាំមិត្តភក្តិបងសូម្បីតែមួយម៉ាត់ថា អូនជាសង្សារបង។
…
«ចង់ទៅណាក៏ទៅចុះ» អាចប្រែថា «កុំទៅ!»
ឧទាហរណ៍៖
បងធ្លាប់ប្រាប់ថា ពេលមានរឿងអីកើតឡើង ឲ្យនិយាយគ្នាត្រង់ៗ។ បងធ្លាប់ប្រាប់ថា បើយើងខឹងគ្នា ឲ្យសម្រួលចិត្តយល់គ្នាភ្លាមៗ។ មិនដឹងទេឬថា… និយាយងាយ… តែធ្វើពិបាក។
អារម្មណ៍… មិនមែនកើតឡើងដោយហេតុផលទេ ហើយវាក៏រហ័សលើសពីខួរក្បាលរបស់មនុស្សយើងបញ្ឈប់វាទាន់ទៅទៀត។
ដូចកាលលើកនោះ… ដែលយើងឈ្លោះគ្នាខ្លាំងមែនទែន។ មិនដឹងដូចគ្នាថាហេតុអ្វី… តែអូនមានតែគំនិតមួយប៉ុណ្ណោះនៅក្នុងចិត្ត «និយាយពាក្យសុំទោសទៅ ត្រឹមតែពាក្យមួយម៉ាត់ យើងនឹងនៅដូចដើមវិញ!»។
អូនដឹងថា ខ្លួនឯងក៏មានចំណែកខុស តែ… គ្រាន់តែអូនចង់ឮបងនិយាយសុំទោសមុន។ ជាទង្វើដែលល្ងង់ខ្លៅបំផុត… អូនដឹងខ្លួនឯងច្បាស់ណាស់។
ដោយហេតុនេះ… ពេលដែលអូនស្រែកខ្លាំងៗថា «ចង់ទៅណាក៏ទៅចុះ!» ស្រាប់តែបងក៏ដើរចេញទៅដោយមិនងាកមកមើលអូនវិញសោះសូម្បីតែបន្តិច។
…
«មិនស្រលាញ់» អាចប្រែថា «ស្រលាញ់»។
ឧទាហរណ៍៖
គ្រប់ពេលដែលយើងង៉ក់ងរនឹងគ្នា…(ជាពិសេសពេលដែលអូនងរនឹងបង) ទោះបីជាអូននឹកចង់ជានានឹងបងវិញប៉ុណ្ណាក៏ដោយ, ទោះបីជាអូននឹកសប្បាយចិត្តនឹង «វិធីលួងលោម» ខ្លាំងប៉ុណ្ណា តែបើបងសួរអូនថា «នៅស្រលាញ់បងទេ?» អូននឹងឆ្លើយដោយមិនបាច់គិតឲ្យធ្ងន់ក្បាលថា «មិនស្រលាញ់!» ហើយនៅពេលយើងត្រូវរ៉ូវគ្នាដូចដើមវិញហើយ… បងតែងតែសួរគ្រប់ពេល «និយាយពាក្យមិនស្រលាញ់ចេញមកយ៉ាងម៉េចបាន បើនៅស្រលាញ់បងសោះ?»
នោះហើយ… អូនក៏មិនយល់ខ្លួនឯងដែរ តែនៅពេលបងប្រាប់ថា ស្រលាញ់អូន… តើបងមិនអាចព្រមយល់ និងអភ័យទោសចំពោះភាពគ្មានហេតុផលរបស់មនុស្សដែលបងស្រលាញ់ខ្លះ មិនបានឬ?
រឿងមាត់មិនដូចចិត្តរបស់មនុស្សស្រី… អូនថាសូម្បីតែវិទ្យាសាស្ត្រ ក៏រកចម្លើយឲ្យមិនបានដែរ ព្រោះសូម្បីតែមនុស្សស្រីដូចអូនក៏នៅមិនយល់ពីខ្លួនឯងផងថា ហេតុអ្វីបានជាចូលចិត្តនិយាយ ឬធ្វើនូវអ្វីដែលផ្ទុយពីចិត្តខ្លួនឯងអ៊ីចឹង?
តែអូនថា បើមនុស្សប្រុសស្រលាញ់នារីណាម្នាក់ហើយ…
ក៏គួរតែស្រលាញ់គ្រប់យ៉ាងដែលជា ធាតុពិត របស់មនុស្សស្រី ឲ្យដូចមនុស្សស្រីដូចអូន… ដែលកំពុងព្យាយាមយល់ពីភាព សោះអង្គើយ របស់មនុស្សប្រុសដែរ។
គ្រាន់តែប្រកបពាក្យថា «យល់» ឲ្យបាន និងរៀន «ចិត្តត្រជាក់» ឲ្យចេះ ថ្វីបើវាមិនមែនងាយ
…តែវាក៏មិនពិបាកណាស់ណាដែរ
…សម្រាប់មនុស្សដែលស្រលាញ់គ្នា!
ម្បាកម្លេះ លោកអើយ!!!!!! 😛
គ្មានអីពិបាកហេម្លាញ់ បើយើងយកចិត្តទុកដាក់លើខាងស្រី តែបន្តិចនោះ យើងនឹងយល់ពីគេមិនខាន 🙂
ស្នេហាពេញខ្ឡួន តាម៉ង់ !!!!! ខ្ញុំបានចង់ដូចក្នុងរឿងណាស់ !!!
ហិហិ.. រឿងអីមិនពេញខ្លួន បើសង្សារណាក៏ទាត់ចោល!! 😛
ដល់ក!!ហាហាហាហាស្រីពិតជាពិបាកយល់ចិត្តមែន!!ដូចជាខ្ញុំជាដើម!!
និយាយផ្ទុយពីចិត្តក៏ព្រោះសារជាតិមនុស្សស្រីគឺមានការអៀនខ្មាស់ច្រើន ត្រូវការ ការថ្នាក់ថ្នមនិងលួងលោមពីអ្នកនៅជុំវិញខ្លួនច្រើន ខុសពីមនុស្សប្រុសដែលមួយម៉ាត់មិនចង់ហារស្តី ហើយចូលចិត្តធ្វើខ្លួនជាមនុស្សសោះកក្រោះ មិនសូវមានមនោសញ្ចេតនាហេ ចឹងហើយបានជាព្រះបង្កើតមនុស្សស្រីមានមកចរិកបែបនេះដើម្បីធ្វើឲ្យពិភពលោកនេះស្រស់ថ្លា មិនស្ងប់ស្ងាត់ពេកណា៎ 😀